ព័ត៌មាន

ការគោរពចុងក្រោយដល់វិញ្ញាណក្ខន្ធលោកស្រីកិតិ្តបណ្ឌិត ឡាយ ហ៊ុនគី (ហៅអ្នកស្រី ត្រឹង ងា)

នៅរសៀលម៉ោង៣.០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ យោងតាមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច លោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកកូរោន និងបច្ច័យ ទៅគោរពវិញ្ញាណក្ខន្ធសពលោកស្រីកិត្តិបណ្ឌិត ឡាយ ហ៊ុនគី ដែលបានទទួលអនិច្ចកម្មដោយរោគាពាធ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។

(ពីឆ្វេងទៅស្ដាំ)លោកស្រី អ៊ឹង ម៉ាល័យ, លោក ឆោម ជុំរ៉ុង, លោកស្រីបណ្ឌិត សុង ឧស្សាហ៍, ឯកឧត្តមបណ្ឌិត ជួរ គារី, លោក ហេង វីរិទ្ធិ, លោក ត្រឹង បញ្ចារុណ, និងឯកឧត្ដមបណ្ឌិត ស៊ុន សូត។

សូមបញ្ជាក់ថា លោកស្រីកិតិ្តបណ្ឌិត ឡាយ ហ៊ុនគី ជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ដែលមានការទទួលស្គាល់យ៉ាងច្រើនពីសំណាក់បញ្ញាវន្តខ្មែរ ជាពិសេសអ្នកឯកទេសខាងអក្សរសាស្ត្រខ្មែរ។ ដោយពិនិត្យមើលឃើញពីស្នាដៃដ៏វិសេសវិសាល និងការចូលរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់អ្នកស្រី ក្នុងផ្នែកអក្សរសាស្ត្រនិងប្រវត្តិសាស្ត្រខ្មែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានសម្រេចប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនអ្នកស្រី ត្រឹង ងា ដើម្បីជាការតបស្នងចំពោះគុណបំណាច់ធំធេងរបស់អ្នកស្រីក្នុងបុព្វហេតុជាឧត្ដមប្រយោជន៍នៃសង្គមជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបានអញ្ជើញក្រុមបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បំពាក់នូវឯកសណ្ឋាននិងប្រគល់ជូនសញ្ញាបត្រកិត្តិបណ្ឌិត ជូនអ្នកស្រីត្រឹង ងា ដោយផ្ទាល់នៅគេហដ្ឋានរបស់អ្នកស្រី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។



 

2022-08-29 14:46:34   ថ្ងៃចន្ទ, 29 សីហា 2022 ម៉ោង 09:46 PM
កម្ពុជា-វៀតណាម ក្រោយនឹមអាណានិគមបរទេសផុតរលត់ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

បុណ្យឯករាជ្យជាតិ ជាទូទៅត្រូវបានគេស្គាល់ថា ជាពីធីបុណ្យដែលតែងតែប្រារពធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលប្រទេសនីមួយៗ បានរួចចាកផុតឬទទួលឯករាជ្យពេញលេញចេញពីនឹមអាណានិគម របស់ មហាអំណាច។ សម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ត្រូវរង់ចាំរហូតដល់ សង្គ្រាម លោកលើក ទីពីរត្រូវបានបញ្ចប់ ទើបអាចរើបម្រះ ចេញរួចពីនឹមពួកអាណានិគមរបស់អឺរ៉ុបបាន។ នេះក៏មកពីពួកមហាអំណាច អឺរ៉ុប ពិសេសបារាំងនិងអង់គ្លេស បានចុះខ្សោយដោយសារតែសង្គ្រាមលោក ក៏ដូចជាសង្គ្រាមប្រឆាំងពីសំណាក់ ប្រទេសដែលស្ថិតនៅក្រោមអាណានិគម និងដោយសារការរះឡើងរបស់ កំពូលមហាអំណាចថ្មីក្រោយ ឆ្នាំ១៩៤៥ មានសហរដ្ឋអាម៉េរិកនិងសហភាពសូវៀត ដែលជាអ្នកប្រឆាំងនឹងអាណានិគមនិយមផងដែរ។ គឺនៅក្នុងបរិបទនៃ សណ្តាប់ធ្នាប់ថ្មីក្រោយសង្គ្រាមលោកលើកទីពីរនេះហើយ ដែលបណ្តាប្រទេសនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ អាចពន្លឿនល្បឿននៃអ្វីដែលគេហៅថា អភិក្រមនៃការរំសាយអាណានិគម។ សម្រាប់នៅក្នុងដែនដី ដែលនៅក្រោម អាណានិគមរបស់ប្រទេសអង់គ្លេស មានប្រទេសភូមាទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨ និងម៉ាឡេស៊ីទទួលបាន ឯករាជ្យនៅឆ្នាំ១៩៥៨។ សម្រាប់នៅក្នុងដែនដីក្រោមអអាណានិគមរបស់ប្រទេសបារាំងមាន ប្រទេសកម្ពុជានិង ឡាវ ទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ប្រទេសវៀតណាមទទួលបានឯករាជ្យពីប្រទេសជប៉ុន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ និងប្រកាសបង្កើតរដ្ឋវៀតណាមឯករាជ្យ ដោយដាក់ឈ្មោះថា “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម” និងពីបារាំងនៅឆ្នាំ១៩៥៤។ សម្រាប់នៅក្នុង ដែនដីក្រោម អាណានិគមរបស់ប្រទេសហូឡង់ ឥណ្ឌូណេស៊ីទទួល បានឯករាជ្យនៅឆ្នាំ១៩៤៩ រីឯហ្វីលីពីន ទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៤៦។ ការរើបម្រះខ្លួនចេញពី នឹមអាណានិគមរបស់អឺរ៉ុប មិនមែនកើត ឡើងដូចៗ គ្នាទេ។ សម្រាប់ ប្រទេសភូមា កម្ពុជា និងឡាវ ទទួលបាន ឯករាជ្យដោយសន្តិវិធី។ ចំណែក ប្រទេស ឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី ទទួលបានឯករាជ្យតាមរយៈការ បង្ហូរឈាម។ ចំណែកប្រទេស្រទេសសៀម ជាប្រទេសតែមួយគត់ បានរួចផុតពីនឹមអាណានិគមរបស់បរទេស ដោយផ្អែកទៅតាម កិច្ចព្រមព្រៀងឆ្នាំ១៨៩៦ ទីក្រុងឡុងដ៏ (Londres) និងទីក្រុងប៉ារីស (Paris) បានសម្រេច ទុកប្រទេសមួយនេះ ឱ្យនៅទំនេរ ដើម្បីធ្វើជា តំបន់ទ្រនាប់រវាងដែន អាណានិគមអង់គ្លេស និងដែនអាណានិគម បារាំង។

ចលនាទាមទារឯករាជ្យរបស់វៀតណាម

នៅក្រោយសង្រ្គាមលោកលើកទី២ ប្រទេសឥណ្ឌាបានប្រកាសឯករាជ្យពីអាណានិគមអង់គ្លេស នៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ ហើយត្រូវបានគេស្គាល់ជាទូទៅថា ជាគំរូនៃការរំសាយអាណានិគមដោយសន្តិវិធី តាមរយៈការចរចា ។ ក៏ប៉ុន្តែការរំសាយអាណានិគមនេះមិនមែនសុទ្ធតែធ្វើឡើងដោយសន្តិវិធី នៅគ្រប់កន្លែងទាំងអស់ ដូចជាករណីឥណ្ឌានោះទេ ហើយសង្រ្គាមដំបូងបំផុតនៅក្នុងចលនារំសាយអាណានិគម ក្រោយសង្រ្គាមលោកលើកទី២ គឺ សង្រ្គាមនៅឥណ្ឌូចិន រវាងកងទ័ពបារាំងនិងវៀតមិញ[1]ដែលដឹកនាំដោយ លោក ហូ ជីមិញ។

សូមរំលឹកថា តំបន់អាស៊ីអាគ្នេយ៍ជារួម និងតំបន់ឥណ្ឌូចិននិយាយដោយឡែក ដែលមានប្រទេសកម្ពុជា វៀតណាម ឡាវ និងដែនដីកូសាំងស៊ីន(កម្ពុជាក្រោម) បានស្ថិតនៅក្រោមអាណានិគមបារាំង តាំងពីសតវត្សរ៍ទី១៩។ ក៏ប៉ុន្តែនៅក្នុងអំឡុងសង្រ្គាមលោកលើកទី២(១៩៣៩-១៩៤៥) បារាំង ដែលបានចាញ់សង្រ្គាមទល់នឹងអាល្លឺម៉ង់ ក៏ត្រូវបង្ខំចិត្តឱ្យជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់ហ៊ីត្លែរ ចូលមកតាំងមូលដ្ឋានទ័ព នៅក្នុងដែនដីឥណ្ឌូចិន ជាពិសេស នៅ វៀត ណាមខាងជើង។ នៅដើមឆ្នាំ១៩៤៥ ទាហានជប៉ុនបានវាតទីពង្រីកទឹកដីរបស់ខ្លួន ស្ទើរតែពាសពេញតំបន់ឥណ្ឌូចិនទាំងមូល គឺទាំងនៅប្រទេសវៀតណាម កម្ពុជា និងឡាវ។

លោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ (រូបថត៖ TTXVN)

នៅមុនបញ្ចប់សង្គ្រាមលោកលើកទី២ “បដិវត្តន៍ខែសីហា” ត្រូវបានបង្កើតឡើងនៅ ខែសីហា ឆ្នាំ១៩៤៥ ដើម្បី គៀង គរ ប្រមូលផ្តុំនិងបង្រួបបង្រួមកម្លាំងរបស់ប្រជាជាតិទាំងមូល។ ចលនាជាតិនិយមមួយនេះបានរីក ដុះដាលឡើងនៅប្រទេសវៀតណាម នោះគឺ “បក្សសម្ព័ន្ធដើម្បីឯករាជ្យវៀតណាម” ដែលហៅកាត់ជាទូទៅថា “វៀតមិញ” ក្រោមការដឹកនាំរបស់មេចលនាកុម្មុយនិស្ត គឺ លោក ហូ ជីមិញ ដើម្បីប្រឆាំងនឹងនឹមអាណានិគម។

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជប៉ុនបានប្រកាសចុះចាញ់សង្រ្គាមលោកលើកទី២ ហើយនៅថ្ងៃដដែល នោះ លោក ហូ ជីមិញ ក៏បានប្រកាសជាឯកតោភាគី នៅទីលានបាឌីង (Ba Dinh) បង្កើតរដ្ឋវៀតណាមឯករាជ្យ ដោយដាក់ឈ្មោះថា “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម” ដែលជាថ្ងៃឯករាជ្យជាតិជាផ្លូវការរបស់វៀតណាម។ ក៏ប៉ុន្តែ បារាំងដែលទើបតែទទួលបានជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២ មិនសុខចិត្តទុកបណ្តោយឱ្យវៀតណាមប្រកាសឯករាជ្យជាឯកតោភាគីនោះឡើយ ដោយបានបញ្ជូនទាហានឱ្យចូលមកកាន់កាប់ដែនដីអាណានិគមនៅឥណ្ឌូចិនឡើងវិញ។ ក៏ប៉ុន្តែ បារាំងកាន់កាប់បានតែប្រទេសឡាវ កម្ពុជា ដែនដីកូសាំងស៊ីន និងប៉ែកកណ្តាលនៃប្រទេសវៀតណាមតែប៉ុណ្ណោះ។ ចំណែកឯនៅតំបន់តុងកឹង (ប៉ែកខាងជើងវៀតណាម) កងទ័ពបារាំងត្រូវប្រឈមមុខនឹងកងកម្លាំងរបស់វៀតមិញ ហើយបណ្តាលឱ្យសង្រ្គាមរវាងកងទ័ពបារាំង និងក្រុមវៀតមិញត្រូវបានផ្ទុះឡើងនៅខែធ្នូ ឆ្នាំ១៩៤៦ ដោយការចរចាអស់រយៈពេលជាច្រើនខែ តែមិនមានលទ្ធផល។ សង្រ្គាមនេះត្រូវអូសបន្លាយពេលរហូតដល់ទៅជិត១០ឆ្នាំ និងត្រូវបានគេឱ្យឈ្មោះថា "សង្រ្គាមឥណ្ឌូចិន"ឬ“សង្រ្គាមឥណ្ឌូចិនទី១”។

ដើម្បីស្វែងរកកម្លាំងនយោបាយទប់ទល់នឹងក្រុម វៀតមិញ បារាំងបានសម្រេចបង្កើតរដ្ឋវៀតណាមមួយនៅប៉ែកខាងត្បូង នៅឆ្នាំ១៩៤៩ ដោយដាក់ឱ្យស្ថិតក្រោមការដឹកនាំរបស់អធិរាជបាវដាយ។ កងទ័ពជាតិវៀតណាមខាងត្បូងក៏ត្រូវបានបង្កើតឡើងផងដែរ ក្រោមការជួយជ្រោមជ្រែងរបស់បារាំង និងដោយមានជំនួយយោធាយ៉ាង ច្រើនពីសំណាក់សហរដ្ឋអាម៉េរិក។

ដោយកើតមាន ចលនាប្រឆាំងនឹងសង្រ្គាមនៅឥណ្ឌូចិន បានរីកដុះដាលកាន់តែខ្លាំងឡើងៗ ដោយអ្នកនយោបាយ និងសាធារណមតិបារាំងជាច្រើនយល់ថា អាណានិគមនៅតំបន់ឥណ្ឌូចិននេះមិនមានតម្លៃអ្វីធំដុំ ដែលបារាំងត្រូវចំណាយ លុយ និងអាយុជីវិតទាហានយកទៅធ្វើសង្រ្គាម រួមទាំងការចរចានៅក្នុងទីក្រុងហ្សឺណែវមិនបាន ជាលទ្ធផល និងទទួលបរាជ័យនៅ ឌៀនបៀនភូ ដែលបានធ្វើឱ្យកក្រើក និងរញ្ជួយទាំងនៅផ្ទៃក្នុងប្រទេសបារាំង និងនៅលើពិភពលោកទាំងមូល ទើបរដ្ឋាភិបាលបារាំងក៏ត្រូវបង្ខំចិត្តចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយ វៀតមិញ នៅក្នុងសន្និសីទក្រុង ហ្សឺណែវ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤។ តាមរយៈកិច្ចព្រមព្រៀងហ្សឺណែវនេះ បារាំងបានសុខចិត្តប្រគល់ឯក រាជ្យពេញលេញដល់ប្រទេសវៀតណាម ហើយឯករាជ្យរបស់កម្ពុជានិងឡាវ ក៏ត្រូវបានបារាំងទទួលស្គាល់យ៉ាងពេញលេញផងដែរ។ សង្រ្គាមឥណ្ឌូចិនត្រូវបានបញ្ចប់។

នៅក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឥណ្ឌូចិន ដោយបារាំងសុខចិត្តប្រគល់ឯករាជ្យដល់វៀតណាម ក៏ប៉ុន្តែនៅក្នុងសន្និសីទក្រុងហ្សឺណែវ នាពេលនោះ ប្រទេសវៀតណាម ត្រូវបានបន្តទុកឱ្យនៅពុះចែកជាពីរដដែល (វា ប្រហាក់ប្រហែលនឹងបញ្ហានៅឧបទ្វីបកូរ៉េ ដែលសហភាពសូវៀតនិងសហរដ្ឋអាម៉េរិក បានចែកប្រទេសនេះជា ពីរដើម្បីគ្រប់គ្រង) ដោយបានត្រឹមតែកំណត់ថា វៀតណាមទាំងពីរនឹងត្រូវបង្រួបបង្រួមគ្នាមកវិញនៅក្រោយការបោះឆ្នោតជាតិមួយ ដែលគ្រោងរៀបចំធ្វើឡើងនៅទូទាំងប្រទេសវៀតណាម នៅឆ្នាំ១៩៥៦ ប៉ុន្តែពុំមានឱកាសបោះឆ្នោតឡើយ ដោយសារសហរដ្ឋអាម៉េរិក លូកដៃចូលក្នុងសង្គ្រាមនេះបន្តពីបារាំង និងបង្កឱ្យមានសង្គ្រាមថ្មីមួយ ទៀតបានកើតឡើង នៅ វៀតណាមខាងត្បូង ដែលត្រូវបានគេស្គាល់ថាជា “សង្គ្រាមវៀតណាម"ឬ“សង្រ្គាមឥណ្ឌូ ចិនទី២”។

សង្រ្គាមវៀតណាម គឺជាជម្លោះប្រដាប់អាវុធដ៏សំខាន់មួយ នៅក្នុងប្រវត្តិនៃសង្រ្គាមត្រជាក់។ វាគឺជាសង្រ្គាម រវាង វៀតណាមខាងជើង (វៀតណាមកុម្មុយនិស្ត) គាំទ្រដោយប្លុកកុម្មុយនិស្ត និងវៀតណាមខាងត្បូងដែលមានជំនួយពីកង ទ័ពសហរដ្ឋអាម៉េរិក។ សង្រ្គាមនេះត្រូវបានគេហៅជាទូទៅថា “សង្រ្គាមវៀតណាម” ប៉ុន្តែតាមពិត វាមិនមែនកើតឡើងតែនៅក្នុងប្រទេសវៀតណាមមួយនោះទេ គឺបានរាលដាលទៅដល់ផ្នែកខ្លះនៃទឹកដីកម្ពុជា និងឡាវផងដែរ និងបានអូសបន្លាយ នៅន្លោះពីឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧៥។

ប្រទេសវៀតណាម ក្រោយការចាកចេញទៅរបស់អាណានិគមបារាំង នៅឆ្នាំ១៩៥៤-១៩៥៥ ប្រទេស វៀតណាមត្រូវបានបែងចែកជាពីរ ដែលវៀតណាមខាងជើង ដឹកនាំដោយ លោក ហូ ជីមិញ (Hô Chi Minh) បានងាកទៅរកចិននិងសហភាពសូវៀត។ រីឯវៀតណាមខាងត្បូងដឹកនាំដោយ ង៉ូ ឌីញ ហ្សៀម (Ngo Dinh Diem) បានងាកទៅរកសហរដ្ឋអាម៉េរិក។ មិនយូរប៉ុន្មាន វៀតណាមខាងជើង បានចូលឈ្លានពានវៀតណាម ខាងត្បូង ដោយបញ្ជូនកងទ័ព សម្ភារៈស្បៀងអាហារ ពីវៀតណាមខាងជើង ចូលមកតាមប្រទេសកម្ពុជា ដើម្បីធ្វើសង្គ្រាមព្រៃនៅលើទឹកដី វៀត ណាមខាងត្បូង ក្នុងគោលដៅបង្រួបបង្រួមវៀតណាមទាំង ពីរឱ្យទៅជា ប្រទេសតែមួយឡើងវិញ ក្រោមការដឹកនាំដោយរបបកុម្មុយនីស្ត គឺចលនាដែលត្រូវបានគេហៅជាទូទៅថា “វៀតកុង”[2]។ នៅក្នុងបរិបទនោះ សហរដ្ឋអាម៉េរិក ក៏បានសម្រេចចិត្តបញ្ជូន ទាហាន៥សែននាក់មកធ្វើសង្ក្រាម នៅវៀតណាមខាងត្បូង ដែលធ្វើឱ្យសង្គ្រាមវៀតណាម ត្រូវបានចាប់ផ្តើម។ សង្គ្រាមនេះបានរីករាលដាលចេញ ពីវៀតណាម រហូតពេញឥណ្ឌូចិនទាំងមូល។

ចំណែកនៅប្រទេសកម្ពុជា ក្រោយរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សង្គ្រាមក៏បានផ្ទុះឡើងផងដែររវាងរបបសាធារណរដ្ឋរបស់ លន់ នល់ ដែលគាំទ្រដោយសហរដ្ឋ អាម៉េរិក និងពួកទ័ពព្រៃកុម្មុយនីស្តខ្មែរក្រហម ដែលទ្រទ្រង់ដោយប្រទេសចិន។

ចាប់ពីឆ្នាំ១៩៧៣ សហរដ្ឋអាម៉េរិកបានចាប់ផ្ដើមដកទ័ពចេញពីវៀតណាមខាងត្បូង ដោយសារចាញ់ សង្គ្រាម សាធារណមតិ ពីព្រោះពលរដ្ឋអាម៉េរិកនិងពលរដ្ឋនៅបណ្តាប្រទេសលោកខាងលិច បានបង្ខំសហរដ្ឋ អាម៉េរិកឱ្យដកទ័ពចេញពីឥណ្ឌូចិន និងត្រូវបញ្ចប់សង្គ្រាមវៀតណាម។ នៅក្នុងបរិបទនោះហើយ ដែលគ្រប់របប នយោបាយគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន នៅឥណ្ឌូចិនបានដួលរលំទាំងស្រុងនៅឆ្នាំ១៩៧៥ ដោយជំនួសមកវិញ ដោយការចូលកាន់កាប់ទីក្រុងភ្នំពេញ ដោយពួកខ្មែរក្រហម និងទីក្រុងសាយហ្កន(Saigon) ដោយវៀតកុង។

ចាប់តាំងពីពេលនោះមក ប្រទេសវៀតណាមបានបញ្ចប់សង្គ្រាមទាំងស្រុង និងបានបោះជំហានទៅរក ការអភិឌ្ឍជាបន្តបន្ទាប់រហូតមកទល់សព្វថ្ងៃ។

ចលនាទាមទារឯករាជ្យរបស់កម្ពុជា

ចំណែកប្រទេសកម្ពុជា ដែលបានទទួលឯករាជ្យជាផ្លូវការពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាឯករាជ្យដែលទទួលបានដោយសន្តិវិធី ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ ដ៏ក្លៀវខ្លារបស់ ព្រះមហាវី រក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ សូមបញ្ជាក់ថា បារាំងបានដាក់ អាណានិគមលើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ - ៩ វិច្ឆិកា ១៩៥៣)។

ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមត្រជាក់នៅក្នុងតំបន់អាស៊ី បានចាប់ផ្តើមប្តូរធាតុនិងប្ដូរកម្រិតរបស់វា ជាបន្តបន្ទាប់នៅដើមទសវត្សរ៍១៩៦០។ នេះបណ្តាលមកពីទំនាស់មហិច្ឆតាលាយឡំនឹងទំនាស់មនោគមវិជ្ជារ វាង សហភាពសូវៀតនិងចិន។ ទំនាស់ស្ទើរស៊ីសាច់ហុតឈាមគ្នានេះ បានធ្វើឱ្យដែនអំណាច កុម្មុយនីស្តនិងមិនមែន កុម្មុយនីស្ត នៅតំបន់អាស៊ីអាគ្នេយ៍ មានការបាក់បែកប្រេះឆា និងបានធ្វើឱ្យសង្គ្រាមក្ដៅមួយបានកើតឡើង ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានលក្ខណៈស្មុគស្មាញ ហើយបានអូសបន្លាយរហូតដល់ទៅឆ្នាំ១៩៩១ គឺដល់ចុង បញ្ចប់នៃសង្គ្រាមត្រជាក់ នោះគឺសង្រ្គាមនៅលើទឹកដីកម្ពុជា។

នៅដើមទសវត្សរ៍១៩៧០ ដោយហេតុទំនាស់រវាងចិននិងសហភាពសូវៀត សង្គ្រាមត្រជាក់មាន ការវិវឌ្ឍ ខ្លាំងដោយ សារ ប្រទេសចិនបានទៅចាប់ដៃជាមួយសហរដ្ឋអាម៉េរិក ដើម្បីទប់ទល់នឹងសហភាពសូវៀត។ គឺនៅក្នុង បរិបទភូមិសាស្ត្រនយោបាយថ្មីនេះហើយ ដែលបណ្តាលឱ្យសង្គ្រាមក្តៅថ្មីមួយបានកើតឡើងនៅចុងទសវត្សរ៍ ១៩៧០ នៅឥណ្ឌូចិន នោះគឺសង្គ្រាមរវាងវៀតណាមមានទំនោរទៅរកសហភាពសូវៀត និងរបបកម្ពុជាប្រជា ធិបតេយ្យរបស់ខ្មែរក្រហម ដែលមានទំនោរទៅរកចិន។ គឺជាអ្វីដែលគេហៅថា សង្គ្រាមឥណ្ឌូចិនទីបី។ ទោះជាយ៉ាង ណាក៏ដោយ សង្គ្រាមឥណ្ឌូចិនទីបីនេះ បានផ្តើមឡើងតាមរយៈការផ្ដួលរំលំរបបខ្មែរក្រហមនៅកម្ពុជា ពីសំណាក់ វៀតណាមនៅឆ្នាំ១៩៧៩ ដែលជាការចូលរួមជួយរំដោះ ប្រជាជនកម្ពុជាឱ្យរួចពីការស្លាប់ ដោយរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម និងបាន អូសបន្លាយពេញមួយទសវត្សរ៍១៩៨០ រវាងរដ្ឋកម្ពុជាគាំទ្រដោយវៀតណាម និងចលនាតស៊ូខ្មែររបស់ សម្ដេច នរោតម សីហនុ, ស៊ីន សាន និង របស់ខ្មែរក្រហមដែលទ្រទ្រង់ដោយចិន និង សហរដ្ឋអាម៉េរិក។

                      ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ(រូបថត៖ Fresh News)

ក្រោយឆ្លងកាត់ ភ្នក់ភ្លើងសង្គ្រាមដ៏វែងឆ្ងាយ គ្រប់មនោគមន៍វិជ្ជានយោបាយ ប្រទេសទាំងពីរ កម្ពុជា និងវៀតណាម នៅតែបន្តរក្សាបាន និងលើកកម្ពស់ជាបន្តបន្ទាប់នូវ ទំនាក់ទំនងក្នុងភាពជាប្រទេសភូមិផងរបង ជាមួយគ្នា ដែលមានទីតាំងស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិនរួមគ្នា។ បច្ចុប្បន្ន ប្រទេសទាំងពីរមានព្រំដែនជាប់គ្នាប្រវែង ១,២៧៤គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ប្រទេសទាំងពីរបានបង្កើតចំណងទាក់ទងការទូតផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ចាប់តាំងពីពេលនោះមក ជោគវាសនានៃប្រទេសទាំងពីរហាក់មានការ ជាប់ពាក់ព័ន្ធគ្នា និងប្រឈមនឹងការលំបាកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរៀងៗខ្លួន។ នៅក្នុងសម័យសង្គ្រាម ត្រជាក់ ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់ពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ ឆ្នាំ១៩៥០ និងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ពីរបានកើតឡើង ដែលត្រូវចងចាំ គឺពលិកម្មរបស់កម្ពុជាក្នុងបុព្វហេតុនៃការបង្រួបបង្រួមប្រទេសវៀតណាម និងពលិកម្មរបស់វៀតណាមក្នុង ការរួម ចំណែក រំដោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីការស្លាប់ ពីរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម។

រយៈពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍ ឈានឡើង ជាលំដាប់។ ក្នុងឆ្នាំ២០០៥ កម្ពុជានិងវៀតណាមបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍន៍ប្រទេសទាំងពីរក្នុងបរិបទ ថ្មី តាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរ អង្វែង”។ ចំណែករយៈកាលជាងពីរឆ្នាំកន្លងទៅនេះ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានភាព ស្មុគស្មាញយ៉ាងខ្លាំង បានបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនដល់ជីវភាពសង្គម និងបានធ្វើឱ្យដាច់ខ្សែរចង្វាក់ផ្គត់ផ្គង់ ការផលិត និងការចែក ចាយ របស់សេដ្ឋកិច្ចសកល ធ្វើឱ្យសេដ្ចកិច្ចប្រទេសនីមួយៗស្ថិតក្នុងភាពលំបាក ធ្លាក់ចុះ យ៉ាងខ្លាំង ដែលមិនអាចស្តាឡើងវិញបានក្នុងរយៈពេលខ្លី។ ប៉ុន្តែក្នុងស្ថានភាពជាក់ស្តែង អស់រយៈពេលជាង ២ឆ្នាំនេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានតម្រូវឱ្យប្រទេសនីមួយៗ ត្រូវសម្របខ្លួនទៅនឹងបរិបទនៃជំងឺផង និងស្តារសេដ្ឋកិច្ចឡើងវិញផង ដោយប្តូរនូវវិធីសាស្ត្រនៃកិច្ចសហប្រតិបត្តិការក្នុងការការពារជំងឺ ហើយនៅតែអាច រក្សាបានស្ថេរភាព និងមានកំណើនក្នុងការដោះដូរទំនិញរវាងគ្នា។

ក្នុងស្ថានភាពនេះ ដោយការពង្រឹងនិងពង្រីកនូវប្រពៃណី ការស្រឡាញ់ រាប់អានគ្នា និងការជួយគ្នាក្នុងគ្រា លំបាកនេះ ប្រទេសតាំងពីរ កម្ពុជា-វៀតណាម បានចែករំលែក និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ទាំងសម្ភារៈទាំង ស្មារតី ដើម្បីរួមគ្នាទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ ហើយឈានទៅដល់គ្រប់គ្រងបានការរីករាលដាលនៃជំងឺ កូវីដ១៩ និងបានឈានទៅដល់ការបើកឡើងវិញ នូវកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំងពីរនិយាយដោយឡែក តំបន់និងពិភពលោកនិយាយជារួម។

ឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម ហើយប្រទេសទាំងពីរបានជ្រើសរើស យកឆ្នាំ២០២២ នេះជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» និងក៏ជាឆ្នាំកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេនជា លើកទី៣ ប្រទេសវៀតណាមថែមទាំងបានគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដូចអ្វីដែលកម្ពុជាតែងគាំទ្រ វៀតណាមអំឡុងពេល វៀតណាមធ្វើជាប្រធានអាស៊ានកន្លងទៅ ក្នុងការរក្សាឱ្យបាននូវមជ្ឈភាពអាស៊ាន ការលើក កម្ពស់ស្មារតីអាស៊ាននៃ “ការរួបរួមគ្នា” ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានា ទាំងផ្ទៃក្នុងតំបន់ អាស៊ាន ក៏ដូច ជាមួយប្រទេសជាដៃគូខាងក្រៅ ដើម្បីលើកកម្ពស់នូវសាមគ្គីភាព និងភាពធន់របស់អាស៊ាន និងដើម្បីសម្រេចបាន គោលដៅនៃការកសាងទស្សនៈវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាពធន់។ អាស៊ាន អាចធ្វើ ដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហា ប្រឈមនានា ដែលកំពុង បង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជននៅក្នុងតំបន់បាន ដរាបណា អាស៊ាន ប្រកាន់ខ្ជាប់នូវស្មារតី៖ «ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»។

សរុបមក ទំនាក់ទំនងជាមិត្តភាព និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាទំនាក់ទំនង ដែលមិនកាត់ផ្តាច់បាន ហើយទំនាក់ទំនងផ្នែកសេដ្ឋកិច្ច បានដើរតួនាទីសំខាន់ សម្រាប់ទំនាក់ទំនង រវាងប្រទេសនិងប្រទេស និងបានគាំទ្រដល់ទំនាក់ទំនងនយោបាយ។ អបអរសាទរ ខួបអនុស្សាវីយ៍លើកទី៧៧ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២) ថ្ងៃបុណ្យឯករាជ្យរបស់ សាធារណៈរដ្ឋសង្គមនិយម វៀតណាម៕

--------------------

[1] បក្សសម្ព័ន្ធដើម្បីឯករាជ្យវៀតណាម ជាចលនាជាតិនិយមមួយបានរីកដុះដាលឡើងនៅវៀតណាម ដែលគេច្រើនហៅកាត់ជាទូទៅថា “វៀតមិញ” ក្រោមការដឹកនាំរបស់មេចលនាកុម្មុយនិស្ត ហូ ជីមិញ។

[2} គឺចលនាកុម្មុយនិស្ត ដែលជាក្រុមឧទ្ទាមស្ថិតនៅក្នុងទឹកដីវៀតណាមខាងត្បូង។ ចំណែក “វៀតមិញ” គឺចលនាកុម្មុយនិស្តដឹកនាំដោយហូជីមិញ ដែលប្រយុទ្ធទាមទារឯករាជ្យពីបារាំង ហើយដែលក្រោយមកបានឡើងកាន់អំណាចនៅវៀតណាមខាងជើង។

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2022-08-28 07:32:53   ថ្ងៃអាទិត្យ, 28 សីហា 2022 ម៉ោង 02:32 PM
ការប្រជុំពិភាក្សាលើគម្រោងពង្រឹងសមត្ថភាពស្រាវជ្រាវរវាង NRC និងរាជបណ្ឌិត្យសភាកម្ពុជា

ដោយផ្ដើមចេញពីកិច្ចសហប្រតិបត្តិការរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រតិភូ ក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) ដឹកនាំដោយ លោកបណ្ឌិត Cho Byung Duk អគ្គនាយក NRC និងសហការី បានអញ្ជើញមកទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងចូលរួមកម្មវិធីប្រជុំពិភាក្សាលើគម្រោងស្រាវជ្រាវពង្រឹងសមត្ថភាពស្រាវជ្រាវ រវាងស្ថាប័ន NRC និង RAC។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជំនួបជាមួយលោកបណ្ឌិត Cho Byung Duk និងសហការី នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ នៅក្នុងជំនួបបឋមនេះ ភាគីទាំងពីរ បានពិភាក្សានិងឯកភាពគ្នាបានផ្ដោតលើបញ្ហាសំខាន់ៗ ដូចជា ការបង្កើតគណៈកម្មការប្រតិបត្តិ រវាងស្ថាប័នទាំងពីរ, ការពង្រឹងសមត្ថភាពតាមរយៈការសិក្សាបន្ត និងចូលរួមការបណ្តុះបណ្តាល, ការស្រាវជ្រាវរួមគ្នា តាមរយៈការបង្កើតក្រុមស្រាវជ្រាវ និងអនុវត្តគម្រោង, ការចែករំលែកចំណេះដឹងតាមរយៈរបាយការណ៍ស្រាវជ្រាវគោលនយោបាយ, ក៏ដូចជាការបង្កើតកម្មវិធីសិក្ខាសាលាអន្តរជាតិ និងការសិក្សាពីតម្រូវការគម្រោងស្រាវជ្រាវលើប្រធានបទសំខាន់ៗ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) និង រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានចាប់ផ្ដើមចុះអនុស្សរណៈយោគយោល់គ្នាជាផ្លូវការ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩៕


2022-08-10 03:48:02   ថ្ងៃពុធ, 10 សីហា 2022 ម៉ោង 10:48 AM
«រាជបណ្ឌិត្យសភាកម្ពុជាត្រៀមបញ្ជូនគ្រូបង្រៀនចិនទៅវិទ្យាល័យអង្គរ»

រាជបណ្ឌិត្យសភាកម្ពុជា ត្រៀមបញ្ជូនគ្រូបង្រៀនជនជាតិចិន ដែលមានជំនាញ បទពិសោធ និងគរុកោសល្យច្បាស់លាស់មកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិនសម្រាប់វគ្គសិក្សាថ្មីនៅខែកញ្ញាខាងមុខ ទៅបង្រៀនភាសាចិន នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប។

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មកធ្វើការសិក្សាស្វែងយល់បន្ថែមលើដំណើរការថ្នាក់រៀនភាសាចិនប្រចាំវិទ្យាល័យអង្គរ នៅខេត្តសៀមរាប ក្នុងគោលបំណងត្រៀមបញ្ជូនគ្រូបង្រៀនជនជាតិចិន មកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិន សម្រាប់វគ្គសិក្សាថ្មីនៅខែកញ្ញាខាងមុខ។

នេះជាការរួមចំណែកតូចមួយ ក្នុងការបង្កើនធនធានមនុស្សឱ្យដល់គោលដៅ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរចិននាពេលខាងមុខ។ គួរបញ្ជាក់ផងដែរថា ក្នុងកំលុងពេលមុនការរីករាតត្បាតជំងឺកូវីដ-១៩ ថ្នាក់រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រចាំវិទ្យាល័យអង្គរ មានចំនួនសិស្ស-និស្សិត និងសាធារណជន ចុះឈ្មោះសិក្សារហូតដល់ប្រមាណ ៨០០នាក់៕


2022-07-21 08:49:26   ថ្ងៃព្រហស្បតិ៍, 21 កក្កដា 2022 ម៉ោង 03:49 PM
សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រចាំឆ្នាំ២០២២

នាព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ «សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រចាំឆ្នាំ២០២២» ដែលរៀបចំឡើងក្រោមការឧបត្ថម្ភពីសំណាក់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន ហើយសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងលោកគ្រូ អ្នកគ្រូជាគ្រូបង្រៀនភាសាចិនក្នុងតំបន់សរុបចំនួន ២០៨នាក់។

គ្រូបង្រៀនគឺជាកូនសោរដ៏សំខាន់ ក្នុងការជម្រុញការអភិវឌ្ឍការអប់រំភាសាចិនក្នុងប្រទេសកម្ពុជា ប៉ុន្តែបច្ចុប្បន្ន គ្រូបង្រៀនភាសាចិននៅកម្ពុជា បានកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនរួមមាន៖ ក្រុមការងារគ្រូបង្រៀនភាសាចិនមិននឹងនរ ចំនួនផ្គត់ផ្គង់មិនគ្រប់គ្រាន់ ចំណែកគ្រូបង្រៀនជនជាតិខ្មែរចំណេះដឹងនៅមានកម្រិត ជំនាញមិនទាន់គ្រប់គ្រាន់ ហើយមិនទាន់មានការឯកភាពទៅលើក្របខណ្ឌគុណវុឌ្ឍិគ្រូបង្រៀនភាសាចិនជាដើម៕


2022-07-20 02:23:15   ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:23 AM
នយោបាយផ្កាចម្រុះពណ៌របស់កម្ពុជា គឺជាការប្រកាន់គោលនយោបាយការបរទេសដ៏ត្រឹមត្រូវនៅចំពោះមុខការប្រឈមរវាងមហាអំណាចពិភពលោក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ជំហរប្រកាន់គោលនយោបាយចម្រុះពណ៌របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនផ្ដេកផ្ដួលទៅលើមហាអំណាចណាមួយ ហើយទាត់ចោលមហាអំណាចណាមួយឡើយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា «កម្ពុជាសព្វថ្ងៃ គោលនយោបាយដើរនៅលើផ្លូវមួយគេហៅថាផ្កាចម្រុះពណ៌ មិនចាប់នរណាមួយជាធំទេ»។ បើតាមការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រវត្តិសាស្ត្រ បានបង្រៀនកម្ពុជាយ៉ាងច្បាស់អំពីផលវិបាក ដែលអ្នកនយោបាយកម្ពុជាបានប្រកាន់គោលនយោបាយគាំទ្រមហាអំណាចមួយ ហើយប្រឈមមុខនឹងមហាអំណាចផ្សេងទៀត ដោយបាននាំប្រទេសកម្ពុជាធ្លាក់ក្នុងវិបត្តិអស់រយៈពេលរាប់សិបឆ្នាំរួចមកហើយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងបញ្ជាក់ថា «[...] បទពិសោធប្រវត្តិសាស្ត្រ ដែលយើងផ្កាប់មុខទៅលើនរណាមួយហើយ វាជាគ្រោះថ្នាក់នៅក្នុងសង្គមកម្ពុជា។ ឧទាហរណ៍ នៅទសវត្សរ៍ឆ្នាំ១៩៦០ នៅពេលដែលព្រះបាទនរោត្ដម​សីហនុ​ងាកទៅរកពួកខាងចិន ខាងអាម៉េរិក័ងធ្វើរដ្ឋប្រហារភ្លាម។ ឆ្នាំ១៩៧០ ដោះដូរ កម្ពុជាផ្កាប់មុខទៅរកអាម៉េរិក [...]»។ វាគឺជាការពិតមួយដែលគេមិនអាចប្រកែកបាន ក្នុងរយៈពេលជាង៣ទសវត្សរ៍ដែលចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ កម្ពុជាបានក្លាយទៅជាទីលានសាកល្បងមនោគមវិជ្ជា និងអាវុធរបស់មហាអំណាច ហើយប្រជាជន និងកងទ័ពកម្ពុជា បានស្លាប់បាត់បង់ជីវិត ទទួលរងពិការភាព ព្រាត់ប្រាស និងបាត់បង់គ្រួសារសាច់ញាតិ ដោយសារតែការប្រកាន់នយោបាយផ្កាប់មុខទៅមហាអំណាចម្ខាងៗ នៅចំពោះមុខការប្រឈមមុខដាក់គ្នារបស់មហាអំណាច ។

ដោយឡែក នៅក្នុងបរិបទនៃពិភពលោកថ្មីនេះ នយោបាយការបរទេសផ្កាចម្រុះពណ៌ គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រទេសតូចៗដូចជាកម្ពុជា ពិសេសនៅចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចពិភពលោក។ បើតាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច វាជាការលំបាកក្នុងការរក្សាអព្យាក្រឹត្យរបស់ប្រទេសមួយ នៅចំពោះមុខការប្រឈមគ្នារវាងមហាអំណាច ប៉ុន្តែវាគឺជាភាពចាំបាច់ដែលត្រូវប្រកាន់យក ដើម្បីបញ្ចៀសប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ ក៏ដូចជាដើម្បីឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសជាតិមួយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា «តែបើកម្ពុជាដើរនៅក្នុងផ្លូវចម្រុះពណ៌ វាគឺជារឿងល្អនៅក្នុងបរិបទថ្មី។ យើងដឹងថាវាលំបាកបន្តិច ព្រោះគេត្រូវការអ្នកស្មោះ ប៉ុន្តែមហាអំណាចដែលស្មោះនឹងយើងដែរឬទេ?»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកជាឧទាហរណ៍ថា កាល​ពី​បារាំងដាក់អាណានិគម មុននឹងចេញទៅវិញបារាំងបានកាត់ដីកម្ពុជាក្រោមនៅឆ្នាំ១៩៤៩ ទៅឱ្យវៀតណាម ហើយនៅ​ពេលដែលកម្ពុជាស្មោះជាមួយនឹងចិននៅឆ្នាំ១៩៧៥ កម្ពុជាមិនទទួលបានអ្វីក្រៅតែពីមនោគមវិជ្ជានោះទេ។ នៅក្នុងបរិបទនៃពិភពលោកថ្មីនេះ នយោបាយការផ្កាចម្រុះពណ៌ គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រទេសតូចៗដូចជាកម្ពុជា ពិសេសនៅចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចពិភពលោក។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអះអាងថា សម្រាប់កម្ពុជាក្នុងបរិបទបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានប្រើប្រាស់នយោបាយចម្រុះពណ៌នៅក្នុងទំនាក់ទំនងជាបណ្ដាប្រទេសមហាអំណាចពិភពលោក ព្រោះកម្ពុជាត្រូវការការអភិវឌ្ឍប្រទេស និងទីផ្សារសម្រាប់នាំចេញផលិតផលនានារបស់ខ្លួន។

ចំពោះការប្រឈមគ្នារវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិក ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យចាត់ទុកថា វាជាឱកាសសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការដើរនយោបាយការបរទេសរបស់កម្ពុជាបច្ចុប្បន្ន ដែលប្រកាន់​យកនយោបាយផ្កាចម្រុះពណ៌ ដោយមិនផ្កាប់មុខទៅចិន ហើយទាត់ចោលនូវទំនាក់ទំនងល្អជាមួុយបណ្ដាប្រទេសនានានោះ ជាលទ្ធផល កម្ពុជាបានទទួលនូវការស្វាគមន៍ពីបណ្ដាបស្ចិមប្រទេសជាច្រើន និងការបន្តកិច្ចសហប្រតិបត្តិនានា ដែល​ក្នុងនោះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងជាច្រើនពីបណ្ដាប្រទេសជាមិត្តកម្ពុជា ពិសេសបស្ចិមប្រទេសដូចជាសហរដ្ឋអាម៉េរិក អូស្ត្រាលី និងជប៉ុនជាដើម។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានរំឭកលើកឡើងអំពីព្រឹត្តិការណ៍មួយ ដែលបញ្ជាក់អំពីសន្ដានចិត្តរបស់កម្ពុជា ដែលបើកចំហរបេះដូងទៅកាន់បណ្ដាប្រជាជាតិជាមិត្តទាំងអស់នៅលើពិភពលោក ពិសេសសហរដ្ឋអាម៉េរិក គឺការប្រកាសយល់ព្រមទទួលយកនូវអ្នកដំណើរ ដែលធ្វើដំណើរតាមនាវាវេស្ទើដាម ដែលត្រូវបានបដិសេធមិនឱ្យចូលចតដោយបណ្ដាប្រទេស និងដែនដីជាច្រើន។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាផ្កាប់មុខតែទៅកាន់ចិន នោះមេដឹកនាំកម្ពុជាក៏នឹងមិនអាចបើកចិត្តទូលាយទទួលយកនូវអ្នកដំណើរក្នុងនាវានោះបានឡើយ ព្រោះពិភពលោកទាំងមូលកំពុងព្រួយបារម្ភនឹងវិបត្តិរាតត្បាតជំងឺកូវីដ-១៩៕

------------

RAC Media 

2022-07-14 13:16:31   ថ្ងៃព្រហស្បតិ៍, 14 កក្កដា 2022 ម៉ោង 08:16 PM
យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ និងឱកាសសម្រាប់វិនិយោគបរទេស នៅប្រទេសវៀតណាម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅប្រទេសវៀតណាម ក្នុងទ្រង់ទ្រាយធំ និងទូទាំងប្រទេស បានបោះជំហានទៅមុខ យ៉ាងរឹងមាំ និងពេញទំហឹង។ ចំណុចរបត់ដ៏ធំបំផុតក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយនៅវៀតណាម គឺចាប់ផ្តើមតាំងពីការបង្កើតគណៈកម្មាធិការមជ្ឈិម ដឹកនាំការបង្ការ និង ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កាលពីខែកុម្ភៈ ឆ្នាំ២០១៣ [1] មកម្លេះ ដែលដឹកនាំដោយអគ្គលេខា ធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ដែលប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទៈដ៏មុតមាំ និងបានអនុវត្តភារកិច្ចការងារបង្ការនិងប្រឆាំងនឹងអំពើពុករលួយសម្រេចបាន លទ្ធផល ជាវិជ្ជមាន គួរឱ្យកត់សម្គាល់ តាមរយៈលទ្ធផលតាំងពីដើមអាណត្តិ នៃមហាសន្និបាតបក្សលើក ទី១២ (ខែមករា ឆ្នាំ២០១៦) រហូតមក។ ចំណែកលទ្ធផលជាវិជ្ជមាន និងទទួលបានការគាំទ្រ ពីសំណាក់ ប្រជាជន កម្មាភិបាល និងសមាជិកបក្ស នៅទូទាំងប្រទេស ព្រមទាំងត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់ និងការវាយតម្លៃខ្ពស់យ៉ាងពិសេស ពីការបង្ការនិងប្រឆាំងនឹងអំពើពុករលួយ គឺចាប់តាំពី ក្រោយ មហាសន្និបាតបក្សលើក១៣ របស់គណបក្សកុម្មុយនីស្ត វៀតណាម ដែលបានប្រព្រឹត្តិ ទៅកាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ គឺក្រោយពេលដែល លោក Nguyen Phu Trong កាន់តំណែងជា អគ្គលេខាធិការបក្ស លោក Nguyen Xuan Phuc អតីតនាយករដ្ឋមន្ត្រី កាន់តំណែងជាប្រធានរដ្ឋ លោក Pham Minh Chinh អតីតប្រធានគណៈ ចាត់តាំងមជ្ឈិមបក្ស កាន់តំណែងជានាយករដ្ឋមន្ត្រី និងលោក Vuong Dinh Hue អតីតលេខា គណៈកម្មការបក្ស ទីក្រុង ហាណូយ កាន់តំណែងជាប្រធានរដ្ឋសភា ដែលជាការរុះរើតំណែងនយោបាយ នៅក្បាលម៉ាស៊ីន ក្នុងទ្រង់ទ្រាយធំ។

សូមរំលឹកថា យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយត្រូវបានបក្សនិងរដ្ឋវៀតណាមអនុវត្តន៍យ៉ាងខ្លាំងក្លាចាប់តាំងពីវៀត ណាម​បានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ អំពើពុករលួយនៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៣ និងបានឈានទៅដល់សម្រេចបង្កើតគណៈកម្មាធិការ កណ្តាលប្រឆាំងអំពើពុករលួយ ក្រោមការិយាល័យនយោបាយ ដែលដឹកនាំដោយអគ្គលេខាធិកាបក្ស ដើម្បីដឹកនាំយ៉ាងទូលំទូលាយនៅទូទាំងប្រទេស នៅក្នុងមហាសន្និបាតបក្សលើក១១ (ឧសភា ២០១២)[2]រហូតមកដល់បច្ចុប្បន្ន។ អំពើពុករលួយត្រូវបានបក្សកុម្មុយនិស្តវៀតណាមចាត់ទុក ថា ជា “ការឈ្លានពានផ្ទៃក្នុង” ជាគ្រោះអាសន្នដែលគំរាមកំហែងដល់ភាពស្ថិតស្ថេរគង់វង្ស និងវិនាសសាបសូន្យរបស់របប និងការអភិវឌ្ឍរបស់ប្រទេសជាតិ។[3]

ក្នុងរយៈពេល១០ឆ្នាំទៅនេះ គណៈកម្មាធិការគណបក្ស និងគណៈកម្មាធិការអធិការកិច្ចគ្រប់ លំដាប់ថ្នាក់ បានធ្វើការដាក់វិន័យអង្គការបក្សជាង ២,៧០០នាក់ សមាជិកគណបក្សជិត ១៦៨,០០០ នាក់ ក្នុងនោះសមាជិកគណបក្សជាង ៧,៣៩០នាក់ ត្រូវបានពិន័យចំពោះអំពើពុករលួយ។ គណៈកម្មាធិការ មជ្ឈិម ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងគណៈកម្មាធិការមជ្ឈិមសម្រាប់អធិការកិច្ចបានដាក់វិន័យមន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាលមជ្ឈិមចំនួនជាង១៧០នាក់ ដែលក្នុងនោះ មានចំនួន៣៣នាក់​ជាសមាជិកអតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងមន្ត្រីទូទៅក្នុងជួរកងកម្លាំង​ប្រដាប់អាវុធជាង៥០នាក់។[4] 

ដោយឡែក ចាប់ពីដើមមហាសន្និបាតបក្សលើកទី១៣ រហូតមកដល់ពេលនេះ បានដាក់វិន័យ កម្មាភិបាលនៃគណៈ កម្មា ធិការមជ្ឈិមបក្សចំនួន៥០រូប ដែលក្នុងនេះ ៨រូប ជាសមាជិក និងអតីត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងឧត្តមសេនីយ៍ចំនួន២០រូប ក្នុងជួរកងកម្លាំងប្រដាប់អាវុធ។ [5]

ទាក់ទងនឹងបញ្ហានេះ មានសំណួរសួរថា «បើដាក់វិន័យកម្មាភិបាលច្រើនបែបនេះ តើបានអ្នកណាធ្វើការងារ» លោកអគ្គលេខាធិកាបក្ស Nguyen Phu Trong មានប្រសាសន៍ថា លោកមិនបារម្ភ អំពីការមិនមាន មន្ត្រីចូលធ្វើការនោះទេ ព្រោះថាកម្មាភិបាល កម្មាភិបាលមិនត្រឹមតែបំពាន ច្បាប់ប៉ុណ្ណោះ ទេ ថែមទាំងខុស ក្រមសីលធម៌ទៀតផង ដូច្នេះវាមិនអាចទៅរួចទេ បើមិនដោះស្រាយ។ វាមាន សារៈសំខាន់ណាស់ ក្នុងការជ្រើសរើសមន្ត្រី កម្មាភិបាលមកជំនួស សំខាន់គឺជ្រើសរើសបានមន្ត្រីដែលធ្វើ ការបានត្រឹមត្រូវ មិនត្រូវប្រញាប់ប្រញាល់នោះទេ។[6]

តាមលទ្ធផលដែលបានស្តែងចេញទាំងនេះ សបញ្ជាក់ឱ្យឃើញថា វៀតណាមបានជ្រើងរើស ថ្នាក់ដឹកនាំ ស្ថាប័ន្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មួយរូបដ៏ត្រឹមត្រូវ និងប្រកបដោយសក្តានុពល បំផុត។

ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មិនមែនគ្រាន់តែជាការអនុវត្តតែជាមួយ ក្រុមមន្ត្រីពុករលួយនោះទេ វាគឺជាការដោះស្រាយចន្លោះប្រហោងក្នុងប្រព័ន្ធអភិបាលកិច្ច នីតិរដ្ឋ និងសង្គមវប្បធម៌ ទូទៅដែល ជាប់ពាក់ព័ន្ធ។ តួយ៉ាងប្រជាពលរដ្ឋ រងគ្រោះដោយផ្ទាល់ពីអំពើពុករលួយតូចតាច ជារៀងរាល់ថ្ងៃ ដូចជាការ ចំណាយប្រាក់លើមន្ត្រីនគរបាលចរាចរណ៍សេវាសាធារណៈនានា ជាដើម។ អាទិភាពទីមួយ ដែលមនុស្សចង់ឃើញនាពេលអនាគត គឺថាការយាយីនេះនឹងត្រូវបញ្ចប់ដែនមិនជះឥទ្ធិពលអាក្រក់បន្តជំនាន់។

ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់វៀតណាម ក្នុង បរិបទនេះ អាចបណ្តាល ឱ្យវិនិយោគិនបរទេសមួយចំនូនមានការបារម្ភ និងភ័យក្លាច (មិនហានចូលមក វិនិយោគ សម្រាប់អ្នកមិនទាន់បានមក សម្រាប់អ្នកកំពុងវិនិយោគស្រាប់ អាចនឹងដកចេញទៅវិញប្រសិន បើពួកគេគិតថា គ្មានការជឿជាក់ឬគិតថាបរិយាកាសមិនអំណោយផល។ ក៏ប៉ុន្តែការព្រួយបារម្ភរបស់ ពួកគេ អំពីបរិយាកាសវិនិយោគនេះ អាចបាត់ទៅវិញបាន ប្រសិនបើបរិយាកាសធុរកិច្ចប្រចាំថ្ងៃលែង មានការយាយី (ការសូកប៉ាន់)។ មួយវិញទៀត ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពល ភូមិសាស្ត្រ នយោបាយរវាងមហាយក្ស ដែលមិនដឹងថានឹងត្រូវបញ្ចប់នៅពេលណានោះ ជាការបង្ហាញឱ្យអន្តរជាតិ មើលឃើញពី ភាពតម្លាភាព ប្រព័ន្ធអភិបាលកិច្ចល្អ នីតិរដ្ឋ ធនធានម្បូរបែប បរិយាកាសល្អសម្រាប់ វិនិយោគបរទេស នោះជាការត្រៀមខ្លួនរបស់ប្រទេស វៀតណាម ដើម្បីទទួលយកក្រុមហ៊ុនធំៗ និងមាន កម្រិតស្តង់ដាខ្ពស់ ដែលមិនអាចទ្រាំទ្របាននឹងការ ដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក ឬ ដោយនិន្នាការ នយោបាយ៕

--------------------------------

  [1] Dang Cong Van Viet Nam, ”10 năm phòng, chống tham nhũng: Quyết liệt, đột phá, đạt nhiều kết quả toàn diện”, 30/06/2022, “https://dangcongsan.vn/tieu-diem/10-nam-phong-chong-tham-nhung-quyet-liet-dot-pha-dat-nhieu-ket-qua-toan-dien-614124.html” (Accessed date: 14-July-2022 at 11AM)

[2] Vietnam Net, “Tổng Bí thư chủ trì hội nghị tổng kết 10 năm phòng chống tham nhũng, tiêu cực”, “Thu Hang”, “30/06/2022”, “https://vietnamnet.vn/tong-bi-thu-chu-tri-hoi-nghi-tong-ket-10-nam-phong-chong-tham-nhung-tieu-cuc-2035012.html” (Accessed date: 14-July-2022 at 11AM)

[3] VOV World, 

“វៀតណាមបាននិងកំពុងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីប្រឆាំងអំពើពុករលួយ”, “9 ធ្នូ 2021”, “https://vovworld.vn/km-KH/ពរតតករណ/វតណមបននងកពងរមចណកកនងកចចខតខបរងបរងជសកលដមបបរឆងអពពករលយ-1054396.vov” (Accessed date: 14-July-2022 at 11AM)

[4] Dang Cong Van Viet Nam, ”10 năm phòng, chống tham nhũng: Quyết liệt, đột phá, đạt nhiều kết quả toàn diện”, 30/06/2022, “https://dangcongsan.vn/tieu-diem/10-nam-phong-chong-tham-nhung-quyet-liet-dot-pha-dat-nhieu-ket-qua-toan-dien-614124.html” (Accessed date: 14-July-2022 at 11AM)

[5] Dang Cong Van Viet Nam, ”10 năm phòng, chống tham nhũng: Quyết liệt, đột phá, đạt nhiều kết quả toàn diện”, 30/06/2022, “https://dangcongsan.vn/tieu-diem/10-nam-phong-chong-tham-nhung-quyet-liet-dot-pha-dat-nhieu-ket-qua-toan-dien-614124.html” (Accessed date: 14-July-2022 at 11AM)

[6] VOV World, 

“វៀតណាមបាននិងកំពុងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីប្រឆាំងអំពើពុករលួយ”, “9 ធ្នូ 2021”, “https://vovworld.vn/km-KH/ពរតតករណ/វតណមបននងកពងរមចណកកនងកចចខតខបរងបរងជសកលដមបបរឆងអពពករលយ-1054396.vov” (Accessed date: 14-July-2022 at 11AM)

--------

RAC Media 

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


2022-07-14 12:56:37   ថ្ងៃព្រហស្បតិ៍, 14 កក្កដា 2022 ម៉ោង 07:56 PM
អបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។


2022-07-07 12:05:01   ថ្ងៃព្រហស្បតិ៍, 07 កក្កដា 2022 ម៉ោង 07:05 PM
កិច្ចពិភាក្សាតុមូលស្តីពី៖ «អាស៊ាននៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី»

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូលស្តីពី «អាស៊ាននៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី» នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។


នៅក្នុងកម្មវិធីនេះ នឹងមានការចូលរួមដោយវាគ្មិនកិត្តិយសល្បីៗ៖

១- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច 
២- លោក ពុយ គា 
៣- លោកបណ្ឌិត មាស នី
៤- ឯកឧត្ដមបណ្ឌិត គិន ភា

សម្របសម្រួលកម្មវិធីដោយ៖ ឯកឧត្ដមបណ្ឌិត យង់ ពៅ។


2022-07-07 11:13:13   ថ្ងៃព្រហស្បតិ៍, 07 កក្កដា 2022 ម៉ោង 06:13 PM
ដំំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុនហួវៃនៅរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្ងៃទី៧ កក្កដា ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនគ្នា ជាមួយតំណាងក្រុមការងារក្រុមហ៊ុនហួវៃ (Huawei) ប្រចាំកម្ពុជា។ ភាគីទាំងពីរ បានសិក្សាលទ្ធភាពក្នុងការសហការគ្នា លើការងារបណ្តុះបណ្តាល និងស្រាវជ្រាវ។ យើងបានឯកភាពគ្នា៤ចំណុចដូចខាងក្រោម៖

១- សហការនិងសិក្សាអំពី ការផ្តល់ឧបករណ៍ថាមពលព្រះអាទិត្យនៅរាជបណ្ឌិត្យសភាកម្ពុជា

២- សិក្សាដើម្បីបង្កើតជាអេបថ្មី សម្រាប់ដាក់ប្រើនៅក្នុង Harmony OS របស់ក្រុមហ៊ុន Huawei.

៣- សហការជំរុញអ្នកសិក្សាស្រាវជ្រាវ និងបេក្ខជនថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ ICT នៅរាជបណ្ឌិត្យសភាកម្ពុជា

៤- សហការរៀបចំកម្មវិធីសិក្សា Huawei Network System

ខាងក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានស្វាគមន៍ដល់បេក្ខជនបណ្ឌិតនិងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញICT នៅរាជបណ្ឌិត្យសភាកម្ពុជា ទៅសិក្សាស្រាវជ្រាវនិងសរសេរសារណាបទ ឬនិក្ខេបបទពាក់ព័ន្ធបច្ចេកវិទ្យាក្រុមហ៊ុនHuawei បាន។

RAC Media


2022-07-07 11:04:19   ថ្ងៃព្រហស្បតិ៍, 07 កក្កដា 2022 ម៉ោង 06:04 PM

សេចក្តីប្រកាស

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទានុក្រមកសិកម្ម និងក្បាលលិខិតរបស់រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២១

ថ្ងៃអង្គារ, 31 សីហា 2021 ម៉ោង 08:46 PM

ចុចមើល ទាញយក