ព័ត៌មាន

វីដេអូឯកសារ ស្ដីពី «ពិធីលៀងមេមត់» នៅតំបន់អង្គរ

សូមជូនខ្សែវីដេអូស្តីពី៖ «ពិធីលៀងមេមត់ នៅតំបន់អង្គរ ខេត្តសៀមរាប»

- ដឹកនាំផលិតដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា
- ថត និងកាត់តរូបភាពដោយ៖ លោក នឿន សុធា
- បញ្ចូលសម្លេងដោយ៖ កញ្ញា តាកេត ស័កដា

ពិធីលៀងមេមត់ នៃតំបន់អង្គរ ខេត្តសៀមរាប ដែលផលិតដោយក្រុមស្រាវជ្រាវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។

2023-03-01 07:44:29   ថ្ងៃពុធ, 01 មីនា 2023 ម៉ោង 02:44 PM
«តើធ្វើដូចម្តេចដើម្បីក្លាយខ្លួនជាចុងភៅអាជីពមួយរូប?»

សិក្ខាកាមទាំងអស់ដែលបានមកទទួលការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញចុងភៅ នៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការក្លាយទៅជាចុងភៅអាជីពម្នាក់ គឺទាមទារឱ្យយើងយល់ច្បាស់ ពីវិធីសាស្រ្តជាច្រើនដូចជា៖

-បច្ចេកទេសចម្អិន

-របៀបរក្សាទុកសាច់និងបន្លែ

-ការរក្សាអនាម័យ

-ការលាយគ្រឿងផ្សំ

-ការប្រើប្រាស់សម្ភារៈចម្អិន និង

-ក្រមសីលធម៌វិជ្ជាជីវៈជាចុងភៅ

ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីវិធីសាស្រ្តនានាអំពីរបៀបចម្អិនពិតប្រាកដ សូមទំនាក់ទំនងចុះឈ្មោះចូលរៀន តាមរយ៖

-អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

-លេខទូរសព្ទ៖ 097-8-265-479 / 078-424-281 (សម្រាប់ព័ត៌មានបណ្តុះបណ្តាលលើជំនាញចុងភៅ)

-ទំព័រហ្វេសប៊ុក៖ រាជបណ្ឌិត្យសភាកម្ពុជា-Royal Academy of Cambodiaមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

2023-03-01 07:39:22   ថ្ងៃពុធ, 01 មីនា 2023 ម៉ោង 02:39 PM
ការសិក្សាទៅលើជំងឺថប់បារម្ភរបស់និស្សិតវិស្វករនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងបរិបទនៃវិបត្តិកូវីដ-១៩ ដោយ៖ លោក លី តុង , លោក មាឃ សារី, លោក សូ សុធីរ, លោកស្រី ឃាង ធានី- កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ១(២), ខែធ្នូ ២០២២

ការស្រាវជ្រាវនេះ មានគោលបំណងឈ្វេងយល់អំពីកម្រិតនៃជំងឺថប់បារម្ភ (Anxiety) របស់និស្សិតវិស្វករដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្រងសំណួរសម្រាប់វាស់កម្រិតជំងឺថប់បារម្ភរបស់ហ្ស៊ុង (Zung Self-Rating Anxiety Scale) ត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យពីនិស្សិត។ និស្សិតវិស្វករឆ្នាំទី២នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន៣២៩នាក់បានចូលរួមក្នុងការសិក្សានេះ។ លទ្ធផលបានបង្ហាញថា បើទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក្តី ស្ថានភាពអារម្មណ៍ទូទៅរបស់និស្សិតស្ថិតក្នុងកម្រិតធម្មតា ប៉ុន្តែនិស្សិតស្រីហាក់មានទំនោរថប់បារម្ភខ្ពស់ជាងនិស្សិតប្រុសបន្តិចបន្តួច។ 75.4% នៃនិស្សិតទាំងនោះមានអារម្មណ៍ធម្មតា ដោយឡែកមាននិស្សិតប្រមាណ 23.7% កើតជំងឺថប់បារម្ភកម្រិតស្រាលទៅកម្រិតមធ្យម។ លទ្ធផលក៏បានបង្ហាញថា មាននិស្សិតតែ៣នាក់ប៉ុណ្ណោះដែលស្ថិតក្នុងស្ថានភាពជំងឺថប់បារម្ភកម្រិតខ្ពស់និងខ្ពស់បំផុត។ អាការៈដូចជា “អន្ទះអន្ទែងនិងតក់ក្រហល់ខ្លាំងជាងធម្មតា”, “ភ័យខ្លាចដោយពុំដឹងមូលហេតុ”, “ឈឺក ឈឺក្បាល និងឈឺខ្នង” និង “ខ្សោយនិងឆាប់អស់កម្លាំង” គឺជាអាការៈជំងឺថប់បារម្ភមួយចំនួនក្នុងចំណោមអាការៈផ្សេងទៀត ដែលនិស្សិតបានជួបប្រទះក្នុងអំឡុងពេលនៃការកើតមានវិបត្តិកូវីដ-១៩នេះ។ លទ្ធផលនៃការសិក្សានេះ បានផ្តល់ឱ្យលោកគ្រូ-អ្នកគ្រូ អ្នកអប់រំ ក៏ដូចជាអ្នករៀបចំគោលនយោបាយនានា នូវទិដ្ឋភាពទូទៅនៃស្ថានភាពជំងឺថប់បារម្ភក្នុងចំណោមនិស្សិតកម្ពុជា ដើម្បីឱ្យពួកគេអាចធ្វើការសម្រេចចិត្តជាក់លាក់ណាមួយ សម្រាប់ជាដំណោះស្រាយសមស្របចំពោះបញ្ហាជំងឺផ្លូវចិត្តរបស់សិស្ស-និស្សិត ក្នុងបរិបទវិបត្តិកូវីដ-១៩ ឬអាចសម្រាប់វិបត្តិជំងឺរាតត្បាតសកលដែលអាចនឹងកើតមាននាពេលអនាគត។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs?page=18


2023-02-27 09:09:05   ថ្ងៃចន្ទ, 27 កុម្ភៈ 2023 ម៉ោង 04:09 PM
ហេតុអ្វីចិនមិនឆ្លៀតវាយយកតៃវ៉ាន់ក្រោយរុស្ស៊ីធ្វើសង្គ្រាមលើអ៊ុយក្រែន? ដោយ៖ លោក​ លឹម សុវណ្ណរិទ្ធ - ខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីសង្គ្រាមស៊ីវិលចិន (១៩២៧-១៩៤៩) បានបិទបញ្ចប់ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបង្កើតឡើងនៅឆ្នាំ១៩៤៩ ក្រោយចលនាកុម្មុយនីស្តបានយកឈ្នះលើកម្លាំងទ័ពរបស់រដ្ឋាភិបាលគួមីងតាងដែលបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ ហើយបានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋចិន ដែលជារដ្ឋាភិបាលមូលធននិយមមួយនៅលើដែន​កោះមួយនេះ។ កាលណោះ កងទ័ពសាធារណរដ្ឋប្រជាមានិតចិនមិនបានបន្តគោលដៅទៅវាយរំលំរដ្ឋាភិបាលសាធារណរដ្ឋ​ចិន ដែលតាំងមូលដ្ឋាននៅលើដែនកោះមួយនេះឡើយ ដោយសារតែកងទ័ពជើងទឹករបស់ចិនប្រជាមា​និត​មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ហើយសាធារណរដ្ឋចិនដែលបានភៀសខ្លួនទៅកោះតៃវ៉ាន់នាពេលនោះ ក៏ចាប់ផ្ដើមទទួលបានការគាំទ្រពេញលេញពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត។

ថ្វីត្បិតតែគណបក្សកុម្មុយនីស្តបានគ្រប់គ្រងចិនដីគោកបានទាំងស្រុង ហើយរដ្ឋាភិបាលគួមីងតាងបានទទួលបរាជ័យ ហើយភៀសខ្លួនទៅកោះតៃវ៉ាន់ក្ដី ក៏សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តបានបន្តគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋចិន(តៃវ៉ាន់) ជាតំណាងស្របច្បាប់របស់ប្រទេសចិន និងកាន់កាប់អសនៈចិននៅអង្គការសហប្រជាជាតិ រហូតដល់មានការសម្របសម្រួលនយោបាយការបរទេសនៅឆ្នាំ១៩៧១ ទើបសាធារណរដ្ឋប្រជាមានិតចិនបានកាន់កាប់អសនៈជាតំណាងស្របច្បាប់របស់ប្រទេសចិន នៅអង្គការសហប្រជាជាតិជំនួសរដ្ឋាភិបាលសាធារណរដ្ឋចិន(តៃវ៉ាន់)វិញ។ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅតែបន្តមហិច្ឆតាបង្រួបបង្រួមកោះតៃវ៉ាន់ឱ្យស្ថិតនៅក្រោមអធិប​តេយ្យចិនតែមួយ ដោយរាប់តាំងពីការបង្ហាញការបើកចំហរឆន្ទៈអនុវត្តគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ (ដូចករណី​ហុងកុង) ការផ្ដាច់លទ្ធភាពទំនាក់ទំនងការទូតរបស់សាធារណរដ្ឋចិន (តៃវ៉ាន់) នៅលើឆាកអន្តរជាតិ និងការបញ្ចុះបញ្ចូលប្រជាជនតៃវ៉ាន់ក៏ដូចជាការជំរុញគាំទ្រចរន្តនយោបាយតៃវ៉ាន់ដែលមាននិន្នាការផ្អៀងទៅរកនយោបាយបង្រួបបង្រួមប្រជាជាតិចិនឱ្យមានសម្ទុះ និងទម្ងន់នយោបាយនៅកោះតៃវ៉ាន់ផងដែរ។

ជាការពិតណាស់ នៅក្នុងគោលដៅឈានទៅក្លាយជាមហាអំណាចពិភពលោកទីមួយ ចិនមិនត្រឹមតែត្រូវការពង្រឹងអំណាចសេដ្ឋកិច្ច និងយោធារបស់ខ្លួនប៉ុណ្ណោះទេ ការបង្រួបបង្រួមអតីតដែនដីរបស់ខ្លួន គឺជាចំណុចគន្លឹះដ៏ចាំបាច់ ដែលចិនត្រូវ​តែសម្រេចឱ្យបានដាច់ខាតដើម្បីក្លាយខ្លួនជាមហាអំណាចដ៏មានឥទ្ធិពលមួយបាន។ នៅត្រង់ចំណុចនេះ វាបានក្លាយទៅ​ជាចំណោទបញ្ហាថា តើចិននឹងបង្រួបបង្រួមតៃវ៉ាន់ដោយមធ្យោបាយណា? តើជាការបង្រួបបង្រួមដោយប្រើប្រាស់វិធីសាស្ត្រសន្តិវិធី ឬក៏ដោយប្រើប្រាស់កម្លាំងបាយ (យោធា) វាយសង្គ្រប់យកដែនកោះមួយនេះ?

បន្ទាប់ពីវិបត្តិអ៊ុយក្រែនផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២ ទាំងបស្ចិមប្រទេស ទាំងសហរដ្ឋអាម៉េរិកបានសម្ដែងការព្រួយបារម្ភថា តាមរយៈបទពិសោធវិបត្តិអ៊ុយក្រែន និងស្របពេលដែលសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេសជាប់ដៃនឹងសង្គ្រាមរុស្ស៊ីប្រឆាំងអ៊ុយក្រែន ចិនអាចនឹងអនុវត្តយុទ្ធសាស្ត្រស្រដៀងគ្នាទៅនឹងរុស្ស៊ី ដោយប្រើប្រាស់កម្លាំងយោធាដើម្បីវាយដណ្ដើមយកកោះតៃវ៉ាន់ ប៉ុន្តែមកដល់ពេលនេះមួយឆ្នាំបានកន្លងផុតទៅហើយ ចិនមិនបានសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាវាយសង្គ្រប់យកកោះតៃវ៉ាន់ ដើម្បីបង្រួបបង្រួមទឹកដីចិននោះឡើយ។ គោលជំហរដូចនេះក៏ទំនង​ជានឹងត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនប្រកាន់ខ្ជាប់ជាបន្តទៅថ្ងៃអនាគត ក៏ព្រោះតែថ្នាក់ដឹកនាំចិនបានយល់ឃើញថា ការប្រើប្រាស់កម្លាំងទ័ពដើម្បីក្រសោបយកកោះតៃវ៉ាន់នឹងបង្កនូវផលវិបាកដ៏ធំធេង ច្រើនជាងអ្វីដែលខ្លួននឹងទទួលបានពីការបង្រួបបង្រួមដែនកោះតៃវ៉ាន់ទៅទៀត។

ចំពោះករណីតៃវ៉ាន់ ហាក់មានភាពខុសគ្នាពីប្រទេសអ៊ុយក្រែន ដោយរុស្ស៊ីបានធ្វើអន្តរាគមន៍យោធាទៅលើអ៊ុយក្រែនទាំងដែលអ៊ុយក្រែនមិនបានរៀបចំខ្លួនទុកជាមុននោះឡើយ ហើយបស្ចិមប្រទេសទៀតសោត ក៏ពុំបានត្រៀមទុកជាមុននូវជំនួយយោធា និងការគាំទ្រផ្សេងៗដល់អ៊ុយក្រែនដើម្បីប្រឈមមុខនឹងសង្គ្រាមជាមួយរុស្ស៊ីផងដែរ ប៉ុន្តែសម្រាប់​កោះតៃវ៉ាន់ រដ្ឋាភិបាលតៃវ៉ាន់ព្យាយាមបង្កើនសមត្ថភាពយោធា និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសហរដ្ឋអាម៉េរិកដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការឈ្លានពានណាមួយរបស់ចិន។ ថ្វីដ្បិតតែកម្លាំងយោធារបស់តៃវ៉ាន់ ហាក់មានភាពខុសឆ្ងាយគ្នានឹងសមត្ថភាពយោធារបស់ចិន ប៉ុន្តែសាធារណរដ្ឋប្រជាមានិតចិនក៏មិនអាចវាយប្រហារ​សង្គ្រប់​យកកោះតៃវ៉ាន់បានភ្លាមៗឡើយ។ ក្នុងពេលដែលភាគីទាំងពីរកំពុងប្រយុទ្ធគ្នា យោធាសហរដ្ឋអាម៉េរិកដែលឈរជើងនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង អាចនឹងធ្វើការប្រតិកម្មតបនឹងការអន្តរាគមន៍យោធារបស់ចិនបានភ្លាមៗ។ ត្រង់ចំណុចនេះ គេត្រូវដឹងផងដែរថា មហាអំណាចសហរដ្ឋអាម៉េរិក តែងតែបានព្យាយាមថ្លឹងទម្ងន់យុទ្ធសាស្ត្រ និងជំហរនយោបាយ​របស់ខ្លួននៅក្នុងសំណុំរឿងកោះតៃវ៉ាន់ ដោយសារតែគេបានមើលឃើញពីភាពចាំបាច់ ដែលចិនត្រូវតែបង្រួបបង្រួមដែនដីតៃវ៉ាន់ជាមួយនឹងចិនដីគោកឱ្យខានតែបាន ហើយថ្វីបើអាម៉េរិកប្រកាសគោរពគោលនយោបាយ​ចិនតែមួយ ក្នុងទំនាក់ទំនងជាមួយចិនប្រជាមានិត ប៉ុន្តែសហរដ្ឋអាម៉េរិកក៏នៅតែបង្ហាញជំហរប្រឆាំងចំពោះ​ការបង្រួបបង្រួមកោះតៃវ៉ាន់ដោយប្រើប្រាស់កម្លាំងកងទ័ព។ មិនត្រឹមតែប៉ុណ្ណោះ ខុសប្លែកពីប្រធានាធិបតីមុនៗ កន្លងទៅថ្មីៗនេះ លោកប្រធានាធិបតី ចូ បៃដិន ធ្លាប់បានប្រកាសយ៉ាងហោចណាស់ចំនួន៣ដងមកហើយថា សហរដ្ឋអាម៉េរិកត្រៀមធ្វើអន្តរាគមន៍រួចជាស្រេច ក្នុងករណីដែលចិនប្រើប្រាស់កម្លាំងទ័ពលើដែនកោះតៃវ៉ាន់ថែមទៀត។ នេះគឺជាបញ្ហាប្រឈមដែលចិនព្រួយបារម្ភជាខ្លាំង ដោយសារតែការប៉ះទង្គិចខាងយោធាក្នុងរូបភាពណាមួយរវាងចិននិងសហរដ្ឋអាម៉េរិក វាអាចនឹងក្លាយទៅជាលេសគ្រប់គ្រាន់សម្រាប់សហរដ្ឋអាម៉េរិក យកជាហេតុផលដើម្បីធ្វើអន្តរាគមន៍យោធានៅក្នុងសំណុំរឿងកោះតៃវ៉ាន់។ បន្ថែមពីនេះ ប្រសិនបើចិនធ្វើអន្តរាគមន៍យោធាលើកោះតៃវ៉ាន់ ចិននឹងត្រូវប្រឈមមុខជាមួយនឹងសង្គ្រាមដ៏យូរអង្វែងគ្មានកាលកំណត់មួយ ដែលចិនត្រូវយកបាត់បង់ថវិកាជាតិដែលខ្លួនបានសន្សំរាប់ទសវត្សរ៍កន្លងមកនេះ ដើម្បីចំណាយទៅលើសង្គ្រាមបង្រួបបង្រួមជាតិមួយនេះ។

ជាមួយគ្នានេះដែរ បញ្ហាប្រឈមធំមួយផ្សេងទៀតក្នុងករណីដែលចិនសម្រេចចិត្តធ្វើអន្តរាគមន៍យោធាដើម្បីបង្រួបបង្រួមតៃវ៉ាន់នោះគឺ កំណើនសេដ្ឋកិច្ចដែលចិនបានខិតខំកសាង និងពង្រឹងចាប់តាំងពីឆ្នាំ១៩៧៨មក នឹងត្រូវអសារ​បង់ ព្រោះថ្វីត្បិតតែចិនជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ប៉ុន្តែសេដ្ឋកិច្ចចិននៅតែបន្តពឹងផ្អែកលើការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងប្រទេសសម្ព័ន្ធមិត្ត ចំណែកប្រតិបត្តិការទូទាត់អន្តរជាតិដែលចិនបានប្រើប្រាស់ គឺជា បណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុនៃធនាគារទូទាំងពិភពលោក (SWIFT: Society of Worldwide Interbank Financial Telecommunication) ដែលជាប្រព័ន្ធធនាគារស្ថិតនៅក្រោមឥទ្ធិពលស្ទើរតែផ្ដាច់មុខរបស់សហរដ្ឋអាម៉េរិក [1]។ ទោះជាយ៉ាងណា ការដាក់ទណ្ឌកម្មទាំងឡាយប្រឆាំងចិន ពីសំណាក់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត នឹងបង្កផលវិបាកធ្វើឱ្យពិភពលោកទាំងមូលជួបប្រទះនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ព្រោះចិនមិនត្រឹមតែជារោងចក្រពិភពលោកប៉ុណ្ណោះទេ តែក៏ជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងជាទីផ្សារនាំចូលដ៏ធំមួយរបស់ពិភពលោកផងដែរ។ បទពិសោធនេះ គឺអាចសម្លឹងមើលវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨ ដែលចិននិងឥណ្ឌា គឺជាប្រទេសដ៏សំខាន់ក្នុងការទាញកំណើនសេដ្ឋកិច្ចពិភពលោកចេញពីវិបត្តិនាពេលនោះ។

ហេតុផលសំខាន់មួយផ្សេងទៀត ដែលសាធារណរដ្ឋប្រជាមានិតចិនមានការព្រួយបារម្ភនោះគឺ ក្នុងករណីដែល បើ សង្គ្រាមជាមួយនឹងតៃវ៉ាន់កើតមានឡើង ក្រៅពីសហរដ្ឋអាម៉េរិកដែលជាគូប្រឈមចម្បងរបស់ចិននោះ ប្រទេសជាគូប្រឈមនៅជុំវិញចិន ទំនងជានឹងក្លាយជាអ្នកដែលទទួលបានផលប្រយោជន៍យ៉ាងច្រើនពីសង្គ្រាមនេះ។ សម្រាប់ជប៉ុន ដែលជាអតីតប្រទេសចក្រពត្តិនិយម និងត្រូវបានចងជើងដោយរដ្ឋធម្មនុញ្ញសន្តិភាពក្រោយបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ ហើយដែលថ្មីៗនេះ បានដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខថ្មី គឺជាការព្រួយបារម្ភរបស់ចិន ព្រោះថាក្រៅតែជាសត្រូវប្រវត្តិសាស្ត្រនឹងគ្នា ចិននិងជប៉ុនក៏មានបញ្ហាចាក់ស្រែះជាច្រើនផ្សេងទៀតដូចជា ជម្លោះដែនអធិប តេយ្យភាព ការប្រជែងឥទ្ធិពលនយោបាយនិងការទូត បញ្ហាភូមិសាស្ត្រនយោបាយ និងសំណុំរឿងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងថែមទៀតផង។ ក្នុងករណី ដែលចិនធ្វើអន្តរាគមន៍យោធាដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ជប៉ុនដែលមានមហិច្ឆតាពង្រឹងតួនាទីរបស់ខ្លួនក្នុងតំបន់និងពិភពលោក និងដែលមានមូលដ្ឋានយោធាអាម៉េរិកនៅលើទឹកដីរបស់ខ្លួនស្រាប់ ច្បាស់ជានឹងមិនឈរឱបដៃមើលចិនធ្វើអ្វីស្រេចតែចិត្ត របស់ខ្លួនៅក្នុងតំបន់អាស៊ីបូព៌ានោះឡើយ។ បន្ថែមពីនេះ ជប៉ុនដែលមានភាពចាំបាច់ត្រូវថ្លឹងយុទ្ធសា-ស្ត្រយោធានៅក្នុងតំបន់ប្រឈមមុខនឹងការគម្រាមកំហែងស្រាប់ ពី នុយក្លេអ៊ែរកូរ៉េខាងជើង និងដែលត្រូវប្រឈមមុខចំពោះជំហរផ្លាស់ប្ដូរមិនប្រាកដប្រជារបស់អាម៉េរិក ទៅតាមក្នុងអាណត្តិប្រធានាធិបតីនីមួយៗ ជប៉ុនអាចនឹងយកលេសពង្រឹងសមត្ថភាពយោធាក្នុងទ្រង់ទ្រាយធំ រហូតដល់អាចអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរថែមទៀតផង ក្នុងពេលដែលប្រទេសនេះមានរោងចក្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលស្រាប់។ ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌា ដែលជាសត្រូវប្រវត្តិសាស្ត្ររបស់ចិន និងដែលមានជម្លោះព្រំដែនមិនទាន់ដោះស្រាយជាមួយគ្នារួច ហើយព្រមទាំងជាគូប្រជែងសេដ្ឋកិច្ច និងនយោបាយតំបន់ជាមួយនឹងចិន ច្បាស់ជានឹងមិនបណ្ដោយឱ្យចិនវាយសង្គ្រប់យកកោះតៃវ៉ាន់ដោយជោគជ័យឡើយ ព្រោះប្រសិនបើចិនអាចវាយយក កោះ តៃវ៉ាន់បាន នោះចិននឹងពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួនកាន់តែខ្លាំងជាងមុនទៀត ដែលជាការគម្រាមកំហែងដ៏ធំមួយសម្រាប់ប្រទេសឥណ្ឌា។ ក្រៅពីនេះ អន្តរាគមន៍យោធារបស់ចិនដើម្បីបង្រួបបង្រួមតៃវ៉ាន់នឹងបង្កការព្រួយបារម្ភផ្នែកសន្តិសុខចំពោះប្រទេសផ្សេងទៀត ដែលមានជម្លោះដែនអធិបតេយ្យភាពនៅក្នុងសមុទ្រចិនខាងត្បូងជាមួយនឹងចិនដូចជា ហ្វ៊ីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូណេស៊ី ហើយនិងជំរុញឱ្យប្រទេសទាំងនោះគ្មានជម្រើសអ្វីក្រៅតែពីការពង្រឹងសម្ព័ន្ធភាពយោធាយោធាកាន់តែស៊ីជម្រៅ ជាមួយនឹងសហរដ្ឋអាម៉េរិក ដើម្បីការពារខ្លួន និងកៀកស្មាគ្នាប្រឈមនឹងប្រទេសចិន។ ជាពិសេស វៀតណាម ដែលជាប្រទេសជាប់ព្រំដែនចិន ច្បាស់នឹងចេញមុខបរិហារ ហើយផ្ដោតតែទៅលើហេតុផលសន្តិសុខជាតិរបស់ខ្លួន រួចទាញដៃសហរដ្ឋអាម៉េរិកឱ្យលូកចូលមកកាន់តែជ្រៅនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងអាចឈានទៅដល់ការបង្កើនមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

តើសាធារណរដ្ឋប្រជាមានិតចិននឹងបង្រួបបង្រួមតៃវ៉ាន់ដោយរបៀបណា?

ថ្វីត្បិតតែបច្ចុប្បន្ន ចិនមិនអាចប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមតៃវ៉ាន់ក្ដី ចិនក៏មិនអាចបោះបង់ចោលនូវគោលដៅបង្រួបបង្រួមដែនកោះតៃវ៉ាន់ផងដែរ ព្រោះដូចមានរៀបរាប់នៅក្នុងខ្លឹមសារខាងលើ ចិនមានភាពចាំបាច់ដែលត្រូវតែបង្រួបបង្រួមកោះតៃវ៉ាន់ឱ្យបានជាដាច់ខាត។ ទោះជាយ៉ាងណាក្ដី ចិនក៏ធ្លាប់បានប្រកាសផងដែរថា ចិននឹងធ្វើអន្តរាគមន៍យោធាលើកោះតៃវ៉ាន់ភ្លាមៗ ប្រសិនបើរដ្ឋាភិបាលនៃដែនកោះនេះហ៊ានប្រកាសឯករាជ្យផ្ដាច់ខ្លួនទៅជារដ្ឋអធិបតេយ្យមួយ ថ្វីបើកោះនេះ មានទឹកដី ប្រព័ន្ធគ្រប់គ្រង រដ្ឋាភិបាល និងច្បាប់ដាច់ដោយឡែកស្រាប់ពីសាធារណរដ្ឋប្រជា-មានិតចិនទៅហើយក្ដី។ ដូច្នេះហើយ ចិននឹងបន្តប្រើប្រាស់វិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីទាញយកដែនកោះមួយនេះ ទៅដាក់នៅក្នុងដែនអធិបតេយ្យពេញលេញរបស់ខ្លួន ដោយកន្លងមក នៅក្នុងគោលដៅយក ដែនកោះតៃវ៉ាន់ ត្រឡប់មកដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ចិនធ្លាប់បានទទួលជោគជ័យរួចមកហើយក្នុងការកាត់ផ្ដាច់ច្រកការទូតរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិ ដោយប្រទេសចិនបានប្រកាសចេញនូវ «គោលនយោបាយចិនតែមួយ» ជាចំណុចស្នូលនៃនយោបាយការបរទេសចិន ដោយរាល់បណ្ដាប្រទេសដែលចង់មានទំនាក់ទំនងការទូតជាមួយចិន ត្រូវតែផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងកោះតៃវ៉ាន់។ «អ្នកមាន នឹងមានអំណាច» គឺជាពាក្យស្លោកដែលលោក តេង ស៊ាវពីង អតីតមគ្គុ-ទ្ទេសក៍នយោបាយ និងសេដ្ឋកិច្ចដ៏មានឥទ្ធិពលរបស់ចិនធ្លាប់បានលើកឡើង ហើយដែលបច្ចុប្បន្ននេះ សាធារណរដ្ឋចិនដែលបានពង្រីកឥទ្ធិពលនយោបាយ និងការទូតរបស់ខ្លួននៅលើឆាកអន្តរជាតិតាមលំនាំចក្ខុវិស័យនេះផងដែរ។ ចិនបានទាញជំហរនយោបាយរបស់មហាអំណាច និងបណ្ដាប្រទេសទាំងឡាយនៅលើពិភពលោក ឱ្យបោះបង់ចោលនូវទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ហើយងាកមកចាប់ដៃ និងបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ជោគជ័យនេះគឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ចិន ក្នុងការបង្រួបបង្រួមទឹកដីរបស់ខ្លួន ហើយជាបន្តទៅទៀត ចិននឹងបន្តប្រើប្រាស់យុទ្ធសាស្ត្រត្រជាក់ចំពោះប្រជាជនតៃវ៉ាន់ និងជំរុញគាំទ្រដល់គ្រប់អ្នកនយោបាយតៃវ៉ាន់ដែលមាននិន្នាការស្និទ្ធនឹងរដ្ឋាភិបាលចិនឱ្យទទួលបានប្រជាប្រិយភាព និងអាចឡើងដឹកនាំដែនកោះមួយនេះ ដើម្បីឈានទៅសម្រេចគោលដៅបង្រួបបង្រួមជាតិរបស់ខ្លួន។ ជាមួយគ្នានេះ ចិនត្រូវបន្តជំរុញទម្ងន់ឥទ្ធិពល សេដ្ឋកិច្ចរបស់ខ្លួនលើតៃវ៉ាន់ ដើម្បីក្លាយជាចំណងទំនាក់ទំនងមិនអាចកាត់ផ្ដាច់បាន ព្រមទាំងជាស្ពាននៃការបង្កើនឥទ្ធិពលរបស់ចិនលើសង្គមតៃវ៉ាន់ ដូចដែលចិនបាននិងកំពុងធ្វើជាមួយប្រទេសជិតខាង ក៏ដូចជាគូប្រឈមរបស់ខ្លួនដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា វៀតណាម និងប៉ាគីស្ថានជាដើម។ បន្ថែមពីនេះ ដើម្បីបញ្ចៀសការរុញបញ្ហាតៃវ៉ាន់ឱ្យកាន់តែឡើងកម្ដៅក្ដៅឡើងៗពីសំណាក់សហរដ្ឋអាម៉េរិក ចិនត្រូវតែព្យាយាមបង្វែរសមរភូមិចេញពីរបងផ្ទះខ្លួន ដោយបង្កើតឬជំរុញនូវព្រឹត្តិការណ៍ ឬសេនារីយ៉ូនៅតាមទីតាំងយុទ្ធសាស្ត្រដទៃ ឱ្យក្លាយទៅជាប្រធានបទក្ដៅដែលអាម៉េរិកត្រូវផ្ដោតយកចិត្តទុកដាក់ ជាជាងការគិតគូរទៅលើយុទ្ធសាស្ត្រដុតបញ្ឆេះបញ្ហារបស់ចិន ដើម្បីរារាំងចិនពីការពង្រឹងអំណាចសេដ្ឋកិច្ច និងយោធា ដើម្បីឈានឆ្ពោះជាមហាអំណាចផុតលេខពិភពលោក។ ទោះជាយ៉ាងណា ដើម្បីសម្រេចបានគោលដៅនេះ ចិនចាំបាច់ត្រូវតែបន្តកសាងឥទ្ធិពលការទូតរបស់ខ្លួន តាមរយៈការចងក្រងក្រុមប្រទេសសម្ព័ន្ធមិត្ត បង្កើនប្រទេសជាមិត្តដែលអាចជឿទុកចិត្តបានរបស់សាធារណរដ្ឋប្រជាមានិតចិន៕

----------------------------

(១) ជាបណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុនៃធនាគារទូទាំងពិភពលោក ប្រើប្រាស់ដោយប្រទេសជាង២០០ ក្នុងនោះ៤០% នៃការទូទាត់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ថ្វីត្បិតតែចិនបានបង្កើតប្រព័ន្ធទូទាត់អន្តរធនាគារចិន CIPS តាំងពីឆ្នាំ២០១៥ក្ដី ក៏ប៉ុន្តែវាតំណាងឱ្យត្រឹមតែ៣%នៃការទូទាត់សរុបតាមប្រព័ន្ធធនាគារអន្តរជាតិប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើចិនត្រូវបានដកចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដូចរុស្ស៊ីនោះ សេដ្ឋកិច្ចចិននឹងត្រូវដាំក្បាលចុះយ៉ាងគំហុក ហើយដែលវានឹងជះឥទ្ធិពលដ៏អាក្រក់មិនធ្លាប់មានចំពោះសេដ្ឋកិច្ចសាកល។

RAC Media

ប្រភព៖ ខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា


2023-02-27 08:43:35   ថ្ងៃចន្ទ, 27 កុម្ភៈ 2023 ម៉ោង 03:43 PM
ប្រាសាទព្រះធាតុបារាយណ៍ និង រចនាសម្ព័ន្ធបុរាណវត្ថុនៅជុំវិញតំបន់ប្រាសាទ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌរូបី (កេរដំណែលបន្សល់ពីដូនតាតាំងពីសម័យបុរាណ)។ សម្បត្តិបេតិកភណ្ឌទាំងនោះរួមមានប្រាសាទបុរាណ វិហារពុទ្ធសាសនាបុរាណ ស្ពានបុរាណ ឡបុរាណ ផ្លូវបុរាណ ភូមិដ្ឋានបុរាណ បារាយណ៍ ឡកុលាលភាជន៍ ជាដើម ។ល។

ប្រាសាទព្រះធាតុបារាយណ៍គឺជាប្រាសាទបុរាណមួយចាត់ទុកថាជាសម្បត្តិបេតិកភណ្ឌជាតិ ត្រូវបានកសាងនៅក្នុងទឹកដីភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទោះបីប្រាសាទនេះមានរូបរាងតូច មិនធំដូចប្រាសាទនៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជាក្ដី ប៉ុន្តែប្រាសាទនេះមានសំណល់គ្រឿងបង្គំប្រាសាទមួយចំនួនដែលអាចអ្នកស្រាវជ្រាវអាចកំណត់អាយុកាលប្រាសាទ និងកំណត់រចនាបថរបស់ប្រាសាទបាន។

សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើន តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/1/researchs?page=8

2023-02-23 08:53:58   ថ្ងៃព្រហស្បតិ៍, 23 កុម្ភៈ 2023 ម៉ោង 03:53 PM
ទស្សនវិជ្ជាហិណ្ឌូ ៖ ទ្រឹស្តីសំសារៈនិងមោក្ស ដោយ៖ បណ្ឌិត ប៉ាន់ វុត្ថា មន្ត្រីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថាន មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

ខ្លឹមសារសំខាន់ៗជាមូលដ្ឋានក្នុងទស្សនវិជ្ជាហិណ្ឌូ បង្ហាញពីគំនិតស្តីអំពីវដ្តគ្មានទីបញ្ចប់នៃការកើតនិងការស្លាប់។ វដ្តគ្មានទីបញ្ចប់នៃការកើត និងការស្លាប់ គេហៅថា សំសារៈ (samsara) ឬ វាលវដ្តសង្សារ។ វាលវដ្តសង្សារ មានការផ្សារភ្ជាប់ជាមួយនឹងគំនិតទស្សនវិជ្ជាស្តីពី កម្ម (karma) ឬ អំពើ។ វាជា កម្ម ឬ អំពើ របស់យើងដែលកំណត់ថា តើយើងនឹងកើតឡើងវិញជាមនុស្ស ឬ ជាសត្វ (ដូចជាសត្វឆ្កែ ឆ្មា ថ្លែន បង្គួយ ជីងចក់...) ពោលគឺ ពីក្នុងចំណោមរាប់​លាននៃលទ្ធភាពគួរឱ្យសង្វេគ !

កម្ម (karma) ត្រូវបានគេចាត់ទុកថា ជាបញ្ញត្តិគន្លឹះក្នុងទស្សនវិជ្ជាហិណ្ឌូ។ ទស្សនវិជ្ជាហិណ្ឌូទាំងមូលវិលជុំវិញបញ្ហានៃកម្ម។ ពាក្យដែលហៅថា កម្ម ជាផ្លូវនៃការគិតបើកចំហទាំងពីរ គឺទាំងបញ្ហាសីលធម៌ និងទាំងបញ្ហាអស្តិរូបវិជ្ជាឬបរមត្ថវិជ្ជាក្នុងទស្សនវិជ្ជា។ នេះគឺដោយសារពាក្យ កម្ម ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជំនឿស្តីពីការចាប់កំណើតជាថ្មី ការកើតឡើងវិញ ហើយនិងគំនិតស្តីពី ហេតុ-ផល សីលធម៌។ អ្វីៗទាំងអស់ ធ្វើដំណើរទៅរកល្អដោយសារភាពល្អ ហើយទៅរកអាក្រក់ដោយសារភាពអាក្រក់។ រាល់សេចក្តីទុក្ខវេទនា និងអសុក្រឹតភាពទាំងអស់ក្នុងលោក គឺជាលទ្ធផលនៃអំពើរបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែ អ្វីដែលល្អ និងអាក្រក់ នឹងត្រូវបានកំណត់មួយផ្នែក ដោយសារទីតាំងវណ្ណៈពិតរបស់មនុស្សម្នាក់ៗ។ ដូច្នេះ ទស្សនវិជ្ជាហិណ្ឌូ អាចត្រូវបានគេនិយាយថា ជាទស្សនវិជ្ជាមួយធ្វើឱ្យប្រព័ន្ធវណ្ណៈត្រឹមត្រូវតាមច្បាប់ ៖ មនុស្សសក្តិសមនឹងទទួលនូវវណ្ណៈបច្ចុប្បន្នរបស់គេ ពីព្រោះ ឋានៈ វណ្ណៈរបស់មនុស្សម្នាក់ៗ គឺជាវិបាកនៃអំពើពីមុនៗរបស់មនុស្សនោះ។ បញ្ញត្តិស្តីពី កម្ម បានរកឃើញនូវវិញ្ញត្តិរបស់វានៅក្នុងភាសិតនានា ដូចជា មនុស្សម្នាក់ៗជាអ្នកកសាងនូវអនាគតរបស់គេ ឬគេបានធ្វើគ្រែរបស់គេ ហើយឥឡូវនេះ គេត្រូវតែដេកនៅលើគ្រែនោះ។

នៅក្នុងទស្សនវិជ្ជាហិណ្ឌូ អំពើប្រកប ដោយសីលធម៌ ចងភ្ជាប់ជាមួយនឹងវដ្តនៃការរស់-ការស្លាប់-ការរស់-ការស្លាប់​…។ អំពើ និង តណ្ហា គឺជាបញ្ហាសំខាន់។ ទ្រឹស្តីស្តីអំពី ការចាប់កំណើតឡើងវិញ និយាយថា ទម្រង់នៃអត្ថិភាពរបស់យើងនៅជាតិក្រោយ គឺជាការឆ្លុះបញ្ចាំងនៃអំពើ និងតណ្ហា របស់យើងក្នុងជាតិនេះ។ គំនិតស្តីពីការចាប់កំណើតឡើងវិញ និងប្រព័ន្ធវណ្ណៈ បង្កើតបានជាអង្គឯកភាព ដែលមានទំនាក់ទំនងគ្នាមួយដ៏រលូនក្នុងទស្សនវិជ្ជាហិណ្ឌូ។ នៅក្នុងរចនា សម្ព័ន្ធនេះ សីលធម៌ និងប្រព័ន្ធសង្គម គាំទ្រគ្នាទៅវិញទៅមក។

សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើន តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/1/researchs?page=8

2023-02-23 08:36:04   ថ្ងៃព្រហស្បតិ៍, 23 កុម្ភៈ 2023 ម៉ោង 03:36 PM
ទស្សនវិជ្ជាសង្គម ដោយ៖ លោក ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា នៃ​វិទ្យាស្ថានមនុស្ស សាស្ត្រនិងវិទ្យាសាស្រ្តសង្គម

មនុស្សជាតិទូទៅ ទោះចង់ឬមិនចង់ តែងបានអនុវត្តទ្រឹស្តីទស្សនវិជ្ជាសង្គម ដោយចៀសមិនរួច។ ទស្សនវិទូជាច្រើនបានកំណត់សកម្មភាពមួយចំនួនសម្រាប់ សម្គាល់ថាមនុស្សជាតិពិតជាបាននិងកំពុងរស់នៅដោយប្រើប្រាស់ទស្សនវិជ្ជាសង្គម។ តើទស្សនវិជ្ជាសង្គមមានធាតុនិងខ្លឹមសារសំខាន់អ្វីខ្លះ សម្រាប់ជួយកែប្រែមនុស្សក្នុងសង្គមឲ្យមានការរស់នៅកាន់តែប្រសើរឡើង?

សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើន តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/1/researchs?page=8

2023-02-23 07:58:50   ថ្ងៃព្រហស្បតិ៍, 23 កុម្ភៈ 2023 ម៉ោង 02:58 PM
ហេតុអ្វីនយោបាយការបរទេសចិនជាមួយកម្ពុជាលេចធ្លោជាងសហរដ្ឋអាម៉េរិក? ដោយ៖ ផាញ់ សារឿន

ថ្មីៗនេះមានសារព័ត៌មានជាច្រើនបានសរសេរពីទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាម៉េរិក ជាពិសេសលើប្រធានបទក្ដៅចំពោះការធ្វើដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសចិន រហូតដល់វិវឌ្ឍនាការពី “មិត្តដែកថែប” ទៅ “មិត្តត្បូងពេជ្រ”។ សព្វថ្ងៃនេះ វិនិយោគិនចិនដែលមកវិនិយោគនៅកម្ពុជាគឺមានសភាពល្អប្រសើរ និងវិនិយោគស្ទើគ្រប់វិស័យដូចជា ការសាងសង់អាកាសយានដ្ឋានធំៗ វិស័យឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរ វិស័យសំណង់ គ្រឿងអេឡិចត្រូនិច និងអគ្គិសនីជាដើម។ ពេលសម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅចិននោះ ភាគីចិនគាំទ្រពេញទំហឹងចំពោះ ១-ការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ២-កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នានា ៣-ការអភិវឌ្ឍបន្តបន្ទាប់ តាមរបៀបវារៈនយោបាយកម្ពុជា និង៤-ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ កម្ពុជា ១-ប្រកាន់នយោបាយចិនមួយ ២-ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន និង៣-គាំទ្រចិន ការពារផលប្រយោជន៍ស្នូល ព្រមទាំងការបង្រួបបង្រួមជាតិ។ ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពអភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ផ្តោតសំខាន់លើ នយោបាយ ប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋា​ភិបាលកម្ពុជា-ចិន ឱ្យបានពេញលេញ ពង្រឹងការផ្លាស់ប្តូរអន្តរភាគីគ្រប់កម្រិត ទាំងក្នុងក្របខណ្ឌរដ្ឋ បក្ស និងយុវជន និងបន្តកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ សមត្ថភាពផលិតកម្ម គឺពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ។ ទាំងនេះជាហេតុផលបន្ថែមលើភាពលេចធ្លោ​នយោបាយការបរទេសចិនជាមួយកម្ពុជាជាងសហរដ្ឋអាម៉េរិក។ ហេតុអ្វីបានជានយោបាយការបរទេសចិនលេចធ្លោជាមួយកម្ពុជាជាងសហរដ្ឋអាម៉េរិក? 

សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/1/researchs?page=7




2023-02-20 15:31:41   ថ្ងៃចន្ទ, 20 កុម្ភៈ 2023 ម៉ោង 10:31 PM
ហេតុអ្វីកម្ពុជានិងចិនបានឈានមកដល់កម្រិតទំនាក់ទំនងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរ? ដោយ៖ លោក លឹម សុវណ្ណរិទ្ធ

កម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំកន្លងមកហើយ ដែលនៅពេលនោះមានរូបភាពច្រើនតែទៅលើទំនាក់ទំនងតាមរយៈការធ្វើជំនួញផ្លូវទឹក ការជ្រាបចូលនៃវប្បធម៌ និងការផ្លាស់ប្ដូរជនជាតិចិនចូលមករស់នៅកម្ពុជាជាដើមប៉ុណ្ណោះ។ ចំណែកទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិត​ចិន បានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ សម្ដេចព្រះនរោត្ដម សីហនុ និងនាយករដ្ឋមន្ដ្រីចិន ឯកឧត្ដម ជូ អេនឡាយ បានជួបគ្នា និងកសាងទំនាក់ទំនងមិត្តភាពតាំងពីឆ្នាំ១៩៥៥ នៅពេលដែលមេដឹកនាំទាំងពីរបានចូលរួមនៅក្នុងសន្និសីទបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធនៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ីមកម្ល៉េះ។ ទោះជាយ៉ាងណា ទំនាក់ទំនងល្អរវាងកម្ពុជានិងចិនត្រូវបានកាត់ផ្ដាច់ក្រោយការធ្វើរដ្ឋប្រហាររបស់លោកឧត្ដមសេនីយ៍ លន់ នល់ ដែលបានបង្កើតសាធារណរដ្ឋខ្មែរ ប៉ុន្តែទំនាក់ទំនងនេះបានវិលមករកភាពល្អប្រសើរវិញរហូតកម្ពុជាបានក្លាយជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ចិន នៅក្រោយការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅកម្ពុជា។ ទោះជាយ៉ាងណា ទំនាក់ទំនងរវាងកម្ពុជានិងចិន បានផ្លាស់ប្ដូរជាបន្តបន្ទាប់ដោយសារតែសភាពការណ៍នយោបាយ និងស្ថានភាពសង្គ្រាមស៊ីវិលជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា មុននឹងក្លាយជាដៃគូយុទ្ធសាស្ត្រ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្រោយ​មកជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រនៅឆ្នាំ២០២៣ ចំខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងយ៉ាងច្បាស់អំពីជំហរនយោបាយដែលកម្ពុជាត្រូវប្រកាន់ខ្ជាប់នៅក្នុងទំនាក់ទំនងអន្តរជាតិជាប្រក្រតីរបស់ខ្លួន ជាមួយនឹងបណ្ដាប្រទេសនានាលើសកលលោក។ ត្រង់វាក្យខណ្ឌទី២ នៃមាត្រា១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានចែងថា “ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ”។ ដោយអនុលោមតាមខ្លឹមសារនៅក្នុងរដ្ឋធម្មនុញ្ញនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនយោបាយផ្កាចម្រុះពណ៌ ដើម្បីពង្រឹង ពង្រីក និងរក្សាទំនាក់ទំនងល្អជាមួយនឹងបណ្ដាប្រទេសជាមិត្តនានាលើសកលលោក ក្នុងគោលដៅស្វែងរកនិងរក្សាឱ្យបាននូវផលប្រយោជន៍ជាតិទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម។ បើទោះបីជាកម្ពុជាបានប្រកាន់​យកនូវនយោបាយចម្រុះពណ៌ដោយមិនចាប់ដៃតែជាមួយមហាអំណាចមួយ ហើយច្រានចោលទំនាក់ទំនងជាមួយមហាអំណាចមួយទៀតក្ដី ប៉ុន្តែបច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានគេមើលឃើញថា ហាក់មានភាពលេចធ្លោជាខ្លាំង បើប្រៀបធៀបទៅនឹងទំនាក់ទំនងរវាងកម្ពុជាមួយនឹងមហាអំណាចផ្សេងៗទៀត ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងវិស័យសន្តិសុខ។

ដើម្បីស្វែងយល់អំពីស្ថានភាពទំនាក់ទំនងកម្ពុជា-ចិននាពេលបច្ចុប្បន្ន គេត្រូវរំឭកបន្តិចអំពីស្ថានភាពនយោបាយនៃប្រទេសកម្ពុជាក្រោយការបង្កើតរាជាណាចក្រទីពីរ តាមរយៈការចាប់បដិសន្ធិនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងការផ្លាស់ប្ដូរស្ថានភាពនៅកម្ពុជាក្រោយឆ្នាំ១៩៩៨។ ជាការពិតណាស់ មិនខុសពីសហរដ្ឋអាម៉េរិក និងបណ្ដារដ្ឋាភិបាលបស្ចិមប្រទេសផ្សេងទៀតនោះទេ រដ្ឋាភិបាលចិនក៏បានផ្ដោតជាសំខាន់នៃទំនាក់ទំនងជាមួយប្រទេសកម្ពុជា តាមរយៈការពង្រឹងទំនាក់ទំនងជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយសារតែកិត្តិនាមរបស់សម្ដេចព្រះនរោត្ដមសីហនុនៅក្នុងឆាកនយោបាយ និងមួយផ្នែកទៀត ក៏ដោយសារសម្ដេចព្រះនរោត្ដមសីហនុ ជាមេដឹកនាំនយោបាយកម្ពុជាដែលមានសមានចិត្តនិងមានភាពសម្ព័ន្ធភាពជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនរហូតមក។ ទោះជាយ៉ាងណា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ ទន្ទឹមនឹងការរក្សាទំនាក់ទំនងជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ក៏បានចាប់ផ្ដើមងាកមកពង្រឹងទំនាក់ទំនងជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលបានក្លាយជាគណបក្សមានកម្លាំងនយោបាយធំមួយនៅកម្ពុជានាពេលនោះផងដែរ។ ដោយមើលឃើញ វាយតម្លៃច្បាស់អំពីមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាការគាំទ្រពីប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំរដ្ឋាភិបាលនៅអាណត្តិបន្តជាបន្តបន្ទាប់ គណបក្សកុម្មុយនីស្តចិនបានចាក់គ្រឹះទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយថ្នាក់ដឹកនាំ និងយុវជននៃគណបក្សប្រជាជនកម្ពុជា។ ការពង្រឹងទំនាក់ទំនង និងធ្វើការជាមួយគណបក្សកាន់អំណាចនៅកម្ពុជា គឺជាការត្រួសត្រាយផ្លូវដ៏ល្អរបស់ចិននៅក្នុងការជំរុញទំនាក់ទំនងល្អរវាងចិន និងកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។

សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/royal-academy/research/attachments/original/234.pdf?1676623211

2023-02-17 08:47:15   ថ្ងៃសុក្រ, 17 កុម្ភៈ 2023 ម៉ោង 03:47 PM
កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិន : សម្ទុះពហុសណ្ឋានដើម្បីកំណើន ដោយ៖ បណ្ឌិត គិន ភា ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ បច្ចេកសព្ទវិទ្យាសាស្ត្រនយោបាយនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ចប់ដោយលទ្ធផលគួរឱ្យកត់សម្គាល់។ ដំណើរទស្សនកិច្ចនេះជាមូលដ្ឋានដ៏សំខាន់បំផុតបន្ថែមពីលើសម្ទុះដែលមានស្រាប់ក្នុងការបង្កើនឱកាសសម្រាប់រដ្ឋាភិបាលទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ និងបានឯកភាពគ្នាជាឯកច្ឆន្ទលើបញ្ហាតំបន់និងសកលលោកជាច្រើន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

ការប្រកាស «ឆ្នាំមិត្តភាពកម្ពុជា-ចិន» ដើម្បីប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការ បានឈានចូលយុគសម័យថ្មីនៃការកសាងសហគមន៍កម្ពុជា-ចិន ដែលមាន អនាគតរួមគ្នាកាន់តែមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ដើម្បីលើកកម្ពស់ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរទៅកាន់ទំព័រថ្មីមួយទៀតដ៏មានតម្លៃបំផុត សម្រាប់មនុស្សជំនាន់ក្រោយ។

ទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជានិងចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែជាទិដ្ឋភាពប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានកើតមានឡើងតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ ក្នុងនាមជាប្រទេសជិតខាងនិងដៃគូជិតស្និទ្ធជាប្រពៃណី ប្រទេសកម្ពុជានិងចិនបានលើកកម្ពស់និងថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបានរបស់ខ្លួន ដោយបានឆ្លងកាត់ការសាកល្បងពេលវេលានិងការលំបាកជាច្រើនជាប្រវត្តិសាស្ត្រ។

យោងតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងចិន ដែលចេញផ្សាយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន១២ ត្រូវបានចុះហត្ថលេខា រួមមាន វិស័យ​កិច្ចការបរទេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការនាំចេញកសិផលទៅកាន់ប្រទេសចិន ហេដ្ឋារចនា សម្ព័ន្ធ ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងការការពារបេតិកភណ្ឌវប្បធម៌ ជាដើម។ ជាពិសេស ភាគីទាំងពីរបានឯកភាពគ្នាបង្កើត «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលមានវិស័យអាទិភាពចំនួនប្រាំមួយ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពនិងគុណភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រថ្មីនិងទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងចិន នាំមកនូវការរំពឹងទុកដ៏ធំធេងនិងសុទិដ្ឋិនិយមដ៏អស្ចារ្យសម្រាប់កម្ពុជាដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចកំពុងមានសម្ទុះ និងភាពធន់នៃសេដ្ឋកិច្ចក៏កាន់តែត្រូវបានពង្រឹង។ វិស័យអាទិភាពទាំងប្រាំមួយ ឆ្លើយតបយ៉ាងឥតខ្ចោះចំពោះតម្រូវការជាក់ស្តែងនិងទាន់ពេលវេលារបស់កម្ពុជា។

ក្នុងនាមជាប្រទេសរងសោកនាដកម្មដោយសារជម្លោះនិងសង្រ្គាម កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្តល់អាទិភាពដល់សន្តិភាពនិងស្ថិរភាពទាំងក្នុងប្រទេសនិងក្នុងតំបន់ ការកសាងវិបុលភាព និងការអភិវឌ្ឍ ព្រមទាំងប្រកាន់​ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃទៀត។ ប្រទេសចិន គឺជាមហាអំណាចមួយដែលតែងតែគាំទ្រជម្រើសឯករាជ្យរបស់ប្រជាជនកម្ពុជាក្នុងការជ្រើស​រើសមាគ៌ាអភិវឌ្ឍន៍របស់ខ្លួនដែលសមស្របបំផុតទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន គាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យភាពនិងសន្តិសុខជាតិ លើកកម្ពស់របៀបវារៈនយោបាយក្នុងប្រទេសសំខាន់សំខាន់ៗ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការរៀបចំឱ្យបានចប់កាន់តែឆាប់នូវ «ផែនការសកម្មភាពថ្មីនៃការកសាងសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា» ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ដើម្បីផ្តល់សម្ទុះបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ចក្ខុវិស័យរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍសាកលនិងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ខ្លួនជាមួយកម្ពុជា ត្រូវបានគេមើលឃើញតាមរយៈកំណត់ត្រានៃការវិនិយោគរបស់ចិននៅកម្ពុជា។ នៅបណ្តាឆ្នាំដំបូងៗ ប្រទេសចិនបានធ្វើការវិនិយោគយ៉ាងសម្បើមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការអភិវឌ្ឍធនធានមនុស្ស បានជួយជំរុញឱ្យកម្ពុជាផ្លាស់ប្តូរពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប (LMIC)។

យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគរបស់ចិននៅកម្ពុជា មានចំនួន​ជិត ២២ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបនៃព្រះរាជាណាចក្រកម្ពុជា ចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩។ នៅឆ្នាំ២០១៧ កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍របស់ចិនប្រមាណ ៤.២ពាន់លានដុល្លារ ដែលភាគច្រើន​ជាជំនួយឥតសំណងនិងជាឥណទានសម្បទាន។ នៅឆ្នាំ២០២១ ប្រទេសចិនបានឈរនៅលើកំពូលតារាងនៃការវិនិយោគផ្ទាល់ពីបរទេស ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ២.៣២ពាន់លានដុល្លារ កើនឡើង ៦៧ភាគរយ​ធៀបនឹងឆ្នាំ២០២០។

ខេត្តព្រះសីហនុគឺជាច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរដ៏សំខាន់របស់ប្រទេសកម្ពុជាដែលមានសក្តានុពលដ៏ធំធេងសម្រាប់វិស័យឧស្សាហកម្ម ពាណិជ្ជកម្មនិងការដឹកជញ្ជូន ទេសចរណ៍និងការកម្សាន្ត និងជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin-tech Hub)។ វាពិតជាមានសារៈសំខាន់ណាស់ ដែលប្រទេសចិនរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍបន្ថែម​ទៀតនូវ «ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា» ហើយប្រទេសទាំងពីរបានរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងជាគំរូមួយ។ ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ការអភិវឌ្ឍច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យានឹងទាក់ទាញសហគ្រាសចិនដែលមានសមត្ថកិច្ចខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើផ្នែកដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម ដើម្បីបង្កើនប្រសិទ្ធភាពនៃការរួមបញ្ចូលគ្នានៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មកម្ពុជា-ចិន។

ជាមួយនឹងកម្លាំងជំរុញនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ការបង្កើត «ច្រករបៀងត្រី និងអង្ករ» នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជានិងតំបន់បឹងទន្លេសាប នឹងជំរុញឱ្យមានការអភិវឌ្ឍនៃវិស័យកសិកម្មអេកូឡូស៊ីទំនើប។ ការធ្វើទំនើបកម្មកសិកម្មកម្ពុជា នឹងធានាបាននូវកសិផលកម្ពុជាមានបរិមាណនិងគុណភាពខ្ពស់ជាងមុនសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។ ការសម្រេចឱ្យបាននូវសក្តានុពលដ៏ធំសម្បើមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ប្រាកដជានឹងបង្កើនកម្រិត​ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកើនឡើងជាពីរឬជាបី។

យោងតាមអង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០១៨ កម្ពុជាគឺជាប្រទេសដែលទទួលភ្ញៀវទេសចរចិនច្រើនជាងគេទីប្រាំបី។ ក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរចិនមានជាង ២.៣លាននាក់ ឬ ៣៦ភាគរយ​នៃចំនួនភ្ញៀវទេសចរបរទេសសរុប។ ភ្ញៀវទេសចរចិនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនដើម្បីបង្កើនប្រសិទ្ធភាពនិងកែសម្រួលគោលនយោបាយបង្ការនិងគ្រប់​គ្រងជំងឺកូវីដ-១៩របស់ខ្លួន ដោយផ្អែកលើស្ថានភាពវិវត្តន៍ និងជាមួយនឹងមិត្តភាពដែកថែបកម្ពុជា-ចិន, កម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះចំនួនភ្ញៀវទេសចរចិនដែលចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើងនាពេលខាងមុខ។ ប្រទេសចិនគឺជាប្រភពទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក ហើយការរស់ឡើងវិញនៃការធ្វើដំណើរនឹងផ្តល់ភាពរឹងមាំផ្នែកសេដ្ឋកិច្ចនិងវប្បធម៌សម្រាប់ប្រទេសកម្ពុជា អាស៊ាន និងពិភពលោកទាំងមូល។

ទំនាក់ទំនងដ៏ល្អនិងមានស្ថិរភាពរវាងកម្ពុជានិងចិនត្រូវបានបង្ហាញឱ្យឃើញតាមរយៈកម្មវិធីផ្លាស់ប្តូរយ៉ាងទូលំទូលាយនិងញឹកញាប់ ដែលធ្វើឡើងរវាងមន្ត្រីរដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច អ្នកសិក្សាស្រាវជ្រាវ និស្សិត សិស្ស និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន ដែលសុទ្ធតែទទួលបានការគាំទ្រផ្នែកថវិកាពីរដ្ឋាភិបាលចិន។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឆ្នាំនៃមិត្តភាពកម្ពុជា-ចិន បានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាឱកាសដ៏ល្អដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនៅថ្នាក់ក្រោមជាតិ បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ ពង្រឹងការផ្លាស់ប្តូរយុវជន និងលើកកម្ពស់បុព្វហេតុមិត្តភាពកម្ពុជា-ចិនទៅកាន់ទំព័រថ្មីមួយទៀត។

ក្នុងយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការលើត្បូងពេជ្រ យើងជឿជាក់ទាំងអស់គ្នាយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនកាន់តែខ្លាំង និងធ្វើពិពិធកម្មលើគ្រប់វិស័យដែលជាផលប្រយោជន៍រួម ហើយកាន់តែភ្លឺស្វាងថែមទៀត។ សាមគ្គីភាពក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិ បទពិសោធដ៏រឹងមាំក្នុងកិច្ចសន្ទនាទ្វេភាគី កំណើននៃទំនាក់ទំនងគ្រប់កម្រិតលើវេទិកាផ្សេងៗ ការយោគយល់គ្នាទៅវិញទៅមកដែលចាក់ឫសយ៉ាងស៊ីជម្រៅ និងវិធីសាស្រ្តប្រកបដោយការគោរពគ្នា ពិតជានឹងនាំបងប្អូនដែកថែបទាំងពីរ ឆ្ពោះទៅរកសមិទ្ធផលធំធេងជាងនេះ។ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិនថ្មី នឹងបំភ្លឺផ្លូវ និងបង្កើតសម្ទុះពហុសណ្ឋានសម្រាប់ការរួមគ្នាកសាងសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា៕


RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា





2023-02-17 08:20:14   ថ្ងៃសុក្រ, 17 កុម្ភៈ 2023 ម៉ោង 03:20 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក