ព័ត៌មាន

បទសម្ភាសរៀបចំឯកសារគុណកថា ជូនឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអនុប្រធាននិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា

នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា អមដំណើរដោយលោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និង លោក ឆោម ជុំរ៉ុង មន្ត្រីលេខាធិការដ្ឋាន បានទទួលការអនុញ្ញាតចូលសំដែងការគួរសមនិងធ្វើបទសម្ភាសជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអនុប្រធាននិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅឯទីស្ដីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត គន់ គីម ទទួលបានការប្រទានគោរមងារកិត្តិយស ជា «កិត្តិសង្គហបណ្ឌិត»នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០២២/១៣៤១ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ការផ្ដល់នូវគោរមងារកិត្តិយសនេះ ជូនឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ជាគោរមងារដោយផ្អែកលើស្នាដៃ សមិទ្ធផលបំពេញការងារជូនជាតិមាតុភូមិ អស់ពីកម្លាំងកាយចិត្ត ក្នុងស្មារតីបំពេញភារកិច្ចជាអនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងមហន្តរាយ ដែលបានជួយដោះស្រាយការងារសង្គ្រោះ និងការការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីគ្រោះមហន្តរាយទាំងឡាយ។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏ជាអ្នកគិតគូរសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេសកម្ពុជាកន្លងមក ប្រមាណ ៨០ ០០០នាក់រួចមកហើយ។

ដោយឈរលើស្មារតីនៃការទទួលខុសត្រូវមួយចំណែកធំលើភាពសុខដុមរនា នៃសង្គមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចបច្ចុប្បន្ន ជួយដល់បងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងរងគ្រោះ និងបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលបានរួមចំណែកក្នុងបុព្វហេតុជាតិមាតុភូមិកន្លងមក។



2023-01-26 11:10:26   ថ្ងៃព្រហស្បតិ៍, 26 មករា 2023 ម៉ោង 06:10 PM
រាជបណ្ឌិត្យសភាកម្ពុជាគ្រោងកិច្ចសហប្រតិបត្តិការស្រាវជ្រាវលើការប្រែក្លាយសំណល់ជាប្រភពថាមពល រវាងក្រុមហ៊ុនជេអូអិន(Geoentech Co., LTD)នៃសាធារណរដ្ឋកូរ៉េ និងរដ្ឋបាលខេត្តបាត់ដំបង

(ក្រុងបាត់ដំបង)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវដឹកនាំដោយលោកប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកបណ្ឌិត Hyeo Young Kwon ប្រធានក្រុមហ៊ុន Geoentech នៃសារធារណៈរដ្ឋកូរ៉េ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង “ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទីលានទុកដាក់សំណល់ និងប្រែក្លាយឧស្ម័នហ្គាស់ទៅជាថាមពល នៅក្នុងទីលានទុកដាក់សំណល់នៅក្នុងខេត្តបាត់ដំបង”។

ជាលទ្ធផល៖

១. ឯកឧត្តមអភិបាលខេត្ត បានគាំទ្រកិច្ចសហប្រតិបត្តិការស្រាវជ្រាវ។

២. ការស្នើឡើងរបស់លោកអភិបាលខេត្ត ឱ្យអ្នកជំនាញស្រាវជ្រាវ និងក្រុមហ៊ុនត្រូវសិក្សាឱ្យបានស៊ីជម្រៅនិងការទទួលបាននូវផលប្រយោជន៍ពីការសិក្សាស្រាវជ្រាវនេះទាំងអស់គ្នា។

៣. ការពិភាក្សាចង្អៀតជាមួយក្រុមហ៊ុនកូរ៉េ យើងនឹងរៀបចំផែនការសិក្សាស្រាវជ្រាវដែលនឹងចាប់ផ្តើមនៅក្នុងរវាងសប្តាហ៍ទី២ ឬ ទី៣ នៃខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

(ប្រភពរូបភាព៖ ពីរដ្ឋបាលខេត្តបាត់ដំបង)

2023-01-20 10:41:09   ថ្ងៃសុក្រ, 20 មករា 2023 ម៉ោង 05:41 PM
«កិច្ចប្រជុំរវាងប្រធានមុខវិជ្ជា នីតិសាស្រ្ត និងលោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននៅរាជបណ្ឌិត្យសភាកម្ពុជា»

យោងតាមកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានណែនាំឱ្យមានការពិនិត្យនិងពិភាក្សាឡើងវិញនូវកម្មវិធីសិក្សាតាមមុខវិជ្ជានីមួយៗដែលមាននាពេលកន្លងមក។

ដោយតបតាមសេចក្តីណែនាំនេះ លោកបណ្ឌិត ស៊ិន រិទ្ធ ប្រធានមុខវិជ្ជានីតិសាស្រ្ត បានអញ្ជើញលោកគ្រូ អ្នកគ្រូ ដែលបាននឹងកំពុងបង្រៀនមុខវិជ្ជានីតិសាស្រ្ត ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរួមប្រជុំពិភាក្សាស្តីពីកម្មវិធីសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០ នាទី នៅបន្ទប់ ២១១ នៃអគារឥន្រ្ទទេវី។


2023-01-20 08:35:34   ថ្ងៃសុក្រ, 20 មករា 2023 ម៉ោង 03:35 PM
«យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន» ដោយ៖ លឹម សុវណ្ណរិទ្ធ រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣

លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន

ក្នុងអតីតកាល ជប៉ុនគឺជាប្រទេសចក្រពត្តិនិយមមួយ ដែលឈ្លានពានបណ្ដាប្រទេសជិតខាងដើម្បីមហិច្ឆតាកសាងប្រទេសរបស់ខ្លួនជាមហាអំណាចប្រកបដោយសក្ដានុពល។ ដោយសារតែជប៉ុនជាប្រទេសដែលព័ទ្ធជុំវិញដោយសមុទ្រ និងពុំសូវសម្បូរធនធានធម្មជាតិ ជប៉ុនត្រូវស្វែងរកវត្ថុធាតុដើមពីខាងក្រៅ ដើម្បីបំពេញសក្ដានុពលរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន។ ហេតុនេះហើយ ជប៉ុនមានភាពចាំបាច់មិនអាចចៀសបានក្នុងការទាញយកធនធាននានាពីប្រទេសជិតខាង ពិសេសប្រទេសចិនដែលជាទឹកដីសម្បូរទៅដោយធនធានធម្មជាតិ។ ទោះជាយ៉ាងណា នយោបាយវាតទីនិយមរបស់ជប៉ុន ត្រូវបានបញ្ចប់នៅក្រោយសហរដ្ឋអាម៉េរិកបានលូកដៃចូលសង្គ្រាមលោកលើកទី២ និងបានបញ្ចប់សង្គ្រាមនេះតាមរយៈការទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​ចំនួនពីរគ្រាប់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ នៅក្នុងសន្ធិសញ្ញាបញ្ចប់សង្គ្រាមលោកលើកទី២ដែលចុះហត្ថលេខាជាមួយនឹងសហរដ្ឋអាម៉េរិក មេដឹកនាំជប៉ុនបានយល់ព្រមចុះចាញ់ដោយឥតលក្ខខណ្ឌ និងបានប្រកាន់យករដ្ឋធម្មនុញ្ញសន្តិភាពតាមរយៈសម្ពាធពីសហរដ្ឋអាម៉េរិកដែលជាប្រទេសឈ្នះសង្គ្រាម ដោយចាប់តាំងពីពេលនោះមក ជប៉ុនមានត្រឹមតែកងស្វ័យការពារប៉ុណ្ណោះ ចំណែកឯសន្តិសុខជាតិរបស់ជប៉ុន ត្រូវបានធានាដោយផ្ទាល់ពីសំណាក់សហរដ្ឋអាម៉េរិក ដោយអាម៉េរិកបានដាក់មូលដ្ឋានកងទ័ពរបស់ខ្លួននៅលើ​ទឹកដីជប៉ុនរហូតមកដល់បច្ចុប្បន្ន។

ទោះជាយ៉ាងណា ពិភពលោកទាំងមូលបានផ្លាស់ប្ដូរជាបន្តបន្ទាប់ទាំងស្ថានភាពភូមិសាស្ត្រនយោបាយ ការវិវត្តសេដ្ឋកិច្ចនៃបណ្ដាប្រទេស សម្ព័ន្ធភាព បញ្ហាប្រឈមខាងសន្តិសុខ និងវិបត្តិនៅក្នុងតំបន់នីមួយៗ។ ជប៉ុននិងអាម៉េរិកដែលធ្លាប់ជាគូបដិបក្ខនឹងគ្នាក្នុងសម័យសង្គ្រាមលោកបានក្លាយទៅជាសម្ព័ន្ធមិត្តដ៏សំខាន់ ហើយបាន​អភិវឌ្ឍប្រទេសក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ។ ក្រោយមក ចិនដែលបានងាកមកប្រកាន់យកនូវប្រព័ន្ធសេដ្ឋកិច្ចមូលធននិយម បានវិវឌ្ឍខ្លួនទៅជាមហាអំណាចសេដ្ឋកិច្ចពីរជំនួសជប៉ុនដែលជាសត្រូវប្រវត្តិសាស្ត្ររបស់ខ្លួន និងបានពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួនក្លាយទៅជាគូប្រឈមចម្បងរបស់អាម៉េរិកក្នុងការដណ្ដើមតំណែងមហាអំណាចពិភពលោក។ ចំណែកសហព័ន្ធរុស្ស៊ីដែលបានទទួលមរតកពីសហភាពសូវៀត នៅបន្តជាមហាអំណាចយោធាទីពីរ និងត្រូវបានបស្ចិមប្រទេសចាត់ទុកជាបញ្ហាប្រឈម​ខាងសន្តិសុខរបស់ខ្លួនជាបន្ត។ ងាកមកប្រទេសជាប់នឹងជប៉ុនវិញ កូរ៉េខាងជើងដែលបានកំណត់យកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរជាខែលការពាររបបកុម្មុយនីស្តរបស់ខ្លួន ជានិច្ចកាលតែងតែចេញសារនយោបាយ និងសាកល្បងនុយក្លេអ៊ែរ ព្រមទាំងបាញ់មីស៊ីលគំរាមកំហែងសន្តិសុខនៅក្នុងតំបន់ ពិសេសទៅកាន់ជប៉ុន និងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិក។ បន្ថែមពីលើនេះ ស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកទាំងមូលកាន់តែស្ថិតក្នុងការប្រឈមខ្លាំងថែមទៀត ដោយសារតែការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងភាពតានតឹងនៅក្នុងសំណុំរឿងកោះតែវ៉ាន់ ដែលចិនតែងតែចាត់ទុកកោះនេះជាដែនអធិបតេយ្យរបស់ខ្លួន។

ដោយមើលឃើញពីការគំរាមកំហែងសន្តិសុខក្នុងតំបន់ និងដោយមានការបើកភ្លើងខៀវពីសំណាក់សហរដ្ឋអាម៉េរិកផងនោះ រដ្ឋាភិបាលជប៉ុនដែលចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ្វ៊ូមីអូ គីស៊ីដា បានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពការពារ និងការឆ្លើយតប​របស់ជប៉ុនទៅលើហេតុការណ៍នានាពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ដែលអាចកើតមានឡើងនៅក្នុងពេលអនាគតខាងមុខ។

យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន ត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមដុះពន្លកនៅក្នុងអាណត្តិអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិន ស៊ូអាបេ ដែលធ្លាប់បានលើកឡើងអំពីគោលបំណងក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពជប៉ុន ហើយជំហរនេះក៏ត្រូវបានប្រកាន់យកជាបន្តដោយមេដឹកនាំគណបក្សប្រជាធិប​តេយ្យ​សេរី (LDP) ដែលឡើងមកកាន់អំណាចបន្តពីលោក ហ្ស៊ិន ស៊ូអាបេផងដែរ។ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ហ៊្វូមីអូ គីស៊ីដា ដែលបានបានចូលកាន់តំណែងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ក្រោយលាលែងតំណែងរបស់លោក ហ្ស៊ិន ស៊ូអាបេ និងបានទទួលជោគជ័យបន្ទាប់នៅក្នុងការបោះឆ្នោតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ត្រូវប្រឈមនឹងបញ្ហាពីរ ដែលប្រជាជនជប៉ុនយកចិត្តទុកដាក់ខ្ពស់បំផុតគឺ បញ្ហាសេដ្ឋកិច្ច និងបញ្ហាសន្តិសុខជាតិ។ លទ្ធផលនៃការបោះឆ្នោតបានផ្តល់ឱ្យក្រុមចម្រុះដែលដឹកនាំដោយ គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក ហ្វ៊ូមីអូ គីស៊ីដា និងគណបក្សប្រឆាំងចំនួនពីរ ដែលបើកចំហរដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពរបស់ជប៉ុន ដែលមានសំឡេងភាគច្រើន(២/៣) នៅក្នុងសភាជាន់ខ្ពស់។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ជប៉ុនបានកែសម្រួលយុទ្ធសាស្រ្តការពារជាតិរបស់ខ្លួន ដោយបានអនុម័តឯកសារចំនួន៣ ស្តីពីការបង្កើនសមត្ថភាពការពារសន្តិសុខជាតិជប៉ុន តាមរយៈការបង្កើនថវិកាក្នុងវិស័យយោធា នៅក្នុងបរិបទភាពតានតឹងភូមិសាស្រ្តនៅក្នុងតំបន់។ យុទ្ធសាស្ត្រនេះ នឹងបង្កើនថវិកាចំណាយយោធាឱ្យកើនឡើងដល់២%នៃផលិតផលក្នុងស្រុកសរុបសម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧។ នៅក្នុងការស្ទង់មតិរបស់ទូរទស្សន៍ NHK ជប៉ុន ប្រជាជនជប៉ុន៥៥%បានគាំទ្រការបង្កើនថវិកាយោធា ដោយកាត់បន្ថយការចំណាយសាធារណៈ ក្នុងនោះអ្នកផ្ដល់សម្ភាសន៍ត្រឹមតែ២៩%ប៉ុណ្ណោះ បានជំទាស់នឹងបំណងនេះ។ នៅក្នុងយុទ្ធសាស្ត្រថ្មីរបស់ជប៉ុននេះ គឺផ្ដោតជាសំខាន់ទៅលើ៖

១. បង្កើនសមត្ថភាពវាយប្រហារតបវិញទៅដល់ទីតាំងបាញ់មីស៊ីលរបស់សត្រូវ

២. ការអភិវឌ្ឍមីស៊ីលអ៊ីពែសូនិក (មីស៊ីលលឿនជាងសម្លេង៥ដង)

៣. ការបង្កើនវត្តមានកងទ័ពជប៉ុននៅភាគខាងត្បូង (កោះអូគីណាវ៉ា និងកោះនៅភាគនិរតី)

៤. ប្រមូលផ្ដុំកងទ័ពជើងគោក ជើងទឹក និងកងទ័ពអាកាស ឱ្យស្ថិតក្រោមបញ្ជាការតែមួយដើម្បីឆ្លើយតបនឹងស្ថានការណ៍អាសន្នណាមួយ។

នៅក្នុងឯកសារនេះផងដែរ ជប៉ុនបានចង្អុលមុខចំៗថា ចិនគឺជាការគំរាមកំហែងសន្តិសុខដោយផ្ទាល់របស់ជប៉ុន។ ជាការពិតណាស់ ចិនដែលជាសត្រូវប្រវត្តិសាស្ត្រនឹងជប៉ុន ហើយបានពង្រីកឥទ្ធិពលយោធារបស់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងកំពុងមានជម្លោះដែនអធិបតេយ្យជាមួយជប៉ុន នៅប្រជុំកោះ សេនកាគុ (ចិនហៅថា ទាវយូ) ផងដែរ។ ក្រៅពីនេះ ហេតុផលផ្សេងទៀតដែលជំរុញឱ្យជប៉ុនដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខថ្មីនេះ រួមមាន សកម្មភាពរបស់ចិននៅក្នុងករណីសំណុំរឿងតៃវ៉ាន់ ការធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងដែលចុងក្រោយនេះ បានបាញ់មីស៊ីលរំលងដែនអធិបតេយ្យរបស់ជប៉ុនថែមទៀតផង។ ជាមួយគ្នានេះដែរ ជប៉ុនដែលកន្លងមក អនុវត្តនូវរដ្ឋធម្មនុញ្ញសន្តិភាពនិយមដែលអាម៉េរិកបានចាប់បង្ខំក្នុងពេលចាញ់សង្គ្រាម និងដែលមានការធានាសន្តិសុខដោយផ្ទាល់ពីសំណាក់សហរដ្ឋអាម៉េរិក តាមរយៈការរក្សាមូលដ្ឋានទ័ពអាម៉េរិកនៅលើប្រទេសនេះ ត្រូវបានរដ្ឋបាលលោក ដូណាល់ត្រាំ លើកឡើងពីបំណងទាមទារថ្លៃការពារពីជប៉ុនទៅវិញ ដែលនេះក៏អាចជាហេតុផលមួយផ្សេងទៀត ដែលជំរុញឱ្យជប៉ុនពង្រឹងសមត្ថភាពយោធារបស់ខ្លួនផងដែរ នៅក្នុងទំនាក់ទំនងនយោបាយជាមួយមហាអំណាចអាម៉េរិក ដែលជានិច្ចកាលតែងតែផ្លាស់ប្ដូរគោលនយោបាយទៅតាមមេដឹកនាំដែលឡើងមកកាន់អំណាចថ្មី។ ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំជប៉ុន ទំនងជាមើលឃើញថា ការបន្តដាក់បញ្ហាសន្តិសុខជាតិរបស់ខ្លួនទៅផ្ញើនៅលើជំហររបស់មេដឹកនាំថ្មីរបស់អាម៉េរិក ដែលតែងតែផ្លាស់ប្ដូរផ្សេងៗគ្នាពីប្រធានាធិបតីមួយទៅប្រធានាធិបតីទៀតនោះ ជម្រើសដ៏ល្អគឺជប៉ុនគួរតែពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីអាចឆ្លើយតបជាបន្ទាន់ចំពោះការគំរាមកំហែងសន្តិសុខចំពោះមុខរបស់ខ្លួន ជាជាងរង់ចាំការសម្រេចពីទីក្រុងវ៉ាស៊ីងតោន ព្រោះបទពិសោធប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា នៅជុំវិញជប៉ុន គឺសុទ្ធសឹងតែជាប្រទេសដែលជប៉ុនធ្លាប់ឈ្លានពានទាំងនៅមុនពេល និងក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ រាប់ចាប់តាំងពីចិន រុស្ស៊ី និងសូម្បីតែកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តអាម៉េរិកដូចជប៉ុនក្ដី។

ជារួម នៅចំពោះមុខស្ថានភាពនៃភូមិសាស្ត្រនយោបាយពិភពលោក និងការរីកចម្រើនបច្ចេកវិទ្យាយោធានាពេលបច្ចុប្បន្ន ការកំណត់យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន គឺជាការចាំបាច់ណាស់សម្រាប់មហាអំណាចសេដ្ឋកិច្ចទី៣ពិភពលោកនេះ ដែលត្រូវប្រឈមមុខនឹងការគំរាមកំហែងខាងយោធា ពីសំណាក់ប្រទេសនៅជុំវិញខ្លួន ដែលសុទ្ធសឹងតែធ្លាប់មានប្រវត្តិជូរចត់ជាមួយជប៉ុន ពិសេសចិនដែលជាសត្រូវប្រវត្តិសាស្ត្រ ស្របពេលដែលតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលបានក្លាយទៅជាចំណុចក្ដៅនៃការប្រកួតប្រជែងរបស់មហាអំណាចពិភពលោក ពិសេសរវាងចិន និងសហរដ្ឋអាម៉េរិកព្រមទាំងសម្ព័ន្ធមិត្ត។ ទោះជាយ៉ាងណា វាក៏ជាសញ្ញាដែលបង្ហាញអំពីការរត់ប្រណាំងសព្វាវុធកាន់តែស៊ីជម្រៅខ្លាំងទៅៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ដែលនាំទៅដល់ការប្រឈមគ្នាដ៏ផុយស្រួយផងដែរ៕

ចូលអានអត្ថបទវិភាគច្រើនទៀត តាមរយៈតំណភ្ជាប់៖ https://www.rac.gov.kh/researchs-categories/10/researchs?page=2


2023-01-20 08:29:30   ថ្ងៃសុក្រ, 20 មករា 2023 ម៉ោង 03:29 PM
«យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សាធារណរដ្ឋកូរ៉េ»

ដោយ៖​ លឹម សុវ​ណ្ណរិទ្ធ 

សម្រាប់កូរ៉េខាងត្បូង ឥណ្ឌូប៉ាស៊ីហ្វិក ក្រៅពីជាតំបន់ដែលប្រកបដោយសក្ដានុពលសេដ្ឋកិច្ច និងយុទ្ធសាស្ត្រនយោបាយការទូតដ៏ចម្បង តំបន់នេះក៏ជាបណ្ដុំនៃដៃគូឧស្សាហកម្មយុទ្ធសាស្ត្រដូចជា គ្រឿងអេឡិចត្រូនិកជាដើម។ ជាមួយគ្នានោះ តំបន់នេះក៏ត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាប្រឈមនានាដែលគំរាមកំហែងដល់សន្តិភាព សេរីភាព និងវិបុលភាព និងសណ្តាប់ធ្នាប់ដែលយកច្បាប់អន្តរជាតិជាមូលដ្ឋាន។ បញ្ហាប្រឈមដែលកើតនៅក្នុងតំបន់នេះ មានរាប់ចាប់ពីការប្រកួតប្រជែងឥទ្ធិពល ការរត់ប្រណាំងសព្វាវុធនៃបណ្ដាប្រទេសធំៗក្នុងតំបន់ កង្វះយន្តការជំរុញការកសាងតម្លាភាព និងការបង្កើនជំនឿទុកចិត្តខាងយោធា និងសន្តិសុខ ការកសាងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង សេរីភាពខាងនាវាចរណ៍ ដែលបង្កការរំខាននៅក្នុងបណ្តាញខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។ ជាមួយនឹងការប្រណាំងប្រជែងគ្នាយ៉ាងខ្លាំងរវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិកដែលបានដាក់ចេញនូវគម្រោង និងយុទ្ធសាស្ត្រដែលមានលក្ខណៈប្រឈមគ្នាយ៉ាងចាក់ស្រែះដូចជា គម្រោងខ្សែក្រវាត់និងផ្លូវ (BRI) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) កិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) សម្ព័ន្ធភាព AUKUS និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ជាដើម។ ក្នុងបរិបទនេះ មហាអំណាចពិភពលោក បានព្យាយាមកៀងគរប្រទេសជាដៃគូទាំងនៅក្នុងនិងក្រៅតំបន់ដើម្បីជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីបង្ហាញនូវសាច់ដុំសេដ្ឋកិច្ច សម្ព័ន្ធភាព ក៏ដូចជាសាច់ដុំយោធាដោយប្រយោល ព្រមទាំងធ្វើការគូសបង្ហាញទៅដៃគូរបស់ខ្លួននៅគ្រប់ទិដ្ឋភាព និងគ្រប់លទ្ធភាពដែលខ្លួនមាន ក្នុងគោលដៅធ្វើយ៉ាងណា រាំងខ្ទប់នូវការរីកសាយភាយឥទ្ធិពលរបស់គូបដិបក្ខរបស់ខ្លួន។

ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក យូន សុក-យូល (Yoon Suk-yeol) បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងក្រោយមកបានគូសបញ្ជាក់ជាថ្មីទៀតនៅខាងក្រៅកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មលូតលាស់ទាំង២០ (G-20) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ការប្រកាសនេះគឺជាការឆ្លើយតបជាផ្លូវការរបស់សាធារណរដ្ឋកូរ៉េ ចំពោះគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក ដែលជាសម្ព័ន្ធមិត្តមិនអាចខ្វះបានរបស់ខ្លួន និងក្នុងនាមសាធារណរដ្ឋកូរ៉េដែលជាមហាអំណាចកណ្ដាល ក៏ដូចជាជានាគសេដ្ឋកិច្ចមួយនៅតំបន់អាស៊ីផងដែរ។

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សាធារណរដ្ឋកូរ៉េបានប្រកាសព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដោយផ្តោតសំខាន់លើការជំរុញសេរីភាព សន្តិភាព និងវិបុលភាព តាមរយៈការបង្កើតសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់ និងកិច្ចសហប្រតិបត្តិការស្ដីពីសិទ្ធិមនុស្ស។ របាយការណ៍នេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនឹងប្រកាន់ខ្ជាប់គោលការណ៍ស្នូលចំនួន៩ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី សន្តិភាព និងវិបុលភាព ដោយផ្អែកទៅលើគោលការណ៍ចំនួនបីនៃកិច្ចសហប្រតិបត្តិ៖ “គ្របដណ្ដប់ ជឿទុកចិត្ត និងផ្ដល់ឱ្យគ្នាទៅវិញទៅមក”។ ការប្រកាសនេះ ត្រូវបានទទួលការសាទរយ៉ាងពេញទំហឹងពីសហរដ្ឋអាម៉េរិកជាសម្ព័ន្ធមិត្ត ជាមួយគ្នានោះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីសាធារណដ្ឋកូរ៉េលោក យូន សុក-យូល (Yoon Suk-yeol) ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បង្កើនសមត្ថភាពរួមជាមួយសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាជំរុញការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

ជាការពិតណាស់ គោលនយោបាយរបស់សាធារណរដ្ឋកូរ៉េក្រោមការដឹកនាំរបស់លោក យូន សុក-យូល (Yoon Suk-yeol) គឺការប្រកាន់យកយ៉ាងជាក់លាក់ដោយផ្ដោតសំខាន់លើ “សេរីភាព ” និង “សណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើតម្លៃសកល ” ដោយប្រធានាធិបតីកូរ៉េបានអំពាវនាវឱ្យមាន “ការកសាងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី សន្តិភាព និងវិបុលភាព តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសសំខាន់ៗ រួមទាំងសមាគមអាស៊ានផងដែរ ”។ បើគេពិនិត្យលើខ្លឹមសារនេះ វាមានអត្ថន័យស្រដៀងគ្នាទៅនឹងគោលការណ៍របស់សហរដ្ឋអាម៉េរិកដែលលើកឡើងអំពី “ឥណ្ឌូប៉ាស៊ីហ្វិក សេរី បើកចំហរ និងវិបុលភាព ” ជាសម្ព័ន្ធមិត្តដ៏ចម្បងក្នុងវិស័យសន្តិសុខរបស់កូរ៉េខាងត្បូងផងដែរ។ វាគឺជាសារមួយដែលកូរ៉េខាងត្បូងផ្ដល់នូវចម្លើយដ៏ពេញចិត្តទៅកាន់សហរដ្ឋអាម៉េរិក អំពីឆន្ទៈនិងការគាំទ្ររបស់កូរ៉េខាងត្បូង ក្នុងនាមជាសម្ព័ន្ធមិត្ត និងជាប្រទេសមានទម្ងន់យុទ្ធសាស្ត្រនៅក្នុងតំបន់។

គួរបញ្ជាក់ថា នៅចំពោះមុខយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក ដែលត្រូវបានគេមើលឃើញថា មានគោលដៅសំខាន់ផ្ដោតទៅលើការរីកចម្រើនយ៉ាងលឿនរហ័សរបស់មហាអំណាចចិន ច្បាស់ណាស់ដែលថាកូរ៉េខាងត្បូងពិតជាមិនចង់យកខ្លួនទៅប្រឈមដោយផ្ទាល់ជាមួយនឹងចិនដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួននោះឡើយ ដោយសារទំហំពាណិជ្ជកម្មកូរ៉េខាងត្បូង-ចិន តំណាងឱ្យរហូតដល់ទៅ៣០%នៃទំហំពាណិជ្ជកម្មសរុបរបស់កូរ៉េខាងត្បូងឯណោះ។ នៅក្នុងយុទ្ធសាស្ត្រនេះ កូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ខ្លួនរីករាយនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាល់បណ្ដាប្រទេសទាំងអស់ដោយមិនចំពោះ ដោយគោរពទៅតាមចក្ខុវិស័យ គោលដៅ និងគោលការណ៍ដូចដែលបានចែងខាងលើ។ ទោះជាយ៉ាងណា គេបានដឹងរួចហើយថា បញ្ហាដ៏រសើបដែលកូរ៉េខាងត្បូងយកចិត្តទុកដាក់ខ្លាំងបំផុតនោះគឺស្ថិរភាពនៅឧបទ្វីបកូរ៉េ ពោលគឺសកម្មភាពអភិវឌ្ឍអាវុធ​នុយក្លេអ៊ែរ និងការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងដែលមានចិនជាខ្នងបង្អែក ដែលបានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងអំពីស្ថិរភាព និងសន្តិសុខនៅលើឧបទ្វីបនេះ ក៏ដូចជាតំបន់អាស៊ីបូព៌ាទាំងមូល ហើយ​សហរដ្ឋអាម៉េរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងអាចពឹងពាក់បានរបស់កូរ៉េខាងត្បូងនៅចំពោះមុខ។ ហេតុនេះ​ហើយ អ្វីដែលកូរ៉េខាងត្បូងសង្កត់ធ្ងន់អំពីការប្រកាន់ខ្ជាប់របស់ខ្លួននោះគឺ សេរីភាព សន្តិភាព និងវិបុលភាព ជាមួយសណ្ដាប់ធ្នាប់ដែលមានតម្លៃជាសកល។ ជាមួយគ្នានេះ សកម្មភាពដ៏គួរឱ្យព្រួយបារម្ភរបស់មហាអំណាច​ចិន ដែលបាននិងកំពុងតែពង្រីកនិងពង្រឹងមូលដ្ឋានរបស់ខ្លួននៅលើបណ្ដាកោះសិប្បនិម្មិតក្នុងដែន​សមុទ្រចិនខាងត្បូង បានបង្កហានិភ័យជាខ្លាំងទៅលើស្ថិរភាព និងសន្តិសុខ ព្រមទាំងសេរីភាពនាវាចរណ៍ក្នុងតំបន់ដែលជាចំណុចស្នូលសំខាន់នៃឥណ្ឌូប៉ាស៊ីហ្វិក ទាំងក្នុងវិស័យសេដ្ឋកិច្ច និងយុទ្ធភូមិសាស្ត្រនយោបាយ។ ហេតុនេះហើយ បើទោះបីជាកូរ៉េខាងត្បូងមិនអាចចេញមុខបរិហារចំៗក្ដី ក៏ប៉ុន្តែមហាអំណាចតំបន់មួយនេះ ក៏ត្រូវតែបង្ហាញជំហររបស់ខ្លួនឱ្យបានជាក់លាក់ និងប្រកបដោយការប្រុងប្រយ័ត្នទៅលើការវិវត្តស្ថានការណ៍នៅក្នុងតំបន់ផងដែរ។

លើសពីនេះទៅទៀត បើងាកទៅមើលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានបង្កឱ្យពិភពលោកទាំងមូលជួបប្រទះនឹងវិបត្តិថាមពល សេដ្ឋកិច្ច និងស្បៀងអាហារ ហើយមកដល់ពេលនេះ គេមិនអាចដាក់ទណ្ឌកម្មធ្ងន់ធ្ងរណាមួយឱ្យមានប្រសិទ្ធភាព ដើម្បីបញ្ឈប់សកម្មភាពឈ្លានពានរបស់មហាអំណាចយោធាទីពីរលើពិភពលោកនេះឡើយ។ បើទោះបីជាមានការវាយតម្លៃ និងសន្និដ្ឋាន ពីសំណាក់អ្នកសិក្សាស្រាវជ្រាវ និងអ្នកយុទ្ធសាស្ត្រជាច្រើនថា ចិននឹងមិនអាចយកបទពិសោធការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនមកអនុវត្តដូចគ្នានៅក្នុងករណីសំណុំរឿងតៃវ៉ាន់ក្ដី តែបើគេពិនិត្យមើលជំហររបស់ចិននៅក្នុងសំណុំរឿងអ៊ុយក្រែន ការខិតរកគ្នាកាន់តែខ្លាំងរវាងចិននិងរុស្ស៊ីនៅក្នុងការប្រឈមជាមួយសហរដ្ឋអាម៉េរិកក៏ដូចជាបស្ចិមប្រទេស ស្របពេលដែលស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់កាន់តែតានតឹងខ្លាំងឡើងៗ សុទ្ធសឹងតែជាហេតុផលដែលនាំឱ្យពិភពលោកបាននិងកំពុងតាមដានយ៉ាងយកចិត្តដាក់ ដែលធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងអំពីលទ្ធភាពដែលចិនអាចប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួមយកកោះតៃវ៉ាន់។ កូរ៉េខាងត្បូងដែលជាប្រទេសនៅក្បែរខាងចិនផងនោះ ពិតជាយល់យ៉ាងជាក់ច្បាស់ថា ប្រសិនបើសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើងក្នុងករណីនឹកស្មានមិនដល់ណាមួយពិតមែន វានឹងរាលដាលទៅជាសង្គ្រាមរវាងមហាអំណាច ដែលបង្កជាមហន្តរាយនឹកស្មានមិនដល់ជាក់ជាមិនខាន ព្រោះសហរដ្ឋអាម៉េរិក និងជប៉ុន អាចនឹងលូកដៃចូលដោយមិនឈរឱបដៃឈរមើលចិនលេបយកកោះតៃវ៉ាន់ដោយងាយៗនោះឡើយ ហើយក្រោយពីការចូលអន្តរាគមន៍ពីសំណាក់សហរដ្ឋអាម៉េរិក និងជប៉ុនទៅក្នុងសង្គ្រាមនេះ កូរ៉េខាងជើង និងរុស្ស៊ី ច្បាស់ជានឹងមិនបណ្ដែតបណ្ដោយឱ្យសហរដ្ឋអាម៉េរិកចាត់ចែងទៅលើសង្គ្រាម ដែលកំពុងតែឆាមឆេះនៅក្បែរផ្ទះរបស់ខ្លួនជាក់ជាមិនខានឡើយ។ នេះគឺជាករណីដែលកូរ៉េខាងត្បូងខ្លួនឯងផ្ទាល់ មិនប្រាថ្នាឱ្យកើតមានឡើងនោះឡើយ។ ដូច្នេះហើយ មេដឹកនាំសាធារណរដ្ឋកូរ៉េទំនងជាយល់យ៉ាងច្បាស់ថា ការជំរុញឱ្យបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករក្សាស្ថានភាពដើមនៅក្នុងតំបន់ និងគោរពគោលការណ៍សន្តិភាព សេរីភាព ព្រមទាំងគោរពច្បាប់អន្តរជាតិ គឺជាចំណុចស្នូលសំខាន់ដែលសាធារណរដ្ឋកូរ៉េត្រូវកំណត់នៅក្នុងនយោបាយការបរទេសរបស់ខ្លួន។

សរុបមក សាធារណរដ្ឋកូរ៉េកំពុងបន្តព្យាយាមថ្លឹងថ្លែងឱ្យមានតុល្យភាពរវាងមហាអំណាចចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំ និងសហរដ្ឋអាម៉េរិកដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏ចម្បងរបស់ខ្លួន។ ការដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនេះ គឺជាមគ្គុទ្ទេសក៍មួយសម្រាប់ការអនុវត្តគោលនយោបាយការបរទេសរបស់សាធារណរដ្ឋកូរ៉េនៅក្នុងទំនាក់ទំនងរបស់ខ្លួន ទាំងជាមួយមហាអំណាចសហរដ្ឋអាម៉េរិក មហាអំណាចចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ដោយបានគូសបញ្ជាក់ថា កូរ៉េខាងត្បូងនៅតែប្រកាន់ជំហរធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដារដ្ឋនានា និងអង្គការក្នុងតំបន់ ដើម្បីផលប្រយោជន៍ និងការរីកចម្រើនសេដ្ឋកិច្ចជាមួយគ្នា ហើយដែលត្រូវតែធ្វើឡើងប្រកបដោយបរិយាកាសសេរី សន្តិភាព និងដោយផ្អែកលើច្បាប់អន្តរជាតិ ដោយខ្លួនមិនគាំទ្រឡើយនូវការប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្ដូរស្ថានភាពដែលកំពុងមាននាពេលបច្ចុប្បន្ននៅក្នុងតំបន់។ នៅក្នុងយុទ្ធសាស្ត្រនេះ ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវសមាហរណកម្ម យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងបានចែងដោយប្រយោលថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់យើង រួមបញ្ចូលទាំងគោលដៅ និងមិនរាប់បញ្ចូលប្រទេសជាក់លាក់ណាមួយឡើយ។ យើងនឹងធ្វើការជាមួយគ្រប់ដៃគូដែលស្របតាមចក្ខុវិស័យ និងគោលការណ៍នៃកិច្ចសហប្រតិបត្តិការរបស់យើង។ យើងនឹងនៅតែបើកចំហសម្រាប់ប្រទេសទាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងក្រៅតំបន់”៕

ទាញយកអត្ថបទ៖ https://www.rac.gov.kh/researchs-categories/10/researchs?page=2


2023-01-17 10:06:18   ថ្ងៃអង្គារ, 17 មករា 2023 ម៉ោង 05:06 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភានៃសាធារណរដ្ឋកូរ៉េដែលដឹកនាំដោយឯកឧត្ដម Park Byeong-Seug

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូសភានៃសាធារណរដ្ឋកូរ៉េ នៅសាលទន្លេសាប អគារខេមរវិទូ។

ប្រតិភូសភានៃសាធារណរដ្ឋកូរ៉េដែលអញ្ជើញមកជួបពិភាក្សានៅរាជបណ្ឌិត្យសភាកម្ពុជានារសៀលនេះ ដឹកនាំដោយឯកឧត្ដម Park Byeong-Seug អតីតអ្នកនាំពាក្យសភានៃសាធារណរដ្ឋកូរ៉េ និងអមដំណើរដោយសមាជិកសភានៃសាធារណរដ្ឋកូរ៉េ ដែលសុទ្ធតែជាសមាជិកមកពីវេទិកាការទូតសន្តិភាពនៅរដ្ឋសភាកូរ៉េ។

ក្នុងជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរទស្សនៈយល់ឃើញ និងមតិយោបល់មួយចំនួនពីអ្នកសិក្សាស្រាវជ្រាវកម្ពុជា ទៅលើស្ថានភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងពិនិត្យមើលលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យសិក្សាស្រាវជ្រាវនាពេលអនាគត។

RAC Media


2023-01-13 11:01:07   ថ្ងៃសុក្រ, 13 មករា 2023 ម៉ោង 06:01 PM
«អង្គប្រជុំស្តីអំពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា»

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩៖០០នាទីព្រឹក នៅសាលទន្លេសាប (អគារខេមរវិទូ)នៃរាជបណ្ឌិត្យសភាកម្ពុជា មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំអង្គប្រជុំមួយដើម្បីរៀបចំពិភាក្សានិងធ្វើបច្ចុប្បន្នភាពនៃកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចប្រជុំនេះ ដំណើរការក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងកិច្ចពិភាក្សានេះ បានផ្ដោតលើបញ្ហាសំខាន់ចំនួន២ គឺ ទី១. បញ្ហាប្រឈមនានានៅក្នុងមុខជំនាញដែលកំពុងបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជា និងទី២. ការត្រួតពិនិត្យនិងកែសម្រួលលើកម្មវិធីសិក្សានាពេលបច្ចុប្បន្ន។

ជាក់ស្តែង ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ក្រោយបរិញាបត្រ នៅរាជបណ្ឌិត្យសភាកម្ពុជា មានគោលដៅដើម្បីផ្ដល់ជូននូវនិស្សិត នូវកម្មវិធីសិក្សាមួយដែលកាន់តែមានការអភិវឌ្ឍស្របតាមយុគសម័យជឿនលឿន។

សូមបញ្ជាក់ដែរ រាជបណ្ឌិត្យសភាកម្ពុជា មានបើកថ្នាក់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត ហើយជាមួយគ្នានេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏មានបើកថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកជំនាញចុងភៅ និងភេសជ្ជៈ សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ក្លាយជាម្ចាស់អាជីវកម្មខ្លួនឯង។

ព័ត៍មានបន្ថែមពីវគ្គបណ្ដុះបណ្ដាល៖
- មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា (https://www.facebook.com/ctr.rac)

ទូរស័ព្ទលេខ៖ 012-824 924 / 081-339 385 / 097-728 444


2023-01-13 10:50:41   ថ្ងៃសុក្រ, 13 មករា 2023 ម៉ោង 05:50 PM
រាជបណ្ឌិត្យសភាកម្ពុជា ទទួលលិខិតថ្លែងអំណរគុណពីឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបំផុសចលនាយល់ដឹងពាក់ព័ន្ធនឹងប្រធានបទអាស៊ាន

នៅរសៀលថ្ងៃទី១២​ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលយកលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជូនចំពោះរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ការរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបំផុសចលនាយល់ដឹងពាក់ព័ន្ធនឹងប្រធានបទអាស៊ាន ជាពិសេសភាពជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ តាមរយៈការរៀបចំវេទិកាពិភាក្សាសាធារណៈ អត្ថបទវិភាគនិងស្រាវជ្រាវ និងបាឋកថានានា ក្នុងរយៈពេលនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២នេះ ដែលប្រគល់ជូនដោយឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។


2023-01-13 10:31:45   ថ្ងៃសុក្រ, 13 មករា 2023 ម៉ោង 05:31 PM
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានដឹកនាំប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា មកឈ្វេងយល់អំពីរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សា និងជម្រាបជូនប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ អំពីរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងកម្មវិធីចុះសិក្សាឈ្វេងយល់អំពីរាជបណ្ឌិត្យសភាកម្ពុជារបស់ប្រតិភូនៃព្រឹទ្ធសភា។

សមាសភាពប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ រួមមាន ឯកឧត្ដម ម៉ាន ឈឿន អនុប្រធានគណៈកម្មការ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការ ឯកឧត្ដម ឡៅ ឆន ជាសមាជិក ឯកឧត្ដម អ៊ឹង លាងហ៊ួ ជាសមាជិក និងក្រុមមន្ត្រីលេខាធិការដ្ឋាន។

ក្នុងជំនួបនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជម្រាបជូនលម្អិតដល់ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភាអំពី បេសកកម្ម រចនាសម្ព័ន្ធ និងវឌ្ឍនភាពការងារ ក៏ដូចជាសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននាពេលកន្លងមក ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈម និងទិសដៅបន្តរបស់រាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះ ប្រតិភូទាំងពីរក៏បានចែករំលែកបទពិសោធ និងធ្វើការដោះដូរទស្សនៈយល់ឃើញទៅលើបញ្ហាមួយចំនួនផងដែរ៕


RAC Media

2023-01-11 07:01:42   ថ្ងៃពុធ, 11 មករា 2023 ម៉ោង 02:01 PM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរ ទៅអង្គការ (The History of Cambodia: From Angkor to Angkar)»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី “ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរ ទៅអង្គការ (The History of Cambodia: From Angkor to Angkar)» នៅថៃ្ងព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា វេលាម៉ោង ៩:៣០នាទីព្រឹក។ 

បាឋកថានេះ នឹងធ្វើបទបង្ហាញដោយឯកឧត្តម Piotr Ostaszewski អ្នកជំនាញប្រវត្តិសាស្ត្រខ្មែរ និងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៉ូឡូញប្រចាំសាធារណរដ្ឋកូរ៉េ។

សម្រាប់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះ សូមទាក់ទងមកកាន់ទូរសព្ទលេខ(Telegram)៖ 081 414 358 / 077 725 698

សូមអរគុណ!

2023-01-09 04:04:37   ថ្ងៃចន្ទ, 09 មករា 2023 ម៉ោង 11:04 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក