ព័ត៌មាន

ហេតុអ្វីចិនមិនឆ្លៀតវាយយកតៃវ៉ាន់ក្រោយរុស្ស៊ីធ្វើសង្គ្រាមលើអ៊ុយក្រែន? ដោយ៖ លោក​ លឹម សុវណ្ណរិទ្ធ - ខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

2023-02-27 08:43:35 ថ្ងៃចន្ទ, 27 កុម្ភៈ 2023 ម៉ោង 03:43 PM
អ្នកមើល 3854
post_detail

បន្ទាប់ពីសង្គ្រាមស៊ីវិលចិន (១៩២៧-១៩៤៩) បានបិទបញ្ចប់ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបង្កើតឡើងនៅឆ្នាំ១៩៤៩ ក្រោយចលនាកុម្មុយនីស្តបានយកឈ្នះលើកម្លាំងទ័ពរបស់រដ្ឋាភិបាលគួមីងតាងដែលបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ ហើយបានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋចិន ដែលជារដ្ឋាភិបាលមូលធននិយមមួយនៅលើដែន​កោះមួយនេះ។ កាលណោះ កងទ័ពសាធារណរដ្ឋប្រជាមានិតចិនមិនបានបន្តគោលដៅទៅវាយរំលំរដ្ឋាភិបាលសាធារណរដ្ឋ​ចិន ដែលតាំងមូលដ្ឋាននៅលើដែនកោះមួយនេះឡើយ ដោយសារតែកងទ័ពជើងទឹករបស់ចិនប្រជាមា​និត​មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ហើយសាធារណរដ្ឋចិនដែលបានភៀសខ្លួនទៅកោះតៃវ៉ាន់នាពេលនោះ ក៏ចាប់ផ្ដើមទទួលបានការគាំទ្រពេញលេញពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត។

ថ្វីត្បិតតែគណបក្សកុម្មុយនីស្តបានគ្រប់គ្រងចិនដីគោកបានទាំងស្រុង ហើយរដ្ឋាភិបាលគួមីងតាងបានទទួលបរាជ័យ ហើយភៀសខ្លួនទៅកោះតៃវ៉ាន់ក្ដី ក៏សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តបានបន្តគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋចិន(តៃវ៉ាន់) ជាតំណាងស្របច្បាប់របស់ប្រទេសចិន និងកាន់កាប់អសនៈចិននៅអង្គការសហប្រជាជាតិ រហូតដល់មានការសម្របសម្រួលនយោបាយការបរទេសនៅឆ្នាំ១៩៧១ ទើបសាធារណរដ្ឋប្រជាមានិតចិនបានកាន់កាប់អសនៈជាតំណាងស្របច្បាប់របស់ប្រទេសចិន នៅអង្គការសហប្រជាជាតិជំនួសរដ្ឋាភិបាលសាធារណរដ្ឋចិន(តៃវ៉ាន់)វិញ។ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅតែបន្តមហិច្ឆតាបង្រួបបង្រួមកោះតៃវ៉ាន់ឱ្យស្ថិតនៅក្រោមអធិប​តេយ្យចិនតែមួយ ដោយរាប់តាំងពីការបង្ហាញការបើកចំហរឆន្ទៈអនុវត្តគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ (ដូចករណី​ហុងកុង) ការផ្ដាច់លទ្ធភាពទំនាក់ទំនងការទូតរបស់សាធារណរដ្ឋចិន (តៃវ៉ាន់) នៅលើឆាកអន្តរជាតិ និងការបញ្ចុះបញ្ចូលប្រជាជនតៃវ៉ាន់ក៏ដូចជាការជំរុញគាំទ្រចរន្តនយោបាយតៃវ៉ាន់ដែលមាននិន្នាការផ្អៀងទៅរកនយោបាយបង្រួបបង្រួមប្រជាជាតិចិនឱ្យមានសម្ទុះ និងទម្ងន់នយោបាយនៅកោះតៃវ៉ាន់ផងដែរ។

ជាការពិតណាស់ នៅក្នុងគោលដៅឈានទៅក្លាយជាមហាអំណាចពិភពលោកទីមួយ ចិនមិនត្រឹមតែត្រូវការពង្រឹងអំណាចសេដ្ឋកិច្ច និងយោធារបស់ខ្លួនប៉ុណ្ណោះទេ ការបង្រួបបង្រួមអតីតដែនដីរបស់ខ្លួន គឺជាចំណុចគន្លឹះដ៏ចាំបាច់ ដែលចិនត្រូវ​តែសម្រេចឱ្យបានដាច់ខាតដើម្បីក្លាយខ្លួនជាមហាអំណាចដ៏មានឥទ្ធិពលមួយបាន។ នៅត្រង់ចំណុចនេះ វាបានក្លាយទៅ​ជាចំណោទបញ្ហាថា តើចិននឹងបង្រួបបង្រួមតៃវ៉ាន់ដោយមធ្យោបាយណា? តើជាការបង្រួបបង្រួមដោយប្រើប្រាស់វិធីសាស្ត្រសន្តិវិធី ឬក៏ដោយប្រើប្រាស់កម្លាំងបាយ (យោធា) វាយសង្គ្រប់យកដែនកោះមួយនេះ?

បន្ទាប់ពីវិបត្តិអ៊ុយក្រែនផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២ ទាំងបស្ចិមប្រទេស ទាំងសហរដ្ឋអាម៉េរិកបានសម្ដែងការព្រួយបារម្ភថា តាមរយៈបទពិសោធវិបត្តិអ៊ុយក្រែន និងស្របពេលដែលសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេសជាប់ដៃនឹងសង្គ្រាមរុស្ស៊ីប្រឆាំងអ៊ុយក្រែន ចិនអាចនឹងអនុវត្តយុទ្ធសាស្ត្រស្រដៀងគ្នាទៅនឹងរុស្ស៊ី ដោយប្រើប្រាស់កម្លាំងយោធាដើម្បីវាយដណ្ដើមយកកោះតៃវ៉ាន់ ប៉ុន្តែមកដល់ពេលនេះមួយឆ្នាំបានកន្លងផុតទៅហើយ ចិនមិនបានសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាវាយសង្គ្រប់យកកោះតៃវ៉ាន់ ដើម្បីបង្រួបបង្រួមទឹកដីចិននោះឡើយ។ គោលជំហរដូចនេះក៏ទំនង​ជានឹងត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនប្រកាន់ខ្ជាប់ជាបន្តទៅថ្ងៃអនាគត ក៏ព្រោះតែថ្នាក់ដឹកនាំចិនបានយល់ឃើញថា ការប្រើប្រាស់កម្លាំងទ័ពដើម្បីក្រសោបយកកោះតៃវ៉ាន់នឹងបង្កនូវផលវិបាកដ៏ធំធេង ច្រើនជាងអ្វីដែលខ្លួននឹងទទួលបានពីការបង្រួបបង្រួមដែនកោះតៃវ៉ាន់ទៅទៀត។

ចំពោះករណីតៃវ៉ាន់ ហាក់មានភាពខុសគ្នាពីប្រទេសអ៊ុយក្រែន ដោយរុស្ស៊ីបានធ្វើអន្តរាគមន៍យោធាទៅលើអ៊ុយក្រែនទាំងដែលអ៊ុយក្រែនមិនបានរៀបចំខ្លួនទុកជាមុននោះឡើយ ហើយបស្ចិមប្រទេសទៀតសោត ក៏ពុំបានត្រៀមទុកជាមុននូវជំនួយយោធា និងការគាំទ្រផ្សេងៗដល់អ៊ុយក្រែនដើម្បីប្រឈមមុខនឹងសង្គ្រាមជាមួយរុស្ស៊ីផងដែរ ប៉ុន្តែសម្រាប់​កោះតៃវ៉ាន់ រដ្ឋាភិបាលតៃវ៉ាន់ព្យាយាមបង្កើនសមត្ថភាពយោធា និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសហរដ្ឋអាម៉េរិកដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងការឈ្លានពានណាមួយរបស់ចិន។ ថ្វីដ្បិតតែកម្លាំងយោធារបស់តៃវ៉ាន់ ហាក់មានភាពខុសឆ្ងាយគ្នានឹងសមត្ថភាពយោធារបស់ចិន ប៉ុន្តែសាធារណរដ្ឋប្រជាមានិតចិនក៏មិនអាចវាយប្រហារ​សង្គ្រប់​យកកោះតៃវ៉ាន់បានភ្លាមៗឡើយ។ ក្នុងពេលដែលភាគីទាំងពីរកំពុងប្រយុទ្ធគ្នា យោធាសហរដ្ឋអាម៉េរិកដែលឈរជើងនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង អាចនឹងធ្វើការប្រតិកម្មតបនឹងការអន្តរាគមន៍យោធារបស់ចិនបានភ្លាមៗ។ ត្រង់ចំណុចនេះ គេត្រូវដឹងផងដែរថា មហាអំណាចសហរដ្ឋអាម៉េរិក តែងតែបានព្យាយាមថ្លឹងទម្ងន់យុទ្ធសាស្ត្រ និងជំហរនយោបាយ​របស់ខ្លួននៅក្នុងសំណុំរឿងកោះតៃវ៉ាន់ ដោយសារតែគេបានមើលឃើញពីភាពចាំបាច់ ដែលចិនត្រូវតែបង្រួបបង្រួមដែនដីតៃវ៉ាន់ជាមួយនឹងចិនដីគោកឱ្យខានតែបាន ហើយថ្វីបើអាម៉េរិកប្រកាសគោរពគោលនយោបាយ​ចិនតែមួយ ក្នុងទំនាក់ទំនងជាមួយចិនប្រជាមានិត ប៉ុន្តែសហរដ្ឋអាម៉េរិកក៏នៅតែបង្ហាញជំហរប្រឆាំងចំពោះ​ការបង្រួបបង្រួមកោះតៃវ៉ាន់ដោយប្រើប្រាស់កម្លាំងកងទ័ព។ មិនត្រឹមតែប៉ុណ្ណោះ ខុសប្លែកពីប្រធានាធិបតីមុនៗ កន្លងទៅថ្មីៗនេះ លោកប្រធានាធិបតី ចូ បៃដិន ធ្លាប់បានប្រកាសយ៉ាងហោចណាស់ចំនួន៣ដងមកហើយថា សហរដ្ឋអាម៉េរិកត្រៀមធ្វើអន្តរាគមន៍រួចជាស្រេច ក្នុងករណីដែលចិនប្រើប្រាស់កម្លាំងទ័ពលើដែនកោះតៃវ៉ាន់ថែមទៀត។ នេះគឺជាបញ្ហាប្រឈមដែលចិនព្រួយបារម្ភជាខ្លាំង ដោយសារតែការប៉ះទង្គិចខាងយោធាក្នុងរូបភាពណាមួយរវាងចិននិងសហរដ្ឋអាម៉េរិក វាអាចនឹងក្លាយទៅជាលេសគ្រប់គ្រាន់សម្រាប់សហរដ្ឋអាម៉េរិក យកជាហេតុផលដើម្បីធ្វើអន្តរាគមន៍យោធានៅក្នុងសំណុំរឿងកោះតៃវ៉ាន់។ បន្ថែមពីនេះ ប្រសិនបើចិនធ្វើអន្តរាគមន៍យោធាលើកោះតៃវ៉ាន់ ចិននឹងត្រូវប្រឈមមុខជាមួយនឹងសង្គ្រាមដ៏យូរអង្វែងគ្មានកាលកំណត់មួយ ដែលចិនត្រូវយកបាត់បង់ថវិកាជាតិដែលខ្លួនបានសន្សំរាប់ទសវត្សរ៍កន្លងមកនេះ ដើម្បីចំណាយទៅលើសង្គ្រាមបង្រួបបង្រួមជាតិមួយនេះ។

ជាមួយគ្នានេះដែរ បញ្ហាប្រឈមធំមួយផ្សេងទៀតក្នុងករណីដែលចិនសម្រេចចិត្តធ្វើអន្តរាគមន៍យោធាដើម្បីបង្រួបបង្រួមតៃវ៉ាន់នោះគឺ កំណើនសេដ្ឋកិច្ចដែលចិនបានខិតខំកសាង និងពង្រឹងចាប់តាំងពីឆ្នាំ១៩៧៨មក នឹងត្រូវអសារ​បង់ ព្រោះថ្វីត្បិតតែចិនជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ប៉ុន្តែសេដ្ឋកិច្ចចិននៅតែបន្តពឹងផ្អែកលើការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងប្រទេសសម្ព័ន្ធមិត្ត ចំណែកប្រតិបត្តិការទូទាត់អន្តរជាតិដែលចិនបានប្រើប្រាស់ គឺជា បណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុនៃធនាគារទូទាំងពិភពលោក (SWIFT: Society of Worldwide Interbank Financial Telecommunication) ដែលជាប្រព័ន្ធធនាគារស្ថិតនៅក្រោមឥទ្ធិពលស្ទើរតែផ្ដាច់មុខរបស់សហរដ្ឋអាម៉េរិក [1]។ ទោះជាយ៉ាងណា ការដាក់ទណ្ឌកម្មទាំងឡាយប្រឆាំងចិន ពីសំណាក់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត នឹងបង្កផលវិបាកធ្វើឱ្យពិភពលោកទាំងមូលជួបប្រទះនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ព្រោះចិនមិនត្រឹមតែជារោងចក្រពិភពលោកប៉ុណ្ណោះទេ តែក៏ជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងជាទីផ្សារនាំចូលដ៏ធំមួយរបស់ពិភពលោកផងដែរ។ បទពិសោធនេះ គឺអាចសម្លឹងមើលវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨ ដែលចិននិងឥណ្ឌា គឺជាប្រទេសដ៏សំខាន់ក្នុងការទាញកំណើនសេដ្ឋកិច្ចពិភពលោកចេញពីវិបត្តិនាពេលនោះ។

ហេតុផលសំខាន់មួយផ្សេងទៀត ដែលសាធារណរដ្ឋប្រជាមានិតចិនមានការព្រួយបារម្ភនោះគឺ ក្នុងករណីដែល បើ សង្គ្រាមជាមួយនឹងតៃវ៉ាន់កើតមានឡើង ក្រៅពីសហរដ្ឋអាម៉េរិកដែលជាគូប្រឈមចម្បងរបស់ចិននោះ ប្រទេសជាគូប្រឈមនៅជុំវិញចិន ទំនងជានឹងក្លាយជាអ្នកដែលទទួលបានផលប្រយោជន៍យ៉ាងច្រើនពីសង្គ្រាមនេះ។ សម្រាប់ជប៉ុន ដែលជាអតីតប្រទេសចក្រពត្តិនិយម និងត្រូវបានចងជើងដោយរដ្ឋធម្មនុញ្ញសន្តិភាពក្រោយបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ ហើយដែលថ្មីៗនេះ បានដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខថ្មី គឺជាការព្រួយបារម្ភរបស់ចិន ព្រោះថាក្រៅតែជាសត្រូវប្រវត្តិសាស្ត្រនឹងគ្នា ចិននិងជប៉ុនក៏មានបញ្ហាចាក់ស្រែះជាច្រើនផ្សេងទៀតដូចជា ជម្លោះដែនអធិប តេយ្យភាព ការប្រជែងឥទ្ធិពលនយោបាយនិងការទូត បញ្ហាភូមិសាស្ត្រនយោបាយ និងសំណុំរឿងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងថែមទៀតផង។ ក្នុងករណី ដែលចិនធ្វើអន្តរាគមន៍យោធាដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ជប៉ុនដែលមានមហិច្ឆតាពង្រឹងតួនាទីរបស់ខ្លួនក្នុងតំបន់និងពិភពលោក និងដែលមានមូលដ្ឋានយោធាអាម៉េរិកនៅលើទឹកដីរបស់ខ្លួនស្រាប់ ច្បាស់ជានឹងមិនឈរឱបដៃមើលចិនធ្វើអ្វីស្រេចតែចិត្ត របស់ខ្លួនៅក្នុងតំបន់អាស៊ីបូព៌ានោះឡើយ។ បន្ថែមពីនេះ ជប៉ុនដែលមានភាពចាំបាច់ត្រូវថ្លឹងយុទ្ធសា-ស្ត្រយោធានៅក្នុងតំបន់ប្រឈមមុខនឹងការគម្រាមកំហែងស្រាប់ ពី នុយក្លេអ៊ែរកូរ៉េខាងជើង និងដែលត្រូវប្រឈមមុខចំពោះជំហរផ្លាស់ប្ដូរមិនប្រាកដប្រជារបស់អាម៉េរិក ទៅតាមក្នុងអាណត្តិប្រធានាធិបតីនីមួយៗ ជប៉ុនអាចនឹងយកលេសពង្រឹងសមត្ថភាពយោធាក្នុងទ្រង់ទ្រាយធំ រហូតដល់អាចអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរថែមទៀតផង ក្នុងពេលដែលប្រទេសនេះមានរោងចក្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលស្រាប់។ ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌា ដែលជាសត្រូវប្រវត្តិសាស្ត្ររបស់ចិន និងដែលមានជម្លោះព្រំដែនមិនទាន់ដោះស្រាយជាមួយគ្នារួច ហើយព្រមទាំងជាគូប្រជែងសេដ្ឋកិច្ច និងនយោបាយតំបន់ជាមួយនឹងចិន ច្បាស់ជានឹងមិនបណ្ដោយឱ្យចិនវាយសង្គ្រប់យកកោះតៃវ៉ាន់ដោយជោគជ័យឡើយ ព្រោះប្រសិនបើចិនអាចវាយយក កោះ តៃវ៉ាន់បាន នោះចិននឹងពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួនកាន់តែខ្លាំងជាងមុនទៀត ដែលជាការគម្រាមកំហែងដ៏ធំមួយសម្រាប់ប្រទេសឥណ្ឌា។ ក្រៅពីនេះ អន្តរាគមន៍យោធារបស់ចិនដើម្បីបង្រួបបង្រួមតៃវ៉ាន់នឹងបង្កការព្រួយបារម្ភផ្នែកសន្តិសុខចំពោះប្រទេសផ្សេងទៀត ដែលមានជម្លោះដែនអធិបតេយ្យភាពនៅក្នុងសមុទ្រចិនខាងត្បូងជាមួយនឹងចិនដូចជា ហ្វ៊ីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូណេស៊ី ហើយនិងជំរុញឱ្យប្រទេសទាំងនោះគ្មានជម្រើសអ្វីក្រៅតែពីការពង្រឹងសម្ព័ន្ធភាពយោធាយោធាកាន់តែស៊ីជម្រៅ ជាមួយនឹងសហរដ្ឋអាម៉េរិក ដើម្បីការពារខ្លួន និងកៀកស្មាគ្នាប្រឈមនឹងប្រទេសចិន។ ជាពិសេស វៀតណាម ដែលជាប្រទេសជាប់ព្រំដែនចិន ច្បាស់នឹងចេញមុខបរិហារ ហើយផ្ដោតតែទៅលើហេតុផលសន្តិសុខជាតិរបស់ខ្លួន រួចទាញដៃសហរដ្ឋអាម៉េរិកឱ្យលូកចូលមកកាន់តែជ្រៅនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងអាចឈានទៅដល់ការបង្កើនមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

តើសាធារណរដ្ឋប្រជាមានិតចិននឹងបង្រួបបង្រួមតៃវ៉ាន់ដោយរបៀបណា?

ថ្វីត្បិតតែបច្ចុប្បន្ន ចិនមិនអាចប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមតៃវ៉ាន់ក្ដី ចិនក៏មិនអាចបោះបង់ចោលនូវគោលដៅបង្រួបបង្រួមដែនកោះតៃវ៉ាន់ផងដែរ ព្រោះដូចមានរៀបរាប់នៅក្នុងខ្លឹមសារខាងលើ ចិនមានភាពចាំបាច់ដែលត្រូវតែបង្រួបបង្រួមកោះតៃវ៉ាន់ឱ្យបានជាដាច់ខាត។ ទោះជាយ៉ាងណាក្ដី ចិនក៏ធ្លាប់បានប្រកាសផងដែរថា ចិននឹងធ្វើអន្តរាគមន៍យោធាលើកោះតៃវ៉ាន់ភ្លាមៗ ប្រសិនបើរដ្ឋាភិបាលនៃដែនកោះនេះហ៊ានប្រកាសឯករាជ្យផ្ដាច់ខ្លួនទៅជារដ្ឋអធិបតេយ្យមួយ ថ្វីបើកោះនេះ មានទឹកដី ប្រព័ន្ធគ្រប់គ្រង រដ្ឋាភិបាល និងច្បាប់ដាច់ដោយឡែកស្រាប់ពីសាធារណរដ្ឋប្រជា-មានិតចិនទៅហើយក្ដី។ ដូច្នេះហើយ ចិននឹងបន្តប្រើប្រាស់វិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីទាញយកដែនកោះមួយនេះ ទៅដាក់នៅក្នុងដែនអធិបតេយ្យពេញលេញរបស់ខ្លួន ដោយកន្លងមក នៅក្នុងគោលដៅយក ដែនកោះតៃវ៉ាន់ ត្រឡប់មកដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ចិនធ្លាប់បានទទួលជោគជ័យរួចមកហើយក្នុងការកាត់ផ្ដាច់ច្រកការទូតរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិ ដោយប្រទេសចិនបានប្រកាសចេញនូវ «គោលនយោបាយចិនតែមួយ» ជាចំណុចស្នូលនៃនយោបាយការបរទេសចិន ដោយរាល់បណ្ដាប្រទេសដែលចង់មានទំនាក់ទំនងការទូតជាមួយចិន ត្រូវតែផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងកោះតៃវ៉ាន់។ «អ្នកមាន នឹងមានអំណាច» គឺជាពាក្យស្លោកដែលលោក តេង ស៊ាវពីង អតីតមគ្គុ-ទ្ទេសក៍នយោបាយ និងសេដ្ឋកិច្ចដ៏មានឥទ្ធិពលរបស់ចិនធ្លាប់បានលើកឡើង ហើយដែលបច្ចុប្បន្ននេះ សាធារណរដ្ឋចិនដែលបានពង្រីកឥទ្ធិពលនយោបាយ និងការទូតរបស់ខ្លួននៅលើឆាកអន្តរជាតិតាមលំនាំចក្ខុវិស័យនេះផងដែរ។ ចិនបានទាញជំហរនយោបាយរបស់មហាអំណាច និងបណ្ដាប្រទេសទាំងឡាយនៅលើពិភពលោក ឱ្យបោះបង់ចោលនូវទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ហើយងាកមកចាប់ដៃ និងបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ជោគជ័យនេះគឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ចិន ក្នុងការបង្រួបបង្រួមទឹកដីរបស់ខ្លួន ហើយជាបន្តទៅទៀត ចិននឹងបន្តប្រើប្រាស់យុទ្ធសាស្ត្រត្រជាក់ចំពោះប្រជាជនតៃវ៉ាន់ និងជំរុញគាំទ្រដល់គ្រប់អ្នកនយោបាយតៃវ៉ាន់ដែលមាននិន្នាការស្និទ្ធនឹងរដ្ឋាភិបាលចិនឱ្យទទួលបានប្រជាប្រិយភាព និងអាចឡើងដឹកនាំដែនកោះមួយនេះ ដើម្បីឈានទៅសម្រេចគោលដៅបង្រួបបង្រួមជាតិរបស់ខ្លួន។ ជាមួយគ្នានេះ ចិនត្រូវបន្តជំរុញទម្ងន់ឥទ្ធិពល សេដ្ឋកិច្ចរបស់ខ្លួនលើតៃវ៉ាន់ ដើម្បីក្លាយជាចំណងទំនាក់ទំនងមិនអាចកាត់ផ្ដាច់បាន ព្រមទាំងជាស្ពាននៃការបង្កើនឥទ្ធិពលរបស់ចិនលើសង្គមតៃវ៉ាន់ ដូចដែលចិនបាននិងកំពុងធ្វើជាមួយប្រទេសជិតខាង ក៏ដូចជាគូប្រឈមរបស់ខ្លួនដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា វៀតណាម និងប៉ាគីស្ថានជាដើម។ បន្ថែមពីនេះ ដើម្បីបញ្ចៀសការរុញបញ្ហាតៃវ៉ាន់ឱ្យកាន់តែឡើងកម្ដៅក្ដៅឡើងៗពីសំណាក់សហរដ្ឋអាម៉េរិក ចិនត្រូវតែព្យាយាមបង្វែរសមរភូមិចេញពីរបងផ្ទះខ្លួន ដោយបង្កើតឬជំរុញនូវព្រឹត្តិការណ៍ ឬសេនារីយ៉ូនៅតាមទីតាំងយុទ្ធសាស្ត្រដទៃ ឱ្យក្លាយទៅជាប្រធានបទក្ដៅដែលអាម៉េរិកត្រូវផ្ដោតយកចិត្តទុកដាក់ ជាជាងការគិតគូរទៅលើយុទ្ធសាស្ត្រដុតបញ្ឆេះបញ្ហារបស់ចិន ដើម្បីរារាំងចិនពីការពង្រឹងអំណាចសេដ្ឋកិច្ច និងយោធា ដើម្បីឈានឆ្ពោះជាមហាអំណាចផុតលេខពិភពលោក។ ទោះជាយ៉ាងណា ដើម្បីសម្រេចបានគោលដៅនេះ ចិនចាំបាច់ត្រូវតែបន្តកសាងឥទ្ធិពលការទូតរបស់ខ្លួន តាមរយៈការចងក្រងក្រុមប្រទេសសម្ព័ន្ធមិត្ត បង្កើនប្រទេសជាមិត្តដែលអាចជឿទុកចិត្តបានរបស់សាធារណរដ្ឋប្រជាមានិតចិន៕

----------------------------

(១) ជាបណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុនៃធនាគារទូទាំងពិភពលោក ប្រើប្រាស់ដោយប្រទេសជាង២០០ ក្នុងនោះ៤០% នៃការទូទាត់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ថ្វីត្បិតតែចិនបានបង្កើតប្រព័ន្ធទូទាត់អន្តរធនាគារចិន CIPS តាំងពីឆ្នាំ២០១៥ក្ដី ក៏ប៉ុន្តែវាតំណាងឱ្យត្រឹមតែ៣%នៃការទូទាត់សរុបតាមប្រព័ន្ធធនាគារអន្តរជាតិប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើចិនត្រូវបានដកចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដូចរុស្ស៊ីនោះ សេដ្ឋកិច្ចចិននឹងត្រូវដាំក្បាលចុះយ៉ាងគំហុក ហើយដែលវានឹងជះឥទ្ធិពលដ៏អាក្រក់មិនធ្លាប់មានចំពោះសេដ្ឋកិច្ចសាកល។

RAC Media

ប្រភព៖ ខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា


អត្ថបទទាក់ទង

ករណីដែនសមុទ្រត្រួតស៊ីគ្នា៖ កម្ពុជា-ថៃ ត្រូវបន្តដោះស្រាយ ដោយសន្តិវិធី

នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។...

2024-11-23 13:48:04   ថ្ងៃសៅរ៍, 23 វិច្ឆិកា 2024 ម៉ោង 08:48 PM
បញ្ហាគ្រឿងស្រវឹង៖ ដល់ពេលដែលកម្ពុជាត្រូវគិតគូរផលប្រយោជន៍ទាំងនៅក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋហើយ

បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្ដល់អាជ្ញាបណ្ណថ្មីទៅដល់ក្រុមហ៊ុនដែលមានបំណងផលិតស្រាបៀរផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមបានលើកឡើងថា កម្ពុជាគួរតែដល់ពេលដែលកម្ពុជាត្រូវច...

2024-11-22 08:55:12   ថ្ងៃសុក្រ, 22 វិច្ឆិកា 2024 ម៉ោង 03:55 PM
ទំនាក់ទំនងកម្ពុជា-វៀតណាម៖ ទំនាក់ទំនងដែលផ្អែកលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ប្រជាសាស្ត្រ និងសេដ្ឋកិច្ច ដែលគប្បីត្រូវយកចិត្តទុកដាក់បន្ត

ចុះផ្សាយ៖ ២៩ ឧសភា ២០២៤  - ចុះផ្សាយឡើងវិញ ២២ វិច្ឆិកា ២០២៤   ដោយ៖ លឹម សុវណ្ណរិទ្ធ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាទំនាក់ទំនងដ៏​ចាំបាច់ក្នុងនាមជាមិត្តល្អ និងជាអ្នកជិតខ...

2024-11-22 02:42:28   ថ្ងៃសុក្រ, 22 វិច្ឆិកា 2024 ម៉ោង 09:42 AM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៦៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នា...

2024-11-21 04:16:07   ថ្ងៃព្រហស្បតិ៍, 21 វិច្ឆិកា 2024 ម៉ោង 11:16 AM
ការផ្លាស់ប្ដូររដ្ឋមន្ត្រីការបរទេសថ្មីបង្ហាញពីភាពដឹកនាំប្រកបដោយថាមភាព ភាពបត់បែន និងឆ្លើយតបលឿនរហ័សទៅនឹងរបត់ប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសណ្ដាប់ធ្នាប់ពិភពលោកថ្មី

ដោយ៖ បណ្ឌិត យង់ ពៅ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតអនុម័តឱ្យឯកឧត្ដម ប្រាក់ សុខុន ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីជា...

2024-11-20 07:43:15   ថ្ងៃពុធ, 20 វិច្ឆិកា 2024 ម៉ោង 02:43 PM
បណ្ឌិត យង់ ពៅ៖ កម្ពុជាគ្មានភាពចាំបាច់ ត្រូវទទួលផ្សែងនយោបាយពីអ្នកជាតិនិយមមួយក្ដាប់តូចនៃប្រទេសថៃនោះទេ

នៅក្នុងឱកាស អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» លោកបណ្ឌិត យង់ ពៅ បានឆ្លៀតគូសបញ្ជាក់អំពីករណីប្រតិ...

2024-11-19 09:26:14   ថ្ងៃអង្គារ, 19 វិច្ឆិកា 2024 ម៉ោង 04:26 PM

សេចក្តីប្រកាស

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្...

 ចុចមើល
2024-04-08 07:35:30   ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចា...

 ចុចមើល
2023-06-02 14:21:24   ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦...

 ចុចមើល
2023-01-31 03:35:34   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈ...

 ចុចមើល
2022-09-14 07:59:09   ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិ...

 ចុចមើល
2022-09-14 07:58:12   ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ប...

 ចុចមើល
2022-08-22 08:11:47   ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវ...

 ចុចមើល
2022-08-03 11:15:00   ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្ន...

 ចុចមើល
2022-07-20 02:42:35   ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិ...

 ចុចមើល
2022-03-02 05:01:03   ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទ...

 ចុចមើល
2021-08-31 13:46:01   ថ្ងៃអង្គារ, 31 សីហា 2021 ម៉ោង 08:46 PM

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឆមាសទី១ ឆ្នាំ២០២១របស់រាជបណ...

 ចុចមើល
2021-02-26 08:46:19   ថ្ងៃសុក្រ, 26 កុម្ភៈ 2021 ម៉ោង 03:46 PM

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យឆ្នាំ២០២១សម្រាប់រាជបណ្ឌិត្យស...

 ចុចមើល
2021-02-26 08:44:35   ថ្ងៃសុក្រ, 26 កុម្ភៈ 2021 ម៉ោង 03:44 PM