(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងស្ថានទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំទីក្រុងបាងកក រៀបសិក្ខាសាលាស្ដីពី៖ «បង់ក្លាដែសឆ្ពោះទៅអាស៊ាន៖ ពីម៉េកណាទៅមេគង្គ» ដែលត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម M Forhadul Islam លេខាធិការនៃស្ថាប័នអន្តររដ្ឋាភិបាល និងកិច្ចការកុងស៊ុល ក្រសួងការបរទេស បង់ក្លាដែស និងលោកស្រី Nayeem Rubaiyet កុងស៊ុល និងជាប្រធានការិយាល័យរដ្ឋមន្ត្រី នៃស្ថានទូតសាធារណរដ្ឋបង់ក្លាសដែស។
សិក្ខាសាលាស្ដីពី៖ «បង់ក្លាដែសឆ្ពោះទៅអាស៊ាន៖ ពីម៉េកណាទៅមេគង្គ» ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា តំណាងព្រឹទ្ធសភាកម្ពុជា មន្ត្រីក្រសួងការបរទេសបង់ក្លាដែស និងមន្ត្រីស្ថានទូតបង់ក្លាដែសប្រចាំទីក្រុងបាងកក និស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យបញ្ញាសាស្ត្រអន្តរជាតិ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងអ្នកសិក្សាស្រាវជ្រាវ សរុបចំនួន ១៤០នាក់។
ថ្លែងក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើថា ភូមិសាស្ត្រនយោបាយពិភពលោកនិងតំបន់ ហាក់កំពុងបត់យ៉ាងលឿន និងមានភាពស្មុគ្រស្មាញច្រើនដែលជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយពិភពលោកនិយាយជារួម ពិសេសនៅក្នុងតំបន់អាស៊ីរបស់យើងនិយាយដោយឡែក។ ស្របពេលដែលតំបន់អាស៊ីខាងកើតកំពុងឡើងកំដៅនាដើមរដូវត្រជាក់ក្នុងឆ្នាំ២០២៥នេះ អាស៊ីអាគ្នេយ៍របស់យើង និងអាស៊ីខាងត្បូង ពិតជាមិនអាចចៀសផុតពីឥទ្ធិពលនៃរលកភូមិសាស្ត្រនយោបាយនាសម័យថ្មីនេះបានឡើយ។ ឯកឧត្ដមបណ្ឌិតបន្តថា ពិតណាស់ថា បង់ក្លាដែសស្ថិតនៅជ្រុងម្ខាងនៃអាស៊ានរបស់យើងក៏ពិតមែន ប៉ុន្តែពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើននូវកិច្ចសហប្រតិបត្តការនឹងគ្នា ពិសេសជាមួយនឹងការរីកចម្រើនរហ័សក្នុងវិស័យវាយនភណ្ឌធុនស្រាល ការផលិតសម្លៀកបំពាក់, សេដ្ឋកិច្ចឌីជីថល, និងគម្រោងអភិវឌ្ឍជាច្រើនផងនោះ បង់ក្លាដែសហាក់កំពុងបង្ហាញសមត្ថភាពក្នុងនាមជាគួរអង្គគន្លឹះនៃច្រកភូមិសាស្ត្រសេដ្ឋកិច្ច យ៉ាងសំខាន់ក្នុងកាតតភ្ជាប់រវាងអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍។
ឯកឧត្ដមបណ្ឌិតបានលើកឡើងជាទស្សនទាន ថា ការបង្កើនកិច្ចសហប្រតិបត្តិកាជាមួយបង់ក្លាដែសនឹងធ្វើឱ្យអាស៊ានកាន់តែរឹងមាំលើទិដ្ឋភាពចំនួន៤គឺ ទី១. បណ្តាញពាណិជ្ជកម្មសមុទ្រ ទី២. ថាមពល និងសន្តិសុខស្បៀង ទី៣. ការតភ្ជាប់ និងទី៤. ការអភិវឌ្ឍឧស្សាហកម្ម វាយនភណ្ឌ និងនវានុវត្តន៍។ ឯកឧត្ដមបានបន្តថា ពិតណាស់ កម្ពុជាជាសមាជិកអាស៊ាននិងជាប្រទេសមិត្តរួមអភិវឌ្ឍជាមួយបង់ក្លាដែសអស់រយៈពេលជាច្រើនទសវត្សរ៍។ ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ ដើម្បីជាទិសដៅអនាគត និងការពង្រឹងសម្ព័ន្ធភាពតំបន់ ឯកឧត្ដមបណ្ឌិតយល់ឃើញថា យើងអាចពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតរវាង អាស៊ាន-កម្ពុជា-បង់ក្លាដែសដូចជា៖
- កម្មវិធីស្រាវជ្រាវរួមប្រចាំឆ្នាំ
- ការអភិវឌ្ឍច្រករបៀងសមុទ្រថ្មីៗ
- ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល
- ការជំរុញបង្កើនការធានាសន្តិសុខអាហារ និងថាមពល
- ការផ្លាស់ប្តូរសាលាបណ្តុះបណ្តាល និងកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌
ឯកឧត្ដម យៀប សំណាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសថ្លែងសុន្ទរកថាបើកសិក្ខាសាលានាព្រឹកនេះ បានគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្វែងយល់អំពីតួនាទីរបស់បង់ក្លាសដែសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ បង់ក្លាដែសគឺជាប្រទេសមានសក្ដានុពលមួយសម្រាប់អាស៊ាន ហើយសិក្ខាសាលានេះក៏នឹងបង្ហាញពីគោលនយោបាយសម្លឹងឆ្ពោះមកទិសខាងកើត នៅក្នុងការចូលរួមនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងចែករំលែកកំណើនជាមួយនឹងគ្នារវាងបង់ក្លាដែសនិងអាស៊ានផងដែរ។ ឯកឧត្ដមបន្តថា ការណ៍នេះអាចជាថាមវ័ន្តមួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនៅពេលអនាគត។
ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលាស្ដីពី៖ «បង់ក្លាដែសឆ្ពោះទៅអាស៊ាន៖ ពីម៉េកណាទៅមេគង្គ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវាគ្មិនទាំងអស់នៃសិក្ខាសាលានាព្រឹកនេះ ទាំងវាគ្មិនជាតិ ទាំងវាគ្មិនអន្តរជាតិ ដែលបានចូលរួមយោបល់ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។ ជាពិសេស ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងកោតសរសើរដោយស្មោះចំពោះកិច្ចពិភាក្សាទាំង ដែលមានភាពរស់រវើកនិងឆ្លើយតបចំៗចំពោះប្រធានបទដែលបានស្នើឡើងដោយគណៈកម្មការរៀបចំវេទិកា។ បទបង្ហាញនិងកិច្ចពិភាក្សាទាំងនេះ វាគ្មិនបានរំលេចឱ្យឃើញនូវខ្លឹមសារសំខាន់ប្រកប ដោយអត្ថន័យទាក់ទងទៅនឹងយុគសម័យថ្មី នៃការឈានជើងចូលមកកាន់អាស៊ានរបស់ប្រទេសបង់ក្លាដេស នៅចំពោះមុខដំណើរវិវត្តឥតឈប់ឈរនៃសណ្តាប់ធ្នាប់ពិភពលោកក្នុងពេលបច្ចុប្បន្ន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា ស្របពេលដែលកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រាមស៊ីវិលនោះ នៅឆ្នាំ១៩៧១ បង់ក្លាដែសបានផ្ដាច់ខ្លួនចេញពីប៉ាគីស្ថាន ក្រោយការចាកចេញពីក្រោមអាណានិគមអង់គ្លេស។ បង់ក្លាដែស ជាប្រទេសតូច តែមានបេះដូងធំ ដែលបានជួយសង្គ្រោះជនរងគ្រាសឥស្លាម ដែលរត់គេចពីសង្គ្រាមនៅប្រទេសមីយ៉ាន់ម៉ា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា ដ្បិតតែយើងមានប្រពៃណី សាសនា និងវប្បធម៌ផ្សេងគ្នា ប៉ុន្តែយើងមានបំណងធ្វើកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អជាមួយនឹងគ្នា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា ប្រទេសទាំងពីរក៏អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យទេសចរណ៍ផងដែរ ដោយប្រសិនបើប្រជាជនបង់ក្លាដែស អញ្ជើញមកទស្សនានៅក្នុងប្រទេសកម្ពុជា នឹងអាចឆ្លុះបញ្ចាំងមួយចំណែកអំពីវប្បធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ថៃ និងវៀតណាមកណ្ដាល។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមថា ដំណើរឆ្ពោះមកកាន់អាស៊ានរបស់បង់ក្លាដែស ត្រូវដើរនៅលើផ្លូវឆ្ពោះទៅមុខបន្តទៀត ដោយបង់ក្លាដែសត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួនដូចដែលវាគ្មិនទាំងអស់បានលើកឡើង ព្រមទាំងត្រូវជំរុញពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន ពិសេសការលើកកម្ពស់ទំនាក់ទំនងការទូត តាមរយៈការដាក់តាំងស្ថានទូតនៅបណ្ដាប្រទេសនីមួយៗ ដូចជានៅព្រះរាជាណាចក្រកម្ពុជាជាដើម។ ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបង្ហាញសេចក្ដីរំពឹងថា បង់ក្លាដែស និងអាស៊ាននិយាយជារួម និងបង់ក្លាដែស-កម្ពុជា ពិតជានឹងអាចឈានទៅដល់ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀតនៅពេលខាងមុខនេះ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងពិធីការ