ដោយបណ្ឌិត គិន ភា
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា
ក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់នៃមាតុភូមិយើង «ភ្លើងគ្មានអណ្ដាតនិងកម្ដៅគ្មានផ្សែង» គឺជាសញ្ញាណនៃសង្គ្រាមឈ្លានពានរបស់ថៃ ដែលអនុវត្តមកលើទឹកដីខ្មែរយើងអស់រាប់សតវត្សរ៍មកហើយ។ ការឈឺចាប់របស់ប្រជាជនកម្ពុជាដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃ គឺជាដំបៅដែលកប់ដ៏សែនជ្រៅក្នុងបេះដូងឈាមជ័រខ្មែរគ្រប់រូប ដែលវាមិនងាយនឹងព្យាបាលឱ្យជាសះស្បើយបានឡើយ។
ចាប់តាំងពីសតវត្សរ៍ទី១៣មក មហិច្ឆតាវាតទីនិយមរបស់ថៃបានលេបត្របាក់ទឹកដីមាតុភូមិយើងអស់ជិត៤០ខេត្ត ហើយរហូតមកដល់បច្ចុប្បន្ន ឧបាយកលដ៏ខ្មៅកខ្វក់ក្នុងគោលបំណងរំលោភបំពានអធិបតេយ្យជាតិយើងនៅតែបន្តកើតមានយ៉ាងគឃ្លើន។ ជាក់ស្តែង ក្នុងរយៈពេលជាងកន្លះឆ្នាំ ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២៥ មក ដើម្បីបម្រើមហិច្ឆតាឈ្លានពាននិងលេបត្របាក់ទឹកដីខ្មែរយើងឱ្យខាងតែបាន ថៃបានប្រព្រឹត្តនូវអំពើសាហាវ ឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៌បំផុត។
មហិច្ឆតារបស់សត្រូវមិនត្រឹមតែសំដៅលើការលេបត្របាក់ទឹកដីប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានប្រើប្រាស់គ្រប់មធ្យោបាយដ៏ពិសពុល ដើម្បីជីករំលើងឫសគល់នៃជាតិសាសន៍ខ្មែរយើង។ សត្រូវប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ យន្តហោះចម្បាំងទម្លាក់គ្រាប់បែក និងឧស្ម័នពុល ដើម្បីសម្លាប់រង្គាលប្រជាជននិងវីរកងទ័ពយើងយ៉ាងអមនុស្សធម៌។ ពួកគេបានកម្ទេចសាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន ផ្ទះសំបែង និងភូមិករប្រជាជនខ្មែរយើងឱ្យក្លាយជាផេះផង់ ជាពិសេសបានបាញ់និងទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទបុរាណ ដែលជាព្រលឹងជាតិយើងស្ទើរតែរាបដល់ដី។
វីរកងទ័ពយើងដែលឈរជើងការពារមាតុភូមិ ត្រូវបានពួកគេសម្លាប់ក្នុងរូបភាពដ៏សាហាវ ឃោរឃៅ យង់ឃ្នង និងប្រើឧបាយកលចាប់ឃុំខ្លួនធ្វើទារុណកម្មយ៉ាងថោកទាបបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានយកបន្លាលួសនិងទូកុងតឺន័រមកហ៊ុមព័ទ្ធបិទជិត ក្នុងបំណងប្លន់យកភូមិករនិងទីអារាមសក្ការៈ ដែលប្រជាជនខ្មែរបានតាំងទីលំនៅនិងគោរពបូជារាប់ជំនាន់មកហើយ។
តាមរយៈមហិច្ឆតាវាតទីនិយមតពូជ ពួកគេបានគូសផែនទីដោយឯកតោភាគី ដើម្បីប្លន់យកទឹកដីខ្មែរតាមតែទំនើងចិត្ត ព្រមទាំងប្រើល្បិចកលលាបពណ៌សម្អុយឈ្មោះកម្ពុជាលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ នេះគ្រាន់តែជាចំណែកមួយតែប៉ុណ្ណោះ នៅមានរូបភាពដ៏អាក្រក់ សាហាវ ព្រៃផ្សៃ ឃោរឃៅ និងពិសពុលជាច្រើនទៀត ដែលពួកគេបាននិងកំពុងបន្តធ្វើមកលើប្រជាជាតិយើងដោយឥតឈប់ឈរ។
សោកនាដកម្មនៃសង្គ្រាមឈ្លានពានដែលបង្កឡើងដោយប្រទេសថៃ បានបន្សល់ទុកនូវរបួសដួងចិត្តយ៉ាងខ្លោចផ្សាបំផុត។ គ្រួសារខ្មែររាប់រយបានបាត់បង់សសរទ្រូងនៃគ្រួសារ ដែលជាឪពុក ស្វាមី និងកូនចៅ ដែលជាវីរកងទ័ពបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដី។ ជាមួយគ្នានេះ ក្រុមគ្រួសារប្រជាជនស៊ីវិលជាច្រើនទៀត ក៏បានរងនូវទុក្ខវេទនាឥតឧបមា ដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់ និងការធ្លាក់ខ្លួនក្នុងស្ថានភាពរបួសពិការដោយសារការបាញ់ប្រហារយ៉ាងព្រៃផ្សៃពីសំណាក់ទាហានថៃ។
ប្រាសាទបុរាណត្រូវខ្ទេចខ្ទាំ ស្ពានត្រូវបាក់បែក ផ្លូវត្រូវកាត់ផ្ដាច់ វត្តអារាម មន្ទីរពេទ្យ សាលារៀន និងភូមិករ ត្រូវបានបំផ្លិចបំផ្លាញនិងដុតកម្ទេចឱ្យក្លាយជាផេះផង់។ ទ្រព្យសម្បត្តិនិងលុយកាក់ដែលប្រជាជនខ្មែរយើងខិតខំសន្សំមួយជីវិត ត្រូវបានទាហានឈ្លានពានលួចប្លន់យកទៅអស់ស្ទើរគ្មានសល់។
នៅចំពោះមុខយើងនាពេលនេះ ប្រាសាទបុរាណដែលធ្លាប់ជាទីសក្ការៈ នៅសល់ត្រឹមតែគំនរថ្មបាក់បែក, ស្ពានសល់ត្រឹមតែបង្គោលគ្មានមនុស្សឆ្លង ផ្លូវដែលធ្លាប់តែអ៊ូអរដោយមធ្យោបាយធ្វើដំណើរនានា ប្រែជាស្ងាត់ជ្រងំគ្មានមនុស្សដើរ, វត្តអារាមធ្លាប់តែឮសំឡេងធម៌និងជាទីបង្អែកខាងផ្នែកស្មារតី ប្រែក្លាយជាទីស្ងប់ស្ងាត់លែងមានព្រះសង្ឃគង់នៅ, មន្ទីរពេទ្យដែលធ្លាប់ជាមជ្ឈមណ្ឌលស្រោចស្រង់ជីវិតមនុស្ស ប្រែក្លាយជាទីស្មសានគ្មានគ្រូពេទ្យនិងអ្នកជំងឺ, សាលារៀនដែលធ្លាប់តែឮសូរសំឡេងសូត្រមេរៀនរបស់សិស្សនិងសំឡេងទូន្មានរបស់គ្រូ ប្រែក្លាយជាស្ងាត់ជ្រងំជាមួយនឹងអគារបែកបាក់, ចំណែកឯផ្ទះសំបែងដែលធ្លាប់ជាលំនៅដ៏សុខសាន្ត សល់ត្រឹមសំណល់បែកបាក់និងផេះផង់ដែលហុយតាមខ្យល់។ ជនភៀសសឹកនៅសល់ត្រឹមតែសម្បកខ្លួនជាមួយនឹងដំបៅដួងចិត្តដ៏សែនជ្រៅ និងជំងឺតក់ស្លុតដ៏ធ្ងន់ធ្ងរដែលមិនដឹងថ្ងៃណាអាចជាសះស្បើយ។
ប្រជាជនស៊ីវិលជាងកន្លះលាននាក់ ខ្លះកំពុងរស់នៅយ៉ាងវេទនាក្នុងមណ្ឌលភៀសសឹក ជាមួយនឹងសេចក្តីភ័យតក់ស្លុតដែលតាមលងបន្លាចពួកគេគ្រប់ដង្ហើមចេញចូល។ ស្រមោលនៃភ្លើងសង្គ្រាមឈ្លានពាន សូរគ្រហឹមនៃយន្តហោះចម្បាំង និងស្នូរគ្រាប់ផ្លោងដែលបុកផ្ទុះកម្ទេចភូមិករនិងផ្ទះសំបែង នៅតែបន្តរង្គោះរង្គើលងបន្លាចដួងព្រលឹងពួកគេរៀងរាល់យប់ថ្ងៃ។
ក្នុងស្ថានភាពដែលគ្មានភាពប្រាកដប្រជានេះ ពួកគេរស់នៅទាំងមន្ទិលថា មិនដឹងថ្ងៃណានឹងបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងជាទីមនោរម្យដែលដូនតាធ្លាប់រស់នៅរាប់ជំនាន់មកហើយវិញ? អ្វីដែលកាន់តែខ្លោចផ្សា គឺការប្រឈមនឹងការចាប់ផ្តើមជីវិតជាថ្មីដោយបាតដៃទទេ ស្របពេលដែលបន្ទុកបំណុលធនាគារកំពុងជិះជាន់ពីលើ រឹតតែធ្វើឱ្យអនាគតរបស់ពួកគេកាន់តែងងឹតសូន្យសុង។
សម្រាប់សហគមន៍អន្តរជាតិ ការស្ងាត់ស្នូរគ្រាប់កាំភ្លើង ភ្លើងសង្គ្រាមលែងមានអណ្តាត ផ្សែងនៅសមរភូមិលែងហុយគ្របដណ្ដប់មេឃ យើងអង្គុយនៅតុចរចា ក្រដាសពីរបីសន្លឹកត្រូវបានចុះហត្ថលេខា នោះគេសន្មតថា ជាជោគជ័យហើយ សង្គ្រាមចប់ហើយ។
សម្រាប់យើង នៅមានបញ្ហារាប់ពាន់ជំពូកដែលត្រូវរួមគ្នាដោះស្រាយដោយស្មារតីភ្ញាក់រឭក។ សន្តិភាពដែលចារឹកត្រឹមតែនៅលើក្រដាស វាមិនទាន់អាចលុបលាងស្នាមឈាមដែលបានហូរ និងព្យាបាលដំបៅដួងចិត្តដ៏សែនជ្រៅរបស់ប្រជាជាតិរងគ្រោះបាននៅឡើយទេ។
ក្រដាសពីរបីសន្លឹកនេះមិនអាចពន្លត់ភ្លើងសង្គ្រាមឈ្លានពានដ៏សន្ធោសន្ធៅ ដែលសត្រូវតែងតែដុតបញ្ឆេះមកលើជាតិសាសន៍យើងនោះឡើយ។ សត្រូវឈ្លានពាននៅតែព្យាយាមបង្កើតលេស និងរៀបចំសេណារីយោសព្វបែបយ៉ាង ដើម្បីបញ្ឆេះសង្គ្រាមឈ្លានពានរបស់ពួកគេសាជាថ្មីទៀតគ្រប់ពេលវេលា។ ក្រដាសពីរបីសន្លឹកនេះ វាមិនអាចបិទបាំងមហិច្ឆតាវាតទីនិយមដែលចាក់ឫសរាប់សតវត្សរ៍របស់ថៃមកលើទឹកដីខ្មែរបានឡើយ។
ទោះជាយ៉ាងណា យើងមិនត្រូវបណ្ដោយឱ្យជាតិសាសន៍យើងធ្លាក់ក្នុងភាពទ័លច្រក ឬសម្ងំស្ងៀមឱ្យសត្រូវមកជាន់ឈ្លី រំលោភបំពាន និងប្រមាថមកលើអធិបតេយ្យភាពជាតិយើងតាមអំពើចិត្តនោះឡើយ។ ភារកិច្ចចំពោះមុខដែលយើងត្រូវធ្វើជាបន្ទាន់នាពេលនេះ គឺការប្រញាប់ប្រញាល់ស្ដារនិងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលត្រូវបានបំផ្លិចបំផ្លាញ។ យើងត្រូវរៀបចំទីជម្រក បង្កើតមុខរបរ និងផ្ដល់ដើមទុនដល់បងប្អូនជនភៀសសឹកដែលបានបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិក្រោមអំពើបំផ្លិចបំផ្លាញរបស់ទាហានថៃ ដើម្បីផ្ដល់ក្ដីសង្ឃឹមនិងជីវិតថ្មីដល់ពួកគាត់ឡើងវិញ។
សាលារៀនត្រូវតែកសាងឡើងវិញដើម្បីឱ្យកុមារបានបន្តការសិក្សា មន្ទីរពេទ្យត្រូវស្ដារឡើងវិញ ដើម្បីព្យាបាលនិងថែទាំសុខភាពប្រជាជន ហើយវត្តអារាមត្រូវតែកសាងឡើងវិញដើម្បីជាទីសក្ការៈបូជា និងជាបង្អែកស្មារតី។ ទន្ទឹមនឹងនេះ យើងត្រូវតែអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ឱ្យចូលរួមជួយជួសជុលប្រាសាទបុរាណរបស់យើងឡើងវិញ ព្រោះសម្បត្តិវប្បធម៌ទាំងនេះគឺជាបេតិកភណ្ឌរបស់មនុស្សជាតិលើភពផែនដីទាំងមូល មិនមែនជារបស់ខ្មែរតែម្នាក់ឯងនោះទេ។
ជាមួយគ្នានោះដែរ យើងត្រូវតែតស៊ូតាមផ្លូវច្បាប់យ៉ាងដាច់អហង្ការបំផុត ដើម្បីបង្ខំឱ្យភាគីថៃសងយុត្តិធម៌ និងប៉ះប៉ូវរាល់ការខូចខាតទាំងឡាយណាដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ពួកគេមកលើប្រជាជាតិយើង។ យុត្តិធម៌ត្រូវតែមានសម្រាប់ជាតិសាសន៍ខ្មែរយើង។
ឆ្លើយតបចំពោះមេរៀនដ៏ជូរចត់និងដ៏សែនឈឺចាប់នៃអំពើឈ្លានពានរបស់ថៃនេះ និង ចំពោះមុខសណ្ដាប់ធ្នាប់ពិភពលោកមិនប្រាកដប្រជា យើងត្រូវតែរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីកសាងជាតិយើងឱ្យខ្លាំង រឹងមាំ និងមានភាពម្ចាស់ការទាំងស្រុងលើជោគវាសនាខ្លួនឯង។ យើងត្រូវតែមានភាពក្លាហានក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរដ្ឋឱ្យបានស៊ីជម្រៅ ព្រោះកំណែទម្រង់ផ្ទៃក្នុងដ៏ពិតប្រាកដ គឺជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតសម្រាប់ពង្រឹងភាពរឹងមាំនៃជាតិសាសន៍យើង។
យើងមិនត្រូវការគ្រាន់តែគោលនយោបាយដែលតាក់តែងឡើងយ៉ាងពិរោះត្រឹមតែនៅលើក្រដាសទេ ប៉ុន្តែអ្វីដែលយើងត្រូវការជាចាំបាច់គឺគោលនយោបាយដែលអាចអនុវត្តបាននិងផ្ដល់លទ្ធផលជាក់ស្ដែងជូនប្រជាជននិងសង្គមជាតិ។ ជាចំណាត់ការអាទិភាពចំពោះមុខ យើងត្រូវតែមានភាពក្លាហានក្នុងការវះកាត់និងលុបបំបាត់អំពើពុករលួយនិងបក្សពួកនិយម ដែលជាមេរោគស៊ីរូងផ្ទៃក្នុងបំផ្លាញជំនឿចិត្តរបស់រាស្ត្រ និងធ្វើឱ្យអំណាចរដ្ឋទន់ខ្សោយចំពោះមុខសត្រូវឈ្លានពាន។
ទន្ទឹមនឹងនេះ យើងត្រូវតែហ៊ានប្រើប្រាស់ធនធានមនុស្សដោយផ្អែកលើគោលការណ៍ «គុណាធិបតេយ្យ» (Meritocracy) ឱ្យបានពិតប្រាកដនិងមានឆន្ទៈមោះមុតក្នុងការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋបាលនិងមុខតំណែងសំពីងសំពោងដែលលើសពីសេចក្ដីត្រូវការជាក់ស្ដែង និងដែលកំពុងបង្ហិនថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ រដ្ឋបាលជាតិមានបរិយាបន្ន ស្អាតស្អំ និងមានប្រសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះនៃភាពធន់នៃស្ថាប័នជាតិ។
យើងត្រូវតែធ្វើកំណែទម្រង់វិស័យការពារជាតិជាបន្ទាន់និងស៊ីជម្រៅបំផុត។ វិស័យការពារជាតិមួយដែលរឹងមាំ មិនមែនអាស្រ័យតែទៅលើការបំពាក់នូវសព្វាវុធនិងបច្ចេកវិទ្យាទំនើបចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលជាគ្រឹះដ៏សំខាន់បំផុត គឺការកសាងកងទ័ពដែលមានវិន័យម៉ឺងម៉ាត់ មានវិជ្ជាជីវៈខ្ពស់ និងមានស្មារតីស្នេហាជាតិឥតងាករេ។
ទន្ទឹមនឹងនេះ យើងត្រូវតែបោសសម្អាតអំពើពុករលួយក្នុងជួរកងទ័ពឱ្យអស់ ដើម្បីធានាថា ជីវភាពនិងសុខុមាលភាពរបស់វីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត។ កងទ័ពដែលខ្លាំងពិតប្រាកដ គឺជាកងទ័ពដែលប្រជាជនស្រឡាញ់ពេញចិត្តនិងជាកងទ័ពដែលសត្រូវកោតញញើតគ្រប់ពេលវេលា។
យើងត្រូវតែធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិឱ្យមានពិពិធភាពនិងភាពធន់ខ្ពស់បំផុត។ យើងមិនអាចបន្តពឹងផ្អែកលើដង្ហើមសេដ្ឋកិច្ចតែមួយច្រកឬផ្អែកលើការអនុគ្រោះពីបរទេសបានទៀតឡើយ។ យើងត្រូវតែកសាងគ្រឹះនៃភាពធន់តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យបានទូលំទូលាយ ពង្រឹងផលិតកម្មក្នុងស្រុកឱ្យមានភាពម្ចាស់ការ និងកាត់បន្ថយជាអតិបរមានូវការនាំចូលទំនិញពីប្រទេសដែលកំពុងឈ្លានពានយើង។ សេដ្ឋកិច្ចដែលខ្លាំងនិងមានភាពឯករាជ្យ គឺជាបង្អែកដ៏មានឥទ្ធិពលបំផុតសម្រាប់វិស័យការពារជាតិដ៏រឹងមាំ និងជាខែលការពារអធិបតេយ្យជាតិឱ្យបានគង់វង្ស។
យើងត្រូវតែផ្ដល់អាទិភាពខ្ពស់បំផុតក្នុងការកសាងមូលធនមនុស្ស ដើម្បីជាគ្រឹះនៃអំណាចជាតិយើង។ យើងត្រូវតែបណ្ដុះបណ្ដាលយុវជនឱ្យមានគុណភាពនិងផលិតភាពខ្ពស់ប្រកបដោយចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ គុណធម៌ សុខភាពល្អមាំមួន និងមានមនសិការស្នេហាជាតិដ៏មុតស្រួច។ ក្នុងន័យនេះ រដ្ឋនិងវិស័យឯកជនត្រូវតែចាប់ដៃគ្នាបង្កើត «មូលនិធិកសាងមូលធនមនុស្សកម្រិតខ្ពស់» ដោយចាក់បញ្ចូលថវិកាយ៉ាងសន្ធឹកសន្ធាប់ទៅលើការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។
យើងត្រូវមានកម្មវិធីផ្ដល់អាហារូបករណ៍ថ្នាក់ជាតិ ដើម្បីបញ្ជូននិស្សិតឆ្នើមទៅសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ព្រមទាំងត្រូវពង្រឹងនិងបង្កើតសាកលវិទ្យាល័យដែលមានគុណភាពកម្រិតអន្តរជាតិនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីបណ្ដុះធនធានយុវជនបន្តវេន។ យុវជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីដែលនៅសេសសល់និងជាអ្នកលាងជម្រះនូវភាពអាម៉ាស់ពីអតីតកាល។
យើងត្រូវបណ្តុះស្មារតីសាមគ្គី ឯកភាពជាតិ និងទស្សនវិជ្ជា ដើម្បីមនុស្សជំនាន់ក្រោយ។ សាមគ្គីនិងឯកភាពជាតិ គឺជាខែលការពារមាតុភូមិដ៏មានអានុភាពបំផុត។ ក្នុងន័យនេះ យើងត្រូវតែលុបបំបាត់ការរើសអើងនយោបាយដែលនាំឱ្យមានការបែកបាក់ផ្ទៃក្នុង ដែលផ្តល់ឱកាសឱ្យសត្រូវរុញច្រានមហិច្ឆតារបស់ពួកគេ និងត្រូវលើកកម្ពស់យុត្តធម៌សង្គម។
យើងត្រូវគិតគូរដល់អនាគតយូរអង្វែងសម្រាប់ជាតិយើង។ អ្នកដឹកនាំនិងអ្នកនយោបាយគ្រប់និន្នាការ ត្រូវគិតដល់ «មនុស្សជំនាន់ក្រោយ» ជាធំ ជាជាងគិតតែពីការឈ្នះឆ្នោតក្នុង «អាណត្តិក្រោយ»។ អ្នកដឹកនាំនិងអ្នកនយោបាយត្រូវប្រាកដក្នុងចិត្តថា ការសម្រេចចិត្តរបស់ខ្លួននៅថ្ងៃនេះត្រូវធានាថា កូនខ្មែររាប់រយរាប់ពាន់ឆ្នាំខាងមុខ នៅតែមានទឹកដីរស់នៅនិងមានកិត្តិយសលើឆាកអន្តរជាតិ។
ទន្ទឹមនឹងការកសាងកម្លាំងផ្ទៃក្នុង យើងត្រូវតែធ្វើពិពិធកម្មការទូត និងប្រកាន់ខ្ជាប់នូវនយោបាយការបរទេសដែលឆ្លាតវៃ (Smart), បត់បែន (Flexible), រហ័សរហួន (Agile), ប្រកបដោយគោលការណ៍ (Principled) និងជាក់ស្តែងនិយម (Pragmatic) ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង ដើម្បីកសាងរបងការពារអធិបតេយ្យជាតិ និងធានាការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិឱ្យបានជាដាច់ខាត។
នយោបាយការបរទេសនេះមិនត្រឹមតែជាការចរចានៅលើតុប៉ុណ្ណោះទេ ប៉ុន្តែគឺជាសមរភូមិការពារជាតិដោយមិនប្រើគ្រាប់កាំភ្លើង ដែលត្រូវប្រើប្រាស់យន្តការច្បាប់និងសម្ព័ន្ធ-ភាពអន្តរជាតិដើម្បីលាតត្រដាងមហិច្ឆតាវាតទីនិយមគ្រប់រូបភាព ព្រមទាំងជំរុញ ការទូត សេដ្ឋកិច្ចឱ្យមានភាពម្ចាស់ការ ដើម្បីពង្រឹងសំឡេងរបស់ខ្មែរយើងលើឆាកអន្តរជាតិ ឱ្យកាន់ តែមានអំណាចនិងសេចក្តីថ្លៃថ្នូរ។
ទន្ទឹមនឹងនេះ យើងត្រូវតែលើកកម្ពស់ការទូតព័ត៌មានឱ្យបានមុតស្រួចតាមរយៈការ ពង្រឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការតភ្ជាប់យ៉ាងសកម្មជាមួយបណ្តាញសារព័ត៌មាន អន្តរជាតិធំៗ ដើម្បីបកស្រាយសច្ចភាពនិងផ្សព្វផ្សាយរូបភាពវិជ្ជមាន ពីកម្ពុជាទៅកាន់ ពិភព លោក។ យើងត្រូវប្រើប្រាស់ឥទ្ធិពលនៃព័ត៌មានពិត ជាអាវុធយុទ្ធសាស្ត្រសម្រាប់វាយបក ទៅនឹងរាល់ការបំភ្លៃការពិត និងល្បិចលាបពណ៌សម្អុយឈ្មោះពីសំណាក់សត្រូវឈ្លានពាន ព្រមទាំងបង្ហាញឱ្យពិភពលោកបានឃើញច្បាស់នូវភាពត្រឹមត្រូវ យុត្តិធម៌ និងឆន្ទៈដ៏មោះមុតរបស់ប្រជាជាតិយើងក្នុងការការពារសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យជាតិ។
ជារួម យើងត្រូវដក់ជាប់ក្នុងមនសិការជានិច្ចថា ភ្លើងសង្គ្រាមមិនមែនរលត់ទៅវិញត្រឹមតែនៅពេលដែលស្នូរអាវុធត្រូវបានស្ងប់ស្ងាត់នោះឡើយ ប៉ុន្តែវានៅតែបន្តឆេះរោលរាលក្នុងសុខភាពផ្លូវចិត្ត វិបត្តិសេដ្ឋកិច្ច និងជោគវាសនាអនាគតរបស់ប្រជាជនខ្មែរគ្រប់រូប។ មានតែតាមរយៈការកសាងជាតិឱ្យរឹងមាំពីខាងក្នុង តាមរយៈការសម្អាតផ្ទះយើងឱ្យស្អាត លុបបំបាត់អំពើពុករលួយនិងបក្សពួកនិយមឱ្យអស់ពីប្រព័ន្ធអភិបាលកិច្ចរដ្ឋ ការពង្រឹងខឿនសេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់យុត្តិធម៌សង្គម ប្រកាន់ខ្ជាប់នយោបាយការបរទេសឆ្លាតវៃ និងពង្រឹងការទូតព័ត៌មានដើម្បីផ្សាយសច្ចភាពពីកម្ពុជាទៅកាន់ពិភពលោក ព្រមទាំងការរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងការពង្រឹងឯកភាពជាតិដ៏រឹងមាំដ៏ពិតប្រាកដប៉ុណ្ណោះ ទើបជាខែលប្រកបដោយមហានុភាព ដែលគ្មានមហិច្ឆតាឈ្លានពានណាមួយអាចមកបំបែកបំបាក់ឬបំផ្លាញអធិបតេយ្យនិងបូរណភាពទឹកដីយើងបានឡើយ៕