(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០ នាទីព្រឹក ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី៖ «ម៉ូដែលនៅក្នុងអក្ខរវិធីសំណងសូរសព្ទនៃពាក្យកម្ចីក្នុងភាសាខ្មែរបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា។

 

សិក្ខាសាលាស្ដីពី៖ «ម៉ូដែលនៅក្នុងអក្ខរវិធីសំណងសូរសព្ទនៃពាក្យកម្ចីក្នុងភាសាខ្មែរបច្ចុប្បន្ន» ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវបែបវិទ្យាសាស្ត្រទាក់ទងនឹងការបង្ហាញពីផែនទីតម្រាយនៃភាពឆ្លើយតបគ្នារវាងសទ្ទតានិងអក្សរ (phoneme-grapheme mapping) ក្នុងការធ្វើខ្មែរនីយកម្មសូរនៃភាសាបរទេសដែលគ្មានក្នុងប្រព័ន្ធសទ្ទតាភាសាខ្មែរឱ្យស្របតាមសូរនៃភាសាខ្មែរដែលមានស្រាប់ ដោយយកលំនាំតាមម៉ូដែលខ្មែរនីយកម្មនៃភាសាបាលីសំស្ក្រឹតដែលបានអនុវត្តដោយជោគជ័យរួច មកហើយក្នុងវចនានុក្រមខ្មែរ បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ឆ្នាំ១៩៦៧-១៩៦៨ ផែនទីតម្រាយនៃភាពឆ្លើយតបគ្នារវាងសទ្ទតានិងអក្សរ(phoneme-grapheme mapping)ដែល ជាលទ្ធផលនៃការស្រាវជ្រាវនេះ មានគោលបំណងធ្វើឱ្យមានភាពងាយស្រួល និងធ្វើឱ្យមានឯកភាព ក្នុងកម្ចីសូរសព្ទដែលអាចសម្រេចជាគោលការណ៍ឯកភាពមួយអនុវត្តក្នុងភាសាខ្មែរទៅអនាគត ព្រមទាំងអាចរក្សាបាននូវអត្តសញ្ញាណជាតិ។

 

ក្នុងឱកាសថ្លែងសុន្ទរកថាបើកសិក្ខាសាលានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់ថា ថ្ងៃនេះមិនមែនជាថ្ងៃថ្មីទេ តែជាការបន្តសម្រាប់ការរីកចម្រើននៅក្នុងការបង្កើតពាក្យនិងភាសា។ ជាតិសាសន៍នីមួយៗ យើងអាចបាត់បង់អ្វីបាន ប៉ុន្តែមិនអាចបាត់បង់ វប្បធម៌ អរិយធម៌ និងភាសាកំណើតរបស់ខ្លួនបានទេ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍ថា ខ្មែរយើងគួរតែព្យាយាមប្រើប្រាស់ភាសាកំណើតរបស់ខ្លួនឱ្យបានអស់ពីលទ្ធភាព មុននឹងការប្រើប្រាស់ភាសាកម្ចីជាភាសាបរទេសផ្សេងៗ ក្រៅពីភាសាបាលីសំស្ក្រឹតដែលត្រូវបានធ្វើខ្មែរនីយកម្មចូលមកក្នុងភាសាខ្មែរ។ ដូច្នេះ យើងត្រូវរួមគ្នាដើម្បីផលប្រយោជន៍សង្គមជាតិ និងមនុស្សជំនាន់ក្រោយ។ ដូនតាខ្មែរ អាចបង្កើតអង្គរវត្តសម្រាប់យើងជាមនុស្សជំនានក្រោយ ដូច្នេះ យើងក៏ត្រូវបន្សល់នូវកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

 

 

 

ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានមានប្រសាសន៍លើកឡើងថា ក្នុងសម័យសាកលភាវូបនីយកម្ម ការអភិរក្សនិងការអភិវឌ្ឍភាសាជាតិពិតជាមានសារៈសំខាន់ដើម្បីរក្សាអត្តសញ្ញាណជាតិ និងការអភិវឌ្ឍ​។ ការបង្កើតពាក្យបច្ចេកទេសថ្មីៗ គឺជាភារកិច្ចមួយដែលមិនអាចចៀសវាងបាន នៅខណៈដែលយើងផ្ដល់ឋានៈភាសានិងអក្សរខ្មែរជាភាសានិងអក្សរផ្លូវការ។ នៅពេលដែលភាសាខ្មែរយើងមានពាក្យកាន់តែច្រើន និងការប្រើប្រាស់ឯកភាពគ្នា នោះការសិក្សា ការស្រាវជ្រាវ ការងារក្នុងក្រសួងស្ថាប័ន ក្នុងវិស័យអាជីវកម្ម ឬទំនាក់ទំនងនានា នឹងមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព​។ ឯកឧត្ដមបណ្ឌិតបន្តថា ក្រុមប្រឹក្សាជាតិភាសាខ្មែរបានរៀបចំសិក្ខាសាលាច្រើនដងរួចមកហើយ ដើម្បីស្រង់មតិយោបល់និងអនុសាសន៍ ពីអ្នកចូលរួម ពីសាធារណជន ដែលក្នុងនោះ មតិយោបល់ជាច្រើន ស្នើយោបល់ថា គួរយកតាមលំនាំសូរដែលភាសាខ្មែរមានស្រាប់ ដើម្បីជំនួសសូរនៅក្នុងពាក្យភាសាបរទេស។ ដូច្នេះ ការសិក្សាអំពីបញ្ហាឆ្លើយគ្នារវាងសូរនិងអក្សរក្នុងប្រព័ន្ធសំណេររបស់ខ្មែរយើងនៅក្នុងលក្ខណៈជាប្រព័ន្ធពិតជាសំខាន់។ 

 

ឯកឧត្ដមបណ្ឌិតបានបង្ហាញក្ដីរំពឹងថា លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងជាឯកសារមួយសម្រាប់ជំនួយស្មារតី នៅក្នុងការបង្កើតពាក្យ និងនៅក្នុងការអនុម័តពាក្យតទៅអនាគត ហើយឯកឧត្ដមបណ្ឌិតសង្ឃឹមថា អង្គសិក្ខាសាលាទាំងមូលនឹងយកចិត្តទុកដាក់ស្ដាប់ និងពិចារណា ព្រមទាំងផ្ដល់ជាមតិយោបល់ដើម្បីកែលម្អជាមិនខាន។

 

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាស្ដីពី៖ «ម៉ូដែលនៅក្នុងអក្ខរវិធីសំណងសូរសព្ទនៃពាក្យកម្ចីក្នុងភាសាខ្មែរបច្ចុប្បន្ន» នាព្រឹកនេះ ទទួលបនាការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា  ថ្នាក់ដឹកនាំនិងសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រធាននិងសមាជិកគណៈកម្មការបច្ចេកសព្ទទាំង១៧នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកសិក្សាស្រាវជ្រាវ សរុបចំនួន ១៥០នាក់៕

 

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ