(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជានិងគ្រឹះស្ថានបោះពុម្ពផ្សព្វផ្សាយនិងចែកចាយស៊ីនហួរស៊ីឈួន រួមគ្នារៀបចំពិធីផ្សព្វផ្សាយសៀវភៅរឿងព្រេងនិទានចិនជាភាសាខ្មែរ និងពិភាក្សាគ្នាបន្តការបកប្រែសៀវភៅរឿងនិទាននិងរឿងអក្សរសិល្ប៍កម្ពុជា-ចិន នៅឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក Zhou Qing លេខាបក្សនិងជាអគ្គនាយកគ្រឹះស្ថានបោះពុម្ពផ្សព្វផ្សាយនិងចែកចាយស៊ីហួរស៊ីឈួន។
នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅរឿងព្រេងនិទានចិនជាភាសាខ្មែរនាព្រឹកនេះ ភាគីទាំងពីរ រាជបណ្ឌិត្យសភាកម្ពុជានិងគ្រឹះស្ថានបោះពុម្ពផ្សព្វផ្សាយនិងចែកចាយស៊ីនហួរស៊ីឈួន បានរួមគ្នារៀបចំពិធីផ្សព្វផ្សាយស្នាដៃ «ខ្ញុំឈ្មោះ ហួ មូឡាន» និង «ការសម្ងាត់នៃឃ្លោកវេទមន្ត» ជាខេមរភាសា ដែលជាការសហការរួមគ្នារវាងស្ថាប័នទាំងពីរ ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការបកប្រែឯកសារទាំងពីរខាងលើនេះ ដើម្បីធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ រៀនសូត្រនិងយល់ដឹងអំពីគុណតម្លៃនៃប្រពៃណី ទំនៀមទម្លាប់នៃជាតិសាសន៍គ្នាទៅវិញទៅមក។ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានគូសរំឭកផងដែរ អំពីជ្រុងមួយនៃប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិនគឺ កាលពីសតវត្សរ៍ទី១៣-១៤ ដោយមានជំនួយពីម៉ុងហ្គោលដែលបានគ្រប់គ្រងនៅប្រទេសចិនផងដែរនោះ ជនជាតិតៃ (ដែលក្រោយមកប្ដូរឈ្មោះទៅជាសៀម និងចុងក្រោយប្រែឈ្មោះហៅថាថៃ) បានវាយដណ្ដើមកាន់កាប់ខេត្តខ្មែរជាបន្តបន្ទាប់ សរុបប្រមាណជា១៩ខេត្ត និងកាន់កាប់រហូតមកដល់បច្ចុប្បន្ន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា ជនជាតិតៃបានធ្វើដំណើរពីខេត្តគុនមីង មកកាន់ភាគខាងត្បូង និងទន្ទ្រានយកទឹកដីប្រទេសកម្ពុជា ហើយធ្វើឱ្យមានការបែកបាក់គ្នានូវជនជាតិខ្មែរកណ្ដាល និងខ្មែរលើ ដែលគេច្រើនហៅថាខ្មែរសុរិន្ទជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានកត់សម្គាល់ថា នេះជាចំណែកមួយនៃប្រវត្តិសាស្ត្រ ដែលយើងមិនអាចកោសលុបបាននោះឡើយ។
លោក Zhou Qing បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ និងក្រុមការងារចំពោះការរៀបចំជំនួបពិភាក្សានាព្រឹកនេះ និងបានជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យថា កាលពីឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ និងឯកឧត្ដមបណ្ឌិត ផុន កសិកា បានដឹកនាំក្រុមការងារទៅបំពេញទស្សនកិច្ចនៅខេត្តស៊ីឈួនដោយផ្ទាល់។ លោកបានបន្តថា ក្រោយដំណើរទស្សនកិច្ចរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច នៅខេត្តស៊ីឈួន ក្រុមការងារនៃស្ថាប័នទាំងពីរ បានឈានទៅសម្រេចការបោះពុម្ពសៀវភៅចំនួន៣ក្បាលនៅឆ្នាំ២០២៥ និងគ្រោងបោះពុម្ពផ្សាយសៀវភៅបន្ថែមទៀតចំនួន ៧ក្បាលនៅឆ្នាំ២០២៦ និងគ្រោងបោះពុម្ពផ្សាយសៀវភៅចំនួន២ក្បាលទៀតនៅឆ្នាំ២០២៧។
នៅក្នុងជំនួបពិភាក្សានាព្រឹកនេះ ភាគីទាំងពីរក៏បានឯកភាពគ្នានៅក្នុងការសហការគ្នាបកប្រែសៀវភៅរឿងនិទាន និងរឿងអក្សរសិល្ប៍កម្ពុជា-ចិន នៅឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀតផងដែរ ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ដោយនៅក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជានិងគ្រឹះស្ថានបោះពុម្ពផ្សព្វផ្សាយនិងចែកចាយស៊ីនហួរស៊ីឈួន នឹងរួមគ្នាបកប្រែសៀវភៅអក្សរសិល្ប៍ខ្មែរចំនួន៤គឺ៖
១. រឿងទុំទាវ
២. រឿងផ្កាស្រពោន
៣. រឿងកូលាបប៉ៃលិន និង
៤. រឿងកំពង់ធំជំរុំចិត្ត។
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ