ដោយ៖ លឹម សុវណ្ណរិទ្ធ
គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ
ថ្វីដ្បិតតែនៅក្នុងសង្គ្រាម៥ថ្ងៃកាលពីខែកក្កដាកន្លងទៅ មហាអំណាច និងសហគមន៍អន្តរជាតិ បានមើលឃើញអំពីទង្វើឈ្លានពាននិងវាយប្រហារយ៉ាងអមនុស្សធម៌ ការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការឈ្លានពានទាំងកម្រោលនិងដោយខុសច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃក្ដី ក៏ប៉ុន្តែ សហគមន៍អន្តរជាតិ ក៏ដូចជាស្ថាប័នអន្តរជាតិដែលមានសមត្ថកិច្ច ហាក់បានមើលរំលងនូវឧក្រិដ្ឋកម្មទាំងឡាយបង្កឡើងដោយប្រទេសថៃ និងពុំមានការដាក់សម្ពាធអ្វី ទៅលើប្រទេសថៃឡើយ ហើយប្រទេសដែលលក់គ្រឿងសព្វាវុធឱ្យថៃ ក៏ថែមគ្មានចំណាត់ការអ្វីលើថៃនោះដែរ។ នេះអាចជាមូលហេតុមួយ ដែលនាំឱ្យមេដឹកនាំនិងកងទ័ពថៃ ហាក់កាន់តែមានភាពក្អេងក្អាងឥតញញើតកោតក្រែងនឹងច្បាប់អន្តរជាតិ ក៏ដូចជាគ្មានការព្រួយបារម្ភសោះឡើយចំពោះការដាក់សម្ពាធទាំងឡាយពីសំណាក់សហគមន៍អន្តរជាតិ និងស្ថាប័នអន្តរជាតិសំខាន់ៗរបស់ពិភពលោក។
សង្គ្រាមឈ្លានពានបង្កឡើងដោយពួកអ្នកនយោបាយស្រេកឃ្លានអំណាចនៅបាងកក និងដែលអនុវត្តដោយក្រុមទាហានគ្មានក្រមសីលធម៌វិជ្ជាជីវៈរបស់ថៃ នៅតាមតំបន់ព្រំដែនក្នុងដែនអធិបតេយ្យកម្ពុជា បានផ្ទុះឡើងជាថ្មីចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានសញ្ញាណនៃការស្រាកស្រាន្តឬបិទបញ្ចប់នៅឡើយទេ។ សង្គ្រាមដែលជាការឈ្លានពានក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន និងកាន់តែយង់ឃ្នងហួសនិស្ស័យមនុស្សជាតិនេះ បានបង្ហាញអំពីការធ្លាក់ចុះកាន់តែខ្លាំងនៃសណ្ដាប់ធ្នាប់ សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសជាសមាជិកទាំង១១ តែងតែបានប្ដេជ្ញានៅក្នុងការលើកកម្ពស់សន្តិសុខនិងសន្តិភាពតំបន់ ដូចខ្លឹមសារមានចែងក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ការណ៍នេះ កាន់តែជាភាពអាម៉ាស់មួយរបស់អាស៊ាន ខណៈដែលប្រទេសស្ថាបនិកអាស៊ានគឺប្រទេសថៃ បែរជាបានរំលោភបំពានយ៉ាងឃោរឃៅយង់ឃ្នង ដោយគ្មានភាពជាមនុស្សទាល់តែសោះ មកលើអាយុជីវិតប្រជាជនស៊ីវិល និងកងទ័ពនៃប្រទេសកម្ពុជា។
ចាប់តាំងពីថ្ងៃដំបូងនៃការធ្វើសង្គ្រាមឈ្លានពានអធិបតេយ្យកម្ពុជា និងវាយប្រហារមកលើកងទ័ពនិងប្រជាជនកម្ពុជាជាថ្មីម្ដងទៀត កងទ័ពថៃបានបើកការវាយប្រហារដោយឥតរើសមុខ និងឥតរើសទីតាំងសោះឡើយ ដែលបានបណ្ដាលឱ្យភូមិដ្ឋាន ផ្លូវថ្នល់ សាលារៀន ប្រាសាទបុរាណជាទីសក្ដារៈជាច្រើនកន្លែងត្រូវរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយការទម្លាក់គ្រាប់បែក ការបាញ់ប្រហារអាវុធគ្រប់ធន់ និងការប្រើប្រាស់ផ្សែងពុលប្រឆាំងមនុស្សជាតិ។ គិតមកត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មានជនស៊ីវិលគ្មានកំហុសកម្ពុជាចំនួន ១០នាក់ ក្នុងនោះមានទារកម្នាក់ផងបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័មជាទីបំផុត។
ទាំងនេះគឺជាសោកនាដកម្មដ៏ជូរចត់របស់ប្រជាជាតិខ្មែរ ដែលបង្កឡើងដោយទង្វើដ៏ឃោរឃៅរបស់ទាហានគ្មានក្រមសីលធម៌វិជ្ជាជីវៈ និងឥតកោតក្រែងទាល់តែសោះទៅលើច្បាប់សង្គ្រាម និងច្បាប់មនុស្សធម៌អន្តរជាតិ។ នៅពេលនេះ កងទ័ពថៃ បាននិងកំពុងតាំងខ្លួនជាពួកក្រុមហ្វាស៊ីសនិយមនៅអាស៊ីអាគ្នេយ៍ ដែលស្រេកឃ្លានតែសាច់ស្រស់ឈាមស្រស់របស់ប្រជាពលរដ្ឋស្លូតត្រង់ខ្មែរ ដែលគ្មានទោសកំហុស និងគ្មានការគំរាមកំហែងទាល់តែសោះទៅលើប្រតិបត្តិការយោធារបស់ពួកយោធាថៃ ហើយតាមរយៈការបាញ់ផ្លោងគ្រាប់ និងបាញ់ប្រហារឥតរើសមុខរបស់ពួកគេ ទាហានថៃទាំងនោះហាក់មានបំណងប៉ុនប៉ងផ្ដាច់យកអាយុជីវិតពលរដ្ឋខ្មែរជាទូទៅ ដែលកំពុងរស់នៅតាមបណ្ដោយព្រំដែនជាប់ជាមួយនឹងខ្លួន។
លើសពីនេះទៅទៀត នៅក្នុងវីដេអូខ្លីដែលថតដោយកងទ័ពឈ្លានពានថៃផ្ទាល់ បានបង្ហាញឱ្យគេឃើញយ៉ាងច្បាស់ថា ពួកទាហានដែលប្រៀបដូចពួកទមិឡឥតសាសនាថៃបានធ្វើសកម្មភាពអាករសម្លាប់ទាហានកម្ពុជាដែលកំពុងរងរបួស គ្មានអាវុធនៅក្នុងដៃ និងដែលលទ្ធភាពតទល់ទាល់តែសោះជាមួយនឹងខ្លួននោះ យ៉ាងសាហាវព្រៃផ្សៃបំផុត។ រូបភាពខាងលើជាទង្វើដ៏គួរឱ្យស្អប់ខ្ពើមនៃពួកកងទ័ពថៃ ដែលហាក់គ្មានមនុស្សធម៌សូម្បីតែបន្តិចបន្តួច និងមាននិស្ស័យអាក្រក់ជូរជាតិស្មើនឹងសត្វតិរច្ឆាន ប្រព្រឹត្តមកលើកម្លាំងការពារជាតិរបស់កម្ពុជា។ ការណ៍នេះ ជាការពញ្ញាក់អារម្មណ៍ធ្វើឱ្យបណ្ដាមនុស្សជាតិទាំងឡាយ ហាក់ស្រឡាំងកាំង នឹងទង្វើនៃកងទ័ពប្រទេសស៊ីវិល័យមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដែលគោរពប្រណិបតន៍ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនផងដែរនោះ បែរជាអាចប្រព្រឹត្តអំពើដ៏គួរឱ្យខ្ពើមរអើម និងគួរឱ្យភ័យរន្ធត់យ៉ាងដូច្នេះឡើយ។
ត្រង់ចំណុចនេះ យើងគប្បីឈ្វេងយល់ថា សង្គ្រាមឈ្លានពានរបស់ថៃដែលបានបង្កនូវឧក្រិដ្ឋកម្មសង្គ្រាមសារជាថ្មីមកលើប្រទេសនិងប្រជាជនកម្ពុជា ជាមួយនឹងទង្វើសាហាវយង់ឃ្នងរបស់កងទ័ពថៃនៅពេលនេះ កើតឡើងមិនត្រឹមតែដោយសារតែភាពកម្សោយនៃការអនុវត្តច្បាប់អន្តរជាតិ កត្តាភូមិសាស្ត្រនយោបាយនិងផលប្រយោជន៍ប្រទេសធំៗ និងបញ្ហាផ្ទៃក្នុងរបស់ភាគីថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ទំនងជាអាចដោយសារមូលហេតុថា ពួកយោធានិយមថៃ បានប្រមាថមាក់ងាយអំពីលទ្ធភាពវាយបករបស់កម្ពុជាតបទៅលើខ្លួនវិញ លទ្ធភាពនៃការបន្តសង្គ្រាមរបស់កម្ពុជា និងផលវិបាកដែលខ្លួននឹងទទួលរងត្រឡប់ទៅវិញផងដែរ។ នៅក្នុងដំណាក់កាលនេះ ទាំងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងថ្នាក់ដឹកនាំកម្ពុជាគ្រប់លំដាប់ថ្នាក់ មានភាពចាំបាច់ត្រូវប្រកាន់ស្មារតីយ៉ាងមោះមុតថា សង្គ្រាមលើកនេះ ពុំមែនត្រឹមតែជាសង្គ្រាមការពារទឹកដីប្រឆាំងនឹងចោរឈ្លានពានប៉ុណ្ណោះទេ ប៉ុន្តែគឺជាសង្គ្រាមប្រឆាំងទង្វើប្រល័យជាតិសាសន៍ និងប្រឆាំងទៅនឹងឧក្រិដ្ឋកម្មសង្គ្រាមបង្កឡើងដោយកងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជានៅសមរភូមិក្រោយត្រូវតែបន្តសាមគ្គីភាពគ្នាយ៉ាងរឹងមាំជាធ្លុងតែមួយ ជាមួយនឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងកងកម្លាំងជាតិកម្ពុជាគ្រប់ប្រភេទ តាមរយៈការគាំទ្រយ៉ាងមុតមាំទាំងស្មារតី សម្ភារៈ ស្បៀងអាហារ និងថវិកាគាំទ្រយុទ្ធនាការទាំងឡាយឬបង្កើតជាមូលនិធិនានាដែលទ្រទ្រង់ជនភៀសសឹកនិងកងទ័ពនៅជួរមុខ។ ចំណែក វីរៈកងទ័ពនៅសមរភូមិមុខ ត្រូវតែបន្តពង្រឹងស្មារតីប្រយុទ្ធដ៏ខ្លាំងក្លារបស់ខ្លួន វាយបកទៅគ្រប់មុខព្រួញនៃចោរឈ្លានពានឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងគោរពអនុវត្តបទបញ្ជាក់ដ៏ម៉ឺងម៉ាត់របស់ប្រមុខដឹកនាំកម្ពុជា ដើម្បីឆ្ពោះទៅវាយបំបាក់ចោរឈ្លានពាន និងដែលជាសត្រូវជាប្រវត្តិសាស្ត្ររបស់ខ្មែរមួយនេះឱ្យខាងតែបាន។ មិនតែប៉ុណ្ណោះ កម្ពុជាក៏ត្រូវតែបន្តការប្រយុទ្ធនៅក្នុងសមរភូមិការទូតឱ្យកាន់តែសកម្មនិងខ្លាំងក្លាបន្តទៀត ដោយផ្ដល់នូវព័ត៌មាននិងដំណឹងពិតប្រាកដអំពីស្ថានការណ៍នៅតាមព្រំដែន និងភស្តុតាងនៃការការឈ្លានពានរបស់ថៃ ជូនដល់គ្រប់បណ្ដាភាគីទូតជាមិត្ត និងស្វែងរកការគាំទ្របន្ថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ត្រូវតែព្យាយាមបន្តប្រមូលភស្តុតាងនៃការឈ្លានពាននិងឧក្រិដ្ឋកម្មសង្គ្រាមបង្កឡើងដោយកងទ័ពថៃ និងជំរុញពន្លឿនដំណើរការយន្តការច្បាប់អន្តរជាតិតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីដាក់សម្ពាធនិងគាបសង្កត់ថៃនៅគ្រប់ទិដ្ឋភាព និងនាំថៃទៅឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្តផងដែរ។
ទោះជាយ៉ាងណា ប្រសិនបើបណ្ដាប្រទេសមហាអំណាច សហគមន៍អន្តរជាតិ អង្គការតំបន់ ពិសេសស្ថាប័នអន្តរជាតិទទួលបន្ទុកលើការថែរក្សាសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាកល នៅតែមិនព្រមចាត់វិធានការប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ជាប្រទេសជិតខាងនោះទេ ករណីនេះក៏នឹងក្លាយទៅជាឧទាហរណ៍ថ្មីបន្ថែមទៀត សម្រាប់បណ្ដាប្រទេសមានឥទ្ធិពលយោធានានានៅក្នុងតំបន់ និងសាកលលោក ដកស្រង់យកធ្វើជាបទពិសោធន៍ ហើយប្រើប្រាស់នយោបាយឈ្លានពាន និងវាតទីទឹកដីទៅលើប្រទេសជិតខាងដែលទន់ខ្សោយជាងខ្លួន ព្រមទាំងបង្កទៅជាដំណើរបាត់បង់សណ្ដាប់ធ្នាប់ សន្តិសុខ និងសន្តិភាពនៅតាមតំបន់ និងជុំវិញពិភពលោកជាក់ជាពុំខានឡើយ៕
បញ្ជាក់៖ រាល់ទស្សនៈដែលបានលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ។