នៅក្រោយកិច្ចសន្ទនាតាមទូរសព្ទជាមួយនឹងមេដឹកនាំកម្ពុជានិងថៃ លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានថ្លែងអះអាងថា មេដឹកនាំប្រទេសទាំងពីរបានយល់ព្រមបញ្ឈប់​សង្គ្រាមនៅតាមព្រំដែន និងវិលមកអនុវត្តសេចក្ដីប្រកាសរួម ស្ដីពីសន្តិភាពរវាង​ប្រទេស​ទាំង​ពីរ​ដែល​ជំរុញផ្ដួចផ្ដើមដោយប្រធានាធិបតីសហរដ្ឋអាម៉េរិករូបនេះ។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីស្ដីទី​ថៃ បានចេញមុខច្រានចោលការលើកឡើងនេះ និងថាពុំមានការព្រមព្រៀងគ្នាដូចដែលប្រធានាធិបតី​សហរដ្ឋអាម៉េរិកលើកឡើងនោះឡើយ ហើយនាយករដ្ឋមន្ត្រីថៃបានប្រកាសថាសង្គ្រាម​ឈ្លាន​ពាន​លើ​ប្រទេស​កម្ពុជានៅតែត្រូវធ្វើបន្តទៅទៀត។ តើហេតុអ្វីបានជាប្រទេសថៃមិនត្រឹមតែមិន​បញ្ឈប់​សង្គ្រាម​ឈ្លានពាន ក្រោយអន្តរាគមន៍​តាម​ទូរសព្ទ​របស់​ប្រធានាធិបតីសហរដ្ឋអាម៉េរិក ហើយថែម​ទាំង​​សម្រុក​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត?

            កត្តាភូមិសាស្ត្រនយោបាយ និងអំនួតក្នុងនាមបងធំតំបន់

            ប្រទេសថៃដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ប្រមាណជាង៧០ឆ្នាំ​កន្លង​មក​នេះ ចាប់តាំងពីការបង្កើតសម្ព័ន្ធយោធាសេអាតូរហូតមកដល់បច្ចុប្បន្ន ចុងក្រោយនេះបានច្រាន​ចោលនូវឥទ្ធិពលរបស់មហាអំណាចពិភពលោកទីមួយនេះ ដែលចង់រំលត់សង្គ្រាមតាមព្រំដែន​រវាង​ថៃនិងកម្ពុជា។ ជំហររបស់មេដឹកនាំថៃនៅពេលនេះ បានបង្ហាញអំពីរបត់នយោបាយថ្មីនៃប្រទេសជា​សម្ព័ន្ធ​មិត្ត​សហរដ្ឋអាម៉េរិកនៅអាស៊ី ដែលថៃជាប្រទេសទីមួយ ដែលបានប្រកាស​ទាត់ចោល​នូវ​តួនាទី​សម្របសម្រួលរបស់​មហាអំណាចពិភពលោក។ ការណ៍នេះ អាចបណ្ដាលមកពី​មេដឹក​នាំ​ថៃយល់ថា បច្ចុប្បន្នថៃមានភាពរីកចម្រើនរឹងមាំ និងមានជម្រើស​ដៃ​គូរឹងមាំ​ច្រើន ហើយខ្លួន​គឺជា​មហា​អំណាច​តំបន់ដែលពុំត្រូវការពឹងពាក់ឬរណប​សហរដ្ឋអាម៉េរិកដូចអតីត​កាលទៀតនោះឡើយ។

            ជាមួយគ្នានេះ បទពិសោធន៍សង្គ្រាមអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា ថៃដែល​សម្អាង​ខ្លួន​ជា​បង​ធំ​នៅ​ក្នុងតំបន់ ទំនងមានជំនឿថា នឹងគ្មានប្រទេសណាមួយ​ចេញ​មុខ​ការ​ពារ​យុត្តិធម៌ គាំទ្រ​កម្ពុជា​​ជា​​ប្រទេស​តូច ហើយធ្វើសត្រូវឬប្រឈមមុខជាមួយខ្លួននោះឡើយ។ ត្រង់​ចំណុច​នេះហើយ ដែលថៃ​ហ៊ាន​រំលោភ​ច្បាប់អន្តរជាតិ ប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មក​លើ​ប្រទេស​និងប្រជាជនកម្ពុជា។

            បន្ថែមពីនេះ នៅក្នុងទិដ្ឋភាពកត្តាភូមិសាស្ត្រ​នយោបាយ មេដឹកនាំថៃគ្រប់លំដាប់ថ្នាក់​ប្រហែល​ជា​មានជំនឿថា​ប្រទេស​ថៃ បច្ចុប្បន្នគឺជាចំណុច​ប្រទាញ​ប្រទង់​ដ៏សំខាន់​សម្រាប់មហា​អំណាច​ពិភព​លោក។ ដូច្នេះហើយ ពីជ្រុងទស្សនៈនៃមេដឹកនាំថៃ បើទោះបីជាខ្លួនបាន​ចេញ​ប្រកាស​បំបាក់​មុខ​ប្រធានា​ធិបតី​សហរដ្ឋ​អាម៉េរិក លោក​ដូណាល់​ត្រាំ ជាចំហរក៏ដោយក្ដី ក៏​សហរដ្ឋ​អាម៉េរិក​​ទំនងជានឹងមិនដាក់ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​ចំពោះ​ប្រទេស​ថៃនោះឡើយ ព្រោះដើម្បីចៀសវាងរុញច្រានថៃ​ទៅឱ្យមហាអំណាចម្ខាងទៀតបង្កជាការប្រឈមសម្រាប់ភូមិសាស្ត្រនយោបាយក្នុងតំបន់។

            បុព្វហេតុរក្សាអំណាចនិងបន្តមហិច្ឆតាឈ្លានពាន

            សម្រាប់រាជវង្សចក្រីរបស់ថៃ មហិច្ឆតាប៉ុនប៉ងកាន់កាប់ប្រាសាទបុរាណជាទីសក្ដារៈ​នានា​របស់​​ខ្មែរ នៅតែ​ជារឿងសំខាន់ដើម្បីរក្សាឥទ្ធិពលនិងកិត្យានុភាពរបស់ស្ដេចថៃ។ ជំនឿ​នៅក្នុង​ចំណោមរាជវង្សថៃ នៅតែភ្ជាប់ជាមួយនឹងបុរាណដ្ឋានខ្មែរ ពិសេសប្រាសាទព្រះវិហារជាដើម។ ត្រង់​ចំណុចនេះ ការចាញ់ក្ដីខ្មែរក្នុងសំណុំរឿងប្រាសាទព្រះវិហារ គឺជារឿងអាម៉ាស់មួយរបស់រាជវង្សថៃ ព្រោះកន្លងមក ស្ដេចថៃដែលត្រូវគេទទួលថាបានឡើងសោយរាជ្យត្រឹមត្រូវតាមរាជប្រវេណី គឺត្រូវ​តែយកទឹកមន្តស័ក្តិសិទ្ធិពីស្រះទឹកនៅប្រាសាទព្រះវិហារ ហើយកន្លងមក ថៃតែងតែមកសុំ​យក​ទឹក​មន្តនេះទៅរៀបចំក្នុងពិធីរាជាភិសេករបស់ខ្លួនដរាបរៀងមក លើកលែងតែស្ដេចថៃបច្ចុប្បន្ន​ប៉ុណ្ណោះ។ ដូច្នេះហើយ នៅក្នុងផ្នត់គំនិតរបស់រាជវង្សថៃ ដែលតែងតែតាមឈ្នានីសជនជាតិខ្មែរ បើ​សិន​ជាមិនអាចទទួលបានជាកម្មសិទ្ធិនោះទេ ពួកគេត្រូវ​តែ​បំផ្លាញចោល ព្រោះក្រៅពី​ហេតុ​ផល​ខាង​លើ​នេះ ហេតុផលមួយទៀតនោះគឺ ពួកជនជាតិថៃតែង​តែព្យាយាម​លុប​បំបាត់​ភស្តុតាង​ប្រវត្តិ​សាស្ត្រ​បញ្ជាក់ថា ថៃ-សៀម ឬរាជវង្ស​ជាតិ​សាសន៍​នេះ​ធ្លាប់ស្ថិតនៅ​ចំណុះ​និងទទួលរងឥទ្ធិពល​វប្បធម៌​ខ្មែរ។ ជាមួយ​គ្នា​នេះ បញ្ហាចរន្តប្រជាធិបតេយ្យ​ផ្ទៃក្នុងថៃប្រឆាំងនឹងអំណាចរាជានិយម ក៏អាច​ជា​ហេតុ​​ផលមួយទៀត នៃការសម្រេចចិត្តធ្វើសង្គ្រាមឈ្លានពានកម្ពុជាសារជាថ្មីផងដែរ ដើម្បីប្រមូលផ្ដុំ​ចរន្ត​​គាំទ្ររបបរាជានិយមពីប្រជាជនថៃឡើងវិញ។

            ហេតុផលមួយទៀតនៃការសម្រុកឈ្លានពានកម្ពុជាពីសំណាក់យោធាថៃនោះគឺ  សម្រាប់​អ្នក​នយោបាយថៃ ការបន្តជីវិត​នយោបាយនិងអំណាចរបស់ខ្លួន គឺជាអាទិភាព​សំខាន់​ជាងផល​វិបាក​កើតចេញពីការដាក់​ពន្ធបដិការ​ពី​សំណាក់​សហរដ្ឋអាម៉េរិក (អំណាចយោធាស្ថិតនៅលើ​ដៃ​រាជ​វាំង ដូច្នេះ​ហើយ អ្នក​នយោបាយ​ថៃជឿជាក់ថា ដរាបណាខ្លួនធ្វើឱ្យរាជវាំងពេញចិត្ត នោះ​ខ្លួន​នឹង​អាច​​​កាន់​អំណាចបន្តទៅទៀត)។ ក្រៅពីនេះ សង្គ្រាមឈ្លានពានជាលើកទី២នេះ ក៏ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ស្ដារ​ប្រជា​ប្រិយ​ភាព និងលុបបំបាត់ភាព​អាម៉ាស់ និងបង្កើតព្រឹត្តិការណ៍ដើម្បីបង្វែរបញ្ហា​ប្រឈម​សម្រាប់​អំណាច​របស់​នាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆាន់វីរៈគុល ផងដែរ (អសមត្ថភាព​លើ​ការ​​គ្រប់​គ្រង​គ្រោះ​ទឹក​ជំនន់ វិបត្តិសេដ្ឋកិច្ច ភាពអាម៉ាស់របស់ថៃនៅក្នុង​ការ​រៀបចំធ្វើជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម និងការប៉ុនប៉ងរំលាយរដ្ឋាភិបាលថៃ​ពីសំណាក់​ក្រុម​គណ​បក្សប្រឆាំង) ដូច្នេះហើយ មេដឹក​នាំ​ថៃ​យល់យ៉ាងច្បាស់ថា ខ្លួន​ត្រូវតែបន្ត​ធ្វើសង្គ្រាម​ឈ្លាន​ពានដើម្បី​រក្សា​ជីវិត​នយោបាយរបស់ខ្លួន​ជា​បន្ត​ទៀត។

            ថៃលែងអាចលាក់បាំងនិងភូតភរសហគមន៍អន្តរជាតិ

            ពាក់ព័ន្ធនឹងការយកលេសផ្សេងៗដើម្បីឈ្លានពានកម្ពុជា រាប់ចាប់តាំងពីបញ្ហាទាហានថៃ​ជាន់មីននៅតាមព្រំដែន បញ្ហាឆបោកតាមអនឡាញ និងសកម្មភាពញុះញង់ផ្សេងៗ​ដើម្បីដុតបញ្ឆេះ​កំហឹងពលរដ្ឋនិងកងកម្លាំងកម្ពុជា ឱ្យប្រតិកម្មឬឆ្លើយតបទៅវិញដើម្បីខ្លួនមានលេសឈ្លានពានសារ​ជាថ្មីនោះ ត្រូវបានសាធារណៈមតិអន្តរជាតិ ក៏ដូចជាបណ្ដាសារព័ត៌មាន​អន្តរ​ជាតិ​នានា​បាន​មើល​ឃើញ​យ៉ាងច្បាស់ទៅ​ហើយ។ នៅក្នុងដំណាក់កាលនេះ យោធាថៃ លែងមាន​ភាពចាំបាច់​លាក់​បាំងនូវ​មហិច្ឆតា​ឈ្លាន​ពាន​របស់ខ្លួនដូចមុនទៀតហើយ ព្រោះបណ្ដា​សារព័ត៌មាន​អន្តរ​ជាតិជា​ច្រើន​បាន​បកអាក្រាត​មុខ​មាត់​របស់ថៃ ដែលជាប្រទេសស្រេកឃ្លានសង្គ្រាម​ប៉ុន​ប៉ង​ដណ្ដើម​ទឹកដី​ប្រទេស​ជិតខាង ហើយនៅ​ក្នុង​ទិដ្ឋភាពការទូត ថៃត្រូវបានតំណាងទូតនិង​អនុព័ន្ធ​យោធា​នានា ជ្រួត​ជ្រាប​យ៉ាង​​ច្បាស់​អំពី​បំណង​ដ៏ទុច្ចរឹត និងឥតខ្មាស់អៀនរបស់ខ្លួន ដែលព្យាយាម​រំលោភ​បំពាន​លើ​ប្រទេស​ជិត​ខាង។ ហេតុ​​នេះហើយ សម្រាប់ពួកយោធាថៃ សង្គ្រាមនៅពេលនេះ មិនត្រឹមតែជាសង្គ្រាម​ដើម្បី​លុប​​លាង​ភាព​បរាជ័យនិងភាពអាម៉ាស់កន្លងទៅប៉ុណ្ណោះទេ តែថែមជា​សង្គ្រាមដើម្បី​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់កម្ពុជាឱ្យបានក្នុងកម្រិតអតិបរមាថែមទៀតផង។

            ផ្ដោតលើការបំផ្លាញសេដ្ឋកិច្ចកម្ពុជា

            បើទោះបីជាសេដ្ឋកិច្ចថៃកំពុងធ្លាប់ប្រឈមនឹងវិបត្តិនាពេល​បច្ចុប្បន្នក្ដី  មេដឹកនាំ​ថៃហាក់​មាន​​ទំនុក​ចិត្ត​ថា សេដ្ឋកិច្ចរបស់ខ្លួននឹងអាចគាំទ្រ​សង្គ្រាម​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​​ធំមក​លើ​កម្ពុជា ហើយ​មេ​ដឹកនាំថៃអាចនឹងវាយតម្លៃថា ខ្លួនមានលទ្ធភាពវាយសង្គ្រប់យក​ប្រៀបលើ​កម្ពុជា​ឱ្យ​បាន​ឆាប់​រហ័ស នៅ​មុនមានប្រតិកម្មជាក់លាក់ ឬវិធានការអន្តរាគមន៍ជាក់ស្ដែងណាមួយពីសហរដ្ឋ​អាម៉េរិក​ឬចិន។ បន្ថែមពីលើនេះ សង្គ្រាមឈ្លានពានជាលើកទីពីរនេះ ថៃបានបន្តផ្ដោតការវាយប្រហារមិន​ត្រឹម​តែទៅ​លើ​ផ្លូវគមនាគមន៍ ដើម្បី​រាំងខ្ទប់ការចល័តទ័ព សម្ភារៈសឹក និងជំនួយស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកងទ័ពថៃថែមទាំងបន្តការវាយប្រហារទៅលើទីតាំង​ស៊ីវិលនិងទីប្រជុំជន​នានា ក្នុង​គោល​បំណង​ជំរុញ​បង្កើនចំនួនជនភៀសសឹកកម្ពុជានៅតាមខេត្តខ្មែរជាប់ព្រំដែនជាមួយថៃ និងចុងក្រោយ​នេះ​​ថៃបានវាយប្រហារចូលជ្រៅមកខេត្តសៀមរាបដែលមិនជាប់ព្រំដែនថែមទៀតផង។ ចេតនា​នៃ​ការ​វាយ​​ប្រហាររបស់ថៃនៅពេលនេះគឺ ធ្វើយ៉ាងណាបង្កផលប៉ះពាល់កាន់តែខ្លាំង​ដល់សេដ្ឋកិច្ច​និង​ជំរុញ​​បង្កើតវិបត្តិក្នុងសង្គមកម្ពុជាកាន់តែច្រើន ជំរុញបង្កអស្ថិរភាព និងបង្កើនភាពភ័យខ្លាចនៅ​ក្នុង​ចំណោម​ប្រជាជនកម្ពុជា ដើម្បី​បង្កើនសម្ពាធនិងដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជា។ ថ្នាក់ដឹកនាំថៃ ទំនងជា​ជឿជាក់ថា ការឈ្លានពានមក​លើអធិបតេយ្យកម្ពុជាសារជាថ្មីនេះ ខ្លួននឹងអាច​គំរាម​ឱ្យ​រាជ​រដ្ឋាភិបាលកម្ពុជាធ្វើសម្បទាន​ចំណែក​ណា​មួយដល់ខ្លួន នៅក្នុងការចរចាព្រំដែននាពេលខាង​មុខ​បន្ទាប់​មកទៀត។ ថៃដែលឈ្វេងយល់ និងវាយតម្លៃដឹងជាមុនអំពីបរាជ័យដ៏អាម៉ាស់នៅ​ពេលខាង​មុខ នៅ​ក្នុងទិដ្ឋភាព​ផ្លូវ​ច្បាប់​ប្រឈម​នឹង​ការ​ប្ដឹងរបស់កម្ពុជានោះ ទំនងជាជឿជាក់ថាខ្លួន គ្មាន​ជម្រើស​អ្វីក្រៅតែពីការប្រើប្រាស់​សង្គ្រាម​ដើម្បី​ដណ្ដើម​កាន់កាប់ទឹកដីកម្ពុជានោះឡើយ។

            ជាការពិតណាស់ ជាតិសាសន៍ថៃដែលធ្លាប់តែមា​នអំនួតក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំ អំណាចយោធាខ្លាំងជាង និងមានទាំងកងទ័ពនិងប្រជាជនច្រើនកម្ពុជានោះ តែបែរជាមិន​អាចវាយ​បំបាក់​យក​ឈ្នះ​លើ​កងទ័ពកម្ពុជាក្នុងពេលកន្លងមកនេះ។ គោលដៅសំខាន់មួយក្នុងចំណោមគោល​ដៅ​ដទៃទៀតរបស់ពួកគេនៅពេលនេះ គឺ​ព្យាយាមបំផ្លាញមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការ​បំផ្លិច​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន និងមន្ទីរពេទ្យជាដើម។

 

ដោយ៖ លឹម សុវណ្ណរិទ្ធ

គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ

 

បញ្ជាក់៖ រាល់ទស្សនៈដែលបានលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពី​ទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ។