ព័ត៌មាន

«ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ»

ថ្ងៃ៧ ខែមករា ឆ្នាំ២០២៣ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៤ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏មានទៅតាមនោះដែរ។ អត្ថន័យនៃថ្ងៃ៧ មករា ហាក់ត្រូវបានកំណត់ដោយផ្អែលើទស្សនៈនិងគោលជំហរនយោបាយ ជាជាងតម្លៃនៃសច្ចភាពប្រវត្តិសាស្ត្រ។

សម្រាប់ខ្ញុំ “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់ គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

បើយើងពិបាកក្នុងការប្រៀបធៀបអំពីការរីកចម្រើនរបស់ប្រទេសជាតិទាំងមូល សូមប្រៀបធៀបតែនៅក្នុងរង្វង់គ្រួសារយើងនីមួយៗទៅ ក៏យើងអាចដឹងបានដែរថា តើពីឆ្នាំ១៩៧៩ មកដល់ឥឡូវ មានការប្រែប្រួលផ្លាស់ប្តូរអ្វីខ្លះនៅក្នុងសង្គមគ្រួសារបស់ខ្លួន?

អ្វីដែលយើងអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិត ក៏គ្មានផង។ ជីវិតរបស់យើងមិនមែនជារបស់យើងទេ គឺជីវិតយើងផ្ញើនៅជាមួយនឹងអង្គការ ដែលមិនដឹងថា តើនៅពេលណាអង្គការដកហូតយកជីវិតយើងនោះទេ ហើយអង្គការជានរណា ក៏យើងមិនស្គាល់ដែរ។ យើងគ្រាន់តែយកត្រី យកដំឡូងដែលយើងរកបានទៅហូប ក៏អង្គការបេះយកជីវិតរបស់យើងដែរ។

សព្វថ្ងៃនេះ យើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។ ការអប់រំយើងមានតាំងពីកម្រិតកុមារតូច ថ្នាក់បឋម រហូតដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ ទាំងអស់នេះ គឺជាអ្វីដែលយើងបានឃើញអំពីការប្រែប្រួលនៃសិទ្ធិផ្នែកស្មារតី។

រីឯផ្នែករូបវ័ន្តវិញ អ្វីៗដែលយើងបានឃើញនៅពេលនេះ រួមមាន ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំរីកដូចផ្សិត ភាពស៊ីវិល័យនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាដើម គឺមិនមែនជាការប្រទានរបស់អាទិទេពទេ តែវាកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

ពីមុន នៅពេលដែលយើងចង់ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយនៅទូទាំងប្រទេស ឬសូម្បីតែការធ្វើដំណើរពីផ្ទះទៅសាលារៀន តើយើងត្រូវចំណាយពេលប៉ុន្មាន? ឥឡូវនេះ ការធ្វើដំណើរទៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស គឺសុទ្ធតែអាចវិលល្ងាចបាន។ ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារនានា គឺជាភស្តុតាងដែលមិនអាចបដិសេធនូវសមិទ្ធផលក្រោយ ៧ មករា ១៩៧៩។

និយាយពីរាជធានីភ្នំពេញវិញ តើនៅសម័យកាលណា ដែលយើងអាចឃើញភ្នំពេញមានការរីកចម្រើនបែបនេះ។ ភ្នំពេញឥឡូវរីកធំ មានសំណង់អាគារស្កឹមស្កៃច្រើនស្អេកស្កះ មហាវិថី រុក្ខវិថី និងផ្លូវតូចធំខ្វាត់ខ្វែង និងភ្លើងពណ៌ដ៏ស្រស់ឆើតឆាយបំភ្លឺរាត្រី។ ម្យ៉ាងទៀត យើងមើលឃើញអំពីការរីកចម្រើននៃសេដ្ឋកិច្ចយើង។ យើងរក្សាបាននូវស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច រក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧ ភាគរយពិតពីរទស្សវត្សរ៍មកហើយ, ប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗ ដែលពីមុន យើងធ្លាប់បានក្រោម ១០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ តែឥឡូវនេះកើនដល់ទៅជិត ២ ០០០ ដុល្លារ។ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺយើងនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ។

កម្ពុជា ដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងឯកោទាំងខាងនយោបាយ និង សេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធនិងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិនិងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។

ទាំងអស់នេះ គឺជាសូចនាករដែលអាចវាស់វែងបានអំពីការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ដូច្នេះ ថ្ងៃ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ, ចងចាំពីស្ថាបនិក ៧ មករា ដែលជាទេវតារំដោះជាតិនិងប្រជាជន, អ្នកស្តារ កសាង និងអភិវឌ្ឍជាតិ, ត្រូវចងចាំពីទស្សនវិជ្ជាឯកភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ, ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព និងចារឹកទុកនូវវប្បធម៌សន្តិភាពយូរអង្វែងតទៅមុខទៀត។

ទន្ទឹមនឹងនោះដែរ អ្នកស្នងមរតក ៧ មករា ត្រូវតែបន្តរក្សានូវសមិទ្ធផល ៧ មករា ឱ្យបានគង់វង្ស ក៏ប៉ុន្តែ គេក៏មិនត្រូវស្កប់ស្កល់តែនឹងសមិទ្ធផល ៧ មករា បច្ចុប្បន្ន ហើយនាំគ្នាសូត្រមេសូត្ររត់មាត់ ៧មករា រហូតទេ។ អ្នកស្នងមរតក ៧ មករា ត្រូវតែដាក់ចេញនូវទស្សនវិស័យថ្មី យុទ្ធសាស្ត្រថ្មី និងចក្ខុវិស័យថ្មីឱ្យស្របតាមការវិវត្តនៃចរន្តសាកលភាវូបនិយកម្ម ដើម្បីបង្កើតមរតកនិងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់អ្នកជំនាន់ក្រោយ ៕

អត្ថបទដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2023-01-06 10:20:11   ថ្ងៃសុក្រ, 06 មករា 2023 ម៉ោង 05:20 PM
៤៤ឆ្នាំនៃជ័យជំនះ ៧ មករា ១៩៧៩-២០២៣

អត្ថបទ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ក្នុងរយៈពេល ៤៤ឆ្នាំ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលដែលរបបខ្មែរក្រហមដួលរលំ ប្រទេសកម្ពុជាបានដើរលើផ្លូវដ៏សែនលំបាក និងគ្រោះថ្នាក់បំផុត ប៉ុន្តែវាជាផ្លូវដ៍ត្រឹមត្រូវដើម្បីធានាបាននូវភាពរីកចម្រើនយូរអង្វែង និងប្រកបដោយវិបុលភាពសម្រាប់មាតុភូមិកម្ពុជា។ ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រកម្ពុជា និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ បានដឹកនាំនាវាកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ការបើកដំណើរការប្រទេសឡើងវិញ និងការស្តារសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ភាពជោគជ័យនៃមហាសន្និបាត AIPA លើកទី៤៣ ដែលបានរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងរក្សាបាននូវមជ្ឈភាពអាស៊ានក៏ដូចជាលើកកំពស់កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ក៏ដូចជានៅលើពិភពលោក ការទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក៏ដូចជារក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សាមគ្គីភាព ភាពរុងរឿងនិងស្ថិរភាព បើទោះបីជាបច្ចុប្បន្ន ស្ថានភាពពិភពលោកនិងតំបន់កំពុងតែមានភាពប្រែប្រួលយ៉ាងខ្លាំង និងប្រកបដោយភាពស្មុគស្មាញក៏ដោយ ហើយជាពិសេសផលប៉ះពាល់នៃវិបត្តិដោយសារជំងឺកូវីដ-១៩ ជម្លោះនិងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចធំៗក្នុងពិភពលោក សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន វិបត្តិនៅឧបទ្វីបកូរ៉េ និងវិបត្តិនៅមីយ៉ាន់ម៉ាក៏ដោយ។

៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបិទយុគសម័យដ៏ខ្មៅងងឹត និងបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ អនុម័តការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ របបរាជានិយមអាស្រ័យធម្មនុញ្ញត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ហើយព្រះរាជាណាចក្រទីពីរត្រូវបានបង្កើតឡើងវិញ និងជាការឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រជាប្រិយភាពរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

គួររំលឹកផងដែរថា នៅឆ្នាំ១៩៧៥ បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃសង្គ្រាមវៀតណាម (Vietnam War) ដែលមានប្រទេសកម្ពុជា ជាអ្នកដែលបានគាំទ្រដល់វៀតណាមខាងជើង ក្នុងការធ្វើសង្គ្រាមបង្រួបបង្រួមទឹកដីវៀតណាម ហើយទទួលបានជ័យជំនះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ តែប្រជាជននិងប្រទេសកម្ពុជា បែរជាត្រូវបានធ្លាក់ទៅក្នុង សោកនាដកម្មជាថ្មីម្តងទៀត។ របប ប៉ុល ពត បានដាក់ប្រទេសនិងប្រជាជនកម្ពុជា ឱ្យធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពួកគេបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ ជាង៣លាននាក់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពនិងប្រជាជនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរ ក្រហមដែលដឹកនាំដោយ ប៉ុល ពត-អៀង សារី-ខៀវ សំផន រំដោះប្រជាជននិងប្រទេសកម្ពុជា ចេញពីការសម្លាប់ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ជ័យជំនះនេះជាព្រឹត្តិការណ៏ប្រវតិ្តសាស្រ្ត នៃសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជននៃប្រទេស ទាំងពីរកម្ពុជា-វៀតណាម និងបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាព ក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។

រហូតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ត្រូវបានលើកកម្ពស់និងពង្រឹងឥតឈប់ឈរតាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០០៥ និងបាននាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀតបើទោះបី ជាកំពុងតែប្រឈមមុខនឹងបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង ដោយសារការប្រែប្រួលយ៉ាងស្មុគស្មាញ ផ្នែកនយោបាយនៅក្នុងតំបន់ និងពិភពលោកក៏ដោយ ក៏កម្ពុជានិងវៀតណាម នៅតែបន្តពង្រឹងនិងពង្រីកទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ជួយគ្នាក្នុងគ្រាមានទុក្ខលំបាក រក្សាបានស្ថិរភាពនយោបាយ សង្គម និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម មានការរីកចម្រើនលើវិស័យជាច្រើន ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសនីមួយៗ ហើយជាទំនាក់ទំនង ដែលមិនមែនគ្រាន់តែជាទំនាក់ទំនងតាមបែបប្រពៃណីនោះទេ ប៉ុន្តែក៏ជាទំនាក់ទំនងក្នុងភាពបងប្អូន និងជាសមមិត្តរួមសមរភូមិ ដែលបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ ក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិរៀងៗខ្លួន។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សាលាក្តីខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំចុងក្រោយរបស់ខ្លួន ដោយបដិសេធការប្តឹងឧទ្ធរណ៍របស់មេដឹកនាំរបបខ្មែរក្រហមដែលនៅមានជីវិតចុងក្រោយគេបង្អស់ (លោក ខៀវ សំផន) នៃរបបឃោរឃៅដែលបានគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ ១៩៧៥-១៩៧៩ និងជាបុរសតែម្នាក់គត់ក្នុងចំណោមបីនាក់ដែលត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍នៅក្នុងរបបខ្មែរក្រហម ដែលបានដំណើរអស់រយៈពេល១៦ឆ្នាំកន្លងទៅ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានសម្រេចឱ្យ លោក ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត គឺដោយផ្អែកលើអំពើឃោរឃៅ ដែលបានប្រព្រឹត្តមកលើមនុស្សជាតិ ក្នុងរជ្ជកាលនៃអំពើប្រល័យពូជសាសន៍របស់របបខ្មែរក្រហម ហើយជាការសម្រេចជាស្ថាពរនិងបិទផ្លូវតវ៉ា។ មានន័យថា របបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវបានបិទបញ្ចប់ជាស្តាពរ។

ដូច្នេះ ៤៤ឆ្នាំបន្ទាប់ពីបើកទំព័រនៃសករាជថ្មី ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសមួយ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងមានភាពឯកភាពជាតិ។ ប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងមាននិរន្តរភាព ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមក ហើយបានផ្លាស់ប្តូរ ពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ ដោយផ្អែកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបន្តរីកចម្រើនជាលំដាប់ និងមានភាពស្មើមុខស្មើសិទ្ធិគ្នា ជាមួយប្រទេសនានានៅជុំវិញពិភពលោក៕


2023-01-05 10:48:24   ថ្ងៃព្រហស្បតិ៍, 05 មករា 2023 ម៉ោង 05:48 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ «៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព និងចំណេះដឹងគរុកោសល្យច្បាស់លាស់»


(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» ដែលរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា «ក្នុងរយៈពេល៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព ជាមួយនឹងចំណេះដឹងគរុកោសល្យគ្រប់គ្រាន់ក្នុងការបន្តនិរន្តរភាពការបណ្ដុះបណ្ដាលភាសាចិន»។

បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានក្លាយទៅជាវិទ្យាស្ថានខុងជឺគម្រូមួយក្នុងចំណោមវិទ្យាស្ថានខុងជឺនៅលើពិភពលោក ហើយដែលបានបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន និងបញ្ជ្រាបការស្វែងយល់អំពីវប្បធម៌ចិនកាន់តែប្រសើរបន្ថែមទៀតនៅកម្ពុជា។ ជាមួយនឹងភាគជោគជ័យក្នុងការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលគ្រូបងៀនភាសាចិនជាជនជាតិជាច្រើនដើម្បីផ្ដល់ចំណេះដឹងភាសាចិនច្បាស់លាស់ដល់សិក្ខាកាមដែលបានចូលសិក្សានៅវិទ្យាស្ថាននេះ និងនៅតាមសាខាវិទ្យាស្ថាននៅតាមសាកលវិទ្យាល័យ ស្ថាប័ន និងបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសចិន និងនៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានខុងជឺបានជួបប្រទះនឹងបញ្ហាកង្វះខាតគ្រូបង្រៀនភាសាចិនផ្ទាល់ក្នុងពេលកន្លងមក ដោយសិស្សត្រូវសិក្សាតាមអនឡាញ(online) ដែលពុំសូវមានប្រសិទ្ធភាពខ្ពស់ដូចការរៀននិងបង្រៀននៅក្នុងថ្នាក់ឡើយ។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចឱ្យរៀបចំវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិនកម្រិតខ្ពស់ ប្រកបដោយចំណេះដឹងគរុកោសល្យ ដើម្បីចូលរួមចំណែកពង្រឹងការបណ្ដុះបណ្ដាលភាសាចិននៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលភាសាចិនបានក្លាយទៅជាភាសាដ៏សំខាន់មួយនៅក្នុងការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត ទេសចរណ៍ និងការ​បំពេញការងារផ្សេងៗទៀតនៅក្នុងសង្គមកម្ពុជា ក៏ដូចជានៅក្នុងពិភពលោកនៃសាកលភាវូបនីយកម្ម។ បន្ថែមពីនេះ ដោយសារកម្ពុជានិងចិនគឺជាមិត្តដែកថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានឈានដល់កម្រិតទំនាក់ទំនងខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ការសិក្សាអំពីភាសា វប្បធម៌ និងប្រវត្តិសាស្ត្រអំពីគ្នាទៅវិញទៅមក គឺជាចំណុចចម្បងក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការស្វែងយល់ពីគ្នាទៅវិញទៅមក ការតភ្ជាប់និងផ្លាស់ប្ដូររវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមទៀតថា នៅក្នុងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងចិនរាប់ពាន់ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរពុំធ្លាប់មានការបើកបណ្ដុះបណ្ដាលថ្នាក់គរុកោសល្យភាសាចិននៅឡើយ ហើយបទពិសោធនាពេលកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពី ភាពចាំបាច់នៅក្នុងការបន្តនិរន្តរភាពបណ្ដុះបណ្ដាលធនធានមនុស្សភាសាចិន ដើម្បីរួមចំណែកជំរុញការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។ តាមរយៈចក្ខុវិស័យនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងសម្រេចនូវគោលដៅកសាងធនធានមនុស្សនៅក្នុងការបណ្ដុះបណ្ដាលភាសាចិននេះ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ៕

RAC Media

2022-12-22 08:16:31   ថ្ងៃព្រហស្បតិ៍, 22 ធ្នូ 2022 ម៉ោង 03:16 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» នៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

វេទិកាវិទ្យាសាស្ត្រនេះ ទទួលបានការអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាដោយបណ្ឌិត Chen Xiaolin សាកលវិទ្យាធិការសាកលវិទ្យាល័យជីវជាំង ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទទួលបានកិត្តិយសថ្លែងសុន្ទរកថាបើកដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។

វេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» ប្រព្រឹត្តទៅដោយមានវគ្គពិភាក្សាចំនួនពីរគឺ៖

+ វេទិកាពិភាក្សាទីមួយ៖ «ទំនាក់ទំនងសង្គម វប្បធម៌រវាងកម្ពុជា-ចិន» ដែលមានប្រធានបទរងចំនួន៣គឺ៖

- «ទំនាក់ទំនងរវាងព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិន» ដោយលោកស្រី Zhao Shulan

- «ព្រះបរមរតនកោដ្ឋ៖ តួអង្គដែលជានិមិត្តរូបក្នុងប្រវត្តិសាស្ត្រ» ដោយលោក Zhao Wei

- «អតីតកាល និងបច្ចុប្បន្នភាពនៃទំនាក់ទំនងកម្ពុជា-ចិន» ដោយឯកឧត្ដមបណ្ឌិត គិន ភា

+ វេទិកាពិភាក្សាទីពីរ៖ «ទំនាក់ទំនងកម្ពុជា-ចិន លើវិស័យនយោបាយ និងសេដ្ឋកិច្ច» ដែលមានប្រធានបទរងចំនួន៣គឺ៖

- «កិច្ចសហប្រតិបត្តិការ ក្រោយការកសាងសហគមន៍ជោគវាសនារួមគ្នា» ដោយលោក Gu Jiayun

- «ជ្រុងមួយនៃវិស័យសេដ្ឋកិច្ចកម្ពុជា» ដោយឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍

- «គោលនយោបាយ "ខ្សែក្រវាត់ និងផ្លូវ" ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទថ្មី» ដោយលោកបណ្ឌិត កា ម៉ាធុល។

វេទិកាវិទ្យាសាស្ត្រនេះ មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និស្សិតពីបណ្ដាសាកលវិទ្យាល័យនានា និងមន្ត្រីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សរុបចំនួន២៣០នាក់៕

សូមចូលតាមដានការឡាយផ្ទាល់តាមរយៈ៖ https://www.facebook.com/watch/live/?ref=watch_permalink&v=1229513274660346


2022-12-22 05:20:33   ថ្ងៃព្រហស្បតិ៍, 22 ធ្នូ 2022 ម៉ោង 12:20 PM
កម្មវិធីអាហាររូបករណ៍នៃសាធារណរដ្ឋកូរ៉េ International Scholar Exchange Fellowship (ISEF) សម្រាប់ឆ្នាំ ២០២៣-២០២៤

ក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (CIAS) នៃសាធារណរដ្ឋកូរ៉េ នៅចាប់តាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC-RAC) សូមប្រកាស​កម្មវិធីអាហាររូបករណ៍នៃសាធារណរដ្ឋកូរ៉េ International Scholar Exchange Fellowship (ISEF) សម្រាប់ឆ្នាំ ២០២៣-២០២៤ ដែលមានរយៈពេលស្រាវជ្រាវ ប្រាំមួយខែ និងមួយឆ្នាំ ( មានផ្នែក វិទ្យាសាស្ត្រសង្គម មនុស្សសាស្ត្រ ថាមពល ព័ត៌មាន និងទំនាក់ទំនង និងវិទ្យាសាស្ត្រជីវិត)។

ព័ត៌មានបន្ថែម សូមមើលឯកសារដែលភ្ជាប់មកជាមួយ។ 

http://rac.gov.kh/researchs-categories/8/researchs#main-container

2022-12-21 09:17:23   ថ្ងៃពុធ, 21 ធ្នូ 2022 ម៉ោង 04:17 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាទទួលបានជោគជ័យ៣ចំណុចក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាស​អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសន្និសីទអន្តរជាតិ លើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែង សមាហរណកម្ម និងពហុប៉ូល» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងនាមជាប្រធានអាស៊ានផ្លាស់វេននៅក្នុងឆ្នាំ២០២២នេះ កម្ពុជាសម្រេចបាននូវជោគជ័យសំខាន់ៗចំនួន៣គឺ៖

១. តបតាមការអញ្ជើញរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលមហាអំណាចនានាបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ

២. ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជារៀបចំបានយ៉ាងល្អនូវការថែរក្សាសន្តិសុខជូនថ្នាក់ដឹកនាំបរទេសទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នៅកម្ពុជានៅក្នុងឆ្នាំ២០២២នេះ

៣. ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាននាពេលកន្លងទៅនេះ បាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់សម្រាប់ផលប្រយោជន៍រវាងអាស៊ាន និងសហភាពអឺរ៉ុប និងសម្រាប់ទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុបផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សហភាពអឺរ៉ុប និងសាធារណរដ្ឋបារាំង សម្ដេចតេជោនាយករដ្ឋមន្ត្រីបានទទួលនូវការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំអឺរ៉ុប ពិសេសពីសំណាក់ ឯកឧត្ដម អ៊ីម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលបានបង្ហាញកាយវិការដ៏ស្និទ្ធស្នាលបំផុតក្នុងនាមជាប្រទេសម្ចាស់ផ្ទះ៕

 


2022-12-21 08:32:21   ថ្ងៃពុធ, 21 ធ្នូ 2022 ម៉ោង 03:32 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ អាស៊ានហាក់មិនសូវខ្លាំងព្រោះអាស៊ានគ្មានអ្វីរួម ហើយថែមទាំងប្រកួតប្រជែង និងលាក់បាំងព័ត៌មានគ្នាថែមទៀត

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសន្និសីទអន្តរជាតិ លើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែង សមាហរណកម្ម និងពហុប៉ូល» ដែលរៀបចំឡើងនៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា «អាស៊ានហាក់មិនសូវខ្លាំងព្រោះអាស៊ានគ្មានអ្វីរួម ហើយថែមទាំងប្រកួតប្រជែង និងលាក់បាំងព័ត៌មានគ្នាថែមទៀត ផង»។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បង្ហាញទស្សនៈយល់ឃើញខុសប្លែកពីវាគ្មិនដែលបានលើកឡើងនៅក្នុងសន្និសីទអន្តរជាតិបន្តិចថា «បច្ចុប្បន្ន អាស៊ានបានក្លាយទៅជាកូនក្រមុំ ដោយសារតែមហាអំណាចបានប្រឈមមុខដាក់គ្នា ហើយអាស៊ានស្ថិតនៅត្រង់ចំណុចកណ្ដាល ពុំមែនដោយសារអាស៊ានខ្លាំងនោះទេ»។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា «អាស៊ានហាក់មិនសូវខ្លាំងព្រោះអាស៊ានគ្មានអ្វីរួម ហើយថែមទាំងប្រកួតប្រជែងគ្នាហើយថែមទៀតផង»។

បើតាមការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា អាស៊ានគ្មានអ្វីរួមគឺចង់សម្ដៅ ថា អាស៊ានគ្មានជំហររួមគ្នាតែមួយ គ្មានប្រព័ន្ធហិរញ្ញវត្ថុនិងរូបិយបណ្ណរួមគ្នា គ្មានភាសារួមគ្នា និងគ្មានប្រព័ន្ធសន្តិសុខរួមគ្នា។ អាស៊ានដែលបានរួមគ្នាជាសមាគមតែមួយ ប៉ុន្តែជានិច្ចកាល តែងតែគ្មានជំហររួមគ្នាតែមួយនៅក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពិសេសនៅចំពោះមុខមហាអំណាច។ បន្ថែមពីនេះ អាស៊ានដែលបានធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅហើយក្ដី ក៏នៅតែមិនអាចរកឃើញនូវយន្តការជំរុញបង្កើតប្រព័ន្ធហិរញ្ញវត្ថុ ឬរូបិយបណ្ណរួមគ្នាផងដែរ។ ជាមួយគ្នានេះ អាស៊ានដែលមានប្រទេសជាសមាជិកសរុបចំនួន១០ ដែលក្នុងនោះមានប្រទេស២ដែលនិយាយភាសាដូចគ្នា ហើយឥណ្ឌូណេស៊ីដែលមានប្រជាជនច្រើនជាងគេ និងដែលមានភាសាឥណ្ឌូណេស៊ីជាភាសាផ្លូវការ ក៏អាស៊ានមិនបានសម្រេចជ្រើសរើសភាសារបស់ប្រទេសជាសមាជិក ធ្វើជាភាសាផ្លូវការដែរ ប៉ុន្តែបែរជាយកភាសាអង់គ្លេស ជាភាសាផ្លូវការរបស់ខ្លួនទៅវិញ។

ក្រៅពីនេះ បើទោះបីជាអាស៊ានមានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជាទៀងទាត់ក្ដី ប៉ុន្តែអង្គការតំបន់នេះ មិនមានកងកម្លាំងយោធារួមគ្នាដូចជាសហភាពអឺរ៉ុបនោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្រទេសជាសមាជិក ថែមទាំងបន្តលាក់បាំង និងបន្តមិនទុកចិត្តគ្នានៅក្នុងរង្វង់សមាជិកអាស៊ានខ្លួនឯងថែមទៀតផង។ តួយ៉ាង ដូចជាករណីការបន្តដាក់ការសង្ស័យអំពីវត្តមានមូលដ្ឋានកងទ័ពចិននៅលើដែនអធិបតេយ្យរបស់កម្ពុជា ពីសំណាក់សហរដ្ឋអាម៉េរិកដែលរុញច្រានពីក្រោយដោយវៀតណាម ក៏កាន់តែសបញ្ជាក់អំពីភាពមិនទុកចិត្តគ្នានៅក្នុងរង្វង់សមាជិកអាស៊ាន និងប្រទេសជាប់ខាងគ្នាផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា គេមិនគួរមានការព្រួយបារម្ភចំពោះចំណុចនេះនោះឡើយ ព្រោះរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងយ៉ាងច្បាស់អំពីការហាមឃាត់មិនឱ្យមានវត្តមានមូល ដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជា ហើយកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ បានយល់ជាក់ច្បាស់ និងបានទទួលបទពិសោធជូរចត់ ព្រមទាំងបានរងទឹកភ្នែកគ្រប់គ្រាន់ហើយ នៅក្នុងអតីតកាលដែលខ្លួនធ្លាប់ផ្ដល់មូលដ្ឋាន ទ័ពដល់បរទេស និងនាំភ្លើងសង្គ្រាមចូលមកក្នុងប្រទេសរបស់ខ្លួន។

ចំពោះបញ្ហាសេដ្ឋកិច្ច អាស៊ានមិនត្រឹមតែមិនចូលរួមចំណែកជួយជំរុញវឌ្ឍនភាពគ្នានោះទេ ប៉ុន្តែបណ្ដាប្រទេសអាស៊ានមួយចំនួន ថែមទាំងបានប្រកួតប្រជែងគ្នាទៅវិញ។ តួយ៉ាង អាស៊ានបានប្រកួតប្រជែងទីផ្សារអង្កររបស់ប្រទេសជាសមាជិក លាក់បាំងព័ត៌មាន និងមិនមានសាមគ្គីភាពគ្នាក្នុងការរួបរួមគ្នាបង្កើតក្រុមប្រទេសនាំចេញអង្ករនោះទេ បើទោះបីជាថៃ វៀតណាម និងកម្ពុជា ជាដើម សុទ្ធសឹងតែជាជាប្រទេសនាំចេញអង្ករដូចគ្នា៕

RAC Media | លឹម សុវណ្ណរិទ្ធ

2022-12-21 08:16:36   ថ្ងៃពុធ, 21 ធ្នូ 2022 ម៉ោង 03:16 PM
រាជបណ្ឌិត្យសភាកម្ពុជា គ្រោងធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នា ជាមួយសាលាខេត្តបាត់ដំបង លើការអភិវឌ្ឍនិងការកែប្រែសំណល់ទៅជាថាមពលនៅខេត្តបាត់ដំបង។

នៅថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងក្រុមការងារស្រាវជ្រាវ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងនិងសហការី ។

គោលបំណងនៃកិច្ចប្រជុំលក្ខណៈបច្ចេកទេសដែលផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការស្រាវជ្រាវអន្តរជាតិស្តីពី ការអភិវឌ្ឍទីលានទុកដាក់សំណល់ និងប្រែក្លាយសំណល់ទៅជាថាមពល នៅខេត្តបាត់ដំបង។

លទ្ធផលនៃអង្គសិក្ខាសាលា បានសម្រេចថានឹងជួបត្រីភាគី រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយសាលាខេត្តបាត់ដំបង និងក្រុមការងារខាងភាគីកូរ៉េ នៅចន្លោះថ្ងៃទី១៦ ដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

សូមរម្លឹកផងដែរថា នេះជាកិច្ចប្រជុំលើកទី៣ បន្ទាប់ពីបានប្រជុំ១ដងនៅខេត្តបាត់ដំបង និង ពីរដងនៅរាជបណ្ឌិត្យ សភាកម្ពុជា។

 

RAC Media


2022-12-20 08:12:15   ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 03:12 PM
លោក Futoshi NISHIMOTO៖ កិច្ចសហប្រតិបត្តិការរវាងជប៉ុនជាមួយនឹងអាស៊ាន ដោយឆ្លុះបញ្ចាំងអំពីឥណ្ឌូប៉ាស៊ីហ្វិក ដោយជប៉ុនបានប្រគល់ជូននូវរបាយការណ៍វឌ្ឍនភាពនៃនៅក្នុងកិច្ចប្រជុំអាស៊ានជប៉ុនលើកទី២៥នាពេលកន្លងមកនេះ

លោក Futoshi NISHIMOTO លេខាទី១នៃស្ថានទូតជប៉ុន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងជប៉ុនជាមួយនឹងអាស៊ាន ដោយឆ្លុះបញ្ចាំងអំពីឥណ្ឌូប៉ាស៊ីហ្វិក ដោយជប៉ុនបានប្រគល់ជូននូវរបាយការណ៍វឌ្ឍនភាពនៃនៅក្នុងកិច្ចប្រជុំអាស៊ានជប៉ុនលើកទី២៥នាពេលកន្លងមកនេះ។ អាស៊ានស្ថិតនៅក្នុងចំណុចកណ្ដាលរវាងឥណ្ឌូប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ដែលមានបញ្ហាប្រឈមសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ ហើយភាគីទាំងពីរបានសម្រេចនូវ AOIP ដោយជប៉ុនបានជំរុញកិច្ចសហប្រតិបត្តិការនេះ។ នៅឆ្នាំ២០១៦ នៅពេលដែលអាស៊ានបានអនុម័តចក្ខុវិស័យរបស់ខ្លួន ជប៉ុនពិតជាសាទរជាខ្លាំង។ នៅឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំ ជប៉ុន-អាស៊ាន ជប៉ុនបានជំរុញលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយលើកកម្ពស់ មជ្ឈភាពអាស៊ាន បរិយាប័ន្ន និងការកសាងអាស៊ាន ហើយជប៉ុនបានគាំទ្រ AOIP របស់អាស៊ាន ហើយមានកិច្ចព្រមព្រៀងរួមគ្នាមួយ។ ជប៉ុនបានចែករំលែកគោលការណ៍សំខាន់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការនេះ ហើយជប៉ុននិងអាស៊ាន បានបើកចំហរ និងចែករំលែកជាមួយគ្នា។ នៅឆ្នាំ២០២០ ជប៉ុន និងអាស៊ានបានធ្វើសេចក្ដីថ្លែងការណ៍រួមគ្នាក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ព្រមទាំងបង្ហាញពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកចំនួន៤គឺ៖

១. កិច្ចសហប្រតិបត្តិការការនាវាចរណ៍តាមសមុទ្រ ២. ការតភ្ជាប់ ៣. ការអភិវឌ្ឍប្រកបដោយចីរភាពក្របខណ្ឌអង្គការសហប្រជាជាតិ ៤. កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ចំពោះកិច្ចសហប្រតិបត្តិការនាវាចរណ៍តាមសមុទ្រ គឺដើម្បីការដោះស្រាយជម្លោះដែនសមុទ្រ ការជិះជាន់នៅក្នុង​ដែនសមុទ្រ និងការបំពុលសមុទ្រ ជាបញ្ហាដែលយើងត្រូវដោះស្រាយ សេរីភាពនៃការដឹកជញ្ជូន និងការតភ្ជាប់ជាច្រើនទៀត។ នៅក្នុងផែនទីពិភពលោក អាស៊ីអាគ្នេយ៍ជាតំបន់ក្ដៅមួយក្នុងចំណោមតំបន់ទាំង៥ ដែលបានកើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលវាជាចំណុចគ្រោះថ្នាក់ ដោយជប៉ុនបានជួយនៅក្នុងកិច្ចសហប្រតិបត្តិការនាវាចរណ៍ ដោយផ្ដល់ព័ត៌មានចរាចរណ៍នៅក្នុងដែនសមុទ្រ ដោយសហការនៅក្នុងការគ្រប់គ្រងចរាចរណ៍ បង្កើនចរាចរណ៍ និងធនធានសមុទ្រ។ ជប៉ុនបានសហការបណ្ដុះបណ្ដាលនៅក្នុងដឹកជញ្ជូន និងការដោះស្រាយបញ្ហាដែនសមុទ្រ។ ជប៉ុនក៏បានអនុវត្តគម្រោងមួយចំនួន ក្នុងការកាត់បន្ថយកាកសំណល់នៅដែនសមុទ្រ ដោយបានផ្ដោតលើវិស័យចំនួន៥។ ពាក់ព័ន្ធនឹងការតភ្ជាប់ គឺជាវិធីសាស្ត្រក្នុងកាត់បន្ថយគម្លាតរវាងអាស៊ាន ហើយជប៉ុនបានចូលរួមកិច្ចសហប្រតិបត្តិការនេះដើម្បីពង្រឹងលើការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលក្នុងនោះ ជប៉ុនក៏បានជួយធ្វើទំនើបកម្មកំពង់ផែព្រះសីហនុរបស់កម្ពុជា។ ជប៉ុនបានកំពុងគាំទ្រធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ ដើម្បីតភ្ជាប់កម្ពុជាទៅវៀតណាម និងថៃ។ បន្ថែមពីនេះ ជប៉ុនបានជួយក្នុងវិស័យតភ្ជាប់ប្រទេសក្នុងអាស៊ានផ្សេងទៀត ដោយរៀបចំបង្កើតបណ្ដាញតភ្ជាប់រវាងបណ្ដាសមាជិកផងដែរ ដូចជាបណ្ដាញទីក្រុងទំនើបអាស៊ាន (ASEAN Smart Cities Network) ដែលអាចផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធរវាងទីក្រុងនានារបស់​អាស៊ាន។ ចំពោះគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជប៉ុនបានផ្ដល់នូវជំនួយ៥០លានដុល្លារដល់មជ្ឈមណ្ឌលសុខភាពសាធារណៈ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់អាស៊ាន ព្រមទាំងបានគាំទ្រដល់ប្រព័ន្ធស្បៀង​ដែលមានស្ថិរភាព ណែនាំកសិកម្មប្រកបដោយចីរភាពតាមរយៈការផ្ដល់នូវបច្ចេកវិទ្យា និងសម្ភារៈ​ឌីជីថល​ផងដែរ ដែលវាជាភាពធននៃសេដ្ឋកិច្ច ដោយនៅឆ្នាំ២០២០ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងជប៉ុន បានឯកភាពលើគម្រោងនេះផងដែរ។ បន្ថែមពីនេះ ជប៉ុន និងអាស៊ាន បានសម្រេចបាននូវកិច្ចសហប្រតិបត្តិលើសន្តិសុខអ៊ីនធឺណិត ដោយបានធ្វើការបណ្ដុះបណ្ដាលមន្ត្រីជំនាញអាស៊ានជាច្រើន។

ចំពោះទស្សនវិស័យរបស់ជប៉ុនរួមមាន ការលើកកម្ពស់នីតិរដ្ឋ ធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជាជនក្នុងតំបន់ ធានាបាននូវសេរីភាពចរាចរណ៍ដែនសមុទ្រ និងលើកកម្ពស់នូវវិបុលភាពសេដ្ឋកិច្ចនៅក្នុងការតភ្ជាប់ក្នុងចំណោមបណ្ដាសមាជិកអាស៊ាន។

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី«សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ឧបត្ថម្ភដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២៕

2022-12-20 07:33:04   ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 02:33 PM
សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី “សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល”

វាគ្មិន៖ លោក SHI Weiwei ប្រធានការិយាល័យនយោបាយ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន 

លោក SHI Weiwei បានលើកឡើងឯកភាពទៅនឹងទស្សនៈរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ ដែលមហាអំណាចគួរតែអនុញ្ញាតឱ្យប្រទេសតូចៗរីកចម្រើន រុងរឿងជាមួយគ្នា ហើយប្រទេសចិនជាប្រទេសធំមួយពិតមែន ប៉ុន្តែសុទ្ធតែត្រូវបានគេឈ្លានពានកាលពីអតីតកាល។ នៅក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ពិតជាមានគោលបំណងធំដូចគ្នានេះដែរ គឺការអភិវឌ្ឍ និងរីកចម្រើនជាមួយគ្នា ដោយចិននិងប្រទេសចំនួន១៤៥ប្រទេស និងអង្គការ៣២ បានចុះហត្ថលេខាឯកភាពគ្នាលើគម្រោងខ្សែក្រវាត់ និងផ្លូវ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងអស់ និងតភ្ជាប់បេះដូងរវាងប្រទេសទាំងនេះ ដើម្បីក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបានការគាំទ្រ និងសាទរពីប្រទេសជាប់ពាក់ព័ន្ធ។

លោកក៏បានលើកឡើងអំពីសមិទ្ធផលដែលចិនសម្រេចបានជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ផ្លូវរថភ្លើងល្បឿនលឿននៅប្រទេសឡាវជាដើម។ លោកបន្តថា កម្ពុជាជាប្រទេសដែលគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវមុនគេ ហើយបានផ្ទៀងផ្ទាត់ជាមួយនឹងគម្រោងរយៈពេលវែងរបស់ខ្លួន(យុទ្ធសាស្ត្រចតុកោណ) និងទទួលបានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពហុកីឡដ្ឋានមរតកតេជោ និងគម្រោងទឹកស្អាតនៅតាមទីជនបទ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលជាឱកាសប្រទេសទាំងពីរ កម្ពុជា-ចិន អាចសម្រេចបានផែនការអភិវឌ្ឍជាមួយគ្នា។

បច្ចុប្បន្ន ស្ថានភាពអន្តរជាតិមានការស្មុគស្មាញ ការស្ដារសេដ្ឋកិច្ចមានកម្រិតទាប វិបត្តិថាមពល ស្បៀងអាហារនៅតែបន្តកើតមានឡើង ដែលទាមទារឱ្យរក្សាបាននូវសន្តិភាព និងស្ថិរភាព។ ប្រឈមមុខនឹងបញ្ហាជាច្រើន ប្រទេសក្នុងតំបន់បានរក្សានូវការអភិវឌ្ឍ ដោយសារការរក្សាបាននូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងជាបណ្ដាញ ដោយសារតែការរក្សាបាននូវមជ្ឈភាពរបស់អាស៊ាន។ ប្រទេសក្នុងតំបន់គួរតែរក្សានូវការគោរពគ្នាទៅវិញទៅមក ស្ថិរភាព បើកចំហរ និងអត់ធ្មត់ ព្រមទាំងរក្សាឱ្យបានស្ថិរភាព និងសន្តិភាពក្នុងតំបន់។ ចិនបានគាំទ្រអាស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក ហើយចូលរួមគាំទ្រតួនាទីរបស់អាស៊ានក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ក្នុងខួបនៃទំនាក់ទំនងអាស៊ាន-ចិន នាពេលខាងមុខ ភាគីចិនប្ដេជ្ញាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែង និងកសាងគម្រោងផ្លូវមួយខ្សែក្រវាត់មួយឱ្យបានរឹងមាំ ហើយចិនចង់បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា រីកចម្រើនជាមួយគ្នា អភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរួមគ្នា ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៅក្នុងតំបន់។

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី«សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ឧបត្ថម្ភដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២៕

2022-12-20 07:19:16   ថ្ងៃអង្គារ, 20 ធ្នូ 2022 ម៉ោង 02:19 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក