Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ដំណើរការវគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញចុងភៅ វគ្គទីមួយ ដែលរៀបចំនិងបណ្តុះបណ្តាល ដោយមានលោកគ្រូចុងភៅ ស័រ សំអាង ជាគ្រូបង្រៀនដែលមានបទពិសោធន៍យូរឆ្នាំជាអ្នកបណ្តុះបណ្តាលដោយផ្ទាល់ ចាប់ពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះដែរ លោក សាន សុរាវនិត ប្រធានស្តីទីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញចុងភៅ រយ:ពេលពីរខែ។ ក្រៅពីជំនាញចុងភៅ ក៏មានជំនាញឆុងកាហ្វេ ភេសជ្ជ: និងក្រឡុកស្រា ដែលនឹងចាប់ផ្តើមវគ្គសិក្សា នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។
សូមបញ្ជាក់ថា កម្មវិធីបើកវគ្គជាផ្លូវការនឹងប្រព្រឹត្តទៅនារយ:ពេល ៤សប្តាហ៍ក្រោយពីសិក្ខាកាម បានរៀនទ្រឹស្តីនិងអនុវត្ត ដោយមានការអញ្ជើញជាគណៈអធិបតីជាកិត្តិយសពីឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រួមទាំងការរៀបចំការបង្ហាញពីស្នាដៃធ្វើម្ហូបរបស់សិក្ខាកាម ដើម្បីជាការវាស់ស្ទង់វាយតម្លៃលើចំណេះជំនាញដែលបានហ្វឹកហាត់រួច។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា សូមស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់មាតាបិតា ដែលមានបំណងចង់ឱ្យកូន ក្មួយ សិក្សាវគ្គជំនាញវិជ្ជាជីវៈ នៅរាជបណ្ឌិត្យសភាកម្ពុជា។
(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីស្ថានភាពវិវត្តនៅប្រទេសមីយ៉ាន់ម៉ាជាប្រទេសសមាជិកអាស៊ាន ដែលកំពុងធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរថា «វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី...»។
នៅក្នុងកម្មវិធីបាឋកថាស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលឧទ្ទេសនាមដោយឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ភាគីអូស្ត្រាលីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការសម្របសម្រួល និងកំណត់របៀបវារៈក្នុងជំនួបជាមួយនឹងមហាអំណាច និងបណ្ដាប្រទេសនានាដែលជាដៃគូរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល និងកិច្ចសហប្រតិបត្តិការជាលក្ខណៈតំបន់ និងអន្តរជាតិ។ ឯកឧត្ដមក៏បានថ្លែងគាំទ្រដល់តួនាទីរបស់អាស៊ាន ក្នុងការសម្របសម្រួល និងចូលរួមដោះស្រាយវិបត្តិដែលកំពុងកើតមានឡើងនៅមីយ៉ាន់ម៉ា ពិសេសបានបង្ហាញជំហរគាំទ្រចំពោះការដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានធ្វើដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់មីយ៉ាន់ម៉ា និងបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញ ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងទាំង៥ចំណុចដែលអាស៊ានបានដាក់ចេញ។
នៅក្នុងសុន្ទរកថាបិទកម្មវិធីនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ ចំពោះការចែករំលែកចំណេះដឹង និងទស្សនៈយល់ឃើញរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបានឯកភាពចំពោះការវាយតម្លៃជាវិជ្ជមានរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលមានសមានចិត្ត ក្នុងការជួយដល់ប្រទេស និងប្រជាជនកម្ពុជាដោយស្មោះស្ម័គ្រកន្លងមក និងក្នុងពេលថ្មីៗដែលអូស្ត្រាលីបានផ្ដល់នូវជំនួយជាថវិកា និងវ៉ាក់សាំងដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាប្រសាសន៍គូសបញ្ជាក់បន្ថែម សម្រាប់ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដោយប្រើប្រាស់យន្តការថ្មីដែលមានភាពបត់បែនជាងយន្តការដែលធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា «ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គប្បីត្រូវបានដោះស្រាយដោយដំណោះស្រាយមិនមែនតាមបែបទម្លាប់ប្រពៃណីចាស់នោះឡើយ ហើយការផ្ដោតលើដំណោះស្រាយតាមបែបទម្លាប់ប្រពៃណីអន្តរជាតិខ្លាំងពេក អ្នកដែលរងគ្រោះគឺជាប្រជាជនមីយ៉ាន់ម៉ា »។
ឯកឧត្ដមបណ្ឌិតក៏បានលើកឡើងបន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសដែលធ្លាប់រងគ្រោះដោយសារវិបត្តិ នយោបាយ និងសង្គ្រាមផ្ទៃក្នុងរាប់ទសវត្សរ៍ ជាបទពិសោធដែលកម្ពុជាធ្លាប់បានជួបប្រទះ និងធ្លាប់រងការឈឺចាប់ដោយផ្ទាល់ ដូច្នេះហើយ កម្ពុជាបានយល់ជាក់ច្បាស់ចំពោះទុក្ខវេទនា ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងជួបប្រទះនាពេលនេះ ដូច្នេះកម្ពុជាក៏ចង់ឱ្យមីយ៉ាន់ម៉ារួចផុតពីវិបត្តិនេះដូចកម្ពុជាដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែមករា ឆ្នាំ២០២២នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំបាឋកថា ស្ដីពី «បាឋកថា ស្ដីពី អាស៊ាន-អូស្ត្រាលី៖ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលឧទ្ទេសនាមដោយឯកឧត្ដម WILL NAKERVIS ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន និងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងកម្មវិធីបាឋកថានាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្ដម Pablo Kang ឯកអគ្គរាជ ទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតសរុបចំនួន ១៣៧ អង្គ/នាក់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា បានចូលរួមស្ដាប់ ស្វែងយល់ និងចោទសួរយ៉ាងផុសផុលក្នុងកម្មវិធីបាឋកថានាព្រឹកនេះ។
ថ្លែងនៅក្នុងកម្មវិធីបាឋកថានាព្រឹកនេះ ឯកឧត្ដម WILL NAKERVIS ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន បានថ្លែងរំលេចអំពីសារៈសំខាន់នៃទំនាក់ទំនងរវាងអូស្ត្រាលី និងអាស៊ាន និងបានគូសបញ្ជាក់អំពីទស្សនៈរបស់អូស្ត្រាលីចំពោះតួនាទីរបស់អាស៊ានក្នុងការរៀបចំសណ្តាប់ធ្នាប់ក្នុងតំបន់ ព្រមទាំងដំណើរឈានទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអូស្ត្រាលី និងអាស៊ាន។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានថ្លែងសង្កត់ធ្ងន់អំពីតួនាទីស្នូលដ៏សំខាន់របស់អាស៊ាននៅក្នុងវេទិកាតំបន់/អន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគីដទៃដែលមានក្នុងតំបន់ប៉ាស៊ីហ្វិក។
លើសពីនេះ ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន បានបង្ហាញក្ដីរំពឹងប្រកបដោយសុទិដ្ឋិនិយមចំពោះតួនាទីរបស់កម្ពុជាក្នុងនាមប្រធានអាស៊ាននៅឆ្នាំ២០២២ ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហានានាដែលមាននៅក្នុងតំបន់ ដូចជាករណីវិបត្តិនៅមីយ៉ាន់ម៉ាជាដើម ដោយអូស្ត្រាលីបានសម្ដែងការសាទរចំពោះការសម្របសម្រួលរបស់កម្ពុជា ដែលវានឹងក្លាយទៅជាជោគជ័យថ្មីមួយសម្រាប់អាស៊ាននៅក្នុងការសម្របសម្រួល និងស្វែងរកដំណោះស្រាយ ចំពោះ បញ្ហាកើតមានឡើងនៅក្នុងតំបន់។
នៅចុងបញ្ចប់នៃបាឋកថា ឯកឧត្ដម WILL NAKERVIS បានគូសបញ្ជាក់អំពីការគាំទ្រពេញទំហឹងរបស់អូស្ត្រាលីចំពោះតួនាទីរបស់កម្ពុជាក្នុងនាមប្រធានអាស៊ាន និងបានបង្ហាញនូវជំហរប្រកបដោយសោមនស្សក្នុងការបំពេញការងារជាមួយនឹងកម្ពុជា ក្នុងការពិភាក្សា ក៏ដូចជាពង្រឹង និងពិនិត្យមើលបន្ថែមនូវកិច្ចសហប្រតិបត្តិការនានាជាមួយអាស៊ាន ពិសេសជាមួយនឹងប្រទេសកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួួយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Julien Chevillard ទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកការប្រែប្រួលអាកាសធាតុ និងលោក Paolo Dalla Stella អ្នកជំនាញគោលនយោបាយបរិស្ថានរបស់ UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានជជែកគ្នាអំពីការថែរក្សាបរិស្ថាន និងការទទួលបានផលពីការលក់កាបូនព្រៃដើម្បីចូលរួមចំណែកជំរុញដល់ការអភិរក្ស និងការថែរក្សាព្រៃឈើនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
RAC Media
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជំនួបលោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ីនៅសាលទន្លេសាប នៃអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
(តាកែវ)÷ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងលោកជំទាវ ព្រមទាំងសហការីចំនួន ៨រូប មានឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា ឯកឧត្តមបណ្ឌិត មាឃ បូរ៉ា លោក ហេង វីរិទ្ធិ លោក ប៊ុត សុម៉េត លោក ទេព វន្ថា លោក ប្រែង ពិសិដ្ឋ លោក រឿន ភារុន បានអញ្ជើញចូលរួមកម្មវិធីរាប់បាត្រព្រះសង្ឃ ៧៩អង្គ តបតាមសេចក្ដីអញ្ជើញរបស់ព្រះមង្គលបញ្ញា សៅរ៍ តារាវី ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ និងបានប្រគេនបច្ច័យក្រុមការងារដល់វត្ត ចំនួន ១ ៣០០ ០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មានលោកមេឃុំ អ៊ុ រីម និងសហការី ពង្រឹងសតិអារម្មណ៍ខិតខំបំពេញការងារបម្រើដល់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ។
RAC Media
(រូបភាពដោយ លោក រឿន ភារុន)
(រូបភាព៖ Vitou Ouch)
ថ្ងៃ៧ ខែមករា ឆ្នាំ២០២២ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៣ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏មានទៅតាមនោះដែរ។ អត្ថន័យនៃថ្ងៃ៧ មករា ហាក់ត្រូវបានកំណត់ដោយផ្អែលើទស្សនៈនិងគោលជំហរនយោបាយ ជាជាងតម្លៃនៃសច្ចភាពប្រវត្តិសាស្ត្រ។
សម្រាប់ខ្ញុំ “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់ គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ខ្ញុំបានកើតមុនរបបខ្មែរក្រហម ហើយក្លាយជាកុមារនៅក្នុងរបបខ្មែរក្រហម ក្រោយមក ជាកុមារនិងជាយុវជននៅក្នុងសម័យក្រោយរំដោះ ៧ មករា ដូច្នេះ ខ្ញុំគឺជាសាក្សីម្នាក់ដែលបានឃើញការរីកចម្រើននិងការអភិវឌ្ឍប្រទេសកម្ពុជា។
បើយើងពិបាកក្នុងការប្រៀបធៀបអំពីការរីកចម្រើនរបស់ប្រទេសជាតិទាំងមូល សូមប្រៀបធៀបតែនៅក្នុងរង្វង់គ្រួសារយើងនីមួយៗទៅ ក៏យើងអាចដឹងបានដែរថា តើពីឆ្នាំ១៩៧៩ មកដល់ឥឡូវ មានការប្រែប្រួលផ្លាស់ប្តូរអ្វីខ្លះនៅក្នុងសង្គមគ្រួសារបស់ខ្លួន?
អ្វីដែលយើងអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិត ក៏គ្មានផង។ ជីវិតរបស់យើងមិនមែនជារបស់យើងទេ គឺជីវិតយើងផ្ញើនៅជាមួយនឹងអង្គការ ដែលមិនដឹងថា តើនៅពេលណាអង្គការដកហូតយកជីវិតយើងនោះទេ ហើយអង្គការជានរណា ក៏យើងមិនស្គាល់ដែរ។ យើងគ្រាន់តែយកត្រី យកដំឡូងដែលយើងរកបានទៅហូប ក៏អង្គការបេះយកជីវិតរបស់យើងដែរ។
សព្វថ្ងៃនេះ យើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។ ការអប់រំយើងមានតាំងពីកម្រិតកុមារតូច ថ្នាក់បឋម រហូតដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ ទាំងអស់នេះ គឺជាអ្វីដែលយើងបានឃើញអំពីការប្រែប្រួលនៃសិទ្ធិផ្នែកស្មារតី។
រីឯផ្នែករូបវ័ន្តវិញ អ្វីៗដែលយើងបានឃើញនៅពេលនេះ រួមមាន ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំរីកដូចផ្សិត ភាពស៊ីវិល័យនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាដើម គឺមិនមែនជាការប្រទានរបស់អាទិទេពទេ តែវាកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
ពីមុន នៅពេលដែលយើងចង់ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយនៅទូទាំងប្រទេស ឬសូម្បីតែការធ្វើដំណើរពីផ្ទះទៅសាលារៀន តើយើងត្រូវចំណាយពេលប៉ុន្មាន? ឥឡូវនេះ ការធ្វើដំណើរទៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស គឺសុទ្ធតែអាចវិលល្ងាចបាន។ ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារនានា គឺជាភស្តុតាងដែលមិនអាចបដិសេធនូវសមិទ្ធផលក្រោយ ៧ មករា ១៩៧៩។
និយាយពីរាជធានីភ្នំពេញវិញ តើនៅសម័យកាលណា ដែលយើងអាចឃើញភ្នំពេញមានការរីកចម្រើនបែបនេះ។ ភ្នំពេញឥឡូវរីកធំ មានសំណង់អាគារស្កឹមស្កៃច្រើនស្អេកស្កះ មហាវិថី រុក្ខវិថី និងផ្លូវតូចធំខ្វាត់ខ្វែង និងភ្លើងពណ៌ដ៏ស្រស់ឆើតឆាយបំភ្លឺរាត្រី។ ម្យ៉ាងទៀត យើងមើលឃើញអំពីការរីកចម្រើននៃសេដ្ឋកិច្ចយើង។ យើងរក្សាបាននូវស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច រក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧ ភាគរយពិតពីរទស្សវត្សរ៍មកហើយ, ប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗ ដែលពីមុន យើងធ្លាប់បានក្រោម ១០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ តែឥឡូវនេះកើនដល់ទៅជិត ២.០០០ ដុល្លារ។ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺយើងនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ។
កម្ពុជា ដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងឯកោទាំងខាងនយោបាយ និង សេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធនិងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិនិងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។
ទាំងអស់នេះ គឺជាសូចនាករដែលអាចវាស់វែងបានអំពីការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ដូច្នេះ ថ្ងៃ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ, ចងចាំពីស្ថាបនិក ៧ មករា ដែលជាទេវតារំដោះជាតិនិងប្រជាជន, អ្នកស្តារ កសាង និងអភិវឌ្ឍជាតិ, ត្រូវចងចាំពីទស្សនវិជ្ជាឯកភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ, ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព និងចារឹកទុកនូវវប្បធម៌សន្តិភាពយូរអង្វែងទៅមុខទៀត។
ទន្ទឹមនឹងនោះដែរ អ្នកស្នងមរតក ៧ មករា ត្រូវតែបន្តរក្សាឱ្យនូវសមិទ្ធផល ៧ មករា ឱ្យបាន និងដាក់ចេញនូវទស្សនវិស័យថ្មី យុទ្ធសាស្ត្រថ្មី និងចក្ខុវិស័យថ្មីឱ្យស្របតាមការវិវត្តនៃចរន្តសាកលភាវូបនិយកម្ម ដើម្បីបង្កើតមរតកនិងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់អ្នកជំនាន់ក្រោយ, គេមិនត្រូវស្កប់ស្កល់តែនឹងសមិទ្ធផល ៧ មករា បច្ចុប្បន្ន ហើយសូត្រមេសូត្ររត់មាត់ ៧មករា រហូតទេ បើពុំនោះទេ, គេនឹងក្លាយជាអ្នកនយោបាយស៊ីកេរ លក់កេរ/កេរ្តិ៍៕
បណ្ឌិត គិន ភា
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
Dear Researchers and Scholars,
Under the auspice of the CHEY Institute for Advanced Studies (CIAS) of the Republic of Korea since 2004, the Asia Research Center of the Royal Academy of Cambodia (ARC-RAC) would like to announce the ISEF Program for 2022-2023 in the Republic of Korea.
Please refer to the detailed information on the International Scholar Exchange Fellowship (ISEF) 2022-2023 with attached files or via http://www.chey.org.
Or you can find more detail about:
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមរវាងស្ថាប័នទាំងពីរ លើការពង្រឹងគុណភាពបង្រៀនភាសាចិនទូទៅ ការផ្តល់ជំនួយបច្ចេកទេសកែច្នៃទឹកដោះគោ សាច់គោ ការតាំងបង្ហាញម្ហូបចិន និងជំរុញការផ្លាស់ប្តូរវប្បធម៌នៃប្រទេសយើងទាំងពីរ ដើម្បីការស្វែងយល់ពីគ្នារវាងប្រទេសយើងទាំងពីរ។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល និងលោកបណ្ឌិត CHEN XIAOLIN សាកលវិទ្យាធិការសាកលវិទ្យាល័យជីវជាំង និងជាអនុប្រធានក្រុមប្រឹក្សាភិបាល បានជួបប្រជុំតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ព្រមជាមួយសមាជិកនៃក្រុមប្រឹក្សាភិបាលផ្សេងទៀត ដោយផ្ដោតលើលើរបៀបវារៈសំខាន់ដូចជា៖ ១. កែសម្រួលសមាសភាពសមាជិកក្រុមប្រឹក្សាភិបាល; ២. បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងាររបស់វិទ្យាស្ថានខុងជឺឆ្នាំ២០២២។
RAC Media
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក សាដា អ៊ូម៉ា អាឡាម នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្ងៃទី៥ មករា ឆ្នាំ២០២២នេះ។
នៅក្នុងជំនួបសំណេះសំណាល ស្ថាប័នទាំងពីរ បានឯកភាពឈានទៅដល់កិច្ចសហប្រតិបត្តិការរួមគ្នា ៣ចំណុច៖
១- ការងារអភិវឌ្ឍនិងអភិរក្សវប្បធម៌នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប;
២- ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ; និង
៣- សិក្សាស្រាវជ្រាវអំពីជីវចម្រុះ និងផលប៉ះពាល់នៃបឹងទន្លេសាប ។
ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការ ក្នុងជំនួបជាមួយតំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងពីសកម្មភាពនិងសមិទ្ធផលនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបាននិងកំពុងអនុវត្តការងារអភិរក្សធនធានធម្មជាតិ នៅក្នុងឧទ្យានឫស្សីត្រឹប នៅឯខេត្តព្រះវិហារ។ គួរបញ្ជាក់ដែរថា ឧទ្យាននេះ ជាទីសម្រាប់ថែរក្សានូវធនធានធម្មជាតិ សម្បត្តិវប្បធម៌បន្សល់ទុកពីបងប្អូនជនជាតិកួយ និងភ័ស្តុតាងបន្សល់ទុកនូវស្លាកស្នាមនៃការរីកចម្រើនវិស័យឧស្សាហកម្មដែក តាំងពីសម័យអង្គរមកម្លេះ។ ក្រៅពីនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏កំពុងធ្វើការសិក្សានិងផ្ដល់នូវឱកាសសិក្សាពីវិជ្ជាជីវៈ សម្រាប់ជាទុកជូនដល់កុលបុត្រខ្មែរ ដែលត្រូវការជំនាញវិជ្ជាជីវៈសម្រាប់ជីវិត។
មួយវិញទៀត នៅក្នុងរយៈមិនដល់១ខែចុងក្រោយនេះ បញ្ហាកាប់ទន្ទ្រានដីលិចទឹកនៅក្នុងតំបន់បី នៅជុំវិញបឹងទន្លេសាប បានក្លាយជាបញ្ហាក្ដៅគគុកមួយដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការស្រាវជ្រាវនិងរឹបអូសយកមកវិញដីព្រៃលិចទឹក ដែលរងការបំផ្លាញដោយជនខិលខូចមួយចំនួនតូច ហើយកំពុងទទួលបានការសាទរពីប្រជាពលរដ្ឋជាច្រើននៅទូទាំងប្រទេស និងដាក់សេចក្ដីសង្ឃឹមលើរដ្ឋាភិបាលក្នុងសកម្មភាពដែលរំពឹងថា កម្ពុជា នឹងសម្បូរធនធានមច្ឆជាតិឡើងវិញ។ ជាមួយគ្នានេះ រាជបណ្ឌិត្យសភាកម្ពុជា មានគ្រោងការនឹងសិក្សាស្រាវជ្រាវបន្ថែមពីបញ្ហាដែលកំពុងកើតមាន និងផលប៉ះពាល់នានា ហើយលទ្ធផលនៃជំនួបពិភាក្សាជាមួយលោក សាដា អ៊ូម៉ា អាឡាម នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា នឹងរួមចំណែកជួយស្រោចស្រង់ធនធានមច្ឆជាតិ និងជីវចម្រុះនានា នៅក្នុងដែនទន្លេសាបឡើងវិញ៕
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM