Royal Academy of Cambodia
នាព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាលនិងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងដែលរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
តាមប្រសាសន៍របស់ឯកត្ដមបណ្ឌិតអគ្គលេខាធិការ បានបញ្ជាក់ឱ្យដឹងថា វគ្គតម្រង់ទិសការងារនេះ ផ្តល់ឱកាសដល់គ្រូបង្រៀនជនជាតិចិនក្នុងការសិក្សាស្វែងយល់ពីការងារ ការរស់នៅ ប្រពៃណីទំនៀមទម្លាប់ ច្បាប់ពាក់ព័ន្ធផ្សេងៗរបស់ប្រទេសកម្ពុជាមុននឹងចាប់ផ្តើមបំពេញបេសកកម្មការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានបើកវគ្គបណ្តុះបណ្តាលភាសាចិនទូទៅ ដែលកម្មវិធីសិក្សាចែកចេញជា ៤កម្រិតធំៗ គឺ កម្រិតមូលដ្ឋានគ្រឹះ កម្រិតបឋម កម្រិតមធ្យម កម្រិតខ្ពស់។ វគ្គសិក្សា នីមួយៗ មានរយៈពេលប្រមាណពី៤ ទៅ ៥ខែ ឬស្មើនឹង ៨០ ទៅ ៩០ម៉ោង។
វគ្គសិក្សា ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងមានបង្រៀនជា ៣ពេល គឺ៖ ពេលព្រឹកចាប់ពីម៉ោង៦:៣០-៧:៣០នាទី និងម៉ោង ១១:០០-១២:០០នាទីថ្ងៃត្រង់ និងម៉ោង១៧:៣០-១៨:៣០នាទីល្ងាច រាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
ចំណែកនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វិទ្យាស្ថានខុងជឺ មានបើកវគ្គសិក្សា ២វេនគឺវេនព្រឹក ម៉ោង៨:០០-១២:០០នាទី និង ពេលរសៀល ម៉ោង១៤:០០-១៨:០០នាទីល្ងាច។
សិស្សានុសិស្ស ចាប់អារម្មណ៍វគ្គសិក្សាជាមួយគ្រូចិនមានបទពិសោធន៍ ពូកែៗ អាចទំនាក់ទំនងចុះឈ្មោះចូលរៀន នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ នាព្រឹកថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា ជនជាតិចិនមានភាពងាយស្រួលក្នុងការមកបំពេញការងារ ដោយសារតែទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងកត្តាមួយចំនួនផ្សេងទៀត ដែលទាញឱ្យប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន អាចរស់នៅចុះសម្រុងជាមួយគ្នា ហើយជនជាតិចិនអាចសម្របខ្លួនបានយ៉ាងងាយ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ក្រៅតែពីទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានហេតុផលសំខាន់ៗចំនួន៦ទៀត ដែលបានបង្កបរិយាកាសងាយស្រួលសម្រាប់ជនជាតិចិន មកបំពេញការងារនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖
១. ប្រជាជនកម្ពុជានិយាយភាសាចិន តែចិនមិននិយាយភាសាខ្មែរ
២. នៅក្នុងប្រទេសកម្ពុជា មានម្ហូបអាហារចិនជាច្រើនមុខ
៣. នៅកម្ពុជា គេគោរពឱ្យតម្លៃដល់ជនបរទេសជាខ្លាំង
៤. ចិនបានកែប្រវត្តិសាស្ត្រកម្ពុជា គឺផ្លូវល្បឿនលឿនដែលកម្ពុជាពុំធ្លាប់មានពីមុនមក
៥. ចិនបានធ្វើការវិនិយោគលើអគារធំៗជាច្រើនព្រោងព្រាតនៅក្នុងប្រទេសកម្ពុជា
៦. លោក ស៊ី ជិនភីង ដែលស្ថិតនៅក្នុងតំណែងជាអនុប្រធានាធិបតីបានមកសម្ពោធអគារខុងជឺ ដោយវាគឺជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រ ដែលជាការបង្ហាញពីមិត្តភាពកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមទៀតអំពីការទទួលយកនូវវប្បធម៌ចិននៅក្នុងសង្គមខ្មែរ ទាំងសម្រាប់អ្នកដែលមានសែស្រឡាយកាត់ចិន និងប្រជាជនទូទៅ ពិសេសអ្នកដែលរកស៊ីលក់ដូរនៅផ្សារនានានៅក្នុងប្រទេសកម្ពុជា ដោយមិនត្រឹមតែជាការប្រាព្ធពិធីតាមបែបប្រពៃណី ដូចជាចូលឆ្នាំចិន សែនក្បាលទឹក ឬពិធីផ្សេងៗទៀតនោះទេ ប៉ុន្តែសូម្បីតែសូរសៀងនិយាយរបស់ប្រជាជនខ្មែរដែលជាអ្នកលក់ដូរនៅតាមបណ្ដាផ្សារនានា ក៏មានទំនោរបែបចិនផងដែរ ដូចជារបៀបហៅគ្នាថា កុង ម៉ា ទ្រា ហ៊ា សោរជាដើម។ ទាំងនេះ ជាតឹកតាងមួយដែលអាចសបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជា បានស្វាគមន៍ និងបានផ្ដល់ភាពងាយស្រួលសម្រាប់ការស្នាក់នៅ និងបំពេញការងាររបស់ជនជាតិចិននៅក្នុងប្រទេសរបស់ខ្លួន ដោយបានបង្កបរិយាកាសរស់នៅដែលងាយចុះសម្រុង និងងាយសម្របខ្លួនដល់ជនជាតិចិនដែលមកបំពេញការងារនៅប្រទេសកម្ពុជាផងដែរ៕
RAC Media
The Meeting followed up discussions by RAC experts at the provincial level on the project to develop landfill and waste-to-energy in Battambang province.
រាជបណ្ឌិត្យសភាកម្ពុជា៖ នៅរសៀលវេលាម៉ោង ១៤:៣០ នាទី នាថ្ងៃចន្ទ ៧ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៃបន្ទប់ រាជព្រឹក្ស ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំតាមដានការងារគម្រោងស្រាវជ្រាវស្តីពី “ ការអភិវឌ្ឍទីលានទុកដាក់សំណល់ និងការកែច្នៃសំណល់ទៅជាថាម ពល”នៅខេត្តបាត់ដំបង។
នៅក្នុងជំនួបកិច្ចពិភាក្សាតាមដានការងារនោះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសំដែងការគាំទ្រចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ក្រុមការងារជំនាញ រាជបណ្ឌិត្យសភាកម្ពុជា និងក៏សូមថ្លែងអំណរគុណដល់កិច្ចសហការយ៉ាងល្អពីសំណាក់ថ្នាក់ដឹកនាំខេត្ត សាលាក្រុង និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត មានមន្ទីរសារធារណៈការនិងដឹកជញ្ជូន មន្ទីរបរិស្ថានខេត្តបាត់ដំបង អង្គការអភិវឌ្ឍស្រី្ត និងសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានចូលរួមនៅក្នុងសិក្ខាសាលានាពេលនោះ។
នាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់ជាអនុសាសន៍មួយចំនួន ដោយត្រូវបន្តកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវ ជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាស្ថាប័នផ្សេងៗទៀត ដែលមានការសិក្សាស្រាវជ្រាវប្រហាក់ប្រហែលគ្នាទាំងជាតិ និងអន្តរជាតិក្នុងន័យអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ថា៖ យោងលិខិតលេខ២១៧/២២ល.ប.ប ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដែលបានចាត់តាំង លោកបណ្ឌិត ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាននិងសំណង់ស៊ីវិល នៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឱ្យដឹកនាំក្រុមការងារ រួមមានលោកបណ្ឌិត លឹម សេងឌី លោក អាត ធារ៉ា និងលោក ស្វាយ រីដា តំណាងវិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ដើម្បីចូលជួបប្រជុំពិភាក្សានិងធ្វើសិក្ខាសាលារួមគ្នារយៈពេលមួយ(០១)ថ្ងៃពេញនៅសាលាខេត្តបាត់ដំបងកាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។
RAC Media
រាជបណ្ឌិត្យសភាកម្ពុជា៖ នាព្រឹកថ្ងៃពុធ ២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាននិងសំណង់ស៊ីវិល នៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងជាប្រធានគម្រោងសិក្សាស្រាវជ្រាវ ស្តីពី “ ការអនុវត្តបាយអូឆា បាយអូ-កំប៉ុស្ត ផលិតដោយបច្ចេកវិទ្យាក្នុងស្រុក និង កសិកម្មឆ្លាត លើដំណាំបន្លែនៅកម្ពុជា” បានដឹកនាំក្រុមការងារ ចូលជួប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណង រាយការណ៍អំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវក្នុងរយៈពេល ៤០ ថ្ងៃ ក្នុងការអនុវត្ត ផលិតផលបាយអូឆាពីសំណល់អំពៅ ទៅលើដំណាំស្ពៃខៀវ និង ការអនុវត្តឧបករណ៍ IOT (Internet of Things) តាមរយៈការប្រើប្រាស់សិនស័រ (Sensors)ដើម្បីកំណត់ទៅលើបរិមាណទឹកក្នុងការស្រោចស្រព និងសិនស័រសំណើមដី ដោយធ្វើការអង្កេតទៅលើការរីកលូតលាស់នៃដំណាំខាត់ណាដើម ។ ការពិសោធន៍សិក្សាស្រាវជ្រាវនេះ គឺអនុវត្តនៅក្នុងកសិដ្ឋានផ្ទះសំណាញ់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រនិងបានឱ្យបន្តលើកិច្ចការស្រាវជ្រាវរបស់លោកបណ្ឌិត ម៉ម សារិត លើការកែច្នៃសំណល់ឱ្យក្លាយទៅជាបាយអូឆា និងជីកំប៉ុស្ត សហការ ជាមួយលោកបណ្ឌិត លឹម សេងឌី អំពីការផលិតឧបករណ៍កសិកម្មឆ្លាតនិងអនុវត្តលើដំណាំ រួមទាំងក្រុមការងារ រួមមានលោក អាត ធារ៉ា និង ក្រុមការងារក្លូនផ្កា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន និងបានស្នើរឱ្យក្រុមការងារខិតខំសិក្សាស្រាវជ្រាវបន្តចាប់ពី ២ (ពីរ ) ទៅ ៣ (បី) ឆ្នាំតទៅទៀត ក្នុងនោះរួមមាន៖
១. ត្រូវសិក្សាលើតម្លៃនៃការចំណាយលើការផលិតផលបាយអូឆា និងជីកំប៉ុស្តពីសំណល់ ដោយប្រៀបធៀបជាមួយទិន្នផលដំណាំ (Crop Productivity) រួមទាំងតម្រូវការទីផ្សារ(Market Demand)។
២. ត្រូវសិក្សាពីគុណភាព និងតម្លៃនៃផលិតផលឧបករណ៍ កសិកម្មឆ្លាត ដូចជាសិនស័រ(Sensors)ដែលផលិតដោយក្រុមការងារកសិកម្មឆ្លាត (Smart Agriculture)។
៣. ត្រូវលើកគម្រោងសិក្សាស្រាវជ្រាវសម្រាប់ឆ្នាំបន្ត ដើម្បីអភិវឌ្ឍគម្រោងសិក្សាស្រាវជ្រាវឱ្យមានលក្ខណៈវិទ្យាសាស្រ្ត និងស៊ីជម្រៅបន្ថែមទៀត ទាំងបាយអូឆា ទាំងកសិកម្មឆ្លាត។
RAC Media
ប្រភព៖ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
«ការទូតដើមឫស្សី–Bamboo Diplomacy» ជាសិល្បៈការទូតមួយបែប ដែលបានព្យាយាម ចាក់ប្ញសគល់ យ៉ាងរឹងមាំ និងអាចបទបែនទៅបានគ្រប់ទិសទី ទៅតាមបរិបទនៃនយោបាយ ដែលប្រៀបបានទៅហ្នឹងដើមឫស្សី មួយគុម្ពដែលមានប្រសគល់យ៉ាងរឹងមាំ បើទោះបីដើមត្រូវខ្យល់បក់បោកធ្វើឱ្យទោរទន់ទៅទិសណាក៏ដោយ។
ដើមឫស្សីបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅដែលទាក់ទងនឹង វប្បធម៌ និងការទូត របស់ប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រទេសថៃ វៀតណាម ជាដើម។ សម្រាប់នយោបាយការបរទេសរបស់ប្រទេស ថៃ ត្រូវបានគេចាត់ទុកថា មានភាពស្រដៀងគ្នាទៅនឹងដើមប្ញស្សី «ដែលអាចពត់ពេនឬបត់បែនតាមខ្យល់បក់ បោក»។ ចំណែកប្រទេស វៀតណាម ការទូតដើមឫស្សី នេះត្រូវបានគេមើលឃើញកាន់តែច្បាស់ ក្រោយពេល លើកឡើង នៅក្នុងសុន្ទរកថាដែលទាក់ទងនឹង គោលនយោបាយការបរទេសរបស់ប្រទេសវៀតណាម ដែលជា គោលគំនិតមួយ ត្រូវបានគេប្រើប្រាស់ដើម្បីឆ្លុះបញ្ជាំងឱ្យឃើញអំពី ផលប្រយោជន៍ការទូតរបស់វៀតណាម ចាប់តាំងពី ការធ្វើកំណែទម្រង់ (Doi Moi)កាលពីឆ្នាំជាង៣៥ឆ្នាំមុន ក្នុងឆ្នាំ១៩៨៦ និងដើម្បីរំលេចឱ្យឃើញ ពីគម្រូរបស់រដ្ឋតូចៗ ដែលគួរតែធ្វើការពិចារណា ក្រោយពេលកើតមានភាពតានតឹងដាក់គ្នា រហូតដល់ក្លាយជា ភ្លើងសង្គ្រាម រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
«ការទូតដើមឫស្សី» របស់វៀតណាម ដែលបានរំលេចឡើងនាពេលកន្លងទៅនេះ គឺជាការបង្ហាញអំពី ទំនុកចិត្តក្នុងការអនុវត្តនយោបាយការបរទេសរបស់ខ្លួន។ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម បានគូសបញ្ជាក់អញ្ចឹងថា «ដើមឫស្សីមានឫសនិងគល់រឹងមាំ ហើយមានមែកអាចបត់បែនបាន ប្រៀបដូចជាទំនាក់ទំនងការទូតរបស់ប្រទេសវៀតណាម ដែលមានភាពទន់ភ្លន់ និងឆ្លាតវៃ ប៉ុន្តែនៅតែរក្សាការតស៊ូ និងការតាំងចិត្ត មានភាពបត់បែន និងច្នៃប្រឌិត មាំមួន ក្លាហាន និងធន់ចំពោះរាល់បញ្ហាប្រឈម និងការលំបាក នានា ដើម្បីរក្សាបាននូវឯករាជ្យជាតិ និងសុភមង្គលជូនប្រជាជន និងដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ»។
សម្រាប់ប្រទេសវៀតណាម «ការទូតដើមឫស្សី» គឺសំដៅទៅលើការខិតខំប្រឹងប្រែង ដើម្បីរក្សាបាននូវ ឯករាជ្យ និងស្មើភាពគ្នាដើម្បីទប់ទល់នឹងមហាអំណាច ហើយត្រូវទាញយកផលចំណេញជាអតិបរមា និងត្រូវ ទប់ទល់នឹងយុទ្ធសាស្ត្រដែលមានភាពមិនប្រាកដនិយម។ សមិទ្ធិផលនៃនយោបាយការបរទេសរបស់ប្រទេស វៀតណាម នៅក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ បានសបញ្ជាក់ឱ្យឃើញពីភាពជោគជ័យនៃ «ការទូត ដើមឫស្សី» របស់ខ្លួន។
សូមរំលឹកថា ក្រោយការធ្វើកំណែទម្រង់ (Doi Moi) នាឆ្នាំ១៩៨៦ ប្រទេសវៀតណាមបានធ្វើការផ្លាស់ប្តូរ ពីការប្រើប្រាស់គោលនយោបាយការបរទេសបែបមនោគមវិជ្ជា មកជាគោលនយោបាយការបរទេសដែលផ្តោត ទៅលើ ផលប្រយោជន៍ជាតិ និងគោលការណ៍ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ប្រកាន់ពហុភាគីនិយម និងការធ្វើ ពិពិធកម្ម ដែលជាកត្តាជំរុញ ឱ្យប្រទេសមួយនេះ អាចកសាងបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយ រក្សាបាន នូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្រិតខ្ពស់ និងទទួលបាននូវកិត្យានុភាពទាំងនៅក្នុងតំបន់និងនៅលើឆាក អន្តរជាតិ។
ការប្រៀបប្រដូចដើមឫស្សី ទៅនឹងនយោបាយការបរទេសរបស់ខ្លួននេះ គឺពិតជាបានបង្ហាញអំពីរបៀប ដែលប្រទេស វៀតណាម បានរក្សាជំហររបស់ខ្លួនបានយ៉ាងរឹងមាំ ក្នុងពេលដែលប្រទេសមហាអំណាច កំពុងប្រកួត ប្រជែងគ្នានៅក្នុងតំបន់កាន់តែខ្លាំងក្លាឡើង លើបញ្ហាភូមិសាស្ត្រនយោបាយ។ ទោះបីជាបញ្ហា នៅសមុទ្រចិន ខាងត្បូង នៅតែបន្តកើតមាន, COC នៅមិនទាន់លេចចេញជារូបរាង ក្រោយពេល DOC បានឈានចូលខូបលើក ទី២០ឆ្នានៃការករកើត ហើយទីក្រុងហាណូយ បានបង្កើនទំនាក់ទំនងការទូតជាមួយបណ្តាប្រទេស នៅលោកខាង លិចក្តី ប៉ុន្តែប្រទេសវៀតណាមនៅតែបន្តរប្រកាន់ខ្ជាប់តាមគោលការណ៍ ទាំង៤ ដែលបានដាក់ចេញក្នុងសៀវភៅស ការពារជាតិឆ្នាំ២០១៩ របស់ខ្លួន នោះគឺ៖ (១)-គ្មានការបង្កើតសម្ព័ន្ធភាពយោធា, (២)-គ្មានការចូលរួមជាមួយ ភាគីណាមួយ, (៣)-គ្មានការអនុញ្ញាតឱ្យបរទេសប្រើប្រាស់វៀតណាមធ្វើជាមូលដ្ឋានយោធា និង(៤)-ការ ប្រើប្រាស់កម្លាំងនៅក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ។ ការទូតដើមឫស្សី នេះក៏ជាកត្តាជំរុញឱ្យ ប្រទេសវៀតណាម រក្សាបាននូវមជ្ឈភាពរបស់អាស៊ានផងដែរ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (The Association of Southeast Asian Nations) ដែលហៅកាត់ថា «អាស៊ាន» (ASEAN) បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសស្ថាបនិកចំនួន៥។ ក្រោយមកទើបសមាជិកថ្មីៗចូលជាបន្តបន្ទាប់ទៀត ហើយប្រទេសកម្ពុជាគឺជាសមាជិកកូនពៅ ដែលបានចូល នៅថ្ងៃទី៣0 ខែមេសា ឆ្នាំ ១៩៩៩។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ ធម្មនុញ្ញអាស៊ានលេចចេញជារូបរាងឡើង និងបានកំណត់ ពីភាពរឹងមាំរបស់តំបន់ ដោយជំរុញឱ្យកាន់តែខ្លាំងថែមទៀត នូវកិច្ចសហប្រតិបត្តិការ ផ្ដោតសំខាន់លើសសរស្ដម្ភសហគមន៍៣គឺ សសរ ស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភសហគមន៍សេដ្ឋកិច្ច និងសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌។ សសរ ស្ដម្ភសហគមន៍សង្គម-វប្បធម៌គឺជាសសរស្ដម្ភទី៣ ដែលបានបង្កើតឡើងនៅឆ្នាំ២០១៥ ក្នុងគោលបំណងសម្រេចឱ្យបាននូវសក្ដានុពលពេញលេញនៃប្រជាជាតិអាស៊ាន ពោល គឺនៅឆ្នាំ២០២៥ សហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងមានការរួមបញ្ចូល មាននិរន្តភាព ភាពធន សក្តានុពល យុត្តិធម៌ និងឆ្លើយតបទៅនឹងយេនឌ័រ និងចូលរួមផ្ដល់ផលប្រយោជន៍ដល់ប្រជាជន។
ចំណែកសប្តាហ៍វប្បធម៌ កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាព្រឹត្តិការណ៍វប្បធម៌ដើម្បី ផ្តល់ឱកាស ដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ពី គ្នាទៅវិញទៅមក និងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់ និងកិច្ចសហប្រតិបត្តិការមិត្តភាព និងបងប្អូន ភូមិផងរបងជាមួយ រវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរ ក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញ ពី ជំងឺរាតត្បាតដោយវីរុសកូវីដ-១៩។
តើដើម្បីសម្រេចឱ្យបាននូវ សក្ដានុពលពេញលេញនៃប្រជាជាតិអាស៊ាន នៃសសរស្ដម្ភ សហគមន៍សង្គម-វប្បធម៌របស់អាស៊ា ពិតជាមានភាពចាំបាច់ ត្រូវជំរុញឱ្យមានជាប្រចាំនូវ សប្តាហ៍វប្បធម៌ កម្ពុជា-វៀតណាម ដែរឬ ទេ?
សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌ ជាសសរស្តម្ភទី៣របស់អាស៊ាន ដោយធ្វើការជំរុញដើម្បីឆ្ពោះទៅរក (១) សហគមន៍ដែលមានការប្ដេជ្ញាចិត្ត ការចូលរួម និងការទទួលខុសត្រូវក្នុងសង្គមដើម្បីផលប្រយោជន៍ប្រជាជនអាស៊ាន (២) សហគមន៍ប្រកបដោយបរិយាប័ន្នដែលលើកកម្ពស់គុណភាពជីវិត ការទទួលបានឱកាសប្រកបដោយសមធម៌ និងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស (៣) សហគមន៍ប្រកបដោយនិរន្តរភាពដែលលើក កម្ពស់ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន (៤) សហគមន៍ដែលមានភាពធន់ រួមជាមួយការពង្រឹង សមត្ថភាព និងលទ្ធភាព ដើម្បីសម្របខ្លួន និងឆ្លើយតបទៅនឹងភាពងាយរងគ្រោះនៃសង្គម និងសេដ្ឋកិច្ច គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមថ្មីផ្សេងៗទៀត និង (៥) សហគមន៍ប្រកបដោយភាពស្វាហាប់ និងសុខដុមរមនា ដែលមានការយល់ដឹង និងមានមោទនភាពចំពោះអត្តសញ្ញាណ វប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន។
ដើម្បីសម្រេចបានគោលបំណងទាំងនេះ ប្រទេសសមាជិកអាស៊ានទាំង ១០ ខិតខំបង្កើតសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន វប្បធម៌ និងសិល្បៈ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ អប់រំ យុវជន កីឡា សុខុមាលភាពសង្គមនិងការអភិវឌ្ឍ យេនឌ័រ សិទ្ធស្ត្រី និងកុមារ ការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ ការងារ មុខងារ សាធារណៈ បរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ និងសុខាភិបាល។
ដោយឡែកសម្រាប់ប្រទេសកម្ពុជា សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌ ត្រូវបានដឹកនាំដោយ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដែលជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានកម្ពុជា ដោយមានការចូលរួមពីសំណាក់១១ ក្រសួង-ស្ថាប័នដែលទទួលបន្ទុកលើ ១៥ វិស័យគឺ (១)គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (២) ក្រសួងកិច្ចការនារី (៣) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (៤) ក្រសួងបរិស្ថាន (៥) ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (៦) ក្រសួងមុខងារសាធារណៈ (៧) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (៨) ក្រសួងអប់រំ យុវជន និងកីឡា (៩) ក្រសួង សុខាភិបាល (១០) ក្រសួងព័ត៌មាន និង (១១) ក្រសួងអភិវឌ្ឍន៍ជនបទ។
យោងតាមសុន្ទរកថារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីទទួល តំណែងប្រធានអាស៊ាន ជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្តេចបានមានប្រសាសន៍ថា កម្ពុជានឹងដឹកនាំអាស៊ានឈានទៅសម្រេចបាននូវ សមិទ្ធផល សំខាន់ៗថែមទៀត ជាពិសេសជំរុញសម្ទុះនៃដំណើរការកសាងសហគមន៍អាស៊ាន ប្រកបដោយ សមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, និងសហគមន៍មួយ ដោយដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ–ដោះស្រាយ បញ្ហា ប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំង មូល។ ក្នុងស្មារតីនេះ សម្រាប់សសរស្តម្ភសង្គម–វប្បធម៌៖ កម្ពុជានឹងជំរុញ ការអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតប នឹងតម្រូវការជាក់ស្តែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួម របស់ស្ត្រី និងយុវជន នៅក្នុងការរក្សា និងកសាង សន្ដិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយ បរិយាប័ន្នផងដែរ។ អាទិភាពសំខាន់មួយទៀត គឺការជំរុញនូវ ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ។
ទាក់ទងទៅហ្នឹង “ការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្ត សញ្ញាណអាស៊ានតែមួយ” កម្ពុជាកំពុងធ្វើការងារនេះយ៉ាងសកម្មជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និយាយជារួម និងនិយាយដោយឡែក ជាមួយប្រទេសជិតខាង ដែលមានភូមិផងរបងជាមួយ ហើយជាពិសេសគឺជាមួយប្រទេស វៀតណាម។
ឆ្នាំ២០២២នេះ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា រៀបចំឡើងចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១៤ ខែសីហា នៅរាជធានីភ្នំពេញនិងទីក្រុងសៀមរាប ចំណែកព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម រៀបចំឡើងនៅក្នុងទីក្រុងហូជីមិញ និងខេត្តត្រាវិញ នៅដែនដីសណ្តរទន្លេមេគង្គ ចាប់ពីថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា។ ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនាឆ្នាំ២០២២នេះ លើសពីការផ្តល់ឱកាសដល់ប្រជាជននៃប្រទេស ទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក ថែមទាំងជាផ្នែកមួយនៃសកម្មភាពអបអរសាទរខួបលើកទី៥៥ នៃការ បង្កើតទំនាក់ទំនងការទូតផ្លូវការ និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយអនុលោមទៅតាមផែនការសហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្ប: ឆ្នាំ២០១៨-២០២២ រវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរ។ ចំណែកកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ ឆ្នាំ២០២៣–២០២៧ ខាងមុខ រវាងប្រទេសកម្ពុជា និងវៀតណាម ដែលបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងបានឯកភាពជាផ្លូវការ ដោយកំណត់យក ភាគីវៀតណាម នឹងរៀបចំសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៦ ចំណែកសប្តាហ៍ វប្បធម៌កម្ពុជា នៅវៀតណាម កម្ពុជានឹងរៀបចំនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៥។ ចំណែកក្នុងឆ្នាំ ២០២៧ សប្តាហ៍វប្បធម៌ រវាង ប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅនៅប្រទេសទាំងពីរ ក្នុងឱកាសអបអរខួបលើកទី ៦០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម រួមជាមួយនឹងសកម្មភាពផ្សេងទៀត ដូចជាការសម្តែងសិល្បៈ និងការតាំងពិពណ៌ជាដើម។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍“សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២នារាត្រី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២, លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន ប្រសាសន៍ ថា ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ បានផ្តល់ឱកាសដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក និងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់ និងកិច្ចសហប្រតិបត្តិការមិត្តភាព និងបងប្អូន ភូមិផងរបងជាមួយ រវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរ ក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញ ពី ជំងឺរាតត្បាតដោយវីរុសកូវីដ-១៩។ ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរនាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថា ជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ ដែលស្តែងចេញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្ដូរ គណៈប្រតិភូ ជាន់ខ្ពស់ មន្ត្រីជំនាញ និងក្រុមសិល្បៈនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ហ័ង ដាវគួង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានថ្លែងថា វៀត ណាមនិងកម្ពុជា មានទំនាក់ទំនងជាសាមគ្គីភាព មិត្តភាពបែបប្រពៃណី និងជាអ្នកភូមិផងរបងជា មួយគ្នា។ សម្រាប់ទំនាក់ទំនងការទូតជាងកន្លះសតវត្សរ៍ យើងមានក្តីសោមនស្សបានឃើញជាក់ស្តែង នូវកិច្ច សហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ ដែលមានការវិវឌ្ឍកាន់តែខ្លាំងឡើង និងត្រូវបានបណ្តុះក្នុង វិធីសាស្ត្រដ៏ស៊ីជម្រៅនិងជាក់ស្តែង។ ទំនាក់ទំនងប្រទេសទាំងពីរ ក៏ទទួលបានសមិទ្ធិផលជាច្រើនក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងៗ ដែលចូលរួមការនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។ សកម្មភាពវប្បធម៌នានារបស់ប្រទេសទាំងពីរ ដែលត្រូវបានរៀបចំជាទៀងទាត់ ដើរតួ យ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងការស្វែងយល់ពីគ្នាទៅវិញទៅមក ដែលផ្តល់ឱ្យនូវការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។
ទាក់ទងនឹង វិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ វៀតណាមបានឱ្យដឹងថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២ ការ នាំចេញ-នាំចូលទំនិញរវាង វៀតណាម និងកម្ពុជា សម្រេចបាន ៧,៨៧ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងនោះ ការនាំចូលពីវៀតណាមមកកាន់កម្ពុជា សម្រេចបាន ៤,១៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣២,៧% ចំណែកការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម សម្រេចបាន ៣,៦៩ ពាន់លាន ដុល្លារអាម៉េរិក កើនឡើង ៥,៥% ធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ហើយបើតាមរបាយការណ៍ ដែលទទួលបានពីស្ថានតំណាងពាណិជ្ជកម្មរបស់វៀត ណាមនៅកម្ពុជាបានឱ្យដឹងថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២ វៀតណាមមានគម្រោង ចំនួន១៩៧ ដែល កំពុងដំណើរការនៅកម្ពុជា ដែលមានដើមទុនសរុប ចំនួន ប្រមាណ ដើមទុនចុះបញ្ជីសរុបសម្រាប់ ការវិនិយោគ នៅបរទេសគឺ ២,៩២ ពាន់លានដុល្លារអាម៉េរិក ជាប់ចំណាត់ ថ្នាក់ទីពីរ ក្នុងចំណោមប្រទេស និង ដែនដីចំនួន ៧៩ ដែលវៀតណាមបានដាក់ទុនវិនិយោគ នៅបរទេស (បន្ទាប់ពីប្រទេសឡាវ)។ ចំណែគបើយោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុង រយៈពេលប្រាំបីខែដំបូង នៃឆ្នាំ ២០២២ កម្ពុជាបាន ស្វាគមន៍ភ្ញៀវ អន្តរជាតិជាង ១លាននាក់ កើនឡើង 580% បើធៀបនឹងរយៈពេលដូច គ្នាកាលពីឆ្នាំ២០២១។ ជាការរំពឹងទុក ឆ្នាំ២០២២ នេះកម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិ ពី១,៥ ទៅ ២លាននាក់។ ចំណែក ភ្ញៀវទេសចរវៀតណាម មកទស្សនាកម្ពុជាមានចំនួន ១៤៣,៣០០នាក់ ក្នុងរយៈពេល៦ដើម ឆ្នាំ ២០២២នេះ កើនឡើងជាង២០ដង ធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ចំណែកភ្ញៀវទេសចរកម្ពុជា មានចំនួនជាង ៨ម៉ឺននាក់ បានទៅទស្សនាប្រទេស វៀតណាម ក្នុងរយៈពេល៦ដើមឆ្នាំ២០២២។
សប្តាហ៍វប្បធម៌ កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យ ដែលបាន ផ្តល់ឱកាសដល់ប្រជាជន នៃប្រទេសទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក និងរួមចំណែកក្នុងការនាំយក ការផ្សាភ្ជាប់ និងកិច្ចសហប្រតិបត្តិការមិត្តភាព និងបងប្អូនភូមិផងរបងជាមួយ រវាងប្រជាជននិងប្រជាជន នៃ ប្រជាជាតិទាំងពីរ ក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញ ក្រោយពីវិបត្តិនៃជំងឺរាតត្បាតដោយវីរុសកូវីដ-១៩ ដោយការបង្កើនចំណាប់អារម្មណ៍ និងការទាក់ទាញ តាមរយៈការផ្លាស់ផ្តូរវប្បធម៌ដែលប្រកបដោយភាពរួសរវើក របស់ ជាតិសាសន៍នីមួយៗ ក្នុងគោលបំណងជំរុញឱ្យមានកំណើនភ្ញៀវទេសចរបរទេស ពាណិជ្ជកម្ម វិនិយោគ ហើយវាក៏ដូចជាការជំរុញ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ដែលជំរុញការអភិវឌ្ឍធនធាន មនុស្ស ឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រីនិងយុវជន នៅក្នុងការរក្សា និងកសាងសន្ដិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្ន ជាពិសេសជំរុញនូវ ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ នៃសសរស្តម្ភ សហគមន៍ សង្គម–វប្បធម៌ ។
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
បាត់ដំបង៖ កាលពីថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាននិងសំណង់ស៊ីវិល នៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រាជបណ្ឌិត្យសភាកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ (លោកបណ្ឌិត លឹម សេងឌី លោក អាត ធារ៉ា និង លោក ស្វាយ រីដា) ធ្វើសិក្ខាសាលានិងពិក្សាការងារលើគម្រោងរួមគ្នាជាមួយលោក លាង វាសនា អភិបាលរងក្រុង តំណាងលោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រួមទាំងអង្គភាពពាក់ព័ន្ធរួមមាន មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន អង្គការអភិវឌ្ឍស្ត្រី សាកលវិទ្យាល័យជាតិ និង សាលាក្រុងបាត់ដំបង។ គោលបំណងសិក្ខាសាលាគឺគំនិតផ្តួចផ្តើមបង្កើតនូវគម្រោងសិក្សាស្រាវជ្រាវ និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីអភិវឌ្ឍការសិក្សាស្រាវជ្រាវស្តីពី « ការអភិវឌ្ឍទីលានចាក់សំណល់ និង ការកែច្នៃសំណល់ទៅជាថាមពល» ។
នៅក្នុងកិច្ចពិភាក្សាសិក្ខាសាលាមានប្រធានបទសំខាន់ចំនួនបី៖
ប្រធានបទទី១៖ «គំនិតផ្តួចផ្តើមក្នុងការបង្កើត គម្រោងស្តីពី ការអភិវឌ្ឍទីលានចាក់សំណល់ និង ការកែច្នៃសំណល់ទៅជាថាមពល» ដោយលោកបណ្ឌិត ម៉ម សារិត
ប្រធានបទទី២៖ «ការគ្រប់គ្រងសំណល់រឹងនៅខេត្តបាត់ដំបង» ដោយ លោក ណយ ចេក អនុប្រធានការិយាល័យសាធារណៈក្រុងបាត់ដំបង។
ប្រធានបទទី៣៖ «ការអភិវឌ្ឍទីលានចាក់សំណល់ចាស់ និងថ្មីនៅខេត្តបាត់ដំបង»
ដោយលោក សុង ស៊ើង ប្រធានការិយាល័យ សាធារណៈការ និងដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងបាត់ដំបង និងជាសមាជិក PIU។
នៅរសៀលថ្ងៃដ៏ដែលនោះក្រុមការងារ និងអ្នកជំនាញ ក៏បានបន្តចុះសិក្សាទីលានចាក់សំណល់ ថ្មីដែលស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្ត បាត់ដំបង មានចំងាយ ២៦ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។
អង្គសិក្ខាសាលាក៏បានបង្ហាញពីការគាំទ្រ នូវគំនិតផ្តួចផ្តើម ពីលោកអភិបាលរងក្រុង លើគម្រោងលើកសិក្សាស្រាវជ្រាវរួមគ្នាដើម្បីរកធាតុចូលតាមរយៈការអភិវឌ្ឍការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍប្រទេសជាតិ និងបានបង្ហាញពីលទ្ធផលមួយចំនួនបន្ថែមទៀត ដោយបានមើលឃើញទិដ្ឋភាពចំនួនសំណល់នាពេលបច្ចុប្បន្នមានសមត្ថភាពដែលអាចផលិតបានដូចជាផលិតផលធ្យូង៣៧% និងផលិតផលឧស្ម័ន (ហ្គាស់) ៤៥% និងចរន្តអគ្គីសនី ៣,៧០៣ គីឡូវ៉ាត់ម៉ោង (3.703 kWh) (IPCC Modell និង AMS-BG Methodology)។( ដោយផ្អែកលើទិន្នន័យ នៃការផលិតសំណល់ក្នុងខេត្តបាត់ដំបង ក្នុង១ថ្ងៃ ១៨០ ទៅ ២៤០ តោន/ថ្ងៃ) ។ ក្រៅពីនោះក៏បានបង្ហាញផងដែរនូវភាពខ្វះចន្លោះនៅទីលានថ្មី គឺការតម្លើងប្រព័ន្ធទុយោប្រមូលឧស្ម័ន ពីសំណល់ និងពីសារធាតុរាវនៅក្នុងទីលាន ដើម្បីផលិតជាឧស្ម័នហ្គាស់ គឺមិនមានបង្ហាញនៅក្នុងផែនការមេ(Master plan)ទេ។ កិច្ចការបន្តទៀតត្រូវសិក្សាស្រាវជ្រាវបញ្ជាក់ឡើងវិញចំនួន០២ដងទៀតទៅលើចំនួនសំណល់ និងប្រភពសំណល់ ដែលនឹងត្រូវគ្របើគ្រងនៅទីលានចាក់សំណល់ថ្មី ដោយប្រើប្រាស់វិធីសាស្រ្ត និង រូបមន្ត ក្នុងការគណនារកចំនួនសំណល់ពិតប្រាកដ។ ក្រៅពីនោះអាចនឹងត្រូវធ្វើអនុស្សរណៈ យោគយល់(MOU)ត្រឹមកម្រិតស្ថាប័នជំនាញ និងសាលាក្រុង/ខេត្តបាត់ដំបង និងស្ថាប័នពាក់ព័ន្ធ នៅក្នុងកាលៈទេសៈសមស្របណាមួយ។
RAC Media
ប្រភព៖ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅលាព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក James Gao Jian នាយកសាលាអន្តរជាតិកម្ពុជា-ចិន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលភាសាចិនរួមគ្នារវាងសាលាអន្តរជាតិកម្ពុជា-ចិន ជាមួយនឹងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសំដែងការគាំទ្រចំពោះការបណ្តុះបណ្តាលភាសាចិននៅក្នុងប្រទេស កម្ពុជា ព្រោះថាអ្នកដែលជាប់ខ្សែរស្រឡាយចិន ឬជនជាតិខ្មែរដែលមានបំណងចង់សិក្សាភាសាចិនដើម្បីបំពេញតម្រូវការផ្នែកការងារ អាចសិក្សាភាសាចិនគ្រប់កម្រឹតនៅក្នុងប្រទេសកម្ពុជា ហើយការសិក្សាភាសានេះនឹងធ្វើឱ្យប្រទេសកម្ពុជា និងប្រទេសចិនកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាបន្ថែមទៀត។
សូមបញ្ជាក់ជូនថា ក្រោយពីការពិភាក្សាស្វែងយល់ពីតម្រូវការគ្នាទៅវិញទៅមករួចហើយ វិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជានឹងធ្វើការចុះអនុស្សរណៈយោគយល់ជាមួយសាលាអន្តរជាតិកម្ពុជា-ចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលភាសាចិនរួមគ្នានាពេលខាងមុខ។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែនឫស្សីត្រឹប៖ ការអភិរក្ស និងអភិវឌ្ឍនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជារឿងចាំបាច់បំផុតដែលថ្នាក់ដឹកនាំ រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមការងាររបស់ឧទ្យានតែងយកចិត្តទុកដាក់គ្រប់ពេលវេលា ដោយមិនគិតពីភាពហត់នឿយទោះបីជានៅក្នុងឱកាស ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងណាក៏ដោយ ក៏ក្រុមការងារឧទ្យាននៅតែដើរល្បាតព្រៃក្នុងឧទ្យានទាំងយប់ទាំងថ្ងៃ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារអភិរក្សនៅឧទ្យារាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបបានទទួលស្វាគមន៍ ឯកឧត្ដម គីម រិទ្ធី អភិបាលថ្មីនៃគណៈអភិបាលខេត្តព្រះវិហារ និងអភិបាលថ្មីនៃគណៈអភិបាលស្រុកឆែប ដើម្បីបន្តពង្រឹងរៀបចំដំណើរការអភិរក្ស និងអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា៖ ក្រៅពីឱកាសនៃការទទួលស្វាគមន៍ដល់គណៈអភិបាលស្រុក ខេត្តថ្មី នៃខេត្តព្រះវិហារ ក្រុមការងារអភិរក្សឧទ្យានដែលបានដើរល្បាតព្រៃក៏នៅតែបន្តឃើញព្រៃឈើនៅតែបន្តរងការកាប់បំផ្លិចបំផ្លាញពីសំណាក់ជនខិលខូចដែលមានគ្រប់រូបភាពជាហូរហែរនៅក្នុងឱទ្យាន ហើយស្ថិតនៅក្នុងខណៈនោះក្រុមការងាររក៏បន្តស្ទាក់ចាប់បានអ្នកកាប់ឈើ និងឈើមួយចំនួនដែលអ្នករកស៊ីកាប់យប់ដឹកថ្ងៃបម្រុងរៀបចំដឹកចេញពីឧ្យាន។ ឈើទាំងអស់ត្រូវបានប្រមូលយកមករក្សាទុកដើម្បីរងចាំការដោះស្រាយចំពោះមុខច្បាប់ផងដែរ។
RAC Media
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោកអគ្គនាយករងក្រុមហ៊ុន China Huaneng Group ។ ជាមួយគ្នានេះ ក្រុមហ៊ុន China Huaneng Group បានផ្ដល់ជូននូវថវិកាឧបត្ថម្ភដល់និស្សិតដែលរៀនពូកែចំនួន១០នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រភាសាចិន នៅវិទ្យាស្ថានគរុកោសល្យភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ជូនថា វិទ្យាស្ថានគរុកោសល្យភាសាចិននៃរាជបណ្ឌិតសភាកម្ពុជា មានបើកថ្នាក់បង្រៀនថ្នាក់បរិញ្ញាបត្រភាសាចិន បង្រៀនដោយគ្រូជនជាតិចិន មានបទពិសោធន៍និងគរុកោសល្យក្នុងការបង្រៀនច្បាស់លាស់។ ក្រៅពីវិទ្យាស្ថានគរុកោសល្យភាសាចិន រាជបណ្ឌិតសភាកម្ពុជា ក៏មានបើកថ្នាក់បង្រៀនភាសាចិនចំណេះដឹងទូទៅដល់សាធារណជន និងផ្ដល់កិច្ចសហប្រតិបត្តិការបង្រៀនភាសាចិន នៅតាមសាកលវិទ្យាល័យនិងស្ថាប័នជាដៃគូរបស់រាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងវិទ្យាស្ថានគររកោសល្យភាសាចិន និងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា ឬអាចស្រាវជ្រាវតាមរយៈផេក facebook នៃវិទ្យាស្ថានទាំងពីរខាងលើ។
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM