ព័ត៌មាន

«សន្និសីទ CLV ជាចំណុចជួបគ្នារបស់អ្នកស្រាវជ្រាវប្រទេសកម្ពុជា ឡាវ និងវៀតណាម»

រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី៩ នៅសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីជួបជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំងបី បានដើរតួនាទីយ៉ាងសំខាន់  នៅឆ្នាំនេះ ដើម្បីពិភាក្សាលើបញ្ហា៤សំខាន់៖

(១). ការកំណត់បញ្ហាប្រឈមរួមនិងដោយឡែកអំពីវិស័យសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម,

(២). ប្រមូលទស្សនៈ បទពិសោធន៍ អនុសាសន៍ និងយុទ្ធសាស្ត្រ ដើម្បីជំរុញប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់វិស័យសហគ្រាសធុនតូចនិងមធ្យមក្នុងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម,

(៣). កំណត់យន្តការសម្រាប់កិច្ចសហប្រតិបត្តិការ ដែលអាចមានដើម្បីដោះស្រាយបញ្ហារួម,

(៤). ជំរុញអន្តរកម្មប្រកបដោយការស្ថាបនារវាងអ្នកស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយ ដែលមានវត្តមានក្នុងសន្នីសីទនេះ។ 

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា បើទោះជាកម្មវិធីសន្និសីទអន្តរជាតិនេះត្រូវលើកពេលដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ កន្លងមក តែមកទល់ពេលនេះ ក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដោយបាននាំកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រទេសដ៏ល្អប្រសើរមួយនៅក្នុងតំបន់ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ 

ការបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ និងការបើកប្រទេសឱ្យមានដំណើរការធម្មតាឡើងវិញ ជាឱកាសដ៏ប្រសើរបំផុត ដែលអនុញ្ញាតឱ្យកម្មវិធីសន្និសីទនេះឡើង ក្នុងខណៈដែលបណ្ដាប្រទេសជាច្រើនទៀត នៅតែបន្តមានការឆ្លងរីករាលដាលខ្លាំងដោយសារតែជំងឺកូវីដ-១៩៕


2022-09-20 04:11:41   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 11:11 AM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ រាជបណ្ឌិត្យសភាកម្ពុជាកំពុង រៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ដោយសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។

ថ្លែងនៅក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការាជបណ្ឌិត្យសភាកម្ពុជា បាន បញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីសន្និសីទអន្តរជាតិ ដែលប្រមូលផ្ដុំដោយអ្នកសិក្សាស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ មកពីបណ្ឌិត្យសភានៃប្រទេសទាំងបី គឺរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។ 

កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជាការរួមចំណែក ផ្ដល់នូវចំណេះដឹង បទពិសោធន៍ និងកំណត់បញ្ហាប្រឈមក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។

សន្និសីទអន្តរជាតិលើកទី៩ នេះបានគ្រោងរៀបចំឡើងតាំងពីឆ្នាំ២០២០មកម្លេះ ប៉ុន្តែដោយសារជំងឺកូវីដ-១៩ ក៏បានលើកពេលជា បន្តបន្ទាប់រហូតដល់ពេលនេះ។ ដោយរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តដោយជោគជ័យនូវគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទើបនៅឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា សម្រេចចិត្តរៀបចំសន្និសីទអន្តរជាតិលើកទី៩របស់យើងដោយផ្ទាល់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយអញ្ជើញវាគ្មិនមកពីបណ្ឌិត្យសភានៃប្រទេសយើងទាំងបី កម្ពុជា ឡាវ និងវៀតណាម។

សន្និសីទអន្តរជាតិនឹងបែងចែកជាកិច្ចពិភាក្សាចំនួន៣វគ្គ ដូចខាងក្រោម៖

- កិច្ចពិភាក្សាវគ្គទី១ : «និន្នាការនាពេលបច្ចុប្បន្នរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម»

- កិច្ចពិភាក្សាវគ្គទី២ : «សហគ្រាសធុនតូច និងមធ្យម និងការបង្កើតការងារ»

- កិច្ចពិភាក្សាវគ្គទី៣ : «សហគ្រាសធុនតូច និងមធ្យម និងការកាត់បន្ថយភាពក្រីក្រ »។ កិច្ចពិភាក្សានីមួយៗ មានវាគ្មិនចំនួន៣រូប និងអ្នកសម្របសម្រួល១រូប វាគ្មិនសរុបមានចំនួន១២រូប ដែលមកពីបណ្ឌិត្យសភាទាំងបីប្រទេស។ ក្រៅពីវាគ្មិននិងគណៈអធិបតី គណៈកម្មការរៀបចំសន្និសីទបានអញ្ជើញអ្នកចូលរួមមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ, បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម រាជបណ្ឌិត្យសភាកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា, និស្សិតមក ពីសកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ, អ្នកសារពត៌មានជាតិនិងអន្តរជាតិ និងស្ថាប័នផ្សេងៗ ជាច្រើនទៀត សរុបចំនួន ៣២៤នាក់ ។

សូមបញ្ជាក់ជូនថា សន្និសីទអន្តរជាតិ បានចាប់ផ្តើមរៀបចំលើកដំបូងនៅឆ្នាំ២០១២ នៅប្រទេសវៀតណាម។ និងបន្តធ្វើនៅប្រទេសឡាវ នៅឆ្នាំ២០១៣ និង នៅប្រទេសកម្ពុជា នៅឆ្នាំ២០១៤។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយការផ្លាស់វេនគ្នាជាបន្តបន្ទាប់ តែដោយសារតែបញ្ហាជំងឺឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ កម្មវិធីនេះ ត្រូវបានលើកពេលនៅឆ្នាំ២០២០ និង ឆ្នាំ២០២១ រហូតមកដល់ពេលនេះ។

2022-09-20 02:25:19   ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 09:25 AM
រាជបណ្ឌិត្យសភាកម្ពុជា ទទួលគណៈប្រតិភូវៀតណាមសម្រាប់សន្និសីទអន្តរជាតិលើកទី៩

នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីទទួលបន្ទុកទទួលគណៈប្រតិភូ វៀតណាមបានអញ្ជើញមកទទួលគណៈប្រតិភូវៀតណាម នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងបន្តអមដំណើរជូនប្រតិភូទៅសណ្ឋាគារកាំបូឌីយ៉ាណា។

សូមបញ្ជាក់ជូនដែរថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ រវាងរាជបណ្ឌិត្យ សភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ស្តីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម» ដែលនឹងប្រព្រឹត្តនៅថ្ងៃអង្គារ ១០រោច ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២។


2022-09-19 09:15:25   ថ្ងៃចន្ទ, 19 កញ្ញា 2022 ម៉ោង 04:15 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជំនួបប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម សន ថានូថាមម៉ាវង់ ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងគណៈប្រតិភូ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម រួមគ្នារៀបចំសន្និសីទអន្តរជាតិលើកទី៩ ក្រោមប្រធានបទ«តួនាទីសហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ» នៅសាលមហោស្រពខេមរវិទូនៃអគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា៕


2022-09-19 08:42:45   ថ្ងៃចន្ទ, 19 កញ្ញា 2022 ម៉ោង 03:42 PM
វេទិកាភ្នំពេញលើកទី១ បើកសករាជ«មុំគំនិតបី»ជួយគ្នាដោះស្រាយបញ្ហាសង្គម

វេទិកាភ្នំពេញ ជាឱកាសនៃការប្រមូលផ្ដុំនូវបញ្ញាញាណរបស់ជាតិ និងដៃគូអន្តរជាតិ ដើម្បីជជែកពិភាក្សាពីលើកកម្ពស់ការជជែកវែកញែកពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើពិភពលោក។ វេទិកានេះ នឹងចូលរួមចំណែកសំខាន់និងក្លាយជាមធ្យោបាយលើកកម្ពស់កិច្ចសន្ទនា និងការទទួលយកក្នុងកម្រិតទូលំទូលាយមួយ ដែលបានរៀបចំឡើងជាលើកទីមួយនៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយនឹងវត្តមានវាគ្មិនកិត្តិយសពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម ចិន សហរដ្ឋអាម៉េរិក អ៊ីតាលី និងអូស្ត្រាលី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងសុន្ទរកថាគន្លឹះបើកកម្មវិធីវេទិកាភ្នំពេញ ស្ដីពី «តួនាទីធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទថ្មី : ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានមានប្រសាសន៍ប្រៀបប្រដូចវេទិកាភ្នំពេញនេះ ដូចទៅនឹង «មុំគំនិតបី» ដែលសំដៅទៅលើក្រុមធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកទ្រទ្រង់អំណាចសង្គម ធានានូវស្ថិរភាព វឌ្ឍនភាព និងវិបុលភាពសង្គម ជាងនេះទៅទៀតថែមទាំងបានជាវិភាគទានក្នុងការតាក់តែងគោលនយោបាយប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាព និងបរិយាបន្ន។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបន្តថា «មុំគំនិតបី»នេះ ត្រូវការជាចាំបាច់នូវការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះមុខនាពេលបច្ចុប្បន្ន និងទៅអនាគត។ […] នៅពេលដែលពិភពលោកបានឈានចូលដល់យុគសម័យថ្មីនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់ដែលស្ថិតក្នុងបរិបទដ៏លំបាកមួយឆ្ពោះទៅរកពហុភាព ដែលតួអង្គចាស់ តួអង្គថ្មី និងតួអង្គលេចធ្លោផ្សេងទៀត កំពុងប្រកួតប្រជែងសម្រាប់តួនាទីនៅក្នុងកិច្ចការតំបន់និងពិភពលោក។ និន្នាការនេះ តម្រូវឱ្យយើងស្វែងរកអភិក្រម«មុំគំនិតថ្មីៗ» ដូចដែលយើងកំពុងតែអង្គុយធ្វើជាមួយគ្នានេះ ជាលំនាំគំរូមួយ។

សូមបញ្ជាក់ថា នេះជាវេទិកាភ្នំពេញ លើកទី១ ដែលបានរៀបចំឡើងក្រោមកិច្ចផ្ដួចផ្ដើមរបស់ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា៕


2022-09-07 11:30:28   ថ្ងៃពុធ, 07 កញ្ញា 2022 ម៉ោង 06:30 PM
ជំនួបប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌានៅរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួប និងពិភាក្សាការងារជាមួយប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌាដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Vinay P. Sahasrabuddhe ប្រធានផ្នែកទំនាក់ទំនងវប្បធម៌នៃក្រសួងការបរទេសសាធារណរដ្ឋឥណ្ឌា។

នៅព្រឹកថ្ងៃអង្គារ៍ ៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Vinay P. Sahasrabuddhe ប្រធានផ្នែកទំនាក់ទំនងវប្បធម៌នៃក្រសួងការបរទេសសាធារណរដ្ឋឥណ្ឌា។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពលើ៤ចំណុចគឺ៖

១- ជំរុញមជ្ឈមណ្ឌលសិក្សាឥណ្ឌាឱ្យដំណើរការឡើងវិញ ដែលនឹងសិក្សាទៅលើវប្បធម៌ សេដ្ឋកិច្ច ទស្សនវិជ្ជា បច្ចេកវិទ្យា និងប្រវត្តិសាស្ត្រ។

២- ពិនិត្យមើលលទ្ធភាពក្នុងចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងស្ថាប័នស្រាវជ្រាវនៃសាធារណរដ្ឋឥណ្ឌា។

៣- ពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិលើការស្រាវជ្រាវរួមគ្នានាពេលខាងមុខ។

៤- ឈានទៅធ្វើការរៀបចំសិក្ខាសាលារួមគ្នា។

RAC Media


2022-08-30 09:23:40   ថ្ងៃអង្គារ, 30 សីហា 2022 ម៉ោង 04:23 PM
ជំនួបអ្នកសិក្សាស្រាវជ្រាវពីសហព័ន្ធអាល្លឺម៉ង់ និងប្រទេសថៃ

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយនឹងប្រតិភូពីសាកលវិទ្យាល័យអន្តរជាតិ Bremen អាល្លឺម៉ង់ និងសាកលវិទ្យាល័យណារ៉េសួន ប្រទេសថៃ ដោយភាគីទាំងពីរបានឯកភាពគ្នាលើ៣ចំណុចគឺ៖

១- រៀបចំការសិក្សាស្រាវជ្រាវរួមគ្នា

២- កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល

៣- ការជំរុញទំនាក់ទំនង និងឈានទៅរៀបចំសិក្ខាសាលាអន្តរជាតិ ព្រមទាំងចុះអនុស្សរណៈយោគយល់គ្នានាពេលខាងមុខ។


2022-08-29 14:57:49   ថ្ងៃចន្ទ, 29 សីហា 2022 ម៉ោង 09:57 PM
ការគោរពចុងក្រោយដល់វិញ្ញាណក្ខន្ធលោកស្រីកិតិ្តបណ្ឌិត ឡាយ ហ៊ុនគី (ហៅអ្នកស្រី ត្រឹង ងា)

នៅរសៀលម៉ោង៣.០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ យោងតាមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច លោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកកូរោន និងបច្ច័យ ទៅគោរពវិញ្ញាណក្ខន្ធសពលោកស្រីកិត្តិបណ្ឌិត ឡាយ ហ៊ុនគី ដែលបានទទួលអនិច្ចកម្មដោយរោគាពាធ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។

(ពីឆ្វេងទៅស្ដាំ)លោកស្រី អ៊ឹង ម៉ាល័យ, លោក ឆោម ជុំរ៉ុង, លោកស្រីបណ្ឌិត សុង ឧស្សាហ៍, ឯកឧត្តមបណ្ឌិត ជួរ គារី, លោក ហេង វីរិទ្ធិ, លោក ត្រឹង បញ្ចារុណ, និងឯកឧត្ដមបណ្ឌិត ស៊ុន សូត។

សូមបញ្ជាក់ថា លោកស្រីកិតិ្តបណ្ឌិត ឡាយ ហ៊ុនគី ជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ដែលមានការទទួលស្គាល់យ៉ាងច្រើនពីសំណាក់បញ្ញាវន្តខ្មែរ ជាពិសេសអ្នកឯកទេសខាងអក្សរសាស្ត្រខ្មែរ។ ដោយពិនិត្យមើលឃើញពីស្នាដៃដ៏វិសេសវិសាល និងការចូលរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់អ្នកស្រី ក្នុងផ្នែកអក្សរសាស្ត្រនិងប្រវត្តិសាស្ត្រខ្មែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានសម្រេចប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនអ្នកស្រី ត្រឹង ងា ដើម្បីជាការតបស្នងចំពោះគុណបំណាច់ធំធេងរបស់អ្នកស្រីក្នុងបុព្វហេតុជាឧត្ដមប្រយោជន៍នៃសង្គមជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបានអញ្ជើញក្រុមបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បំពាក់នូវឯកសណ្ឋាននិងប្រគល់ជូនសញ្ញាបត្រកិត្តិបណ្ឌិត ជូនអ្នកស្រីត្រឹង ងា ដោយផ្ទាល់នៅគេហដ្ឋានរបស់អ្នកស្រី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។



 

2022-08-29 14:46:34   ថ្ងៃចន្ទ, 29 សីហា 2022 ម៉ោង 09:46 PM
កម្ពុជា-វៀតណាម ក្រោយនឹមអាណានិគមបរទេសផុតរលត់ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

បុណ្យឯករាជ្យជាតិ ជាទូទៅត្រូវបានគេស្គាល់ថា ជាពីធីបុណ្យដែលតែងតែប្រារពធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលប្រទេសនីមួយៗ បានរួចចាកផុតឬទទួលឯករាជ្យពេញលេញចេញពីនឹមអាណានិគម របស់ មហាអំណាច។ សម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ត្រូវរង់ចាំរហូតដល់ សង្គ្រាម លោកលើក ទីពីរត្រូវបានបញ្ចប់ ទើបអាចរើបម្រះ ចេញរួចពីនឹមពួកអាណានិគមរបស់អឺរ៉ុបបាន។ នេះក៏មកពីពួកមហាអំណាច អឺរ៉ុប ពិសេសបារាំងនិងអង់គ្លេស បានចុះខ្សោយដោយសារតែសង្គ្រាមលោក ក៏ដូចជាសង្គ្រាមប្រឆាំងពីសំណាក់ ប្រទេសដែលស្ថិតនៅក្រោមអាណានិគម និងដោយសារការរះឡើងរបស់ កំពូលមហាអំណាចថ្មីក្រោយ ឆ្នាំ១៩៤៥ មានសហរដ្ឋអាម៉េរិកនិងសហភាពសូវៀត ដែលជាអ្នកប្រឆាំងនឹងអាណានិគមនិយមផងដែរ។ គឺនៅក្នុងបរិបទនៃ សណ្តាប់ធ្នាប់ថ្មីក្រោយសង្គ្រាមលោកលើកទីពីរនេះហើយ ដែលបណ្តាប្រទេសនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ អាចពន្លឿនល្បឿននៃអ្វីដែលគេហៅថា អភិក្រមនៃការរំសាយអាណានិគម។ សម្រាប់នៅក្នុងដែនដី ដែលនៅក្រោម អាណានិគមរបស់ប្រទេសអង់គ្លេស មានប្រទេសភូមាទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨ និងម៉ាឡេស៊ីទទួលបាន ឯករាជ្យនៅឆ្នាំ១៩៥៨។ សម្រាប់នៅក្នុងដែនដីក្រោមអអាណានិគមរបស់ប្រទេសបារាំងមាន ប្រទេសកម្ពុជានិង ឡាវ ទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ប្រទេសវៀតណាមទទួលបានឯករាជ្យពីប្រទេសជប៉ុន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ និងប្រកាសបង្កើតរដ្ឋវៀតណាមឯករាជ្យ ដោយដាក់ឈ្មោះថា “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម” និងពីបារាំងនៅឆ្នាំ១៩៥៤។ សម្រាប់នៅក្នុង ដែនដីក្រោម អាណានិគមរបស់ប្រទេសហូឡង់ ឥណ្ឌូណេស៊ីទទួល បានឯករាជ្យនៅឆ្នាំ១៩៤៩ រីឯហ្វីលីពីន ទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៤៦។ ការរើបម្រះខ្លួនចេញពី នឹមអាណានិគមរបស់អឺរ៉ុប មិនមែនកើត ឡើងដូចៗ គ្នាទេ។ សម្រាប់ ប្រទេសភូមា កម្ពុជា និងឡាវ ទទួលបាន ឯករាជ្យដោយសន្តិវិធី។ ចំណែក ប្រទេស ឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី ទទួលបានឯករាជ្យតាមរយៈការ បង្ហូរឈាម។ ចំណែកប្រទេស្រទេសសៀម ជាប្រទេសតែមួយគត់ បានរួចផុតពីនឹមអាណានិគមរបស់បរទេស ដោយផ្អែកទៅតាម កិច្ចព្រមព្រៀងឆ្នាំ១៨៩៦ ទីក្រុងឡុងដ៏ (Londres) និងទីក្រុងប៉ារីស (Paris) បានសម្រេច ទុកប្រទេសមួយនេះ ឱ្យនៅទំនេរ ដើម្បីធ្វើជា តំបន់ទ្រនាប់រវាងដែន អាណានិគមអង់គ្លេស និងដែនអាណានិគម បារាំង។

ចលនាទាមទារឯករាជ្យរបស់វៀតណាម

នៅក្រោយសង្រ្គាមលោកលើកទី២ ប្រទេសឥណ្ឌាបានប្រកាសឯករាជ្យពីអាណានិគមអង់គ្លេស នៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ ហើយត្រូវបានគេស្គាល់ជាទូទៅថា ជាគំរូនៃការរំសាយអាណានិគមដោយសន្តិវិធី តាមរយៈការចរចា ។ ក៏ប៉ុន្តែការរំសាយអាណានិគមនេះមិនមែនសុទ្ធតែធ្វើឡើងដោយសន្តិវិធី នៅគ្រប់កន្លែងទាំងអស់ ដូចជាករណីឥណ្ឌានោះទេ ហើយសង្រ្គាមដំបូងបំផុតនៅក្នុងចលនារំសាយអាណានិគម ក្រោយសង្រ្គាមលោកលើកទី២ គឺ សង្រ្គាមនៅឥណ្ឌូចិន រវាងកងទ័ពបារាំងនិងវៀតមិញ[1]ដែលដឹកនាំដោយ លោក ហូ ជីមិញ។

សូមរំលឹកថា តំបន់អាស៊ីអាគ្នេយ៍ជារួម និងតំបន់ឥណ្ឌូចិននិយាយដោយឡែក ដែលមានប្រទេសកម្ពុជា វៀតណាម ឡាវ និងដែនដីកូសាំងស៊ីន(កម្ពុជាក្រោម) បានស្ថិតនៅក្រោមអាណានិគមបារាំង តាំងពីសតវត្សរ៍ទី១៩។ ក៏ប៉ុន្តែនៅក្នុងអំឡុងសង្រ្គាមលោកលើកទី២(១៩៣៩-១៩៤៥) បារាំង ដែលបានចាញ់សង្រ្គាមទល់នឹងអាល្លឺម៉ង់ ក៏ត្រូវបង្ខំចិត្តឱ្យជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់ហ៊ីត្លែរ ចូលមកតាំងមូលដ្ឋានទ័ព នៅក្នុងដែនដីឥណ្ឌូចិន ជាពិសេស នៅ វៀត ណាមខាងជើង។ នៅដើមឆ្នាំ១៩៤៥ ទាហានជប៉ុនបានវាតទីពង្រីកទឹកដីរបស់ខ្លួន ស្ទើរតែពាសពេញតំបន់ឥណ្ឌូចិនទាំងមូល គឺទាំងនៅប្រទេសវៀតណាម កម្ពុជា និងឡាវ។

លោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យនៅទីលាន Ba Dinh ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ (រូបថត៖ TTXVN)

នៅមុនបញ្ចប់សង្គ្រាមលោកលើកទី២ “បដិវត្តន៍ខែសីហា” ត្រូវបានបង្កើតឡើងនៅ ខែសីហា ឆ្នាំ១៩៤៥ ដើម្បី គៀង គរ ប្រមូលផ្តុំនិងបង្រួបបង្រួមកម្លាំងរបស់ប្រជាជាតិទាំងមូល។ ចលនាជាតិនិយមមួយនេះបានរីក ដុះដាលឡើងនៅប្រទេសវៀតណាម នោះគឺ “បក្សសម្ព័ន្ធដើម្បីឯករាជ្យវៀតណាម” ដែលហៅកាត់ជាទូទៅថា “វៀតមិញ” ក្រោមការដឹកនាំរបស់មេចលនាកុម្មុយនិស្ត គឺ លោក ហូ ជីមិញ ដើម្បីប្រឆាំងនឹងនឹមអាណានិគម។

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជប៉ុនបានប្រកាសចុះចាញ់សង្រ្គាមលោកលើកទី២ ហើយនៅថ្ងៃដដែល នោះ លោក ហូ ជីមិញ ក៏បានប្រកាសជាឯកតោភាគី នៅទីលានបាឌីង (Ba Dinh) បង្កើតរដ្ឋវៀតណាមឯករាជ្យ ដោយដាក់ឈ្មោះថា “សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម” ដែលជាថ្ងៃឯករាជ្យជាតិជាផ្លូវការរបស់វៀតណាម។ ក៏ប៉ុន្តែ បារាំងដែលទើបតែទទួលបានជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២ មិនសុខចិត្តទុកបណ្តោយឱ្យវៀតណាមប្រកាសឯករាជ្យជាឯកតោភាគីនោះឡើយ ដោយបានបញ្ជូនទាហានឱ្យចូលមកកាន់កាប់ដែនដីអាណានិគមនៅឥណ្ឌូចិនឡើងវិញ។ ក៏ប៉ុន្តែ បារាំងកាន់កាប់បានតែប្រទេសឡាវ កម្ពុជា ដែនដីកូសាំងស៊ីន និងប៉ែកកណ្តាលនៃប្រទេសវៀតណាមតែប៉ុណ្ណោះ។ ចំណែកឯនៅតំបន់តុងកឹង (ប៉ែកខាងជើងវៀតណាម) កងទ័ពបារាំងត្រូវប្រឈមមុខនឹងកងកម្លាំងរបស់វៀតមិញ ហើយបណ្តាលឱ្យសង្រ្គាមរវាងកងទ័ពបារាំង និងក្រុមវៀតមិញត្រូវបានផ្ទុះឡើងនៅខែធ្នូ ឆ្នាំ១៩៤៦ ដោយការចរចាអស់រយៈពេលជាច្រើនខែ តែមិនមានលទ្ធផល។ សង្រ្គាមនេះត្រូវអូសបន្លាយពេលរហូតដល់ទៅជិត១០ឆ្នាំ និងត្រូវបានគេឱ្យឈ្មោះថា "សង្រ្គាមឥណ្ឌូចិន"ឬ“សង្រ្គាមឥណ្ឌូចិនទី១”។

ដើម្បីស្វែងរកកម្លាំងនយោបាយទប់ទល់នឹងក្រុម វៀតមិញ បារាំងបានសម្រេចបង្កើតរដ្ឋវៀតណាមមួយនៅប៉ែកខាងត្បូង នៅឆ្នាំ១៩៤៩ ដោយដាក់ឱ្យស្ថិតក្រោមការដឹកនាំរបស់អធិរាជបាវដាយ។ កងទ័ពជាតិវៀតណាមខាងត្បូងក៏ត្រូវបានបង្កើតឡើងផងដែរ ក្រោមការជួយជ្រោមជ្រែងរបស់បារាំង និងដោយមានជំនួយយោធាយ៉ាង ច្រើនពីសំណាក់សហរដ្ឋអាម៉េរិក។

ដោយកើតមាន ចលនាប្រឆាំងនឹងសង្រ្គាមនៅឥណ្ឌូចិន បានរីកដុះដាលកាន់តែខ្លាំងឡើងៗ ដោយអ្នកនយោបាយ និងសាធារណមតិបារាំងជាច្រើនយល់ថា អាណានិគមនៅតំបន់ឥណ្ឌូចិននេះមិនមានតម្លៃអ្វីធំដុំ ដែលបារាំងត្រូវចំណាយ លុយ និងអាយុជីវិតទាហានយកទៅធ្វើសង្រ្គាម រួមទាំងការចរចានៅក្នុងទីក្រុងហ្សឺណែវមិនបាន ជាលទ្ធផល និងទទួលបរាជ័យនៅ ឌៀនបៀនភូ ដែលបានធ្វើឱ្យកក្រើក និងរញ្ជួយទាំងនៅផ្ទៃក្នុងប្រទេសបារាំង និងនៅលើពិភពលោកទាំងមូល ទើបរដ្ឋាភិបាលបារាំងក៏ត្រូវបង្ខំចិត្តចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយ វៀតមិញ នៅក្នុងសន្និសីទក្រុង ហ្សឺណែវ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤។ តាមរយៈកិច្ចព្រមព្រៀងហ្សឺណែវនេះ បារាំងបានសុខចិត្តប្រគល់ឯក រាជ្យពេញលេញដល់ប្រទេសវៀតណាម ហើយឯករាជ្យរបស់កម្ពុជានិងឡាវ ក៏ត្រូវបានបារាំងទទួលស្គាល់យ៉ាងពេញលេញផងដែរ។ សង្រ្គាមឥណ្ឌូចិនត្រូវបានបញ្ចប់។

នៅក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឥណ្ឌូចិន ដោយបារាំងសុខចិត្តប្រគល់ឯករាជ្យដល់វៀតណាម ក៏ប៉ុន្តែនៅក្នុងសន្និសីទក្រុងហ្សឺណែវ នាពេលនោះ ប្រទេសវៀតណាម ត្រូវបានបន្តទុកឱ្យនៅពុះចែកជាពីរដដែល (វា ប្រហាក់ប្រហែលនឹងបញ្ហានៅឧបទ្វីបកូរ៉េ ដែលសហភាពសូវៀតនិងសហរដ្ឋអាម៉េរិក បានចែកប្រទេសនេះជា ពីរដើម្បីគ្រប់គ្រង) ដោយបានត្រឹមតែកំណត់ថា វៀតណាមទាំងពីរនឹងត្រូវបង្រួបបង្រួមគ្នាមកវិញនៅក្រោយការបោះឆ្នោតជាតិមួយ ដែលគ្រោងរៀបចំធ្វើឡើងនៅទូទាំងប្រទេសវៀតណាម នៅឆ្នាំ១៩៥៦ ប៉ុន្តែពុំមានឱកាសបោះឆ្នោតឡើយ ដោយសារសហរដ្ឋអាម៉េរិក លូកដៃចូលក្នុងសង្គ្រាមនេះបន្តពីបារាំង និងបង្កឱ្យមានសង្គ្រាមថ្មីមួយ ទៀតបានកើតឡើង នៅ វៀតណាមខាងត្បូង ដែលត្រូវបានគេស្គាល់ថាជា “សង្គ្រាមវៀតណាម"ឬ“សង្រ្គាមឥណ្ឌូ ចិនទី២”។

សង្រ្គាមវៀតណាម គឺជាជម្លោះប្រដាប់អាវុធដ៏សំខាន់មួយ នៅក្នុងប្រវត្តិនៃសង្រ្គាមត្រជាក់។ វាគឺជាសង្រ្គាម រវាង វៀតណាមខាងជើង (វៀតណាមកុម្មុយនិស្ត) គាំទ្រដោយប្លុកកុម្មុយនិស្ត និងវៀតណាមខាងត្បូងដែលមានជំនួយពីកង ទ័ពសហរដ្ឋអាម៉េរិក។ សង្រ្គាមនេះត្រូវបានគេហៅជាទូទៅថា “សង្រ្គាមវៀតណាម” ប៉ុន្តែតាមពិត វាមិនមែនកើតឡើងតែនៅក្នុងប្រទេសវៀតណាមមួយនោះទេ គឺបានរាលដាលទៅដល់ផ្នែកខ្លះនៃទឹកដីកម្ពុជា និងឡាវផងដែរ និងបានអូសបន្លាយ នៅន្លោះពីឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧៥។

ប្រទេសវៀតណាម ក្រោយការចាកចេញទៅរបស់អាណានិគមបារាំង នៅឆ្នាំ១៩៥៤-១៩៥៥ ប្រទេស វៀតណាមត្រូវបានបែងចែកជាពីរ ដែលវៀតណាមខាងជើង ដឹកនាំដោយ លោក ហូ ជីមិញ (Hô Chi Minh) បានងាកទៅរកចិននិងសហភាពសូវៀត។ រីឯវៀតណាមខាងត្បូងដឹកនាំដោយ ង៉ូ ឌីញ ហ្សៀម (Ngo Dinh Diem) បានងាកទៅរកសហរដ្ឋអាម៉េរិក។ មិនយូរប៉ុន្មាន វៀតណាមខាងជើង បានចូលឈ្លានពានវៀតណាម ខាងត្បូង ដោយបញ្ជូនកងទ័ព សម្ភារៈស្បៀងអាហារ ពីវៀតណាមខាងជើង ចូលមកតាមប្រទេសកម្ពុជា ដើម្បីធ្វើសង្គ្រាមព្រៃនៅលើទឹកដី វៀត ណាមខាងត្បូង ក្នុងគោលដៅបង្រួបបង្រួមវៀតណាមទាំង ពីរឱ្យទៅជា ប្រទេសតែមួយឡើងវិញ ក្រោមការដឹកនាំដោយរបបកុម្មុយនីស្ត គឺចលនាដែលត្រូវបានគេហៅជាទូទៅថា “វៀតកុង”[2]។ នៅក្នុងបរិបទនោះ សហរដ្ឋអាម៉េរិក ក៏បានសម្រេចចិត្តបញ្ជូន ទាហាន៥សែននាក់មកធ្វើសង្ក្រាម នៅវៀតណាមខាងត្បូង ដែលធ្វើឱ្យសង្គ្រាមវៀតណាម ត្រូវបានចាប់ផ្តើម។ សង្គ្រាមនេះបានរីករាលដាលចេញ ពីវៀតណាម រហូតពេញឥណ្ឌូចិនទាំងមូល។

ចំណែកនៅប្រទេសកម្ពុជា ក្រោយរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សង្គ្រាមក៏បានផ្ទុះឡើងផងដែររវាងរបបសាធារណរដ្ឋរបស់ លន់ នល់ ដែលគាំទ្រដោយសហរដ្ឋ អាម៉េរិក និងពួកទ័ពព្រៃកុម្មុយនីស្តខ្មែរក្រហម ដែលទ្រទ្រង់ដោយប្រទេសចិន។

ចាប់ពីឆ្នាំ១៩៧៣ សហរដ្ឋអាម៉េរិកបានចាប់ផ្ដើមដកទ័ពចេញពីវៀតណាមខាងត្បូង ដោយសារចាញ់ សង្គ្រាម សាធារណមតិ ពីព្រោះពលរដ្ឋអាម៉េរិកនិងពលរដ្ឋនៅបណ្តាប្រទេសលោកខាងលិច បានបង្ខំសហរដ្ឋ អាម៉េរិកឱ្យដកទ័ពចេញពីឥណ្ឌូចិន និងត្រូវបញ្ចប់សង្គ្រាមវៀតណាម។ នៅក្នុងបរិបទនោះហើយ ដែលគ្រប់របប នយោបាយគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន នៅឥណ្ឌូចិនបានដួលរលំទាំងស្រុងនៅឆ្នាំ១៩៧៥ ដោយជំនួសមកវិញ ដោយការចូលកាន់កាប់ទីក្រុងភ្នំពេញ ដោយពួកខ្មែរក្រហម និងទីក្រុងសាយហ្កន(Saigon) ដោយវៀតកុង។

ចាប់តាំងពីពេលនោះមក ប្រទេសវៀតណាមបានបញ្ចប់សង្គ្រាមទាំងស្រុង និងបានបោះជំហានទៅរក ការអភិឌ្ឍជាបន្តបន្ទាប់រហូតមកទល់សព្វថ្ងៃ។

ចលនាទាមទារឯករាជ្យរបស់កម្ពុជា

ចំណែកប្រទេសកម្ពុជា ដែលបានទទួលឯករាជ្យជាផ្លូវការពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជាឯករាជ្យដែលទទួលបានដោយសន្តិវិធី ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ ដ៏ក្លៀវខ្លារបស់ ព្រះមហាវី រក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ សូមបញ្ជាក់ថា បារាំងបានដាក់ អាណានិគមលើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ - ៩ វិច្ឆិកា ១៩៥៣)។

ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមត្រជាក់នៅក្នុងតំបន់អាស៊ី បានចាប់ផ្តើមប្តូរធាតុនិងប្ដូរកម្រិតរបស់វា ជាបន្តបន្ទាប់នៅដើមទសវត្សរ៍១៩៦០។ នេះបណ្តាលមកពីទំនាស់មហិច្ឆតាលាយឡំនឹងទំនាស់មនោគមវិជ្ជារ វាង សហភាពសូវៀតនិងចិន។ ទំនាស់ស្ទើរស៊ីសាច់ហុតឈាមគ្នានេះ បានធ្វើឱ្យដែនអំណាច កុម្មុយនីស្តនិងមិនមែន កុម្មុយនីស្ត នៅតំបន់អាស៊ីអាគ្នេយ៍ មានការបាក់បែកប្រេះឆា និងបានធ្វើឱ្យសង្គ្រាមក្ដៅមួយបានកើតឡើង ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានលក្ខណៈស្មុគស្មាញ ហើយបានអូសបន្លាយរហូតដល់ទៅឆ្នាំ១៩៩១ គឺដល់ចុង បញ្ចប់នៃសង្គ្រាមត្រជាក់ នោះគឺសង្រ្គាមនៅលើទឹកដីកម្ពុជា។

នៅដើមទសវត្សរ៍១៩៧០ ដោយហេតុទំនាស់រវាងចិននិងសហភាពសូវៀត សង្គ្រាមត្រជាក់មាន ការវិវឌ្ឍ ខ្លាំងដោយ សារ ប្រទេសចិនបានទៅចាប់ដៃជាមួយសហរដ្ឋអាម៉េរិក ដើម្បីទប់ទល់នឹងសហភាពសូវៀត។ គឺនៅក្នុង បរិបទភូមិសាស្ត្រនយោបាយថ្មីនេះហើយ ដែលបណ្តាលឱ្យសង្គ្រាមក្តៅថ្មីមួយបានកើតឡើងនៅចុងទសវត្សរ៍ ១៩៧០ នៅឥណ្ឌូចិន នោះគឺសង្គ្រាមរវាងវៀតណាមមានទំនោរទៅរកសហភាពសូវៀត និងរបបកម្ពុជាប្រជា ធិបតេយ្យរបស់ខ្មែរក្រហម ដែលមានទំនោរទៅរកចិន។ គឺជាអ្វីដែលគេហៅថា សង្គ្រាមឥណ្ឌូចិនទីបី។ ទោះជាយ៉ាង ណាក៏ដោយ សង្គ្រាមឥណ្ឌូចិនទីបីនេះ បានផ្តើមឡើងតាមរយៈការផ្ដួលរំលំរបបខ្មែរក្រហមនៅកម្ពុជា ពីសំណាក់ វៀតណាមនៅឆ្នាំ១៩៧៩ ដែលជាការចូលរួមជួយរំដោះ ប្រជាជនកម្ពុជាឱ្យរួចពីការស្លាប់ ដោយរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម និងបាន អូសបន្លាយពេញមួយទសវត្សរ៍១៩៨០ រវាងរដ្ឋកម្ពុជាគាំទ្រដោយវៀតណាម និងចលនាតស៊ូខ្មែររបស់ សម្ដេច នរោតម សីហនុ, ស៊ីន សាន និង របស់ខ្មែរក្រហមដែលទ្រទ្រង់ដោយចិន និង សហរដ្ឋអាម៉េរិក។

                      ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ(រូបថត៖ Fresh News)

ក្រោយឆ្លងកាត់ ភ្នក់ភ្លើងសង្គ្រាមដ៏វែងឆ្ងាយ គ្រប់មនោគមន៍វិជ្ជានយោបាយ ប្រទេសទាំងពីរ កម្ពុជា និងវៀតណាម នៅតែបន្តរក្សាបាន និងលើកកម្ពស់ជាបន្តបន្ទាប់នូវ ទំនាក់ទំនងក្នុងភាពជាប្រទេសភូមិផងរបង ជាមួយគ្នា ដែលមានទីតាំងស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិនរួមគ្នា។ បច្ចុប្បន្ន ប្រទេសទាំងពីរមានព្រំដែនជាប់គ្នាប្រវែង ១,២៧៤គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ប្រទេសទាំងពីរបានបង្កើតចំណងទាក់ទងការទូតផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ចាប់តាំងពីពេលនោះមក ជោគវាសនានៃប្រទេសទាំងពីរហាក់មានការ ជាប់ពាក់ព័ន្ធគ្នា និងប្រឈមនឹងការលំបាកនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរៀងៗខ្លួន។ នៅក្នុងសម័យសង្គ្រាម ត្រជាក់ ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់ពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ ឆ្នាំ១៩៥០ និងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ពីរបានកើតឡើង ដែលត្រូវចងចាំ គឺពលិកម្មរបស់កម្ពុជាក្នុងបុព្វហេតុនៃការបង្រួបបង្រួមប្រទេសវៀតណាម និងពលិកម្មរបស់វៀតណាមក្នុង ការរួម ចំណែក រំដោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីការស្លាប់ ពីរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម។

រយៈពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍ ឈានឡើង ជាលំដាប់។ ក្នុងឆ្នាំ២០០៥ កម្ពុជានិងវៀតណាមបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍន៍ប្រទេសទាំងពីរក្នុងបរិបទ ថ្មី តាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរ អង្វែង”។ ចំណែករយៈកាលជាងពីរឆ្នាំកន្លងទៅនេះ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានភាព ស្មុគស្មាញយ៉ាងខ្លាំង បានបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនដល់ជីវភាពសង្គម និងបានធ្វើឱ្យដាច់ខ្សែរចង្វាក់ផ្គត់ផ្គង់ ការផលិត និងការចែក ចាយ របស់សេដ្ឋកិច្ចសកល ធ្វើឱ្យសេដ្ចកិច្ចប្រទេសនីមួយៗស្ថិតក្នុងភាពលំបាក ធ្លាក់ចុះ យ៉ាងខ្លាំង ដែលមិនអាចស្តាឡើងវិញបានក្នុងរយៈពេលខ្លី។ ប៉ុន្តែក្នុងស្ថានភាពជាក់ស្តែង អស់រយៈពេលជាង ២ឆ្នាំនេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានតម្រូវឱ្យប្រទេសនីមួយៗ ត្រូវសម្របខ្លួនទៅនឹងបរិបទនៃជំងឺផង និងស្តារសេដ្ឋកិច្ចឡើងវិញផង ដោយប្តូរនូវវិធីសាស្ត្រនៃកិច្ចសហប្រតិបត្តិការក្នុងការការពារជំងឺ ហើយនៅតែអាច រក្សាបានស្ថេរភាព និងមានកំណើនក្នុងការដោះដូរទំនិញរវាងគ្នា។

ក្នុងស្ថានភាពនេះ ដោយការពង្រឹងនិងពង្រីកនូវប្រពៃណី ការស្រឡាញ់ រាប់អានគ្នា និងការជួយគ្នាក្នុងគ្រា លំបាកនេះ ប្រទេសតាំងពីរ កម្ពុជា-វៀតណាម បានចែករំលែក និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ទាំងសម្ភារៈទាំង ស្មារតី ដើម្បីរួមគ្នាទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ ហើយឈានទៅដល់គ្រប់គ្រងបានការរីករាលដាលនៃជំងឺ កូវីដ១៩ និងបានឈានទៅដល់ការបើកឡើងវិញ នូវកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំងពីរនិយាយដោយឡែក តំបន់និងពិភពលោកនិយាយជារួម។

ឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម ហើយប្រទេសទាំងពីរបានជ្រើសរើស យកឆ្នាំ២០២២ នេះជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» និងក៏ជាឆ្នាំកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេនជា លើកទី៣ ប្រទេសវៀតណាមថែមទាំងបានគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដូចអ្វីដែលកម្ពុជាតែងគាំទ្រ វៀតណាមអំឡុងពេល វៀតណាមធ្វើជាប្រធានអាស៊ានកន្លងទៅ ក្នុងការរក្សាឱ្យបាននូវមជ្ឈភាពអាស៊ាន ការលើក កម្ពស់ស្មារតីអាស៊ាននៃ “ការរួបរួមគ្នា” ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានា ទាំងផ្ទៃក្នុងតំបន់ អាស៊ាន ក៏ដូច ជាមួយប្រទេសជាដៃគូខាងក្រៅ ដើម្បីលើកកម្ពស់នូវសាមគ្គីភាព និងភាពធន់របស់អាស៊ាន និងដើម្បីសម្រេចបាន គោលដៅនៃការកសាងទស្សនៈវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាពធន់។ អាស៊ាន អាចធ្វើ ដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហា ប្រឈមនានា ដែលកំពុង បង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជននៅក្នុងតំបន់បាន ដរាបណា អាស៊ាន ប្រកាន់ខ្ជាប់នូវស្មារតី៖ «ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»។

សរុបមក ទំនាក់ទំនងជាមិត្តភាព និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាទំនាក់ទំនង ដែលមិនកាត់ផ្តាច់បាន ហើយទំនាក់ទំនងផ្នែកសេដ្ឋកិច្ច បានដើរតួនាទីសំខាន់ សម្រាប់ទំនាក់ទំនង រវាងប្រទេសនិងប្រទេស និងបានគាំទ្រដល់ទំនាក់ទំនងនយោបាយ។ អបអរសាទរ ខួបអនុស្សាវីយ៍លើកទី៧៧ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២) ថ្ងៃបុណ្យឯករាជ្យរបស់ សាធារណៈរដ្ឋសង្គមនិយម វៀតណាម៕

--------------------

[1] បក្សសម្ព័ន្ធដើម្បីឯករាជ្យវៀតណាម ជាចលនាជាតិនិយមមួយបានរីកដុះដាលឡើងនៅវៀតណាម ដែលគេច្រើនហៅកាត់ជាទូទៅថា “វៀតមិញ” ក្រោមការដឹកនាំរបស់មេចលនាកុម្មុយនិស្ត ហូ ជីមិញ។

[2} គឺចលនាកុម្មុយនិស្ត ដែលជាក្រុមឧទ្ទាមស្ថិតនៅក្នុងទឹកដីវៀតណាមខាងត្បូង។ ចំណែក “វៀតមិញ” គឺចលនាកុម្មុយនិស្តដឹកនាំដោយហូជីមិញ ដែលប្រយុទ្ធទាមទារឯករាជ្យពីបារាំង ហើយដែលក្រោយមកបានឡើងកាន់អំណាចនៅវៀតណាមខាងជើង។

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2022-08-28 07:32:53   ថ្ងៃអាទិត្យ, 28 សីហា 2022 ម៉ោង 02:32 PM
ការប្រជុំពិភាក្សាលើគម្រោងពង្រឹងសមត្ថភាពស្រាវជ្រាវរវាង NRC និងរាជបណ្ឌិត្យសភាកម្ពុជា

ដោយផ្ដើមចេញពីកិច្ចសហប្រតិបត្តិការរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រតិភូ ក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) ដឹកនាំដោយ លោកបណ្ឌិត Cho Byung Duk អគ្គនាយក NRC និងសហការី បានអញ្ជើញមកទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងចូលរួមកម្មវិធីប្រជុំពិភាក្សាលើគម្រោងស្រាវជ្រាវពង្រឹងសមត្ថភាពស្រាវជ្រាវ រវាងស្ថាប័ន NRC និង RAC។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជំនួបជាមួយលោកបណ្ឌិត Cho Byung Duk និងសហការី នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ នៅក្នុងជំនួបបឋមនេះ ភាគីទាំងពីរ បានពិភាក្សានិងឯកភាពគ្នាបានផ្ដោតលើបញ្ហាសំខាន់ៗ ដូចជា ការបង្កើតគណៈកម្មការប្រតិបត្តិ រវាងស្ថាប័នទាំងពីរ, ការពង្រឹងសមត្ថភាពតាមរយៈការសិក្សាបន្ត និងចូលរួមការបណ្តុះបណ្តាល, ការស្រាវជ្រាវរួមគ្នា តាមរយៈការបង្កើតក្រុមស្រាវជ្រាវ និងអនុវត្តគម្រោង, ការចែករំលែកចំណេះដឹងតាមរយៈរបាយការណ៍ស្រាវជ្រាវគោលនយោបាយ, ក៏ដូចជាការបង្កើតកម្មវិធីសិក្ខាសាលាអន្តរជាតិ និងការសិក្សាពីតម្រូវការគម្រោងស្រាវជ្រាវលើប្រធានបទសំខាន់ៗ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) និង រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានចាប់ផ្ដើមចុះអនុស្សរណៈយោគយោល់គ្នាជាផ្លូវការ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩៕


2022-08-10 03:48:02   ថ្ងៃពុធ, 10 សីហា 2022 ម៉ោង 10:48 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក