Royal Academy of Cambodia
រូបភាពទី១ វិញ្ញាបនបត្របញ្ជាក់អំពីក្រុមហ៊ុន
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាទីតាំងប្រឡងភាសាចិនឆ្នើមទូទាំងពិភពលោក ពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd, នៅទីក្រុងប៉េកាំង ប្រទេសចិន។
រូបភាពទី២ ផ្លាកទីតាំងប្រឡង ដែលផ្តល់ដោយក្រុមហ៊ុន
ក្រោមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងការព្រមព្រៀងអំពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd, បានបង្កើតទីតាំងប្រឡងភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជាលើកដំបូងកាលពីខែមករា ឆ្នាំ២០២១ ព្រមទាំងបានលើកផ្លាកទីតាំងប្រឡងជាផ្លូវការនៅខែតុលា ឆ្នាំ២០២១។
រូបភាពទី៣ ផ្លាកទីតាំងប្រឡង “វិញ្ញាបនបត្រគ្រូបង្រៀនភាសាចិនអន្តរជាតិ” នៅរាជបណ្ឌិត្យសភាកម្ពុជា
រូបភាពទី៤ គម្រូ “វិញ្ញាបនបត្រគ្រូបង្រៀនភាសាចិនអន្តរជាតិ”
ក្រោមការខំដឹកនាំរបស់ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការខិតខំប្រឹងប្រែងរបស់មន្ត្រី និងបុគ្គលិកទាំងអស់ រាជបណ្ឌិត្យសភាកម្ពុជា បានជម្រុញការងារប្រឡង ក៏ដូចជាការផ្សព្វផ្សាយស្តីពីការប្រឡង HSK / HSKK / BCT / CTCSOL (វិញ្ញាបនបត្រគ្រូបង្រៀនភាសាចិនអន្តរជាតិ) ជាដើម។ ជាក់ស្តែង សរុបត្រឹមចុងឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានជូនសេចក្តីជូនដំណឹងស្តីពីការប្រឡងសរុបចំនួន២៣០លើក និងទទួលបានអ្នកតាមដានលើសពី៥២០ពាន់នាក់ ព្រមទាំងបានផ្តល់ព័ត៌មានជូនសិស្ស-និស្សិត និងសាធារណជន លើសពី១៥ពាន់នាក់។
រូបភាពទី៥ បុគ្គលិកផ្នែក IT លោក រស់ រិទ្ធីវ៉ាន់រដ្ឋា កំពុងសរុបទិន្នន័យបេក្ខជនប្រឡង
រូបភាពទី៦ បុគ្គលិកទទួលបន្ទុកកិច្ចការប្រឡង លោកស្រី កុសល ធីតា កំពុងធ្វើការតាមដានបេក្ខជនប្រឡង
ជាលទ្ធផល ការខំប្រឹងប្រែងរបស់មន្ត្រី និងបុគ្គលិកទាំងអស់ បានធ្វើឱ្យទីតាំងប្រឡងនេះមានការរីកចម្រើន និងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ តាមទិន្នន័យបានបង្ហាញថា ក្នុងរយៈពេលមួយឆ្នាំនេះ យើងឃើញថា មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១០០០នាក់។ គួរបញ្ជាក់ដែរថា ក្រៅពីការប្រឡង HSK HSKK យើងមានរៀបចំការប្រឡងBCT និង CTCSOL (វិញ្ញាបនបត្រគ្រូបង្រៀនភាសាចិនអន្តរជាតិ) ផងដែរ ដើម្បីបំពេញតម្រូវការអ្នកសិក្សាភាសាចិន បានកាន់តែទូលំទូលាយផងដែរ។ យើងសង្កេតឃើញថា ការប្រឡងទាំងពីរខាងលើនេះ មិនត្រឹមតែបំពេញតម្រូវការកម្ពុជាប៉ុណ្ណោះទេ តែគឺជាការប្រឡងលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
រូបភាពទី៧ បេក្ខជនកំពុងប្រឡងតាមប្រព័ន្ធអនឡាញ
រូបភាពទី៨ គម្រូលទ្ធផលការប្រឡង BCT (B)
គួរបញ្ជាក់ផងដែរ បន្ទាប់ពីបង្កើតវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីឆ្នាំ២០២០មក វិទ្យាស្ថានបានផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ ចំណែកការងារប្រឡងសមត្ថភាពភាសាចិនក៏បានក្លាយជាផ្នែកសំខាន់មួយទៀត បន្ថែមលើការងារបច្ចុប្បន្ន។ សម្រាប់ការអភិវឌ្ឍទៅអនាគត រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាតាមរយៈការរៀបចំការប្រឡង YCT បន្ថែមពីលើការប្រឡងបច្ចុប្បន្ន។
ដើម្បីទទួលបានព័ត៌មានថ្មីៗ ស្តីពីការសិក្សាភាសាចិនគ្រប់កម្រិត ថ្នាក់បរិញ្ញាបត្រភាសាចិន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន កម្មវិធីបោះជំរុំ ការប្រឡង HSK, HSKK, BCT, TCSOL ព្រមទាំងការផ្សព្វផ្សាយអាហារូបករណ៍ ក៏ដូចជាព័ត៌មានស្តីពីឱកាសការងារជាដើម សូមសិស្សានុសិស្ស និងសាធារណជនទាំងអស់គ្នាចូលទៅតាមដានគេហទំព័ររបស់វិទ្យាស្ថាន ឬ Chanel Telegram របស់វិទ្យាស្ថាន ឬក្រុមសាកសួរព័ត៌មានរបស់វិទ្យាស្ថានតាមរយៈតំណភ្ជាប់ខាងក្រោម៖
Telegram channel : វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ នៃរាជបណ្ឌិត្យសភាកម្ពុជា
Telegram group : ICETI COMMUNITY GROUP
Facebook : វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ 国际中文教育与教师教育学院 ICETI
និង ICETI Website
វិទ្យាស្ថានគេុកោសល្យភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាមានមានកិត្តិយស សូមជម្រាបជូនសិស្សានុសិស្ស សាធារ ណជនមេត្តាជ្រាបថា វិទ្យាស្ថាននឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រលងHSKនៅកម្ពុជាប្រចាំឆ្នាំ២០២២ ដែលមានការចូលរួមពីសាកលវិទ្យាល័យល្បីៗ ឈរលើជួរទីមួយប្រចាំប្រទេស ចិន នឹងធ្វើបទបង្ហាញស្តីពីអាហារូបករណ៍គ្រប់ប្រភេទ លើគ្រប់ជំនាញ។
កម្មវិធីនេះនឹងប្រព្រឹត្តទៅ ដែលនឹងប្រព្រឹត្តទៅ៖
-ថ្ងៃចន្ទទី២១ ខែមីនា ដល់ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២នេះ នៅវេលាម៉ោង 6 ដល់ម៉ោង8 យប់
-ថ្ងៃសៅរ៍ ទី២៦ និងថ្ងៃអាទិត្យ ទី២៧ ពេលព្រឹកវេលាម៉ោង 8 ដល់ម៉ោង12ថ្ងៃត្រង់ សម្រាប់ចុងសប្តាហ៍។
សូមមេត្តាជួយចែករំលែកព័ត៌មាននេះជូន ក្រុមគ្រួសារ និងមិត្តភក្តិ។
សម្រាប់អ្នកដែលបានចូលរួមនឹងមានអាទិភាពក្នុងការទទួលបានការឧទ្ទេសនាមពីវិទ្យាស្ថានក្នុងការស្នើសុំអាហារូបករណ៍។
ឱកាសនេះមួយឆ្នាំមានតែម្តងគត់ ហេតុនេះសូមមេត្តាចូលរួមឱ្យបានច្រើនកុះករ កុំឱ្យឱកាសនេះកន្លងហួស។
សូមអរគុណ !
2022年3月21-27日我们学院将举办HSK留学中国宣讲会,时间是每天晚上6点-8点和周末上午8-12点。请告知你们想去中国留学的亲人、朋友也来参加,参加宣讲的我们将优先推荐去中国留学。机会难得,希望大家重视。
RAC Media
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម តាមការស្នើរបស់ឯកឧត្តមអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រជុំពិភាក្សា និងអនុម័តពីការកំណត់សូរ នៃការប្រើប្រាស់ពាក្យ«ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាអក្សរឡាតាំង។
យោងតាមលិខិតលេខ១៤/២២ ល.ស. ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ស្ថាននាម«ខេមរវិទូ» សម្រាប់អគារខេមរវិទូ នឹងសរសេរឡាតាំងជា KHEMARAVITU រីឯស្ថាននាម«ឥន្រ្ទទេវី» សម្រាប់អគារឥន្ទ្រទេវី នឹងសរសេរឡាតាំង INDRADEVI។ ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបញ្ជាក់ដែរថា ពាក្យ«ឥន្រ្ទទេវី»សរសេរជាឡាតាំង INDRADEVI ជាឈ្មោះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ហើយមានសរសេរនៅក្នុងសិលាចារឹកភិមានអាកាស K.485 ដែលមាននៅក្នុងឯកសារ INSCRIPTIONS DU CAMBODGE; VOLUME V បោះពុម្ពឆ្នាំ១៩៥៣ ទំព័រទី១១ របស់លោក G. CŒDÈS។
សូមបញ្ជាក់ថា អគារខេមរវិទូ និង អគារឥន្ទ្រទេវី ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ រាជបណ្ឌិត្យសភាកម្ពុជា ហើយត្រូវបានសាងសង់ ដោយស្ថាបត្យកម្មខ្មែរ តាមរចនាបថខ្មែរសុទ្ធសាធ។ អគារខេមរវិទូ ជាអគារសម្រាប់ការបំពេញ ការងារសិក្សាស្រាវជ្រាវ និងរដ្ឋបាលទូទៅ ហើយក្នុងនោះដែរក្រៅពី ការិយាល័យធ្វើការ ក៏មាននូវសាលមហោស្រប សាលប្រជុំធំទូលាយ សម្រាប់រៀបចំកម្មវិធីសំខាន់ៗ និងមានបណ្ណាល័យ សម្រាប់ទទួលសិស្សនិស្សិតចូលអាននិងស្រាវជ្រាវឯកសារផ្សេងៗ។ ចំណែក អាគារឥន្ទ្រទេវី ជាអគារសម្រាប់ដំណើរការបណ្ដុះបណ្ដាល និងស្រាវជ្រាវជំនាញឯកទេសនានាកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត ក៏ដូចជាជំនាញវិជ្ជាជីវៈ ជូននិស្សិតនិងអ្នកស្រាវជ្រាវ៕
RAC Media
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជានាពេលនេះ គឺផ្តោតលើមូលបទសំខាន់ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ហើយនិមិត្តសញ្ញាគឺ ត្របកឈូកដែលជាទម្រង់ក្បាច់ខ្មែរ តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង១០ បានខិតខំបង្កើតឡើង។ ពណ៌ទាំងបីនៅនៃស្រទាប់ត្របកឈូក គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា ចំណែកពណ៌មាស តំណាងឱ្យពណ៌និងភាពចម្រុះនៃអាស៊ាន។ «ស្មារតីស្នូលរបស់អាស៊ានគឺ ភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា! ចំណែកគោលបំណងសំខាន់គឺ រក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ»។ លទ្ធផលរំពឹងទុករួមមាន «សេចក្តីថ្លែងការណ៍រួមនិងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍និងសកម្មភាពសំខាន់ៗទាំងអស់។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយទំនួលខុសត្រូវ ហើយកម្ពុជានឹងបំពេញតួនាទីនេះដោយមោទនភាពបំផុត» នេះយោងតាមសេចក្តីប្រកាសរបស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ចាប់តាំងពីកម្ពុជាចូលកាន់តំណែងជាប្រធានអាស៊ាននាឆ្នាំ២០២២ បន្តវេនពីប្រទេសប៊្រុយណេមក បញ្ហាកុងសង់ស៊ុសរបស់សមាជិកអាស៊ាន ចេះតែកើតមានជាបន្តបន្ទាប់ ដូចជា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ វិញ ដោយហេតុផលកង្វះកុងសង់ស៊ុស។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២ នេះក៏ត្រូវបានលើកពេលផងដែរ ដោយហេតុផលថា «សហរដ្ឋអាម៉េរិក ធ្លាប់បានប្រកាសកំណត់យកថ្ងៃទី២៨-២៩ មីនា ដើម្បីរៀបចំកិច្ចប្រជុំនេះ ដែលបច្ចុប្បន្នមានប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាននិងសហរដ្ឋអាម៉េរិក។ បន្ទាប់ពីកាលបរិច្ឆេទត្រូវបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូលនេះ ឥណ្ឌូនេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួល ដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់ ប៉ុន្តែគួរឱ្យសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើងគឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំអាស៊ានដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ហេតុនេះហើយភាគីទាំងសងខាង អាស៊ាននិងសហរដ្ឋអាម៉េរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ ហើយនិងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង» នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា។
នេះជាភាពរអាក់រអួលមួយនៃដំណើរការជាប្រធានប្តូរវេនរបស់កម្ពុជា។ តើនេះជាចេតនារបស់រដ្ឋជាសមាជិករបស់អាស៊ានមួយចំនួនឬក្រោមឥទ្ធិពលរបស់មហាអំណាច?
សូមរំឭកថា កាលពីអតីតកាល ជាពិសេសនៅចន្លោះទសវត្សរ៍ទី៦០និងទសវត្សរ៍ទី៧០ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ តែងតែចាត់ទុកចិនកុម្មុយនិស្ត ជាប្រទេសដែលគ្រោះថ្នាក់ធំបំផុត។ ជាពិសេស នៅឆ្នាំ១៩៧៩ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ភាគច្រើន នាំគ្នាចាត់ទុកប្រទេសចិនថា ជាប្រទេសដែលមានភាពគ្រោះថ្នាក់បំផុត ផ្នែកយោធា គឺនៅពេលដែលកងទ័ពចិនបានវាយប្រហារទៅលើប្រទេសវៀតណាម(វៀតណាមខាងជើង) ដោយហេតុថាវៀតណាមបានវាយចូលមកផ្តួលរំលំរបបខ្មែរក្រហមដែលកំពុងគ្រប់គ្រងប្រទេសកម្ពុជានិងបានបន្តគ្រប់គ្រងប្រទេសកម្ពុជា។
រហូតមកទល់សព្វថ្ងៃនេះ បណ្តាប្រទេសសមាជិកទាំង១០របស់អាស៊ានមានទំនាក់ទំនងល្អជាមួយចិន។ មិនតែប៉ុណ្ណោះ អាស៊ានថែមទាំងគាំទ្រចិននិងទទួលស្គាល់គោលការណ៍ប្រទេសចិនតែមួយនៅលើឆាកអន្តរជាតិទៀតផង។ នេះគឺដោយសារតាំងពីដើមទសវត្សរ៍ទី៩០មក ចិនបាននឹងកំពុងបន្តជំរុញនយោបាយការទូតសេដ្ឋកិច្ច វប្បធម៌ និងនយោបាយដ៏ប៉ិនប្រសប់របស់ខ្លួនចូលមកតំបន់អាស៊ីអាគ្នេយ៍។ ចិនប្រើអំណាចទន់ (the soft power) និងអនុវត្តនយោបាយ«ឈ្នះឈ្នះ» ក្នុងគោលដៅពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈនយោបាយអំណាចទន់នេះ ចិនក៏បានពង្រីកឥទ្ធិពលវប្បធម៌របស់ខ្លួនទៅលើភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ។ ខ្សែភាពយន្តចិន សិល្បៈធ្វើម្ហូបអាហារចិននិងផលិតផលឧបភោគបរិភោគ ដែលផលិតនៅប្រទេសចិន (made in China) កំពុងជួយធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ចិនល្បីសុះសាយពេញទូទាំងតំបន់អាស៊ីអាគ្នេយ៍។
សូមបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ១៩៩១ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាននិងចិន បានបង្កើតទំនាក់ទំនងសន្ទនាជាផ្លូវការ ហើយរហូតមកទល់ពេលនេះ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដោយការទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនងដែលប្រកបដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាព នៅក្នុងតំបន់ដោយខិតខំរក្សាស្ថិរភាពក្នុងតំបន់ ជំរុញការតភ្ជាប់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងបង្កើនទំនាក់ទំនងលើវិស័យវប្បធម៌។ ទំនាក់ទំនងអាស៊ាន-ចិន ប្រកបដោយភាពរស់រវើកនិងធំបំផុតក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-បាស៊ីហ្វិក ហើយបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងជូនដល់ប្រជាជនជាង ២ ០០០លាននាក់ នៃប្រទេសចំនួន១១ក្នុងតំបន់។
ក៏ប៉ុន្តែ ទោះបីជាទំនាក់ទំនងរវាងចិន និងអាស៊ានមានលក្ខណៈកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏តាំងពីដើមដំបូងមក ថ្នាក់ដឹកអាស៊ានតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មួយច្បាស់ នោះគឺធ្វើយ៉ាងណាកុំឱ្យអាស៊ីអាគ្នេយ៍ស្ថិតនៅក្រោមឥទ្ធិពលផ្តាច់មុខរបស់ចិនបាន(ពេលនេះគឺផ្តាច់មុខរបស់មហាអំណាចណាមួយ ក្នុងចំណោមចិននិងអាម៉េរិក)។ ការណ៍នេះគឺមិនមែនចៃដន្យឡើយ។ ចូរកុំភ្លេចថា គោលដៅសំខាន់ជាងគេមួយនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឡើងនៅឆ្នាំ១៩៦៧ គឺដើម្បីបង្រួបបង្រួមគ្នា ដើម្បីទប់ទល់នឹងគ្រោះថ្នាក់ពីសំណាក់របបកុម្មុយនិស្ត។
នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំចិនតែងតែលើកឡើងថា ចិនចង់បានតែសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ក៏ប៉ុន្តែ កាយវិការរបស់ទីក្រុងប៉េកាំង មិនទាន់ស្តែងឱ្យឃើញច្បាស់នៅឡើយទេថា ចិនជាប្រទេសមហាអំណាចដែលនិយមអំណាចទន់ (the soft power)។ ជាក់ស្តែង មហិច្ឆតារបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង នៅតែបន្តបង្កឱ្យមានភាពតានតឹងកើតឡើងជារឿយៗ។ ភាពតានតឹងចេះតែបន្តកើតឡើងរវាងចិន និងបណ្តាប្រទេសអាស៊ានមួយចំនួន ជាអាទិ៍ជាមួយប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
នៅក្នុងបរិបទនៃភាពតានតឹងបែបនេះហើយដែលអាស៊ានបានបើកទទួលសហរដ្ឋអាម៉េរិក តាមរយៈជំនួបកំពូលអាស៊ាន-អាម៉េរិក ដែលបានកើតឡើងតាំងពីឆ្នាំ២០០៩រៀងមក។ ការខិតចូលជិតគ្នារវាងសហរដ្ឋអាម៉េរិកនិងអាស៊ាន បានធ្វើឱ្យកើតមានភាពល្អក់កករដល់ទំនាក់ទំនងរវាងចិននិងអាស៊ាន ពីព្រោះថា វាបើកលទ្ធភាពឱ្យអាម៉េរិកបង្កើនវត្តមាននិងអំណាចរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺដើម្បីកាត់បន្ថយឥទ្ធិពលនិងអំណាចរបស់ចិននៅក្នុងតំបន់ ពិសេសគឺមិនចង់ឱ្យអាស៊ាន ស្ថិតនៅក្រោមមហាអំណាចផ្តាច់មុខណាមួយ។
ជាក់ស្តែង សហរដ្ឋអាម៉េរិក បានបង្ហាញពីតួនាទីដ៏ចាំបាច់របស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងដំណោះស្រាយនៃជម្លោះនៅទីប្រជុំកោះប៉ារ៉ាសែល(Paracel)និងស្ប៉្រាតលី(Sprately) នៅសមុទ្រចិនខាងត្បូងជាដើម ហើយរហូតមកទល់ពេលនេះ វត្តមានរបស់អាម៉េរិកនៅក្នុងវេទិកាអាស៊ាន បានបណ្តាលឱ្យមានការបាក់បែកគ្នា រវាងរដ្ឋជាសមាជិកអាស៊ានដែលមានទំនោរទៅរកអាម៉េរិក និងរដ្ឋសមាជិកអាស៊ានដែលមានទំនោរទៅរកប្រទេសចិន បើទោះបីប្រទេសទាំងនោះបាននិយាយថាមិនជ្រើសយកខាងណាក៏ដោយ។
សម្រាប់កម្ពុជាដែលជាប្រទេសកូនពៅរបស់អាស៊ាននិងជាមិត្តលើសពីដែកថែបរបស់ចិនផងទៀតនោះ ទោះបីចង់ឬមិនចង់ នៅក្នុងក្រសែភ្នែករបស់រដ្ឋជាសមាជិកអាស៊ានផ្សេងទៀត ដែលមានទំនោរទៅរកសហរដ្ឋអាម៉េរិក ពិតជាមានភាពលំបាកណាស់ក្នុងការសម្រេចចិត្តជាមួយកម្ពុជា។ ការស្វែងរកកុងសង់ស៊ុសសម្រាប់កម្ពុជាក្នុងឆ្នាំជាប្រធានអាស៊ានប្តូរវេន២០២២នេះ ដែលកំពុងតែប្រឈមដោយការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់មហាអំណាចនិងបញ្ហាសន្តិសុខមិនមែនប្រពៃណី(ការរីករាលដាលនៃវីរុសកូវីដ-១៩) នាពេលនេះ គឺពិតជានឹងពិបាកឈានទៅទទួលបានលទ្ធផលតាមការគ្រោងទុក៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលលើមុខម្ហូបអាស៊ី និងម្ហូបអឺរ៉ុប ចំនួន ២៤មុខ ក្នុងចំណោមមុខម្ហូបសរុបទាំងអស់ចំនួន៣៦មុខ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ ផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បានធ្វើការតេស្តសាកល្បងពាក់កណ្ដាលវគ្គសិក្សាពីសមត្ថភាពសិក្ខាកាមមុខជំនាញចុងភៅ ទាំង១០រូប កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
ការប្រឡងតេស្តសមត្ថភាពពាក់កណ្ដាលវគ្គនេះ តម្រូវឱ្យសិក្ខាកាមនីមួយៗ ធ្វើម្ហូបចំនួន២មុខ និងត្រូវរៀបចំជាពីរចានចំពោះមុខម្ហូបនីមួយៗសម្រាប់ដាក់បង្ហាញ និងសម្រាប់ដាក់ជូនគណៈកម្មការភ្លក្ស និងវាយតម្លៃលើស្នាដៃរបស់សិក្ខាកាម។
នៅពេលរៀបចំរួចរាល់ ក្រុមនីមួយៗត្រូវធ្វើការបង្ហាញអំពីម្ហូបរបស់ខ្លួន ជូនគណៈកម្មការវាយតម្លៃ ដែលមាន លោក ស័រ សំអាង គ្រូបង្គោលជំនាញចុងភៅនៃរាជបណ្ឌិត្យសភាកម្ពុជា និង លោក សែន រិទ្ធី ដែលជា មេចុងភៅ មកពី The Plantation Urban Resort & Spa ធ្វើការវាយតម្លៃជារួម។
ជាលទ្ធផល បន្ទាប់ពីឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេលជាង១ខែមកនេះ សិក្ខាកាមនីមួយៗ ទទួលបានលទ្ធលផលល្អ ទៅលើការចម្អិន និង រសជាតិ។ ជាមួយគ្នានេះដែរ គណៈកម្មការវាយតម្លៃ បានផ្តល់ជាអនុសាសន៍ជាច្រើន ជូនទៅដល់សិក្ខាកាម ដើម្បីអភិវឌ្ឍខ្លួននិងសមត្ថភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា វគ្គសិក្សាជំនាញចុងភៅ វគ្គទី១នេះ មានរយៈពេល២ខែ ដោយបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បង្រៀនដោយគ្រូបង្គោលជំនាញចុងភៅ លោក ស័រ សំអាង គ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ ហើយសិក្ខាកាមនីមួយៗនឹងត្រូវប្រឡងបញ្ចប់វគ្គនៅដើមខែមេសាខាងមុខនេះ។
ទន្ទឹមនឹងនេះ វគ្គសិក្សាជំនាញចុងភៅ វគ្គទី២ ចាប់ផ្តើមទទួលពាក្យជារៀងរាល់ថ្ងៃ ចាប់ពីពេលនេះតទៅ។ លោក/លោកស្រី អ្នកនាង កញ្ញា ដែលចាប់អារម្មណ៍ សូមអញ្ជើញមកទទួលពាក្យ និងដាក់ពាក្យចូលរៀនវគ្គថ្មី នៅរៀងរាល់ម៉ោងធ្វើការ នៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមពីវគ្គបណ្ដុះបណ្ដាលផ្សេងៗ សូមទាក់ទងមកកាន់៖
Tel: 012 972 494 / 012 824 924
ឬតាមរយៈទំព័រហ្វេសប៊ុក៖
-រាជបណ្ឌិត្យសភាកម្ពុជា - Royal Academy of Cambodia / https://www.facebook.com/rac.gov.kh
-មជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលនៃរាជបណ្ឌិត្យសភាកម្ពុជា
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ នឹងរៀបចំការប្រឡងពាក់កណ្តាលវគ្គសិក្សាជំនាញចុងភៅ ដែលមានសិក្ខាកាមសរុបចំនួន១០រូប។
នៅក្នុងការប្រឡង ត្រូវបានបែងចែកចេញ៤ក្រុម ចាប់ពីម៉ោង ៨ៈ០០នាទីព្រឹករហូតដល់ម៉ោង ១២ៈ០០នាទីថ្ងៃរសៀល។ សិក្ខាកាមត្រូវបែងចែកចេញជា៤ក្រុម ដោយជ្រើសរើសមុខម្ហូបដោយឡែកពីគ្នា និងត្រូវអនុវត្តតាមគោលការណ៍ដែលបានកំណត់។
គណៈកម្មការ នឹងចាប់ផ្ដើមវាយតម្លៃដោយផ្តោតទៅលើ ការរៀបចំម្ហូបដែលចម្អិននិងរៀបចំដោយសិក្ខាកាម។ បញ្ហាអនាម័យនិងការប្រតិបត្តិក្នុងផ្ទះបាយ ការចម្អិន ការរៀបចំតុបតែង និង រសជាតិ ជាចំណុចសំខាន់ដែលត្រូវពិនិត្យនិងវាយតម្លៃ។
គួរបញ្ជាក់ដែរថា គណៈកម្មការដែលធ្វើការដាក់ពិន្ទុ មាន២រូប គឺលោក ស័រ សំអាង គ្រូបង្គោលបង្រៀនជំនាញចុងភៅនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោក សែន រិទ្ធី ប្រធានចុងភៅអញ្ជើញមកពី The Plantation Urban Resort & Spa។
ការបណ្តុះបណ្តាលជំនាញចុងភៅ នឹងសិក្សាលើមុខម្ហូបអាស៊ី និងម្ហូបអឺរ៉ុប សរុបទាំងអស់ចំនួន៣៦មុខ ក្នុងរយៈពេល២ខែ។
សូមជម្រាបជូនថា វគ្គសិក្សាជំនាញចុងភៅ វគ្គទី២ ចាប់ផ្តើមទទួលពាក្យជារៀងរាល់ថ្ងៃ ចាប់ពីពេលនេះតទៅ។ លោក/លោកស្រី អ្នកនាង កញ្ញា ដែលចាប់អារម្មណ៍ សូមអញ្ជើញមកទទួលពាក្យចូលរៀន នៅរៀងរាល់ម៉ោងធ្វើការ នៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមពីវគ្គបណ្ដុះបណ្ដាលផ្សេងៗ សូមទាក់ទងមកកាន់៖
Tel: 012 972 494 / 012 824 924
ឬតាមរយៈទំព័រហ្វេសប៊ុក៖
-រាជបណ្ឌិត្យសភាកម្ពុជា - Royal Academy of Cambodia / https://www.facebook.com/rac.gov.kh
-មជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលនៃរាជបណ្ឌិត្យសភាកម្ពុជា
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី អាមេនី អេស្តូនី ឡេតូនី លីទុយអានី អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតួកម៉េនីស្ថាន។ ការដូលរលំនៃ សហភាពសូវៀតនេះ ត្រូវបានគេមើឃើញថា វាបានកើតចេញពី ចលនាបដិវត្តន៍ប្រជាជន ដែលបានផ្ទុះឡើងនៅក្នុងតំបន់អឺរ៉ុបខាងកើត គឺរដ្ឋជាប់នឹងសមុទ្របាល់ទិក មាន អេស្តូនី ឡេតូនី និងលីទុយអានី ដែលប្រទេសទាំង៣នេះធ្លាប់ជាប្រទេសឯករាជ្យ ក៏ប៉ុន្តែត្រូវបានសូវៀតកាត់យកមកដាក់ជាទឹកដីរបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀង រវាងស្តាលីន និងហ៊ីត្លែរ នៅឆ្នាំ១៩៣៩។ ចលនាបដិវត្តន៍នេះ ក៏បានធ្វើឱ្យរបបកុម្មុយនិស្តរណបសូវៀតត្រូវដួលរលំជាបន្តបន្ទាប់ រហូតធ្វើឱ្យប្លុកកុម្មុយនិស្ត នៅអឺរ៉ុបខាងកើតត្រូវបាក់បែកខ្ចាត់ខ្ចាយស្ទើរគ្មានសល់ និងជំនួសមកវិញដោយរបបប្រជាធិបតេយ្យតាមបែបលោកខាងលិច។ មួយវិញទៀត នយោបាយកំណែទម្រង់របស់ លោក ហ្គ័របាឆូវ (ប៉េរ៉េស្ត្រូយកា-Berestroika) ដើម្បីកែ ទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គមនៅសហភាពសូវៀត ដែលកំពុងឈានទៅរកសភាពទុំជោរ ក្នុងសម័យសង្គ្រាមត្រជាក់ ក៏ជាកត្តាជំរុញដ៏ធំមួយផងដែរ ដែលធ្វើឱ្យចលនាបដិវត្តន៍នេះបានទទួលជោគជ័យ។ ក៏ប៉ុន្តែ អ្វីដែល លោក ហ្គ័របាឆូវ មិនបានរំពឹងទុកនោះ គឺបដិវត្តន៍ឆ្នាំ១៩៨៩នេះ មិនមែនកើតមានឡើងតែនៅអឺរ៉ុបខាងកើតនោះទេ តែបានរាលដាលទៅដល់សហភាពសូវៀតខ្លួនឯងផ្ទាល់។
សូមរំលឹកថា ក្រោយឡើងកាន់អំណាចជាប្រធានាធិបតីសហភាពសូវៀត លោក ហ្គោបាឆូវ បានប្រកាសថា លោកមិនអនុញ្ញាតឱ្យមានអន្តរាគមន៍យោធា នៅតំបន់អឺរ៉ុបខាងកើតទៀតឡើយ។ ចំណុច នេះហើយ ធ្វើឱយក្រុមប្រទេសដែលនៅក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត ចាប់ផ្ដើមប្រកាស ឯករាជ្យជាបន្តបន្ទាប់ និងបានប្ដូរទៅរករបបប្រជាធិបតេយ្យដូចក្រុមប្រទេសនៅអឺរ៉ុបខាងលិចវិញ ដូចជា ប្រទេស អាល្លឺម៉ង់ខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្ការី ប៉ូឡូញ ជាដើម។
ក្រោយអ៊ុយក្រែនប្រកាសឯករាជ្យ ក្រោយការដួលរលំនៃសហភាពសូវៀត នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩៩៤ អ៊ុយក្រែន និងរុស្ស៊ី បានចុះហត្ថលេខាលើអនុស្សារណៈមួយ នៅក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី (Budapest Memorandum on Security Assurances) រួមជាមួយនឹងប្រទេសហត្ថលេខី ៣ផ្សេងទៀត គឺ រុស្ស៊ី សហរដ្ឋអាម៉េរិក និងអង់គ្លេស។ តាមរយៈអនុស្សារណៈនេះ អ៊ុយក្រែនសុខចិត្តបោះបង់ចោលអាវុធនុយក្លេអ៊ែរ ដែលបន្សល់ទុកពីសម័យសហភាពសូវៀត ដោយផ្ទេរទៅឱ្យរុស្ស៊ី ជាថ្នូរមកវិញ រុស្ស៊ី សហរដ្ឋអាម៉េរិក និងអង់គ្លេស ដែលសុទ្ធសឹងជាមហាអំណាចនុយក្លេអ៊ែរ បានសន្យាគោរពអធិបតេយ្យ និងបូរណភាពដែនដីរបស់អ៊ុយក្រែន។
អ្វីដែលជាការកត់សម្គាល់ ចាប់តាំងពីអ៊ុយក្រែនប្រកាសឯករាជ្យពីសហភាពសូវៀតនាឆ្នាំ១៩៩១ ប្រទេសទាំងពីរមិនដែលមានអរិយភាពជាមួយគ្នានោះទេ។ រហូតដល់ឆ្នាំ២០០៨ អ៊ុយក្រែន រួមជាមួយ ហ្សកហ្ស៊ី បានដាក់សំណើ សុំចូលជាសមាជិកបក្សសម្ព័ន្ធណាតូ នៅក្នុងជំនួបកំពូល ខែមេសា ឆ្នាំ២០០៨ នៅទីក្រុងប៊ុយការ៉េស (ប្រទេសរូម៉ានី) បក្សសម្ព័ន្ធណាតូបានស្វាគមន៍បំណងចង់ចូលជាសមាជិករបស់ អ៊ុយក្រែន និងហ្សកស៊ី។ ក៏ប៉ុន្តែ ដោយមានការជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់រុស្ស៊ី ហើយប្រទេសសំខាន់ពីរក្នុងណាតូ គឺបារាំង និងអាល្លឺម៉ង់ ក៏មិនគាំទ្រ ណាតូបានបដិសេធមិនចាប់ផ្តើមផែនការប្រតិបត្តិ (Membership Action Plan) ទទួលអ៊ុយក្រែន និងហ្សកហ្ស៊ី ជាសមាជិកនោះទេ តែក្នុងពេលជាមួយគ្នា ណាតូក៏មិនបិទទ្វារទាំងស្រុងនោះដែរ ដោយទុកលទ្ធភាពឱ្យអ៊ុយក្រែន ចូលជាសមាជិកនៅថ្ងៃណាមួយ។
ក្រោយមានសំណើសុំចូលជាសមាជិកបក្សសម្ព័ន្ធ ណាតូ ពីសំណាក់ អ៊ុយក្រែន ភាពតាមតឹងរវាង រុស្ស៊ី និងអ៊ុយក្រែន កើតមានឡើងជាបន្តបន្ទាប់ ដូចជា នៅខែមីនា ឆ្នាំ២០១៤ រុស្ស៊ីដាក់ពង្រាយកងទ័ពនៅតំបន់គ្រីមេ ក្នុងហេតុផលថា ដើម្បីការពារប្រជាជនដើមកំណើតរុស្ស៊ី បន្ទាប់មក រៀបចំបោះឆ្នោតប្រជាមតិ ភ្ជាប់តំបន់គ្រីមេជាទឹកដីរបស់រុស្ស៊ី។ ការកាត់យកតំបន់គ្រីមេដោយរុស្ស៊ីត្រូវបានសហគមន៍អន្តរជាតិជាទូទៅ ចាត់ទុកថាជាទង្វើខុសច្បាប់ ហើយមហាសន្និបាតអ.ស.ប បានបោះឆ្នោតនៅឆ្នាំ២០១៤ ក្នុងសំឡេង ១០០ ទល់នឹង ១១ (១៣ប្រទេសអនុប្បវាទ) បដិសេធមិនទទួលស្គាល់ការបោះឆ្នោតប្រជាមតិនៅគ្រីមេ ហើយកំណត់ថា គ្រីមេនៅតែជាដែនដីមួយរបស់អ៊ុយក្រែន។ ចំណែកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសសម្ព័ន្ធមិត្តលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការកាត់យកតំបន់គ្រីមេ។ នៅខែមេសា ឆ្នាំ២០១៤ សង្រ្គាមបានផ្ទុះឡើងនៅតំបន់ដុនបាស់ (Donbas) ខាងកើតអ៊ុយក្រែន ហើយក្រុមឧទ្ទាមផ្តាច់ខ្លួន ដោយមានការគាំទ្រពីសំណាក់រុស្ស៊ី បានប្រកាសបង្កើតរដ្ឋឯករាជចំនួនពីរដាច់ពីអ៊ុយក្រែនគឺ ដូណេតស្ក៍(Donetsk) និង លូហាន់ស្ក៍ (Luhansk)។ ការបោះឆ្នោតប្រជាមតិបង្កើតរដ្ឋឯករាជទាំងពីរ ត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០១៤។ នាថ្ងៃទី១២ ខេមិថុនា ឆ្នាំ២០២០ បក្សសម្ព័ន្ធណាតូ បានផ្តល់ឱ្យអ៊ុយក្រែន នូវឋានៈជាប្រទេសដៃគូ ដែលបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាជាមួយគ្នា ក៏ប៉ុន្តែ នៅតែបដិសេធមិនចាប់ផ្តើមនីតិវិធីទទួលអ៊ុយក្រែនជាសមាជិក ទៅតាមការស្នើសុំរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ចោទរុស្ស៊ីថាពង្រាយទ័ពនៅតាមព្រំដែនអ៊ុយក្រែន តែរុស្ស៊ីថា ការពង្រាយទ័ពនេះ គឺដើម្បីធ្វើសមយុទ្ធ ឆ្លើយតបទៅនឹងទង្វើបង្កហេតុរបស់អ៊ុយក្រែន។ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសជាចំហថា ការចូលជាសមាជិកបក្សសម្ព័ន្ធណាតូគឺជាមធ្យោបាយ តែមួយគត់ ដែលអាចបញ្ចប់សង្រ្គាមនៅតំបន់ដុនបាស់បាន និងក៏បានប្រកាសផងដែរ អំពីគោលបំណងចង់ចូលជាសមាជិកសហភាពអឺរ៉ុប។ នៅខែធ្នូ ឆ្នាំ២០២១ រុស្ស៊ីពង្រាយទ័ពកាន់តែច្រើន នៅក្បែរព្រំដែនអ៊ុយក្រែន ប្រទេសលោកខាងលិចបានលើកឡើងថា ជាការពង្រាយទ័ពនេះ ក្នុងគោលដៅចូលឈ្លានពានអ៊ុយក្រែន តែលោកវ៉្លាឌីមៀរ ពូទីន បានបដិសេធថា រុស្ស៊ីមិនមានចេតនាចូលឈ្លានពានអ៊ុយក្រែននោះទេ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា បានដាក់លក្ខខណ្ឌមួយចំនួនចំពោះអាម៉េរិក និងបក្សសម្ព័ន្ធណាតូ ដែលក្នុងនោះ រួមមានការទាមទារឱ្យណាតូធានាថានឹងមិនឱ្យអ៊ុយក្រែនចូលជាសមាជិក ហើយឱ្យណាតូដកកម្លាំងយោធាទាំងអស់ ដែលឈរជើងនៅក្នុងប្រទេសនៅអឺរ៉ុបខាងកើត ដែលចូលជាសមាជិកណាតូ ក្រោយឆ្នាំ១៩៩៩៧ ចេញ។ ចំណែក លោកបៃដិន បានព្រមានទុកជាមុនថា ប្រសិនបើរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន អាម៉េរិក និងសម្ព័ន្ធមិត្ត នឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតទៅលើរុស្ស៊ី ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា លោកប្រធានាធិបតីអាម៉េរិក ក៏បានប្រកាសផងដែរថា អាម៉េរិកនឹងមិនបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែននោះទេ ពីព្រោះអ៊ុយក្រែនមិនមែនជាសមាជិកណាតូ។ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដល់ ខែកុម្ភៈ ឆ្នាំ២០២២ មានកិច្ចប្រឹងប្រែងផ្នែកការទូតជាច្រើនបានរៀបចំឡើង ដើម្បីបញ្ចៀសសង្រ្គាមអ៊ុយក្រែន ក្នុងនោះ ក៏រួមមានទាំងជំនួបតាមវីដេអូ រវាងលោកពូទីន និងលោកបៃដិន ជំនួបដោយផ្ទាល់ នៅទីក្រុងម៉ូស្គូ រវាងលោកម៉ាក្រុង និងលោកពូទីន និងជំនួប រវាងលោកពូទីន និងលោកអូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ដែលទើបនឹងឡើងកាន់តំណែង ផងដែរ ក៏ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតទាំងនេះ មិនបានទទួលលទ្ធផលជាវិជ្ជមាននោះទេ។ លោកបៃដិន និងសម្ព័ន្ធមិត្តក្នុងបក្សសម្ព័ន្ធណាតូបដិសេធមិនផ្លាស់ប្តូរគោលនយោបាយបើកទ្វារចំហ ឬ « Open door policy » ពោលគឺ ទុកសិទ្ធិឱ្យប្រទេសនីមួយៗជាអ្នកសម្រេចដោយខ្លួនឯងថាចង់ចូលក្នុងណាតូឬក៏អត់។ នេះមានន័យថា ក្នុងករណីអ៊ុយក្រែន គឺអ៊ុយក្រែនខ្លួនឯងជាអ្នកមានសិទ្ធិសម្រេចថា ចង់ចូលក្នុងណាតូឬក៏អត់ ចំណែកណាតូមានសិទ្ធិសម្រេចថា ទទួលយកអ៊ុយក្រែនជាសមាជិកឬមិនទទួល ដោយមើលទៅលើលក្ខខណ្ឌសមាជិកភាពរបស់ណាតូ ក៏ប៉ុន្តែ មិនអាចបិទទ្វារជាមុនថាមិនទទួលយកអ៊ុយក្រែននោះទេ។ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោយពីមានជំនួបតាមទូរសព្ទ រវាងលោកម៉ាក្រុង និងលោកពូទីន វិមានប្រធានាធិបតីបារាំងបានចេញសេចក្តីថ្លែងការណ៍ថា លោកពូទីន និងលោកបៃដិន បានព្រមព្រៀងជាគោលការណ៍ថានឹងបើកធ្វើជំនួបកំពូល ដើម្បីពិភាក្សាគ្នាអំពីវិបត្តិអ៊ុយក្រែន។ ក៏ប៉ុន្តែ នៅថ្ងៃទី២១ ខែកុម្ភៈ លោកពូទីន បានប្រកាសទទួលស្គាល់ ដូណេតស្ក៍ និង លូហាន់ស្ក៍ ជារដ្ឋឯករាជ្យ ហើយនៅថ្ងៃទី២៤កុម្ភៈ កងទ័ពរុស្ស៊ីក៏បានចាប់ផ្តើមវាយប្រហារទៅលើអ៊ុយក្រែន។
នេះជាបញ្ហាមួយដែលយើងគិតស្មានមិនដល់។ សំណួរសួរថា ហេតុអ្វីបានជារុស្ស៊ី សម្រេចចិត្តវាយ ប្រហាចូលទឹកដីអ៊ុយក្រែន ដោយមិនខ្វល់ពីការគម្រាមដាក់ទណ្ឌកម្ម ពីសំណាក់ប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាម៉េរិក?
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ជាភាសាបារាំងថា អូតង់ (OTAN) និងភាសាអង់គ្លេសហៅកាត់ថា ណាតូ (NATO) គឺជាមរតកដែលបានបន្សល់ទុក តាំងពីសម័យសង្គ្រាម ត្រជាក់ គឺក្រោយសង្ក្រាមលោកទី២ត្រូវបានបញ្ចប់ និងបន្តរហូតមកដល់សព្វថ្ងៃ។ ណាតូបានបង្កើត ឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ និងចូលជាធរមាននៅ ឆ្នាំ១៩៥១ ដែលជាលទ្ធផល ដែលកើត ចេញពីព្រឹត្តិការណ៍ចំនួនពីរ ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់។ ទីមួយ គឺភាពមិន ចុះសម្រុងគ្នា រវាងសហរដ្ឋអាម៉េរិ និងសូវៀត ដែលជាសម្ព័ន្ធមិត្តនឹងគ្នា កាលពី សង្គ្រាមលោកលើកទី២ ដើម្បីផ្តួលរំលំ អាល្លឺម៉ង់ ដែលពេលនោះដឹកនាំដោយ ហ៉ីទ្លែរ (Hitler) ប៉ុន្តែបានក្លាយជាសត្រូវនឹងគ្នាវិញ ចាប់ពី ឆ្នាំ១៩៤៧ ដោយមូលហេតុមនោគមវិជ្ជា និងមហិច្ឆតា។ និងទីពីរ គឺការស្នើសុំពីសំណាក់ បណ្តា ប្រទេសនៅអឺរ៉ុបខាងលិច នៅក្រោយសង្គ្រាមលោកលើកទី២ សុំឱ្យអាម៉េរិក ជួយធានាការពារ សន្តិសុខ របស់ពួកគេ នៅចំពោះមុខ អានុភាពយោធាដ៏ធំ របស់សូវៀត កុម្មុយនីស្ត។ នៅក្នុងបរិបទបែបនេះ អាម៉េរិក និងកាណាដា ព្រមទាំងបណ្តាប្រទេសអឺរ៉ុបខាងលិច ដែលកាលណោះ តាំងខ្លួន ជាតំណាង «ពិភពសេរី» នាំគ្នាបង្កើតណាតូឡើង ដើម្បីទប់ទល់ នឹង«ពិភពកុម្មុយនីស្ត» ដឹកមុខដោយ សូវៀត។
ជាការឆ្លើយតបវិញ នៅថ្ងៃ១៤ ឧសភា ១៩៥៥ សហភាពសូវៀត និងបណ្តាប្រទេសកុម្មុយ នីស្ត អឺរ៉ុបខាងកើតចំនួនប្រាំពីរ នាំគ្នាបង្កើតសម្ព័ន្ធភាពយោធាមួយដែរ ដែលគេហៅថា កតិកាសញ្ញាវ៉ាសូវី (Varsovie)។ ប៉ុន្តែ ក្រោយមកនៅឆ្នាំ១៩៩១ កតិកាសញ្ញាវ៉ាសូវីនេះ ត្រូវរំលាយចោលវិញ ក្រោយ ការដួលរលំនៃសហភាពសូវៀត គឺបន្ទាប់ពីសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់។ ប៉ុន្តែ ណាតូនៅបន្ត ដំណើរការរហូតដល់សព្វថ្ងៃ និងថែមទាំងរីកធំលើសមុនទៀតផង រីកធំសំដៅទៅទិសខាងកើត។ ណាតូ ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន១២ ប៉ុន្តែបច្ចុប្បន្នមានប្រទេសជាសមាជិក សរុបចំនួន៣០ ដោយសារតែ ទទួលបានពីបណ្តាប្រទេសអឺរ៉ុបខាងកើតចំនួន១០ ដែលនៅក្នុងអតីតកាលជារណបសូវៀត និងដែលមួយចំនួនជាសមាជិកនៃកតិកាសញ្ញាវ៉ាសូវី មកអតីតសាធារណរដ្ឋសូវៀតចំនួន៣ ដែលគេហៅថា បណ្តាប្រទេសបាល្ទ(Baltes) និងបានមកពីអតីតសាធារណរដ្ឋយូហ្គោស្លាវី (Yougoslavie) ចំនួន៤។
ការណ៍ដែលណាតូ បន្តមានវត្តមាន និងបន្តពង្រីកខ្លួន ចូលកាន់តែជិតទៅដល់ទឹកដីរុស្ស៊ី ធ្វើ ឱ្យរុស្ស៉ីមានការបារម្ភកាន់តែខ្លាំង។ ក្រោយពីណាតូទទួលយកសមាជិករបស់ខ្លួន ជាបន្តបន្ទាប់ ពីបណ្តា ប្រទេសនៅអឺរ៉ុបខាងកើត និងបណ្តាប្រទេសបាល្ទ ណាតូកំពុងត្រៀមទទួលយកយក អ៊ុយក្រែន (Ukraine) និងហ្សកហ្ស៉ី(Georgie) បន្ថែមទៀត។ នេះគឺជាអ្វីដែលប្រធានាធិបតីរុស្ស៊ី ពូទីន (Poutine) មិនអាចទទួលបាន ហើយលោកបានលើកឡើងថា វាជាការគំរាមកំហែង មកលើសន្តិសុខរបស់ រុស្ស៊ីតែម្តង។ ការណ៍បណ្តោយឱ្យអ៊ុយក្រែន ក្លាយជាសមាជិកអូតង់ វាជាគ្រោះអាសន្នធំនឹងអាច កើតឡើងសម្រាប់រុស្ស៊ី។ អ៊ុយក្រែននឹង អាចទាមទារយកគ្រីមេមកវិញ ទោះជាសង្គ្រាម ត្រូវផ្ទុះឡើង ជាមួយរុស្ស៊ីក៏ដោយ ព្រោះថាណាតូប្រកាន់គោលការណ៍មួយសំខាន់ ដែលកំណត់ដោយមាត្រាទី៥ នៃសន្ធិសញ្ញា នោះគឺសាមគ្គីភាពរវាងបណ្តាប្រទេសសមាជិក។ បានន័យថា រាល់ការឈ្លានពានមកលើ សមាជិកណាមួយក៏ដោយរបស់អូតង់ នឹងត្រូវចាត់ទុកថាជាការឈ្លានពានមកលើបណ្តាសមាជិក ទាំងអស់ របស់អូតង់តែម្តង។
មួយវិញទៀត នេះគឺជាអារម្មណ៍មួយដែល លោក ពូទីន ពិបាកនឹងទទួលយកបាន។ តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ដែលបណ្តាប្រទេសលោកខាងលិច បានសន្យាតែមិនអនុវត្តន៍។ តួយ៉ាង នៅខែកុម្ភៈ ឆ្នាំ១៩៩០ ប្រធានាធិបតីសហភាពសូវៀត លោក Mikhail Gorbachev បានជួប ជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក James Baker ដើម្បីពិភាក្សាអំពីការដកទ័ពសូវៀត ចេញពីប្រទេស អាល្លឺម៉ង់ខាងកើត។ ដើម្បីធានាដល់ប្រធានាធិបតី Gorbachev អំពីផលវិបាកនៃភូមិសាស្ត្រនយោបាយ នាពេលអនាគត រដ្ឋមន្ត្រីការបរទេសអាម៉េរិក James Baker បានប្រកាសថា៖ «មិនរំកិលទៅទិសខាងកើតមួយអ៊ីញណានោះទេ គឺណាតូនឹងមិនរំកិលមួយអ៊ីញទៅខាងកើតទេបន្ទាប់ពីការបង្រួបបង្រួមអាល្លឺម៉ង់ឡើងវិញ»។ ចំណែកអធិការបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Helmut Kohl ក៏បានអះអាងផងដែរថា «ជាធម្មតា ណាតូ ពិតជានឹងមិនពង្រីកខ្លួនទៅអាឡឺម៉ង់ខាងកើតជាដាច់ខាត»។ នៅនាំ១៩៩១ នៅពេល រដ្ឋមន្ត្រីការពារជាតិសូវៀត លោក Dmitry Yazov និយាយពីការចូលជាសមាជិក ណាតូរបស់បណ្តា ប្រទេសនៅអ៊ឺរ៉ុបខាងកើត នាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានបញ្ជាប់ថា «រឿងនេះ ពិតជាមិនអាច កើតមាននោះទេ»។
ទាំងនេះសបញ្ជាក់ឱ្យឃើញថា វាជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ រុស្ស៊ី ប្រាប់ទៅណាតូ និងប្រាប់បស្ចិមប្រទេសថា រុស្ស៊ីមិនមានជំនឿចិត្តលើអ្វីដែលពួកគេបានសន្យា និងមិនត្រូវ ប៉ះពាល់ជាដាច់ខាតដែនអំណាចនិងសន្តិសុខរបស់ខ្លួន។
ទោះបីជាយ៉ាងណា ការប្រកួតប្រជែងឥទ្ធិពលពីសំណាក់ប្រទេសមហាអំណាច ដើម្បីរក្សាឱ្យបាន ឬយកឱ្យបាន នូវអ្វីដែលគិតថាជារបស់ខ្លួន វាជាហានិភ័យ សម្រាប់ប្រទេសដែលជាប់ពាក់ព័ន្ធ មិនថា ធំឬតូច គ្រាន់តែខុសគ្នាត្រង់ថាធ្ងន់ឬស្រាល ផ្ទាល់ឬដោយប្រយោល។ សម្រាប់សង្គ្រាមរវាងប្រទេសទាំងពីរ ដែលពេលនេះកំពុងក្លាយជា អឺរ៉ុបនីយកម្មសង្គ្រាមជាមួយរុស្ស៊ី ដែលពីដំបូងគឺជារូបភាពនៃការវាយ ប្រហារពីសំណាក់ រុស្ស៊ីលើអ៊ុយក្រែនតែប៉ុណ្ណោះ។ ប្រទេសនានានៅអឺរ៉ុប រួមទាំងអាស៊ីមួយចំនួន បាននាំគ្នាលើក ទឹកចិត្ត ប្រគល់ទាំង មនុស្សឱ្យទៅជួយច្បាំងនៅអ៊ុយក្រែន ផ្តល់ជំនួយយោធាទាំងអាវុធ និងយន្តហោះ ចម្បាំង រួមទាំង អ្នកបើកបរ យន្តហោះប្រយុទ្ធថែមទៀត។ ទិដ្ឋភាពបែបនេះ មិនមែនជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទៀតទេ គឺវាជាសង្គ្រាមរវាងរុស្ស៊ី និងអឺរ៉ុប។ អ្វីដែលជាផលប៉ះពាល់ចំពោះមុខ គឺពលរដ្ឋដែលស្ថិតក្នុងតំបន់ជម្លោះ៖ បាត់បង់អាយុជីវិតជនស្លូតត្រង់ បាត់បង់ទីជម្រក ព្រាត់ប្រាស់គ្រួសារ បងប្អូន ហេដ្ឋារចនាសម្ព័ន្ធត្រូវបំផ្លាញ ក្លាយជាជនភៀសខ្លួនដោយសារសង្គ្រាម និយាយជារួមអ្វីៗត្រូវ បំផ្លាញ។ ដូច្នេះមានតែ បន្តការចរចា រកដំណោះស្រាយដើម្បីបញ្ឈប់សង្គ្រាមឱ្យបានឆាប់ និងស្របតាម ការអំពាវនាវរបស់អាស៊ាន កាលពីពេលថ្មីៗនេះទេ ដែលជាជម្រើសមិនខាចខ្វះបាន បើទោះបីជាការចរចា របស់ប្រតិភូពីទីក្រុងគៀវ និងម៉ូស្គូ ជុំទី១មិនទាន់មានលទ្ធផលក៏ដោយ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM