ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជាត្រៀមបញ្ជូនគ្រូបង្រៀនចិនទៅវិទ្យាល័យអង្គរ»

រាជបណ្ឌិត្យសភាកម្ពុជា ត្រៀមបញ្ជូនគ្រូបង្រៀនជនជាតិចិន ដែលមានជំនាញ បទពិសោធ និងគរុកោសល្យច្បាស់លាស់មកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិនសម្រាប់វគ្គសិក្សាថ្មីនៅខែកញ្ញាខាងមុខ ទៅបង្រៀនភាសាចិន នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប។

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មកធ្វើការសិក្សាស្វែងយល់បន្ថែមលើដំណើរការថ្នាក់រៀនភាសាចិនប្រចាំវិទ្យាល័យអង្គរ នៅខេត្តសៀមរាប ក្នុងគោលបំណងត្រៀមបញ្ជូនគ្រូបង្រៀនជនជាតិចិន មកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិន សម្រាប់វគ្គសិក្សាថ្មីនៅខែកញ្ញាខាងមុខ។

នេះជាការរួមចំណែកតូចមួយ ក្នុងការបង្កើនធនធានមនុស្សឱ្យដល់គោលដៅ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរចិននាពេលខាងមុខ។ គួរបញ្ជាក់ផងដែរថា ក្នុងកំលុងពេលមុនការរីករាតត្បាតជំងឺកូវីដ-១៩ ថ្នាក់រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រចាំវិទ្យាល័យអង្គរ មានចំនួនសិស្ស-និស្សិត និងសាធារណជន ចុះឈ្មោះសិក្សារហូតដល់ប្រមាណ ៨០០នាក់៕


2022-07-21 08:49:26   ថ្ងៃព្រហស្បតិ៍, 21 កក្កដា 2022 ម៉ោង 03:49 PM
សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រចាំឆ្នាំ២០២២

នាព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ «សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រចាំឆ្នាំ២០២២» ដែលរៀបចំឡើងក្រោមការឧបត្ថម្ភពីសំណាក់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន ហើយសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងលោកគ្រូ អ្នកគ្រូជាគ្រូបង្រៀនភាសាចិនក្នុងតំបន់សរុបចំនួន ២០៨នាក់។

គ្រូបង្រៀនគឺជាកូនសោរដ៏សំខាន់ ក្នុងការជម្រុញការអភិវឌ្ឍការអប់រំភាសាចិនក្នុងប្រទេសកម្ពុជា ប៉ុន្តែបច្ចុប្បន្ន គ្រូបង្រៀនភាសាចិននៅកម្ពុជា បានកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនរួមមាន៖ ក្រុមការងារគ្រូបង្រៀនភាសាចិនមិននឹងនរ ចំនួនផ្គត់ផ្គង់មិនគ្រប់គ្រាន់ ចំណែកគ្រូបង្រៀនជនជាតិខ្មែរចំណេះដឹងនៅមានកម្រិត ជំនាញមិនទាន់គ្រប់គ្រាន់ ហើយមិនទាន់មានការឯកភាពទៅលើក្របខណ្ឌគុណវុឌ្ឍិគ្រូបង្រៀនភាសាចិនជាដើម៕


2022-07-20 02:23:15   ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:23 AM
នយោបាយផ្កាចម្រុះពណ៌របស់កម្ពុជា គឺជាការប្រកាន់គោលនយោបាយការបរទេសដ៏ត្រឹមត្រូវនៅចំពោះមុខការប្រឈមរវាងមហាអំណាចពិភពលោក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ជំហរប្រកាន់គោលនយោបាយចម្រុះពណ៌របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនផ្ដេកផ្ដួលទៅលើមហាអំណាចណាមួយ ហើយទាត់ចោលមហាអំណាចណាមួយឡើយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា «កម្ពុជាសព្វថ្ងៃ គោលនយោបាយដើរនៅលើផ្លូវមួយគេហៅថាផ្កាចម្រុះពណ៌ មិនចាប់នរណាមួយជាធំទេ»។ បើតាមការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រវត្តិសាស្ត្រ បានបង្រៀនកម្ពុជាយ៉ាងច្បាស់អំពីផលវិបាក ដែលអ្នកនយោបាយកម្ពុជាបានប្រកាន់គោលនយោបាយគាំទ្រមហាអំណាចមួយ ហើយប្រឈមមុខនឹងមហាអំណាចផ្សេងទៀត ដោយបាននាំប្រទេសកម្ពុជាធ្លាក់ក្នុងវិបត្តិអស់រយៈពេលរាប់សិបឆ្នាំរួចមកហើយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងបញ្ជាក់ថា «[...] បទពិសោធប្រវត្តិសាស្ត្រ ដែលយើងផ្កាប់មុខទៅលើនរណាមួយហើយ វាជាគ្រោះថ្នាក់នៅក្នុងសង្គមកម្ពុជា។ ឧទាហរណ៍ នៅទសវត្សរ៍ឆ្នាំ១៩៦០ នៅពេលដែលព្រះបាទនរោត្ដម​សីហនុ​ងាកទៅរកពួកខាងចិន ខាងអាម៉េរិក័ងធ្វើរដ្ឋប្រហារភ្លាម។ ឆ្នាំ១៩៧០ ដោះដូរ កម្ពុជាផ្កាប់មុខទៅរកអាម៉េរិក [...]»។ វាគឺជាការពិតមួយដែលគេមិនអាចប្រកែកបាន ក្នុងរយៈពេលជាង៣ទសវត្សរ៍ដែលចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ កម្ពុជាបានក្លាយទៅជាទីលានសាកល្បងមនោគមវិជ្ជា និងអាវុធរបស់មហាអំណាច ហើយប្រជាជន និងកងទ័ពកម្ពុជា បានស្លាប់បាត់បង់ជីវិត ទទួលរងពិការភាព ព្រាត់ប្រាស និងបាត់បង់គ្រួសារសាច់ញាតិ ដោយសារតែការប្រកាន់នយោបាយផ្កាប់មុខទៅមហាអំណាចម្ខាងៗ នៅចំពោះមុខការប្រឈមមុខដាក់គ្នារបស់មហាអំណាច ។

ដោយឡែក នៅក្នុងបរិបទនៃពិភពលោកថ្មីនេះ នយោបាយការបរទេសផ្កាចម្រុះពណ៌ គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រទេសតូចៗដូចជាកម្ពុជា ពិសេសនៅចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចពិភពលោក។ បើតាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច វាជាការលំបាកក្នុងការរក្សាអព្យាក្រឹត្យរបស់ប្រទេសមួយ នៅចំពោះមុខការប្រឈមគ្នារវាងមហាអំណាច ប៉ុន្តែវាគឺជាភាពចាំបាច់ដែលត្រូវប្រកាន់យក ដើម្បីបញ្ចៀសប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរ ក៏ដូចជាដើម្បីឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសជាតិមួយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា «តែបើកម្ពុជាដើរនៅក្នុងផ្លូវចម្រុះពណ៌ វាគឺជារឿងល្អនៅក្នុងបរិបទថ្មី។ យើងដឹងថាវាលំបាកបន្តិច ព្រោះគេត្រូវការអ្នកស្មោះ ប៉ុន្តែមហាអំណាចដែលស្មោះនឹងយើងដែរឬទេ?»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកជាឧទាហរណ៍ថា កាល​ពី​បារាំងដាក់អាណានិគម មុននឹងចេញទៅវិញបារាំងបានកាត់ដីកម្ពុជាក្រោមនៅឆ្នាំ១៩៤៩ ទៅឱ្យវៀតណាម ហើយនៅ​ពេលដែលកម្ពុជាស្មោះជាមួយនឹងចិននៅឆ្នាំ១៩៧៥ កម្ពុជាមិនទទួលបានអ្វីក្រៅតែពីមនោគមវិជ្ជានោះទេ។ នៅក្នុងបរិបទនៃពិភពលោកថ្មីនេះ នយោបាយការផ្កាចម្រុះពណ៌ គឺជាជម្រើសដ៏ល្អបំផុតរបស់ប្រទេសតូចៗដូចជាកម្ពុជា ពិសេសនៅចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចពិភពលោក។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអះអាងថា សម្រាប់កម្ពុជាក្នុងបរិបទបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានប្រើប្រាស់នយោបាយចម្រុះពណ៌នៅក្នុងទំនាក់ទំនងជាបណ្ដាប្រទេសមហាអំណាចពិភពលោក ព្រោះកម្ពុជាត្រូវការការអភិវឌ្ឍប្រទេស និងទីផ្សារសម្រាប់នាំចេញផលិតផលនានារបស់ខ្លួន។

ចំពោះការប្រឈមគ្នារវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិក ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យចាត់ទុកថា វាជាឱកាសសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយការដើរនយោបាយការបរទេសរបស់កម្ពុជាបច្ចុប្បន្ន ដែលប្រកាន់​យកនយោបាយផ្កាចម្រុះពណ៌ ដោយមិនផ្កាប់មុខទៅចិន ហើយទាត់ចោលនូវទំនាក់ទំនងល្អជាមួុយបណ្ដាប្រទេសនានានោះ ជាលទ្ធផល កម្ពុជាបានទទួលនូវការស្វាគមន៍ពីបណ្ដាបស្ចិមប្រទេសជាច្រើន និងការបន្តកិច្ចសហប្រតិបត្តិនានា ដែល​ក្នុងនោះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងជាច្រើនពីបណ្ដាប្រទេសជាមិត្តកម្ពុជា ពិសេសបស្ចិមប្រទេសដូចជាសហរដ្ឋអាម៉េរិក អូស្ត្រាលី និងជប៉ុនជាដើម។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានរំឭកលើកឡើងអំពីព្រឹត្តិការណ៍មួយ ដែលបញ្ជាក់អំពីសន្ដានចិត្តរបស់កម្ពុជា ដែលបើកចំហរបេះដូងទៅកាន់បណ្ដាប្រជាជាតិជាមិត្តទាំងអស់នៅលើពិភពលោក ពិសេសសហរដ្ឋអាម៉េរិក គឺការប្រកាសយល់ព្រមទទួលយកនូវអ្នកដំណើរ ដែលធ្វើដំណើរតាមនាវាវេស្ទើដាម ដែលត្រូវបានបដិសេធមិនឱ្យចូលចតដោយបណ្ដាប្រទេស និងដែនដីជាច្រើន។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាផ្កាប់មុខតែទៅកាន់ចិន នោះមេដឹកនាំកម្ពុជាក៏នឹងមិនអាចបើកចិត្តទូលាយទទួលយកនូវអ្នកដំណើរក្នុងនាវានោះបានឡើយ ព្រោះពិភពលោកទាំងមូលកំពុងព្រួយបារម្ភនឹងវិបត្តិរាតត្បាតជំងឺកូវីដ-១៩៕

------------

RAC Media 

2022-07-14 13:16:31   ថ្ងៃព្រហស្បតិ៍, 14 កក្កដា 2022 ម៉ោង 08:16 PM
យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ និងឱកាសសម្រាប់វិនិយោគបរទេស នៅប្រទេសវៀតណាម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅប្រទេសវៀតណាម ក្នុងទ្រង់ទ្រាយធំ និងទូទាំងប្រទេស បានបោះជំហានទៅមុខ យ៉ាងរឹងមាំ និងពេញទំហឹង។ ចំណុចរបត់ដ៏ធំបំផុតក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយនៅវៀតណាម គឺចាប់ផ្តើមតាំងពីការបង្កើតគណៈកម្មាធិការមជ្ឈិម ដឹកនាំការបង្ការ និង ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កាលពីខែកុម្ភៈ ឆ្នាំ២០១៣ [1] មកម្លេះ ដែលដឹកនាំដោយអគ្គលេខា ធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ដែលប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទៈដ៏មុតមាំ និងបានអនុវត្តភារកិច្ចការងារបង្ការនិងប្រឆាំងនឹងអំពើពុករលួយសម្រេចបាន លទ្ធផល ជាវិជ្ជមាន គួរឱ្យកត់សម្គាល់ តាមរយៈលទ្ធផលតាំងពីដើមអាណត្តិ នៃមហាសន្និបាតបក្សលើក ទី១២ (ខែមករា ឆ្នាំ២០១៦) រហូតមក។ ចំណែកលទ្ធផលជាវិជ្ជមាន និងទទួលបានការគាំទ្រ ពីសំណាក់ ប្រជាជន កម្មាភិបាល និងសមាជិកបក្ស នៅទូទាំងប្រទេស ព្រមទាំងត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់ និងការវាយតម្លៃខ្ពស់យ៉ាងពិសេស ពីការបង្ការនិងប្រឆាំងនឹងអំពើពុករលួយ គឺចាប់តាំពី ក្រោយ មហាសន្និបាតបក្សលើក១៣ របស់គណបក្សកុម្មុយនីស្ត វៀតណាម ដែលបានប្រព្រឹត្តិ ទៅកាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ គឺក្រោយពេលដែល លោក Nguyen Phu Trong កាន់តំណែងជា អគ្គលេខាធិការបក្ស លោក Nguyen Xuan Phuc អតីតនាយករដ្ឋមន្ត្រី កាន់តំណែងជាប្រធានរដ្ឋ លោក Pham Minh Chinh អតីតប្រធានគណៈ ចាត់តាំងមជ្ឈិមបក្ស កាន់តំណែងជានាយករដ្ឋមន្ត្រី និងលោក Vuong Dinh Hue អតីតលេខា គណៈកម្មការបក្ស ទីក្រុង ហាណូយ កាន់តំណែងជាប្រធានរដ្ឋសភា ដែលជាការរុះរើតំណែងនយោបាយ នៅក្បាលម៉ាស៊ីន ក្នុងទ្រង់ទ្រាយធំ។

សូមរំលឹកថា យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយត្រូវបានបក្សនិងរដ្ឋវៀតណាមអនុវត្តន៍យ៉ាងខ្លាំងក្លាចាប់តាំងពីវៀត ណាម​បានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ អំពើពុករលួយនៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៣ និងបានឈានទៅដល់សម្រេចបង្កើតគណៈកម្មាធិការ កណ្តាលប្រឆាំងអំពើពុករលួយ ក្រោមការិយាល័យនយោបាយ ដែលដឹកនាំដោយអគ្គលេខាធិកាបក្ស ដើម្បីដឹកនាំយ៉ាងទូលំទូលាយនៅទូទាំងប្រទេស នៅក្នុងមហាសន្និបាតបក្សលើក១១ (ឧសភា ២០១២)[2]រហូតមកដល់បច្ចុប្បន្ន។ អំពើពុករលួយត្រូវបានបក្សកុម្មុយនិស្តវៀតណាមចាត់ទុក ថា ជា “ការឈ្លានពានផ្ទៃក្នុង” ជាគ្រោះអាសន្នដែលគំរាមកំហែងដល់ភាពស្ថិតស្ថេរគង់វង្ស និងវិនាសសាបសូន្យរបស់របប និងការអភិវឌ្ឍរបស់ប្រទេសជាតិ។[3]

ក្នុងរយៈពេល១០ឆ្នាំទៅនេះ គណៈកម្មាធិការគណបក្ស និងគណៈកម្មាធិការអធិការកិច្ចគ្រប់ លំដាប់ថ្នាក់ បានធ្វើការដាក់វិន័យអង្គការបក្សជាង ២,៧០០នាក់ សមាជិកគណបក្សជិត ១៦៨,០០០ នាក់ ក្នុងនោះសមាជិកគណបក្សជាង ៧,៣៩០នាក់ ត្រូវបានពិន័យចំពោះអំពើពុករលួយ។ គណៈកម្មាធិការ មជ្ឈិម ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងគណៈកម្មាធិការមជ្ឈិមសម្រាប់អធិការកិច្ចបានដាក់វិន័យមន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាលមជ្ឈិមចំនួនជាង១៧០នាក់ ដែលក្នុងនោះ មានចំនួន៣៣នាក់​ជាសមាជិកអតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងមន្ត្រីទូទៅក្នុងជួរកងកម្លាំង​ប្រដាប់អាវុធជាង៥០នាក់។[4] 

ដោយឡែក ចាប់ពីដើមមហាសន្និបាតបក្សលើកទី១៣ រហូតមកដល់ពេលនេះ បានដាក់វិន័យ កម្មាភិបាលនៃគណៈ កម្មា ធិការមជ្ឈិមបក្សចំនួន៥០រូប ដែលក្នុងនេះ ៨រូប ជាសមាជិក និងអតីត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងឧត្តមសេនីយ៍ចំនួន២០រូប ក្នុងជួរកងកម្លាំងប្រដាប់អាវុធ។ [5]

ទាក់ទងនឹងបញ្ហានេះ មានសំណួរសួរថា «បើដាក់វិន័យកម្មាភិបាលច្រើនបែបនេះ តើបានអ្នកណាធ្វើការងារ» លោកអគ្គលេខាធិកាបក្ស Nguyen Phu Trong មានប្រសាសន៍ថា លោកមិនបារម្ភ អំពីការមិនមាន មន្ត្រីចូលធ្វើការនោះទេ ព្រោះថាកម្មាភិបាល កម្មាភិបាលមិនត្រឹមតែបំពាន ច្បាប់ប៉ុណ្ណោះ ទេ ថែមទាំងខុស ក្រមសីលធម៌ទៀតផង ដូច្នេះវាមិនអាចទៅរួចទេ បើមិនដោះស្រាយ។ វាមាន សារៈសំខាន់ណាស់ ក្នុងការជ្រើសរើសមន្ត្រី កម្មាភិបាលមកជំនួស សំខាន់គឺជ្រើសរើសបានមន្ត្រីដែលធ្វើ ការបានត្រឹមត្រូវ មិនត្រូវប្រញាប់ប្រញាល់នោះទេ។[6]

តាមលទ្ធផលដែលបានស្តែងចេញទាំងនេះ សបញ្ជាក់ឱ្យឃើញថា វៀតណាមបានជ្រើងរើស ថ្នាក់ដឹកនាំ ស្ថាប័ន្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មួយរូបដ៏ត្រឹមត្រូវ និងប្រកបដោយសក្តានុពល បំផុត។

ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ មិនមែនគ្រាន់តែជាការអនុវត្តតែជាមួយ ក្រុមមន្ត្រីពុករលួយនោះទេ វាគឺជាការដោះស្រាយចន្លោះប្រហោងក្នុងប្រព័ន្ធអភិបាលកិច្ច នីតិរដ្ឋ និងសង្គមវប្បធម៌ ទូទៅដែល ជាប់ពាក់ព័ន្ធ។ តួយ៉ាងប្រជាពលរដ្ឋ រងគ្រោះដោយផ្ទាល់ពីអំពើពុករលួយតូចតាច ជារៀងរាល់ថ្ងៃ ដូចជាការ ចំណាយប្រាក់លើមន្ត្រីនគរបាលចរាចរណ៍សេវាសាធារណៈនានា ជាដើម។ អាទិភាពទីមួយ ដែលមនុស្សចង់ឃើញនាពេលអនាគត គឺថាការយាយីនេះនឹងត្រូវបញ្ចប់ដែនមិនជះឥទ្ធិពលអាក្រក់បន្តជំនាន់។

ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់វៀតណាម ក្នុង បរិបទនេះ អាចបណ្តាល ឱ្យវិនិយោគិនបរទេសមួយចំនូនមានការបារម្ភ និងភ័យក្លាច (មិនហានចូលមក វិនិយោគ សម្រាប់អ្នកមិនទាន់បានមក សម្រាប់អ្នកកំពុងវិនិយោគស្រាប់ អាចនឹងដកចេញទៅវិញប្រសិន បើពួកគេគិតថា គ្មានការជឿជាក់ឬគិតថាបរិយាកាសមិនអំណោយផល។ ក៏ប៉ុន្តែការព្រួយបារម្ភរបស់ ពួកគេ អំពីបរិយាកាសវិនិយោគនេះ អាចបាត់ទៅវិញបាន ប្រសិនបើបរិយាកាសធុរកិច្ចប្រចាំថ្ងៃលែង មានការយាយី (ការសូកប៉ាន់)។ មួយវិញទៀត ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពល ភូមិសាស្ត្រ នយោបាយរវាងមហាយក្ស ដែលមិនដឹងថានឹងត្រូវបញ្ចប់នៅពេលណានោះ ជាការបង្ហាញឱ្យអន្តរជាតិ មើលឃើញពី ភាពតម្លាភាព ប្រព័ន្ធអភិបាលកិច្ចល្អ នីតិរដ្ឋ ធនធានម្បូរបែប បរិយាកាសល្អសម្រាប់ វិនិយោគបរទេស នោះជាការត្រៀមខ្លួនរបស់ប្រទេស វៀតណាម ដើម្បីទទួលយកក្រុមហ៊ុនធំៗ និងមាន កម្រិតស្តង់ដាខ្ពស់ ដែលមិនអាចទ្រាំទ្របាននឹងការ ដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក ឬ ដោយនិន្នាការ នយោបាយ៕

--------------------------------

  [1] Dang Cong Van Viet Nam, ”10 năm phòng, chống tham nhũng: Quyết liệt, đột phá, đạt nhiều kết quả toàn diện”, 30/06/2022, “https://dangcongsan.vn/tieu-diem/10-nam-phong-chong-tham-nhung-quyet-liet-dot-pha-dat-nhieu-ket-qua-toan-dien-614124.html” (Accessed date: 14-July-2022 at 11AM)

[2] Vietnam Net, “Tổng Bí thư chủ trì hội nghị tổng kết 10 năm phòng chống tham nhũng, tiêu cực”, “Thu Hang”, “30/06/2022”, “https://vietnamnet.vn/tong-bi-thu-chu-tri-hoi-nghi-tong-ket-10-nam-phong-chong-tham-nhung-tieu-cuc-2035012.html” (Accessed date: 14-July-2022 at 11AM)

[3] VOV World, 

“វៀតណាមបាននិងកំពុងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីប្រឆាំងអំពើពុករលួយ”, “9 ធ្នូ 2021”, “https://vovworld.vn/km-KH/ពរតតករណ/វតណមបននងកពងរមចណកកនងកចចខតខបរងបរងជសកលដមបបរឆងអពពករលយ-1054396.vov” (Accessed date: 14-July-2022 at 11AM)

[4] Dang Cong Van Viet Nam, ”10 năm phòng, chống tham nhũng: Quyết liệt, đột phá, đạt nhiều kết quả toàn diện”, 30/06/2022, “https://dangcongsan.vn/tieu-diem/10-nam-phong-chong-tham-nhung-quyet-liet-dot-pha-dat-nhieu-ket-qua-toan-dien-614124.html” (Accessed date: 14-July-2022 at 11AM)

[5] Dang Cong Van Viet Nam, ”10 năm phòng, chống tham nhũng: Quyết liệt, đột phá, đạt nhiều kết quả toàn diện”, 30/06/2022, “https://dangcongsan.vn/tieu-diem/10-nam-phong-chong-tham-nhung-quyet-liet-dot-pha-dat-nhieu-ket-qua-toan-dien-614124.html” (Accessed date: 14-July-2022 at 11AM)

[6] VOV World, 

“វៀតណាមបាននិងកំពុងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីប្រឆាំងអំពើពុករលួយ”, “9 ធ្នូ 2021”, “https://vovworld.vn/km-KH/ពរតតករណ/វតណមបននងកពងរមចណកកនងកចចខតខបរងបរងជសកលដមបបរឆងអពពករលយ-1054396.vov” (Accessed date: 14-July-2022 at 11AM)

--------

RAC Media 

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


2022-07-14 12:56:37   ថ្ងៃព្រហស្បតិ៍, 14 កក្កដា 2022 ម៉ោង 07:56 PM
អបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។


2022-07-07 12:05:01   ថ្ងៃព្រហស្បតិ៍, 07 កក្កដា 2022 ម៉ោង 07:05 PM
កិច្ចពិភាក្សាតុមូលស្តីពី៖ «អាស៊ាននៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី»

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូលស្តីពី «អាស៊ាននៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី» នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។


នៅក្នុងកម្មវិធីនេះ នឹងមានការចូលរួមដោយវាគ្មិនកិត្តិយសល្បីៗ៖

១- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច 
២- លោក ពុយ គា 
៣- លោកបណ្ឌិត មាស នី
៤- ឯកឧត្ដមបណ្ឌិត គិន ភា

សម្របសម្រួលកម្មវិធីដោយ៖ ឯកឧត្ដមបណ្ឌិត យង់ ពៅ។


2022-07-07 11:13:13   ថ្ងៃព្រហស្បតិ៍, 07 កក្កដា 2022 ម៉ោង 06:13 PM
ដំំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុនហួវៃនៅរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្ងៃទី៧ កក្កដា ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនគ្នា ជាមួយតំណាងក្រុមការងារក្រុមហ៊ុនហួវៃ (Huawei) ប្រចាំកម្ពុជា។ ភាគីទាំងពីរ បានសិក្សាលទ្ធភាពក្នុងការសហការគ្នា លើការងារបណ្តុះបណ្តាល និងស្រាវជ្រាវ។ យើងបានឯកភាពគ្នា៤ចំណុចដូចខាងក្រោម៖

១- សហការនិងសិក្សាអំពី ការផ្តល់ឧបករណ៍ថាមពលព្រះអាទិត្យនៅរាជបណ្ឌិត្យសភាកម្ពុជា

២- សិក្សាដើម្បីបង្កើតជាអេបថ្មី សម្រាប់ដាក់ប្រើនៅក្នុង Harmony OS របស់ក្រុមហ៊ុន Huawei.

៣- សហការជំរុញអ្នកសិក្សាស្រាវជ្រាវ និងបេក្ខជនថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ ICT នៅរាជបណ្ឌិត្យសភាកម្ពុជា

៤- សហការរៀបចំកម្មវិធីសិក្សា Huawei Network System

ខាងក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានស្វាគមន៍ដល់បេក្ខជនបណ្ឌិតនិងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញICT នៅរាជបណ្ឌិត្យសភាកម្ពុជា ទៅសិក្សាស្រាវជ្រាវនិងសរសេរសារណាបទ ឬនិក្ខេបបទពាក់ព័ន្ធបច្ចេកវិទ្យាក្រុមហ៊ុនHuawei បាន។

RAC Media


2022-07-07 11:04:19   ថ្ងៃព្រហស្បតិ៍, 07 កក្កដា 2022 ម៉ោង 06:04 PM
ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រកាស លទ្ធផលជាផ្លូវការនៅថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយ គ.ជ.ប និងមានគណបក្សចំនួន៩ ក្នុងចំណោមគណបក្ស១៧ដែលបានដាក់បេក្ខភាព ប្រកួតប្រជែង និងក្នុងចំណោមគណបក្សនយោបាយ ទាំង៤៥ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ទទួលបានអាសនៈ។ នេះគឺជាលទ្ធផលបោះឆ្នោត មួយដែលគ្រប់ភាគី គណបក្សសុទ្ធតែព្រមទទួលយក ទាំងលើនីតិវិធីនៃការៀបចំ និងច្បាស់ ដោយហេតុថា ចាប់តាំងពីតំណាក់កាលឃោសនារកសម្លេងឆ្នោត រហូតដល់បោះឆ្នោត និងប្រកាសលទ្ធផលឆ្នោត គឺសុទ្ធតែប្រកបទៅដោយរលូន តាមកាលកំណត់ និងប្រកបដោយអហឹង្សា រាល់បណ្តឹងតវ៉ាសុទ្ធតែត្រូវបាន ដោះស្រាយ បើទោះបីជាមាន ក្រុមអ្នកសង្កេត ការណ៍អន្តរជាតិមួយចំនួន ដែលបានដាក់អ្នកសង្កេតការណ៍ នាអំឡុងពេល បោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ បានវាយតម្លៃ និងចាត់ទុកថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី០៥ ខែមិថុនា បានប្រពឹត្តទៅដោយសេរី យុត្តិធម៌ និងក្រុមអ្នកឃ្លាំ មើលអន្តរជាតិខ្លះ បានលើកឡើងថា ការបោះឆ្នោតពេលនេះ មិនមានប្រជាធិបតេយ្យ ដ្បិតមានការគាប សង្កត់លើ សិទ្ធិសេរីភាពពលរដ្ឋ និងសហភាពអឺរ៉ុប មិនបានដាក់អ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោត នេះ ដ្បិតយកលេសថាមិនមានវត្តមាននៃគណបក្សប្រឆាំង។

គណបក្សប្រជាជនដែលជាគណបក្សធំតែមួយគត់ ទទួលបានអាសនៈច្រើនលើសលុប និងកាន់ តំណែងជាមេឃុំស្ទើរ​តែទាំងស្រុង ចំណែកគណបក្សភ្លើងទៀន ដែលជាគណបក្សធំទី២ ទទួល បានអាសនៈចំនួន ២,១៩៨អាសនៈ ក្នុងនេះកាន់តំណែងជាមេឃុំចំនួន៤ សុទ្ធតែដាក់ចេញនូវ គោលនយោបាយរបស់ខ្លួនរៀងៗខ្លួន ដើម្បីលើកស្ទួយទាំងជីវ​ភាព និងសាវាសាធារណៈ ក្នុងឃុំសង្កាត់ របស់ពួកគេ។ ចំណែកគណបក្សមួយចំនួនទៀតដែលទទួលបានអាសនៈតិចតួច បានព្យាយាមគៀងគរគ្នា ដើម្បីធ្វើការកំណែទម្រង់ គ.ជ.ប បន្ថែមទៀត ដោយពួកគេនៅមិនទាន់ពេញចិត្តទាំងស្រុងនឹងគណ កម្មាធិការមួយនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺជាជ្រើសរើសតំណាងរបស់ប្រជាពលរដ្ឋ ក្នុងឃុំ-សង្កាត់របស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ទូទៅក្នុងឃុំសង្កាត់។ ពលរដ្ឋជាម្ចាស់ឆ្នោត ការសម្រេច ជ្រើសរើសតំណាងរបស់ខ្លួន គឺជាការកំណត់ជោគវាសនាឱ្យភូមិឃុំរបស់ខ្លួន។ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមគោលនយោបាយដែលបានដាក់ចេញ ឬ តាមអ្វីដែលបានសន្យា និងប្រកបដោយប្រសិទ្ធភាព វាគឺកត្តា ជំរុញ ដើម្បីឈានទៅរកភាពជោគជ័យ នៅថ្ងៃអាទិត្យ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានាពេលខាងមុខ។

ដូច្នេះ ភាពចាំបាច់បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត ជ្រើសរើងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបាន ប្រកាសជាផ្លូវការមក បណ្ដាគណបក្សដែលទទួលបានអាសនៈ គួរតែអង្គុយធ្វើការជាមួយគ្នាដោយសន្តិវិធី ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅមូលដ្ឋានរបស់ពួកគាត់។ សម្រាប់មេឃុំ-ចៅសង្កាត់ដែលទើបទទួលបានអាសនៈ ជាពិសេសគណបក្សប្រជាជាន ដែលទទួលបានតំណែងជាមេឃុំ-ចៅសង្កាត់ស្ទើរតែទាំងស្រុង គួរតែព្យាយាម ពង្រឹងគុណភាពការងារនៅថ្នាក់មូលដ្ឋានឱ្យកាន់តែប្រសើរ ឡើងថែមទៀត និងផ្ដល់សេវាសាធារៈ ជូនប្រជាជនឱ្យបានស្មើៗភាព និងគ្មានការរើសអើងនិន្នាការ នយោបាយ។ 

សូមចូលអានខ្លឹមសារទាំងស្រុងតាមរយៈតំណរភ្ជាប់ជូនខាងក្រោម៖

http://rac.gov.kh/royal-academy/research/attachments/original/172.pdf?1656933963

--------------

RAC Media

2022-07-04 11:23:07   ថ្ងៃចន្ទ, 04 កក្កដា 2022 ម៉ោង 06:23 PM
«៥៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-វៀតណាម៖ មេរៀនអតីតកាល និងមាគ៌ាឆ្ពោះទៅមុខ»

ខែមិថុនា ឆ្នាំ២០២២នេះ កត់សម្គាល់ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម។ កម្ពុជានិងវៀតណាមជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០ គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។

ទោះបីកម្ពុជានិងវៀតណាមទើបមានចំណងទំនាក់ទំនងការទូតផ្លូវការជាងកន្លះសតវត្សរ៍កន្លងមកនេះក្តី ប៉ុន្តែ បើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាជាយូរលង់មកហើយ ពោលគឺតាំងពីសតវត្សរ៍​ទី​១៥នៃគ្រឹស្តសករាជមកម្ល៉េះ។ ក្នុងសម័យសង្គ្រាមត្រជាក់ ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់ពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៨០ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈស៊ីជម្រៅ ស្អិតល្មួត និងបន្តរីកចម្រើនរឹងមាំរហូតមកដល់បច្ចុប្បន្ន។

ក្នុងទំនាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយសម័យអាណានិគមនិយមបារាំង មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​ដ៏សំខាន់ពីរបានកើតឡើងដែលត្រូវចងចាំ គឺពលិកម្មរបស់កម្ពុជាក្នុងបុព្វហេតុនៃការបង្រួបបង្រួមប្រទេសវៀតណាម និងពលិកម្មរបស់វៀតណាមក្នុងការរួមចំណែករំដោះអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤ បារាំងបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមឥណ្ឌូចិន នៅក្នុងសន្និសីទក្រុងហ្សឺណែវ ដោយបារាំងបានសុខចិត្តប្រគល់ឯករាជ្យដល់វៀតណាម ក៏ប៉ុន្តែ នៅក្នុងសន្និសីទក្រុងហ្សឺណែវនេះ ប្រទេសវៀតណាមត្រូវបានគេបន្តទុកឱ្យនៅពុះចែកជាពីរដដែល ដោយបានត្រឹមតែកំណត់ថា វៀតណាមទាំងពីរនឹងត្រូវបង្រួបបង្រួមគ្នាមកវិញនៅក្រោយការបោះឆ្នោតជាតិមួយ ដែលគេគ្រោងរៀបចំធ្វើឡើងនៅទូទាំងប្រទេសវៀតណាម នៅឆ្នាំ១៩៥៦។ ក៏ប៉ុន្តែ ផែនការរៀបចំការបោះឆ្នោតជាតិនេះ ត្រូវបានច្រានចោលដោយវៀតណាមខាងត្បូង និងសហរដ្ឋអាម៉េរិកដែលជាសម្ព័ន្ធមិត្ត។

សង្រ្គាមរវាងវៀតណាមខាងជើងគាំទ្រដោយប្លុកកុម្មុយនីស្ត និងវៀតណាមខាងត្បូងដែលមានជំនួយពីកងទ័ពអាម៉េរិក បានផ្ទុះសន្ធោរសន្ធៅឡើង។ សង្រ្គាមនេះត្រូវបានគេហៅជាទូទៅថា «សង្រ្គាមវៀតណាម» ប៉ុន្តែ តាមពិត វាមិនមែនកើតឡើងតែនៅក្នុងប្រទេសវៀតណាមមួយនោះទេ គឺបានរាលដាលទៅដល់ផ្នែកខ្លះនៃទឹកដីកម្ពុជានិងឡាវផងដែរ។ ដូច្នេះហើយ ទើបគេហៅថា «សង្គ្រាមឥណ្ឌូចិនទី២»។

ដើម្បីជួយវៀតណាម កម្ពុជាបានផ្លាស់ប្តូរគោលជំហរអព្យាក្រឹតរបស់ខ្លួន ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) និងរដ្ឋាភិបាលបណ្ដោះអាសន្នវៀតណាមខាងត្បូង ប្រើប្រាស់ទឹកដីកម្ពុជាតាមព្រំដែន ដើម្បីគេចពីការតាមកម្ទេចរបស់វៀតណាមខាងត្បូងនិងសម្ព័ន្ធមិត្ត, ផ្តល់ស្បៀងអាហារ, អនុញ្ញាតឱ្យវៀតណាមខាងជើងប្រើប្រាស់កំពង់ផែក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៤ក៏ដូចជាផ្លូវជាតិផ្សេងៗទៀតដែលមានការពាក់ព័ន្ធ ដើម្បីដឹកសម្ភារៈសឹក និងបោះទីតាំងមូលដ្ឋានតស៊ូប្រឆាំងវៀតណាមខាងត្បូង ដែលមានសហរដ្ឋអាម៉េរិកជាខ្នងបង្អែក រហូតទទួលបានជោគជ័យទាំងស្រុងក្នុងការបង្រួបបង្រួមវៀតណាមជាប្រទេសតែមួយ ដែលមានឈ្មោះផ្លូវការថា «សាធារណរដ្ឋសង្គមនិយមវៀតណាម» រហូតមកដល់សព្វថ្ងៃនេះ។

ដោយសារតែការធ្វើពលិកម្មដើម្បីជួយវៀតណាមដូចបានបញ្ជាក់ខាងលើនេះហើយ ទើបធ្វើឱ្យសហរដ្ឋអាម៉េរិកមានលេសទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជា ដែលបានបង្កឱ្យប្រជាជនកម្ពុជាស្លាប់និងរងរបួសរាប់សិបម៉ឺននាក់ និងបានទាញឱ្យកម្ពុជាធ្លាក់ចូលក្នុងមហាវិបត្តិ និងគ្រោះមហន្តរាយស្ទើរតែរលាយសាបសូន្យទឹកដីនិងពូជសាសន៍ខ្មែរ។

ខែមេសា ឆ្នាំ១៩៧៥ ក្រោមពលិកម្មនិងការជួយជ្រោមជ្រែងដោយសុទ្ធចិត្តរបស់កម្ពុជាវៀតណាមបានទទួលជ័យជម្នះលើចក្រពត្តិអាម៉េរិក និងបានបង្រួបបង្រួមនិងឯកភាពទឹកដីរបស់ខ្លួនឡើងវិញ ឯកម្ពុជាបែរជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ កងទ័ពខ្មែរក្រហមបានបង្ខំឱ្យប្រជាជនក្រុងភ្នំពេញទាំងអស់ឱ្យចាកចេញពីទីក្រុង ហើយប្រជាជនខេត្ត ក្រុងឯទៀត ក៏ត្រូវជម្លៀសពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយដូចគ្នា។ តមក ពួកខ្មែរក្រហមបានអនុវត្តនយោបាយដឹកនាំប្រទេសដ៏ចម្លែក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លទ្ធផលនៃរបបដឹកនាំនេះ បានធ្វើឱ្យប្រជាជនខ្មែរប្រមាណ ២លាននាក់បានស្លាប់ដោយសារជំងឺដែលគ្មានថ្នាំសង្កូវព្យាបាល ការបង្អត់អាហារ ការកាប់សម្លាប់ និងការបង្ខំឱ្យធ្វើពលកម្មហួសកម្លាំង។

ចលនានៃការប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងនឹងពួកកម្ពុជាប្រជាធិបតេយ្យ បានកើតមានឡើងនៅខែវិច្ឆិកា ឆ្នាំ១៩៧៧ និងខែឧសភា ឆ្នាំ១៩៧៨ នៅខាងតំបន់បូព៌ា និងខាងពាយ័ព្យនៃប្រទេសកម្ពុជា។ ក្នុងពិធីប្រារព្ធខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំឭកពីដំណើររបស់លោកទៅកាន់ប្រទេសវៀណាមកាលពី៤៥ឆ្នាំមុន (២០ មិថុនា ១៩៧៧) ដើម្បីស្នើសុំកងកម្លាំងវៀតណាមមកជួយ រំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឥស្សរជនជាន់ខ្ពស់បំផុតនៃគណបក្សប្រជាជកម្ពុជា រួមមាន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀតនៃគណបក្សប្រជាជនកម្ពុជា បានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានស្នើសុំជំនួយអន្តរាគមន៍ពីវៀតណាម។ តាមរយៈការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បក្សកុម្មុយនីស្តវៀតណាមនិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឆ្លើយតបយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍នេះ ដោយទទួលបានជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

តាមរយៈព្រឹត្តិការណ៍សង្គ្រាមជាប្រវត្តិសាស្ត្រដ៏ធំទាំងពីរ ពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៧០ នៅវៀតណាមគឺសង្គ្រាមដើម្បីបង្រួបបង្រួមនិងឯកភាពវៀតណាម ឯនៅកម្ពុជាគឺសង្រ្គាមដើម្បីរំដោះអាយុជីវិតប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ យើងអាចនិយាយបានថា ប្រទេសទាំងពីរ កម្ពុជានិងវៀតណាម បានធ្វើពលិកម្មយ៉ាងធំធេងចំពោះគ្នាទៅវិញទៅមកក្នុងនាមជាអ្នកជិតខាង។ បើគ្មានពលិកម្មរបស់កម្ពុជា ការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាមពិតជាជួបការលំបាកយ៉ាងខ្លាំង ហើយបើគ្មានអន្តរាគមន៍របស់វៀតណាម កម្ពុជាក៏មិនអាចផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ភ្លាមៗបានដែរ។

ការធ្វើពលិកម្មដើម្បីគ្នាទៅវិញទៅមករវាងកម្ពុជានិងវៀតណាម ត្រូវតែកត់ត្រានិងចងចាំដោយប្រជាជាតិទាំងពីរ។ នៅកម្ពុជា គុណដែលវៀតណាមបានជួយរំដោះចេញពីរបបប្រល័យពូជសាសន៍ ត្រូវបានរំឭកជារៀងរាល់ឆ្នាំ ហើយស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ត្រូវបានអនុញ្ញាតឱ្យសាងសង់ស្ទើរគ្រប់រាជធានី ខេត្តនៃប្រទេសកម្ពុជា។

លើសពីនេះទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំស្តីពីការចារឹកនូវអត្ថន័យនៃសច្ចភាពជាប្រវត្តិសាស្ត្រលើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់ឡើងនៅតាមបណ្តារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងដើម្បីជាសក្ខីភាពនៃការដឹងគុណនិងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាម ក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណនិងការចងចាំចំពោះពលិកម្មរបស់កងទ័ពនិងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ នៅទសវត្សរ៍៧០-៨០។»

ចំពោះពលិកម្មរបស់កម្ពុជាក្នុងបុព្វហេតុនៃការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាមកន្លងមក ក៏ត្រូវបានលើកឡើងជាហូរហែផងដែរដោយមេដឹកនាំវៀតណាម។ ជាក់ស្តែង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឯព្រំដែនកម្ពុជា-វៀតណាម ឯកឧត្តម ផាម មីញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលស្គាល់ពលិកម្មនេះដោយបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រនិងការជួយដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាជាច្រើនជំនាន់ ជូនចំពោះប្រជាជនវៀតណាមក្នុងការជួយរំដោះប្រទេសជាតិកន្លងមក ក៏ដូចជាការកសាងនិងការអភិវឌ្ឍប្រទេសវៀតណាមសព្វថ្ងៃ។

ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានសូមសម្តែងនូវអំណរគុណជាពិសេសចំពោះរាជរដ្ឋាភិបាលដើរតាមនយោបាយអព្យាក្រឹតវិជ្ជមានរបស់កម្ពុជា បានទទួលស្គាល់រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង បានជួយអស់ពីចិត្តនិងបង្កលក្ខណៈអំណោយផលដល់បដិវត្តន៍វៀតណាមក្នុងការកសាងកម្លាំងនៅមូលដ្ឋាននិងផ្លូវដឹកជញ្ជូនឲ្យសមរភូមិវៀតណាមខាងត្បូង ក្នុងកាលៈទេសៈដ៏សែនលំបាកនោះ។

ចាប់ពីឆ្នាំ១៩៧៩ មក កម្ពុជានិងវៀតណាម បានចុះកិច្ចព្រព្រៀងជួយគ្នាទៅវិញទៅមកស្ទើរគ្រប់វិស័យ ទាំងវិស័យការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សង្គមកិច្ច និងសុខាភិបាល។ ក្នុងវិស័យការពារជាតិវិញ វៀតណាមបានផ្តត់ផ្គង់នូវសម្ភារៈបរិក្ខារយោធាដល់កម្ពុជា។ សិស្ស និស្សិត និងកម្មភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជាជាច្រើនរូប ត្រូវបានបញ្ជូនទៅរៀននៅប្រទេសវៀតណាម និងនៅបណ្តាប្រទេសសង្គមនិយមមួយចំនួនទៀត។

ទន្ទឹមនឹងនេះដែរ ដោយក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ប្រទេសកម្ពុជាជួបប្រទះនូវការខ្វះខាតសព្វបែបយ៉ាង វៀតណាមក៏ដូចជាប្រទេសសង្គមនិយមជាមិត្តមួយចំនួនទៀត ជាពិសេសសហភាពសូវៀត បានផ្តល់ជំនួយដល់កម្ពុជាជាស្បៀងអហារ ថ្នាំពេទ្យ និងគ្រឿងឧបភោគនិងបរិភោគដទៃទៀតយ៉ាងច្រើន។

ដំណាក់កាលឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ជាដំណាក់កាលដ៏លំបាកដែលកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល។ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជា ដៃម្ខាងត្រូវទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបកម្ពុជាប្រជាធិបតេយ្យ និងដៃម្ខាងទៀត ត្រូវស្តារនិងក៏កសាងប្រទេសជាតិឡើងវិញផង។ ដូច្នេះ ជំនួយរបស់វៀតណាម ពិតជាមានសារៈសំខាន់ណាស់នៅពេលនោះ។

ការផ្លាស់ប្តូរស្ថានការណ៍នយោបាយអន្តរជាតិ នាចុងទសវត្សរ៍ ឆ្នាំ១៩៨០ បានធ្វើឱ្យភាគីជម្លោះកម្ពុជាវិលទៅរកតុចរចាស្វែងរកសន្តិភាព។ ការចរចាសន្តិភាពនៅកម្ពុជា បានចេញដំណើរពីជំនួបជាប្រវត្តិសាស្ត្ររវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃ០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅហ្វែរអង់តាដឺណ័រ (Fer-en-Tardenois) ប្រទេសបារាំង។ ការចរចាបានធ្វើទៅតាមកន្លែងយ៉ាងច្រើនស្ទើរពេញមួយចំហៀងផែនដី ដែលក្នុងនោះមានបារាំង ថៃ ឥណ្ឌូណេស៊ី កូរ៉េខាងជើង ចិន ជប៉ុន និងញូវយ៉ក ។

ទីបំផុត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាដោយភាគីខ្មែរទាំងបួន ដោយមានការចូលរួមពីបណ្តាប្រទេសជាងម្ភៃ និងប្រទេសហត្ថលេខីចំនួន១៨ ដែលក្នុងនោះក៏មានប្រទេសវៀតណាមផងដែរ។ តាមរយៈកិច្ចព្រមព្រៀងនេះ បាននាំទៅដល់ការបោះឆ្នោតមួយនៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។

ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមបានបោះជំហានចូលក្នុងរបត់នយោបាយថ្មីមួយ ដែលក្នុងនោះ វៀតណាមនៅរក្សារបបនយោបាយកុម្មុយនីស្តនិយម ឯកម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរបបរាជានិយមអាស្រ័យអាស្រ័យធម្មនុញ្ញត្រូវបានបង្កើតឡើងវិញ។

ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសជាអ្នកជិតខាងល្អ ដោយពង្រឹងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមតែនៅក្នុងក្របខ័ណ្ឌទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ទៀតផង។ ក្នុងវេទិកាតំបន់ ប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ ដោយឡែកវៀតណាមវិញ ជាក្របខណ្ឌគោលនយោបាយការបរទេសទ្វេភាគីជាមួយប្រទេស កម្ពុជា ក៏មិនសូវជាខុសពីកម្ពុជាប៉ុន្មានដែរ គឺវៀតណាមចាត់ទុកកម្ពុជាជាប្រទេសប្រទេសជិតខាងមួយ ដែលទំនាក់ទំនងល្អត្រូវបានចាត់ទុកជាអាទិភាពនិងត្រូវពូនជ្រុំ។

ចំពោះមុខបរិបទផ្ទៃក្នុងនិងខាងក្រៅ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍលើវិស័យជាច្រើន។ កម្ពុជានិងវៀតណាមបានឯកភាពថា ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជាតិទាំងពីរ។ ជារួមទៅ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជានិងវៀតណាមចំពោះគ្នាទៅវិញមក បានរំលេចឱ្យឃើញនូវភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងការបង្ហាញគោលជំហរចំពោះគ្នាទៅវិញទៅមក មេដឹកនាំនៃប្រទេសទាំងពីរតែងតែសម្ដែងឱ្យឃើញនូវការប្តេជ្ញាចិត្តពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនដល់កម្រិតខ្ពស់ថ្មីមួយទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននិងប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងភាពរុងរឿងនៅក្នុងតំបន់និងលើពិភពលោក។

ដោយឈរលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយដូចបានបញ្ជាក់ខាងលើ ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាម ពិតជាមិនអាចខ្វះបាន។ ដូច្នេះ ប្រទេសទាំងពីរត្រូវបន្តរួមរស់ជាមួយគ្នាដោយសុខសន្តិភាព គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយសន្តិវិធី និងសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទាំងសងខាង ឱ្យសក្តិសមនឹងបាវចនានៃទំនាក់ទំនងដែលប្រទេសទាំងពីរបានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែង»។ ជាមួយនឹងបាវចនានេះ យើងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រាប់រយៈ៥៥ឆ្នាំខាងមុខឬយូរអង្វែងទៅមុខទៀត នឹងបន្តរីកចម្រើនកាន់តែទូលំទូលាយ កាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព និងកាន់តែល្អប្រសើរឡើងថែមទៀត៕

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជា

(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)

2022-06-22 03:46:34   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 10:46 AM
«ប្រវត្តិ និងសារៈសំខាន់នៃពុទ្ធិកសិក្សានៅកម្ពុជា»

(រូបថត៖ http://5000-years.org/)

វិស័យអប់រំផ្នែកពុទ្ធិកសិក្សាជាវិស័យមួយដែលបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ វិស័យនេះបានចាប់បដិសន្ធិជាច្រើនសតវត្សរ៍មកហើយ គឺនៅមុនរជ្ជកាលនៃការគ្រប់គ្រងរបស់អតីតព្រះមហាវីរក្សត្រ និងមានការរីកចម្រើនខ្លាំងនៅសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំប្រទេសរបស់ព្រះករុណាព្រះមហាវីរក្សត្រនរោត្តមសីហនុ ដែលនៅសម័យនោះ វិស័យអប់រំផ្នែកពុទ្ធិកសិក្សានេះ ត្រូវបានប្រទេសកាន់ព្រះពុទ្ធសាសនាលើពិភពលោកទទួលស្គាល់ផងដែរ។

តាមការសិក្សាស្រាវជ្រាវរបស់អ្នកសិក្សាប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជាមួយចំនួនបានលើកឡើងថា វិស័យអប់រំផ្នែកពុទ្ធិកសិក្សាបានកកើតដំបូងនៅឆ្នាំ១៩០៩ ក្នុងរជ្ជកាលនៃព្រះបាទស៊ីសុវត្ថិ និងបើផ្អែកតាមឯកសារប្រវត្តិពុទ្ធិកសិក្សា ដែលចងក្រងដោយគណៈកម្មការស្រាវជ្រាវនៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពផ្សាយនៅឆ្នាំ២០០៦ បានសរសេរថា សាលាពុទ្ធិកសិក្សា ដែលចាប់បដិសន្ធិដំបូងមានឈ្មោះថា "បរមពុទ្ធវចនបរិយត្តិបសាទ" ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ហើយជាបន្តបន្ទាប់ វិស័យនេះបានរីកចម្រើនបន្តិចម្ដងៗ។ តែទោះជាយ៉ាងណា អ្នកសិក្សាផ្នែកព្រះពុទ្ធសាសនាសង្កេតឃើញថា វិស័យអប់រំផ្នែកពុទ្ធិកសិក្សាដែលរីកចម្រើនបំផុតនោះ គឺនៅអំឡុងទសវត្សរ៍ទី៥០និង៦០ ក្រោមការគ្រប់គ្រងប្រទេសនៃអតីតព្រះមហាវីរក្សត្រ គឺព្រះបាទនរោត្តមសីហនុ។

ចូលអានលម្អិត៖  http://www.rac.gov.kh/royal-academy/research/attachments/original/170.pdf?1655868344

តើពុទ្ធិកសិក្សាមានសារៈសំខាន់យ៉ាងណាខ្លះនៅក្នុងសង្គម?

គ្រប់សាលាទាំងអស់ មិនថាពុទ្ធិកៈ មិនថាសាលាចំណេះទូទៅទាំងរដ្ឋនិងឯកជន គឺសុទ្ធតែមានសារៈសំខាន់ទាំងអស់ ដោយសារៈសំខាន់ជាច្រើនដូចជា៖

. ជាកន្លែងដែលមនុស្សរៀនពីរបៀបអាន របៀបសរសេរ របៀបគិត និងការធ្វើគណិតវិទ្យាជាដើម។

. ជាកន្លែងរៀនសូត្រពីរបៀបប្រព្រឹត្ត និងរបៀបដែលនាំឱ្យពួកគេក្លាយជាពលរដ្ឋល្អ ពោលគឺសាលាមានសារៈសំខាន់ក្នុងការផ្តល់ការអប់រំដល់មនុស្សជាតិ។

. ជាកន្លែងអប់រំជួយមនុស្សឱ្យគិតប្រកបដោយការត្រិះរិះពិចារណានិងប្រកបដោយភាពច្នៃប្រឌិត និងធ្វើឱ្យពួកគេជាអ្នកដោះស្រាយបញ្ហាដែលជួបប្រទះនៅក្នុងជីវិតកាន់តែប្រសើរ។

. ជាកន្លែងជួយផ្ត់ការអប់រំ ការរៀបចំមនុស្សឱ្យមានចំណេះដឹង មានការងារល្អ និងអាជីពការងារល្អ។ ការអប់រំនាំឱ្យមនុស្សស្វែងយល់អំពីពិភពលោកជុំវិញខ្លួន ក៏ដូចជាការអភិវឌ្ឍជំនាញដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងជីវិត របៀបនៃដំណើរការជីវិត ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជួបមនុស្សថ្មី និងការងារថ្មី ក៏ដូចជាការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់បុគ្គលខ្លួន គឺការពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព ឱ្យមានការរីកចម្រើនជាងមនុស្សផ្សេងទៀត និងបានដឹងគោលដៅនៃជីវិតរបស់ខ្លួន ដោយធ្វើយ៉ាងណាដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ដើម្បីប្រកួតប្រជែងដោយបញ្ញា ដោយស្វែងយល់អំពីវប្បធម៌និងសាសនាផ្សេងៗដែលមាននៅជុំវិញខ្លួន។

. ជាកន្លែងដែលមានសារៈសំខាន់ក្នុងសង្គម ព្រោះវាជួយអប់រំមនុស្សនិងរៀបចំពួកគេសម្រាប់កម្លាំងពលកម្ម។ វាក៏បង្រៀនពួកគេពីរបៀបក្លាយជាសមាជិកដែលមានទំនួលខុសត្រូវក្នុងសង្គមផងដែរ វាជួយមនុស្សឱ្យរៀនអំពីពិភពលោកជុំវិញពួកគេ។ ពួកគេរៀនគិតពិចារណា ដោះស្រាយបញ្ហា និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ដែលជំនាញទាំងនេះមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៅក្នុងមហាវិទ្យាល័យ និងក្នុងកម្លាំងការងារ។

ដូច្នេះសាលាគឺជាស្ថាប័នបណ្ដុះបណ្ដាលដ៏សំខាន់បំផុតមួយនៅក្នុងសង្គមខ្មែរ ដែលជាកន្លែងរៀនពីមូលដ្ឋានគ្រឹះឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។ មានរឿងសំខាន់ជាច្រើនដែលត្រូវរៀននៅក្នុងសាលា ប៉ុន្តែសំខាន់បំផុតមួយ គឺរបៀបគិតត្រិះរិះពិចារណា។ ការរៀនសួរសំណួរ និងគិតដោយខ្លួនឯង មានសារៈសំខាន់សម្រាប់ភាពជោគជ័យក្នុងវិស័យណាមួយ។ អ្វីដែលសំខាន់បំផុតក្នុងការរៀននៅសាលា គឺរបៀបគិតពិចារណា និងសួរសំណួរដែលនាំឱ្យសិស្សអភិវឌ្ឍគំនិត និងគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយអាចពិភាក្សាដោយឆ្លាតវៃជាមួយអ្នកដទៃ។

សរុបមក សាលាមានសារៈសំខាន់ ព្រោះវាផ្តល់ឱ្យបុគ្គលគ្រប់រូបនូវជំនាញ និងចំណេះដឹងដែលពួកគេត្រូវការ ដើម្បីជោគជ័យក្នុងជីវិត។ សាលានឹងជួយពួកគេអភិវឌ្ឍជំនាញសង្គម និងការប្រាស្រ័យទាក់ទង ហើយវាបង្រៀនពួកគេពីរបៀបគិតពិចារណា និងដោះស្រាយបញ្ហា។ សាលាក៏ជាកន្លែងមួយដែលបុគ្គលអាចបង្កើតមិត្តភក្តិ ពង្រីកទំនាក់ទំនង និងស្វែងយល់ពីវប្បធម៌ផ្សេងៗ។ ជាចុងក្រោយ សាលារៀនគឺជាកន្លែងដែលបុគ្គលម្នាក់ៗអាចរៀនអំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ ហើយស្វែងយល់ថាតើពួកគេចង់ធ្វើអ្វីក្នុងជីវិតរបស់ពួកគេ ជាពិសេសការសិក្សានៅសាលាពុទ្ធិកៈ គឺបុគ្គលគ្រប់រូបបានទទួលបានទាំងចំណេះដឹងផ្លូវលោក និងចំណេះដឹងផ្លូវធម៌ ពោលគឺពុទ្ធិកសិក្សាជាវិស័យអប់រំតាមបែបព្រះពុទ្ធសាសនា ដែលបានបង្កើតតាំងពីសម័យដើមមក ដើម្បីបណ្ដុះបណ្ដាលធនធានព្រះសង្ឃ និងកាត់បន្ថយអត្រាអនក្ខរភាពក្នុងសង្គម តាមរយៈការផ្ដល់ ចំណេះដឹង និងសីលធម៌ ដែលជាគ្រឹះរួមចំណែកក្នុងការលើកកម្ពស់សង្គមជាតិ និងតម្លៃព្រះពុទ្ធសាសនា ដែលជាប្រទីបបំភ្លឺផ្លូវដល់ជន្នានុជនរស់ក្នុងភាពចំរុងចម្រើន និងសុខដុមរមនា៕

ចូលអានលម្អិត៖ http://www.rac.gov.kh/royal-academy/research/attachments/original/170.pdf?1655868344

អត្ថបទស្រាវជ្រាវដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2022-06-22 03:24:45   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 10:24 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក