Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា) លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមបានមើលឃើញថា បើទោះបីជាសហរដ្ឋអាម៉េរិកផ្លាស់ប្តូរមេដឹកនាំក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកតែងប្រកាន់ភ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជានិច្ច ដើម្បីពង្រីកសម្ព័ន្ធមិត្ត និងឥទ្ធិពលនយោបាយការបរទេសរបស់ខ្លួននៅជុំវិញសកល។
ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី អ្វីទៅដែលពិភពលោកនឹងទទួលបានពីនយោបាយថ្មីរបស់សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន ដែលបានប្រព្រឹត្តទៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកបណ្ឌិតជំនាញសង្គមសាស្រ្ត មាស នី បានលើកឡើងថា ក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាម៉េរិកបានប្រើប្រាស់យុទ្ធសាស្រ្តចំនួន៣ចំណុចជា សសរ ស្តម្ភរួមមាន ១. ការប្រើគោលនយោបាយការបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ២. ការរៀបចំបង្កើតស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដើម្បីគាំទ្រដល់ការអភិវឌ្ឍ និង៣. ការចងសម្ព័ន្ធមិត្តយោធាដើម្បីគាំទ្រគោលនយោបាយរបស់ខ្លួន ដើម្បីពង្រីកគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។
ដើម្បីជំរុញគោលនយោបាយសសរស្តម្ភខាងលើនេះ លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា មហាអំណាចសហរដ្ឋអាម៉េរិក ដែលជាបិតាលទ្ធិប្រជាធិបតេយ្យមានអាយុជាង២០០មកនេះ តែងប្រើប្រាស់វិធីសាស្ត្រជំរុញការតស៊ូមតិ (Advocacy) និងការអភិវឌ្ឍ (Development)។ លោកបណ្ឌិតបានបន្តពន្យល់ថា វិធីសាស្ត្រជំរុញការតស៊ូមតិ និងការអភិវឌ្ឍដែលសហរដ្ឋអាម៉េរិកបានអនុវត្តគឺ គោលនយោបាយពីលើចុះក្រោម នោះគឺការដាក់គំនាបដល់រដ្ឋាភិបាលនានាដែលដើរផ្ទុយពីគោលការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយពីក្រោមឡើងលើតាមរយៈការផ្តល់ជំនួយថវិកាគាំទ្រការអភិវឌ្ឍដល់អង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីអនុវត្តសកម្មភាពជំរុញសិទ្ធិមនុស្ស អភិបាលកិច្ច និងលទ្ធិប្រជាធិបតេយ្យ។ លោកបណ្ឌិតបានបញ្ជាក់ថា៖ «ទោះបីមានមេដឹកនាំប្រទេសថ្មី សហរដ្ឋអាម៉េរិកតែងអនុវត្តគោលការណ៍ជំរុញសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដដែល តែអ្វីដែលខុស គឺវិធីសាស្រ្តដែលគេអនុវត្តមានឯកតោភាគី និងពហុភាគី»។
ជាទីបញ្ចប់ ដើម្បីជៀសពីបញ្ហាប្រឈមចំពោះគោលនយោបាយការបរទេសរបស់ប្រធានាធិបតីរបស់សហរដ្ឋអាម៉េរិកទៅថ្ងៃអនាគត លោកបណ្ឌិតបានផ្តល់អនុសាសន៍ថា កម្ពុជាគួរតែប្រើប្រាស់គោលនយោបាយការបរទេសអព្យាក្រឹតទំនាក់ទំនងជាមួយបរទេស ដើម្បីផលប្រយោជន៍របស់ខ្លួនជាចម្បង ស្របតាមទ្រឹស្តីនយោបាយទំនាក់ទំនងអន្តរជាតិ គឺគ្មានមិត្ត គ្មានសត្រូវ មានតែផលប្រយោជន៍៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវរៀបចំផែនការសកម្មភាព និងបែងចែកតួនាទីភារកិច្ចការងារដល់មន្ត្រីទាំងអស់របស់ខ្លួនឱ្យច្បាស់លាស់ ដើម្បីធានាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលនៃដំណើរការការងារ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជូនស្ថាប័ននិងសង្គមជាតិ ស្របតាមបេសកកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា និងទិសដៅការអនុវត្តការងារខែបន្ទាប់ ក្នុងឆ្នាំ២០២១របស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធផលការងារ និងបញ្ហាប្រឈមមួយចំនួនជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃដំណើរការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តក្នុងស្ថាប័ន។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ឯកស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅបន្ទប់ RAC 2-11 អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកទឹកចិត្តឯកឧត្តមបណ្ឌិត អស់លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីដែលបម្រើការងារនៅតាមវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យមកបំពេញការងារនៅការិយាល័យដោយផ្ទាល់ ដើម្បីធានាប្រសិទ្ធភាពការងារស្នូលរបស់ស្ថាប័ន គឺការបណ្តុះបណ្តាលនិងស្រាវជ្រាវ។
បន្ថែមលើសនេះ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីតាមវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាថា បណ្តាប្រទេសអភិវឌ្ឍន៍ទាំងអស់សុទ្ធផ្តល់តម្លៃដល់ការស្រាវជ្រាវស៊ីជម្រៅ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសឱ្យមាននិរន្តរភាព។ ហេតុនេះ ដើម្បីឱ្យធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃដំណើរការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ថា៖ «ក្នុងនាមជាស្ថាប័នវិទ្យាសាស្រ្ត យើងទាំងអស់គ្នាត្រូវតែប្រឹងប្រែងចូលរួមជំរុញលើកកម្ពស់កេរ្តិ៍ឈ្មោះកិត្តិយសមុខមាត់ស្ថាប័នវិទ្យាសាស្ត្រ និងជាតិយើង ដើម្បីប្រកួតប្រជែងជាមួយធនធានមនុស្សតាមបណ្តាប្រទេសអភិវឌ្ឍលើសកលលោក»៕
RAC Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ្យាសាស្ត្រលើការស្រាវជ្រាវ តាមព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយផ្តល់ជាទស្សនៈពុទ្ធិស៊ីជម្រៅដល់សិស្សនិស្សិត បញ្ញវ័ន្ត អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ឯកស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅបន្ទប់ RAC 2-11 អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាប្រធានក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងបូកសរុបតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត្រលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា (RAC Media)។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងអំពី វឌ្ឍនភាពសមិទ្ធផលការងារ និងចំណុចខ្វះខាតមួយចំនួនតូចដែលកើតមានឡើងក្នុងការបំពេញការងារប្រចាំថ្ងៃដែលត្រូវកែតម្រូវ ព្រមទាំងលើកទឹកចិត្តដល់សមាជិកក្រុមការងារទាំងអស់ដែលបានខិតខំសហការបំពេញការងារយ៉ាងល្អប្រសើរអស់រយៈពេលពេញ១ឆ្នាំកន្លងទៅនេះ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនារសៀលនេះ ឯកឧត្ដមបណ្ឌិតបានសង្កត់ធ្ងន់ថា ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាបានដើរតួនាទីស្នូលសំខាន់ក្នុងការផ្សព្វផ្សាយចែករំលែកចំណេះដឹង និងសមិទ្ធផលនានាដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ដើម្បីលើកកម្ពស់ការស្រាវជ្រាវបែបវិទ្យាសាស្រ្តនៅក្នុងសង្គមជាតិ៕
RAC Media
សមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៣ បានបិទបញ្ចប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ មុនការគ្រោងទុកមួយថ្ងៃដោយសារស្ថានភាពនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះមានភាពស្មុគស្មាញ។ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានប្រកាសជាផ្លូវការថា លោក Nguyen Phu Trong ដែលមានអាយុ៧៦ឆ្នាំ បន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តមួយអាណត្តិបន្តទៀត។ ការសម្រេចចិត្តរបស់បក្សនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីតួនាទីដឹកនាំដ៏សំខាន់របស់លោក អគ្គលេខាធិការបក្ស Nguyen Phu Trong។ ក្រោមការដឹកនាំរបស់លោក វៀតណាមបានគ្រប់គ្រងបាន ការរីករាលដាលនៃវីរុស កូវីដ-១៩ ហើយខឿនសេដ្ឋកិច្ចជាតិក៏បានបន្តកើនឡើងកាលពីឆ្នាំកន្លងទៅ និងជាពិសេសចំពេលដែលមានការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងសហរដ្ឋអាម៉េរិក និងចិន។ លើសពីនេះ អ្នកស្រាវជ្រាវពីស្ថានភាពនយោបាយរបស់វៀតណាមក៏បានព្យាករផងដែរថា លោក Nguyen Xuan Phuc អតីតនាយករដ្ឋមន្ត្រី នឹងកាន់តំណែងជាប្រធានរដ្ឋ។ លោក Pham Minh Chinh អតីតប្រធានគណៈចាត់តាំងមជ្ឈិមបក្ស នឹងកាន់តំណែងជានាយករដ្ឋមន្ត្រី។ លោក Vuong Dinh Hue លេខាគណៈកម្មការបក្សទីក្រុងហាណូយ នឹងកាន់តំណែងជាប្រធានរដ្ឋសភា។
សមាជបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្សចំនួន១៨០រូប និង២០រូប ជាសមាជិកបម្រុង។ សមាជិកទាំងនេះមានតួនាទីសំខាន់បំផុតនៅក្នុងប្រព័ន្ធនយោបាយរបស់វៀតណាម។ សមាជនេះធ្វើឡើងនៅពេលដែលតំបន់ និងអន្តរជាតិមានការអភិវឌ្ឍដ៏ស្មុគស្មាញ និងបញ្ហាប្រឈមជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត។ ដូច្នេះ គេអាចនិយាយបានថា ប្រទេសវៀតណាមកំពុងស្ថិតនៅក្នុងរបត់ដ៏សំខាន់មួយ។
ថ្នាក់ដឹកនាំថ្មីរបស់ប្រទេសវៀតណាមក៏បានកំណត់គោលដៅ សម្រាប់ឆ្នាំ២០៣០ នឹងធ្វើឱ្យប្រទេសវៀតណាម ក្លាយជាប្រទេសសេដ្ឋកិច្ចឧស្សាហកម្ម ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល៧% ក្នុងមួយឆ្នាំ និងផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្ស ម្នាក់កើនរដូតដល់ ៧ ៥០០ដុល្លារអាម៉េរិក។
សមាជលើកនេះ មានលក្ខណៈជាប្រវត្តិសាស្ត្រ មិនត្រឹមតែសម្រាប់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលផងដែរ ដែលមានការប្រកួតប្រជែង និងឱកាសជាច្រើន។ វឌ្ឍនភាពនៃសេដ្ឋកិច្ចដែលគួរឱ្យកត់សម្គាល់របស់វៀតណាម ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ ក៏ដូចជាការធ្វើកំណែទម្រង់សេដ្ឋកិច្ចតាមរយៈ Doi Moi មិនត្រឹមតែនាំមកនូវភាពរីកចម្រើនដល់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងជំហររបស់ប្រទេសនេះទៅក្នុងតំបន់ ក៏ដូចជា នៅលើឆាកអន្តរជាតិផងដែរ។ តាមពិត វៀតណាមទាក់ទាញការវិនិយោគបរទេសកាន់តែខ្លាំងឡើងដោយសារបរិយាកាសនយោបាយមានស្ថេរភាព បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយដៃគូសំខាន់ៗ និងមានសក្តានុពលក្នុងខ្សែសង្វាក់នៃតម្លៃ។ លើសពីនេះទៅទៀត ប្រទេសវៀតណាមបានគ្រប់គ្រងដោយជោគជ័យ នូវការរាតត្បាតនៃវីរុសកូវីដ-១៩ ហើយក៏ត្រូវបានគេចាត់ទុកថា ជាទិសដៅនៃការវិនិយោគ និងជាមជ្ឈមណ្ឌលផលិតកម្មក្នុងទសវត្សខាងមុខ។
ភារកិច្ចដ៏សំខាន់មួយនៅក្នុងសមាជលើកទី១៣ របស់បក្សកុំម្មុយនីស្តពេលកន្លងទៅនេះ គឺការដាក់ចេញនូវគោលនយោបាយការបរទេសរបស់ខ្លួន ក្នុងបរិបទដែលវៀតណាមត្រូវថ្លឹងថ្លែងរវាងសហរដ្ឋអាម៉េរិក ដែលជាប្រទេសមហាអំណាចដែលគេមើលឃើញថាកំពុងធ្លាក់ចុះ និងប្រទេសចិន ជាមហាអំណាចក្នុងតំបន់ ដែលកំពុងតែឈានទៅ រក មហាអំណាចពិភពលោក។ ក្នុងរបាយការណ៍នៃសមាជលើកទី១៣ បានបង្ហាញថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចកាន់តែខ្លាំងឡើងៗ នឹងបណ្តាលឱ្យប្រទេសនៅអាស៊ីអាគ្នេយ៍ អាចត្រូវបានហ៊ុមព័ទ្ធទៅដោយការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយដែលនឹងជះឥទ្ធិពលដល់ប្រទេសវៀតណាម។ លើសពីនេះទៅទៀត សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ប្រទេសមហាអំណាចត្រូវបានបង្ខំឱ្យកែសម្រួលយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ពួកគេ និងកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ។ ទាំងនេះនឹងបង្កជាបញ្ហាប្រឈមក្នុងការកំណត់ទីតាំងនៃខ្សែសង្វាក់ឧស្សាហកម្មសកលរបស់វៀតណាម។ ក្នុងបរិបទនេះ អ្នកជំនាញជាច្រើនបានលើកឡើងថា វៀតណាម ត្រូវពឹងផ្អែកបន្ថែមលើតួនាទីនាំមុខរបស់ខ្លួនក្នុងតំបន់អាស៊ាន, ធ្វើសមាហរណកម្មអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ, អនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលបានចុះហត្ថលេខាជាមួយបណ្តាប្រទេសនានា និងតំបន់ផ្សេងទៀត, ផ្តោតសំខាន់លើការលើកកម្ពស់វិស័យការទូតពហុភាគី និងការធ្វើពិពិធកម្ម។
ជាមួយនឹងសកម្មភាពយ៉ាងសកម្ម និងមានភាពបទបែនរបស់វៀតណាមនៅក្នុងតំបន់អាស៊ាន ការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់វៀតណាម នឹងអាចជះឥទ្ធិពលដល់ប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងរបស់ វៀត ណាម និងជាសមាជិកអាស៊ានដូចគ្នា។ មេដឹកនាំថ្មីដែលកើតចេញពីសមាជលើកទី១៣នេះ បានបង្ហាញថា គោលនយោបាយនៃភាពជាមិត្តភាពសម្រាប់ប្រទេសជិតខាង រួមទាំងប្រទេសកម្ពុជា នឹងត្រូវបានរក្សាយ៉ាងខ្ជាប់ខ្ជួន ដោយគណបក្សកុម្មុយនីស្តវៀតណាម។ កាលពីឆ្នាំ២០១៩ លោក Trong បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក៏ដូចជាធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលរវាងសហរដ្ឋអាម៉េរិក និងប្រទេសកូរ៉េខាងជើង នេះបានបង្ហាញថា អគ្គលេខាធិការបក្ស Nguyen Phu Trong គឺជាបុគ្គលម្នាក់ដែលបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
មានមតិសាធារណៈជាច្រើនរបស់ប្រជាជនវៀតណាម កំពុងទន្ទឹងរងចាំនាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួន គឺ លោក Pham Minh Chinh ដែលអាចនាំសេដ្ឋកិច្ចវៀតណាមទៅរកការរីកចម្រើនក្នុងបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលដោយវីរុសកូវីដ-១៩។ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងវៀតណាម ក៏នឹងទទួលបានអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមក ក្នុងនាមកម្ពុជាដែលជាប្រទេសភូមិផងរបងជាមួយគ្នា។
----------------------------------------
ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគឺជាចំណុចមួយដ៏មានសារសំខាន់បំផុតក្នុងការស្វែងរកការពិត និងដោះស្រាយបញ្ហាមូលដ្ឋាន ព្រមទាំងបង្កើននូវចំណេះដឹងសម្រាប់កំណត់គោលនយោបាយ ការធ្វើកំណែទម្រង់ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ចំពោះឯកឧត្តមបណ្ឌិត ការសិក្សាដោយគ្មានការស្រាវជ្រាវគ្រាន់តែជាការសូត្រតាមទ្រឹស្តីរបស់គេដោយគ្មានការគិត គ្មានការពិចារណា និងគ្មានការវិភាគ នោះខួរក្បាលរបស់យើងវគ្រាន់តែជាធុងសំរាមផ្ទុកចំណេះដឹងអ្នកដ៏ទៃ មិនមានអ្វីថ្មីនោះទេ។
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបានលើកឡើងថា ការរីកចម្រើនរបស់ប្រទេសអភិវឌ្ឍន៍ទាំងនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា មិនមែនកើតឡើងដោយភាពចៃដន្យនោះទេ គឺកើតឡើងដោយការសិក្សាស្រាវជ្រាវស្វែងរកការពិត និងផ្តល់តម្លៃនិងការជឿលើការស្រាវជ្រាវ ដោយប្រទេសមួយចំនួនបានចំណាយលុយរាប់រយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំលើការស្រាវជ្រាវនិងអភិវឌ្ឍន៍។ ជាក់ស្តែង ប្រទេសមហាអំណាចទាំងឡាយសុទ្ធសឹងតែមានបច្ចេកវិទ្យារៀងៗខ្លួន ហើយពួកគេតែងតែសំញែងដាក់គ្នាតាមរយៈការបង្ហាញពីភាពរីកចំរើននៃបច្ចេកវិទ្យារបស់ពួកគេ (បច្ចេកវិទ្យាព័ត៌មានវិទ្យា សព្វាវុធ និងបច្ចេកវិទ្យាឧស្សាហកម្ម, កសិកម្ម, សុខាភិបាល។ល។)
ជុំវិញបញ្ហាស្រាវជ្រាវនេះ ឯកឧត្តមបណ្ឌិតមើលឃើញថា កម្ពុជាហាក់ចេញដំណើរយឺតបន្តិចហើយ បើសិនជាយើងប្រៀបធៀបជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។ ប៉ុន្តែ មកយឺត ប្រសើរជាងមិនមក។ «ដូច្នេះ ការងារចំពោះមុខរបស់យើង គឺការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យស្រាវជ្រាវ។ យើងត្រូវទទួលស្គាល់ថា យើងនៅខ្វះធនធានមនុស្សដែលមានសមត្ថភាពលើការស្រាវជ្រាវវិទ្យាសាស្ត្រ តែយើងក៏នៅខ្វះការយកចិត្តទុកដាក់លើអ្នកវិទ្យាសាស្ត្រឬអ្នកស្រាវជ្រាវដែរ»។ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបញ្ជាក់បន្ថែមលើការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលផ្តោតលើការស្រាវជ្រាវ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ទៀតថា ការបណ្តុះការសិក្សាស្រាវជ្រាវ មិនមែនទើបតែបណ្តុះក្នុងឧត្តមសិក្សា និងក្រោយឧត្តមសិក្សានោះទេ គឺគួរតែបណ្តុះតាំងពីក្មេងមកម្លេះ ដើម្បីឱ្យពួកគេ ចេះធ្វើការស្រាវជ្រាវ ចេះស្រមើរស្រម៉ៃលើការស្រាវជ្រាវមួយដែលសាមញ្ញៗ ដែលទាញចេញមកពីការងារប្រចាំរបស់ពួកគាត់ ដែលជាការស្រាវជ្រាវមួយដែលបំរើ ឱ្យការងារប្រចាំថ្ងៃ បណ្តុះឱ្យចេះស្រលាញ់ការសិក្សា កុំឱ្យចេះតែជឿ គ្រប់យ៉ាងនោះ។
ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់រាជរដ្ឋាភិបាលបន្តចូលរួមគាំទ្រការស្រាវជ្រាវ ដើម្បីបញ្ជៀសគម្លាតនៃជំនាញការងារ ស្រាវជ្រាវ ក្នុងការអភិវឌ្ឍជាតិ ខណៈរាជបណ្ឌិត្យសភាកម្ពុជា ក៏កំពុងរួមចំណែកជួយដល់រាជរដ្ឋាភិបាល ធ្វើការតាមដាននិងចងក្រងអត្ថបទវិទ្យាសាស្ត្រយ៉ាងយកចិត្តទុកដាក់សម្រាប់ជាចំណេះដឹង និងទុកជាបទពិសោធន៍ផងដែរ។
ដើម្បីលើកស្ទួយការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ឯកទេសវិទ្យាសាស្ត្រនយោបាយបានផ្តល់អនុសាសន៍ចំនួន៨ចំណុចមាន៖ ១. បណ្តុះគំនិតស្រាវជ្រាវតាំងពីថា្នក់ទាប ជាពិសេសថ្នាក់បឋមសិក្សានិងអនុវិទ្យាល័យ។ ការស្រាវជ្រាវបែបការ អនុវត្តងាយៗដែលសិស្សងាយយល់។ សំណើផេ្សងៗទៀត មានជាអារទិ៍ ការពិសោធន៍ងាយៗទាក់ទងជីវភាពប្រចំាថ្ងៃ ទសន្សកិច្ចសិក្សាក្នុងក្រុមហ៊ុនឬរោងចក្រជាដើម។ ២. បណ្តុះគំនិតឱ្យស្រឡាញ់ការអាន ការសរសេរ ការត្រឹះរិះការស្រាវជ្រាវ។ ៣. កម្រិតឧត្តមសិក្សាឡើងទៅ ត្រូវតែបញ្ចប់ការសិក្សាដោយការស្រាវជ្រាវនិងសរសេរនិក្ខេបបទ។ រៀនមិនមែនដើម្បីឱ្យតែបានសញ្ញាបត្រទេ តែរៀនដើម្បីឱ្យចេះ ឱ្យមានចំណោះស្មើនឹងសញ្ញាបត្រ និងអាចធ្វើការកើត។ ៤. បន្ស៊ីការបណ្ដុះបណ្ដាលនិងការស្រាវជ្រាវជាមួយនឹងតម្រូវការនៃការងារជាក់ស្ដែង។ ៥. បង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្ដាលនិងផ្នែកឯកជន ក៏ដូចជាផ្នែកសាធារណៈដើម្បីផ្តល់ទីលានដល់និស្សិតអនុវត្តចំណេះដឹងនិងទ្រឹស្ដី។ ៦. ជំរុញឱ្យមានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍នៅតាមអង្គភាពរដ្ឋនិងឯកជន។ ៧. ស្ថាប័នស្រាវជ្រាវគួរត្រូវបានផ្តល់ធនធានគ្រប់គ្រាន់សម្រាប់បម្រើការងារស្រាវជ្រាវ និង៨. អ្នកស្រាវជ្រាវគួរត្រូវបានយកចិត្តទុកដាក់ខាងផ្នែកជីវភាព៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ អ្នកស្រាវជ្រាវជំនាញដែលមានបទពិសោធន៍ការងារយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងកំពុងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗសុទ្ធតែបានផ្តល់តម្លៃខ្ពស់ដល់ការសិក្សាស្រាវជ្រាវវិភាគ វែកញែកបែបវិទ្យាសាស្រ្តស៊ីជម្រៅនៅមុនពេលអនុវត្តផែនការអ្វីមួយ ដើម្បីសម្រេចបានលទ្ធផលចំគោលដៅល្អប្រសើរ។ អ្នកស្រាវជ្រាវជឿជាក់យ៉ាងមុតមាំថា ការស្រាវជ្រាវបែបវិទ្យាសាស្រ្តគ្រប់ជ្រុងជ្រោយនឹងជួយឱ្យប្រទេសជាតិកាន់តែអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តរភាព។ ដូចបណ្តាប្រទេសកំពុងអភិវឌ្ឍន៍លើពិភពលោក ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ដែលទាមទារឱ្យមានការបណ្តុះស្មារតី និងលើកកម្ពស់ការស្រាវជ្រាវស៊ីជម្រៅ។ ក្នុងន័យនេះ តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីលើកស្ទួយការស្រាវជ្រាវ?
ថ្លែងពីកិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា ដែលមានបទពិសោធន៍ការងារជិត២០ឆ្នាំនៅរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ប្រទេសអភិវឌ្ឍន៍លើសកលលោកឥទ្ធិពលទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យបច្ចេកវិទ្យា ដោយសារប្រទេសទាំងអស់នោះបានចំណាយថវិកាច្រើនសន្ធឹកទៅលើការសិក្សាស្រាវជ្រាវស៊ីជម្រៅនៅមុនពេលពួកគេដាក់ចេញនូវគោលនយោបាយជាក់លាក់ ដើម្បីអភិវឌ្ឍប្រទេសពួកគេឱ្យរីកចម្រើន។
ដើម្បីលើកស្ទួយការស្រាវជ្រាវ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា ឯកទេសវិទ្យាសាស្ត្រនយោបាយបានផ្តល់អនុសាសន៍ចំនួន៨ចំណុចមាន៖ ១. បណ្តុះគំនិតស្រាវជ្រាវតាំងពីថា្នក់ទាប ជាពិសេសថ្នាក់បឋមសិក្សានិងអនុវិទ្យាល័យ។ ការស្រាវជ្រាវបែបការ អនុវត្តងាយៗដែលសិស្សងាយយល់។ សំណើផេ្សងៗទៀត មានជាអារទិ៍ ការពិសោធន៍ងាយៗទាក់ទងជីវភាពប្រចំាថ្ងៃ ទសន្សកិច្ចសិក្សាក្នុងក្រុមហ៊ុនឬរោងចក្រជាដើម។ ២. បណ្តុះគំនិតឱ្យស្រឡាញ់ការអាន ការសរសេរ ការត្រឹះរិះការស្រាវជ្រាវ។ ៣. កម្រិតឧត្តមសិក្សាឡើងទៅ ត្រូវតែបញ្ចប់ការសិក្សាដោយការស្រាវជ្រាវនិងសរសេរនិក្ខេបបទ។ រៀនមិនមែនដើម្បីឱ្យតែបានសញ្ញាបត្រទេ តែរៀនដើម្បីឱ្យចេះ ឱ្យមានចំណោះស្មើនឹងសញ្ញាបត្រ និងអាចធ្វើការកើត។ ៤. បន្ស៊ីការបណ្ដុះបណ្ដាលនិងការស្រាវជ្រាវជាមួយនឹងតម្រូវការនៃការងារជាក់ស្ដែង។ ៥. បង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្ដាលនិងផ្នែកឯកជន ក៏ដូចជាផ្នែកសាធារណៈដើម្បីផ្តល់ទីលានដល់និស្សិតអនុវត្តចំណេះដឹងនិងទ្រឹស្ដី។ ៦. ជំរុញឱ្យមានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍នៅតាមអង្គភាពរដ្ឋនិងឯកជន។ ៧. ស្ថាប័នស្រាវជ្រាវគួរត្រូវបានផ្តល់ធនធានគ្រប់គ្រាន់សម្រាប់បម្រើការងារស្រាវជ្រាវ និង៨. អ្នកស្រាវជ្រាវគួរត្រូវបានយកចិត្តទុកដាក់ខាងផ្នែកជីវភាព។
«សោកនាដកម្មនិងមរតកនៃសង្គ្រាម ធ្វើឱ្យសង្គមយើងគិតតែពីបញ្ហាក្រពះ ជាជាងការគិតគូរលើវិស័យវិទ្យាសាស្រ្ត។ តែពេលនេះ យើងបានឆ្លងផុតដំណាក់កាលគិតតែបញ្ហាក្រពះនោះហើយ។ ដូច្នេះ យើងត្រូវតែចាប់ផ្តើមគិតគូរលើវិស័យវិទ្យាសាស្ត្រ យើងមិនមានពេលវេលាត្រូវរង់ចាំទៀតទេ។ អ្វីដែលសំខាន់នោះ អ្នកដឹកនាំ អ្នកធ្វើគោលនយោបាយអ្នកនយោបាយ ក៏ដូចជាផ្នែកឯកជន និងសង្គមស៊ីវិល ត្រូវតែជឿជាក់និងផ្តល់តម្លៃលើការស្រាវជ្រាវ»។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា បញ្ជាក់បន្ថែម។
ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញទស្សនៈដូចនឹងឯកឧត្តមបណ្ឌិត គិន ភា ដែរថា គ្មានអ្វីមួយកើតឡើងដោយគ្មានការស្រាវជ្រាវនោះទេ ប៉ុន្តែ ការស្រាវជ្រាវអាចទទួលជោគជ័យទៅបាន លុះត្រាតែមានការគាំទ្រពីរដ្ឋ ដូច្នេះ គោលនយោបាយជាតិស្តីពីការស្រាវជ្រាវចាំបាច់ត្រូវតែមាន។ ការស្រាវជ្រាវនៅប្រទេសដែលមានការអភិវឌ្ឍជឿនលឿនទាំងអស់នៅលើពិភពលោក គឺពឹងផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត។ ក្នុងនាមជាអ្នកស្រាវជ្រាវមួយរូប ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម មានប្រសាសន៍ជឿជាក់យ៉ាងមុតមាំថា ការបញ្ជ្រាបស្មារតីស្រាវជ្រាវ ការត្រិះរិះពិចារណាចូលទៅក្នុងកម្មវិធីសិក្សាចាប់ពីកម្រិតបឋមសិក្សាដល់ថ្នាក់ឧត្តមសិក្សា ដើម្បីជួយលើកស្ទួយការស្រាវជ្រាវ និងអភិវឌ្ឍន៍។
ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម មានប្រសាសន៍សង្កត់ធ្ងន់ដូច្នេះថា៖ «ដរាបណា សា្មរតីស្រាវជ្រាវត្រឹមត្រូវស្ថិតក្នុងសតិអារម្មណ៍ប្រជាជនយើងគ្រប់រូបនោះប្រទេសយើងកាន់តែជឿនលឿន»។
ក្រឡេកមក បណ្ឌិត បេងហុង សុជាតិខេមរ៉ូ ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា និងអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់តម្លៃខ្ពស់ចំពោះការស្រាវជ្រាវបែបវិទ្យាសាស្រ្តផងដែរ។ ឯកឧត្តមបណ្ឌិតបានទទួលស្គាល់ថា សារប្រយោជន៍នៃការស្រាវជ្រាវគឺស្ថិតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សដែលជាការរៀបចំផែនការជារូបវ័ន្ត ដូច្នេះគ្មានការស្រាវជ្រាវ គ្មានទិន្នន័យ គេនឹងមិនអាចរៀបចំផែនការច្បាស់លាស់ និងអនុវត្តផែនការចំគោលដៅបានទេ។
«ប្រសិនបើគ្មានការស្រាវជ្រាវ គឺគ្មានការអភិវឌ្ឍដោយចរីភាព និងបរិយាប័ន្ននោះទេ»។ បណ្ឌិត បេងហុង សុជាតិខេមរ៉ូ បញ្ជាក់បន្ថែមពីការសិក្សាស្រាវជ្រាវជាស្នូលមួយសំខាន់ម្បងនៃការអនុវត្តការងារជាក់ស្តែងនៅលើគ្រប់វិស័យទាំងអស់។ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ថា អ្នកស្រាវជ្រាវគួរតែទទួលបានការលើកទឹកចិត្តជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងឱកាសកិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវនេះដែរ លោកស្រីបណ្ឌិត អេង នេត្រា នាយិកា នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានថ្លែងថា អ្នកស្រាវជ្រាវគួរតែត្រូវទទួលបានការបណ្តុះបណ្តាលធនធានសមត្ថភាពបន្ថែម ការកសាងសាងអគារហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និងធនធានហិរញ្ញវត្ថុផងដែរ ដើម្បីលើកស្ទួយការស្រាវជ្រាវឱ្យកាន់តែប្រសើរ។
ក្នុងនាមអ្នកស្រាវជ្រាវ ដែលមានបទពិសោធក្នុងការងាររយៈពេលជិត១០ឆ្នាំមកនេះ លោកស្រីបណ្ឌិតវិទ្យាសាស្រ្តមកពីប្រទេសអូស្ត្រាលីបានចាត់ទុកការស្រាវជ្រាវជាជម្រើសអាទិភាពមួយក្នុងដំណើរការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ។ លោកស្រីមើលឃើញថា បច្ចុប្បន្ន ធនធានមនុស្សផ្នែកការស្រាវជ្រាវរបស់ខ្មែរមានច្រើនគួរសម ធៀបនឹងរយៈពេល១០ឆ្នាំមុន ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការសិក្សាស្រាវជ្រាវផងដែរ។
ស្រដៀងនឹងទស្សនៈលោកស្រីបណ្ឌិត អេង នេត្រា ដែរ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានបង្ហាញការជឿជាក់ថា ដើម្បីលើកស្ទួយការស្រាវជ្រាវ អ្នកស្រាវជ្រាវគួរតែទទួលបានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងឧបករណ៍សម្ភារៈដែលបម្រើដល់ការងារគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ លោកបណ្ឌិតឯកទេសសេដ្ឋកិច្ចពីប្រទេសអូស្ត្រាលីរូបនេះបានក្រើនរម្លឹកពីវិជ្ជាជីវៈអ្នកស្រាវជ្រាវដែរ ដោយលោកបណ្ឌិតបានបញ្ជាក់ថា អ្នកស្រាវជ្រាវត្រូវមានក្រមសីលធម៌ និងបើកបេះដូងឱ្យទូលាយ ដើម្បីទទួលបានទិន្នន័យសុក្រឹតច្បាស់លាស់ដែលឈានវិភាគវាយតម្លៃ និងដាក់ផែនការអនុវត្តដោះស្រាយចំបញ្ហា។ ជាងនោះទៅទៀត ដើម្បីមានក្រមសីលធម៌ និងបើកបេះដូងឱ្យទូលាយបាន អ្នកស្រាវជ្រាវដែលមានសមត្ថភាពត្រូវមានគោល ការណ៍ចំនួន ៣ចំណុចរួមមាន៖ ១. ការតស៊ូទាំងកម្លាំងចិត្ត និងកម្លាំងកាយ។ ២. វិន័យ ឆន្ទៈ និងការងារលឿន និង៣. ត្រូវមានភាពបត់បែន និងវិធីសាស្រ្តដែលត្រូវតាមសភាពការណ៍ ទិន្នន័យ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សក្នុងការស្រាវជ្រាវរបស់ខ្លួន ហើយអ្នកស្រាវជ្រាវទាំងអស់ត្រូវតែចេះបើកបេះដូងរបស់ខ្លួនឱ្យបានទូលំទូលាយក្នុងការទទួលយកការរិះគន់ពីអ្នកដទៃ ដែលជាធាតុចូល ដើម្បីយកមកវិភាគវែកញែកពិចារណា រកដំណោះស្រាយ និងការដាក់ចេញគោលនយោបាយនានាឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវដែលរាជបណ្ឌិត្យសភាកម្ពុជារៀបចំឡើងមានគោលបំណងចម្បង៖ ១. ចង់បង្ហាញឱ្យឃើញពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវ ក្នុងការចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម ដោយប្រែក្លាយពីបញ្ហាទៅជាកាលានុវត្តន៍ថ្មីក្នុងការកសាង អភិវឌ្ឍន៍ខ្លួន និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព និងព្រមទាំងចូលរួមចំណែកក្នុងការបណ្តុះគំនិតឱ្យសិស្ស និស្សិត និងអ្នកសិក្សាទាំងឡាយនូវទស្សនៈវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់ពួកគេលើវិស័យសិក្សាស្រាវជ្រាវ និង២. ចែករំលែកចំណេះដឹងខាងការស្រាវជ្រាវជូនដល់សិស្ស និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនទូទៅបានដឹងពីអត្ថប្រយោជន៍នៃការស្រាវជ្រាវ៕
ក្នុងវេទិកាកិច្ចពិភាក្សាតុមូល ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ហើយមានការចូលរួមពីបណ្តាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗ បានធ្វើការជជែកពិភាក្សា និងបានកំណត់នូវអត្ថប្រយោជន៍នៃការស្រាវជ្រាវចំនួន៧ចំណុចគឺ៖
ទីមួយ៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការស្រាវជ្រាវមានភាពចំបាច់ណាស់ក្នុងការចូលរួមចំណែក ដើម្បីអភិវឌ្ឍសង្គម និងការស្រាវជ្រាវជាមូលដ្ឋានក្នុងការធ្វើឱ្យមានកំហុសឆ្គងកាន់តែតិច។ ការសិក្សាស្រាវជ្រាវ ដើម្បីពង្រីកនូវចំណេះដឹងឱ្យកាន់តែទូលំទូលាយ មានភាពសម្បូរបែប ដើម្បីវឌ្ឍនភាពនៃសង្គម។
ទីពីរ៖ បណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថាការស្រាវជ្រាវនៅប្រទេសដែលមានការអភិវឌ្ឍជឿនលឿនទាំងអស់នៅលើពិភពលោក គឺពឹងផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ព្រោះថាការស្រាវជ្រាវ គឺជាការស្រាវជ្រាវរុករកបញ្ហាអ្វីមួយឱ្យបានច្បាស់លាស់បែបវិទ្យាសាស្រ្ត។ អ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះបានបន្ថែមថា ដរាបណា សា្មរតីស្រាវជ្រាវត្រឹមត្រូវស្ថិតក្នុងសតិអារម្មណ៍ប្រជាជនយើងគ្រប់រូបនោះប្រទេសយើងកាន់តែជឿនលឿន។
ទីបី៖ លោកស្រីបណ្ឌិត អេង នេត្រា បានបញ្ជាក់យ៉ាងដូច្នេះថា ការស្រាវជ្រាវជាក់លាក់អាចឈានទៅរកការសម្រេចចិត្តបានប្រសើរ។ ក្នុងនាមអ្នកស្រាវជ្រាវ ដែលមានបទពិសោធក្នុងការងាររយៈពេលជិត១០ឆ្នាំមកនេះ បច្ចុប្បន្ន លោកស្រីបណ្ឌិត អេង នេត្រា ជានាយិកា នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចាត់ទុកការស្រាវជ្រាវជាជម្រើសអាទិភាពមួយក្នុងដំណើរការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ។ លោកស្រីមើលឃើញថា ធនធានមនុស្សផ្នែកការស្រាវជ្រាវរបស់ខ្មែរមានច្រើនគួរសម ធៀបនឹងរយៈពេល១០ឆ្នាំមុន ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការសិក្សាស្រាវជ្រាវផងដែរទាំងលើ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសាងអគារហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និងធនធានហិរញ្ញវត្ថុ។
ទីបួន៖ បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ការស្រាវជ្រាវ គឺជាការកំណត់អត្តសញ្ញាណ និងការរីកចំរើនរបស់សង្គម ព្រោះសង្គមដែលរីកចំរើនឥតឈប់ឈរគឺមិនអាចខ្វះបាននូវការស្រាវជ្រាវបានទេ»។ លើសពីនោះ លោកបណ្ឌិតនៅបានបន្តទៀតថា កន្លងមកសង្គមពុំសូវផ្តល់តម្លៃដល់ការស្រាវជ្រាវប៉ុន្មានទេ ម្យ៉ាងទៀតសូម្បីតែនៅតាមសាកលវិទ្យាល័យ ដែលជាកន្លែងសិក្សាស្រាវជ្រាវហើយក៏ដោយ ក៏ការស្រាវជ្រាវនៅមានកម្រិតផងដែរ។
ទីប្រាំ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបង្ហាញថា «កាលណាយើងមានការស្រាវជ្រាវ វាជាឧបករណ៍សំខាន់មួយសម្រាប់ចំណេះដឹង សម្រាប់ការសិក្សារបស់យើង ការសិក្សាដែលគ្មានការស្រាវជ្រាវ គឺជាការសិក្សាដែលត្រឹមតែសូត្រតាមទ្រឹស្តីរបស់គេ ដោយគ្មានការពិចារណ៍ គ្មានការវិភាគ ដែលធ្វើឱ្យគំនិតរបស់យើងគ្រាន់តែជាធុងសំរាមនៃចំណេះដឹងរបស់អ្នកដទៃ ហើយគ្មានអ្វីថ្មីនោះទេ។» លោកបណ្ឌិត នៅបន្ថែមទៀតថា ការខ្វះការស្រាវជ្រាវ នឹងធ្វើឱ្យយើងមិនអាចបែងចែងនូវអ្វីដែលជាការពិត និងអ្វីដែលមិនពិត។ ព្រោះថាសព្វថ្ងៃនោះ មានព័ត៌មានជាច្រើន ដែលគេផ្សព្វផ្សាយតាមបណ្តាញសង្គមនានា បើយើងខ្វះការស្រាវជ្រាវ នោះយើងប្រាកដជាមិនអាចញែកបាននូវអ្វីដែលជាការព័ត៌មានពិត។ ឬការស្រាវស្រាវជ្រាវរួមចំណែកក្នុងការអភិវឌ្ឍ និងការកែទម្រង់។
ទីប្រាំមួយ៖ បណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានបង្ហាញថា ការស្រាវជ្រាវត្រូវមានក្រមសីលធម៌ និងបើកបេះដូងឱ្យទូលាយ ដើម្បីទទួលបានទិន្នន័យសុក្រឹតច្បាស់លាស់ដែលឈានវិភាគវាយតម្លៃ និងដាក់ផែនការអនុវត្តដោះស្រាយចំបញ្ហា។ ជាងនោះទៅទៀត ដើម្បីមានក្រមសីលធម៌ និងបើកបេះដូងឱ្យទូលាយបាន អ្នកស្រាវជ្រាវដែលមានសមត្ថភាពត្រូវមានគោលការណ៍ចំនួន ៣ចំណុចរួមមាន៖ ១. ការតស៊ូទាំងកម្លាំងចិត្ត និងកម្លាំងកាយ។ ២. វិន័យ ឆន្ទៈ និងការងារលឿន និង៣. ត្រូវមានភាពបត់បែន និងវិធីសាស្រ្តដែលត្រូវតាមសភាពការណ៍ ទិន្នន័យ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សក្នុងការស្រាវជ្រាវរបស់ខ្លួន ហើយអ្នកស្រាវជ្រាវទាំងអស់ត្រូវតែចេះបើកបេះដូងរបស់ខ្លួនឱ្យបានទូលំទូលាយក្នុងការទទួលយកការរិះគន់ពីអ្នកដទៃ ដែលជាធាតុចូល ដើម្បីយកមកវិភាគវែកញែកពិចារណា រកដំណោះស្រាយ និងការដាក់ចេញគោលនយោបាយនានាឱ្យកាន់តែប្រសើរឡើង។
ទីប្រាំពីរ៖ បណ្ឌិត បេងហុង សុជាតិខេមរ៉ូ ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា និងអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់តម្លៃខ្ពស់ចំពោះការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយលោកបណ្ឌិតបានលើកឡើងថា សារប្រយោជន៍នៃការស្រាវជ្រាវគឺស្ថិតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស «ប្រសិនបើគ្មានការស្រាវជ្រាវ គឺគ្មានការអភិវឌ្ឍដោយចរីភាពនោះទេ» ព្រោះការសិក្សាស្រាវជ្រាវជាស្នូលមួយសំខាន់ម្បងនៃការអនុវត្តការងារជាក់ស្តែងនៅលើគ្រប់វិស័យទាំងអស់។ ជាងនេះទៅទៀតលោកបណ្ឌិតបានសង្កត់ធ្ងន់ពីសារសំខាន់ការស្រាវជ្រាវ ថា ការស្រាវជ្រាវគឺជាការរៀបចំផែនការជារូបវ័ន្ត ដូច្នេះគ្មានការស្រាវជ្រាវ គ្មានទិន្នន័យ យើងមិនអាចរៀបចំផែនការច្បាស់លាស់ និងអនុវត្តផែនការចំគោលដៅបានទេ។
កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវដែលរាជបណ្ឌិត្យសភាកម្ពុជារៀបចំឡើងនោះគឺ ចង់បង្ហាញឱ្យឃើញពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវ ក្នុងការចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម ដោយប្រែក្លាយពីបញ្ហាទៅជាកាលានុវត្តន៍ថ្មីក្នុងការកសាង អភិវឌ្ឍន៍ខ្លួន និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព និងព្រមទាំងចូលរួមចំណែកក្នុងការបណ្តុះគំនិតឱ្យសិស្ស និស្សិត និងអ្នកសិក្សាទាំងឡាយនូវទស្សនៈវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់ពួកគេលើវិស័យសិក្សាស្រាវជ្រាវនេះ។ មួយវិញទៀតគឺ ដើម្បីចែករំលែកចំណេះដឹងខាងការស្រាវជ្រាវជូនដល់សិស្ស និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនទូទៅបានដឹងពីអត្ថប្រយោជន៍នៃការស្រាវជ្រាវ។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច» នេះជាប្រសាសន៍លើកឡើងដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងអនុសាសន៍បិទបញ្ចប់កិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការស្រាវជ្រាវ» នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលដែលមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត លោកស្រីបណ្ឌិត និងលោកបណ្ឌិត ដែលសុទ្ធសឹងជាអ្នកជំនាញនិងមានបទពិសោធខ្ពស់ក្នុងកិច្ចការងារស្រាវជ្រាវ និងដែលបានបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាតុមូលនាថ្ងៃនេះថា ជាឱកាសដ៏ល្អមួយដែលរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញវាគ្មិនល្បីៗ និងមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដើម្បីបង្ហាញអំពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវជូនដល់សាធារណជន ពិសេសអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងសិស្ស និងនិស្សិតដែលមានវត្តមានក្នុងកិច្ចពិភាក្សានេះ និងដែលបានតាមដានតាមការផ្សាយផ្ទាល់លើបណ្ដាញសង្គម។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងគាំទ្រចំពោះមតិល្អៗជាច្រើន ដែលត្រូវបានលើកឡើងដោយវាគ្មិនទាំង៤រូបនៅក្នុងបទបង្ហាញ និងការឆ្លើយតបទៅនឹងសំណួររបស់អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូលនាព្រឹកនេះ ហើយព្រមទាំងបានចូលរួមជាអនុសាសន៍ផងដែរថា «មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការសិក្សាស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច បើទោះបីជាក្នុងករណីដែលមានកំហុសឆ្គង តែវានឹងមិនក្លាយទៅជាការសោកស្ដាយនោះទេ»។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសរំឭកអំពីទស្សនវិជ្ជាសម្រាប់ការបំពេញភារកិច្ច ពិសេសកិច្ចការងារស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជាគឺ «ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ» ដែលរាល់គម្រោងស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែមានលទ្ធផលនិងមានតម្លៃសម្រាប់ជាការអនុវត្ត ដោយពុំមែនជាការលើកគម្រោងដើម្បីយកថវិកាមកចាយវាយនោះទេ។
ថ្លែងគូសបញ្ជាក់ពីភាពចាំបាច់នៃការស្រាវជ្រាវនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏រំឭកជាថ្មីម្ដងទៀត អំពីតួនាទី និងកាតព្វកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងនាមជាស្ថាប័នស្រាវជ្រាវ ដែលមានស្ថាប័នចំណុះ និងស្ថាប័នឧបសម្ព័ន្ធដែលបំពេញការងារលើវិស័យពាក់ព័ន្ធជាច្រើនក្នុងសង្គមថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា មិនត្រូវបំពេញការងារដូចមន្ត្រីធ្វើការងារនៅស្ថាប័នរដ្ឋបាលដទៃផ្សេង ដែលត្រឹមតែមកចុះហត្ថលេខា និងបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ ហើយបើកប្រាក់បៀវត្សរ៍នោះទេ ប៉ុន្តែត្រូវតែយកលទ្ធផល សមិទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនតាមជំនាញនិងការទទួលខុសត្រូវរបស់ខ្លួន ដែលជាស្នាដៃស្រាវជ្រាវមានលក្ខណៈវិទ្យាសាស្ត្រ មានមូលដ្ឋានទិន្នន័យត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងអាចយកទៅអនុវត្តបាន សម្រាប់ជាធាតុចូលផ្ដល់ជូនទៅកាន់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដល់អនុសាសន៍បន្ថែម ទៅលើការអប់រំបណ្ដុះបណ្ដាលនៅកម្រិតឧត្ដមសិក្សាបច្ចុប្បន្នតាមសាកលវិទ្យាល័យនានាថា « រាល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សូមកុំអនុវត្តនូវវិធីសាស្ត្រប្រឡងបញ្ចប់ការសិក្សា ត្រូវឱ្យនិស្សិតសរសេរសារណាបញ្ចប់ការសិក្សា ដោយពុំត្រូវផ្ដោតតែទៅលើបរិមាណនិស្សិតដែលត្រូវបានបណ្ដុះបណ្ដាលនោះទេ ត្រូវតែធ្វើការលើកទឹកចិត្តដល់និស្សិតធ្វើការសិក្សាស្រាវជ្រាវ ដើម្បីពង្រីកនូវចំណេះដឹងឱ្យកាន់តែទូលំទូលាយ មានភាពសម្បូរបែប ដើម្បីវឌ្ឍនភាពនៃសង្គមជាតិរបស់យើង»៕
RAC Media | លឹម សុវណ្ណរិទ្ធ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM