ព័ត៌មាន

ហេតុអ្វីមេដឹកនាំយោធានៃប្រទេសភូមាផ្ញើលិខិតសុំការណែនាំអំពីលទ្ធិប្រជាធិបតេយ្យពីនាយករដ្ឋមន្ត្រីថៃ?

នៅដើមឆ្នាំ ២០២១នេះ ប្រទេសភូមា ឬមីយ៉ាន់ម៉ា គឺជាប្រទេសមួយដែលមានភាពល្បីល្បាញ និងបានទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិ ដោយសារតែប្រទេសនេះមានរដ្ឋប្រហារមួយដែលបានទំលាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី និងសមាជិករដ្ឋមន្ត្រីដែលត្រៀមនឹងទទួលដំណែងថ្មី បន្ទាប់ពីបានឈ្នះការបោះឆ្នោតដោយបានទទួលសំលេងគាំទ្រដ៏ច្រើនលើសលុប។

មូលហេតុសំខាន់នៃការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសភូមានាពេលថ្មីៗនេះ គឺដោយសារតែថា្នក់ដឹកនាំយោធានៃប្រទេស​ភូមា បានចាត់ទុកថា ការបោះឆ្នោតកាលពីខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនោះ មានការកេងបន្លំសន្លឹកឆ្នោត ប៉ុន្តែគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅប្រទេសភូមាបានបដិសេធចំពោះការចោទប្រកាន់របស់របបយោធាភូមានោះ។

បន្ទាប់ពីការធ្វើរដ្ឋប្រហារទំលាក់ប្រធានាធិបតីជាប់ឆ្នោតរួចមក មេដឹកនាំពិភពលោកដែលប្រកាន់លទ្ធិប្រជាធិប្បតេយ្យ ដែលមានដូចជា សហរដ្ឋអាម៉េរិក កាណាដា និងបារាំងជាដើម សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសមេដឹក​នាំយោធានៃប្រទេសភូមា ជាពិសេស លោក មិន អ៊ុងឡាំង (Min Aung Hlaing)ដែលបានដឹកនាំការធ្វើរដ្ឋប្រហារ ប៉ុន្តែបណ្តាប្រទេសដែលជាសមាជិកអាស៊ាន មិនបានចេញសេចក្តីថ្លែងការណ៍ជាក់លាក់ចំពោះការធ្វើរដ្ឋប្រហារក្នុងប្រទេស​ភូមានោះទេ ដោយបានចាត់ទុកការធ្វើរដ្ឋប្រហារនោះ ថាជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសភូមា។

អង្គការសង្គមស៊ីវិលក្នុងប្រទេសដែលជាសមាជិករបស់អាស៊ាន ដែលរួមទាំងអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាផងនោះ បានចេញសេចក្តីគាំទ្រចំពោះលោកស្រីអ៊ុង សានស៊ូជី តាមរយៈការថតរូបជាមួយនឹងពាក្យថា We Stand With Myanmar (យើងនៅជាមួយប្រទេសភូមា)។

លោក មិន អ៊ុងឡាំង (Min Aung Hlaing) ដែលជាថា្នក់ដឹកនាំយោធានៃប្រទេសភូមា បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដើម្បីស្នើសុំការផ្តល់យោបល់អំពីលទ្ធិប្រជាធិប្បតេយ្យនៅក្នុងប្រទេសភូមា។ មានការបកស្រាយផ្សេងៗគ្នាចំពោះការផ្ញើលិខិតរបស់ថា្នក់ដឹកនាំយោធាភូមាទៅកាន់ថា្នក់ដឹកនាំនៃប្រទេសថៃ លោកប្រាយុទ្ធ ចាន់អ៊ូចា ដោយសារតែលោក គឺជាអតីតមេដឹកនាំយោធាដែលបានដឹកនាំការធ្វើរដ្ឋប្រហារទំលាក់លោកស្រី យ៊ីង ឡាក់ ដែលជាប្អូនស្រីរបស់លោក ថាក់ ស៊ីន ដែលបានទទួលការគាំទ្រជាច្រើនអំពីសំណាក់ពលរដ្ឋថៃ។

យើងអាចសួរថា ហេតុអ្វីមេដឹកនាំយោធានៃប្រទេសភូមាផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីថៃដើម្បីសុំការផ្តល់យោបល់អំពីលទ្ធិប្រជាធិប្បតេយ្យ ព្រោះថាលោកនាយករដ្ឋមន្ត្រថៃខ្លួនឯងក៏ធ្លាប់បានដឹកនាំការធ្វើរដ្ឋប្រហារទំលាក់រដ្ឋាភិបាលជាប់ឆ្នោតដែរនោះ?

មូលហេតុដែលមេដឹកនាំយោធានៃប្រទេសភូមា ផ្ញើលិខិតទៅកាន់ថា្នក់ដឹកនាំនៃប្រទេសថៃនោះ បើទោះបីជាការសរសេរក្នុងលិខិតជាផ្លូវការ ថាមានចេតនាចង់សិក្សារៀនសូត្រ ឬចង់បានការណែនាំអំពីនាយករដ្ឋមន្ត្រីថៃក៏ដោយចុះ ប៉ុន្តែសេចក្តីពិតនោះ គឺថាថា្នក់ដឹកនាំយោធានៃប្រទេសភូមា ចង់ទាក់ទាញការចាប់អារម្មណ៍របស់មេដឹកនាំពិភពលោក ដែលបានចេញសេចក្តីថ្កោលទោសលោក ដោយលោកចង់បញ្ជាក់ថា មិនមែនមានតែលោកម្នាក់ទេ ដែលដឹកនាំការធ្វើរដ្ឋប្រហារនោះ តែសូម្បីលោកនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដែលជាប្រទេសជិតខាងនឹងប្រទេសភូមានោះ ក៏ធ្លាប់បានដឹកនាំការធ្វើរដ្ឋប្រហារដែរ។

លោកប្រាយុទ្ធ ចាន់អ៊ូចា បានកាន់ដំណែងថា្នក់ដឹកនាំនៃប្រទេសថៃ ដោយពាក់ឯកសណ្ឋានយោធារយៈពេលមួយឆ្នាំ ហើយក្រោយមកលោកបានលាលែងអំពីយោធា និងបានចូលឈរឈ្នោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ ហើយលោកបានឈ្នះការបោះឆ្នោត និងបានកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃរហូតមកដល់ពេលនេះ។

មូលហេតុសំខាន់មួយទៀតដែលមេដឹកនាំនៃប្រទេសភូមាផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រីថៃនោះ គឺលោកចង់បញ្ជា្កក់ថា ពេលវេលានឹងបន្សាបនូវការថ្កោសទោសទាំងឡាយ ដែលមេដឹកនាំពិភពបានធ្វើចំពោះថា្នក់ដឹកនាំយោធានៃប្រទេសភូមា ព្រោះថា នៅពេលដែលមានការធ្វើរដ្ឋប្រហារថ្មីៗក្នុងប្រទេសថៃនោះ ពិភពលោកក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដែរ ប៉ុន្តែក្រោយមក ពិភពលោកបានទទួលយកព្រឹត្តិការនោះដោយស្ងប់ស្ងាត់ ឬពិភពលោកមិនបានយកចិត្តទុកដាក់អ្វីបន្ថែមទៀតទេចំពោះស្ថានការណ៍ដែលមានក្នុងប្រទេសថៃ ដោយសារតែប្រទេសថៃ គឺជាជង្រុកនៃពាណិជ្ជកម្មធំៗរបស់ប្រទេសមហាអំណាច ហើយប្រទេសថៃក៏អាចរក្សាសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសដោយខ្លួនឯងផងដែរ។

យូរៗម្តង គេឃើញមានអង្គការសិទ្ធិមនុស្សអន្តរជាតិចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសថៃ ប៉ុន្តែសេចក្តីថ្លែងការ គ្រាន់តែជាការសំដែងការព្រួយបារម្ភ ឬគ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះ មិនមានការប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចណាមួយចំពោះរដ្ឋាភិបាលថៃនោះទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលនៃប្រទេសដែលប្រកាន់លទ្ធិប្រជាធិប្បតេយ្យមួយចំនួនបានចាត់ទុកថា ប្រទេសថៃមានស្ថានភាពសិទ្ធិមនុស្សល្អប្រសើរ ហើយនឹងពង្រីកចំណង​ការទូតបន្ថែមជាមួយនឹងប្រទេសថៃទៀតផង។ ឧទាហរណ៍ជាក់ស្តែង ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេស​ស៊ុយអែតក្នុងការដកស្ថានទូតរបស់ខ្លួនចេញពីប្រទេសកម្ពុជា ហើយនឹងពង្រឹងបន្ថែមទៀត នៅក្នុងប្រទេសថៃ។

ស្ថានការណ៍នៅក្នុងប្រទេសភូមា ក៏នឹងមិនខុសគ្នាអំពីអ្វីដែលបានកើតមាននៅក្នុងប្រទេសថៃដែរ ព្រោះថាពេលវេលាកន្លងទៅ នឹងបន្សាបចោល ឬនឹងបំភ្លេចចោលនូវរឿងរ៉ាវដែលបានកើតមាននៅពេលនេះ ហើយពិភពលោកនឹង​ផ្តោតការយកចិត្តទុកដាក់ថ្មីទៀតចំពោះបញ្ហាដែលកើតមាននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ជាពិសេស បញ្ហានៅសមុទ្រចិនខាងត្បូង នៅតែជាបញ្ហាចម្បងសម្រាប់សហរដ្ឋអាម៉េរិក ដែលត្រូវយកចិត្តទុកដាក់ខ្លាំង។ សហរដ្ឋអាម៉េរិកមិនចង់ឱ្យប្រទេសដែលជាសមាជិកអាស៊ានផ្សេងទៀត មានភាពស្និទ្ធស្នាលបន្ថែមកាន់តែខ្លាំងជាមួយនឹងប្រទេសចិននោះទេ ហើយបណ្តាប្រទេសនៅក្នុងសហគមអាស៊ាន ដែលមានទំនាស់ជាមួយនឹងប្រទេសចិននោះ ក៏មិនចង់ឱ្យសមាជិកនៅក្នុងក្រុមរបស់ខ្លួនមួយទៀត កាន់តែមានភាពស្និទ្ធស្នាលជាមួយចិននោះដែរ ព្រោះថាកាលពីពេលកន្លងមក សមាជិកអាស៊ាន បានចាត់ទុកថា ប្រទេសឡាវ និងប្រទេសកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធខ្លាំងពេកជាមួយ​នឹងប្រទេសចិន និងបានចោទប្រកាន់ប្រកាន់ប្រទេសកម្ពុជា និងឡាវ ថាកាន់ជើងចិន ដោយមិនបានកាន់ជើងអាស៊ានគ្នាឯងនោះទេ។

គ្រាន់តែប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយប្រទេសចិន បានបង្កការលំបាកក្នុងការសម្រេចចិត្តរបស់អាស៊ានទៅហើយ ចុះបើសិនជាប្រទេសភូមា ក្រោមការដឹកនាំរបស់យោធា កាន់តែបន្ថែមទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសចិនទៀតនោះ អាស៊ាននឹងបន្ថែមបញ្ហាផ្សេងទៀត ដែលធ្វើឱ្យប្រទេសដែលមានទំនាស់ជាមួយនឹងប្រទេសចិន កាន់តែមានការព្រួយបារម្ភខ្លាំងឡើងៗ។

សរុបជារួម ថ្នាក់ដឹកយោធានៃប្រទេសភូមា មិនមានចេតនាមែនទែនក្នុងការរៀនសូត្រអំពីប្រទេសថៃនោះទេ ប៉ុន្តែគ្រាន់តែចង់រំលឹកពិភពលោកថា មិនមែនមានតែខ្លួនម្នាក់ដែលបានដឹកនាំការធ្វើរដ្ឋប្រហារនោះទេ នាយករដ្ឋមន្ត្រីនៃប្រទេសថៃ ក៏ធ្លាប់បានដឹកនាំការធ្វើរដ្ឋប្រហារដែរ ហេតុអ្វីមិននាំគ្នាថ្កោលទោសផងទៅ។

..............................

(បណ្ឌិត ស៊ឺន សម គឺជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ រាល់មតិយោបល់ដែលមាននៅក្នុងអត្ថបទនេះ គឺជាការយល់ឃើញផ្ទាល់របស់អ្នកនិពន្ធ ហើយមិនបានឆ្លុះបញ្ចាំងការយល់ឃើញជារួមរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)


2021-02-12 14:08:29   ថ្ងៃសុក្រ, 12 កុម្ភៈ 2021 ម៉ោង 09:08 PM
ចំណោទបញ្ហា ដោយ៖បណ្ឌិត ព្រុំ ទេវី, អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media


2021-02-12 09:07:54   ថ្ងៃសុក្រ, 12 កុម្ភៈ 2021 ម៉ោង 04:07 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់អគារខេមរវិទូ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យតុល្យការដំណើរការសាងសង់អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានកម្ពស់ចំនួន៤ជាន់ស្ថិតលើក្រឡាផ្ទៃទំហំសរុប ១៦ ១១៨ម៉ែត្រការ៉េសរុប។ អគារខេមរវិទូជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសាងសង់សម្រេចបានលទ្ធផលជាង ៨០ភាគរយ។

សំណង់អគារនេះបានរៀបចំគូរ និងរចនាឡើងដោយក្រុម ស្ថាបត្យករ និងវិស្វករ ដោយយកលំនាំតាមរចនាបថខ្មែរបែបទំនើបទាន់សម័យ ព្រមទាំងបានបង្កប់នូវមូលដ្ឋាននៃ ឧត្តមភាពស្ថាបត្យកម្ម (Concept of Architect)សំខាន់ៗក្នុងសំណង់អគារសំណង់អគារខេមរវិទូ ត្រូវបានរចនាឡើងដោយក្រុមស្ថាបត្យករ និងវិស្វករ ដោយយកលំនាំតាមរចនាបទខ្មែរបែបទំនើប ដោយបង្កប់នូវមូលដ្ឋាននៃឧត្តមភាពស្ថាបត្យកម្មសំខាន់ៗ និងទស្សនវិជ្ជា។

ស្ថាបត្យកម្មអគារខេមរវិទូ បានប្រតិស្ថឡើងក្រោមស្មារតីនៃដួងព្រលឹងរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយផ្តើមចេញពីការកំណត់មាត្រដ្ឋានដែលមាន៧ខ្នាតសម្រាប់គណនារាល់ប្រវែង និងសមាមាត្រគ្រប់បែបយ៉ាងនៃសំណង់នេះ។ លេខ៧ នេះ សម្រាប់ឧទ្ទិសថ្វាយចំពោះព្រះបាទជ័យវរ្ម័នទៅ៧ ហើយក៏សម្រាប់អរិយទ្រព្យទាំង៧ និងសញ្ញាខន្ធទាំង៧នៅក្នុងព្រះពុទ្ធសាសនា។

ប្លង់អគារមានរាងចតុកោណកែង ត្រូវបានប្រើប្រាស់ខ្យល់ និងពន្លឺធម្មជាតិ តាមរយៈការបើកលំហរួម និងមានការកំណត់នូវលំហរួមតាមវិទ្យាស្ថាន និងមានច្រកចេញចូលព្រមទាំងជណ្តើរជើង និងជណ្តើរយន្តគ្រប់ជាន់។ បច្ចេកទេសវិស្វកម្ម សាងសង់ឡើងដោយច្របាច់ដោយមានប្រព័ន្ធទឹកភ្លើង និងប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ដោយប្រើប្រាស់បច្ចេកទេសថ្មីនិងមានប្រសិទ្ធភាពបំផុត។

គួរបញ្ជាក់ថា អគារខេមរវិទូត្រូវបានចុះក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ អគារនេះនឹងក្លាយទៅជាទីកន្លែងដ៏ពិសិដ្ឋសម្រាប់មន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកស្រាវជ្រាវទំាងឡាយក្នុងការបង្កើនស្នាដៃនៃការស្រាវជ្រាវវិទ្យាសាស្រ្តសម្រាប់បម្រើជាប្រយោជន៍ដល់សង្គមជាតិកម្ពុជា និងប្រជាជាតិនានាលើសកលលោក៕

RAC Media

2021-02-10 13:38:34   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 08:38 PM
នយោបាយការបរទេសចិនក្នុងបញ្ហាមីយ៉ាន់ម៉ា ដោយ៖ ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិន

RAC Media

ប្រភព៖ វិទ្យាស្ថានសិក្សាចិន


2021-02-10 07:51:47   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 02:51 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត បច្ចេកសព្ទរបស់គណៈកម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន៤ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

RAC Media

ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ


2021-02-10 03:34:12   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 10:34 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុញ្ញាតឱ្យតំណាងស្ថានទូតចិនចូលជួបពិភាក្សាការងារ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឱ្យលោក Wang Dexin ប្រធានការិយាល័យនយោបាយស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបពិភាក្សាការងារ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរួមគ្នាលើការបណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្រ្តឱ្យកាន់តែប្រសើរឡើងទៅថ្ងៃអនាគត។

ពីបន្ទប់ប្រជុំស្លឹករឹត អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់លោក Wang Dexinថា រាជបណ្ឌិត្យសភាកម្ពុជាជាស្ថាប័នបណ្តុះបណ្តាលនិងស្រាវជ្រាវជាន់ខ្ពស់របស់ជាតិខ្មែរដែលមានបេកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ក្នុងឱកាសនេះ, ក្នុងនាមជាថ្នាក់ដឹកនាំស្ថាប័នធនាគារខួរក្បាលជាតិខ្មែរ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជជែកពិភាក្សាជាមួយលោក Wang Dexin ប្រធានការិយាល័យនយោបាយស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាលើការងារជំរុញការបណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់ ការបណ្តុះបណ្តាលភាសាខ្មែរ និងភាសាចិន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបដិសណ្ឋារកិច្ចនានាដែលបំពេញឱ្យវិស័យទេសចរណ៍នៅកម្ពុជា ក្រោយបញ្ចប់ការរីករាលដាលជំងឺកូវីដ ១៩ (COVID-19)។

ក្នុងជំនួបពិភាក្សាការងារនេះ, ទិសដៅបណ្តុះបណ្តាលនិងស្រាវជ្រាវជាអាទិភាពចម្បងៗចំនួន៥ចំណុចត្រូវបានលើកយកមកពិភាក្សារួមមានដូចខាងក្រោម៖

១. ការបណ្តុះបណ្តាលគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា

២. សិក្សាលទ្ធភាពសហការរៀបចំការតាំងពិព៌ណម្ហូបអាហាររវាងប្រទេសទាំង២ កម្ពុជា-ចិន

៣. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅរាជបណ្ឌិត្យសភាកម្ពុជា

៤. ការជំរុញដំណើរការមជ្ឈមណ្ឌល China ready centre នៅរាជបណ្ឌិត្យសភាកម្ពុជា និង៥. សិក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងស្ថានទូតចិនប្រចាំកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media | រឿន ភារុន

2021-02-09 06:18:28   ថ្ងៃអង្គារ, 09 កុម្ភៈ 2021 ម៉ោង 01:18 PM
អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ៖ នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន» នេះជាការគូសបញ្ជាក់របស់អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិមួយរូប ដែលបានថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អ្វីទៅដែលពិភពលោកទទួលបានពីនយោបាយថ្មីរបស់អាម៉េរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន?» ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងបទអន្តរាគមន៍លើប្រធានបទស្ដីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក ក្នុងរដ្ឋបាលដឹកនាំរបស់លោក ចូ បៃដិន លោក ប៉ែន បូណា បានលើកឡើងបញ្ជាក់អំពីវប្បធម៌នយោបាយរបស់លោកខាងលិច និងសហរដ្ឋអាម៉េរិក ដែលជានិច្ចកាលបានអះអាងថាប្រជាធិបតេយ្យ និងសិទ្ធិ គឺជាគុណតម្លៃស្នូលនៃទំនាក់ទំនងនយោបាយការបរទេសរបស់ខ្លួន ប៉ុន្តែ លោកបានគូសបញ្ជាក់ថា «នយោបាយដាក់គំនាបទៅលើប្រទេសផ្សេងៗ ពិសេសប្រទេសតូចៗរបស់សហរដ្ឋអាម៉េរិកនិងអឺរ៉ុប ត្រូវបានអ្នកវិភាគជាច្រើនសន្និដ្ឋានថា គឺជានយោបាយមួយដែលខាតបង់ ហើយជាចលករមួយដែលផ្ដល់ផលចំណេញដល់ចិន»។

ក្រៅតែពីការសន្និដ្ឋានយ៉ាងដូច្នេះរបស់អ្នកវិភាគជាច្រើន ប៉ែន បូណា បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា សូម្បីតែក្រុមការងារ South East Asia Task force របស់សហរដ្ឋអាម៉េរិក ក៏បានវិភាគយ៉ាងស៊ីជម្រៅផងដែរ នូវការខាតបង់និងការចំណេញរបស់សហរដ្ឋអាម៉េរិក នៅពេលដាក់ទណ្ឌកម្មនិងគំនាបទៅលើបណ្ដាប្រទេសនានា ពិសេសនៅអាស៊ាន ដែលក្រុមការងារនេះបានអះអាងថា សហរដ្ឋអាម៉េរិកគួរតែប្រើប្រាស់របៀបធ្វើការមួយដែលមានប្រសិទ្ធភាព ជាជាងការដាក់គំនាប និងទណ្ឌកម្ម។

សម្រាប់ករណីប្រទេសកម្ពុជា លោក ប៉ែន បូណា បានលើកឡើងនូវឱកាស និងការប្រឈមដែលប្រទេសតូចមួយនេះ នឹងពើបប្រទះក្នុងដំណាក់កាលប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាម៉េរិកថា៖ «ក្នុងពេលដែលមហាអំណាចថ្មីកំពុងតែងើបឡើង ដែលត្រូវការការគាំទ្រពីប្រទេសតូចៗ កម្ពុជាអាចមានឱកាសទាញប្រយោជន៍ច្រើនពីមហាអំណាច ក្នុងករណីដែលមហាអំណាចបានប្ដូរពីការអនុវត្តការដាក់សម្ពាធឬគំនាប មកជាការយកចិត្តប្រទេសតូចៗ ប៉ុន្តែប្រសិនបើមហាអំណាចនៅតែបន្តបោះដុំថ្មក្ដៅមក នោះកម្ពុជានឹងជួបបញ្ហា ដូចជាករណីការចោទប្រទេសកម្ពុជាអំពីមូលដ្ឋានយោធាចិនជាដើម»។

គួរបញ្ជាក់ថា ហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅតែត្រូវបានបណ្ដាប្រទេសលោកខាងលិច និងសហរដ្ឋអាម៉េរិកលើកមកធ្វើជាប្រធានបទរិះគន់ និងដាក់សម្ពាធលើបណ្ដាប្រទេសតូចៗដូចជាប្រទេសកម្ពុជាជាដើម។ ទោះជាយ៉ាងនេះក្ដី អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិរូបនេះ បានអះអាងថា «ប្រជាធិបតេយ្យមានសារៈសំខាន់ណាស់ដែលកម្ពុជាត្រូវតែនាំគ្នាកសាង ប៉ុន្តែប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មិនអាចត្រូវចម្លងទាំងស្រុងពីប្រទេសលោកខាងលិចមកដាក់នៅប្រទេសកម្ពុជាកម្ពុជាបាននោះទេ»។

បើតាមលោក ប៉ែន បូណា គុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់លោកខាងលិច គឺមានមូលដ្ឋានសេរីភាព ប៉ុន្តែគុណតម្លៃរបស់អាស៊ីគឺ លើវិន័យ និងសណ្ដាប់ធ្នាប់ ដូច្នេះហើយ កម្ពុជាត្រូវកសាងប្រជាធិបតេយ្យដោយផ្អែកលើគុណតម្លៃផ្ទាល់ខ្លួន គឺត្រូវដាំប្រជាធិបតេយ្យនៅកម្ពុជា ត្រូវតែកសាងឡើងនៅក្នុងថ្នាលរបស់ខ្មែរ នៅលើដីរបស់ខ្មែរ អាកាសធាតុរបស់ខ្មែរ ពូជខ្មែរ ជីរខ្មែរ ទឹកខ្មែរ ទើបយើងអាចកសាងប្រជាធិបតេយ្យមួយដែលមានតម្លៃ ហើយកម្ពុជាអាចកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមរបៀបខ្មែរ ដោយខ្មែរមានមូលដ្ឋានគ្រឹះរឹងមាំណាស់។ បើសិនជាក្រឡេកមើលប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាមានវប្បធម៌ទទួលពីឥណ្ឌា ប៉ុន្តែយើងមើលឱ្យច្បាស់ ខ្មែរមិនមានអ្វីដែលដូចឥណ្ឌាទេ ដោយសារបុព្វបុរសខ្មែរ បានយកអ្វីដែលចម្លងពីឥណ្ឌាកែច្នៃឱ្យទៅជាអ្វីរបស់ខ្លួនឯង ហេតុនេះហើយកម្ពុជាក៏អាចកសាងបានក្នុងក្របខណ្ឌប្រជាធិបតេយ្យកម្ពុជា ដោយមិនត្រូវរំពឹងថាយកម៉ែត្រប្រជាធិបតេយ្យរបស់លោកខាងលិចមកវាស់ប្រជាធិបតេយ្យរបស់ខ្មែរនោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2021-02-09 04:35:12   ថ្ងៃអង្គារ, 09 កុម្ភៈ 2021 ម៉ោង 11:35 AM
លោក ប៉ែន បូណា៖ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិតជាគុណតម្លៃរបស់លោកខាងលិចដែរឬទេ?

(រាជបណ្ឌិត្យសភាកម្ពុជា)៖ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកទូរទស្សន៍ PNN ព្រមទាំងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អ្វីទៅដែលពិភពលោកទទួលបានពីនយោបាយថ្មីរបស់អាម៉េរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន?» បានថ្លែងលើកជាសំណួរសម្រាប់ជាការពិចារណាថា តើប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិតជាគុណតម្លៃរបស់លោកខាងលិចដែរឬទេ?

ជាការថ្លែងចាប់ផ្ដើមនៃបទអន្តរាគមន៍ លោក ប៉ែន បូណា បានលើកឡើងនូវទ្រឹស្ដីទំនាក់ទំនងអន្តរជាតិថា «ផ្អែកលើអភិក្រមនៃទំនាក់ទំនងអន្តរជាតិ គេនឹងមិនមានភាពចម្លែកទេ ព្រោះទំនាក់ទំនងអន្តរជាតិ អ្វីដែលសំខាន់គឺផលប្រយោជន៍។ ផលប្រយោជន៍គឺជាកត្តាកំណត់នៃទំនាក់ទំនងល្អ មធ្យម ឬរកាំរកូស»។ លោកបានគូសរំឭកអំពីប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលកម្ពុជាមិនមែនជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច ល្អូកល្អឺនជាមួយគ្នាទេ គឺជាចំណងការទូតធម្មតា ប៉ុន្តែភាគច្រើនពោរពេញទៅដោយភាពរកាំរកូស គឺលើកលែងតែនៅក្នុងរបបសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧០-១៩៧៥ ដែលមានការគាំទ្រដោយសហរដ្ឋអាម៉េរិកតែប៉ុណ្ណោះ។

ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកទូរទស្សន៍ PNN ព្រមទាំងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិរូបនេះ បានបកស្រាយនូវហេតុផលដែលជាបច្ច័យនាំឱ្យទំនាក់ទំនងកម្ពុជា-អាម៉េរិក មិនដែលមានប្រវត្តិជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច ឬក៏ទំនាក់ទំនងល្អូកល្អឺននឹងគ្នាថា កម្ពុជាជាប្រទេសមួយតូច ហើយមិនមានផលប្រយោជន៍ធំដុំសម្រាប់សហរដ្ឋអាម៉េរិកទេ ដូច្នេះហើយ ក្នុងក្រសែភ្នែកសហរដ្ឋអាម៉េរិក ពុំមើលឃើញប្រទេសកម្ពុជានោះទេ។ លោកបានបន្តថា «គ្មានផលប្រយោជន៍ គ្មានទំនាក់ទំនងល្អ គ្មានជំនួយ ហើយបើមានជំនួយតិចតួច គឺចងភ្ជាប់ទៅដោយលក្ខខណ្ឌស្មុគស្មាញ ហើយជាពិសេសគឺប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។

ឆ្លើយតបទៅនឹងការបកស្រាយរបស់វាគ្មិនមុន ដែលបានបកស្រាយថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺជាគុណតម្លៃរបស់លោកខាងលិច ដែលតាំងនាមជាអ្នកជើងឯកខាងគុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស លោក ប៉ែន បូណា បាន ចោទជាសំណួរថា «តើប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិតជាស្នូលនៃទំនាក់ទំនងនយោបាយការបរទេសរបស់លោកខាងលិចដែរឬទេ?» ចម្លើយគឺមិនមែនទេ។ វាគ្មិនរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្រោមផលប្រយោជន៍។ លោកបានលើកឧទាហរណ៍ថា «នៅក្នុងតំបន់យើងនេះ ប្រទេសជិតខាងដែលជាឧទាហរណ៍ស្រាប់ ជាមួយនឹងប្រទេសវៀតណាម គឺសហរដ្ឋអាម៉េរិក ក៏ដូចជាសហភាពអឺរ៉ុបបានចងសម្ព័ន្ធភាព ចុះហត្ថលេខាជាមួយគ្នា ដើម្បីរកស៊ីពាណិជ្ជកម្មសេរី ដោយពួកគេមិនបាននិយាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែជាមួយប្រទេសតូចតាចដែលមិនសូវមានប្រយោជន៍ដូចជាកម្ពុជា ដូចជាឡាវ ឬភូមាជាដើម គេចងភ្ជាប់លក្ខខណ្ឌច្រើន គឺប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។

ត្រង់ចំណុចនេះ លោក ប៉ែន បូណា បានអះអាងថា ការថ្លែងរបស់លោកបែបនេះ គឺមិនមែនចង់រិះគន់ ឬទោមនស្ស ឬក៏ទោម្នេញជាមួយនឹងប្រទេសជិតខាងកម្ពុជានោះទេ ដោយលោកគ្រាន់តែចង់និយាយ និងវិភាគដើម្បីគ្រាន់តែជាការយល់ដឹងប៉ុណ្ណោះ ព្រោះនៅពេលដែលយើងបានដឹង យើងនឹងអស់ចម្ងល់ហើយថា តើហេតុអ្វីបានជាកម្ពុជាចេះតែមានភាពរកាំរកូសជាមួយសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបនាពេលកន្លងមក។ បើតាមលោក ប៉ែន បូណា នៅក្នុងទំនាក់ទំនងអន្តរជាតិ គឺឈរនៅលើផលប្រយោជន៍ជាធំ ដែលនេះហើយគឺជាហេតុផលដែលកម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាកាន់តែល្អជាលំដាប់ ដោយសារតែចិនផ្ដល់ផលប្រយោជន៍ច្រើនសម្រាប់កម្ពុជា ហើយករណីដូចគ្នានេះ ក៏កើតមានឡើងនៅតំបន់ផ្សេងទៀត ក៏ដូចជាអឺរ៉ុប ដែលទៅរកស៊ីជាមួយចិន ក៏ជាផ្នែកមួយនៃផលប្រយោជន៍ផងដែរ។

លោក ប៉ែន បូណា ក៏បានលើកឧទាហរណ៍មួយទៀត ដែលនៅប្រទេសរុស្ស៊ីមានករណីចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ក៏មានការដាក់គំនាបទៅលើសហភាពអឺរ៉ុបឱ្យកាត់ផ្ដាច់ពាណិជ្ជកម្មជាមួយនឹងរុស្ស៊ីក្នុងការតភ្ជាប់បំពុងឧស្ម័នចូលទៅក្នុងអឺរ៉ុប ត្រូវបានអាល្លឺម៉ង់បដិសេធ ដោយមេដឹកនាំអាល្លឺម៉ង់បានអះអាងថា រឿងនេះជារឿងនយោបាយ ហើយរឿងរកស៊ីនិងពាណិជ្ជកម្ម ជារឿងពីរដាច់ដោយឡែកពីគ្នា។

ហេតុដូច្នេះហើយ តាមប្រសាសន៍លោក ប៉ែន បូណា នៅពេលដែលមានផលប្រយោជន៍ អ្វីៗត្រូវបែងចែកដាច់ពីគ្នា៖ «ប៉ុន្តែប្រសិនបើគ្មានប្រយោជន៍នោះទេ នៅពេលដែលគេផ្ដល់ជំនួយឬផ្ដល់អ្វីឱ្យបន្តិចបន្តួច គឺសុទ្ធតែចងភ្ជាប់ដោយលក្ខខណ្ឌស្មុគស្មាញ»។ ជាចុងក្រោយ លោក ប៉ែន បូណា ក៏បានធ្វើការសន្និដ្ឋានទៅលើទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកថា «ពីពេលនេះ ទៅ៤ឆ្នាំទៀត មិនមានអ្វីផ្លាស់ប្ដូរធំដុំនោះទេ ប៉ុន្តែវាក៏អាចនឹងប្រែប្រួលផងដែរ ដោយនយោបាយដាក់គំនាបទៅលើប្រទេសផ្សេងៗ ពិសេសប្រទេសតូចៗរបស់សហរដ្ឋអាម៉េរិកនិងអឺរ៉ុប ត្រូវបានអ្នកវិភាគជាច្រើនសន្និដ្ឋានថា គឺជានយោបាយមួយដែលខាត ហើយជាចលករមួយដែលផ្ដល់ផលចំណេញដល់ចិន»៕

RAC Media | លឹម សុវណ្ណរិទ្ធ

2021-02-08 11:15:27   ថ្ងៃចន្ទ, 08 កុម្ភៈ 2021 ម៉ោង 06:15 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ «អាម៉េរិកជាចម្បង ឬ America First» មិនមែនទើបតែអនុវត្តដោយលោក ដូណាល់ ត្រាំ នោះទេ តែទ្រឹស្ដីរបៀបនេះ ធ្លាប់ត្រូវបានរុស្ស៊ីអនុវត្តរួចទៅហើយនៅក្នុងសម័យសហភាពសូវៀត

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អ្វីទៅដែលពិភពលោកនឹងទទួលបានពីនយោបាយថ្មីរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំឬបស់លោក ចូ បៃដិន?» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា បានលោកឡើងថា «គោលនយោបាយអាម៉េរិកជាចម្បង ឬ America First» មិនមែនទើបតែអនុវត្តដោយលោក ដូណាល់ ត្រាំ នោះទេ តែទ្រឹស្ដីដូចគ្នានេះ ធ្លាប់ត្រូវបានរុស្ស៊ីអនុវត្តរួចទៅហើយនៅក្នុងសម័យសហភាពសូវៀត ដែលសាធារណរដ្ឋសហភាពសហព័ន្ធសូវៀតត្រូវបានដួលរលំដោយសារតែគិតរុស្ស៊ីជាធំ។

នៅក្នុងបទបង្ហាញនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា បញ្ហាប្រឈមដែលសហរដ្ឋអាម៉េរិកបានបែកបាក់ជាមួយនឹងសម្ព័ន្ធមិត្តក៏ដោយសារតែលោក ដូណាល់ ត្រាំ ដែលជាអ្នកសេដ្ឋកិច្ច បានដាក់ចេញនូវគោលនយោបាយអាម៉េរិកជាចម្បង(America First) ដោយមិនបានពិនិត្យមើលប្រវត្តិសាស្ត្រនៃការដួលរលំអតីតសហភាពសូវៀត។ ឯកឧត្ដមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា ការដែលគិតរុស្ស៊ីជាធំ ជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀតដែលនាំទៅដល់ការដួលរលំនៃសហភាពសូវៀត ដោយ មេដឹកនាំរុស្ស៊ីនាកាលណោះបានយល់ឃើញថា រុស្ស៊ីក្រដោយសារតែរុស្ស៊ីជួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងសហភាពសូវៀត ជាហេតុផលមួយក្នុងចំណោមហេតុផលដទៃទៀត ដែលឈានទៅដល់ការបំបែករដ្ឋដែលជាឧបសម្ព័ន្ធនៃសាធារណរដ្ឋសហភាពសហព័ន្ធសូវៀត។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា ដោយបានសម្លឹងឃើញពីបទពិសោធនៃឥរិយាបថរបស់រុស្ស៊ីនៅក្នុងសហភាពសូវៀតនេះហើយ ទើបចិនមិនប្រកាន់យកទ្រឹស្ដី «ចិនជាធំ ឬចិនជាចម្បង» នោះទេ ព្រោះថ្នាក់ដឹកនាំចិនបានយល់ឃើញថា ប្រសិនបើចិនអនុវត្តដូច្នេះ ចិននឹងត្រូវបែងចែកជាបួនគឺ ទីបេ តៃវ៉ាន់ ហុងកុង និងស៊ីងជាំង។ ថ្នាក់ដឹកនាំចិននាសម័យនោះ បានធ្វើការសម្រេចចិត្តនយោបាយ ដោយងាកមកអនុវត្តទម្រង់សេដ្ឋកិច្ចទីផ្សារ ប៉ុន្តែរក្សានូវទុកដដែលនូវប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់ខ្លួន ហើយដែលបទពិសោធនយោបាយនេះ ក៏ត្រូវបានវៀតណាមយកមកអនុវត្តតាមដូចគ្នាផងដែរ។ ការដួលរលំសហភាពសូវៀត ជាបទពិសោធមួយសម្រាប់ចិន និងក៏ជាមេរៀនសំខាន់របស់វៀតណាមផងដែរ ព្រោះប្រសិនបើវៀតណាមប្ដូរនយោបាយ ប្រទេសវៀតណាមនឹងត្រូវបែងចែកជា៣គឺ៖ វៀតណាមខាងជើង វៀតណាមកណ្ដាល(អ្នកកាន់សាសនាមូស្លីម) និងវៀតណាមភាគខាងត្បូង។

ដូច្នេះហើយ ដើម្បីធ្វើការសម្រេចចិត្តខាងនយោបាយប្រកបដោយភាពត្រឹមត្រូវ បញ្ចៀសនូវការច្រំដែលនៃដានកង់ប្រវត្តិសាស្ត្រជូរចត់ គេត្រូវតែពិនិត្យមើលដំណើរវិវត្ត និងព្រឹត្តិការណ៍ដែលធ្លាប់កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រ ហើយយកបទពិសោធទាំងនោះធ្វើជាមេរៀន និងជាការឆ្លុះបញ្ចាំងមកបច្ចុប្បន្ន ដើម្បីធ្វើការសម្រេចចិត្ត និងដាក់ចេញនូវចក្ខុវិស័យដែលត្រូវបន្តដំណើរឆ្ពោះទៅកាន់អនាគត៕

RAC Media


2021-02-08 10:10:30   ថ្ងៃចន្ទ, 08 កុម្ភៈ 2021 ម៉ោង 05:10 PM
«លោកបណ្ឌិត មាស នី៖ ទោះបីមានយុទ្ធសាស្ត្រផ្សេងគ្នា សហរដ្ឋអាម៉េរិកតែងប្រកាន់ភ្ជាប់គោលការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ »

(រាជបណ្ឌិត្យសភាកម្ពុជា) លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមបានមើលឃើញថា បើទោះបីជាសហរដ្ឋអាម៉េរិកផ្លាស់ប្តូរមេដឹកនាំក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកតែងប្រកាន់ភ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជានិច្ច ដើម្បីពង្រីកសម្ព័ន្ធមិត្ត និងឥទ្ធិពលនយោបាយការបរទេសរបស់ខ្លួននៅជុំវិញសកល។

ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី អ្វីទៅដែលពិភពលោកនឹងទទួលបានពីនយោបាយថ្មីរបស់សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន ដែលបានប្រព្រឹត្តទៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកបណ្ឌិតជំនាញសង្គមសាស្រ្ត មាស នី បានលើកឡើងថា ក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាម៉េរិកបានប្រើប្រាស់យុទ្ធសាស្រ្តចំនួន៣ចំណុចជា សសរ ស្តម្ភរួមមាន ១. ការប្រើគោលនយោបាយការបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ២. ការរៀបចំបង្កើតស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដើម្បីគាំទ្រដល់ការអភិវឌ្ឍ និង៣. ការចងសម្ព័ន្ធមិត្តយោធាដើម្បីគាំទ្រគោលនយោបាយរបស់ខ្លួន ដើម្បីពង្រីកគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។

ដើម្បីជំរុញគោលនយោបាយសសរស្តម្ភខាងលើនេះ លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា មហាអំណាចសហរដ្ឋអាម៉េរិក ដែលជាបិតាលទ្ធិប្រជាធិបតេយ្យមានអាយុជាង២០០មកនេះ តែងប្រើប្រាស់វិធីសាស្ត្រជំរុញការតស៊ូមតិ (Advocacy) និងការអភិវឌ្ឍ (Development)។ លោកបណ្ឌិតបានបន្តពន្យល់ថា វិធីសាស្ត្រជំរុញការតស៊ូមតិ និងការអភិវឌ្ឍដែលសហរដ្ឋអាម៉េរិកបានអនុវត្តគឺ គោលនយោបាយពីលើចុះក្រោម នោះគឺការដាក់គំនាបដល់រដ្ឋាភិបាលនានាដែលដើរផ្ទុយពីគោលការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយពីក្រោមឡើងលើតាមរយៈការផ្តល់ជំនួយថវិកាគាំទ្រការអភិវឌ្ឍដល់អង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីអនុវត្តសកម្មភាពជំរុញសិទ្ធិមនុស្ស អភិបាលកិច្ច និងលទ្ធិប្រជាធិបតេយ្យ។ លោកបណ្ឌិតបានបញ្ជាក់ថា៖ «ទោះបីមានមេដឹកនាំប្រទេសថ្មី សហរដ្ឋអាម៉េរិកតែងអនុវត្តគោលការណ៍ជំរុញសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដដែល តែអ្វីដែលខុស គឺវិធីសាស្រ្តដែលគេអនុវត្តមានឯកតោភាគី និងពហុភាគី»។

ជាទីបញ្ចប់ ដើម្បីជៀសពីបញ្ហាប្រឈមចំពោះគោលនយោបាយការបរទេសរបស់ប្រធានាធិបតីរបស់សហរដ្ឋអាម៉េរិកទៅថ្ងៃអនាគត លោកបណ្ឌិតបានផ្តល់អនុសាសន៍ថា កម្ពុជាគួរតែប្រើប្រាស់គោលនយោបាយការបរទេសអព្យាក្រឹតទំនាក់ទំនងជាមួយបរទេស ដើម្បីផលប្រយោជន៍របស់ខ្លួនជាចម្បង ស្របតាមទ្រឹស្តីនយោបាយទំនាក់ទំនងអន្តរជាតិ គឺគ្មានមិត្ត គ្មានសត្រូវ មានតែផលប្រយោជន៍៕

RAC Media


2021-02-08 09:02:29   ថ្ងៃចន្ទ, 08 កុម្ភៈ 2021 ម៉ោង 04:02 PM

សេចក្តីប្រកាស

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទានុក្រមកសិកម្ម និងក្បាលលិខិតរបស់រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២១

ថ្ងៃអង្គារ, 31 សីហា 2021 ម៉ោង 08:46 PM

ចុចមើល ទាញយក