ព័ត៌មាន

បន្ទាប់ពីខួបទំនាក់ទំនងការទូត តើកម្ពុជានិងចិនត្រូវធ្វើអ្វីបន្ត? ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានសិក្សាចិន


2021-07-19 14:45:01   ថ្ងៃចន្ទ, 19 កក្កដា 2021 ម៉ោង 09:45 PM
អត្ថបទពិចារណា៖ «សាធារណមតិអន្តរជាតិ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា 


ថ្មីៗនេះ គេកត់សម្គាល់ឃើញថា បងប្អូនកូនខ្មែរយើងមួយចំនួន បានបង្ហោះសារជាច្រើនពាក់ព័ន្ធនឹងជនបរទេសដែលធ្វើការក្នុងស្ថាប័នព័ត៌មានអន្តរជាតិធំៗ ដែលសរសេរព័ត៌មានអំពីខ្មែរ ដែលមិនឆ្លុះបញ្ចាំងពីតថភាពនៅប្រទេសខ្មែរយើង។ ពិតហើយ ការបង្ហោះសារផ្ទាល់ខ្លួនលើហ្វេសប៊ុក គឺជាការសម្តែងមតិហើយ តែបានត្រឹមតែដឹងតែខ្លួនឯង និងគ្នាឯងតែប៉ុណ្ណោះ។ តើមានបរទេសឯណាគេទៅដឹងសាររបស់យើង? គេទៅចាប់អារម្មណ៍នឹងសាររបស់យើង?

ដូច្នេះ មានតែបងប្អូនកូនខ្មែរយើងខិតខំប្រឹងប្រែងឱ្យខ្លាំង ឱ្យមានកម្លាំងពិតរបស់យើងអាចទៅធ្វើការនៅក្នុងស្ថាប័នព័ត៌មានអន្តរជាតិធំៗទាំងនោះទេ ទើបយើងអាចមានលទ្ធភាពបង្ហាញសំឡេងរបស់យើង ដើម្បីផ្តល់ព័ត៌មានពិតអំពីកម្ពុជា ដល់សាធារណៈមតិអន្តរជាតិបាន។ 

ប្រទេសមួយចំនួន គេខិតខំណាស់ក្នុងការបណ្តុះបណ្តាលយុវជនរបស់គេឱ្យមានសមត្ថភាព ហើយអាចបញ្ជ្រាបខ្លួនទៅក្នុងស្ថាប័នអន្តរជាតិធំៗនានា។ ដូច្នេះ ចង់ឬមិនចង់ គេពិតជាការពារផលប្រយោជន៍ជាតិគេហើយ។

ក្នុងន័យនេះ សូមបងប្អូនកូនខ្មែរយើង ដែលមានសមត្ថភាពបានធ្វើការក្នុងស្ថាប័នព័ត៌មានអន្តរជាតិធំៗ សូមជួយសរសេរអត្ថបទដែលមានប្រយោជន៍ដល់ប្រជាជាតិខ្មែរយើងផង សូមកុំសរសេរតែរឿងកកូរកកាយហែកហួរជាតិខ្លួនឯង ព្រោះស្ថាប័នព័ត៌មានអន្តរជាតិធំៗទាំងនោះមានឥទ្ធិពលដល់សាធារណមតិអន្តរជាតិខ្លាំងណាស់។

ដូចគ្នាដែរ សូមបងប្អូនកូនខ្មែរយើង ដែលធ្វើការក្នុងស្ថាប័នអន្តរជាតិធំៗ សូមជួយគិតគូរយ៉ាងណាទាញផលប្រយោជន៍មកជួយជាតិយើងផង។

សូមកុំភ្លេចថា ពិភពលោកបច្ចុប្បន្ន ជាពិភពលោកដែលពោរពេញដោយការឡប់ប៊ី អ្នកណាពូកែនិយាយ អ្នកនោះទទួលបានការគាំទ្រ ទទួលបានផលប្រយោជន៍ ទទួលបានការអាណិតអាសូរ។ ជួនកាល ចោរក៏អាចក្លាយជាជនរងគ្រោះដ៏គួរឱ្យអាណិតបានដែរ។

ដូច្នេះ សូមបងប្អូនកូនខ្មែរយើងកុំគិតតែឈឺចាប់ ដោយភ្លេចគិតគូរពង្រឹងសមត្ថភាពខ្លួនឯងនោះ។ បើមិនខិតខំទាំងអស់គ្នាទេ នោះយើងទៅមុខមិនលឿនទេ។ ពីនេះតទៅ យើងត្រូវតែខិតខំទ្វេរដងឡើង បើគេដើរ យើងរត់ បើគេរត់ យើងរត់ឱ្យកាន់តែលឿន ទើបយើងអាចទៅមុខទាន់គេ។ គេមិនអាចដេកស្ងៀម រង់ចាំយើងដើរទៅទាន់គេ ហើយចាំបន្តដំណើរទៅមុខទាំងអស់គ្នានោះទេ។

សូមខិតខំឡើងបងប្អូនកូនខ្មែរយើង កុំរវល់តែកាច់រាងមុខ Tiktok បង្អួតដបស្រាក្នុងហ្វេសប៊ុក បង្ហោះម៉ូតូ បង្ហាញជីវិតហាយសូ ឬសម្ញែងសម្ភារៈ គឺមិនអាចជួយជាតិបានទេ៕


2021-06-18 09:51:25   ថ្ងៃសុក្រ, 18 មិថុនា 2021 ម៉ោង 04:51 PM
បណ្ឌិត គិន ភា៖ «ត្រឹមតែមោទនភាព ឈឺចាប់ និងស្តាយស្រណោះនោះ មិនគ្រប់គ្រាន់ទេ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

នៅពេលសម្លឹងទៅអតីតកាលជាង ១០០០ឆ្នាំមុន ប្រជារាស្ត្រខ្មែរតែងមានមោទនភាពចំពោះជាតិខ្លួនដែលធ្លាប់ជាចក្រភពដ៏ខ្លាំងពូកែមួយនៅអាស៊ីអាគ្នេយ៍ មានទឹកដីធំទូលាយ អារ្យធម៌ខ្ពង់ខ្ពស់ និងឫទ្ធានុភាពអស្ចារ្យ គ្មានជាតិសាសន៍ណាអាចប្រមាថបាន។

បុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ក៏បានបង្ហាញពីមោទនភាពនេះដែរ ដោយបានចារឹកថា «ប្រជារាស្ត្រខ្មែរធ្លាប់មានអារ្យធម៌ឧត្ដុង្គឧត្ដម ប្រទេសជាតិស្តុកស្ដម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំង ដូចពេជ្រពណ្ណរាយ»។

សម័យអង្គរដ៏រុងរឿង ត្រូវបានចាត់ទុកជាយុគមាសនៃប្រវត្តិសាស្ត្រខ្មែរ។ បុព្វបុរសខ្មែរសម័យនោះ បានកសាងមហាប្រាសាទសិលារាប់ពាន់ដែលរាយប៉ាយពាសពេញផ្ទៃប្រទេស និងក៏មាននៅក្នុងប្រទេសជិតខាងនាពេលបច្ចុប្បន្ននេះផងដែរ។ ប្រជារាស្ត្រខ្មែរនិងអ្នកដឹកនាំរបស់ខ្លួនតែងតែមានមោទនភាពចំពោះកេរដំណែលដ៏មហស្ចារ្យ​ទាំង​នោះ ដែលបន្សល់ទុករហូតមកដល់សព្វថ្ងៃ ហើយក៏បានទទួលផលប្រយោជន៍​ដ៏​មហាសាល​ពី​កេរដំណែល​ដ៏​មហស្ចារ្យ​ទាំងនោះដែរ។

ទោះបីកម្ពុជាមានការផ្លាស់ប្តូររបបនយោបាយជាច្រើនលើកច្រើនសាក៏ដោយ ក៏មហាប្រាសាទអង្គរវត្តនៅតែជាប្រភពនៃក្តីមោទនភាពខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ និងត្រូវបានប្រតិដ្ឋនៅចំកណ្តាលផ្ទៃទង់ជាតិខ្មែរតាំងពីឆ្នាំ១៩៤៧មក។

រយៈពេល ១០០០ឆ្នាំក្រោយមក ក្តីមោទនភាពត្រូវជំនួសដោយការឈឺចាប់និងការស្តាយស្រណោះរកទីបំផុតគ្មាន។ នោះមិនទាន់គិតទៅដល់រយៈពេល ១០០០ឆ្នាំ ទៅមុខទៀតផង។ ក្រោយការដួលរលំនៃសម័យអង្គរ ចក្រភពខ្មែរបានចុះខ្សោយជាលំដាប់ ទឹកដីបានរួញតូចបន្តិចម្តងៗស្ទើរតែបាត់ពីផែនទីពិភពលោក។ ប្រទេសជាតិបានជួបប្រទះតែចម្បាំងរាំងជល់គ្មានស្បើយ ចម្បាំងផ្ទៃក្នុងផង និងចម្បាំងជាមួយបរទេសឈ្លានពានផង។

ការណ៍នេះ បានធ្វើឱ្យកម្ពុជា ដែលជាចក្រភពដ៏ខ្លាំងពូកែមួយ ធ្លាក់ខ្លួនជារដ្ឋស្ថិតក្រោមអាណានិគមផ្លាស់វេននៃរដ្ឋក្បែរខាងដែលកកើតក្រោយខ្លួនជាង ១០០០ឆ្នាំ។ ទឹកដីជាច្រើនត្រូវបានបាត់បង់ទៅប្រទេសក្បែរខាងទាំងនោះ ជាក់ស្តែង ដែនដីខ្មែរលើរាប់សិបខេត្ត បានធ្លាក់ទៅប្រទេសថៃ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង បានធ្លាក់ទៅប្រទេសវៀតណាម និងមួយផ្នែកទៀត ក៏បានធ្លាក់ទៅប្រទេសឡាវផងដែរ។

បន្ទាប់ពីរំដោះខ្លួនចេញពីអាណានិគមផ្លាស់វេននៃរដ្ឋក្បែរខាង កម្ពុជាធ្លាក់ខ្លួនស្ថិតក្រោមអាណានិគមបារាំងជិតមួយសតវត្សរ៍ទៀត។ ការតស៊ូរំដោះខ្លួនចេញពីនឹមអាណានិគមបារាំង ត្រូវចំណាយពេលអស់រាប់ទសវត្សរ៍ទម្រាំទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣។ ក្រោយទទួលបានឯករាជ្យ កម្ពុជាបានក្លាយជាកោះសន្តិភាព តែមិនយូរប៉ុន្មាន កម្ពុជាបានរអិលខ្លួនធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជាងពីរទសវត្សរ៍ទៀត។ រហូតដល់ចុងឆ្នាំ១៩៩៨ ទើបកម្ពុជាមានសន្តិភាពពេញលេញ។

នៅពេលនិយាយពីអតីតកាលនៃចក្រភពខ្មែរនិងអារ្យធម៌អង្គរដ៏បវរ ប្រជារាស្ត្រខ្មែរគ្រប់រូបពិតជាមានមោទនភាពចំពោះប្រវត្តិសាស្ត្រនិងបុព្វបុរសខ្លួនណាស់។ ប៉ុន្តែ នៅពេលនិយាយពីសោកនាដកម្មពីអតីតកាលនិងទឹកដីដែលបាត់បង់ទៅ ប្រជារាស្ត្រខ្មែរគ្រប់រូបមានការស្តាយស្រណោះរកទីបំផុតគ្មាន និងមានការឈឺចាប់យ៉ាងខ្លាំងប្រៀបដូចជាគេយកកាំបិតទៅចាក់ទម្លុះបេះដូងដូច្នោះដែរ។

ប៉ុន្តែ បើត្រឹមតែមោទនភាព ឈឺចាប់ និងស្តាយស្រណោះនោះ គឺមិនគ្រប់គ្រាន់ទេ។ ជំនួសឱ្យការឈឺចាប់និងការស្តាយស្រណោះ ប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ត្រូវតែអនុវត្តនូវការប្តេជ្ញាចិត្តរបស់យើងដែលបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញរបស់យើងគឺ «ភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សា ការពារ ទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ»។

ពេលសម្លឹងទៅអតីតកាលជាង ១០០០ឆ្នាំមុន យើងមានមោទនភាពលាយឡំជាមួយការឈឺចាប់ និងការស្តាយស្រណោះ។ ប៉ុន្តែ តើយើងបានគិតបែបណានិងធ្វើបែបណា ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើង សម្រាប់រយៈពេល ១០០០ឆ្នាំទៅមុខទៀត?

ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមឡើង យើងមិនអាចដេករង់ចាំព្រេងសំណាងបានទេ។ យើងទាំងអស់គ្នាត្រូវតែមានការទទួលខុសត្រូវទៅតាមតួនាទីរៀងៗខ្លួន មិនថា កសិករ កម្មករ សិស្ស និស្សិត បញ្ញវន្ត មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូបង្រៀន កងទ័ព នគរបាល អ្នកនយោបាយ តុលាការ ព្រះសង្ឃ ឬអ្នកជំនួញ។ល។

កសិករត្រូវតែខិតខំបង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ, កម្មករត្រូវតែស្វាហាប់នឹងការងារ

សិស្ស-និស្សិតត្រូវតែខិតខំរៀនសូត្រឱ្យខ្លាំងឡើងសក្តិសមជាសសរទ្រូងជាតិ, បញ្ញវន្តត្រូវតែខិតខំសិក្សា ស្រាវជ្រាវ បោះពុម្ព ផ្សព្វផ្សាយ, មន្ត្រីរាជការត្រូវតែខិតខំបម្រើរាស្ត្រប្រកបដោយមនសិការជាតិនិងក្រមសីលធម៌វិជ្ជាជីវៈ។

ដោយឡែក សាស្ត្រាចារ្យ គ្រូបង្រៀន ត្រូវតែខិតខំបង្រៀនសិស្ស និស្សិតឱ្យមានសមត្ថភាព ផលិតភាព នវានុវត្តភាព គុណធម៌ និងមនសិការជាតិ, កងទ័ពត្រូវតែស្មោះត្រង់នឹងជាតិក្លាហាន តស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី, នគរបាលត្រូវតែប្តេជ្ញារក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ។

អ្នកនយោបាយត្រូវតែគិតឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំ ត្រូវគិតដល់អ្នកជំនាន់ក្រោយ សូមកុំគិតតែពីការបោះឆ្នោតអាណត្តិក្រោយ, តុលាការត្រូវតែរក្សាយុត្តិធម៌ជូនប្រជារាស្ត្រ, ព្រះសង្ឃត្រូវតែខិតខំអប់រំសីលធម៌សង្គម រីឯអ្នកជំនួញត្រូវតែមានក្រមសីលធម៌ និងគិតគូរដល់បរិស្ថាននិងភពផែនដី ហើយសមាសភាពសង្គមដទៃទៀត ត្រូវតែខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយមនសិការជាតិនិងការទទួលខុសត្រូវខ្ពស់បំផុត។

យើងអ្នកជំនាន់នេះ ជាបុព្វបុរសនៃកូនចៅយើងជំនាន់ក្រោយ។ តើយើងចង់ឱ្យកូនចៅយើងចារឈ្មោះយើងបែបណា? កូនចៅយើងជំនាន់ក្រោយរបស់យើង នឹងចារឈ្មោះយើងបែបណានាពេលអនាគតនោះ គឺអាស្រ័យលើសកម្មភាពនិងស្នាដៃបច្ចុប្បន្នរបស់យើង។

យើងជាអ្នកជំនាន់ក្រោយនៃបុព្វបុរសរបស់យើង យើងបានទទួលកេរដំណែលដ៏មហាសាលពីបុព្វរសយើង គឺមហាប្រាសាទសិលារាប់ពាន់ជាឧទាហរណ៍ស្រាប់, តើយើងអ្នកជំនាន់នេះ នឹងបន្សល់ទុកនូវកេរដំណែលអ្វីសម្រាប់អ្នកជំនាន់ក្រោយ? នោះគឺអាស្រ័យលើការខិតខំរបស់យើងទាំងអស់គ្នាហើយនាពេលនេះ។ យើងត្រូវតែបង្កើតមោទនភាពនិងបន្សល់ទុកនូវកេដំណែលសម្រាប់កូនចៅយើងជំនាន់ក្រោយដូចដែលបុព្វបុរសយើងបន្សល់ទុកឱ្យយើងដូច្នោះដែរ។

ទន្ទឹមនឹងនេះ យើងទាំងអស់គ្នាក៏ត្រូវតែយល់ឱ្យច្បាស់ពីសភាពការណ៍ពិភពលោក ពីភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្ររបស់ពួកមហាអំណាច ថាពួកគេកំពុងគិតអ្វី? គេទៅណា? គេកំពុងធ្វើអ្វី? គេចង់បានអ្វី? គេប្រើយុទ្ធសាស្ត្រនិងយុទ្ធវិធីអ្វី? ហើយប្រទេសយើងជាប្រទេសតូច គួររៀបចំខ្លួនបែបណា?

យើងទាំងអស់គ្នាជាជនជាតិខ្មែរ ត្រូវតែមានស្មារតីភ្ញាក់រឭកខ្ពស់ កុំឱ្យរាំខុសចង្វាក់ កុំលោតខុសក្រឡាតាមខ្សែញាក់របស់មហាអំណាច។ ប្រទេសយើងធ្លាប់ជាជនរងគ្រោះនិងធ្លាប់ទទួលរងសោកនាដកម្មរាប់មិនអស់ ដោយសារការរត់ប្រណាំងមនោគមវិជ្ជារបស់មហាអំណាច និងដោយសារតែការរាំខុសចង្វាក់ និងការលោតខុសក្រឡារបស់អ្នកនយោបាយពីអតីតកាល។ យើងមិនគួរដើរជាន់ដានប្រវត្តិសាស្ត្រទៀតទេ។ គ្មានប្រទេសណាគេស្រឡាញ់ជាតិយើង ជាងយើងស្រឡាញ់ជាតិយើងនោះទេ។

បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត។

ដើម្បីឱ្យជាតិយើងខ្លាំង យើងត្រូវតែធ្វើឱ្យធនធានមនុស្សយើងខ្លាំង, ច្បាប់យើងខ្លាំង,ប្រព័ន្ធនយោបាយយើងខ្លាំង, សេដ្ឋកិច្ចយើងខ្លាំង, ខឿនការពារជាតិយើងខ្លាំង, សាមគ្គីភាព ឯកភាព និងមោទនភាពជាតិយើងខ្លាំង, ការទូតយើងខ្លាំង, ប្រព័ន្ធយុត្តិធម៌សង្គមយើងខ្លាំង និងសន្តិភាពយើងរឹងមាំ, នោះជាតិយើងនឹងខ្លាំង គឺខ្លាំងយូរអង្វែង មិនមែនខ្លាំងតែមួយពេលៗ៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជា

(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)


2021-06-16 06:45:46   ថ្ងៃពុធ, 16 មិថុនា 2021 ម៉ោង 01:45 PM
បទវិភាគ៖ «វៀតណាមមិនគួរយកបញ្ហាជនអន្តោប្រវេសន៍របស់ខ្លួនបន្ថែមទម្ងន់នៃការឈឺចាប់ដល់ប្រជាជនខ្មែរទៀតទេ»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា, រាជបណ្ឌិត្យសភាកម្ពុជា

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យមានការរុះរើឬចល័តចេញជាបន្ទាន់នូវបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញដោយទុករយៈពេល ០១សប្ដាហ៍។

សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ផងដែរថា បើសិនផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ។ ក្នុងករណីរឹងរូស អាជ្ញាធរ​មូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។

ក្នុងយុត្តិកម្មនៃចំណាត់ការរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់អនាធិបតេយ្យទាំងនោះ បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ផ្លូវនាវាចរណ៍ ប្រព័ន្ធអេកូឡូស៊ី ចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោរបង់ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពពលរដ្ឋដែលប្រើប្រាស់ទឹកនោះផងដែរ។

ចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានទទួលការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយ។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋខ្មែរជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញអនុវត្តឱ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពបំផុត ដោយមិនគួរអនុញ្ញាតឱ្យមានការតាំងទីលំនៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជាតទៅទៀតនោះទេ។

អ្វីដែលកាន់តែធ្ងន់ធ្ងរនោះបំផុត ទឹកដែលថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រើប្រាស់ គឺជាទឹកដែលអ្នកតាំងទីលំនៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យតាមដងទន្លេទាំងនោះបន្ទោរបង់ដាក់ជារៀងរាល់ថ្ងៃ។

ប៉ុន្តែអ្វីដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្រឡាំងកាំងនិងនឹកហួសចិត្តគ្រប់គ្នានោះ គឺវោហារសាស្ត្ររបស់ឯកអគ្គរដ្ឋទូត​ដែលជិតផុតអាណត្តិរបស់វៀតណាមប្រចាំកម្ពុជា លោក វូ ក្វាងមិញ ដែលបានថ្លែងប្រតិកម្មចំពោះវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក វូ ក្វាងមិញ បានអះអាងថា ចំណាត់ការរបស់​រដ្ឋបាលរាជធានីភ្នំពេញ ឱ្យប្រជាជនដែលជាម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេចាកចេញពីផ្ទៃទឹកនៅរាជធានីភ្នំពេញឱ្យអស់ក្នុងរយៈពេល១សប្តាហ៍ ដោយឱ្យសំណង់ទាំងនោះ​ចាកចេញពីផ្ទៃទឹក គឺលឿនពេកនិងមិនអាចអនុវត្តបានឡើយ។

លោក វូ ក្វាងមិញ និងប្រធានសមាគមវៀតណាមនៅកម្ពុជា បានចុះទៅជួបផ្ទាល់អ្នកតាំងទីលំនៅតាមដងទន្លេ​ដែលត្រូវឱ្យរុះរើចេញនោះ។ វិទ្យុសំឡេងវៀតណាមនិងទូរទស្សន៍ប៉ុស្តិ៍លេខ៤វៀតណាម ដែលបានចូលរួមយកព័ត៌មានដែរនោះ បានធ្វើសេចក្តីរាយការណ៍ថា

អ្នករស់លើទឹកគឺភាគច្រើនជាប្រជាជនដែលមានដើមកំណើតវៀតណាម ដែលមានប្រហែល ១ ០០០ គ្រួសារ ។

វោហារសាស្ត្ររបស់លោកទូតវៀតណាមបានធ្វើឱ្យប្រពលរដ្ឋកម្ពុជាចោទជាសំណួរថា តើរដ្ឋបាលរាជធានីភ្នំពេញស្ថិតក្រោមរដ្ឋាភិបាលក្រុងហាណូយឬរដ្ឋាភិបាលក្រុងភ្នំពេញ ទើបលោកទូតមានប្រតិកម្មបែបនេះ? កម្ពុជា ជារដ្ឋឯករាជ្យនិងអធិបតេយ្យ មានសិទ្ធិផ្តាច់មុខលើអធិបតេយ្យផ្ទៃក្នុងក៏ដូចអធិបតេយ្យខាងក្រៅរបស់ខ្លួន គឺមិនស្ថិតក្រោមចំណុះរបស់រដ្ឋបរទេសណាមួយនោះឡើយ។

ការអនុវត្តនូវវិធានផ្ទៃក្នុងឬច្បាប់ផ្ទៃក្នុងរបស់កម្ពុជា ក៏ដូចជាការកំណត់នយោបាយក្រៅប្រទេសរបស់កម្ពុជា ជាសិទ្ធិផ្តាច់មុខរបស់កម្ពុជា ដែលរដ្ឋបរទេសគ្មានសិទ្ធិមកលូកលាន់បានទេ។ ជាក់ស្តែង ចំណាត់ការរបស់រដ្ឋបាល​រាជធានីភ្នំពេញ គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជាសុទ្ធសាធ គ្មានពាក់ព័ន្ធអ្វីបន្តិចណាសោះជាមួយ​វៀតណាម។ វោហារសាស្ត្ររបស់លោកទូតរូបនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះឯករាជ្យនិងអធិបតេយ្យរបស់កម្ពុជា។

បើលោកទូតទទួលស្គាល់ថា អ្នកតាំងទីលំនៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យតាមដងទន្លេទាំងនោះ ជាជនជាតិវៀតណាម អ្វីដែលលោកទូតអាចធ្វើបាន គឺរៀបចំធ្វើមាតុភូមិនិវត្តន៍ពួកគេឱ្យទៅកាន់ប្រទេស​វៀតណាម​វិញ ដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់វៀតណាមផង និងបង្ហាញពីការគោរពដល់តម្លៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរផង។ លោកទូតមិនគួរធ្វើអត្ថាធិប្បាយដែលនាំឱ្យខូចខាតដល់មិត្តភាពនិងធ្វើឈឺចាប់ដល់បេះដូងប្រជាពលរដ្ឋខ្មែរនោះទេ។

វោហារសាស្ត្ររបស់លោកទូតហាក់បង្កប់នូវភាពពិសពុល ដែលធ្វើឱ្យប្រជាជាតិខ្មែរបែកបាក់ បង្កើតគម្លាតនៃទំនុកចិត្តរវាងប្រជាពលរដ្ឋកម្ពុជានិងរាជរដ្ឋាភិបាលរបស់ខ្លួន ក្នុងន័យបង្កប់មួយថា រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមបង្គាប់វៀតណាម​ឬ​អាយ៉ង​វៀតណាម ដែលធ្វើឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាលខ្លួនឯង។ ជាការណ៍ពិត រាជរដ្ឋាភិបាលកម្ពុជាមិនស្ថិតក្រោមបង្គាប់​នៃ​រដ្ឋ​បរទេស​ណាមួយ​នោះទេ។ រាជរដ្ឋាភិបាលកម្ពុជាយកប្រជាជនកម្ពុជាធ្វើជាម្ចាស់ អ្វីៗដើម្បីបុព្វហេតុ​នៃ​ឧត្តម​ប្រយោជន៍​ជាតិ​និងប្រជាជនកម្ពុជា។

គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់ជំនួបរវាងថ្នាក់ដឹកនាំកម្ពុជានិងវៀតណាមគ្រប់លំដាប់ថ្នាក់ ទាំងស្ថាប័ន​នីតិបញ្ញត្តិ ទាំងស្ថាប័ននីតិប្រតិបត្តិ ព្រមទាំងអ្នកការទូត វៀតណាមតែងតែស្នើសុំឱ្យអាជ្ញាធរកម្ពុជាផ្តល់​ភាពស្របច្បាប់និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិវៀតណាមដែលមកតាំងទីលំនៅនៅកម្ពុជា។ ពួកគេមិន​ដែលពិភាក្សាពីលទ្ធភាពធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ទាំងនោះឱ្យទៅរស់នៅប្រទេសវៀតណាមខ្លួន​ឯងវិញនោះទេ។

ជាក់ស្តែង ក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន នៅឯកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅទីក្រុងឆុងឈីង ប្រទេសចិន លោក បួយ ថាញ់សឺន រដ្ឋមន្ត្រី​ការបរទេសវៀតណាម បានស្នើឱ្យកម្ពុជាបន្តដោះស្រាយពីភាពស្របច្បាប់ជូនពលរដ្ឋដើមកំណើតវៀតណាម និង​បានស្នើឱ្យអាជ្ញាធរកម្ពុជា ធានាពីផលប្រយោជន៍និងសុខុមាលភាពដល់ពលរដ្ឋដើមកំណើតវៀតណាមផង​ដែរ ក្នុងដំណាក់កាលដែលកម្ពុជាកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច។

ពាក់ព័ន្ធនឹងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញនោះដែរ លោកស្រី Lê Thị Thu Hằng អ្នកនាំពាក្យក្រសួងការបរទេស​វៀតណាម ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក៏បានរំលឹកពីការស្នើសុំរបស់រដ្ឋមន្ត្រីខ្លួនទៅកាន់ភាគីកម្ពុជា មានផែនទីបង្ហាញផ្លូវសមស្របសម្រាប់សហគមន៍ពលរដ្ឋដើមកំណើត​វៀតណាម ដើម្បីធានាបាននូវសិទ្ធិ និងសុខុមាលភាពពេញលេញ។ ស្ត្រីអ្នកនាំពាក្យរូបនោះ បានសង្កត់ធ្ងន់ថា ការរៀបចំទីតាំងថ្មីសម្រាប់ពលរដ្ឋដើមកំណើតវៀតណាមត្រូវឈរលើហេតុផលអាចទទួលយកបានជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលធានាឱ្យជីវិតរបស់ពួកគេមានស្ថិរភាព និងការគាំទ្រសុខុមាលពីសង្គម។

ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ឹម ជី ប្រធានសមាគមវៀតណាមបាននិយាយថា សមាគមរបស់លោកបានដាក់លិខិតទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានស្នើសុំបីចំណុចគឺទីមួយ ស្នើសុំពន្យារពេលសមស្របបំផុតដើម្បីផ្លាស់ប្តូរទីតាំង, ទីពីរ ស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញរកទីតាំងថ្មី ដែលពួកគេអាចចិញ្ចឹមបែត្រីបាន និងទីបី ស្នើឱ្យមានថវិកាដើម្បីជួយផ្គត់ផ្គង់ឱ្យពួកគេមានលទ្ធភាពនៅពេលចេញទៅ។

នេះជាការស្នើមួយដែលមានការគិតគូរខ្ពស់សម្រាប់ជនជាតិវៀតណាមទាំងនោះ។ សំណួរសួរថា តើរដ្ឋបាល​រាជធានី​​ភ្នំពេញអាចដោះស្រាយសំណើនោះបានដែរទេ? ទោះដោះស្រាយបានឬមិនបាន រដ្ឋបាលរាជធានីភ្នំពេញ​ហាក់​កំពុងប្រឈមនឹងទ្វេគ្រោះ។ បើរដ្ឋបាលរាជធានីភ្នំពេញអាចដោះស្រាយសំណើរបស់ពួកគេបាន បញ្ហាពីរនឹង​ចោទឡើង ទីមួយ គឺមានន័យថា រដ្ឋបាលរាជធានីភ្នំពេញទទួលស្គាល់ជនអន្តោប្រវេសន៍ខុសច្បាស់​វៀតណាម​ឱ្យតាំងទីលំនៅនៅកម្ពុជា និងអាចត្រូវបានចោទប្រកាន់ថា ស្តាប់បង្គាប់​វៀតណាម និងទីពីរ សំណួរជាច្រើន​នឹងលេចចេញពីមាត់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវ​បាន​តម្រូវ​ឱ្យ​ផ្លាស់ទី​ដូចគ្នាក្រោមផែនការអភិវឌ្ឍន៍ តើរដ្ឋបាលរាជធានីភ្នំពេញ​មានបានដោះស្រាយ​សំណើបី​យ៉ាង​ដូចខាងលើ​ជូនពួកគេដោយសមរម្យដែរឬទេ?

ប៉ុន្តែ បើរដ្ឋបាលរាជធានីភ្នំពេញមិនអាចដោះស្រាយបាន តើរដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តច្បាប់ចំពោះពួកគេ​ដោយរបៀបណា? តើពួកគេនឹងទៅរស់នៅទីណា? ឬគ្រាន់តែចេញពីទន្លេខ្មែរមួយទៅកាន់ទន្លេខ្មែរមួយទៀត​ដដែល? ឬចេញពីដីខ្មែរមួយកន្លែងទៅនៅដីខ្មែរមួយកន្លែងទៀត? ឬចេញពីកណ្តាលប្រទេសទៅរស់នៅតំបន់ព្រំដែន? តើច្បាប់អន្តោប្រវេសន៍អាចត្រូវបានអនុវត្តដែរឬទេ? ទាំងនេះសុទ្ធតែជាសំណួរដែលស្មុគស្មាញពិបាករកចម្លើយ។ តាមពិត អាជ្ញាធរភ្នំពេញ បានដាក់ឱសានវាទត្រឹមថ្ងៃទី៩ ខែមិថុនា ប៉ុន្តែក្រោយមក បានសម្រេចពន្យារពេលបន្ថែមទៀតរហូតដល់ថ្ងៃទី១២ ខែមិថុនា។

មែនទែនទៅ ថ្វីបើកម្ពុជាជារដ្ឋតូច ប៉ុន្តែមានបេះដូងធំទូលំទូលាយ, កម្ពុជាតែងគោរពនិងផ្តល់តម្លៃចំពោះមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាបណ្ដាប្រទេសនានាលើសាកលលោក។ កម្ពុជា​ពោរពេញដោយបេះដូងមនុស្សធម៌និងគោរពនូវគុណធម៌ជាប់ជានិច្ច។ ដូចឃើញស្រាប់ហើយ នៅគ្រប់រាជធានីខេត្តនៃប្រទេសកម្ពុជា សុទ្ធតែមានសមាគមវៀតណាម, តើមានដូចគ្នាទេ សមាគមកម្ពុជានៅប្រទេសវៀតណាម?

កម្ពុជាពិតជាទទួលស្គាល់វៀតណាមក្នុងការចូលរួមជួយរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ជាការឆ្លើយតប ស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ត្រូវបានអនុញ្ញាតឱ្យសាងសង់ស្ទើរគ្រប់រាជធានី ខេត្ត​នៃប្រទេកម្ពុជា, តើមានស្តូបអនុស្សាវរីយ៍ដូចគ្នានេះនៅវៀតណាមដែរឬទេ?

តើវៀតណាមមានធ្លាប់បានរំឭកគុណកម្ពុជាដែលបានរួមចំណែកក្នុងបុព្វហេតុបង្រួបប្រងួមទឹកដីវៀតណាមដែរឬទេ? ការជួយរបស់កម្ពុជាដើម្បីបុព្វហេតុបង្រួបប្រងួមទឹកដីវៀតណាម បានធ្វើឱ្យសហរដ្ឋអាម៉េរិកទម្លាក់គ្រាប់បែករាប់លានតោននៅលើទឹកដីកម្ពុជា និងបានធ្វើឱ្យប្រជាជនកម្ពុជាស្លាប់និងរងរបួសរាប់សែននាក់, ស្លាកស្នាមផ្លូវលំហូជីមិញឆ្លងកាត់ប្រទេសកម្ពុជាមិនទាន់រលុបនៅឡើយទេ, តើនេះជាគុណដែលវៀតណាមគួររំឭកដែរឬទេ? ប្រជាជនកម្ពុជាហាក់មានអារម្មណ៍ចាញ់ប្រៀបវៀតណាមខ្លាំងណាស់។ ប្រជាជន កម្មាភិបាល និងថ្នាក់ដឹកនាំវៀតណាម គួរគិតដល់តម្លៃនៃទំនាក់ទំនងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសដែលនាំឱ្យមានការឈឺចាប់បន្ថែមនោះទេ។

ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅហើយទៅប្រទេសវៀតណាម។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, កោះត្រល់ជាកោះគុជដ៏ឆើតឆាយ ដែលមានចម្ងាយតែបន្តិចសិបគីឡូពីក្រុងកែប បានត្រូវបាត់បង់ទៅប្រទេស​វៀតណាមដែរ។ កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់​នេះនិងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវៈយវៈចេញពីរាងកាយដូច្នោះដែរ។

ដូច្នេះ វៀតណាមមិនគួរយកបញ្ហាជនអន្តោប្រវេសន៍របស់ខ្លួនបង្កឱ្យមានការឈឺចាប់បន្ថែមដល់ប្រជាជនខ្មែរនោះទេ។ វៀតណាមគួរតែរៀបចំផែនការមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនទៅកាន់ប្រទេសខ្លួនវិញហើយ មិនគួរគិតតែពីសុំភាពស្របច្បាប់ដល់ពួកគេពីប្រទេសកម្ពុជានោះទេ។ វាល្មមដល់ពេលបញ្ចប់នយោបាយដំណើរឆ្ពោះ​មក​ទិសខាងលិចរបស់អ្នកហើយ, អ្នកទទួលបានទឹកដីពីកម្ពុជាច្រើនណាស់ហើយ។ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយ​គ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំងពីរបាន​អនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែង»៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា, រាជបណ្ឌិត្យសភាកម្ពុជា
(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)


2021-06-13 04:48:24   ថ្ងៃអាទិត្យ, 13 មិថុនា 2021 ម៉ោង 11:48 AM
ឯកឧត្តម ស៊ឹម សារ៉ាក់ ទទួលបានគោរមងារកិត្តិយសពីរាជបណ្ឌិត្យសភាកម្ពុជានូវ«សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកវប្បធម៌និងវិចិត្រសិល្បៈ»

កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចប្រគល់គោរមងារកិត្តយស នូវ«សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកវប្បធម៌និងវិចិត្រសិល្បៈ» ជូនដល់ឯកឧត្តមបណ្ឌិត ស៊ឹម សារ៉ាក់ ដើម្បីជាការតបស្នងចំពោះកិច្ចខិតខំប្រឹងប្រែងកសាងស្នាដៃជាច្រើនជូនជាតិមាតុភូមិកន្លងមក។

សូមជម្រាបជូនថា ឯកឧត្តម ស៊ឹម សារ៉ាក់ កើតនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៥០ នៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរនៅក្នុងឆ្នាំ១៩៧៤ ហើយនៅចន្លោះឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៥ លោកជាសាស្ត្រាចារ្យនៅវិទ្យាល័យបឹងកក់នៃរាជធានីភ្នំពេញ។ ហើយលោកក៏បានឆ្លងកាត់សម័យកម្ពុជាប្រជាធិបតេយ្យចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដោយធ្វើជាកសិករនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់លោកផ្ទាល់តែម្តង។ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០១០ ឯកឧត្តមបម្រើការជាមន្ត្រីនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយបានបំពេញតួនាទីជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ចាប់ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៦ និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ចាប់ពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០០។ បន្ទាប់ពីនោះឯកឧត្តមក៏ត្រូវបានតែងតាំងជាអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០១០។ ក្រោយពីនោះមកទល់បច្ចុប្បន្ន លោកបានចូលនិវត្តន៍។

គិតចាប់ពីពេលវេលាបំពេញភារកិច្ចរហូតដល់ពេលចូលនិវត្តន៍ ឯកឧត្តម ស៊ឹម សារ៉ាក់ បានកសាងស្នាដៃយ៉ាងមានតម្លៃជាច្រើនក្នុងការលើកស្ទួយវប្បធម៌ជាតិដូចជា៖

- រៀបចំមហោស្រពខ្លែងលើកដំបូងនៅឆ្នាំ១៩៩៤ ដែលនាំឱ្យខ្លែងខ្មែររស់ឡើងវិញ

- រៀបចំមហោស្រពលើកទី១ស្តីពី ម្ហូបខ្មែរនាឆ្នាំ១៩៩៧

- រៀបចំមហោស្រពសម្លៀកបំពាក់ខ្មែរលើកទិ១នាឆ្នាំ១៩៩៧

- ផ្តួចផ្តើមនិងរៀបចំការប្រឡងជ្រើសរើសបវរកញ្ញាកម្ពុជាចំនួនពីរលើក៖ លើកទី១ក្នុងឆ្នាំ១៩៩៣ និង លើកទីពីរក្នុងឆ្នាំ១៩៩៥

- រៀបចំសេចក្តីព្រាងនិងតាក់តែង«ច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល នៅឆ្នាំ១៩៩៦

ជាសហនិពន្ធសៀវភៅ «ខ្លែងខ្មែរ»និង កិច្ចការបកប្រែងនិង បោះពុម្ពផ្សាយ «សៀវភៅសិទ្ធិអ្នកនិពន្ធស្រុកអាស៊ី»ឆ្នាំ២០០៩។


2021-06-03 07:54:56   ថ្ងៃព្រហស្បតិ៍, 03 មិថុនា 2021 ម៉ោង 02:54 PM
ឯកឧត្តមបណ្ឌិត សូ មុយឃៀង ទទួលបានគោរមងារកិត្តិយសពីរាជបណ្ឌិត្យសភាកម្ពុជានូវ«សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរ»

ឯកឧត្ដម សូ មុយឃៀង ដែលអ្នកសិក្សាទាំងឡាយតែងបានស្គាល់ក្នុងវិស័យអប់រំ ជាពិសេសមុខវិជ្ជាអក្សរសាស្ត្រ តាមរយៈអត្ថបទស្រាវជ្រាវនិងសៀវភៅសិក្សាជាច្រើន ទទួលបានគោរមងារកិត្តិយសពីរាជបណ្ឌិត្យសភាកម្ពុជា នូវ«សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរ» កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីជាកិច្ចតបស្នង នូវការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត កសាងស្នាដៃយ៉ាងមានតម្លៃសម្រាប់ប្រជាជនខ្មែរហើយក៏ជាបង្ហាញពីការយកចិត្តទុកដាក់ និង ការផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះចំណេះដឹង និង អត្ថបទស្រាវជ្រាវ និពន្ធ និង ចងក្រង ដែលលោកសម្រេចបានកន្លងមក។

ឯកឧត្តម សូ មុយឃៀង កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៤៤ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បិតានាម សូ ជួនទៀង (ស្លាប់) មាតានាម វ៉ា ទន់ (ស្លាប់)។ ភរិយាឈ្មោះ ទី សុខអ៊ីម(មេផ្ទះ) និងមានបុត្រចំនួន៣នាក់ ស្រី២នាក់និងប្រុស១នាក់។ ទម្រាំអាចប្រឡូកក្នុងវិស័យអប់រំដូចបច្ចុប្បន្ន លោក បានឆ្លងកាត់ការអប់រំជាច្រើនដំណាក់កាល ចាប់តាំងពីមធ្យមសិក្សាឆ្នាំ១៩៥៩ ឧត្តមសិក្សានៅឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៧៣ លោកបានក្លាយជាសាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិផ្នែកអក្សរសាស្ត្រខ្មែរ។

ក្នុងអំឡុងពេលនៃការបំពេញកិច្ចការក្នុងវិស័យអប់រំ លោកបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៧៩ដល់ឆ្នាំ២០០០ ដោយចូលបម្រើការងារនៅតាមនាយកដ្ឋាននិងអគ្គនាយកដ្ឋានដូចជា មជ្ឈមណ្ឌលនិពន្ធកម្មវិធីនិងសៀវភៅសិក្សាផ្នែកមធ្យមសិក្សា ពីឆ្នាំ១៩៧៩ ដល់ ១៩៨៤ និង វិទ្យាសា្ថនស្រាវជ្រាវវិទ្យាសាស្ត្រ ក្រសួងអប់រំពីឆ្នាំ១៩៨៤ ដល់ ១៩៩៨។ ក្រោយមកទៀត លោកបានចូលបម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីពីឆ្នាំ២០០៥ ដល់ ២០១៤។ ចន្លោះពេលនោះដែរ ពីឆ្នាំ២០១១ និងបន្តរហូតដល់ឆ្នាំ២០១៧ លោកបានទទួលការតែងតាំងជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និង ជាសមាជិកគណៈកម្មការភាសាវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ លោកជាសមាជិកគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ ស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌។

គួរបញ្ជាក់ថា ចន្លោះឆ្នាំ២០១៧ដល់ឆ្នាំ២០២១ លោកជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាប្រធានគណៈកម្មការអក្ខរាវិរុទ្ធនិងអំណាននៃក្រុមប្រឹក្សាជាតិភសាខ្មែរ និង អនុប្រធានគណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យនៃក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្រៅពីកិច្ចការនិងតួនាទីទាំងនេះ លោកក៏ជាសាស្ត្រាចារ្យបង្រៀននៅតាមសាកលវិទ្យាល័យនានាផងដែរ៕

RAC Media


2021-06-03 07:36:26   ថ្ងៃព្រហស្បតិ៍, 03 មិថុនា 2021 ម៉ោង 02:36 PM
«ការផ្លាស់ប្តូរ»!!! ដោយ៖ បណ្ឌិត គិន ភា

ការដួលរលំនៃរបបដឹកនាំមួយចំនួននៅមជ្ឈិមបូព៌ា នៅអាហ្វ្រិក បដិវត្តន៍ផ្កាម្លិះ និងនិទាឃរដូវអារ៉ាប់ បាននាំមកនូវបទពិសោធន៍ដ៏អាក្រក់នៃការផ្លាស់ប្តូរនៅជុំវិញពិភពលោក។ ប្រជាជនជាច្រើនត្រូវបានបំភ័យដោយការផ្លាស់ប្តូរ។ ពួកមហាអំណាចមិនបានរៀបចំផែនការដ៏ល្អសម្រាប់ការផ្លាស់ប្តូរ ដែលស្ថិតក្រោមរបៀបវារៈនយោបាយរបស់ខ្លួនឡើយ។

តាមរយៈបទពិសោធន៍ខាងលើ ប្រជាជនកម្ពុជាមិនគួរប្រឈមនឹងហានីភ័យនៃការផ្លាស់ប្តូរណាមួយ ដែលគ្មានភាពប្រាកដប្រជានោះទេ។ អ្វីដែលប្រជាជនកម្ពុជាគួរធ្វើនៅពេលនេះ គឺមិនមែនដូរអ្នកដឹកនាំនោះទេ គឺ «ដូររបៀបដែលពួកគាត់ដឹកនាំ» តាមរយៈការជំរុញឱ្យមានកំណែទម្រង់ស៊ីជម្រៅពិតប្រាកដមួយ ដែលមិនមែនជាការសន្យាម្តងហើយម្តងទៀតនោះទេ។

ប្រជាជនកម្ពុជានៅពេលនេះកំពុងមានទឹកមាត់ប្រៃ ដូច្នេះ ត្រូវចេះប្រើឱកាសមាសនេះ និយាយត្រង់ៗ ឬព្រមានចំៗទៅកាន់រាជរដ្ឋាភិបាល ឱ្យដូរមនុស្ស និងដូររបៀបដឹកនាំមួយចំនួនដែលដើរឆ្ងាយពីសភាពការណ៍ពិត និងតម្រូវការជាក់ស្តែងរបស់ប្រជាជន, «របៀបធ្វើដដែល មិនអាចបានលទ្ធផលប្រសើរជាងមុនទេ»។

រាជរដ្ឋាភិបាលត្រូវតែហ៊ានទទួលយកពាក្យពិតពីប្រជាជនដោយគ្មានការរើសអើង ឬការលាបពណ៌។ អាជ្ញាធរមួយចំនួន ដែលនៅតែប្រកាន់ឥរិយាបថរើសអើង ឬលាបពណ៌ហួសហេតុទៅលើប្រជាជនខ្លួនឯង គឺគ្មានបានជួយអ្វីទាល់តែសោះដល់រាជរដ្ឋាភិបាល ក្រៅតែពីការរុញច្រានប្រជាជនឱ្យឃ្លាតឆ្ងាយពីដើមទ្រូងរាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល និងប្រជាជន ប្រៀបដូចឪពុកម្តាយ និងកូនៗ។ គ្មានឪពុកម្តាយណាចង់ឱ្យកូនៗក្រលំបាកទេ ហើយក៏គ្មានកូនៗណាចង់ឱ្យឪពុម្តាយចាកចេញពីខ្លួនដែរ។ គ្រួសារមួយដែលមានសុភមង្គល គឺជាគ្រួសារដែលមានឪពុកម្តាយពោរពេញដោយព្រហ្មវិហារធម៌ ហើយកូនៗពោរពេញដោយកត្តញ្ញូតាធម៌។

សុខុមដុមនិយកម្មនៃសង្គមយើង មិនមែនជាមោទនភាពនៃការភ្លក្សរសជាតិប្រជាធិបតេយ្យបែបបស្ចិមប្រទេសនោះឡើយ ប៉ុន្តែ អ្វីដែលយើងត្រូវការ គឺសន្តិភាព វិបុលភាព និងយុត្តិធម៌សង្គម។ ប្រជាជនមិនត្រូវការផ្លាស់ប្តូរទេ បើរាជរដ្ឋាភិបាលចេះផ្លាស់ប្តូរ។ ប្រជាជនមិនល្ងង់ដល់ថ្នាក់ «យកឆ្កែអូសរទេះជំនួសគោនោះទេ»!!!

(ទស្សនៈលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់អ្នកនិពន្ធ ផ្ដល់ជូនជាការត្រិះរិះពិចារណាបន្ថែម សម្រាប់ជិវិតរស់នៅសាធារណជនទូទៅ ក៏ដូចជាសិស្ស និស្សិត ដែលកំពុងសិក្សារៀនសូត្រ ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ)

2021-05-30 11:37:59   ថ្ងៃអាទិត្យ, 30 ឧសភា 2021 ម៉ោង 06:37 PM
កម្ពុជានិងសហរដ្ឋអាម៉េរិក៖ ទំនាក់ទំនងនិងទំនុកចិត្តដែលត្រូវស្តារវិញ, ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនង​នេះ​ហាក់នៅមិនទាន់ពេញវ័យទៅតាមអាយុកាលរបស់វានៅឡើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មានតាំងពីមុននិងក្រោយកម្ពុជាទទួលឯករាជ្យមកម្ល៉េះ។ 

ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកមានភាពចម្រុះ ម្តងរះ ម្តង​លិច ម្តងឡើង ម្តងចុះ គ្មានស្ថិរភាព ហើយប្រទេសទាំងពីរក៏ធ្លាប់បានផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នាម្តងជា​ពីរដងផងដែរ។ ទោះបែបនេះក្តី ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហាក់មានការរីកចម្រើនលើវិស័យមួយចំនួននាទសវត្សរ៍ចុងក្រោយនេះ។ ក្រោមរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា គោលនយោបាយរបស់សហរដ្ឋអាម៉េរិក បានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើអាស៊ាន ក៏ដូចជាអាស៊ីទាំងមូល។ សហរដ្ឋអាម៉េរិកបានពង្រឹងភាពជាដៃគូរបស់ខ្លួនមានលក្ខណៈស៊ីជម្រៅជាមួយសមាជិកនានារបស់អាស៊ាន ក្នុងនោះរួមទាំងកម្ពុជាផង​ដែរ។ 

ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយកម្ពុជា ត្រូវបានតាក់តែងនិងរៀបចំដោយផ្អែកលើយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកឆ្ពោះមកកាន់អាស៊ី (Pivot to Asia Strategy) ដែលជាយុទ្ធសាស្ត្រមានលក្ខណៈជវភាពនិងទូលំទូលាយ។ យុទ្ធសាស្ត្រនេះផ្តោតលើសកម្មភាពជាច្រើន រួមមាន ការពង្រឹងសម្ព័ន្ធភាពសន្តិសុខទ្វេភាគី ការបង្កើតវត្តមានយោធាដែលមានមូលដ្ឋានទូលំទូលាយ ការចូលរួមក្នុងយន្តការស្ថាប័នពហុភាគីក្នុងតំបន់ ការពង្រីកពាណិជ្ជកម្មនិងវិនិយោគ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ជាដើម ដែលការណ៍នេះមិនត្រឹមតែដើម្បីសម្រេចផលប្រយោជន៍ជាយុទ្ធសាស្ត្រនិងគុណតម្លៃរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ផងដែរ។

ក្រោយមក សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ហាក់មិនសូវឱ្យតម្លៃចំពោះអាស៊ាន ហើយទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយបណ្តាប្រទេសមួយចំនួននៅអាស៊ានហាក់ដូចជាមិនសូវជាល្អ។ ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយកម្ពុជាហាក់ដូចជាមានភាពរកាំរកូសច្រើន។ ប៉ុន្តែ ទោះជាបែបនេះក្តី នៅចុងអាណត្តិរបស់ខ្លួន នាឆ្នាំ២០១៩ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតចំនួន ២ច្បាប់ មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាឥរិយាបថការទូតដ៏កម្រ។

លិខិតទីមួយ គឺអញ្ជើញសម្តេចតេជោទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក នៅឆ្នាំ២០២០ និងលិខិតទី២ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចំណងទាក់ទងទ្វេភាគីដោយបញ្ជាក់ថា សហរដ្ឋអាម៉េរិកចង់បង្កើន​ទំនាក់ទំនងចំណងមិត្តភាពទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា និងថា សហរដ្ឋអាម៉េរិកគោរព​អធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ ព្រមទាំងស្នើសុំឱ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក ធ្វើកិច្ចការជាមួយគ្នាដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសាទរចំពោះគំនិតផ្តួចផ្តើមជំនួបកំពូលរបស់លោក ដូណាល់ ត្រាំ ដោយកត់សម្គាល់ថា កិច្ចប្រជុំនេះនឹងលើកកម្ពស់ចំណងទាក់ទងរវាងអាស៊ាននិងសហរដ្ឋអាម៉េរិក។ គោលជំហររបស់សម្ដេចតេជោ ហ៊ុន សែន គឺច្បាស់លាស់និងគាំទ្រធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាម៉េរិកបន្តរីកចម្រើន និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគាំទ្រគំនិតផ្តួចផ្តើមនៃការបង្កើតក្រុមការងារដើម្បីស្តារ «ជំនឿទុកចិត្ត» រវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឱ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្តនិងភាពជឿជាក់ឡើងវិញនឹងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។

ប៉ុន្តែ បើយើងពិនិត្យមើលឱ្យស៊ីជម្រៅ តើអ្វីជាបញ្ហាប្រឈមដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរចេះតែមានភាពរកាំរកូសនិងមិនសូវរីកចម្រើន?

ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើ គេចាំបាច់ត្រូវពិនិត្យមើលផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរនិងបញ្ហាប្រឈមនានាដែលកើតមានក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរជាមុនសិន។

ប្រទេសកម្ពុជា ថ្វីបើមានទំហំតូច ប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយក៏ពិតមែន ប៉ុន្តែទីតាំងភូមិសាស្ត្រនិងតួនាទីរបស់ខ្លួននៅក្នុងតំបន់ ប្រទេសកម្ពុជាពិតមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាម៉េរិក។

ផលប្រយោជន៍របស់សហរដ្ឋអាម៉េរិកនៅកម្ពុជា រួមមានការជំរុញការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ បញ្ហាសន្តិសុខក្នុងតំបន់ ការពង្រឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិ មនុស្ស ជាពិសេស គឺផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយ ដែលសហរដ្ឋអាម៉េរិកកំពុងប្រកួតប្រជែងយ៉ាងស្រួចស្រាល់ជាមួយចិន។ ការធ្វើឱ្យមានទំនាក់ទំនងល្អជាមួយកម្ពុជា សហរដ្ឋអាម៉េរិក មិនត្រឹមតែសម្រេចបាននូវផលប្រយោជន៍និងគុណតម្លៃរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ទៀតផង។

ចំពោះប្រទេសកម្ពុជាវិញ អាទិភាពរបស់ខ្លួនក្នុងទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាម៉េរិក គឺដើម្បីផលប្រយោជន៍សេដ្ឋកិច្ច គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និងការកាត់បន្ថយភាពក្រីក្រតាមរយៈជំនួយសហរដ្ឋអាម៉េរិក ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពតំបន់។ កម្ពុជាតែងផ្តល់សារៈសំខាន់និងអាទិភាពខ្លាំងទៅលើសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ដូច្នេះ សហរដ្ឋអាម៉េរិកគួរយល់ឱ្យច្បាស់ពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់កម្ពុជា។

ទន្ទឹមនឹងការពិនិត្យមើលផលប្រយោជន៍ជាយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ យើងក៏ត្រូវមើលផងដែរ ពីបញ្ហាប្រឈមនានាដែលកើតមានក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងទិដ្ឋភាពនៃនយោបាយការបរទេស ប្រទេសទាំងពីរមានគោលដៅខុសគ្នា។ ក្នុងអំឡុងសតវត្សរ៍ទី២០ ជាពិសេសក្នុងអំឡុងសង្រ្គាមត្រជាក់ គោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក ត្រូវបានរៀបចំឡើងដើម្បីទប់ទល់នឹងកំណើននៃឥទ្ធិពលលទ្ធិកុម្មុយនីស្តតែប៉ុណ្ណោះ ហើយអ្វីផ្សេងទៀត គឺជារឿងបន្ទាប់បន្សំ។ សហរដ្ឋអាម៉េរិកមិនដែលមានគោលនយោបាយការបរទេសច្បាស់លាស់ចំពោះតំបន់អាស៊ីអាគ្នេយ៍នោះទេនិយាយជារួម និងចំពោះកម្ពុជា និយាយដោយឡែក។

ចំណែកឯគោលដៅនៃគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា គឺធ្វើយ៉ាងណា ដើម្បីឱ្យខ្លួនអាចរស់ក្នុងនាមជាប្រជាជាតិនិងជារដ្ឋអធិបតេយ្យមួយតាមមធ្យោបាយដែលអាចធ្វើទៅបាន។ កម្ពុជាមិនរើសអើងថា ជាលោកសេរីឬលោកកុម្មុយនីស្តនោះឡើយ។ គោលដៅនៃគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា គឺដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព វិបុលភាព និងការអភិវឌ្ឍ និងដណ្តើមមកវិញនូវកិត្យានុភាពជាតិដែលបាត់បង់ពីអតីតកាល។

ចំពោះមុខភាពដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាជាមួយចិន ទំនងនៅតែជាស្រមោលមួយដែលបិទបាំងការរីកលូតលាស់នៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក។ ដូច្នេះ ទំនាក់ទំនងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក គឺស្មុគស្មាញ ពិបាកប៉ាន់ស្មាន។ ចំពោះមុខ សហរដ្ឋអាម៉េរិកនឹងមិនចាប់យកកម្ពុជាជាដៃគូយុទ្ធសាស្ត្រទេ។ និយាយជារួមទៅ ក្នុងទស្សនៈរបស់ខ្លួន សហរដ្ឋអាម៉េរិកចាត់ទុកកម្ពុជាជាស្ត្រីដែលរៀបការរួចជាមួយនឹងប្រទេសចិន។ ទស្សនៈនេះ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់ដូចជាជាប់សោជាមួយនឹងស្រមោលចិន។ ប៉ុន្តែជាក់ស្តែង កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសផ្កាចម្រុះពណ៌។

បញ្ហានយោបាយផ្ទៃក្នុងកម្ពុជា ហាក់ដូចជាត្រូវបានសហរដ្ឋអាម៉េរិកប្រើប្រាស់ ដើម្បីថ្នូរក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយកម្ពុជា។ ដូច្នេះ នាំឱ្យមានគេមើលឃើញថា សហរដ្ឋអាម៉េរិកបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដោយផ្តល់ការគាំទ្រដល់គណបក្សប្រឆាំង និងលើកទឹកចិត្តដល់ក្រុមសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដើម្បីបង្កើតការយល់ឃើញ «អវិជ្ជមាន» ចំពោះប្រទេសកម្ពុជា ដែលធ្វើឱ្យខូចមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនោះ ការយល់ឃើញខុសគ្នាទៅលើបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា និងកង្វះភាពជឿជាក់និងទំនុកចិត្តខាងនយោបាយ បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយធ្វើឱ្យប្រេះស្រាំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឥរិយាបថ អ្នកការទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជាកន្លងមក ក៏ជះឥទ្ធិពលអវិជ្ជមាន ចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរដែរ ដែលពួកគេហាក់ដូចជាមិនសូវយល់ឬមិនយកចិត្តទុកដាក់ពីតម្លៃអាស៊ី តម្លៃវប្បធម៌និងអរិយធម៌ខ្មែរ ជាពិសេស របត់ប្រវត្តិសាស្ត្រខ្មែរ។ ប៉ុន្តែ ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក លោក Patrick Murphy ដែលជាអ្នកការទូតជើងចាស់ ប្រកបដោយវិជ្ជាជីវៈ និងចំណេះដឹងពីសង្គម និង វប្បធម៌កម្ពុជាច្រើន យើងកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានស្ថិរភាព និងមានភាពប្រសើរឡើង។

ដូច្នេះ តើកម្ពុជានិងសហរដ្ឋអាម៉េរិកត្រូវជួសជុលទំនាក់ទំនងនិងស្តារទំនុកចិត្តគ្នាឡើងវិញដោយរបៀបណា?

ដើម្បីជួសជុលទំនាក់ទំនងដែលប្រេះស្រាំនិងស្តារគម្លាតនៃទំនុកចិត្ត ជាបឋមនិងសំខាន់បំផុត ប្រទេសទាំងពីរគួរតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីគ្នាទៅវិញទៅមក។

ការស្ដារឡើងវិញនូវទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក ដូចដែលបានសន្យាដោយមេដឹកនាំនៃប្រទេសទាំងពីរ គួរតែត្រូវបានដឹងតាមរយៈយន្តការចម្រុះ និងការទូតពហុបទ ដោយគោរពទស្សនៈផ្សេងគ្នានិងធ្វើការវាយតម្លៃដោយផ្អែកលើការពិត។ ភាពខុសគ្នាលើជ្រុងណាមួយឬទិដ្ឋភាពណាមួយ មិនគួរត្រូវបានអនុញ្ញាតឱ្យគ្របដណ្តប់លើទិដ្ឋភាពទូទៅនៃទំនាក់ទំនងទាំងមូលរវាងប្រទេសទាំងពីរនោះឡើយ។

ការសន្ទនាទ្វេភាគីឱ្យញឹកញាប់និងត្រង់ទៅត្រង់មក គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្ត និងពូនជ្រុំទំនាក់ទំនងនិងមិត្តភាពរវាងប្រទេសទាំងពីរឱ្យមានភាពចាស់ទុំសមនឹងវ័យ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ គួរសម្របសម្រួលជំហររបស់ខ្លួនដោយបើកចិត្ត និងបេះដូងទទួលយកនូវភាពខុសគ្នា និងចេះធ្វើការជាមួយគ្នាឆ្ពោះទៅអនាគត។

ការលើកកម្ពស់ការយល់គ្នានិងការទុកចិត្តគ្នាទៅវិញទៅមក ប្រទេសទាំងពីរគួរតែស្វែងយល់ពីផលប្រយោជន៍ជាតិជាយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក និងគោលដៅនិងយុទ្ធសាស្ត្រនៃគោលនយោបាយការបរទេសរៀងៗខ្លួន និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។

ទន្ទឹងនឹងនោះដែរ វិធីសាស្រ្តមួយដែលមានប្រសិទ្ធភាពក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា សហរដ្ឋអាម៉េរិកគួរតែស្វែងយល់កាន់តែជ្រៅពីប្រវត្តិសាស្រ្ត ប្រព័ន្ធសង្គម-វប្បធម៌ លក្ខខណ្ឌនយោបាយ-សេដ្ឋកិច្ច និងភាពស្មុគស្មាញនៃនយោបាយអំណាច និងការផ្លាស់ប្តូរនៅកម្ពុជា។

សហរដ្ឋអាម៉េរិកគួរជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់ខ្លួនជាមួយកម្ពុជាតាមរយៈយុទ្ធសាស្ត្រការ៉ុតជាជាងដំបង។ ក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ការប្រើប្រាស់យុទ្ធសាស្ត្រដំបង គឺមិនសូវមានប្រសិទ្ធភាពនោះទេ។ ទន្ទឹមនឹងនោះ សហរដ្ឋអាម៉េរិកគួរតែពិចារណាលើកទឹកចិត្តដល់វិនិយោគិនរបស់ខ្លួន ឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដូចដែលប្រទេសចិនកំពុងធ្វើ។

វាគួរតែដល់ពេលដែលសហរដ្ឋអាម៉េរិកនិងកម្ពុជាចាកចេញពីស្រមោលចិន ដើម្បីជួសជុលទំនាក់ទំនងដែលប្រេះស្រាំនេះឡើងវិញ។ កម្ពុជាត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យា ក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាងនិងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។ កម្ពុជាមិនត្រូវជ្រើសរើសយកប្រទេសណាមួយមកជំនួសឱ្យប្រទេសណាមួយនោះទេ។

 

ប្រទេសចិននិងសហរដ្ឋអាម៉េរិក សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាចាំបាច់ត្រូវរកមធ្យោបាយធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដើម្បីទទួលបាននូវផលប្រយោជន៍ជាអតិបរិមាលើវិស័យនយោបាយ សេដ្ឋកិច្ច និងការទូត ហើយមិនគួរផ្តល់សារៈសំខាន់ដល់អំណាចណាមួយលើមហាអំណាចមួយទៀតនោះទេ។

ជារួមទៅ កម្ពុជានិងសហរដ្ឋអាម៉េរិកនៅមានឱកាសច្រើន និងមានលម្ហទូលំទូលាយក្នុងការជួសជុលទំនាក់ទំនងរបស់ខ្លួននិងការបិទភ្ជាប់គម្លាតនៃទំនុកចិត្តរវាងគ្នានឹងគ្នា។ យើងសង្ឃឹមថា មេរៀននៃទំនាក់ទំនងរវាងប្រទេសទាំងពីរយៈពេល៧០ឆ្នាំមកនេះ វាគ្រប់គ្រាន់សម្រាប់ប្រទេសទាំងពីរប្រើប្រាស់ ដើម្បីពូនជ្រុំទំនាក់ទំនងរបស់ខ្លួនឱ្យមានស្ថិរភាព ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងរឹងមាំសម្រាប់រយៈពេល៧០ឆ្នាំទៅមុខទៀត និងយូរអង្វែងទៅអនាគត៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជា

(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ មិនឆ្លុះបញ្ចាំងជំហររបស់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ឬរាជបណ្ឌិត្យសភាកម្ពុជានោះទេ)

2021-05-28 13:18:01   ថ្ងៃសុក្រ, 28 ឧសភា 2021 ម៉ោង 08:18 PM
គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានសិក្សាចិន



2021-05-25 05:14:24   ថ្ងៃអង្គារ, 25 ឧសភា 2021 ម៉ោង 12:14 PM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

RAC Media


2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក