Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងថ្នាក់ដឹកនាំស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលចួបនិងពិភាក្សាការងារជាមួយនឹងគណៈប្រតិភូនៃស្ថានទូតអូស្ត្រាលី ដែលដឹកនាំដោយឯកឧត្ដម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅបន្ទប់ ២-១១ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជំនួបពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់ពីគ្នាទៅវិញទៅមក ពិសេសភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិស័យនានាដែលរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាបាន។
ក្នុងជំនួបពិភាក្សាការងារខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម សូត្រ សំណាង អគ្គលខាធិការរងរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដម ខែក វីរៈ នាយកខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំវិទ្យាស្ថានទាំង៧នៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងក្នុងជំនួបជាមួយឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើការកត់សម្គាល់ទៅលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលីចំនួន៥ចំណុចរួមមាន៖ ១. វិស័យកសិកម្ម ២. វិស័យអប់រំ និងបណ្ដុះបណ្ដាល ៣. វិស័យសុខាភិបាល ៤. អភិបាលកិច្ចល្អ ៥. វិស័យធនធានទឹក។
បន្ទាប់ពីបានពិភាក្សាគ្នារួច ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីវិស័យចំនួន៣ ធ្វើជាវិស័យសម្រាប់កិច្ចសហប្រតិបត្តិរវាងភាគីទាំងពីរគឺ៖
១. នយោបាយការបរទេស
២. វិស័យកសិកម្ម
៣. ការបណ្ដុះបណ្ដាលភាសាអង់គ្លេស
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជម្រាបជូនទៅឯកឧត្ដមអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីការផ្ដល់ជូននូវអាហារូបករណ៍ជូនដល់ជនជាតិអូស្ត្រាលីដើម្បីសិក្សាភាសាខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
គួរបញ្ជាក់ថា កម្ពុជានិងអូស្ត្រាលី បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅឆ្នាំ១៩៥២ និងក្រោយមកត្រូវកាត់ផ្ដាច់វិញនៅឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៣ ទើបព្រះរាជាណាចក្រកម្ពុជានិងអូស្ត្រាលីមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាឡើងវិញ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ទទួលបានការតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា យោងតាមសេចក្តីសម្រេចលេខ ០៤២/២០ ស.ស.រ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
កាលពីរសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៣ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
ភ្នំពេញ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាខួបនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលគិតមកត្រឹមឆ្នាំនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអាយុ២៧ឆ្នាំហើយ (១៩៩៣-២០២០)។ ក្នុងឱកាសខួប២៧ឆ្នាំនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំសន្និសីទអបអរសាទរខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាថ្មីនូវរដ្ឋធម្មនុញ្ញរបស់កម្ពុជាក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងក្រុមប្រឹក្សាធម្មនុញ្ញបានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងឥស្សរ ជនព្រមទាំងបញ្ញវន្តខ្មែរជាច្រើនរូប ឡើងធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងច្បាប់កំពូលនេះរបស់ជាតិ។
ចាប់តាំងពីឆ្នាំ១៩៤៧ មក ប្រទេសកម្ពុជាបានផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ខ្លួនទៅតាមរបត់នយោបាយចំនួន៦លើករួចមកហើយ៖
-លើកទី១នៅឆ្នាំ១៩៤៧
-លើកទី២នៅឆ្នាំ១៩៧២
-លើកទី៣នៅឆ្នាំ១៩៧៦
-លើកទី៤នៅឆ្នាំ១៩៨១
-លើកទី៥នៅឆ្នាំ១៩៨៩
-និងលើកចុងក្រោយនៅឆ្នាំ១៩៩៣ ក្នុងសម័យរាជាណាចក្រទីពីរ ដែលមានព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងប្រវត្តិសាស្ត្រ ក្រោយពីប្រទេសកម្ពុជាពើបប្រទះនឹងសង្គ្រាមជាង៣ទសវត្សរ៍ ភាគីខ្មែរក្នុងជម្លោះទាំង៤ភាគី គឺរដ្ឋាភិបាលសាធាណរដ្ឋប្រជាមានិតកម្ពុជាដែលក្រោយមកបានក្លាយទៅជារដ្ឋាភិបាលរដ្ឋកម្ពុជា និងក្រុមខ្មែរត្រីភាគី បានព្រមព្រៀងគ្នាក្នុងការរកដំណោះស្រាយរួមអំពីជម្លោះនៅកម្ពុជា ដោយមានការចូលរួមគាំទ្រនិងជ្រោមជ្រែងពីប្រទេសជាមិត្តទាំង១៨ផ្សេងទៀត និងព្រមទាំងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានឈានទៅដល់ការចុះហត្ថលេខាលើកញ្ចប់ដំណោះស្រាយរួមនៃជម្លោះកម្ពុជា ដែលត្រូវបានគេហៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចូលជាធរមាន ប្រទេសនិងប្រជាជនកម្ពុជាបានស្គាល់ការបោះ ឆ្នោតជាលើកដំបូងបន្ទាប់ពីរងគ្រោះដោយសារសង្គ្រាមក្នុងរយៈពេលជាង៣ទសវត្សរ៍ចុងក្រោយ ដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ និងត្រូវបានរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា «អ៊ុនតាក់»។ បន្ទាប់ពីលទ្ធផលឆ្នោតត្រូវបានប្រកាសរួច តំណាងដែលជាប់ឆ្នោតទាំងអស់ត្រូវបានកោះឱ្យចូលរួមកិច្ចប្រជុំ «សភាធម្មនុញ្ញ» ដើម្បីរៀបចំតាក់តែងរដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយទៅជាច្បាប់កំពូលរបស់ជាតិ។ ក្រោយពីតាក់តែងរួច រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ បន្ទាប់ពីអនុម័តរដ្ឋធម្មនុញ្ញថ្មីរួច សភាធម្មនុញ្ញបានក្លាយខ្លួនទៅជា«រដ្ឋសភាជាតិ»ដែលជាស្ថាប័ននីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានប្រសូតឡើងនៅក្នុងឆ្នាំ១៩៩៣នេះ បានកំណត់អំពីរបបនយោបាយនៃព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ទ្រង់សោយរាជ្យប៉ុន្តែមិនកាន់អំណាច។ អង្គព្រះមហាក្សត្រមិនអាចនរណាបំពានបានឡើយ។ ព្រះមហាក្សត្រ គឺជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ រដ្ឋធម្មនុញ្ញថ្មីនេះ ក៏បានចែងយ៉ាងច្បាស់អំពីកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ជាតិ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួមជាវាគ្មិនធ្វើបទអន្តរាគមន៍ក្នុងសន្និសីទខាងលើនេះ បានគូសបញ្ជាក់ថា បច្ច័យជាចម្បងដែលនាំឆ្ពោះទៅដល់ការរៀបចំបង្កើតរដ្ឋធម្មនុញ្ញថ្មីនៃសម័យរាជាណាចក្រទីពីរ គឺការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជាមូលដ្ឋានមួយសម្រាប់ការកសាងរដ្ឋធម្មនុញ្ញ និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលបាននាំមកនូវសន្តិភាពពេញលេញជូនដល់ជាតិមាតុភូមិកម្ពុជា និងធានាបាននូវការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃសម័យរាជាណាចក្រទីពីរនោះគឺ «នយោបាយឈ្នះ-ឈ្នះ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចប់ទាំងស្រុងនូវរចនាសម្ព័ន្ធចាត់តាំងរបស់ក្រុមខ្មែរក្រហម និងបញ្ចប់ស្ថានភាពនៃការគ្រប់គ្រងប្រទេសកម្ពុជាតាមរបៀបស្បែកខ្លានៅឆ្នាំ១៩៩៨។
ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញថ្មី នៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា កន្លងមកកម្ពុជាតែងតែបានប្រើប្រាស់យន្តការធម្មនុញ្ញដើម្បីដោះស្រាយបញ្ហាជាតិ ដែលរួមមានដូចជាការបង្កើតឱ្យមានរបបសហនាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៩៣ ក្នុងគោលដៅធ្វើឱ្យមានសុខដុមនីយកម្ម និងការដោះស្រាយបញ្ហាដែលអាចប្រឈមគ្នាដោយការបង្ហូរឈាម មកជាការមិនបង្ហូរឈាមវិញ, ការដោះស្រាយវិវាទក្រោយព្រឹត្តិការណ៍ថ្ងៃទី៥-៦ កក្កដា ១៩៩៧ ដោយប្រើប្រាស់យន្តការរដ្ឋធម្មនុញ្ញ, ការដោះស្រាយភាពជាប់គាំងនយោបាយក្រោយពីការបោះឆ្នោតឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០១៣ ដែលអាចបញ្ចៀសបាននូវការបង្ហូរឈាម, ការរក្សាកងកម្លាំង ដោយទុកកងកម្លាំងគឺជាឧបករណ៍របស់រដ្ឋ,ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងការបែងចែកអំណាចធំៗទាំង៣របស់រដ្ឋឯករាជ្យពីគ្នា និងការណ៍ដែលអ្នកនយោបាយប្រើប្រាស់យន្តការច្បាប់ដើម្បីដោះស្រាយបញ្ហានយោបាយ ដែលបង្ហាញពីភាពចាស់ទុំខាងនយោបាយ។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលគូសបញ្ជាក់ និងសម្រាប់ចង្អុលបង្ហាញនូវគោលនយោបាយការបរទេស ទៅកាន់បណ្ដាប្រទេសជាដៃគូ ដែលរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់អំពីនយោបាយអព្យាក្រឹត អចិន្ត្រយ៍ និងមិនចូលបក្សសម្ព័ន្ធ និងដែលព្រះរាជាណាចក្រកម្ពុជាត្រូវជ្រើសរើសការរួមរស់ប្រកបដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ តាមរយៈច្បាប់កំពូលរបស់ជាតិនេះ ព្រះរាជាណាចក្រកម្ពុជា នឹងមិនឈ្លានពានឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃឡើយ ទោះបីក្នុងរូបភាពដោយផ្ទាល់ឬដោយប្រយោលក្ដី ដោយកម្ពុជាប្រកាន់ជំហរស្វាគមន៍នូវរាល់ដំណោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត កម្ពុជាដែលប្រកាន់ជំហសន្តិភាពនិយម កម្ពុជានឹងមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹត្យរបស់ខ្លួនឡើយ ពិសេសកម្ពុជានឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ឬក៏មូលដ្ឋានយោធារបស់ខ្លួនលើទឹកដីបរទេសក្រៅតែពីក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ ទាំងនេះ គឺជាការចែងយ៉ាងច្បាស់លាស់ ដែលមាននៅក្នុងមាត្រា៥៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអនុវត្តគោលនយោបាយការបរទេសបែបចម្រុះពណ៌ ដែលកម្ពុជាស្វាគមន៍ចំពោះរាល់ទំនាក់ទំនងល្អ និងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងបណ្ដាប្រទេសជាមិត្តនិងជាដៃគូទាំងអស់ក្នុងភាពស្មើមុខស្មើមាត់ និងស្មើសិទ្ធិ និងគោរពអធិបតេយ្យនិងផលប្រយោជន៍ផងគ្នារៀងៗខ្លួន។
គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានធ្វើវិសោធនកម្មចំនួន៩ដងរួចមកហើយ ដែលការធ្វើវិសោធនកម្មលើកចុងក្រោយគឺនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៥៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈ កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន៥ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី «អត្ថប្រយោជន៍នៃការសិក្សាភាសាចិន»ដល់សិក្ខាកាមសរុប២០០នាក់ដែលជាលោកគ្រូ អ្នកគ្រូបង្រៀនភាសាចិននៅតាមគ្រឹះស្ថានអប់រំភាសាចិននានានៅកម្ពុជា។ សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់នេះមានរយៈពេល១០ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងការធ្វើបទបង្ហាញតាមរយៈប្រព័ន្ធវីដេអូ Conference ឯកឧត្តមបណ្ឌិត គិន ភា បានឱ្យតម្លៃខ្ពស់លើការអប់រំ ជាពិសេសការសិក្សាភាសាចិន ដោយឯកឧត្តមបណ្ឌិតបានមានប្រសាសន៍លើកឡើងថា អ្នកសិក្សាភាសាចិននឹងទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗ, អាចស្រាវជ្រាវឯកសារផ្សេងៗតាមរយៈភាសាចិន និងអាចសិក្សាប្រព័ន្ធច្បាប់របស់ប្រទេសចិន ជាពិសេសអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន។
បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតបានមើលឃើញថា ដោយសារប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ហើយស្ទើរតែមួយភាគ៤ នៃប្រជាជនលើពិភពលោកចេះនិយាយភាសាចិន ដូច្នេះចេះភាសាចិនអាចមាន លទ្ធភាពទទួលបានការងារច្រើន មានទីផ្សារការងារច្រើន និងទទួលបានប្រាក់ចំណូលខ្ពស់។
ឯកឧត្តមបណ្ឌិតបានលើកឡើងបន្ថែមថា ការសិក្សាភាសាចិនគឺជាយានមួយដ៏សំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ដោយសារមហាយក្សចិនជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ថ្នាក់ទីពីរនៅលើពិភពលោក ដូច្នេះសិក្សាភាសាមួយនេះ អាចបង្កើននូវវិនិយោគមួយផ្នែកធំទៅសេដ្ឋកិច្ចជាតិ ការបង្កើនអាជីវកម្មផ្សេងៗ តាមរយៈការទំនាក់ទំនងដោយប្រើភាសាចិន។ ជាមួយនេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការសិក្សាភាសាចិនជាសារមួយដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈការយល់ដឹងពីវប្បធម៌ដ៏ចំណាស់របស់ប្រទេសចិន និងអាចផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ជនជាតិបរទេសតាមរយៈភាសាចិន ព្រមទាំងនយោបាយនិងទំនាក់ទំនងការទូតជាមួយប្រទេសចិនដែលកំពុងត្រូវបានរឹតចំណងមិត្តភាព កម្ពុជា-ចិនដែលមានតាំងពីយូរណាស់មកហើយ និងបង្កើតកម្មវិធីផ្សេងៗដែលទាក់ទង មិត្តភាពកម្ពុជា-ចិនឲ្យកាន់តែរឹងមាំថែមទៀត។
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានបញ្ជាក់ថា៖«ចិនជាប្រទេសមហាអំណាចមានប្រជាជនច្រើន សេដ្ឋកិច្ចទីពីរលើពិភពលោក និងវប្បធម៌ដ៏ចំណាស់។ នេះជាហេតុនាំឲ្យមានសារប្រយោជន៍ជាច្រើនដល់ការសិក្សាភាសាចិន»៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍគ្រូបង្រៀនភាសាចិនក្នុងតំបន់នៅកម្ពុជា និងគោលការណ៍ខ្សែក្រវ៉ាត់ និងផ្លូវដល់សិក្ខាកាមសរុប២០០នាក់ដែលជាលោកគ្រូ អ្នកគ្រូបង្រៀនភាសាចិននៅតាមគ្រឹះស្ថានអប់រំភាសាចិននានានៅកម្ពុជា។ សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់នេះមានរយៈពេល១០ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងការធ្វើបទបង្ហាញតាមរយៈប្រព័ន្ធវីដេអូ Conference ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងអំពីសារប្រយោជន៍សំខាន់ៗចំនួន៤ចំណុចរួមមាន៖ ១. គោលការណ៍ខ្សែក្រវាត់ និងផ្លូវ ២. ការអភិវឌ្ឍគ្រូក្នុងតំបន់ ៣. សារៈសំខាន់របស់គ្រូបង្រៀនភាសាចិន ក្នុងគោលការណ៍ខ្សែក្រវាត់ និងផ្លូវ និង៤.សន្និដ្ឋាន។
ឯកឧត្តមបណ្ឌិតសភាចារ្យបានចាត់ទុកគោលការណ៍ខ្សែក្រវាត់ និងផ្លូវគឺជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ស៊ី ជីនភីង នៅឆ្នាំ២០១៣ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន ជាមួយប្រទេសជាច្រើននៅទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។
ចំពោះគោលបំណងនយោបាយសម្លឹងមកអាស៊ី អាស៊ាន ពិសេសកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យមើលឃើញគឺដើម្បីទទួលបានស្ថិរភាពនយោបាយ សន្តិភាព និងសក្តានុពលសេដ្ឋកិច្ច (ពាណិជ្ជកម្ម, សំណង់អគារ, ទេសចរណ៍, ការដឹកជញ្ជូន និងផែទឹកជ្រៅ,....)។
ដោយឡែកបញ្ហាប្រឈមចំពោះគ្រូបង្រៀនជនជាតិចិននៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យមើលឃើញដែរថា ចំនួនគ្រូបង្រៀនភាសាចិនបញ្ជូនមកកម្ពុជាមិនទាន់អាចបំពេញតម្រូវការគ្រប់គ្រាន់ ធនធានគ្រូបង្រៀនភាសាចិនកម្រិតខ្ពស់នៅមានកម្រិត មិនទាន់មានអ្នកឯកទេសធ្វើការវាយតម្លៃ និងរៀបចំកម្មវិធីសិក្សាភាសាចិនកម្រិតខ្ពស់នៅកម្ពុជា រយៈពេលបម្រើការងារខ្លី (រយៈពេល១ឆ្នាំទៅ៣ឆ្នាំ)។
នៅចំពោះបញ្ហាប្រឈមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា ភាពចាំបាច់ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ គឺតម្រូវការធនធានអ្នកចេះភាសាចិនឱ្យកើនឡើង តម្រូវការធនធានអ្នកចេះភាសាចិនកម្រិតខ្ពស់ តម្រូវការធនធានអ្នកចេះភាសាចិនរួមជាមួយជំនាញវិជ្ជាជីវៈដែលបម្រើឱ្យវិស័យទេសចរណ៍វិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចវិស័យកសិកម្ម និងកសិឧស្សាហកម្ម ឧស្សាហកម្មធុនស្រាល និងមធ្យម ពាណិជ្ជកម្ម ការទូត អប់រំ និងសុខាភិបាលជាដើម។
ជាក់ស្តែងចំពោះការពង្រឹងសមត្ថភាពភាសាចិនខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន និងភាសាបរទេសនៃក្រសួងអប់រំចិនបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពភាសាចិននេះក្នុងកម្រិតថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ភាសាចិន គរុកោសល្យភាសាចិន អក្សរសាស្ត្រចិន បកប្រែភាសាចិន ភាសាចិនពាណិជ្ជកម្ម ភាសាចិន ទេសចរណ៍ និងភាសាចិនសុខាភិបាល។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់បន្ថែមថា៖« ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលរាជបណ្ឌិត្យសភាកម្ពុជានឹងអភិវឌ្ឍធនធានអ្នកចេះភាសាចិននៅកម្ពុជាទាំងបរិមាណ និងគុណភាព»៕
RAC Media| រឿន ភារុន
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ជូរ ច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យ សភាកម្ពុជា និង លោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញសួរសុខទុក្ខឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ ជំនួយការរាជបណ្ឌិត្យសភាកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញតាំងពីថ្ងៃទី៨ ខែកញ្ញារហូតមក។
ឯកឧត្ដមបណ្ឌិត ជូរ ច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យសភាកម្ពុជា និងលោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុបាននាំការផ្ដាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាជូនចំពោះ សាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ និងបានឱ្យវេជ្ជបណ្ឌិតខិតខំធ្វើការព្យាបាល និងថែទាំព្យាបាលឱ្យបានដិតដល់។ ជាមួយនេះ ឯកឧត្ដមបណ្ឌិត ជូរ ច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យសភាកម្ពុជា និងលោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុបាននាំថវិកាដែលទទួលបានពីថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាសរុបចំនួន៥,៧៣០,០០០រៀល (ប្រាំលានប្រាំពីររយសាមសិបពាន់រៀលគត់) ជូនក្រុមគ្រួសារឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ ដើម្បីជួយសម្រាលបន្ទុកនៃការព្យាបាល។
ជំនួសមុខឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ ក្រុមគ្រួសារសូមថ្លែងអំណរគុណឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំវិទ្យាស្ថាន/អង្គភាពចំណុះ ព្រមទាំងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាដែលបានចូលរួមឧបត្ថម្ភថវិកា ដើម្បីជួយសម្រាលបន្ទុកនៃការព្យាបាលជំងឺរបស់ឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា។
ក្រុមគ្រួសារឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ សូមជូនពរថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
RAC Media | រឿន ភារុន
ចិនជាប្រទេសផ្តល់ប្រាក់កម្ចីធំជាងគេបង្អស់នៅលើពិភពលោក ដោយបានផ្តល់កម្ចីច្រើនជាងធនាគារពិភពលោក ឬស្ថាប័នអន្តរជាតិដទៃទៀត។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៧ ប្រាក់កម្ចីរបស់បណ្តាប្រទេសនានាពីប្រទេសចិន «បានកើនឡើង១០ដង ចាប់ពីចំនួនតិចជាង ៥០០ពាន់លានដុល្លារ ទៅដល់ ជាង៥លានលានដុល្លារអាម៉េរិក» ហើយមានការលើកឡើងជាច្រើន ជាច្រើនទាក់ទងនឹងបញ្ហានេះ ដោយចាត់ទុកថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងប្រើប្រាស់ «ការទូតអន្ទាក់បំណុល» ដើម្បីបានចំណេញប្រយោជន៍ផ្នែកយុទ្ធសាស្ត្រទៅលើបណ្ដាប្រទេស នានា ដែលកំពុងជួបការលំបាកក្នុងការសងបំណុល ដែលខ្ចីនៅក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធ «ខ្សែក្រវាត់និងផ្លូវ» របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
តើប្រទេសឡាវ និងស្រីលង្កា ដែលបានផ្តល់សិទ្ធិគ្រប់គ្រងក្រុមហ៊ុនអគ្គិសនី និងលក់ កំពង់ផែ ទៅឱ្យភាគីចិន ជាការដាក់អន្ទាក់បំណុលរបស់ចិនមែនឬទេ?
ប្រទេសឡាវ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យក្រុមហ៊ុនចិនគ្រប់គ្រងចំណែកភាគហ៊ុនដ៏ធំនៅក្នុងក្រុមហ៊ុនអគ្គិសនីរបស់ខ្លួន ដោយបានចុះកិច្ចព្រមព្រៀងចែកចំណែកភាគហ៊ុនអគ្គិសនីរវាងក្រុមហ៊ុនអគ្គិសនីរដ្ឋ «Electricite du Laos» (EdL) របស់ឡាវ និងក្រុមហ៊ុនចិន «China Southern Power Grid Co»។ក្រុមហ៊ុនរដ្ឋឡាវ និងក្រុមហ៊ុនចិននេះ បានព្រមព្រៀងគ្នាបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា «Electricite du Laos Transmission Company Limited» (DELT) ដោយក្នុងនោះ ភាគហ៊ុនធំគ្រប់គ្រងក្រុមហ៊ុនថ្មីនេះ ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនចិន។ ក្រុមហ៊ុនថ្មី EDLT នឹងវិនិយោគទឹកប្រាក់ប្រហែល២ពាន់លានដុល្លារអាម៉េរិក ទៅលើការតភ្ជាប់បណ្ដាញអគ្គិសនីក្នុងស្រុក និងទៅក្រៅស្រុក ។
ប្រទេសឡាវបានវិនិយោគថវិកាយ៉ាងច្រើនទៅលើគម្រោងវារីអគ្គិសនី ដែលភាគច្រើនគាំទ្រដោយកម្ចីថវិកាពីប្រទេសចិន ក្នុងបំណងក្លាយខ្លួនជា «ធុងអាគុយនៃអាស៊ីអាគ្នេយ៍» ប៉ុន្តែ គម្រោងមួយចំនួនទាំងនោះ រួមទាំងគម្រោងផ្លូវរថភ្លើងល្បឿនលឿនចិនថ្មី គម្រោងយុទ្ធសាស្រ្តផ្លូវដែករបស់ប្រទេសទាំងពីរ គឺស្របទៅតាមគោលដៅរបស់ប្រទេសនីមួយៗ ហើយវាជាការបន្ស៊ីគ្នារវាងគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ភាគីចិន និងយុទ្ធសាស្រ្តរបស់ភាគីឡាវ ក្នុងការប្រែក្លាយពីប្រទេសឡាវដីគោកបិទជិតទៅជាប្រទេសមានផ្លូវឆ្លងកាត់ (From land-locked to land-linked country) កំពុងក្លាយជាចំណុចស្នូលនៃបញ្ហាបំណុល ។
ធនាគារពិភពលោក ក៏បានប៉ាន់ស្មានកាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅថា កម្រិតបំណុលរបស់ឡាវអាចនឹងឡើងដល់ ៦៨% នៃផលទុនក្នុងស្រុកសរុប-ផ.ស.ស នៅឆ្នាំ២០២០ កើនឡើងពី៥៩% កាលពីឆ្នាំ២០១៩។ ចំណែកទីភ្នាក់ងារកម្រិត ឥណទាន Moody បានព្រមានថា ប្រទេសនេះ ប្រហែលជាមិនអាចសងបំណុលរបស់ចិនបាននៅពេលអនាគតដ៏ខ្លីខាងមុខនេះទេ។
ទីភ្នាក់ងារ Moody ក៏បាននិយាយថា ប្រទេសឡាវនៅក្នុងឆ្នាំ២០២០នេះ ត្រូវមានកាតព្វកិច្ចសងបំណុលបរទេសប្រហែល ១.២ពាន់លានដុល្លារអាម៉េរិក ជាកម្ចីដែលខ្លួនខ្ចីពីធនាគារពាណិជ្ជ និងបណ្ណបំណុលថៃ ដែលត្រូវទូទាត់ជាសាច់ប្រាក់នៅខែកញ្ញា និងខែតុលា ប៉ុន្តែ ទុនបម្រុងអន្តរជាតិរបស់ឡាវ គិតត្រឹមខែមិថុនា ឆ្នាំ២០២០នេះ មានតែ ៨៦៤ លានដុល្លារអាម៉េរិក ប៉ុណ្ណោះ។
ចំណែកប្រទេសស្រីលង្កា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាលក់កំពង់ផែនៅតំបន់ទឹកជ្រៅ «Hambantota» ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសស្រីលង្កា ដើម្បីយកប្រាក់ដែលបានមកពីការលក់កំពង់ផែ នោះ ទៅសងបំណុលបរទេស ដែលនៅក្នុងនោះ មានមួយភាគជាបំណុលពីប្រទេសចិន។
រដ្ឋាភិបាលស្រីលង្កាសម្រេចលក់កំពង់ផែ Hambantota និងដីទំហំ ១៥,០០០ ហិចតា នៅក្បែរកំពង់ផែសម្រាប់ធ្វើជាតំបន់ឧស្សាហកម្ម ទៅឱ្យក្រុមហ៊ុនរដ្ឋចិន ក្នុងតម្លៃ ១ពាន់ ១រយលានដុល្លារ សម្រាប់គម្រោងវិនិយោគរយៈពេល៩៩ឆ្នាំ ។
កិច្ចសន្យាលក់កំពង់ផែក្នុងស្រុកទៅឱ្យក្រុមហ៊ុនចិន ត្រូវបានពន្យារពេលជាច្រើនដង ដោយសារចលនាប្រឆាំងពីសហជីពកម្មករនៅកំពង់ផែផ្ទាល់ និងពីក្រុមបក្សប្រឆាំងរបស់ ស្រីលង្កា ដែលបារម្ភពីផលអាក្រក់ពីរយ៉ាង។ ទីមួយ គេខ្លាចក្រែងចិនប្រើកំពង់ផែ Hambantota ជាមូលដ្ឋានទ័ព និងទី២ គេបារម្ភថា ចិនបង្កើតតំបន់អាណានិគមកិច្ចនៅក្នុងទឹកដីស្រីលង្កា។ ដើម្បីធានាថា ចិននឹងមិនអាចប្រែក្លាយកំពង់ផែទៅជាកន្លែងតាំងទ័ពចិន ទៅថ្ងៃអនាគត រដ្ឋាភិបាលស្រីលង្កាបានអះអាងថា ខ្លួនបានបញ្ចុះចំណែកភាគហ៊ុនរបស់ចិន នៅក្នុងការគ្រប់គ្រងកំពង់ផែ ពី៨០ភាគរយ មកនៅ៧០ភាគរយ ចំណែក បញ្ហាសន្តិសុខ ការធ្វើគមនាគមន៍ផ្លូវទឹក ត្រូវគ្រប់គ្រងនិងសម្រេច ដោយរដ្ឋាភិបាលស្រីលង្កា គឺមិនមែនដោយភាគីក្រុមហ៊ុនចិននោះឡើយ។
កំពង់ផែ Hambantota ចាប់បើកដំណើរការនៅឆ្នាំ២០១០ នៅក្រោមជំនួយឥណទានរបស់ចិនប្រមាណ ១ពាន់ ៣រយលានដុល្លារអាម៉េរិក។ ដោយសារទីតាំងសេដ្ឋកិច្ច មិនសូវអំណោយផល ព្រោះថា ទំនិញភាគច្រើនត្រូវស្រូបដោយកំពង់ផែដ៏ធំនៅក្រុងកូឡុំបូ កំពង់ផែ Hambantota រកប្រាក់ចំណូលមិនសូវបាន និងបានធ្វើឱ្យរដ្ឋស្រីលង្កាជាប់បំណុល ដោយសារតែការខាតបង់ប្រមាណ ៣០០លានដុល្លារ ចាប់តាំងពីបើកសម្ពោធកំពង់ផែនោះមក។
កិច្ចសន្យាលក់កំពង់ផែ Hambantotaទៅឱ្យចិន បានជួយឱ្យរដ្ឋាភិបាលនៃប្រទេសនេះយកប្រាក់ទៅសងបំណុលរបស់បរទេស ប្រមាណ៦៥ពាន់លានដុល្លារ ដែលនៅក្នុងនោះ៨ពាន់លានដុល្លារ ជាបំណុលដែលស្រីលង្កាជំពាក់ចិន។
កំពង់ផែ Hambantotaជាកំពង់ផែធំទី២ របស់ស្រីលង្កា ដែលចិនបានផ្តល់ថវិកាសាងសង់ ក្រោមស្លាកប្រាក់ជំនួយឥណទានហើយឥណ្ឌាព្រួយបារម្ភពីការពង្រីកដែនទឹក ជាពិសេស វត្តមានកងទ័ពរបស់ចិននៅស្រីលង្កា ដែលស្ថិតនៅចុងច្រមុះមិនឆ្ងាយប៉ុន្មានពីប្រទេសខ្លួន។ ប៉ុន្តែក្រុង ប៉េកាំងបានអះអាងថា កំពង់ផែនៅស្រីលង្កានឹងដើរតួជាចំណតសំខាន់នៅក្នុងនយោបាយសេដ្ឋកិច្ច ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលចិនត្រូវការប្រើសម្រាប់ភ្ជាប់ពីអាស៊ីទៅអឺរ៉ុប។
បន្ថែមសេចក្តីសន្និដ្ឋានសម្រាបករណីស្រីលង្កានិងឡាវនៅទីនេះ មុននឹងចូលករណីកម្ពុជា។
សម្រាប់ករណីប្រទេសឡាវ និងស្រីលង្កា រដ្ឋាភិបាលនៃ ប្រទេសទាំងពីរមិនបាន ប្រយ័ត្នប្រយ៉ែងក្នុងការកំណត់ពិដាននៃកម្ចីបរទស ទើបបានជាប់បំណុលបរទេស ដែល ភាគច្រើនពីប្រទេសចិន រហូតមិនអាចមានលទ្ធភាពទូទាត់ សងត្រឡប់ទៅវិញតាម កាលកំណត់បាន ទើបឈានទៅដល់ការផ្ទេរសិទ្ធគ្រប់គ្រង និងលក់ សម្បត្តិរដ្ឋ ដើម្បីទូទាត់សងបំណុលបរទេសមួយចំនួន ក្នុងពេលដែលរដ្ឋាភិបាល មិនមានលទ្ធភាព គ្រប់គ្រាន់ ឬ ហៅម្យ៉ាងទៀតថា បំណុលបរទេសបានឡើងហួសពិដាននៃកម្ចី។
ករណីប្រទេសស្រីលង្កា និងឡាវ នាំឱ្យមានមជ្ឈដ្ឋានមួយចំនួនសម្តែងកង្វល់ថា កម្ពុជា អាចនឹងជាប់បំណុលចិន ដែលមិនអាចសងបានផងដែរនៅពេលខាងមុខ បើសិនជាមិន មានការប្រយ័ត្នប្រយែង។
សម្រាប់ប្រទេសកម្ពុជា គិតមកទល់នឹងពេលនេះ បំណុលសាធារណៈដែលកម្ពុជាជំពាក់បរទេស គឺស្ថិតនៅក្រោម៣០% ធៀបនឹង ផ.ស.ស ដែលជាទំហំមួយតិចតួច បើធៀបនឹងប្រទេសជិតខាងផ្សេងទៀតដូចជា ឡាវ មានរហូតពី ៥៩% ទៅ ៦៨% នៃ ផ.ស.ស និងវៀតណាម មានរហូតពី ៦០% ទៅ ៧០% នៃ ផ.ស.ស ឯណោះ។ នេះសបញ្ជាក់ឱ្យឃើញថា កម្ពុជានៅតែមានលទ្ធភាពខ្ចីបំណុលពីបរទេស និងស្ថាប័នដៃគូអន្តរជាតិនានាបន្ថែមទៀត ដើម្បីយកមកប្រើប្រាស់ក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
សូមបញ្ជាក់ថា យោងតាមយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ សរុប ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ៥៥% ដែលក្នុងនោះ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ ក្រៅប្រទេស (រួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ៤០% និងអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្នុងប្រទេស(រួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ១៥% ដូច្នេះបំណុលសាធារណៈក្រៅប្រទេស របស់កម្ពុជានៅមានចីរភាព និងហានិភ័យទាប។
តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៧,៥៩៩ លានដុល្លារអាម៉េរិក ក្នុងនោះ បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ០.០៤% ស្មើនឹង២.៧៤ លានដុល្លារអាម៉េរិក និងបំណុលសាធារណៈក្រៅប្រទេសមានចំនួន ៩៩.៩៦ % ត្រូវនឹងប្រមាណ ៧,៥៩៦ លានដុល្លារ ដែលក្នុងនោះ ៤០% ជាបំណុលរបស់ប្រទេសចិន។ របាយការណ៍បានបង្ហាញទៀតថា ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូន ដៃគូអភិវឌ្ឍន៍សរុបចំនួន ជាង ៣០៨ លានដុល្លារអាម៉េរិក។ បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ១.៦៩ ពាន់លានដុល្លារអាម៉េរិក ។
សូមបញ្ជាក់ផងដែរថា អត្រាការប្រាក់ដែលកម្ពុជាខ្ចីពីចិនមានបីប្រភេទ គឺ មាន(០%), ១.២៥% និង២%។ ០% ជាកម្ចីគ្មានការប្រាក់, ១.២៥% គឺសម្រាប់កម្ចីជាលុយយ័ន និង២% សម្រាប់កម្ចីជាលុយដុល្លារអាម៉េរិក ហើយសងមកវិញក្នុងរយៈពេល២០ឆ្នាំ តែអាចពន្យារពេល សងបានរយៈពេល៧ឆ្នាំដោយមិនមានការផាកពិន័យ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីអបអរសាទរខួប១ឆ្នាំនៃការសិតបដិមាទោលព្រះនាងឥន្ទ្រទេវី និងពិធីសម្ពោធសៀវភៅព្រះនាងឥន្រ្ទទេវី។
នារសៀលដ៏មនោរម្យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងភ្ញៀវកិត្តិយសបានរៀបចំប្រារព្ធពិធីសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសីបដិមាព្រះនាងឥន្ទ្រទេវី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងសមាសភាពអញ្ជើញចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ បណ្ឌិត អស់លោក លោកស្រី អ្នកនាង និងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ២០០រូប។
នៅក្នុងពិធីតាមបែបសាសនា ព្រះសង្ឃចំនួន ៩អង្គបានសូធ្យមន្តចម្រើនព្រះបរិត្ត និងប្រោះព្រំលើករាសីនៅសំណង់បុស្បុក បដិមាព្រះនាងឥន្ទ្រទេវី។
ក្រៅពីពិធីបែបសាសនា, ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ បណ្ឌិត សាស្ត្រាចារ្យអស់លោក លោកស្រី ថ្នាក់ ដឹកនាំ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា និងភ្ញៀវកិត្តិយសទាំងអស់បានទស្សនាការសម្តែងល្ខោនបាសាក់របស់ក្រុមល្ខោន ភី សុគន្ធី ដែលបានសម្តែងល្ខោនរឿង ចន្ទសង្វារបុប្ផាភួង ព្រមទាំងពិសារនំបញ្ចុកខ្មែរសាមគ្គីផងដែរ។
សូមបញ្ជាក់ថា បដិមាព្រះនាង ឥន្ទ្រទេវី ជាលើកដំបូងដែលត្រូវបានសិតនៅក្នុងបរិវេណអគារឥន្ទ្រទេវីនេះ គឺសិតឡើងអំពី ស្ពាន់ មានកម្ពស់ ១,៥៧ម៉ែត្រ គិតពីបាតជើងដល់ព្រះសិរ និងទំហំដងខ្លួនមានសមាមាត្រទៅនឹងរូបចម្លាក់ជាក់ស្តែងដែលឆ្លាក់នៅប្រាសាទព្រះខ័ន។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីបានសម្រេចសាងសង់បដិមាព្រះនាងឥន្ទ្រទេវី ជានិមិត្តរូបតម្កល់នៅក្នុងបរិវេណអគារ ដើម្បីជាការរម្លឹកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំពីរូបភាពគំរូនារីខ្មែរសម័យអង្គរដែលបានជួយដល់ប្រទេសជាតិជាច្រើន ជាពិសេសក្នុងវិស័យអប់រំ។
បដិមានេះទទួលបានជំនួយឧបត្ថម្ភពីលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍៕
RAC Media| រឿន ភារុន
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM