Royal Academy of Cambodia
(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានដឹកនាំបសុពេទ្យជំនាញ និងក្រុមការងាររបស់រាជបណ្ឌិត្យសភាកម្ពុជាចំនួន៥នាក់ ចុះជាបន្ទាន់ទៅកាន់មូលដ្ឋានឃុំត្រពាំងធំខាងជើង ដើម្បីដោះស្រាយ ពន្យល់អប់រំ ផ្សព្វផ្សាយ និងនាំយកថ្នាំ វាក់សាំងចាក់ព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមរបស់ប្រជាជន។
នៅក្នុងឱកាសជួបពិភាក្សាជាមួយអាជ្ញាធរ និងស្តាប់ទុក្ខកង្វល់របស់ប្រជាជនក្នុងមូលដ្ឋានភូមិអង្គត្រាវដែលកំពុងរងគ្រោះ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងបសុពេទ្យជំនាញរបស់រាជបណ្ឌិត្យសភាកម្ពុជាបានពន្យល់អប់រំផ្សព្វផ្សាយ និងនាំយកថ្នាំ និងវាក់សាំងព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមដែលកំពុងផ្ទុះរីករាលយ៉ាងខ្លាំងក្នុងភូមិអង្គត្រាវ ដើម្បីចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជនរងគ្រោះទាំងអស់។ ជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមនេះបានកើតឡើង ដោយសារប្រជាជនរស់នៅក្នុងមូលដ្ឋានបានលក់ចែកចាយ និងបរិភោគសាច់សត្វគោដែលមានផ្ទុកជំងឺនេះ ហើយនាំឱ្យកើតមានការចម្លងរីករាលដាលលើសត្វគោចិញ្ចឹមរបស់ប្រជាជននៅក្នុងភូមិទាំងមូល។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតប្រធានបានអប់រំឱ្យប្រជាជនហាមលក់ចែកចាយ និងបរិភោគសត្វគោចិញ្ចឹមដែលមានផ្ទុកជំងឺ និងបានណែនាំឱ្យអ្នកជំនាញជួយសត្វគោចិញ្ចឹមរបស់ប្រជាជនដោយការយ៉ាងចិត្តទុកដាក់ខ្លាំងបំផុត។
ចំពោះបញ្ហានេះ ប្រជាជនរស់នៅក្នុងមូលដ្ឋានខាងលើបានបង្ហាញក្តីសង្ឃឹម និងថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត និងក្រុមការងារដែលចុះជួយដោះស្រាយបញ្ហារបស់ពួកគាត់ដោយផ្ទាល់។ តាមរយៈសកម្មភាពនេះ ប្រជាជនសង្ឃឹមថា សត្វគោចិញ្ចឹមក្នុងភូមិពួកគាត់ទាំងនឹងបានឆាប់ជាសះស្បើយ។
ឆ្លើយតបនឹងទុក្ខកង្វល់ប្រជាជនខាងលើ ឯកឧត្តមបណ្ឌិត និងក្រុមការងារបានបញ្ជាក់ថា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកដោះស្រាយទុក្ខកង្វល់របស់ប្រជាជនមូលដ្ឋាន។
ក្រៅពីបានពន្យល់អប់រំផ្សព្វផ្សាយ និងនាំយកថ្នាំ និងវាក់សាំងព្យាបាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោចិញ្ចឹមរបស់ប្រជាជនខាងលើ ឯកឧត្តមបណ្ឌិតប្រធាននិងក្រុមការងារបានឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំ ដើម្បីតប្រព័ន្ធបណ្តាញទឹកស្អាតចូលក្នុងសាលាឃុំត្រពាំងធំខាងជើងផងដែរ។
ឆ្លៀតក្នុងឱកាសនាថ្ងៃចុងសប្តាហ៍នេះដែរ ឯកឧត្តមបណ្ឌិតប្រធាន និង ព្រះអង្គ សៅរ៍ តារាវី ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ បានអញ្ជើញ និងនិមន្តចុះសួរសុខទុក្ខ និងជូនអំណោយអ្នកជំងឺរ៉ាំរ៉ៃចំនួន២នាក់ រួមមាន៖ ១. លោក ចិន សុខន អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃខ្វាវ ឃុំត្រពាំងធំខាងជើង ទទួលបានអង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី៣យួរ ទឹកបរិសុទ្ធ៤យួរ និងថវិកាចំនួន២០ម៉ឺនរៀលគត់ និង២. លោកយាយ ប៉ិច អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្តួចទទួលបានមី១កេស ទឹកត្រីខ១កេស ទឹកផ្លែឈើ១កេះ សាប៊ូ៣កញ្ចប់ និងថវិកា ៦០ម៉ឺនរៀលគត់។
ជាទីបញ្ចប់ ដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាសកល ឯកឧត្តមបណ្ឌិត យង់ ពៅ បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាជនឱ្យតាមដានព័ត៌មាន និងចូលរួមអនុវត្តតាមក្បួនអនាម័យសុខាភិបាលដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានផ្សព្វផ្សាយណែនាំឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនជាទីបំផុត៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន បានអញ្ជើញធ្វើបទបង្ហាញអំពីលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់វិទ្យាស្ថានសិក្សាចិន នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១របស់រាជបណ្ឌិត្យសភាកម្ពុជា។
ជាកិច្ចចាប់ផ្ដើមនៃបទបង្ហាញ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងនូវប្រវត្តិនៃការបង្កើតវិទ្យាស្ថានសិក្សាចិន ដែលចាប់ផ្ដើមឡើងតាមរយៈគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ដោយបានចេញប្រកាសលេខ 0៣០/១៨របសក ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ដីពី ការបង្កើតមជ្ឈមណ្ឌលសិក្សាចិន។ បន្ទាប់ពីបានដំណើរការមជ្ឈមណ្ឌលសិក្សាចិនបានប្រមាណរយៈពេល២ឆ្នាំ ដោយមើលឃើញពីភាពចាំបាច់ និងវិសាលភាពនៃការសិក្សាឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត អំពីសាធារណរដ្ឋប្រជាមានិតចិន ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយយោងតាមការស្នើសុំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់ការឯកភាពដ៏ខ្ពង់ខ្ពស់ សម្រេចបង្កើត វិទ្យាស្ថានសិក្សាចិន ជាវិទ្យាស្ថានទី៧នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃរាជបណ្ឌិត្យសភាកម្ពុជា។
តាមរយៈអនុក្រឹត្យខាងលើនេះ វិទ្យាស្ថានសិក្សាចិន មាននាយកដ្ឋានជំនាញចំនួន៥ និងនាយកកិច្ចការទូទៅ១ ដែលនាយកដ្ឋានជំនាញទាំង៥រួមមាន៖ នាយកដ្ឋានប្រវត្តិសាស្ត្រចិន នាយកដ្ឋានវប្បធម៌ចិន នាយកដ្ឋាននយោបាយនិងសន្តិសុខចិន នាយកដ្ឋាននយោបាយការបរទេសចិន និងនាយកដ្ឋានសេដ្ឋកិច្ចនិងការអភិវឌ្ឍចិន។
នៅក្នុងដំណើរការរយៈពេល២ឆ្នាំកន្លងមកនេះ វិទ្យាស្ថានសិក្សាចិនបានធ្វើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗមួយចំនួនដូចជា៖ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បណ្ឌិតសភារដ្ឋបាលខេត្តហៃណាន សាកលវិទ្យាល័យគួនមីង សាកលវិទ្យាល័យយូណាន មជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មអនឡាញ សភាពាណិជ្ជកម្មកម្ពុជាលើវិស័យពាណិជ្ជកម្មអនឡាញ និងសាកលវិទ្យាល័យចុនប៊ុកជាដើម។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានសិក្សាចិន សម្រេចបាននូវសមិទ្ធផលការងារមួយចំនួនដូចជា៖
- សៀវភៅ ស្ដីពី "យុទ្ធសាស្ត្រអភិវឌ្ឍន៍ពាណិជ្ជកម្មអនឡាញកម្ពុជា-ចិន"
- សៀវភៅ ស្ដីពី "សេដ្ឋកិច្ចកម្ពុជាក្នុងសម័យកូវីដ"
- សៀវភៅ ស្ដីពី "ឥទ្ធិពលនៃសហគ្រាសខ្នាតតូច និងមធ្យមលើនវិស័យការងារ"
- សៀវភៅ ស្ដីពី "បទពិសោធនៃការគ្រប់គ្រងសហគមន៍ចលនាភូមិថ្មី"
- សៀវភៅ ស្ដីពី "យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា"
- ព្រឹត្តិបត្រសិក្សាចិន លេខ៣ ដែលមាន៩អត្ថបទស្រាវជ្រាវ
ចំពោះទិសដៅការងារឆ្នាំ២០២១ ថ្នាក់ដឹកនាំវិទ្យាស្ថានសិក្សាចិន បានដាក់ផែនការសកម្មភាពក្នុងការសិក្សានិងគ្រោងរៀបចំគម្រោងស្រាវជ្រាវរួម ព្រមទាំងគម្រោងស្រាវជ្រាវផ្ទាល់ខ្លួនដូចខាងក្រោម៖
- ជំរុញឱ្យមានការចុះផ្សាយអត្ថបទស្រាវជ្រាវក្នុង RAC Media ឱ្យចំនួន២៤ក្នុង១ឆ្នាំ
- លើកទឹកចិត្តមន្រ្តីឱ្យចូលរួមជាវាគ្មិនយ៉ាងតិចម្តងក្នុងម្នាក់ក្នុង១ឆ្នាំ
- គម្រោងស្រាវជ្រាវរួម ស្ដីពី "យុទ្ធសាស្រ្តអភិវឌ្ឍកែច្នៃ កសិ-ឧស្សាហកម្មកម្ពុជា-ចិន "
- គម្រោងស្រាវជ្រាវរួម ស្ដីពី "លំហូរហិរញ្ញវត្ថុ និង ការវិនិយោគចិន មកតំបន់អាស៊ីអាគ្នេយ៍"
- គម្រោងស្រាវជ្រាវផ្ទាល់ខ្លួន ស្ដីពី "តំបន់ពាណិជ្ជកម្មសេរីកម្ពុជាចិន"
- គម្រោងស្រាវជ្រាវផ្ទាល់ខ្លួន ស្ដីពី "នយោបាយសន្តិសុខ ចិន-រុស្ស៊ី"
- គម្រោងស្រាវជ្រាវផ្ទាល់ខ្លួន ស្ដីពី "បទពិសោធនៃទំនាក់ទំនងកម្ពុជា-ចិន"
- គម្រោងស្រាវជ្រាវផ្ទាល់ខ្លួន ស្ដីពី "ការអភិវឌ្ឍសេដ្ឋកិច្ចចិន ក្នុងបរិបទមេដឹកនាំថ្មីអាមេរិក"
- គម្រោងស្រាវជ្រាវផ្ទាល់ខ្លួន ស្ដីពី "នយោបាយការបរទេសចិនជាមួយអាស៊ាន"
- គម្រោងស្រាវជ្រាវផ្ទាល់ខ្លួន ស្ដីពី "ការវិវត្តនៃពាណិជ្ជកម្មកម្ពុជាចិន" និង
- គម្រោងស្រាវជ្រាវផ្ទាល់ខ្លួន ស្ដីពី "ការសិក្សាលើវប្បធម៌តែចិន នៅអាស៊ីអាគ្នេយ៍"៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញធ្វើបទបង្ហាញ អំពីលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១របស់រាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ បានធ្វើបទបង្ហាញដោយបានគូសបញ្ជាក់លើ៣ចំណុចសំខាន់ៗគឺ ដំណើរការនិងស្ថានភាពទូទៅនៃវិទ្យាស្ថាន សកម្មភាពការងារនិងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១។ សម្រាប់ដំណើរការនិងស្ថានភាពទូទៅនៃវិទ្យាស្ថាន ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍លើកឡើងថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ការអនុវត្តយុទ្ធសាស្ត្រដឹកនាំវិទ្យាស្ថានដែលឯកឧត្ដមបានដាក់ចេញនៅឆ្នាំ២០១៩ ពុំអាចអនុវត្តទៅបានដោយគ្រប់ជ្រុងជ្រោយនោះទេ ដោយសារតែភាពចាំបាច់ក្នុងការអនុវត្តវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ដែលរាជរដ្ឋាភិបាលបានតម្រូវឱ្យមន្ត្រីរាជការបំពេញការងារពីចម្ងាយ និងចុងក្រោយគឺវិធានការឆ្លើយតបនឹងព្រឹត្តិការណ៍៣វិច្ឆិកាដែលទើបបានបិទបញ្ចប់ថ្មីៗកន្លងទៅនេះ។
តាមប្រសាសន៍ឯកឧត្ដមបណ្ឌិត នៅឆ្នាំ២០២០ វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអនុវត្តគម្រោងស្រាវជ្រាវសំខាន់ៗចំនួន៤គម្រោងគឺ គម្រោងស្រាវជ្រាស្ដីពី "បញ្ហាប្រឈម និងដំណោះស្រាយ អំពីសេវាសុខាភិបាលសាធារណៈនៅកម្ពុជាដំណាក់កាលទី២", គម្រោងស្រាវជ្រាស្ដីពី "ស្ថានភាពជំងឺកូវីដ-១៩", គម្រោងស្រាវជ្រាស្ដីពី "បច្ចេកទេសដាំដុះដំណាំបន្លែ សមស្របទៅនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ករណីសិក្សានៅខេត្តកំពង់ស្ពឺ" និងគម្រោងស្រាវជ្រាស្ដីពី "បច្ចេកទេសផលិត ជីវធ្យូងពីចំបើងនិអនុវត្តលើវិស័យកសិកម្មនៅកម្ពុជា ករណីខេត្តកំពង់ស្ពឺ"។ ចំណែកអត្ថបទស្រាវជ្រាវដែលមន្ត្រីវិទ្យាស្ថានសម្រេចបានមានចំនួន២ប្រធានបទគឺ ឯកសារស្ដីពី "ប្រព័ន្ធធារាសាស្ត្រនៃបឹងទន្លេសាប" និងអត្ថបទឯកសារស្ដីពី "ការគ្រប់គ្រងនិងកែច្នៃសំណង់រឹងក្នុងទីក្រុងនៃប្រទេសកម្ពុជា៖ ករណីសិក្សា ការកែច្នៃសំណល់ចំបើងទៅជាបាយអូឆាដើម្បីកែប្រែដីកសិកម្ម"។
សម្រាប់ទិសដៅការងារឆ្នាំ២០២១ខាងមុខនេះ ថ្នាក់ដឹកនាំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានដាក់ចេញផែនការសកម្មភាពនិងគ្រោងរៀបចំគម្រោងស្រាវជ្រាវលើប្រធានបទដូចខាងក្រោម៖
- គម្រោងបន្លែសរីរាង្គនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
- គម្រោងបង្កាត់ពូជផ្កានៅរាជបណ្ឌិត្យសភាកម្ពុជា
- គម្រោងស្ដីពីបច្ចេកទេសដាំបន្លែសមស្របទៅនឹងបម្រែបម្រួលអាកាសធាតុនៅប្រទេសកម្ពុជា ករណីសិក្សានៅខេត្តតាកែវ
- គម្រោងស្រាវជ្រាវលើវិស័យបរិស្ថាន(ឆ្នាំ២០២២) វិស័យធនធានទឹក(ឆ្នាំ២០២៣) គម្រោងបង្កាត់ពូជផ្កា (ឆ្នាំ២០២៤)
- រៀបចំវេទិកាកិច្ចពិភាក្សាតុមូលចំនួន៣ពាក់ព័ន្ធនឹង៖ វិស័យវេជ្ជសាស្ត្រ វិស័យកសិកម្ម និងវិស័យបរិស្ថាន
- គម្រោងបកប្រែសៀវភៅ «Climate Smart Agriculture» ពីភាសាអង់គ្លេសជាភាសាខ្មែរ
- ចងក្រងរបាយការណ៍បញ្ចប់គម្រោង «បញ្ហាប្រឈម និងដំណោះស្រាយអំពីសេវាសុខាភិបាលសាធារណៈនៅកម្ពុជា ដំណាក់កាលទី២»
- ជំរុញដំណើរការនៃមន្ទីរពិសោធដែលត្រូវបានប្រគល់ដោយថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា
- បោះពុម្ពស្នាដៃស្រាវជ្រាវរបស់មន្ត្រីវិទ្យាស្ថាន៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញប្រកាសមុខតំណែងអគ្គលេខាធិការ អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងការប្រកាសតំណែង ព្រមទាំងប្រគល់ត្រាជូនប្រធានវិទ្យាស្ថានទាំង៧ នៃរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្នុងឱកាសរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញផ្ដល់កិត្តិយសប្រកាសមុខតំណែង អគ្គលេខាធិការ អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនិងការប្រកាសតំណែង ព្រមទាំងប្រគល់ត្រាជូនប្រធានវិទ្យាស្ថានទាំង៧ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្នាក់ដឹកនាំ ដែលត្រូវបានប្រកាសមុខតំណែង និងប្រគល់ត្រាជូននាពេលនេះ គឺជាឥស្សរជនទាំង៩ ដែលទើបតែទទួលបានការប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងឡើងវិញ និងតែងតាំងថ្មី ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៩២០/១០២៥ ចុះព្រះហស្តហស្ថលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរាយនាមដូចខាងក្រោម៖
១. ឯកឧត្ដម យង់ ពៅ ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ
២. ឯកឧត្ដម សូត្រ សំណាង ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការ
៣. ឯកឧត្ដម នូ ចាន់សុភី ជាប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ មានឋានៈស្មើអគ្គនាយក
៤. ឯកឧត្ដម ផុន កសិកា ជាប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម មានឋានៈស្មើអគ្គនាយក
៥. ឯកឧត្ដម អ៊ាប បុណ្ណា ជាប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មានឋានៈស្មើអគ្គនាយក
៦. ឯកឧត្ដម នុត សម្បត្តិ ជាប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម មានឋានៈស្មើអគ្គនាយក
៧. ឯកឧត្ដម មាឃ បូរ៉ា ជាប្រធានវិទ្យាស្ថានភាសាជាតិ មានឋានៈស្មើអគ្គនាយក
៨. ឯកឧត្ដម គិន ភា ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា មានឋានៈស្មើអគ្គនាយក
៩. ឯកឧត្ដម គី សេរីវឌ្ឍន៍ ជាប្រធានវិទ្យាស្ថានសិក្សាចិន មានឋានៈស្មើអគ្គនាយក។
ថ្លែងក្នុងឱកាសប្រកាសតំណែង និងប្រគល់ត្រាជូននាពេលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដាំផ្ញើជូនដល់ឥស្សរជនទាំង៩រូប និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបំពេញការងារដើម្បីបុព្វហេតុសង្គមជាតិ និងបុព្វហេតុប្រជាជន ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដោយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា គឺជាមន្ត្រីរាជការ ដែលខុសប្លែកពីមន្ត្រីរាជការស៊ីវិលដទៃទៀត ត្រង់ថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែមានសមិទ្ធផលជាស្នាដៃស្រាវជ្រាវផ្ទាល់រៀងៗខ្លួន ហើយចាំបាច់ត្រូវតែ អនុវត្តនូវពាក្យស្លោក «ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១ របស់រាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានក្រើនរម្លឹកមន្ត្រីស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ថា រាជបណ្ឌិត្យសភាកម្ពុជាគឺជាស្ថាប័នបណ្តុះបណ្តាលនិងស្រាវជ្រាវជាន់ខ្ពស់គ្រប់កម្រិត និងវិស័យរបស់ប្រទេស ហើយការបណ្តុះបណ្តាលនិងស្រាវជ្រាវទាំងអស់មិនត្រឹមអនុវត្តតែលើទ្រឹស្តីក្នុងឯកសារប៉ុណ្ណោះទេ គឺរបកគំហើញដែលកើតចេញពីការបណ្តុះបណ្តាលនិងការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាត្រូវតែយកទៅប្រើការអនុវត្តបាន និងជាគំរូដល់សាធារណជនជាតិ និងអន្តរជាតិ។
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជាបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលតាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៩ ហើយរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១២៤ អនក្របក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ស្តីពី ការរៀបចំនិងការប្រព្រឹត្តរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលបានកំណត់ចង្អុលបង្ហាញការងារលម្អិតរបស់រាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងន័យនេះ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍របស់ជាតិ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការបានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវកែទម្រង់ជាចាំបាច់ ដោយតម្រូវឱ្យមន្ត្រីដែលមានសមត្ថភាពចំណេះជំនាញ និងវិជ្ជាជីវៈការងារទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបកគំហើញចេញពីរាជបណ្ឌិត្យសភាកម្ពុជាដោយត្រូវតែជាលទ្ធផលវិទ្យាសាស្ត្រដែលអាចប្រើការបាន ឬអនុវត្តបាន និងយកជា គំរូ ឬម៉ូដែលបាន (ម៉ាកឬម៉ូដែលចេញពីរាជបណ្ឌិត្យសភាកម្ពុជា) ស្របតាមអភិក្រមវិទ្យាសាស្ត្ររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា គឺ«ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាសង្ឃឹមជឿជាក់ថា សន្និបាតបូកសរុបការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១ នឹងកំណត់បានទិសដៅជាក់លាក់ ស័ក្តិសមជាស្ថាប័នវិទ្យាសាស្ត្រជាន់ខ្ពស់របស់ជាតិ។ សន្និបាតបូកសរុបការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១ គឺជាវេទិកាវិទ្យាសាស្ត្រប្រចាំឆ្នាំដែលមានចរិតជារដ្ឋបាលដឹកនាំ និងរដ្ឋបាលវិទ្យាសាស្ត្រតម្រង់ទិស៖ ១. បង្ហាញសមិទ្ធិផល, ២. បញ្ហាប្រឈម, ៣. ការពិភាក្សាពិគ្រោះយោបល់ទូលំទូលាយ,៤. ដំណោះស្រាយ និង៥. ទិសដៅវិទ្យាសាស្ត្រជាក់លាក់។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានដំណើរការអនុវត្តគម្រោងសរុបចំនួន ២៦គម្រោង។ ចំណែក ទិសដៅការងារគម្រោងដែលគ្រោងអនុវត្តក្នុងឆ្នាំ២០២១ មានសរុបចំនួន២២គម្រោង៕
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM