ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ ត្រូវបំផុសស្មារតីជួយប្រទេសជាតិ ស្រលាញ់ជាតិ ការពារជាតិ ដើម្បីផលប្រយោជន៍ជាតិ នោះទើបយើងទទួលបានប្រទេសជាតិមួយដ៏ខ្លាំង

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបំផុសស្មារតីស្នេហាជាតិ រួមចំណែកជួយដល់ប្រទេសជាតិ ការពារជាតិ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ ដើម្បីអាចទទួលបានទទួលបានប្រទេសជាតិមួយដ៏ខ្លាំង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិសាស្ត្រសង្គ្រាមរបស់អ៊ីស្រាអែល ក៏ដូចជាស្មារតីស្នេហាជាតិរបស់ជនជាតិនេះ ដែលទម្រាំឈានក្លាយជាប្រទេសអភិវឌ្ឍដូចបច្ចុប្បន្នថា ប្រជាជនជ្វីហ្វ នៅពេលសង្គ្រាមកើតមានឡើង ឪពុកនិងកូនប្រុសទៅធ្វើកងទ័ព កូនស្រីទៅធ្វើពេទ្យ ម្ដាយធ្វើគ្រាប់ និងធ្វើម្ហូបផ្ញើទៅប្ដីនិងកូនប្រុសនៅសមរភូមិ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីប្រវត្តិសាស្ត្រកម្ពុជាថា ទំនោររបស់ប្រជាជនកម្ពុជាក្នុងអតីតកាល ហាក់មានភាពខុសស្រឡះពីគ្នានឹងជនជាតិអ៊ីស្រាអែល ដែលកូនអ្នកក្រត្រូវចូលធ្វើទាហាន ក្នុងពេលដែលកូនអ្នកមាននិងកូនអ្នកធំចាកចេញពីប្រទេស ដើម្បីគេចផុតពីសង្គ្រាមនិងសេចក្ដីស្លាប់។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ថ្លែងសង្កត់ធ្ងន់ថា «[...] យើងកូនអ្នកក្រ យកទ្រូងទាំងពាំងក្បាលពួកអ្នកទាំងនោះ តែពួកអ្នកមានបញ្ជូនទៅនៅក្រៅ [...]»។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានបានគូសបញ្ជាក់បន្ថែមថា អ៊ីស្រាអែលខ្លាំង ដោយសារតែប្រជាជននៃប្រទេសនោះ មានស្មារតីស្នេហាជាតិ មានជំហររួបរួមគ្នាជាធ្លុងមួយពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ប្រទេសជាតិ ដែលត្រង់ចំណុចនេះ ប្រជាជននិងអ្នកនយោបាយខ្មែរមួយចំនួនត្រូវចេះរៀនសូត្រពីគេ មិនមែន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបង្ហាញអំពីការប្ដេជ្ញាចិត្តផ្ទាល់ខ្លួនរបស់ឯកឧត្ដមថា «ខ្ញុំបានតាំងចិត្តរួចជាស្រេច ខ្ញុំធ្លាប់មានប្រពន្ធបរទេស គេឱ្យសញ្ជាតិ តែខ្ញុំអត់យកទេ ខ្ញុំបានតាំងចិត្តរួចហើយថា ខ្ញុំស្លាប់នៅលើទឹកដីនេះ ខ្ញុំមិនទៅណាទេ ព្រោះខ្ញុំកើតនៅលើទឹកដីនេះ ខ្ញុំត្រូវបម្រើនូវផលប្រយោជន៍នៃទឹកដីនេះ [...] ខ្ញុំមិនដូរទឹកដីនេះទេ ខ្ញុំត្រូវរស់នៅលើទឹកដីនេះ ហើយខ្ញុំធ្វើដើម្បីបុព្វហេតុទឹកដីនេះ [...]»។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លែងជំរុញឱ្យជនរួមជាតិខ្មែរទាំងអស់ ត្រូវបំផុសស្មារតីជួយប្រទេសជាតិ ស្រលាញ់ជាតិ ការពារជាតិ ដើម្បីផលប្រយោជន៍ជាតិ នោះទើបអាចចូលរួមចំណែកជំរុញនិងកសាងមាតុភូមិកំណើតរបស់ខ្លួន ក្លាយទៅជាប្រទេសជាតិមួយដែលរីកចម្រើន និងខ្លាំងក្លាទៅបាន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា អ៊ីស្រាអែល ដែលជាប្រទេសមានការរីកចម្រើនដ៏ខ្លាំងក្លាមួយនៅតំបន់មជ្ឈិមបូព៌ា ក៏ដោយសារតែការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ប្រជាជនគេដូច្នេះដែរ។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់អនុសាសន៍ដល់ជនរួមជាតិទាំងអស់ថា «យើងត្រូវតែចូលរួមចំណែកធ្វើឱ្យសង្គមជាតិរីកចម្រើន បន្សល់ស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយ ហើយមនុស្សជំនាន់ក្រោយត្រូវបន្តវេន នូវអ្វីដែលអ្នកជំនាន់នេះ និងបុព្វបុរសបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ន»៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-04-30 09:05:31   ថ្ងៃអង្គារ, 30 មេសា 2024 ម៉ោង 04:05 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» ដើម្បីបង្ហាញអំពីទស្សនៈយល់ឃើញពីសំណាក់បញ្ញវន្ត អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងប្រវត្តិនៃជម្លោះ បញ្ហាស្នូលសំខាន់ៗដែលនាំទៅដល់ជម្លោះ និងស្ថានការណ៍វិវត្តចុងក្រោយនៅតំបន់មជ្ឈិមបូព៌ា ផលប៉ះពាល់នៃជម្លោះចំពោះសណ្ដាប់ធ្នាប់ និងការវិវត្តនយោបាយនៅទូទាំងសកលលោកនាពេលបច្ចុប្បន្ន។

កិច្ចពិភាក្សាតុមូលនាឱកាសនេះ ត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់៖

១. ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

២. ឯកឧត្ដមបណ្ឌិត ឈាង វណ្ណារិទ្ធ ទីប្រឹក្សា និងជានាយករងខុទ្ទកាល័យសម្ដេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា

៣. លោកបណ្ឌិត ដៀប សុផល អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ

៤. លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា

ក្នុងឱកាសអញ្ជើញបកស្រាយអំពីស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ានេះ ឯកឧត្ដមបណ្ឌិត ឈាង វណ្ណារិទ្ធ បានធ្វើបទបង្ហាញដោយផ្ដោតលើ បរិបទនៃការបម្រែបម្រួលតុល្យភាពអំណាចពិភពលោក និងការវិវត្តនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាក្នុងតំបន់ និងពិភពលោក ដែលមានភាពជាប់ពាក់ព័ន្ធគ្នាយ៉ាងស្អិតល្មួតជាខ្លាំង។ ឯកឧត្ដមបណ្ឌិតបន្តថា បញ្ហាមជ្ឈិមបូព៌ា គឺជាសំណុំរឿដែលលំបាកក្នុងការដោះស្រាយបំផុតនៅក្នុងពិភពលោក ដោយសារតែនរណាក៏ចង់មានឥទ្ធិពលលើតំបន់នេះ និងក៏ព្រោះតែតំបន់នេះគឺជាស្តុកប្រេងដ៏ធំរបស់ពិភពលោក ដែលចាក់ស្រែះទៅដោយផលប្រយោជន៍របស់មហាអំណាច។ ទោះជាយ៉ាងណា សម្រាប់ការយល់ឃើញរបស់ឯកឧត្ដមបណ្ឌិតផ្ទាល់ មហាអំណាចទាំង៣ដែលកំពុងមានឥទ្ធិពលយ៉ាងធំធេងនៅក្នុងតំបន់មជ្ឈិមបូព៌ា ពិតជាមិនចង់ឱ្យផ្ទុះនូវសង្គ្រាមបន្ថែមទៀតនៅក្នុងតំបន់ជាយុទ្ធសាស្ត្រមួយនេះឡើយ ហើយការសម្រេចបាននូវតុល្យភាពយោធារវាងប្រទេសនៅក្នុងតំបន់ ក៏ជាបច្ច័យមួយដែលនាំទៅដល់ការធានាបានថា តំបន់នេះ នឹងមិនមានផ្ទុះសង្គ្រាមរវាងប្រទេសនឹងប្រទេស បន្ថែមទៀតនោះដែរ។

សម្រាប់លោកបណ្ឌិត ដៀប សុផល ការវិវត្តនៃវិបត្តិនៅមជ្ឈិមបូព៌ា ត្រូវបានលោកបណ្ឌិតបានចាត់ទុកជាបញ្ហាធំទី២ បន្ទាប់ពីបញ្ហានៅតំបន់អឺរ៉ុប ដែលជះឥទ្ធិពលដល់ពិភពលោកទាំងមូល។ លោកបណ្ឌិតបន្តថា សម្រាប់អ្នកប្រវត្តិសាស្ត្រ គេត្រូវរកឱ្យឃើញនូវកត្តាសន្មត់សត្យានុម័ត និងកត្តាអត្តនោម័ត ដែលកើតឡើង ដោយសារ តែតំបន់នេះសម្បូរប្រេង ឬដោយសារតែការកកើតឡើងនូវរដ្ឋអ៊ីស្រាអែល។ លោកបណ្ឌិតបានបន្ថែមទៀតថា នៅក្នុងតំបន់នេះមិនមែនមានត្រឹមតែប្រទេសកាន់សាសនាអ៊ិស្លាមនោះទេ គឺមានក្រុមប្រទេសកាន់គ្រិស្តសាសនា និងក្រុមឃើដជាដើម។ លើសពីនេះ មហាអំណាចតែងតែលូកដៃចូលទៅក្នុងបញ្ហាតំបន់នេះជាញឹកញាប់ ដោយសារតែការប្រឈមគ្នារវាងក្រុមប្រកាន់សាសនាផ្សេងៗគ្នា ដែលគេបានយកសាសនាជាឈ្នាន់ដើម្បីទៅកកូរកកាយនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលក្រុមកាន់សាសនាអ៊ិស្លាមក៏មានការបែងចែកច្រើនដូចជា ក្រុមជ្រុលនិយម ក្រុមកណ្ដាលនិយម និងក្រុម Fundamentalism (ការដឹកនាំដោយយកសាសនាជាស្ថាប័នកំពូល) ដែលធ្វើឱ្យអ្នកកាន់សាសនាអ៊ិស្លាម ងាយប្រឈមមុខនឹងទំនាស់។

សម្រាប់លោក ពុយ គា លោកបានបានធ្វើបទបង្ហាញដោយផ្ដោតទៅលើ និន្នការរបស់ប្រទេសធំៗ ដែលបង្កើនថវិកាវិស័យយោធាស្ទើរតែគ្រប់ប្រទេសទាំងអស់ ដោយសារតែជម្លោះ និងភាពតានតឹងក្នុងតំបន់នានា ស្របពេលដែលប្រទេសទាំងអស់ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចរៀងៗខ្លួន។ ជាមួយគ្នានេះ លោកក៏បន្តលើកឡើងអំពីជំនួយថ្មីដែលសហរដ្ឋអាម៉េរិកបានអនុម័តថវិការហូតដល់៩៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ដែលក្នុងនោះក៏មានជំនួយដល់ប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។

ចំណែក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដែលជាវាគ្មិនទីបួន ឯកឧត្ដមបានធ្វើបទបង្ហាញដោយផ្ដោតលើ ៥ចំណុចគឺ៖ ការបង្កើតរដ្ឋអ៊ីស្រាអែល ប្រវត្តិសង្គ្រាមអ៊ីស្រាអែល ការវាយប្រហាររបស់ក្រុមហាម៉ាស់ និងវាយប្រហារស្ថានកុងស៊ុលអ៊ីរ៉ង់និងការឆ្លើយតបរបស់អ៊ីរ៉ង់ និងនយោបាយតាប៊ីយែររបស់មហាអំណាច។ ឯកឧត្ដមបណ្ឌិតសភាចា រ្យ បានគូសបញ្ជាក់អំពីប្រវត្តិនៃការបាត់បង់ទឹកដីអស់រយៈពេលជាង២ពាន់ឆ្នាំរបស់ជនជាតិជ្វីហ្វ និងការវិលត្រឡប់មកកាន់កាប់អតីតទឹកដីរបស់ខ្លួនពីសំណាក់ជនជាតិនេះ បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ តាមរយៈការជួយជ្រោមជ្រែងពីសំណាក់មហាអំណាច និងអង្គការសហប្រជាជាតិ។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានលើកឡើងអំពីសង្គ្រាម ដែលអ៊ីស្រាអែលត្រូវប្រឈមមុខនឹងក្រុមប្រទេសអារ៉ាប់ដែលប៉ុនប៉ងរំលាយរដ្ឋអ៊ីស្រាអែលពីផែនទីពិភពលោក ការតស៊ូប្រយុទ្ធប្រឆាំងនឹងសត្រូវជុំទិស ជាមួយនឹងស្មារតីស្នេហាជាតិដ៏មុះមុតរបស់ជនជាតិជ្វីហ្វ ដើម្បីរក្សាអត្ថិរភាពរបស់ប្រជាជាតិខ្លួន។ នៅក្នុងចំណុចសង្គ្រាមជាមួយបណ្ដាប្រទេសអារ៉ាប់នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លែងសង្កត់ធ្ងន់អំពីចំណុចជាយុទ្ធសាស្ត្រដែលអ៊ីស្រាអែលបានវាយបកហើយកាន់កាប់លើព្រែកជីកស៊ុយអេ ដែលនៅពេលនោះត្រូវបានទទួលការគាំទ្រពីសហរដ្ឋអាម៉េរិក ដោយឯកឧត្ដមបណ្ឌិតសភាចារ្យបានចោទជាសំណួរថា អាម៉េរិកបានគាំទ្រករណីព្រែកជីកស៊ុយអេ ចុះហេតុអ្វីបានជាសហរដ្ឋអាម៉េរិកមកដាក់បន្ទុកលើកកម្ពុជា សម្រាប់ករណីគម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទៅវិញ?

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមទៀតថា «ត្រង់ចំណុចនេះ មានអ្នកនយោបាយខ្មែរនៅក្រៅប្រទេសខ្លះ បែរជាដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន មកចោទប្រកាន់គម្រោងព្រែកជីករបស់កម្ពុជានេះទៅវិញ»។

ចំពោះយុទ្ធសាស្ត្រនយោបាយតាប៊ីយែររបស់មហាអំណាច នៅក្នុងតំបន់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានពន្យល់ថា ដើម្បីដុតបញ្ឆេះបញ្ហាឱ្យអាម៉េរិកចំណាយថវិកា បញ្ជៀសការយកចិត្តុទុកដាក់របស់មហាអំណាចអាម៉េរិក កុំផ្ដោតតែទៅលើបញ្ហាអ៊ុយក្រែននោះ មហាអំណាចរុស្ស៊ីក៏បានបង្វែរស្ថានការណ៍ក្នុងតំបន់ផ្សេងៗគ្នា ដោយក្នុងនោះ បានជំរុញឱ្យកូរ៉េខាងជើងសាកល្បងអាវុធ និងបង្កើតបញ្ហាវាយប្រហាររបស់ក្រុមហាម៉ាស់ទៅអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាម៉េរិកនៅក្នុងតំបន់ និងភាពតានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ឱ្យចាប់ផ្ដើមផ្ទុះឡើង។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានថ្លែងសង្កត់ធ្ងន់ផងដែរថា ថ្វីដ្បិតតែស្ថានការណ៍នៅទូទាំងពិភពលោកមានសភាពតានតឹង និងស្ទើរតែឈានទៅផ្ទុះជាជម្លោះទ្រង់ទ្រាយធំក្ដី ក៏ប៉ុន្តែសង្គ្រាមលោកលើកទី៣ នឹងមិនអាចកើតមានឡើងបានឡើយ ប្រសិនបើគេមិនទាន់ស្វែងរកពិភពលោកថ្មីណាមួយដើម្បីឱ្យមនុស្សជាតិអាចរស់នៅបាននោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-04-30 08:41:36   ថ្ងៃអង្គារ, 30 មេសា 2024 ម៉ោង 03:41 PM
ព្រែកជីកហ្វូណនតេជោ សមិទ្ធផលមិនធ្លាប់មានក្នុងរយៈពេលជាង ៤០០ឆ្នាំ និងជានិមិត្តរូបនៃស្មារតីឯកភាពជាតិដ៏មោះមុតបំផុតរបស់ខ្មែរ

ដោយ៖ លឹម សុវណ្ណរិទ្ធ

​ហេតុការណ៍កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់​ថា ប្រទេស​កម្ពុជា​បានចាប់ផ្ដើមបាត់បង់ច្រកផ្លូវទឹកទៅកាន់សមុទ្ររបស់ខ្លួន ដែលស្ថិតនៅ​តំបន់ដីសណ្ដទន្លេមេគង្គ (បច្ចុប្បន្ន​ជាដែនដីភាគខាងត្បូងរបស់ប្រទេសវៀតណាម) ព្រម​ទាំងកំពង់ផែធំៗចំនួន៣ នៅក្នុង​សតវត្ស​ទី​១៦ នៃគ្រិស្តសករាជ ដែលជាផ្លូវគមនាគមន៍​ដ៏​សំខាន់ តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​ទូត​របស់ប្រទេសកម្ពុជាជាមួយនឹង​បណ្ដា​ប្រទេសក្នុងតំបន់ និងពិភពលោក។ ការបាត់បង់អតីតដែនដី​របស់​ខ្មែរខាងលើនេះ កើត​មានឡើងតាមរយៈការដែលមេដឹកនាំខ្មែរនាពេលនោះ អនុញ្ញាតឱ្យប្រទេស​ជិត​ខាង​ខ្ចីដីនៅតំបន់ដីដណ្ដទន្លេមេគង្គខាងលើនេះ ដើម្បីបង្កបង្កើនផលស្រូវ និង​ហ្វឹក​ហាត់​កងទ័ព​ដើម្បី​ធ្វើ​សង្គ្រាម​ទប់ទល់នឹងប្រទេសមួយផ្សេងទៀត។

​៤០០ឆ្នាំក្រោយមក រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានសិក្សារៀបចំគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា​ការ​កសាងផ្លូវទឹកជាច្រកទៅកាន់សមុទ្រ​លើក​ដំបូង​បង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងរយៈ​កាល​ចុងក្រោយនេះ ដែលនឹងផ្ដល់នូវផលប្រយោជន៍ដ៏​ច្រើន​សន្ធឹក​សន្ធាប់សម្រាប់ប្រទេស​កម្ពុជា​ទាំង នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងចូលរួម​ចំណែក​នៅ​ក្នុងការពារ​និង​ថែ​រក្សាប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនៅក្នុងតំបន់។

​ទោះជាយ៉ាងណា ក្រោយការលើកឡើងអំពីគម្រោងកសាង​ព្រែកជីកហ្វូណន​តេជោ​របស់​កម្ពុជា​នេះ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើងដោយសហរដ្ឋអាម៉េរិក និងវៀតណាម ដែលជាប្រទេសជិតខាង​កម្ពុជា ដែលការលើកឡើងនេះមានបង្កប់នូវចរិតភូមិសាស្ត្រនយោបាយ ដោយ​ចោទ​ប្រកាន់អំពីផលប៉ះពាល់បរិស្ថាន និង​ការមួលបង្កាច់ថា គោល​បំណង​ពិត​ប្រាកដ​របស់​ព្រែកជីកនេះគឺបម្រើឱ្យយុទ្ធ​សាស្ត្រយោធា​របស់​ចិន​ទៅ​វិញ។

​ការយកគម្រោង «ព្រែកជីកហ្វូណនតេជោ» ធ្វើជាប្រធានបទសម្រាប់របៀប​វារៈ​នយោបាយ ដើម្បី​ចោទ​ប្រកាន់​មួលបង្កាច់មកលើប្រទេសកម្ពុជានេះ ត្រូវបានបញ្ញវន្ត និង​អ្នក​ស្រាវជ្រាវកម្ពុជាបកស្រាយ និង​បំភ្លឺ​ជា​បន្តបន្ទាប់ ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋ​កិច្ច សង្គម ប្រវត្តិសាស្ត្រ និងបច្ចេកទេស។ ថ្វីដ្បិត​តែ​ដោយ​សារផលប្រយោជន៍ និងយុទ្ធ​សាស្ត្រ​នយោបាយ គេនឹងមិនទទួលយកការបកស្រាយទាំងនេះក្ដី ក៏​ប៉ុន្តែការ​ពន្យល់​បក​ស្រាយ​របស់ក្រុមបញ្ញវន្តកម្ពុជា ពិតជាបានជ្រួតជ្រាបនៅក្នុង​ចំណោម​ស្រទាប់​យុវជន អ្នក​សិក្សា​ស្រាវជ្រាវ និងសាធារណៈមតិជាតិ ដែលចំណុចនេះអាចបង្ហាញឱ្យឃើញជាក់​ស្ដែង​តាម​រយៈ ការមិនអើពើទៅនឹងពាក្យញុះញង់និងមួលបង្កាច់របស់បរទេស ក៏ដូចជាអតីតមេដឹក​នាំ​ក្រុមប្រឆាំង​ដែល​កំពុង​និរទេសនៅបរទេស ពីសំណាក់ប្រជាជនខ្មែរនោះឡើយ។ ប្រការ​នេះ​បង្ហាញឱ្យឃើញផងដែរថា ប្រជាជនខ្មែរពិតជាមានការពិចារណាយ៉ាងហ្មត់ចត់ និង​គ្រប់​ជ្រុងជ្រោយទៅលើបញ្ហា​ដែល​ជា​ឧត្ដម​ប្រយោជន៍​ជាតិ មិនប្រតិកម្ម ឬជ្រួលច្របល់​ទៅ​តាម​ការញុះញង់មួលបង្កាច់ និងបង្ខូចការពិត ដោយគ្មាន​ការ​ថ្លឹង​ថ្លែងទៅលើហេតុផល ដំណើរវិវត្ត និងតម្រូវជាក់ស្ដែងនៃសង្គមជាតិរបស់ខ្លួនឡើយ។

​នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​បាន​លើក​ឡើងអំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងនាមជារដ្ឋ​ឯករាជ្យ អធិបតេយ្យ និងមាន​បូរណ​ភាពពេញលេញស្របតាមច្បាប់អន្តរជាតិ ក្នុងការ​សម្រេច​នូវ​ជោគ​វាសនា និងការអភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ខ្លួន។ សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ» ព្រម​ទាំង​បាន​សន្យា​ដាក់​ជីវិត​ក្នុងកសាងព្រែកជីក​នេះ​ឱ្យបានថែមទៀតផង។

​តាមរយៈការប្រកាសអំពីឆន្ទៈដ៏មោះមុត ហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត ដើម្បី​ឧត្ដម​ប្រយោជន៍​ជាតិ ជាមួយនឹងទស្សនវិស័យដ៏វែងឆ្ងាយនេះ មេដឹកនាំកម្ពុជាពិតជានឹង​សម្រេច​បាន​នូវ​សមិទ្ធផលព្រែកជីក ដែល​ជា​ច្រក​ផ្លូវទឹកទៅកាន់សមុទ្រជាប្រវត្តិសាស្ត្រដែល​មិនអាច​កាត់​ថ្លៃ​បានក្នុងរយៈពេលជាង៤០០ឆ្នាំចុងក្រោយ ក៏​ដូច​ជានឹងក្លាយ​ទៅជាមូលដ្ឋាន​ដ៏​សំខាន់ នៅក្នុងការធានាបាននូវឯករាជ្យភាពខាងសេដ្ឋកិច្ច និងការ​ដោយ​ឈរ​លើមូលដ្ឋាន​ទស្សន​វិជ្ជាបែបខ្មែរ បង្កើតឡើងដោយកុលបុត្រខ្មែរ និងសម្រាប់ផលប្រយោជន៍​ប្រជាជាតិ​ខ្មែរ​សុទ្ធសាធ។

​«ព្រែកជីកហ្វូណនតេជោ» នេះ ក៏នឹងក្លាយទៅជានិមិត្តរូបនៃការបង្រួបបង្រួមស្មារតី​ជាតិ​​ដ៏​មោះ​មុត​បំផុត តាមរយៈឆន្ទៈនយោបាយរបស់មេដឹកនាំខ្មែរ គឺសម្ដេចតេជោ និង​សម្ដេចធិបតី ហើយស្មារតីជាតិនេះ​មិន​ត្រឹមតែបានជ្រួតជ្រាបនិងទទួលយកពីសំណាក់​មហាជន​ខ្មែរ​ប៉ុណ្ណោះទេ តែថែមទាំងត្រូវបានទទួលស្គាល់ និង​គាំទ្រ​ពីសំណាក់សមាជិកនិងអតីត​សមាជិក​ក្រុមប្រឆាំង បើទោះបីជាអ្នកខ្លះបានចេញមុខអបអរសាទរ និង​គាំទ្រ ហើយអ្នកខ្លះ​មិន​បានបង្ហាញការគាំទ្រឱ្យឃើញជាសកម្មភាព ឬពាក្យសម្ដីក្ដី ក៏ក្នុងនាមជាជនជាតិខ្មែរ ក្រុមប្រឆាំងឬអ្នក​នយោបាយ​ជំទាស់ទាំងនោះ ពិតជាបានមើលឃើញអំពីសារៈប្រយោជន៍ដ៏ឧតុង្គឧត្ដមនៃគម្រោង​​ព្រែក​ជីក​ជា​ប្រវត្តិសាស្ត្រនេះ តាមរយៈការរក្សាភាពស្ងប់ស្ងៀម និងទន្ទឹងរង់ចាំ​មើលសមិទ្ធផលនេះសម្រេចបាននាពេលខាងមុខ។

​ជាការពិតដែលឥតប្រកែកបាន «គម្រោងព្រែកជីកហ្វូណនតេជោ» គឺជាសមិទ្ធផល​ដែលត្រូវ​តែ​សម្រេចឱ្យខានតែបាន ទោះបីជាមានការជំទាស់ ឬចោទប្រកាន់មួលបង្កាច់​ដោយ​គ្មានការពិត​ពីសំណាក់​មជ្ឈដ្ឋានខាងក្រៅណាមួយក្ដី ព្រោះគម្រោងនេះគឺជា​គម្រោង​ដែល​មានអត្ថន័យជាប្រវត្តិសាស្ត្រ ជាឧត្ដម​ប្រយោជន៍ជាតិ ដែលខ្មែរគ្រប់រូប​ត្រូវចូលរួម​ចំណែក​ជំរុញសម្រេចឱ្យបាន ហើយមានតែខ្មែរ​ដែល​ប្រឆាំង​នឹង​ផលប្រយោជន៍ជាតិ និង​បម្រើ​ឱ្យយុទ្ធសាស្ត្របរទេសប៉ុណ្ណោះ ដែលជំទាស់ និងមិនចូលរួមនៅក្នុង​គម្រោង​ដ៏មាន​សារៈ​សំខាន់នេះ។

​ការជំរុញឱ្យគម្រោងជីកព្រែកនេះក្លាយទៅជាចលនាជាតិទាំងមូល ពីសំណាក់​សម្ដេច​តេជោ ហ៊ុន សែន គឺជាយុទ្ធសាស្ត្រដ៏វិសេសវិសាលមួយ ដែលនឹងបង្ហាញឱ្យឃើញ​កាន់​តែច្បាស់អំពី ស្មារតីរួប​រួមគ្នា​នៃ​ប្រជាជាតិដែលមានអរិយធម៌ចំណាស់នៅអាស៊ីអាគ្នេយ៍ ការ​បង្ហាញអំពីទស្សនៈជាតិរួមជាធ្លុងមួយ នៅក្នុងការ​កសាងសមិទ្ធផល​សម្រាប់បន្សល់​ដល់​មនុស្ស​ជំនាន់ក្រោយ ដូចដែលដូនតាខ្មែរនៅស្ទើគ្រប់សម័យកាល ពិសេស​បុព្វបុរស​សម័យ​មហា​នគរ បន្សល់ទុកនូវមរតកដ៏មហស្ចារ្យ ទាំងរូបី និងអរូបីដល់យើងដែលជាកូន​ចៅ​ជំនាន់​ក្រោយ។

​ការកសាង «ព្រែកជីកហ្វូណនតេជោ» ដែលជាច្រកផ្លូវទឹកទៅកាន់សមុទ្រជាលើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រជាង៤០០ឆ្នាំចុងក្រោយនេះ តាមរយៈគំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេជោ និងឆន្ទៈដ៏មុតមាំ​ក្នុងសម្រេចឱ្យបាន​របស់សម្ដេចធិបតី គឺជាសក្ខីភាពដែល​មិនអាច​ប្រកែក​បាន ដែលលោកទាំងពីរពិត​ជាស័ក្តិសមបំផុតនឹងពាក្យថា «វរជន» របស់​ប្រជាជាតិ​ខ្មែរ ដោយមិនត្រឹមតែបានបន្សល់នូវសមិទ្ធផល​ជា​ប្រវត្តិ​សាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជា​មេដឹកនាំ ដែលបង្រួបបង្រួមស្មារតីឯកភាពជាតិ​ដ៏មោះមុត​របស់ខ្មែរនាសម័យទំនើប​នេះ៕

(អត្ថបទវិភាគខាងលើជាទស្សនៈផ្ទាល់ខ្លួនរបស់លោក លឹម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការនៃរាជបណ្ឌិត្យសភាកម្ពុជា)

2024-04-27 06:38:58   ថ្ងៃសៅរ៍, 27 មេសា 2024 ម៉ោង 01:38 PM
បណ្ឌិត គិន ភា: «ប្រជាពលរដ្ឋខ្មែរមានក្តីរំភើប និងមោទនភាពចំពោះការប្តេជ្ញាចិត្តរបស់សម្តេច ហ៊ុន សែន សាងសង់ព្រែកជីកហ្វូណនតេជោ»

យប់មិញនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមហាបុរសរដ្ឋប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ។

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោមានភាពច្បាស់លាស់និងដាច់ណាត់ដែលបង្ហាញពីការសម្រេចចិត្តដ៏ត្រឹមត្រូវនិងមានលក្ខណ:វិទ្យាសាស្ត្រខ្ពស់បំផុតពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ។ ប្រសាសន៍នេះក៏ជាការផ្ញើសារដ៏ច្បាស់លាស់មួយទៅកាន់មេដឹកនាំវៀតណាមដែលបណ្ដោយឱ្យមន្ត្រីរបស់ខ្លួនវាយប្រហារកម្ពុជាម្តងហើយម្តងទៀតជុំវិញគម្រោងព្រែកជីកនេះបើទោះបីកម្ពុជាធ្លាប់ពន្យល់ច្រើនលើកច្រើនសារហើយក៏ដោយ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ» និងបានសន្យាដាក់ជីវិតក្នុងកសាងព្រែកជីកនេះឱ្យបាន។

យើងពិតជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ឆ្លាតវៃ មានចក្ខុវិស័យវែងឆ្ងាយ មានការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានសេចក្តីក្លាហានចំពោះមុខសម្ពាធនានា។ គ្រប់កាលៈទេសៈ សម្តេចតេជោ តែងតែឈរយ៉ាងរឹងមាំដើម្បីការពារផលប្រយោជន៍ជាតិ ការពារសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ ឯករាជ្យ បូរណភាពទឹកដី កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងវិបុលភាពសម្រាប់ប្រជាជាតិខ្មែរយើង។

ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាយើងត្រូវតែសាងសង់ព្រែកជីកនេះឱ្យខាងតែបានដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង ដោយអនុវត្តយុទ្ធសាស្ត្រ «ឆ្កែចេះតែព្រុស រទេះចេះតែបរ» ។

នៅពេលយើងមានព្រែកជីកនេះ យើងនឹងធូរច្រមុះហើយ យើងមិនចាំបាច់ខ្ចីបំពង់អុកស៊ីហ្សែនរបស់នរណាមកដកដង្ហើមទៀតទេ, យើងអាចកាត់បន្ថយភាពអាស្រ័យទៅលើអ្នកជិតខាងបានច្រើនហើយ។

ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ គ្រប់ស្រទាប់វណ្ណៈ ត្រូវតែស្រុះដៃគ្នាក្នុងចរន្តតែមួយជាមួយថ្នាក់ដឹកនាំយើង ជាមួយរាជរដ្ឋាភិបាលយើង ក្នុងការជំរុញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះឱ្យលេចចេញជារូបរាងឆាប់ៗ។ គម្រោងនេះគឺជាការសាកល្បងដ៏សំខាន់ណាស់ចំពោះភាពរឹងមាំនៃកម្លាំងឯកភាពជាតិ សាមគ្គីជាតិ និងភាពធន់នៃជាតិយើង៕

២៧ មេសា ២០២៤

2024-04-27 05:09:55   ថ្ងៃសៅរ៍, 27 មេសា 2024 ម៉ោង 12:09 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន តាមរយៈការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក ពិព័រណ៌គំនូរកម្ពុជា-ចិន អបអរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន តាមរយៈការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងថា នៅក្នុងអតីតកាល នៅប្រទេសកម្ពុជា ភាសាអង់គ្លេសបានដើរតួយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម ប៉ុន្តែសម្រាប់បច្ចុប្បន្ន វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា ដែលមកដល់សព្វថ្ងៃនេះ ភាសាចិន ស្ទើរតែបានក្លាយទៅជាភាសាទី២នៅកម្ពុជាទៅហើយ តាមរយៈកំណើននៃការវិនិយោគពីសំណាក់អ្នកវិនិយោគចិន និងការផ្លាស់ប្ដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរ និងជំរុញការសិក្សាអំពីភាសានៃប្រទេសទាំងពីរ ទៅក្នុងស្រទាប់យុវជនកម្ពុជា-ចិន គឺជាការបញ្ជ្រាបតម្លៃវប្បធម៌ និងជំរុញការស្វែងយល់អំពីប្រពៃណី និងទំនៀមទម្លាប់នៃប្រទេសទាំងពីរ បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែប្រសើរឡើងថែមទៀត រវាងប្រជាជននិងប្រជាជន។

ទោះជាយ៉ាងណា ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមថា តាមរយៈទំនាក់ទំនងដែលរីកចម្រើនជាលំដាប់រវាងប្រទេសទាំងពីរ ប្រជាជនកម្ពុជា ហាក់បានយល់ដឹងជ្រួតជ្រាបអំពីភាសា វប្បធម៌ និងទំនៀមទម្លាប់របស់ចិន ច្រើនជាងការយល់ដឹងអំពីអំពីភាសា វប្បធម៌ និងទំនៀមទម្លាប់របស់ខ្មែរ ពីសំណាក់ប្រជាជនចិន ដែលត្រង់ចំណុច ទាមទារឱ្យភាគីទាំងពីរ ជំរុញឱ្យបានកាន់ប្រសើរឡើងបន្ថែមទៀតនូវការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ដើម្បីឈានទៅសម្រេចបាននូវការលើកកម្ពស់ទំនាក់ទំនងកម្ពុជាកាន់តែល្អប្រសើរ និងរឹងមាំថែមមួយកម្រិតទៀត៕

RAC Media

2024-04-27 03:00:49   ថ្ងៃសៅរ៍, 27 មេសា 2024 ម៉ោង 10:00 AM
បណ្ឌិត យង់ ពៅ លើកបង្ហាញទិដ្ឋភាពចំនួន ៣ ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់វៀតណាម និងសហរដ្ឋអាម៉េរិក លើ «គម្រោងព្រែកជីកហ្វូណនតេជោ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវទិដ្ឋភាពសំខាន់ៗចំនួន៣ ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់វៀតណាម និងសហរដ្ឋអាម៉េរិក លើ «គម្រោងព្រែកជីកហ្វូណនតេជោ» ដែលផ្ដោតសំខាន់លើការជំរុញវិស័យសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ទិដ្ឋភាពទីមួយ ដែលឯកឧត្ដមបណ្ឌិត យង់ ពៅ បានលើកឡើងគឺ ទិដ្ឋភាពបច្ចេកទេស ដែលព្រែកជីកហ្វូណនតេជោ មិនបានប្រើតួទន្លេមេគង្គនោះទេ គឺភ្ជាប់ពីទន្លេបាសាក់ ហើយផ្លូវទឹកនេះ ត្រូវជីកថ្មីបន្ថែមត្រឹមតែ៧ គីឡូម៉ែត្រតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ព្រែកជីកនេះ គ្មានចំណែកណាបន្តិចជាប់អធិបតេយ្យវៀតណាម ឬក៏ជាប់នឹងអធិបតេយ្យណាមួយ នៃសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិកនោះដែរ ដែលកម្ពុជាគ្មានភាពចាំបាច់ណាដែលត្រូវសុំការអនុញ្ញាតឬការឯកភាពពីសំណាក់ប្រទេសទាំងពីរនេះដែរ។ ឯកឧត្ដមបណ្ឌិតបានបន្ថែមថា ពាក់ព័ន្ធនឹងការប្រើប្រាស់ទន្លេមេគង្គ កម្ពុជាមិនទាន់មានចំណុចតូចណាមួយរំខានដល់អាងទឹកទន្លេនេះទេ ខណៈឡាវបានធ្វើវារីអគ្គិសនីជាច្រើនរួចមកហើយ។ បន្ថែមពីនេះ ពាក់ព័ន្ធនឹងបរិស្ថាន ព្រែកជីកហ្វូណនតេជោនាំក៏មិនមានផលប៉ះពាល់នោះដែរ តែផ្ទុយទៅវិញ ថែមទាំងបានផ្តល់អត្ថប្រយោជន៍ខាងជីវៈចម្រុះថែមទៀតផង។ បើតាមឯកឧត្ដមបណ្ឌិត មានអ្នកវិភាគខ្លះ ទំនងជាមិនធ្លាប់បានពិនិត្យមើលលំនាំព្រែកជីកប៉ាណាម៉ា ព្រែកជីកស៊ុយអេ ដែលមានសន្ទះទឹកបិទបើក មិនឱ្យទឹកហូរចេញចូលតាមបែបធម្មជាតិនោះទេ។ ប្រសិនបើព្រែកជីកប៉ាណាម៉ា ឱ្យទឹកហូរចេញចូល តាមធម្មជាតិនោះ ម្ល៉ោះហូរទឹកចេញពីទ្វីបអស់យូរមកហើយ។

ចំពោះទិដ្ឋភាពទីពីរ ត្រូវបានឯកឧត្ដមបណ្ឌិតលើកឡើងអំពី ទិដ្ឋភាពប្រវត្តិសាស្ត្រ ដោយប្រសិនបើអាណានិគមបារាំងមិនបានកាត់ទឹកដីដែលជាកម្មសិទ្ធិរបស់កម្ពុជាឱ្យទៅស្តេចបាវដាយនោះទេ ប្រហែលជាថ្ងៃនេះ ក៏ភាគីវៀតណាមគ្មានឱកាសសម្តែងការបារម្ភនោះដែរ។ ឯកឧត្ដមបណ្ឌិតក៏បានបន្ថែមទៀតថា ប្រសិនបើសហរដ្ឋអាម៉េរិក មិនបរាជ័យនៅក្នុងសង្គ្រាមសង្គ្រាមវៀតណាមឆ្នាំ១៩៧៥ នោះក៏គ្មានទិដ្ឋភាពដូចនេះកើតឡើងដែរ។

សម្រាប់ទិដ្ឋភាពទិដ្ឋភាពនយោបាយនិងភូមិសាស្ត្រនយោបាយ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ក្តីបារម្ភទាំងនេះ ត្រូវបានលើកឡើងតាមរយៈទស្សនៈរបស់អ្នកនិពន្ធ ដែលជាស្ថាប័នស្ថិតនៅក្រោមអំណាចរដ្ឋបាលក្រុងហាណូយ ដែលនេះគ្រាន់តែ គ្រាន់តែជាការបិទបាំង ក្តីបារម្ភអំពីឥទ្ធិពលភូមិសាស្ត្រនយោបាយ របស់វៀតណាមអំពីការធ្លាក់ចុះឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងតួនាទីរបស់ចិននៅក្នុងភូមិសាស្ត្រនយោបាយទន្លេមេគង្គតែប៉ុណ្ណោះ។ បើតាមឯកឧត្ដមបណ្ឌិត គោលបំណងរបស់វៀតណាមនៅក្នុងករណីនេះ គឺទំនងជាមកពីវៀតណាមចង់ឱ្យកម្ពុជា ស្ថិតក្រោមឥទ្ធិពលរបស់ខ្លួននៅលើគ្រប់វិស័យ ខណៈដែលមហាអំណាចខ្លះ ក៏មានបំណងចង់រុញកម្ពុជាឱ្យក្លាយជាកូនអុកភូមិសាស្ត្រនយោបាយ ដូចករណីសង្គ្រាមនៅវៀតណាមក្នុងអតីតកាលផងដែរ។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ការកសាងព្រែកជីកហ្វូណនតេជោជាសិទ្ធិអធិបតេយ្យស្របច្បាប់របស់ប្រទេសកម្ពុជាសុទ្ធសាធ ហេតុម្តេចក៏ត្រូវសួរយោបល់ពីប្រទេសដទៃទៅវិញ? ហេតុម្តេចមិនប្រឆាំងនឹងឡាវ ដែលមានផ្លូវរថភ្លើងល្បឿនលឿនពីវៀងច័ន្ទទៅចិនផង?

RAC Media | លឹម សុវណ្ណរិទ្ធ

2024-04-26 03:46:32   ថ្ងៃសុក្រ, 26 មេសា 2024 ម៉ោង 10:46 AM
ព្រែកជីកហ្វូណនតេជោនាំឱ្យមានសាមគ្គីភាព និងមោទនភាពជាតិ

គម្រោងព្រែក​ហ្វូណន​តេជោ​របស់ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ចំណុច​សំខាន់​នៃ​មោទនភាព​ជាតិ និង​សាមគ្គីភាព​ក្នុង​ចំណោម​ប្រជាជន​កម្ពុជានៅទូទាំងប្រទេស។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ មានគោលបំណងបង្កើតផ្លូវទឹកដែលអាចធ្វើនាវាចរណ៍ពីទន្លេមេគង្គទៅកាន់ឈូងសមុទ្រ បានទទួលការគាំទ្រ និងសាទរយ៉ាងខ្លាំងពីពលរដ្ឋគ្រប់ស្រទាប់វណ្ឌៈនៃសង្គមកម្ពុជា។ ដោយរាប់ពីមន្ត្រីរដ្ឋាភិបាលរហូតដល់សហគមន៍តាមមូលដ្ឋាន បានមូលមតិគ្នាយ៉ាងច្បាស់ណាស់ថា៖ ព្រែកជីកហ្វូណនតេជោតំណាងឱ្យឱកាសដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការតភ្ជាប់ និងវឌ្ឍនភាពជាតិកម្ពុជា។

ដើម្បីស្វែងយល់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោចំពោះប្រជាជនកម្ពុជា វាចាំបាច់ណាស់ក្នុងការស្វែងយល់ពីបរិបទប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាដែលមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងរឿងរ៉ាវអតីតកាលបានជាប់ពាក់ព័ន្ធជាមួយលំហូរនៃទន្លេ និងផ្លូវទឹកជាយូរមកហើយ។ អរិយធម៌បុរាណដូចជា សម័យហ្វូណន និងអង្គរ ពឹងផ្អែកលើពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលបង្ហាញពីសារៈសំខាន់នៃ បណ្តាញនាវាចរណ៍ក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ការរស់ឡើងវិញនៃគោលគំនិតនៃព្រែកជីកតភ្ជាប់ទន្លេមេគង្គទៅឈូងសមុទ្រ បានដក់ជាប់យ៉ាងជ្រាលជ្រៅជាមួយប្រជាជនកម្ពុជា ដែលបង្ហាញពីអារម្មណ៍នៃការបន្តជាមួយនឹងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់ដូនតាខ្មែរ។ ការតភ្ជាប់ទៅអតីតកាលនេះ បានធ្វើឱ្យព្រែកហ្វូណនតេជោមានអត្ថន័យជានិមិត្តរូប លើសពីផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែគឺជានិមិត្តរូបជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំដែលកូនចៅខ្មែរជំនាន់ក្រោយនឹងចងចាំចំពោះការប្រឹងប្រែងរបស់ថា្នក់ដឹកនាំកម្ពុជានាសម័យនេះ។

ចំណុចស្នូលនៃសាមគ្គីភាពកម្ពុជាទាក់ទងនឹងព្រែកជីកហ្វូណនតេជោ គឺជាសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ព្រែកជីកនេះត្រូវបានគេមើលឃើញថាជាអ្នកផ្លាស់ប្តូរជោគវាសនាកម្ពុជា នាំឱ្យការដឹកជញ្ជូនទំនិញកាន់តែរលូន កាត់បន្ថយថ្លៃដឹកជញ្ជូន និងបើកឱកាសពាណិជ្ជកម្មថ្មីសម្រាប់ប្រជាជនកម្ពុជា។ ម្យ៉ាងវិញទៀត គម្រោងនេះ ត្រូវបានគេរំពឹងថានឹងជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងទាក់ទាញការវិនិយោគទៅកាន់តំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។

សម្រាប់ធុរកិច្ច និងសហគ្រិនកម្ពុជា ព្រែកជីកនេះ តំណាងឱ្យច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ ព្រែកជីកនេះក៏នឹងបើកផ្លូវសម្រាប់ការពង្រីក ការធ្វើពិពិធកម្ម និងការបង្កើនការប្រកួតប្រជែងនៅក្នុងតំបន់ផងដែរ។ ការរំពឹងទុកនៃការតភ្ជាប់កាន់តែប្រសើរឡើងតាមរយៈព្រែកជីកនេះ បានធ្វើឱ្យមានការគាំទ្រពីវិស័យឯកជន និងស្ថាប័នានា ដោយមនុស្សជាច្រើនមើលឃើញថាវាជាយន្តការសំខាន់សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។

ជាងនេះទៅទៀត គម្រោងព្រែកនេះត្រូវបានគេរំពឹងថានឹងជំរុញការអភិវឌ្ឍន៍ទីក្រុងនៅតាមបណ្តោយផ្លូវដែលជាប់នឹងព្រែកជីកជាមួយនឹងតំបន់សេដ្ឋកិច្ចថ្មី តំបន់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនឹងលេចចេញជារូបរាងនៅពេលអនាគត។ ការរំពឹងទុកនៃការអភិវឌ្ឍន៍រួមនេះ ជាមួយនឹងឱកាសសម្រាប់ទាំងតំបន់ជនបទ និងទីក្រុង បានទទួលការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា លើកលែងជាអ្នកនយោបាយដែលមានចិត្តចង់បំផ្លាញប្រទេសកម្ពុជាប៉ុណ្ណោះ ដែលប្រឆាំងនឹងគម្រោងនេះ។

ព្រែកជីកហ្វូណនតេជោមិនត្រឹមតែជាគម្រោងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃសេចក្តីប្រាថ្នារបស់កម្ពុជាសម្រាប់សមាហរណកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ តាមរយៈការពង្រឹងការតភ្ជាប់ជាមួយប្រទេសជិតខាង និងតំបន់អាស៊ីអាគ្នេយ៍ដ៏ធំទូលាយ ព្រែកជីកនេះជំរុញពាណិជ្ជកម្ម ទេសចរណ៍និងការផ្លាស់ប្តូរវប្បធម៌។ ប្រជាជនកម្ពុជាមើលឃើញថា នេះជាជំហានឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ និងជាកត្តាជំរុញសន្តិភាព និងស្ថិរភាព។ ទីតាំងយុទ្ធសាស្ត្ររបស់ព្រែកជីកនេះ ក៏នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាតួអង្គសំខាន់ក្នុងបណ្តាញដឹកជញ្ជូន ក្នុងតំបន់ផងដែរ។

ខណៈពេលដែលទិដ្ឋភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៃព្រែកជីកហ្វូណនតេជោមានសារៈសំខាន់បំផុតនោះ រដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ចំពោះនិរន្តរភាពបរិស្ថានផងដែរ។ គម្រោងនេះរួមមានវិធានការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ថែរក្សាជម្រកធម្មជាតិ និងធានាការគ្រប់គ្រងទឹកប្រកបដោយការទទួលខុសត្រូវ។ វិធីសាស្រ្តប្រកបដោយតុល្យភាពនេះ រួមបញ្ចូលការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងការគ្រប់គ្រងបរិស្ថាន ស្របតាមក្រមសីលធម៌កម្ពុជានៃភាពសុខដុមជាមួយធម្មជាតិ។ ចាប់តាំងពីឆ្នាំ ២០២០មក​ រាជរដ្ឋាភិបាលកម្ពុជាបានផ្អាក ការសាងសង់ទំនប់វារីអគ្គិសនីនៅតាមបណ្តោយដងទន្លេមេគង្គ ហើយប្រទេសកម្ពុជាមានវារីអគ្គិសនីតែចំនួនពីរប៉ុណ្ណោះនៅតាមទន្លេមេគង្គ ខណៈពេលដែលប្រទេសមួយចំនួនដែលអះអាងថាស្រលាញ់បរិស្ថាន និងស្រលាញ់ទន្លេមេគង្គ បានសាងសង់វារីអគ្គិសនីយ៉ាងច្រើន ហើយមិនបានតាំងចិត្តផ្អាក ឬបញ្ឈប់ការសាងសង់នៅតាមទន្លេមេគង្គនោះទេ។ ប្រទេសជិតខាងកម្ពុជាមួយចំនួន បានប្រើវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីបង្អាក់ ឬបញ្ឈប់ទាំងស្រុងនូវគម្រោងដ៏សំខាន់របស់ប្រទេសកម្ពុជា ស្របពេលដែលនៅក្នុងរបស់គេមានព្រែកជីកជាច្រើន ហើយក៏មានវារីអគ្គិសនីចំនួនជាងប្រាំពីរពាន់កន្លែងរួចហើយ។ ​

ប្រទេសកម្ពុជាត្រូវតែជំនះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីសាងសង់គម្រោងជាប្រវត្តិសាស្ត្រមួយនេះ ហើយពលរដ្ឋកម្ពុជាគ្រប់រូបត្រូវតែគាំទ្រ និងមានស្មារតីរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាអ្នកដឹកនាំប្រទេសនាពេលនេះ។

សាមគ្គីភាពដ៏រឹងមាំក្នុងចំណោមប្រជាជនកម្ពុជាទាក់ទងនឹងព្រែកជីកហ្វូណនតេជោនេះ បានពង្រឹងការគាំទ្របន្ថែមទៀតចំពោះដ្ឋាភិបាល និងនាំឱ្យមានការចូលរួមយ៉ាងសកម្មពីសាធារណៈជន។ រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ចក្ខុវិស័យ​ច្បាស់លាស់​សម្រាប់​គម្រោង​ព្រែកជីកនេះ ដោយ​បានសង្កត់ធ្ងន់​លើ​សក្តានុពល​សេដ្ឋកិច្ច និង​អត្ថប្រយោជន៍នានាដែលព្រែកជីកនេះនឹង​នាំមក​ជូន​ជាតិកម្ពុជា​។

សរុបសេចក្តីមក សាមគ្គីភាពដ៏រឹងមាំក្នុងចំណោមប្រជាជនកម្ពុជាទាក់ទងនឹងព្រែកជីកហ្វូណនតេជោនេះ ឆ្លុះបញ្ចាំងពីជំនឿយ៉ាងជ្រាលជ្រៅចំពោះសក្តានុពលសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា ហើយនឹងការជឿជាក់ចំពោះការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីទំហំសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ព្រែកជីកនេះបានបង្កប់នូវមរតកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា សេចក្តីប្រាថ្នាសម្រាប់សមាហរណកម្មក្នុងតំបន់ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលជាសេចក្តីប្រាថ្នាចង់បានរបស់ពលរដ្ឋកម្ពុជាគ្រប់រូប។ ប្រទេសជិតខាងកម្ពុជាគួរតែគោរពការសម្រេចចិត្តរបស់កម្ពុជា ហើយគួរតែគោរពតាមគោលការណ៍ដែលមានឱ្យមានពិតប្រាកដ។

(អត្ថបទវិភាគខាងលើជាទស្សនៈផ្ទាល់ខ្លួនរបស់លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយនិងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការនៃរាជបណ្ឌិត្យសភាកម្ពុជា)

2024-04-26 03:40:06   ថ្ងៃសុក្រ, 26 មេសា 2024 ម៉ោង 10:40 AM
មន្ត្រីជំនាញនិងអ្នកស្រាវជ្រាវកម្ពុជា-ចិន យល់ស្របគ្នាទៅលើសារៈសំខាន់នៃការកែច្នៃសំរាម ដើម្បីថែរក្សាបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងក្រុមហ៊ុន Jinshan Hi-Tech Group រៀបចំសិក្ខាសាលា ស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌ អេកូឡូស៊ី កម្ពុជា-ក្វាងស៊ី» ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្ឋបាលរាជធានីភ្នំពេញ និងអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងអេកូបរិស្ថាន នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិនផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននារសៀលនេះ លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណង់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថានកម្ពុជា បានលើកឡើងអំពី ការគ្រប់គ្រងសំណល់រឹងនៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានបញ្ហាប្រឈមចំនួន២គឺ ១. ការមិនបែងចែកសំរាម សំណល់រឹង និង២. កង្វះខាតនូវសេវាប្រមូល និងដឹកជញ្ជូន។ លោកបានគាំទ្រថា រាល់សំរាមទាំងអស់នៅលើពិភពលោក ទាមទារឱ្យមានការកែច្នៃសំរាមឱ្យបានអស់ពីលទ្ធភាពបំផុត ដើម្បីនិរន្តរភាពនៃបរិស្ថាន។

ចំណែកវាគ្មិនមួយរូបទៀតគឺ លោក នួន សំណាវុធ នាយកទីចាត់គ្រប់គ្រងសំរាម និងបរិស្ថាន នៃសាលារាជធានីភ្នំពេញ បានលើកឡើងអំពី ការគ្រប់គ្រងសំណលរឹងនៅរាជធានីភ្នំពេញ ដោយគូសបញ្ជាក់ថា សំរាមនៅទីលានចាក់សំរាមនៅខណ្ឌដង្កោបានកើនឡើងច្រើនជាលំដាប់ជារៀងរាល់ថ្ងៃ ដែលបណ្ដាលមកពីសំរាមទាំងនោះមិនត្រូវបានកែច្នៃឱ្យបានអស់លទ្ធភាព ដែលជាបញ្ហាមួយដែលត្រូវដោះស្រាយ។ លោក នួន សមណាវុធ បានគូសបញ្ជាក់ថា ទីលានចាក់សំរាមដែលមាននៅភ្នំពេញ នៅខណ្ឌដង្កោ បានឈានដល់អាយុកាលផុតកំណត់ប្រើប្រាស់ហើយ ប៉ុន្តែដោយសារតែទីលានចាក់សំរាមថ្មី ដែលសាលារាជធានីភ្នំពេញរៀបចំនៅផ្លូវ៥១មិនទាន់រួចរាល់ ទើបរដ្ឋបាលរាជធានីភ្នំពេញស្នើសុំគោលការណ៍រាជរដ្ឋាភិបាលបន្តប្រើប្រាស់ទីលានចាស់ដដែលសិន។ លោកបន្តថា សម្រាប់រាជធានីភ្នំពេញ សំរាមដែលត្រូវបានយកទៅចាក់ចោលនៅទីលានចាក់សំរាមខណ្ឌដង្កោ ពិតជាបានបង្កផលប៉ះពាល់ដល់បរិស្ថាន បរិយាកាស និងជាចំណែកមួយនៃការបង្កឧស្ម័នផ្ទះកញ្ចក់ផងដែរ។

សម្រាប់លោកបណ្ឌិត Chuanbin ZHOU អ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវិទ្យាសាស្ត្រ អេកូបរិស្ថាន នៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន បានគូសបញ្ជាក់ថា បញ្ហាសំរាមនៅទីក្រុង គឺជាបញ្ហាសំខាន់មួយ ដែលនេះក៏ជាកង្វល់របស់អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសជាសមាជិកនៃអង្គការនេះព្រួយបារម្ភ អំពីការប្រែប្រួលអាកាសធាតុបង្កដោយសំណល់ទាំងអស់នេះផងដែរ។ លោកបានលើកឡើងអំពីបទពិសោធន៍នៃការដោះស្រាយបញ្ហាសំរាមនៅក្នុងប្រទេសចិន តាមរយៈយកកាកសំណល់នៅតំបន់ទីប្រជុំជននិងទីក្រុងមកកែច្នៃធ្វើជាជីដើម្បីដាំដំណាំ និងការកាត់បន្ថយការបំពុលដោយប្លាស្ទិក តាមរយៈការកាត់បន្ថយការផលិតប្លាស្ទិក ការបែងចែកប្រភេទសំរាម និងធ្វើការស្រាវជ្រាវអំពីប្រភពសំរាមប្លាស្ទិកដែលនៅក្នុងនិងលើដី និងនៅក្នុងទឹកទន្លេជាដើម។

រីឯលោក LIU Jianjun អនុប្រធានក្រុមហ៊ុន Jinshan Hi-Tech Group បានលើកឡើងអំពីការបំពុលបរិស្ថានយ៉ាងខ្លាំង ដោយសារតែការបោះចោលសំរាម កប់សំរាម ពិសេសការដុតសំរាម ដែលជាហេតុផលនាំឱ្យក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាកែច្នៃសំរាម ដោយដំណើរការគឺ ប្រមូលសំរាមទៅសម្លាប់មេរោគ និងបែងចែកប្រភេទសំរាមដោយម៉ាស៊ីនស្វ័យប្រវត្តិ ដូចជាសំរាមជាលោហៈធាតុ សំរាមសល់ពីការសាងសង់ និងប្លាស្ទិក។ លោកក៏បានលើកឡើងបន្ថែមផងដែរថា សំរាមដែលបែងចែករួច អាចផលិតបានជាជីសរីរាង្គ ជាជ័រការ៉ូដើម្បីក្រាលប្រើប្រាស់។ ចំណែកឯសំរាមជាលោហៈធាតុ ត្រូវប្រមូលដាក់មួយឡែក ហើយលក់ឱ្យក្រុមហ៊ុនប្រមូលទិញលោហៈធាតុ។ បើតាមលោក LIU Jianjun សំរាមប្លាស្ទិក គេអាចកែច្នៃផលិតទៅជាប្រេងសម្រាប់ប្រើប្រាស់ និងជាប្រេងសម្រាប់ផលិតអគ្គិសនី បម្រើជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃផងដែរ។

គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រុមហ៊ុន Jinshan Hi-Tech Group នៅរាជធានីភ្នំពេញ អាចមានសំរាម ៣ ៧០០ តោនក្នុង១ថ្ងៃ ស្មើនឹង៦០%នៃសំរាមនៅទូទាំងប្រទេស ហើយទីលានចាក់សំរាមនៅខណ្ឌដង្កោនឹងពេញនៅក្នុងឆ្នាំ២០២៤នេះ ដែលទាមទារឱ្យមានការដោះស្រាយនៅចំពោះមុខ ស្របពេលដែលសាលារាជធានីភ្នំពេញ ក៏កំពុងរៀបចំទីលានចាក់សំរាមថ្មី នៅឯទីតាំងស្ថិតនៅជាប់នឹងផ្លូវ៥១ផងដែរ៕



  



 




RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-04-25 11:37:47   ថ្ងៃព្រហស្បតិ៍, 25 មេសា 2024 ម៉ោង 06:37 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ បើយើងមិនថែរក្សាបរិស្ថានពិភពលោកនោះទេ នោះមនុស្សជាតិនឹងក្លាយទៅជាទាសកររបស់ផែនដីនៅពេលអនាគត

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងឱកាសសុន្ទរកថាបើកសិក្ខាសាលា ស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌ អេកូឡូស៊ី កម្ពុជា-ក្វាងស៊ី» នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា បើយើងមិនថែរក្សាបរិស្ថានពិភពលោកនោះទេ នោះមនុស្សជាតិនឹងក្លាយទៅជាទាសកររបស់ផែនដីនៅពេលអនាគត។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងថា បញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុបច្ចុប្បន្នគឺមនុស្សជាអ្នកបង្កឡើង មនុស្សជាអ្នកបង្កើតសំរាម ជាអ្នកបំផ្លាញបរិស្ថាន ដូច្នេះហើយមនុស្សត្រូវតែរួមគ្នាកសាងបរិស្ថាន ដែលល្អប្រសើរសម្រាប់អនាគត ព្រោះមនុស្សត្រូវការធម្មជាតិ ប៉ុន្តែធម្មជាតិមិនត្រូវការមនុស្សនោះទេ។ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា «ប្រសិនបើមនុស្សមិនថែរក្សាបរិស្ថានពិភពលោកនោះទេ មនុស្សជាតិនឹងគ្មានទីកន្លែងសម្រាប់រស់នៅនាពេលអនាគតទេ ព្រោះមិនទាន់មានភពណាផ្សេងអាចរស់នៅបានក្រៅពីផែនដីនោះឡើយ»។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ មនុស្សបានបំផ្លាញធម្មជាតិនៅក្នុងរូបភាពជាច្រើនដូចជា មនុស្សបានប្រើប្រាស់អាវុធគីមីបាចសាចពេញពិភពលោក ការទាញយកធនធាននានាពីផែនដីដោយសារតម្រូវការច្រើនហួសនិស្ស័យរបស់មនុស្ស។ បន្ថែមពីនេះ មនុស្សបានបំផ្លាញធម្មជាតិហើយមិនបង្កើតវិញ ដូចជាកាប់ឈើ តែមិនដាំដើមឈើឡើងវិញ ការសាកអាវុធគីមី និងបរមាណូជាដើម។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងគូសបញ្ជាក់ថា ទោះបីជាមនុស្សជាតិនិយាយភាសាខុសគ្នា កាន់សាសនាខុសគ្នា តែយើងស្រូបយកអុកស៊ីសែនរួមគ្នា ទទួលទានទឹករួមគ្នា និងរស់នៅលើពិភពលោកដោយវិលត្រឡប់ទទួលពន្លឺព្រះអាទិត្យដូចគ្នា ដែលទាមទារឱ្យមនុស្សជាតិទាំងអស់ត្រូវរួមគ្នាជាធ្លុងមួយដើម្បីថែរក្សាការពារបរិស្ថាន ដែលកំពុងប្រឈមនឹងបញ្ហាសព្វថ្ងៃ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-04-25 03:57:58   ថ្ងៃព្រហស្បតិ៍, 25 មេសា 2024 ម៉ោង 10:57 AM
«ការសិក្សាឫសគល់ទស្សនវិជ្ជាខ្មែរ» ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា អនុប្រធាននាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

​ការសិក្សាស្រាវជ្រាវអំពី ឫសគល់ទស្សនវិជ្ជាខ្មែរ ចាំបាច់​យើងត្រូវ​មើល​គំរូ​ប្រព័ន្ធ​ទស្សនវិជ្ជា​ក្នុង​សាកល​​លោក​ ទាំងលោក​ខាង​លិច ទាំងលោក​ខាង​កើត​ ដើម្បីយកមកធ្វើជាប្រទីបក្នុងការឆ្លុះមើល និង​ជីក​រក​ឫស​​គល់​ទស្សនវិជ្ជាខ្មែរ។

១- ទស្សនវិជ្ជាបស្ចិមប្រទេស

ទស្សនវិជ្ជាបស្ចិមប្រទេស មានប្រវត្តិ មានប្រព័ន្ធមានគោល​គំនិត​សិក្សារួមហើយជាទូទៅ​មាន​ទំនាស់នឹងគ្រីស្តសាសនាជាប្រចាំ។​

ក- ប្រ​វត្តិទស្សនវិជ្ជាបស្ចិមប្រទេស ចែកជា៦សម័យកាលគឺ បុរាណសម័យ មជ្ឈិមសម័យ បុនសម័យ សម័យពន្លឺ សម័យទំនើប និង សម័យក្រោយទំនើប។ ​

ខ- ​មូលដ្ឋានគ្រឹះទស្សនវិជ្ជាបស្ចិម ប្រទេស​មាន​ ៖ ភាសា​វិទ្យា អស្តិ​រូប​វិជ្ជា តក្កវិជ្ជា សោភ័ណ​វិជ្ជា សីលវិជ្ជា ​និង ទ្រឹស្តីពុទ្ធិ។

គ- ទ្រឹស្តីទស្សនវិជ្ជាបស្ចិមប្រទេស អាចមានប្រភពចេញមកពីវិទូម្នាក់ៗ និងអាចមានប្រភពចេញ​មកពី​ទស្សន​​​វិទូ​មួយក្រុម ​ដែលមានគំនិតស្របគ្នា មានវិធីសិក្សាដូចគ្នា មានកម្មវត្ថុសិក្សាដូចគ្នា ​​មានទស្សន ​វិស័យ គោលបំណង គោលដៅ វត្ថុបំណង ដូចគ្នា ។

-ទស្សនៈរបស់ទស្សនវិទូម្នាក់ៗមាន ដូចជា៖ ទស្សនៈរបស់ សូក្រាត ប្លាតុង អារីស្តូត យេស៊ូ ដេកាត ហ្សង់ប៉ូលហ្សាត អាដាមស្មីត ហេហ្គែល កាលម៉ាក្ស លេនីន ជាដើម។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=10

2024-04-21 13:48:11   ថ្ងៃអាទិត្យ, 21 មេសា 2024 ម៉ោង 08:48 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក