Royal Academy of Cambodia
(រាជធានីភ្នំពេញ)៖ ថ្ងៃសៅរ៍ ១១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប សរុប ១១៣ លីត្រ ដល់កុមារកំព្រា និងកុមារពិការនៅមណ្ឌលកុមារចំនួន ២កន្លែង។
មណ្ឌលកុមារកំព្រាទាំង២កន្លែងនេះគឺ៖
១. ផ្ដល់ជូនទឹកដោះគោស្រស់ចំនួន ៤០លីត្រ ដល់មណ្ឌលកុមារកំព្រាភូមិខៃស៍។ មណ្ឌលកុមារកំព្រានេះភាគច្រើនត្រូវបានឳពុកម្ដាយបោះបង់ចោលនៅមន្ទីរពេទ្យគន្ធបុប្ផា។ បច្ចុប្បន្ន មណ្ឌលនេះមានកុមារសរុប ៣៨នាក់ ដែលសុទ្ធសឹងតែមានពិការភាពស្ទើរតែទាំងអស់(ខ្វិន ខ្សោយសតិ មានជំងឺពីកំណើត។ល។ មណ្ឌលកុមារកំព្រានេះ ស្ថិតនៅផ្លូវ៥០០ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២- ផ្ដល់ជូនទឹកដោះគោស្រស់ចំនួន ៧៣ លីត្រ ដល់អង្គការ «អង្គការខេខេអ៊ីវី» អង្គការមានកុមារចម្រុះ មានកំព្រា ឪពុកម្ដាយបោះបង់ និងក្រីក្រ បច្ចុប្បន្នមានកុមារ៩៦នាក់ ។ អង្គការនេះស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ ភ្នំពេញ។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ កុមារទាំងនោះ គឺជាកុមារដែលសង្គមគប្បីត្រូវយកចិត្តទុកដាក់ជាងគេ ព្រោះពួកបានបាត់បង់នូវអាណាព្យាបាល ឬឪពុកម្ដាយដែលជាទីពឹងពំនាក់ ដែលពួកគេត្រូវការការគាំពារ និងគាំទ្រឱ្យបានខ្លាំងក្លាទាំងទៅលើការរស់នៅ ការថែទាំ និងគាំទ្រផ្នែកស្មារតីយ៉ាងពេញលេញ ហើយវាគឺជាទំនួលខុសត្រូវរបស់មនុស្សទាំងអស់នៅក្នុងសង្គមជាតិ។
នៅក្នុងឱកាសផ្ដល់ជូនទឹកដោះគោស្រស់នាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា៖ "កូនៗកំព្រាតែឪពុកម្តាយទេ តែកូនៗបានទទួលទានទឹកដោះគោស្រស់ដូចក្មេងៗជាអ្នកមិនកំព្រាឪពុកម្តាយដែរ"៕
RAC Media
គ្រប់វិស័យទាំងអស់សុទ្ធតែមានទស្សនវិជ្ជានៅក្នុនោះ ព្រោះវាមានចំណោទបញ្ហា ទ្រឹស្តី គំនិត និងវិធីដោះស្រាយបញ្ហា ជាលក្ខណៈទស្សនវិជ្ជា ហើយគោលបំណង នៃការប្រតិបត្តិក្នុងគ្រប់វិស័យទាំងអស់សុទ្ធតែតម្រង់ទៅរកទស្សនវិជ្ជាទាំងអស់។
នេះជាការលើកឡើងខ្លះៗនូវគំនិតទស្សនវិជ្ជាខ្មែរក្នុងវិស័យផ្សេងៗក្នុងសង្គមខ្មែរ
១– គំនិតទស្សនវិជ្ជាខ្មែរក្នុងវិស័យ
ស្ថាបត្យកម្ម សំណង់ ប្រាសាទ
បុព្វបុរសខ្មែរមានបង្កប់អត្ថន័យទស្សនវិជ្ជានៅក្នុងស្ថាបត្យកម្ម សំណង់ និងប្រាសាទ យ៉ាងជ្រាលជ្រៅ។
បណ្ឌិត ឆយ យីហាង យល់ឃើញថា៖ ការកសាងប្រាសាទទាំងអស់ ពិតជាកសាងចេញពីមូលដ្ឋានគ្រឹះទស្សនវិជ្ជាព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយាន មិនមែនកសាងឡើងដោយចេះតែនឹកឃើញ ដោយត្រឹមតែមាន ការគិតធម្មតាទេ។ ការកសាងប្រាសាទ មានគូទឹកព័ទ្ធជុំវិញ យកលំនាំតាមឥណ្ឌា។ ក្នុងទស្សនៈរបស់ខ្មែរយល់ថា គូទឹក បង្កប់នូវអត្ថន័យទស្សនវិជ្ជា៖ បំរើទស្សនវិជ្ជាសាសនាផង យកទឹកប្រើប្រាស់ក្នុងទីក្រុងផង ជានយោបាយទឹកសម្រាប់កសិកម្មផង និងជារបាំងការពារនគរទប់ទល់នឹងសត្រូវផង។
លោក ដេវីឌ ឆាណ្ឌល័រ យល់ឃើញថា៖ ការកសាងប្រាសាទគឺ ដើម្បីឧទ្ទិសដល់ទេវៈផង ដើម្បីឧទ្ទិសដល់ព្រះអង្គផ្ទាល់ផង និងទុកជាផ្នូររបស់ព្រះអង្គនៅពេលសោយទីវង្គតផង។ ប្រាសាទជាលំនៅឋានសម្រាប់ពួកទេវៈ និងបុគ្គលគួរគោរពដែលបានស្លាប់ទៅនឹងបានឡើងឋានសួគ៌ (មិនមែនសម្រាប់តែព្រះរាជាប៉ុណ្ណោះទេ)។ ប្រាសាទក៏ជាផ្នូរខ្មោចផងដែរសម្រាប់ទុកព្រះអដ្ឋិធាតុរបស់ព្រះរាជា។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=11
សីតុណ្ហភាពមធ្យមនៅលើភពផែនដី នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែមានការកើនឡើងខ្លាំង និងលឿនជាងអ្វីដែលមនុស្សធ្លាប់បានសង្កេតតាមលក្ខណៈធម្មជាតិ បើធៀបទៅនឹង កាលពីពេលមុនៗ។ ក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការ សហប្រជាជាតិ បានរកឃើញភស្តុតាងជាច្រើន ទាក់ទងជាមួយនឹងការឡើងកម្តៅនៃភពផែនដីនាពេលបច្ចុប្បន្ននេះ គឺបង្កឡើងជាចម្បងដោយសកម្មភាពរបស់មនុស្ស ពោលគឺ សីតុណ្ហភាពនៃភពផែនដី មានការកើនឡើងទៅតាមលក្ខណៈធម្មជាតិផង និងបន្ថែមយ៉ាងលឿនដោយសកម្មភាពរបស់មនុស្សផង។ ក្រុមអ្នក វិទ្យាសាស្ត្រ និងអ្នកត្រួតពិនិត្យផ្នែកអាកាសធាតុនៃរដ្ឋាភិបាលនានារាប់ពាន់នាក់ បានយល់ស្របអំពីការកំណត់នៃកំណើនសីតុណ្ហភាពរបស់ភពផែនដី ដែលអាចជាលទ្ធភាពដើម្បីជួយមនុស្ស ឱ្យជៀសផុតពីផលប៉ះពាល់អាកាសធាតុនិងរក្សាបាននូវបរិយាកាសសមស្រប ដែលអាចរស់នៅបាន។ គោលនយោបាយ ដែលកំពុងតែអនុវត្តនាពេលបច្ចុប្បន្ននេះ គឺការចង្អុលបង្ហាញអំពីការកើនឡើងសីតុណ្ហភាព ប្រមាណ៣អង្សាសេ នៅចុងសតវត្សរ៍ទី២១។
ការកើនឡើងនៃកម្ដៅផែនដី គឺកើតឡើងនៅពេលដែលឧស្ម័នកាបូនិក (កាបូនឌីអុកស៊ីត) និងសារធាតុបំពុលផ្សេងៗទៀត បានធ្វើការប្រមូលផ្ដុំនៅក្នុងបរិយាកាស ហើយស្រូបយកពន្លឺព្រះអាទិត្យ និងវិទ្យុសកម្មព្រះអាទិត្យ (ថាមពលម៉ាញ៉េទិកដែលបញ្ចេញដោយព្រះអាទិត្យ) ដែលបានជះត្រឡប់ពីផ្ទៃផែនដី។ តាមដំណើរវិវត្តរបស់ផែនដី គឺវាមានការកើនកម្ដៅនិងចុះត្រជាក់ ម្ដងហើយម្ដងទៀត ពោលគឺអាកាសធាតុនៅលើផែនដី មានការផ្លាស់ប្ដូរ នៅពេលទទួលបានពន្លឺព្រះអាទិត្យច្រើនឬតិច ដោយសារការផ្លាស់ប្តូរតិចតួចតាមគន្លងរបស់វា ។ ជាងនេះទៀត ក្នុងកំលុងពេលប្រមាណ ជាងមួយសតវត្សរ៍ចុងក្រោយនេះ មានឥទ្ធិពលមួយទៀត ដែលបានធ្វើឱ្យបរិយាកាសផែនដី មានការប្រែប្រួលជាខ្លាំង គឺសកម្មភាពរបស់មនុស្ស។ បើទោះបីជាដំណើរ ប្រែប្រួលរបស់ព្រះអាទិត្យ បានរួមចំណែកបង្កឱ្យមានកំណើនសីតុណ្ហភាព ក៏ពិតមែន ក៏ប៉ុន្តែកត្តាចម្បងនៃកំណើនសីតុណ្ហភាពមធ្យមនៅក្នុងបរិយាកាសផែនដី គឺកំណើនឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឡើយតាមរយៈសកម្មភាពរបស់មនុស្ស។ របាយការណ៍ របស់ក្រុមប្រឹក្សាស្រាវជាតិជាតិសហរដ្ឋអាមេរិក បានឱ្យដឹងថា នៅក្នុងរយៈពេលប្រមាណមួយសតវត្សរ៍ចុងក្រោយនេះ ផែនដីមានកម្ដៅខ្ពស់ជាងពេលណាៗទាំងអស់ ពោលគឺ សីតុណ្ហភាពកើនឡើងជាមធ្យមប្រមាណ ០.៣ ទៅ ០.៦ អង្សាសេ។ ជាការពិត បញ្ហានៃការឡើងកម្ដៅផែនដីនេះ គឺបង្កឡើងដោយកត្តាពីរ គឺការផ្លាស់ប្តូរសកម្មភាព នៃដំណើរព្រះអាទិត្យដែលកើតឡើងដោយធម្មជាតិ និងកំណើនឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស ដែលបង្កឡើងដោយសារសកម្មភាពនានារបស់មនុស្ស។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=11
ក្រោយការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ វិបត្តិនយោបាយផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយទាំងពីរ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិចបានប្រារព្ធឡើងនៅថ្ងៃទី១២និង១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលនៅពេលនោះព្រះអង្គទ្រង់ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ស្ថាប័នព្រឹទ្ធសភា ត្រូវបានបង្កើតឡើង និងក្លាយជាចំណែកមួយនៃស្ថាប័ននីតិប្បញ្ញត្តិជាតិ ដែលមានពីរថ្នាក់ បន្ទាប់ពីរដ្ឋធម្មនុញ្ញនីតិកាលទី២ បានធ្វើវិសោធន-កម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំងនិងមានអាណត្តិ៥ ឆ្នាំ។ សមាជិកចំនួន៦១ រូបត្រូវបានជ្រើសរើសពីក្នុងចំណោមឥស្សរជនជាន់ខ្ពស់នៃគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភានីតិកាលទី២។ ព្រឹទ្ធសភានីតិកាលទី១ បានបើកសម័យប្រជុំលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។
ព្រឹទ្ធសភានីតិកាលទី២ កើតឡើងដោយការបោះឆ្នោតអសកល នាថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០០៦ ដោយមានអាណត្តិ៦ ឆ្នាំ។ ព្រឹទ្ធសភា នីតិកាលទី២ បានបើកសម័យប្រជុំដំបូងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ក្រោមព្រះរាជាធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=11
បច្ឆានវនិយម ឬសម័យក្រោយទំនើបនិយម ដែលជាទស្សនវិជ្ជាទំនើបឈានមុខគេនោះ អះអាងថា សម័យកាលប្រវត្ដិសាស្ដ្រ ទំនើប បានបញ្ចប់ទៅហើយ ហើយយើងកំពុង រស់នៅក្នុងសករាជក្រោយសម័យទំនើប។
បច្ឆានវនិយម ឬសម័យក្រោយទំនើបនិយម ក្នុងបស្ចិមប្រទេស ជាចលនាទស្សនវិជ្ជាចុងសតវត្សទី២០ ដែលបានកំណត់លក្ខណៈដោយមជ្ឈធាតុនិយម អត្តនោម័តិនិយម ឬសាបេក្ខភាពនិយមយ៉ាងទូលំទូលាយ ការសង្ស័យទូទៅនៃហេតុផល និងភាពរសើបខ្លាំង ចំពោះតួនាទីនៃមនោគមវិជ្ជាក្នុងការអះអាង និងរក្សាអំណាចនយោបាយ និងសេដ្ឋកិច្ច។
បច្ឆានវនិយម និងនវទស្សនវិជ្ជា
បច្ឆានវនិយម ភាគច្រើនជាប្រតិកម្មប្រឆាំងនឹងការសន្មតដោយវាងវៃ និងគុណតម្លៃនៃសម័យកាលទំនើប នៅក្នុងប្រវត្តិសាស្រ្តនៃទស្សនវិជ្ជាលោកខាងលិច (ប្រហែលសតវត្សទី១៧ រហូតដល់សតវត្សរ៍ទី១៩)។ ជាការពិត គោលលទ្ធិជាច្រើនដែលមានលក្ខណៈទាក់ទងនឹងក្រោយសម័យទំនើបនិយម អាចត្រូវបានគេពិពណ៌នាដោយត្រឹមត្រូវថាជាការបដិសេធដោយឋ ត្រង់ៗនៃទស្សនៈទស្សនវិជ្ជាទូទៅ ដែលត្រូវបានទទួលយកនៅក្នុងអំឡុងពេលសម័យ បច្ចេកវិទ្យានៃសតវត្សរ៍ទី១៨ ទោះបីជាវាមិនមានតែមួយគត់ ចំពោះសម័យនោះ។ ចំណុចសំខាន់បំផុតនៃទស្សនៈទាំងនេះ មានដូចខាងក្រោម៖
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=11
(រាជធានីភ្នំពេញ)៖ នៅព្រឹកព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប សរុប ១៥៩ លីត្រ ដល់កុមារកំព្រា និងកុមារមានពិការភាពនៅមណ្ឌល និងអង្គការចំនួន៣នៅរាជធានីភ្នំពេញ។
កុមារកំព្រា និងកុមារមានពិការភាព ដែលទទួលបានការឧបត្ថម្ភទឹកដោះគោស្រស់ពីរាជបណ្ឌិត្យសភាកម្ពុជានាពេលនេះ ជាកុមារដែលកំពុងស្នាក់នៅក្នុងអង្គការ សមាគម និងមណ្ឌលដូចខាងក្រោម៖
១- «អង្គការបណ្ដុះបណ្ដាលនៃក្ដីស្រលាញ់» អង្គការនេះបានជួយដល់កុមារកំព្រាក្រីក្រឱ្យបានរៀនសូត្រ
ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃល្វាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ទទួលបានទឹកដោះគោស្រស់សរុប ៤០ លីត្រ សម្រាប់ចែកជូនកុមារចំនួន ៥០ នាក់។
២- មណ្ឌលកុមារកំព្រា «សមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា ( SFODA )» ជាមណ្ឌលគាំពារកុមារដែលត្រូវបានឪពុកម្តាយបោះបង់ចោល កុមារមានពិការភាព កុមារផ្ទុកមេរោគអេដស៍ កុមារខ្សោយសតិបញ្ញា កុមារដែលឪពុកម្តាយធ្វើចំណាកស្រុក។ល។ មណ្ឌលនេះស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ មណ្ឌលនេះ ទទួលបានទឹកដោះគោស្រស់សរុប ៣០លីត្រ សម្រាប់ចែកជូនកុមារចំនួន ២០នាក់។
៣- មណ្ឌលកុមារកំព្រានិងពិការ «បុរីទារក និងកុមារជាតិ» ជាមណ្ឌលគាំពារ និងថែរក្សាកុមារដែលជាក្មេងកំព្រា និងមានពិការភាព ដែលមណ្ឌលនេះស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មណ្ឌលនេះ ទទួលបានទឹកដោះគោស្រស់សរុប ៨៩លីត្រ សម្រាប់ចែកជូនកុមារចំនួន ១៧៧នាក់។
គួរបញ្ជាក់ផងដែរថា ជានិច្ចកាល ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា តែងតែបានផ្ដល់ការយកចិត្តទុកដាក់លើការលូតលាស់របស់កុមារកំព្រា កុមារមានពិការភាព និងកុមារដែលមានសម្បទាមិនពេញលេញ ដែលត្រូវបានមើលថែរក្សា និងគាំពារនៅតាមមណ្ឌលកុមារកំព្រារ ឬអង្គការនានា តាមរយៈការផ្ដល់ជាទឹកដោះគោស្រស់ជាអាហារូបត្ថម្ភដល់ការលូតលាស់រាងកាយ និងប្រាជ្ញាស្មារតីដល់ពួកគេ។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ កុមារទាំងនោះ គឺជាកុមារដែលសង្គមគប្បីត្រូវយកចិត្តទុកដាក់ជាងគេ ព្រោះពួកបានបាត់បង់នូវអាណាព្យាបាល ឬឪពុកម្ដាយដែលជាទីពឹងពំនាក់ ដែលពួកគេត្រូវការការគាំពារ និងគាំទ្រឱ្យបានខ្លាំងក្លាទាំងទៅលើការរស់នៅ ការថែទាំ និងគាំទ្រផ្នែកស្មារតីយ៉ាងពេញលេញ ហើយវាគឺជាទំនួលខុសត្រូវរបស់មនុស្សទាំងអស់នៅក្នុងសង្គមជាតិ៕
RAC Media
នៅក្នុងជំនាញវិជ្ជាជីវៈជាអ្នកបណ្ដុះបណ្ដាលនិងអប់រំ គ្រូបានបង្រៀនសិស្សទាំងឡាយក្នុងសង្គម ដោយមានសិស្សខ្លះបានរៀនចប់ និងបានវិវត្តខ្លួនទៅជាមនុស្សល្អៗភាគច្រើនជាងមនុស្សមិនល្អ ខណៈដែលអ្នកខ្លះកំពុងដឹកនាំសង្គម អ្នកខ្លះជាមហាសេដ្ឋី អ្នកខ្លះជាសិល្បករល្បី ជាវិចិត្រករល្បី...។ល។ និង ។ល។ នេះជាការលើកឡើងរបស់បណ្ឌិត យង់ ពៅ គ្រូបង្រៀន និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមួយរូប ដែលបានគូសបញ្ជាក់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។
លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា គ្រូមួយចំនួនបានប្រព្រឹត្តខុសវិជ្ជាជីវៈបន្តិចបន្តួច ក៏ព្រោះតែចង់រស់រីករាយនឹងជីវភាពសមរម្យដូចអ្នកដទៃផ្សេងផងដែរ ព្រោះគ្រូក៏មានប្រពន្ធ/ប្តី គ្រូក៏មានកូនប្រុស/ស្រី ... ដែលត្រូវទទួលបន្តុក ចិញ្ចឹមបីបាច់ ថែរក្សា។
លោកបណ្ឌិត យង់ ពៅ បានចោទជាសំណួរ ដើម្បីជាការពិចារណាថ្លឹងថ្លែងថា "តើលោកអ្នកឃើញ វិស័យណាខ្លះនៅក្នុងសង្គមកម្ពុជាប្រព្រឹត្តត្រូវតាមវិជ្ជាជីវៈទាំងស្រុង១០០%? តើលោកអ្នក ដែលកំពុងតែស្តីបន្ទោសគ្រូនោះ បានជួយដល់សង្គមយ៉ាងដូចម្តេចខ្លះ ឬបានប្រព្រឹត្តត្រឹមត្រូវតាមវិជ្ជាជីវៈកម្រិតណា?
ហេតុអ្វីបានជាលោកអ្នក ដែលមានធនធានច្រើនក្រាស់ក្រែលបញ្ជូនកូនទៅរៀនសាលាថ្លៃៗ (សាលាខ្លះតម្លៃរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំ)?"
សម្រាប់លោកបណ្ឌិត យង់ ពៅ ដើម្បីចូលរួមចំណែកនៅក្នុងការពង្រឹងភាពរឹងមាំ នៃសង្គមជាតិ មហាជនទាំងអស់ គួរតែផ្លាស់ប្ដូរពីការស្តីបន្ទោស មកជាការពិភាក្សាកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ជៀសវាងការដាក់បន្ទុក និងច្រានកំហុសធំៗក្នុងសង្គមទៅលើគ្រូបង្រៀន។ លោកបណ្ឌិតបន្តទៀតថា គេមិនគួរចេះត្រឹមតែប្រើពាក្យស្ដីបន្ទោសៗ ដាក់បន្ទុកតែទៅលើគ្រូ ក្នុងខណៈខ្លួនឯងគេចមិនផុតពីគ្រូផងនោះទេ។
ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា សំណេររបស់លោកបណ្ឌិត មិនសំដៅកាន់ជើងមនុស្សដែលប្រព្រឹត្តខុសឆ្គងនោះទេ ប៉ុន្តែគេក៏ត្រូវចេះថ្លឹងថ្លែងអំពីស្ថានភាពនៃកំហុស ដែលបានប្រព្រឹត្តផងដែរ។ បើតាមការសង្កេតឃើញរបស់លោកបណ្ឌិត ថ្មីៗនេះ មានការចោទប្រកាន់ និងដាក់បន្ទុកទាំងស្រុងទៅលើគ្រូ នៅក្នុងរូបភាពជាច្រើនផ្សេងៗគ្នា ហើយក្នុងនាមលោកបណ្ឌិតជាគ្រូបង្រៀនមួយរូបផងដែរ លោកបណ្ឌិតក៏ស្នើសូមឱ្យមានការផ្ដល់យុត្តិធម៌ សម្រាប់ការបំពេញការងារនៅក្នុងជំនាញវិជ្ជាជីវៈជាគ្រូបង្រៀនផងដែរ។ លោកបណ្ឌិត បានបញ្ជាក់ថា «រីឯខ្ញុំ ក៏ជាគ្រូម្នាក់ដែរ ចង់បានយុត្តិធម៌ លើវិជ្ជាជីវៈផងដែរ...៕»
ជាចុងក្រោយ លោកបណ្ឌិត បានផ្ដល់អនុសាសន៍ និងជាប្រយោគជាការពិចារណា និងចងចាំយ៉ាងដូច្នេះថា «គ្រូ ជារណសិរ្សខួរក្បាលសង្គម»៕
RAC Media | លឹម សុវណ្ណារិទ្ធ
នៅថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលទន្លេសាបនៃអគារខេមរវិទូ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា : របកគំហើញថ្មីនៅក្រៅរាជធានីអង្គរ» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានោះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យាផ្សេងៗ បានចូលរួមចំណែកលើ៥ចំណុចសំខាន់ៗ ដូចជា៖
ទី១- ការពង្រឹងនិងបង្កើនស្មារតីស្នេហាជាតិ
ទី២- ឯកសារប្រវត្តិសាស្រ្តត្រូវបានចងក្រងសម្រាប់កូនចៅជំនាន់ក្រោយ
ទី៣- ការគាស់កកាយនិងលាតត្រដាងអាថ៌កំបាំងប្រជាជាតិ
ទី៤- ការលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ និងរឹតបណ្តឹងចំណងសាមគ្គីភាពជាតិ និង
ទី៥- ការចូលរួមចំណែកជំរុញវិស័យសេដ្ឋកិច្ចតាមរយៈទេសចរណ៍។
ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិត យង់ ពៅ ក៏បានរំលឹកផងដែរថា នាសម័យកាលអង្គរដ៏រ៉ុងរឿង ព្រះមហាវីរ:ក្សត្រខ្មែរនិងនាម៉ឺនមន្រ្តីទាំងឡាយ តែងតែយកចិត្តទុកដាក់ខ្ពស់លើការរៀបចំប្រព័ន្ធមេទឹក ពោលគឺផ្តល់តម្លៃចម្បងលើគុណប្រយោជន៍ និងគុណតម្លៃនៃទឹក ដោយសារតែទឹកពិតជាបានចូលរួមចំណែកជាខ្លាំងក្នុងការដឹកនាំរដ្ឋ ប្រព័ន្ធធារាសាស្រ្ត និងវិស័យកសិកម្មជាដើម។ ទាក់ទងនឹងចំណុចនេះផងដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់និងសង្កត់ធ្ងន់ថា ដោយសារតែទីស្ថានបុរាណវិទ្យាមានសារៈសំខាន់ជាខ្លាំងសម្រាប់ប្រជាជាតិទាំងមូល ក្នុងន័យនេះយើងចាំបាច់ត្រូវតែអភិរក្សតំបន់ទាំងនោះ ដោយបញ្ឈប់ការសាងសង់សំណង់ផ្សេងៗលើតំបន់ប្រវត្តិសាស្រ្តទាំងនោះ ព្រោះការសាងសង់ពីលើតំបន់បុរាណវិទ្យា ពិតប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភស្តុតាងប្រវត្តិសាស្រ្តរបស់ប្រជាជាតិ។
ក្រៅពីនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ ក៏បានបញ្ជាក់ផងដែរថា សូម្បីតែ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបក៏មានទីតាំងតំបន់ប្រវត្តិសាស្ត្រជាច្រើនផងដែរ ដូចជាតំបន់ឡស្លដែកសម័យអង្គរជាដើម។ ដោយមើលឃើញពីមូលហេតុដ៏សំខាន់នេះផងដែរ ទើបរាជបណ្ឌិត្យសភាកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើការអភិរក្សដែនដីតំបន់ឧទ្យាន។
ទីបញ្ចប់ ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកទឹកចិត្តដល់អ្នកជំនាញបុរាណវត្ថុវិទ្យាទាំងឡាយ និងជាពិសេសថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម សូមខំខំប្រឹងប្រែងបន្តទៀតលើកិច្ចការបុរាណវត្ថុវិទ្យា ដើម្បីប្រជាជាតិកម្ពុជា និងដើម្បីជាភស្តុតាងប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ។
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាទៅលើលក្ខន្តិកៈ និងលក្ខណៈសម្បត្តិមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចប្រជុំនារសៀលនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ ឯកឧត្ដមបណ្ឌិតប្រធានវិទ្យាស្ថាន និងប្រធានអង្គភាពឧបសម្ព័ន្ធ និងលោក-លោកស្រីប្រធាន-នាយក នាយកដ្ឋាននិងមជ្ឈមណ្ឌលនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំនារសៀលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញឱ្យថ្នាក់ដឹកនាំវិទ្យាស្ថានចំណុះ និងអង្គភាពឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវជំរុញនិងពង្រឹងការងារសិក្សាស្រាវជ្រាវ និងការកសាងស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្ររបស់មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដើម្បីបន្តរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្ដល់ធាតុជូនដល់ក្រសួងស្ថាប័ននានា ក៏ដូចជាផ្ដល់នូវចំណេះដឹងនិងមូលដ្ឋានឯកសារស្រាវជ្រាវទៅដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធាន បានលើកទឹកនិងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ពន្លឿនការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធនឹងដំណើរការនៃកិច្ចការងារនេះឱ្យបានលឿនរហ័សទៅតាមនីតិវិធីជាបន្តបន្ទាប់៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ទស្សនៈលោកបណ្ឌិត យង់ ពៅ ការលើកឡើងរបស់ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែក ជីកហ្វូណន តេជោ
នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងន័យកេងចំណេញនយោបាយ លោក សម រង្ស៊ី បានលើកឡើងថា «ក្នុងន័យសេដ្ឋកិច្ចសុទ្ធសាធ ប្រទេសកម្ពុជាមិនត្រូវការព្រែកជីក ដូចព្រែកជីក ហ្វ៊ូណន នេះ ទាល់តែសោះ។ កំពង់ផែព្រះសីហនុ បច្ចុប្បន្ន មាន គ្រប់គ្រាន់ហើយ សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ប្រសិនបើបណ្ដាញផ្លូវថ្នល់ និងផ្លូវដែក ដែលមានស្រាប់ ត្រូវបានរៀបចំឲ្យបានល្អត្រឹមត្រូវ។»
ការលើកឡើងរបស់លោក សម រង្ស៊ី គេអាចមើលឃើញបាននូវទិដ្ឋភាពចំនួន៤គឺ៖
១- ចេតនានយោបាយទុច្ចរឹតនឹងជាតិ
ជានិច្ចកាល លោក សម រង្ស៊ី តែងតែធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍កម្ពុជានៅក្នុងរូបភាពជាច្រើន ជាបន្តបន្ទាប់រៀងមក ពោលគឺ លោក សម រង្ស៊ី ធ្លាប់រហូតដល់បានចុះកិច្ចព្រមព្រៀងជាមួយនឹង កុក ស ដែលជាមេចលនាតស៊ូវៀតណាមសេរី ដែលសន្យាកាត់ទឹកដីខ្មែរមួយប៉ែកភាគខាងកើតប្រទេសឱ្យទៅក្រុមវៀតណាមសេរី។ បន្ថែមពីនេះ លោក សម រង្ស៊ី គឺជាអ្នកនយោបាយ អាត្មានិយមមួយរូប ព្រោះតែដើម្បីផលប្រយោជន៍ និងយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន បែរជាដើតួជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិនៅក្នុងករណីផ្សេងៗទៀត ដូចជាការជំរុញឱ្យបរទេសកាត់ផ្ដាច់ជំនួយ ដាក់ទណ្ឌកម្មផ្សេងៗ និងការជំរុញគាំទ្រឱ្យបរទេសដកប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗពីប្រទេសកម្ពុជាជាដើម។ ការប៉ុនប៉ងគ្រប់វិធីសាស្ត្រនិងគ្រប់មធ្យោបាយរបស់លោក សម រង្ស៊ី ដើម្បីតែមហិច្ឆតាអំណាច ហើយដែលមិនបានខ្វល់ខ្វាយអំពីសុខទុក្ខប្រជាជន និងជោគវាសនាប្រទេសជាតិទាំងប៉ុន្មានខាងលើនេះ គឺជាគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសដ៏កម្សត់មួយនេះ។
២- ជាអ្នកសិក្សាជំនាញសេដ្ឋកិច្ច ប៉ុន្តែឆៅខាងសេដ្ឋកិច្ច ហើយបែរជាក្លាយខ្លួនជាអ្នកប្រឆាំងផលប្រយោជន៍សេដ្ឋកិច្ចជាតិខ្លួនថែមទៀតផង
មិនមែនត្រឹមតែករណីគម្រោងព្រែកជីកហ្វូណនតេជោនោះទេ នៅក្នុងជីវិតនយោបាយរបស់ខ្លួន លោក សម រង្ស៊ី តែងតែបានប្រឆាំងនឹងផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា។ នេះគឺជារឿងអភ័ព្វមួយសម្រាប់ប្រជាជននិងប្រទេសកម្ពុជា ដែលមានអ្នកនយោបាយប្រឆាំងចាស់វស្សាមួយរូប ប៉ុន្តែមិនអាចប៉ាន់ប្រមាណបានអំពីផលប្រយោជន៍សេដ្ឋកិច្ច ដែលប្រទេសជាតិខ្លួនអាចទទួលបានពីគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ។ នៅក្នុងនាមជាអតីតអ្នកសិក្សាផ្នែកសេដ្ឋកិច្ច និងជាអ្នកនយោបាយប្រឆាំងអាជីព (ប្រឆាំងអស់មួយជីវិត) ព្រមទាំងធ្លាប់ជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភាកម្ពុជាដែរនោះ គួរណាស់តែ លោក សម រង្ស៊ី មានលទ្ធភាពសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅជាងនេះ ឬយ៉ាងហោចណាស់ លោកគួរតែអាចប៉ាន់ប្រមាណអំពីទំហំខុសគ្នាដ៏ឆ្ងាយរវាងការចំណាយថវិកានិងពេលវេលានៅក្នុងការដឹកទំនិញតាមកប៉ាល់ តាមរថភ្លើង និងដឹកតាម ឡានកុងតឺន័រទៅកាន់កំពង់ផែ។ ការលើកឡើងដោយមិនបានសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងមិនអាចប៉ាន់ប្រមាណបានសូម្បីតែភាពខុសគ្នាដែលមហាជនទូទៅអាចយល់ដឹងបាននេះ បង្ហាញអំពីភាពទន់ខ្សោយរបស់អ្នកនយោបាយដែលមានជំនាញសេដ្ឋកិច្ច ប៉ុន្តែមិនសូវពូកែខាងប្រមាណវិធីបូកដកគុណ ចែកលេខ ហើយបែរទៅជាព្យាយាមបកស្រាយបញ្ចុះបញ្ចូលឱ្យអ្នកគាំទ្រនិងមហាជនទូទៅ ភ័ន្តច្រឡំនិងយល់ស្របទៅតាមគំនិតដែលរវើរវាយរបស់ខ្លួនទៅវិញ។
៣- គ្មានចក្ខុវិស័យសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
នៅក្នុងការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចីរភាព និងនិរន្តរភាព ទាមទារឱ្យមេដឹកនាំ ឬអ្នកនយោបាយនៃប្រជាជាតិនោះ កំណត់នូវ ចក្ខុវិស័យ និងទិសដៅសម្រាប់អភិវឌ្ឍវិស័យនានាទៅតាមដំណាក់កាល និងកាលៈទេសៈដែលតម្រូវជាចាំបាច់។ ដើម្បីឈានទៅដល់ការកំណត់ចក្ខុវិស័យវែងឆ្ងាយបាន អ្នកដឹកនាំត្រូវការពង្រឹង និងកសាងវិស័យនានាជាច្រើន ដែលក្នុងនោះ ការកសាងប្រព័ន្ធដឹកជញ្ជូនឱ្យមានភាពរឹងមាំ គឺជាលក្ខណៈសម្បត្តិដ៏ប្រសើរ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៅក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូក្នុងតំបន់និងពិភពលោក។ ពាណិជ្ជកម្មធំៗនៅលើពិភពលោកអស់រយៈពេលជាច្រើនសតវត្សរ៍កន្លងមករហូតដល់បច្ចុប្បន្ន ពឹងផ្អែកយ៉ាងចាំបាច់ទៅលើនាវាចរណ៍ ដែលជាច្រកដឹកជញ្ជូនដ៏សកម្មនៅលើពិភពលោក បើធៀបទៅនឹងការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស ប៉ុន្តែវាជាចម្ងល់ដ៏ធំមួយ នៅពេលដែលអ្នកនយោបាយដែលត្រូវបានគេដឹងថាធ្លាប់បានសិក្សារៀនសូត្រជំនាញសេដ្ឋកិច្ច បែរជាច្រានចោលសារៈសំខាន់នៃគម្រោងព្រែកជីកទៅកាន់សមុទ្រ ហើយផ្ដល់សារៈសំខាន់ទៅលើផ្លូវថ្នល់ និងផ្លូវដែកជំនួសទៅវិញ។ ព្រែកជីកហ្វូណន តេជោ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលនឹងនាំមកនូវផលចំណេញដ៏មហាសាលជាមួយនឹងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ការជួយពន្លឿនពេលវេលានិងបង្កើនបរិមាណដឹកជញ្ជូនតាមផ្លូវទឹកបើប្រៀបធៀបទៅនឹងមធ្យោបាយដឹកជញ្ជូនដទៃផ្សេងទៀត។ លើសពីនេះ ក្រៅពីផលប្រយោជន៍ខាងដឹកជញ្ជូនដូចបានរៀបរាប់ខាងលើ ក៏នឹងផ្ដល់សារៈប្រយោជន៍ឥតគណនាចំពោះការអភិវឌ្ឍសង្គម និងកែប្រែជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ដូចជា ការបង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការអភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាផ្លូវនៅអមព្រែកជី និងស្ពានឆ្លងកាត់ព្រែកជីកជាដើម។
៤- ហេតុអ្វីមិនសាងសង់កាលពី៤០ឆ្នាំជាងមុន?
ដូចដែលបានរៀបរាប់ខាងលើ ការអភិវឌ្ឍប្រទេសជាតិមួយ គឺជាដំណើរពង្រឹងវិស័យជាអាទិភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ស្របតាមតម្រូវការ និងលទ្ធភាពនៃសេដ្ឋកិច្ច-សង្គមរបស់ប្រជាជាតិនីមួយៗ។ គេមិនអាចអភិវឌ្ឍនៅគ្រប់វិស័យក្នុងពេលតែមួយ ឬកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់សព្វក្នុងពេលមួយប៉ព្រិចភ្នែកនោះទេ ហើយមិនមែនតែប្រទេសកម្ពុជាដែលទើបតែទទួលបានសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងតាមបែបស្បែកខ្លាក្នុងរង្វង់ជាង២០ឆ្នាំនោះទេ សូម្បីតែប្រទេសសេដ្ឋកិច្ចរីកចម្រើនលេចធ្លោមួយចំនួនក្នុងតំបន់និងពិភពលោក ក៏គ្មានលទ្ធភាពកសាងអគារខ្ពស់ និងធ្វើផ្លូវអាកាសបានផងនោះដែរក្នុងរង្វង់រយៈពេលជាង៤០ឆ្នាំមុនដូចគ្នា។
ដូច្នេះហើយ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ គេត្រូវមានចំណុចចាប់ផ្ដើមជាដំបូង ហើយអនុវត្តជាដំណាក់កាលៗ តាមភាពចាំបាច់ និងតម្រូវការអភិវឌ្ឍជាក់ស្ដែងតាមលំដាប់លំដោយនៃប្រជាជាតិនីមួយៗ ដូចសុភាសិតខ្មែរលើកឡើងថា «លើកបោះសន្ទូចរំលងភ្នំ» និង «សន្សឹមៗកុំបំបោល ក្រែងមិនដល់ ដូចប្រាថ្នា»។ ការកសាងប្រជាជាតិមួយដែលមានមូលដ្ឋានច្បាស់លាស់ និងទិសដៅជាក់លាក់ គឺជាការកសាងប្រទេសដែលប្រកបដោយនិរន្តរភាព ហើយគេត្រូវចងចាំថា ការកសាងមូលដ្ឋានអភិវឌ្ឍប្រទេសដែលរឹងមាំ និងយូរអង្វែងជាងគេ គឹត្រូវផ្ដើមចេញពីមូលធនមនុស្ស ពោលគឺធនធានមនុស្សប្រកបដោយចំណេះដឹង និងមនសិការជាតិពិតប្រាកដ។
---
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM