Royal Academy of Cambodia
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិ បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំពាក់ វិស្វកម្មធុនធ្ងន់ ២២គ្រឿង ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមការស្នើសុំបន្ថែមពីអង្គការសហប្រជាជាតិ ក្នុងបេសកកម្ម MINUSCA សម្រាប់កងកម្លាំងបន្ថែមចំនួន២៥ លើជំនាញវិស្វកម្ម ដែលបានបញ្ជូនរួចហើយមកហើយពីពេលកន្លងទៅនេះ។ នេះមិនមែនជាលើកទីមួយ ហើយក៏ពុំមែនជាលើកចុងក្រោយនោះដែរ ដែលប្រទេសកម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ទៅកាន់បរទេស ដើម្បីចូលរួមនៅក្នុងដំណើរការថែរក្សានិងកសាងសន្តិភាពសម្រាប់បណ្ដាប្រទេស ដែលមានតម្រូវការជំនួយពីអង្គការសហប្រជាជាតិនិងសមាជិកនៃអង្គការពិភពលោកនេះ។
រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់អាទិភាពទៅលើគោលការណ៍សន្តិភាពនិយម ដែលជាគោលការណ៍គ្រឹះនៃការអភិវឌ្ឍប្រទេស ក៏ដូចជាជំហរដ៏ចម្បងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពិសេសនយោបាយការបរទេសរបស់ខ្លួននោះ ជានិច្ចកាលតែងតែបានរួមចំណែកក្នុងបេសកកម្ម ស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានាលើពិភពលោក ទៅតាមលទ្ធភាពជាក់ស្ដែងរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ជាការពិតណាស់ ប្រមុខដឹកនាំកម្ពុជាពិតជាយល់យ៉ាងច្បាស់អំពីទុក្ខលំបាកនៃប្រទេសដែលទទួលរងគ្រោះដោយសារតែសង្គ្រាម និងភាពស្រេកឃ្លានសន្តិភាពរបស់ប្រជាជននិងប្រទេសទាំងនោះ ដែលកំពុងទទួលរងគ្រោះនាពេលបច្ចុប្បន្ន ព្រោះកម្ពុជាធ្លាប់បានទទួលរងគ្រោះដោយសារសង្គ្រាមស៊ីវិល និងធ្លាប់ជាប្រទេសដែលមហាអំណាចយកធ្វើជាទីលានសាកអនុភាពសព្វាវុធ និងជាសមរភូមិមនោគមវិជ្ជាអស់រាប់ទសវត្សរ៍មកហើយនោះ។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែបានខិតខំចូលរួមអស់ពីលទ្ធភាព ដើម្បីបញ្ជូនកងកម្លាំងកម្ពុជាទៅក្នុងបេសកកម្មថែរក្សា និងស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានា ដែលកំពុងទទួលរងគ្រោះដូចអ្វីដែលកម្ពុជាធ្លាប់ជួបប្រទះនាអតីតកាល។
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ដែលធ្លាប់ជាអ្នកខិតខំស្វះស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ ពិតជាអាចជ្រួតជ្រាបអំពីគុណតម្លៃនៃសន្តិភាព និងវិបុលភាពនៃសង្គមជាតិ នៅក្រោយអវត្តមាននៃសង្គ្រាម។ នៅក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រោមការដឹកនាំរបស់សម្ដេចតេជោ និងបន្តមកដល់សម្ដេចធិបតី ពិតជាមានឆន្ទៈនៅក្នុងការរួមចំណែកស្វះស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានាលើពិភពលោក ដោយឈរលើគោលជំហរមនុស្សធម៌ជាសាកលផង ក៏ដូចជាស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (មាត្រា៥៣ វាក្យខណ្ឌទី៤) ផងដែរ ដែលបានចែងថា «ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ។»
ប្រការនេះបានសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាដែលពីអតីតកាលធ្លាប់រងគ្រោះ និងធ្លាប់ទទួលបានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ នៅក្នុងដំណើរការស្វែងរកសន្តិភាពនោះ ពិតជាបានងើបឈរឡើងវិញក្នុងជំហរដ៏រឹងមាំនៅក្នុងការអភិវឌ្ឍនិងកសាងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាដែលធ្លាប់តែជាប្រទេសដង្ហើយរកការជួយទំនុកបម្រុង ដើម្បីទទួលបាននូវសន្តិភាពនៅដំណាក់កាលដំបូងនោះ បានក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់នៅលើឆាកអន្តរជាតិ នៅក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់បណ្ដាប្រទេសនានាលើពិភពលោក នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ប្រមុខដឹកនាំកម្ពុជាតែងតែបានបង្ហាញអំពីជំហរគាំទ្រទៅលើដំណោះស្រាយបញ្ហាអន្តរជាតិ និងបញ្ហាផ្ទៃក្នុងរបស់បណ្ដាប្រទេសនានា ដោយផ្អែកលើគោលការណ៍សន្តិវិធី និងសន្តិភាពនិយម ចៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហា ហើយនេះក៏ជាផ្នែកមួយនៃការជំរុញអំណាចទន់ (Soft Power) នៅក្នុងនយោបាយការបរទេសរបស់កម្ពុជានៅក្នុងកិច្ចការអន្តរជាតិផងដែរ។ ចំណែកឯការចូលរួមនៅក្នុងដំណើរការកសាងសន្តិភាពសម្រាប់បណ្ដាប្រទេសនានា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនត្រឹមតែមានជំហរនៅលើវោហាសាស្ត្រការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាសកម្មភាពជាក់ស្ដែងថែមទៀតផង ដែលជាការបញ្ជាក់អំពីភាពប្រាកដប្រជារបស់កម្ពុជានៅក្នុងជំហរសន្តិភាពនិយម៕
RAC Media | លឹម សុវណ្ណរិទ្ធ
ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) បានបិទបញ្ចប់ភាពតានតឹងខ្លាំងនៅលើទស្សនៈនយោបាយ ដែលក្រុមប្រឆាំងបានព្យាយាមយករឿង CLV-DTA បំភ័ន្តមតិមហាជន និងធ្វើជារបៀបវារៈនយោបាយវាយប្រហាររាជរដ្ឋាភិបាល។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក៏ជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលជាអ្នកផ្ចុចផ្ដើមនូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ធ្វើឡើងដោយមានការប្រៀបធៀបនូវទិដ្ឋភាពនយោបាយមុននិងក្រោយការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងអន្តររដ្ឋនេះ ហើយគេអាចសម្លឹងឃើញអំពីភាពចាំបាច់នៃកិច្ចព្រមព្រៀងនេះ ថាតើត្រូវបន្តរក្សាទុក ឬដកខ្លួនចេញនៅក្នុងដំណាក់កាលក្រោយការអនុវត្តរួច។ ត្រង់ចំណុចនេះហើយ ដែលនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិ តែងតែមានកំណត់នៅក្នុងខចែងអំពីការដកខ្លួននៃរដ្ឋជាភាគីហត្ថលេខី។ ជាឧទាហរណ៍ នៅពេលដែលឡើងកាន់តំណែងដំបូង ប្រធានាធិបតីអាម៉េរិមួួយរូបបានចុះហត្ថលេខាលើក្រឹត្យដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងស្ដីពីអាកាសធាតុ និងការសម្រេចចិត្តរបស់អង់គ្លេសចេញពីសហគមន៍អឺរ៉ុបជាដើម សុទ្ធសឹងតែឆ្លុះបញ្ចាំងអំពីការសម្រេចចិត្តរប់សមេដឹកនាំរដ្ឋនីមួយៗ នៅក្នុងចេញពីកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអន្តររដ្ឋផ្សេងៗ ដោយយោងលើការពិនិត្យនិងពិចារណារបស់មេដឹកនាំអំពីភាពចាំបាច់ផ្សេងៗ។ នៅក្នុងន័យដូចគ្នានេះដែរ ករណីប្រទេសថៃដែលបានដកខ្លួនចេញពីការទទួលស្គាល់យុត្ថាធិការរបស់តុលាការអន្តរជាតិ (ICJ) នៅក្រោយពេលដែលខ្លួនចាញ់ក្ដីកម្ពុជា នៅក្នុងសំណុំរឿងប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារ។ ទាំងនេះ សុទ្ធសឹងតែជាហេតុការណ៍ដែលជាលំអាន។
នៅពេលដែលអ្នកនយោបាយសម្លឹងឃើញថា កិច្ចព្រមព្រៀងណាមួយបង្កផលរំខានដល់ការដឹកនាំ ឬនយោបាយដឹកនាំប្រទេសឬរដ្ឋរបស់ខ្លួន អ្នកដឹកនាំពិតជាមានសិទ្ធិនិងលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការផ្លាស់ប្ដូរស្ថានភាពនៃការអនុវត្តកិច្ចព្រមព្រៀង ឬដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តររដ្ឋណាមួយបាន។ គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ត្រូវបានអ្នកនយោបាយប្រឆាំងយកមកធ្វើជាលេស និងជាដាវនយោបាយ ដើម្បីវាយប្រហារ និងដុតរោលស្ថានការណ៍វិវត្តនយោបយានៅក្នុងប្រទេស ដែលបង្កជាការរំខានដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបំភ័ន្ត ការពិតនិងបំភ្លៃសាធារណៈមតិ ឱ្យមានប្រតិកម្មជាបន្តបន្ទាប់ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរ កន្លងទៅពុំសូវទទួលបានព័ត៌មានអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ដែលអាចលង់ជឿតាមការញុះញង់របស់ក្រុមប្រឆាំង ដោយមិនដឹងខ្លួន។ ត្រង់នេះហើយ ដែលក្រុមប្រឆាំងបានយកករណី CLV-DTA ធ្វើជាអាវុធមុខស្រួច ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។
ហេតុនេះហើយ រាជរដ្ឋាភិបាល មានសិទ្ធិគ្រប់គ្រាន់និងពេញលេញនៅក្នុងការសម្រេចចិត្តដកខ្លួនចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ដើម្បីដកអាវុធនយោបាយចេញពីក្រុមប្រឆាំង ដែលជានិច្ចកាលតែងតែប្រើប្រាស់បញ្ហាផ្សេងៗ ដើម្បីបំផុសបំផុលប្រជាជនឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល ដើម្បីតែមហិច្ឆតានយោបាយនិងផលប្រយោជន៍សួនតួរបស់ខ្លួននិងក្រុមខ្លួន។
ជាមួយគ្នានេះដែរ នៅក្នុងសិទ្ធិអធិបតេយ្យរបស់រដ្ឋមួយ កម្ពុជាមានសិទ្ធិយ៉ាងពេញលេញនៅក្នុងការចូលរួម ឬដកខ្លួនចេញពីកិច្ចព្រមព្រៀងទាំងឡាយណា ស្របតាមការសម្រេចចិត្តផ្ទាល់ខ្លួនរបស់កម្ពុជា ដោយមិនចំណុះរដ្ឋាភិបាល ឬប្រទេសណាមួយឡើយ។ ជាការពិតណាស់ មិនមានកិច្ចព្រមព្រៀងណាមួយដែលបានចែងកំណត់ថា រដ្ឋជាភាគីមិនអាចដើរចេញពីកិច្ចព្រមពៀងនោះឡើយ។ នេះជាការសម្រេចចិត្តរបស់ប្រទេសសាមី ដោយយោងទៅលើភាពចាំបាច់នៃការអភិវឌ្ឍ និងតម្រូវការជាក់ស្ដែងនៃស្ថានភាពរបស់ប្រទេសខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាក្នុងភាពជាអ្នកដឹកនាំប្រទេសដែលមានអធិបតេយ្យពេញលេញ មានសិទ្ធិនៅក្នុងការបន្តអភិវឌ្ឍតំបន់នានាដែលស្ថិតនៅក្នុងបូរណភាពដែនដីរបស់ខ្លួន គ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា នៅក្នុងរង្វង់អធិបតេយ្យរបស់ខ្លួន ដើម្បីផ្ដល់នូវសុខភាពសេដ្ឋកិច្ច សុខមាលភាព និងការរស់នៅប្រកបដោយភាពក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ។ ភូមិភាគឦសាន នឹងនៅតែជាតំបន់ជាអាទិភាពមួយ ក្នុងចំណោមតំបន់អាទិភាព ដែលរាជរដ្ឋាភិបាលត្រូវជំរុញការអភិវឌ្ឍបន្តទៀត ព្រោះជាតំបន់ដាច់ស្រយាល ដែលមានតម្រូវការអភិវឌ្ឍខ្ពស់ ហើយក្នុងភាពជាម្ចាស់អធិបតេយ្យ រាជរដ្ឋាភិបាលត្រូវតែបន្តអភិវឌ្ឍតំបន់នេះ ទោះជាមានឬគ្មានការវាយប្រហារពីសំណាក់ក្រុមប្រឆាំងក្ដី ដូចដែលសម្ដេចធិបតីបានលើកឡើងបញ្ជាក់ហើយថា រាជរដ្ឋាភិបាលនឹងនៅតែបន្តអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន បន្តជូនដំណើរប្រជាពលរដ្ឋទៅទស្សនាតំបន់ព្រំដែន និងបន្តការតភ្ជាប់តំបន់ដាច់ស្រយាលឱ្យមកជាប់នឹងតំបន់មជ្ឈមណ្ឌលកណ្ដាល ឱ្យកាន់តែមានការអភិវឌ្ឍជាបន្តបន្ទាប់។
ជាការពិតណាស់ នៅក្នុងទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ច ដូចដែលសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងគឺ ការប្រកាសដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) គឺជាដកអាវុធនយោបាយចេញពីដៃក្រុមប្រឆាំង ដែលតែងតែលើកឡើងនូវទស្សនៈនយោបាយ ដែលមានលក្ខណៈដុតបញ្ឆេះកំហឹងជាតិនិយម សំដៅទៅដល់ការដុតកំដៅទំនាក់ទំនងកម្ពុជាជាមួយនឹងប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ដែលជាទូទៅក្រុមប្រឆាំងព្យាយាមភ្ជាប់ការមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអធិបតេយ្យរបស់កម្ពុជាទៅនឹងហេតុការណ៍ប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋខ្មែរមួយចំនួន នៅមានការគិតជាប់ដិតដាមនៅឡើយនោះ។ ហេតុនេះហើយ រាល់កិច្ចព្រមព្រៀងនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ក្រុមប្រឆាំងតែងតែទាញយកមកធ្វើជាអាវុធនយោបាយដ៏ស្រួលស្រាល់ ដើម្បីវាយប្រហារនិងដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជា។ នេះមានន័យថា រាជរដ្ឋាភិបាលត្រូវតែពិនិត្យពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាបញ្ចប់ឱ្យបាននូវលទ្ធភាព ដែលក្រុមប្រឆាំងអាចញុះញង់ប្រជាពលរដ្ឋមួយចំនួន ដែលមានការគិតគូរមិនបានសព្វគ្រប់ ហើយអាចក្លាយទៅជាឧបករណ៍របស់ក្រុមប្រឆាំងនៅក្នុងការដុតបញ្ឆេះប្រទេសកម្ពុជា ដើម្បីសម្រេចមហិច្ឆតានយោបាយរបស់ពួកគេ។
ការដកខ្លួនរបស់កម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) នឹងមិនមានផលរំខានជាបញ្ហាចោទនោះឡើយ នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ព្រោះរយៈពេល២៥ឆ្នាំកន្លងមកនេះ នៅក្រោយការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការនេះ និងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍប្រទេស ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ បានផ្ដល់លទ្ធភាពដល់កម្ពុជានៅក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងអធិបតេយ្យ។ បន្ថែមពីនេះ ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការនេះ ក៏នឹងមិនជះផលរំខានដល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតរបស់កម្ពុជាជាមួយនឹងប្រទេសវៀតណាម ដែលជាប្រទេសជិតខាងនោះដែរ ព្រោះនៅក្នុងទំនាក់ទំនងជាមួយនឹងវៀតណាម នៅមានកិច្ចសហប្រតិបត្តិជាច្រើនទៀត ដែលមានស្ទើតែគ្រប់ទិដ្ឋភាព ទាំងទ្វេភាគី និងពហុភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្នុងតំបន់ផងដែរ។ ហេតុនេះហើយ ផលប្រយោជន៍នៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) របស់កម្ពុជា គឺការរក្សាបាននូវស្ថិរភាពនយោបាយនៅក្នុងសង្គម តាមរយៈការបញ្ចប់ការព្រួយបារម្ភរបស់ពលរដ្ឋមួយចំនួនដែលកើតឡើងដោយសារតែការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមប្រឆាំង ក៏ដូចជាបញ្ចៀសឱ្យបាននូវការកើតឡើងនូវចរន្តជាតិនិយមជ្រុល។
លើសពីនេះទៅទៀត នៅក្នុងយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាអ្នកដឹកនាំស្ថាប័ននយោបាយ និងជាអ្នកការពារអធិបតេយ្យប្រទេសជាតិ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋដ៏ច្រើនលើសលុបតាមរយៈការបោះឆ្នោត ត្រូវតែគ្រប់គ្រងសភាពការណ៍នយោបាយនៅក្នុងប្រទេសឱ្យបាន ព្រោះប្រសិនបើអ្នកដឹកនាំមិនអាចគ្រប់គ្រងសភាពការណ៍នយោបាយក្នុងស្រុកបានទេ នោះគឺជាបង្កើតកំហុស ដែលពលរដ្ឋបានផ្ដល់សេចក្ដីទុកចិត្តឱ្យក្លាយជាអ្នកកាច់ចង្កូតនាវារបស់កម្ពុជា។ គណបក្សកាន់អំណាចត្រូវតែគ្រប់គ្រងសភាពការណ៍ ដោះស្រាយបញ្ហានៅចំពោះមុខឱ្យបាន ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គមឱ្យខាងតែបាន ដើម្បីធានាបរិយាកាសមួយដែលផ្ដល់ភាពសុខដុមទាំងផ្លូវកាយ និងផ្លូវចិត្តដល់ប្រជាពលរដ្ឋ និងបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានវឌ្ឍនភាពឆ្ពោះទៅមុខជាបន្តបន្ទាប់៕
RAC Medi | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤៖ កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា» ក្រោមពាក្យស្លោក "ការកាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា" ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្ដម WANG Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោក សុខ ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការនៃផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកស្រាវជ្រាវ លោកគ្រូអ្នកគ្រូ និងនិស្សិតខ្មែរ-ចិន ជាច្រើនរូប។
កិច្ចសន្ទនាយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាកំណត់យកឆ្នាំ២០២៤ ជា «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន» ជាពិសេស ដើម្បីរួមចំណែកជំរុញការផ្លាស់ប្ដូរយុវជននិងបង្កើនការយល់ដឹងអំពីបច្ចេកវិទ្យាទំនើបនៅក្នុងយុគសម័យឌីជីថល។
កិច្ចសន្ទនាយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ នាឱកាសនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីវាគ្មិនជាអ្នកជំនាញ និងអ្នកធ្វើការពាក់ព័ន្ធនឹងការជំរុញការផ្លាស់ប្ដូរយុវជនកម្ពុជា-ចិន សរុប១៤រូប ដោយចែកចេញជាវេទិកាពិភាក្សាចំនួន៣ ផ្ដោតលើប្រធានបទដូចខាងក្រោមគឺ៖
១. វេទិកាទី១ ស្ដីពី «សេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍយុវជន»
២. វេទិកាទី២ ស្ដីពី «ការផ្លាស់ប្ដូរវប្បធម៌ និងប្រជាជន»
៣. វេទិកាទី៣ ស្ដីពី «ការផ្លាស់ប្ដូរយុវជន កម្ពុជា-ចិន»
គួរបញ្ជាក់ផងដែរថា កិច្ចសន្ទនាយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្ជាជនកម្ពុជា-ចិន មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំនិងមន្ត្រីនៃផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ថ្នាក់ដឹកនាំនិងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា អ្នកសិក្សាស្រាវជ្រាវ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងសហគ្រាសចិនប្រចាំកម្ពុជា សារព័ត៌មានកម្ពុជា-ចិន គ្រូបង្រៀនជនជាតិចិន និស្សិតកម្ពុជា-ចិន សរុបចំនួន១៧០រូប៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
រយៈពេលកន្លងទៅនេះ មានការលើកឡើងនូវទស្សនៈផ្ទុយគ្នាអំពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលមានទស្សនៈនយោបាយមួយចំនួន ដែលអ្នកនយោបាយបានដុតរោលបញ្ហានេះ ដើម្បីបំភ័ន្តសាធារណៈមតិកម្ពុជាថា ការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នឹងនាំមកនូវហានិភ័យនៃការបាត់បង់ទឹកដីរបស់ប្រទេសកម្ពុជា បើទោះបីជាកិច្ចសហប្រតិបត្តិការនេះ ត្រូវបានអនុវត្តអស់រយៈពេល២៥ឆ្នាំកន្លងមកហើយ និងគ្មានការបាត់បង់ទឺកដីដូចការញុះញង់របស់ក្រុមប្រឆាំងក្ដី។
ដោយបានពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំផ្សេងៗទៀត សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីបញ្ចប់ការដុតរោលក្នុងរូបភាពញុះញង់ពីសំណាក់ក្រុមប្រឆាំងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនេះ ដែលធ្វើឡើងនៅក្នុងគោលដៅបង្កទៅជាចរន្តជាតិនិយមជ្រុល ដើម្បីបង្កស្ថិរភាពសង្គម ខណៈដែលកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់បង្កដោយវិបត្តិដែលមានលក្ខណៈជាសាកល។ នេះគឺជាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំប្រទេស និងថ្នាក់ដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាអាចអភិវឌ្ឍប្រទេសឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមផង និងរក្សាឱ្យបាននូវភាមសុដុមរមនានៅក្នុងសង្គមផងដែរ។
បើទោះបីជា ការសម្រេចដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការនេះ គឺជាការឆ្លើយតបទៅនឹងភាពចាំបាច់ ចៀសវាងការបំភ្លៃនិងបំភ័ន្តមហាជនឱ្យបន្តមានការយល់ច្រឡំទៅនឹងឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ ក៏ប៉ុន្តែកម្ពុជាក៏មិនអាចគេចផុតអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងភូមិផងរបងជាមួយនឹងខ្លួននោះដែរ។ ភាពចាំបាច់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ កម្ពុជានៅតែត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងបណ្ដាប្រទេសជាប់ខាងរបស់ខ្លួន ហើយកិច្ចសហប្រតិបត្តិការដែលកម្ពុជាកំពុងតែចូលរួមស្រាប់នេះពេលនេះ មានដូចជា កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស និងប្រទេស កិច្ចសហប្រតិបត្តិការក្របខ័ណ្ឌអាស៊ាន ក្របខ័ណ្ឌ CLMV, ACMECS និង GMS ជាដើម។ មានន័យថា បើទោះបីជាកម្ពុជាប្រកាសបញ្ចប់ការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA ក្ដី កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការនៅក្នុងភាពស្មើមុខស្មើមាត់គ្នាជាមួយបណ្ដាប្រទេសជិតខាង និងប្រទេសជាដៃគូជាច្រើនទៀតនៅលើពិភពលោកផងដែរ។
បន្ថែមពីនេះផងដែរ ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នេះ សម្រាប់កម្ពុជាពុំមានការខាតបង់ឬចំណេញអ្វីនោះទេ ព្រោះដំណើរការអភិវឌ្ឍប្រទេសកម្ពុជា នៅតែបន្តឆ្ពោះទៅមុខជាប្រក្រតីដដែល ហើយប្រសិនបើរាជរដ្ឋាភិបាលមានបំណងជំរុញការអភិវឌ្ឍឆ្ពោះនៅភូមភាគឦសានប្រទេស រាជរដ្ឋាភិបាលកម្ពុជានៅតែអាចធ្វើទៅបានដដែល នៅក្នុងអធិបតេយ្យ និងសិទ្ធិសម្រេចផ្ទាល់របស់ខ្លួន ទោះជាមានឬគ្មានកិច្ចសហប្រតិបត្តិការនេះក្ដី។ ពោលគឺរាជរដ្ឋាភិបាលនៅតែអាចបន្តផែនការអភិវឌ្ឍប្រទេសរបស់ខ្លួនដូចដើមដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងការផ្សារភ្ជាប់តំបន់ជនបទដាច់ស្រយាលនិងទីប្រជុំជន តាមរយៈការអភិវឌ្ឍនៅតំបន់តាមព្រំដែនទាំងនោះ ដែលជាភាពចាំបាច់ត្រូវធ្វើ។
គួរបញ្ជាក់ផងដែរថា ក្រុមចលនាដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល និងគណបក្សប្រជាជន តែងតែយកបញ្ហាជាតិនិយម ពិសេសរឿងទឹកដីនិងព្រំដែន ធ្វើជាឧបករណ៍ឬជាដាវនយោបាយ យកទៅបំភ្លៃ និងបំភ័ន្ដ ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាល ទាំងដែលខ្លួនមិនបានយល់ច្បាស់អំពីបញ្ហាទាំងនោះផង ស្របពេលដែលប្រជាពលរដ្ឋមួយចំនួន ពុំបានពិនិត្យនិងតាមដានទៅលើឯកសារ ឬលិខិតបទដ្ឋានពាក់ព័ន្ធ អាចនឹងលង់ជឿទៅលើការវាយប្រហារពីក្រុមអ្នកនយោបាយប្រឆាំងទាំងនោះ។ នេះគឺជាដាវនយោបាយដែលក្រុមប្រឆាំងតែងតែយកមកប្រើប្រាស់ ហេតុនេះហើយ ការប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្រាន់តែចង់ដកដាវចេញពីដៃក្រុមប្រឆាំងតែប៉ុណ្ណោះ ចំណែកឯការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការជាមួប្រទេសជិតខាង ក៏ដូចជាដៃគូអភិវឌ្ឍនានា និងបណ្ដាប្រទេសនានាលើពិភពលោក នៅតែបន្តដំណើរការជាប្រក្រតីដដែល នៅក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
ការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ជាការផ្លាស់ប្ដូរដែលមានលក្ខណៈធម្មតា ព្រោះរាជរដ្ឋាភិបាលមួយអាចនឹងមានការកែប្រែសមាសភាពគណៈរដ្ឋមន្ត្រីរបស់ខ្លួន តាមការចាំបាច់ និងតាមតម្រូវការនៃដំណើរការរបស់រដ្ឋាភិបាល។
ការផ្លាស់ប្ដូរបែបនេះ ក៏ជាបច្ច័យល្អមួយដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងផលិតភាពការងារផងដែរ។
ទោះជាយ៉ាងណា មិនថាវិស័យទេសចរណ៍ឬវិស័យណានោះទេ ការផ្លាស់ប្ដូររដ្ឋមន្ត្រីមិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យ ឬបរាជ័យរបស់ស្ថាប័ន ឬវិស័យទាំងមូលនោះទេ។ ភាពជោគជ័យឬបរាជ័យ ពាក់ព័ន្ធនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូលតែម្ដង ដែលយើងចាំបាច់ត្រូវពិនិត្យអំពីភាពជោគជ័យ ឬបរាជ័យនៃស្ថាប័នសាធារណៈ។
សម្រាប់វិស័យទេសចរណ៍ ភាពជោគជ័យឬបរាជ័យ គេត្រូវពិនិត្យមើលលើកត្តាពាក់ព័ន្ធជាច្រើនរួមមានដូចជា កត្តាច្បាប់ (តើការអនុវត្តច្បាប់របស់កម្ពុជាមានលក្ខណៈពេញលេញ ស្មើភាព និងមានស្តង់ដារតែមួយឬយ៉ាងណា), យន្តការស្ថាប័នផ្សេងៗដែលបម្រើដល់វិស័យទេសចរណ៍ដូចជា កត្តាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម (ដែលគេត្រូវចៀសវាងឱ្យបាននូវព័ត៌មានអវិជ្ជមានពាក់ព័ន្ធនឹងសុវត្ថិភាព និងសន្តិសុខសម្រាប់ភ្ញៀវទេសចរដែលមកលេងប្រទេសកម្ពុជា), បញ្ហានៃការដឹកជញ្ជូន, សេវាកម្មស្នាក់នៅនិងម្ហូបអាហារ, ការធ្វើបដិសណ្ឋារកិច្ចនៅតាមច្រកចូលនៃច្រកទ្វារអន្តរជាតិ ពិសេសពាក់ព័ន្ធនឹងលុយក្រៅផ្លូវការ ដែលអាជ្ញាធរពាក់ព័ន្ធណាមួយយកលុយពីភ្ញៀវទេសចរជាដើម។ បញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាបច្ច័យដែលរុញច្រានវិស័យទេសចរណ៍កម្ពុជាធ្លាក់ចុះ មិនអាចងើបមុខស្គាល់កំណើនរួច។
ទន្ទឹមនឹងនេះ ការបង្កើតផលិតផលទេសចរណ៍ផ្សេងៗជាច្រើន ក៏ជាការចាំបាច់ផងដែរ។ គេមិនអាចពឹងផ្អែកតែទៅលើទេសចរណ៍វប្បធម៌ ដូចជាប្រាសាទអង្គរវត្ត តែមួយមុខ ដើម្បីអាចទាក់ទងភ្ញៀវទេសចររាប់លានរាប់សែននោះទេ។
កម្ពុជាត្រូវមានការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ជាច្រើនទេ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរណ៍បន្តស្នាក់នៅក្នុងប្រទេសកម្ពុជានៅក្នុងរយៈពេលកាន់តែយូរបន្ថែមទៀត។ ស្របជាមួយគ្នានេះដែរ ការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ គោលដៅទេសចរណ៍ តំបន់រមណីយដ្ឋានទេសចរណ៍សំខាន់របស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរណ៍បរទេសតាមរយៈស្ថានតំណាងរបស់កម្ពុជានៅឯបរទេស ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយល្បីៗលើពិភពលោក គឺជារឿងចាំបាច់ដែលគេត្រូវយកចិត្តទុកដាក់ផងដែរ។
បន្ថែមពីនេះ ឆន្ទៈនយោបាយគឺជាកត្តាកំណត់សំខាន់ផងដែរ ស្របពេលដែលកម្ពុជាមានគោលនយោបាយល្អ មានយុទ្ធសាស្ត្រល្អ ក៏ទាមទារឱ្យមានឆន្ទៈនយោបាយមួយដាច់ណាត់នៅក្នុងការដោះស្រាយបញ្ហាផ្សេងៗ ក៏ដូចជាការចាត់វិធានការចំពោះមន្ត្រីអសកម្មទាំងឡាយណាដែលបង្កជាឧបសគ្គ បង្កជាបញ្ហាប្រឈមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលគួរតែហ៊ានអនុវត្តនូវវិធានការក្ដៅ ហ្មត់ចត់ ម៉ឺងម៉ាត់ ដោយមិនអាចបណ្ដែតបណ្ដោយស្ថានការណ៍នេះបានទេ។
លើសពីនេះ មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ គឺជារឿងសំខាន់ណាស់ ដែលកន្លងមកនេះ កេរ្តិ៍ឈ្មោះកម្ពុជា ត្រូវបានកាសែតបរទេសនានាសម្អុយតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតខ្លះ និងមិនពិតខ្លះ ពាក់ព័ន្ធនឹងព័ត៌មានឆបោកតាមអ៊ីនធឺណិត ការជួញដូរអវៈយវៈ ការចាប់ជំរិត ឬអំពីឧក្រិដ្ឋផ្សេងៗ សុទ្ធសឹងតែបានជះឥទ្ធិពលអវិជ្ជមានដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ប្រសិនបើយើងពិនិត្យទៅមើលបញ្ហាផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល ពិតជាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការគ្នាជាប្រព័ន្ធ រួមគ្នាដោះស្រាយបញ្ហា រួមគ្នារវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ចៀសវាងការសាចទឹកដាក់គ្នា។ ចំណែកនៅក្នុងកម្រិតក្រសួងសាមីវិញ ទាមទារឱ្យមានកិច្ចសហការល្អពីលើដល់ក្រោម រួមដៃគ្នាពីលើដល់ក្រោមក្នុងចរន្តបេះដូងតែមួយ ទើបយើងអាចដោះស្រាយបញ្ហានៅក្នុងវិស័យទេសចរណ៍បានប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា នៅក្នុងវិស័យទេសចរណ៍នេះ ជាវិស័យដែលគេត្រូវធ្វើការងារពាក់ព័ន្ធទៅនឹងទឹកចិត្ត មនោសញ្ចេតនា និងបេះដូងរបស់មនុស្ស។ ត្រង់ចំណុចនេះមានន័យថា លុះត្រាតែយើងយកបេះដូងគេបាន ទើបគេមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ហើយប្រសិនបើមានរឿងណាមួយពាក់ព័ន្ធនឹងផ្លូវចិត្ត ប៉ះទង្គិចសតិអារម្មណ៍ ឬក៏បង្កឱ្យមានការព្រួយបារម្ភណាមួយ នោះភ្ញៀវទេសចរនឹងមិនមកចំណាយថវិកាមកលេងកម្សាន្តទាំងអារម្មណ៍របស់គេមិនល្អនោះទេ។ ហេតុនេះហើយ ការកសាងមុខមាត់ សម្អាតមុខមាត់ប្រទេស គឺជារឿងចាំបាច់ និងត្រូវធ្វើបន្ទាន់បំផុត ដើម្បីការងើបឡើងនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
តាមរយៈសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ នេះគឺជាដំណើរការជាប្រក្រតីភាពស្របតាមច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលអាចស្នើសុំរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ផ្អែកលើភាពចាំបាច់ ទិដ្ឋភាពជាក់ស្ដែងនៃសង្គម នយោបាយ ភាពចាំបាច់របស់ក្រសួង ឬភាពចាំបាច់របស់រាជរដ្ឋាភិបាល។
ពាក់ព័ន្ធនឹងការកែសម្រួលសមាសភាពរបស់រាជរដ្ឋាភិបាលនេះដែរ មានការលេចឭពាក្យចចាមអារ៉ាមថា នឹងមានការផ្លាស់ប្ដូររដ្ឋមន្ត្រីដើម្បីពង្រឹងប្រសិទ្ធភាពនៃការបំពេញតួនាទីការងារ។ ទោះជាយ៉ាងណាក៏ដោយ ការកែសម្រួលតួនាទីរដ្ឋមន្ត្រីក្រសួងណាមួយ ដូចពាក្យចចាមអារ៉ាមក្រៅផ្លូវការនេះ គឺអាចត្រូវបានធ្វើឡើងនៅក្រោមហេតុផលលទ្ធភាព សមត្ថភាព នៃការដឹកនាំគ្រប់គ្រងក្រសួងស្ថាប័នផងដែរ។ ត្រង់ចំណុចនេះ មានន័យថា ប្រសិនបើឥស្សរជនរូបណាដែលមានសមត្ថភាពនិងថាមភាពពេញលេញ ទោះបីជាផ្លាស់ប្ដូរទៅក្រសួង ឬស្ថាប័នណា ក៏នឹងនៅតែអាចបញ្ចេញសមត្ថភាពនៅក្នុងការដឹកនាំក្រសួងស្ថាប័នថ្មីផងដែរ ប៉ុន្តែប្រសិនបើពុំមានសមត្ថភាពនោះទេ បើទោះបីជាផ្លាស់ប្ដូរក្រសួងក្ដី ក៏ពុំអាចដឹកនាំក្រសួងស្ថាប័នមិនមានប្រសិទ្ធភាព មិនអាចដោះស្រាយបញ្ហាដែលកើតមានបាននោះដែរ។ ប្រការនេះ គេអាចមើលឃើញយ៉ាងជាក់ច្បាស់ ពីបទពិសោធនៃការផ្លាស់ប្ដូររដ្ឋមន្ត្រីនៅក្នុងនីតិកាលកន្លងមក ដែលរដ្ឋមន្ត្រីសកម្ម និងមានសមត្ថភាព បាននាំមកនូវវឌ្ឍនភាពថ្មីនៅក្នុងក្រសួងស្ថាប័ន ដែលខ្លួនបានដឹកនាំនិងគ្រប់គ្រង។ ទោះជាយ៉ាងណា ការដឹកនាំក្រសួងស្ថាប័នរបស់រដ្ឋមន្ត្រីនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៅក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ អាចនឹងជួបការប្រឈមផ្សេងៗ ដោយសារបញ្ហាខ្លះគឺជារឿងបន្សល់ពីរដ្ឋាភិបាលនីតិកាលមុន ដែលពុំទាន់អាចដោះស្រាយបញ្ចប់បាន។
ជាមួយគ្នានេះផងដែរ បញ្ហាវិស័យទេសចរណ៍ ត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍ច្រើន ដោយសារតែមានការអះអាងថាមានកំណើនភ្ញៀវទេសចរ ដោយប្រៀបធៀបទៅនឹងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្ដី ក៏ទស្សនៈពីស្រទាប់មហាជន ដែលមានការលើកឡើងពីអ្នកមុខរបរតូចតាចជាច្រើននៅក្នុងវិស័យទេសចរណ៍ បានរអ៊ូរទាំចំពោះការខាតបង់ ដួលរលំ និងផលវិបាកជាច្រើនទៀត ពីអ្នកប្រកបមុខរបរតូចៗ អ្នកលក់រាយ និងអ្នកប្រកបរបរនៅក្នុងវិស័យទេសចរណ៍នេះ។
វិស័យទេសចរណ៍កម្ពុជា ដែលរងគ្រោះដោយសារវិបត្តិសាកល នៅតែបន្តមានកំណើនតិចតួច បើធៀបជាមួយនឹងប្រទេសជិតខាង ដែលបានបើកទទួលភ្ញៀវទេសចរឡើងវិញរហូតដល់រាប់សិបលាននាក់ ខណៈដែលអ្នកប្រកបមុខរបររកស៊ី និងបំពេញការងារនៅក្នុងវិស័យនេះ បន្តការត្អូញត្អែរជាបន្តបន្ទាប់ដែលទាមទារឱ្យមានដំណោះស្រាយជាក់លាក់ និងមានប្រសិទ្ធភាព។ ជាការពិតណាស់ បញ្ហាវិស័យទេសចរណ៍ មិនអាស្រ័យដោយសារបុគ្គលម្នាក់ឬពីរនាក់នោះទេ គឺអាស្រ័យទៅលើប្រព័ន្ធទាំងមូល ដែលគេត្រូវទទួលស្គាល់ និងសិក្សាស្រាវជ្រាវ ពិនិត្យពិចារណា ស្វែងរកដំណោះស្រាយរួមមួយដែលមានប្រសិទ្ធភាព ដើម្បីឈានទៅធ្វើការកែសម្រួលជាលក្ខណៈប្រព័ន្ធ។ បញ្ហានៅក្នុងវិស័យទេសចរណ៍ដែលគប្បីត្រូវពិនិត្យ និងដោះស្រាយនាពេលបច្ចុប្បន្ននេះរួមមានដូចជា បាតុភាពអសកម្មនានានៅតាមច្រកអន្តរជាតិ ថ្លៃចំណាយផ្សេងៗសម្រាប់ការធ្វើដំណើរកម្សាន្តនិងហូបចុក បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាអនក្ខរកម្មព័ត៌មាន និងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍។ ការគិតគូរអំពីការធ្វើបដិសណ្ឋារកិច្ច និងសេវាកម្មប្រកបដោយភាពកក់ក្ដៅចំពោះភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរបរទេស គឺជារឿងដ៏សំខាន់មួយដែលត្រូវផ្ដោតការយកចិត្តទុកដាក់ ព្រោះប្រសិនបើគេមានអនុស្សាវរីយ៍ល្អនៅកម្ពុជា គេនឹងដក់ចិត្តស្រឡាញ់ពេញចិត្តនិងរីករាយជាមួយដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ហើយមានបំណងវិលត្រឡប់មកលេងកម្សាន្តជាថ្មីម្ដងទៀត។ បន្ថែមពីលើនេះ ពួកគេគឺជាអ្នកនាំសារទៅកាន់បងប្អូន មិត្តភក្តិ និងប្រជាជនរបស់ពួកគេ គេពិតជានឹងនាំសារល្អៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាច្រើនទៀត ឱ្យគិតពិចារណាអំពីដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ជាចំណែកដ៏សំខាន់នៅក្នុងជំរុញវិស័យទេសចរណ៍កម្ពុជា។
សម្រាប់បញ្ហានៅក្នុងក្រសួងស្ថាប័ន ឬវិស័យដទៃផ្សេងទៀត ការកែសម្រួលឬផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំ មិនមែនជាបញ្ហាចោទនៅក្នុងវិស័យនីមួយៗនោះទេ ប៉ុន្តែត្រូវផ្ដោតទៅលើដំណោះស្រាយដែលមានលក្ខណៈជាប្រព័ន្ធ ព្រោះមេដឹកនាំដែលមានលទ្ធភាព សមត្ថភាពនៅក្នុងការដឹកនាំ ពិតជានឹងអាចបន្តគ្រប់គ្រងនិងនាំវឌ្ឍនភាពថ្មី និងដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះ ចំណុចអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា គួរតែផ្ដោតការយកចិត្តទុកដាក់នៅចំពោះមុខនាពេលបច្ចុប្បន្ននេះគឺ ការរៀបចំដោះស្រាយប្រព័ន្ធការងារនៃក្រសួងស្ថាប័នចំណុះឱ្យរាជរដ្ឋាភិបាល ដើម្បីឱ្យឥស្សរជនដែលមានសមត្ថភាពអាចបញ្ចេញអស់នូវសក្ដានុពលរបស់ខ្លួនមាន ចៀសវាងមន្ត្រីឬថ្នាក់ដឹកនាំក្រសួងស្ថាប័នមានសមត្ថភាពហើយ ប៉ុន្តែមិនអាចយកសមត្ថភាពទៅអនុវត្តនៅក្នុងតួនាទីនិងមុខតំណែងរបស់ខ្លួនដែរ ដោយសារតែផលវិបាកនៃប្រព័ន្ធការងារ។
ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលគួរតែលើកទឹកចិត្តដល់បុគ្គល ដែល មានសមត្ថភាព និងមានមនសិការជាតិពិតប្រាកដ ឱ្យមានលទ្ធភាពបំពេញតួនាទីមុខតំណែងដែលសមស្រប ព្រោះបើទោះបីជាប្រព័ន្ធការងារមានភាពស្មុគស្មាញយ៉ាងណា ក៏គេអាចជម្នះឱ្យស្ថាប័នដែលស្ថិតនៅក្រោមការដឹកនាំរបស់ខ្លួន មានវឌ្ឍនភាពឆ្ពោះទៅមុខផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
វិស័យទេសចរណ៍របស់កម្ពុជា ដែលបច្ចុប្បន្នកំពុងតែជួបប្រទះនឹងបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ត្រូវបានគេមើលឃើញជាទូទៅដោយសារតែបញ្ហាជាលក្ខណៈសាកលផង និងហេតុផលមួយចំនួនដែលមានលក្ខណៈផ្ទៃក្នុងប្រទេសផងដែរនោះ គឺជាចំណុចដែលគេត្រូវគិតពិចារណា និងវាយតម្លៃឱ្យបានត្រឹមត្រូវ ដើម្បីស្វែងរកដំណោះស្រាយ ដែលមានប្រសិទ្ធភាព ដើម្បីបង្កើនកំណើនទេសចរឡើងវិញ។
សម្រាប់បណ្ឌិត យង់ ពៅ បញ្ហាដែលបណ្ដាលមកពីការវិវត្តស្ថានការណ៍សេដ្ឋកិច្ច សន្តិសុខ និងផលប៉ះពាល់ពីការរីករាលដាលជំងឺឆ្លងនាពេលកន្លងមកនេះ គឺជាការណ៍ពិតដែលគេត្រូវទទួលស្គាល់ ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ដែលនៅបន្តរងគ្រោះនៅក្នុងវិស័យទេសចរណ៍ គប្បីរិះរកដំណោះស្រាយទៅលើបញ្ហាផ្ទៃក្នុងប្រទេសមួយចំនួនដូចជា បាតុភាពអសកម្មនានានៅតាមច្រកអន្តរជាតិ ថ្លៃចំណាយផ្សេងៗសម្រាប់ការធ្វើដំណើរកម្សាន្តនិងហូបចុក បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាអនក្ខរកម្មព័ត៌មាន និងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍។
បញ្ហាចម្បងទីមួយ ដែលកម្ពុជាគប្បីពិនិត្យ វាយតម្លៃ និងដាក់ចេញនូវដំណោះស្រាយឱ្យបានឆាប់រហ័សនោះគឺ បាតុភាពអសកម្មនានានៅតាមច្រកអន្តរជាតិដែលភ្ញៀវទេសចរបរទេសធ្លាប់បានរអ៊ូរទាំ និងរិះគន់ទៅលើការផ្ដល់សេវាផ្សេងៗ របស់កម្ពុជា ដែលជួនកាលត្រូវបានគេអះអាងថា មិនមានការកំណត់តម្លៃបន្ទុកច្បាស់លាស់។ នៅត្រង់ចំណុចនេះ ក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ គួរតែរៀបចំយន្តការត្រួតពិនិត្យ តាមដាន និងកែលម្អជាបន្ទាន់ ចៀសវាងការបន្តទុកឱ្យបញ្ហានេះក្លាយទៅជាការសម្អុយកេរ្តិ៍ឈ្មោះនៃវិស័យទេសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិ។
ចំពោះថ្លៃចំណាយផ្សេងៗសម្រាប់ដំណើរកម្សាន្តនិងហូបចុក ក៏ជាបញ្ហាសំខាន់មួយទៀត ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ គប្បីដាក់ចេញនូវដំណោះស្រាយជូនដល់ភ្ញៀវទេសចរផងដែរ ដើម្បីធានាបានថា ទេសចរដែលបានមកធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា អាចទទួលបាននូវអារម្មណ៍សម្រាករម្ហែប្រកបដោយទំនុកចិត្ត និងក្ដីសោមនស្សពិតប្រាកដ ខណៈដែលបច្ចុប្បន្ន ថ្លៃសេវាកម្មដឹកជញ្ជូន ថ្លៃអាហារ និងការស្នាក់នៅក្នុងប្រទេសកម្ពុជា ហាក់ដូចជាមានតម្លៃខ្ពស់បន្តិច បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ពិសេសប្រទេសថៃ និងវៀតណាម។ ការចំណាយដែលមានកម្រិតខ្ពស់ គឺជាមូលហេតុមួយដែលធ្វើឱ្យភ្ញៀវទេសចរបរទេស មានការស្ទាក់ស្ទើនៅក្នុងការសម្រេចចិត្តមកទស្សនាកម្សាន្តប្រទេសកម្ពុជា បើទោះបីជាកម្ពុជាមានតំបន់ទេសចរណ៍សំខាន់ៗ និងប្រកបដោយភាពទាក់ទាញយ៉ាងណាក្ដី។
បញ្ហាមួយទៀតសម្រាប់វិស័យទេសចរណ៍កម្ពុជាគឺ បញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ ដែលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា នៅតែពុំទាន់មានការរៀបចំឱ្យបានសមស្របពេញលេញនៅឡើយ ដូចជាការរៀបចំផ្លូវសម្រាប់អ្នកថ្មើជើងធ្វើដំណើរ ការរៀបចំនិងផ្សព្វផ្សាយអំពីសេវាដឹកជញ្ជូនសាធារណៈនៅមានកម្រិត និងការផ្សព្វផ្សាយនិងចែករំលែកអំពីដំណឹងឬព័ត៌មានដែលបង្ខូចរូបភាពកម្ពុជាពាក់ព័ន្ធនឹងសុខសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា រួមមានដូចជា ករណីចោរកម្ម ចាប់ជំរិត និងភាពអនាធិបតេយ្យមួយចំនួននៅតាមដងផ្លូវជាដើម។ នេះជាបញ្ហាមួយបន្ថែមទៀត ដែលទាមទារឱ្យមានដំណោះស្រាយឱ្យបានសមរម្យនិងឆ្លើយតបទៅនឹងសភាពការណ៍។
បន្ថែមពីនេះ បញ្ហាអនក្ខរកម្មព័ត៌មានរបស់មហាជននៅតាមបណ្ដាញសង្គម ក៏ជាបច្ច័យដែលបានរួមចំណែកបង្កជាបញ្ហាដល់ការជំរុញកំណើនភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។ ពលរដ្ឋខ្មែរមួយចំនួនហាក់មាននិន្នាការចែករំលែក និងផ្សព្វផ្សាយមាតិកាផ្សេងៗ ដែលបង្កប់នូវរូបភាពអវិជ្ជមានរបស់កម្ពុជា ជាជាងការបង្ហាញមាតិកាល្អ ដែលចូលរួមចំណែកផ្សព្វផ្សាយអំពីសក្ដានុពលនៃតំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។ ការចែករំលែក និងផ្សព្វផ្សាយបន្តនូវរូបភាពអវិជ្ជមានទាំងឡាយនេះ បានបង្កភាពខ្លាចរអារ និងព្រួយបារម្ភអំពីការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាការពិតណាស់ រូបភាពអវិជ្ជមានទាំងអស់នេះ មិនមែនកើតមានតែក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែនៅប្រទេសជិតខាងកម្ពុជា ហាក់បានព្យាយាមបិទបាំង ឬព្យាយាមផ្សព្វផ្សាយព័ត៌មាននិងដំណឹងផ្សេងៗដើម្បីបិទបាំង ឬលុបទៅលើព័ត៌មានអវិជ្ជមាននានាអំពីប្រទេសខ្លួន។ នៅក្នុងបញ្ហានេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ពិសេសការចូលរួមពីសំណាក់មហាជនទូទៅ ដើម្បីលុបបំបាត់ទម្លាប់អវិជ្ជមានខាងលើ និងរួមចំណែកនៅក្នុងការជំរុញទាក់ទាញភ្ញៀវទេសចរបរទេសចូលមកទស្សនាប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ដើម្បីជំរុញវឌ្ឍនភាពនៃវិស័យទេសចរណ៍កម្ពុជា ក្រសួងស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ត្រូវតែមានកិច្ចសហការល្អជាមួយគ្នា នៅក្នុងការជំរុញទាក់ទាញភ្ញៀវទេសចរ។ គេត្រូវតែរួមគ្នារៀបចំនូវសារនិងមាតិកាផ្សេងៗ ដើម្បីផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលមានដូចជា ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិនិងបរិស្ថាន និងទេសចរណ៍ឆ្នេរជាដើម ទៅកាន់បណ្ដាប្រទេសនានាដែលជាប្រភពសំខាន់ៗនៃលំហូរភ្ញៀវទេសចរនៅក្នុងពិភពលោក ឱ្យបានដឹងឭ និងចាប់អារម្មណ៍ទៅលើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសជាងនេះទៅទៀត ទាំងវិស័យសាធារណៈនិងវិស័យឯកជន ត្រូវតែសហការគ្នាឱ្យបានកាន់តែប្រសើរថែមទៀត នៅក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ដែលមានភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗដូចបានរៀបរាប់ខាងលើនេះ ដើម្បីទាក់ទាញបន្ថែមទៀត ឱ្យភ្ញៀវទេសចរបរទេសចាប់អារម្មណ៍មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ដែលជាទីតាំងសម្បូរបែបនៃគោលដៅនិងប្រភេទទេសចរណ៍ជាច្រើនផ្សេងៗគ្នា៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ បានគូសបញ្ជាក់ថារាជបណ្ឌិត្យសភាកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវការកសាងបដិមាទោលព្រះនាងឥន្ទ្រទេវី ដើម្បីបង្កើតស្មារតីស្រឡាញ់វប្បធម៌ជាតិ ក៏ដូចជាការផ្សព្វផ្សាយពីអារ្យធម៌រុងរឿងសម័យអង្គរផងដែរ។
ក្នុងប្រវត្តិសាស្ត្រខ្មែរ ព្រះកិត្តិនាមព្រះនាងឥន្ទ្រទេវី ត្រូវបានចាត់ទុកជាកំពូលវីរនារី ដ៏អស្ចារ្សអង់អាចក្លាហានមួយអង្គ និងមានស្នាព្រហស្ថជាច្រើន នៃផ្នែកអប់រំ ភាសាសាស្ត្រ និងផ្នែកព្រះពុទ្ធសាសនា តាមរយៈភស្តុតាងសិលាចារឹកជាស្នាព្រះហសត្ថរបស់ទ្រង់។ ព្រះនាងជាព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ដែលជាព្រះមហាក្សត្រឆ្នើមមួយអង្គក្នុងប្រវត្តិសាស្ត្រ។ យ៉ាងណាមិញនាពេលនោះ បដិមាព្រះនាងនៅពុំទាន់មានការកំណត់អត្តសញ្ញាណណាមួយច្បាស់លាស់នៅឡើយ ទើបឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចង្អុលបង្ហាញឱ្យមានការសិក្សាស្រាវជ្រាវច្បាស់លាស់តាមបែបផែនវិទ្យាសសាស្ត្រដើម្បី «កំណត់អត្តសញ្ញាណបដិមាទោលព្រះនាងឥន្ទ្រទេវី» ។
កិច្ចការងារស្រាវជ្រាវនេះ ចាប់ពីឆ្នាំ២០១៩ - ២០២០ បានបញ្ចប់ទៅយ៉ាងជោគជ័យគួរជាទីមោទណៈ និងបានបន្សល់នូវស្នាដៃជារូបបដិមាព្រះនាងឥន្ទ្រទេវីតម្កល់នៅមុខអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នាពេលបច្ចុប្បន្ន និងបានចងក្រងនូវស្នាដៃជាសៀវភៅ «អត្តសញ្ញាណបដិមាទោលព្រះនាងឥន្ទ្រទេវី» ចងក្រងដោយ៖ ឯកឧត្តមបណ្ឌិត យង់ ពៅ , ឯកឧត្តមបណ្ឌិត ផុន កសិកា , លោកស្រី ម៉ិល វាសនា និងកញ្ញា តាកេត ស័កដា។
គួររំលឹកដែរថា សំណង់បុស្បុក បដិមាទោលព្រះនាងឥន្ទ្រទេវី និងសៀវភៅ «អត្តសញ្ញាណបដិមាទោលព្រះនាងឥន្ទ្រទេវី» ជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវឧកញ៉ាកត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍។
ថ្មីៗនេះរាជបណ្ឌិត្យសភាកម្ពុជា បានទទួលឯកសារផ្លូវការ សំណើសុំអនុញ្ញាតចម្លងព្រះរូបបដិមាទោលព្រះនាងឥន្ទ្រទេវីលម្អិតអំពីស្ពាន់ និងគំរូប្លង់បុស្បុកសម្រាប់សាងសង់នៅ សាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង និងសាលាវិចិត្រសិល្បៈខេត្តសៀមរាប។
ទាំងនេះជាភស្តុតាងបង្ហាញថា លទ្ធផលនៃការស្រាវជ្រាវ «កំណត់អត្តសញ្ញាណបដិមាទោលព្រះនាងឥន្ទ្រទេវី» ក្លាយជាការកំណត់ជាក្បួនខ្នាតមួយ ជាគំរូសម្រាប់ប្រើប្រាស់ជាថ្នាក់ជាតិដែលស្ថាប័ននានាទទួលស្គាល់។
RAC Media | តាកេត ស័កដា
ទាក់ទងនឹងការប្រកាសបិទការិយាល័យស្ថានទូតស៊ុយអែត ប្រចាំរាជធានីភ្នំពេញ បានបង្កឱ្យមានការលើកឡើងផ្សេងៗ ទៅតាមជ្រុងទស្សនៈរបស់អ្នកវិភាគ អ្នកតាមដានកិច្ចការនយោបាយ ខណៈដែលស្ថានទូតស៊ុយអែតក៏បានប្រកាសព័ត៌មាន ហើយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្ដីបំភ្លឺ ដើម្បីពន្យល់សាធារណមតិ បញ្ជៀសនូវការបកស្រាយបំភ័ន្តការពិតដើម្បីបម្រើគោលបំណងនយោបាយណាមួយ។ ការលើកឡើងរបស់ស្ថានទូតស៊ុយអែត គួរតែអាចឱ្យគេយល់បានច្បាស់គ្រប់គ្រាន់សម្រាប់មហាជន ដោយមិនគួរត្រូវបានគេយកទៅបកស្រាយដើម្បីកេងចំណេញនយោបាយ ឬដាក់បន្ទុកទៅលើរាជរដ្ឋាភិបាលកម្ពុជា ឬភាគីណាមួយនោះទេ។
នៅក្នុងទំនាក់ទំនងការទូត ដោយផ្អែកទៅលើកម្រិតយុទ្ធសាស្ត្រ លទ្ធភាព និងភាពចាំបាច់ផ្សេងៗ ដែលប្រទេសនានាសម្រេចចិត្តដាក់ស្ថានទូតនៅប្រទេសណាមួយ ដើម្បីជាតំណាងក្នុងនាមជាស្ថានទូតទទួលបន្ទុកទំនាក់ទំនងការទូតផ្លូវការជាមួយបណ្ដាប្រទេសផ្សេងទៀត។ ហើយករណីនេះ កម្ពុជាក៏មានធ្វើដូចគ្នាផងដែរនៅតាមបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបផងដែរ។ ការសម្រេចចិត្តបើកស្ថានទូត ផ្លាស់ប្ដូរស្ថានទូត ឬសើរើស្ថានទូតរបស់ខ្លួនឡើងវិញជាកិច្ចការផ្ទាល់របស់ប្រទេសសាមីដែលជារដ្ឋដាក់ទូត ទៅតាមទម្រង់បែបបទ និងកិច្ចការផ្ទៃក្នុង នៅក្នុងយុទ្ធសាស្ត្រតំបន់ ឬពិភពលោករបស់ខ្លួន។ នេះគឺជារឿងធម្មតា នៅក្នុងកិច្ចការការទូតនៃប្រទេសនានាលើពិភពលោក មិនមែនតែករណីសម្រាប់កម្ពុជាឬស៊ុយអែតនោះទេ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែត ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងកម្ពុជា និងស៊ុយអែត នៅតែជាទំនាក់ទំនងផ្លូវការដដែល ដោយមានស្ថានទូតស៊ុយអែត ប្រចាំទីក្រុងបាងកក ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ជាអ្នកតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ដែលបានបន្តចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ នេះជាការបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងស៊ុយអែត នៅតែជាទំនាក់ទំនងការទូតផ្លូវការ។ គួររំឭកផងដែរថា រដ្ឋាភិបាលស៊ុយអែតកាលពីចុងឆ្នាំ២០២០ បានប្រកាសបិទស្ថានទូតរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញនៅចុងឆ្នាំ២០២១ ប៉ុន្តែផ្អែកលើបញ្ហាផ្សេងៗ ទើបស៊ុយអែតរក្សាការិយាល័យស្ថានទូតនៅរាជធានីភ្នំពេញ ហើយបន្ទាប់ពីការបញ្ចប់ការងារផ្សេងៗរៀបរយសព្វគ្រប់ ទើបមានការប្រកាសបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
គួរកត់សម្គាល់ផងដែរថា ដោយសារតែសណ្ដាប់ធ្នាប់ពិភពលោកមានការប្រែប្រួល ជាពិសេសយុទ្ធសាស្ត្រសំខាន់បំផុតសម្រាប់បណ្ដាប្រទេសសហគមន៍អឺរ៉ុប គឺផ្ដោតទៅលើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយខណៈដែលប្រទេសស៊ុយអែតក៏ជាសមាជិកនៃសហគមន៍នេះផងដែរនោះ ដូច្នេះហើយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាបញ្ហាដែលមានទម្ងន់យុទ្ធសាស្ត្រសំខាន់របស់សហគមន៍អឺរ៉ុបទាំងមូល បានជះឥទ្ធិពលនិងប៉ះពាល់ដល់បណ្ដាប្រទេសទាំងអស់នៃសហគមន៍នេះ។ ប្រការនេះ បានតម្រូវឱ្យមានការពិនិត្យ និងកែសម្រួលយុទ្ធសាស្ត្ររបស់ខ្លួន ដោយត្រូវតែមានការកែសម្រួលជំហរនៅក្នុងទំនាក់ទំនងអន្តរជាតិ កែសម្រួលនូវយុទ្ធសាស្ត្រផ្សេងៗនៅក្នុងភូមិសាស្ត្រនយោបាយថ្មី រាប់ចាប់តាំងពីការកែសម្រួលស្ថានទូត និងទីកន្លែងបេសកកម្មការទូតរបស់ខ្លួនជាដើម។
ជាមួយគ្នានេះ ការបិទការិយាល័យស្ថានទូតស៊ុយអែតប្រចាំរាជធានីភ្នំពេញ នាពេលនេះមិនមែនជារឿងថ្មីនោះទេ ព្រោះប្រទេសស៊ុយអែត ធ្លាប់បានប្រកាសរួចមកហើយអំពីការប្រគល់ភារកិច្ចតំណាងប្រទេសស៊ុយអែតនៅកម្ពុជា ទៅឱ្យឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំទីក្រុងបាងកក។ ទោះបីជាយ៉ាងណា ការប្រកាសបិទការិយាល័យស្ថានទូតខាងលើនេះ ពុំបានសបញ្ជាក់អំពីការថមថយនៅក្នុងនយោបាយការបរទេសកម្ពុជានោះទេ ព្រោះនេះគឺត្រឹមតែជាការិយាល័យស្ថានទូតប៉ុណ្ណោះ ដោយស៊ុយអែត ពុំមានស្ថានទូតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។ ជាមួយគ្នានេះ ក្រៅពីការបិទការិយាល័យស្ថានទូតស៊ុយអែត នៅកម្ពុជាក៏មានការបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ដូចជា ការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី នៅក្នុងខែមេសា ឆ្នាំ២០២៣ ការបើកការិយាល័យពាណិជ្ជកម្មនិងវិនិយោគរបស់ស្ថានទូតអូស្ត្រាលីនៅខែមករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលនៅសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
ហេតុនេះហើយ ការប្រកាសបិទ ឬបើកបន្ថែមថ្មី នូវការិយាល័យ ឬទីតាំងបេសកកម្មការទូតរបស់បណ្ដារដ្ឋជាភាគីនានា គឺជាការសបញ្ជាក់អំពីការប្រែប្រួលយុទ្ធសាស្ត្រនៅក្នុងតំបន់និងសាកលលោក ក៏ដូចជាស្ថានភាពជាក់ស្ដែងរបស់រដ្ឋជាភាគីដាក់ទូតនីមួយៗ។ គេមិនគួរយកភាពជាក់ស្ដែងនៃរដ្ឋភាគីដាក់ទូត មកប្រៀបធៀប ឬវាយតម្លៃលើស្ថានភាពនៃប្រទេសជារដ្ឋម្ចាស់ផ្ទះនោះទេ ព្រោះនោះគឺជាការប្រៀបធៀបដោយយោងទៅលើទស្សនៈនយោបាយរបស់បុគ្គលតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការអនុវត្តនយោបាយការបរទេសនៅលើឆាកអន្តរជាតិ ប្រទេសកម្ពុជា ត្រូវតែប្រឹងប្រែងបន្តទៀត បើកចំហទំនាក់ទំនងការបរទេសឱ្យកាន់តែទូលាយបន្ថែមទៀត ដើម្បីស្វែងដៃគូថ្មីៗបន្ថែម ពង្រឹងកិច្ចសហប្រតិបត្តិនៅក្នុងទំនាក់ទំនងជាមិត្តភាពចាស់និងស្វែងរកមិត្តភាពថ្មីបន្ថែមទៀត ដើម្បីបើកចំហនូវកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ឈានទៅសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាការស្វែងរកទីផ្សារបន្ថែមសម្រាប់ប្រទេសកម្ពុជា។ ដើម្បីពង្រឹងកិត្យានុភាពរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយការបរទេស ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ពិសេសមាត្រា៥៣ ដែលត្រូវតែរក្សាតុល្យភាពទំនាក់ទំនងគ្រប់បណ្ដាប្រទេស និងគ្រប់មហាអំណាចទាំងអស់ នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយពិភពលោក ដ៏ស្រួចស្រាល់នេះ៕
RAC Medi | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ឆិន ឆុង (CHEN Cong) អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសដោយ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោក តាំង ម៉េងឆុង នាយកភាគីខ្មែរនៃវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងលោក WANG Feng នាយកភាគីចិននៃវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។
គួរបញ្ជាក់ថា ពិធីសំណេះសំណាល និងតម្រង់ទិសការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំអំពីវិន័យ និងការងាររបស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដល់លោកគ្រូអ្នកគ្រូដែលជាជនជាតិចិនទាំង ៧១នាក់ នៅក្នុងការបង្រៀនភាសាចិនដល់សិស្សនៅកម្ពុជា និងដើម្បីជំរុញការស្វែងយល់ពីស្ថានភាពនៃការរស់នៅ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីនាព្រឹកនេះដែរ ក៏មានការរៀបចំធ្វើបទបង្ហាញលើប្រធានបទសំខាន់ចំនួន ៥ផងដែរគឺ៖
១. «ស្ថានភាពប្រជាជនចិនរស់នៅក្នុងប្រទេសកម្ពុជា» ដោយលោក JIANG Peng តំណាងការិយាល័យកិច្ចការអត្រានុកូលដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា
២. «ការការពារជំងឺទូទៅនៅក្នុងប្រទេសកម្ពុជា» ដោយលោក CHENG Zhiyon អ្នកជំនាញរបស់ក្រុមគ្រូពេទ្យវេជ្ជសាស្ត្រចិនប្រចាំកម្ពុជា
៣. «បទបញ្ជា និងសុវត្ថិភាពក្នុងការរស់នៅក្នុងប្រទេសកម្ពុជា» ដោយលោកស្រី ZHAO Yuexi តំណាងការិយាល័យគ្រប់គ្រងគ្រូស្ម័គ្រចិត្តជនជាតិចិននៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្ដូរភាសាចិន-បរទេស នៃក្រសួងអប់រំចិន
៤. «ច្បាប់ពាក់ព័ន្ធមួយចំនួនរបស់ប្រទេសកម្ពុជា» ដោយលោកបណ្ឌិត ង៉ូ សាឡុង ប្រធាននាយកដ្ឋានអ្នកបកប្រែ និងជាអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌
៥. «ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅក្នុងប្រទេសកម្ពុជា» ដោយលោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
ថ្លែងក្នុងឱកាសបើកពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៤-២០២៥នេះនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងកោតសរសើរនូវវីរៈភាពរបស់គ្រូបង្រៀនជនជាតិចិន ដែលធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដើម្បីបង្រៀនភាសាចិនដល់ប្រជាជនកម្ពុជា ដែលជាផ្នែកមួយនៃការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានបានគូសបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-ចិន ដោយផ្ដោតទៅលើទិដ្ឋភាពសំខាន់ៗចំនួន ៥គឺ៖ ១. ឥទ្វិពលនៃវប្បធម៌ចិនបានផ្លាស់ប្ដូរឥរិយាបថនៃការបរិភោគរបស់ប្រជាជនខ្មែរ ២. ភាសាគឺជាស្ពានឆ្លងនៃការដោះដូរ និងមានទំនាក់ទំនងជាមួយគ្នា ហើយគ្រូបង្រៀនភាសាចិនទាំងអស់ នឹងក្លាយទៅជាវិចិត្រករឆ្លាក់សិស្សដែលរៀនជាមួយ ដែលនឹងក្លាយធនធានមនុស្សភាសាចិនដ៏សំខាន់ ៣. ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងប្រវត្តិសាស្ត្រ ហើយការបង្រៀនរបស់លោកគ្រូអ្នកគ្រូនឹងផ្ដល់នូវអនុស្សាវរីយ៍នៃការរៀននិងបង្រៀនដល់ប្រជាជនកម្ពុជា ៤. រយៈពេល១៥ឆ្នាំនៃដំណើរការវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានក្លាយជាពេលវេលាដ៏មានគុណតម្លៃសម្រាប់ការសិក្សានិងស្វែងយល់អំពីភាសាចិន។ ៥. ទំនាក់ទំនងកម្ពុជា-ចិន ដែលចាប់ផ្ដើមជាផ្លូវការដោយស្ថាបនិកទាំងពីរ សម្ដេចនរោត្ដមសីហនុ និងលោក ជូ អេនឡាយ នឹងកាន់តែរឹងមាំបន្ថែមទៀតដោយកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមតាមរយៈគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់គ្រូបង្រៀនជនជាតិចិន ឱ្យសិក្សារៀនសូត្រអំពីភាសាខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានឹងផ្ដល់ការបណ្ដុះបណ្ដាលភាសាខ្មែរដោយឥតគិតថ្លៃ ដល់គ្រូបង្រៀនជាជនជាតិចិនទាំងអស់។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានជំរុញឱ្យទៅទស្សនាប្រាសាទអង្គរវត្ត ដែលមានឆ្លាក់នូវទិដ្ឋភាពនៃទំនាក់ទំនងរវាងកម្ពុជា និងចិននៅក្នុងប្រវត្តិសាស្ត្រផងដែរ ដើម្បីពង្រឹងនិងពង្រីកការយល់ដឹងបន្ថែមទៀតអំពីប្រវត្តិនិងការវិវត្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM