Royal Academy of Cambodia
ដោយភាពតានតឹងរវាងចិននិងសហរដ្ឋអាម៉េរិក និងភាពច្របូកច្របល់គ្នាខាងភូមិសាស្ត្រនយោបាយមនុស្សជាច្រើនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានសម្លឹងមើលថា តើអាស៊ាននឹងឆ្លើយតបយ៉ាងដូចម្តេចដើម្បីរក្សាបានសាមក្គីភាព មជ្ឈភាព និងភាពប្រទាក់ក្រឡានៅក្នុងតំបន់។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN Outlook on the Indo-Pacific-AOIP) គឺជាការឆ្លើយតបទៅនឹងជម្លោះដែលកំពុងតែកើនឡើងរវាងប្រទេសមហាអំណាច ក៏ដូចជាការសម្លឹងទៅរកទិសដៅជាអាទិភាពសម្រាប់អនាគតរបស់អាស៊ាន។
នៅអំឡុងពេលមុនបង្កើតទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក មហាអំណាចទាំងពីរ ដែលកំពុងតែទទួលបានផលប្រយោជន៍ពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានដាក់ចេញនូវទស្សនៈផ្ទុយពីគ្នានៅក្នុងតំបន់។ សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន រួមមាន ជប៉ុន អូស្រ្តាលី និងឥណ្ឌា បានដាក់ចេញជាច្រើនលើកច្រើនសា អំពីឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ។ ទាំងនេះក្នុងហេតុផលតែមួយគត់គឺការព្រួយបារម្ភអំពីមហិច្ឆតារបស់ចិនដែលកំពុងរះត្រដែតឡើងជាមហាអំណាច។
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន (BRI) បានដាក់ចេញនូវចក្ខុវិស័យមួយផ្សេងទៀតសម្រាប់តំបន់។ ប្រទេសជិតខាងរបស់ប្រទេសចិន រួមទាំងរដ្ឋជាសមាជិកអាស៊ានមួយចំនួនបានស្វាគមន៍ BRI ដែលជាមធ្យោបាយមួយក្នុងការលើកកម្ពស់ការតភ្ជាប់គ្នាតាមរយៈហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។ ប៉ុន្តែ BRI ក៏ត្រូវបានចោទប្រកាន់ពីបទបង្កើតអន្ទាក់បំណុល និងត្រូវបានប្រើជាឧបករណ៍សម្រាប់មហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការបង្កើតពិភពលោកមួយដែលផ្តោតលើប្រទេសចិន។
ជម្លោះរវាងចិន និងសហរដ្ឋអាម៉េរិក បានរំលេចឱ្យឃើញនូវសេណារីយ៉ូថ្មីមួយ ដែលគេអាចលើកជាឧទាហរណ៍ គឺរដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានចេញវិធានការប្រឆាំងនឹងក្រុមហ៊ុន Huawei ជាជាងអាចធ្វើឱ្យពិភពលោកមានអន្តរទំនាក់ទំនង ការប្រកួតប្រជែងខាងបច្ចេកវិទ្យា បាននាំឱ្យមានការដាក់ទណ្ឌកម្ម ដែលមានលក្ខណៈរើសអើង (exclusionary sanctions) និងនាំឱ្យមានការរំខានដល់ខ្សែច្រវាក់តម្លៃសាកល។ ទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដោះស្រាយភាពតានតឹងទាំងនេះលើវិស័យកិច្ចសហប្រតិបត្តិការចំនួនបួន រួមមាន បញ្ហាសមុទ្រ, ការតភ្ជាប់, គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការកិច្ចសហប្រតិបត្តិវិស័យសេដ្ឋកិច្ចទូលំទូលាយដទៃទៀត។
ដៃគូខាងក្រៅរបស់អាស៊ានបានសម្តែងការគាំទ្រចំពោះទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយដៃគូខ្លះទៀតស្វាគមន៍ចំពោះឯកសារដែលជាការប៉ុនប៉ងរបស់អាស៊ានក្នុងការគ្រប់គ្រងដំណើរការនោះ។ ប៉ុន្តែ ដៃគូផ្សេងទៀត មានអារម្មណ៍ថាខកចិត្ត ដែលទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក មិនមានភាពច្បាស់លាស់ និងខ្វះលក្ខណៈជាក់លាក់ដែលអាចជំរុញឱ្យមានភាពប្រសើរឡើងនូវរបៀបវារៈរបស់អាស៊ាន។
ខុសពីចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកពីមុន ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្តោតលើភាពបើកចំហ បរិយាប័ន្ន និងមជ្ឈភាពរបស់អាស៊ាន។ សម្រាប់ប្រទេសចិន យល់ឃើញថា អាស៊ានគួរតែរក្សាការយកចិត្តទុកដាក់របស់ខ្លួនទៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក ជាជាងការឆ្លើយតបទៅនឹងឈ្មោះឥណ្ឌូ-ប៉ាស៊ីហ្វិក។ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាងយី(Wang Yi) បាននិយាយថា ប្រទេសចិនតែងតែរក្សាឥរិយាបថបើកចំហ និងស្ថាបនានៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ ដែលស្របទៅនឹងគោលការណ៍និងគោលគំនិតនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
មានទស្សនៈបែកខ្ញែកគ្នាពាក់ព័ន្ធនឹងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ថាតើទស្សនវិស័យគួរត្រូវបានអនុវត្តយ៉ាងដូចម្ដេចនៅពេលអនាគត។ មេដឹកនាំអាស៊ាន ខ្លះមើលឃើញថា វាជាចំណុចចុងក្រោយ នៅពេលដែលមេដឹកនាំផ្សេងទៀតមើលឃើញថា វាជាការងារដែលកំពុងរីកចម្រើន។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដើរតួជាមូលដ្ឋានរួមមួយ ដែលអនុញ្ញាតឱ្យរដ្ឋជាសមាជិកអាស៊ានចូលរួមជាមួយប្រទេសដទៃទៀត ដើម្បីធានាថាច្បាប់ និងគោលការណ៍នានា ត្រូវបានលើកស្ទួយ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកក៏មានឥទ្ធិពលសំខាន់លើការរៀបចំរបៀបវារៈអាស៊ាន ហើយក៏មានសក្តានុពលសម្រាប់ផ្តល់នូវទស្សនវិស័យថ្មីពាក់ព័ន្ធនឹងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ផងដែរ។
ផែនការជាតិរបស់រដ្ឋជាសមាជិកអាស៊ានគឺត្រូវបានយកចិត្តទុកដាក់ជាចម្បង។ ដើម្បីឆ្លើយតបទៅនឹងផែនការជាតិខុសៗគ្នាទាំងនេះ រដ្ឋជាសមាជិកអាស៊ានបានសហការគ្នាក្នុងរូបភាពជាការផ្តល់និងដោះស្រាយទ្វេភាគី។ ផែនការជាតិនិងជំនួយទ្វេភាគី ជារឿយៗមានទំនាក់ទំនងតិចតួចជាមួយផែនការមេសម្រាប់ការតភ្ជាប់តំបន់អាស៊ាន២០២៥ (Master Plan for ASEAN Connectivity 2025/MPAC 2025)។ កង្វះនៃការតភ្ជាប់ទំនាក់ទំនងគ្នារវាងការអភិវឌ្ឍ កម្រិតជាតិនីមួយៗនិងកម្រិតអាស៊ាន អាចកាត់បន្ថយការរំពឹងទុកនៃការផ្គត់ផ្គង់ទំនិញសាធារណៈសម្រាប់តំបន់នេះ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងកម្រិតជាតិនិងទ្វេភាគីទាំងនេះ នាំមកដល់ការកំណត់ព្រំដែនកាន់តែចង្អៀត(ការរើសអើង)។ រដ្ឋជាសមាជិកអាស៊ាននីមួយៗហាក់ដូចជាប្រកួតប្រជែងជាជាងសហការជាមួយរដ្ឋសមាជិកអាស៊ានគ្នាឯង។ ក្របខណ្ឌជាតិ-ទ្វេភាគី អាចរុញឱ្យប្រទេសមួយងាកទៅរកប្រទេសមហាអំណាច។
តាមពិតទៅ មានជម្រើសជាច្រើនសម្រាប់ភាពជាដៃគូ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ាន។ ក្រៅពី BRI របស់ប្រទេសចិន ថ្មីៗនេះ ប្រទេសជប៉ុនបានដាក់ចេញនូវគម្រោងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព (Partnership for Quality Infrastructure) និង Blue Dot Network ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ដែលគេសង្ឃឹមថា នឹងអាចទទួលបានគម្រោងនេះសម្រាប់តំបន់។ ដូច្នេះ គេត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្ហាញថា តើគម្រោងទាំងនេះវាត្រូវគ្នានឹងគំនិតផ្តួចផ្តើមដែលមានស្រាប់របស់អាស៊ាន ដែលមាននៅក្នុង MPAC ២០២៥ ដែរឬទេ។
ចំណុចអាទិភាពបន្ទាប់សម្រាប់គម្រោងទាំងនេះ គឺដើម្បីវាស់វែងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងប្រឆាំងនឹង AOIP និងធានាថា ពិតជាស្របតាមគោលការណ៍នៃការបើកចំហ និងបរិយាប័ន្នរបស់អាស៊ាន។ ទាំងនេះនឹងមិនកាត់បន្ថយការយកចិត្តទុកដាក់លើឥទ្ធិពលដែលម្ចាស់ជំនួយទ្វេភាគី ទទួលបានតាមរយៈផែនការថ្នាក់ជាតិ និងតំបន់នោះទេ។ ការផ្តល់អាទិភាពដល់កិច្ចព្រមព្រៀងទ្វេភាគីពីម្ចាស់ជំនួយពិសេសណាមួយ អាចមានវិបាកដែលអាចជះឥទ្ធិពលដល់តំបន់ទាំងមូល។ ចំណុចនេះនឹងអាចធ្វើឱ្យខូចខាតដល់ផែនការអភិវឌ្ឍន៍ជាតិ ឬប៉ះពាល់ដល់សមាហរណកម្មអាស៊ានទាំងមូល។
បើក្រឡេកមើលទៅអនាគតនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក គួរតែត្រូវបានប្រើជាគំរូសម្រាប់ការ អភិវឌ្ឈក្នុងតំបន់ ដើម្បីឱ្យអាស៊ានអនុវត្តបាននូវវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ ទិដ្ឋភាពខ្លះនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានបង្កប់នៅក្នុងសកម្មភាពរបស់អាស៊ានរួចរាល់ហើយ។ ឧទាហរណ៍អាស៊ានមានសមយុទ្ធយោធារួមគ្នាជាមួយទាំងចិន និងសហរដ្ឋអាមេរិក ក្នុងឱកាសដាច់ដោយឡែកពីគ្នា។ បណ្តាប្រទេសអាស៊ានតែងតែស្វះស្វែងរកការចូលរួមជាមួយបណ្តាប្រទេសនានា ដោយមិនគ្រាន់តែចូលរួមជាមួយមហាអំណាចណាមួយនោះទេ។ ប៉ុន្តែ នៅក្នុងផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការ ដូចជា ការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិតជាត្រូវការទិសដៅ និងភាពច្បាស់លាស់បន្ថែមទៀត។
ក្នុងពេលអនាគត នឹងមានឱកាសដើម្បីពិនិត្យមើល ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកដែលទាក់ទងទៅនឹងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធ និងកំណត់ ថាតើគោលការណ៍នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកអាចមានឥទ្ធិពលកាន់តែខ្លាំងឡើងដែរឬទេ។ ឥណ្ឌូនេស៊ីជាប្រទេសមួយដែលសាទរចំពោះ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ទំនងជានឹងនាំមុខគេ នៅពេលដែលខ្លួនមានផែនការសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន និងវេទិកាហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក (World Economic Forum on ASEAN and the Indo-Pacific Infrastructure and Connectivity Forum)។ ម្យ៉ាងវិញទៀត នឹងមានការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិរបស់អាស៊ាន ដែលនឹងវាយតម្លៃវឌ្ឍនភាពរបស់អាស៊ាន ឆ្ពោះទៅចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ សម្រាប់សហគមន៍មួយដែលមានសមាហរណកម្ម សន្តិភាព និងស្ថិរភាព។
ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកមិនអាចសន្យាថានឹងបង្កើតយន្តការថ្មីណាមួយទេ ហើយក៏មិនមានគោលការណ៍ថ្មីដែរ។ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកនឹងដើរតួជាអ្នកពិនិត្យគោលការណ៍នេះឡើងវិញ។ ជាឧទាហរណ៍នៃការតភ្ជាប់និងហេដ្ឋារចនាសម្ព័ន្ធ វាអាចនាំមកនូវទស្សនវិស័យថ្មីមួយដែលអាចនាំឱ្យមានវិធីសាស្ត្រថ្មីសម្រាប់ការកំណត់សកម្មភាពជាអាទិភាព៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
.
នៅសៀលថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៣ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
រោងពិសោធន៍ពីការប្រើប្រាស់បាយអូឆា លើដំណាំកសិកម្ម នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ
នៅឆ្នាំ២០២០ ក្រុមការងារនៃគម្រោងបច្ចេកវិទ្យាផលិតបាយអូឆាចំបើង និងការអនុវត្តក្នុងវិស័យកសិកម្មនៅកម្ពុជា បានកំពុងដំណើរការអនុវត្តការពិសោធន៍នៅទីតាំងភូមិសាស្រ្តស្ថិតនៅភូមិច្រកខ្លុង ឃុំទ័ពមៀន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្រុមការងារបានបញ្ចប់ផែនការសកម្មភាពរបស់ខ្លួនក្នុងការផលិតបាយអូឆាពីចំបើងដែលបានប្រមូលទិញពីប្រជាកសិករនៅតំបន់ភូមិសាស្រ្តអនុវត្តគម្រោង។ ការផលិតបាយដោយឧបករណ៍ក្នុងស្រុកដ៏សាមញ្ញ ងាយប្រើប្រាស់និងអនុវត្តសម្រាប់ប្រជាកសិករក្នុងការផលិតបាយអូឆា ក្នុងគោលបំណងជួយបង្កើនផលិតភាព និងជំរុញបង្កើនទិន្នផលកសិកម្ម ក៏ដូចជាការជំរុញការលើកកម្ពស់ជីវភាពរបស់ពួកគាត់។
ចំពោះការផលិតផលបាយអូឆា គឺប្រើប្រាស់ធុងដែលផលិតដោយអ្នកឯកទេសគ្រឿងយន្ដកសិកម្ម សម្រាប់កែច្នៃដោយដុតចំបើង និងទទួលបានបាយអូឆាក្នុងបរិមាណចំនួន ៤០% ឯការផលិតមានរយៈពេល ៤ម៉ោង និង៣០ នាទី បើប្រៀបធៀបជាមួយឧបករណ៍ផលិតបាយអូឆាទំនើប Furnace YOKOGAWA រយៈពេលដុត២ម៉ោង នៅសីតុណ្ហភាព ៤០០អង្សាសេ ទទួលបានទិន្នផល ៤៣.៩%។ នេះ អាចបញ្ជាក់ថា ឧបករណ៍កែច្នៃក្នុងស្រុក អាចមានសមត្ថភាព និងផ្ដល់លទ្ធភាពដល់អ្នកស្រាវជ្រាវនូវបរិមាណបាយអូឆា ក្នុងកម្រិតមួយទទួលយកបាន មិនខុសគ្នាខ្លាំងពីឧបករណ៍ទំនើបរបស់ជប៉ុននោះទេ។
សូមបញ្ជាក់ថា គម្រោងនេះ ជាគម្រោងសហប្រតិបត្តិការរវាងវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ជាមួយនឹងវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយបានចាប់ផ្តើមការងារចាប់ពីថ្ងៃទី១៥ ខែមីនាឆ្នាំ២០២០ នឹងគ្រោងបញ្ចប់នៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០ខាងមុខនេះ។ គម្រោងនេះទទួលបានការគាំទ្រថវិកាដោយរាជបណ្ឌិត្យសភាកម្ពុជា និងសម្របសម្រួលដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោក ស្វាយ រីដា ជាប្រធានគម្រោង និងលោកលោក អាត ធារ៉ា លោកបណ្ឌិត លឹម សេងឌី និងលោក ហេង វីរិទ្ធិ។
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវគម្រោង «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» បានចុះសិក្សាស្រាវជ្រាវអំពីផលិតកម្មបន្លែ ចរន្តទីផ្សារ បញ្ហាដែលកំពុងកើតមាន របស់ប្រជាកសិករដាំបន្លែនៅភូមិបឹងក្រចាប់ខាងត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
កសិករនៅភូមិបឹងក្រចាប់ដាំបន្លែប្រភេទផ្លែ មានដូចជា៖ ននោងមូល ននោងជ្រុង ត្រឡាច ត្រសក់ស្រូវ ត្រសក់ផ្អរ ប៉េងប៉ោះ ត្រប់វែង និងស្ពៃក្ដោបតិចតួច។ កសិករភាគច្រើនជួលដីដាំបន្លែទាំងនោះ។ តម្លៃជួលដី ៤០០០០០រៀល (បួនរយពាន់រៀល) ក្នុង១ហិកតា សម្រាប់១ឆ្នាំ។ ជួនកាល កសិករអាចជួលដីគេដោយមិនបង់ថ្លៃ ប៉ុន្តែត្រូវព្យួរសម្អាត ដីឱ្យគេវិញ បន្ទាប់ពីប្រមូលផលរួច។ ការដាំដុះបន្លែធ្វើឡើងជាលក្ខណៈគ្រួសារ មិនបានចងជាសហគមន៍ទេ។ កសិករខ្លះប្រើទុនដែលត្រូវចំណាយលើការដាំបន្លែបានមកពីផ្ទាល់ខ្លួន ប៉ុន្តែកសិករខ្លះខ្ចីឥណទានកសិកម្មក្នុងតម្លៃការប្រាក់ ១.០៨។
ក្នុងការដាំបន្លែកសិករត្រូវចំណាយលើ៖
-ប្រព័ន្ធស្រោចស្រប់
-ទ្រើង (ចំពោះដំណាំឡើងទ្រើង)
-ខ្សែចង (ចំពោះដំណាំឡើងទ្រើង)
-ផ្លាកស្ទិកគ្របរង
-ពូជ
-ជីរ
-ថ្នាំសម្លាប់សត្វល្អិត
- ថ្នាំបាញ់ជំនួយត្រួយ ជំនួយស្លឹក ជំនួយផ្កា
-ជីកអណ្ដូងក្រៀក (អណ្ដូងបុកប្រើអមជាមួយម៉ាស៊ីនបូមទឹកចំនួន២ និងក្បាលខ្សល់១ «compressor»)។ កសិករត្រូវជីកក្រឡុកតូចមួយទៀតដែលមានទំហំពី៤ម៉ែត្រក្រឡា ជម្រៅ១ម៉ែត្រ ដើម្បីស្ដុកទឹកដែលបូមពីអណ្ដូងបុក។ ម៉ាស៊ីនបូមទឹក១ ប្រើសម្រាប់បូមទឹកពីអណ្ដូងដាក់ក្នុងក្រឡុក ចំណែកម៉ាស៊ីនទី២ ប្រើសម្រាប់បូមទឹកពីក្រឡុកបញ្ចូលក្នុងប្រព័ន្ធស្រោចស្រប់ ដោយមានជំនួយពីក្បាលខ្យល់ រុញទឹកឱ្យខ្លាំង។
-ជួលព្យួរ និងវាយដី (រាស់ដី)
-កម្លាំងពលកម្មពេលប្រមូលផល (មិនទូទៅ)។
ផលបន្លែដែលប្រមូលបាន ពួកគាត់លក់ឱ្យអ្នកដើរប្រមូលទិញ (ឈ្មួញកណ្ដាល) ក្នុងតម្លៃតថ្លៃគ្នា ដោយយកតម្លៃទីផ្សារធំៗជាគោល ពិសេសតម្លៃទីផ្សារដើមគ ឬផ្សារនាគមាស នៅរាជធានីភ្នំពេញ។ ជាទូទៅ តម្លៃបន្លែលក់ក្នុងភូមិប្រែប្រួលនៅពេលតម្លៃ នៅតាមផ្សារធំទាំងពីរប្រែប្រួល។ ចំណែក ឈ្មួញកណ្ដាលយកចំណេញពីកសិករតែ ២០០ រៀល ក្នុង១គីឡូក្រាម ទោះបីបន្លែប្រភេទណាក៏ដោយ។ ប្រសិនបើ ឈ្មួញកណ្ដាលណាម្នាក់កេញចំណេញច្រើន លើសពី ២០០រៀល កសិករនឹងឈប់លក់ឱ្យឈ្មួញកណ្ដាលនោះ។ បច្ចុប្បន្ននេះ មានឈ្មួញកណ្ដាលច្រើននាក់ ដើរ ទិញបន្លែក្នុងភូមិ ដែលជាជំនួយដល់កសិករងាយស្រួលលក់ផលិតផលបន្លែរបស់ពួកគាត់ និងងាយដឹងតម្លៃចុះ ថោក ឬ ឡើងថ្លៃ។ រីឯឈ្មួញកណ្ដាល បន្ទាប់ពីទិញបន្លែពីកសិករក្នុងភូមិរួច គាត់យកបន្លែទៅលក់នៅផ្សារដើមគ ឬ ផ្សារនាគមាស ឬ ជួនកាលលក់នៅត្រឹមផ្សារព្រែកអញ្ចាញដែលស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
កសិករអាចចំណេញថវិកា ពី ៣លាន ទៅ ៤លានរៀន បើដាំលើផ្ទៃដីបន្លែទំហំ ១ហិកតា។
ការដាំបន្លែនៅតែមានបញ្ហាប្រឈមដូចជា៖
-ទឹក៖ ទោះបីកសិករអាចលៃលកទាញទឹកដោយការជីកអណ្ដូងកៀក ប៉ុន្តែពួកគាត់ត្រូវចំណាយថវិកាច្រើន
-សត្វល្អិត ដូចជា ទ្រីបដែលកសិករខ្លាចគ្រប់គ្នា ព្រោះវាបំផ្លាញត្រួយតែម្ដង
-ជីរ៖ តម្រូវការជីរខ្ពស់ ព្រោះបន្លែមិនល្អ បើមិនប្រើជីរទេ
-គ្រាប់ពូជ
-សុខភាព៖ ព្រោះប្រើថ្នាំបាញ់សម្លាប់ជាតិគិមីច្រើន
-ចំណេះដឹងដាំបន្លែនៅបន្តរបៀបបុរាណ
ផលិតកម្មបន្លែរបស់ប្រជាកសិករនៅភូមិបឹងក្រចាប់នៅតែមានបញ្ហាប្រឈម ដែលមិនដែលអាចត្រូវបានដោះស្រាយបាន។ ទោះបី មានឈ្មួញកណ្ដាលមកទិញដល់ភូមិ ងាយស្រួលដល់កសិករក្នុងការលក់ភ្លាមៗ ប៉ុន្តែបញ្ហាតម្លៃធ្លាក់ចុះគំហុក ឬជួនកាលរហូតគ្មានអ្នកទិញ នៅតែកើតមានជារៀងរាល់ឆ្នាំ។ បញ្ហានេះបណ្ដាលមកពីបន្លែជន់ ឬ បន្លែជុលគ្នាជាមួយបន្លែដាំនៅខេត្តផ្សេងៗ និងបន្លែដែលនាំចូលពីបរទេស។ នៅពេលបញ្ហាបន្លែជន់កើតឡើង ឈ្មួញកណ្ដាលមិនទទួលរងផលប៉ះពាល់ទេ មានតែកសិករទេដែលទទួលរងផលប៉ះពាល់នេះ ហើយផលប៉ះពាល់នេះមិនដែលត្រូវបានជួយសង្រ្គោះបានមួយគ្រាណាទេ។
ទោះបី កសិករដាំបន្លែទទួលរងបញ្ហានេះ ពួកគាត់នៅតែបន្តដាំបន្លែ ព្រោះគ្មានជម្រើសណាល្អជាងការដាំបន្លែទេ។ ប្រសិនបើ បន្លែមិនមានបញ្ហាជន់ទេ កសិករអាចរកប្រាក់កម្រៃចំណូលគ្រួសារបានច្រើនជាងដំណាំស្រូវ។
RAC Media
ប្រភព៖ ក្រុមការងារសិក្សាស្រាវជ្រាវគម្រោងបន្លែកម្ពុជា
នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោកបណ្ឌិត ដៀប សុផល អ្នកសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ បានលើកឡើងថា ចាប់តាំងពីសង្គ្រាមត្រជាក់រហូតមកដល់បច្ចុប្បន្ន អាម៉េរិក ចិន និងរុស្ស៊ីនៅតែដើរតួសំខាន់ គឺគ្រាន់តែដូរដៃគូប្រឈមប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះ ចិននិងសហរដ្ឋអាម៉េរិក គឺជាដៃគូដែលកំពុងប្រឈមគ្នាជាខ្លាំង។
នៅក្នុងបទបង្ហាញអំពីទស្សនទានប្រវត្តិសាស្ត្រ លោកបណ្ឌិត ដៀប សុផល បានគូសបញ្ជាក់ថា ការប្រឈមមុខគ្នារបស់មហាអំណាចគឺជារឿងធម្មតា តែវាមានឥរិយាបថផ្សេងៗគ្នាដែលគេអាចកត់សម្គាល់អំពីការប្រែប្រួលនៅក្នុងសង្គ្រាមលោកលើកទី១និងទី២ និងសង្គ្រាមត្រជាក់ ដោយសម្រាប់ទិដ្ឋភាពក្នុងសម័យសង្គ្រាមលោកទាំងពីរលើក មហាអំណាចគឺជាអ្នកសាបព្រោះផង និងជាអ្នកអនុវត្តសង្គ្រាមដោយផ្ទាល់ផង ប៉ុន្តែនៅក្នុងសម័យសង្គ្រាមត្រជាក់ មហាអំណាចបានបង្កើតនិងប្រើប្រាស់មនោគមវិជ្ជានយោបាយ ដើម្បីទាក់ទាញគូកននិងបង្កើតប្លុកដើម្បីប្រឈមគ្នា ដែលការណ៍នេះវាបានបណ្ដាលឱ្យប្រទេសតូចៗនៅលើពិភពលោក ធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមរ៉ាំរ៉ៃ។
បន្ថែមពីលើនេះផងដែរ លោកបណ្ឌិត ដៀប សុផល បានបែងចែកការប្រឈមរវាងមហាអំណាចជា៣ដំណាក់កាលញគឺ៖
១-ដំណាក់កាលពីឆ្នាំ១៩៤៩ដល់ឆ្នាំ១៩៥៨ ជាដំណាក់កាលដែលចិននិងសូវៀត មានទំនាក់ទំនងចាក់ទឹកមិនលិចប្រឆាំងនឹងអាម៉េរិក។
២-ដំណាក់កាលពីឆ្នាំ១៩៥៨ដល់ឆ្នាំ១៩៦៨ ជាពេលដែលសូវៀតចាប់ផ្ដើមដកអ្នកជំនាញការចេញពីចិន និងរហូតដល់មានទំនាស់ព្រំដែនរវាងចិននិងសូវៀត។ ចិនបានប្រើប្រាស់គោលនយោបាយ អង្គុយមើលខ្លាពីរកំពុងខាំគ្នា។ នៅក្នុងទសវត្សរ៍១៩៦០ ចិនក្លាយជាមហាអំនាចបរមាណូ។
៣-ដំណាក់កាលពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៨៩៖ វាជាដំណាក់កាលនៃនយោបាយទំនើបភាវូបនីយកម្មរបស់ចិន ហើយចិនត្រូវធ្វើទំនើបកម្មសេដ្ឋកិច្ចនៅឆ្នាំ១៩៧៦ គឺនៅពេលដែលលោក ម៉ៅ សេទុងបានស្លាប់ ប៉ុន្តែដោយសារតែបញ្ហាផ្ទៃក្នុងទើបចិនពុំទាន់បានអនុវត្តទំនើបកម្មសេដ្ឋកិច្ចនេះនៅឡើយ តែនៅក្រោយមកចិនបានធ្វើកំណែទម្រង់របស់ខ្លួនទៅលើវិស័យអប់រំសិក្សាធិការ ឧស្សាហកម្ម កសិកម្ម និងវិស័យយោធា ដែលបានធ្វើឱ្យមហាអំណាចអាស៊ីមួយនេះ ចេញផុតពីសភាពជាប្រទេសធំហើយក្រ ក្លាយទៅជាប្រទេសមហាអំណាចដែលមានល្បឿនសេដ្ឋកិច្ចជឿនលឿនមួយនៅលើពិភពលោក និងបន្តមានប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយចាប់តាំងពីក្រោយការដួលរលំនៃសហភាពសូវៀតនាពេលនោះរហូតមកដល់បច្ចុប្បន្ន។
RAC Media | លឹម សុវណ្ណរិទ្ធ
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ទស្សនវិស័យប្រាកដនិយមរបស់កម្ពុជា គឺសន្តិភាព និងការអភិវឌ្ឍន៍។ ដោយមើលអំពីទិដ្ឋភាពភូមិសាស្រ្តនយោបាយ និងប្រវត្តិសាស្រ្តដែលនាំឱ្យប្រទេស មហាអំណាច ជាពិសេស គឺចិន និងសហរដ្ឋអាម៉េរិកនៅតែបន្តប្រកួតប្រជែងឥទ្ធិពលគ្នា ដើម្បីធានារក្សាការពារបាននូវតំណែងជាមហាអំណាចលើពិភពលោក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថា កម្ពុជាត្រូវតែរៀប ចំយុទ្ធសាស្រ្តខ្លួន ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច ជៀសវាងដើរតាមដានប្រវត្តិសាស្រ្តច្រំដែល។
ដើម្បីដណ្តើមតំណែងជាមហាអំណាចលើពិភពលោក ឯកឧត្តមបណ្ឌិតសភាចារ្យបានពន្យល់ថា ចិន និងអាម៉េរិកបានប្រើនយោបាយជាយុទ្ធសាស្ត្រ កម្លាំងយោធា សេដ្ឋកិច្ចពាណិជ្ជកម្ម និងមនោគមន៍វិជ្ជានយោបាយ? ឈរទិដ្ឋភាពជាក់ស្តែង ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កេតឃើញថា ក្រោយការបង្រួបបង្រួមប្រទេសនៅឆ្នាំ ១៩៤៩ រហូតមក ចិនប្រើយុទ្ធសាស្រ្តនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មច្រើនជាងអាម៉េរិក ពោលគឺចិនបានប្រកាន់ភ្ជាប់នូវទស្សនកំណែទម្រង់សេដ្ឋកិច្ចរបស់លោក តេង ស៊ាវពីង( Deng Xiaoping) ដែលជាអ្នកកំណែទម្រង់ប្រទេសចិនដ៏ល្បីល្បាញម្នាក់នៅសតវត្សទី២០ ដែលបានលើកឡើងនូវសុភាសិតមួយឃ្លារបស់កសិករនៅខេត្តស៊ីជួនថា«មិនថាឆ្មាស ឬឆ្មាខ្មៅទេ ឱ្យ តែចាប់កណ្តុរបាន គឺជាឆ្មាល្អ»។ ទ្រឹស្តីឆ្មា ជាទ្រឹស្តីមូលដ្ឋានសម្រាប់ដំណើរការកសាងលទ្ធិសង្គមនិយម តាមលក្ខណៈពិសេសដោយឡែករបស់ប្រទេសចិន។ ទ្រឹស្តីបានចាប់ផ្តើមធ្វើកំណែទម្រង់ដ៏សំខាន់មួយ ដែលជាដើមឫសនៃជោគជ័យនៃសេដ្ឋកិច្ចចិនរហូតមកទល់នឹងពេលសព្វថ្ងៃ ដោយអនុញ្ញាតឱ្យបើកមានរបបកម្មសិទ្ធិឯកជនត្រូវបានបង្កើតឡើងវិញយ៉ាងពេញលេញ ហើយប្រជាកសិករចិនមានសិទ្ធិពេញលេញក្នុងការធ្វើកសិកម្មជាលក្ខណៈជន ហើយអាចយក ផលដែលផលិតបានទៅលក់នៅលើទីផ្សារ នៅក្នុងតម្លៃដែលកំណត់ដោយការព្រមព្រៀង រវាងអ្នកទិញ និងអ្នកលក់ ស្របទៅតាមយន្តការនៃទីផ្សារសេរី។
ដូចនឹងគំនិតរបស់លោក តេង ស៊ាងពីងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានមើលឃើញថា មនោគមវិជ្ជានយោបាយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាកំណែមានគំនិតកំណែទម្រង់រដ្ឋចិនបច្ចុប្បន្ននៅតែរក្សាគោលការណ៍នេះដដែល ដោយមានទស្សនថា គ្មានមិត្តគ្មានសត្រូវ គឺមានតែផលប្រយោជន៍។
ផ្ទុយពីចិន ចំពោះសហរដ្ឋអាម៉េរិកវិញ ក្រោយការបង្រួបបង្រួមប្រទេសក្រោយសង្គ្រាមលោកលើកទីមួយ និងលោកលើកទីពីរ ឯកឧត្តមបណ្ឌិតសភាចារ្យបានមើលឃើញថា អាម៉េរិកតែងតែប្រកាន់ភ្ជាប់នូវមនោគមន៍វិជ្ជានយោបាយលទ្ធិប្រជាធិបតេយ្យ កម្លាំងយោធា ការបង្គាប់បញ្ជា បង្កើតសម្ព័ន្ធមិត្ត ដើម្បីដណ្តើមអំណាចខាងភូមិសាស្រ្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា អ្នកណាធ្វើតាមអាម៉េរិក អ្នកនោះគឺមិត្ត។ ប្រសិនបើមិនធ្វើតាមអាមេរិក គឺអ្នកនោះជាសត្រូវរបស់អាមេរិក។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានក្រើនរម្លឹកសាធារណជនថា ខ្មែរមិនត្រូវលង់លក់នឹងមនោគមន៍វិជ្ជានយោបាយរបស់មហាអំណាចណាមួយជាដាច់ខាត ជៀសវាងដើរជាន់ដានប្រវត្តិសាស្រ្តកាលពីសម័យដើម ជាពិ សេសគឺ ក្នុងអំឡុងទស្សវត្សរ៍ទី ៧០ ដែលនាំឱ្យខ្មែរវិនាសស្ទើរគ្រប់វិស័យ។ បច្ចុប្បន្ននេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បញ្ជាក់ថា ខ្មែរត្រូវតែពង្រឹងសេដ្ឋកិច្ចខ្លាំង គឺចេះប្រើយុទ្ធសាស្រ្តទំនាក់ទំនង ដើម្បីផលប្រយោជន៍ សន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព។
ដើម្បីឱ្យសេដ្ឋកិច្ចខ្លាំង ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បញ្ជាក់ថា ខ្មែរត្រូវពឹងលើចំណេះដឹងធនធានមនុស្ស គឺមិនអាចពឹងតែលើធនធានធម្មជាតិមួយប៉ុណ្ណោះទេ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឧទាហរណ៍ជាគំរូ ដូចជា ជប៉ុន សិង្ហបុរី តៃវ៉ាន់ និងកូរ៉េខាងត្បូងដែលពឹងលើចំណេះដឹងធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានចីរភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា៖«បច្ចុប្បន្ន កម្ពុជាស្ថិតនៅក្នុងចន្លោះធំពីរដូចក្នុងទស្សវត្សរ៍ទី៧០ ដូចនេះកម្ពុជាត្រូវការសន្តិភាព និងការអភិវឌ្ឍន៍។ គ្មានសង្គមណា គ្មានពេលវេលាណាដែលកម្ពុជាមានការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្នឡើយ។ បើមានផលប្រយោជន៍ ខ្មែរនឹងធ្វើ។ បើត្រូវការខ្មែរ មហាអំណាចទាំងអស់ត្រូវដាក់វិនិយោគមកកម្ពុជាឱ្យបានច្រើនជាងមុន»។
គួរបញ្ជាក់ថា កិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក មានគោលបំណង គឺដើម្បីរួមចំណែកបកស្រាយពីមូលហេតុ និងគោលបំណង នៃការប្រឈមមុខដាក់គ្នាខាងភូមិ សាស្ត្រនយោបាយរវាងមហាអំណាចទាំងពីរគឺចិន និងសហរដ្ឋអាម៉េរិក និងផលវិបាកនានាដែលអាចកើតមានពីការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ។
កិច្ចពិភាក្សាតុមូលនេះមានការអញ្ជើញចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនដែលជាអ្នកវិទ្យាសាស្រ្តនយោបាយ អ្នកប្រវត្តិសាស្ត្រ និងអ្នកសារព័ត៌មានដែលពិសោធន៍លើភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិកចំនួន ៥នាក់ រួមមាន៖
១. លោកសាស្ត្រាចារ្យបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ
២. លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ប្រចាំប្រទេសកម្ពុជា
៣. ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
៤. ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
៥. ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ជាអ្នកសម្របសម្រួលកម្មវិធី៕
RAC Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ស្អែក។ កិច្ចពិភាក្សាតុមូលនេះនឹងប្រព្រឹត្តិទៅនៅក្នុងសាលមហោស្រពអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចពិភាក្សាតុមូលនេះមានគោលបំណង គឺដើម្បីរួមចំណែកបកស្រាយពីមូលហេតុ និងគោលបំណង នៃការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រ នយោបាយរវាងមហាអំណាចទាំងពីរគឺចិន និងសហរដ្ឋអាម៉េរិក និងផលវិបាកនានាដែលអាចកើតមានពីការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ។
កិច្ចពិភាក្សាតុមូលដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះមានការអញ្ជើញចូលរួមពីវាគ្មិនដែលជាអ្នកវិទ្យាសាស្រ្តនយោបាយ អ្នកប្រវត្តិសាស្ត្រ និងអ្នកសារព័ត៌មានដែលពិសោធន៍លើភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិកចំនួន៤នាក់ រួមមាន៖
១. លោកសាស្ត្រាចារ្យបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ
២. លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ប្រចាំប្រទេសកម្ពុជា
៣. ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
៤. ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងទិដ្ឋភាពប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត នយោបាយ គេបានសង្កេតឃើញថា ការប្រជែងឥទ្ធិពលអំណាចរវាងប្លុកពីរ គឺប្លុកសង្គមនិយម និងប្លុកមូលធននិយម និងតំបន់ឥណ្ឌូចិនមិនមែនជារឿងថ្មីនោះទេ ពោលគឺរវាង សូវៀត និងអាម៉េរិកបានប្រជែងឥទ្ធិពលគ្នាជាច្រើនទសវត្សរ៍មកហើយ។ ការប្រជែងឥទ្ធិពលរបស់ពួកគេបានធ្វើប្រទេសនៅក្នុងតំបន់រួមទាំងកម្ពុជាផងបានជួប ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ការប្រជែងឥទ្ធិពលរបស់ចិន និងអាម៉េរិកពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៨០ បានធ្វើឱ្យកម្ពុជាជួបវិបត្តិវិនាសកម្មដែលបានបង្សល់ទុកស្លាកស្នាមប្រវត្តិសាស្រ្តពុំអាចបំភ្លេចបាន។ នៅក្នុងសតវត្សរ៍ទី២១ថ្មីនេះ កម្ពុជាដែលជាប្រទេសក្នុងតំបន់ឥណ្ឌូចិន និងធ្លាប់ជាជនរងគ្រោះដោយសារការប្រជែងនេះពីអតីតកាលត្រូវបានគេមើលឃើញក្លាយទៅជាទីលាននៃការប្រជែងឥទ្ធិពលរបស់ចិន និងអាម៉េរិកបែបថ្មីផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Fresh News ថា៖«កិច្ចពិភាក្សានៅថ្ងៃស្អែក គឺជាសារមួយដើម្បីពញាក់អាម្មណ៍ដល់អ្នកនយោបាយ និងយុវជនកម្ពុជារៀបចំលក្ខណៈសម្បត្តិធ្វើយ៉ាងកុំឱ្យក្លាយខ្លួនទៅជាសាច់ដែលគេកាប់ចិញ្ច្រាំដូចអតីតកាលបន្តទៅទៀត ជាពិសេសត្រូវរកវិធី ដើម្បីគេចចេញពីការប្រជែងដែលងាយនាំដល់គ្រោះថ្នាក់សម្រាប់កម្ពុជា»៕
RAC Media | រឿន ភារុន
ផ្តែរទ្វារប្រាសាទឯកភ្នំ តួប៉មកណ្តាល អំពី «ចម្លាក់រឿងកូរសមុទ្រទឹកដោះ»
តាមប្រវត្តិសាស្រ្តនៅដើមសតវត្សទី១១ ក្រោយការប្រកួតប្រជែងប្រហែល ៩ឆ្នាំ ព្រះបាទសូរ្យវរ្ម័នទី១ បានទទួលជ័យជំនៈលើគូប្រជែង គឺព្រះបាទជ័យវីរវរ្ម័ន។ ព្រះអង្គបានគ្រងរាជ្យជាស្តេចនៃកម្ពុជទេសដោយគង់នៅរាជធានីយសោធរ (អង្គរ)។ គេអាចចាត់ទុកព្រះបាទសូរ្យវរ្ម័នទី១ថាជាព្រះរាជាសំខាន់មួយអង្គក្នុងប្រវត្តិសាស្រ្តអង្គរ ហើយក៏ជាព្រះរាជាដែលគ្រងរាជ្យសម្បត្តិរហូតជិត៥០ឆ្នាំ (គ.ស ១០០២-១០៥០)។ ក្នុងរាជនេះកម្ពុជទេសមានវិសាលភាំពធំធេងជាងពេលមុនៗ រីឯឥទ្ធិពលកម្ពុជទេសនាពេលនោះក៏ផ្សព្វផ្សាយទៅហួសពីរាជអំណាចដែលព្រះបាទសូរ្យវរ្ម័នទី១បានកាន់កាប់ទៅទៀត។
ក្នុងការគ្រងអំណាចរាជសម្បត្តិដ៏យូរនោះ ព្រះបាទសូរ្យវរ្ម័នទី១បានបំពេញនូវបូជនីយកិច្ចដឹកនាំនិងគ្រប់គ្រងជាតិទៅតាមយុទ្ធសាស្រ្តដោយឡែកមួយរបស់ទ្រង់៖
ទី១. ការបង្រួបបង្រួមឱ្យមានឯកភាពផ្ទៃក្នុងនិងការគាំទ្រដោយភាពស្មោះភក្តីបំផុតពីមន្រ្តីកំពូលៗក្នុងរាជការនិងពីប្រជានុរាស្រ្ត
ទី២. ការគោរពនិងអនុវត្តន៍គោលនយោបាយទឹកដោយបានស្ថាបនាបារាយណ៍មន្ទាកិណី ឬ កម្ពុជក្សតីថ៌ (បារាយខាងលិច ឬ ទឹកថ្លា) ដែលមានទំហំធំជាងគេបង្អស់នៅអង្គរដើម្បីពង្រីកវិសាលភាពកសិកម្មសម្រាប់ការពង្រឹងសេដ្ឋកិច្ចអង្គរ
ទី៣. ការស្តារ ជួសជុលនិងសាងសង់បន្ថែមលើសំណង់ធារាសាស្រ្តព្រមទាំងប្រាសាទក្នុងរាជ្យមុនៗ និង
ទី៤. ស្ថាបនាប្រាសាទធំៗទាំងនៅក្នុងរាជធានីនិងនៅតំបន់ភាគខាងលិច ខាងកើត និងភាគខាងត្បូងប្រទេស។ នេះជាការបង្ហាញពីការពង្រីកវាតរាជអំណាចរបស់ទ្រង់ឱ្យទៅដល់គ្រប់ទីកន្លែង។ នៅក្រោមរាជ្យនេះហើយដែលវិស័យកសិកម្មព្រមទាំងសហគមន៍មនុស្សបានរីកចម្រើនឡើងខ្លាំងនៅតំបន់ទឹកដីខេត្តបាត់ដំបងសព្វថ្ងៃ។ ការវាតទីនៃរាជអំណាចរបស់ព្រះបាទសូរ្យវរ្ម័នទី១ ក៏បានលាតសន្ធឹងហួសពីដែនដីនៃកម្ពុជទេសនាពេលនោះ ឆ្ពោះទៅដល់ភូមិភាគខាងជើងនៃប្រទេសថៃសព្វថ្ងៃផង។
ប្រាសាទបុរាណសំខាន់ៗលេចធ្លោកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដែលបន្សល់ទុកនៅក្នុងខេត្តបាត់ដំបង មានដូចជា៖
១. ប្រាសាទឯកភ្នំ (នរេន្ទ្រគ្រាម “ភូមិរបស់ព្រះរាជា”)
២. ប្រាសាទបាសែត ឬ ប្រសិទ្ធី (ស្រីជ័យក្សេត្រ “ដែនដីនៃជ័យជំនៈ”)។
ប្រាសាទទាំងពីរខាងលើនេះ ត្រូវបានស្ថាបនាសម្រាប់តម្កល់សិវលិង្គ «ស្រីសូរ្យវឫស្វរៈ» ជាលិទ្ធិទេវរាជតំណាងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី១ និង
៣. ប្រាសាទស្នឹង ។
៤. ក្រៅពីស្នាដៃសំខាន់ៗទាំងនេះ ប្រាសាទបាណន់ ជាប្រាសាទដ៏សំខាន់មួយផ្តើមកសាងនៅក្នុងរជ្ជកាលនៃព្រះរាជាសោយរាជ្យបន្តពីព្រះបាទសូរ្យវរ្ម័នទី១ គឺព្រះបាទឧទយាទិត្យវរ្ម័នទី២ ជាបុត្រារបស់ព្រះបាទសូរ្យវរ្ម័នទី១។
តាមការសិក្សាបឋមរបស់ក្រុមការងារស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្ដមបណ្ឌិត ជូ ច័ន្ទដារី ដោយផ្អែកលើសមិទ្ធផលជាស្នាដៃធំៗជាច្រើន ដូចជា ប្រាសាទបុរាណ ប្រព័ន្ធធារាសាស្រ្ត សិលាចារឹកដែលចារឡើងតាំងពីមុនឡើងគ្រងរាជ្យ និងចារដោយព្រះរាជាក្រោយៗមកទៀតជាដើម គឺបានបង្ហាញឱ្យឃើញថា រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ជាសម័យកាលរុងរឿងខ្លាំងណាស់ ម្យ៉ាងរាជអំណាចនៃព្រះរាជាខ្មែរអង្គនេះ លាតសន្ធឹងធំធេងនិងល្បីរន្ទឺទៅដល់ប្រទេសជិតខាង។ ទោះបីយ៉ាងណា រហូតមកដល់ពេលនេះ ព្រះកិត្តិនាមរបស់ទ្រង់ ក៏មិនសូវបានគេស្គាល់ច្បាស់លាស់នៅឡើយ។ នៅក្នុងឯកសារប្រវត្តិសាស្រ្តជាច្រើន ក៏មាននិយាយតិចតួច ហើយហាក់មិនទាន់មានភាពច្បាស់លាស់ ព្រមទាំងពុំទាន់មានការឯកភាពគ្នាជាច្រើនចំណុចអំពីប្រវត្តិនៃព្រះបាទសូរ្យវរ្ម័នទី១នេះ។
គួរបញ្ជាក់ដែរថា ក្រុមការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការីពីររូប មានលោកបណ្ឌិត ចាន់ ប៊ុន្នី អ្នកឯកទេសខាងប្រវត្តិសាស្ត្រ និង លោក ហៀង លាងហុង អ្នកឯកទេសខាងវប្បធម៌ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាប់សិក្សាស្រាវអំពីសមិទ្ធផល ដែលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១នៅក្នុងទឹកដីខេត្តបាត់ដំបង តាំងពីឆ្នាំ២០១៩ មកម្លេះ ដើម្បីធ្វើការផ្ទៀងផ្ទាត់និងពិនិត្យឡើងវិញនូវសមិទ្ធផលលេចធ្លោសំខាន់ៗក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បន្សល់ទុករហូតបច្ចុប្បន្ន។ ការសិក្សានេះ ផ្តោតជាសំខាន់លើ ៣ចំណុច គឺ ទី១. សិក្សាពីលក្ខណៈរចនាបថសិល្បៈនិងស្ថាបត្យកម្មសំណង់ប្រាសាទ ២. បច្ចុប្បន្នភាពនៃការអភិរក្សនិងការគ្រប់គ្រង និង ៣. សក្តានុពលនៃប្រាសាទបុរាណក្នុងការប្រើប្រាស់សម្រាប់វិស័យទេសចរណ៍។
បន្ថែមលើសពីនេះ លទ្ធផលពីការសិក្សាស្រាវជ្រាវនេះនឹងត្រូវប្រើប្រាស់សម្រាប់ការវិភាគស្វែងយល់ឱ្យបានច្បាស់លាស់ ដើម្បីចងក្រងជាឯកសារប្រវត្តិសាស្រ្តថ្មីមួយអំពី «រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១» ដោយផ្អែកលើមូលដ្ឋានឯកសារប្រវត្តិសាស្រ្ត សិលាចារឹក រចនាបថសិល្បៈ និងស្ថាបត្យកម្ម ដែលបានផ្សព្វផ្សាយដោយអ្នកស្រាវជ្រាវជាតិ អន្តរជាតិ រួមនឹងលទ្ធផលនៃការសិក្សាថ្មីៗដែលកំពុងធ្វើឡើងនាពេលនេះ៕
ប្រាសាទបាសែត ឬ ប្រសិទ្ធី (ស្រីជ័យក្សេត្រ “ដែនដីនៃជ័យជំនៈ)
ប្រាសាទឯកភ្នំ (នរេន្ទ្រគ្រាម “ភូមិរបស់ព្រះរាជា”)
ប្រាសាទស្នឹងខាងលិច
ប្រាសាទស្នឹងខាងកើត
អគារខេមរវិទូដែលមានទំហំផ្ទៃសរុប ១៦ ១១៨ម៉ែត្រការ៉េសរុបចំនួន ៤ជាន់របស់រាជបណ្ឌិត្យសភាកម្ពុជាដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសាងសង់សម្រេចបានលទ្ធផល៥០ភាគរយ ខណៈការដ្ឋានសំណង់នៅតែបន្តសម្រុកសាងសង់យ៉ាងមមាញឹក ដើម្បីអនុវត្តសម្រេចឱ្យបានរួចរាល់តាមផែនការគ្រោងដោយគ្មានការពន្យា ឬផ្អាកដំណើរការសាងសង់ពីការគំរាមកំហែងដោយជម្ងឺឆ្លងកូវីដ១៩នោះទេ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យតុល្យការ សាងសង់អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញដល់ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ត្រូវសាងសង់អគារធ្វើការងារថ្មីនេះឱ្យបានទាន់ពេលវេលា និងធានាបានភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ឱ្យមានគុណភាពសុវត្ថិភាពរឹងមាំខ្ពស់។
សំណង់អគារខេមរវិទូ ត្រូវបានរចនាឡើងដោយក្រុមស្ថាបត្យករ និងវិស្វករ ដោយយកលំនាំតាមរចនាបទខ្មែរបែបទំនើប ដោយបង្កប់នូវមូលដ្ឋាននៃឧត្តមភាពស្ថាបត្យកម្មសំខាន់ៗ និងទស្សនវិជ្ជាដូចខាងក្រោម៖
ប្លង់ស្ថាបត្យកម្មអគារខេមរវិទូ បង្កើតឡើងដោយឈរលើទស្សនៈលោកធាតុទាំង៤ និងសាងសង់តាមបែបប្រាសាទភ្នំ មានទំហំផ្ទៃសរុប ១៦ ១១៨ម៉ែត្រការ៉េ មានសរុបចំនួន ៤ជាន់។ ស្ថាបត្យកម្មអគារខេមរវិទូ បានប្រតិស្ថឡើងក្រោមស្មារតីនៃដួងព្រលឹងរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយផ្តើមចេញពីការកំណត់មាត្រដ្ឋានដែលមាន៧ខ្នាតសម្រាប់គណនារាល់ប្រវែង និងសមាមាត្រគ្រប់បែបយ៉ាងនៃសំណង់នេះ។ លេខ៧ នេះ សម្រាប់ឧទ្ទិសថ្វាយចំពោះព្រះបាទជ័យវរ្ម័នទៅ៧ ហើយក៏សម្រាប់អរិយទ្រព្យទាំង៧ និងសញ្ញាខន្ធទាំង៧នៅក្នុងព្រះពុទ្ធសាសនា។
ប្លង់អគារមានរាងចតុកោណកែង ត្រូវបានប្រើប្រាស់ខ្យល់ និងពន្លឺធម្មជាតិ តាមរយៈការបើកលំហរួម និងមានការកំណត់នូវលំហរួមតាមវិទ្យាស្ថាន និងមានច្រកចេញចូលព្រមទាំងជណ្តើរជើង និងជណ្តើរយន្តគ្រប់ជាន់។ បច្ចេកទេសវិស្វកម្ម សាងសង់ឡើងដោយច្របាច់ដោយមានប្រព័ន្ធទឹកភ្លើង និងប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ដោយប្រើប្រាស់បច្ចេកទេសថ្មីនិងមានប្រសិទ្ធភាពបំផុត។
គួរបញ្ជាក់ថា អគារខេមរវិទូដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ប្រើប្រាស់បម្រើការងារដល់វិស័យស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជាត្រូវបានចុះក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧៕
RAC Media| រឿន ភារុន
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM