Royal Academy of Cambodia
ពិភពលោកកំពុងតែឈានចូលដល់ទសវត្សរ៍ថ្មីមួយ ហើយប្រធានបទមួយដែលអ្នកសិក្សាស្រាវជ្រាវនៅលើពិភពលោកលើកយកមកពិភាក្សាគឺ អនាគតរបស់ចិននិងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃទៀត។ ឥទ្ធិពលរបស់ចិននៅកម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ ជាពិសេសកាលណាគេនិយាយពីការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងកិច្ចសហប្រតិបត្តិការយោធា ហើយវាក៏បណ្ដាលឱ្យមានភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក ដែលមានការអាក់អន់ចិត្តចំពោះវត្តមានចិននៅកម្ពុជា។ ការឆ្លុះបញ្ចាំងពីនិន្នាការនេះ និងសំណួរដែលសួរថា តើបញ្ហាប្រឈមបែបណាដែលអាចនឹងបង្ហាញឱ្យឃើញនៅទសវត្សរ៍ខាងមុខនេះ គឺជាចំណោទបញ្ហានៃអត្ថបទវិភាគខ្លីនេះ។
ទំនាក់ទំនងរវាងចិននិងកម្ពុជាកើតមានឡើងតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ ហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ផលប្រយោជន៍ភូមិសាស្រ្តនយោបាយរបស់ចិននៅក្នុងប្រទេសកម្ពុជាបានផ្លាស់ប្ដូរយ៉ាងខ្លាំងក្រោយសង្រ្គាមត្រជាក់បានបញ្ចប់។ ទំនាក់ទំនងនេះបន្សល់ទុកនូវឥទ្ធិពលជាច្រើន ដែលអាចឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ មន្រ្តីជាន់ខ្ពស់ជាច្រើនរូបនៅក្នុងរដ្ឋាភិបាលកម្ពុជា និងសហគមន៍ជនជាតិចិននៅក្នុងប្រទេសកម្ពុជាជាមួយប្រទេសចិន។ មានការផ្លាស់ប្ដូរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់រវាងប្រទេសទាំងពីរត្រូវបានធ្វើឡើងយ៉ាងទៀតងទាត់។ ប្រទេសចិនបានផ្ដល់នូវជំនួយទេ្វភាគី ហើយការតភ្ជាប់សេដ្ឋកិច្ចបានបន្តរីកចម្រើនជាលំដាប់។
កម្ពុជានិងចិនបានមានទំនាក់ទំនងនយោបាយនិងកិច្ចសហប្រតិបត្តិការយោធាយ៉ាងរឹងមាំ។ នៅក្នុងឆ្នាំ២០០៦ ប្រទេសទាំងពីរបានព្រមព្រៀងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់ខ្លួននៅក្នុងកម្រិតជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយបានធ្វើឱ្យក្លាយជាដៃសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅក្នុងឆ្នាំ២០១០។ ជាងនេះទៅទៀង ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើ «ផែនការសកម្មភាព ឆ្នាំ២០១៩-២០២៣ ស្ដីអំពីការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន» នៅក្នុងខែមេសា ឆ្នាំ២០១៩។ ក្រោមផែនការសកម្មភាពនេះ ប្រទេសទាំងពីរបានប្ដេជ្ញាក្នុងដាក់ចេញនូវវិធានការណ៍ចំនួន៣១លើវិស័យសំខាន់ៗចំនួនប្រាំ គឺនយោបាយ, សន្ដិសុខ, សេដ្ឋកិច្ច, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, និងកិច្ចសហប្រតិបត្តិការពហុភាគី។ ទោះបីជាយ៉ាងណា ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចត្រូវបានបិទបាំងដោយរបៀបវារៈនៃការអភិវឌ្ឍន៍។ ចាប់តាំងពីការចាប់ផ្តើមនៃ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» នៅចុងឆ្នាំ ២០១៣មក ប្រទេសចិនបានដើរតួប្រកបដោយឥទ្ធិពលនៅក្នុងប្រទេសកម្ពុជាដោយប្រើប្រាស់របៀបវារៈនៃការអភិវឌ្ឍជាឧបករណ៍។
ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុង «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» របស់ចិន ដោយជឿថា កាលានុវត្តភាពនៃការអភិវឌ្ឍដែលកើតចេញពីគំនិតផ្ដួចផ្ដើមនេះគឺវាមានភាពធំធេងណាស់។ ជាក់ស្តែង ត្រឹមចុងឆ្នាំ២០១៧ ផ្លូវថ្នល់ប្រវែងជាង ២,០០០គីឡូម៉ែត្រ ស្ពានចំនួនប្រាំពីរ និងចំណតផ្ទុកកុងទ័រន័រថ្មីមួយនៅកំពង់ផែស្វ័យតក្រុងភ្នំពេញត្រូវបានសាងសង់ឡើងក្រោមការឧត្ថម្ភរបស់ចិន។ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង អាកាសយានដ្ឋានអន្តរជាតិខេត្តកណ្ដាល ដែលគិតជាទឹកប្រាក់សរុបប្រមាណជិត៣ពាន់លានដុល្លារអាម៉េរិកត្រូវបានអនុម័ត។ កាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានតម្លៃជាង២ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ក៏ត្រូវបានសាងសង់ដោយក្រុមហ៊ុនរដ្ឋចិន «China Communications Construction Company» ផងដែរ។ ចំណែកនៅក្នុងវ័ស័យថាមពលវិញ រោងចក្រវារីអគ្កិសនីក្នុងទំហំទឹកប្រាក់ជាង ៧.៥ពាន់លានដុល្លារ និងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មមានតម្លៃ៤ពាន់លានដុល្លារត្រូវបានវិនិយោគ ខណៈដែលគម្រោងលើវិស័យកសិកម្មនិងកសិ-ឧស្សាហកម្មចំនួន២១ កំពុងតែធ្វើប្រតិបត្តិការផងដែរ។
ប្រទេសចិនក៏បានវិនិយោគក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ដែលបានទាក់ទាញក្រុមហ៊ុនជាង១០០ក្រុមហ៊ុនពីប្រទេសចិននិងប្រទេសដទៃទៀត ដែលមានការវិនិយោគសរុបជាង ៣ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០១៧ ហើយបានបង្កើតការងារជិត ២០,០០០ កន្លែងដល់សហគមន៍ក្នុងតំបន់។ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុគ្រោងបង្កើតឱ្យមានរោងចក្រចំនួន៣០០ នៅត្រឹមឆ្នាំ២០២០។ ជាងនេះទៅទៀត ក្នុងវិនិយោគរបស់ចិននៅក្នុងឧស្សាហកម្មវាយណភណ្ឌនិងសម្លៀកបំពាក់ក៏បានចូលរួមចំណែកយ៉ាងសំខាន់ចំពោះការអភវិឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា តាមរយៈការបង្កើតឱកាសការងារដល់កម្មករកម្ពុជាជិតមួយលាននាក់។
យោងតាមស្ថិតិដោយចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ការវិនិយោគសរុបដោយផ្ទាល់ពីបរទេស (FDI) បានអនុម័តពីឆ្នាំ១៩៩៤-២០១៩ ទំហំវិនិយោគធំបំផុតគឺរបស់ប្រទេសចិន (២១.៨១%) ដែលនៅឆ្នាំដំបូងៗគឺជាប្រភពនៃការវិនិយោគចធំៗក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការអភិវឌ្ឍជាធនធាន រួមមានការវិនិយោគលើការដាំកៅស៊ូនិងវិស័យទេសចរណ៍។ ក្នុងឆ្នាំ២០១៩ ការអនុម័តលើការវិនិយោគបានឈានដល់ ៩.៤០ពាន់លានដុល្លារ ដែលក្នុងនោះចិនបានវិនិយោគដល់ទៅ ២.៧៥ពាន់លានដុល្លារ។ ចិនក៏បានសន្យាជំរុញដល់ពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ហើយក៏នឹងលើកទឹកចិត្តឱ្យមានចរន្តវិនិយោគចិនកាន់តែច្រើនមកកាន់កម្ពុជា។
ត្រឹមឆ្នាំ២០១៧ ប្រទេសកម្ពុជាបានទទួលជំនួយអភិវឌ្ឍផ្លូវការ (ODA)ប្រមាណជា ៤.២ពាន់លានដុល្លារសហរដ្ឋអាម៉េរិកពីប្រទេសចិនក្នុងទម្រង់ជំនួយឥតសំណងនិងជាហិរញ្ញប្បទ្បានអនុគ្រោះ។ ជំនួយអភិវឌ្ឍផ្លូវការនេះមានគោលដៅផ្ដោតលើហេដ្ឋរចនាសម្ព័ន្ធរូបវន្ត, កសិកម្ម, សុខាភិបាល និងអប់រំ។ ប្រទេសចិនក៏ជាប្រភពចម្បងនៃបំណុលសាធារណៈក្រៅប្រទេស (Public external debt) របស់ប្រទេសកម្ពុជាផងដែរ។ គិតត្រឹមឆ្នាំ២០១៧ បំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាមានដល់ទៅ ៩.៦ ពាន់លានដុល្លារ ដែលក្នុងនោះ ៤២% ជាបំណុលរបស់ចិន។ ចិនបានសន្យាផ្ដល់ជំនួយឥតសំណងជាទឹកប្រាក់ប្រមាណ៦០០លានដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំគិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
ចំណែកក្នុងវិស័យទេសចរណ៍វិញ ក្រុមហ៊ុនអាកាសចរណ៍ចំនួន១៥កំពុងប្រតិបត្តិការយ៉ាងទៀងទាត់រវាងកម្ពុជា-ចិន។ ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០១៩ កម្ពុជាបានទទួលភ្ញៀវទេសចរចិន ១.៨៦៤.៩៥៦ លាន់នាក់ ហើយរំពឹងថា ភ្ញៀវទេសចរចិននឹងកើនដល់២លាននាក់ត្រឹមឆ្នាំ២០២០។ ទោះយ៉ាងណា ដោយសារតែជំងឺ Covid-19 ចំនួនភ្ញៀវទេសចរចិនក្នុងរយៈពេល២ខែដំបូងក្នុងឆ្នាំ២០២០ បានថយចុះគួរឱ្យកត់សម្គាល់។
ក្នុងវិស័យអប់រំ ពីឆ្នាំ២០០៤ ដល់២០១៧ ចិនបានផ្ដល់អាហារូបករណ៍ជាង១០០០កន្លែងដល់សិស្ស-និស្សិតកម្ពុជាដើម្បីបន្តការអប់រំរបស់ពួកគេនៅក្នុងប្រទេសចិន ហើយសិក្ខាកាមជាង៧០០នាក់សម្រាប់ការបណ្ដុះបណ្ដាលរយៈពេលខ្លី បូករួមទាំងកម្មវិធីផ្លាស់ប្ដូរជាច្រើនទៀតនៅក្នុងផ្នែកវប្បធម៌ មន្រ្តីរាជការ ប្រព័ន្ធផ្សព្វផ្សាយ យុវជន និងសិក្សាស្រាវជ្រាវដោយទទួលបានការគាំទ្រជាថវិកាពីរដ្ឋាភិបាលចិន។
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលដោយគ្រោងឡើងតែមួយយប់ទៅកាន់ប៉េកាំងប្រទេសចិន ក្នុងអំឡុងពេលមានការផ្ទុះរាលដាលមេរោគកូរូណានៅក្នុងប្រទេសចិន។ តាមពិត សម្ដេច ហ៊ុន សែន ដើមឡើយចង់ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវូហាន ដែលជាទីក្រុងត្រូវដាក់ឃុំដាច់ដោយឡែកនៅពេលផ្ទុះរាលដាលមេរោគកូរូណា។ លោកប្រធានាធិបតី Xi បានប្រាប់ដល់សម្ដេច ហ៊ុន សែន នៅក្នុងជំនួបសវនាការថា មិត្តល្អជួយគ្នាក្នុងគ្រាក្រ ខណៈដែលប្រជាជនកម្ពុជាបានឈរនៅជាមួយប្រជាជនចិននៅក្នុងកាលៈទេសៈដ៏ពិសេសនេះ។ នៅក្នុងសាវនាការនេះដែរ ភាគីទាំងពីរបានឯកភាពគ្នាដើម្បីបន្តការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់នៅក្នុងឆ្នាំ២០២០ ហើយនឹងបន្តលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិនក្នុងកម្រិតខ្ពស់ថ្មីមួយទៀត។
ជាមួយនឹងទំនាក់ទំនងជាពិសេសជាមួយចិន កម្ពុជាត្រូវបានគេមើលឃើញថា ហាក់ដូចជាពឹងផ្អែកជ្រុលលើប្រទេសចិនទាំងសេដ្ឋកិច្ចនិងនយោបាយ ហើយទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយប្រទេសមហាអំណាចពិភពលោកដទៃទៀតមានភាពស្រពេចស្រពិល ជាពិសេសជាមួយសហរដ្ឋអាម៉េរិកនិងសហភាពអឺរ៉ុប។ បញ្ហាសមុទ្រខាងត្បូងតែងតែជាជារបៀបវារៈចម្បងមួយក្នុងកិច្ចប្រជុំកំពូលនិងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗរបស់អាស៊ាន ហើយកម្ពុជាតែងត្រូវបានចោទប្រកាន់ថាបានងាកទៅប្រទេសចិនខ្លាំងដោយសារតែនៅក្នុងឆ្នាំ២០១២ សេចក្ដីថ្លែងការណ៍រួមមិនអាចចេញរួចនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី២។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏ត្រូវបានចោទប្រកាន់ថាបានចុះហត្ថលេខាដោយសម្ងាត់ជាមួយចិនដោយអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកផ្ដាច់មុខនៅកម្ពុជាផងដែរ។ ព័ត៌មាននេះត្រូវបានបង្ហាញចេញដោយប្រព័ន្ធផ្សព្វផ្សាយនិងអ្នកការទូតបស្ចិមប្រទេសមួយចំនួន។ មន្រ្តីរបស់សហរដ្ឋអាម៉េរិកតែងតែបង្ហាញកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងវត្តមានយោធាបរទេសនៅក្នុងប្រទេសកម្ពុជា ដោយសំដៅទៅលើប្រទេសចិន។ ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាតែងតែបដិសេធចំពោះការចោទប្រកាន់ និងថ្លែងថាជាព័ត៌មានក្លែងក្លាយនិងគ្មានមូលដ្ឋានច្បាស់លាស់។
ការវិនិយោគនិងជំនួយអភិវឌ្ឍរបស់ចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនិងផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ ទោះយ៉ាងណា ក៏មានហានិភ័យនិងកង្វល់ផងដែរ ដែលកម្ពុជាត្រូវពិចារណាឱ្យបានម្មត់ចត់នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ដើម្បីធានានូវបានសមិទ្ធផលឈ្នះឈ្នះក្នុងរយៈពេលយូរអង្វែង។ គុណភាព, គណនេយ្យភាព, តម្លាភាពនិងនិរន្តភាពនៃការវិនិយោគ, និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ចិន, បំណុលដែលកម្ពុជាជំពាក់ចិន, កង្វះខាតនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម, វិធានការណ៍សុវត្ថិភាពនៃគម្រោងវិនិយោគរបស់ចិន និងភាពពឹងផ្អែកនៃសេដ្ឋកិច្ចរបស់កម្ពុជាទៅលើចិន គឺសុទ្ធតែជាហានិភ័យនិងកង្វល់ចម្បងៗដែលត្រូវបានលើកឡើងដោយអង្គការក្រៅរដ្ឋាភិបាលនិងសង្គមស៊ីវិលមួយចំនួន។ ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាតែងតែងអះអាងថា រាល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការវិនិយោគរបស់ចិនបានធ្វើឡើងក្នុងលក្ខណៈមួយដែលមានតម្លាភាព បើកចំហ និងបរិយាប័ន្ន ហើយបំណុលរបស់ចិនគឺនៅអាចគ្រប់គ្រងបាន។
សរុបមក កម្ពុជានិងចិនមានទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខរឹងមាំ ហើយប្រទេសទាំងពីរអាចបន្តភាពរីកចម្រើននេះច្រើនឆ្នាំទៅមុខទៀត។ ក្រោម «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» បច្ចុប្បន្នចិនគឺជាដៃគូសេដ្ឋកិច្ចនិងយុទ្ធសាស្រ្តដ៏សំខាន់បំផុតមួយរបស់កម្ពុជាលើផ្នែកពាណិជ្ជកម្ម វិនិយោគ និងជំនួយអភិវឌ្ឍន៍។ ទោះជាយ៉ាងណា គម្រោងនៃ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» នៅក្នុងប្រទេសកម្ពុជាអាចប្រែក្លាយកាលានុវត្តភាពទៅជាបញ្ហាប្រឈមនិងហានិភ័យប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនបានយកពិចារណាឱ្យបានស៊ីជម្រៅ។ ដូច្នេះ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពស្ថាប័ន អភិបាលកិច្ច ការដឹកនាំ និងធនធានមនុស្ស ក៏ដូចជាកែលម្អនិងរៀបចំក្របខណ្ឌច្បាប់និងគោលនយោបាយចាំបាច់នានា និងអនុវត្តឱ្យតឹងរ៉ឹងក្នុងការអនុវត្តគម្រោងនៃ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» នេះ។ កម្ពុជានិងចិនត្រូវតែលើកកម្ពស់តម្លាភាពនិងការបើកចំហរ ដើម្បីធានាបាននូវការដេញថ្លៃដោយត្រឹមត្រូវ, ការប្រព្រឹត្តិទៅប្រកបដោយទំនួលខុសត្រូវ, និងការបែងចែផលចំណេញក្នុងគម្រោងវិនិយោគ ក៏ដូចជាគុណភាពនៃគម្រោង គណនេយ្យភាពនិងនិរន្តភាព និងការផ្ទេរចំណេះដឹងនិងបច្ចេកវិទ្យាពីក្រុមហ៊ុនចិនមកឱ្យក្រុមហ៊ុនក្នុងស្រុកផងដែរ។
ជាងនេះទៅទៀត បញ្ហាប្រឈមដ៏ធំមួយនៅទសវត្សរ៍បន្ទាប់នៅក្នុងទំនាក់ទំនងរបស់កម្ពុជា-ចិន គឺបញ្ហាដំណោះស្រាយចំពោះជម្លោះសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រជំហរចិនក្នុងការជំទាស់ទៅនឹងកិច្ចចរចាពហុភាគីទាក់ទងនឹងជម្លោះដែនសមុទ្រចិនខាងត្បូងនេះ ហើយក៏អំពាវនាវឱ្យរដ្ឋដែលពាក់ព័ន្ធបន្តប្រើប្រាស់យន្តការអាស៊ាន-ចិនដោយអនុវត្តដោយពេញលេញនូវសេចក្ដីសេចក្តីប្រកាសប្រតិបត្តិរបស់រដ្ឋភាគីនៅក្នុងសមុទ្រចិនខាងត្បូង(DOC) ហើយអាស៊ាននិងចិនត្រូវធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង(COC)លេចចេញជារូបរាង។ ទោះជាយ៉ាងណា កម្ពុជាគួរប្រឹងប្រែងជាបន្តដើម្បីធ្វើឱ្យមានតុល្យភាពលើទំនាក់ទំនងទ្វេភាគីរបស់ខ្លួន និងកម្មវត្ថុនៃគោលនយោបាយការបរទេសរបស់ខ្លួនចំពោះប្រទេសដទៃផ្សេងទៀតរួមទាំងសហរដ្ឋអាម៉េរិកផង ដើម្បីធ្វើពពិធកម្មលើដៃគូសេដ្ឋកិច្ចនិងដៃគូជាយុទ្ធសាស្រ្ត ក្នុងបុព្វហេតុនៃសន្តិសុខ អធិបតេយ្យភាព និងវិបុលភាពរបស់ខ្លួន៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
ពេលវេលាដែលសមស្របបំផុត ដែលនឹងត្រូវសម្រួលដល់ការដកបម្រាម ឬ វិធានការបិទប្រទេសបិទខេត្ត គឺនៅពេលណាដែលអ្នកវិទ្យាសាស្រ្តរកឃើញ និងប្រកាសដាក់ឱ្យប្រើប្រាស់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាផ្លូវការ ដែលការណ៍នេះ គឺតម្រូវឱ្យមានការរង់ចាំរហូតដល់១៨ខែ ឬលើសពីនោះ។ ក្នុងន័យនេះមានន័យថា បើឆាប់បំផុត គឺ១៨ខែ ដែលរយៈពេលនេះគឺត្រូវអូសបន្លាយរហូតដល់ឆ្នាំក្រោយ។ ចំពោះការដកបម្រាមផ្សេងៗ ដែលរដ្ឋាភិបាលរបស់ប្រទេសនីមួយៗបានដាក់ចេញ គឺប្រហែលជាមិនទាន់ដល់ពេលដែលត្រូវប្រកាសដកនោះទេ។
អ្វីដែលជាក្តីបារម្មណ៍ដ៏សំខាន់ នោះគឺខ្លាចការលាប់មកវិញរបស់អ្នកជំងឺដែលធ្លាប់បានជាសះស្បើយ ហើយអាចបង្កការឆ្លងជាទ្រង់ទ្រាយធំក្នុងសង្គម សហគមន៍ ពិបាកនឹងទប់ស្កាត់ ដែលពេលថ្មីៗនេះទស្សនាវដ្តីពេទ្យ ឈ្មោះ ឡេន សេដ បានបកស្រាយ ពីការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ តាមបែបគណិតវិទ្យា ដែលបានសិក្សាពីលទ្ធផលនៃការរីករាលដាលនៃជំងឺនេះក្នុងប្រទេសចិន។ លទ្ធផលបង្ហាញថា ការដកបម្រាមបិទប្រទេស បិទខេត្តទាំងអស់បានធ្វើឱ្យមានការរីករាលដាលធ្ងន់ឡើងៗជាងលើកទីមួយទៅទៀត។
ចំពោះការដកបម្រាមនៅពេលនេះត្រូវបានគេមើលឃើញថា នៅមិនទាន់ដល់ពេលនៅឡើយទេ ដោយហេតុថាការបិទប្រទេស/ខេត្ត គឺមានរយៈពេលខ្លី ប្រជាជននៅមិនទាន់មានការទម្លាប់ក្នុងការរស់នៅបែបជាគ្រួសារ ដូច្នេះហើយ ឱកាសឆ្លងទៅមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត គឺមានអត្រាខ្ពស់។ នៅពេលបើកប្រទេសជាថ្មី នោះនឹងនាំឱ្យមានការនាំមកនូវជំងឺពីក្រៅចូលមកប្រទេសច្រើនជាងមុនទ្វេដង។ ក្រៅពីនេះ នៅមានករណីអ្នកផ្ទុកជំងឺ ដែលមិនទាន់មានអាការៈបង្ហាញចេញមកក្រៅ ហើយអ្នកទាំងនោះអាចនឹងចម្លងជំងឺទៅអ្នកដទៃដោយមិនដឹងខ្លួន ដែលក្នុងនោះគេអាចធ្វើចំណែកថ្នាក់ជាបីក្រុមដូចជា៖
១. អ្នកផ្ទុកហើយ តែមិនទាន់សម្តែងអាការៈ
២. អ្នកដែលមិនឆ្លងទាល់តែសោះ
៣. អ្នកឆ្លង ហើយត្រូវបានព្យាបាលជាសះស្បើយ ប៉ុន្តែអាចនឹងលាប់ ហើយបង្កការឆ្លងទៅអ្នកដទៃបាន។
សាកល្បងគិតមើលថា ការបិទប្រទេសក្នុងរយៈពេលវែង គឺវែងរហូតដល់មួយឆ្នាំ ឬមួយឆ្នាំកន្លះ គឺជារឿងមួយដែលមិនអាចធ្វើទៅបានទេ។ ក្រៅពីមិនអាចធ្វើទៅបាន ការបិទប្រទេសក្នុងរយៈពេលវែងប្រាកដជាបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងច្រើន ដែលអាចនឹងបង្ករឱ្យសេដ្ឋកិច្ចជាតិធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរទៀតផង។
ក្រោយពីបានឃើញចំពោះករណីនេះហើយ គឺគេអាចស្នើឱ្យរដ្ឋាភិបាល ធ្វើការបើកប្រទេស/ខេត្តវិញដោយសន្សឹមៗ ជៀសវាងបើកឆាប់ពេកដែលអាចនឹងពិបាកក្នុងការទប់ទល់នឹងស្ថានការណ៍។ ហើយការបើកប្រទេសមកវិញក៏ត្រូវធ្វើឡើងឱ្យមានតុល្យភាពរវាងការស្តារឡើងវិញនូវវិស័យសេដ្ឋកិច្ច និងបង្ការមិនឱ្យមានអ្នកផ្ទុកជំងឺថ្មីកើនឡើង។ ដោយ ឡែកសម្រាប់ប្រជាជនខ្លួនឯងផ្ទាល់ម្នាក់ក៏ត្រូវមានការផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅរបស់ខ្លួន ដោយត្រូវទៅណាមក ណា ទោះទីជិត ឬឆ្ងាយ ត្រូវពាក់ម៉ាស់ ឧស្សាហ៍លាងសំអាតដៃ ត្រូវរក្សាគម្លាតពីគ្នាឱ្យបានសមរម្យ ពេលនៅទីប្រ ជុំជន ឬនៅតាមទីដែលមានមនុស្សអ៊ូរអរ និងត្រូវរក្សាទម្លាប់នេះឱ្យបានជាប្រចាំ ដរាបដល់ពេលដែលអ្នកវិទ្យា សាស្រ្តរកឃើញវ៉ាក់សាំងសម្រាប់ការពារកូវិត១៩នេះ។
សម្រាប់ប្រទេសចិន បម្រាបបិទប្រទេស/ខេត្ត មកដល់ពេលនេះគឺជាងបួនខែហើយ ហើយក៏នៅបន្តអនុវត្តនិងតាម ដានសភាពការណ៍ជាប្រចាំ និងមានវិធានការមួយចំនួនបន្ថែមទៀត ដូចជាការប្រើ Application តាមដានតាមខ្លួន និងតាមដានព្យាបាលអាការៈជំងឺ។ ក្រៅពីនោះតាមហាងទំនិញ ក៏ដូចជាការប្រកបរបរផ្សេងៗ គឺតម្រូវឱ្យមានការប្តូរទម្រង់ និងចាត់វិធានការរបស់ខ្លួនដូចជាៈ អតិថិជនទាំងអស់ត្រូវ ពាក់ម៉ាស់ វាស់កំដៅ និងបង្ហាញដល់អាជ្ញធរចំពោះអាការៈរបស់ខ្លួនផងដែរ ព្រោះថាបើមានការលាប់ឡើងវិញជាថ្មីគឺគេអាចនឹងដឹងអត្តសញ្ញាណ និងនាំមកមន្ទីរពេញវិញ ដើម្បីព្យាបាលទាន់ពេល៕
RAC Media
ដោយ៖ ចាន់ វណ្ឌី
(ទីស្តីការក្រសួងទេសចរណ៍)៖ នៅរសៀលថ្ងៃអង្គារ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិភាក្សាការងារសហការរួមគ្នារវាងស្ថាប័នទាំងពីរ និងជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឯកភាពសហការអនុវត្តការងាររួមគ្នាលើចំណុចចំនួន៤រួមមាន៖
១. រៀបចំបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យទេសចរណ៍តាមស្តង់ដារអាស៊ាន ដោយបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា ។ ដំណើរការបណ្តុះបណ្តាលនេះ នឹងអនុវត្តក្រោយពេលកូវីដ១៩ បញ្ចប់។
២. បង្កើតមជ្ឈមណ្ឌល China Ready Centre នៅរាជបណ្ឌិត្យសភាកម្ពុជា។
៣. ស្ថាបន័ទាំងពីរនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
៤. ក្រសួងទេសចរណ៍និងរាជបណ្ឌិត្យសភាកម្ពុជា នឹងបង្តើតឱ្យមាននូវការសិក្សាស្រាវជ្រាវ, បណ្តុះបណ្តាល, និងការអនុវត្តជាក់ស្តែង ទៅលើវិស័យទេសចរណ៍នេះ។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យ ដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាល ដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិ និងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសា និងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ និងវប្បធម៌
- ចូលរួមចំណែក និងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media| រឿន ភារុន
ការផ្លាស់ប្តូរនៃបរិបទថ្មីនៃពិភពលោកក្នុងសតវត្សទី២១ បានជំរុញឱ្យ មនុស្សធ្វើការផ្លាស់ ប្តូរឥរិយាបថនៃការរស់នៅដោយបានអនុវត្តទៅតាមបទដ្ឋាននៃ សង្គមដែលតម្រូវធ្វើតាមជាការចាំបាច់ ជួនកាលបទដ្ឋាននេះបានជះឥទ្ធិពល ដោយប្រយោលលើជីវភាពរស់នៅរបស់សង្គមដោយឥត បានព្រៀងទុកតាមរយៈ បណ្តាញផ្សព្វផ្សាយទាំងឡាយ។ របៀបធ្វើការងារមនុស្សធម៌ ភាពប្រែប្រួលនៃ ការអនុវត្តប្រពៃណីនៃការរៀបការ ការបង្រៀនអំពីភាពជោគជ័យ ក្នុងកិច្ចការងារ និងធុរកិច្ច ការបង្រៀនអំពីការដឹកនាំ បញ្ហាផ្សេងៗទៀតមានដូចជា អំពើឃាតកម្ម អំពើផិតក្បត់ បញ្ហាកសិកម្ម ការរីករាលដាលនៃជំងឺពិភព លោកថ្មី(COvid-19) ការអនុវត្តច្បាប់ចរាចរ ជាដើមសុទ្ធតែជាកត្តាលីករ ជំរុញឱ្យមាន ការអនុវត្តនូវបទដ្ឋានរួមគ្នា ឬធ្វើការផ្លាស់ប្តូរនូវឥរិយាបថរបស់មនុស្សដើម្បីឱ្យមានសង្គតិភាពមួយរួមគ្នា។
មើលឃើញថាការងារមនុស្សធម៌សម័យបច្ចុប្បន្នមានច្រើនសណ្ឋានប្រសិនបើរាប់ទៅមាន តាំងពីស្ថានប័នរដ្ឋ ឯកជន និងជាលក្ខណៈបុគ្គលក៏មាន។ ការអនុវត្តកិច្ចការមនុស្សធម៌នេះ ជាលក្ខណៈ បង្ហាញនូវវប្បធម៌សង្រ្គោះមួយដ៏ប្រពៃដែលអាចឱ្យមនុស្សទាំងឡាយទាំងពួងមើលឃើញហើយមានអារម្មណ៍ស្ងើចសរសើរអំពីទឹកចិត្តសប្បុរសរបស់អ្នកដែលបានធ្វើមនុស្សធម៌ចំពោះនរណាម្នាក់ ឬជនក្រខ្សត់ ណាមួយ។ ភាពក្រក្សត់ តោកយ៉ាករបស់មនុស្ស ត្រូវបានគេយកមក បង្ហោះ ក្នុង បណ្តាញសង្គមហើយធ្វើការផ្សព្វផ្សាយ ជាលក្ខណៈសាកល ជួនកាលមាន ការតតាំងគ្នា អំពីមតិទាំងឡាយ ជាលក្ខណៈបុគ្គលឬជាលក្ខណៈក្រុមចំពោះ មនុស្សធម៌ណាមួយដែលមើលទៅហាក់មិនសមរម្យ ឬធ្វើឡើងដើម្បីប្រយោជន៍ ណាមួយ ហើយធ្វើឱ្យប៉ះពាល់ ដល់តម្លៃជាសារវន្តរបស់មនុស្ស ដែលយល់ថាមាន យុត្តិធម៌ មានសមធម៌ និងគុណធម៌ជាដើម។ បទដ្ឋាន មួយនេះ បានអនុវត្ត ជារឿយៗក្នុងសង្គម ពាណិជ្ជករខ្លះដែលបានជោគជ័យ ក្នុងអាជីពរបស់ខ្លួនបាន ចាប់ផ្តើមធ្វើការមនុស្សធម៌ ជួលកាលអ្នកសារព័ត៌មាន ខ្លះដោយឈរលើ គោលការណ៍មនុស្សធម៌នេះ បានខ្នះខ្នែង ក្នុងការជំរុញ និងលើកទឹកចិត្ត ជួយជ្រុំជ្រែងប្រមែប្រមូលនូវថវិកាតាមរយៈជំនាញរបស់ខ្លួនជាដើម។
បន្ថែមពីនេះការអនុវត្តនូវប្រពៃណីក្នុងការរៀបការក្នុងសង្គមខែ្មរនាសម័យបច្ចុប្បន្នមានលក្ខណៈប្លែកៗ។ ប្រសិនបើពិនិត្យមើលមួយជ្រុងទៅក្នុងផ្នត់គំនិតរបស់ មនុស្សជនជាតិខ្មែរដែលពិនិត្យ ក្នុងការនិយាយស្តីឃើញ ថាជនជាតិនេះ សំបូរមនុស្សមានគំនិតអភិរក្សនូវប្រពៃណី និងទំនៀមទំលាប់ណាស់ប្រសិនបើអ្នកណា មួយធ្វើអំពើណាមួយដែលមានលក្ខណៈខុសឆ្គងនឹងផ្នត់គំនិតនៃការអភិរក្សណាមួយនោះ ក៏ប៉ុន្តែប្រសិន បើពិនិត្យមើលអំពី ការរៀបអាពាហ៍ពិពាហ៍របស់ ជនជាតិខ្មែរ មួយចំនួនប្រសិនបើយើងពិនិត្យទៅ មើលសកម្មភាពជាក់ស្តែងហាក់ដូចជាមិនមែន ជាអ្នកអភិរក្សទេគឺជាអ្នកទទួលរង នូវឥទ្ធិពល នៃវប្បធម៌របស់ ប្រទេសមួយ ចំនួនហើយបានធ្វើការផ្លាស់ប្តូរ នូវទម្រង់នៃការអនុវត្តប្រពៃណីរបស់ខ្លួន។ តាមរយៈការផ្សព្វផ្សាយ លើបណ្តាញសង្គមនៅពេលហែរជំនួន ក្រុមយុវជនបានរាំរែកក្នុងពិធីហែរជំនួននេះ។ ឥរិយាបថនៃការផ្លាស់ប្តូរ ក្នុងការអនុវត្តនេះ ជាជំហានតំបូង នៃការផ្លាស់ប្តូរនូវទម្រង់ ក្នុងការអនុវត្តប្រពៃណី និងទំនៀមទំលាប់របស់ ជនជាតិខែ្មរ។
ការបង្រៀនអំពីភាពជោគជ័យនៃការងារនិងធុរកិច្ចជាភាពពេញនិយមរបស់មនុស្សសម័យបច្ចុប្បន្ន ដែលមនុស្សម្នាក់ប្រឹងប្រែងខិតបំពេញការងារខ្លួន។ អនុសាសន៍យ៉ាងច្រើនក្នុងការអនុវត្តនូវធុរកិច្ចដូចជា តើធ្វើដូចម្តេចដើម្បីទទួលបានភាពជោគជ័យក្នុងអាជីពរបស់ខ្លួន ត្រូវបានវាគ្មិនជាច្រើនរូបយកមកធ្វើជា ប្រធានបទដើម្បីបង្ហាញអំពីទស្សនៈវិស័យនៃគំនិតដោយផ្សារភ្ជាប់នូវគំនិតទស្សនវិជ្ជា និងការអនុវត្តក្នុងអាជីពរបស់ខ្លួន ដូចជាវិធីសាស្រ្តដឹកនាំគ្រប់គ្រង ការជ្រើសរើសបុគ្គលិក យុទ្ធសាស្រ្តទីផ្សារ ដោយធ្វើការអភិវឌ្ឍ ឬធ្វើនូវបច្ចុប្បន្នភាពនៃចំណេះដឹង បុគ្គលិករបស់ខ្លួនដើម្បីឱ្យមានវិធីសាស្រ្តគ្រប់គ្រាន់ ក្នុងការពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យបានជោគជ័យ។ សេចក្តីទាំងនេះជាមូលដ្ឋានសម្រាប់ ផ្លាស់ប្តូរការគិត ដើម្បីស្វែងយល់អំពីពិភពការងារនាយុគសម័យថ្មី ជាពិសេសទៅទៀតនោះ យុទ្ធសាស្រ្តការងារសម័យ ឌីជីថលូបនីយកម្ម ដែលមនុស្សធ្វើការកែប្រែរបៀបធ្វើការ ទំនាក់ទំនងគ្នាតាមរយៈ ប្រព័ន្ធអ៊ីនធិណែត ឬយើងហៅផ្សេងទៀតថា «ការងារអនឡាញ»។
ការផ្សព្វផ្សាយអំពីឃាតកម្ម និងអត្តឃាតកម្ម ក្នុងបណ្តាព័ត៌មានផ្សេងៗ លើកអំពីមូលហេតុ ដែលមានអំពើឃាតនិងអត្តឃាតទាំងនេះ។ តាមការសង្កេតបច្ច័យដែលនាំឱ្យ កើតមានហេតុការណ៍ ដ៏គួរឱ្យតក់ស្លុតទាំងអស់នេះ ជាប់ទាក់ទងនឹងបញ្ហាជីវភាព ស្នេហា ដែលជំរុញឱ្យមានបញ្ហាផ្លូវចិត្តរហូតដល់ សម្រេចចិត្តសម្លាប់អ្នកដទៃ ឬខ្លួនឯងជាដើម។
បន្លែមពីនេះ អំពើផិតក្បត់នឹងការលែងលះជារឿយតែងបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមថា មូលហេតុនេះគឺបណ្តាលមកពីអំពើអនាចាររបស់មនុស្ស រោគចិត្តមានចិត្តសាវ៉ាដោយយកបញ្ហាផ្លូវភេទ ឬ ការសេពសុរា ប្រព្រឹត្តល្បែងស៊ីទាំងនេះ ជំរុញឱ្យស្វាមីភរិយាឈានដល់ ការលែងលះ។ ទិដ្ឋភាពនេះ ជំរុញឱ្យមានផលប៉ះពាល់ដល់កត្តាផ្លូវចិត្តរបស់មនុស្សជាពិសេសប្តី ឬប្រពន្ធ កុមារ សេដ្ឋកិច្ចគ្រួសារ ការអប់រំជាដើម។
បញ្ហាកសិកម្មជាបញ្ហាដែលរដ្ឋត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លានាពេលកន្លងថ្មីៗនេះ បញ្ហាទីផ្សារកសិកម្មនៅតែជាបញ្ហាប្រឈមសម្រាប់កសិកររបស់ប្រទេសកំពុងអភិវឌ្ឍមួយនេះ។ ក្នុងន័យនេះ ការរៀបចំប្រព័ន្ធទីផ្សារនៃភូមិមួយផលិតផលមួយគួរបានគិតសារជាថ្មី ឬអនុវត្តបន្តសម្រាប់បន្តនៅនិរន្តរភាពនៃផ្សារកសិកម្មកម្ពុជាឱ្យមានសក្តានុពលទៅអនាគត។ ការចូលរួមសម្រាប់វិស័យកសិកម្មនេះ តាមការយល់ឃើញ អ្នកដែលពាក់ព័ន្ធទាំងអស់គ្នាត្រូវចូលរួមអនុវត្តដោយភាពស្មោះត្រង់ក្នុងកិច្ចការនេះទើបអាចដោះស្រាយបញ្ហានេះបានល្អ មិនដូច្នោះទេ បញ្ហាទីផ្សារកិសកម្មរបស់កម្ពុជានៅតែមានបញ្ហា ប្រជាជននៅតែស្តីបន្ទោសរដ្ឋចំពោះបញ្ហានេះ។
បញ្ហាការីករាលដាលនូវជំងឺកូវីដ១៩ ដែលធ្វើឱ្យពិភពលោកមានភាពវឹកវរទាំងសេដ្ឋកិច្ច និងវប្បធម៌ និងនយោបាយ ដែលជំរុញឱ្យមានការយល់ច្រឡំរវាងគ្នានឹងគ្នាអំពីការមិនអើពើ មិនព្រមអនុវត្តនូវបទដ្ឋានណាមួយដែលមើលទៅហាក់ដូចជានាំឱ្យខូចនូវប្រយោជន៍ ឬហេតុផលសេដ្ឋកិច្ចជាដើម។ ក្នុងន័យនេះ ការអនុវត្តនូវវិធាននេះ តម្រូវឱ្យគិតលើកត្តាមុនស្សធម៌ជាសំខាន់សម្រាប់ការចូលរួមនូវការអនុវត្តឱ្យមានប្រសិទ្ធភាព ។ ជាក់ស្តែងការអនុវត្តនេះមិនត្រូវបានយល់ស្របទាំងស្រុងទេ ប៉ុន្តែដោយកិច្ចអន្តរាគមន៍ពីរដ្ឋដោយមានការបិទប្រទេសមួយអន្លើដើម្បីទប់ស្កាត់ និងដោយមានការចូលរួមអនុវត្តនូវវិធីការពារជំងឺរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជាបានរុញឱ្យស្ថានភាពនៃការរីករាលដាលក្នុងប្រទេសកម្ពុជាមានភាពធូរស្បើយ។
សរុបមកការអនុវត្តនូវវប្បធម៌បទដ្ឋានថ្មីរបស់ប្រទេសគឺជាការធ្វើរួមគ្នាជាធ្លុងមួយដើម្បីឱ្យ ឬជាការស្វែងយល់នូវបញ្ហានោះទាំងអស់គ្នា រួចធ្វើការកែតម្រូវពីសំណាក់អ្នកច្បាប់ អ្នកនយោបាយ អ្នកសេដ្ឋកិច្ច និងអប់រំ ប្រជាជនដែលជាអ្នកអនុវត្តផ្ទាល់ដើម្បីឱ្យការអនុវត្តនោះមានប្រសិទ្ធភាព ហើយអាចទទួលយកបានទាំងអស់គ្នាដោយតុណ្ហីភាព។
RAC Media
ប្រភព៖ លេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
ប្រាកដណាស់ ពិភពលោកកំពុងរងវិបត្តិដ៏ធ្ងន់ធ្ងរដោយសារកូវីដ-១៩ ហើយក្រោយពីឆ្លងផុត យើងក៏ដឹងច្បាស់ថា ពិភពលោកនឹងមើលទៅលែងដូចដើម ជាពិសេសវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ ក៏ដូចជាសង្គមវប្បធម៌ដែរ។ វិបត្តិនេះបាននឹងកំពុងធ្វើឱ្យមានភាពក្រីក្រ ភាពឈឺចាប់ និងការរើសអើងកើនខ្លាំងឡើងនៅក្នុងសង្គម។ នៅចំពោះមុខ អ្នកក្រីក្រជាតួអង្គរងគ្រោះខ្លាំងបំផុត ពួកគេមិនត្រឹមតែពិបាកក្នុងការស្វែងរកសេវាសុខភាពល្អៗទេ ប៉ុន្តែ ពួកគេក៏ជាតួអង្គដែលត្រូវរងគ្រោះខ្លាំងចំពោះវិបត្តិសេដ្ឋកិច្ចផងដែរ។
ងាកមកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន ក៏មានចំនួននៃអ្នកឆ្លងវីរុសកូវីដ១៩ នៅក្នុងតំបន់កើនឡើងឥតឈប់ឈរដែរ បើទោះបីជារដ្ឋាភិបាលនៃប្រទេសសមាជិកនីមួយៗបានដាក់វិធានការទាំងធ្ងន់និងស្រាលជាបន្តបន្ទាប់ដើម្បីបង្ការការរីកដាលនៃការចម្លងវីរុសនេះក៏ដោយ។ អាស៊ានដែលមានប្រជាជនប្រមាណ៦៥០លាននាក់ កំពុងតែប្រឈមនឹងការរីករាលនៃវីរុសឆ្លងកូវីដ១៩ ហើយដែលរដ្ឋនីមួយៗកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងរៀងៗខ្លួន។ បើតាមការសង្កេត រដ្ឋនីមួយៗ ទំនងជាកំពុងជួបការលំបាកដោយសារតែហានិភ័យនេះមានទំហំហួសពីសមត្ថភាពរបស់ខ្លួនដែលអាចគ្រប់គ្រងបាន ជាពិសេស ប្រសិនបើការរីកដាលនេះចេះតែបន្តកើនឡើងក្នុងរយៈពេលកាន់តែយូរអង្វែង នាំឱ្យការប៉ះពាល់ទាំងផ្នែកសុខាភិបាល សេដ្ឋកិច្ច ក៏ដូចជាសង្គមកិច្ចកាន់តែមានភាពធ្ងន់ធ្ងរដែរ។
ជាទូទៅ បណ្ដាប្រទេសក្នុងអាស៊ាន ត្រូវបានគេមើលឃើញថា ភាគច្រើនមានទំនោរបែបអាត្មានិយមស្រាប់ទៅហើយ ដែលរដ្ឋនីមួយៗតែងតែតម្កល់ផលប្រយោជន៍ជាតិរបស់ខ្លួនធំជាងផលប្រយោជន៍ជាតិដទៃដែលជាសមាជិកអាស៊ានដូចគ្នា។ អាស៊ានប្រកាន់យកគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងនៃជាតិជាសមាជិក ប៉ុន្តែពេលខ្លះគោលការណ៍នេះហាក់បង្ហាញពីភាពសោះអង្គើយចំពោះគ្នាទៅវិញក៏ថាបាន ដូចជាកន្លងមក បញ្ហាជម្លោះព្រំដែន, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាជនជាតិរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា, រដ្ឋប្រហារយោធានៅថៃ និងសូម្បីសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលប្រជាជាតិអាស៊ានបានចាប់ដៃគ្នាលើកកម្ពស់សហគមន៍សេដ្ឋកិច្ចរួម ប៉ុន្តែ មកទល់សព្វថ្ងៃនៅតែមុជមិនជ្រៅទៅមិនឆ្ងាយ។ នេះជាការបង្ហាញឱ្យឃើញពីភាពកម្សោយនៃប្រជាជាតិអាស៊ាន។
សម័យកាលកូវីដ-១៩ ជាសម័យកាលដែលបង្ហាញឱ្យឃើញពីភាពអាត្មានិយមកាន់តែខ្លាំងឡើងនៃប្រជាជាតិនីមួយៗនៅលើលោក អ្នកដឹកនាំនៃប្រទេសនីមួយៗ នាំគ្នាប្រកាន់យកជំហរជាតិសាសន៍របស់ខ្លួនជាធំ កាន់តែច្រើនឡើងៗ ដែលយើងឃើញច្បាស់ជាងគេ សហរដ្ឋអាម៉េរិក ដែលធ្លាប់តែជាបងធំ អ្នករៀបចំសណ្ដាប់ធ្នាប់ពិភពលោក អ្នកសង្រ្គោះប្រជាជាតិផ្សេងៗ តែពេលនេះក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាម៉េរិក បង្ហាញជំហរច្បាស់ណាស់ថា គឺជនជាតិអាម៉េរិកជាចម្បង (American First)។ ស្ថានភាពនេះបានស្ដែងឱ្យឃើញច្បាស់តាមរយៈការស្កាត់ទិញយកម៉ាសដែលត្រូវផ្គត់ផ្គង់ទៅអ៊ឺរ៉ុប ការផ្ដាច់ជំនួយ WHO ដោយចោទថា ឃុបឃិតជាមួយចិនលាក់បាំងទិន្នន័យពិតជាដើម។
មនុស្សជាតិពេលនេះកំពុងប្រឈមមុខនឹងវិបត្តិពិភពលោក ហើយក៏ប្រហែលជាវិបត្តិដ៏ធំបំផុតនៃជំនាន់របស់យើង។ វាមិនត្រឹមតែជាវិបត្តិចំពោះប្រព័ន្ធថែទាំសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងជាវិបត្តិចំពោះសេដ្ឋកិច្ច នយោបាយ និងសង្គមផងដែរ។ នៅចំពោះមុខវិបត្តិនេះ យើងត្រូវតែធ្វើសកម្មភាពរហ័សនិងម៉ឺងម៉ាត់ ទន្ទឹមនោះយើងក៏គួរតែគិតគូរពីវិបាករយៈពេលវែងនៃសកម្មភាពរបស់យើងដែរ។ នៅពេលយើងជ្រើសរើសវិធានការឬផ្លូវដើរ យើងមិនគួរតែគិតតែអំពីវិធីដើម្បីចៀសផុតពីការគំរាមកំហែងជាបន្ទាន់ចំពោះមុខប៉ុណ្ណោះទេ យើងក៏ត្រូវគិតដល់សហគមន៍ ក៏ដូចជាពិភពលោកទាំងមូលដែលយើងនឹងត្រូវបន្តរស់នាអនាគតផងដែរ។ ជាការណ៍ពិត គ្រោះមហន្តរាយនេះប្រាកដជារំលងផុតទៅ ហើយមនុស្សជាតិភាគច្រើននឹងបន្តរស់រានមានជីវិត ប៉ុន្តែពិភពលោកឬសហគមន៍ដែលយើងរស់នៅប្រហែលជាលែងដូចដើមហើយ។
មកទល់ពេលនេះ ការព្យាយាមដោះស្រាយរៀងៗខ្លួន ហាក់គ្មានប្រសិទ្ធភាព ការចម្លងជាលើកទីពីរនៅសិង្ហបុរី ការកើនឡើងយ៉ាងឆាប់រហ័សនៅឥណ្ឌូនេស៊ីនិងហ្វីលីពិន ហើយបើតាមអ្នកជំនាញថា នៅអាស៊ានគ្រាន់តែជាដំណាក់កាលនៃការឆ្លងជាបឋមប៉ុណ្ណោះ។ ដូច្នេះ ដំណោះស្រាយដែលមានប្រសិទ្ធភាព គឺត្រូវតែដោះស្រាយតាមរយៈការសហការគ្នា។ ជាដំបូងនិងសំខាន់បំផុតដើម្បីទប់ស្កាត់និងកម្ចាត់វីរុស អាស៊ានត្រូវតែចែករំលែកព័ត៌មានជាសកល។ ប្រទេសជាសមាជិក អាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក អំពីការចម្លង ការការពារ ការព្យាបាល ការដោះស្រាយបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម។ល។ ប៉ុន្តែ ដើម្បីឱ្យរឿងនេះកើតឡើងបាន យើងត្រូវការស្មារតីនៃកិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តនៅក្នុងសហគមន៍។ យើងក៏ត្រូវការការខិតខំជារួម ដើម្បីផលិតនិងចែកចាយឧបករណ៍វេជ្ជសាស្រ្ត ជាពិសេសឧបករណ៍ប្រើប្រាស់និងម៉ាស៊ីនដកដង្ហើម សម្រាប់សហគមន៍ ជាជាងប្រទេសជាសមាជិកទាំងអស់ព្យាយាមធ្វើដើម្បីតែភាពរស់រានមានជីវិតតែរៀងៗខ្លួន។ ជាជំហររបសើប្រទេសដែលមានធនធានច្រើនជាងនិងមានករណីឆ្លងតិចជាង គួរតែមានឆន្ទៈក្នុងការបញ្ជូនជំនួយទៅកាន់ប្រទេសជាសមាជិកផ្សេងៗដែលមានករណីឆ្លងច្រើនជាង។ ជំនួយនេះមិនមែនតែចំពោះសម្ភារៈទេ គឺទាំងជាបុគ្គលិកពេទ្យផងដែរ។ ឧទាហរណ៍ បណ្តាប្រទេសដែលរងផលប៉ះពាល់តិចជាង អាចបញ្ជូនបុគ្គលិកពេទ្យទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងសហគមន៍ ក្នុងគោលបំណងទាំងជួយនិងទទួលបានបទពិសោធន៍ ដើម្បីបន្តប្រយុទ្ធទៅមុខទៀត ព្រោះថាសង្រ្គាមមួយនេះអាចមានរយៈពេលវែង។ កិច្ចសហប្រតិបត្ដិការជារួមនេះ ក៏ត្រូវការជាចាំបាច់នៅចំពោះមុខសេដ្ឋកិច្ចផងដែរ។ ជាការណ៍ពិត នៅចំពោះមុខ ប្រទេសជាសមាជិកនីមួយៗ សុទ្ធតែរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដូចៗគ្នា ប៉ុន្តែបើរដ្ឋាភិបាលនីមួយៗព្យាយាមធ្វើអ្វីៗដោយខ្លួនឯង ដោយមិនយកចិត្តទុកដាក់ចំពោះរដ្ឋជាសមាជិកផ្សេងៗ នោះលទ្ធផលនឹងកាន់តែមានភាពវឹកវរនិងវិបត្ដិជ្រៅទៅៗ។ យើងត្រូវការផែនការសកម្មភាពរួម ហើយយើងក៏ត្រូវការវាជាបន្ទាន់។
ជាអកុសល បច្ចុប្បន្នបណ្តាប្រទេសទាំងអស់ ស្ទើរតែមិនធ្វើរឿងទាំងនេះសោះឡើយ ពួកគេឱនក្បាលចុះ លាដៃឱបក្រសោបការពារតែប្រទេសរបស់ខ្លួនរៀងៗខ្លួន។ ក្នុងវិបត្តិពិភពលោកមុនៗមានសហរដ្ឋអាម៉េរិក បានដើរតួនាទីជាអ្នកដឹកនាំពិភពលោក ប៉ុន្តែពេលនេះរដ្ឋបាលអាម៉េរិកបានទម្លាក់ភារៈនេះចោល។ ជាមេរៀនដែលរដ្ឋជាសមាជិកអាស៊ានមិនគួរត្រាប់តាម អាស៊ានត្រូវតែក្ដាប់ឱ្យបាននូវគោលដៅ អាស៊ានតែមួយ វាសនាតែមួយ។
យើងសង្ឃឹមថាការរីករាលដាលនៃកូវីដ-១៩នាពេលបច្ចុប្បន្ន នឹងជួយឱ្យប្រជាជាតិអាស៊ានដឹងអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបង្កឡើងដោយការបែកបាក់សាមគ្គី។ អាស៊ានត្រូវតែជ្រើសរើស ថាតើនឹងដើរតាមផ្លូវនៃការបែកបាក់គ្នាឬផ្លូវនៃសាមគ្គីភាព? យើងគិថា បើអាស៊ានជ្រើសការបែកបាក់ឬអាត្មានិយម នោះមិនត្រឹមតែអូសបន្លាយវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចនឹងមានគ្រោះមហន្តរាយកាន់តែអាក្រក់ថែមទៀតនាពេលអនាគត ពោលគឺការឈានទៅមានអាស៊ានតែក្នុងក្រដាសនិងបបូរមាត់ប៉ុណ្ណោះ។ តែបើយើងជ្រើសរើសយកសាមគ្គីភាព នោះវានឹងក្លាយជាជោគជ័យមួយ ដែលមិនត្រឹមតែប្រឆាំងនឹងកូវីដ-១៩ទេ គឺប្រឆាំងនឹងរោគរាតត្បាតនិងវិបត្តិនាពេលអនាគតដែលអាចបង្កគ្រោះថ្នាក់នាពេលខាងមុខទៀតផងដែរ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
ជំងឺឆ្លង COVID-19 មានសភាពកាន់ធំឡើងៗ ពោលវាគឺជាការសាកល្បងប្រកបដោយភាពភ័យខ្លាចមួយចំពោះរដ្ឋាភិបាល និងទស្សនវិជ្ជាគ្រប់គ្រងនៅលើពិភពលោកទាំងមូល។ ទាំងប្រទេសប្រជាធិបតេយ្យ និងទាំងប្រទេសអត្តាធិបតេយ្យ ត្រូវបានគេមើលឃើញដូចគ្នាថា មិនបានត្រៀមខ្លួន មិនមានបរិក្ខាគ្រប់គ្រាន់ និងមានការឆ្លើយតបយ៉ាងយឺតយ៉ាវដូចគ្នា។ ដូចគ្នាដែរ សហរដ្ឋអាម៉េរិក ទោះជាមានអំណាច ទ្រព្យធន និងអំណាចខាងបច្ចេកវិទ្យាយ៉ាងណាក៏ដោយ ក៏បានបង្ហាញថា ងាយរងគ្រោះដូចប្រទេសដទៃដែរ។
ស្របពេលដែលអាម៉េរិកកំពុងតែតស៊ូយ៉ាងស្វិតស្វាញប្រឆាំងទល់នឹងមេរោគកូរ៉ូណា ប្រទេសចិនកំពុងតែព្យាយាមសរសេរឡើងវិញនូវប្រវត្តិនៃការផ្ទុះឡើងដំបូងនៃជំងឺនេះនៅក្នុងទីក្រុងអូហាន ហើយខិតខំផ្សព្វផ្សាយពីរឿងរ៉ាវវិជ្ជមានចំពោះ «ការទទួលខុសត្រូវ» និង«ការប្ដេជ្ញា» របស់ខ្លួនចំពោះការដោះសា្រយជាមួយជំងឺឆ្លងនេះ។ ខ្លឹមសារបានបញ្ជាក់យ៉ាងច្បាស់ ពោលគឺអ្នកអាចនឹងមិនចូលចិត្តសហរដ្ឋអាម៉េរិក ប៉ុន្តែ យើងកំពុងតែទទួលជោគជ័យនៅកន្លែងដែលអ្នកដទៃបរាជ័យ។ អ្នកវិភាគខ្លះមានការព្រួយបារម្ភថា ក្រុងប៉េកាំងកំពុងទទួលបានឥទ្ធិពលពីការនិទាននេះ ហើយក៏បារម្ភដែរថា ប្រទេសចិននឹងងើបចេញពីជំងឺរាតត្បាតជាមួយនិងឥទ្ធិពលជាសកលរបស់ខ្លួន ខណៈដែលអាម៉េរិកនឹងអន់ថយចុះ។
ទោះបីជាយ៉ាងណា ក៏ជំហរដែលទាក់ទងរវាងចិននិងអាម៉េរិកនៅក្នុងពិភពក្រោយមេរោគរាតត្បាត នឹងត្រូវបានកំណត់តិចតួចដោយអ្វីដែលចិនបានធ្វើ ហើយនឹងកំណត់ភាគច្រើនដោយការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីងតោន។ យុទ្ធសាស្រ្តដែលបានប្រើដោយជោគជ័យរបស់បក្សកុម្មុយនិស្តនៅខាងក្នុងប្រទេសចិន មិនមានប្រសិទ្ធភាពនៅបរទេសនោះទេ។
ទ្រឹស្តីនៃការឃុបឃិតអំពីប្រភពនៃមេរោគ និងការគណនាលើការប្រើប្រាស់ជំនួយវេជ្ជសាស្រ្តសម្រាប់គោលបំណងខាងនយោបាយដោយប្រទេសចិន អាចនឹងធ្វើឱ្យចិនឯកោ នឹងធ្វើឱ្យដៃគូកាន់តែច្រើនខឹងសម្បារ នៅពេលដែលទ្រឹស្ដីនេះកំពុងធ្វើឱ្យចិនឈ្នះលើមិត្តភក្កិរបស់ខ្លួន។ ប្រធានាធិបតីរបស់ប្រទេសស៊ាកប៊ីប្រហែលជាសប្បាយចិត្ត ប៉ុន្តែ បេះដូងប្រជាធិបតេយ្យរបស់អឺរ៉ុបខាងលិចមិនអាចទិញត្រលប់មកវិញបានទេ។ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel គឺជាករណីមួយក្នុងការទាញត្រឡប់មកវិញនេះតាមរយៈការស្វាគមន៍ជំនួយរបស់ចិនដែលផ្ដល់មកឱ្យអឺរ៉ុប ដែលជា «បដិការ» សមស្របមួយសម្រាប់ការគាំទ្រគ្រាដំបូងរបស់ចិនចំពោះសហភាពអឺរ៉ុប។
«ការទូតម៉ាស» របស់ចិន អាចទទួលបាននូវការអូសទាញបន្ថែមនៅក្នុងផ្នែកផ្សេងៗនៃអាស៊ី ជាពិសេសប្រទេសដែលងាយនឹងរងឥទ្ធិពលរបស់ខ្លួន។ ជាឧទាហរណ៍ ប្រទេសចិនកំពុងតែផ្ដត់ផ្គង់ជំនួយវេជ្ជសាស្រ្តចាំបាច់ដល់អាស៊ីអាគ្នេយ៍។ ហានិភ័យធំបំផុតចំពោះជំហរជាសកលរបស់សហរដ្ឋអាម៉េរិក នឹងកើតមានឡើង ប្រសិនបើជំងឺរាតត្បាតនាំទៅរកការថយចុះទ្វេដងលើវិធីសាស្រ្តបំផ្លាញខ្លួនឯង និងវិធីតុល្យភាពសូន្យ ដែលជាញឹកញញតែងតែកំណត់ក្នុងគោលនយោបាយការបរទេសរបស់ខ្លួនគឺ “America First”។
អវត្តមាននៃភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាម៉េរិកក្នុងការឆ្លើយតបទៅនិងរោគរាតត្បាត និងការចាប់យកជាស្វ័យប្រវត្តិនូវផលប្រយោជន៍ជាឯកតោភាគី សូម្បីតែក្នុងពេលមានវិបត្តិក៏ដោយ វាគ្រាន់តែបង្ហាញឱ្យឃើញថាតើ “America First” (អាម៉េរិកាំងទីមួយ) បានធ្វើឱ្យមានភាពមិនច្បាស់លាស់នូវទស្សនាទានអំពីផលប្រយោជន៍ជាតិរបស់អាម៉េរិក កម្រិតណា។ ភាពជាអ្នកដឹកនាំពិភពលោកដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក ក្នុងការទប់ទល់និងរោគរាតត្បាត បានពន្លឿនដល់ការអភិវឌ្ឍវ៉ាក់សាំង និងគាំទ្រដល់សេដ្ឋកិច្ចពិភពលោក ហើយប្រព័ន្ធហិរញ្ញវត្ថុនឹងផ្ដល់ជាផលប្រយោជន៍ដ៏រឹងមាំក្នុងផ្នែកសុខភាពសាធារណៈនិងសេដ្ឋកិច្ចរបស់ក្រុងវ៉ាស៊ីនតោន។ កិច្ចខិតខំប្រឹងប្រែងបែបនេះ ក៏ជាការប្រឆាំងជាវិជ្ជមានមួយចំពោះទីតាំងឈរជើងនៃភូមិសាស្រ្តនយោបាយរបស់ប្រទេសចិនផងដែរ។
ទាំងអ្នកជំនាញខាងរោគរាតត្បាត ទាំងក្រុមអ្នកវិទ្យាសាស្រ្ត និងទាំងធនាគារកណ្ដាល បានដឹងពីរឿងនេះ។ នេះមិនមែនជាសកលនិយមដែលមានភាពស្រពិចស្រពិលសម្រាប់ជាប្រយោជន៍ដល់រឿងនេះនោះទេ ប៉ុន្តែ វាជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលយើងអាចមើលឃើញច្បាស់និងភ្នែក ចំពោះការជំរុញនិងការការពារផលប្រយោជន៍ជាតិអាម៉េរិកដ៏សំខាន់មួយ។
ខណៈដែលមានរោគរាតត្បាត “America First” ត្រូវបានគេលាតត្រដាងថា ហាក់ដូចជាមិនបានធ្វើអ្វីនោះទេ ពេលខ្លះ ព្រំដែននៃជំហរនេះបានក្លាយជាភស្តុតាងបង្ហាញឱ្យឃើញពីក្របខណ្ឌទ្រទ្រង់ឥទ្ធិពលជាសកលរបស់សហរដ្ឋអាម៉េរិកនៅក្នុងយុគសម័យ ដែលមានការប្រកួតប្រជែង និងការប្រឈមកាន់តែខ្លាំងឡើងៗ។ ភាពមិនអាចទស្សន៍ទាយបាន និងគោលនយោបាយការបរទេសឯកតោភាគីនិយម បានធ្វើឱ្យអំណាចរបស់អាម៉េរិកចុះខ្សោយ ហើយសូម្បីតែសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍តាមរយៈអំណាចនៃគំនិតនិងគំរូ ក៏ចុះខ្សោយដូចគ្នា។
គូប្រកួតប្រជែង ត្រូវបានលើកទឹកចិត្តឱ្យធ្វើសកម្មភាពតាមរបៀបស្រដៀងគ្នានេះ។ វិធីសាស្រ្តនេះមិនមែនជាផលប្រយោជន៍យូរអង្វែងរបស់សហរដ្ឋអាម៉េរិកនោះទេ ខណៈដែលឋានៈជាមហាអំណាចពិភពលោករបស់ខ្លួនកំពុងធ្លាក់ចុះ។
តាមរយៈការដកខ្លួនចេញពីកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស សហរដ្ឋអាម៉េរិកបានថមថយឥទ្ធិពលក្នុងការជំរុញឱ្យចិននិងឥណ្ឌាធ្វើសកម្មភាពកាន់តែខ្លាំងបន្ថែមទៀតលើបម្រែបម្រួលអាកាសធាតុ ដែលពួកគេត្រូវតែធ្វើប្រសិនបើគោលដៅកាត់បន្ថយការបំភាយឧស្ម័ននៅលើពិភពលោកត្រូវបានឆ្លើយតប។
រដ្ឋាភិបាលរបស់លោក Trump បានបង្កើនការប្រកួតប្រជែងជាមួយប្រទេសចិន ដែលការបង្កើននេះគឺជាស្នូលនៃយុទ្ធសាស្រ្តសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។ នេះជាការកែតម្រូវយឺតពេលក្នុងការឆ្លើយតបទៅនិងប្រទេសចិនដែលកំពុងប្រើមនោគមវិជ្ជាអាជ្ញាព្រឹទ្ធនិងដាច់ខាត។
ទន្ទឹមនឹងនោះ និទានកថាស្តីពី “America First” មិនផ្តល់តម្លៃលើសម្ព័ន្ធមិត្ត និងគោលនយោបាយពាណិជ្ជកម្មបែបបង្ខិតបង្ខំ បានធ្វើឱ្យចុះខ្សោយគោលដៅយុទ្ធសាស្រ្តរបស់អាម៉េរិក កំពុងតែធ្វើឱ្យមិត្តភក្តិបែកបាក់គ្នា និងផ្តល់ជាការសង្ស័យអំពីភាពរឹងមាំនៃការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ជាញឹកញាប់ មានការលើកឡើងនូវទឡ្ហីករណ៍មួយថា វិធីសាស្រ្ត “America First” ចំពោះពិភពលោក គឺជាវិបាកដែលមិនអាចចៀសរួចចំពោះភាពធុញទ្រាន់របស់សាធារណជនអាម៉េរិកជាមួយនិងសង្រ្គាមនៅបរទេសដែលមានការចំណាយដ៏សន្ធឹកសន្ធាប់ និងការបាត់បង់ការងារ បូករួមទាំង «ការធ្វើឱ្យមានភាពដូចគ្នា»ខាងផ្នែកវប្បធម៌ ដែលផ្សារភ្ជាប់ជាមួយនិងសកលភាវូបនីយកម្ម។
វាមានសច្ចៈភាពខ្លះចំពោះរឿងនេះ។ ប្រជាជនអាម៉េរិកច្បាស់ជាចង់ឱ្យរដ្ឋាភិបាលរបស់ពួកគេផ្តោតទៅលើបញ្ហាក្នុងស្រុក។ ប្រជាជនអាម៉េរិកភាគច្រើនលែងចង់ចំណាយលើការរក្សាសណ្ដាប់ធ្នាប់ពិភពលោក ដែលវាឆ្លុះបញ្ចាំងពីគុណតម្លៃ ព្រមទាំងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់អាម៉េរិកទៀតហើយ។ ភារកិច្ចចំពោះមុខនាពេលបច្ចុប្បន្ននេះ គឺវាពិតជាមានភាពលំបាក ហើយចំណាយច្រើនហួសហេតុ។ «ទ្រឹស្ដីតថភាពនិយមប្រកបដោយគោលការណ៍» ដូចដែលរដ្ឋបាលអាម៉េរិកចាត់ទុកជាគោលនយោបាយការបរទេសរបស់ខ្លួន អាចជាការឆ្លើយតបសមហេតុផលចំពោះតថភាពថ្មីៗទាំងនេះ ប្រសិនបើវាមិនមានលក្ខណៈផ្ទុយគ្នានោះទេ ហើយប្រសិនបការយល់ដឹងពីផលប្រយោជន៍ជាតិអាម៉េរិកមិនមានលក្ខណៈតូចចង្អៀត នឹងមានរយៈពេលខ្លីនោះទេ។
មានជម្រើសមួយចំនួនដែលយើងនឹងចាប់យកចំណែកមួយនៃពិភពលោកក្រោយការរាតត្បាតជំងឺកូវីដក្នុងរយៈពេលវែងមួយ ប៉ុន្តែ វានៅតែអាចប្រព្រឹត្តទៅបានទាំងស្រុងសម្រាប់គោលនយោបាយការបរទេសសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកមាគ៌ាប្រកបដោយផលិតភាពមួយរវាងជាតិនិយមបែបចង្អៀតចង្អល់ និងការប្រិតកម្មតបដែលមានការចំណាយច្រើនពេក។ គ្មានអ្វីនៅក្នុងវិធីសាស្រ្តបែបនេះនឹងមិនត្រូវគ្នាជាមួយអធិបតេយ្យភាពរបស់រដ្ឋរឹងមាំ ហើយភាពរឹងមាំនេះ នាំឱ្យមានតថភាពនិយមនិងផលប្រយោជន៍ផ្ទាល់ខ្លួន។
កត្តានេះអាចក្លាយទៅជាពិភពលោកមួយបែកខ្ញែកគ្នាដោយប្រកាន់ចរន្តជាតិនិយមកាន់តែខ្លាំងឡើងៗ, ជញ្ជាំងព្រំដែនកាន់តែខ្ពស់, វិសាលភាពនៃឥទ្ធិពល និងវិធីសាស្រ្តតុល្យភាពសូន្យ និងជាពិភពលោកមួយដែលទំនាក់ទំនងសហរដ្ឋអាម៉េរិក-និងចិនប្រកបដោយអរិភាព។ ប្រទេសតូចៗជាច្រើននឹងមិនមានសុវត្ថិភាពនិងវិបុលភាពនោះទេនៅក្នុងពិភពលោកបែបនេះ។ លើសពីនេះទៀត អ្វីដែលអាម៉េរិកកំពុងធ្វើនិងរបៀបដែលអាម៉េរិកកំពុងពាក់ព័ន្ធជាសកលនៅត្រង់ចំណុចនេះនឹងកំណត់ថាតើ ពិភពលោកនឹងទទួលបានមរតកបែបណាក្រោយការរាតត្បាតជំងឺឆ្លងនេះ។ ហេតុនេះ អ្វីដែលយើងត្រូវការ គឺលើសពី “America First”៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ តំណាងសាកលវិទ្យាល័យជីវជាំង ខេត្តជាំងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនបាននាំម៉ាសចំនួន ១០០០០ (មួយម៉ឺន) ឧបត្ថម្ភជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការពាររីករាលដាលជំងឺកូវីដ ១៩ ជាសកល។
ពិធីប្រគល់ និងទទួលម៉ាសពីសាកលវិទ្យាល័យជីវជាំងទាំង១ម៉ឺនម៉ាសបានប្រព្រឹត្តទៅនៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងនាយកវិទ្យាស្ថានខុងជឺភាគីចិន តំណាងសាកលវិទ្យាល័យជីវជាំង។ នៅក្នុងពិធីប្រគល់ម៉ាសនេះ នាយកវិទ្យាស្ថានខុងជឺភាគីចិន ជាតំណាងសាកលវិទ្យាល័យជីវជាំងបានលើកឡើងថា៖«បងប្អូនល្អ រួមគ្នាប្រឆាំងកូវីដ ១៩»។
គួរជម្រាបជូនថា ជំងឺកូវីដ ១៩ គឺជាវីរុសថ្មីនៃអម្បូរវីរុសកូរ៉ូណា។ ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ virus (វីរុស) និង “D” តំណាងឱ្យពាក្យ disease (ជំងឺ)។ COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។
ដើម្បីបង្ការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ យើងត្រូវអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល
- ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត។
- ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ
- ទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។
គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៧ ខែមេសានេះ អ្នកជំងឺកូវីដ-១៩នៅកម្ពុជា ១១៩នាក់ហើយ បានជាសះស្បើយ ខណៈអ្នកជំងឺនៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កម្ពុជាបានធ្វើតេស្តលើសំណាក ១១,៥៧៦ តេស្ត ចាប់តាំងពីមានការឆ្លងកូវីដ-១៩ នៅក្នុងប្រទេស៕
RAC Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំ ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណជាក់លាក់បដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ទ្រង់គ្រឿងសោយរាជ្យ ទ្រង់សវនាការមន្ត្រី ទ្រង់សមាធិ ទ្រង់ចេញច្បាំង និងទម្រង់ផ្សេងទៀតរបស់ព្រះអង្គ ដើម្បីជ្រើសរើសប្រើប្រាស់ទូទាំងប្រទេស និងសាងសង់បដិមារបស់ព្រះអង្គដាក់តាំងតម្កល់បង្ហាញនៅក្នុងអគារខេមរៈវិទូដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីគំរូវីរៈភាពក្សត្រសាងសង់អាណាចក្រខ្មែរដ៏រុងរឿងពីអតីតកាល។
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី ៧ ដើម្បីរៀបចំការងារដល់សមាជិកនីមួយៗសិក្សាឯកសារដែលមានស្រាប់ Secondary Data ដែលទាក់ទងនឹងព្រះបាទជ័យវរ្ម័នទី ៧ និងរៀបចំផែនការចុះសិក្សាស្រាវជ្រាវ បន្ទាប់ពីស្ថានការណ៍ប្រសើរឡើងវិញ។
កិច្ចប្រជុំដែលបានដំណើរការប្រព្រឹត្តទៅក្នុងសាលក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមេសានេះ មានគោលបំណង ដើម្បីរៀបចំផែនការសកម្មភាពចុះសិក្សាស្រាវជ្រាវតាមប្រាសាទបុរាណពាក់ព័ន្ធនានា ដូចជាប្រាសាទបាយ័ន្ត និងប្រាសាទបន្ទាយឆ្មារជាដើម។ កិច្ចប្រជុំក៏បានអនុម័តដែរថា បន្ទាប់ពីក្រុមស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី ៧ រួច រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាមួយបង្ហាញអំពីលទ្ធផលស្រាវជ្រាវ និងផ្តល់ឱកាសដល់អ្នកជំនាញផ្នែកបដិមាសាស្រ្ត ប្រវត្តិសិល្បៈ បុរាណវត្ថុវិទ្យា និងអ្នកប្រវត្តិសាស្រ្តតាមក្រសួង ស្ថាប័នជំនាញពាក់ពន្ធនានា ជជែកពិភាក្សាពិគ្រោះយោបល់ ដើម្បីកំណត់អត្តសញ្ញាណបដិមាព្រះអង្គឱ្យបានជាក់លាក់។
គួរជម្រាបជូនថា កន្លងមកនេះ រាជបណ្ឌិត្យសភាកម្ពុជាបានកំណត់អត្តសញ្ញាណ និងសាងសង់បដិមារបស់ព្រះនាងឥន្ទ្រទេវីដែលអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ដាក់តម្កល់នៅជាប់ «អគារឥន្ទ្រទេវី» ផងដែរ ដើម្បីបង្ហាញពីវរៈនារីខ្មែរ សម័យអង្គរដល់កូនខ្មែរជំនាន់ក្រោយចងចាំ និងទុកជាគំរូវីរភាព៕
RAC Media | រឿន ភារុន
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM