Royal Academy of Cambodia
ក្រោយពីពិភពលោកទាំងមូល រួមទាំងតំបន់អាស៊ានដែរ កំពុងរងការវាយប្រហារពីមេរោគឆ្លងកូវីដ-១៩ ប្រទេសអាស៊ានបានលើកប្រធានបទទាក់ទងនឹងមេរោគឆ្លងជំងឺកូវីដ-១៩ មកបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលពិសេសរបស់ខ្លួនផង។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) កាលពីនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលមានលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម ជាប្រធានអង្គប្រជុំក្នុងឋានៈជាប្រធានប្ដូរវេនរបស់អាស៊ាន។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានពិសេស ក៏មានកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ដែលមានចិន ជប៉ុន និងកូរ៉េខាងត្បូង ចូលរួមផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសុន្ទរកថាដ៏មានអត្ថន័យចំនួន២ ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ដែលទាមទារកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺកូវីដ-១៩នេះ។
ជារួម កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀតដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ានតាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយនិងលុបបំបាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
បើយោងទៅតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំនេះដែលមានកម្រាស់ជាង៣ទំព័រនោះ ប្រជាជាតិអាស៊ានគួរតែទទួលបានក្ដីសង្ឃឹម ភាពកក់ក្ដៅ និងភាពធូរស្រាលពីការវាយប្រហារនិងផលប៉ះពាល់ដែលបង្កឡើងដោយមេរោគឆ្លងជំងឺកូវីដ១៩។
ប៉ុន្តែ បើយោងតាមបទពិសោធន៍ គោលការណ៍ និងចំណាត់ការជាក់ស្ដែងរបស់អាស៊ានកន្លងមក ប្រជាជាតិអាស៊ាន នឹងមិនទទួលបានអ្វីជាដុំកំភួនទេ។ ពីព្រោះអាស៊ាន គឺអង្គការតំបន់មួយមានទម្រង់ជាអន្តររដ្ឋាភិបាល ដែលមានធម្មនុញ្ញ មានចក្ខុវិស័យ គោលការណ៍ ទស្សនវិស័យ និងសេចក្ដីប្រកាសរួមជាច្រើនរាប់មិនអស់ចេញពីកិច្ចប្រជុំដ៏សន្ធឹកសន្ធាប់របស់ខ្លួន។ ប៉ុន្តែ អង្គការនេះ ត្រូវបានគេវាយតម្លៃថា ជាអង្គការមិនសូវមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិងការដោះស្រាយបញ្ហាក្នុងតំបន់របស់ខ្លួន ដោយសារតែអង្គការនេះគ្មានយន្តការនិងអំណាចចាប់បង្ខំឱ្យរដ្ឋជាសមាជិករបស់ខ្លួនឱ្យគោរពតាមធម្មនុញ្ញ ចក្ខុវិស័យ គោលការណ៍ ទស្សនវិស័យ និងសេចក្ដីប្រកាសរួមរបស់ខ្លួន ដែលបញ្ហានេះត្រូវបានគេមើលឃើញថាបណ្ដាលមកពីរបាំងនៃគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកនីមួយៗ។
មិនតែប៉ុណ្ណោះ ពេលខ្លះទៀត សូម្បីតែសេចក្ដីប្រកាសរួមឬដំណោះស្រាយរួមពាក់ព័ន្ធនឹងការការពារផលប្រយោជន៍នៃសមាជិករបស់ខ្លួនពេលមានទំនាស់ជាមួយប្រទេសក្រៅតំបន់ ក៏មិនអាចសម្រេចបានដែរ ដោយសារតែពិបាករកសំឡេងឯកភាព១០០% តាមគោលការណ៍កុងសង់ស៊ីសរបស់ខ្លួន។ ក្រៅពីនេះ រដ្ឋជាសមាជិកអាស៊ានភាគច្រើន ត្រូវបានគេមើលឃើញថា តែងតែតម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួន ធំជាងផលប្រយោជន៍រួមរបស់តំបន់។
ហេតុនេះ យោងលើបទពិសោធន៍និងចំណាត់ការកន្លងមក និងយោងលើគោលការណ៍របស់អាស៊ាន យើងជាប្រជាជាតិអាស៊ាន មិនសង្ឃឹមថា ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាននឹងយកស្មារតីនៃសេចក្ដីប្រកាសរួមដែលទើបតែចេញកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដោយកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩ មកប្រើសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ឡើយ។ កន្លងមក អាស៊ានក៏ធ្លាប់បានបង្កើតចក្ខុវិស័យ ទស្សនវិស័យ គោលការណ៍ ព្រមទាំងបានចេញសេចក្ដីប្រកាសរួមជាច្រើន ប៉ុន្តែអាស៊ានមិនមានយន្តការតាមដានលើការអនុវត្ត និងក៏គ្មានអំណាចចាប់បង្ខំឱ្យសមាជិករបស់ខ្លួនឱ្យអនុវត្តស្មារតីនៃសេចក្ដីសម្រេចនានារបស់ខ្លួនដែរ។
អាស៊ាន ហាក់ដូចជាអង្គការសម្រាប់ជជែកគ្នា ប៉ុន្តែចំពោះការជួយគ្នាជាក់ស្ដែងវិញ ទើបតែធ្វើបានតិចតួចនៅឡើយ។ មានភ័ស្តុតាងជាច្រើនទៀតដែលអាចបញ្ជាក់បាន ដូចជាបញ្ហាជម្លោះព្រំដែនរវាង កម្ពុជានិងថៃ, បញ្ហាសមុទ្រចិនខាងត្បូងដែលពាក់ព័ន្ធនឹងសមាជិកអាស៊ានមួយចំនួន, រដ្ឋប្រហារយោធានៅប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា ជាដើម។ ជាពិសេស ពេលដែលជំងឺកូវីដ-១៩ ផ្ទុះឡើងភ្លាមៗ ប្រទេសនីមួយៗបានគិតខិតខំដោះស្រាយតែរៀងៗខ្លួនដោយមិនបានជួយគ្នាទេ។ មិនតែប៉ុណ្ណោះមានករណីខ្លះ បានអនុញ្ញាតឱ្យអ្នកដែលគេដឹងថាបានឆ្លងជំងឺកូវីដ-១៩ហើយ ឆ្លងដែនចូលទៅប្រទេសជាសមាជិកអាស៊ានដូចគ្នា ដូចជា ករណីជនជាតិឥណ្ឌូនេស៊ីពីរនាក់ ដែលប្រទេសថៃបានធ្វើតេស្តដឹងថាមានជំងឺកូវីដ-១៩វិជ្ជមាន នៅតែអនុញ្ញាតឱ្យឆ្លងដែលចូលមកកម្ពុជាជាដើម។ ទាំងអស់នេះសុទ្ធតែជាបញ្ហាដែលអង្គការតំបន់មួយនេះមិនបានជួយដោះស្រាយអ្វីទាល់តែសោះ។ អាស៊ាន ហាក់ដូចជា អង្គការដែលជួយដល់អ្នកនយោបាយជាងជាងជួយដល់ប្រជាជាតិអាស៊ាន។ ហេតុនេះ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសុខភាព ជីវភាព មុខរបរ និងអាយុជីវិតរបស់ប្រជាជាតិអាស៊ាន ប្រហែលជាអង្គការនេះមានលទ្ធភាពជួយបានតិចតួចណាស់៕
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះជាតិ “ខ្មែរក្រហម” បានចូលកាន់កាប់ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ ពួកទាហាន លន់ នល់ បានដាក់អាវុធចុះ។ ប្រជាជនក្រុងភ្នំពេញ បានអបអរសាទរ ដោយនឹកស្រមៃថា ប្រទេសជាតិបានរំដោះហើយ។ ប៉ុន្តែ ក្តីស្រមៃរបស់ពួកគេត្រូវរលាយសាបសូន្យ។ កងទ័ពខ្មែរក្រហមបានបង្ខំឱ្យប្រជាជនក្រុងភ្នំពេញទាំងអស់ឱ្យចាកចេញពីទីក្រុង ហើយប្រជាជនខេត្ត ក្រុងឯទៀត ក៏ត្រូវជម្លៀសពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយដូចគ្នា។ តមក ពួកខ្មែរក្រហមបានអនុវត្តនយោបាយដឹកនាំប្រទេសដ៏ចម្លែក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លទ្ធផលនៃរបបដឹកនាំនេះ បានធ្វើឱ្យប្រជាជនខ្មែរប្រមាណជិត២លាននាក់បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការអត់អាហារ ការសម្លាប់ ឬការធ្វើពលកម្មហួសកម្លាំង។
ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៧៥ សំណេររដ្ឋធម្មនុញ្ញមួយត្រូវបានអនុម័តដោយសមាជិកចំនួនមួយពាន់នាក់ក្នុងមហាសន្និបាតជាតិនៅទីក្រុងភ្នំពេញ ហើយត្រូវបានប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ៥ ខែមករា ឆ្នាំ១៩៧៦។ ប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការថា “កម្ពុជាប្រជាធិបតេយ្យ”។ រដ្ឋធម្មនុញ្ញនេះពុំបានធានាសិទ្ធិមនុស្សឡើយ បានកំណត់នូវអង្គការរដ្ឋាភិបាលតែមួយចំនួនតូច និងបានលុបចោលកម្មសិទ្ធិសួនតួ ស្ថាប័នសាសនា និងផលិតកម្មកសិកម្មសម្រាប់ចិញ្ចឹមក្រុមគ្រួសារ។ រដ្ឋធម្មនុញ្ញនេះពុំបានលើកឡើងពីគំរូណាមួយទេ តែបានបដិសេធនូវសម្ព័ន្ធភាពឬជំនួយបរទេស ហើយពុំបានចែងអ្វីអំពីបក្សកុម្មុយនីស្តកម្ពុជាឬអំពីទ្រឹស្តីម៉ាក្សលេនីនឡើយ។ ផ្ទុយទៅវិញរបបនេះ បានធ្វើឱ្យបដិវត្តន៍នោះ មានលក្ខណៈដូចជាខ្មែរសុទ្ធសាធដោយគ្មានទំនាក់ទំនងទៅនឹងពិភពលោកខាងក្រៅឡើយ។
ប៉ុល ពត បានចាប់ផ្ដើមនៅលើគម្រោងរយៈពេលបួនឆ្នាំ ដែលក្នុងនោះ កម្ពុជាបានធ្វើនយោបាយ “មហាលោតផ្លោះ មហាអស្ចារ្យ” របស់ខ្លួនឆ្ពោះទៅសង្គមនិយមនៅឆ្នាំ១៩៧៩។ ទិសដៅរបស់ ប៉ុល ពត គឺគាត់នឹងធ្វើការបង្កើនទិន្នផលស្រូវឱ្យបានកើនឡើងបីដងគឺ ៣តោនក្នុងមួយហិកតា គេបង្កើតជាដីដាំដុះនៅក្នុងព្រៃ ដែលជាតំបន់គ្រុនចាញ់នៅភាគឦសាននៃប្រទេសកម្ពុជា។ អ្នកទាំងឡាយណា ដែលបានបង្ខំឱ្យចេញពីទីក្រុង ត្រូវបានគេស្គាល់ថា ជាប្រជាជនថ្មី ពីព្រោះពួកគេត្រូវបានគេសង្ឃឹមថា នឹងបោះបង់ចោលរាល់កំអែលអតីតកាលទាំងអស់ ហើយត្រូវបានគេបញ្ជូនទៅកាន់តំបន់ទាំងនេះ ដើម្បីជីកប្រឡាយលើកទំនប់ និងរុករានដីថ្មី។
ដើម្បីបន្សុទ្ធផ្ទៃក្នុង ខ្មែរក្រហមបានធ្វើការបែងចែកមនុស្សជាបីវណ្ណៈធំៗគឺ អ្នកពេញសិទ្ធិ ភាគច្រើនគឺជាប្រជាជនមូលដ្ឋានដែលមានជីវភាពក្រីក្របំផុតនៅក្នុងរបបចាស់និងអនក្ខរជន។ អ្នកត្រៀម គឺជាប្រជាជនមូលដ្ឋាន រួមមានសិស្ស ឬអ្នកចេះដឹងបន្ដិចបន្ដួច និងកសិករ សិប្បករ អាជីវករ ដែលមានទ្រព្យសម្បត្ដិមធ្យម (ពួកអនុធន)។ អ្នកបញ្ញើ គឺជាអតីតគហបតី អ្នកកាន់ការងាររដ្ឋការ ស្រទាប់និស្សិត បញ្ញវន្ដ និងជន ១៧ មេសា (ប្រជាជននៅទីក្រុងភ្នំពេញ ដែលត្រូវបានខ្មែរក្រហមជម្លៀសនៅពេលដែលពួកគេចូលកាន់កាប់ទីក្រុងនេះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥)។ ក្រុមចុងក្រោយនេះហើយដែលជា “មុខសញ្ញា”ហើយត្រូវបានពួកខ្មែរក្រហមសម្លាប់ស្ទើរតែដាច់ពូជ។
ខ្មែរក្រហមបានអះអាងថា មានតែមនុស្សស្អាតស្អំប៉ុណ្ណោះ ទើបមានគុណសម្បត្ដិគ្រប់គ្រាន់ក្នុងការកសាងបដិវត្ដន៍។ បន្ទាប់ពីដណ្ដើមបានអំណាចភ្លាម ខ្មែរក្រហមបានធ្វើការចាប់ខ្លួននិងសម្លាប់ចោលនូវពលទាហាន នាយទាហាន និងអ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ដែលខ្លួនចាត់ទុកថា មិនស្អាតស្អំអស់រាប់ពាន់នាក់។ ក្នុងរយៈកាលជាងបីឆ្នាំបន្ទាប់មកទៀត ក្រុមខ្មែរក្រហមបានកាប់សម្លាប់បញ្ញវន្ដ អ្នករស់នៅទីក្រុង ជនជាតិភាគតិច ដូចជា ចាម វៀតណាម និងចិនអស់រាប់សែននាក់។ ខ្មែរក្រហមក៏បានសម្លាប់យោធា និងសមាជិកបក្សរបស់ខ្លួនអស់ជាច្រើននាក់ដែរ ដោយចោទថាជនក្បត់ជាតិនិងក្បត់បដិវត្ដន៍។
នៅក្នុងគម្រោងឆ្នាំ១៩៧៦ នៃផែនការបួនឆ្នាំរបស់បក្សកុម្មុយនីស្តកម្ពុជា ប្រជាជនកម្ពុជានៅទូទាំងប្រទេសត្រូវបានដាក់កម្រិតឱ្យធ្វើការបង្កបង្កើនផលឱ្យបានបីតោនក្នុងមួយហិកតា។ នេះមានន័យថា ប្រជាជនត្រូវធ្វើការដាំដុះនិងច្រូតកាត់ស្រូវដប់ពីរខែក្នុងមួយឆ្នាំ។ នៅតាមតំបន់ភាគច្រើន ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនធ្វើការលើសពីដប់ពីរម៉ោងក្នុងមួយថ្ងៃ ដោយមិនមានពេលសម្រាកនិងម្ហូបអាហារមិនគ្រប់ គ្រាន់។
ការសម្ងាត់ គឺជាគោលការណ៍គ្រឹះនៃដំណើរការរបស់កម្ពុជាប្រជាធិបតេយ្យ។ ខ្មែរក្រហមមានពាក្យស្លោកមួយថា “លាក់ការណ៍ជាកត្ដាជ័យជម្នះ”, “លាក់ការណ៍បានខ្ពស់ រស់បានយូរ”។ រហូតមកដល់ចុងឆ្នាំ១៩៧៧ ការប៉ះទង្គិចជាមួយប្រទេសវៀតណាមបានផ្ទុះឡើង។ ប្រជាជនរាប់ម៉ឺននាក់ត្រូវអង្គការបញ្ជូនទៅសមរភូមិហើយត្រូវស្លាប់រាប់ពាន់នាក់។ នៅខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមនិងកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានធ្វើការវាយសម្រុកចូលប្រទេសកម្ពុជា ហើយដណ្ដើមកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រោយពីបានបញ្ចប់ការប្រជុំអន្តរក្រសួងរវាងរាជបណ្ឌិត្យសភាកម្ពុជា តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមុខងារសារធារណៈ ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា បានប់ើកអង្គប្រជុំ ដើម្បីមានពិនិត្យលើនាយកដ្ឋានចំណុះវិទ្យាស្ថាន និងរចនាសម្ព័ន្ធ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។
កិច្ចប្រជុំ ដំណើរការដោយមានវត្តមានចូលរួមរបស់ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ អគ្គលេខាធិការរង ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថាន និងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក)ទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចប្រជុំ បានពិនិត្យនិងពិភាក្សាពីរចនាសម្ព័ន្ធ ពីនាយកដ្ឋានចំណុះនៅតាមវិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធ រ.ប.ស.ក.មួយចំនួន និងត្រៀមដាក់ជារបាយការណ៍ជូនទៅឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាស្ថាប័នអាណាព្យាបាលរបស់ រ.ប.ស.ក.។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាបានក្លាយជាគ្រឹះស្ថានសាធារណរដ្ឋបាលកាលពីចុងឆ្នាំ២០១៩ កន្លងទៅ និងមានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។ ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាមានភារកិច្ច ដូចខាងក្រោម៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យ ដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាល ដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិ និងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសា និងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ និងវប្បធម៌
- ចូលរួមចំណែក និងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media| រឿន ភារុន
អូស្រ្តាលី និងសហរដ្ឋអាម៉េរិក បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៤០ ដោយអូស្រ្តាលីបាន បញ្ជូនបេស កកម្មការទូតរបស់ខ្លួនទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នៅខែមករា ឆ្នាំ១៩៤០។ ចំណែកសហរដ្ឋអាម៉េរិក បានដាក់ស្ថានទូតនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលីវិញ នៅឆ្នាំ១៩៤៣។ ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាលជាផ្លូវការតាមរយៈសន្ធិសញ្ញា The Australia, New Zealand and United States Treaty (ANZUS) នៅឆ្នាំ១៩៥១ ដែលប្រទេសទាំងពីរបានពង្រឹងនិងពីពង្រីកទំនាក់ទំនងជាមួយគ្នាមានភាពល្អូកល្អិននឹងស្អិតល្មួត។ សូមបញ្ជាក់ថា សន្ធិសញ្ញា ANZUS រវាងអូស្រ្តាលី និងសហរដ្ឋអាម៉េរិក ផ្តោតជាសំខាន់ទៅលើកិច្ចស ហប្រតិបត្តិការផ្នែកសន្តិសុខ។
ប្រជាជនអូស្រ្តាលីបានរួមប្រយុទ្ធជាមួយប្រជាជនអាម៉េរិកនៅគ្រប់សកម្មភាពយោធាសំខាន់ៗ ជាពិសេសក្នុងសង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមវៀតណាម សង្រ្គាមឈូងសមុទ្រពែរ្ស សង្រ្គាមនៅសូម៉ាលី ទីម័រខាងកើត អាហ្វហ្គានីស្ថាន និងសង្រ្គាមអ៊ីរ៉ាក់។ ជាង៦០ឆ្នាំក្រោយមក សន្ធិសញ្ញា ANZUS នៅតែជាមូល ដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ទំនងសន្តិសុខរវាងប្រទេសទាំងពីរដដែល។ ដោយផ្អែកលើសន្ធិសញ្ញានេះ ប្រទេសអូស្ត្រាលីនៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំជាមួយសហរដ្ឋអាម៉េរិកក្នុងការប្រយុទ្ធប្រឆាំងនិងកម្ចាត់ក្រុម ISIS ការខិតខំប្រឹងប្រែងជា សកលដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមនានា។
តាមរយៈសន្ធិសញ្ញានេះ សហរដ្ឋអាម៉េរិកបានជួយបង្កើនសមត្ថភាពដល់អូស្ត្រាលីក្នុងការការពារខ្លួន និងការពារផលប្រយោជន៍របស់ខ្លួនតាមរយៈការផ្តល់នូវផ្នែកបច្ចេកវិទ្យាការពារឈានមុខគេលើពិភពលោក ការបណ្តុះ បណ្តាលជំនាញយោធា និងលំហាត់យោធារួមគ្នា ព្រមទាំងជួយលើកកម្ពស់សមត្ថភាពស៊ើបការណ៍សម្ងាត់សំខាន់ៗផងដែរ។ ប្រទេសទាំងពីរបានប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីជួយរៀបចំបទដ្ឋានអន្តរជាតិក្នុងការជំរុញផលប្រយោជន៍រួមគ្នានៅក្នុងដែនសមុទ្រ ដែនអាកាស និងលំហរខាងក្រៅ ក៏ដូចជាសន្តិសុខតាមអ៊ីនធឺណិត។ សហរដ្ឋអាម៉េរិក និងអូស្រ្តាលី បានធ្វើសមប្រយុទ្ធយោធារួមគ្នាដ៏ធំបំផុតមួយ ដោយមានយោធា និងបុគ្គលិកពាក់ព័ន្ធនៃប្រទេទាំងពីរចូលរួមប្រមាណ ៣៣,០០០ នាក់ ដោយផ្តោតសំខាន់លើការប្រយុទ្ធក្នុងសមរភូមិកម្រិតខ្ពស់ និងកិច្ចប្រតិបត្តិការរួមគ្នាក្នុងពេលមានបញ្ហាកើតឡើង។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មានការវាយប្រហារមួយដោយយន្តហោះទៅបំបុកអគារពាណិជ្ជកម្មពិភពលោក (World Trade Center) នៅទីក្រុងញូយ៉ក ដែលបណ្តាលឱ្យពលរដ្ឋអូស្រ្តាលីចំនួន១១នាក់ ត្រូវបានសម្លាប់ផងដែរ។ ក្រោយព្រឹត្តិការណ៍នោះភ្លាម នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ចន ហូវ៉ឺដ (John Howard) បានប្រកាសគាំទ្រដល់លោកប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស (George W. Bush) ក្នុងការតាមកំចាត់ក្រុមភាវកម្មនេះ។ ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីក៏បានគាំទ្រដល់សហរដ្ឋអាម៉េរិក្នុងការលុកលុយអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០០១ និងការឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣ ផងដែរ។ ដោយសារការគាំទ្រឥតងាករេរបស់អូស្រ្តាលីចំពោះសហរដ្ឋអាម៉េរិកនេះហើយ ទើបនៅឆ្នាំ២០០៤ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងសហរដ្ឋអាម៉េរិក ជាមួយអូស្រ្តាលីបានកើតឡើង ហើយលោក ចន ហូវ៉ឺដ (John Howard) បានហៅកិច្ចព្រមព្រៀងនេះថា ជារង្វាន់សម្រាប់អូស្រ្តាលីក្នុងការចូលរួមចំណែកជាមួយសហរដ្ឋអាម៉េរិកក្នុងការលុកលុយប្រទេសអ៊ីរ៉ាក់។
នៅឆ្នាំ២០១១ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ទៅកាន់ប្រទេសអូស្ត្រាលី លោកបានប្រកាសថា កងម៉ារីននិងអង្គភាពទ័ពអាកាសសហរដ្ឋអាម៉េរិកនឹងត្រូវបង្វិលមកមូលដ្ឋានទ័ពអាកាសអូស្ត្រាលីនៅភាគខាងជើងប្រទេស ដើម្បីជួយធ្វើការបណ្តុះបណ្តាលដល់កងទព័អូស្រ្តា លី។ នៅឆ្នាំ២០១៣ កងទ័ពអាកាសសហរដ្ឋអាម៉េរិកបានប្រកាសពីការដាក់ពង្រាយយន្តហោះចម្បាំង នាវាចម្បាំង ព្រមទាំងនាវាដឹកប្រេងឆ្លងកាត់ប្រទេសអូស្ត្រាលីថែមទៀត។ ការដាក់ពង្រាយនេះត្រូវបានប្រទេសចិននិងប្រទេសឥណ្ឌូណេស៊ី រិះគន់។
នៅខែសីហា ឆ្នាំ២០១៧ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានរឆ្លើយតបនឹងការគំរាមកំហែងកាន់ តែខ្លាំងឡើងរបស់កូរ៉េខាងជើងដែលកំពុងអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីបនុយក្លេអ៊ែរ។ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើសម្ព័ន្ធភាពរវាងអូស្ត្រាលី-សហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តរបស់ប្រជាជនរបស់លោកក្នុងការជួយអាម៉េរិក ជាមួយជម្លោះដែលអាចកើតមានដោយយថាហេតុ លោកពោលថា ប្រសិនបើមានការវាយប្រហារមកលើសហរដ្ឋអា ម៉េរិក នោះសន្ធិសញ្ញា ANZUS នឹងត្រូវបានកោះហៅអូស្រ្តាលីឱ្យមកជួយសហរដ្ឋអាម៉េរិក ប្រសិនបើអាម៉េរិកត្រូវគេវាយប្រហារ។ នៅខែឧសភា ឆ្នាំ២០១៨ អាម៉េរិកបានផ្តល់ការលើកលែងជាអចិន្រ្តៃយ៍ដល់ប្រទេសអូស្ត្រាលី ២៥ ភាគរយ លើពន្ធដែកថែបទូទាំងពិភពលោករបស់ទីផ្សារសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យប្រទេសអូស្ត្រាលីក្លាយជាប្រ ទេសមួយក្នុងចំណោមប្រទេសចំនួនបួននៅលើពិភពលោកដែលត្រូវបានលើកលែងពន្ធនេះ។
ចំពោះទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងអូស្ត្រាលី មានភាពរឹងមាំខ្លាំងណាស់ ដោយ សារប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអូស្ត្រាលី-សហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិកគឺជាទីផ្សារនាំចេញធំបំ ផុតទី៤ របស់អូស្រ្តាលី និងជាប្រភពនាំចូលធំលំដាប់ទី២ របស់ខ្លួនផងដែរ។ អូស្រ្តាលី និងសហរដ្ឋអាម៉េរិក ជាដៃគូប្រកួតប្រជែងគ្នាផងដែរ ហើយក៏ជាដៃគូកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ដោយនាំចេញ នាំចូលឱ្យគ្នាទៅវិញទៅមក ក្នុងនោះយើងសង្គេតឃើញមានទំនិញសំខាន់ៗមួយចំនួន គឺ ស្រូវសាលី អ៊ុយរ៉ាញ៉ូម ដែកថែប រោមចៀម សាច់ចៀម និងវិស័យបច្ចេកវិទ្យាព័ត៌មាន។ នៅក្នុងឆ្នាំ២០១៨ សហរដ្ឋអាម៉េរិកបាននាំទំនិញចូលពីអូស្រ្តាលីក្នុងទំហំទឹកប្រាក់ប្រមាណ ១០.១ពាន់លានដុល្លារអាម៉េរិក ចំណែកអូស្រ្តាលីវិញបាននាំទំនិញចូលពីសហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ២៤.៦៦ពាន់លានដុល្លារអាម៉រិក។
អូស្រ្តាលី និងសហរដ្ឋអាម៉េរិកមានទំនាក់ទំនងយ៉ាងជិតស្និតនៅគ្រប់កម្រិតរដ្ឋាភិបាលរវាងប្រទេសទាំងពីរជាពិសេស ពួកគេបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ហើយជាដៃគូដែលមានគំនិតដូចគ្នានៅគ្រប់វេទិការក្នុងតំបន់ និងពិភពលោក រួមមាន G20 កិច្ចប្រជុំកំពូលអាស៊ីបូព៌ា អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសហប្រជាជាតិ។
ជារួមយើងសង្កេតឃើញថា អូស្រ្តាលីនិងសហរដ្ឋអាម៉េរិក តែងមានទំនាក់ទំនងល្អជាមួយគ្នា ហើយគាំទ្រគ្នា ទៅវិញទៅមកគ្រប់កាលៈទេសៈ ព្រោះពួកគេតែងតែផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេស ក្នុងពេលបច្ចុប្បន្ននេះ ពួគេត្រូវការគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម យុទ្ធសាស្រ្ត និងយោធា។ ម្យ៉ាង ទៀតអូស្រ្តាលី ជាទីតាំងយុទ្ធសាស្រ្តសម្រាប់សហរដ្ឋអាម៉េរិក ក្នុងការតាំងមូលដ្ឋានទ័ព ការធ្វើលំហាត់យោធាបង្ហាញសាច់ដុំដាក់ចិន ហើយក៏ជាទីតាំងសម្រាប់លំហឥណ្ឌូ-ប៉ាស៊ីហ្វិចផងដែរ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស.២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងសហការីបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ដែលជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជំនាន់ទីពីរ។
នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា លោកចង់ឱ្យមានការចងចាំដល់អ្នកដែលបានផ្តួចផ្តើមឡើងដំបូងពីអ្នកបន្តវេន។ រាជបណ្ឌិត្យសភាកម្ពុជា នឹងមិនមានថ្ងៃនេះនោះទេ បើសិនជាគ្មានការខិតខំប្រឹងប្រែងរបស់អតីតបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាគ្រប់ៗរូប និងក្រុមការងារដែលបានឈ្មុសឈ្មុលប្រមែប្រមូលបញ្ញវន្តកម្ពុជា ដើម្បីរៀបចំស្ថាប័ននេះឡើងតាំងពីបាតដៃទទេ ដោយមានការលើកទឹកចិត្តពីសម្តេចនាយករដ្ឋមន្ត្រី។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងនាមជាប្រធានជំនាន់ទី៣ នៃរាជបណ្ឌិត្យ សភាកម្ពុជា ក៏បានជម្រាបជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ដែលជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាទីពីរពីវឌ្ឍនភាពនៃស្ថាប័នស្រាវជ្រាវនេះ គិតចាប់ពីពេលដែលឯកឧត្តម បណ្ឌិតសភាចារ្យ បានទទួលសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ មក។
លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានបង្ហាញពីទឹកចិត្តរីករាយដោយបានឃើញអ្នកបន្តវេនពីរូបលោកជំទាវ និងសហការីបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស.២០២០។
ការសំណេះសំណាលរវាងរៀមច្បងនិងអ្នកបន្តវេន បានប្រព្រឹត្តទៅដោយក្តីសោមនស្ស នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ក្នុងគេហដ្ឋានរបស់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា។ ឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងពីរំលែកនូវបទពិសោធន៍ការងារ ពីប្រវត្តិនៃការផ្តួចផ្តើម រៀបចំបង្កើតស្ថាប័ន និងវឌ្ឍនភាពបច្ចុប្បន្នរបស់ស្ថាប័ន។
សូមជម្រាបជូនថា លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជំនាន់ទីពីរ ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧៕
RAC Media | រឿន ភារុន
(ខេត្តព្រះវិហារ)៖ សកម្មភាពនៃការលួចកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារនៅតែបន្តកើតមាន ដោយសារឈ្មួញខិលខូចមួយចំនួនបានប្រើដៃប្រជាជនដែលមានជីវភាពខ្វះខាតនៅមូលដ្ឋាន ដើម្បីកាប់បំផ្លាញព្រៃឈើបម្រើឱ្យផលប្រយោជន៍របស់ពួកគេ។
ដើម្បីទប់ស្កាត់សកម្មភាពនៃការលួចកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបចុះល្បាតទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាច្រើនកន្លែងនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបដោយផ្ទាល់។
នៅពេលចុះសកម្មភាពល្បាត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានហាមឃាត់ និងណែនាំជនល្មើសដែលកំពុងកាប់បំផ្លាញឈើ ដើម្បីធ្វើអាជីវកម្ម និងទន្ទ្រានយកដីក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីធ្វើកសិកម្មដោយខុសច្បាប់។
នៅក្នុងសកម្មភាពចុះល្បាតទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឈើក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងមន្ត្រីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានចាប់ដកហូតឧបករណ៍ល្មើសច្បាប់មួយចំនួនពីជនល្មើសផងដែរ។
ដោយមើលឃើញថា ជនល្មើសជាប្រជាជនក្រីក្រសាមញ្ញ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអប់រំណែនាំពួកគេឱ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងលើកទឹកចិត្តឱ្យពួកគេប្រកបរបបស្របច្បាប់វិញ។
សូមរម្លឹកថា ដោយទទួលបានសំណើសុំឱ្យជួយអន្តរាគមន៍ពីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលថ្ងៃទី១៩ មីនា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជូនកម្លាំងចម្រុះរួមមាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកឆែប ដើម្បីចុះប្រតិបត្តិការបង្ក្រាបការកាប់ឈើខុសច្បាប់ជាច្រើនកន្លែង នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបផងដែរ។
សូមជម្រាបជូនថា ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានទំហំផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើន រួមមាន សម្រស់ធនធានព្រៃឈើធម្មជាតិ សត្វព្រៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុ និងជាតិពន្ធុដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថាន ព្រៃឈើវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍យ៉ាងទាក់ទាញល្អប្រសើរ៕
RAC Media| រឿន ភារុន
ស្របពេលដែលពិភពលោកទាំងមូលកំពុងតែមានការប្រុងប្រយ័ត្ន និងភ័យខ្លាចចំពោះការឆ្លងវីរុសកូរ៉ូណានោះ ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជាបានប្រើឱកាសនៃការភ័យខ្លាចរបស់ពិភពលោកនេះ ដើម្បីពង្រឹងទំនាក់ទំនងការទូតរបស់ខ្លួនជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោក ដែលមានដូចជាសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀតក្នុងសហគមអាស៊ាន ដោយរាប់ទាំងប្រទេសកម្ពុជា និងប្រទេសឡាវផងដែរ។
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសាររបស់លោកនៅតាមបណ្តាញសង្គម Twitter ដើម្បីថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ជូនម៉ាស់ចំនួន ៤៥០,០០០។
យោងទៅតាមការចេញផ្សាយរបស់ការសែត The New York Times កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ នេះ កន្លងមកប្រទេសវៀតណាមបានផ្តល់ម៉ាស់ជូនប្រទេសកម្ពុជាចំនួន ៣៩០, ០០០ ជូនប្រទេសឡាវចំនួន ៣៤០,០០០ ហើយបានជូនទៅប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប ដែលមានដូចជា ប្រទេសបារាំង អាល្លឺមង៉ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស ចំនួន ៥៥០,០០០។
កន្លងមក គេបានដឹងថា ប្រទេសចិន ដែលជាប្រទេសមួយ ដែលវីរុសកូរ៉ូណាកើតមានដំបូងគេនោះ បានដើរតួរជាអ្នកសង្គ្រោះពិភពលោកផ្តាច់មុខ តាមរយៈការបញ្ជូនអ្នកជំនាញចិន និងថ្នាំពេទ្យ ព្រមទាំងម៉ាស់ការពារជាច្រើនទៅកាន់បណ្តាប្រទេសក្នុងពិភពលោក ដែលកំពុងតែមានការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។
ប្រទេសចិន គឺជាប្រទេសមួយដែលជាជនរងគ្រោះផង និងជាអ្នកជួយប្រទេសផ្សេងទៀតផង។ ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផងបានទទួលថ្នាំពេទ្យ និងអ្នកជំនាញចិនដែលបានមកជួយបណ្តុះបណ្តាល គ្រូពេទ្យកម្ពុជាឱ្យមានជំនាញកាន់តែខ្លាំងក្នុងប្រយុទ្ធប្រឆាំងជាមួយវីរុសដ៏កាចសាហាវនេះ។
បើទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ គេសង្កេតឃើញថា មិនមែនមានតែប្រទេសចិននោះទេ ដែលជាអ្នកបានកំពុងតែផ្តល់ជំនួយទៅកាន់ប្រទេសផ្សេង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានេះ គឺមានប្រទេសវៀតណាមមួយទៀត ដែលជាអ្នកជិតខាងមិនសូវល្អជាមួយប្រទេសចិន ដែលបានកំពុងតែចែករំលែកធនធានរបស់ខ្លួនទៅកាន់បណ្តាប្រទេសដែលកំពុងតែត្រូវការជំនួយ។
នៅក្នុងវិស័យការទូត ឬនៅក្នុងជីវភាពនៃការរស់នៅប្រចាំថ្ងៃ អ្នកឱ្យ ឬអ្នកផ្តល់ជំនួយតែងតែបានទទួលការស្វាគមន៍ ការស្រលាញ់ និងការរាក់ទាក់ជាងអ្នកទទួលអំណោយ ឬអ្នកទទួលជំនួយ។ អ្វីដែលប្រទេសវៀតណាមកំពុងតែធ្វើនៅពេលនេះ គឺជារឿងមួយល្អណាស់ និងសំខាន់ណាស់ សម្រាប់វិស័យការទូត និង វិស័យជំនួញរបស់ខ្លួននៅថ្ងៃអនាគត។ ប្រទេសវៀតណាម គឺជាប្រទេសមួយដែលមានភាពឆ្លាតវៃក្នុងការប្រើប្រាស់គោលនយោបាយការទេស និងគោលនយោបាយការទូត ដោយប្រទេសនេះអាចរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយគ្រប់បណ្តាប្រទេសទាំងអស់ក្នុងពិភពលោក ហើយទំនិញរបស់វៀតណាមក៏ត្រូវបានលក់នៅគ្រប់ទីផ្សារសំខាន់ៗរបស់ពិភពលោកផងដែរ។
(បណ្ឌិត ស៊ឺន សម មន្ត្រីកិច្ចការសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា)
RAC Media
ចេញផ្សាយថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២០
វ៉ាស៊ីនតោនឌីស៊ី៖ ជំងឺរាតត្បាតកំពុងតែរាលដាលនៅពេសពេញពិភពលោក ហើយកំពុងតែបង្កគ្រោះថ្នាក់ដល់ជីវិត និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ ចំណែកលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trupm កំពុងតែគិតអំពីមធ្យោបាយធ្វើយ៉ាងណាឱ្យមានអំណាចជាងប្រទេសចិន។
ប៉ុន្តែ ការគិតមមៃរបស់គាត់ក្នុងការយកឈ្នះការប្រកួតប្រជែងមហាអំណាចពិភពលោក ដែលស្ដែងឡើងតាមរយៈរដ្ឋបាលរបស់គាត់ ក្នុងការហៅមេរោគ COVID-19 ថាជា «មេរោគចិន» ឬ «មេរោគអូហាន» កំពុងតែធ្វើឱ្យជ័យជំនះរបស់គាត់ហាក់ថមថយជារៀងរាល់ថ្ងៃ។
មិនមាននរណាម្នាក់នៅមានមន្ទិលថា មេរោគកូរ៉ូណា COVID-19 បានលេចឡើងជាលើកដំបូងនៅក្នុងប្រទេសចិននោះទេ ហើយក៏មិនមាននរណាម្នាក់បដិសេធថា ការិយាល័យធិបតេយ្យរបស់ចិនបានធ្វើខុសចំពោះការទប់ស្កាត់ព័ត៌មានអំពីជំងឺនេះនៅពេលកើតឡើងដំបូង ជាជាងការចាត់វិធានការភ្លាមៗដើម្បីគ្រប់គ្រងមេរោគនោះដែរ។
ទោះយ៉ាងណា សម្រាប់មនុស្សភាគច្រើននៅលើពិភពលោក បញ្ហាចម្បងគឺមិនមែនកន្លែងដែលមេរោគបានផ្ទុះឡើងនោះទេ ប៉ុន្តែថាតើមេរោគនេះនឹងត្រូវបានបញ្ចប់ទៅវិញដោយរបៀបណា។ ជាតថភាព ចិនកំពុងតែធ្វើការងារកាន់តែច្រើនជាងអាម៉េរិកដើម្បីជួយបញ្ឈប់ការរាតត្បាតនៃជំងឺនេះ។
ការឆ្លើយតបចំពោះ COVID-19៖ ចិន ប្រកួតប្រជែងជាមួយ អាម៉េរិក
ទោះបីជាចិនបានធ្វើកំហុសមួយនៅពេលដំបូងក៏ដោយ ក៏មេដឹកនាំរបស់ចិនមិនបានចំណាយពេលយូរដែរចំពោះការទទួលស្គាល់កំហុសកាលពីគ្រាដំបូងរបស់ខ្លួន ហើយបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់។ រដ្ឋាភិបាលបានបិទតំបន់ដែលរងផលប៉ះពាល់ បិទការដើរហើររបស់ប្រជាជនក្នុងទ្រង់ទ្រាយធំ សាងសង់មន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺ COVID-19 ហើយបង្កើនការផលិតបរិក្ខាចាំបាច់ ដែលរួមមានកញ្ចប់ឧបករណ៍ធ្វើតេស្ត ម៉ាស និងម៉ាស៊ីនផលិតអុកស៊ីសែនដែរ។
ការបិទខេត្តក្រុងអាចមានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្តែ យុទ្ធសាស្រ្តរបស់ចិនហាក់ដូចជាមានប្រសិទ្ធភាព។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ការចម្លងថ្មីៗបានថយចុះ ហើយការចម្លងក្នុងស្រុកត្រូវបានបញ្ឈប់។ វិធានការដែលត្រូវធ្វើនាពេលបច្ចុប្បន្ន គឺការបញ្ឈប់ការបិទទីក្រុងបានយ៉ាងងាយស្រួល។
ខុសពីប្រទេសចិន សហរដ្ឋអាម៉េរិកបានព្រមានជាច្រើនលើកច្រើនសារថា COVID-19 នឹងរាលដាលមកដល់អាម៉េរិក។ ប៉ុន្តែ លោក Trump មិនបានចាត់វិធានការភ្លាមៗទេ គាត់ថែមទាំងមើលស្រាលលើការគំរាមកំហែងនេះ ហើយមានភាពស្ទាក់ស្ទើរផងដែរ មុននឹងសម្រេចបំពេញតាមការសន្យារបស់គាត់ក្នុងការសម្រេចឱ្យប្រើច្បាប់ផលិតកម្មការពារជាតិ (Defense Production Act) ដើម្បីចាប់បង្ខំឱ្យក្រុមហ៊ុនឯកជនផលិតបរិក្ខាសំខាន់ៗ ហើយនៅតែបដិសេធមិនចេញបទបញ្ជាឱ្យពលរដ្ឋរបស់ខ្លួនស្នាក់នៅក្នុងលំនៅដ្ឋានទូទៅប្រទេស។
លើសពីនេះទៅទៀត ដោយភ័យខ្លាចចំពោះបេក្ខភាពសម្រាប់ការបោះឆ្នោតប្រធានាធិបតីសារជាថ្មីរបស់គាត់ ស្របពេលកើតមានវិបត្តិសេដ្ឋកិច្ច លោក Trump បានប្រកាសពីចេតនារបស់ខ្លួនក្នុងការ «បើក» សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកឡើងវិញត្រឹមពេលបុណ្យអ៊ីស្ទើរ៍ (Easter) ដើម្បីដោះយករួចខ្លួន ខណៈដែលចំនួនករណីអ្នកឆ្លងនិងអ្នកស្លាប់ដោយមេរោគនេះបានកើនឡើង។
និយាយឱ្យចំទៅ Trump បានផ្តល់អាទិភាពដល់នយោបាយជាងសុខភាពសាធារណៈ ពោលគឺអ្វី ដែលគាត់បានរិះគន់មន្រ្តីចិនលើការងារដែលកំពុងធ្វើនៅពេលដែល COVID-19 បានផ្ទុះឡើង។ ការព្រមាននាពេលថ្មីៗរបស់អង្គការសុខភាពពិភពលោក ដែលថា សហរដ្ឋអាម៉េរិកអាចក្លាយជាចំណុចកណ្តាលនៃជំងឺរាតត្បាតថ្មី គឺហាក់ដូចជាមានភាពត្រឹមត្រូវ៖ ប្រទេសនេះមានករណីឆ្លងមេរោគនេះខ្ពស់ជាងគេនៅលើពិភពលោក។
មុខមាត់របស់ចិននៅលើឆាកអន្តរជាតិ
ទន្ទឹមនឹងនេះដែរ ផ្នែកខ្លះនៃទ្វីបអឺរ៉ុបកំពុងតស៊ូដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃមេរោគនេះ ដែលនៅក្នុងនោះដែរ អ៊ីតាលី និងអេស្ប៉ាញ មានចំនួនអ្នកស្លាប់ដោយសារជំងឺនេះច្រើនជាងប្រទេសចិនទៅទៀត។
បូកផ្សំជាមួយនឹងបរាជ័យនៃការដឹកនាំរបស់លោក Trump កត្តានេះបានផ្ដល់នូវភាពជឿជាក់មួយថា គំរូនៃអភិបាលកិច្ចដឹកនាំរបស់ប្រទេសចិនមានភាពល្អប្រសើរជាងប្រព័ន្ធប្រជាធិបតេយ្យ ដែលជារឿយៗតែងជាប់គាំងនយោបាយនិងអសមត្ថភាពក្នុងការឆ្លើយទៅនឹង «black swans»(ភាពតក់ស្លុតដែលមិននឹកស្មានដល់)»។
សហរដ្ឋអាម៉េរិកអាចទទួលបានជោគជ័យក្នុងការប៉ុនប៉ងរារាំងសម្ព័ន្ធរបស់ខ្លួន ពីការទទួកយកបច្ចេកវិទ្យាទូរគមនាគមន៍របស់ចិន ប៉ុន្តែ អាម៉េរិកមិនអាចបញ្ឈប់ពិភពលោកមិនឱ្យទទួលយកគំរូតាមវិធីសាស្រ្តរបស់ប្រទេសចិនចំពោះសុខភាពសាធារណៈ ឬស្ថាប័នសង្គមបាននោះឡើយ ប្រសិនបើវាបង្ហាញថា វិធីសាស្រ្តរបស់ចិនមានប្រសិទ្ធភាពអំឡុងពេលមានកើតវិបត្តិជំងឺ COVID-19 នេះ ហើយ រហូតមកដល់ពេលនេះ កំណត់ត្រារបស់ចិនគឺគួរឱ្យជឿជាក់ខ្លាំងមែនទែន។
រូបថតយន្តហោះដឹកបរិក្ខាវេជ្ជសាស្រ្ត និងក្រុមវេជ្ជបណ្ឌិតរបស់ចិនបានទៅដល់ទីកន្លែងដូចជាទីក្រុងរ៉ូម និងទីក្រុង តេអេរ៉ង់ ដែលបានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គមទូទាំងពិភពលោក បានលើកមុខមាត់របស់ចិននៅលើឆាកអន្តរជាតិបន្ថែមទៀត។
ឥឡូវនេះ ប្រទេសជាច្រើនកំពុងស្វែងរកជំនួយពីប្រទេសចិន។ បន្ទាប់ពីសហគមន៍អឺរ៉ុបបានកាត់បន្ថយការនាំចេញបរិក្ខាវេជ្ជសាស្រ្ត លោក Aleksandar Vucic ប្រធានាធិបតីរបស់ប្រទេស ស៊ែប៊ី បានអំពាវនាវដល់ «មិត្តភក្តិនិងជាបងប្រុស» គឺលោក Xi Jinping ប្រធានាធិបតីចិនឱ្យជួយផ្ដល់នូវទំនិញចាំបាច់មកដល់ខ្លួន។ ប៉ុន្មានថ្ងៃក្រោយមក ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen បានថ្លែងអំណរគុណជាសាធារណៈដល់ប្រទេសចិនដែលចូលរួមផ្ដល់ជាវិភាគទានជួយសង្គ្រោះ។
អាម៉េរិកទីមួយ
គ្មាននរណាម្នាក់បានស្នើសុំអ្វីមួយពីអាម៉េរិកនោះទេ(អរគុណតែម្នាក់ឯង) ហើយអាម៉េរិកក៏មិនទាន់បានផ្ដល់ជូនអ្វីនោះដែរ ក្រៅពីការបើកឡានត្រឡប់ទៅផ្ទះវិញជាមួយនឹងភាពខ្វះក្តីមេត្តានៃផ្នែកមួយនៃរដ្ឋបាល «អាម៉េរិកទីមួយ» របស់លោក Trump។
ជាក់ស្ដែង រដ្ឋបាលរបស់លោក Trump បានធ្វើឱ្យអន្តរាយដល់សមត្ថភាពរបស់ប្រទេសនានាក្នុងការឆ្លើយតបនឹងវិបត្តិមនុស្សធម៌។ អាម៉េរិកមិនត្រឹមតែបានបដិសេធចំពោះការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសគុយបា អេរ៉ង់ និងវេណេហ្ស៊ុយអេឡាប៉ុណ្ណោះទេ អាម៉េរិកក៏ហាក់ដូចជាបានរួមចំណែកក្នុងការសម្រេចចិត្តរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមិនព្រមផ្ដល់កម្ចីបន្ទាន់ចំនួន ៥ ពាន់លានដុល្លារដល់ប្រទេសវេណេហ្ស៊ុយអេឡាផងដែរ។
អ្វីដែលលោក Trump ហាក់ដូចជាមិនយល់នោះគឺថា ប្រទេសណាដែលបរាជ័យក្នុងការទប់ស្កាត់មេរោគ ប្រទេសនោះនឹងធ្វើឱ្យពិភពលោកទាំងមូលប្រឈមនឹងហានិភ័យ។ ការនៅរក្សាការដាក់ទណ្ឌកម្ម បានធ្វើឱ្យជាប់គាំងប្រព័ន្ធសុខាភិបាល ដូចជានៅប្រទេសអេរ៉ង់(ជាប្រទេសមានការចម្លងច្រើនជាងគេទី៣) វាមិនត្រឹមតែជាការគួរបន្ទោសលើផ្នែកសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញផលប្រយោជន៍ខ្លួនឯងផ្ទាល់របស់អាម៉េរិកផងដែរ ទាំងការជំរុញឱ្យមេរោគនៅតែបន្តរាតត្បាត ហើយក៏កំពុងធ្វើឱ្យមុខមាត់របស់អាម៉េរិកហាក់ក្លាយជាប្រទេសដែលគ្មានមនុស្សធម៌ផងដែរ។
ទន្ទឹមនឹងនេះដែរ ប្រទេសចិនរួមជាមួយប្រទេសរុស្សី បានជំរុញឱ្យសហរដ្ឋអាម៉េរិក ផ្លាស់ប្ដូរវិធីសាស្រ្តរបស់ខ្លួន។ ប៉ុន្តែ សហរដ្ឋអាម៉េរិកមិនត្រឹមតែព្រងើយកន្តើយចំពោះការរងគ្រោះនៃដៃគូប្រជែងរបស់ខ្លួននោះទេ អាម៉េរិកក៏មានការព្រួយបារម្ភតិចតួចទៅលើសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ លើសពីការមិនផ្ដល់ជំនួយអ្វីទាំងអស់ដល់អឺរ៉ុបដែលជាដៃគូរបស់ខ្លួន រដ្ឋបាលរបស់លោក Trump បានហាមឃាត់យ៉ាងតក់ក្រហល់និងជាឯកតោភាគីចំពោះភ្ញៀវទេសចរជនជាតិអឺរ៉ុបមិនឱ្យចូលក្នុងទឹកដីអាម៉េរិកចំនួន៣០ថ្ងៃ ដែលទង្វើនេះបានធ្វើឱ្យមេដឹកនាំអឺរ៉ុបមានការភ្ញាក់ផ្អើល ហើយពួកគេបានធ្វើការថ្កោលទោសអាម៉េរិកយ៉ាងខ្លាំង។
លើសពីនេះទៀត ការធ្វើឱ្យកាន់តែខឹងសម្បារបន្ថែមទៀត គឺភាពគគ្លើននិងភាពកាចសាហាវរបស់លោក Trump ដែលត្រូវបានគេរាយការណ៍ថា លោកបានខិតខំការពារសិទ្ធិទទួលបាននូវវ៉ាក់សាំងការពារ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុន CureVac របស់អាល្លឺម៉ង់ (មន្រ្តីអាម៉េរិកហៅរបាយការណ៍នោះថាមាន «ការបំផ្លើសហួសហេតុ»។
មកទល់នឹងពេលនេះ អឺរ៉ុបទាំងមូលបានស៊ាំជាមួយនឹងទង្វើរបស់លោក Trump ទៅហើយ ប៉ុន្តែកាយវិការបែបនេះវាគឺជាស្ពានដ៏វែងអន្លាយមួយ ហើយវាក៏លែងមានមន្ទិលតទៅទៀតដែរ ដែលថាអឺរ៉ុបមិនអាចជឿទុកចិត្តលើអាម៉េរិកបានទៀតទេ គឺមានតែពឹងផ្អែកលើខ្លួនឯងនោះទើបជាការល្អ។ ទាំងចិន ទាំងរុស្សីបានសុបិនរួមគ្នាជាយូរណាស់មកហើយ ក្នុងការចង់ឃើញការប្រេះឆាក្នុងទ្វីបអាត្លង់ទិកបែបនេះ។
ខណៈដែលលោក Trump ប្រកាន់ខ្ជាប់នូវទស្សនៈក្នុងកិច្ចខិតខំប្រកបដោយការយកចិត្តទុកដាក់ និងដោយតម្លាភាព ដើម្បីគេចយករួចខ្លួនពីការស្ដីបន្ទោសទៅលើការដឹកនាំដែលគ្មានប្រសិទ្ធភាពរបស់ខ្លួន ប្រទេសចិនកំពុងតែសង្កត់គ្រឹះនៅតាមមូលដ្ឋានសម្រាប់ភាពជាអ្នកដឹកនាំពិភពលោកនៅក្នុងយុគសម័យក្រោយជំងឺ COVID-19 នេះ។ ជាការដឹងគុណចំពោះលោក Trump សហរដ្ឋអាម៉េរិកប្រាកដជានឹងបាត់បង់ការប្រកួតប្រជែងជាប្រទេសមហាអំណាច បូករួមទាំងអាយុជីវិតរបស់ប្រជាជនរាប់មិនអស់។
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM