ព័ត៌មាន

«ជ្រុងមួយ អំពីសមិទ្ធផលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នៅខេត្តបាត់ដំបង» ដោយលោក ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យា នៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ

ផ្តែរទ្វារប្រាសាទឯកភ្នំ តួប៉មកណ្តាល អំពី «ចម្លាក់រឿងកូរសមុទ្រទឹកដោះ»

តាមប្រវត្តិសាស្រ្តនៅដើមសតវត្សទី១១ ក្រោយការប្រកួតប្រជែងប្រហែល ៩ឆ្នាំ ព្រះបាទសូរ្យវរ្ម័នទី១ បានទទួលជ័យជំនៈលើគូប្រជែង គឺព្រះបាទជ័យវីរវរ្ម័ន។ ព្រះអង្គបានគ្រងរាជ្យជាស្តេចនៃកម្ពុជទេសដោយគង់នៅរាជធានីយសោធរ (អង្គរ)។ គេអាចចាត់​ទុកព្រះបាទសូរ្យវរ្ម័នទី១ថាជាព្រះរាជាសំខាន់មួយអង្គក្នុងប្រវត្តិសាស្រ្តអង្គរ ហើយក៏ជាព្រះរាជាដែលគ្រងរាជ្យសម្បត្តិរហូតជិត​​៥០ឆ្នាំ (គ.ស ១០០២-១០៥០)។ ក្នុងរាជនេះកម្ពុជទេសមានវិសាលភាំពធំធេងជាងពេលមុនៗ រីឯឥទ្ធិពលកម្ពុជទេសនាពេលនោះ​ក៏ផ្សព្វផ្សាយទៅហួសពីរាជអំណាចដែលព្រះបាទសូរ្យវរ្ម័នទី១បានកាន់កាប់ទៅទៀត។

ក្នុងការគ្រងអំណាចរាជសម្បត្តិដ៏យូរនោះ ព្រះបាទសូរ្យវរ្ម័នទី១បានបំពេញនូវបូជនីយកិច្ចដឹកនាំនិងគ្រប់គ្រងជាតិទៅតាមយុទ្ធសាស្រ្តដោយឡែកមួយរបស់ទ្រង់៖

ទី១. ការបង្រួបបង្រួមឱ្យមានឯកភាពផ្ទៃក្នុងនិងការគាំទ្រដោយភាពស្មោះភក្តីបំផុតពីមន្រ្តីកំពូលៗក្នុងរាជការនិងពីប្រជានុរាស្រ្ត

ទី២. ការគោរពនិងអនុវត្តន៍គោលនយោបាយទឹកដោយបានស្ថាបនាបារាយណ៍មន្ទាកិណី ឬ កម្ពុជក្សតីថ៌ (បារាយខាងលិច ឬ ទឹកថ្លា) ដែលមានទំហំធំជាងគេបង្អស់នៅអង្គរដើម្បីពង្រីកវិសាលភាពកសិកម្មសម្រាប់ការពង្រឹងសេដ្ឋកិច្ចអង្គរ

ទី៣. ការស្តារ ជួសជុលនិងសាងសង់បន្ថែមលើសំណង់ធារាសាស្រ្តព្រមទាំងប្រាសាទក្នុងរាជ្យមុនៗ និង

ទី៤. ស្ថាបនាប្រាសាទធំៗទាំងនៅក្នុងរាជធានីនិងនៅតំបន់ភាគខាងលិច ខាងកើត និងភាគខាងត្បូងប្រទេស។ នេះជាការបង្ហាញពីការពង្រីកវាតរាជអំណាចរបស់ទ្រង់ឱ្យទៅដល់គ្រប់ទីកន្លែង។ នៅក្រោមរាជ្យនេះហើយដែលវិស័យកសិកម្មព្រមទាំងសហគមន៍មនុស្សបានរីកចម្រើនឡើងខ្លាំងនៅតំបន់ទឹកដីខេត្តបាត់ដំបងសព្វថ្ងៃ។ ការវាតទីនៃរាជអំណាចរបស់ព្រះបាទសូរ្យវរ្ម័នទី១ ក៏បានលាតសន្ធឹងហួសពីដែនដីនៃកម្ពុជទេសនាពេលនោះ ឆ្ពោះទៅដល់ភូមិភាគខាងជើងនៃប្រទេសថៃសព្វថ្ងៃផង។

ប្រាសាទបុរាណសំខាន់ៗលេចធ្លោកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដែលបន្សល់ទុកនៅក្នុងខេត្តបាត់ដំបង មានដូចជា៖

១. ប្រាសាទឯកភ្នំ (នរេន្ទ្រគ្រាម “ភូមិរបស់ព្រះរាជា”)

២. ប្រាសាទបាសែត ឬ ប្រសិទ្ធី (ស្រីជ័យក្សេត្រ “ដែនដីនៃជ័យជំនៈ”)។

ប្រាសាទទាំងពីរខាងលើនេះ ត្រូវបានស្ថាបនាសម្រាប់តម្កល់សិវលិង្គ «ស្រីសូរ្យវឫស្វរៈ» ជាលិទ្ធិទេវរាជតំណាងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី១ និង

៣. ប្រាសាទស្នឹង ។

៤. ក្រៅពីស្នាដៃសំខាន់ៗទាំងនេះ ប្រាសាទបាណន់ ជាប្រាសាទដ៏សំខាន់មួយផ្តើមកសាងនៅក្នុងរជ្ជកាលនៃព្រះរាជាសោយរាជ្យបន្តពីព្រះបាទសូរ្យវរ្ម័នទី១ គឺព្រះបាទឧទយាទិត្យវរ្ម័នទី២ ជាបុត្រារបស់ព្រះបាទសូរ្យវរ្ម័នទី១។

តាមការសិក្សាបឋមរបស់ក្រុមការងារស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្ដមបណ្ឌិត ជូ ច័ន្ទដារី ដោយផ្អែកលើសមិទ្ធផលជាស្នាដៃធំៗជាច្រើន ដូចជា ប្រាសាទបុរាណ ប្រព័ន្ធធារាសាស្រ្ត សិលាចារឹកដែលចារឡើងតាំងពីមុនឡើងគ្រងរាជ្យ និងចារដោយព្រះរាជាក្រោយៗមកទៀតជាដើម គឺបានបង្ហាញឱ្យឃើញថា រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ជាសម័យកាលរុងរឿងខ្លាំងណាស់ ម្យ៉ាងរាជអំណាចនៃព្រះរាជាខ្មែរអង្គនេះ លាតសន្ធឹងធំធេងនិងល្បីរន្ទឺទៅដល់ប្រទេសជិតខាង។ ទោះបីយ៉ាងណា រហូតមកដល់ពេលនេះ ព្រះកិត្តិនាមរបស់ទ្រង់ ក៏មិនសូវបានគេស្គាល់ច្បាស់លាស់នៅឡើយ។ នៅក្នុងឯកសារប្រវត្តិសាស្រ្តជាច្រើន ក៏មាននិយាយតិចតួច ហើយហាក់មិនទាន់មានភាពច្បាស់លាស់ ព្រមទាំងពុំទាន់មានការឯកភាពគ្នាជាច្រើនចំណុចអំពីប្រវត្តិនៃព្រះបាទសូរ្យវរ្ម័នទី១នេះ។

គួរបញ្ជាក់ដែរថា ក្រុមការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការីពីររូប មានលោកបណ្ឌិត ចាន់ ប៊ុន្នី អ្នកឯកទេសខាងប្រវត្តិសាស្ត្រ និង លោក ហៀង លាងហុង អ្នកឯកទេសខាងវប្បធម៌ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាប់សិក្សាស្រាវអំពីសមិទ្ធផល ដែលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១នៅក្នុងទឹកដីខេត្តបាត់ដំបង តាំងពីឆ្នាំ២០១៩ មកម្លេះ ដើម្បីធ្វើការផ្ទៀងផ្ទាត់និងពិនិត្យឡើងវិញនូវសមិទ្ធផលលេចធ្លោសំខាន់ៗក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បន្សល់ទុករហូតបច្ចុប្បន្ន។ ការសិក្សានេះ ផ្តោតជាសំខាន់លើ ៣ចំណុច គឺ ទី១. សិក្សាពីលក្ខណៈរចនាបថសិល្បៈនិងស្ថាបត្យកម្មសំណង់ប្រាសាទ ២. បច្ចុប្បន្នភាពនៃការអភិរក្សនិងការគ្រប់គ្រង និង ៣. សក្តានុពលនៃប្រាសាទបុរាណក្នុងការប្រើប្រាស់សម្រាប់វិស័យទេសចរណ៍។

បន្ថែមលើសពីនេះ លទ្ធផលពីការសិក្សាស្រាវជ្រាវនេះនឹងត្រូវប្រើប្រាស់សម្រាប់ការវិភាគស្វែងយល់ឱ្យបានច្បាស់លាស់ ដើម្បីចងក្រងជាឯកសារប្រវត្តិសាស្រ្តថ្មីមួយអំពី «រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១» ដោយផ្អែកលើមូលដ្ឋានឯកសារប្រវត្តិសាស្រ្ត សិលាចារឹក រចនាបថសិល្បៈ និងស្ថាបត្យកម្ម ដែលបានផ្សព្វផ្សាយដោយអ្នកស្រាវជ្រាវជាតិ អន្តរជាតិ រួមនឹងលទ្ធផលនៃការសិក្សាថ្មីៗដែលកំពុងធ្វើឡើងនាពេលនេះ៕

ប្រាសាទបាសែត ឬ ប្រសិទ្ធី (ស្រីជ័យក្សេត្រ “ដែនដីនៃជ័យជំនៈ)

ប្រាសាទឯកភ្នំ (នរេន្ទ្រគ្រាម “ភូមិរបស់ព្រះរាជា”)

ប្រាសាទស្នឹងខាងលិច 

ប្រាសាទស្នឹងខាងកើត

2020-05-26 05:43:43   ថ្ងៃអង្គារ, 26 ឧសភា 2020 ម៉ោង 12:43 PM
«ពិនិត្យតុល្យការសាងសង់អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា»

អគារខេមរវិទូដែលមានទំហំផ្ទៃសរុប ១៦ ១១៨ម៉ែត្រការ៉េសរុបចំនួន ៤ជាន់របស់រាជបណ្ឌិត្យសភាកម្ពុជាដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសាងសង់សម្រេចបានលទ្ធផល៥០ភាគរយ ខណៈការដ្ឋានសំណង់នៅតែបន្តសម្រុកសាងសង់យ៉ាងមមាញឹក ដើម្បីអនុវត្តសម្រេចឱ្យបានរួចរាល់តាមផែនការគ្រោងដោយគ្មានការពន្យា ឬផ្អាកដំណើរការសាងសង់ពីការគំរាមកំហែងដោយជម្ងឺឆ្លងកូវីដ១៩នោះទេ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យតុល្យការ សាងសង់អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញដល់ក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ត្រូវសាងសង់អគារធ្វើការងារថ្មីនេះឱ្យបានទាន់ពេលវេលា និងធានាបានភាពត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ឱ្យមានគុណភាពសុវត្ថិភាពរឹងមាំខ្ពស់។

សំណង់អគារខេមរវិទូ ត្រូវបានរចនាឡើងដោយក្រុមស្ថាបត្យករ និងវិស្វករ ដោយយកលំនាំតាមរចនាបទខ្មែរបែបទំនើប ដោយបង្កប់នូវមូលដ្ឋាននៃឧត្តមភាពស្ថាបត្យកម្មសំខាន់ៗ និងទស្សនវិជ្ជាដូចខាងក្រោម៖

ប្លង់ស្ថាបត្យកម្មអគារខេមរវិទូ បង្កើតឡើងដោយឈរលើទស្សនៈលោកធាតុទាំង៤ និងសាងសង់តាមបែបប្រាសាទភ្នំ មានទំហំផ្ទៃសរុប ១៦ ១១៨ម៉ែត្រការ៉េ មានសរុបចំនួន ៤ជាន់។ ស្ថាបត្យកម្មអគារខេមរវិទូ បានប្រតិស្ថឡើងក្រោមស្មារតីនៃដួងព្រលឹងរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយផ្តើមចេញពីការកំណត់មាត្រដ្ឋានដែលមាន៧ខ្នាតសម្រាប់គណនារាល់ប្រវែង និងសមាមាត្រគ្រប់បែបយ៉ាងនៃសំណង់នេះ។ លេខ៧ នេះ សម្រាប់ឧទ្ទិសថ្វាយចំពោះព្រះបាទជ័យវរ្ម័នទៅ៧ ហើយក៏សម្រាប់អរិយទ្រព្យទាំង៧ និងសញ្ញាខន្ធទាំង៧នៅក្នុងព្រះពុទ្ធសាសនា។

ប្លង់អគារមានរាងចតុកោណកែង ត្រូវបានប្រើប្រាស់ខ្យល់ និងពន្លឺធម្មជាតិ តាមរយៈការបើកលំហរួម និងមានការកំណត់នូវលំហរួមតាមវិទ្យាស្ថាន និងមានច្រកចេញចូលព្រមទាំងជណ្តើរជើង និងជណ្តើរយន្តគ្រប់ជាន់។ បច្ចេកទេសវិស្វកម្ម សាងសង់ឡើងដោយច្របាច់ដោយមានប្រព័ន្ធទឹកភ្លើង និងប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ដោយប្រើប្រាស់បច្ចេកទេសថ្មីនិងមានប្រសិទ្ធភាពបំផុត។

គួរបញ្ជាក់ថា អគារខេមរវិទូដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ប្រើប្រាស់បម្រើការងារដល់វិស័យស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជាត្រូវបានចុះក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧៕

RAC Media| រឿន ភារុន


2020-05-25 13:18:31   ថ្ងៃចន្ទ, 25 ឧសភា 2020 ម៉ោង 08:18 PM
«ថ្ងៃនេះគឺជាខួប១ឆ្នាំនៃការនាំគោចូលឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ គឺជាខួប១ឆ្នាំនៃការនាំគោចូលឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបដើម្បីផលិតទឹកដោះគោ តេជោ សែន ឫស្សីត្រឹបដែលជាផលិតផលជាតិដែលកើតចេញពីការស្រាវជ្រាវ ការចិញ្ចឹម និងពិសោធន៍របស់អ្នកស្រាវជ្រាវ អ្នកជំនាញ និស្សិត និងប្រជាកសិករ នៅក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប ក្នុងទឹកដីខេត្តព្រះវិហារ ជាលើកដំបូង ដើម្បីបំពេញនូវសេចក្ដីត្រូវការផ្នែកសុខមាលភាព និងតម្រូវការផលិតផលក្នុងស្រុក។ ក្នុងរយៈកាល១ឆ្នាំមកនេះ ទឹកដោះគោ តេជោ សែន ឫស្សីត្រឹបត្រូវបានទទួលការគាំទ្រពីសាធារណជនជាតិ និងអន្តរជាតិនៅទូទាំងប្រទេស។

គម្រោងចិញ្ចឹមគោទឹកដោះនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងការកំណត់អាទិភាពការងារក្នុងអាណត្តិដឹកនាំរបស់លោក ដែលបានប្រកាសចំពោះមុខប្រមុខរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធនៅវិមានសន្តិភាព កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ហើយការចិញ្ចឹមគោយកទឹកដោះនេះត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគាំទ្រយ៉ាងមុតមាំនិងប្រកាសជាសាធារណៈក្នុងពិធីដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលកាលនោះលោកបានផ្តល់ថវិកាចំនួន ១០០,០០០ដុល្លារ ដើម្បីជាការប្រកាសនៃការចូលរួមគាំទ្រ ហើយពេលនោះក៏មានការចូលរួមថវិកាពីសមាជិករដ្ឋាភិបាល និងក្រសួងស្ថាប័នផ្សេងទៀតផងដែរ។

នៅមុនការផលិតទឹកដោះគោ តេជោ សែន ឫស្សីត្រឹប ក្លាយជាផលិតផលសម្រេចដែលត្រូវបានទទួលស្គាល់ទាំងគុណភាព និងរសជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជាបានខិតខំប្រឹងប្រែងលះបង់ពេលវេលាបំពេញការងារអស់ទាំងកម្លាំងបញ្ញា កាយ និងកម្លាំងចិត្ត ដើម្បីជំរុញអនុវត្តគម្រោងនេះ ដោយចាប់ផ្តើមពីការដាំនិងបណ្តុះពូជស្មៅ King Grass និងការនាំចូលពូជគោទឹកដោះ(មានផ្ទៃពោះស្រាប់) ពីសហគមន៍គោទឹកដោះវ៉ាងណាំយិន ខេត្តស្រះកែវ ប្រទេសថៃ។ ពូជគោទឹកដោះដែលឧទ្យានកំពុងចិញ្ចឹមបច្ចុប្បន្នគឺជាពូជគោអូស្ទីនHolstein (ពូជសុទ្ធ៧៥%) ដែលមានប្រភពដើមមកពីប្រទេសដាណឺម៉ាក ហើយត្រូវបានសហគមន៍វ៉ាងណាំយិន(ប្រទេសថៃ)បង្កាត់បន្ស៊ាំអាកាសធាតុជាមួយពូជក្នុងស្រុកកាលពី៧០ឆ្នាំមុន។ ការចិញ្ចឹមគោទឹកដោះនេះ គឺមានលក្ខណៈពិសេសប្រកបដោយវិធីសាស្ត្រនិងបច្ចេកទេសត្រឹមត្រូវ ដោយសារពូជគោប្រភេទនេះទាមទាចាំបាច់នូវស្តង់ដាខ្ពស់ ដូចជា ស្តង់ដាចំណី រោងរស់នៅ ប្រព័ន្ធទឹក ភ្លើង ការគ្រប់គ្រងលាមកនិងកាកសំណល់ និងជាពិសេសការថែទាំព្យាបាលពីអ្នកជំនាញនិងពេទ្យសត្វ។ បច្ចុប្បន្ននេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានអ្នកជំនាញពីសហគមន៍វ៉ាងណាំយិន អ្នកជំនាញខ្មែរ និងប្រជាកសិករ នៅចាំថែរក្សា ថែទាំ និងផ្តល់ចំណីជាប្រចាំ។

មិនត្រឹមតែផលិតផលទឹកដោះគោស្រស់ ១០០ភាគរយរបស់ជាតិ ជាលើកដំបូងលើកទឹកដីខេត្តព្រះវិហារ ផលិតទឹកដោះគោ តេជោ សែន ឫស្សីត្រឹប នេះមានបំណងសំខាន់ៗដូចខាងក្រោម ៖

- ជំរុញផលិតកម្មគោទឹកដោះ ដើម្បីកែលម្អប្រសិទ្ធភាពសេដ្ឋកិច្ចនៃផលិតកម្មចិញ្ចឹមគោនៅប្រទេសកម្ពុជា តាមរយៈវិធីសាស្រ្តចិញ្ចឹមដ៏ត្រឹមត្រូវ។

- លើកស្ទួយជីវភាពប្រជាកសិករនៅជនបទតាមរយៈការចញ្ចឹមគោទឹកដោះ និងកែប្រែឥរិយាបទប្រជាសហគមន៍ជុំវិញឧទ្យានពីកាប់ព្រៃឈើ និងបរបាញ់សត្វ មកចិញ្ចឹមសត្វដើម្បីលើកកម្ពស់ជីវភាពគ្រួសារ

- ចងក្រងឯកសារនិងបង្រៀនអំពីរបៀបចញ្ចឹមគោទឹកដោះដល់ប្រជាកសិករ និងធ្វើការផ្សព្វផ្សាយដល់ប្រជាសហគមន៍ និងសាធារណៈជនពីរបៀបចិញ្ចឹមសត្វតាមលក្ខណៈបច្ចេកទេស

- កែលម្អចំណេះដឹង និងលើកកម្ពស់វិស័យចិញ្ចឹមគោនៅកម្ពុជា ដើម្បីធានាដល់ផលិតភាពកបដោយនិរន្តភាព។

- បង្កាត់និងពិសោធន៍ពូជគោទឹកដោះអូស្ទីន ដែលមានប្រភពដើមមកពីប្រទេសដាណឺម៉ាក និងពូជដែលនាំចូលពីប្រទេសអូស្ត្រាលី ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសផ្សេងៗទៀតនៅពេលខាងមុខ។

លើសពីនេះ ការអនុវត្តគម្រោងនេះនឹងជួយបង្កើនផលិតផលគោទឹកដោះនៅកម្ពុជាទទួលបាននូវពូជថ្មីសមស្របតាមភូមិសាស្ត្រកម្ពុជា ដើម្បីផ្សព្វផ្សាយ ពូជ ស្ពែមគោ នឹងផ្តល់បច្ចេកទេសចិញ្ចឹមដល់ប្រជាពលរដ្ឋក្នុងសហគមន៍, បង្កើនទិន្នផលផលិតកម្មសត្វ ដើម្បីលំនឹងនៅលើទីផ្សារ, បង្កើនប្រាក់ចំណូលសម្រាប់អភិវឌ្ឍន៍ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីផ្តល់ឬបង្កើនមូលនិធិស្រាវជ្រាវនិងការអភិរក្សានូវតំបន់ឧទ្យាន, ផ្តល់មុខរបបថ្មីមួយជាកលាក់ដល់ប្រជាកសិករ បញ្ចៀសបាននូវការកាប់ទន្ទ្រានព្រៃឈើ បរបាញ់សត្វ និងការទន្ទ្រានដីខុសច្បាប់ក្នុងតំបន់ឧទ្យាន, ចងក្រងឯកសារបច្ចេកទេសចិញ្ចឹម ដើម្បីផ្ដល់ជាធាតុចូលជូនរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ រួមចំណែកអនុវត្តចក្ខុវិស័យ២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយជាប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្រៅពីការផលិត និងចែកចាយផលិតផលទឹកដោះស្រស់ដែលសំបូរដោយសារធាតុបំប៉នសុខភាពល្អកម្រិតខ្ពស់ កន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាបានចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ផងដែរ ដោយទឹកដោះគោ តេជោ សែន ឫស្សីត្រឹបនេះ ត្រូវបានចែកជូនទៅកាន់សិស្សសាលា កុមារកំព្រា កុមារពិការ និងកុមារដែលមានឪពុកម្តាយជាប់ឃុំឃាំង សរុបចំនួន ៤៦លើក ទឹកដោះគោចំនួន ៣,៥៣៤ លីត្រ និងកុមារចំនួន ៨,២៣៣ នាក់។

គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែត្រការ៉េ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងឃុំឆែបមួយនិងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ស្ថិតក្រោមទស្សនវិស័យ និងចក្ខុវិស័យនៃការដឹកនាំដ៏ច្បាស់លាស់វែងឆ្ងាយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បច្ចុប្បន្ននេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ត្រូវបានប្រែក្លាយកាលានុវត្តភាពជាតំបន់អភិរក្ស និងអភិវឌ្ឍន៍ដែលបម្រើដល់ការសិក្សាស្រាវជ្រាវជូនសង្គមជាតិយ៉ាងមានសក្តានុពលប្រកបដោយនិរន្តភាព ដូចទស្សនដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យដែលបានលើកឡើងថា ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ៕

RAC Media| រឿន ភារុន


2020-05-25 08:12:37   ថ្ងៃចន្ទ, 25 ឧសភា 2020 ម៉ោង 03:12 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញចូលជួបពិភាក្សាការងារ និងយកទឹកដោះគោ តេជោសែនឫស្សីត្រឹប ជូនអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ»

(ខេត្តព្រះវិហារ)៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញចូលជួបឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដើម្បីពិភាក្សាអំពី ដំណើរការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប និងយកទឹកដោះគោ តេជោ សែន ឫស្សីត្រឹប ជូនអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារថា នៅក្នុងរយៈកាល២ឆ្នាំកន្លងមកនេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ត្រូវបានប្រែក្លាយឱកាសពីទីតាំងធម្មជាតិព្រៃភ្នំដ៏ស្ងប់ស្ងាត់ទៅជាទីតាំងសិក្សាស្រាវជ្រាវ ជាតំបន់អភិរក្សវប្បធម៌ ប្រវត្តិសាស្រ្ត និងអភិវឌ្ឍន៍យ៉ាងរស់រវើកសកម្មដែលបម្រើជាផលប្រយោជន៍ជូនសង្គមជាតិ និងប្រជាជន ជាពិសេសគឺ បង្កើតឱកាសផ្តល់ចំណូលជូនប្រជាជនរស់នៅក្នុងមូលដ្ឋានដោយផ្ទាល់ កាត់បន្ថយការចំណាកស្រុក និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់។

បន្ថែមលើសពីនេះលើការអភិរក្ស ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា ឧទ្យាននេះត្រូវបានអភិវឌ្ឍជាតំបន់មានសក្តានុពលមួយសម្រាប់ធ្វើសិក្សាស្រាវជ្រាវ ជាកេរមរតកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព ដោយសារឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពលជាច្រើន ដូចជា ធនធានព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ព្រៃភ្នំធម្មជាតិដ៏ទាក់ទាញគួរជាទីមនោរម្យ។

ជាការជាក់ស្តែង ឯកឧត្តមបណ្ឌិតសភាចារ្យបានជម្រាបជូនឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារថា ដោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជាបាននិងកំពុងអនុវត្តគម្រោងអភិរក្ស អភិវឌ្ឍន៍ និងសិក្សាស្រាវជ្រាវសំខាន់ៗជាអាទិភាពនានាជូនជាតិ និងប្រជាជនគួរឱ្យមោទន។ ជាសមិទ្ធផលផ្លែផ្លានាពេលនេះ គម្រោងស្រាវជ្រាវចិញ្ចឹមគោទឹកដោះជាលើកដំបូងនៅក្នុងខេត្តព្រះវិហារត្រូវបានផលិតចេញជាទឹកដោះគោស្រស់សុទ្ធ ១០០ភាគរយដែលមានឈ្មោះថា«ទឹកដោះគោតេជោសែន ប្ញស្សីត្រឹប»ដែលបានចូលក្នុងទីផ្សារទូទាំងប្រទេសកម្ពុជាដោយទទួលបានការចាប់អារម្មណ៍គាំទ្រពីសាធារណជនជាតិ និងអន្តរជាតិនៅទូទាំងប្រទេស។ កសិដ្ឋានចិញ្ចឹមគោរឹតយកទឹកដោះស្រស់ៗនេះ គឺជាផ្នែកមួយនៃការសិក្សាស្រាវជ្រាវបង្កើតឱកាសការងារជូនប្រជាជនក្នុងសហគមន៍នៅលើទឹកដីខេត្តព្រះវិហារដំបូងគេ។

នៅក្នុងឱកាសជំនួបពិភាក្សាការងារអំពី ដំណើរការអភិរក្ស និងអភិវឌ្ឍន៍ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បាននាំទឹកដោះគោ តេជោសែន ឫស្សីត្រឹប ដែលជាផលិតផលរបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារជូនចំពោះឯកឧត្តមប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារផងដែរ។

ជាទីបញ្ចប់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាដែលបានចូលរួមចំណែកអភិរក្សធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត និងអភិវឌ្ឍន៍នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប ជាពិសេសគឺបង្កើតឱកាសការងារជូនប្រជាជនរស់នៅក្នុងមូលដ្ឋានខេត្តព្រះវិហារដោយផ្ទាល់។

សូមជម្រាបជូនថា ក្រៅពីគម្រោងចិញ្ចឹមគោទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំផែនការមេលើគម្រោងសិក្សាស្រាវជ្រាវជាអាទិភាពផ្សេងទៀត ក្នុងនោះ រួមមាន ៖

- គម្រោងគ្រប់គ្រងអភិរក្សព្រៃឈើ សត្វព្រៃនិងបរិស្ថាន (ដាំដើមឈើ១លានដើមឡើងវិញ និងរៀបចំប្រព័ន្ធនិងលក់កាបូនព្រៃឈើ និងអភិរក្សសត្វព្រៃជាដើម)។

- គម្រោងអភិរក្សកេរដំណែលវប្បធម៌ប្រវត្តិសាស្រ្តនិងបុរាណវិទ្យា (ស្រាវជ្រាវនិងចងក្រងកេរតំណែលរូបី និងអរូបី រៀបចំផែនទីឡបុរាណ ជ័រច្បោះ ភូមិបុរាណ ត្រពាំបុរាណ ចំការបុរាណ ផ្លូវបុរាណ តំបន់នេសាទ អ្នកតា រៀបចំសារមន្ទីរនៅហ្នឹងកន្លែង និងអគារសារមន្ទីរ) ។

- គម្រោងងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឧទ្យាន (សាងសង់ផ្លូវ ម៉ូតែល ផ្ទះដើមឈើ និងសំណង់បម្រើវិស័យទេសចរណ៍ជាដើម)។

- គម្រោងអភិវឌ្ឍទេសចរណ៍ (បង្កើតសួនសត្វ សួនផ្កា រៀបចំទេសចចរណ៍សហគមន៍ ទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ផលិតផលទេសចរណ៍ ទេសចរណ៍កសិដ្ឋាន និងទេសចរណ៍សិប្បនិម្មិតជាដើម)។

- គម្រោងកសិដ្ឋាននិងរោចក្រផលិត (ចិញ្ចឹមសត្វគោសាច់ គោទឹកដោះ ពពែ មាន់ ឃ្មុំ ថ្នាលដាំបន្លែធម្មជាតិ កសិកម្មឆ្លាត ដំណាំហូបផ្លែ រោងចក្រផលិតទឹកដោះគោ វេចខ្ចប់ផលិតផលកសិកម្ម ចំណីសត្វ និងឫស្សីផ្អែមជាដើម)។

- គម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ (រោងសិប្បកម្ម ហត្ថកម្ម ចិញ្ចឹមសត្វ ការដាំដុះ ការបែងចែកពូជបន្លែ ឈើហូបផ្លែ និងសត្វជាដើម)។

- និងគម្រោងមជ្ឈមណ្ឌលពិសោធន៍ អនុវត្ត និងស្រាវជ្រាវ (មណ្ឌលពិសោធន៍ពូជផ្កា រុក្ខជាតិ សត្វស្លាប សត្វចតុបាទ និងសត្វល្អិត និងជាកន្លែងស្រាវជ្រាវសរសេរនិក្ខេបបទរបស់និស្សិត និងអ្នកស្រាវជ្រាវជាដើម)។

គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែត្រការ៉េ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងឃុំឆែបមួយនិងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ស្ថិតក្រោមទស្សនវិស័យ និងចក្ខុវិស័យនៃការដឹកនាំដ៏ច្បាស់លាស់វែងឆ្ងាយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បច្ចុប្បន្ននេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ត្រូវបានប្រែក្លាយកាលានុវត្តភាពជាតំបន់អភិរក្ស និងអភិវឌ្ឍន៍ដែលបម្រើដល់ការសិក្សាស្រាវជ្រាវជូនសង្គមជាតិយ៉ាងមានសក្តានុពលប្រកបដោយនិរន្តភាព ដូចទស្សនដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យដែលបានលើកឡើងថា ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ៕

RAC Media | រឿន ភារុន





2020-05-19 05:02:09   ថ្ងៃអង្គារ, 19 ឧសភា 2020 ម៉ោង 12:02 PM
ទិដ្ឋភាពទូទៅនៃអក្សរសិល្ប៍ខ្មែរសង្ខេប ដោយ៖ លោក ឃិន យ៉ង់ លេខាអចិន្ត្រៃយ៍វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

អក្សរសិល្ប៍ខ្មែរចែកជាពីរប្រភេទធំៗគឺអក្សរសិល្ប៍ប្រជាប្រិយ និង អក្សរសិល្ប៍សំណេរ ឬហៅថាអក្សរសិល្ប៍ចំណារ។

១-អក្សរសិល្ប៍ប្រជាប្រិយ

អក្សរសិល្ប៍ប្រជាប្រិយមានតាំងពីសម័យបុព្វកាលមក គឺមានតាំងពីសម័យកកើតមនុស្ស មានភាសា មានកាយវិការ មានសម្ដី នាំឱ្យមានអក្សរសិល្ប៍ប្រជាប្រិយ ហើយវាបានវិវត្តតាមទម្រង់ផ្សេងៗ មានចម្រៀងប្រជាប្រិយ ដែលស្ថិតនៅក្នុងប្រភេទពាក្យជួនប្រជាប្រិយហ្នឹង ហើយមានទេវកថា ដែលបកស្រាយបញ្ហាធម្មជាតិ បាតុភូតធម្មជាតិ ការកើតការស្លាប់របស់មនុស្សនៅក្នុងសង្គមបុព្វកាល បន្ទាប់មកទៀតកើតឡើងនៅរឿងព្រេង រឿងព្រេងខ្មែរ ឡើងនៅដើមសម័យប្រវត្តិសាស្ត្រ បង្ហាញពីការកកើតទឹកដីជាប្រទេស ជារដ្ឋ បង្ហាញពីតួអង្គវីរជន មេដឹកនាំ ជាស្ដេច ជាមេទ័ព ប្រវត្តិ​ភូមិសាស្ត្រ ទីកន្លែង គឺព្រេងកថា បន្ទាប់ពីព្រេងកថា មាននិទានកថា ដែលនិទានពីទំនាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ទំនាស់បុគ្គលនិងបុគ្គលជាមួយធម្មជាតិ បុគ្គលអ្នកមាននិងអ្នកក្រ អ្នកតូចនិងអ្នកធំ ស្ដេចនិងរាស្រ្តនឹងទៅ ហ្នឹងគឺ      និ​ទាន​កថា។ និទានកថា ចែកជាបួនប្រភេទទៀតគឺ និទានកថាសំណើច និទានកថារិះគន់ឬហៅថានិទានកថាសង្គម និទានកថាអស្ចារ្យ និងនិទានកថាសត្វ។

២-អក្សរសិល្ប៍សំណេរ

អក្សរសិល្ប៍សំណេរ ចែកជាបីសម័យកាលធំៗ ដោយចែកទៅតាម និរុត្តិសាស្ត្រនិងវិធីសាស្រ្តតែងនិពន្ធគឺ៖

១-១ ដំណាក់កាលទីមួយ សម័យកាលទី១ គឺអក្សរសិល្ប៍ពីបុរាណ ឬក៏អក្សរសិល្ប៍សិលាចារឹក ដែលកើតនៅសម័យមុនអង្គរ និង សម័យអង្គរ ទម្រង់ភាគច្រើនជារបាក្សត្រ ជាកំណាព្យ ជារបាយការណ៍ សកម្មភាពផ្សេងៗ និងអក្សរសិល្ប៍​​ព្រាហ្មណ៍និយម ភាគច្រើនហើយវាបានបង្ហាញពីសកម្មភាពជំនឿក្នុងពុទ្ធសាសនាថេរវាទ (ហីនយាន) ពុទ្ធសាសនាអាចារ្យវាទ (មហាយាន) និងជំនឿក្នុងសាសនាព្រាហ្មណ៍សិវនិយម ភាគច្រើនផងដែរ។

អក្សរសិល្ប៍ព្រាហ្មណ៍និយម នៅក្នុងសម័យបុរាណនេះ គឺភាគច្រើនជាស្នាដៃដែលឆ្លុះបញ្ចាំងលើកដំកើងព្រះវិស្ណុ ដែល​រឿងរ៉ាវទាំងឡាយភាគច្រើនគឺនិយាយអំពីអវតារបស់ព្រះវិស្ណុ។

១-២ ដំណាក់កាលទី ២ សម័យកាលទី ២ គឺអក្សរសិល្ប៍សម័យកណ្ដាល (មជ្ឈឹមសម័យ)៖ អក្សរសិល្ប៍សម័យកណ្ដាល នេះគឺផ្ដោតទៅលើសម័យក្រោយអង្គរ មកដល់ឆ្នាំ១៩០០ គឺបើគិតរាប់ជាឆ្នាំ ចាប់ចាកចោលក្រុងអង្គរ ឆ្នាំ​១៤​៣១ រហូតដល់ឆ្នាំ១៩០០។ សម័យកាលនេះអាចហៅថា អក្សរសិល្ប៍ប្រពៃណី ជាអក្សរសិល្ប៍សាស្ត្រាស្លឹករឹត ជាអក្សរសិល្ប៍ពុទ្ធនិយមបែបខ្មែរ ទទួលឥទ្ធិពល ឬគោរពប្រតិបត្តិពុទ្ធសាសនាថេរវាទ។ រឿងរ៉ាវជាច្រើនទាក់ទងនឹងពុទ្ធប្រវត្តិ ដែលដកស្រង់ចេញមកពីគម្ពីរព្រះត្រៃបិដកសុទ្ធ ដែរគេឃើញស្នាដៃអក្សរសិល្ប៍ពុទ្ធនិយម ចែកជាបីប្រភេទ ទីមួយគឺអក្សរសិល្ប៍ពុទ្ធនិយមសុទ្ធសាធ សំដៅទៅលើគម្ពីរទសជាតក រឿងរ៉ាវទសជាតក និងរឿង ជាតក ៥៤៧រឿងទៀត ដែលដកស្រង់ចេញពីគម្ពីរសុត្តនបិដក ក្នុងព្រះត្រៃបិដក ហ្នឹងមានទាំងរឿងចាបស្រុកចាបព្រៃ ក៏ជារឿងពុទ្ធនិយមសុទ្ធសាធដែរ។ ទី២ គឺអក្សរសិល្ប៍ពុទ្ធនិយមក្លាយ ឬគម្ពីរបញ្ញាសជាតក មាន ៥០ រឿងហ្នឹង គឺព្រះសង្ឃជំនាន់ក្រោយសម័យអង្គរ មានព្រះសង្ឃខ្មែរ សៀម លាវ ភូមា បានទៅសិក្សាពុទ្ធសាសនានៅប្រទេសស្រីលង្កា ហើយត្រឡប់មកវិញ តែងនិពន្ធរឿងហ្នឹង ហើយរឿងហ្នឹងគេនិពន្ធរួមគ្នា នៅឈៀងម៉ៃ ទើបព្រះសង្ឃទាំងអស់ បានបែកគ្នាមកកាន់ប្រទេសរៀងៗខ្លួន មានរឿងមួយចំនួនដូចគ្នា និងរឿងមួយចំនួនទៀតមិនសូវដូចគ្នាទេ រឿងនេះត្រូវបាននិពន្ធតាមលំនាំគម្ពីរទសជាតកដែរ ប៉ុន្តែបានផ្សារភ្ជាប់ជាមួយនឹងតម្រូវការចាំបាច់ក្នុងសង្គមប្រទេសនីមួយៗ នៅក្នុងសម័យកាលនោះ។ ដូច្នេះបានជាគេឃើញនៅក្នុងគម្ពីរបញ្ញាសជាតកហ្នឹងភាគច្រើនបានបង្ហាញពីសកម្មភាពជាក់ស្ដែងក្នុងការប្រព្រឹត្តិប្រតិបត្តិពុទ្ធសាសនា។ ទីបី គឺអក្សរសិល្ប៍ពុទ្ធនិយមក្លាយហួសហេតុ (ផ្លម) គឺសំដៅលើស្នាដៃទាំង ឡាយដែលនិពន្ធនៅក្នុងចុងសម័យលង្វែក និងសម័យឧដុង្គព្រម ទាំងដើមសម័យអាណាព្យាបាលបារាំង ដែលអ្នកនិពន្ធ និពន្ធតាមគម្ពីរទសជាតកនៅក្នុងសេចក្តីផ្ដើម និងបញ្ចប់រឿងយកលំនាំដើមដូចជា រឿងក្នុងទសជាតក ប៉ុន្តែនៅក្នុងដំណើររឿងគឺនិយាយអំពីជីវភាពជាក់ស្ដែង ដូចជាដំណើររឿងស្នេហា ការផ្សងព្រេងរបស់តួអង្គ ឬក៏ដំណើរសង្គ្រាមច្បាំងគ្នាដើម្បីយកជ័យជម្នះ ដែលតាមបែបគោលព្រាហ្មណ៍និយម ទៅដល់ពេលបញ្ចប់រឿងបែបពុទ្ធនិយមនេះហើយទើបគេហៅថា ពុទ្ធនិយមក្លាយហួសហេតុ ឬផ្លម។

១-៣ ដំណាក់កាលទី៣ សម័យកាលទីបី គឺអក្សរសិល្ប៍ទំនើប គិតចាប់ពីឆ្នាំ១៩០០ រហូតមក ដល់បច្ចុប្បន្ន សំដៅទៅ លើស្នាដៃប្រលោមលោកពាក្យរាយ ដែលនិយាយអំពីបញ្ហាជីវភាពជាក់ស្ដែង លែងពាក់ព័ន្ធជាមួយមនោគមន៍វិជ្ជាសាសនា​ហើយ ហើយលក្ខណៈពិសេសអក្សរសិល្ប៍ទំនើប គឺការកកើតនៅរោងពុម្ព ដែលមានការបោះពុម្ពជាសៀវ ភៅ លែងចារឹកលើថ្ម លែងចារលើស្លឹករឹតទៀតហើយ រីឯការតែងនិពន្ធក៏លែងតែងជាពាក្យកាព្យទៀតដែរ។ 

                                                                  ឯកសារពិគ្រោះ

១-ឃីង ហុកឌី វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម មជ្ឈមណ្ឌលស្រាវវជ្រាវអារ្យធម៌ខ្មែរ ២០០៣

២-ស៊ុំ ឈុំប៊ុន មេរៀនឆ្នាំទី៤ ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រ សភភព ១៩៩៩

                  សិលាចារឹក វ៉ូកាញ់ ចារឹកប្រហែលនៅចុងសតវត្សទី២ ឬដើមសតវត្សទី៣ នៃគ្រិស្តសករាជ                                                             និយាយអំពីជំនឿរបស់ព្រះបាទស្រីមារៈ ចំពោះព្រះពុទ្ធសាសនា

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម


2020-05-18 07:59:45   ថ្ងៃចន្ទ, 18 ឧសភា 2020 ម៉ោង 02:59 PM
«ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប៖ សមិទ្ធផល២ឆ្នាំ ក្រោយសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដាំដើមឈើ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ គឺជាខួប២ឆ្នាំ (២០១៨-២០២០)ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ខេត្តព្រះវិហារ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះ​វិហារ​​កាលពីព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។

នៅក្នុងរយៈកាល២ឆ្នាំកន្លងមកនេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ត្រូវបានប្រែក្លាយកាលានុវត្តភាពជាតំបន់អភិរក្ស និងអភិវឌ្ឍន៍ដែលបម្រើដល់ការសិក្សាស្រាវជ្រាវជូនសង្គមជាតិយ៉ាងមានសក្តានុពលប្រកបដោយនិរន្តភាព។ បន្ថែមលើសពីនេះទៀត ឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពល ជាច្រើនដូចជា ធនធានព្រៃ​ឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ព្រៃភ្នំធម្មជាតិដ៏ទាក់ទាញគួរជាទីមនោរម្យ។

គម្រោងអភិរក្ស អភិវឌ្ឍន៍ និងសិក្សាស្រាវជ្រាវសំខាន់ៗដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលបាននិងកំពុងទ​ទួល​បានសមិទ្ធផលផ្លែផ្លាជូនជាតិ និងប្រជាជនគួរឱ្យមោទន។ គម្រោងរៀបចំផែនការមេសំខាន់ៗទាំងនោះរួមមាន ៖

- ការចិញ្ចឹមគោទឹកដោះ (ផលិតចេញជា ទឹកដោះគោស្រស់សុទ្ធ ១០០ភាគរយ មានឈ្មោះថា «ទឹកដោះគោតេជោសែន ប្ញស្សីត្រឹប ដែលបានចូលក្នុងទីផ្សារទូទាំងប្រទេសកម្ពុជាដោយមានការចាប់អារម្មណ៍គាំទ្រពីសាធារណជនជាតិ និងអន្តរ​​ជាតិនៅទូទាំងប្រទេស)។ កសិដ្ឋានចិញ្ចឹមគោរឹតយកទឹកដោះស្រស់ៗ គឺជាផ្នែកមួយនៃការបង្កើតឱកាសការងារជូនប្រជាជនក្នុងសហគមន៍នៅខេត្តព្រះវិហារដំបូងគេ។ តាមគម្រោងផែនការរយៈពេល ១០ឆ្នាំ នៃការបង្កើតកសិដ្ឋាននៅ​លើវិសាលភាពផ្ទៃដី ៧០ហិកតា គឺត្រូវរៀបចំការចិញ្ចឹមមេគោទឹកដោះចំនួន ២០០០ ក្បាល។ គិតមកទល់ពេលនេះ កសិដ្ឋានបានអនុវត្តជំហានដំបូងនៅលើវិសាលភាពផ្ទៃដីចំនួន ៣២ហិកតា ដំណើរបានប្រមាណ ២ឆ្នាំកន្លះមកហើយ ដើម្បីទាញយកទឹកដោះស្រស់១០០ភាគរយ។

- គម្រោងគ្រប់គ្រងអភិរក្សព្រៃឈើ សត្វព្រៃនិងបរិស្ថាន (ដាំដើមឈើ១លានដើមឡើងវិញ និងរៀបចំប្រព័ន្ធនិងលក់​កាបូនព្រៃឈើ និងអភិរក្សសត្វព្រៃជាដើម)។

- គម្រោងអភិរក្សកេរដំណែលវប្បធម៌ប្រវត្តិសាស្រ្តនិងបុរាណវិទ្យា (ស្រាវជ្រាវនិងចងក្រងកេរតំណែលរូបី និងអរូបី រៀបចំផែនទីឡបុរាណ ជ័រច្បោះ ភូមិបុរាណ ត្រពាំបុរាណ ចំការបុរាណ ផ្លូវបុរាណ តំបន់នេសាទ អ្នកតារៀប​ចំសារមន្ទីរនៅហ្នឹងកន្លែង និងអគារសារមន្ទីរ) ។

- គម្រោងងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឧទ្យាន (សាងសង់ផ្លូវ ម៉ូតែល ផ្ទះដើមឈើ និងសំណង់បម្រើវិស័យទេសចរណ៍ជាដើម)។

- គម្រោងអភិវឌ្ឍទេសចរណ៍ (បង្កើតសួនសត្វ សួនផ្កា រៀបចំទេសចចរណ៍សហគមន៍ ទេសចរណ៍វប្បធម៌ និងទេស​ចរណ៍ធម្មជាតិ ផលិតផលទេសចរណ៍ ទេសចរណ៍កសិដ្ឋាន និងទេសចរណ៍សិប្បនិម្មិតជាដើម)។

- គម្រោងកសិដ្ឋាននិងរោចក្រផលិត (ចិញ្ចឹមសត្វគោសាច់ គោទឹកដោះ ពពែ មាន់ ឃ្មុំ ថ្នាលដាំបន្លែធម្មជាតិ កសិកម្មឆ្លាត ដំណាំហូបផ្លែ រោងចក្រផលិតទឹកដោះគោ វេចខ្ចប់ផលិតផលកសិកម្ម ចំណីសត្វ និងឫស្សីផ្អែមជាដើម)។

- គម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ (រោងសិប្បកម្ម ហត្ថកម្ម ចិញ្ចឹមសត្វ ការដាំដុះ ការបែងចែកពូជបន្លែ ឈើហូបផ្លែ និង​សត្វជាដើម)។

- និងគម្រោងមជ្ឈមណ្ឌលពិសោធន៍ អនុវត្ត និងស្រាវជ្រាវ (មណ្ឌលពិសោធន៍ពូជផ្កា រុក្ខជាតិ សត្វស្លាប សត្វចតុបាទ និងសត្វល្អិត និងជាកន្លែងស្រាវជ្រាវសរសេរនិក្ខេបបទរបស់និស្សិត និងអ្នកស្រាវជ្រាវជាដើម)។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សី​ត្រឹប សម្តេចតេជោ ហ៊ុន សែន បានសម្តែងអារម្មណ៍រីករាយជាពន្លឹកដែលមានវត្តមានមកលើទឹកដីនៃស្រុកឆែប ខេត្តព្រះវិហារ ជាលើកទី៣។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ចាត់ទុកឧទ្យានរាជ​បណ្ឌិត្យ​​សភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ថា ឧទ្យាននេះមិនគ្រាន់តែជាគោលដៅសំរាប់អភិរក្សប៉ុណ្ណោះនោះទេ វាថែមទាំងជាតំបន់មួយសម្រាប់ធ្វើសិក្សាស្រាវជ្រាវទៀតផង ព្រោះជាតំបន់នេះជាកេរមរតកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីមានការអភិរក្ស និងអភិ​វឌ្ឍន៍​រួច ឧទ្យាននេះនឹងទទួលបាននូវភាពទាក់ទាញជាក់ជាមិនខាន ពីព្រោះជាកន្លែងអភិរក្សផង និងជាកន្លែងស្រាវ​ជ្រាវ និងទាក់ទាញទេសចរណ៍តាមបែបធម្មជាតិ និងប្រវត្តិសាស្ត្រយ៉ាងមានសក្តានុពល។ ឱកាសនោះ សម្តេច​តេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដាំដើមឈើប្រភេទឈើក្រញូង ជានិមិ្មតរូប អនុស្សាវវរីយ៍នៅក្នុងឧទ្យាន​នេះ ហើយក៏មានមន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងប្រជាពលរដ្ឋមួយចំនួនបានចូលរួមដាំដើមឈើ នៅ​ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ។

សូមជម្រាបជូនថា ក្រោមទស្សនវិស័យ និងចក្ខុវិស័យការដឹកនាំវែងឆ្ងាយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បច្ចុប្បន្ននេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប ត្រូវបានប្រែក្លាយកាលានុវត្តភាពជាតំបន់អភិរក្ស និងអភិវឌ្ឍន៍ដែលបម្រើដល់ការសិក្សាស្រាវជ្រាវជូនសង្គមជាតិយ៉ាងមានសក្តា​នុ​ពល​ប្រកបដោយនិរន្តភាព ដូចទស្សនដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដែលបានលើកឡើងថា រាជ​បណ្ឌិត្យសភាកម្ពុជាទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ។

គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ប្ញស្សីត្រឹប មានផ្ទៃដីសរុបចំនួន ១១៤.៣៥​គីឡូ​  ម៉ែត្រការ៉េ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៤ ស្ថិតនៅក្នុងឃុំឆែបមួយនិងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ៕

RAC Media| រឿន ភារុន


2020-05-18 05:30:35   ថ្ងៃចន្ទ, 18 ឧសភា 2020 ម៉ោង 12:30 PM
ឧស្សាហកម្មសណ្ឋាគារនិងភោជនីយដ្ឋានកម្ពុជាក្នុងដំណាក់កាលកូវីដ ១៩ ដោយ៖ លោក ហៃ សុគន្ធា មន្រ្តីស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម


2020-05-18 05:05:45   ថ្ងៃចន្ទ, 18 ឧសភា 2020 ម៉ោង 12:05 PM
សេដ្ឋកិច្ចនិងទេសចរណ៍កម្ពុជាក្នុងដំណាក់កាលជំងឺកូវីដ១៩ ដោយ៖ លោក ហេង សុភីមន្រ្តីស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជ​បណ្ឌិត្យ​សភាកម្ពុជា

កូវីដ១៩ ជំងឺរាតត្បាតសាកលបាននឹងកំពុងរីករាលដាលលើ២១០ប្រទេសនិងដែនដី។ ថ្ងៃទី១១ខែឧសភា ឆ្នាំ២០ ២០នេះមានអ្នកឆ្លងរហូតដល់៤,១៨១,០២១នាក់ អ្នកស្លាប់ចំនួន២៨៣,៨៦៨នាក់និងអ្នកព្យាបាលជាសះស្បើយ​​​​ចំនួន១,៤៩៣,៨៦៨នាក់[១]។ វាជាពេលវេលាដែលមិនប្រាកដប្រជា ហើយបញ្ហាប្រឈមនាពេលនេះគឺយើងមិនអាចដឹងអំពីជម្រៅនិងរយៈពេលនៃវិបត្តិនេះនៅឡើយទេ។ ដូច្នេះទំហំនៃភាពស្មុគស្មាញនៃវិបត្តិជំងឺកូវីដ ១៩​ក៏នៅមិនទាន់ប្រាកដប្រជាដូចគ្នា។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតផលប៉ះពាល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបង្កមកពីជំងឺរាតត្បាតកូវីត១៩កាន់តែអាក្រក់ទៅៗ។

ក្នុងរបាយការណ៍របស់មូលនិធិរូបិយវត្ថុពិភពលោកដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សេដ្ឋកិច្ចអាស៊ីទំនងជាមិនមានកំណើនឡើយនៅឆ្នាំ២០២០។ លោក Changyong Rhee ប្រធាន នាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា អ្នកធ្វើគោលនយោបាយគួរកំណត់គោលដៅ គាំទ្រដល់ក្រុមហ៊ុននិង​ក្រុមគ្រួសារទាំងឡាយណាដែលរងគ្រោះខ្លាំងដោយបម្រាមធ្វើដំណើរ គោលនយោបាយ គម្លាតសុវត្ថិភាពនិងវិធានការទាំងឡាយណាដែលរាំងខ្ទប់ការឆ្លងរបស់ជំងឺកូវីដ១៩។ លោកបន្ថែមទៀតថា «សេដ្ឋកិច្ចពិភពលោកនៅពេលនេះមានបញ្ហាប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់។ ចំណែកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏នឹងមិនអាចចៀសផុតបានដែរ។ ផលប៉ះពាល់នៃជំងឺកូវីតនឹងមានលក្ខណៈធ្ងន់ធ្ងរប៉ះពាល់ដល់មនុស្សគ្រប់រូបនិង មិនដែលធ្លាប់មានពីមុនមក»។

បើទោះបីជាសេដ្ឋកិច្ចអាស៊ីទទួលផលប៉ះពាល់តិចជាងតំបន់ដ៏ទៃមែន តែការព្យាករណ៍នេះមានសភាពធ្ងន់ធ្ងរជាងពេល​មុន។ ជាក់ស្តែងបើធៀបទៅនឹងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក សេដ្ឋកិច្ចអាស៊ីមានកំណើន ៤,៧% និងក្នុងពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ីនៅចុងឆ្នាំ១៩៩០ សេដ្ឋកិច្ចអាស៊ីមានកំណើន១,៣ %។

ទោះជាយ៉ាងណាក្តី មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករថានៅឆ្នាំក្រោយកំណើនសេដ្ឋកិច្ចនៅអាស៊ីអាច នឹងកើនឡើង ៧,៦ភាគរយវិញ ដោយរំពឹងថាគោលនយោបាយទប់ស្កាត់ការឆ្លងជំងឺទទួលបានជោគជ័យ ប៉ុន្តែបន្ថែមថាការព្យាករណ៍នេះមានភាពមិនប្រាកដប្រជាខ្ពស់។ ខុសពីវិបត្តិហិរញ្ញវត្ថុសាកលនៅឆ្នាំ២០០៨ដែល បណ្តាលមកពីការដួលរលំរបស់​​បណ្តាញហិរញ្ញវត្ថុសាកល Lehman Brothers ជំងឺរាតត្បាតនេះប៉ះពាល់ដោយ ផ្ទាល់ដល់វិស័យសេវាកម្ម ដោយ​បង្ខំឱ្យមនុស្សនៅផ្ទះនិងបិទអាជីវកម្ម[២]។

តាមរបាយការណ៍ពីអង្គការទេសចរណ៍ពិភពលោកបានឱ្យដឹងថា នាអំឡុងឆ្នាំ២០២០នេះភ្ញៀវទេសចរ ទូទាំងពិភព​លោកនឹងមានការធ្លាក់ចុះពី២០% ទៅ៣០% ពោលគឺធ្លាក់ចុះពីកំណើនដែលបានប៉ាន់ស្មាន ពី៣% ទៅ៤% នាដើម​ខែមករាឆ្នាំ២០២០។ នេះអាចបណ្តាលឱ្យខាតបង់ពី៣០ទៅ៥០ពាន់លានដុល្លារអាម៉េរិក ក្នុងការ ចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិម[៣]។បើធៀបនឹងផលប៉ះពាល់នៃការវាយប្រហារអគារពាណិជ្ជកម្មសហរដ្ឋ អាម៉េរិកក្នុងឆ្នាំ២០០១ ការផ្ទុះឡើងនៃជំងឺសារកាលពីឆ្នាំ២០០៣ និងវិបត្តិសេដ្ឋកិច្ចសាកលឆ្នាំ២០០៩ វិបត្តិលើក នេះគឺធំជាង ព្រមទាំងមិនទាន់អាចប៉ាន់ស្មាននៅពេលណាដែលនឹងត្រូវបញ្ចប់។

តារាងទី១៖ ការប៉ាន់ស្មាននៃការធ្លាក់ចុះនៃភ្ញៀវទេសចរពិភពលោកក្នុងឆ្នាំ២០២០

​​​​​​​​​​​​                                                                 ​ ប្រភព៖ UNWTO

កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងអត្រា៧ភាគរយនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ប៉ុន្តែចាប់តាំងពីការ រាតត្បាតជំងឺកូវីដ១៩នៅប្រទេសចិនកាលពីដើមខែឆ្នូ ឆ្នាំ២០១៩និងបន្តរាលដាលនៅជុំវិញពិភពលោក បានបង្កឱ្យសេដ្ឋកិច្ចពិភពលោកជាប់គាំងស្ទើរគ្រប់វិស័យ ដោយរួមទាំងសេដ្ឋកិច្ចកម្ពុជាក៏រងផលប៉ះពាល់ដែរ។

«តាមការព្យាកររបស់យើង អត្រាកំណើន GDP កម្ពុជានឹងធ្លាក់ចុះដល់១,៥ ភាគរយក្នុងឆ្នាំ ២០២០»នេះបើតាមលោក Changyong Rhee ប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ហើយលោកបានបន្ថែមថាកំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ២០២០ នឹងមិនមានកំណើនជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំចុងក្រោយ។ ការរងគ្រោះមិនធ្លាប់មានពីមុនមកនេះបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩ ដែលប៉ះពាល់ដល់ វិស័យសេវាកម្មនិងការនាំចេញទៅកាន់ទីផ្សារចម្បងៗ[៤]។

វិធានការមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មានដូចជាការបិតសាលារៀន ក្លឹបកំសាន្ត ឌីស្តូថេក ការ៉ាអូខេ ក្លឹបហាត់ប្រាណ និងការជួបជុំសាសនាជាដើម។ រដ្ឋាភិបាលក៏បាន​ហាម​ទិដ្ឋាការពីបណ្តាប្រទេសមួយចំនួនក្នុងការចូលមកប្រទេសកម្ពុជា ក្នុងនោះរួមមានបារាំង អាល្លឺម៉ង់ អ៊ឺរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក ក្នុងន័យតែមួយគត់គឺទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ចូលក្នុងសហគមន៍។ វិធានការនេះត្រូវបានសាទរពីមហាជននឹងប្រជាពលរដ្ឋទូទៅ។ ជាលទ្ធផលនៅកម្ពុជា មានករណីឆ្លងតែ១២២នាក់ប៉ុណ្ណោះ ព្យាបាលជាមានចំនួន១២០នាក់និងមិនមានអ្នកស្លាប់ទេ។ អាត្រានេះ បានធ្វើឱ្យកម្ពុជាមានការព្យាបាលជា​សះ​​ស្បើយច្រើនជាងគេ បើធៀបក្នុងប្រទេសដែលជាសមាជិកក្នុងសហគមន៍ អាស៊ាន។

តាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា តួលេខនៅខែកុម្ភៈឆ្នាំ ២០២០ អ្នកដំណើរ​​តាមជើងយន្តហោះថយចុះ២០ភាគរយ នៅខែមីនាថយចុះជាង៥០ភាគរយ ហើយ​ឈានចូល ដល់ខែមេសាឆ្នាំ​២០២០ថយចុះយ៉ាងគំហុក រហូតដល់ទៅ៩០ភាគរយ។ នៅសល់៨ទៅ៩ភាគរយនៃដំណើរមក ដល់ពេលនេះភាគច្រើន​គឺមកពីកូរ៉េ ជប៉ុន និងចិន។ ក្រុមហ៊ុនហោះហើរបរទេសនៅកម្ពុជាទាំងអស់ចំនួន៣៩ក្រុមហ៊ុន ភាគច្រើនគឺបានផ្អាកការហោះហើរ នៅសល់តែចន្លោះ៨ទៅ១០ភាគរយតែប៉ុណ្ណោះដែលនៅបន្តការហោះហើរ។ មិនមែនតែកម្ពុជាទេ ពិភពលោកទាំងមូលតែម្តងដែលរងផលប៉ះពាល់លើការបាត់បង់អ្នកធ្វើដំណើរតាមជើងហោះ ហើរដោយ​សារ​កូវីដ​១៩។ មានមូលហេតុធំៗ២យ៉ាងក្នុងបញ្ហានេះគឺ ទី១អ្នកដំណើរមិនហ៊ានធ្វើដំណើរដោយ ខ្លួនឯង ទី២ប្រទេសខ្លះបានបិទប្រទេសរបស់ខ្លួនមិនឱ្យមានការធ្វើដំណើរចេញចូល[៥]។

តាមរបាយការណ៍ស្ថិតិទេសចរណ៍កម្ពុជានា៣ខែដើមឆ្នាំ២០២០ បានឱ្យដឹងថាភ្ញៀវទេសចរដែលបាន ចូលមកប្រទេសកម្ពុជាមានចំនួន១,១៥៥,២២៦នាក់ថយចុះ-៣៨.១% បើធៀបនឹង៣ខែដើមឆ្នាំ២០១៩មាន ចំនួន​១,៨​៧៧,៨៥៣នាក់។ ភ្ញៀវទេសចរអន្តរជាតិចូលតាមផ្លូវអាកាសមានចំនួន ៦៦៣,៦៤១នាក់ក្នុងរយៈពេល ៣​ខែ​ដើមឆ្នាំ២០២០ធ្លាក់ចុះ-៤៨.៩% បើធៀបនឹង៣ខែដើមឆ្នាំ២០១៩មានចំនួន១,២៩៩,១២២នាក់។ ភ្ញៀវ ទេសចរ​​​​អន្តរជាតិចូលតាមផ្លូវគោកនិងផ្លូវទឹកក្នុងអំឡុង៣ខែដើមឆ្នាំ២០២០ មានចំនួន៤៩១,៥៨៥នាក់ ធ្លាក់ចុះ​-១៥.១% បើធៀបនឹង៣ខែដើមឆ្នាំ២០១៩មានចំនួនភ្ញៀវទេសចរ៥៧៨,៧៣១នាក់ ។ ភ្ញៀវទេសចរ អន្តរ​ជាតិនិង​បន្តធ្លាក់ចុះទៀតក្នុងអំឡុងខែមេសានិងឧសភាឆ្នាំ២០២០ នេះបើតាមការលើកឡើងពីមន្រ្តី អាកាសចរ ស៊ីវិល ព្រម​ទាំងទិន្ន័យភ្ញៀវចូលទស្សនាតំបន់អង្គរចេញដោយអាជ្ញាធរអប្សារា។

តារាងទី២៖ ស្ថិតិភ្ញៀវទេសចរបរទេសមកកម្ពុជាក្នុងខែមករា-មីនាឆ្នាំ២០២០

                                                         ប្រភព៖ ក្រសួងទេសចរណ៍

វិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ទាំងឡាយនៅទូទាំងប្រទេសត្រូវបានផ្អាកដំណើរការ និង បិទបញ្ចប់​អាជីវកម្មមានចំនួនសរុប២,៨៦៥ទីតាំង ដោយបានធ្វើឱ្យប៉ះពាល់ការងាររបស់បុគ្គលិកចំនួន៤៦,៣៦៩ នាក់ ចំណែកឯមគ្គុទ្ទេសក៍ទេសចរណ៍ដែលបានព្យួរអាជ្ញាបណ្ណទេសចរណ៍មានចំនួនសរុប ៩៦នាក់។

បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី ២៩ខែមេសា​កន្លងទៅនេះបានឱ្យដឹងថា «គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍ដែលត្រូវ បានបិទ​(បិទដោយការផ្អាកដំណើរការនិងបិទបញ្ចប់អាជីវកម្ម)នៅទូទាំងប្រទេស មានចំនួនសរុប២,៨៦៥ទីតាំង ស្មើនឹង​២៩.​៥៧%ធៀបនឹងទីតាំងអាជីវកម្មទេសចរណ៍សរុបដែលមាន៩,៦៨៩ទីតាំង (សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកីឡាទេសចរណ៍) និងប៉ះពាល់ដល់បុគ្គលិកចំនួន៤៦,៣៦៩នាក់ស្មើនឹង៤២.៦% ធៀបនឹងបុគ្គលិកសរុប១០៨,៨៤៧នាក់ និង មគ្គុទ្ទេសក៍ទេសចរណ៍ព្យួរអាជ្ញាបណ្ណទេសចរណ៍សរុបចំនួន៩៦នាក់ស្មើនឹង១.៥% ធៀបនឹងចំនួនមគ្គុទ្ទេសក៍ ទេសចរណ៍សរុប៦,៤១៦ នាក់»

* ចំពោះសេវាកម្មស្នាក់នៅផ្នែកសណ្ឋាគារ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន២៨២សណ្ឋាគារ (១៥,​៤៨៨​បន្ទប់) ស្មើនឹង២៧% ធៀបនឹងចំនួនសណ្ឋាគារសរុបដែលមាន១,០៤៤ទីតាំង(៤៨,៧៩១បន្ទប់) និងប៉ះពាល់បុគ្គលិក១៦,២០៣នាក់ស្មើនឹង៤១% ធៀបនឹងបុគ្គលិកសរុប៣៩,១៥១ នាក់។

* ចំពោះផ្ទះភ្ញៀវ(ផ្ទះសំណាក់)ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៤០៥ទីតាំង(៥,៦៤៤បន្ទប់) ស្មើនឹង១៥% ធៀបនឹងចំនួនផ្ទះភ្ញៀវសរុបដែលមាន២,៦៤៣ទីតាំង(៣៤,៩៥៧បន្ទប់) និងប៉ះពាល់បុគ្គលិក ២,០៨៧នាក់ស្មើនឹង១៩.៥% ធៀបនឹងបុគ្គលិកសរុប១០,៦៦៩ នាក់។

* ចំពោះភោជនីយដ្ឋាន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៣៧១ទីតាំង(១៧,០២៧កៅអី) ស្មើនឹង ១០.៨% ធៀបនឹងចំនួនភោជនីយដ្ឋានសរុបដែលមាន៣,៤១៥ទីតាំង(១៦៧,៦៣៨កៅអី)ប៉ះពាល់បុគ្គលិក ចំនួន​៣,២​០១នាក់ ស្មើនឹង១១.១១% ធៀបនឹងបុគ្គលិកសរុប២៨,៧៣៨ នាក់។

* ចំពោះទីភ្នាក់ងារទេសចរណ៍ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៤៧ទីតាំងស្មើនឹង៦.៤៧% ធៀបនឹងចំនួនអាជីវកម្មទីភ្នាក់ងារទេសចរណ៍សរុប៧២៦ទីតាំង ប៉ះពាល់បុគ្គលិក២០៨នាក់ស្មើនឹង៦%ធៀបនឹង បុគ្គលិកសរុប​៣,៤៤៤ នាក់។

* ចំពោះមគ្គុទ្ទេសក៍ទេសចរណ៍ បានព្យួរអាជ្ញាបណ្ណទេសចរណ៍នៅទូទាំងប្រទេសមានចំនួន៩៦នាក់ ស្មើនឹង១.៥% ធៀប​នឹងចំនួនមគ្គុទ្ទេសក៍ទេសចរណ៍សរុប៦,៤១៦នាក់។

* ចំពោះសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ(ខារ៉ាអូខេ រង្គសាលឌីស្កូតែក បៀហ្គាឌិន)ត្រូវបានបិទ អាជីវកម្មទាំងស្រុងនៅទូទាំងប្រទេសមានចំនួន១,១៤៧ទីតាំង ប៉ះពាល់បុគ្គលិកសរុប១៨,២០៤នាក់។ ប្រភេទ សេវាកម្មខារ៉ាអូខេត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៨៨០ទីតាំង(ស្មើនឹង១០០%) និងប៉ះពាល់បុគ្គលិក សរុប១៤,១៦១នាក់ ប្រភេទសេវាកម្មរង្គសាលឌីស្កូតែកត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន២០០ទីតាំង (ស្មើនឹង១០០%)និងប៉ះពាល់​​បុគ្គលិកសរុប៣,០៧៨នាក់ ប្រភេទសេវាកម្មបៀហ្គាឌិនត្រូវបានបិទនៅទូទាំង ប្រទេសមានចំនួន​៦៧ទីតាំង​(ស្មើនឹង ១០០%) និងប៉ះពាល់បុគ្គលិកសរុប៩៦៥ នាក់។

* ចំពោះសេវាកម្មស្ប៉ានិងម៉ាស្សាត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន៥៩០ទីតាំង(៤,៦៤៤គ្រែ) ស្មើនឹង៨៨%​ធៀប​នឹងចំនួនអាជីវកម្មស្ប៉ានិងម៉ាស្សាសរុបដែលមាន៦៦៨ទីតាំង(៥,២៩៣គ្រែ) ប៉ះពាល់បុគ្គលិក ចំនួន​៥,៩៤៨​នាក់​ស្មើនឹង៩៥% ធៀបនឹងបុគ្គលិកសរុប៦,២៤៧ នាក់។

* ចំពោះអាជីវកម្មកីឡាទេសចរណ៍ (កីឡាប៊ូលីង អាងហែលទឹក ទូកកៃយ៉ាក់ បាឡុងបង្ហោះ ស្នូកឃ័រ ម៉ាស៊ីនហ្គេម) ត្រូវបានផ្អាកបណ្តោះអាសន្ននៅទូទាំងប្រទេសមានចំនួន២៣ទីតាំងស្មើនឹង៥០%ធៀបនឹងចំនួន អាជីវកម្មកីឡាទេស​​ចរណ៍សរុប៤៦ទីតាំង និងប៉ះពាល់បុគ្គលិក៥១៨នាក់ស្មើនឹង២២%ធៀបនឹងបុគ្គលិកសរុប ២,៣​២២​នាក់​[៧]។

បន្ថែមលើនេះទៀត ប្រជាពលរដ្ឋដែលកំពុងមានមុខរបរក្នុងលក្ខណៈជាសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អ្នករត់ ម៉ូតូកង់បី នឹងអ្នកលក់ដូរកំបិកកំប៉ុក រទេះរុញ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុក៏កំពុងប្រឈម នឹងបញ្ហាថវិកានេះខ្លាំងដែរ។ នៅខេត្តសៀមរាបនិងខេត្តព្រះសីហនុពួកគេរកចំណូលបានម្នាក់ក្នុងមួយថ្ងៃជាមធ្យម ១ម៉ឺនរៀលប៉ុណ្ណោះ ខណៈលើកមុនចំណូលពួកគាត់ម្នាក់ក្នុង១ថ្ងៃយ៉ាងតិចបំផុតចំនួន៦ម៉ឺនរៀលគឺស្មើនឹង១៥ ដុល្លារ។ ដោយ​ឡែក​​​នៅភ្នំពេញវិញក្នុងមួយថ្ងៃពួកគេរកបានប្រមាណ២០ដុល្លារ តែពេលនេះបានធ្លាក់មកនៅត្រឹម ៣ម៉ឺនរៀលជាមធ្យម[៨]។ នេះមិនទាន់គិតពីអ្នកលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ ក៍ដូចជាកម្មកររោងចក្រដែលត្រូវបាន ព្យួរការងារឬក៏បានបិទជាបន្តបន្ទាប់កន្លងមក។

ផលប៉ះពាល់ដែលបណ្តាលមកពីកូវីដ១៩ មានលក្ខណៈធំធេងទៅលើសេដ្ឋកិច្ចសង្គមជាច្រើនទៀត ។ សាលាត្រូវបានបិត ដោយក្រសួងអប់រំតម្រូវឱ្យសាលាទាំងនោះបង្រៀនតាមលក្ខណៈបច្ចេកវិទ្យាអនឡាន (E-Learning)។ មាតាបិតាសិស្សមួយចំនួនត្រូវជួបបញ្ហាសេដ្ឋកិច្ចមួយផ្នែក រីឯមួយផ្នែកទៀតត្រូវឆ្លៀតដើម្បីបង្ហាត់បង្ហាញ កូនតូចរបស់ខ្លួនក្នុងការរៀនតាមអនឡាននេះ ពួកគេនៅតូចមិនទាន់អាចធ្លាប់ទៅនឹងវិធីបង្រៀនតាមលក្ខណៈ បច្ចេកវិទ្យានេះទេ ដែលជាផលលំបាកមួយសម្រាប់មាតាបិតាគ្រប់រូប។ ប្រសិនបើឪពុកម្តាយទាំងនោះមានចំណេះ សមល្មមដើម្បី​បង្ហាត់បង្ហាញកូនទាំងនោះមិនថ្វីទេ ប៉ុន្តែបើពួកគាត់ពុំសូវយល់ពីការប្រើប្រាស់បច្ចេកវិទ្យានោះនឹងជួប ការលំបាកកាន់តែខ្លាំងឡើងថែមទៀត។ ផលលំបាកមួយទៀតនោះគឺសម្រាប់សិស្សក្រីក្រនៅទីជនបទដាច់ ស្រយាលដែលគ្មានទូរទស្សន៍ គ្មានអ៊ិនធើណែតសម្រាប់ការសិក្សាពីចំងាយតាមលក្ខណៈបច្ចេកវិទ្យាទំនើបនេះ បានធ្វើអោយប៉ះពាល់​​ដល់ការសិក្សារបស់ពួកគេជាខ្លាំង។

ក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺ​កូវីដ១៩។ ជំហានដំបូងគឺការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍។ បន្ទាប់មក គឺការគិតគូរដោះស្រាយពីផលប៉ះពាល់ផ្សេងៗមកលើសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ៣០០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់បម្រុងជួយគាំពារសង្គម និងសន្តិសុខស្បៀងក្នុងអំឡុងពេលវិបត្តិកូវីដ ១៩។ ក្រសួងសេដ្ឋកិច្ច​​បានបញ្ចេញ «កញ្ចប់ជំនួយសហគ្រិនខ្មែរ» ជួយសម្រួលដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី។ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានធនាគារសហគ្រាសធុនតូចនិងមធ្យម (SMEs Bank) ដើម្បីសម្រាប់ផ្តល់ប្រាក់កម្ចី​ដល់ម្ចាស់សហគ្រាសធនតូចនិងមធ្យមដែលមានអត្រាការទាប ផ្តល់ជូនដល់អ្នកវិនិយោគ លើវិស័យ​SMEs​ត្រឹម​តែ៧ភាគរយក្នុង១ឆ្នាំ ខណៈដែលមានដើមទុនដំបូងរបស់ធនាគារមានចំនួន១០០លាន ដុល្លារ។ រហូតមកដល់ពេលនេះមានសេចក្ដីរាយការណ៍ថាមានធនាគារចំនួន៣៣ទៀតបានបរិច្ចាគជួយដល់ធនាគារ SMEs។ ដូច្នេះធនាគារ​SMEs​​មានទុនចូលដល់១៥០លានដុល្លារ ដែលផ្ដល់ឲ្យកម្ចីក្នុងអត្រាការប្រាក់៧ភាគរយ។ ចំពោះឥណ​ទាន​នេះផ្ដល់ឱកាសឲ្យម្ចាស់សហគ្រាសធុនតូច និងមធ្យមទទួលឥណទានទុនបង្វិល២០ម៉ឺនដុល្លារ ហើយចំពោះការវិនិយោគទៅ​លើ​គ្រឿងម៉ាស៊ីន បានរហូតដល់៣០ម៉ឺនដុល្លារក្នុងមួយក្រុមហ៊ុន ។ រាជរដ្ឋាភិបាលក៏ បានគិតគូរទៅដល់អ្នកដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរតាមរយៈមូលនិធិជួយសង្គម ទៅលើពលរដ្ឋ ដែលមានបណ្ណ័ក្រីក្រនិង​ជនដែលងាយ​រងគ្រោះ។

រីឯវិស័យទេសចរណ៍រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាអទិភាពជាបន្តបន្ទាប់ ដើម្បីសម្រាលការ លំបាកនិង​ជួយដល់វិស័យឯកជន កម្មករនិយោជិតដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ១៩។ ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ទីភ្នាក់ងារទេសចរណ៍ដែលបានព្យួរឬនឹងត្រូវព្យួរដាក់ពាក្យ ស្នើសុំព្យួរកិច្ចសន្យាការងារនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមរយៈមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈរាជ​ធានី-​ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារអាម៉េរិកក្នុងមួយខែ សម្រាប់រយៈពេលពីរខែពីរាជ រដ្ឋាភិបាល ដោយមិន​ភ្ជាប់លក្ខខណ្ឌតម្រូវឱ្យកម្មករនិយោជិតចូលរួមវគ្គបណ្តុះបណ្តាលជំនាញទន់ (Soft Skills) រយៈពេលខ្លីដែលមានក្នុងវិធានការអន្តរាគមន៍ជុំទី១និងជុំទី២នោះទេ។ ចំពោះមុខអនុវត្តតែរាជធានីភ្នំពេញ ខេត្ត សៀមរាប ខេត្តព្រះ​សី​ហនុ ខេត្តកែប និងខេត្តកំពត និងចំពោះតែអាជីវកម្មដែលបានដាក់ពាក្យព្យួរកិច្ចសន្យា ការងារស្របតាមការណែនាំរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតែប៉ុណ្ណោះ។

ស្របពេលនឹងស្ថានភាពនៅទំនេររបស់កម្មករនិយោជិត និងដើម្បីប្រែក្លាយស្ថានភាពប្រឈមបច្ចុប្បន្ន ជាឱកាសក្នុងការពង្រឹងនិងអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍និងសិស្សនិស្សិត ក្រសួងទេសចរណ៍បាននិង កំពុងជំរុញ​រៀប​​​ចំ​កម្មវិធីសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍តាមអនឡាញ សម្រាប់អ្នកបម្រើការនៅក្នុងវិស័យទេសចរណ៍ក៏ដូចជាសម្រាប់សិស្សនិស្សិតដែលសិក្សានៅតាមគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចនិងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ អាចសិក្សានៅគ្រប់ទីកន្លែងនិងគ្រប់ពេល វេលាបាន។

ក្នុងស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ធនាគារជាតិ នៃកម្ពុជាស្នើ​សុំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ផ្ដល់ការអនុគ្រោះបន្ថែមដល់អតិថិជនដើម្បីជួយសម្រាល បន្ទុករបស់ពួកគាត់ ជាពិសេសបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជនរបស់ខ្លួនរហូតដល់ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ[១០]។

ទោះបីជាមានការយកទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងការទប់ទល់និងវិបត្តិផ្សេងៗកើតឡើងដោយជំងឺកូវីដ ១៩យ៉ាង​ណា​ក្តី ក៏ក្រុមហ៊ុនធុរកិច្ចជាច្រើនកំពុងប្រឈមមុខនឹងការជិតដួលរលំទាំងស្រុង បន្ទាប់ពីពួកគាត់បាន ព្យាយាមបន្តដំណើរការ​អជីវកម្ម ចាប់តាំងពីមានការធ្លាក់ចុះប្រាក់ចំណូលយ៉ាងធំធេង ចាប់តាំងពីដើមឆ្នាំ២០២០ កន្លងទៅ នេះបើតាម​(លិខិត​របស់ក្រុមហ៊ុនធុរកិច្ចផ្ញើជូនទៅប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២៤ខែ មេសាឆ្នាំ២០២០)។ លិខិតនេះបន្តទៀតថាទោះបីជារាជរដ្ឋាភិបាលនិងធនាគារជាតិកម្ពុជាបានជំរុញឱ្យម្ចាស់ជួល អចលនទ្រព្យនិងគ្រឹះស្ថាន​ហិរញ្ញ​​វត្ថុផ្តល់ការគាំទ្រ និងភាពបត់បែនកាន់តែច្រើនដល់ផ្នែកឯកជនយ៉ាងណា ក្តីប៉ុន្តែម្ចាស់ជួលអចលនទ្រព្យ និងស្ថាប័ន​​ទាំងនោះភាគច្រើនបដិសេធមិនអនុវត្តតាមការអំពាវនាវនេះឡើយ ដោយ សារតែការរំពឹងទុកមានលក្ខណៈមិន​ស្របតាមភាពជាក់ស្តែង។ ជាសំណូមពរក្រុមហ៊ុនធុរកិច្ចទាំងនោះបានស្នើ ដល់រាជរដ្ឋាភិបាលមេត្តាផ្តល់មូលនិធិចាំបាច់ដល់គ្រឹះស្ថានហិរញ្ញវត្ថុនិងធានាឥណទានអនុគ្រោះ ដើម្បីទប់ទល់នឹង ហានិភ័យនេះ[១១]។ វិធានការពិសេសទាំងនេះរួមមាន (ឥណទានដែលធានាដោយរាជរដ្ឋាភិបាលនិងការលើកលែង សារពើរពន្ធ) គឺជាមធ្យោបាយតែមួយ គត់ដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងតែលិចលង់ តាមរយៈកិច្ច ខិតខំប្រឹងប្រែងរួមរបស់ភាគីពាក់ព័ន្ធទាំងអស់។ រាជរដ្ឋាភិបាលត្រូវជួយតាមរយៈការផ្តល់ការធានាចាំបាច់សម្រាប់ ឥណទាននិងលើកលែងចោលនូវចំណូល សារពើពន្ធ រីឯវិស័យឯកជនត្រូវជួយតាមរយៈការធ្វើកិច្ចសន្យាបំណុល និងប្តេជ្ញារក្សាចំនួនបុគ្គលិករបស់ខ្លួន ហើយជាការឆ្លើយតបបុគ្គលិកត្រូវជួយតាមរយៈការធ្វើការងារមិនពេញម៉ោង ។

មិនខុសគ្នាពីក្រុមហ៊ុនធុរកិច្ចជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា២លាន៥សែននាក់ កំពុង ជាប់បំណុលក្នុងធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុជាមួយអាត្រាកម្ចីជាមធ្យម៣៨០០ដុល្លារ។ គិតត្រឹមថ្ងៃទី០៩ខែ ឧសភាកន្លងទៅនេះមានប្រជាពលរដ្ឋជាអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុប្រមាណជា១០០,០០០នាក់ ដែលបាន ដាក់ពាក្យរៀបចំឥណ​ទាន​ឡើងវិញ បន្ទាប់ពីមានការណែនាំពីធនាគារជាតិនៃកម្ពុជា[១២]។រាជរដ្ឋាភិបាលនិង ធនាគារជាតិកម្ពុជាគួរស្វែង​រកវិធីដែលជាក់លាក់ច្បាស់លាស់ងាយយល់ ដាក់ជូនស្ថានប័នធនាគារឯកជនក៏ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយ ដោះ​ស្រាយបញ្ហាប្រឈមដែលពលរដ្ឋកំពុងជួបប្រទះឈរលើស្មារតីឈ្នះទាំងអស់គ្នា។ ជឿជាក់ថាទាំងរាជរដ្ឋា​ភិ​បាល វិស័យឯកជន និងប្រជាពលរដ្ឋទូទៅនឹងឆ្លងផុតគ្រាលំបាកនេះនាពេលដ៏ខ្លីខាងមុខ។

សរុបសេចក្តីមក ផលប៉ះពាល់ដែលកើតឡើងដោយវិបត្តិជំងឺកូវីដ១៩ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម ទេសចរណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពុំទាន់អាចប៉ាន់ស្មានថាពេលណាដែលត្រូវបញ្ចប់។ កិច្ចខំប្រឹងប្រែងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺការរក្សាបាននូវសេចក្តីសុខ សុវត្ថិភាពសុខភាព ទប់ស្កាត់ការរីករាល ដាលនៃ​កូវីត១៩ទៅក្នុងសហគមន៍។ជំហានជាបន្តបន្ទាប់គឺត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិធានការផ្សេងៗដែលបាន ចេញដោយ​​អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដូចជាការលាងដៃឱ្យ បានញឹកញាប់​​ខ្ជាប់ខ្ជួន ការរក្សាគម្លាតសុវត្ថិភាពសង្គម ការពាក់ម៉ាសនៅពេលទៅកន្លែងដែលមានមនុស្ស ច្រើននិង វិធានការចាំបាច់ផ្សេងៗមួយចំនួនទៀត។ កិច្ចប្រជុំរបស់អង្គការទេសចរណ៍ពិភពលោកនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០​តាម​រយៈប្រព័ន្ធ Video Conference ពីទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញដោយមានការចូលរួមពីលោក ហ្ស៊ូរ៉ាប់ ផូឡូលិក សាស្វីល្លី (Zurab Pololiksashvili)អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក តំណាង អង្គការសុខភាពពិភព​លោក អង្គការអន្តរជាតិផ្សេងៗនិងបណ្ដាប្រទេសជាសមាជិកជាង១០០ប្រទេសរួមទាំង កម្ពុជាផងដែរ។អ្នកជំនាញនិងអង្គការទេសចរណ៍ពិភពលោកបានបង្ហាញអំពីដំណោះស្រាយមួយចំនួន ដែលរដ្ឋជា សមាជិកអាចពិចារណាដើម្បី​ដោះ​​ស្រាយផលប៉ះពាល់លើវិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និង ដំណាក់កាលក្រោយវិបត្តិ ក្នុងនោះរួម​មានការអនុវត្តវិធានសុវត្ថិភាពអនាម័យសុខភាពស្របតាមវិធាននានាណែនាំ ដោយអង្គការសុខភាពពិភពលោកតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការរៀបចំផែនការបន្ទាប់វិបត្តិនិងការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យ​ទេសចរណ៍កាន់តែខ្លាំងឡើង។ មិនថាវិស័យទេសចរណ៍ពិភពលោកឬ ទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលនេះគឺឆ្លងកាត់នៅភាពលំបាកដូចគ្នា។ ដើម្បីចូលរួមទប់ស្កាត់និងដោះស្រាយ បញ្ហាប្រឈមទាំងនេះក្រសួងទេសចរណ៍នៃព្រះ​រា​ជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែង បង្កើតស្តង់ដាថ្មីបន្ថែម ទៀតដូចជាស្តង់ដាសេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអា​ហារ និងសេវាកម្មទេសចរណ៍សហគមន៍-រមណីយដ្ឋាន ទេសចរណ៍ ដើម្បីបង្ហើបឱ្យមានសកម្មភាពទេសចរណ៍ឬចលនា​ទេសចរក្នុងប្រទេសឡើងវិញ ដែលធានាបាននូវសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់​គ្នាជាដាច់ខាត។ ស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីនេះ នឹងមានការចេញប្រកាសឱ្យអនុវត្តជាផ្លូវការយ៉ាងយូរត្រឹមចុងខែឧសភាឆ្នាំ២០២០។ បន្ថែមទៀតក្រសួងក៏បាន និងកំពុងបង្កើតកម្មវិធីសិក្សាបង្រៀនជាលក្ខណៈអនឡាញ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សដែលកំពុង បម្រើក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានសមត្ថភាពប្រសើរជាងមុន ដើម្បីត្រៀមទទួលការត្រឡប់មកវិញនៃភ្ញៀវ ទេសចរគ្រប់ជាតិសាសន៍បន្ទាប់ពីវិបត្តិកូវីដ១៩។ មជ្ឈមណ្ឌល China Ready Center ដែលមានការសហការ និងគាំទ្រពីក្រសួងទេសចរណ៍ នឹងត្រៀមបង្កើតនៅរាជបណ្ឌិត្យសភាកម្ពុជា​ដើម្បីសិក្សាស្រាវជ្រាវនិងរៀបចំ យុទ្ធសាស្រ្តថ្មីៗទទួលការត្រឡប់មកវិញនៃទេសចរចិន។ ការពង្រឹងបន្ថែមទៅ​លើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ភាពស្អាតនៃផ្លូវធ្វើដំណើរ ភាពស្អាតនៃចំណីអាហារ ភាពស្អាតកន្លែងស្នាក់នៅ ភាពស្អាតនៃស្នាមញញឹមរួសរាយ រាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ភាពស្អាតនៃតម្លៃសេវាកម្មផ្សេងៗ ភាពស្អាតនៃតំបន់​​រមណីយដ្ឋានទេសចរណ៍ ប្រកបដោយភាពទាក់ទាញច្នៃប្រឌិត ដែលទាំងនេះកើតឡើងពីស្ថាបន័រដ្ឋ ឯកជន សហ​គមន៍ព្រមទាំងប្រជាពលរដ្ឋ ទូទៅត្រូវតែចូលរួមទាំងអស់គ្នា ព្រមទាំងមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ផង​ដែរ។ ក្រសួងទេសចរណ៍គួរតែ ត្រៀមកញ្ចប់ថវិកាដើម្បីត្រៀមផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក នៅពេលដែលវិបត្តិកូវីដ១៩បាន បញ្ចប់។ ប្រសិនបើស្ថានភាពវិបត្តិនេះនៅបន្តរយៈពេលយូរទៀតក្រសួងទេសចរណ៍កម្ពុជាគួរតែស្នើទៅអង្គការ ទេសចរណ៍ពិភពលោកដើម្បីរកចំណុចរួមមួយក្នុងការសម្រាលនិងស្រោចស្រង់ដល់វិស័យនេះ ដូចជាការចេញ បណ្ណធ្វើដំណើរដល់ពលរដ្ឋណាដែលគ្មានជំងឺកូវីដ១៩អាចធ្វើដំណើរទូទាំងពិភពលោកបាន។ វិបត្តិ​កូវីដ​១៩បាន ផ្តល់ឱកាសដល់វិស័យកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើងជាងមុន ដោយរាជរដ្ឋាភិបាលបានបញ្ចេញ​​​កញ្ចប់ ថវិកាដើម្បីជួយទ្រទ្រង់ដល់វិស័យនេះឱ្យមានដំណើរការកាន់តែល្អប្រសើរដើម្បីផ្គត់ផ្គង់ស្បៀងសម្រាប់​​​ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់។ បន្ថែមលើនេះរដ្ឋក៏មានវិធានការផ្សេងៗក្នុងការទប់ស្កាត់ផលិតផលកសិកម្មដែលនាំចូលពីបណ្តា ប្រទេសជិតខាងផងដែរ។ វិស័យកសិកម្មនឹងកាន់តែខ្លាំងជាងមុននៅពេលដែលវិបត្តិកូវីតត្រូវបាន​​បញ្ចប់ ហើយក៏ បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលកំពុងតែប្រឈមនឹងបញ្ហាកូវីដ១៩នេះដែរ ប៉ុន្តែ​ទាម​​​ទារអោយស្ថាប័ន ពាក់ព័ន្ធត្រូវមានយន្តការនិងផែនការច្បាស់លាស់។ ភាពធ្លុះធ្លាយសេដ្ឋកិច្ចដែលកើតឡើងពីការនាំចូលផលិតផលកសិកម្មផ្សេងៗសម្រាប់បម្រើដល់វិស័យទេសចរណ៍នឹងត្រូវកាត់បន្ថយ នៅពេលដែលដំណើរការទេស​ចរណ៍ជាតិ និងអន្តរជាតិចាប់ផ្តើមឡើងវិញ។ បទពិសោធន៍មួយទៀតដែលបង្រៀនប្រជាពលរដ្ឋកម្ពុជានាអំឡុងពេលវិបត្តិកូវីដ ១៩​គឺការជំរុញឱ្យពលរដ្ឋគ្រប់រូបដើរឱ្យទាន់បច្ចេកវិទ្យា៤.០ រាប់ទាំងការធ្វើការពីចម្ងាយ ការរៀនតាម​អនឡាញ និងការប្រើប្រាស់បច្ចេកវិទ្យាចាំបាច់ផ្សេងៗជាច្រើនទៀត៕

                                                                    ឯកសារពិគ្រោះ

១. www.worldometers.info ចេញផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០

២. www.thmeythmey.com/ ចុះផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០

៣. World tourism organization, impact assessment of the COVID-19 outbreak on international tourism, 24 march 2020.

៤. https://thmeythmey.com/ចុះផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០

៥.https://thmeythmey.com/ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០

៦. Ministry of Tourism, tourism statistics report in March 2020

៧. http://freshnewsasia.com/ ចេញផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០

៨. http://www.rfi.fr/km ផ្សាយថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០

៩. http://freshnewsasia.com/ផ្សាយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

១០. សេចក្តីប្រកាសរបស់ ធនាគារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០

១១. http://www.rfi.fr/km/ ផ្សាយថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០

១២. លិខិតសមាគមន៍ក្រុមហ៊ុនធុរកិច្ចជាតិនិងអន្តរជាតិ ផ្ញើជូនប្រធានសភាពាណិជ្ជកម្មកម្ពុជា ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០៕

 



 



2020-05-11 08:20:13   ថ្ងៃចន្ទ, 11 ឧសភា 2020 ម៉ោង 03:20 PM
អ្នកចរចាពាណិជ្ជកម្មចិននិងសហរដ្ឋអាម៉េរិកបានពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងដំណាក់កាលទី១ ខណៈភាពមិនប្រាកដប្រជាបានកើតឡើង

ក្រុមមន្រ្តីជាន់ខ្ពស់មកពីសហរដ្ឋអាម៉េរិកនិងប្រទេសចិនបានធ្វើកិច្ចសន្ទនាតាមទូរសព្ទមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មរួមទាំងកិច្ចព្រមព្រៀង «ដំណាក់កាលទី១» ដែលបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ២០២០ កន្លងទៅ។ រដ្ឋមន្រ្តីក្រសួងរតនាគារជាតិសហរដ្ឋអាម៉េរិកលោក Steven Mnuchin និងតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកលោក Robert Lighthizer ក៏បាននិយាយជាមួយលោក Liu He ឧបនាយករដ្ឋមន្រ្តីចិនអំពីបញ្ហាសេដ្ឋកិច្ចនិងសុខភាពសាធារណៈ។ នេះបើយោងតាមការឱ្យដឹងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ កិច្ចសន្ទនាតាមទូរសព្ទនេះបានធ្វើឡើងខណៈដែលវិនិយោគិនជុំវិញពិភពលោកបានបង្ហាញពីការព្រួយបារម្ភអំពីភាពតានតឹងកើនឡើងរវាងសហរដ្ឋអាម៉េរិកនិងចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេពីរនៅលើពិភពលោក។

ប្រទេសទាំងពីរត្រូវបានកើតមានសង្រ្គាមពាណិជ្ជកម្មជាមួយគ្នាអស់រយៈពេល ២ ឆ្នាំមកហើយ ហើយបានបន្ថែមពន្ធគយយ៉ាងច្រើនលើផលិតផលរបស់ផងគ្នាទៅវិញទៅមក មុនពេលដែលភាពតានតឹងបានផ្អាកខណៈប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង «ដំណាក់កាលទី១»។ ប៉ុន្តែ ទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់ដូចជាកាន់តែយ៉ាប់យ៉ឺនម្តងទៀតនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះដោយទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងបានឈ្លោះប្រកែកគ្នាលើបញ្ហាជាច្រើន រួមទាំងប្រភពដើមនៃវីរុសកូវីដ-១៩ ផង។

ជំងឺរាតត្បាតកូវីដ-១៩នេះក៏បានចោទជាបញ្ហាអំពីថាតើប្រទេសចិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងកិច្ចព្រមព្រៀង «ដំណាក់កាលទី១» ដែលរួមមានការទិញទំនិញរបស់សហរដ្ឋអាម៉េរិកចំនួន ២០០ពាន់លានដុល្លារបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំ។ កាលពីចុងសប្តាហ៍កន្លងមកនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបញ្ចប់កិច្ចព្រមព្រៀងនេះ ប្រសិនបើទីក្រុងប៉េកាំងខកខានមិនបានបំពេញកាតព្វកិច្ចទាំងនោះ។

ប៉ុន្តែ ក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរសព្ទមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា ទោះបីជាមានភាពអាសន្នផ្នែកសុខភាពពិភពលោកនាពេលបច្ចុប្បន្នក៏ដោយ ក៏ប្រទេសទាំងពីររំពឹងថានឹងបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះឱ្យបានទាន់ពេលវេលា។ សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនក៏បាននិយាយផងដែរថា ប្រទេសទាំងពីរកំពុងធ្វើការដើម្បីអនុវត្តនូវអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយថាប្រទេសទាំងពីរបានឯកភាពគ្នារក្សាការប្រាស្រ័យទាក់ទងគ្នាតទៅទៀត៕

ប្រែសម្រួលដោយ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

2020-05-09 03:50:49   ថ្ងៃសៅរ៍, 09 ឧសភា 2020 ម៉ោង 10:50 AM
ទិដ្ឋភាពទូទៅនៃទំនាក់ទំនងជប៉ុន-សហរដ្ឋអាម៉េរិក ដោយ ៖ បណ្ឌិត តឹក មេង នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិឡាទីន និងអូសេអានីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ទំនាក់ទំនងជប៉ុន-សហរដ្ឋអាម៉េរិ បានចាប់ផ្តើមឡើងដំបូងតាមរយៈបេសកកម្មការទូត សកម្មភាពយោធានៅចុងសត វត្សរ៍ទី១៨ និងដើមសតវត្សរ៍ទី១៩ ដោយមាននាវិករបស់សហរដ្ឋអាម៉េរិកពីររូបគឺលោក James Glynn និងលោក Matthew C. Perry បានធ្វើដំណើរទៅកាន់តូហ្គូហ្គាវ៉ា (Tokugawa)។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះបានពង្រឹងនិងពង្រីក និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាបន្តបន្ទាប់ជាមួយគ្នាអស់រយៈពេលយ៉ាងយូរ។ ដើម្បីបង្ហាញពីទំនាក់ទំនងល្អជាមួយគ្នា ប្រទេសជប៉ុនបានទទួលស្គាល់ការត្រួតត្រារបស់សហរដ្ឋអាម៉េរិកទៅលើកោះហាវ៉ៃ ហ្វីលីពីន និងប្រទេសកូរ៉េ។

នៅឆ្នាំ១៩៣១ ភាពតានតឹងបានកើនឡើងរវាងជប៉ុន និងសហរដ្ឋអាម៉េរិក បន្ទាប់ពីជប៉ុនបានចូលលុកលុយប្រទេស ចិន។ ក្រោយមកទៀត នៅឆ្នាំ១៩៣៧ មានការផ្ទុះឡើងនូវសង្គ្រាមចិន-ជប៉ុនលើកទី២ ក្នុងនោះ យើងឃើញថា សហរដ្ឋអាម៉េរិករួមជាមួយសម្ព័ន្ធមិត្ត គឺចក្រភពអង់គ្លេសនិងហូឡង់ បានកាត់ផ្តាច់ប្រេងនិងដែកថែបឈប់លក់ឱ្យប្រទេសជប៉ុន។ ចំណែកប្រទេសជប៉ុនវិញ បានឆ្លើយតបជាមួយនឹងការវាយប្រហារលើសម្ព័ន្ធមិត្តរួមទាំងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើកំពង់ផែ Pearl Harbor នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ ដែលបានបំផ្លាញមូលដ្ឋានកងទ័ពជើងទឹកអាម៉េរិកយ៉ាងដំណំ។ ដើម្បីបង្ខំឱ្យជប៉ុនចុះចាញ់ សហរដ្ឋអាម៉េរិកបានទម្លាក់គ្រាប់បែកតាមទីក្រុងនានារបស់ជប៉ុនជាលក្ខណៈប្រព័ន្ធ ហើយចុងក្រោយបានឈានដល់ការបំផ្ទុះគ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ក្នុងខែសីហា ឆ្នាំ១៩៤៥ ។

នៅទសវត្សរ៍ឆ្នាំ១៩៥០និងឆ្នាំ១៩៦០ ទំនាក់ទំនងជប៉ុន-សហរដ្ឋអាម៉េរិកមានភាពល្អប្រសើឡើងវិញ ដោយជប៉ុនបានជួយផ្គត់ផ្គង់សម្ភារៈសឹកនិងស្បៀងដល់សហរដ្ឋអាម៉េរិកក្នុងសង្គ្រាមអាម៉េរិក នៅកូរ៉េ និងវៀតណាម។ ចាប់ពីចុងសតវត្សរ៍ទី២០ មក ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងជប៉ុនបានផ្តោតជាសំខាន់ទៅលើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និងយោធា ដែលមានភាពរឹងមាំនិងយ៉ាងសកម្ម។ សហរដ្ឋអាម៉េរិកបានចាត់ទុកប្រ ទេសជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តនានា និងជាដៃគូយុទ្ធសាស្រ្តយ៉ាងជិតស្និទ្ធបំផុត។ ការស្ទង់មតិរបស់ Pew Research Center's Global Attitudes Project នៅឆ្នាំ២០១៨ ទៅលើប្រជាជននៃប្រទេសទាំងពីរស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងជប៉ុន នៅឆ្នាំ២០១៨ បានបង្ហាញឱ្យឃើញថា ៧៥%នៃប្រជាជនជប៉ុន មានភាពជឿជាក់លើសហរដ្ឋអាម៉េរិក ហើយ៨១%នៃប្រជាជនសហរដ្ឋអាម៉េរិក មានភាពជឿជាក់លើប្រទេស ជប៉ុន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ទំនាក់ទំនងរវាងជប៉ុន-សហរដ្ឋអាម៉េរិកកាន់តែមានភាពល្អប្រសើ និងស្និទ្ធស្នាលបំផុត ដោយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ មានទំនាក់ទំនងល្អជាមួយប្រធានា ធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា និងលោក ដូណាល់ ត្រាំ ដោយមានជំនួបមិត្តភាពជាច្រើនលើកនៅសហរដ្ឋអាម៉េរិក ប្រទេសជប៉ុន និងនៅក្នុងសន្និសីទអន្តរជាតិផ្សេងៗទៀតជាច្រើន។ នៅខែឧសភា ឆ្នាំ២០១៩ ប្រធានា ធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានក្លាយជាមេដឹកនាំបរទេសដំបូងគេដែលបានចូលជួបពិភាក្សាការងារជាមួយអធិរាជជប៉ុន Naruhito ។

ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពរីកចម្រើនយ៉ាងខ្លាំង ជាពិសេស រថយន្ត និងគ្រឿងអេឡិច ត្រូនិចរបស់ជប៉ុនត្រូវបានគេពេញនិយមនៅសហរដ្ឋអាម៉េរិក។ ដើម្បីឱ្យពាណិជ្ជកម្មមានភាពរលូន ប្រទេសទាំងពីរបានចរចាគ្នាជាផ្លូវការបន្ថែមទៀតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ ដែលមានគោលបំណងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងជប៉ុន បានឯកភាពគ្នាកាត់បន្ថយពន្ធនិងការពង្រីកទំនិញក្នុងទំហំដ៏ធំមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវការចូលទៅកាន់ទីផ្សារនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថលសហរដ្ឋអាមេរិក-ជប៉ុន បានគ្របដណ្តប់លើច្បាប់ស្តីពីទិដ្ឋភាពឌីជីថលនៃពាណិជ្ជកម្មអន្តរជាតិ ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមាននៅថ្ងៃទី១ ខែមករា          ឆ្នាំ ២០ ២០ ដែលរដ្ឋបាល របស់លោក ដូណាល់ ត្រាំ និងលោក ស៊ីនហ្សូ អាបេ បានចាត់ទុកថា ជា «ដំណាក់កាល ទី១» នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងជប៉ុន ដែលមានទំហំធំទូលាយសម្រាប់អនាគត។ 

នៅឆ្នាំ២០១៨ សហរដ្ឋអាម៉េរិកបាននាំទំនិញចេញទៅប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់សរុប ចំនួន ១២១.១ពាន់លានដុល្លារអាម៉េរិក ចំណែកជប៉ុនវិញបាននាំទំនិញទៅកាន់សហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់ចំនួន ១៧៩.១ពាន់លានដុល្លារអាម៉េរិក។ នៅឆ្នាំ២០១៨ ជប៉ុនបានធ្វើការការវិនិយោគផ្ទាល់នៅក្នុងរោងចក្រផលិតកម្មសហរដ្ឋអាម៉េរិក ដែលមានទុនវិនិយោគចំនួន ៥១ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ការងារចំនួន១៧០,០០០កន្លែងដល់ពលរដ្ឋសហរដ្ឋអាម៉េរិក។ ចំណែកឯនៅឆ្នាំ២០១៩ សហរដ្ឋអាម៉េរិកបាននាំទំនិញចេញទៅប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់សរុបចំនួន ១៤៣.៦ ពាន់លានដុល្លារអាម៉េរិក ចំណែក ជប៉ុនវិញបាននាំទំនិញទៅកាន់សហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់ចំនួន ២១៨.៣ ពាន់លានដុល្លារអាម៉េរិក។

នៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក យើងសង្កេតឃើញមានទំនិញសំខាន់ៗជាច្រើន ដែលប្រទេសទាំងពីរនាំចេញ-នាំចូលឱ្យគ្នាទៅវិញទៅមក រួមមាន ៖ សហរដ្ឋអាម៉េរិកនាំចូលទីផ្សារជប៉ុន មានផលិត ផលកសិកម្ម ពោត សាច់គោ សាច់ជ្រូក សណ្តែកសៀង និងស្រូវសាលី។ ចំណែកឯជប៉ុន នាំចូលទីផ្សារសហរដ្ឋអាម៉េរិកមានផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិច រថយន្ត វាយនភណ្ឌ និងដែកថែប។

ដើម្បីជំរុញការនាំចេញឱ្យមានសក្តានុពលខ្លាំង ប្រទេសទាំងពីរបានអនុគ្រោះពន្ធគយឱ្យគ្នាទៅវិញទៅមក ដូចជា ប្រទេសជប៉ុន បានយល់ព្រមកាត់បន្ថយឬលុបចោលពន្ធគយលើផលិតផលកសិកម្ម ប្រមាណ ៦០០ មុខ ដូចជា សាច់ គោ សាច់ជ្រូក ឈើ ស្រូវសាលី និងសម្រាប់ផលិតផលផ្សេងៗមានកំណត់មួយចំនួនរបស់សហរដ្ឋអាម៉េរិកចូលទីផ្សារជប៉ុន។ ចំពោះសហរដ្ឋអាម៉េរិកវិញ បានយល់ព្រមកាត់បន្ថយឬលុបចោលពន្ធគយលើទំនិញចំនួន ២៤១ មុខ រួមមាន លើទំនិញឧស្សាហកម្ម ឧបករណ៍ម៉ាស៊ីន ប្រដាប់បញ្ចូនទួរប៊ីនកង់ដង់ គ្រឿងបន្លាស់ ឧបករណ៍ភ្លេង ផលិត ផលកសិកម្ម និងតែបៃតង ជាដើម។

នៅក្នុងវិស័យសេវាកម្មវិញ សហរដ្ឋអាម៉េរិកមានអតិរេកពាណិជ្ជកម្មសេវាកម្មទ្វេភាគីជាមួយប្រទេសជប៉ុន ព្រោះជប៉ុនគឺជាទីផ្សារដ៏សំខាន់សម្រាប់អ្នកផ្តល់សេវាកម្មរបស់សហរដ្ឋអាម៉េរិក។ ឧទាហរណ៍ ទីផ្សារធានារ៉ាប់រងជប៉ុនធំ ជាងគេលំដាប់ទី២ នៅលើសកលលោក បន្ទាប់ពីទីផ្សារសហរដ្ឋអាម៉េរិក ដែលមានចំនួនជិត៣០% នៃការលក់ ភាគហ៊ុនរបស់សហរដ្ឋអាម៉េរិកនៅក្នុងឧស្សាហកម្មនេះក្នុងឆ្នាំ២០១៦ ក្នុងទំហំទឹកប្រាក់ចំនួន ៤៨.៩ ពាន់លានដុល្លារអាម៉េរិក។

ជារួម ទំនាក់ទំនងរវាងជប៉ុន និងសហរដ្ឋអាម៉េរិកមានភាពរលូន ប៉ុន្តែ ករណីខ្លះក៏មាន ការខ្វែងគំនិត ខ្លះៗដែរ។ ទោះ បីជាយ៉ាងណាក៏ដោយ ក៏ចាប់ពីក្រោយសង្រ្គាមលោកលើកទី២មក ប្រទេសទាំងពីបានពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយគ្នាជាលំដាប់រហូតឈានដល់ទំនាក់ទំនងយុទ្ធសាស្រ្ត និងស្អិតល្មួតលើវិស័យសំខាន់ៗ ដូចជា នយោបាយ យោ​ធា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាដើម។ ម្យ៉ាងទៀត ប្រទេសទាំងពីរបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកយ៉ាងច្រើនលើសលប់នៅក្នុងវិស័យពណិជ្ជកម្ម ដូចជា ក្នុងឆ្នាំ២០១៩ ជប៉ុន នាំទំនិញចេញទៅកាន់ទីផ្សារអាម៉េរិកក្នុងទំហំទឹកប្រាក់ ២១៨.៣ ពាន់លានដុល្លារអាម៉េរិក ហើយសហរដ្ឋអាម៉េរិកបាននាំទំនិញចេញទៅកាន់ទីផ្សារជប៉ុនក្នុងទំហំទឹកប្រាក់ ១៤៣.៦ ពាន់លានដុល្លារអាម៉េរិក។ ប្រទេសជប៉ុនត្រូវការសហរដ្ឋអាម៉េរិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង ព្រមទាំងការគម្រាមកំហែងខាងអាវុធនុយក្លែអ៊ែពីកូរ៉េខាងជើងផងដែរ។ ចំណែក ឯសហរដ្ឋអាម៉េរិក ក៏ត្រូវការជប៉ុននៅក្នុងលំហរឥណ្ឌូ-ប៉ាស៊ីហ្វិច ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅអាស៊ីផងដែរ៕

RAC Media

ប្រភព៖​ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



2020-05-08 15:13:50   ថ្ងៃសុក្រ, 08 ឧសភា 2020 ម៉ោង 10:13 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក