ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ឯកភាពអនុវត្តការងាររួមគ្នាចំនួន ៤ចំណុចដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា

(ទីស្តីការក្រសួងទេសចរណ៍)៖ នៅរសៀលថ្ងៃអង្គារ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិភាក្សាការងារសហការរួមគ្នារវាងស្ថាប័នទាំងពីរ និងជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឯកភាពសហការអនុវត្តការងាររួមគ្នាលើចំណុចចំនួន៤រួមមាន៖

១. រៀបចំបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យទេសចរណ៍តាមស្តង់ដារអាស៊ាន ដោយបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា ។ ដំណើរការបណ្តុះបណ្តាលនេះ នឹងអនុវត្តក្រោយពេលកូវីដ១៩ បញ្ចប់។

២. បង្កើតមជ្ឈមណ្ឌល China Ready Centre នៅរាជបណ្ឌិត្យសភាកម្ពុជា។

៣. ស្ថាបន័ទាំងពីរនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

៤. ក្រសួងទេសចរណ៍និងរាជបណ្ឌិត្យសភាកម្ពុជា នឹងបង្តើតឱ្យមាននូវការសិក្សាស្រាវជ្រាវ, បណ្តុះបណ្តាល, និងការអនុវត្តជាក់ស្តែង ទៅលើវិស័យទេសចរណ៍នេះ។

សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖

- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យ ដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាល ដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិ និងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសា និងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ និងវប្បធម៌

- ចូលរួមចំណែក និងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

RAC Media| រឿន ភារុន

2020-05-05 13:22:06   ថ្ងៃអង្គារ, 05 ឧសភា 2020 ម៉ោង 08:22 PM
ពាណិជ្ជកម្មចល័តរបស់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយ៖ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

2020-05-05 08:34:50   ថ្ងៃអង្គារ, 05 ឧសភា 2020 ម៉ោង 03:34 PM
លក្ខណៈប្រត្យក្សារម្មណ៍នៃការអនុវត្តវប្បធម៌បទដ្ឋានក្នុងសង្គមខ្មែរសម័យបច្ចុប្បន្ន ដោយ៖ លោក ខូយ សោភ័ណ មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា

ការផ្លាស់ប្តូរនៃបរិបទថ្មីនៃពិភពលោកក្នុងសតវត្សទី២១ បានជំរុញឱ្យ មនុស្សធ្វើការផ្លាស់ ប្តូរឥរិយាបថនៃការរស់​នៅដោយបានអនុវត្តទៅតាមបទដ្ឋាននៃ សង្គមដែលតម្រូវធ្វើតាមជាការចាំបាច់ ជួនកាលបទដ្ឋាននេះបានជះឥទ្ធិពល ដោយប្រយោលលើជីវភាពរស់នៅរបស់សង្គមដោយឥត បានព្រៀងទុកតាមរយៈ បណ្តាញផ្សព្វផ្សាយទាំងឡាយ។ របៀបធ្វើការងារមនុស្សធម៌ ភាពប្រែប្រួលនៃ ការអនុវត្តប្រពៃណីនៃការរៀបការ ការបង្រៀនអំពីភាពជោគជ័យ ក្នុង​​កិច្ចការងារ និងធុរកិច្ច ការបង្រៀនអំពីការដឹកនាំ បញ្ហាផ្សេងៗទៀតមានដូចជា អំពើឃាតកម្ម អំពើផិតក្បត់ បញ្ហាកសិកម្ម ការរីករាលដាលនៃជំងឺពិភព លោកថ្មី(COvid-19) ការអនុវត្តច្បាប់ចរាចរ ជាដើមសុទ្ធតែជាកត្តាលីករ ជំរុញឱ្យមាន ការអនុវត្តនូវបទដ្ឋានរួមគ្នា ឬធ្វើការផ្លាស់ប្តូរនូវឥរិយាបថរបស់មនុស្សដើម្បីឱ្យមានសង្គតិភាពមួយរួមគ្នា។

មើលឃើញថាការងារមនុស្សធម៌សម័យបច្ចុប្បន្នមានច្រើនសណ្ឋានប្រសិនបើរាប់ទៅមាន តាំងពីស្ថានប័នរដ្ឋ ឯកជន និងជាលក្ខណៈបុគ្គលក៏មាន។ ការអនុវត្តកិច្ចការមនុស្សធម៌នេះ ជាលក្ខណៈ បង្ហាញនូវវប្បធម៌សង្រ្គោះមួយដ៏ប្រពៃដែល​អាចឱ្យមនុស្សទាំងឡាយទាំងពួងមើលឃើញហើយមានអារម្មណ៍ស្ងើចសរសើរអំពីទឹកចិត្តសប្បុរសរបស់អ្នកដែលបានធ្វើមនុស្សធម៌ចំពោះនរណាម្នាក់ ឬជនក្រខ្សត់ ណាមួយ។ ភាពក្រក្សត់ តោកយ៉ាករបស់មនុស្ស ត្រូវបានគេ​យកមក បង្ហោះ ក្នុង បណ្តាញសង្គមហើយធ្វើការផ្សព្វផ្សាយ ជាលក្ខណៈសាកល ជួនកាលមាន ការតតាំងគ្នា អំពីមតិទាំង​ឡាយ ជាលក្ខណៈបុគ្គលឬជាលក្ខណៈក្រុមចំពោះ មនុស្សធម៌ណាមួយដែលមើលទៅហាក់មិនសមរម្យ ឬធ្វើឡើងដើម្បីប្រយោជន៍ ណាមួយ ហើយធ្វើឱ្យប៉ះពាល់ ដល់តម្លៃជាសារវន្តរបស់មនុស្ស ដែលយល់ថាមាន យុត្តិធម៌ មាន​សមធម៌ និងគុណធម៌ជាដើម។ បទដ្ឋាន មួយនេះ បានអនុវត្ត ជារឿយៗក្នុងសង្គម ពាណិជ្ជករខ្លះដែលបានជោគ​ជ័យ ក្នុងអាជីពរបស់ខ្លួនបាន ចាប់ផ្តើមធ្វើការមនុស្សធម៌ ជួលកាលអ្នកសារព័ត៌មាន ខ្លះដោយឈរលើ គោលការណ៍មនុស្សធម៌នេះ បានខ្នះខ្នែង ក្នុងការជំរុញ និងលើកទឹកចិត្ត ជួយជ្រុំជ្រែងប្រមែប្រមូលនូវថវិកាតាមរយៈជំនាញរបស់ខ្លួនជាដើម។

បន្ថែមពីនេះការអនុវត្តនូវប្រពៃណីក្នុងការរៀបការក្នុងសង្គមខែ្មរនាសម័យបច្ចុប្បន្នមានលក្ខណៈប្លែកៗ។ ប្រសិនបើពិនិត្យមើលមួយជ្រុងទៅក្នុងផ្នត់គំនិតរបស់ មនុស្សជនជាតិខ្មែរដែលពិនិត្យ ក្នុងការនិយាយស្តីឃើញ ថាជនជាតិនេះ សំបូរ​មនុស្សមានគំនិតអភិរក្សនូវប្រពៃណី និងទំនៀមទំលាប់ណាស់ប្រសិនបើអ្នកណា មួយធ្វើអំពើណាមួយដែលមានលក្ខណៈខុសឆ្គងនឹងផ្នត់គំនិតនៃការអភិរក្សណាមួយនោះ ក៏ប៉ុន្តែប្រសិន បើពិនិត្យមើលអំពី ការរៀបអាពាហ៍​ពិពាហ៍របស់ ជនជាតិខ្មែរ មួយចំនួនប្រសិនបើយើងពិនិត្យទៅ មើលសកម្មភាពជាក់ស្តែងហាក់ដូចជាមិនមែន ជាអ្នកអភិរក្សទេគឺជាអ្នកទទួលរង នូវឥទ្ធិពល នៃវប្បធម៌របស់ ប្រទេសមួយ ចំនួនហើយបានធ្វើការផ្លាស់ប្តូរ នូវទម្រង់នៃការអនុវត្តប្រពៃណីរបស់ខ្លួន។ តាមរយៈការផ្សព្វផ្សាយ លើបណ្តាញសង្គមនៅពេលហែរជំនួន ក្រុមយុវជនបានរាំ​រែក​ក្នុងពិធីហែរជំនួននេះ។ ឥរិយាបថនៃការផ្លាស់ប្តូរ ក្នុងការអនុវត្តនេះ ជាជំហានតំបូង នៃការផ្លាស់ប្តូរនូវទម្រង់ ក្នុងការអនុវត្តប្រពៃណី និងទំនៀមទំលាប់របស់ ជនជាតិខែ្មរ។

ការបង្រៀនអំពីភាពជោគជ័យនៃការងារនិងធុរកិច្ចជាភាពពេញនិយមរបស់មនុស្សសម័យបច្ចុប្បន្ន ដែលមនុស្សម្នាក់ប្រឹងប្រែងខិតបំពេញការងារខ្លួន។ អនុសាសន៍យ៉ាងច្រើនក្នុងការអនុវត្តនូវធុរកិច្ចដូចជា តើធ្វើដូចម្តេចដើម្បីទទួលបាន​ភាពជោគជ័យក្នុងអាជីពរបស់ខ្លួន ត្រូវបានវាគ្មិនជាច្រើនរូបយកមកធ្វើជា ប្រធានបទដើម្បីបង្ហាញអំពីទស្សនៈវិស័យនៃគំនិតដោយផ្សារភ្ជាប់នូវគំនិតទស្សនវិជ្ជា និងការអនុវត្តក្នុងអាជីពរបស់ខ្លួន ដូចជាវិធីសាស្រ្តដឹកនាំគ្រប់គ្រង ការជ្រើសរើសបុគ្គលិក យុទ្ធសាស្រ្តទីផ្សារ ដោយធ្វើការអភិវឌ្ឍ ឬធ្វើនូវបច្ចុប្បន្នភាពនៃចំណេះដឹង បុគ្គលិករបស់ខ្លួនដើម្បីឱ្យមានវិធីសាស្រ្តគ្រប់គ្រាន់ ក្នុងការពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យបានជោគជ័យ។ សេចក្តីទាំងនេះជាមូលដ្ឋានសម្រាប់ ផ្លាស់ប្តូរការគិត ដើម្បីស្វែងយល់អំពីពិភពការងារនាយុគសម័យថ្មី ជាពិសេសទៅទៀតនោះ យុទ្ធសាស្រ្តការ​ងារ​សម័យ ឌីជីថលូបនីយកម្ម ដែលមនុស្សធ្វើការកែប្រែរបៀបធ្វើការ ទំនាក់ទំនងគ្នាតាមរយៈ ប្រព័ន្ធអ៊ីនធិណែត ឬយើងហៅផ្សេងទៀតថា «ការងារអនឡាញ»។

ការផ្សព្វផ្សាយអំពីឃាតកម្ម និងអត្តឃាតកម្ម ក្នុងបណ្តាព័ត៌មានផ្សេងៗ លើកអំពីមូលហេតុ ដែលមានអំពើឃាតនិងអត្តឃាតទាំងនេះ។ តាមការសង្កេតបច្ច័យដែលនាំឱ្យ កើតមានហេតុការណ៍ ដ៏គួរឱ្យតក់ស្លុតទាំងអស់នេះ ជាប់ទាក់ទងនឹងបញ្ហាជីវភាព ស្នេហា ដែលជំរុញឱ្យមានបញ្ហាផ្លូវចិត្តរហូតដល់ សម្រេចចិត្តសម្លាប់អ្នកដទៃ ឬខ្លួនឯងជាដើម។

បន្លែមពីនេះ អំពើផិតក្បត់នឹងការលែងលះជារឿយតែងបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមថា មូលហេតុនេះគឺបណ្តាលមកពីអំពើអនាចាររបស់មនុស្ស រោគចិត្តមានចិត្តសាវ៉ាដោយយកបញ្ហាផ្លូវភេទ ឬ ការសេពសុរា ប្រព្រឹត្តល្បែង​ស៊ីទាំងនេះ ជំរុញឱ្យស្វាមីភរិយាឈានដល់ ការលែងលះ។ ទិដ្ឋភាពនេះ ជំរុញឱ្យមានផលប៉ះពាល់ដល់កត្តាផ្លូវចិត្តរបស់មនុស្សជាពិសេសប្តី ឬប្រពន្ធ កុមារ សេដ្ឋកិច្ចគ្រួសារ ការអប់រំជាដើម។

បញ្ហាកសិកម្មជាបញ្ហាដែលរដ្ឋត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លានាពេលកន្លងថ្មីៗនេះ បញ្ហាទីផ្សារកសិកម្មនៅតែជាបញ្ហាប្រឈមសម្រាប់កសិកររបស់ប្រទេសកំពុងអភិវឌ្ឍមួយនេះ។ ក្នុងន័យនេះ ការរៀបចំប្រព័ន្ធទីផ្សារនៃភូមិមួយផលិតផលមួយគួរបានគិតសារជាថ្មី ឬអនុវត្តបន្តសម្រាប់បន្តនៅនិរន្តរភាពនៃផ្សារកសិកម្មកម្ពុជាឱ្យមានសក្តានុពលទៅអនាគត។ ការចូលរួមសម្រាប់វិស័យកសិកម្មនេះ តាមការយល់ឃើញ អ្នកដែលពាក់ព័ន្ធទាំងអស់គ្នាត្រូវចូលរួមអនុវត្តដោយភាពស្មោះត្រង់ក្នុងកិច្ចការនេះទើបអាចដោះស្រាយបញ្ហានេះបានល្អ មិនដូច្នោះទេ បញ្ហាទីផ្សារកិសកម្មរបស់កម្ពុជានៅតែមានបញ្ហា ប្រជាជននៅតែស្តីបន្ទោសរដ្ឋចំពោះបញ្ហានេះ។

បញ្ហាការីករាលដាលនូវជំងឺកូវីដ១៩ ដែលធ្វើឱ្យពិភពលោកមានភាពវឹកវរទាំងសេដ្ឋកិច្ច និងវប្បធម៌ និងនយោបាយ ដែលជំរុញឱ្យមានការយល់ច្រឡំរវាងគ្នានឹងគ្នាអំពីការមិនអើពើ មិនព្រមអនុវត្តនូវបទដ្ឋានណាមួយដែលមើលទៅហាក់​ដូចជានាំឱ្យខូចនូវប្រយោជន៍ ឬហេតុផលសេដ្ឋកិច្ចជាដើម។ ក្នុងន័យនេះ ការអនុវត្តនូវវិធាននេះ តម្រូវឱ្យគិតលើកត្តាមុនស្សធម៌ជាសំខាន់សម្រាប់ការចូលរួមនូវការអនុវត្តឱ្យមានប្រសិទ្ធភាព ។ ជាក់ស្តែងការអនុវត្តនេះមិនត្រូវបានយល់ស្របទាំងស្រុងទេ ប៉ុន្តែដោយកិច្ចអន្តរាគមន៍ពីរដ្ឋដោយមានការបិទប្រទេសមួយអន្លើដើម្បីទប់ស្កាត់ និងដោយ​មានការចូលរួមអនុវត្តនូវវិធីការពារជំងឺរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលរបស់ប្រទេស​កម្ពុជាបានរុញឱ្យស្ថានភាពនៃការរីករាលដាលក្នុងប្រទេសកម្ពុជាមានភាពធូរស្បើយ។

 សរុបមកការអនុវត្តនូវវប្បធម៌បទដ្ឋានថ្មីរបស់ប្រទេសគឺជាការធ្វើរួមគ្នាជាធ្លុងមួយដើម្បីឱ្យ ឬជាការស្វែងយល់នូវបញ្ហានោះទាំងអស់គ្នា រួចធ្វើការកែតម្រូវពីសំណាក់អ្នកច្បាប់ អ្នកនយោបាយ អ្នកសេដ្ឋកិច្ច និងអប់រំ ប្រជាជនដែលជាអ្នកអនុវត្តផ្ទាល់ដើម្បីឱ្យការអនុវត្តនោះមានប្រសិទ្ធភាព ហើយអាចទទួលយកបានទាំងអស់គ្នាដោយតុណ្ហីភាព។

RAC Media

ប្រភព៖ លេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ


2020-05-04 10:27:19   ថ្ងៃចន្ទ, 04 ឧសភា 2020 ម៉ោង 05:27 PM
អាស៊ាននៅចំពោះមុខកូវីដ-១៩ ដោយ៖ លោក ធន ឆាយពិសិដ្ឋ នាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ប្រាកដណាស់ ពិភពលោកកំពុងរងវិបត្តិដ៏ធ្ងន់ធ្ងរដោយសារកូវីដ-១៩ ហើយក្រោយពីឆ្លងផុត យើងក៏ដឹងច្បាស់ថា ពិភពលោកនឹងមើលទៅលែងដូចដើម ជាពិសេសវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ ក៏ដូចជាសង្គមវប្បធម៌ដែរ។ វិបត្តិនេះបាននឹងកំពុងធ្វើឱ្យមានភាពក្រីក្រ ភាពឈឺចាប់ និងការរើសអើងកើនខ្លាំងឡើងនៅក្នុងសង្គម។ នៅចំពោះមុខ អ្នកក្រីក្រជាតួអង្គរងគ្រោះខ្លាំងបំផុត ពួកគេមិនត្រឹមតែពិបាកក្នុងការស្វែងរកសេវាសុខភាពល្អៗទេ ប៉ុន្តែ ពួកគេក៏ជាតួអង្គដែលត្រូវរងគ្រោះខ្លាំងចំពោះវិបត្តិសេដ្ឋកិច្ចផងដែរ។

ងាកមកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន ក៏មានចំនួននៃអ្នកឆ្លងវីរុសកូវីដ១៩ នៅក្នុងតំបន់កើនឡើងឥតឈប់ឈរដែរ បើទោះបីជារដ្ឋាភិបាលនៃប្រទេសសមាជិកនីមួយៗបានដាក់វិធានការទាំងធ្ងន់និងស្រាលជាបន្តបន្ទាប់ដើម្បីបង្ការការរីកដាលនៃការចម្លងវីរុសនេះក៏ដោយ។ អាស៊ានដែលមានប្រជាជនប្រមាណ៦៥០លាននាក់ កំពុងតែប្រឈមនឹងការរីករាលនៃវីរុសឆ្លងកូវីដ១៩ ហើយដែលរដ្ឋនីមួយៗកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងរៀងៗខ្លួន។ បើតាមការសង្កេត រដ្ឋនីមួយៗ ទំនងជាកំពុងជួបការលំបាកដោយសារតែហានិភ័យនេះមានទំហំហួសពីសមត្ថភាព​របស់ខ្លួនដែលអាចគ្រប់គ្រងបាន ជាពិសេស ប្រសិនបើការរីកដាលនេះចេះតែបន្តកើនឡើងក្នុងរយៈពេលកាន់តែយូរអង្វែង នាំឱ្យការប៉ះពាល់ទាំងផ្នែកសុខាភិបាល សេដ្ឋកិច្ច ក៏ដូចជាសង្គមកិច្ចកាន់តែមានភាពធ្ងន់ធ្ងរដែរ។

ជាទូទៅ បណ្ដាប្រទេសក្នុងអាស៊ាន ត្រូវបានគេមើលឃើញថា ភាគច្រើនមានទំនោរបែបអាត្មានិយមស្រាប់ទៅហើយ ដែលរដ្ឋនីមួយៗតែងតែតម្កល់ផលប្រយោជន៍ជាតិរបស់ខ្លួនធំជាងផលប្រយោជន៍ជាតិដទៃដែលជាសមាជិកអាស៊ានដូចគ្នា។ អាស៊ានប្រកាន់យកគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងនៃជាតិជាសមាជិក ប៉ុន្តែពេលខ្លះគោលការណ៍នេះហាក់បង្ហាញពីភាពសោះអង្គើយចំពោះគ្នាទៅវិញក៏ថាបាន ដូចជាកន្លងមក បញ្ហាជម្លោះព្រំដែន, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាជនជាតិរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា, រដ្ឋប្រហារយោធានៅថៃ និងសូម្បីសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលប្រជាជាតិអាស៊ានបានចាប់ដៃគ្នាលើកកម្ពស់សហគមន៍សេដ្ឋកិច្ចរួម ប៉ុន្តែ មកទល់សព្វថ្ងៃនៅតែមុជមិនជ្រៅទៅមិនឆ្ងាយ។ នេះជាការបង្ហាញឱ្យឃើញពីភាពកម្សោយនៃប្រជាជាតិអាស៊ាន។

សម័យកាលកូវីដ-១៩ ជាសម័យកាលដែលបង្ហាញឱ្យឃើញពីភាពអាត្មានិយមកាន់តែខ្លាំងឡើងនៃប្រជាជាតិនីមួយៗនៅលើលោក អ្នកដឹកនាំនៃប្រទេសនីមួយៗ នាំគ្នាប្រកាន់យកជំហរជាតិសាសន៍របស់ខ្លួនជាធំ កាន់តែច្រើនឡើងៗ ដែលយើងឃើញច្បាស់ជាងគេ សហរដ្ឋអាម៉េរិក ដែលធ្លាប់តែជាបងធំ អ្នករៀបចំសណ្ដាប់ធ្នាប់ពិភពលោក អ្នកសង្រ្គោះប្រជាជាតិផ្សេងៗ តែពេលនេះក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាម៉េរិក បង្ហាញជំហរច្បាស់ណាស់ថា គឺជនជាតិអាម៉េរិកជាចម្បង (American First)។ ស្ថានភាពនេះបានស្ដែងឱ្យឃើញច្បាស់​តាមរយៈការស្កាត់ទិញយកម៉ាសដែលត្រូវផ្គត់ផ្គង់ទៅអ៊ឺរ៉ុប ការផ្ដាច់ជំនួយ WHO ដោយចោទថា ឃុបឃិតជាមួយចិនលាក់បាំងទិន្នន័យពិតជាដើម។

មនុស្សជាតិពេលនេះកំពុងប្រឈមមុខនឹងវិបត្តិពិភពលោក ហើយក៏ប្រហែលជាវិបត្តិដ៏ធំបំផុតនៃជំនាន់របស់យើង។ វាមិនត្រឹមតែជាវិបត្តិចំពោះប្រព័ន្ធថែទាំសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងជាវិបត្តិចំពោះសេដ្ឋកិច្ច នយោបាយ និងសង្គមផងដែរ។ នៅចំពោះមុខវិបត្តិនេះ យើងត្រូវតែធ្វើសកម្មភាពរហ័សនិងម៉ឺងម៉ាត់ ទន្ទឹមនោះយើងក៏គួរតែគិតគូរពីវិបាករយៈពេលវែងនៃសកម្មភាពរបស់យើងដែរ។ នៅពេលយើងជ្រើសរើសវិធានការឬផ្លូវដើរ យើងមិនគួរតែគិតតែអំពីវិធីដើម្បីចៀសផុតពីការគំរាមកំហែងជាបន្ទាន់ចំពោះមុខប៉ុណ្ណោះទេ យើងក៏ត្រូវគិតដល់សហគមន៍ ក៏ដូចជាពិភពលោកទាំងមូលដែលយើងនឹងត្រូវបន្តរស់នាអនាគតផងដែរ។ ជាការណ៍ពិត គ្រោះមហន្តរាយនេះប្រាកដជារំ​លង​ផុតទៅ ហើយមនុស្សជាតិភាគច្រើននឹងបន្តរស់រានមានជីវិត ប៉ុន្តែពិភពលោកឬសហគមន៍ដែលយើងរស់នៅប្រហែលជាលែងដូចដើមហើយ។

មកទល់ពេលនេះ ការព្យាយាមដោះស្រាយរៀងៗខ្លួន ហាក់គ្មានប្រសិទ្ធភាព ការចម្លងជាលើកទីពីរនៅសិង្ហបុរី ការកើនឡើងយ៉ាងឆាប់រហ័សនៅឥណ្ឌូនេស៊ីនិងហ្វីលីពិន ហើយបើតាមអ្នកជំនាញថា នៅអាស៊ានគ្រាន់តែជាដំណាក់កាលនៃការឆ្លងជាបឋមប៉ុណ្ណោះ។ ដូច្នេះ ដំណោះស្រាយដែលមានប្រសិទ្ធភាព គឺត្រូវតែដោះស្រាយតាមរយៈការសហការគ្នា។ ជាដំបូងនិងសំខាន់បំផុតដើម្បីទប់ស្កាត់និងកម្ចាត់វីរុស អាស៊ានត្រូវតែចែករំលែកព័ត៌មានជាសកល។ ប្រទេសជាសមាជិក អាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក អំពីការចម្លង ការការពារ ការព្យាបាល ការដោះស្រាយបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម។ល។ ប៉ុន្តែ ដើម្បីឱ្យរឿងនេះកើតឡើងបាន យើងត្រូវការស្មារតីនៃកិច្ចសហប្រតិ​បត្តិការនិងការជឿទុកចិត្តនៅក្នុងសហគមន៍។ យើងក៏ត្រូវការការខិតខំជារួម ដើម្បីផលិតនិងចែកចាយឧបករណ៍វេជ្ជសាស្រ្ត ជាពិសេសឧបករណ៍ប្រើប្រាស់និងម៉ាស៊ីនដកដង្ហើម សម្រាប់សហគមន៍ ជាជាងប្រទេសជាសមាជិកទាំងអស់ព្យាយាមធ្វើដើម្បីតែភាពរស់រានមានជីវិតតែរៀងៗខ្លួន។ ជាជំហររបសើប្រទេសដែលមានធនធានច្រើនជាងនិងមានករណីឆ្លងតិចជាង គួរតែមានឆន្ទៈក្នុងការបញ្ជូនជំនួយទៅកាន់ប្រទេសជាសមាជិកផ្សេងៗដែលមានករណីឆ្លងច្រើនជាង​។ ​ជំនួយនេះមិនមែនតែចំពោះសម្ភារៈទេ គឺទាំងជាបុគ្គលិកពេទ្យផងដែរ។ ឧទាហរណ៍ បណ្តាប្រទេសដែល​រង​ផល​ប៉ះពាល់តិចជាង អាចបញ្ជូនបុគ្គលិកពេទ្យទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងសហគមន៍ ក្នុងគោល​បំ​ណងទាំង​ជួយនិងទទួលបានបទពិសោធន៍ ដើម្បីបន្តប្រយុទ្ធទៅមុខទៀត ព្រោះថាសង្រ្គាមមួយនេះអាចមានរយៈពេលវែង​។ កិច្ចសហប្រតិបត្ដិការជារួមនេះ ក៏ត្រូវការជាចាំបាច់នៅចំពោះមុខសេដ្ឋកិច្ចផងដែរ។ ជាការណ៍ពិត នៅចំពោះមុខ ប្រទេស​ជាសមាជិកនីមួយៗ សុទ្ធតែរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដូចៗគ្នា ប៉ុន្តែបើរដ្ឋាភិបាលនីមួយៗព្យាយាមធ្វើអ្វីៗដោយខ្លួនឯង ដោយមិនយកចិត្តទុកដាក់ចំពោះរដ្ឋជាសមាជិកផ្សេងៗ នោះលទ្ធផលនឹងកាន់តែមានភាពវឹកវរនិងវិបត្ដិជ្រៅទៅៗ។ យើងត្រូវការផែនការសកម្មភាពរួម ហើយយើងក៏ត្រូវការវាជាបន្ទាន់។

ជាអកុសល បច្ចុប្បន្នបណ្តាប្រទេសទាំងអស់ ស្ទើរតែមិនធ្វើរឿងទាំងនេះសោះឡើយ ពួកគេឱនក្បាលចុះ លាដៃឱបក្រសោបការពារតែប្រទេសរបស់ខ្លួនរៀងៗខ្លួន។ ក្នុងវិបត្តិពិភពលោកមុនៗមានសហរដ្ឋអាម៉េរិក បានដើរតួនាទីជាអ្នកដឹកនាំពិភពលោក ប៉ុន្តែពេលនេះរដ្ឋបាលអាម៉េរិកបានទម្លាក់ភារៈនេះចោល។ ជាមេរៀនដែលរដ្ឋជាសមាជិកអាស៊ាន​មិនគួរត្រាប់តាម អាស៊ានត្រូវតែក្ដាប់ឱ្យបាននូវគោលដៅ អាស៊ានតែមួយ វាសនាតែមួយ។

យើងសង្ឃឹមថាការរីករាលដាលនៃកូវីដ-១៩នាពេលបច្ចុប្បន្ន នឹងជួយឱ្យប្រជាជាតិអាស៊ានដឹងអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបង្កឡើងដោយការបែកបាក់សាមគ្គី។ អាស៊ានត្រូវតែជ្រើសរើស ថាតើនឹងដើរតាមផ្លូវនៃការបែកបាក់គ្នាឬផ្លូវនៃសាមគ្គីភាព? យើងគិថា បើអាស៊ានជ្រើសការបែកបាក់ឬអាត្មានិយម នោះមិនត្រឹមតែអូសបន្លាយវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះ​ទេ ប៉ុន្តែ វាក៏អាចនឹងមានគ្រោះមហន្តរាយកាន់តែអាក្រក់ថែមទៀតនាពេលអនាគត ពោលគឺការឈានទៅមានអាស៊ានតែក្នុងក្រដាសនិងបបូរមាត់ប៉ុណ្ណោះ។ តែបើយើងជ្រើសរើសយកសាមគ្គីភាព នោះវានឹងក្លាយជាជោគជ័យមួយ ដែលមិនត្រឹមតែប្រឆាំងនឹងកូវីដ-១៩ទេ គឺប្រឆាំងនឹងរោគរាតត្បាតនិងវិបត្តិនាពេលអនាគតដែលអាចបង្កគ្រោះថ្នាក់នាពេលខាងមុខទៀតផងដែរ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



2020-04-28 15:54:31   ថ្ងៃអង្គារ, 28 មេសា 2020 ម៉ោង 10:54 PM
ពិភពលោកក្រោយ COVID-19 និងព្រំដែននៃ “America First” ប្រែសម្រួលដោយលោក ជា ធារិទ្ធ នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ជំងឺឆ្លង COVID-19 មានសភាពកាន់ធំឡើងៗ ពោលវាគឺជាការសាកល្បងប្រកបដោយភាពភ័យខ្លាចមួយចំពោះរដ្ឋាភិបាល និងទស្សនវិជ្ជាគ្រប់គ្រងនៅលើពិភពលោកទាំងមូល។ ទាំងប្រទេសប្រជាធិបតេយ្យ និងទាំងប្រទេសអត្តាធិបតេយ្យ ត្រូវបានគេមើលឃើញដូចគ្នាថា មិនបានត្រៀមខ្លួន មិនមានបរិក្ខាគ្រប់គ្រាន់ និងមានការឆ្លើយតបយ៉ាងយឺតយ៉ាវដូចគ្នា។ ដូចគ្នាដែរ សហរដ្ឋអាម៉េរិក ទោះជាមានអំណាច ទ្រព្យធន និងអំណាចខាងបច្ចេកវិទ្យាយ៉ាងណាក៏ដោយ ក៏បានបង្ហាញថា ងាយរងគ្រោះដូចប្រទេសដទៃដែរ។

ស្របពេលដែលអាម៉េរិកកំពុងតែតស៊ូយ៉ាងស្វិតស្វាញប្រឆាំងទល់នឹងមេរោគកូរ៉ូណា ប្រទេសចិនកំពុងតែព្យាយាមសរសេរឡើងវិញនូវប្រវត្តិនៃការផ្ទុះឡើងដំបូងនៃជំងឺនេះនៅក្នុងទីក្រុងអូហាន ហើយខិតខំផ្សព្វផ្សាយពីរឿងរ៉ាវវិជ្ជមានចំពោះ «ការទទួលខុសត្រូវ» និង«ការប្ដេជ្ញា» របស់ខ្លួនចំពោះការដោះសា្រយជាមួយជំងឺឆ្លងនេះ។ ខ្លឹមសារបានបញ្ជាក់យ៉ាងច្បាស់ ពោលគឺអ្នកអាចនឹងមិនចូលចិត្តសហរដ្ឋអាម៉េរិក ប៉ុន្តែ យើងកំពុងតែទទួលជោគជ័យនៅកន្លែងដែលអ្នកដទៃបរាជ័យ។ អ្នកវិភាគខ្លះមានការព្រួយបារម្ភថា ក្រុងប៉េកាំងកំពុងទទួលបានឥទ្ធិពលពីការនិទាននេះ ហើយក៏បារម្ភដែរថា ប្រទេសចិននឹងងើបចេញពីជំងឺរាតត្បាតជាមួយនិងឥទ្ធិពលជាសកលរបស់ខ្លួន ខណៈដែលអាម៉េរិកនឹងអន់ថយចុះ។

ទោះបីជាយ៉ាងណា ក៏ជំហរដែលទាក់ទងរវាងចិននិងអាម៉េរិកនៅក្នុងពិភពក្រោយមេរោគរាតត្បាត នឹងត្រូវបានកំណត់តិចតួចដោយអ្វីដែលចិនបានធ្វើ ហើយនឹងកំណត់ភាគច្រើនដោយការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីងតោន។ យុទ្ធសាស្រ្តដែលបានប្រើដោយជោគជ័យរបស់បក្សកុម្មុយនិស្តនៅខាងក្នុងប្រទេសចិន មិនមានប្រសិទ្ធភាពនៅបរទេសនោះទេ។

ទ្រឹស្តីនៃការឃុបឃិតអំពីប្រភពនៃមេរោគ និងការគណនាលើការប្រើប្រាស់ជំនួយវេជ្ជសាស្រ្តសម្រាប់គោលបំណងខាងនយោបាយដោយប្រទេសចិន អាចនឹងធ្វើឱ្យចិនឯកោ នឹងធ្វើឱ្យដៃគូកាន់តែច្រើនខឹងសម្បារ នៅពេលដែលទ្រឹស្ដីនេះកំពុងធ្វើឱ្យចិនឈ្នះលើមិត្តភក្កិរបស់ខ្លួន។ ប្រធានាធិបតីរបស់ប្រទេសស៊ាកប៊ីប្រហែលជាសប្បាយចិត្ត ប៉ុន្តែ បេះដូងប្រជាធិបតេយ្យរបស់អឺរ៉ុបខាងលិចមិនអាចទិញត្រលប់មកវិញបានទេ។ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel គឺជាករណីមួយក្នុងការទាញត្រឡប់មកវិញនេះតាមរយៈការស្វាគមន៍ជំនួយរបស់ចិនដែលផ្ដល់មកឱ្យអឺរ៉ុប ដែលជា «បដិការ» សមស្របមួយសម្រាប់ការគាំទ្រគ្រាដំបូងរបស់ចិនចំពោះសហភាពអឺរ៉ុប។

«ការទូតម៉ាស» របស់ចិន អាចទទួលបាននូវការអូសទាញបន្ថែមនៅក្នុងផ្នែកផ្សេងៗនៃអាស៊ី ជាពិសេសប្រទេសដែលងាយនឹងរងឥទ្ធិពលរបស់ខ្លួន។ ជាឧទាហរណ៍ ប្រទេសចិនកំពុងតែផ្ដត់ផ្គង់ជំនួយវេជ្ជសាស្រ្តចាំបាច់ដល់អាស៊ីអាគ្នេយ៍។ ហានិភ័យធំបំផុតចំពោះជំហរជាសកលរបស់សហរដ្ឋអាម៉េរិក នឹងកើតមានឡើង ប្រសិនបើជំងឺរាតត្បាតនាំទៅរកការថយចុះទ្វេដងលើវិធីសាស្រ្តបំផ្លាញខ្លួនឯង និងវិធីតុល្យភាពសូន្យ ដែលជាញឹកញញតែងតែកំណត់ក្នុងគោលនយោបាយការបរទេសរបស់ខ្លួនគឺ “America First”។

អវត្តមាននៃភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាម៉េរិកក្នុងការឆ្លើយតបទៅនិងរោគរាតត្បាត និងការចាប់យកជាស្វ័យប្រវត្តិនូវផលប្រយោជន៍ជាឯកតោភាគី សូម្បីតែក្នុងពេលមានវិបត្តិក៏ដោយ វាគ្រាន់តែបង្ហាញឱ្យឃើញថាតើ “America First” (អាម៉េរិកាំងទីមួយ) បានធ្វើឱ្យមានភាពមិនច្បាស់លាស់នូវទស្សនាទានអំពីផលប្រយោជន៍ជាតិរបស់អាម៉េរិក កម្រិតណា។ ភាពជាអ្នកដឹកនាំពិភពលោកដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក ក្នុងការទប់ទល់និងរោគរាតត្បាត បានពន្លឿនដល់ការអភិវឌ្ឍវ៉ាក់សាំង និងគាំទ្រដល់សេដ្ឋកិច្ចពិភពលោក ហើយប្រព័ន្ធហិរញ្ញវត្ថុនឹងផ្ដល់ជាផលប្រយោជន៍ដ៏រឹងមាំក្នុងផ្នែកសុខភាពសាធារណៈនិងសេដ្ឋកិច្ចរបស់ក្រុងវ៉ាស៊ីនតោន។ កិច្ចខិតខំប្រឹងប្រែងបែបនេះ ក៏ជាការប្រឆាំងជាវិជ្ជមានមួយចំពោះទីតាំងឈរជើងនៃភូមិសាស្រ្តនយោបាយរបស់ប្រទេសចិនផងដែរ។

ទាំងអ្នកជំនាញខាងរោគរាតត្បាត ទាំងក្រុមអ្នកវិទ្យាសាស្រ្ត និងទាំងធនាគារកណ្ដាល បានដឹងពីរឿងនេះ។ នេះមិនមែនជាសកលនិយមដែលមានភាពស្រពិចស្រពិលសម្រាប់ជាប្រយោជន៍ដល់រឿងនេះនោះទេ ប៉ុន្តែ វាជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលយើងអាចមើលឃើញច្បាស់និងភ្នែក ចំពោះការជំរុញនិងការការពារផលប្រយោជន៍ជាតិអាម៉េរិកដ៏សំខាន់មួយ។

ព្រំដែននៃ “America First”

ខណៈដែលមានរោគរាតត្បាត “America First” ត្រូវបានគេលាតត្រដាងថា ហាក់ដូចជាមិនបានធ្វើអ្វីនោះទេ ពេលខ្លះ ព្រំដែននៃជំហរនេះបានក្លាយជាភស្តុតាងបង្ហាញឱ្យឃើញពីក្របខណ្ឌទ្រទ្រង់ឥទ្ធិពលជាសកលរបស់សហរដ្ឋអាម៉េរិកនៅក្នុងយុគសម័យ ដែលមានការប្រកួតប្រជែង និងការប្រឈមកាន់តែខ្លាំងឡើងៗ។ ភាពមិនអាចទស្សន៍ទាយបាន និងគោលនយោបាយការបរទេសឯកតោភាគីនិយម បានធ្វើឱ្យអំណាចរបស់អាម៉េរិកចុះខ្សោយ ហើយសូម្បីតែសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍តាមរយៈអំណាចនៃគំនិតនិងគំរូ ក៏ចុះខ្សោយដូចគ្នា។

គូប្រកួតប្រជែង ត្រូវបានលើកទឹកចិត្តឱ្យធ្វើសកម្មភាពតាមរបៀបស្រដៀងគ្នានេះ។ វិធីសាស្រ្តនេះមិនមែនជាផលប្រយោជន៍យូរអង្វែងរបស់សហរដ្ឋអាម៉េរិកនោះទេ ខណៈដែលឋានៈជាមហាអំណាចពិភពលោករបស់ខ្លួនកំពុងធ្លាក់ចុះ។

តាមរយៈការដកខ្លួនចេញពីកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស សហរដ្ឋអាម៉េរិកបានថមថយឥទ្ធិពលក្នុងការជំរុញឱ្យចិននិងឥណ្ឌាធ្វើសកម្មភាពកាន់តែខ្លាំងបន្ថែមទៀតលើបម្រែបម្រួលអាកាសធាតុ ដែលពួកគេត្រូវតែធ្វើប្រសិនបើគោលដៅកាត់បន្ថយការបំភាយឧស្ម័ននៅលើពិភពលោកត្រូវបានឆ្លើយតប។

រដ្ឋាភិបាលរបស់លោក Trump បានបង្កើនការប្រកួតប្រជែងជាមួយប្រទេសចិន ដែលការបង្កើននេះគឺជាស្នូលនៃយុទ្ធសាស្រ្តសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។ នេះជាការកែតម្រូវយឺតពេលក្នុងការឆ្លើយតបទៅនិងប្រទេសចិនដែលកំពុងប្រើមនោគមវិជ្ជាអាជ្ញាព្រឹទ្ធនិងដាច់ខាត។

ទន្ទឹមនឹងនោះ និទានកថាស្តីពី “America First” មិនផ្តល់តម្លៃលើសម្ព័ន្ធមិត្ត និងគោលនយោបាយពាណិជ្ជកម្មបែបបង្ខិតបង្ខំ បានធ្វើឱ្យចុះខ្សោយគោលដៅយុទ្ធសាស្រ្តរបស់អាម៉េរិក កំពុងតែធ្វើឱ្យមិត្តភក្តិបែកបាក់គ្នា និងផ្តល់ជាការសង្ស័យអំពីភាពរឹងមាំនៃការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ជាញឹកញាប់ មានការលើកឡើងនូវទឡ្ហីករណ៍មួយថា វិធីសាស្រ្ត “America First” ចំពោះពិភពលោក គឺជាវិបាកដែលមិនអាចចៀសរួចចំពោះភាពធុញទ្រាន់របស់សាធារណជនអាម៉េរិកជាមួយនិងសង្រ្គាមនៅបរទេសដែលមានការចំណាយដ៏សន្ធឹកសន្ធាប់ និងការបាត់បង់ការងារ បូករួមទាំង «ការធ្វើឱ្យមានភាពដូចគ្នា»ខាងផ្នែកវប្បធម៌ ដែលផ្សារភ្ជាប់ជាមួយនិងសកលភាវូបនីយកម្ម។

វាមានសច្ចៈភាពខ្លះចំពោះរឿងនេះ។ ប្រជាជនអាម៉េរិកច្បាស់ជាចង់ឱ្យរដ្ឋាភិបាលរបស់ពួកគេផ្តោតទៅលើបញ្ហាក្នុងស្រុក។ ប្រជាជនអាម៉េរិកភាគច្រើនលែងចង់ចំណាយលើការរក្សាសណ្ដាប់ធ្នាប់ពិភពលោក ដែលវាឆ្លុះបញ្ចាំងពីគុណតម្លៃ ព្រមទាំងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់អាម៉េរិកទៀតហើយ។ ភារកិច្ចចំពោះមុខនាពេលបច្ចុប្បន្ននេះ គឺវាពិតជាមានភាពលំបាក ហើយចំណាយច្រើនហួសហេតុ។ «ទ្រឹស្ដីតថភាពនិយមប្រកបដោយគោលការណ៍» ដូចដែលរដ្ឋបាលអាម៉េរិកចាត់ទុកជាគោលនយោបាយការបរទេសរបស់ខ្លួន អាចជាការឆ្លើយតបសមហេតុផលចំពោះតថភាពថ្មីៗទាំងនេះ ប្រសិនបើវាមិនមានលក្ខណៈផ្ទុយគ្នានោះទេ ហើយប្រសិនបការយល់ដឹងពីផលប្រយោជន៍ជាតិអាម៉េរិកមិនមានលក្ខណៈតូចចង្អៀត នឹងមានរយៈពេលខ្លីនោះទេ។

ពិភពលោកក្រោយជំងឺកូវីដ-១៩

មានជម្រើសមួយចំនួនដែលយើងនឹងចាប់យកចំណែកមួយនៃពិភពលោកក្រោយការរាតត្បាតជំងឺកូវីដក្នុងរយៈពេលវែងមួយ ប៉ុន្តែ វានៅតែអាចប្រព្រឹត្តទៅបានទាំងស្រុងសម្រាប់គោលនយោបាយការបរទេសសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកមាគ៌ាប្រកបដោយផលិតភាពមួយរវាងជាតិនិយមបែបចង្អៀតចង្អល់ និងការប្រិតកម្មតបដែលមានការចំណាយច្រើនពេក។ គ្មានអ្វីនៅក្នុងវិធីសាស្រ្តបែបនេះនឹងមិនត្រូវគ្នាជាមួយអធិបតេយ្យភាពរបស់រដ្ឋរឹងមាំ ហើយភាពរឹងមាំនេះ នាំឱ្យមានតថភាពនិយមនិងផលប្រយោជន៍ផ្ទាល់ខ្លួន។

កត្តានេះអាចក្លាយទៅជាពិភពលោកមួយបែកខ្ញែកគ្នាដោយប្រកាន់ចរន្តជាតិនិយមកាន់តែខ្លាំងឡើងៗ, ជញ្ជាំងព្រំដែនកាន់តែខ្ពស់, វិសាលភាពនៃឥទ្ធិពល និងវិធីសាស្រ្តតុល្យភាពសូន្យ និងជាពិភពលោកមួយដែលទំនាក់ទំនងសហរដ្ឋអាម៉េរិក-និងចិនប្រកបដោយអរិភាព។ ប្រទេសតូចៗជាច្រើននឹងមិនមានសុវត្ថិភាពនិងវិបុលភាពនោះទេនៅក្នុងពិភពលោកបែបនេះ។ លើសពីនេះទៀត អ្វីដែលអាម៉េរិកកំពុងធ្វើនិងរបៀបដែលអាម៉េរិកកំពុងពាក់ព័ន្ធជាសកលនៅត្រង់ចំណុចនេះនឹងកំណត់ថាតើ ពិភពលោកនឹងទទួលបានមរតកបែបណាក្រោយការរាតត្បាតជំងឺឆ្លងនេះ។ ហេតុនេះ អ្វីដែលយើងត្រូវការ គឺលើសពី “America First”៕

2020-04-28 11:14:37   ថ្ងៃអង្គារ, 28 មេសា 2020 ម៉ោង 06:14 PM
«សាកលវិទ្យាល័យជីវជាំងឧបត្ថម្ភម៉ាសចំនួន១ម៉ឺនម៉ាសជូនរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ តំណាងសាកលវិទ្យាល័យជីវជាំង ខេត្តជាំងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនបាននាំម៉ាសចំនួន ១០០០០ (មួយម៉ឺន) ឧបត្ថម្ភជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការពាររីករាលដាលជំងឺកូវីដ ១៩ ជាសកល។

ពិធីប្រគល់ និងទទួលម៉ាសពីសាកលវិទ្យាល័យជីវជាំងទាំង១ម៉ឺនម៉ាសបានប្រព្រឹត្តទៅនៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងនាយកវិទ្យាស្ថានខុងជឺភាគីចិន តំណាងសាកលវិទ្យាល័យជីវជាំង។ នៅក្នុងពិធីប្រគល់ម៉ាសនេះ នាយកវិទ្យាស្ថានខុងជឺភាគីចិន ជាតំណាងសាកលវិទ្យាល័យជីវជាំងបានលើកឡើងថា៖«បងប្អូនល្អ រួមគ្នាប្រឆាំងកូវីដ ១៩»។

គួរជម្រាបជូនថា ជំងឺកូវីដ ១៩ គឺជាវីរុសថ្មីនៃអម្បូរវីរុសកូរ៉ូណា។ ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ virus (វីរុស) និង “D” តំណាងឱ្យពាក្យ disease (ជំងឺ)។ COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។

ដើម្បីបង្ការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ យើងត្រូវអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល

- ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត។

- ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ

- ទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។

គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៧ ខែមេសានេះ អ្នកជំងឺកូវីដ-១៩នៅកម្ពុជា ១១៩នាក់ហើយ បានជាសះស្បើយ ខណៈអ្នកជំងឺនៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កម្ពុជាបានធ្វើតេស្តលើសំណាក ១១,៥៧៦ តេស្ត ចាប់តាំងពីមានការឆ្លងកូវីដ-១៩ នៅក្នុងប្រទេស៕

RAC Media | រឿន ភារុន


2020-04-27 10:09:36   ថ្ងៃចន្ទ, 27 មេសា 2020 ម៉ោង 05:09 PM
សីលធម៌ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ (Covid-19) ដោយ៖ បណ្ឌិត ជា វណ្ណី វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម


2020-04-25 07:06:41   ថ្ងៃសៅរ៍, 25 មេសា 2020 ម៉ោង 02:06 PM
«ដំណើរការស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំ ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណជាក់លាក់បដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ទ្រង់គ្រឿងសោយរាជ្យ ទ្រង់សវនាការមន្ត្រី ទ្រង់សមាធិ ទ្រង់ចេញច្បាំង និងទម្រង់ផ្សេងទៀតរបស់ព្រះអង្គ ដើម្បីជ្រើសរើសប្រើប្រាស់ទូទាំងប្រទេស និងសាងសង់បដិមារបស់ព្រះអង្គដាក់តាំងតម្កល់បង្ហាញនៅក្នុងអគារខេមរៈវិទូដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីគំរូវីរៈភាពក្សត្រសាងសង់អាណាចក្រខ្មែរដ៏រុងរឿងពីអតីតកាល។

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី ៧ ដើម្បីរៀបចំការងារដល់សមាជិកនីមួយៗសិក្សាឯកសារដែលមានស្រាប់ Secondary Data ដែលទាក់ទងនឹងព្រះបាទជ័យវរ្ម័នទី ៧ និងរៀបចំផែនការចុះសិក្សាស្រាវជ្រាវ បន្ទាប់ពីស្ថានការណ៍ប្រសើរឡើងវិញ។

កិច្ចប្រជុំដែលបានដំណើរការប្រព្រឹត្តទៅក្នុងសាលក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមេសានេះ មានគោលបំណង ដើម្បីរៀបចំផែនការសកម្មភាពចុះសិក្សាស្រាវជ្រាវតាមប្រាសាទបុរាណពាក់ព័ន្ធនានា ដូចជាប្រាសាទបាយ័ន្ត និងប្រាសាទបន្ទាយឆ្មារជាដើម។ កិច្ចប្រជុំក៏បានអនុម័តដែរថា បន្ទាប់ពីក្រុមស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី ៧ រួច រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាមួយបង្ហាញអំពីលទ្ធផលស្រាវជ្រាវ និងផ្តល់ឱកាសដល់អ្នកជំនាញផ្នែកបដិមាសាស្រ្ត ប្រវត្តិសិល្បៈ បុរាណវត្ថុវិទ្យា និងអ្នកប្រវត្តិសាស្រ្តតាមក្រសួង ស្ថាប័នជំនាញពាក់ពន្ធនានា ជជែកពិភាក្សាពិគ្រោះយោបល់ ដើម្បីកំណត់អត្តសញ្ញាណបដិមាព្រះអង្គឱ្យបានជាក់លាក់។

គួរជម្រាបជូនថា កន្លងមកនេះ រាជបណ្ឌិត្យសភាកម្ពុជាបានកំណត់អត្តសញ្ញាណ និងសាងសង់បដិមារបស់ព្រះនាងឥន្ទ្រទេវីដែលអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ដាក់តម្កល់នៅជាប់ «អគារឥន្ទ្រទេវី» ផងដែរ ដើម្បីបង្ហាញពីវរៈនារីខ្មែរ សម័យអង្គរដល់កូនខ្មែរជំនាន់ក្រោយចងចាំ និងទុកជាគំរូវីរភាព៕

RAC Media | រឿន ភារុន



2020-04-23 12:32:45   ថ្ងៃព្រហស្បតិ៍, 23 មេសា 2020 ម៉ោង 07:32 PM
ការប៉ះពាល់ផ្នែកសេដ្ឋកិច្ចអាម៉េរិកដោយកូវីដ-១៩ ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ មជ្ឈមណ្ឌលសិក្សាចិន


2020-04-21 09:37:37   ថ្ងៃអង្គារ, 21 មេសា 2020 ម៉ោង 04:37 PM
ភាពណរម៉ាល់នៃបំណែងចែកទិន្នន័យ Normality of a Distribution ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវគណិតវិទ្យានិងស្ថិតិនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

ប្រភព៖ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា


2020-04-20 14:32:22   ថ្ងៃចន្ទ, 20 មេសា 2020 ម៉ោង 09:32 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក