ព័ត៌មាន

«សង្គមខ្មែរបច្ចុប្បន្នបានផ្តល់អាទិភាពចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត»

(លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ)

ឯកឧត្តមបណ្ឌិត យង់ ពៅ ក្នុងឱកាសប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ព្រឹកមិញនេះ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាតែងតែគាំទ្រសមាសភាពស្ត្រីដែលមានសមត្ថភាព សីលធម៌នៅក្នុងតំណែងគ្រប់គ្រងដឹកនាំ។

ជាមួយនេះដែរ លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ និងជាប្រធានគណៈកម្មការការពារផលប្រយោជន៍ស្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នេះ រាជបណ្ឌិត្យសភាកម្ពុជាមានមន្ដ្រីនិងបុគ្គលិកនារី ចំនួន៦១នាក់ ដែលមានសមាមាត្រប្រហាក់ប្រហែលនឹង២៣,៧៣% នៃមន្ដ្រីរាជការសរុបរបស់រាជបណ្ឌិត្យសភាកម្ពុជា។

លោកស្រី កែវ ខេមរ៉ា បានមានប្រសាសន៍ថា នារីនៅរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូប មានសមត្ថភាព សកម្មការងារ និងបានដើរតួនាទីយ៉ាងសំខាន់រួមចំណែកក្នុងសកម្មភាពដឹកនាំមួយចំនួននៅផងដែរ ដែលក្នុងនោះស្ត្រីជាច្រើនរូបកំពុងបំពេញតួនាទីក្នុងជួរអ្នកដឹកនាំ និងបំពេញតួនាទីភារកិច្ចគ្រប់គ្រងអង្គភាពចំណុះមួយចំនួននៃរាជបណ្ឌិត្យសភាកម្ពុជា។ កន្លងមក លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ក៏ធ្លាប់មានតួនាទីជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅអណត្តិទី២ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ផងដែរ។ ដូច្នេះ នារី មានសមត្ថភាពបំពេញភារកិច្ច និង ធ្វើកិច្ចការស្មើមុខស្មើមាត់ជាមួយបុស ឱ្យស័ក្ដិសមនឹងបរិបទនៃការលើកកម្ពស់សមភាពយេនឌ័រ របស់ព្រះរាជាណាចក្រកម្ពុជា៕

RAC Media | រឿន ភារុន

2020-03-06 06:31:15   ថ្ងៃសុក្រ, 06 មីនា 2020 ម៉ោង 01:31 PM
«ពាក្យថា ស្ត្រីបង្វិលជើងក្រានមិនជុំ មិនគួរកើតមានក្នុងសង្គមខ្មែរនាសម័យទំនើបនេះទេ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ការលើកឡើងជាទស្សនៈ ជាគំនិត ជាពាក្យស្លោក ជាសុភាសិតថា «ស្ត្រីបង្វិលជើងក្រានមិនជុំ» គប្បីត្រូវលុបបំបាត់ចេញពីសង្គមខ្មែរនាពេលបច្ចុប្បន្នហើយ ពីព្រោះបច្ចុប្បន្ននេះ ស្ត្រីមានសមត្ថភាពសិទ្ធិ សេរីភាពពេញលេញដូចបុរសដែរ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ នៅវិទ្យស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលឆ្នាំ២០២០នេះ ផ្តោតលើប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅក្នុងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថ្លែងថា បច្ចុប្បន្នភាព យើងមិនគួរលើកយកទស្សនៈ«ស្ត្រីបង្វិលជើងក្រានមិនជុំ» មកនិយាយដែលនាំឱ្យកើតមានគំនិតរើសអើងភេទ និងការបង្កហិង្សាផ្នែកគំនិត ការទាមទារសិទ្ធិ សេរីភាពរវាងបុរស និងស្ត្រីទៀតនោះទេ។

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍បញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ន ស្ត្រីអាចសម្រេចកិច្ចការធំបាន ស្ត្រីអាចទទួលបានការសិក្សានៅគ្រប់កម្រិត ស្ត្រីមានសមត្ថភាព ស្ត្រីអាចយល់កាលៈទេសៈ ស្ត្រីរឹងមាំ ដើម្បីប្រឡូកចូលការងារនៅគ្រប់កម្រិតក្នុងសង្គម ដូចនេះទស្សនៈ«ស្ត្រីបង្វិល ជើងក្រានមិនជុំ» មិនកើតមាននៅក្នុងសង្គមខ្មែរបច្ចុប្បន្នទេ។

RAC Media | រឿន ភារុន


2020-03-06 06:27:42   ថ្ងៃសុក្រ, 06 មីនា 2020 ម៉ោង 01:27 PM
លោកបណ្ឌិត ផុន កសិកា ប្រធានសី្តទី និង ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ចុះសិក្សាស្វែងយល់ពីបច្ចេកទេសដំាបន្លែសរីរាង្គរបស់ក្រុមហ៊ុនអាគ្រីសម្បតិ្តខ្មែរ

​នៅព្រឹកថ្ងៃព្រហស្បតិ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា​ ឆ្នាំ២០២០ លោកបណ្ឌិត​ ផុន​ កសិកា​ ប្រធា​នស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រ​សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសមាជិកសិក្សាស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ (Cambodia’s Vegetable: Production, Supply Chains, Challenge and Practical Resolutions) » ដែលមាន លោក ឈឿន សាវន លោក យិន ពោ​ និង លោក សាន ចេង ចុះសិក្សាស្វែងយល់ពីបច្ចេកទេស​​ដាំបន្លែសរីរាង្គដោយប្រើសំណង់គ្របទំនើប (Green house) ស្វែងយល់ពីកសិកម្មស្មាត ទីផ្សារ ដើមទុន កម្លាំងពលកម្មដែលកំពុងរៀបចំដោយក្រុមហ៊ុនអាគ្រីសម្បត្តិខ្មែរ មានទីតាំងស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ សំណង់គ្រប (Green House) នេះ មានទំហំ ៨០ម. X ៧៦ម. ព្រមទាំងសំណង់គ្របមួយទៀត សម្រាប់បណ្ដុះកូនបន្លែត្រូវបានបំពាក់សម្រាប់ដាំបន្លែសរីរាង្គ (បន្លែសុវត្ថិភាព)។

​សូមជម្រាបថា ដោយមានការណែនាំចង្អុលបង្ហាញនិងជួយសម្របសម្រួលពីឯកឧត្តម ម៉េត​ មករា​ នាយរងខុទ្ទកាល័យ​ បញ្ជាការដ្ឋាន​អង្គរក្ស​ និងជាប្រធានក្រុមសិក្សាស្រាវជ្រាវអភិវឌ្ឍន៍បន្លែកសិកម្មធម្មជាតិ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ទើបលោកបណ្ឌិតប្រធានស្ដីទី សុំការអនុញ្ញាតចុះមកសិក្សាស្រាវ​ជ្រាវ​ផ្ទាល់ដល់ទីតាំង និងបានជួបពិភាក្សាជាមួយលោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនអាគ្រីសម្បតិ្តខ្មែរ និងអ្នកបច្ចេកទេសកសិកម្មជនជាតិឥណ្ឌា ព្រមទាំងអ្នកជំនាញខ្មែរចំនួន៤រូបទៀតដែលទើបបញ្ចប់ការសិក្សាជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានេះដែរ លោកបណ្ឌិតប្រធានស្តីទីបានបង្ហាញពីគម្រោងស្រាវជ្រាវរបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ស្ដីពីបន្លែកម្ពុជា៖ ផលិត​កម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» ដែលរៀបចំឡើងក្នុងគោលបំណងវិភាគទីផ្សារបន្លែនៅក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្ត្រ ការផ្គត់ផ្គង់បន្លែក្នុងស្រុក ដើម្បីទប់ស្កាត់លំហូរចូលបន្លែមកពីបណ្តាប្រទេសជិតខាងដូចជា វៀតណាម ថៃ កូរ៉េ ដើម្បីធ្វើម៉េចជួយជម្រុញការដំាបន្លែរបស់ប្រជាកសិកខ្មែរ ក៏ដូចជាអនុសាស្ត្រសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តជូនរដ្ឋាភិបាលផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាគ្រីសម្បតិ្តខ្មែរ គឺជាក្រុមហ៊ុនដែលបង្កើតកសិកម្មស្មាតលើកដំបូងក្នុងការដាំបន្លែសរីរាង្គ នៅកម្ពុជា ដោយសហការជាអ្នកជំនាញបច្ចេកទេសមកពីបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌា ប្រទេសចិន ប្រទេសសឹង្ហបូរី និងនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាជំនាញដាំបន្លែសរីរាង្គមកពីប្រទេសអ៊ីស្រាអ៊ែលជាដើម។ល។

បើតាមប្រសាន៍របស់លោក លោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន អាគ្រីសម្បតិ្តខ្មែរ បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងសាងសង់រោងបន្លែកសិកម្មស្មាត(Green House) នេះលើផ្ទៃដីទំហំ៨៣២០ម៉ែតក្រឡា និងរោងសម្រាប់បណ្តុះបន្លែសរីរាង្គ (បន្លែសុវត្ថិភាព)ទៅតាមបច្ចេកទេស និងបទពិសោធន៍ពីបណ្តាប្រទេសដែលបានជោគជ័យកន្លងមក។

​ជាចុងក្រោយ លោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុន អាគ្រីសម្បត្តិខ្មែរ សូមស្វាគមន៍ និងរីករាយធ្វើកិច្ចសហប្រតិ្តការជាមួយក្រុមស្រាវជាវទៅតាមស្ថានភាពជាក់ស្តែងនៃការងារ។

​ឆ្លៀតពេលជាមួយគ្នានេះដែរ ក្រុមការងារក៏បានធ្វើការសិក្សាអង្កេតពីការដាំបន្លែរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកោះធំ ពិសេសនៅឃុំកោះខែល ដែលប្រជាពលរដ្ឋចូលចិត្តដាំស្ពៃក្ដោប ស្បៃក្រញាញ់ ខាត់ណា ខាត់ណាផ្កា ត្រសក់ ម្រេះ និងសាលាដ ម្ទេស ជាដើម។



2020-03-06 05:51:23   ថ្ងៃសុក្រ, 06 មីនា 2020 ម៉ោង 12:51 PM
«ស្ថានភាពសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាម៉េរិក» ដោយបណ្ឌិត ឈឹម ផាន់ណា នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ផលប៉ះពាល់ដែលមិនអាចប៉ាន់ប្រមាណបាន ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ពោលគឺសហរដ្ឋអាម៉េរិកនិងចិន ទៅលើសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ខ្លួន បានបង្ខំឱ្យមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ បានខិតជិតគ្នាបន្តិចវិញបន្ទាប់ពីសង្ក្រៀតធ្មេញដាក់គ្នាមួយរយៈតាមរយៈការដំឡើងពន្ធលើមុខទំនិញទៅវិញទៅមកតែរៀងៗខ្លួន។ ការខិតជិតគ្នានេះ បាននាំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការនៅសេតវិមាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្រ្តីចិន លីវ ហឹ។ បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ នេះ តើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាម៉េរិកមានស្ថានភាពយ៉ាងណា?

ទោះជាមិនទាំងស្រុង យ៉ាងហោចណាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ បានបន្ថយភាពតានតឹងខ្លះៗនៅក្នុងជម្លោះពាណិជ្ជកម្មមួយដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោក ប៉ះពាល់ឧស្សាហករសហរដ្ឋអាម៉េរិក និងដាក់សម្ពាធលើសេដ្ឋកិច្ចចិន។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ យល់ថា ការបន្ធូរបន្ថយភាពតានតឹងខាងពាណិជ្ជកម្មមានសារសំខាន់ណាស់ ដោយលោកបាននិយាយថា «ការណ៍ដែលទុកឱ្យមហាអំណាចទាំងពីរនេះសុខស្រួលជាមួយគ្នា វាមានសារសំខាន់ចំពោះពិភពលោកកំពុងសម្លឹងមើលពិធីនេះនៅថ្ងៃនេះ»។ កិច្ចព្រមព្រៀងនេះ មានបំណងសម្រាលទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកមកលើប្រទេសចិន ខណៈពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនការទិញកសិផលសហរដ្ឋអាម៉េរិកនិងទំនិញផ្សេងៗទៀត។

យោងតាមសារព័ត៌មានស៊ីអិនអិន (CNN News) ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ទាមទារឱ្យមានការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិនក្នុងវិស័យកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា កសិកម្ម សេវាកម្ម​ហិរញ្ញវត្ថុ និងរូបិយប័ណ្ណនិងអត្រាប្តូរប្រាក់បរទេស។ វាជាការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការទិញទំនិញ និងសេវាកម្មរបស់សហរដ្ឋអាម៉េរិកចំនួន២០០ពាន់លានដុល្លារសហរដ្ឋអាម៉េរិកបន្ថែមទៀត និងអំពាវនាវឱ្យប្រទេសចិនទិញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកចំនួន៣២ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ទោះយ៉ាងណាក៏ដោយ ក៏អ្នកទិញជនជាតិចិនបានបន្តការទិញសណ្តែកសៀងសហរដ្ឋអាម៉េរិកមួយចំនួន បន្ទាប់ពីមានពីមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ទីក្រុងប៉េកាំងបានចេញប្រកាសបន្ថែមលើការលើកលែងពន្ធសម្រាប់ការដឹកជញ្ជូនទំនិញអាម៉េរិកមួយចំនួន ដើម្បីបង្ហាញកាយវិការសុច្ឆន្ទៈដល់ទីក្រុងវ៉ាស៊ីនតោន។

ពាក់ព័ន្ធនឹងរឿងពន្ធរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក ប្រទសចិនបានកាត់បន្ថយពន្ធលើទំនិញមួយចំនួនរបស់សហរដ្ឋអាម៉េរិកពី១០% ទៅ ៥% និងពី ៥% ទៅ ២,៥% លើទំនិញដទៃទៀត។ ការផ្លាស់ប្តូរនេះបានចូលជាធរមានចាប់ពីម៉ោង ១:០១ នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក។ តាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ​២០២០ ប្រទេសចិនបានប្រកាសថា ខ្លួននឹងកាត់បន្ថយពន្ធពាក់កណ្តាលទៅលើទំនិញរាប់រយមុខរបស់សហរដ្ឋអាម៉េរិក ដែលមាន​តម្លៃប្រហែល ៧៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ជាជំហានមួយដែលបង្ហាញពីចេតនារបស់ខ្លួនក្នុងការបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បើទោះបីជាមានវិបត្ដិមេរោគកូរ៉ូណាវីរុស២០១៩ (Covid-19) ឆ្លងរីករាលដាលយ៉ាងច្រើននៅក្នុង​ប្រទេសរបស់ខ្លួនក៏ដោយ។ សង្គ្រាមពាណិជ្ជកម្មនេះអាចនឹងបញ្ចប់ឆាប់ៗ ប្រសិនបើប្រទេសចិនអនុវត្តតាមកិច្ចព្រមព្រៀងខាង​លើ។

ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ សហរដ្ឋអាម៉េរិកបានកាត់បន្ថយអត្រាពន្ធ ១៥ ភាគរយ ដែលបានដាក់លើការនាំចូលរបស់ចិនចំនួន១២០ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការ​ទិញ​ផលិតផលអាម៉េរិកបន្ថែមទៀត និងពង្រឹងការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន។ ប៉ុន្តែ ដំណើរវិវឌ្ឍន៍ចុងក្រោយ នៅចំពេលដែល​ប្រទេសចិនកំពុងប្រយុទ្ធជាមួយនឹងការផ្ទុះឡើងនៃជំងឺបង្កដោយវីរុស COVID-19 ថ្មី ដែលបានជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ច​នៅក្នុងប្រទេសចិននិងនៅក្នុងតំបន់ ដែលក្នុងនោះបានបង្កើតឱ្យមានភាពមិនប្រាកដប្រជាថា តើទីក្រុងប៉េកាំងនឹង​អាចទិញទំនិញនិងសេវាកម្មរបស់សហរដ្ឋអាម៉េរិកបន្ថែមទៀតដល់កម្រិតកំណត់ដែរឬទេ។

រួមសេចក្តីមក ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានធ្វើឱ្យប្រទេសទាំងពីរផ្តល់សម្បទានដល់គ្នាទៅវិញទៅមក រហូតដល់មានការចុះហត្ថលេខាជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ហើយប្រទេស​មហា​អំណាចទាំងពីរនេះបានព្យាយាមបន្ធូរបន្ថយពន្ធលើទំនិញនាំចេញចូលគ្នាទៅវិញទៅមក ប៉ុន្តែប្រទេសទាំងពីរកំពុងសម្លឹងមើលគ្នាថា តើប្រទេសនីមួយៗបានគោរពកិច្ចព្រមព្រៀងនោះបានកម្រិតណា។ ប្រទេសចិនបានប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ទោះបីជាមានវិបត្ដិនៃវីរុស COVID-19ឆ្នាំ២០១៩ ឆ្លងរាលដាល និងសម្លាប់ពលរដ្ឋរបស់ខ្លួនអស់រាប់ពាន់នាក់ក៏ដោយ។ ប៉ុន្តែ ដោយសារជំងឺឆ្លងរីករាលដាលនេះ បានធ្វើឱ្យប្រទេសចិនជួបវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស ដែលជាហេតុនាំឱ្យអ្នកជំនាញសេដ្ឋកិច្ច និងរដ្ឋបាលសហរដ្ឋអាម៉េរិកបានចោទសួរថា តើប្រទេសចិនអាចមានលទ្ធភាពទិញទំនិញនិងសេវាកម្មរាប់​ពាន់លានដុល្លារដូចដែលបានកម្រិតដែរឬទេ។ នេះជាអាចបញ្ហាស្មុគស្មាញថ្មីមួយទៀតដែលរំខាន់ដល់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់ទី១រវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ៕ 


2020-03-05 04:45:48   ថ្ងៃព្រហស្បតិ៍, 05 មីនា 2020 ម៉ោង 11:45 AM
កិច្ចប្រជុំបូសរុបការងារខែកុម្ភៈនិងទិសដៅការងារខែមីនា ឆ្នាំ២០២០ របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំវិទ្យាស្ថាន ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២០ របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា។

នៅក្នុងខែកុម្ភៈកន្លងទៅ វិទ្យាស្ថានបានតាមដាន, ប្រមូល, និងចងក្រងអត្ថបទព័ត៌មានដែលទាក់ទងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចអន្តរជាតិ និងបញ្ហាតំបន់សំខាន់ៗ បានចំនួន១៤៨ អត្ថបទ ក្នុងនោះ៖

១- នាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ មានចំនួន៤៤អត្ថបទ

២- នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ មានចំនួន៣៥អត្ថបទ

៣- នាយកដ្ឋានសិក្សាអាស៊ី អាហ្រ្វ៊ិក និងមជ្ឈិមបូព៌ា មានចំនួន១៩អត្ថបទ

៤- នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី មានចំនួន៣៧អត្ថបទ

៥- នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី មានចំនួន២៧អត្ថបទ។

ទន្ទឹមនឹងនេះដែរ វិទ្យាស្ថានក៏បានសរសេរអត្ថបទវិភាគខ្លីៗពាក់ព័ន្ធនឹងបញ្ហាថ្មីៗដែលកំពុងកើតមានឡើងនៅលើពិភពលោក ដោយបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងគេហទំព័រនិងភេជហ្វេសប៊ុកផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជា និងគេហទំព័រនិងភេជហ្វេសបុករបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានចំនួន១១អត្ថបទ ផងដែរ រួមមាន៖

១- តើមានអ្វីកើតឡើងចំពោះអង់គ្លេសនិងសហភាពអឺរ៉ុបបន្ទាប់ពី BREXIT?

២- មេរោគកូរ៉ូណាថ្មីនិងការឆ្លើយតបរបស់ពិភពលោក

៣- ការសម្លឹងមើលរបស់ពិភពលោកទៅលើចិនក្រោយការផ្ទុះមេរោគ Covid-19

៤- ផលប៉ះពាល់នៃមេរោគកូរ៉ូណាមកលើវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ពិភពលោក

៥- ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាម៉េរិក

៦- ទំនាក់ទំនងរវាងរុស្ស៊ីនិងតួកគីក្នុងបរិបទវិបត្តិនៅស៊ីរី

៧- ផែនការសន្តិភាពមជ្ឈឹមបូព៌ា

៨- ទស្សនវិស័យរបស់អាស៊ានលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក

៩- កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម

១០- ស្ថានភាពនិងពាណិជ្ជកម្មប្រេងឆៅក្នុងទីផ្សារពិភពលោក

១១- បច្ចុប្បន្នភាពសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក។

ក្រៅពីការងារខាងលើ ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថានទំនាក់ទំនាក់អន្តរជាតិកម្ពុជា ក៏បានចូលរួមក្នុងការងារ និងកិច្ចប្រជុំនានាទាំងក្នុងនិងក្រៅរាជបណ្ឌិត្យសភាកម្ពុជា។

សម្រាប់ទិសដៅការងារខែមីនានេះ វិទ្យាស្ថាននឹងបន្តខិតខំប្រមូលនិង ចងក្រងឯកសារដែលពាក់ព័ន្ធតាមនាយកដ្ឋានជំនាញនីមួយៗឱ្យបានយ៉ាងតិចចំនួន២០០អត្ថបទ និងអត្ថបទវិភាគខ្លីៗឱ្យបានយ៉ាងតិចចំនួន១២ អត្ថបទដោយកំណត់​​ឱ្យមន្ត្រីម្នាក់ៗតាមដាន, ប្រមូល, និងចងក្រងឯកសារព័ត៌មានពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួនឱ្យបានយ៉ាង១៨អត្ថបទ និងអត្ថបទវិភាគខ្លីៗឱ្យបានយ៉ាងតិច២អត្ថបទ។ ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថាន បន្តចូលរួមក្នុងការងារនិងកិច្ចប្រជុំនានាទាំងក្នុងនិងក្រៅរាជបណ្ឌិត្យសភាកម្ពុជាតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាក៏ដូចជាការចាត់តាំងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថាន៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



2020-03-04 09:40:51   ថ្ងៃពុធ, 04 មីនា 2020 ម៉ោង 04:40 PM
លទ្ធផលគម្រោងសិក្សាស្រាវជ្រាវ ស្ដីពី ចម្លាក់អប្សរានៅប្រាសាទអង្គរវត្ត៖ សិល្បៈតែងលម្អសក់និងការរចនាសំពត់

RAC Media

ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ


2020-03-04 09:19:03   ថ្ងៃពុធ, 04 មីនា 2020 ម៉ោង 04:19 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម ដោយលោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជ​បណ្ឌិត្យ​សភាកម្ពុជា

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រ​ទេស​​​​ជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប ត្រូវបានបញ្ចប់ការចរចាតាំងពីខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ ហើយរហូតមកដល់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ទើបបានចុះហត្ថលេខាជាផ្លូវការនៅក្នុងក្រុងហាណូយ ហើយសភាអឺរ៉ុបបានបោះឆ្នោតអនុម័តកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាកិច្ចព្រមព្រៀងទីពីររបស់សហភាពអឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសសិង្ហបុរីត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ហើយសភាអ៊ឺរ៉ុបបានផ្តល់ការយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុបនិងប្រទេសវៀតណាម ធ្វើឡើងក្នុងគោលបំណងដើម្បី បង្កើននូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងរបស់បណ្តាប្រទេសសហភាពអឺរ៉ុប និងប្រទេសវៀតណាម ដោយការកាត់បន្ថយពន្ធគយនាំចូលរហូត៩៩% រវាងសហភាពអឺរ៉ុបនិងប្រទេសវៀតណាម ដោយវៀតណាមនាំចេញនូវគ្រឿងសមុទ្រ វាយ​នភណ្ឌ និងផលិតផលធ្វើពីឈើទៅកាន់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបបង្កើនការនាំចូលមកវៀតណាមវិញនូវភេសជ្ជៈ គ្រឿងម៉ាស៊ីន និងថ្នាំពេទ្យមកវៀតណាមវិញ។ ដើម្បីទទួលបានការបណ្តាក់ទុនពីបណ្តាប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប វៀតណាមត្រូវតែបង្កើនការគោរពសិទ្ធិមនុស្ស សិទ្ធិរបស់កម្មករ និង ការពារបរិស្ថាន។ យោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍បានលើកឡើងថា ការចរចាពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម បានចាប់ផ្តើមកាលពី៧ឆ្នាំមុន ហើយសហភាពអឺរ៉ុបបានរងការរិះគន់ដោយសារមិនបានដាក់សម្ពាធវៀតណាម ឱ្យបានគ្រប់គ្រាន់ដើម្បីកែលម្អកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់ខ្លួន។

ការបោះឆ្នោតអនុម័តរបស់សហភាពអឺរ៉ុប យល់ព្រមលើកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមយ៉ាង ឆាប់រហ័សបែបនេះ ដោយសារតែសហភាពអឺរ៉ុបខ្លួនឯងមានការព្រួយបារម្ភថានឹងអាចមានការប៉ះពាល់ដល់ សេដ្ឋកិច្ចរបស់ខ្លួន ក្រោយដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់ខ្លួនដូចជា អង់គ្លេសបានចាកចេញ, សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិន, ដោយសារការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី ឬCOVID-19 និងការណ៍ដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានងាកមកយកពន្ធគយបន្ថែមលើទំនិញរបស់សហភាពអឺរ៉ុប ជាដើម។

យោងតាមសារព័ត៌មានរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០១៨ ប្រទេសវៀតណាមបាននាំចេញទៅអឺរ៉ុប មានទំហំទឹកប្រាក់សរុបប្រមាណ ៤២.៥ពាន់លានអឺរ៉ូ ហើយការនាំចូលពីអឺរ៉ុបមកវៀតណាមវិញមានទឹកប្រាក់ប្រមាណ ១៣.៨ពាន់លានអឺរ៉ូ។ ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ភាគីទាំងពីរសង្ឃឹមថា ទំហំនៃការនាំចេញនឹងមានការកើនឡើងទាំងសងខាង។

យោងតាមវិទ្យុសំឡេងវៀតណាម (VOV) ផ្សាយជាភាសាបរទេសបង្ហាញថា ក្នុងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមសម្រាប់ដំណាក់កាល ២០១៦-២០២០ វៀតណាមរក្សាបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងកម្រិតខ្ពស់គឺ ៦.៨៤% ដែលក្នុងនោះឆ្នាំ ២០១៨ សម្រេចបាន ៧.០៨% ហើយឆ្នាំ២០១៩ រំពឹងថានឹងឈានដល់ ៧.១% ហើយកំណើននេះនឹងរក្សាបាននូវស្ថិរភាពក្រោយទទួលបានបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

ដូច្នេះ ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមពីសហភាពអឺរ៉ុបនេះ គឺជាឱកាស មាសរបស់​វៀតណាមដើម្បីបង្កើនទីផ្សារការងារ បង្កើនការធ្វើពាណិជ្ជកម្ម ការគាំទ្រការងារ និងជួយគាំទ្រឱ្យមានកំណើនសេដ្ឋកិច្ចរបស់ភាគីទាំងពីរតាមរយៈការកាត់បន្ថយពន្ធរហូត៩៩% ទៅលើមុខទំនិញដ៏ច្រើន សន្ធឹកសន្ធាប់ ដោយគ្រាន់តែធ្វើការដោះដូរជាមួយនឹងលក្ខខណ្ឌមួយចំនួនដែលទាក់ទងនឹងការគោរពសិទ្ធិមនុស្ស សិទ្ធិ កម្មករ និងការការពារបរិស្ថាន៕

RAC Media


2020-03-04 04:22:16   ថ្ងៃពុធ, 04 មីនា 2020 ម៉ោង 11:22 AM
លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថាន បានដឹកនាំមន្រី្តក្រោមឱវាទជួបពិភាក្សាជាមួយ ឯកឧត្តម ម៉េត មករា នាយរងខុទ្ទកាល័យ បញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមសិក្សាស្រាវជ្រាវអភិវឌ្ឍន៍បន្លែកសិកម្មធម្មជាតិ

កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ​ ឆ្នាំ២០២០ នេះ លោកបណ្ឌិត​ ផុន​ កសិកា​ ប្រធា​នស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រ​សង្គម​ បានដឹកនាំក្រុមការងារមានលោក ឈឿន សាវន (ប្រធានគម្រោង) និង​ លោក យិន ពោ​ (អនុប្រធានគម្រោង) ធ្វើសម្ភាសន៍ និងពិភាក្សាជាមួយឯកឧត្តម ម៉េត​ មករា​  ដើម្បីសុំកិច្ចសហប្រតិបតិ្ត​លើ​គម្រោងស្រាវជ្រាវ ស្តីពី «បន្លែកម្ពុជា៖ ផលិត​កម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» ។

​ឯកឧត្ដម ម៉េត មករា បានបង្កើតអាជីវកម្មខ្នាតមធ្យម ជាកសិដ្ឋានដាំបន្លែ​ នៅកោះធំ ខេត្កកណ្តាលនិងខេត្តសៀមរាបជាដើម។​​ ដោយយល់ឃើញថា ឯកឧត្តមមានបទពិសោធន៍ក្នុងការដំាបន្លែ និងការផ្គត់ផ្គង់លើទីផ្សារកន្លងមក ទើបលោកបណ្ឌិតប្រធានស្តីទី ដឹកនាំក្រុមការងារជាសមាជិកគម្រោងស្រាវជ្រាវបន្លែរបស់វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា សុំជួបពិភាក្សាដោយភ្ជាប់មកនូវកម្រងសំណួរមួយចំនួន។

ជាកិច្ចចាប់ផ្តើម លោកបណ្ឌិតប្រធានស្ដីទី បានបង្ហាញពីគម្រោងស្រាវជ្រាវរបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលគ្រោងនឹងសិក្សាពី «បន្លែកម្ពុជា៖ ផលិត​កម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»។ គម្រោង​នេះរៀបចំឡើង​ក្នុងគោលបំណងវិភាគទីផ្សារបន្លែនៅក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្ត្រកំណើនការផ្គត់ផ្គង់បន្លែ​ក្នុងស្រុក សម្រាប់​ទីផ្សារក្នុងនិងក្រៅប្រទេស។ ជំនួបជាមួយលោក ម៉េត មករា គឺចង់ទទួលបានព័ត៌មានស្ដីពីបន្លែដែលលោកមានបទពិសោធន៍ក្នុង​ការដាំ និងទីផ្សារ ព្រមទាំងកិច្ចការប្រតិបត្តិមួយចំនួន។ 

ឯកឧត្តម ម៉េត មករា បានបញ្ជាក់ដែរថា នៅកម្ពុជា ប្រជាកសិករដាំដំណាំបន្លែ ទៅ​​តាម​​រដូវកាល ទើបធ្វើឱ្យផលិតភាព​នៃ​ការ​ដាំដុះនៅមានកម្រិត​ ​និងមិន​មាន​ស្ថិរភាព។ នៅមានកត្តាគួបផ្សំជាមួយនឹងកង្វះ​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីផ្សារ កង្វះ​ខាត​ការបញ្ជូន​ទៅ​កាន់​ទីផ្សារ​ ព្រមទាំងកត្តាផ្សេងៗទៀតជាច្រើន បានក្លាយជា​ឧបសគ្គ​នៃ​ការ​ចរាចរ​បន្លែ​ក្នុង​ប្រទេស។ ​

«យើងសង្កេតឃើញថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​ផលិតផល​កសិកម្ម ជាពិសេស​កសិកម្ម​បន្លែ ដែល​កម្ពុជា​ជួបបញ្ហា​ជា​យូរ​មកហើយផងដែរ ខណៈ​ការ​ផ្គត់ផ្គង់បន្លែ​ជាង​ពាក់កណ្តាល​ត្រូវនាំចូល​ពី​ប្រទេស​ជិត​ខាង ដែល​នាំមក​នូវ​បញ្ហា​ជាច្រើន​ទាំង​សុវត្ថិភាព និង​ការ​សម្លាប់​ទីផ្សារ​អ្នក​ផលិត​ក្នុង​ស្រុក​។ ដូចនេះ យើងត្រូវ​លើក​កម្ពស់​ផលិតផល​ក្នុងស្រុក និង​លើកទឹកចិត្តអ្នក​ផលិតបន្លែ​ក្នុង​ស្រុក ដូចជាបន្លែសណ្តែកកួរ ត្រសក់ ត្រឡាច ននោង ខាត់ណា​ដើម ស្ពៃក្តោប ស្ពៃ​ចង្កឹះ ឆៃថាវ សាលាដ ម្រះ​ ដើម្បីទប់ទល់​នឹង​ការ​នាំចូល​ពីបណ្តាប្រទេសជិតខាង មានប្រទេសថៃ និងវៀតណាម។ល។» 

ម្ចាស់កសិដ្ឋានរូបនេះ ក៏កំពុងរៀបចំកសិដ្ឋានដាំបន្លែមួយកន្លែងនៅស្រុកកោះធំ ខេត្តកណ្ដាល ដែលជាការធ្វើវិនិយោគខ្នាតមធ្យម ដោយមានការសហការជាមួយអ្នកជំនាញមកពីប្រទេសឥណ្ឌា និងប្រទេសសិង្ហបុរី។ កសិដ្ឋានថ្មីនេះ នឹងជាគោលដៅបន្ទាប់របស់ក្រុមការងារស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ចុះទៅសិក្សាស្វែងយល់ ដោយផ្ទាល់ផងដែរ។

ឯកឧត្ដម ម៉េត មករា ពេញចិត្តនិងសូមស្វាគមន៍ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាស្ត្រសង្គម ដើម្បីអនុវត្តគម្រោងឱ្យទទួលបានជោគជ័យតាមគោលបំណង ក៏ដូចជារួមចំណែកជួយសង្គមជាតិទាំងអស់គ្នាផងដែរ៕

ជំនួបក្រុមការងារស្រាវជ្រាវគម្រោងបន្លែនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងឯកឧត្ដម ម៉េត មករា

RAC Media

2020-03-03 11:15:16   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 06:15 PM
«ស្ថានភាពនិងពាណិជ្ជកម្មប្រេងឆៅក្នុងទីផ្សារពិភពលោក» ដោយបណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេង​កាត​បានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្ម​ទាញ​យក​ប្រេង​កាតពីធម្មជាតិ បានផលិតចេញជាផលិតផលប្រេងច្រើនប្រភេទសម្រាប់បំពេញតម្រូវការប្រើប្រាស់។ ការផ្គត់ផ្គង់ ការស្តុក ការចម្រាញ់ តម្លៃ និងពាណិជ្ជកម្មប្រេងបច្ចុប្បន្ន បានក្លាយជាប្រធានបទសំខាន់ និងចាប់អារម្មណ៍របស់ពិភពលោក ហើយ​មានការប្រែប្រួលទៅតាមស្ថានភាពនយោបាយ សន្តិសុខមិនមែនប្រពៃណី និងការកើនឡើងនៃតម្រូវការពិភពលោក ពិសេស ប្រទេសដែលមានឧស្សាហកម្មរីកចម្រើន។

មកទល់នឹងខែកុម្ភៈ ឆ្នាំ២០២០ នេះ យោងតាមរបាយការណ៍របស់ភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency​-IEA) បានបញ្ជាក់ថា តម្រូវការប្រេងសាកលត្រូវបានទទួលរងគ្រោះយ៉ាងខ្លាំងពីមេរោគឆ្លងខូវីដ-១៩ (Covid-19) និងការធ្លាក់ចុះ​នៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ការផ្ទុះឡើងនៃមេរោគនេះបាននាំឱ្យប៉ះពាល់ដល់ដំណើរការរោងចក្រចម្រាញ់ប្រេងពិភព​លោក ពិសេសអង្គការអូប៉ិច។ តម្រូវការប្រេងឆៅរបស់ចិនសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ ត្រូវបានកាត់បន្ថយត្រឹម ១,១លាន​បារ៉ែល​ក្នុង១ថ្ងៃ។ ជារួម ដំណើរការផលិតប្រេងទូទាំងពិភពលោកត្រូវបានព្យាករថា អាចផលិតបាន ០,៧លានបារ៉ែលក្នុង១ថ្ងៃ។

ទាក់ទងនឹងការឃ្លាំងស្តុកប្រេងវិញឃើញថា ទិន្នន័យក្នុងខែមករា ដើមឆ្នាំ២០២០ បានបង្ហាញពីឃ្លាំងស្តុកនៅអាម៉េរិក និងជប៉ុន​មានការកើនឡើង ខណៈពេលការស្តុកនេះកំពុងធ្លាក់ចុះនៅអឺរ៉ុប។ រីឯតម្លៃវិញក្នុងរយៈពេលដូចគ្នា តម្លៃប្រេងឆៅបានធ្លាក់ចុះ១០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដោយមានផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតខូវីដ-១៩ (Covid-19)។ តម្លៃនៅមជ្ឈិមបូព៌ា សមុទ្រខាងជើងនិងអាហ្វ្រិកខាងលិច (Middle East, North Sea and West Africa) ទទួលបានការពេញនិយមពីសំណាក់ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន ប៉ុន្តែក៏បានធ្លាក់ចុះខណៈពេលដែលការផ្គត់ផ្គង់ប្រេងរបស់ប្រទេសលីប៊ី (Libya) ត្រូវបាន​គាំទ្រពីប្រទេសអាល់ហ្សេរី និងអាស៊ែបៃហ្សង់ (Algeria and Azerbaijan)។

មកទល់នឹងពេលនេះ វីរុសកូរ៉ូណាកំពុងមានឥទ្ធិពលលើអារម្មណ៍មនុស្សស្ទើរជុំវិញពិភពលោក ហើយក៏មានសក្តានុពលផលប៉ះពាល់យ៉ាងខ្លាំងផងដែរលើទីផ្សារប្រេងអន្តរជាតិ។ ការរីករាលដាលនៃវីរុសឆ្លងនៅ ប្រទេសចិន សកម្មភាពដឹកជញ្ជូននិងអាជីវកម្មធំៗជាច្រើនត្រូវផ្អាកសកម្មភាព ដូចជា ផលិតផលប្រេងយន្តហោះ ជាពិសេសយន្តហោះប្រតិកម្ម និងយន្តហោះផ្សេងៗ។ យោង​តាមទិន្នន័យរបស់ក្រុមហ៊ុនដឹកប្រេងផ្លូវសមុទ្រឈ្មោះ IHS Markit Commodities បានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មប្រេង​ឆៅ​នៅក្នុងសមុទ្រហាក់ដូចជា មិនបានទទួលផលប៉ះពាល់ពីមេរោគកូរ៉ូណា ដោយដំណើរការដឹកប្រេងឆ្ពោះទៅកាន់ប្រទេសចិននៅ​តែមានតម្រូវការខ្លាំងជិត ២៩០លានបារ៉ែល។ ការដឹកទំនិញភាគច្រើនមានប្រភពមកពីមជ្ឈឹមបូព៌ាដែលមានចំណែកមានចំណែកទីផ្សារប្រមាណ ៣៥%ពេញក្នុងខែមករា ឆ្នាំ២០២០។ ការនាំចេញរបស់អាហ្វ្រិក (អាហ្វ្រិកខាងលិច) និងអ្នកផ្គត់ផ្គង់នៅអាម៉េរិកកណ្តាល និងខាងត្បូង មានចំណែកទីផ្សារ ២៤% និង ១៨%។ ការព្រួយបារម្ភជុំវិញប្រតិកម្មរបស់ចិន គឺច្បាស់នៅក្នុងទីផ្សារ ប៉ុន្តែផលប៉ះពាល់មិនទាន់មាននៅឡើយទេ។ ប៉ុន្តែ អ្នកវិភាគជាច្រើនរំពឹងថា កំណើន GDP របស់ចិនអាចនឹងទទួល​រង​សម្ពាធ​កម្រិតណាមួយបណ្តាលមកពីវិបត្តិនេះដែលនាំឱ្យមានការប៉ះពាល់ដល់តម្រូវការប្រេងរបស់ប្រទេសចិន និងតម្រូវការនេះនឹង​មិនមានការកើនឡើងលឿនដូចការរំពឹងទុក។ ដើម្បីឆ្លើយតបនឹងបញ្ហានេះដែរ មន្ត្រីនៃអង្គការ OPEC+ (អូប៉ិចបូក) បាន​​បង្ហាញពីចេតនារបស់ខ្លួនដើម្បីទប់ស្កាត់អតិរេកប្រេង ប្រសិនបើតម្រូវការរបស់ចិន មិនមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងកិច្ច​ប្រជុំអ្នកជំនាញ OPEC+ នៅទីក្រុងវីយែន ដើម្បីវាយតម្លៃពីស្ថានភាពតម្រូវការនេះ។

ស្ថានភាពនៃមេរោគខូវីដ១៩ នៅទីក្រុងវូហានដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវទឹកដ៏ធំបំផុតមួយរបស់ប្រទេសចិន ក៏បានធ្វើឱ្យរោងចក្រចំរាញ់ប្រេងក្នុងស្រុកកាត់បន្ថយកម្លាំងផលិតកម្មប្រេងពី១០%ទៅ២០%ដែរ។ តាមការប៉ាន់ស្មានបានបង្ហាញថា ការបាត់បង់បរិមាណនៃការផលិតប្រេងឆៅ និងតម្រូវការអាចចន្លោះពី១,៤ ទៅ ២,៨លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២០នេះ។ មកទល់ពេលនេះ ផលិតកម្មប្រេងឆៅ និងតម្រូវការទាំងអស់ គឺស្ថិតនៅលើការសម្រេចចិត្តដែលមិនទាន់មានភាពច្បាស់លាស់របស់អង្គការ OPEC+ ថាតើនឹងត្រូវកាត់បន្ថយ ឬបន្ថែមយ៉ាងណា ឬត្រូវការចំនួនប៉ុន្មានលានបារ៉ែលក្នុងមួយថ្ងៃដើម្បីធានាថ្លៃ និងតម្រូវការប្រើប្រាស់បាន។

បើយើងពិនិត្យមើលទីផ្សារដឹកជញ្ជូនតាមផ្លូវសមុទ្រយើងឃើញថា សកម្មភាពនៅតែស្ថិតក្នុងកម្រិតធម្មតាដោយការនាំចូលប្រេង​តាមផ្លូវសមុទ្ររបស់ប្រទេសចិនមានចំនួនលើស ៨លានបារ៉ែលក្នុងមួយខែ ពិសេសក្នុងខែមករា ប៉ុន្តែនៅតែទាបជាងបរិមាណ​ដែលបានមានតម្រូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ត្រង់នេះគេអាចសន្មតថា ការផ្ទុះឡើងជំងឺខូវីដ-១៩ មិនទាន់អាច​កាត់បន្ថយតម្រូវការប្រេងរបស់ប្រទេសចិន ដោយគំហុកខ្លាំងទេ។ ទន្ទឹមនឹងនេះដែរ ការនាំចេញប្រេងរបស់លីប៊ីបានធ្លាក់ចុះ​យ៉ាងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បើទោះបីជាចាប់តាំងពីក្នុងខែកុម្ភៈ សហរដ្ឋអាម៉េរិកក៏បានសម្រេចចិត្តដក​ទណ្ឌកម្មលើក្រុមហ៊ុនដឹកទំនិញឈ្មោះ កូស្កូ (Cosco Shipping Tanker (Dalian) Co) ដែលជំរុញឱ្យមានការព្រួយបារម្ភហួស​តម្រូវ​​ការ​ដល់ទីផ្សារដឹកទំនិញតាមផ្លូវសមុទ្រទៅវិញ។

យើងអាចនិយាយបានថា ផលប៉ះពាល់នៃការផ្គត់ផ្គង់ប្រេងនៅតែកើតឡើងនៅទូទាំងពិភពលោក ដោយសារតម្រូវការក្នុងការប្រើប្រាស់ប្រេងនិងសេដ្ឋកិច្ចក្នុងប្រទេសចិនធ្លាក់ចុះ ជាពិសេសបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិន និងបណ្តាល​មកពីមេរោគកូរ៉ូណានេះឯង។ ប្រទេសចិនហាក់ដូចជាចំណុចកណ្តាលនៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយហានិភ័យនៃការរីករាលដាលនៃវីរុស ហាក់បានធ្វើឱ្យ សេដ្ឋកិច្ចពិភពលោករង្គោះរង្គើយ៉ាងខ្លាំងមកទល់នឹងពេលនេះ។ នៅឆ្នាំ២០០៣ តម្រូវ​ការប្រេងរបស់ចិនមានចំនួន ៥,៧លានបារ៉ែលក្នុងមួយថ្ងៃ ហើយនៅឆ្នាំ២០១៩ ប្រទេសនេះបានកើនឡើងទ្វេដងដល់ ១៣,៧លានបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹង១៤%នៃចំនួនសរុបពិភពលោក។ លើសពីនេះ កាលពីឆ្នាំ២០១៩ នោះ ប្រទេសចិនក៏មានតម្រូវការប្រេងច្រើនជាងបីភាគបួននៃកំណើនតម្រូវការប្រេងពិភពលោក។

ផលប៉ះពាល់នៃជំងឺ Covid-19 ចំពោះតម្លៃប្រេង មានសភាពធ្ងន់ធ្ងរឡើងៗមកទល់នឹងពេលនេះ។ តម្លៃប្រេងប្រភេទ Brent ធ្លាក់ចុះប្រហែល ១០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ឬស្មើ២០% មកនៅក្រោម ៥៥ ដុល្លារអាម៉េរិកក្នុង១បារ៉ែល។ មុនពេលដែលផ្ទុះ​ជំងឺ Covid-19 ទីផ្សារនេះមានការប៉ាន់ស្មានទុកជាមុននូវការផ្គត់ផ្គង់លើស១លានបារ៉ែលក្នុង១ថ្ងៃ ក្នុងឆមាសទីមួយនៃឆ្នាំ​២០២០ ដោយសារតែការបន្តពង្រីកទីផ្សារនៅសហរដ្ឋអាម៉េរិក ប្រេស៊ីល កាណាដា និងន័រវែស។ បើទោះបីជាមានការគម្រាមកំហែង​ដល់សុវត្ថិភាពនៃការផ្គត់ផ្គង់ប្រេង ពីភាពតានតឹងនៅក្នុងប្រទេសអ៊ីរ៉ាក់យ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យការផ្គត់ផ្គង់ប្រេង​ធ្លាក់ក្រោម១លានបារ៉ែលក្នុង១ថ្ងៃដែរ។ នៅដើមខែមីនា ប្រទេសចិនបានកាត់បន្ថយការបញ្ជាទិញរបស់ខ្លួនរួចហើយពីអា​រ៉ាប់​ប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងដ៏ធំរបស់អង្គការ OPEC និងជាប្រទេសនាំចេញប្រេងធំជាងគេរបស់ពិភព​លោក​។ ប្រទេស​ចិន គឺជាអតិថិជនសំខាន់បំផុតរបស់អារ៉ាប់ប៊ីសាអូឌីត រួមជាមួយបណ្តាប្រទេសអាស៊ីផ្សេងទៀតដូចជា ឥណ្ឌានិងកូរ៉េខាង​ត្បូងដែលជាប្រទេសមានសារសំខាន់ខ្លាំងសម្រាប់ប្រទេសផលិតប្រេងធំៗ នៅជុំវិញឈូងសមុទ្រពែរ្ស។ រាល់ការធ្លាក់ចុះនៃសេដ្ឋ​កិច្ច​ទាំងនេះនឹងកាត់បន្ថយតម្រូវការប្រេង ការឡើងថ្លៃ និងចំណូលអង្គការអូប៉ិច ដែលពឹងផ្អែកលើវិស័យប្រេង។

ក្រៅពីអង្គការអូប៉ិច ប្រទេសរុស្ស៊ីដែលជាប្រទេសផលិតប្រេងផ្គត់ផ្គង់និងពឹងផ្អែកលើការលក់ទៅឱ្យប្រទេសចិន ក៏រងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចរបស់ខ្លួនច្រើនដែរ។ កាលពីខែធ្នូ ឆ្នាំ២០១៩ មុនពេលមានវិបត្តិសេដ្ឋកិច្ច ប្រទេសចិនបាននាំចូលប្រេងជិត ១១លានបារ៉ែល។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាអ្នកផ្គត់ផ្គង់ធំជាងគេរបស់ប្រទេសចិន ជាមធ្យមប្រហែល១,៧លានបារ៉ែល ឬជិតមួយភាគបួននៃការនាំចេញរបស់អារ៉ាប៊ីសាអូឌីត។ ប្រទេសរុស្ស៊ី គឺជាប្រទេសទី២ ក្រៅពីនេះ ក៏មានប្រទេសអង់ហ្គោឡា ប្រេស៊ីល និងអ៊ីរ៉ាក់។

សរុបមក ការផ្ទុះឡើងនូវមេរោគរាតត្បាតជំងឺខូវីដ-១៩ ពិតជាធ្វើឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសដែលជាដៃគូសេដ្ឋកិច្ចជាមួយប្រទេសចិន បន្ទាប់មកស្ថានភាពនេះបានរុញច្រានសេដ្ឋកិច្ចពិភពលោក ពិសេសវិស័យពាណិជ្ជកម្មប្រេងពិភពលោក​ជួប​វិបត្តិ​វឹកវរ ទាំងការផលិតនិងការលក់នៅក្នុងទីផ្សារអន្តរជាតិ។ ចំណុចនេះយើងអាចនិយាយបានថា ការអាក់ខាននៃការបញ្ជា​ទិញ​ប្រេង​របស់ប្រទេសចិន ពិតជាមានឥទ្ធិពលខ្លាំងដែលមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសក្នុងអង្គការអូប៉ិចទេ ថែមទាំងដល់ប្រទេសជាច្រើនក្នុងពិភពលោក។ ដូចនេះ រាល់បញ្ហាអ្វីមួយដែលកើតឡើងមិនថាឡើយក្នុងប្រទេសចិន បើ​ទោះ​​​ជា​​នៅប្រទេសណាក៏ដោយ ក៏គួររួមគ្នាដោះស្រាយប្រកបដោយសន្តិវិធីដើម្បីសុខដុមនីយកម្មពិភពលោក។ ដូច្នេះ យើងសន្និដ្ឋាន​​បានថា ទីផ្សារប្រេងនឹងឆ្ពោះទៅរកភាពលំនឹងនិងតុល្យភាពឡើងវិញបានលុះណាមានការមានដំណោះស្រាយរួមរវាង​វិបត្តិ​ពាណិជ្ជកម្មអាម៉េរិក-ចិន និងភាពស្រាកស្រាន្តឬធូរស្បើយនៃវិបត្តិជំងឺខូវីដ-១៩ នោះប្រទេសមហាអំណាច និងបណ្តាប្រទេស G២០ អាចត្រូវបង្កើនតម្រូវការកាន់តែខ្លាំងក្នុងសង្វាក់ផលិតកម្ម ដែលអាចធ្វើឱ្យកំណើនផ្គត់ផ្គង់ផលិតប្រេងក្នុងចំណោម​សមាជិក​អូប៉ិច (OPEC)៕ 

2020-03-03 08:33:39   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 03:33 PM
«ទស្សនវិស័យរបស់អាស៊ានលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិតយុទ្ធសាស្រ្តថ្មី តាមរយៈការធ្វើកំណែទម្រង់និងការបើកចំហរបស់ខ្លួន។ ព្រមជាមួយគ្នានោះបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា បានធ្វើសកម្មភាព ទប់ស្កាត់ប្រទេសចិនក្នុងក្របខណ្ឌថ្មីនៃការកើនឡើងនូវឥទ្ធិពលនៅក្នុងតំបន់តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន។ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកមានគោលបំណងការពារប្រឆាំងនឹងឥរិយាបថគោលនយោបាយសន្តិសុខរបស់ចិន។

បើយោងតាមការចុះផ្សាយរបស់គេហទំព័រ អ៊ីស អេស៊ា ហ្វ័ររ៉ុម កាលពីថ្ងៃទី២៣ ខែសភា ឆ្នាំ ២០១៨ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានណែនាំនិងគាំទ្រដោយប្រទេសផ្សេងៗខាងលើ ប៉ុន្តែមិនមែនប្រទេសចិនទេ។ លោក ស៊ីនហ្សូអាបេ បានកោតសរសើរគោលនយោបាយ «សកម្មភាពឆ្ពោះទៅទិសខាងកើត» របស់ឥណ្ឌា។ អ្នកសិក្សាជនជាតិចិនជឿជាក់ថា ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិក យុទ្ធសាស្ត្រថ្មី គឺមានភាពចាំបាច់ ដោយសារវប្បធម៌យុទ្ធសាស្ត្រនិងតម្រូវការនៃតុល្យភាពអំណាចរបស់សហរដ្ឋអាម៉េរិក។

មេដឹកនាំអាស៊ានបានឯកភាពថា អាស៊ានត្រូវការចក្ខុវិស័យផ្ទាល់ខ្លួនសម្រាប់សណ្តាប់ធ្នាប់ក្នុងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកកក្នុងខែមិថុនា ឆ្នាំ២០១៩។ ប៉ុន្តែបញ្ហាប្រឈមជាយុទ្ធសាស្រ្តដែលអាស៊ានកំពុងជួបប្រទះនាពេលបច្ចុប្បន្ន គឺខុសគ្នាពីអតីតកាល ហើយបញ្ហាប្រឈមផ្សេងៗគ្នានេះក៏ត្រូវការការឆ្លើយតបខុសគ្នាដែរ។ អាស៊ានសង្ឃឹមថា ចក្ខុវិស័យខុសគ្នាមួយនឹងផ្សះផ្សានូវទស្សនវិស័យប្រកួតប្រជែងនៃបទបញ្ជាក្នុងតំបន់ ដែលត្រូវបានគាំទ្រដោយប្រទេសមហាអំណាច។ ការទទួលយកទស្សនវិស័យនេះនឹងរម្លឹកអាស៊ាននិងមហាអំណាចក្រៅតំបន់ នូវសារដ៏សាមញ្ញមួយ គឺជាសមត្ថភាពក្នុងការបង្ហាញតួនាទីរបស់ខ្លួនក្នុងចំណោមប្រទេសមហាអំណាច។ យោងតាមអំណះអំណាងក្នុងអំឡុងសង្រ្គាមត្រជាក់ អាស៊ានជាតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព (ZOPFAN)។

សព្វថ្ងៃ ប្រជាជនឥណ្ឌូនេស៊ី បានចាប់ផ្តើមព្រួយបារម្ភអំពីសន្តិភាពនិងស្ថិរភាពនៅអាស៊ីអាគ្នេយ៍នាពេលអនាគត គឺអាស៊ានបានបង្ហាញខ្លួននៅក្នុងស្ថានភាពថ្មី។ ពិភពលោកកំពុងតែពិបាកកំណត់ពីរបៀបដែលរដ្ឋមានឥរិយាបថឆ្ពោះទៅរកគ្នា។ ប្រទេសចិនកំពុងតែក្លាយទៅជាមហាអំណាចមួយដែលមានអំណាចខ្លាំងយ៉ាងឆាប់រហ័ស ដែលជាកត្តាជំរុញឱ្យសហរដ្ឋអាម៉េរិកកំពុងព្យាយាមរក្សានិរន្តរភាពរបស់ខ្លួននៅលើពិភពលោកតាំងពីឆ្នាំ១៩៤៥។ មានការវិវត្តចំនួនបីដែលបានលេចចេញពីដំណើរនៃការផ្លាស់ប្តូរនេះគឺ ទីមួយ ល្បែងថាមពលដ៏អស្ចារ្យកំពុងវិលត្រឡប់មកអាស៊ីអាគ្នេយ៍វិញ។ ទីពីរ អនាគតនៃអាស៊ីអាគ្នេយ៍ត្រូវបានកំណត់កាន់តែខ្លាំងឡើងដោយរបៀបដែលមហាអំណាចក្រៅតំបន់ធ្វើអន្តរកម្មជាមួយ។ ហើយទីបី មហាអំណាចក្រៅតំបន់សំខាន់ៗកំពុងចាប់ផ្តើមលើកកម្ពស់ចក្ខុវិស័យផ្ទាល់ខ្លួនស្ដីអំពីសណ្តាប់ធ្នាប់ក្នុងតំបន់។

ចក្ខុវិស័យរបស់អាស៊ាន គឺនឹងបន្តរក្សាតួនាទីស្នូលរបស់ខ្លួននៅក្នុងនិម្មាបនកម្មក្នុងតំបន់ដែលកំពុងវិវត្តនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញរបស់ខ្លួន និងបន្តធ្វើជា «ឈ្មួញកណ្តាលដ៏ស្មោះត្រង់នៅក្នុងបរិយាកាសយុទ្ធសាស្ត្រនៃផលប្រយោជន៍ប្រកួតប្រជែង»។ តម្លៃរបស់អាស៊ាន គឺការរួមចំណែកយ៉ាងធំធេងដល់ស្ថិរភាពនិងវិបុលភាពក្នុងតំបន់តាំងពីឆ្នាំ១៩៦៧ ហើយក៏បានបង្កើតអង្គការតំបន់មួយផ្សេងទៀតគឺ វេទិកាតំបន់អាស៊ាន (ARF) ដែលឥឡូវនេះមាន សមាជិកចំនួន២៧ប្រទេស។ តាំងពីឆ្នាំ១៩៩៤មក អាស៊ានបានដំណើរការជាទៀងទាត់នូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិ។

ជាទស្សនវិស័យរួម អាស៊ានគួរប្រកាន់នយោបាយការបរទេសរបស់ខ្លួនជាលក្ខណៈ អព្យាក្រឹតក្នុងការរក្សាទំនាក់ទំនងជាមួយប៉ូលអំណាចនានានៅលើសកលលោក ប៉ុន្តែការលើកឡើងនេះ មិនអាចលេចឡើងបានទេ ដោយសារបណ្តារដ្ឋជាសមាជិកទាំងដប់មានជំហរនិងអត្ថប្រយោជន៍ផ្សេងៗគ្នាក្នុងបរិបទយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលកំពុងមានឥទ្ធិពលក្នុងតំបន់ ទោះបីជាអាស៊ាននៅតែអាចរក្សាគោលការណ៍អាស៊ានមានសំឡេងតែមួយក៏ដោយ៕


2020-03-03 04:59:33   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 11:59 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក