Royal Academy of Cambodia
ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ សេដ្ឋកិច្ចនៅតំបន់អាស៊ី និងសេដ្ឋកិច្ចពិភពលោក។ តើឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក មានស្ថានភាពយ៉ាងណា និងបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ សេដ្ឋកិច្ចតំបន់អាស៊ី និងសេដ្ឋកិច្ចពិភពលោកយ៉ាងណាដែរ? តើប្រទេសមហាអំណាចទាំងពីរនេះ និងបណ្តាប្រទេសពាក់ព័ន្ធគួរតែមានវិធានការយ៉ាងណាដើម្បីដោះស្រាយពីផលប៉ះពាល់សេដ្ឋកិច្ច និងឈានទៅបញ្ចប់សង្គ្រាមពាណិជ្ជកម្មដោយរបៀបណា?
យោងតាមសារព័ត៌មានប៊ីប៊ីស៊ី (BBC News) ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក ត្រូវបានគេមើលឃើញថា សហរដ្ឋអាម៉េរិកនិងចិនបានដាក់ពន្ធលើទំនិញគ្នាទៅវិញទៅមករាប់រយពាន់លានដុល្លារសហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិកបានដាក់ពន្ធគយលើទំនិញចិនជាង ៣៦០ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ហើយប្រទេសចិនបានសងសឹកវិញជាមួយនឹងការយកពន្ធលើផលិតផលអាម៉េរិកជាង ១១០ ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនជាយូរមកហើយពីការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ និងការលួចកម្មសិទ្ធិបញ្ញា។ ប្រទេសចិនយល់ថា សហរដ្ឋអាម៉េរិកកំពុងតែព្យាយាមទប់ស្កាត់ការលេចត្រដែតឡើងរបស់ចិនដែលអាចក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ ចំណែកឯគោលនយោបាយពន្ធរបស់លោក ត្រាំ មានគោលបំណងលើកទឹកចិត្តអតិថិជនឱ្យទិញផលិតផលសហរដ្ឋអាម៉េរិកដោយធ្វើឱ្យទំនិញនាំចូលមានតម្លៃថ្លៃ។
ម្យ៉ាងវិញទៀត សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរនេះ បានកើតឡើងដោយសារតែ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក មានបំណងឱ្យចិនផ្លាស់ប្តូរគំរូនៃការធ្វើពាណិជ្ជកម្ម ដែលអាម៉េរិកគិតថាចិនដើរខ្សែលើ។ ប៉ុន្តែមានអ្នករិះគន់ខ្លះបានលើកឡើងថា សហរដ្ឋអាម៉េរិកធ្លាប់តែដើរខ្សែលើគេបាន ដល់ពេលចិនចាប់ផ្តើមដើរផ្លូវនេះម្តងបែរជាសម្ដែងការខឹងក្រោធចំពោះចិនវិញ។ សហរដ្ឋអាម៉េរិកចង់ឱ្យប្រទេសចិនធ្វើកំណែទម្រង់ស៊ីជម្រៅ ហើយបិទបញ្ចប់វប្បធម៌ធ្វើជំនួញដែលមិនស្មោះត្រង់។ ទន្ទឹមគ្នានេះផងដែរ ប្រទេសចិនត្រូវឈប់ប្រើយុទ្ធសាស្ត្រលួចកម្មសិទ្ធិបញ្ញានិងបច្ចេកវិទ្យាថ្មីៗរបស់សហរដ្ឋអាម៉េរិក ដោយគ្មានការគោរពច្បាប់កម្មសិទ្ធិបញ្ញា។ ប្រទេសចិន ក៏បានខឹងសម្បារនឹងសហរដ្ឋអាម៉េរិកផងដែរ រហូតដល់មានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា ពីព្រោះប្រធានាធិបតីសហរដ្ឋអាម៉េរិកដែលប្រកាន់យកគោលការណ៍អាត្មានិយម(គាំពារនិយម) បានតម្លើងពន្ធលើទំនិញចិននាំដែលចូលទៅកាន់សហរដ្ឋអាម៉េរិកដោយឯកតោភាគី ហើយរដ្ឋាភិបាលរបស់លោកត្រាំបានបង្កើតច្បាប់កំណត់ពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលកម្រិតពន្ធលើទំនិញនាំចូលពីចិនជាមួយនឹងការដាក់រនាំងពន្ធគយចំនួន២៥ភាគរយ ចំពោះទំនិញជាង ៨០០មុខរបស់ចិនដែលនាំចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។ ទន្ទឹមគ្នានេះផងដែរ មហាយក្សចិនបានចោទប្រកាន់សហរដ្ឋអាម៉េរិកថាជាអ្នកបង្កសង្គ្រាមពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ ហើយសហរដ្ឋអាម៉េរិកកំពុងតែរំលោភគោលការណ៍ផ្លាស់ប្តូរពាណិជ្ជកម្មសេរីរបស់អង្គការពាណិជ្ជកម្មពិភពលោកដែរ។
បញ្ហាចម្បងៗដែលជាការលំបាកក្នុងការចរចាពាណិជ្ជកម្មនេះ គឺថាអាម៉េរិកចង់ចរចាឱ្យចិនកាត់បន្ថយនូវ មហិច្ឆតាសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ខ្លួន។ វាមិនមែនជារឿងងាយទេ បើយើងក្រឡេកមើលគោលនយោបាយ វាតទីប្រកបដោយឆន្ទៈមុះមុតរបស់លោកប្រធានាធិបតីចិន ដូចនៅក្នុងផែនការផលិតផលចិន «Made in China 2025» លោក ស៊ី ជីនពីង មានបំណងផ្លាស់ប្តូរចិន ដែលធ្លាប់ជាជង្រុករោងចក្រផលិតទំនិញកំប៉ិកកំប៉ុកឱ្យក្លាយទៅជាអ្នកឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា ពោលក្នុងវិស័យ «ប្រាជ្ញាសិប្បនិម្មិត(AI)» ជាដើម។ បច្ចុប្បន្ន ចិនមានសេដ្ឋកិច្ចរីកចម្រើនគ្រប់គ្រាន់ ដែលអាចប្រកួតជាមួយសហរដ្ឋអាម៉េរិកបាន។
សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានធ្វើឱ្យផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស ទាំងពីរ និងសេដ្ឋកិច្ចអន្តរជាតិ ដូចជា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរនេះបានអូសបន្លាយយូរ និងជះផលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកល ព្រមទាំង ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ កាលពីពេលថ្មីៗនេះ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបញ្ជាក់ដែរថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក អាចនឹងធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចសកលប្រមាណ ៧០០ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹងប្រមាណ ០.៨ ភាគរយនៃ GDP របស់ពិភពលោកនៅឆ្នាំ២០២០នេះ ដោយសារតែអត្រាកំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។ អ្នកជំនាញខ្លះបានរិះគន់សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះថា វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងធ្វើឱ្យមានភាពរង្គោះរង្គើដល់ទីផ្សារសកលផងដែរ ដោយសារតែវាអាចមានទំហំធំប្រហាក់ប្រហែលទៅនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨។ អ្នកប្រឹក្សាសេដ្ឋកិច្ចជាច្រើនបានមើលឃើញថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកលើកនេះគឺជាគំនិតព្យុះសង្ឃរា ដែលបោកបក់លើសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកទាំងមូល។
ម្យ៉ាងវិញទៀត សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុនៅអាស៊ី អឺរ៉ុប និងអាម៉េរិកធ្លាក់ចុះយ៉ាងខ្លាំង។ ជម្លោះពាណិជ្ជកម្មនេះ ក៏បានជះឥទ្ធិពលដល់បណ្តាប្រទេសជាច្រើន ដែលដើរតួនាទីសំខាន់នៅក្នុងការផ្គត់ផ្គង់ចង្វាក់ផលិតកម្មផងដែរ។ ប្រទេសសឹង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និង តៃវ៉ាន់ ដែលជាប្រទេសសេដ្ឋកិច្ចទីផ្សារសេរី នឹងទទួលរងផលប៉ះពាល់ចំពោះការផ្គត់ផ្គង់។ សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោកប្រធានាធីបតី ដូណាល់ ត្រាំ និងមហាយក្សចិនក្រោមការដឹកនាំរបស់លោកប្រធានាធីបតី ស៊ី ជីនពីង កំពុងរុញច្រានឱ្យសេដ្ឋកិច្ចពិភពលោករំកិលទៅរកមាត់ជ្រោះនៃវិបត្តិ។ ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចនេះ អាចកើតឡើងបានគ្រប់ពេល និងពាសពេញពិភពលោក។ ជាក់ស្តែង សង្រ្គាមពាណិជ្ជកម្មនេះបាននាំឱ្យក្រុមហ៊ុនអេឡិចត្រូនិចយក្យ LG និង Samsung Electronics របស់កូរ៉េខាងត្បូងផ្លាស់ប្តូរទីកន្លែងផលិតបច្ចេកវិទ្យារបស់ពួកគេពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម ដើម្បីជៀសវាងការយកពន្ធរបស់សហរដ្ឋអាម៉េរិក។ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិន ជាពិសេស ទំនាក់ទំនងខាងសេដ្ឋកិច្ច ក៏គួរតែមានការប្រុងប្រយ័ត្នដែរ។ ប្រទេសកម្ពុជាអាចជួបប្រទះវិបត្តិសេដ្ឋកិច្ចខ្លះ ប្រសិនបើប្រទេសចិនជួបប្រទះវិបត្តិសេដ្ឋកិច្ច ពីព្រោះប្រទេសកម្ពុជាមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និតជាមួយប្រទេសចិន ហើយវិស័យទេសចរណ៍ និងការវិនិយោគធំបំផុតនៅកម្ពុជាបច្ចុប្បន្នក៏ពឹងអាស្រ័យលើទេសចរចិន និងវិនិយោគិនចិនដែរ។
ដើម្បីដោះស្រាយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក និងឈានទៅបញ្ចប់សង្រ្គាមពាណិជ្ជនេះ ប្រទេសទាំងពីរបានបង្កើតគណៈកម្មការមួយសម្រាប់ពិភាក្សាគ្នា ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងជាមួយគ្នា។ យោងតាមសារព័ត៌មានរស្មីកម្ពុជា បានចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ជាមួយចិនដែលត្រូវបានគេរំពឹងថានឹងជំរុញការនាំចេញពីសហរដ្ឋអាម៉េរិក និងបន្ថយភាពតានតឹងនៃជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហឹ និងប្រធានាធិបតីអាម៉េរិក បង្ហាញកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលត្រូវបានចុះហត្ថលេខាក្នុងពិធីចុះហត្ថលេខានៅសេតវិមាន ដោយលោកត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះ «កែកំហុសពីអតីតកាល»។
យោងតាមសារព័ត៌មានស៊ីអិនអិន (CNN News) ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងនៃប្រទេសទាំងពីរតម្រូវឱ្យមានការកែទម្រង់រចនាសម្ព័ន្ធចំពោះរបបសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិនក្នុងវិស័យកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា កសិកម្ម សេវាកម្មហិរញ្ញវត្ថុ ព្រមទាំងរូបិយប័ណ្ណនិងការប្តូរប្រាក់បរទេស។ កិច្ចព្រមព្រៀងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការទិញទំនិញ និងសេវាកម្មរបស់អាម៉េរិកចំនួន ២០០ ពាន់លានដុល្លារបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ។ លើសពីនេះទៀត កិច្ចព្រមព្រៀងនេះក៏អំពាវនាវឱ្យប្រទេសចិនទិញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកចំនួន ៣២ ពាន់លានដុល្លារសហរដ្ឋអាម៉េរិកក្នុងរយៈពេលពីរឆ្នាំខាងមុខដែរ។
ម្យ៉ាងវិញទៀត បើតាមសារព័ត៌មាន The New York Time ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសចិននឹងកាត់បន្ថយពន្ធលើទំនិញផលិតនៅសហរដ្ឋអាម៉េរិកដែលមានតម្លៃ ៧៥ ពាន់លានដុល្លារសហរដ្ឋអាម៉េរិកដែលជាជំហានមួយ បង្ហាញពីចេតនារបស់ខ្លួនក្នុងការបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយប្រធានាធិបតី ដូណាល់ត្រំា។ សហរដ្ឋអាម៉េរិកបានយល់ព្រមកាត់បន្ថយពន្ធលើទំនិញដែលផលិតដោយចិនមានតម្លៃ ១២០ ពាន់លានដុល្លារដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ។ ក្រសួងហិរញ្ញវត្ថុចិនបាននិយាយថា ខ្លួននឹងកាត់បន្ថយពន្ធពាក់កណ្តាលដែលខ្លួនបានដាក់កាលពីខែកញ្ញា ឆ្នាំ២០១៩ លើរថយន្តរបស់អាម៉េរិក ប្រេងឆៅ សណ្តែកសៀង និងទំនិញផ្សេងទៀត។ ការកាត់បន្ថយពន្ធនឹងចូលជាធរមាននៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។
សរុបសេចក្តីមក សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក ពិតជាមានឥទ្ធិពលខ្លាំងក្លា ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចនៅតំបន់អាស៊ី។ ជាការណ៍ពិត ប្រសិនបើសង្គ្រាមពាណិជ្ជកម្មនេះនៅតែបន្តក្នុងរយៈពេលវែង វាមិនត្រឹមតែធ្វើឱ្យមានវិបត្តិដល់សេដ្ឋកិច្ចរបស់ប្រទេសដែលជាដៃគូរពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចទាំងពីរនោះទេ ប៉ុន្តែ វាក៏អាចបង្កឱ្យមានវិបត្តិនិងជម្លោះផ្សេងៗទៀតកើតឡើងផងដែរ។ ដូច្នេះ ការអត់ធ្មត់ និងការថយក្រោយមួយជំហានម្នាក់រវាងប្រទេសតួអង្គជម្លោះទាំងពីរ ដើម្បីស្វែងដំណោះស្រាយដោយសន្តិវិធី និងការយោយល់ក្នុងបំណងបញ្ចប់សង្គ្រាម គឺជារឿងចាំបាច់ដែលត្រូវធ្វើជាអាទិភាព។ បើមិនដូច្នោះទេ ហានិភ័យធំៗដែលស្មានមិនដល់នឹងអាចកើតឡើងលើប្រទេសទាំងពីរ ប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល៕
ផែនការសន្តិភាពដែលមានកម្រាស់៨០ទំព័រនេះ មានខ្លឹមសារប្រមាណ៥០ទំព័រទាក់ទងនឹងការដោះស្រាយបញ្ហា «រដ្ឋពីរ» អ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលមានការប៉ះទង្គិចគ្នារ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ។ នៅក្នុងផែនការនេះ ប្រធានាធិបតីអាម៉េរិកស្នើឱ្យរៀបចំបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីន ដែលមានរដ្ឋធានីស្ថិតនៅមួយចំណែកនៃភាគខាងកើតយេរ៉ូសាឡឹម មានអំណាចក្នុងការគ្រប់គ្រងដែនដីដែលមានផ្ទៃដីច្រើនជាងទ្វេរដងធៀបនឹងបច្ចុប្បន្ននិងអាចកសាងផ្លូវក្រោមដីតភ្ជាប់វេសបែងជាមួយនឹងហ្គាហ្សា ប៉ុន្តែប៉ាឡេស្ទីនត្រូវតែទទួលស្គាល់យេរ៉ូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល រីឯ អ៊ីស្រាអែល ត្រូវបានអាម៉េរិកទទួលស្គាល់តំបន់តាំងទីលំនៅរបស់ខ្លួនដែលបានកសាងនៅលើដែនដីដែលដណ្ដើមកាន់កាប់បានពីប៉ាឡេស្ទីននៅតំបន់វេសបែង ដែលត្រូវគេមើលឃើញថាខុសនឹងច្បាប់។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហូ នៅសេតវិមាន កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ កន្លងមក លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសផែនការសន្តិភាពនៅមជ្ឈឹមបូព៌ា ដោយមានខ្លឹមសារសំខាន់គឺ សំណើដំណោះស្រាយបញ្ហា «រដ្ឋពីរ» សម្រាប់អ៊ីស្រាអែលនិងប៉ាឡេស្ទីន។ លោកត្រាំ អះអាងថា សំណើនេះជា «កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍» និងជា«ឱកាសជាប្រវត្តិសាស្រ្ត» ដើម្បីឱ្យប៉ាឡេស្ទីនរៀបចំបង្កើតរដ្ឋឯករាជ្យ ហើយបានដាស់តឿនថា ប៉ាឡេស្ទីន ត្រូវតែសម្រេចឱ្យបាននូវ «លក្ខខណ្ឌសម្រាប់ជារដ្ឋ» មុនបង្កើត «ដែនដីនៅក្នុងរដ្ឋប៉ាឡេស្ទីននាពេលអនាគត» ដែលរួមបញ្ចូលទាំងការបញ្ចប់«សកម្មភាពរបស់ក្រុមហាម៉ាស់» និងការបញ្ចប់ការអុជអាលប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ការឆ្លើយតបរបស់ប៉ាឡេស្ទីន ពិភពអារ៉ាប់ និងពិភពលោក បែរជាមានភាពខុសៗគ្នា។
មែនទែនទៅ វាហាក់ដូចជាផលិតផលចាស់ ដែលបំពាក់យីហ៊ោថ្មីប៉ុណ្ណោះ។ អ្នកវិភាគជាច្រើនមើលឃើញថា ទាំងសំណើដំណោះស្រាយបញ្ហាដ៏សំខាន់បំផុតនៅមជ្ឈឹមបូព៌ា ទាំងវិធានរបស់យេរ៉ូសាឡឹម តំបន់តាំងលំនៅរបស់ជនជាតិជីហ្វ និងដែនដីដែលត្រូវដណ្ដើមកាន់កាប់ សុទ្ធតែជារឿងចាស់ៗ ហើយផែនការសន្តិភាពនៅមជ្ឈឹមបូព៌ា គឺគ្រាន់តែជាការបន្តជំហានដែលប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់អនុវត្តរួចមកហើយ ដូចជាការទទួលស្គាល់ក្រុងយេរ៉ូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំ២០១៧, ការផ្លាស់ស្ថានទូតអាម៉េរិកពីតែលអាវីវ ទៅកាន់ក្រុងយេរ៉ូសាឡឹមកាលពីខែឧសភា ឆ្នាំ២០១៨, ការទទួលស្គាល់តំបន់ខ្ពង់រាបហ្គោឡាន់ (Golan) ថាស្ថិតនៅក្រោមអធិបតេយ្យភាពរបស់អ៊ីស្រាអែលកាលខែមីនា ឆ្នាំ២០១៩ និងចុងក្រោយបំផុតគឺគាំទ្រអ៊ីស្រាអែលក្នុងការកសាងតំបន់តាំងលំនៅរបស់ជនជាតិជីហ្វនៅវេសវបែង ដែលជាតំបន់ដណ្ដើមកាន់កាប់បានពីប៉ាឡេស្ទីន កាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៩។ ជំហរបស់សហរដ្ឋអាម៉េរិកទាំងនេះ ត្រូវបានគេមើលឃើញថាជាភាពលម្អៀងទៅរកអ៊ីស្រាអែល ហើយជំហរនេះក៏ត្រូវបានជំទាស់ដោយប៉ាឡេស្ទីននិងប្រទេសផ្សេងៗនៅអារ៉ាប់ ក៏ដូចជាពិភពលោក ហើយវាក៏ជាឧបសគ្គដ៏ធំដែលរារាំងដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ាដែរ។
កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ សន្និបាតអារ៉ាប់ (AL) បានចេញសេចក្ដីប្រកាសជាផ្លូវការដោយជំទាស់នឹងផែនការសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយសារតែ «អយុត្តិធម៌» ចំពោះជនជាតិប៉ាឡេស្ទីន ហើយក៏មិនឆ្លើយតបចំពោះសិទ្ធិជាមូលដ្ឋាន ព្រមទាំងបំណងប្រាថ្នារបស់ជនជាតិប៉ាឡេស្ទីនដែរ។ ជាច្រើនឆ្នាំកន្លងមក មតិផ្សេងៗនៃការប្រជុំកំពូលអារ៉ាប់ ដាក់ឱ្យយេរ៉ូសាឡឹមខាងកើតជារដ្ឋធានីរបស់ប៉ាឡេស្ទីនដែលឯករាជ្យ ដោយមានបន្ទាត់ព្រំដែនដែលត្រូវបានកំណត់មុនសង្រ្គាមឆ្នាំ១៩៦៧ ហេតុដូចនេះទើបបណ្ដាមេដឹកនាំអារ៉ាប់អះអាងថា មិនរួមដៃនឹងសហរដ្ឋអាម៉េរិកដើម្បីអនុវត្តផែនការនេះទេ រីឯខាងប៉ាឡេស្ទីន មានឥរិយាបថកាន់តែដាច់ខាត ដោយចោទសហរដ្ឋអាម៉េរិកជាច្រើនសារថា កំពុងបំផ្លាញដំណើរសន្តិភាពតាមរយៈការប្រកាសផែនការ«ដែលគ្មានទំនួលខុសត្រូវ» និង«ខ្វះចក្ខុវិស័យ»។
នៅក្នុងការប្រជុំបន្ទាន់នៅក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការសហប្រតិបត្តិការអ៊ិស្លាម (OIC) ដែលមានប្រទេសជាសមាជិកចំនួន៥៧ប្រទេស ជាតំណាងឱ្យមូស្លីមទូទាំងពិភពលោកជាង១ពាន់៥រយលាននាក់ បានចេញសេចក្ដីថ្លែងការណ៍ជំទាស់នឹងផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយថែមទាំងជំរុញឱ្យប្រទេសជាសមាជិក កុំគាំទ្រការអនុវត្តផែនការនេះ។
ជំហររបស់ពិភពលោកបង្ហាញឱ្យឃើញថា ឥរិយាបថរបស់ជនជាតិប៉ាឡេស្ទីន និងពិភពអារ៉ាប់ ជាអ្វីដែលមិនពិបាកយល់ទេ ហើយវាបង្ហាញឱ្យឃើញថា ផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាម៉េរិកមិនអាចទៅរួចទេ ក្នុងសេចក្ដីប្រកាសជាផ្លូវការកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ អនុប្រធានគណៈកម្មការអឺរ៉ុប (EC) និងតំណាងជាន់ខ្ពស់ពាក់ព័ន្ធនឹងនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) ចូសេប បូរែល (Josep Borrel) បានអះអាងថា ផែនការសន្តិភាពថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងមិនអាចទទួលបានជោគជ័យទេ បើគ្មានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមទាំងជនជាតិប៉ាឡេស្ទីន និងពិភពអារ៉ាប់។ សេចក្ដីប្រកាសនេះបង្ហាញឱ្យឃើញថា អឺរ៉ុបគ្មានភាពជឿជាក់ចំពោះផែនការសន្តិភាពរបស់សហរដ្ឋអាម៉េរិកមួយនេះទេ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកវិភាគជាច្រើននាក់យល់ឃើញថា សំណើដោះស្រាយបញ្ហាតំបន់តាំងលំនៅរបស់ជនជាតិជីហ្វរបស់សហរដ្ឋអាម៉េរិក ផ្ទុយនឹងគោលការណ៍ចំណាត់ការរដ្ឋពីរដែលទទួលបានការគាំទ្រពីបណ្ដាប្រទេសនានាជាយូរមកហើយ មានន័យថា «កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍» របស់សហរដ្ឋអាម៉េរិក ដើម្បីដោះស្រាយបញ្ហានៅមជ្ឈឹមបូព៌ា មិនស្របនឹងដំណើរសន្តិភាពរបស់ប្រជាជាតិពិភពលោកកំពុងប្រកាន់ខ្ជាប់ក្នុងការនាំប៉ាឡេស្ទីននិងអ៊ីស្រាអែលត្រឡប់មកតុចរចារទេ ដូចនេះ ផែនការដែលមានភាពលម្អៀងទៅភាគីម្ខាងនិងអយុត្តិធម៌ នឹងមិនអាចបោះជំហានទៅមុខបានទេ គឺមានតែធ្វើឱ្យមជ្ឈឹមបូព៌ាដែលមានភាពច្របូកច្របល់និងស្មុគស្មាញខ្លាំងស្រាប់ទៅហើយនោះ ឱ្យកាន់តែជ្រៅនិងជាប់គាំងខ្លាំងឡើង។
នៅពីក្រោយនៃផែនការនេះ ក្រុមអ្នករិះគន់ សង្ស័យអំពីពេលវេលានៃការបង្ហាញផែនការនេះ។ ពួកគេសង្ស័យថា វាជាឧបាយកលដើម្បីអំពាវនាវដល់ចលនាអ្នកតាំងទីលំនៅអ៊ីស្រាអែលដែលអភិរក្សនិយម និងអ្នកផ្សព្វផ្សាយសាសនានៅសហរដ្ឋអាមេរិក ព្រោះថាពួកគេទាំងពីរសុទ្ធតែត្រូវឈរឈ្មោះបោះឆ្នោតនាពេលខាងមុខដូចគ្នា។ កិច្ចព្រមព្រៀងដែលបានប្រកាសនៅក្រុងយេរ៉ូសាឡឹមជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល មិនមានអ្វីលើសពីក្តីសុបិនមួយដែលគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់នេះទេ។ សន្តិភាពយូរអង្វែងក៏នឹងមិនអាចសម្រេចបានឡើយ ប្រសិនបើផលប្រយោជន៍លម្អៀងទៅភាគីណាមួយ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
ចាប់ពីចុងសតវត្សរ៍ទី១៦ រហូតដល់ដើមសតវត្សរ៍ទី២០ ទំនាក់ទំនងរវាងចក្រភពអូតូម៉ង់(តួកគី)និងចក្រភពរុស្ស៊ី ជាធម្មតាមានលក្ខណៈមិនល្អនិងមានអរិភាពនឹងគ្នា។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមជាច្រើនលើកច្រើនសារ ហើយប្រទេសរុស្ស៊ីបានព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់បាល់កង់និងបានគ្រប់គ្រង Bosphorus ចំពេលដែលចក្រភពអូតូម៉ង់ចុះខ្សោយ។
នៅដើមទសវត្សឆ្នាំ១៩២០ ប្រទេសរុស្ស៊ី (សហភាពសូវៀត) បានប្រកាសទទួលស្គាល់ប្រទេសតួកគីជាផ្លូវការ ក្រោយពេលដែលរដ្ឋាភិបាលរុស្ស៊ី Bolshevik ជួយដល់បដិវត្តតួកគីក្នុងអំឡុងសង្គ្រាមដណ្តើមឯករាជ្យរបស់តួកគី ។
ទំនាក់ទំនងនៃប្រទេសទាំងពីរបានប្រែទៅជាជូរចត់នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ខណៈពេលដែលរដ្ឋា ភិបាលសូវៀតបានទាមទារទឹកដីនិងទាមទារសម្បទានផ្សេងទៀតពីប្រទេសតួកគី។
តួកគីបានចូលរួមជាមួយអង្គការណាតូក្នុងឆ្នាំ១៩៥២ និងបានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចប្រឆាំងនឹងអនុសញ្ញាវ៉ាសូវី (Warsaw Pact) នៅអំឡុងក្នុងសង្គ្រាមត្រជាក់។ នៅពេលនោះហើយដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងកម្រិតទាបបំផុត។
ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចាប់ផ្តើមធ្វើឱ្យប្រសើរឡើងនៅឆ្នាំបន្ទាប់ នៅពេលដែលសហភាពសូវៀតបានលះបង់ការទាមទារទឹកដីរបស់តួកគីបន្ទាប់ពីការស្លាប់របស់ស្តាលីន។
បន្ទាប់ពីសហភាពសូវៀតដួលរលំក្នុងឆ្នាំ១៩៩១ ទំនាក់ទំនងរវាងប្រទេសតួកគីនិងរុស្ស៊ីមានភាពប្រសើរឡើងគួរ ឱ្យកត់សម្គាល់ ហើយប្រទេសទាំងពីរបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ។ ប្រទេសរុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ថាមពលដ៏ធំបំផុតរបស់ប្រទេសតួកគី ខណៈដែលក្រុមហ៊ុនតួកគីជាច្រើនបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី មិនតែប៉ុណ្ណោះ ប្រទេសតួកគីបានក្លាយជាគោលដៅទេសចរណ៍សម្រាប់ទេសចររុស្ស៊ីថែមទៀតផង។
ទោះបីយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរនៅតែប្រកាន់ជំហរផ្ទុយគ្នាអំពីគោលនយោបាយការបរទេស ជាពិសេសក្នុងបញ្ហាតានតឹងមួយចំនួន ដូចជា ជម្លោះ Nagorno-Karabakh, សង្គ្រាមស៊ីវិលស៊ីរី, ជម្លោះកូសូវ៉ូ និងមាន ទស្សនៈផ្ទុយគ្នាអំពីអំពើប្រល័យពូជសាសន៍អាមេនី ជាដើម។
លើសពីនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏មានភាពតានតឹងផងដែរ បន្ទាប់ពីតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ ប៉ុន្តែ ឆ្នាំ២០១៧ ក៏បានក្លាយជាធម្មតាឡើងវិញ រហូតមានកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលការពាដែនអាកាស S-400 និងថាមពលពីប្រទេសរុស្ស៊ីផងដែរ។
បើក្រលេកមើលអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរថ្មីៗនេះហាក់មានភាពតានតឹងកើតឡើងម្តងទៀត នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយសារតែការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយរុស្ស៊ីជាមួយនឹងកម្លាំងឧទ្ទាមប្រឆាំងរបបអាសាដ ដែលគាំទ្រដោយតួកគីនៅក្នុងខេត្តអ៊ីដលីប (Idlib) ស្ថិតជាប់ព្រំដែនជាមួយតួកគី ដែលបានធ្វើឱ្យទាហានតួកគីស្លាប់ និងរបួសជាបន្តបន្ទាប់។
ការប្រយុទ្ធគ្នានេះហាក់ដូចជាការបង្ហាញកម្លាំងនៃរបបស៊ីរីដែលគាំទ្រដោយរុស្ស៊ី ប្រឆាំងនឹងក្រុមឧទ្ទាមនិងក្រុមជ្រុលនិយមស៊ីរីដែលគាំទ្រដោយតួកគី។ ប៉ុន្តែ វាដូចជាផ្ទុយទៅនឹងសកម្មភាពរវាងតួកគី និងរុស្ស៊ីដែលកំពុងតែធ្វើកិច្ចព្រមព្រៀងស្តីពីការទិញប្រព័ន្ធមីសុីលការពារដែនអាកាស S-៤០០ និងកិច្ចព្រមព្រៀងស្តីពីថាមពលផងដែរ។
លោក ប្រធានាធិបតី Erdogan ក៏បានរិះគន់រុស្ស៊ីដែលជាសម្ព័ន្ធមិត្តថាងាយនឹងរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនស្តីពីកិច្ចព្រមព្រៀងស៊ូជី (Sochi) ឆ្នាំ២០១៨ ។
សូមរម្លឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៨ តួកគីនិងរុស្ស៊ី បានចេញមុខធ្វើកិច្ចព្រមព្រៀងមួយដើម្បីកំណត់តំបន់ភាគខាងជើងស៊ីរី នៅជាប់តាមបណ្តោយព្រំដែនតួកគី គឺជាតំបន់គ្មានអាវុធ។ ក្នុងន័យនេះ តួកគីបានបញ្ជូនទ័ពខ្លួនចូលមកតំបន់ក្បែរក្រុងអ៊ីដលីប ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន និងដកហូតអាវុធពីក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី។ ប៉ុន្តែអ្វីដែលគេសង្កេតឃើញថា រយៈប្រមាណជាង១ឆ្នាំមកហើយកិច្ចនេះធ្វើមិនទាន់ចេញនៅឡើយទេ។
ប្រទេសតួកគីបានប្រើគ្រប់មធ្យោបាយដើម្បីដាក់សម្ពាធលើរុស្ស៊ី ដូចជា ការធ្វើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតួកគីទៅប្រទេសអ៊ុយក្រែន ការប្រកាសគំរាមវាយប្រហាររបបអាសាដ ការស្នើសុំឱ្យអាម៉េរិកដាក់ពង្រាយមីស៊ីល ប៉ាទ្រីយ៉ូតចំនួន២គ្រាប់ ដើម្បីរារាំងនឹងប្រទេសរុស្ស៊ីក្នុងការគាំទ្រដល់ការវាយប្រហារណាមួយរបស់អាសាដ។
ការប្រយុទ្ធគ្នារវាងកងកម្លាំងរបបអាសាដ និងកងទ័ពតួកគីមិនអាចរលត់បានទេ បើគ្មានភ្លើងខៀវពីរុស្ស៊ី ព្រោះ រុស្ស៊ីជាអ្នកសម្រេចជួយកសាងឡើងនូវរដ្ឋាភិបាលស៊ីរី។ ដោយឡែកតួកគី ទោះបីជា លោកប្រធានាធិបតីអ៊ែរដូហ្កាន ប្រើសម្តីគម្រាមខ្លាំងយ៉ាងណា ក៏ខ្លួននៅតែខ្លាចចិត្តរុស្ស៊ីដែរ។ ហេតុដូច្នេះហើយ បានយើងឃើញថាតួកគីព្យាយាមស្នើរុស្ស៊ីចរចាគ្នា។
តាមរយៈការស្នើសុំចរចារនេះ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីតួកគី លោក Tayyip Erdogan បានយល់ព្រមចាត់វិធានការជាបន្ទាន់ដើម្បីធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។ លោក Vladimir Putin និងលោក Tayyip Erdogan បាននិយាយាគ្នាតាមទូរស័ព្ទដែលផ្តួចផ្តើមដោយភាគីតួកគីបានលើកឡើងអំពីភាពចាំបាច់ដើម្បីអនុវត្តកិច្ចព្រមព្រៀងរុស្ស៊ី-តួកគី ស្តីពីតំបន់អ៊ីដលីបនៅស៊ីរី ដែលគេមើលឃើញថាកិច្ចសហប្រតិបត្តិការកើតឡើងដើម្បីបន្សាបក្រុមជ្រុលនិយម។
ទន្ទឹមនឹងនេះ មេដឹកនាំទាំងពីរបានសន្យារួមគ្នាថា ត្រូវតែគោរពកិច្ចព្រមព្រៀងស៊ូជីឱ្យបាន មានន័យថា ត្រូវតែបិទបញ្ចប់ការផ្ទុះអាវុធនៅតំបន់ភាគខាងជើងស៊ីរី ដែលបានសន្យាគ្នារួចហើយ។ ប្រទេសរុស្ស៊ីក៏បានបញ្ជូនគណៈប្រតិភូយោធាទៅប្រទេសតួកគីដើម្បីជួបប្រជុំគ្នាអំពីជម្លោះដែលកំពុងកើតមាននៅខេត្ត Idlib ប្រទេសស៊ីរី ហើយ ប្រទេស តួកគីក៏បានបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅ កាន់ក្រុងម៉ូស្គូដើម្បីធ្វើការចរចាផងដែរ ប៉ុន្តែ មិនទាន់សម្រេចជាសាច់ការអ្វីទេ។
មិនត្រឹមតែប៉ុណ្ណោះ ភាពតានតឹងនេះបានបង្កឱ្យរាំងស្ទះក្នុងការនាំចូលបន្លែ ផ្លែឈើរាប់ពាន់តោនទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ ជាក់ស្តែង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រទេសរុស្ស៊ីបានឈប់ទទួលយកការនាំចូលប៉េងប៉ោះ ៥០០០ តោន ដោយឱ្យរង់ចាំនៅព្រំដែន ដែលធ្វើឱ្យតួកគីបាត់បង់ហិរញ្ញវត្ថុប្រហែល ២០ លានទៅ ៣០ លានដុល្លារ នេះក៏អាចជាការដាក់សម្ពាធមួយរបស់រុស្ស៊ី ចំពោះតួកគីដែរ។
ថ្វីបើមានការដាក់សម្ពាធទៅវិញមកនិងមានការចរចាគ្នាក៏ដោយ ក៏ស្ថានភាពនៃទំនាក់ទំនងរវាងរុស្ស៊ី និងតួកគីហាក់នៅទ្រឹងដែរ។ រីឯការប្រឈមមុខដាក់គ្នានៅតែបន្តកើតឡើងរវាងកងកម្លាំងឧទ្ទាមដែលគាំទ្រដោយតួគី និងកងកម្លាំងរបបអាសាធដែលគាំទ្រដោយរុស្ស៊ី ព្រោះថា រុស្ស៊ី ក៏ដូចតួកគីដែរ គឺមិនអាចគ្រប់គ្រងក្រុមរបស់ខ្លួនបានទាំងស្រុងទេ។ ទោះជាយ៉ាងណា ក៏ភាគីរុស្ស៊ីនិងភាគីតួកគី នៅតែប្តេជ្ញាចិត្តការពារកិច្ចព្រមព្រៀងទីក្រុងស៊ូជី(Sochi) ឱ្យបាន ដើម្បីរំលត់ស្នូរផ្ទុះអាវុធនៅតំបន់ភាគខាងជើងស៊ីរី និងមានបំណងបន្ធូរបន្ថយភាពតានតឹង ព្រមទាំងនឹងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពប្រក្រតីឡើងវិញ ថ្វីបើរហូតដល់ពេលនេះកងទ័ពតួកគីបានស្លាប់កើនរហូតដល់៥៣នាក់ក៍ដោយ៕
RAC Media
ក្រុមការងារគណៈកម្មការរៀបចំការប្រឡង នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវត្តមានតំណាងមកពីទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងមុខងារសាធារណៈ រាជបណ្ឌិត្យសភាកម្ពុជា សូមប្រកាសលទ្ធផលវិញ្ញាសាសរសេរ សម័យប្រឡង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ កាលពីម្សិលមិញនេះ ដើម្បីទុកជាការជូនដំណឹងដល់បេក្ខជនដែលបានចូលរួមប្រឡងប្រឡងទាំងអស់។
ចំពោះបេក្ខជនដែលប្រឡងជាប់ សូមត្រៀមលក្ខណៈសម្រាប់បន្តការប្រឡងវិញ្ញាសាផ្ទាល់មាត់នៅថ្ងៃស្អែកទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ៨.៣០នាទីព្រឹកតទៅ។
អាស្រ័យហេតុនេះ សូមបេក្ខជនដែលជាប់ក្នុងការប្រឡងវិញ្ញាសាសរសេរទាំង ៤៧នាក់ (ស្រី ១៧នាក់) មកចូលរួមការប្រឡងវិញ្ញាសាផ្ទាល់មាត់ នៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា វេលាម៉ោង ៨.៣០នាទីព្រឹក ជាកំណត់នៃការចាប់ផ្តើម។
បញ្ជាក់៖ បេក្ខជនគប្បីមកដល់កន្លែងប្រឡងមុនកំណត់ ដើម្បីត្រៀមលក្ខណៈ និង ទទួលការណែនាំផ្សេងៗ។
សូមអរគុណ។
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ឱ្យចូលបម្រើការងារក្នុងរាជបណ្ឌិត្យសភាកម្ពុជា ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានសមាសភាពចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងមុខងារសាធារណៈផងដែរ។
ដើម្បីធានាការរៀបចំដំណើរការប្រឡងឱ្យប្រព្រឹត្តទៅបានដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវចំពោះបេក្ខជនប្រឡងទាំងអស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំគណៈកម្មការ និងអនុគណៈកម្មការរៀបចំដំណើការប្រឡងទាំងអស់ត្រូវតែយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចដែលបានបែងចែករៀងៗខ្លួនឱ្យបានល្អប្រសើរ។
ចំពោះការប្រឡងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា វិញ្ញសាប្រឡងទាំងបី ត្រូវបានសម្រិតសម្រាំងយ៉ាងសុក្រឹតពីគណៈកម្មការជំនាញនីមួយៗដែលមានបទពិសោធន៍លើការអនុវត្តការងារជាក់ស្តែង និងទ្រឹស្តី ហើយវិញ្ញាសាទាំងអស់ត្រូវបានរក្សាយ៉ាងសម្ងាត់បំផុត មុនពេលចែកជូនបេក្ខជនប្រឡង នាពេលនេះ។
ពីរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវការជ្រើសរើសមន្ត្រីដែលមានសមត្ថភាព មានឆន្ទៈបម្រើការងារច្បាស់លាស់ ដើម្បីបម្រើការងារជូនស្ថាប័ន និងជាតិមាតុភូមិឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព ស្របតាមតួនាទីភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលមានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
សូមជម្រាបជូនថា នៅព្រឹកនេះ បេក្ខជនទាំងអស់ត្រូវប្រឡងវិញ្ញាសាចំនួន២វិញ្ញាសា រួមមាន វិញ្ញាសាចំណេះទូទៅ និងវិញ្ញាសាភាសាអង់គ្លេស។ រីឯ ពេលរសៀល ពួកគេត្រូវប្រឡងវិញ្ញាសាជំនាញ។ ការប្រឡងដ៏តឹងរឹងនាពេលនេះ មានគោលបំណងស្វែងរកមន្ត្រីដែលមានសមត្ថភាពពិតប្រាកដចូលបម្រើការងារក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការឆ្នាំ២០២០នេះ បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេររួច ពួកគេនឹងត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាផ្ទាល់មាត់ថែមទៀត។
ចំពោះលទ្ធផលប្រឡង រាជបណ្ឌិត្យសភាកម្ពុជានឹងប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់ជាស្ថាបពរនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
គួរជម្រាបជូនផងដែរថា តាមផ្អែកព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
តាមការប្រកាសរបស់រាជបណ្ឌិត្យសភាកម្ពុជា ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ«ក» ចូលបម្រើការនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកុម្ភៈ ស្អែកនេះ ចាប់ពីវេលាម៉ោង ៧.៣០ តទៅ៖
១. ពេលព្រឹក៖
- ៧.៣០នាទីព្រឹក - ៩.៣០នាទីព្រឹក ៖ ប្រឡងវិញ្ញាសាវប្បធម៌ទូទៅ
- ១០.០០នាទីព្រឹក - ១១.៣០នាទីព្រឹក ៖ ប្រឡងវិញ្ញាសាអង់គ្លេស
២. ពេលរសៀល៖
- ១៤.០០នាទី រសៀល ៖ ប្រឡងវិញ្ញាសាជំនាញ
ខាងក្រោមនេះ ជាបញ្ជីបេក្ខជនដែលត្រូវចូលរួមប្រឡងនៅថ្ងៃស្អែកនេះ៖
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។
ដើម្បីរៀបចំដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវនៅថ្ងៃស្អែកនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំគណៈកម្មការ និងអនុគណៈកម្មការរៀបចំដំណើការប្រឡងទាំងអស់ត្រូវតែយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចដែលបានបែងចែករៀងៗខ្លួនឱ្យបានល្អប្រសើរ។
ពីក្នុងសាលសន្និសីទ អគាឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវការជ្រើសរើសមន្ត្រីដែលមានសមត្ថភាព មានឆន្ទៈបម្រើការងារច្បាស់លាស់ ដើម្បីបម្រើការងារជូនស្ថាប័ន និងជាតិមាតុភូមិឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព ស្របតាមតួនាទីភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលមានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យាបច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី រយៈពេលមួយថ្ងៃ គឺថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ដើម្បីស្វែងរកមន្ត្រីដែលមានសមត្ថភាពពិតប្រាកដចូលបម្រើការងារក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការឆ្នាំ២០២០ស្អែកនេះ បេក្ខជនទាំងអស់ត្រូវប្រឡងវិញ្ញាសាសរសេរចំនួនបី វិញ្ញាសារួមមាន៖ វិញ្ញាសាចំណេះដឹងទូទៅ, វិញ្ញាសារភាសាអង់គ្លេស និងវិញ្ញាសារជំនាញ។ បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេររួច ពួកគេនឹងត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាផ្ទាល់មាត់ថែមទៀត។ រាជបណ្ឌិត្យសភាកម្ពុជានឹងប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់ជាស្ថាបពរនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
សូមជម្រាបជូនថា តាមផ្អែកព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media| រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនបរទេសទីមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងជា «សមាជិកកិត្តិយស»នៃរាជបណ្ឌិត្យសភាកម្ពុជា។ រាជរដ្ឋាភិបាលបានសម្រេចតែងតាំងឯកឧត្ដម Dmitry TSVETKOV ជា «សមាជិកកិត្តិយស»នៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈអនុក្រឹត្យលេខ ១៥១៨ អនក្រ.តត ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។
នៅរសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំប្រារព្ធពិធីប្រកាសគោរមងារជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនចំពោះឯកឧត្ដម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងពិធីប្រកាសគោរមងារកិត្តិយសជូនដល់ឯកឧត្ដម Dmitry TSVETKOVដែលត្រូវរៀបចំឡើងក្នុងសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងរសៀលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា ឯកឧត្ដម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា មានគុណសម្បត្តិក្នុងការបំពេញភារកិច្ចជាតំណាងស្ថានទូតសហព័ន្ធរុស្ស៊ី មានគុណបំណាច់និងស្នាដៃក្នុងការដឹកនាំ គ្រប់គ្រងស្ថាប័ន សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការរឹតចំណងកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្ររវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរុស្ស៊ី។
បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា និង ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលតែងផ្តល់ឱកាសដល់រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានសមាជិកបណ្ឌិតសភា ដែលសុទ្ធសឹងជាឥស្សរជននិងបញ្ញាជនជាន់ខ្ពស់របស់ជាតិនិងអន្តរជាតិជាបន្តបន្ទាប់។
ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច សង្ឃឹមយ៉ាងមុតមាំថា ក្នុងនាមជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្បុជា ឯកឧត្ដម Dmitry TSVETKOV នឹងបន្តរួមចំណែកជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងការងារសិក្សាស្រាវជ្រាវរវាងស្ថាប័នសិក្សាស្រាវជ្រាវប្រទេសទាំងពីរ «កម្ពុជា-រុស្ស៊ី» ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពទ្វេឡើង។
ក្នុងឱកាសនេះដែរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជាគឺជាស្ថាប័នស្រាវជ្រាវរបស់ជាតិ មានទស្សនវិស័យច្បាស់លាស់លើការអភិវឌ្ឍធនធានមនុស្ស និងការស្រាវជ្រាវវិទ្យាសាស្ត្រ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍បន្ថែមទៀតថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងសង្គមជាតិកម្ពុជា ត្រូវការឱ្យដើរទន្ទឹមគ្នានឹងការរីកចម្រើនក្នុងវិស័យសិក្សាស្រាវជ្រាវគ្រប់វិស័យ ជាពិសេសវិស័យបច្ចេកវិទ្យា និង វិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ចេញពីចំណុចនេះ ខ្ញុំមានទស្សនៈជឿជាក់យ៉ាងមុតមាំថា ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនេះ កំពុងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ តាមរយៈការសិក្សាស្រាវជ្រាវ និងផ្ដល់ធាតុចូលជូនរាជរដ្ឋាភិបាល ឱ្យស្របតាមចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ចាត់ទុក ឯកឧត្ដម Dmitry TSVETKOVជាធនធានបញ្ញាជននិងជាឥស្សរជនជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី។ ហើយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យបានមានប្រសាសន៍សង្ឃឹមទុកយ៉ាងមុតមាំថា សមាជិកកិត្តិយស ទី១ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តរួមចំណែកជំរុញ និងអភិវឌ្ឍវិស័យស្រាវជ្រាវនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ទាំងផ្នែកវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិត រវាងប្រទេសទាំងពីរ, កម្ពុជា-រុស្ស៊ី, ឱ្យស្របគ្នានឹងបេសកកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងសម្ភារៈ។
សូមជម្រាបជូន ឯកឧត្ដម Dmitry TSVETKOV បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយពីសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិក្រុងមូស្គូ (Moscow State University of International Relations)។ ឯកឧត្ដមជាឥស្សរជនដែលមានភាពវ័យឆ្លាត ក្រៅពីភាសាកំណើត ឯកឧត្ដមអាចនិយាយនិងប្រើប្រាស់បានបីភាសា បានយ៉ាងស្ទាត់ជំនាញ គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។ ទន្ទឹមគ្នានេះដែរ ឯកឧត្ដម Dmitry TSVETKOV បានទទួលនូវកោតសរសើរនិងទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើន ពីរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី មានដូចជា៖
១- ឆ្នាំ២០១៣ ទទួលមេដាយឥស្សរិយយស “For Merits to the Fatherland”
២- ឆ្នាំ២០១៨ ទទួលមេដាយឥស្សរិយយស “The Commemorative Medal” របស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និង
៣- សញ្ញាបត្រកិត្តិយសនៃក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធសភារបស់សហព័ន្ធរុស្ស៊ី នាឆ្នាំ២០១៦។
ជាការគួរកត់សម្គាល់បន្ថែមលើសមត្ថភាព និងគុណវុឌ្ឍក្នុងនាមជាអ្នកការទូតដ៏ឆ្នើម ឯកឧត្ដម Dmitry TSVETKOV បានទទួលនូវគ្រឿងឥស្សរិយយសផ្សេងៗពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទៀតផង រួមមានដូចជា៖
១-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់អស្សឫទ្ធិ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦
២-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន្ន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨
៣-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ថ្មីៗនៅដើមឆ្នាំ២០២០នេះ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដម បានបង្ហាញពីការតាំងចិត្តនឹងរួមចំណែកពង្រឹង និងជម្រុញកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យអប់រំ ជាពិសេសលើកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ រវាងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នស្រាវជ្រាវរុស្ស៊ីនានា នៃសហព័ន្ធរុស្ស៊ីផងដែរ៕
----
His Excellency Dmitry TSVETKOV, the First Foreign Dignitary Appointed by the Royal Government of Cambodia as the “Honorary Member” of the Royal Academy of Cambodia
(RAC): His Excellency Dmitry TSVETKOV, the Ambassador of the Russian Federation to the Kingdom of Cambodia, is the first foreign dignitary being appointed as the “Honorary Member” of the Royal Academy of Cambodia by the Royal Government of Cambodia. The RGC has approved of appointing H.E Dmitry TSVETKOV as the “Honorary Member” of RAC through the Sub-decree 1518, dated on 27 December 2019.
On 24 February 2020, RAC has held the Awarding Ceremony of Honorary Membership of the Royal Academy of Cambodia for H.E Dmitry TSVETKOV, the Ambassador of the Russian Federation to the Kingdom of Cambodia, which is highly presided over by His Excellency Akka Binditsapheacha Aun Pornmuniroth, Deputy Prime Minister, Minister of Economy and Finance, and the Chairman of the Council of Academicians of the Royal Academy of Cambodia.
In this awarding ceremony, His Excellency Academician Sok Touch, Standing Chairman of the Council of Academicians and the President of the Royal Academy of Cambodia has made such a remark that H.E Dmitry TSVETKOV, the Ambassador of the Russian Federation to the Kingdom of Cambodia, has had merits of completing his duty as the representative of the Russian Federation embassy, had achievements in leading, controlling the institution, coordinating the cooperation between the two nations, as well as strengthening the joint cooperation on scientific research between the Royal Academy of Cambodia and Russian research institutions.
Moreover, H.E Academician Sok Touch has shown his great gratitude to Samdech Akka Moha Sena Padei Techo Hun Sen, the Prime Minister of the Kingdom of Cambodia and the Honorary Chairman of the Council of Academicians of the Royal Academy of Cambodia, and His Excellency Akka Binditsapheacha, Deputy Prime Minister, who have always provided opportunities to RAC to consecutively receive academic members who are the national and international dignitaries and senior intellectuals.
In the meantime, H.E Academician Sok Touch strongly hopes that in the name of a honorary member of the Royal Academy of Cambodia H.E Dmitry TSVETKOV will go on contributing with the RAC in order to strengthen and expand the scientific research collaboration between the research institutions of the two nations “Cambodia-Russia” to a better and more effective level.
In that occasion, H.E Akka Binditsapheacha Aun Pornmoniroth, Deputy Prime Minster, Minister of Economy and Finance, and the Chairman of the Council of Academicians of the Royal Academy of Cambodia, said that Royal Academy of Cambodia is a national research institute with a clear vision on human resource development and scientific research.
H.E Akka Binditsapheacha Aun Pornmoniroth, Deputy Prime Minster, Minister of Economy and Finance, and the Chairman of the Council of Academicians of the Royal Academy of Cambodia, also added “Both economic and social growth in Cambodia must go along with the growth in research in all sectors, especially technological and educational sectors which are the foundations of the development. Stemming from this, I have a strong belief that this Council of Academicians is significantly contributing to promoting the national development through researching and providing input to the Royal Government of Cambodia in accordance with the vision to transform Cambodia to become a high middle-income country by 2030 and to a high-income country by 2050.”
Meanwhile, H.E Akka Binditsapheacha Aun Pornmoniroth made such a regard that H.E Dmitry TSVETKOV is an intellectual resource and senior dignitary of the Russian Federation. Also, H.E Akka Binditsapheacha said with a strong expectation that the 1st Honorary Member of the Royal Academy of Cambodia will carry on contributing to the promotion and development of research in the Royal Academy of Cambodia as well as strengthening the research collaboration in both social and natural sciences between the two nations, Cambodia-Russia, in accordance with the mission of Royal Academy of Cambodia, which the Royal Government of Cambodia has shown full support in both spirit and materials.
It is to inform that H.E Dmitry TSVETKOV has graduated with PhD in Political Science from Moscow State University of International Relations. H.E is an intelligent dignitary as besides his mother tongue, he can speak three languages fluently: Khmer, English and French. In the meantime, H.E Dmitry TSVETKOV has obtained a lot of appreciation and medals of Honor from the Government of the Russian Federation as below:
1. In 2013, he was awarded the Medal of Order “For Merits to the Fatherland”
2. In 2018, he was awarded the Commemorative Medal of the President of the Russian Federation, and
3. In 2016, he was awarded the Honorary Degree of the Federation Council of the Federal Assembly of the Russian Federation.
What is more noticeable on the capabilities and qualifications in the name of an outstanding diplomat, H.E Dmitry TSVETKOV has obtained other Medals of Honor from the Government of the Kingdom of Cambodia including:
1. On 16 September 2016, he was awarded “The Royal Order of Sahametrei”, 3rd Class
2. On 19 September 2018, he was awarded “The Royal Order of Sahametrei”, 1st Class
3. On 19 November 2019, he was awarded “The Royal Order of Sahametrei Mahasenvudha”.
Recently, in early 2020 on the occasion of meeting between the leaders of the Royal Academy of Cambodia, His Excellency has shown his commitment and contribution to strengthening and promoting the joint-cooperation on the educational sector, especially scientific research between the Royal Academy of Cambodia and other Russian research institutions of the Russian Federation.
RAC Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជា (Royal Academy of Cambodia) នឹងរៀបចំប្រារព្ធពិធីប្រកាសសមាជិកកិត្តិយសជូនឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដើម្បីត្រៀមលក្ខណៈទទួលវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូត តំណាងស្ថានទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងនិស្សិតជាច្រើនរូប នៅរសៀលនៅថ្ងៃទី២៤ ខែកុម្ភៈ នៅ RAC ខាងមុខនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំកិច្ចប្រជុំណែនាំឱ្យអនុគណៈកម្មការទទួលបន្ទុករៀបចំពិធីប្រកាសសមាជិកកិត្តិយសទាំងអស់ត្រូវតែយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលការងារប្រសើរ។
ថ្លែងក្នុងឱកាសកិច្ចប្រជុំនារសៀលថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងបន្ទប់ប្រជុំ RAC ២-១១ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាដែលទទួលបានការឧទ្ទេសនាមទាំងអស់ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាពច្បាស់លាស់ ហ្មត់ចត់ តាមការបែងចែករបស់រាជបណ្ឌិត្យសភាកម្ពុជា ឱ្យស័ក្កិសមនឹងកិត្តិយសក្នុងស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ។
សូមជម្រាបជូនថា ឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៥១៨ អនក្រ.តត ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ ការប្រកាសជូនឯកឧត្តម Dmitry TSVETKOV ជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការការងាររវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត៕
RAC Media| រឿន ភារុន
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM