Royal Academy of Cambodia
(រូបភាពពី METRO News)
ការកើតឡើង និងការរីករាលដាលនៃមេរោគកូរ៉ូណា តាំងពីចុងឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន កំពុងតែបង្កើតឱ្យមានបញ្ហាជាច្រើនដល់ពិភពលោក ទាំងសុខភាពសាកល ទាំងសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងៗទៀតយ៉ាងធ្ងន់ធ្ងរ។ ក្នុងចំណោមផលប៉ះពាល់ទាំងអស់ យើងសង្កេតឃើញថា មានការប៉ះពាល់យ៉ាងខ្លាំងលើសេដ្ឋកិច្ចពិភពលោក ជាពិសេស ប្រទេសចិនខ្លួនឯងដែលជាប្រភពនៃការកើតមានមេរោគនេះ។ តើផលប៉ះពាល់នេះមានស្ថានភាពបែបណា? តើប្រទេសដែលមានផលប៉ះពាល់ទាំងនោះ មានវិធានការបែបណាខ្លះដើម្បីទប់ទល់នឹងសភាពការណ៍នេះ?
បើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា ការកើតមាននូវមេរោគកូរ៉ូណា គឺជា «ភាពអាសន្នសុខភាពពិភពលោក» ដែលជាបញ្ហាគ្រោះថ្នាក់ដំបូងបង្អស់នៃយុគសម័យថ្មីក្នុងដើមឆ្នាំ២០២០នេះ។ ផលប៉ះពាល់មេរោគនេះ កំពុងតែរីករាលដាលពាសពេញពិភពលោកទាំងក្នុងទិដ្ឋភាពទីផ្សារពិភពលោក ទាំងលើទិដ្ឋភាពភូមិសាស្ត្រនយោបាយផងដែរ។ យោងតាមសារព័ត៌មានប្រចាំថ្ងៃចិន ចេញផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញថា មានចំនួនមនុស្សស្លាប់ដោយសារមេរោគនេះបានកើនឡើងដល់ ជាងមួយពាន់នាក់ អ្នកឆ្លងមេរោគនេះមានជាងបួនម៉ឺននាក់ ក្នុងប្រទេសជិត៣០។ អង្គការសុខភាពពិភពលោកបានដាក់ឈ្មោះវីរុសផ្លូវដង្ហើមកូរ៉ូណានេះទៅជា ខូវីដ-១៩ (COVID-19) វិញ និងត្រូវបានប្រកាសឱ្យប្រើប្រាស់ជាលក្ខណៈសាកល។
ផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក អាចនឹងរីកធំឡើងៗដែលមិនទាន់ប៉ាន់ស្មានបានពិតប្រាកដឡើយ ពិសេស វាកើតឡើងស្របពេលដែលសេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះ ខណៈពេលដែលក្រុមហ៊ុនអាម៉េរិកមួយចំនួននិងបណ្តាប្រទេសផ្សេងទៀតកំពុងផ្លាស់ប្តូរខ្សែផ្គត់ផ្គង់ពីប្រទេសចិនទៅកន្លែងផ្សេងទៀតដោយសារពន្ធថ្មី និងភាពតានតឹងខាងពាណិជ្ជកម្ម។ វីរុសនេះក៏បានដើរតួជាអង្គរំខានមួយផ្សេងទៀតសម្រាប់ក្រុមហ៊ុនដើម្បីធ្វើពិពិធកម្មខ្សែផ្គត់ផ្គង់របស់ពួកគេឱ្យកាន់តែឆាប់រហ័ស។ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងសហរដ្ឋអាម៉េរិកនិងចិន ការឆ្លងមេរោគនេះ ក៏ធ្វើឱ្យអន្តរាយដល់សុទិដ្ឋិនិយមពាណិជ្ជកម្មទ្វេភាគី ដែលបានជះឥទ្ធិពលដល់ទីផ្សារផងដែរ ពោលបានផ្លាស់ប្តូរ និងបានបង្កើនអត្រានៃការធ្លាក់ចុះនៃទីផ្សារពិភពលោកក្នុងឆ្នាំ ២០២០។ ធនាគារពិភពលោកនឹងកែប្រែឡើងវិញ នូវការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនថា នឹងធ្លាក់ចុះដោយសារការផ្ទុះឡើងនៃមេរោគ និងជំងឺ ខូវីដ-១៩ថ្មី ដោយសារតែបណ្តាញផ្គត់ផ្គង់សាកល។ ទំនិញចិនជាច្រើនបានចេញទៅកាន់ពិភពលោក តាមរយៈយន្តហោះដែលដឹកអ្នកដំណើរនិងទំនិញ ហើយក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងពិភពលោកបានផ្អាកការហោះហើរទៅកាន់និងពីប្រទេសចិន ចំណែកឯប្រទេសជិតខាងមួយចំនួនរបស់ចិនក៏បានបិទព្រំដែនរបស់ខ្លួន។ ទស្សនវិស័យសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងដល់ ២,៥% នៅឆ្នាំនេះបើធៀបនឹង២,៤%កាលពីឆ្នាំ២០១៩។
ប្រសិនបើវិបត្តិនេះនឹងអូសបន្លាយរយៈពេលមួយខែឬច្រើនខែទៅមុខទៀត នោះសេដ្ឋកិច្ចចិនអាចនឹង ធ្លាក់ចុះពី ២% ភាគរយនៃកំណើនដល់ ៤% ឬទាបជាងនេះ។ គួររំលឹកដែរថា ផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកមានច្រើនគួរឱ្យកត់សម្គាល់ជាងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកាលពីឆ្នាំ២០០៣ ដែលត្រូវបានគេប៉ាន់ស្មានថា បានបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចពិភពលោកចំនួន៤០ពាន់លានដុល្លារ និងកើនឡើង០,១% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ជាមួយនេះដែរ រដ្ឋាភិបាលចិនបានបញ្ចេញប្រាក់ជាង៥០ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចចិនឡើងវិញ ប៉ុន្តែមិនបានកំណត់ថា លើវិស័យណាជាអាទិភាពទេ។
ការឆ្លងមេរោគខូវីដ១៩ថ្មីនេះ ក៏បានប៉ះពាល់យ៉ាងខ្លាំងលើវិស័យទេសចរណ៍ពិភពលោកផងដែរ ពោលគឺមានចំនួន ១០,៤% នៃផលិតផលក្នុងស្រុកសរុប (GDP) និង១០% នៃនិកម្មភាពសាកលលោក។ ដូច្នេះ ស្ថានភាពនេះអាចដើរផ្ទុយនឹងការព្យាកររបស់អង្គការទេសចរណ៍អង្គការសហប្រជាជាតិ (UNWTO) ដែលបានព្យាករតាំងពីឆ្នាំ២០១៩ ថាទេសចរណ៍ពិភពលោកនឹងកើនឡើងពី ៣-៤% ក្នុងឆ្នាំ២០២០។ ចំណែកទីផ្សារទេសចរណ៍ចិនដែលមានភាពទាក់ទាញខ្លាំងសម្រាប់ពិភពលោក តួយ៉ាងទេសចរចិនប្រមាណ ១៦៣លាននាក់ ក្នុងឆ្នាំ២០១៨ មានចំនួនជិត ១ ភាគ ៣ នៃការលក់រាយនូវកញ្ចប់នៃការធ្វើដំណើរទូទាំងពិភពលោក ត្រូវបានកាត់បន្ថយយ៉ាងច្រើនសន្ធឹកសន្ធាប់។ គួររំលឹកថា ប្រទេសថៃទទួលទេសចរចិនប្រមាណ១០លាននាក់ក្នុងរយៈពេល២ទៅ៣ឆ្នាំជាប់ៗគ្នានេះ ប្រទេសវៀតណាមទទួលទេសចរចិនចំនួនប្រមាណ ៦លាននាក់ក្នុងមួយឆ្នាំៗ ដូចនេះ វត្តមាននៃមេរោគកូរ៉ូណាក្នុងដើមត្រីមាសឆ្នាំ២០២០ បានប៉ះពាល់ដល់វិស័យទេសចរណ៍ពិភពលោក ស្ទើរតែទាំងស្រុង។ ឧទាហរណ៍ប្រទេសថៃបានកាត់បន្ថយការព្យាករណ៍ផលិតផលក្នុងស្រុកសរុបឆ្នាំ២០២០ របស់ខ្លួន ហើយត្រៀមការខាតបង់ប្រាក់ចំណូលដែលបានរំពឹងទុកប្រមាណ ១,៦ពាន់លានដុល្លារ ក្រោយមានវិធានការរឹតបន្តឹងការធ្វើដំណើរបន្តរយៈពេល ៣ ខែទៀត។
បើពិនិត្យមើលវិស័យទីផ្សារហិរញ្ញវត្ថុវិញ យើងសង្កេតឃើញថា មានវិបត្តិច្រើនហួសពីការរំពឹងគិត។ ទីផ្សារភាគហ៊ុនបានធ្លាក់ចុះដំបូងនៅអាស៊ី ប៉ុន្តែ ទីផ្សារផ្សេងទៀតនៅអឺរ៉ុប និងអាម៉េរិកកំពុងមានដំណើរការល្អ មិនទាន់ជួបបញ្ហានៅឡើយ។ ក្នុងពេលនេះសន្ទស្សន៍ហង្សសេងបានបាត់បង់ប្រហែល ៦% ការខាតបង់គឺតិចតួចជាង ១% ការខាតបង់ត្រូវបានគេមើលឃើញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដូចជា រតនាគារសហរដ្ឋអាម៉េរិក ធ្លាក់ចុះក្រោម ១,៦%។ លើសពីនេះទៅទៀតប្រាក់ដុល្លារអាម៉េរិកនិងប្រាក់យ៉េនជប៉ុនបានកើនឡើង ខណៈរូបិយប័ណ្ណចិន និងតម្លៃប្រេងកាតកំពុងចុះខ្សោយ។
បើយើងប្រៀបធៀបបញ្ហាជំងឺសារដែលបានកើតឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០០២ យើងឃើញថា ពេលនោះមានអ្នកឆ្លងជំងឺសាររហូតចំនួន៨០៩៦នាក់ អ្នកស្លាប់ចំនួន ៧៧៤នាក់ ហើយជំងឺនោះបានរាលដាលដល់ប្រទេសចំនួន២៦។ រីឯមេរោគកូរ៉ូណាវិញ លេចរូបរាងដំបូងក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយអត្រាស្លាប់ មានចំនួនច្រើនជាង។ បញ្ហាជម្ងឺសារបានធ្វើឱ្យធ្លាក់ចុះទេសចរអន្តរជាតិចំនួន ៩,៤លាននាក់ គិតជាប្រាក់ប្រហែល ៣០ទៅ៥០ពាន់លានដុល្លារ ដែលកាលណោះ ប្រទេសចិនបានទទួលទេសចរបរទេសចំនួនតែ៣៨លាននាក់ ចំណែកទេសចរចិនខ្លួនឯងបានធ្វើដំណើរទៅក្រៅប្រទេសមានចំនួន១៧លាននាក់។ បើប្រៀបធៀបជាមួយឆ្នាំ២០១៩ ប្រទេសចិនបានទទួលទេសចរអន្តរជាតិចំនួន ១៤២លាននាក់ ហើយទេសចរចិនទៅទស្សនាបរទេសចំនួន១៣៤លាននាក់ រីឯទេសចរក្នុងស្រុកមានចំនួន ៥,៥ពាន់លាននាក់។
ប្រទេសមួយចំនួននៅអាស៊ាន និងប្រទេសមួយចំនួនទៀតលើពិភពលោកបានផ្អាកជើងហោះហើរទៅកាន់ខេត្ត ហ៊ូប៉ី (Hubei) ប្រទេសចិន។ ហេតុការណ៍នេះបានធ្វើឱ្យក្រុមហ៊ុនបរទេស ក្រុមហ៊ុនចិនជាច្រើនទាំងនៅក្នុងប្រទេសចិន និងបរទេសជួបការលំបាក់ក្នុងដំណើរការផលិតកម្មរបស់ខ្លួន។ តាមការប៉ាន់ស្មានផល ប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេសចិនពីជំងឺសារមានប្រហែល ១% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៣ ចំណែកឯផលប៉ះពាល់សេដ្ឋកិច្ចពីមេរោគកូរ៉ូណាមានរហូតដល់ ១,១% នៃកម្រិតព្យាករណ៍ចំនួន៥,៨%។
ដោយឡែកផលប៉ះពាល់លើសេដ្ឋកិច្ចកម្ពុជាវិញឃើញថា ដោយការវិនិយោគ និងពាណិជ្ជកម្មភាគច្រើនរបស់កម្ពុជា ពឹងផ្អែកទៅលើការវិនិយោគរបស់ជនជាតិចិន ដូច្នេះ ការផ្ទុះមេរោគកូរ៉ូណាថ្មីក៏បានធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងទាំងវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ពិសេស វិនិយោគិនចិនតែម្តង។ ជារួម ចំនួនទេសចរ ការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម សំណង់ និងអចលនទ្រព្យ នៅប្រទេសកម្ពុជា ជនជាតិចិនឈរ ក្នុងលំដាប់ថ្នាក់លេខ១ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ដូច្នេះ មេរោគកូរ៉ូណាថ្មីនេះ ពិតជាធ្វើ ឱ្យសេដ្ឋកិច្ចកម្ពុជាប្រឈមបញ្ហាធំជាងមុនសម្រាប់ឆ្នាំ២០២០នេះ។ ជាមួយគ្នានេះដែរ យោងតាមស្ថិតិរបស់ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ កន្លងទៅ ភ្ញៀវទេសចរចូលមកទស្សនាប្រទេសកម្ពុជា មាន ចំនួន ៦,៦លាន នាក់ ក្នុងនោះ ទេសចរជនជាតិចិនមានចំនួន ២,៣ លាន នាក់ ដែលចំនួននេះធ្វើឱ្យទេសចរជនជាតិចិនឈរក្នុងលំដាប់ថ្នាក់លេខ១ ពោលគឺស្មើនឹង៣៥%នៃទេសចរសរុប ក្នុងចំណោម ១១០ សញ្ជាតិ។ ដូច្នេះ ការផ្ទុះមេរោគកូរ៉ូណា នឹងធ្វើឱ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាជួបបញ្ហាដោយសារភ្ញៀវទេសចរភាគច្រើនបានលុបចោលការធ្វើដំណើររបស់ខ្លួនមកកាន់កម្ពុជា។
ជារួម ផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកដែលកើតចេញពីវីរុសកូរ៉ូណា ដែលមានប្រភពពីប្រទេសចិននេះ មានលក្ខណៈធ្ងន់ធ្ងរជាងមេរោគផ្សេងៗ ដូចជា គ្រុនផ្តាសសាយបក្សី ជម្ងឺសារ និងហ្ស៊ីកា។ និយាយឱ្យចំទៅប្រទេសចិន ជាប្រទេសរងគ្រោះជាងគេ ហើយបានសាយភាយកាន់តែធំទៅលើពិភពលោក។ នេះឆ្លុះបញ្ជាំងឱ្យឃើញថា ភាពប្រទាក់គ្នានៃសេដ្ឋកិច្ចពិភពលោកមានទំនាក់ទំនងគ្នាខ្លាំងក្លា។ ម្យ៉ាងទៀត ក៏អាចនិយាយបានថា សេដ្ឋកិច្ចប្រទេសចិនបានចាក់ស្រេះពហុនិយម នៅក្នុងសេដ្ឋកិច្ចពិភពលោកលើគ្រប់វិស័យ។ យើងក៏អាចនិយាយបានទៀតថា ប្រសិនបើចិនមានវិបត្តិសេដ្ឋកិច្ច សេដ្ឋកិច្ចពិភពលោកក៏រងផលប៉ះពាល់ដែរ។ ប្រសិនបើបញ្ហាមេរោគនេះ នៅតែរាតត្បាតបន្ត នោះការប៉ាន់ស្មានផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក ក៏មានភាពមិនច្បាស់លាស់ដែរ៕
(រូបភាពកូរ៉ូណារីរុស ពី Scientist Magazine)
មេរោគកូរ៉ូណាថ្មីនេះ មានឈ្មោះជាផ្លូវការថា Covid-19 ជាមេរោគអម្បូរតែមួយជាមួយនឹងមេរោគសារ្ស៍ (SARS-CoV) កាលពី២០០២ និង មេរោគមឹរ្ស៍ (MERS-CoV) នៅឆ្នាំ២០១២។ មេរោគកូរ៉ូណាប្រភេទថ្មីនេះ គឺជាមេរោគផ្លូវដង្ហើម ដែលបានលេចរូបរាងដំបូងនៅទីក្រុងវូហាន ប្រទេសចិន ដោយបានរកឃើញក្រុមអ្នកឆ្លងមេរោគដំបូង គឺកម្មករនិងអតិថិជននៅផ្សារបោះដុំគ្រឿងសមុទ្រហួណាន។ ការរាតត្បាតលើកនេះ កើតឡើងយ៉ាងឆាប់រហ័ស មកទល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ មានចំនួនអ្នកឆ្លងមេរោគជាង៤ម៉ឺននាក់ និងអ្នកស្លាប់ជា១ពាន់នាក់ ហើយដែលបានរាលដាលដល់ទៅជិត៣០ប្រទេស រួមទាំងកម្ពុជាផងដែរ។
ការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី មានផលប៉ះពាល់លើសេដ្ឋកិច្ចយ៉ាងធំធេងចំពោះបណ្ដាប្រទេសដែលមេរោគនេះបានចម្លងទៅដល់។ វាមិនត្រឹមតែបានបង្កផលវិបាកផ្នែកសុខភាពនិងសេដ្ឋកិច្ចនៅលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែមេរោគនេះក៏បានថែមទាំងជះឥទ្ធិពលអាក្រក់ក្នុងសង្គមផងដែរ។ ពេលនេះចិនហាក់ដូចជាឯកោ រហូតមកដល់ពេលនេះ មានប្រទេសមួយចំនួនធំបានចាត់វិធានការរៀងៗខ្លួនដើម្បីការពារពលរដ្ឋរបស់ខ្លួន ដូចជា មានការជម្លៀសប្រជាជនរបស់ខ្លួនចេញពីប្រទេសចិន និងមានការបិទជើងហោះហើរ ឬព្រំដែនជាមួយចិន រួមទាំងព្យួរការផ្តល់ទិដ្ឋាការឱ្យពលរដ្ឋចិន ជាដើម។
មេរោគកូរ៉ូណាថ្មីនេះ កំពុងមានសន្ទុះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទាំងនៅក្នុងប្រទេសចិន ក៏ដូចជានៅបណ្ដាប្រទេសមួយចំនួនលើសាកលលោក។ ចិនធ្លាប់បានហែលឆ្លងជំងឺសារ្ស៍លើកទី១ ក្នុងឆ្នាំ២០០២ម្ដងហើយ តែលើកនេះខុសពីជំងឺសារ្ស៍ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មយ៉ាងលឿនដើម្បីប្រឆាំងនឹងមេរោគកូរ៉ូណាថ្មីនេះ។ ក្រោយពីរាលដាលយ៉ាងឆាប់រហ័ស អង្គការសុខភាពពិភពលោកក៏បានប្រកាសអាសន្នជាសាកលពីមេរោគផ្លូវដង្ហើមកូរ៉ូណានេះ ហើយថាវាអាចបង្កការប៉ះពាល់ដល់សុខភាពសាធារណៈកម្រិតពិភពលោក។
ភ្លាមៗក្រោយពីផ្ទុះការរាតត្បាតនៃមេរោគកូរ៉ូណា រដ្ឋាភិបាលចិនបានបញ្ជូនយន្តហោះពីរគ្រឿងទៅប្រទេសថៃនិងម៉ាឡេស៊ីដើម្បីដឹកពលរដ្ឋចិន ដែលមានផ្ទះសម្បែងនៅខេត្តហូប៉ីនិងក្នុងក្រុងវូហានឱ្យអាចត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។ ខណៈនោះ ពលរដ្ឋបរទេសដែលជាប់គាំងនៅប្រទេសចិន ក៏ត្រូវរដ្ឋាភិបាលនៃប្រទេសនីមួយៗ បានចាត់វិធានការជម្លៀសចេញជាបន្តបន្ទាប់ និងចាត់វិធានការបង្ខាំងមនុស្សដែលជម្លៀសពីវូហានឬពីវេនហ៊្សូក្នុងរយៈពេល១៤ថ្ងៃ ដើម្បីតាមដានស្ថានភាពសុខភាព។
មកទល់ពេលនេះ ចិនបានសាងសង់រួចរាល់នូវមន្ទីរពេទ្យថ្មីមួយកន្លែង ដែលបានប្រើរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ ហើយកំពុងបន្តសាងសង់មន្ទីរពេទ្យមួយទៀត ដើម្បីទទួលព្យាបាលអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីនេះ។ ទោះយ៉ាងណាក៏ដោយ ក៏យើងនៅតែសង្កេតឃើញពីកង្វះខាត និងការលំបាកនៅក្នុងចំណាត់ការរបស់រដ្ឋាភិបាលចិន ជាពិសេស ចិននៅខ្វះនិងមានតម្រូវការជាបន្ទាន់ គឺសម្ភារៈ បរិក្ខារពេទ្យ ម៉ាស់ សម្លៀកបំពាក់ និងវ៉ែនតា សម្រាប់ការពារការឆ្លងមេរោគ។ មានប្រទេសមួយចំនួន ដូចជា បារាំង អង់គ្លេស ជប៉ុន និងកូរ៉េខាងត្បូងបានបញ្ជូនសម្ភារៈពេទ្យឱ្យចិន តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ក្រៅពីប្រទេសចិន បណ្ដាប្រទេសនីមួយៗក៏បានធ្វើចំណាត់ការខ្លួនឯង ដើម្បីបញ្ជៀសការចម្លងមេរោគចូលស្រុកនិងជួយសង្រ្គោះពលរដ្ឋខ្លួនឯង។ វិធានការដែលគេប្រើដើម្បីបញ្ចៀសការឆ្លងរាលដាលមេរោគនេះ មានដូចជា ការបិទព្រំដែន ការបិទការចូលរបស់ពលរដ្ឋចិននិងជនបរទេសដែលបានស្នាក់នៅចិនក្នុងរយៈពេល២សប្តាហ៍ចុងក្រោយ ជាដើម។ អាមេរិកនិងជប៉ុន បានផ្តើមមុនគេក្នុងការដឹកជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីខេត្តហ៊ូប៉ីនិងវូហាន។ ក្រោយមក ប្រទេសផ្សេងៗទៀត ដូចជា អ៊ីតាលី អាល្លឺម៉ង់ កាដាណា និងបង់ក្លាដែស ជាដើម ក៏បានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ដែលមានការរាលដាលជំងឺនេះដែរ។
ដោយឡែក ហុងកុង រុស្ស៊ី និងម៉ុងហ្គោលី បានបិទព្រំដែនជាមួយចិនតែម្ដង។ រុស្ស៊ី បានសម្រេចបិទព្រំដែនគោកជាប់ជាមួយចិន ចំនួនជាង ៤ពាន់គីឡូម៉ែត្រ។ ឯជប៉ុន បានហាមពលរដ្ឋរបស់ខ្លួន មិនឱ្យទៅប្រទេសចិន បើមិនចាំបាច់។ ចំណាត់ការនេះ គឺនាំមុខដោយអាមេរិក ដែលហាក់ដូចជាមានការហាមឃាត់ដាច់ខាតជាងគេ។ ឯអង់គ្លេស អេស្ប៉ាញ ឥណ្ឌា កូរ៉េខាងត្បូង ក៏បានដឹកពលរដ្ឋខ្លួនត្រឡប់ចូលប្រទេសវិញដែរ។
ចំពោះបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ សិង្ហបុរី បានប្រកាសសម្រេចបិទជើងហោះហើរទាំងអស់ដែលមានប្រភពមកពីចិន។ វៀតណាម បានប្រកាសផ្អាកការផ្តល់ទិដ្ឋាការទេសចរណ៍ដល់ជនជាតិចិន និងជនបរទេសណា ដែលបានស្នាក់នៅក្នុងប្រទេសចិនរយៈពេលពីរសប្តាហ៍ចុងក្រោយ។ ឯប្រទេសផ្សេងក៏បានជម្លៀសពលរដ្ឋរបស់ខ្លួនជាបណ្ដើរៗដែរ ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីជំហររបស់ខ្លួនថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិន ដោយកម្ពុជាមិនរត់ចោលចិនជាដាច់ខាត ហើយថែមទាំងបានប្រកាសមិនឱ្យនិស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន រត់ចោលប្រទេសចិននៅគ្រាអាសន្ននេះទៀតផង ហើយក៏គ្មានការបិទជើងយន្តហោះទៅមកប្រទេសចិនដែរ។
ដោយឡែកចំណាត់ការក្នុងការបង្កានិងទប់ស្កាត់នៅក្នុងស្រុកវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាមានសមត្ថភាពឆ្លើយតបលើមេរោគកូរ៉ូណាមិនចាញ់ប្រទេសរីកចម្រើននោះទេ។ គិតរហូតមកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងមេរោគកូរ៉ូណាដែលជាជនជាតិចិនតែម្នាក់ប៉ុណ្ណោះ ហើយក្រោមការថែទាំ និងព្យាបាលរបស់គ្រូពេទ្យកម្ពុជា ជិតពីរសប្ដាហ៍មក បុរសជនជាតិចិនរូបនេះ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីការធ្វើតេស្ដ លើកទី៣ ដោយលទ្ធផលបង្ហាញថា លោកមិនមានមេរោគកូរ៉ូណាថ្មី នៅក្នុងខ្លួនទៀតឡើយ ហើយរូបលោកនិងក្រុមគ្រូសារ រួមមានភរិយា កូនស្រី និងកូនប្រសារ បានចាកចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
ទន្ទឹមនឹងនេះ មានបុរសទេសចរជនជាតិហូឡង់ម្នាក់អាយុ៧០ឆ្នាំ ដែលបានចូលមកខេត្តព្រះសីហនុតាមកប៉ាល់ Norwaygian Jade កាលពីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានគេសង្ស័យថា មានជំងឺកូរ៉ូណា ប៉ុន្តែ លទ្ធផលនៃការវិភាគធ្វើតេស្តលើសំណាកវត្ថុនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានកូរ៉ូណាថ្មី (2019-NCov) នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
ការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី គឺជាក្ដីបារម្ភអំពីសន្តិសុខថ្មីមួយ វាបានក្លាយទៅជាការគំរាមកំហែងដ៏ធំលើស្ថិរភាពនិងវិបុលភាពរបស់បណ្ដាប្រទេសនៅលើពិភពលោក ជាពិសេស ចិន និងបណ្ដាប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មច្រើនជាមួយចិន។ ការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី មិនមែនមានផលប៉ះពាល់តែលើប្រទេសណាមួយទេ ពោលគឺវាមានផលប៉ះពាល់ចំពោះសន្តិសុខរបស់មនុស្សជាតិទូទាំងពិភពលោក។ សន្តិសុខរបស់រដ្ឋមួយគឺអាស្រ័យលើសន្តិសុខរបស់ពលរដ្ឋម្នាក់ៗ បើពលរដ្ឋគ្មានសន្តិសុខ នោះរដ្ឋក៏គ្មានសន្តិសុខ រដ្ឋគ្មានសន្តិសុខ ពិភពលោកក៏គ្មានសន្តិសុខ។ ដូច្នេះ ការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតថ្មីនេះ មិនមែនជាបញ្ហារបស់ចិនតែម្នាក់ឯងទេ វាគឺជាបញ្ហារបស់ពិភពលោកទាំងមូល ដែលត្រូវរួមដៃគ្នាប្រយុទ្ធឆាំងនឹងមេរោគដ៏កំណាចនេះ៕
រូបភាពពីហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
A photograph by the state-run newspaper China Daily showing an isolation ward in Wuhan on Thursday.Credit...China Daily, via Reuters
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជំុពិភាក្សាការងារជាមួយក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចូលរួមពិគ្រោះយោបល់លើសកម្មភាពសហប្រតិបត្តិការស្តីពី ការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយជាតិកម្ពុជា (Cambodia’s National Strategy and Policy Development) សម្រាប់រយៈពេល០៥ឆ្នាំ (ឆ្នាំ២០២១-២០២៥) ដើម្បីទទួលបាននូវធាតុចូលគ្រប់ជ្រុងជ្រោយ។
ជំនួបពិភាក្សាប្រមូលធាតុចូលលើគម្រោងសកម្មភាពសហប្រតិបត្តិការ ស្តីពី ការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយជាតិកម្ពុជា (Cambodia’s National Strategy and Policy Development) សម្រាប់រយៈពេល០៥ឆ្នាំ (ឆ្នាំ២០២១-២០២៥)នេះ មានគោលបំណងគាំទ្រការកសាងយុទ្ធសាស្ត្រជាតិនិងកសាងសមត្ថភាពស្រាវជ្រាវគោលនយោបាយរបស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាតាមរយៈការលើកកម្ពស់សមត្ថភាពស្រាវជ្រាវគោលនយោបាយនិងបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែងនិងរយៈពេលមធ្យម។
រាជបណ្ឌិត្យសភាកម្ពុជានិងក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េគ្រោងដាក់ស្នើសុំថវិកាអនុវត្តគម្រោង ដែលជាជំនួយអភិវឌ្ឍន៍ក្រៅប្រទេស (ODA) ទៅកាន់ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េដោយក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ នៅដើមខែមីនា ឆ្នាំ២០២០នេះ ដែលគ្រោងស្នើសុំថវិកាប្រមាណ ១៥លានដុល្លារ៕
RAC Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) ដែលជាស្ថាប័នស្ថិតក្រោមនាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េដោយផ្ទាល់ ដើម្បីពិភាក្សាលើគម្រោងសកម្មភាពសហប្រតិបត្តិការ ស្តីពី ការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយជាតិកម្ពុជា (Cambodia’s National Strategy and Policy Development) សម្រាប់រយៈពេល០៥ឆ្នាំ (ឆ្នាំ២០២១-២០២៥)។
ជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តឡើងក្នុងសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជានាពេលនេះមានគោលបំណងគាំទ្រការកសាងយុទ្ធសាស្ត្រជាតិនិងកសាងសមត្ថភាពស្រាវជ្រាវគោលនយោបាយរបស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាតាមរយៈការលើកកម្ពស់សមត្ថភាពស្រាវជ្រាវគោលនយោបាយនិងបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែងនិងរយៈពេលមធ្យម។
នៅក្នុងឱកាសជំនួបពិភាក្សាការងារនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ស្វាគមន៍គណៈប្រតិភូក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC)ដែលដឹកនាំដោយបណ្ឌិត Youn Doo Sup ប្រធាននាយកដ្ឋានស្រាវជ្រាវ និងរៀបចំផែនការ នៃ NRC។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជានិងក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) គឺជាស្ថាប័នដែលផ្តល់ធាតុចូលជូនប្រមុខរដ្ឋាភិបាលដោយផ្ទាល់ដូចគ្នា ដូចនេះក្នុងនាមអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ស្ថាប័នទាំងពីរអាចសហការគ្នារៀបចំគម្រោងស្រាវជ្រាវលើវិស័យអាទិភាពនានា ដើម្បីអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិងស្ថាប័ន រដ្ឋនិងរដ្ឋ ប្រជាជន និងប្រជាជនប្រទេសទាំងពីរ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជាមានបេសកកម្មគ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ ហើយអាចធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា។
ជាមួយនេះ បណ្ឌិត Youn Doo Sup បានមានប្រសាសន៍ថ្លែងអំណរគុណថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅគណៈប្រតិភូ NRC នាឱកាសនេះ។ តំណាងគណៈប្រតិភូ NRC បណ្ឌិត Youn Doo Sup បានមានប្រសាសន៍លើកឡើងថា គណៈប្រតិភូ NRC មកទស្សនកិច្ចនាពេលនេះ មានបំណងជួបពិភាក្សាកិច្ចសហប្រតិបត្តិការការងារស្តីពី ការរៀបចំយុទ្ធសាស្ត្រនិងគោលនយោបាយជាតិកម្ពុជា (Cambodia’s National Strategy and Policy Development) សម្រាប់រយៈពេល០៥ឆ្នាំ (ឆ្នាំ២០២១-២០២៥) លម្អិតបន្ថែមទៀត។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជានិងក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េបានរៀបចំរួចហើយនូវឯកសារសនិទាននៃគម្រោងនេះ និងគ្រោងដាក់ស្នើសុំថវិកាអនុវត្តគម្រោង ដែលជាជំនួយអភិវឌ្ឍន៍ក្រៅប្រទេស (ODA) ទៅកាន់ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េដោយក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ នៅដើមខែមីនា ឆ្នាំ២០២០នេះ ដែលគ្រោងស្នើសុំថវិកាប្រមាណ ១៥លានដុល្លារ។ គម្រោងនេះ រួមមាន៖ ការបណ្តុះបណ្តាលសមត្ថភាព ការរៀបចំគម្រោង និងការរៀបចំសិក្ខាសាលាបង្ហាញរបកគំហើញនៃការស្រាជ្រាវ។ ដើម្បីទទួលបាននូវធាតុចូលគ្រប់ជ្រុងជ្រោយ រាជបណ្ឌិត្យសភាកម្ពុជាក៏នឹងអញ្ជើញតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើឯកសារខាងលើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៥១៨ អនក្រ.តត ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំប្រារព្ធពិធីប្រគល់គោរមងារកិត្តិយសជូនឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដើម្បីត្រៀមរៀបចំពិធីប្រគល់គោរមងារនាពេលខាងមុខនេះ នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំកិច្ចប្រជុំណែនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាដែលទទួលបានការឧទ្ទេសនាមទាំងអស់ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមការបែងចែករបស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីទទួលវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងស្ថានទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងនិស្សិតជាច្រើនរូប។
សូមជម្រាបជូនថា ការប្រគល់គោរមងារជូនឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការការងាររវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្សីឱ្យកាន់តែប្រសើរឡើងថែមទៀត៕
RAC Media| រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ បណ្ឌិត្យសភាបីប្រទេស កម្ពុជា ឡាវ និងវៀតណាម (CLV) ប្រចាំឆ្នាំលើកទី៩ និងសិក្ខាសាលាកសាងសមត្ថភាពភាពប្រចាំឆ្នាំ ដោយនឹងមានវត្តមានការចូលរួមពីវាគ្មិនជំនាញ អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិមកពីបណ្ឌិត្យសភាសាធារណរដ្ឋកូរ៉េ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតឡាវជាច្រើនរូប។ សន្និសីទអន្តរជាតិប្រចាំឆ្នាំនេះនឹងប្រារព្ធឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា។
ប្រសាសន៍ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំ និងសិក្ខាសាលាកសាងសមត្ថភាព នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាដែលទទួលបានការឧទ្ទេសនាមទាំងអស់ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត ដើម្បីសម្រេចការងារជូនរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.)ដែលជាស្ថាប័នសិក្សាស្រាវជ្រាវ និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ ជាពិសេសគឺប្រមូលធាតុចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។
សូមជម្រាបជូនថា សន្និសីទអន្តរជាតិ CLV ប្រចាំឆ្នាំលើកទី៩ និងសិក្ខាសាលាកសាងសមត្ថភាពភាពប្រចាំឆ្នាំនេះ នឹងផ្តោតលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
១. សន្និសីទប្រចាំឆ្នាំលើកទី១០ RAC(Royal Academy of Cambodia), Lao Academy of Social Science (LASS), Vietnam Academy of Social Sciences (VASS) នឹងផ្តោតលើប្រធានបទស្តីពីតួនាទីសហគ្រាសខ្នាតតូចនិងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម, និន្នាការបច្ចុប្បន្ននៃសហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម(Current Trends of SME in CLV), សហគ្រាសខ្នាតតូចនិងមធ្យមនិងការបង្កើតការងារ (SME and Job Generation) និងសហគ្រាសខ្នាតតូចនិងមធ្យមនិងការកាត់បន្ថយភាពក្រីក្រ (SME and Poverty Reduction)។
រីឯ សិក្ខាសាលាកសាងសមត្ថភាពប្រចាំឆ្នាំ RAC(Royal Academy of Cambodia), Lao Academy of Social Science (LASS), Vietnam Academy of Social Sciences (VASS) និង The Korea Environment Institute (KEI) នឹងផ្តោតប្រធានបទស្តីពីទីក្រុងឆ្លាតវៃនៅក្នុងតំបន់មេគង្គ(Smart Cities in the Mekong Region) រួមមាន ស្ថានភាពនិងផែនការសម្រាប់ទីក្រុងឆ្លាតវៃ (Status and Plans for Smart Cities), ចីរភាពបរិស្ថាននៅក្នុងទីក្រុងឆ្លាតវៃ(ដោយផ្តោតលើទឹក កាកសំណល់ និងថាមពល...) Sustainable Environment (focusing in water, waste and energy…) in a smart cityនិងភាពជាដៃគូនៃទីក្រុងឆ្លាតវៃនិងករណីសិក្សា (Smart City Partnership and Case Studies)៕
RAC Media| រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត ស្របតាមតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ដែលមានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានប្រសាសន៍លើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវការមន្ត្រីដែលមានសមត្ថភាពការងារសកម្ម ក្រមសីលធម៌ និងគោរពវិជ្ជាជីវៈការងារដែលនាំឱ្យនូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារខ្ពស់ជូនស្ថាប័ន និងសង្គមជាតិ។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ក្រើនរម្លឹកបន្ថែមថា មន្ត្រីទាំងអស់ត្រូវតែគោរពតួនាទីភារកិច្ច និងពេលវេលាបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយប្រសិនបើមន្ត្រីទាំងអស់បានគោរពដោយមានស្មារតីទទួលខុសត្រូវចំពោះតួនាទីភារកិច្ចការងាររបស់ខ្លួនបានល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានការលើកទឹកចិត្ត និងកេរ្តិ៍ឈ្មោះពីស្ថាប័ន និងសង្គមជាតិទាំងមូល។
«បើយើងទាំងអស់មិនខិតខំប្រឹងប្រែងបំពេញការងារដែលលំបាកៗទាំងនេះទេ នោះគឺយើងនឹងបន្សល់ថ្មបាក់សម្រាប់មនុស្សជំនាន់ក្រោយជាក់ជាពុំខាន។ បើយើងទាំងអស់គ្នាបានបំពេញការងារមានប្រសិទ្ធខ្ពស់ យើងនឹងទទួលបានស្នាដៃការងារ និងបន្សល់កេរ្តិ៍ឈ្មោះល្អៗសម្រាប់ខ្លួនឯង ស្ថាប័ន និងសង្គមជាតិ។ យើងលើកទឹកចិត្តមន្ត្រីទាំងអស់ឱ្យចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីរាជបណ្ឌិត្យសភាកម្ពុជា និងសង្គមជាតិទាំងមូល»។ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីតាមវិទ្យាស្ថាន និងអង្គភាពឧបសម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជាក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២០ដែលត្រូវបានប្រារព្ធឡើងនៅក្នុងសាលប្រជុំ RAC 2-08 អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្រៅពីការណែនាំលើកចិត្តមន្ត្រីជាមួយនេះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ក្រើនរម្លឹកផងដែរថា ប្រសិនបើមន្ត្រីទាំងឡាយណាពុំមានស្មារតីទទួលខុសត្រូវចំពោះការងារខ្លួន និងមិនគោរពពេលវេលាបម្រើការងារជូនស្ថាប័ននោះទេ ពួកគេត្រូវតែទទួលការពិន័យតាមវិធានការ គោលការណ៍វិន័យផ្ទៃក្នុង និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media | រឿន ភារុន
ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ជ័យលាភីគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ នៅព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងខាងលើ ការប្រកួតប្រជែងគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំ បានជ្រើសរើសនិងវាយតម្លៃ ហើយបានរកឃើញម្ចាស់ជ័យលាភីឈ្មោះ សៀង ឆាយលី ដែលអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលនិមិត្តសញ្ញានេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM Summit) គឺជាកិច្ចប្រជុំអន្តររដ្ឋាភិបាលដែលបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៩៦ ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្ន កិច្ចប្រជុំនេះ មានដៃគូរដ្ឋាភិបាលចំនួន ៥៣ប្រទេស ដែលក្នុងនោះបណ្ដាប្រទេសអឺរ៉ុបមានចំនួន៣០ប្រទេស ប្រទេសចំនួន ២១ មកពីទ្វីបអាស៊ី និងអគ្គលេខាធិការអាស៊ាននិងសហភាពអឺរ៉ុប។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM Summit) ផ្ដោតសំខាន់ទៅលើនយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាអប់រំ ដែលជាសារប្រយោជន៍រួម នៅក្នុងកិច្ចជំរុញការផ្ដល់តម្លៃគ្នាទៅវិញទៅមក និងភាពជាដៃគូស្មើមុខមាត់គ្នា៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសា ខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ស្នើដោយក្រសួងបរិស្ថានបានចំនួន៧ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM