Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ នៅវេលាម៉ោង ១០:០០ ព្រឹក នៅវិមានមិត្តភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានដឹកនាំគណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលចួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដើម្បីជជែកពិភាក្សា និងស្នើសុំការគាំទ្រលើការលក់ផលិតផលទឹកដោះគោស្រស់ តេជោសែនឫស្សីត្រឹប។
ក្នុងជំនួបពិភាក្សានាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមនាយកខុទ្ទកាល័យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី, ឯកឧត្ដម សូត្រ សំណាង អគ្គលេខាធិការរងនិងជាប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប, ឯកឧត្ដម នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការគាំទ្រ និងថ្លែងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងគម្រោងចិញ្ចឹមគោទឹកដោះ សម្រាប់ចងក្រងទុកជាឯកសារ និងដើម្បីផ្ដល់បច្ចេកទេសចិញ្ចឹមគោទឹកដោះជូនដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកិច្ចការងារនេះ បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី គឺទាមទារឱ្យមានការតាំងចិត្ត និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីបំពេញកិច្ចការដ៏សំខាន់មួយនេះ។
បន្ថែមពីលើនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់អំពីការគាំទ្ររបស់ឯកឧត្ដម ចំពោះផលិតផលទឹកដោះគោតេជោសែនឫស្សីត្រឹប នៅក្នុងក្របខណ្ឌនៃ «ចលនាភូមិមួយ ផលិតផលមួយ» ផងដែរ។ លើសពីនេះទៅទៀត ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាចូលរួមកម្មវិធីស្ដីពីអាហារូបត្ថម្ភនៃកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីធ្វើបទបង្ហាញអំពីដំណើរការនៃការចិញ្ចឹមគោទឹកដោះ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
ជាមួយគ្នានេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការបន្តដំណើរការកែច្នៃផលិតផលទឹកដោះគោក្នុងស្រុកនេះ ឱ្យក្លាយទៅជាផលិតផលសម្រេចដទៃផ្សេងទៀត ដើម្បីធ្វើពិពិធកម្មផលិតផលក្នុងស្រុកដែលសម្រេចបានស្រាប់៕
RAC Media | លឹម សុវណ្ណរិទ្ធ
សៀមរាប៖ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និងវប្បធម៌វិទ្យាដែលមានលោកបណ្ឌិត ផុន កសិកា, លោក លោក សួ ប៉ុណ្ណារ៉ាត់, លោក រឿន ភារុន, លោកស្រី ម៉ិល វាសនា និង កញ្ញា តាកេត ស័កដា ចុះសិក្សាស្រាវជ្រាវគម្រោងស្ដីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» នៅបណ្ដាប្រាសាទមួយនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប ជាពិសេសនៅប្រាសាទបាយ័ន ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមពីព្រះបាទជ័យវរ្ម័នទី៧, សិក្សាកំណត់អត្តសញ្ញាណជាក់លាក់នៃចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧ ដែលឆ្លាក់នៅលើថែវប្រាសាទបាយ័ន ដើម្បីឈានទៅសិតបដិមាទោលព្រះបាទជ័យវរ្ម័នទី៧ ធ្វើពីស្ពាន់។
គម្រោងស្រាវជ្រាវនេះនឹងសិក្សាលើរូបចម្លាក់ព្រះបាទជ័យវរ្ម័នទី៧ ដោយថតរូប និងចុះបញ្ជីចម្លាក់រូបទាំងឡាយដែលសង្ស័យថាជារូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី៧។ ការសិក្សាស្រាវជ្រាវនេះក៏បានធ្វើកិច្ចសហការជាមួយស្ថាប័នជាតិដូចគ្នា គឺអាជ្ញាធរអប្សរា ដើម្បីសិក្សារួមគ្នា ចែករំលែកបទពិសោធគ្នាទៅវិញទៅមកក្នុងការពង្រឹងនិងពង្រីកវិស័យស្រាវជ្រាវខ្មែរឱ្យរឹងមាំ និងមានគុណភាពតាមបែបវិទ្យាសាស្ត្រសម័យបច្ចុប្បន្ន។
ព្រះបាទជ័យវរ្ម័នទី៧គឺជាព្រះរាជាខ្មែរមួយអង្គគ្រងរាជ្យក្នុងសម័យអង្គរ មានកិត្តិសព្ទល្បីល្បាញ ជាស្ដេចចក្រក្រវាល មានអំណាចធំធេង គ្រប់គ្រងដែនដីដ៏មហាសាលនៃអាណាចក្រមួយឈ្មោះថា «អាណាចក្រអង្គរ»។ ព្រះអង្គបានសោយរាជ្យចាប់ឆ្នាំ១១៨១ ដល់ ១២១៨ ដែលក្នុងពេលនោះ ព្រះអង្គបានកសាងអភិវឌ្ឍជាតិផង និងធ្វើសង្គ្រាមពង្រីកទឹកដីផង។ ស្នាដៃរបស់ព្រះអង្គមានច្រើនសន្ធឹកសន្ធាប់ដូចជា ការសាងសង់ប្រាសាទធំៗជាច្រើនក្នុងតំបន់អង្គរ និងតាមបណ្ដាខេត្តនានាជាច្រើនទៀត (នេះបើយោងតាមរយៈសិលាចារឹកប្រាសាទភិមានអាកាស ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយឆ្មារ បានចាររៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនទាក់ទងនឹងព្រះអង្គ)។
អ្នកស្រាវជ្រាវខ្លះបានសន្និដ្ឋានថា ថ្មប្រាសាទដែលយកមកសាងសង់ប្រាសាទក្នុងរាជ្យរបស់ព្រះអង្គតែមួយអង្គឯងសោះមានចំនួនច្រើនជាងថ្មប្រាសាទដែលយកមកសង់ប្រាសាទក្នុងរាជស្ដេចផ្សេងៗសរុបចូលគ្នាក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ ក្រៅពីប្រាសាទ ព្រះអង្គក៏បានកសាងផ្លូវធំៗចំនួន៥ខ្សែដើម្បីភ្ជាប់រាជធានីអង្គរទៅបណ្ដាខេត្តផ្សេងៗ និងកសាងសាលាដំណាក់ មន្ទីរពេទ្យសម្រាប់ប្រជានុរាស្ត្របានប្រើប្រាស់ និងពឹងអាស្រ័យផង។ តាមរយៈសិលាចារឹក និងចម្លាក់នៅតាមជញ្ជាំងប្រាសាទបានឱ្យដឹងថា ព្រះអង្គគោរពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។
ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ក៏មានការសាងរូបស្នងធ្វើពីថ្មភក់។ ក្នុងរាជ្យស្ដេចមុនៗ ពោលគឺចាប់ពីសតវត្សទី៩មក គេប្រទះឃើញបដិមារូបទេពដែលមនុស្សម្នាគោរព ដោយសន្មតថាជាក្ខន្ធ ឬវិញ្ញាណបុគ្គលណាមួយស្ថិតនៅរលាយចូលគ្នានឹងវិញ្ញាណនៃទេពជាម្ចាស់រូបនោះ ប៉ុន្តែបដិមាទាំងនោះ គេពុំឆ្លាក់ឡើងក្នុងបំណងធ្វើរូបរាងមុខមាត់ឱ្យដូចបុគ្គលដែលខ្លួនស្នងនោះឡើយ។ បដិមានិមួយៗស្នងទេពណាមួយនៃសាសនាឥណ្ឌា ដែលគេសន្មតថាបុគ្គលនោះភ្ជាប់ខន្ធទៅជាមួយ។
សិលាចារឹកភិមានអាកាសដែលនិពន្ធដោយព្រះអគ្គមហេសីឥន្ទ្រទេវីបានឱ្យដឹងថា ព្រះនាងជ័យរាជទេវីដែលត្រូវជាព្រះអនុជ ហើយធ្លាប់ជាព្រះអគ្គមហេសីមុននោះ បាន «សាងតាមគ្រប់ទីកន្លែងនូវបដិមាព្រះបិតា, ព្រះមាតា ព្រះអនុជ, មិត្តសម្លាញ់, សាច់សារលោហិត, ញាតិសណ្ដានជិតឆ្ងាយដែលព្រះនាងស្គាល់ ឬមួយគ្រាន់តែធ្លាប់លឺឈ្មោះ»។ ក្នុងសិលាចារឹកភិមានអាកាសដដែលបានចារទៀតថា ព្រះនាងឥន្ទ្រទេវី «បានសាងព្រះរូបជាច្រើននៃព្រះនាងជ័យរាជទេវី (ជាព្រះអនុជ) ព្រមដោយព្រះរូបព្រះរាជាផង តម្កល់នៅគ្រប់បុរីនានា»។ ស្លោកនេះបង្ហាញថា មានការសាងបដិមាជាច្រើនក្នុងរាជ្យរបស់ព្រះអង្គ។
រហូតមកដល់ពេលនេះ គេបានរកឃើញរូបបដិមាចំនួន៤ដែលរូបស្នងរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងនោះ មានរូបមួយកំពុងតាំងនៅក្នុងសារមន្ទីរជាតិភ្នំពេញ។ សណ្ឋាននៃបដិមានេះមានទំហំធំជាងធម្មជាតិ រាងក្រអាញ មានសាច់បន្ដិច អង្គុយពែនភ្នែននៅលើបល្ល័ង្កមូលមួយដែលមិនខាត់សម្អាតឱ្យរលីង, លែងខ្លួនទទេ ហើយឈ្ងោកទៅមុខបន្តិច, ឯចង្កាក៏សំយុងបន្តិចមករកទ្រូង។ រូបនេះស្ថិតក្នុងឥរិយាបថប្រណម្យ ឬមួយក៏ឥរិយាបទនៃយោគីម្នាក់ដែលកំពុងស្មឹងស្មាធិ៍។ នេះគឺដោយសារគេបានរកឃើញភស្ដុតាងបង្ហាញជាបដិមាស្នងព្រះបាទជ័យវរ្ម័នទី៧ ទើបបច្ចុប្បន្ននេះ យើងឃើញមានការឆ្លាក់រូបព្រះអង្គក្នុងរូបទម្រង់បែបនេះជាច្រើនក្នុងប្រទេស មានទាំងរូបធ្វើពីថ្ម លោហៈ និងឈើជាដើម។
បើយើងពិនិត្យមើលចម្លាក់នៅតាមជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ យើងឃើញមានឆ្លាក់រូបជាច្រើនដែលបង្ហាញពីព្រះរាជាមួយអង្គគង់លើដំរី ដៃកាន់ព្រួញ កាន់ព្រះខ័ឌ្គ កំពុងប្រយុទ្ធ ឬដឹកនាំទ័ពចេញទៅធ្វើសឹក សង្គ្រាម។ បដិមាក្នុងទម្រង់បែបនេះគឺប្រហែលជាព្រះបាទជ័យវរ្ម័នទី៧ដែរ។ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវការសិក្សានិងរកទិន្នន័យបញ្ជាក់ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។
RAC Media | កញ្ញា តាកេត ស័កដា
រាជរដ្ឋាភិបាលបានសម្រេចតែងតាំង ឯកឧត្តម Dmitry Tsvetkov ជាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំប្រទេសកម្ពុជា ជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈអនុក្រឹត្យលេខ. ១៥១៨.អនក្រ.តត ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩ យោងតាមសំណើររបស់ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។
មានភ្ជាប់អនុក្រឹត្យ៖
(ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)៖ ក្រោមការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កន្លងមក នៅព្រឹកថ្ងៃអង្គារ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារគម្រោងឌីជីថលូបនីយកម្មភាសាខ្មែររាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជួបប្រជុំគ្នាជាលើកដំបូង ដើម្បីធ្វើការពិនិត្យនិងពិភាក្សាលើដំណើរការរៀបចំក្រុមការងារសិក្សានិងរៀបចំគម្រោងឌីជីថលូបនីកម្ម (Digitization of the Khmer language Processing)។
ថ្លែងក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំនៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានមានប្រសាសន៍លើកឡើងថា ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារគម្រោងឌីជីថលូបនីយកម្មភាសាខ្មែររាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងសហការរួមគ្នាលើការសិក្សាស្រាវជ្រាវ និងអនុវត្តរៀបចំបច្ចេកវិទ្យាព័ត៌មាន និងភាសាខ្មែរដែលមានទំនាក់ទំនងចាំបាច់សម្រាប់ការប្រើប្រាស់បម្រើការងារប្រចាំថ្ងៃ និងការលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរក្នុងបច្ចេកវិទ្យាព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។
ជាមួយនេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខា ធិការរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងថា គម្រោងផ្តួចផ្តើមគំនិតស្រាវជ្រាវ និងអនុវត្តលើវិស័យបច្ចេកវិទ្យាព័ត៌មាននេះ នឹងជួយពង្រឹង និងពង្រីកវិស័យវិទ្យាសាស្ត្រ ការប្រើប្រាស់ភាសាខ្មែរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានឱ្យកាន់តែមានសុក្រឹត្យភាព និងភាពងាយស្រួលទូលំទូលាយនិងទំនើបសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគតបន្ថែមទៀត។
សូមជម្រាបជូនថា តាមរយៈគម្រោងនេះ ក្រុមការងារជំនាញរាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរួមគ្នារៀបចំនិងអនុវត្តគម្រោងឌីជីថលូបនីយកម្មនៃភាសាខ្មែរ ដើម្បីបំប្លែង វិភាគឯកសារនានាជាភាសាខ្មែរដែលជួយធ្វើឱ្យការពិនិត្យវេយ្យាករណ៍ភាសាខ្មែរ រក្សាទុក និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ និងការផ្សព្វផ្សាយលើបណ្តាញប្រព័ន្ធអ៊ីនធឺណិតឱ្យបានត្រឹមត្រូវ កាន់តែទូលំទូលាយឱ្យសមស្របនឹងសម័យសកលភាវូបនីយបច្ចេកវិទ្យាព័ត៌មានភាសាខ្មែរ៕
RAC Media
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជានិងគណៈប្រតិភូមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាននៃសាកលវិទ្យាល័យធានជីង សាធារណរដ្ឋប្រជាមានិតចិន។
នៅថ្ងៃច័ន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសង្គមដឹកនាំដោយបណ្ឌិត ផុន កសិកា និងគណៈប្រតិភូមកពីមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាននៃសាកលវិទ្យាល័យធានជីង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយសាស្រ្តាចារ្យ បណ្ឌិត Guangwen Meng។ ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យបណ្ឌិត Guangwen Meng បានធ្វើការណែនាំអំពីគណៈប្រិតិភូ និងដំណើរទស្សនកិច្ចស្រាវជ្រាវរបស់ក្រុមលោក ផ្តោតជាសំខាន់ទៅលើស្ថានភាពតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) នៅប្រទេសកម្ពុជាជាពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ប្រទេសចិន។ ជាការឆ្លើយតប បណ្ឌិត ផុន កសិកា បានស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបានអញ្ចើញមកជួបសំណេះសំណាលនិងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសា្រវជ្រាវរវាងស្ថាប័នទាំងពីរ។
ជាមួយគ្នានេះដែរ បណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម ក៏បានបង្ហាញអំពីលទ្ធផលស្រាវជ្រាវមួយចំនួន ដែលវិទ្យាស្ថាន សម្រេចបាននាពេលកន្លងមក ហើយក៏ឆ្លៀតបង្ហាញអំពីសក្តានុពលសំខាន់ៗនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាពិសេសបានបង្ហាញអំពីចក្ខុវិស័យរបស់វិទ្យាស្ថានលើកិច្ចសហប្រតិបត្តិអន្តរជាតិទាក់ទងនឹងវិស័យស្រាវជ្រាវ ជាមួយផ្នែកទាំងប្រាំបីរបស់វិទ្យាស្ថាន។ ជាការឆ្លើយតប សាស្រ្តាចារ្យ បណ្ឌិត Guangwen Meng ក៏បានបង្ហើបឱ្យដឹងអំពីកិច្ចការស្រាវជ្រាវនៃសាកលវិទ្យាល័យធានជីងដែលមានមហាវិទ្យាល័យ ចំណុះចំនួន២១ ហើយសន្យាថានឹងបន្តទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវ ឬការដោះដូរអ្នកសិក្សាស្រាវជ្រាវទៅវិញទៅមកតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោកបណ្ឌិតប្រធានស្ដីទី ក៏បានសុំស្នើភាគីចិនសរសេរពង្រាងគម្រោងបង្ហាញអំពីគោលបំណងស្រាវជ្រាវ និងផែនការការងារស្រាវជ្រាវ ដើម្បី វ.ម.វ.ស. យកមកសិក្សាស្វែងរកលទ្ធភាព និងរៀបចំខ្លួន សម្រាប់ចូលរួមសហការស្រាវជ្រាវ។
លោកបណ្ឌិត ផុន កសិកា ក៏បានសម្ដែងនូវសេចក្ដីសោមនស្សក្រៃលែងចំពោះជំនួបពិភាក្សានាព្រឹកនេះ ដោយលោកបានគូសបញ្ជាក់ថា វាជាការប្រសើរណាស់ដែលអ្នកសិក្សាស្រាវជ្រាវ អាចមានលទ្ធភាពជជែកពិភាក្សាគ្នាអំពីកិច្ចសហការជាមួយគ្នា ស្របតាមចក្ខុវិស័យដូចគ្នា៕
ដោយ ហេង សុភី | RAC Media
ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋមន្ត្រី ប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌ«ក» ចំនួន១៧នាក់ ចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា។
យោងតាមសេចក្តីប្រកាសនេះ សាធារណជនអាចអញ្ជើញមកទំនាក់ទំនងនៅផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុដោយផ្ទាល់ ដើម្បីទិញពាក្យសុំសិទ្ធិចូលរួមប្រឡង ចាប់ពីថ្ងៃទី១៣ ខែមករា តទៅ និងឈប់ទទួលពាក្យ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៧ៈ០០នាទី ជាកំណត់កាលវេលាចុងក្រោយ។
រាជបណ្ឌិត្យសភាកម្ពុជា សូមធ្វើការលើកទឹកចិត្តសាធារណជនដែលស្រឡាញ់ការងាររាជការ និងមានបំណងប្រឡងចូលបម្រើការងារជាមន្ត្រីរាជការនៅរាជបណ្ឌិត្យសភាកម្ពុជា សូមរួសរាន់រៀបចំបែបបទ ដាក់ពាក្យប្រឡងឱ្យបានមុនថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ជាកំណត់។
សូមបញ្ជាក់៖ ការប្រឡងជ្រើសរើសមន្ត្រីរាជការ នឹងរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់ សម្រឹតសម្រាំងជ្រើសយកអ្នកមានសមត្ថភាពពិត ស្រឡាញ់ការងាររាជការពិត និយាយរួមអ្នកមានចំណេះជាងគេ នឹងជាប់ក្នុងការប្រឡងនេះ។
RAC Media
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ដោយ៖ ផុន កសិកា, ហឿង សុធារស់ និង តាកេត ស័កដា
នៅថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារជំនាញប្រវត្តិសាស្ត្រ និង បុរាណវត្ថុវិទ្យា ដែលមានលោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, លោក ហឿង សុធារស់ ប្រធានផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ និងកញ្ញា តាកេត ស័កដា មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ចុះសិក្សាស្រាវជ្រាវវាយតម្លៃពីសក្តានុពលស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ (និយាមការ : x: 48P 0426143, Y: 1370116) ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ស្ថានភាពភូមិសាស្ត្រនៃតំបន់នោះគឺជាទីតាំងភ្នំដែលមានព្រៃប្រឹក្សា ដើមឈើដុះច្រើន ព្រមទាំងមានថ្មធម្មជាតិផុសអណ្ដែតពីដីដែលជាប្រភេទសិលាបន្ទុះភ្នំភ្លើង ឬសិលាម៉ាក់ម៉ា ដែលកើតចេញពីបន្ទុះភ្នំភ្លើងបណ្ដាលពីការកករឹងនៃម៉ាក់ម៉ានៅពេលចុះត្រជាក់។ ក្រៅពីសិលាម៉ាក់ម៉ា យើងសង្កេតឃើញមានសិលាកម្ទេចកំណដែលជាប្រភេទកើតឡើងពីការចាក់គរជាស្រទាប់នៃកម្ទេចកំណ ឬកម្ទេចចាក់គរ ដោយសារការដឹកជញ្ជូនរបស់ទឹកនិងខ្យល់។ នៅទីនោះក៏មានសិលាបាសាល់ដែរ។ នៅប្រទេសកម្ពុជាសិលាបាសាល់មានច្រើននៅតំបន់ខ្ពង់រាបខេត្តកំពង់ចាម។ ប្រភេទសិលាបាសាល់ច្រើនមានវាយនភាពប្រហោង ឬមានរន្ធច្រើន។ កាលពីសម័យហ្វូណនក្នុងរចនាបថភ្នំដា ខ្មែរបុរាណក៏បានយកថ្មបាសាល់មកសង់ជាប្រាសាទ ដូចនៅប្រាសាទអាស្រមមហាឫស្សីនៅខេត្តតាកែវ និងប្រាសាទហាន់ជ័យនៅខេត្តកំពង់ចាម។ យើងសង្កេតឃើញថា សិលាដែលមាននៅទីនោះ មានរូបរាងប្លែកៗពីគ្នា មានជាលក្ខណៈផ្ទាំងតូច ឬធំ។ ផ្ទាំងធំៗមើលទៅដូចជារូបរាងអ្វីមួយដែលអាចធ្វើឱ្យគេច្រឡំថាជាស្នាដៃមនុស្សកែច្នៃសិលានេះបន្ថែម។ ប៉ុន្តែ រូបរាងទាំងអស់គឺជាធម្មជាតិរបស់ថ្មដែលកាលពីដំណើរនៃការផ្ទុះភ្នំភ្លើង ម៉ាក់ម៉ាបានហៀរចេញពីស្រទាប់ផែនដី និងចុះត្រជាក់តាមទីតាំងផ្សេងៗ ហើយក៏ចេញជារូបរាងផ្សេងៗគ្នាបែបនេះ។
ប៉ុន្ដែនៅទីតាំងមួយ មានផ្ទាំងថ្មជាប្រភេទសិលាប្រែកំណើត (មិនស្គាល់ឈ្មោះពិតប្រាកដ) មានស្មាមដាប់យកថ្ម ហាក់ដូចជាទីយកថ្មសម័យបុរាណ។ បើទីនេះជាស្ថានីយយកថ្មមែន នេះបង្ហាញថាជាទីតាំងមានមនុស្សមករស់នៅក្នុងសម័យកាលណាមួយ។
នៅមានបដិមាព្រះពុទ្ធឆ្លាក់លើផ្ទាំងថ្មធម្មជាតិមានប្រវែង ៦,៦០ម៉ែត្រ និងប្រវែងដងខ្លួនព្រះពុទ្ធ២,៥០ម៉ែត្រ ព្រះសិរបែរទៅទិសខាងកើត ដែលព្រះសិរទ្រដោយព្រះហស្ដខាងឆ្វេង។ ចម្លាក់ព្រះពុទ្ធបដិមាស្លៀកសំពត់ តែមិនគ្រងស្បង់ជីពរទេ។ ចំណែក ភ្នួងសក់គេរចនាកេសាដោយបួងពីរជាន់។ នៅជិតព្រះបាទមានស្នាមរន្ធសរសរសម្រាប់ដាក់សរសរសង់រោងប្រក់ពីលើការពារចម្លាក់ព្រះពុទ្ធ និងសម្រាប់ជាទីម្លប់ដល់ពុទ្ធសាសនិកដែលមកគោរពបូជាផងដែរ។ ជាការសន្និដ្ឋានបណ្ដោះអាសន្ន ចម្លាក់ព្រះពុទ្ធនេះប្រហែលកសាងនៅសម័យក្រោយ ប៉ុន្តែក្រុមការងារក៏មិនអាចវាយតម្លៃពេលវេលាពិតប្រាកដពេលណាដែលរូបព្រះពុទ្ធត្រូវបានគេឆ្លាក់នោះទេ។
នៅពីមុខចម្លាក់ព្រះពុទ្ធ មានផ្ទាំងសិលាឆ្លាក់គំនូររូបមនុស្សក្នុងកាយវិការឱនឈ្ងោកមើលអ្វីមួយ និងគំនូររូបសត្វដំរី មានមនុស្សជិះពីលើ។ យ៉ាងណា ទឹកដៃនិងសម្រស់នៃគំនូរ ហាក់មិនមានមាត្រដ្ឋានជាក់លាក់។ តាមការសង្កេត ស្នាមគំនូរទាំងពីរនេះ ក្រុមការងារមិនអាចសន្និដ្ឋានថាជាស្នាមចម្លាក់សម័យបុរាណ ឬ គេគូសនៅសម័យក្រោយៗថ្មីៗទេ។
ភស្ដុតាងចុងក្រោយផ្សេងទៀតដែលយើងបានឃើញមាននៅស្ថានីយ៍ គឺកុលាលភាជន៍ចំនួន២។ កុលាលភាជន៍ទាំងពីរមានរូបរាងជាថូ ធ្វើពីដីដុត ជាប្រភេទកុលាលភាជន៍រឹង (stoneware) មានស្រទាប់រលោង។ តាមការវិភាគជាបឋម កុលាលភាជន៍ទាំងពីរផលិតនៅសម័យអង្គរ ក្នុងសម័យកាលយ៉ាងហោចណាស់ចាប់ពីសតវត្សរ៍ទី១២-១៣។
ជាសន្និដ្ឋាន ស្ថានីយនេះមានសក្តានុពលធនធានធម្មជាតិមានដូចជាព្រៃឈើ សត្វព្រៃ ផ្ទាំងសិលាដែលមានរូបរាងប្លែកៗ និងធនធានវប្បធម៌ដែលមានរូបចម្លាក់ព្រះពុទ្ធ គំនូរលើផ្ទាំងថ្ម និងកុលាលភាជន៍នាសម័យអង្គរ។
(តាកែវ)៖ ថ្លែងក្នុងពិធីមីទ្ទីញរំលឹកខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧/១/១៩៧៩-៧/១/២០២០) នៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំត្រពាំងធំខាងជើងបានមានប្រសាសន៍លើកឡើងថា សន្តិភាពធានានូវការអភិវឌ្ឍគុណភាពជីវិតរស់នៅរបស់ប្រជាជន។ ហេតុដូចនេះ ប្រជាជនទាំងអស់ចូលរួមថែរក្សា ដើម្បីធានាការអភិវឌ្ឍជីវិតរស់នៅប្រកបដោយចីរភាព។
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានដឹកនាំសមាជិក និង សមាជិកាអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីញរំលឹកខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ជាមួយបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សនៅក្នុងឃុំត្រពាំងធំខាងជើងចូលរួមប្រមាណ ១០៤នាក់ដើម្បីអបអរសាទរខួបជ័យជម្នះថ្ងៃទី៧ ខែមករា លើកទី៤១។
ថ្លែងក្នុងពិធីមីទ្ទីញរំលឹកខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករានេះ ឯកឧត្តមបណ្ឌិត យង់ ពៅបានមានប្រសាសន៍លើកទឹកចិត្តប្រជាពលរដ្ឋឱ្យខិតខំសាមគ្គីគ្នា និងចូលរួមថែរក្សាសុខសន្តិភាពដែលរកបានដោយកម្រ នាពេលនេះ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ ហើយយើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវបំផុត កាលពីអតីតកាល។
ឱកាសថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំបានអបអរសាទរយ៉ាងក្លៀវក្លារ ចំពោះការខិតខំប្រឹងប្រែងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិសុខយ៉ាងលំបាក និងធានាការអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាជន និងជាតិមាតុភូមិទូទាំងប្រទេស។
ប្រជាជនរស់នៅឃុំត្រពាំងធំខាងជើងបានមើលឃើញថា វឌ្ឍនភាពជាតិក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះ និងបង្ហាញនូវទស្សនចក្ខុវិស័យដ៏មុតស្រួចក្នុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រើយវឌ្ឍនភាព និងវិបុលភាពជានិច្ចនិរន្តរយ៉ាងប្រាកដ។
ក្នុងឱកាសនេះដែរ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង បានចែកទឹកដោះគោ តេជោ សែន ឫស្សីត្រឹប ជូនប្អូនៗសិស្សានុសិស្សចំនួន៥សាលា និងប្រជាពលរដ្ឋមកពី១១ភូមិនៅទូទាំង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងឧបត្ថម្ភសម្ភារៈសិក្សាដល់ប្អូនៗសិស្សានុសិស្សផងដែរ៕
RAC Media
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្អែកនេះជាខួបលើកទី៤១ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍កម្ពុជាធិបតេយ្យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា « ៧ មករា» អាចនិយាយបានថា ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាផងដែរ ក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមឆ្នាំ១៩៧០ មក។
លោកបណ្ឌិតបានឱ្យដឹងថា ថ្ងៃ ៧ មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ពីព្រោះនរណាក៏ទទួលស្គាល់ ។ នរណាដែលបដិសេធ «ថ្ងៃ៧មករា» គឺអ្នកនោះជាអ្នកដែលបដិសេធការ រស់រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន ។ លោកបណ្ឌិតបានបន្តថា អ្នកដែលកើតមុនឆ្នាំ១៩៧៩ គឺអ្នកទាំងអស់នោះ គឺសុទ្ធតែបានយកកំណើតជាថ្មីនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ លោកបណ្ឌិតបានបញ្ជាក់ថា «ទោះអ្នកសា្រវជ្រាវណាបកស្រាយយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ខ្ញុំ ក្នុងឋានៈជាអ្នកសិក្សាស្រាវជ្រាវមួយរូប គឺនៅតែផ្តល់តម្លៃនូវសច្ចភាពខ្ពស់ចំពោះថ្ងៃ ៧ មករា នេះ»។
លោកបណ្ឌិតបានបញ្ជាក់បន្តទៀតថា «ខ្ញុំបានកើតមុនរបបខ្មែរក្រហមហើយក្លាយជាកុមារនៅក្នុងរបបខ្មែរក្រហម ក្រោយមក ក្លាយជាកុមារនិងជាយុវជននៅក្នុងសម័យក្រោយរំដោះ( ក្រោយថ្ងៃ ៧ មករា ) ដូច្នេះតាមអ្វីដែលខ្ញុំបានឃើញ ខ្ញុំគឺជាសាក្សីម្នាក់ដែលបានឃើញការរីកចម្រើននៃការអភិវឌ្ឍប្រទេសកម្ពុជា»។
លោកបណ្ឌិតបានបន្តថា «យើងដឹងហើយ យើងពិតជាពិបាកនៅក្នុងការប្រៀបធៀបណាស់អំពីការរីកចម្រើន ប៉ុន្តែ យើងអាចប្រៀបធៀបតែនៅក្នុងគ្រួសារយើង ក៏អាចដឹងបានដែរថា តើពីឆ្នាំ១៩៧៩ មកដល់ឥឡូវនេះ តើមានការប្រែប្រួល ការផ្លាស់ប្តូរអ្វីខ្លះ នៅក្នុងសង្គមគ្រួសារបស់ខ្លួន កុំនិយាយដល់ការអភិវឌ្ឍ និងការរីកចម្រើន របស់ប្រទេសជាតិ»។
លោកបានបន្តទៀតថា អ្វីដែលលោកអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់ដែលនៅក្នុងសម័យខ្មែរក្រហមសូម្បីតែសិទ្ធិនៅការស់រានមានជីវិត គ្មានផង ជីវិតរបស់យើងមិន មែនជារបស់យើងទេ គឺជីវិតយើងផ្ញើជាមួយនឹងអង្គការ ដែលមិនដឹងថា តើនៅពេលណាអង្គការដកហូតជីវិតយើងនោះទេ។ ហើយអង្គការជានរណា ក៏មិនស្គាល់ដែរ។
លោកបានសង្កត់ធ្ងន់អំពីមុខងារបស់អង្គការនៅក្នុងសម័យខ្មែរក្រហមថា «យើងគ្រាន់តែយកត្រី យកដំឡូងដែលយើងរកបានទៅហូប ក៏អង្គការបានបេះយកជីវិតរបស់យើងដែរ»។ លោកបណ្ឌិតបានបន្តទៀតថា សព្វថ្ងៃនេះ គឺយើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីប្រពៃណីទំនៀមទម្លាប់ ប្រពៃណី សាសនា ដែលយើងអាចរៀបចំប្រពៃណី សព្វយ៉ាងដែលនៅក្នុងសម័យខ្មែរក្រហម គឺមិនមានទាល់តែសោះ រាប់តាំងការអប់រំឡើង។ បច្ចុប្បន្ននេះ ការអប់រំរបស់យើង មានតាំងពីកម្រិតកុមារតូច ថ្នាក់បឋម រហូតដល់ឧត្តមសិក្សានិង ក្រោយឧត្តមសិក្សា គឺយើងឃើញថា មានច្រើនណាស់។ ទាំងអស់នេះ គឺជាអ្វីដែលយើងបានឃើញអំពីការប្រែប្រួលនៃសិទ្ធិផ្នែកសា្មរតី រីឯផ្នែករូបវ័ន្តវិញ យើងបានឃើញហើយ។ អ្វីដែលយើងបានឃើញនៅពេលនេះ មិនមែនជាការប្រទានរបស់អាទិទេពទេ គឺវាកើតឡើង ពីការខិតខំប្រឹងប្រែង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយយើងឃើញរាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ។
លោកបណ្ឌិតបានបន្តថា ពីមុន នៅពេលដែលយើងចង់ធ្វើដំណើរនៅទូទាំងប្រទេស តើយើងត្រូវចំណាយពេលប៉ុណ្ណា ឥឡូវនេះ យើងធ្វើដំណើទៅតាមបណ្តាខេត្តនៅទូទាំងប្រទេស គឺសុទ្ធតែអាចវិលល្ងាចបានទាំងអស់។ លោកបណ្ឌិតបានបញ្ជាក់ថា «ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម គឺជាភស្តុតាងដែលមិនអាចបដិសេធបានទេ នូវសមិទ្ធផលក្រោយ ៧ មករា ១៩៧៩»។
លោកបានបន្តទៀតថា ភ្នំពេញនាពេលរាត្រី តើនៅសម័យកាលណា ដែលយើងអាចឃើញភ្នំពេញមានសម្រស់ និងមានការរីកចម្រើនបែបនេះ។ ភ្នំពេញឥឡូវ រីកធំសឹងជិតពីរដងនៃសម័យសង្គមរាស្ត្រនិយម និងមានសំណង់អាគារធំៗ ខ្ពស់ស្កឹមស្កៃរាប់មិនអស់។ មួយទៀត យើងមើលអំពីការរីកចម្រើននៃសេដ្ឋកិច្ច យើងមើលអំពីស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ច ។ យើងមានកំណើនសេដ្ឋកិច្ច នៅក្នុងរង្វង់ ៧ ភាគរយ ជាងមួយទស្សវត្សរ៍ ហើយ បើនិយាយអំពីប្រាក់ចំណូលរបស់ពលរដ្ឋ គឺយើងធ្លាប់មានត្រឹមតែ ១០០ ដុល្លារ តែឥឡូវនេះ គឺបានជិត ២០០០ ដុល្លារ ហើយ នៅក្នុងមនុស្សម្នាក់ ។ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺយើងនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ។
លោកបណ្ឌិតបានបន្តទៀតថា «ទាំងអស់នេះ គឺជាសូចនាករដែលអាចវាស់វែងបានអំពីការរីកចម្រើន អ្វីដែលការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩»។
លោកបណ្ឌិត គិន ភា បានផ្តល់អនុសាសន៍ទាក់ទិននឹងថ្ងៃជាប្រវត្តិសាស្រ្តនេះថា «សម្រាប់ខ្ញុំ សូមផ្តាំដល់ប្រជាពលរដ្ឋនិងយុវជន ឱ្យចេះផ្តល់តម្លៃនូវសច្ចភាពប្រវត្តិសាស្រ្ត ។ គេតែងនិយាយថា ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកអ្នកដាំ។ ដូច្នេះ បើមិនបានចូលរួមចំណែកចូលរួមកសាងនូវសុខដុមភាព សូមកុំឱ្យជាតិយើងបែកបាក់ កុំឱ្យជាតិយើង ជួប ភ័យយន្តរាយធ្លាក់ទៅដល់សង្រ្គាមទៅបានហើយ។ យើងគួរតែដើរទៅតាមរដ្ឋធម្មនុញ្ញ ក្រោមការដឹកនាំ របស់រាជរដ្ឋា ភិបាល និងក្រោមម្លប់ព្រះមហាក្សត្រ ដើម្បីវឌ្ឍនភាព ស្ថិរភាព និងសន្តិភាព របស់កូនចៅយើងទៅថ្ងៃមុខទៀត»។
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM