Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទីអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមរបស់សាធារណរដ្ឋកូរ៉េ (NRC) ដើម្បីរៀបចំគម្រោងស្រាវជ្រាវវិស័យវិទ្យាសាស្រ្តសង្គម និងវិស័យទេសចរណ៍រួមគ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅឆ្នាំ២០២០ ខាងមុខ។
មានប្រសាសន៍ក្នុងជំនួបពិភាក្សាការងារដែលត្រូវបានរៀបចំឡើងក្នុងសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូ NRC ដែលបានអញ្ជើញមករាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបានមានប្រសាសន៍លើកឡើងអំពី សាវតា តួនាទី ភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា និងវឌ្ឍនភាពការងារដែលឯកឧត្តមចូលកាន់តំណែងប្រធានបណ្ឌិត្យសភាកម្ពុជា រយៈពេល ២ឆ្នាំមកនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានឯកភាពលើគម្រោងស្រាវជ្រាវដែលគណៈប្រតិភូនៃស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ទាំងពីរ បានលើកឡើងនៅក្នុងជំនួបពិភាក្សានាព្រឹកនេះ រួមមាន ១. កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលភាសាកូរ៉េនិងភាសាខ្មែរ ២. កិច្ចសហប្រតិបត្តិការក្នុងការសិក្សាគម្រោងស្រាវជ្រាវ អំពីសង្គមសាស្ត្រ ទេសចរណ៍ វប្បធម៌ និងជនជាតិដើមភាគតិច ៣. កិច្ចសហប្រតិបត្តិការលើការបកប្រែឯកសារស្ដីពីវប្បធម៌នៃប្រទេសទាំងពីរជាភាសាខ្មែរនិងភាសាកូរ៉េ ៤. ការដោះដូរអ្នកសិក្សាស្រាវជ្រាវទៅវិញទៅមក។
ឯកឧត្តមបណ្ឌិតសភាចារ្យក៏ បានសម្ដែងនូវសេចក្ដីសោមនស្សជាក្រៃលែងចំពោះជំនួបពិភាក្សានាព្រឹកនេះ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា «វាជាការប្រសើរណាស់ដែលក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ យើងអាចនិយាយគ្នាបានដោយស្មោះត្រង់ទៅវិញទៅមក ហើយយើងអាចធ្វើការងារជាមួយគ្នាបានយ៉ាងប្រសើរ ដោយសារយើងមានទស្សនវិជ្ជាដូចគ្នា។ លើសពីនេះទៅទៀត ចំពោះបំណងរបស់ភាគីកូរ៉េដែលបានស្នើឱ្យមានការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ទាំងពីរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា វាជាការប្រសើរខ្លាំងណាស់ ហើយឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានឯកភាពនឹងគំនិតនេះផងដែរ៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំជំនួបសហប្រតិបត្តិការអន្តរជាតិរវាងរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងក្រុមប្រឹក្សាស្រាវជ្រាវជាតិកូរ៉េ (NRC) ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក Kim Yi Gyo នាយកប្រតិបត្តិមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តនៃសាធារណរដ្ឋកូរ៉េ។
ជំនួបសហប្រតិបត្តិការអន្តរជាតិរវាងស្ថាប័នសិក្សាស្រាវជ្រាវនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េដែលបានរៀបចំឡើងក្នុងសាលប្រជុំ អគារឥន្ទ្រទេវី មានគោលបំណង ដើម្បីលើកកម្ពស់ការសហប្រតិបត្តិការស្រាវជ្រាវលើវិស័យអាទិភាពឱ្យកាន់តែប្រសើរឡើងថែមទៀត។
នៅក្នុងឱកាសជំនួបពិភាក្សានេះ លោក Kim Yi Gyo បានមានប្រសាសន៍ថា បន្ទាប់ពីការចុះអនុស្សរណៈយោគយល់រវាង RAC និង NRC កាលខែមីនា ឆ្នាំ២០១៩ កន្លងមក ស្ថាប័នទាំងពីរបានសម្រេចវឌ្ឍនភាពការងារផ្លែផ្កាយ៉ាងល្អប្រសើរក្នុងនោះ រួមមាន ការកសាងសមត្ថភាព ការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូ និងមន្ត្រីស្រាវជ្រាវស្ថាប័នទាំងពីរ។
ទន្ទឹមនេះ លោក Kim Yi Gyo បានបន្តលើកឡើងថា គោលបំណងចម្បងរបស់ប្រតិភូ NRC មករាជបណ្ឌិត្យសភាកម្ពុជានាឱកាសនេះ គឺដើម្បីពិភាក្សាស្វែងរកឱកាសស្រាវជ្រាវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងបន្តទិសការងារឆ្នាំ ២០២០ ជាមួយរាជបណ្ឌិត្យសភាកម្ពុជាកាន់តែប្រសើរឡើងថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍ និងរឹតចំណងមិត្តភាពប្រជាជនប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ឯកភាពតាមការផ្តួចផ្តើមគំនិតរបស់ប្រតិភូ NRC ដោយឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា RAC និង NRC អាចរៀបចំគម្រោងការស្រាវជ្រាវនានាជាអាទិភាព និងការរៀបចំសន្និសីទអន្តរជាតិរួមគ្នា ដោយអញ្ជើញអ្នកស្រាវជ្រាវ វាគ្មិន និងអ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួម ជាពិសេសគឺការស្រាវជ្រាវលើវិស័យទេសចរណ៍ វប្បធម៌ ការបកប្រែភាសាកម្ពុជា-កូរ៉េ ដើម្បីជំរុញកំណើនភ្ញៀវទេសចរទៅវិញទៅមក។ លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា ក្រោយពីការសិក្សាស្រាវជ្រាវនេះរួច ស្ថាប័នទាំងពីរអាចរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយបង្ហាញរបកគំហើញ ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ និងអ្នកជំនួញប្រទេសទាំងពីរផងដែរ។ បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា យើងអាចសិក្សាស្រាវជ្រាវពីទីផ្សារវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទដៃទំនើប( smart phone )
ជាលទ្ធផលទីបញ្ចប់ក្នុងជំនួប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងលោក Kim Yi Gyo បានឯកភាពតាមកិច្ចព្រមព្រៀងអនុស្សរណៈនឹងធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងរៀបចំសន្និសីទអន្តរជាតិលើវិស័យអាទិភាព រួមមាន នយោបាយការបរទេស ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច វប្បធម៌ និងភាសា ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ រឹតចំណងមិត្តភាពរវាងអ្នកស្រាវជ្រាវ និងអ្នកស្រាវជ្រាវ ប្រជាជន និងប្រជាជនប្រទេសទាំងពីរ៕
RAC Media
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅបន្ទប់សោតទស្សន៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា» ក្រោមអធិបតីឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួមក្នុងដំណើរការសន្និសីទអន្តរជាតិខាងលើនេះ។
នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន បានផ្ដល់អនុសាសន៍ និងគូសបញ្ជាក់បន្ថែមអំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មការទទួលខុសត្រូវរួម និងអនុគណៈកម្មការទាំង៤ ដែលទទួលភារកិច្ចក្នុងដំណើរការសន្និសីទអន្តរជាតិស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានណែនាំដល់សមាជិកអនុគណៈកម្មការទាំងអស់ត្រូវបំពេញតួនាទីការងារដែលបានប្រគល់ជូន ឱ្យបានសកម្មនិងប្រកបដោយទំនួលខុសត្រូវខ្ពស់។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានក្រើនរំឭកអំពីភាពចាំបាច់ក្នុងការត្រួតពិនិត្យបន្ថែមទៅលើការងារដែលបានបំពេញរួច ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនិងចៀសវាងកំហុសដោយអចេតនាណាមួយ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានបង្ហាញនូវជំនឿជាក់ថា ដំណើរការរៀបចំសន្និសីទអន្តរជាតិរយៈពេល៤ថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន ដូចដែលបានគ្រោងទុក តាមរយៈការទទួលខុសត្រូវខ្ពស់របស់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និសីទអន្តរជាតិខាងលើនេះ។
គួរបញ្ជាក់ផងដែរថា សន្និសីទអន្តរជាតិស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដោយមានវាគ្មិននិងអ្នកចូលរួមសរុបចំនួន ១១៥នាក់៕
RAC Media | លឹម សុវណ្ណរិទ្ធ
សៀមរាប៖ ថ្ងៃសៅរ៍ ១១កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានជួបជំនុំជាមួយលោកសាស្ត្រាបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ ( Prof. Roland Fletcher) ជាប្រធាន គម្រោងអាណាចក្រអង្គរ (Greater Angkor Project) នៃសាកលវិទ្យាល័យស៊ីដនី (University of Sydney) ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាអំពីកិច្ចសហការរវាងស្ថាប័នទាំងពីរគឺ រាជបណ្ឌិត្យសភាកម្ពុជា និងគម្រោងអាណាចក្រអង្គរ (Greater Angkor Project) លើកិច្ចការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្ររាជធានីសម័យកណ្ដាល។
ក្នុងជំនួបនោះ លោកសាស្ត្រាចារ្យបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ បានបង្ហាញពីដំណើរការស្រាវជ្រាវរបស់គម្រោងអាណាចក្រអង្គរដែលបានសិក្សាស្រាវជ្រាវជាច្រើនឆ្នាំនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅតំបន់បន្ទាយលង្វែក ខេត្តកំពង់ឆ្នាំង និងកំពុងសិក្សាស្រាវជ្រាវនៅតំបន់ស្រីសន្ធរដែលជារាជធានីរបស់ព្រះរាជាខ្មែរក្នុងសម័យកណ្ដាល។ លោកសាស្ត្រាចារ្យក៏បានរៀបរាប់ដែរថា កិច្ចការស្រាវជ្រាវរបស់សាកលវិទ្យាស៊ីដនីក៏មានកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត ផុន កសិកា និងកញ្ញា តាកេត ស័កដា។ លោកសាស្ត្រាចារ្យក៏បានបន្ថែមទៀតថា នៅឆ្នាំ២០២០ ខាងមុខនេះ គម្រោងអាណាចក្រអង្គរនឹងបន្ដកិច្ចការស្រាវជ្រាវនៅរាជធានីស្រីសន្ធរដើម្បីប្រមូលទិន្នន័យប្រវត្តិសាស្ត្រនៃការផលិតកុលាលភាជន៍ ការតាំងទីលំនៅ មុខរបរចិញ្ចឹមជីវិតរបស់ប្រជាជនក្នុងសម័យនោះ។ ការងារស្រាវជ្រាវនេះនឹងស្នើសុំកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជាក្នុងការស្វែងរកពត៌មាន ក៏ដូចជាប្រវត្តិសាស្ត្រអំពីសម័យកណ្ដាលនៃប្រទេសកម្ពុជាដែលជាសម័យមួយត្រូវបានអ្នកស្រាវជ្រាវគិតថា ជាយុគ្គខ្មៅដែលប្រទេសកម្ពុជាធ្លាក់ក្នុងភាពវឹកវរ គ្រោះអាសន្ន ដោយសារសង្រ្គាមរាំងជុល និងការឈ្លានពានពីបរទេស។ ការសិក្សាស្រាវជ្រាវនេះនឹងអាចរកឃើញពត៌មានថ្មីៗសម្រាប់បន្ថែមលើពត៌មានដែលខ្វះខាតក្នុងសម័យកណ្ដាល។
លោកបណ្ឌិត ផុន កសិកា ក៏បានបង្ហាញអំពីការទឹកចិត្តសប្បាយរីករាយក្នុងការសហការសិក្សាស្រាវជ្រាវរួមគ្នារវាងគម្រោងអាណាចក្រអង្គរ (Greater Angkor Project) ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ និងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត ផុន កសិកា ក៏បានរៀបរាប់ដែរថា រាជបណ្ឌិត្យសភាកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចា្យ សុខ ទូច តែងតែគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងអនុវត្តការងារស្រាវជ្រាវ ហើយក៏តែងតែស្វាគមន៍រាល់កិច្ចសហការពីបរទេសលើគ្រប់វិស័យក្នុងគោលដៅសិក្សាស្រាវជ្រាវ។ នៅទីបញ្ចប់លោកបណ្ឌិត ផុន កសិកា ថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ ចំពោះកិច្ចសហការនេះ ហើយលោកបណ្ឌិតនឹងត្រៀមរៀបចំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ដែលមានផ្នែកប្រវត្តិសាស្ត្រ ដើម្បីចុះសិក្សាស្រាវជ្រាវរួមគ្នា ក្នុងឆ្នាំ២០២០។
RAC Media
ប្រភព៖ ហេង សុភី
ខេត្តសៀមរាប៖ កាលពីថ្ងៃសុក្រ ១០កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងកញ្ញា តាកេត ស័កដា មន្ត្រីស្ម័គ្រចិត្តនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបជំនុំជាមួយលោកបណ្ឌិត ប្រីស វាំងសង់ ( Dr. Brice Vincent) ជាប្រធានសាលាបារាំងចុងបូព៌ាប្រចាំនៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីលទ្ធភាពដែលស្ថាប័នទាំងពីរគឺ រាជបណ្ឌិត្យសភាកម្ពុជា និងសាលាបារាំងចុងបូព៌ា អាចសហការគ្នាក្នុងកិច្ចសិក្សាស្រាវជ្រាវបាន។ ក្នុងជំនួបនោះ លោកបណ្ឌិត ប្រីស វាំងសង់ បានបង្ហាញពីការរកឃើញថ្មីៗរបស់អ្នកស្រាវជ្រាវសាលាបារាំងចុងបូព៌ានូវទីតាំងយករ៉ែទង់ដែង និងស្ពាន់ នៅភ្នំពិល ស្ថិតក្នុងចម្ងាយ១០គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ចំណែកលោកបណ្ឌិត ផុន កសិកា ក៏បានបង្ហាញអំពីការរកឃើញថ្មីពីការផលិតទង់ដែង និងស្ពាន់ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ លោកទាំងពីរក៏បានយល់ព្រមដើម្បីបង្កើតជាកិច្ចសហការសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរ អំពី «ប្រវត្តិសាស្ត្រនៃការផលិត ទង់ដែង និងស្ពាន់នៅប្រទេសកម្ពុជា»។
របកគំហើញនៃការផលិតស្ពាន់ដែលទទួលបានពីការស្លចម្រាញ់ពីរ៉ែស្ពាន់ និងទង់ដែង គឺជាទិន្នន័យថ្មីមួយដែលអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិទាំងឡាយមិនដែលរកឃើញកន្លងមក។ អ្នកស្រាវជ្រាវខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជារកឃើញស្ថានីយផលិតទង់ដែង និងស្ពាន់ ចំណែកឯអ្នកស្រាវជ្រាវជនជាតិបារាំងនៃសាលាបារាំងចុងបូព៌ាបានរកឃើញស្ថានីយយករ៉ែទង់ដែង និងស្ពាន់។ របកគំហើញទាំងពីរនឹងអាចប្រមូលស្ថាប័នទាំងពីរបង្កើតជាកិច្ចសហការសិក្សាស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅតាមបែបវិទ្យាសាស្ត្រ ដើម្បីសិក្សាចងក្រងពត៌មានប្រវត្តិសាស្ត្រប្រទេសកម្ពុជាឱ្យកាន់តែច្បាស់លាស់អំពីចង្វាក់ផលិតកម្មផ្សេងៗរួមទាំងផលិតកម្មទង់ដែង និងស្ពាន់ផងដែរដែលជាធាតុចូលមួយជំរុញឱ្យអាណាចក្រអង្គរក្លាយជាចក្រភពរុងរឿងក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរវាងសតវត្សទី៩ ដល់ ១៤។
RAC Media
ប្រភព៖ ហេង សុភី
សៀមរាប៖ ថ្លែងនៅក្នុងឱកាសបើក «វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១» រៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នាខេត្តសៀមរាបកន្លងទៅនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជាអនុសាសន៍គន្លឹះថា «កម្ពុជា-ចិន ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គប្បីត្រូវជំរុញឱ្យប្រជាជននឹងប្រជាជនស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ទាំងរវាងរដ្ឋាភិបាល និងទាំងក្នុងស្រទាប់មហាជននៃប្រទេសទាំងពីរ»។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងថា ទោះបីជាទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល បានឈានដល់កម្រិតកំពូលក្ដី ក៏ប៉ុន្តែរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅមានទិដ្ឋភាពជាច្រើនដែលមិនទាន់យល់ច្បាស់ពីគ្នានៅ ឡើយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា «នៅប្រទេសចិន កម្រចិននិយាយខ្មែរណាស់ តែនៅកម្ពុជា ខ្មែរច្រើនដែលនិយាយភាសាចិន និងថែមទាំងប្រារព្ធបុណ្យចូលឆ្នាំចិនទៀតផង ត្រង់នេះ អ្នកវិទ្យាសាស្ត្រប្រទេសទាំងពីរត្រូវធ្វើយ៉ាងណាឱ្យខ្មែរយល់ថា អ្វីទៅជាចូលឆ្នាំចិន ប៉ុន្តែមិនទាន់មានសៀវភៅណាសរសេរជាភាសាខ្មែរអំពីបុណ្យចូលឆ្នាំចិននោះឡើយ»។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃប្រទេសទាំងពីរ គប្បីត្រូវតែធ្វើការសិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយអំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ នៅពេលណាដែលប្រជាជនយល់អំពីគ្នាស៊ីជម្រៅ វានឹងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរ ហើយគេមិនត្រូវនិយាយតែអំពីទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ តែប្រជាជននិងប្រជាជនមិនយល់ពីគ្នានោះទេ។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងវប្បធម៌កម្ពុជា-ចិនបន្ថែមថា ជនជាតិចិនដែលបានចូលមករស់នៅក្នុងប្រទេសកម្ពុជានៅក្នុងប្រវត្តិសាស្ត្រយូរយារមកហើយនោះ បានចាក់ចូលវប្បធម៌កម្ពុជាយ៉ាងជ្រៅ ដោយចិនបានកែប្រែវប្បធម៌របស់ប្រជាជនកម្ពុជា រាប់ទាំងការប្រើប្រាស់សម្ភារៈ និងការហូកចុក ដូចជា ខ្មែរបានប្ដូរពីការបរិភោគដោយដៃមកជាការប្រើចង្កឹះ ប្ដូរពីការនិយមបរិភោគនំបញ្ចុក មកបរិភោគគុយទាវ ប្ដូរពីការបរិភោគអន្សមទៅបរិភោគនំប៉ាវជាដើម គឺជាឧទាហរណ៍ជាក់ស្ដែង អំពីទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់អនុសាសន៍ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់កម្ពុជា-ចិន បន្ថែមថា នៅមានភារកិច្ចជាច្រើនទៀត ដែលអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរត្រូវធ្វើបន្ត ដូចជាការសិក្សាស្រាវជ្រាវអំពីទំនោរនៃការរស់នៅ វប្បធម៌ ស្ថានភាពសង្គម និងលិខិតបទដ្ឋានច្បាប់នានា រួចបកប្រែជាពីរភាសា ទាំងភាសាខ្មែរ និងភាសាចិន ទាំងអ្វីដែលមាននៅកម្ពុជា និងនៅក្នុងប្រទេសចិន ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន អាចស្វែងយល់ពីគ្នាឱ្យបានកាន់តែប្រសើរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសាលប្រជុំសណ្ឋាគារ Empress Angkor ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong អនុប្រធានបណ្ឌិត្យសភាវិទ្យា សាស្រ្តសង្គមចិន (CASS) បានអញ្ជើញចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គមគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ការស្រាវជ្រាវនៅលើវិស័យអាទិភាពរវាងរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS)។
ពិធីអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គមគ្រប់ជ្រុងជ្រោយនេះ ប្រារព្ធឡើងនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា។
នៅក្នុងពិធីចុះអនុស្សារណៈយោគយល់នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានមានប្រសាសន៍លើកឡើងថា ការចុះអនុស្សារណៈយោគយល់រវាងស្ថាប័នសិក្សា ស្រាវជ្រាវជាន់ខ្ពស់ទាំងពីរ កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា ជាពិសេសគឺ ការបកប្រែឯកសារច្បាប់ខ្មែរពីភាសាខ្មែរទៅជាភាសាចិន ដើម្បីឱ្យអ្នកវិនិយោគចិនយល់ច្បាប់កម្ពុជាកាន់តែច្បាស់ ដើម្បីជំរុញការវិនិយោគចូលរួមចំណែកធ្វើឱ្យការអភិវឌ្ឍប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមបណ្ឌិតសភាចារ្យជឿជាក់យ៉ាងមុតមាំថា ការចុះអនុស្សារណៈយោគយល់នាពេលនេះនឹងស្វែងរកធាតុចូលសំខាន់ៗជាអាទិភាពបន្ថែមទៀតជូនរដ្ឋាភិបាលប្រទេសទាំងពីរ ទៅថ្ងៃអនាគត។
ជាមួយនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្ត សង្គមចិន (CASS) បានមានប្រសាសន៍ថ្លែងអំណរគុណឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងសហការីដែលបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនយ៉ាងល្អប្រសើរ។
ទន្ទឹមនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong បានជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ថា ការចុះអនុស្សារណៈយោគយល់រវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS) នាពេលនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវគ្រប់ជ្រុងជ្រោយរួមគ្នា ក្នុងនោះ រួមមាន ការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងមន្ត្រីស្រាវជ្រាវស្ថាប័នទាំងពីរ និងការរៀបចំគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រជាអាទិភាពនានាដែលចូលរួមចំណែកអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់ប្រសើរឡើង។
ឆ្លៀតឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong បានអញ្ជើញឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ទៅទស្សនកិច្ចស្វែងយល់អំពី បណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS) ដោយផ្ទាល់នៅឆ្នាំ២០២០ ខាងមុខ។
សូមជ្រាបជូន វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០១៩។ វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១នេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកស្រាវជ្រាវជាន់ខ្ពស់កម្ពុជា ចិន និងអាស៊ាន ជួបពិភាក្សាគ្នាលើប្រធានបទសកល ដើម្បីស្វែងរក និងផ្តល់ធាតុចូលជូនរដ្ឋាភិបាល។
ប្រធានបទសំខាន់ៗចំនួន៣ ត្រូវបានដាក់លើតុពិភាក្សា រួមមាន៖
- កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខកម្ពុជា-ចិន
- កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ចិន
- ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសង្គម វប្បធម៌កម្ពុជា-ចិន៕
ខេត្តសៀមរាប៖ «វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា» ត្រូវបានបើក ជាផ្លូវការ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសាលប្រជុំសណ្ឋាគារ Empress Angkor ខេត្តសៀមរាប ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ដោយវត្តមានសមាសភាពអញ្ជើញចូលរួមឯកឧត្តមបណ្ឌិត លោកជំទាវ សាស្រ្តាចារ្យបណ្ឌិត លោកបណ្ឌិត អស់លោក លោកស្រី អ្នកនាង និងកញ្ញា អ្នកស្រាវជ្រាវជាន់ខ្ពស់មកពីប្រទេសក្នុងតំបន់អាស៊ាន មន្ត្រីរាជការចំណុះរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីស្រាវជ្រាវមកពីក្រ សួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា វិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក និងនយោបាយនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន មជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី មជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជា និងតំណាងរដ្ឋបាលខេត្តសៀមរាបសរុបចំនួនប្រមាណ ៨៥នាក់។
វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១នេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកស្រាវជ្រាវជាន់ខ្ពស់កម្ពុជា ចិន និងអាស៊ាន ជួបពិភាក្សាគ្នាលើប្រធានបទសកល ដើម្បីស្វែងរក និងផ្តល់ធាតុចូលជូនរាជរដ្ឋាភិបាល។
សូមជម្រាបជូនថា វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០១៩។ នៅក្នុងវេទិកានេះ អ្នកស្រាវជ្រាវជាន់ខ្ពស់កម្ពុជា ចិន និងអាស៊ាន នឹងពិភាក្សាគ្នាលើប្រធានបទចំនួន៣ រួមមាន៖
- កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខកម្ពុជា-ចិន
- កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-ចិន
- ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសង្គម វប្បធម៌កម្ពុជា-ចិន៕
RAC Media
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍
ភ្នំពេញ៖ «ការបើកល្បឿនលើសច្បាប់កំណត់ ជាមូលហេតុទីមួយដែលធ្វើឱ្យអ្នករងគ្រោះដល់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយសមត្ថកិច្ចមិនមែនជាភាគីផ្ដាច់មុខតែម្នាក់ដែលត្រូវដោះស្រាយបញ្ហាចរាចរណ៍នោះទេ» នេះជាការលើកឡើងនៅក្នុងបទបង្ហាញរបស់លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» ដែលធ្វើឡើងនៅសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ។
បើតាមលោក គង់ រតនៈ ការបើកបរហួសល្បឿនកំណត់ដែលមានចែងនៅក្នុងច្បាប់របស់អ្នកបើកបរ គឺមូលហេតុចម្បងជាងគេដែលបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងស្ថានភាពមួយធ្ងន់ធ្ងរ ដែលនៅត្រង់ចំណុចនេះ លោក បានចោទសួរអំពីការរឹងបន្តឹងនូវការអនុវត្តច្បាប់ចរាចរណ៍ គុណភាពនៃដំណើរការផ្ដល់បណ្ណបើកបរសព្វថ្ងៃជាដើម។ ជាមួយគ្នានេះដែរ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍រូបនេះ ក៏បានលើកឡើងជាយោបល់ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការពិចារណាអំពីសុពលភាពនៃបណ្ណបើកបរនៅកម្ពុជាដែលមានរហូតដល់រយៈពេល ១០ឆ្នាំ ដោយលោកលើកឡើងថា តើគួរតែមានការកែសម្រួលដោយបន្ថយរយៈពេលមកវិញដែរឬទេ ដើម្បីធានាបាននូវការត្រួតពិនិត្យស្ថានភាពលក្ខណៈសម្បត្តិនិងសុខភាពនៃអ្នកកាន់បណ្ណបើកបរ។
បន្ថែមពីលើនេះ លោក គង់ រតនៈ បានអះអាងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានចូលរួមចំណែកធ្វើឱ្យខ្ជះខ្ជាយនូវសេដ្ឋកិច្ចជាតិកម្ពុជា ដោយយោងតាមតួលេខកាលពី២០១៤ កម្ពុជាបានខាតបង់សេដ្ឋកិច្ចក្នុងទំហំ ៣៣៩លាន ដុល្លារសហរដ្ឋអាម៉េរិក ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលឆ្នាំ២០១៩ នេះ លោកបានព្យាករណ៍ថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ចយ៉ាងតិចក្នុងទំហំ ជាង៤០០លានដុល្លារសហរដ្ឋអាម៉េរិក។
ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ពលរដ្ឋជាច្រើនតែងតែដាក់បន្ទុកទៅលើមន្ត្រីនគរបាលចរាចរណ៍នៅគ្រប់បញ្ហាចរាចរណ៍ដែលកើតមានឡើង ប៉ុន្តែពួកគេមិនបានស្វែងយល់ឱ្យបានច្បាស់នោះថា បញ្ហាចរាចរណ៍គឺជារឿងរបស់ទាំងអស់គ្នា ដែលត្រូវរួមគ្នាស្វែងរកដំណោះស្រាយទាំងអស់គ្នា។ ប៉ុន្តែទោះជាយ៉ាងណា លោកបានសម្ដែងនូវការសោកស្ដាយផងដែរ ដែលរាជរដ្ឋាភិបាលបានសម្រេចចិត្តដកការកំណត់ដែលតម្រូវឱ្យអ្នកបើកបរម៉ូតូកម្លាំងក្រោម 125cc ត្រូវមានបណ្ណបើកបរ ខណៈដែលមានជនរងគ្រោះនៃគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៨៥% គឺជាអ្នកបើកបរម៉ូតូ ហើយបើតាមលោកអះអាង បច្ចុប្បន្ន ម៉ូតូដែលត្រូវបានប្រើប្រាស់ជាង៩០% ជាម៉ូតូដែលមានកម្លាំងក្រោម 125cc។
សម្រាប់អនុសាសន៍ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ លោកបានលើកឡើងថា គួរតែបង្កើតនូវចំណតឱ្យបានកាន់តែច្រើន និងបង្កើននូវទីតាំងផ្សារសម្រាប់ផ្ដល់ឱ្យប្រជាពលរដ្ឋទូទៅ អាចប្រកបអាជីវកម្មងាយស្រួល ចៀសវាងការយកផ្លូវសាធារណៈធ្វើជាទីតាំងប្រកបអាជីវកម្មផ្ទាល់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលានាព្រឹកនេះ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានធ្វើបទបង្ហាញទៅលើប្រធានបទ ស្ដីពី «ការគ្រប់គ្រងសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ»។ លោក គាត រង្សី បានបញ្ជាក់ថា មានបញ្ហា ២ ដែលនាំឱ្យមានការកកស្ទះសំរាម៖ ទី១. ការបញ្ចេញនិងទុកដាក់សំរាមរបស់ប្រជាជននៅមិនទាន់បានប្រសើរនៅឡើយ ២. ការដឹកជញ្ជូនសំរាមយឺតយ៉ាវ ដែលបណ្ដាលពីការសម្រាកឬបញ្ហាបច្ចេកទេស។ ក្នុងនោះផងដែរ បច្ចុប្បន្ន សំរាមដែលកើតមានឡើងនៅរាជធានីភ្នំពេញមានទំហំពី ២៦០០ ទៅ ៣ ០០០ តោន ក្នុង១ថ្ងៃ។ ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ អ្នកទិញអេតចាយ បានចូលរួមចំណែកដោះស្រាយបញ្ហាសំរាមផងដែរតាមរយៈការទិញកំប៉ុងទឹកសុទ្ធ ទឹកក្រូច និងកំប៉ុងស្រាបៀរ ប៉ុន្តែដោយសារតែការបែងចែកសំរាមនៅមិនទាន់បានល្អនៅឡើយ ដូច្នេះអ្នកទិញអេតចាយយកទៅកែច្នៃក៏អាចជួយបានត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះ។
សម្រាប់អនុសាសន៍ក្នុងការដោះស្រាយបញ្ហាសំរាម លោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានគូសបញ្ជាក់ថាបញ្ហាដែលសំខាន់ជាងគេគឺការអប់រំប្រជាពលរដ្ឋអំពីចំណេះដឹង ហើយនាពេលកន្លងមកមន្ត្រីរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញទាំង៧០រូប ត្រូវបានថ្នាក់ដឹកនាំមន្ទីរចាត់តាំងឱ្យក្លាយទៅជាអ្នកអប់រំប្រជាជនអំពីបញ្ហាបរិស្ថាន នៅតាមខណ្ឌ និងសាលារៀននានា។ ម្យ៉ាងវិញទៀត លោកប្រធានមន្ទីរក៏បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមពីប្រជាពលរដ្ឋទាំងអស់ ក្នុងការគ្រប់គ្រងកាកសំណល់រឹង និងសំរាមនៅតាមផ្ទះរៀងៗខ្លួន ជាមួយនឹងឥរិយាបថអប់រំនិងណែនាំអ្នកដទៃផ្សេងទៀត ដោយធ្វើការសំណូមពរដល់អ្នកដែលខ្លួនបានជួប សូមឱ្យចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។
ចំពោះវិធានការពិន័យដែលត្រូវបានគេចោទជាចម្ងល់កន្លងមក អំពីការអនុវត្តនូវអនុក្រឹត្យ ១១៣ ដែលបានចេញដោយរាជរដ្ឋាភិបាល លោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានបកស្រាយថា មន្ទីរកំពុងសហការជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង្កើតគណៈកម្មការគ្រប់គ្រងនិងចាត់ចែងចំណូលដែលបានពីការផាកពិន័យខាងលើនេះ៕
RAC Media | លឹម សុវណ្ណរិទ្ធ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM