ព័ត៌មាន

លោក អ៊ូ ធនសាល៖ ការចូលរួមរបស់ពលរដ្ឋក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈគឹជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

លោក អ៊ូ ធនសាល បានលើកឡើងថា ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីរាប់ទាំងប្រជាពលរដ្ឋគ្រប់រូបផងដែរ ហើយនាពេលបច្ចុប្បន្ន ដើម្បីជំរុញនិន្នាការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ រដ្ឋបានចូលរួមក្នុងការខាតថ្លៃដឹកជញ្ជូនដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។

ភ្នំពេញ៖ លោក អ៊ូ ធនសាល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណការក្រុងភ្នំពេញ បានបញ្ជាក់នៅក្នុងសិក្ខាសាលានាព្រឹកនេះនៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ថា «ការចូលរួមរបស់ពលរដ្ឋក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍»។

បើតាមលោក អ៊ូ ធនសាល បានគូសបញ្ជាក់បន្ថែមថា នៅថ្ងៃអនាគតខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានរៀបចំឱ្យចំណតសម្រាប់ក្រុមហ៊ុនដឹកអ្នកដំណើរចតនៅក្រៅរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការស្ទះចរាចរណ៍ ដោយប្រជាជនដែលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ នឹងបន្តដំណើរមកកាន់រាជធានីភ្នំពេញតាមរយៈមធ្យោបាលធ្វើដំណើរផ្សេងៗដូចជារថយន្តក្រុងសាធារណៈ ឬម៉ូតូកង់បីជាដើម។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនដឹកអ្នកដំណើរ ចំនួន ៥៦ក្រុមហ៊ុន និងក្រុមហ៊ុនដឹកទំនិញ ចំនួន ៧០ក្រុមហ៊ុន។

លើសពីនេះទៅទៀត អនុប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណការក្រុងដដែល ក៏បានបញ្ជាក់បន្ថែមថា តាមផែនការសកម្មភាព ឆ្នាំ២០២០-២០៣៥ រាជរដ្ឋាភិបាលនឹងរៀបចំនូវបណ្ដាញដឹកជញ្ជូនសាធារណៈមួយដែលមានភាពល្អប្រសើរនិងប្រកបដោយចីរភាព តាមរយៈការជំរុញឱ្យមានការដឹកជញ្ជូនរយៈចម្ងាយឆ្ងាយជាងបច្ចុប្បន្ន ដោយអាចធ្វើដំណើរឱ្យបានឆ្ងាយរហូតដល់៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយវាក៏នឹងជួយឱ្យមានការបម្លាស់ទីដោយភាពងាយស្រួល និងធ្វើឱ្យប្រជាជនមាននិន្នាការពង្រាយការតាំងទីលំនៅនៅទីកន្លែងឆ្ងាយៗពីរាជធានីភ្នំពេញ ដោយសារភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក។

គួរបញ្ជាក់ផងដែរថា លោក អ៊ូ ធនសាល បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» ដែលធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ ដោយលើកយកប្រធានបទ «ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ៖ បញ្ហាប្រឈម និងយុទ្ធសាស្ត្រ» សម្រាប់ធ្វើបទបង្ហាញ៕

2019-12-05 05:02:08   ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2019 ម៉ោង 12:02 PM
«ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ៖ មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង»

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍

«មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង» នេះបើតាមការធ្វើបទបង្ហាញរបស់ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» ដែលធ្វើឡើងនៅសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បានបញ្ជាក់មកថា មានកត្តាផ្សេងៗពីគ្នាដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍។ កត្តាដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍មាន៤យ៉ាងនោះមានដូចជា កត្តាមនុស្សដែលមានមានទំហំរហូតដល់ ៩៥% នៃករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈកត្តាយានយន្តមាន ៣% កត្តាផ្លូវថ្នល់មាន ១% និងកត្តាអាកាសធាតុមាន ១%។ ជាមួយគ្នានេះដែរ លោកឧត្ដមសេនីយ៍ទោ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៩ ចំនួនគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ មានការកើនឡើង ៦០% ប្រៀបធៀបឆ្នាំ២០១៨ ពោលគឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ១ ៣៦៦ លើក (លើសឆ្នាំមុន ៨១៤លើក) ក្នុងនោះបណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ២៧៥ នាក់ របួសធ្ងន់ ៩៨១ នាក់ និងរបួសស្រាលចំនួន ៤៩១ នាក់ និងបង្កឱ្យខូចខាតយានយន្តសរុបចំនួន ២ ៣២៥ គ្រឿង (រថយន្តខូចខាត ៩៨៨ គ្រឿង, ម៉ូតូខូចខាត ១ ២៣៧ គ្រឿង និងយានផ្សេងៗខូចខាតចំនួន ១០០គ្រឿង)។

បើទោះបីជាគ្រោះថ្នាក់ចរាចរណ៍ពុំកើតមានឡើងចំពោះប្រជាជនទាំងអស់ ប៉ុន្តែអ្វីដែលជាបញ្ហាចោទមួយទៀត ដែលប្រជាពលរដ្ឋគ្រប់គ្នាបានជួបប្រទះនៅរាជធានីភ្នំពេញនោះគឺ បញ្ហាកកស្ទះចរាចរណ៍ប្រចាំថ្ងៃ។ នៅក្នុងបទបង្ហាញរបស់លោកស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍ បានបង្ហាញ ពីកត្តាធំៗរហូតដល់ ៦យ៉ាង ដែលនាំឱ្យមានការកកស្ទះចរាចរណ៍។ ក្នុងនោះមានដូចជា កំណើនយ៉ាងគំហុកនៃមនុស្សនិងមធ្យោបាយធ្វើដំណើរ, កត្តាផ្លូវថ្នល់ (ចំនួនមិនតុល្យភាពនឹងកំណើនយានយន្ត, កង្វះស្ពានអាកាសនិងផ្លូវក្រោមដី, កង្វះគ្រឿងបរិក្ខារ និងការរំលោភចិញ្ចើមថ្នល់ធ្វើអាជីវកម្ម), កត្តាអ្នកប្រើប្រាស់ផ្លូវថ្នល់, ការដ្ឋានជួសជុលនិងកែលម្អបន្ថែម, កត្តាអាកាសធាតុ(ភ្លៀងលិចផ្លូវ) និងករណីកើតមានគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនិងការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋានមានភាពយឺតយ៉ាវផងដែរ។

បន្ថែមពីលើនេះ លោកស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍ បានបន្តបញ្ជាក់ថា នៅរាជធានីភ្នំពេញ វេលានៃការកកស្ទះមាន៣ដំណាក់កាលគឺ នៅពេលព្រឹក ពីម៉ោ ង ០៦:៣០ ដល់ម៉ោង ០៩:០០ ព្រឹក នៅពេលថ្ងៃរសៀល កកស្ទះចរាចរណ៍ខ្លាំងចាប់ពីម៉ោង ១១:០០ ដល់ម៉ោង ១២:៣០ ថ្ងៃត្រង់ និងនៅពេលល្ងាច បញ្ហាកកស្ទះចរាចរណ៍ មានចាប់ពីម៉ោង ១៦:៣០ ដល់ម៉ោង ១៩:០០ ល្ងាច។

ក្រៅពីនោះមានការកកស្ទះក៏បានកើតមានឡើងនៅតាមឱកាសមួយចំនួនផ្សេងទៀតផងដែរដូចជា ពិធីបុណ្យជាតិ-អន្តរជាតិ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់, គណៈប្រតិភូ កិច្ចប្រជុំធំៗ បាតុកម្ម កូដកម្ម និងការដង្ហែក្បួន, មានអគ្គិភ័យ យានយន្តខូចធ្ងន់នៅលើដងផ្លូវ គ្រោះថ្នាក់ចរាចរណ៍, ការដ្ឋានជួសជុលផ្លូវថ្នល់ ប្រព័ន្ធលូ កប់ខ្សែកាប និងជុំវិញទីផ្សារនានាជាដើម៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-05 03:58:18   ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2019 ម៉ោង 10:58 AM
ឯកឧត្តម តូច ជឿន៖ បញ្ហាឥរិយាបថរបស់អ្នកបើកបរ គឺជាកត្តាចម្បងបំផុតដែលនាំឱ្យមានបញ្ហាគ្រោះថ្នាក់!

បញ្ហាសំខាន់ដែលជាកត្តាចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជារួមមាន៖ ១. ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ ២. ការប្រើប្រាស់ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៣. ការនឿយហត់ក្នុងពេលកំពុងបើកបរ ៤. លក្ខខណ្ឌបច្ចេកទេសយានយន្ត ៥. ស្ថានភាពផ្លូវធ្វើដំណើរ តួយ៉ាងដូចជាករណីផ្លូវតូច ឬមុំបត់របស់ផ្លូវតូចពេក និង ៦. អ្នកបើកបរជែងក្នុងល្បឿនហួសកម្រិត។ ប៉ុន្តែទោះជាយ៉ាងណា កំហុសរបស់មនុស្ស គឺជាចំណែកធំជាងគេ រហូតដល់ ៩៥% ដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ខណៈដែលគុណវិបត្តិនៃយានយន្តមានប្រហែល ២,២% និងបរិស្ថានផ្លូវមានប្រមាណ ០,៨៣%។

ភ្នំពេញ៖ ឯកឧត្តម តូច ជឿន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ពីបញ្ហាសំខាន់ៗចំនួន៦ ដែលជាកត្តាចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ហើយក្នុងនោះកត្តាមនុស្ស ពិសេសបញ្ហាឥរិយាបថរបស់អ្នកបើកបរ គឺជាកត្តាចម្បងបំផុតដែលនាំឱ្យមានបញ្ហាគ្រោះថ្នាក់ច្រើនជាងគេ។ ឯកឧត្តម បានបញ្ជាក់ដូច្នេះនៅក្នុងបទបង្ហាញមួយក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» ដែលធ្វើឡើងនៅសាលប្រជុំ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ទោះជាយ៉ាងណា ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ទាមទារឱ្យមាន ការប្តេជ្ញាចិត្តយ៉ាងមុតមាំពីរាជរដ្ឋាភិបាលក្នុងការផ្តល់ថវិកាប្រកបដោយនិរន្តរភាពសម្រាប់សុវត្ថិភាពចរាចរណ៍, ការប្តេជ្ញាចិត្តពីអង្គការឯកជននិងអង្គការមិនមែនរដ្ឋាភិបាលដោយគាំទ្រជំនួយហិរញ្ញវត្ថុនិងបច្ចេកទេស, ការប្តេជ្ញាចិត្តពីប្រជាជនខ្លួនឯងដើម្បីចូលរួមក្នុងផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍, ការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍, បញ្ជ្រាបការអប់រំស្តីពីច្បាប់ចរាចរណ៍ទៅក្នុងកម្មវិធីសិក្សាជាតិចាប់ពីកម្រឹតបឋមសិក្សាទ្បើងទៅ, ការលើកកម្ពស់និងផ្សព្វផ្សាយការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ និងប្រើប្រាស់ Riding Apps និងជាពិសេសការពង្រឹងច្បាប់បញ្ញត្តិស្តីពីការប្រើប្រាស់គ្រឿងស្រវឹងគ្រប់ប្រភេទជាដើម។

បន្ថែមពីលើនេះ ឯកឧត្តម តូច ជឿន បានមានប្រសាសន៍ថា ការស្លាប់និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភមួយ ដែលទាមទារឱ្យមានការសម្របសម្រួលនិងកិច្ចសហការយ៉ាងខ្លាំងក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាលដៃគូអភិវឌ្ឍន៍និងសង្គមស៊ីវិលដើម្បីដោះស្រាយបញ្ហាសុខភាពសាធារណៈ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2019-12-05 03:41:47   ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2019 ម៉ោង 10:41 AM
រាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ»

បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

សិក្ខាសាលានេះ ត្រូវរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងបញ្ហាចរាចរណ៍ និងសំណល់សំរាម ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានស្ថានភាពធ្ងន់ធ្ងរ ជះទ្ធិពលជាអវិជ្ជមានកានតែខ្លាំងដល់បរិស្ថាន និងសុខុមាលភាពសង្គម ក៏ដូចជាទៅដល់ជីវភាព ស្មារតី និងអាយុជីវិតរបស់ប្រជាជនកម្ពុជាជាខ្លាំង។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សាលើការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាម ដើម្បី៖

ទី១. ប្រមូលព័ត៌មាន និងរកបញ្ហាប្រឈមនានា រួមទាំងដំណោះស្រាយ ការអនុវត្តច្បាប់ផ្លូវថ្នល់។

ទី២. ពិភាក្សាលើសេចក្ដីព្រាងច្បាប់សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ឈានទៅរៀបចំផែនការយុទ្ធសាស្ត្រដើម្បីកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវថ្នល់ ធានាឱ្យបាននូវការធ្វើដំណើរមួយប្រកបដោយសុវត្ថិភាពនិងមានសណ្ដាប់ធ្នាប់ល្អនៅតាមផ្លូវសាធារណៈ ជាពិសេសការកាត់បន្ថយឈានទៅលុបបំបាត់សំរាមអាណាធិបតេយ្យនៅតាមដងផ្លូវ ដែលជាកត្តាមួយនាំឱ្យមានការកកស្ទះចរាចរណ៍ និងលុបបំបាត់សំរាមនៅតាមទីសាធារណៈជាដើម។

ទី៣. ផ្សព្វផ្សាយឱ្យមហាជនយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់បរិស្ថាន និងសុខុមាលភាពដែលបណ្ដាលមកពីការបើកបរមិនគោរពផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍ ការយកចិញ្ចើមផ្លូវធ្វើអាជីវកម្មផ្ទាល់ខ្លួនដែលមាននៅតាមដងផ្លូវនានា សកម្មភាពអវិជ្ជមាននានា ក៏ដូចជាការសាងសង់ខ្វះលក្ខណៈបច្ចេកទេស ការរំលោភបំពានលើចំណែកផ្លូវសាធារណៈជាដើម។

សិក្ខាសាលានៅថ្ងៃនេះ ត្រូវបានរៀបចំដោយមានការអញ្ជើញចូលរួមចែករំលែកចំណេះដឹង និងទស្សនៈផ្ទាល់របស់វាគ្មិន ៧ រូប ដូចខាងក្រោម៖

- ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការចរាចរណ៍
- លោក អ៊ូ ធនសាល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង
- ឯកឧត្តម តូច ជឿន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា
- លោកបណ្ឌិត ហែម ឡាច មន្រ្តីស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
- លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍
- លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ
- លោក មាឃ សារី ប្រធានផ្នែកវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងសិក្ខាសាលានេះផងដែរ ក៏មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ មន្ត្រីរាជការ និងនិស្សិតសរុបប្រមាណជាង ៩០ រូប៕

RAC Media | លឹម សុវណ្ណរិទ្ធ

2019-12-05 03:06:20   ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2019 ម៉ោង 10:06 AM
កិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសាលាស្ដីពី «ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅបន្ទប់សោតទស្សន៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសាលាស្ដីពី «ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ» ក្រោមអធិបតីឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួមក្នុងដំណើរការសិក្ខាសាលាខាងលើនេះ។

នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន បានផ្ដល់អនុសាសន៍ និងគូសបញ្ជាក់បន្ថែមអំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការទាំង៥ ដែលទទួលភារកិច្ចក្នុងដំណើរការសិក្ខាសាលាស្ដីពី «ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំ «អគារឥន្ទ្រទេវី» នៃរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់សមាជិកអនុគណៈកម្មការទាំងអស់ត្រូវចូលរួមឱ្យបានសកម្មក្នុងការបំពេញតួនាទីការងារដែលត្រូវបានប្រគល់ជូន ហើយក៏ត្រូវចូលរួមជួយរំលែកការងារជាមួយនឹងសហការីផ្សេងទៀតតាមលទ្ធភាពដែលមានជាក់ស្ដែង។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិត្យសភាចារ្យក៏បានគូសបញ្ជាក់បន្ថែមទៀតអំពីបញ្ហាសន្តិសុខ ដែលជាការចាំបាច់ត្រូវតែពិនិត្យមើល និងធ្វើការចាប់អារម្មណ៍ឱ្យបានគ្រប់គ្នាទាំងអស់ពីអ្នកចូលរួមរៀបចំសិក្ខាសាលានៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានបង្ហាញនូវក្ដីសង្ឃឹមថា ដំណើរការសិក្ខាសាលានៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នឹងប្រព្រឹត្តទៅបានយ៉ាងរលូន ដូចដែលបានគ្រោងទុកតាមរយៈការទទួលខុសត្រូវខ្ពស់របស់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសាលាខាងលើនេះ៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-04 03:35:53   ថ្ងៃពុធ, 04 ធ្នូ 2019 ម៉ោង 10:35 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ យើងនឹងនៅតែបន្តពង្រឹងធនធានបញ្ញវន្តចេញពីរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវតែជាធនធានបញ្ញវន្តប្រកបដោយមូលធនចំណេះដឹងទូលំទូលាយបែបវិទ្យាសាស្ត្រ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះ។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានពង្រឹងជាបន្ត បន្ទាប់ ដោយក្នុងនោះ កន្លងមក រាល់និក្ខេបបទថ្នាក់បណ្ឌិតដែលត្រូវលើកយកមកការពារ ត្រូវតែមានមូលដ្ឋានការពារយ៉ាងរឹងមាំតាមបែបវិទ្យាសាស្ត្រ និងឆ្លងកាត់ការវាយតម្លៃជាច្រើនដំណាក់កាល ដោយរាប់បញ្ចូលទាំងការការពារសាកល្បងជាដើម ខណៈដែលដំណើរការនិងនីតិវិធីកន្លងមកត្រូវបានរឹតបន្តឹង និងធ្វើឡើងដោយសុក្រឹតភាព ដើម្បីធានាបាននូវនិក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់បែបវិទ្យាសាស្ត្រ និងទទួលបាននូវធនធានបញ្ញវន្តជាបណ្ឌិតដែលមានសមត្ថភាពនិងលក្ខណៈសម្បត្តិពេញលេញ ក្នុងការតតាំងគ្រប់ជ្រុងទាំងអស់ជុំវិញប្រធានបទនិក្ខេបបទដែលខ្លួនបានជ្រើសរើសនិងសរសេរបញ្ចប់ថ្នាក់បណ្ឌិត។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានផ្ដល់នូវអនុសាសន៍បន្ថែមថា «និក្ខេបបទថ្នាក់បណ្ឌិតដែលមានទម្ងន់ គឺជានិក្ខេបបទដែលមានមូលដ្ឋានការពាររឹងមាំ ឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ព្រមទាំងមានប្រភពឯកសារឱ្យបានទូលំទូលាយ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រោយឯកឧត្ដមបណ្ឌិតសភាចារ្យឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានដាក់កំហិតចំពោះការឧទ្ទេសនាមសមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជាថា «រាល់សមាជិកគណៈកម្មការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត មិនត្រូវបានអនុញ្ញាតចំពោះអ្នកទាំងឡាយណាដែលជាសាច់ញាតិ ឬបងប្អូននឹងគ្នានោះឡើយ គឺដើម្បីធានាឱ្យបាននូវសុក្រឹតភាពនៃដំណើរការការពារនិក្ខេបបទនេះ»។

សម្រាប់ការរៀបចំការការពារសាកល្បងនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បេក្ខជនត្រូវតែយកប្រធានបទនិក្ខេបបទរបស់ខ្លួនដាក់ចេញផ្សាយនៅតាមទស្សនាវដ្ដីនានា មុននឹងរៀបចំការការពារសាកល្បង ហើយក្រោយរយៈពេល ២ ខែ ប្រសិនបើមិនមាននរណាជំទាស់នឹងប្រធានបទនិក្ខេបបទដែលបានសរសេរនោះទេ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធីការពារសាកល្បងថ្នាក់បណ្ឌិតជូនបេក្ខជនបណ្ឌិតរូបនោះ។

ជាការក្រើនរំឭក ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានផ្ដល់ជាអនុសាសន៍ ដល់អ្នកដែលមានបំណងបន្តការសិក្សាក្រោយឧត្ដមសិក្សា ត្រូវពង្រឹងនូវចំណេះដឹងរបស់ខ្លួនឱ្យបានរឹងមាំ ពិសេសចំណេះដឹងពាក់ព័ន្ធនឹងជំនាញឯកទេសជាមូលដ្ឋានដែលខ្លួននឹងជ្រើសរើសបន្តការសិក្សា ចំណេះដឹងផ្នែកទស្សនវិជ្ជា និងចំណេះដឹងអំពីវិធីសាស្ត្រស្រាវជ្រាវ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងនូវវឌ្ឍនភាពថ្មីមួយទៀត ក្នុងការបណ្ដុះបណ្ដាលថ្នាក់ក្រោយឧត្ដមសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសមិទ្ធផលថ្មីរបស់ស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលជាន់ខ្ពស់របស់ជាតិមួយនេះ នៅក្នុងវិស័យវិទ្យាសាស្ត្រពិត គឺមន្ទីរពិសោធន៍កម្រិតស្តង់ដារមួយ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នឹងត្រូវកសាងឡើងនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជានាពេលខាងមុខ ដើម្បីបម្រើឱ្យផលប្រយោជន៍នៃការស្រាវជ្រាវ ពិសោធន៍ និងការបណ្ដុះបណ្ដាលតាមបែបវិទ្យាសាស្ត្រ ។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់បន្ថែមថា «នៅក្នុងវិទ្យាសាស្ត្រពិត គេគួរតែបញ្ឈប់ហើយនូវការសរសេរនិក្ខេបបទដោយធ្វើការចម្លងស្នាដៃពីបរទេស ហើយយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសតាមរយៈចំណេះដឹងរបស់ពលរដ្ឋនៃប្រទេសជាតិមួយនេះ»៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-03 13:51:38   ថ្ងៃអង្គារ, 03 ធ្នូ 2019 ម៉ោង 08:51 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច លើកទឹកចិត្តមន្ត្រីរាជការចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យចូលរួមផ្តួចផ្តើមគំនិតការងារ ដើម្បីឱ្យរាជបណ្ឌិត្យសភាកម្ពុជាកាន់តែអភិវឌ្ឍន៍

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តមន្ត្រីរាជការទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យចូលរួមផ្តួចផ្តើមគំនិតការងារថ្មីៗលើការសិក្សា និងការស្រាវជ្រាវទាំងវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម និងការពង្រឹងសកម្មភាពការងាររបស់វិទ្យាស្ថានឧបសម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់គុណភាពស្ថាប័នឱ្យកាន់តែមានសក្តានុពលសកម្ម និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ ទៅថ្ងៃអនាគត។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ អគារឥន្ទ្រទេវី។

កិច្ចប្រជុំនេះ មានសមាសភាពអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ អគ្គលេខាធិការរង ឯកឧត្តមបណ្ឌិត ប្រធាន អនុប្រធានវិទ្យាស្ថាន(គ្រប់អង្គភាពចំណុះ) លោកបណ្ឌិតប្រធានមជ្ឈមណ្ឌលសិក្សាចិន លោក/លោកស្រីបណ្ឌិត ដែលជាប្រធានផ្នែកគ្រប់ផ្នែក(គ្រប់អង្គភាពចំណុះ) លោក/លោកស្រីជាប្រធាន អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យសរុបចំនួន ៤០រូប។

កិច្ចប្រជុំដែលបានប្រព្រឹត្តិទៅអស់រយៈពេលប្រមាណ ៣ម៉ោងនេះ មានបៀបវារៈដូចខាងក្រោម៖

- ការពង្រឹងវិទ្យាស្ថានឧបសម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.)

- ការរៀបចំចក្ខុវិស័យសម្រាប់ រ.ប.ស.ក.

- បញ្ហាផ្សេងៗ៕

RAC Media 


2019-12-02 09:17:39   ថ្ងៃចន្ទ, 02 ធ្នូ 2019 ម៉ោង 04:17 PM
លោក សេង សុវណ្ណដារ៉ា៖ រចនាបថសំណង់ស្ថាបត្យកម្មខ្មែរ ពីសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សេង សុវណ្ណដារ៉ា អ្នកសិក្សាស្រាវជ្រាវអក្សរសិល្ប៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញនូវអត្ថបទស្រាវជ្រាវរបស់លោកអំពីស្ថានភាពនៃការសាងសង់សំណង់ស្ថាបត្យកម្មនានានៅក្នុងសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម។

នៅក្នុងសម័យអាណានិគមបារាំង ប្លង់រាជធានីភ្នំពេញ និងប្លង់ទីក្រុងតាមខេត្តនានា មានរាងជាក្រឡាចត្រង្គ ហើយសំណង់ទាំងនោះច្រើនជាអគាររដ្ឋបាលនានា ឬជាលំនៅឋានរបស់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជាជនជាតិបារាំងដែលមានធ្វើការនៅស្រុកខ្មែរ និងច្រើនមានទម្រង់ជាអគារ ឬសំណង់យកតាមលំនាំវប្បធម៌អឺរ៉ុបនៅសម័យក្លាស៊ីក ឬណេអូក្លាស៊ីក ដូចជានៅតាមតំបន់រដ្ឋបាលផ្សេងៗជាដើម។

បើតាមលោក សេង សុវណ្ណដារ៉ា សំណង់ដែលត្រូវបានកសាងថ្មីៗនៅក្នុងសម័យអាណាព្យាបាលបារាំង គឺមានទាំងសំណង់បែបទំនើប និងសំណង់ដែលមានតាមបែបប្រពៃណីខ្មែរ។ តួយ៉ាងដូចជាសំណង់នៅក្នុងព្រះបរមរាជវាំង គឺនៅតែរក្សាតាមបែបប្រពៃណី ដោយគ្រាន់តែក្រោយមកមានសំណង់មួយចំនួនដែលមានឥទ្ធិពលស្ថាបត្យកម្មប្រទេសលោកខាងលិច ពិសេសគឺសំណង់ប្រាសាទណាប៉ូឡេអុងជាដើម ដែលជាព្រះរាជអំណោយរបស់ព្រះចៅអធិរាជបារាំងថ្វាយសម្ដេចព្រះនរោត្ដមនៅក្នុងឆ្នាំ១៩៧៦។

សំណង់ដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ សំណង់សារមន្ទីរជាតិ ដែលបានកសាងនៅឆ្នាំ១៩១៧ តាមរចនា​បថខ្មែរ។ ក្រៅពីនោះមានសំណង់អគារមួយចំនួន ដែលបានសាងសង់ទៅតាមរចនាបថសិល្បៈទំនើប ដូចជា រាជាយស្ម័យយាន ផ្សារធំថ្មី និងព្រះវិហារ សាំង ចូសែហ្វ ជាដើម។ ទោះជាយ៉ាងណា លោក សេង សុវណ្ណដារ៉ា ក៏បាន​គូសបញ្ជាក់បន្ថែមផងដែរថា សំណង់អគារតាមបែបបារាំង គឺជាសម្បត្តិបេតិកភណ្ឌជាតិសម័យទំនើបរបស់កម្ពុជា ដែលទាមទារឱ្យមានការថែរក្សានិងអភិរក្សឱ្យបានល្អប្រសើរ។

បើតាមការលើកឡើងរបស់លោក សេង សុវណ្ណដារ៉ា ដដែល ក្រោយសម័យអាណានិគមបារាំង លោក វណ្ណ មូលីវណ្ណ បានរួមចំណែកក្នុងុការធ្វើទំនើបកម្មរាជធានីភ្នំពេញក្នុងសម័យសង្គមរាស្ត្រនិយម ដែលចលនាស្ថាបត្យកម្មរបស់លោក ត្រូវបានគេទទួលស្គាល់ថាជា «ស្ថាបត្យកម្មខ្មែរសម័យទំនើប» ដែលក្នុងនោះរួមមានសំណង់ពហុកីឡដ្ឋានអូឡាំពិក មហោស្រពចតុមុខ វិមានរដ្ឋចំការមន និងវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម។

គួរបញ្ជាក់ផងដែរថា លោក សេងសុវណ្ណដារ៉ា បានអញ្ជើញជាវាគ្មិនកិត្តិយសផ្ដល់បទបង្ហាញ ស្ដីពី «រចនាបថសំណង់ស្ថាបត្យកម្មខ្មែរ ពីសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម» នៅក្នុងសិក្ខាសាលា ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media


2019-11-29 07:49:21   ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 02:49 PM
ព្រឹទ្ធាចារ្យ ឡោ សាន៖ ក្រៅពីទេពកោសល្យផ្សែផ្សំ និងធ្វើសំយោគពីសិល្បៈបរទេស និងសិល្បៈខ្មែរជំនាន់មុនៗ ស្ថាបត្យករខ្មែរបានបង្កើតសិល្បៈថ្មីមួយទៀតដែលមានទម្រង់ជាសិល្បៈខ្មែរ និងស្របតាមទស្សនៈខ្មែរសុទ្ធសាធ

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកព្រឹទ្ធាចារ្យ ឡោ សាន វីរៈសិល្បករ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមាន​ប្រសាសន៍គូសបញ្ជាក់អំពីទេពកោសល្យដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរនៅក្នុងវិស័យស្ថាបត្យកម្មខ្មែរបុរាណ។

លោកព្រឹទ្ធាចារ្យ បានលើកឡើងអំពីការវិវត្តនិងរីកចម្រើនឥតឈប់ឈរនៃស្ថាបត្យកម្មខ្មែរពីសម័យមួយទៅសម័យមួយ ដែលបានឆ្លុះបញ្ចាំងអំពីទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់ស្ថាបត្យករខ្មែរបុរាណ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងបន្តថា «ក្រៅពីទេពកោសល្យខាងការផ្សែផ្សំ ធ្វើសំយោគពីសិល្បៈបរទេស និង សិល្បៈខ្មែរជំនាន់មុនៗ ស្ថាបត្យករខ្មែរបានបង្កើតចេញនូវសិល្បៈថ្មីមួយទៀតដែលមានទម្រង់ជាសិល្បៈខ្មែរ ស្របតាមទស្សនៈខ្មែរសុទ្ធសាធទៀតផង »។

លោកព្រឹទ្ធាចារ្យ ឡោ សាន បានគូសបញ្ជាក់បន្ថែម ដោយបានលើកឡើងជាឧទាហរណ៍ថា នៅសម័យភ្នំដា ខ្មែរបាន​លុង​ភ្នំធ្វើជាប្រាសាទតាមទម្រង់នៃសិល្បៈឥណ្ឌា តែក្រោយមកស្ថាបត្យករខ្មែរបានច្នៃប្រឌិតពីជំនឿគោរពនៅលើទីខ្ពស់ ដូចជាភ្នំធម្មជាតិមកជំនួស ដោយការកសាងប្រាសាទភ្នំនៅលើដីរាបទៅវិញ ជាក់ស្តែងការសាងសង់ប្រាសាទនៅសម័យឧដុង្គ។

ជាការពិតណាស់ ទស្សនៈគោរពទីខ្ពស់នេះខ្មែរមានរួចមកហើយ តាំងពីបុរេប្រវត្តិមកម៉្លេះ ហើយលុះដល់ពេលដែលឥណ្ឌាចូលមកដល់ស្រុកខ្មែរ ក៏ជំរុញឱ្យទស្សនៈទាំងពីរដែលស្របគ្នានេះរឹតតែមានឥទ្ធិពលខ្លាំងឡើងថែមទៀត។ ហើយវប្បធម៌ដែលខ្មែរបានបង្កើត គឺជាការច្នៃប្រឌិតទាញយកអរិយធម៌បរទេសដែលមានលក្ខណៈប្រហាក់ប្រហែលអាចច្របាច់បញ្ចូលគ្នាបាន មកធ្វើការកែច្នៃនិងបង្កើតថ្មីឱ្យលក្ខណៈជាព្រលឹងនៃវប្បធម៌ខ្មែរ តាមបែបខ្មែរ។

គួរបញ្ជាក់ផងដែរថា លោកព្រឹទ្ធាចារ្យ ឡោ សាន បានអញ្ជើញជាវាគ្មិនកិត្តិយសផ្ដល់បទបង្ហាញ ស្ដីពី «ការស្វែងយល់ពីរចនាបថសិល្បៈខ្មែរ» នៅក្នុងសិក្ខាសាលា ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-11-29 07:42:47   ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 02:42 PM
លោក រ៉េត សាមុត៖ ស្ថាបត្យកម្ម និងសំណង់ប្រាសាទបុរាណខ្មែរសម័យអង្គរមានប្រាសាទពីរបែប

ភ្នំពេញ៖ «ស្ថាបត្យកម្ម និងសំណង់ប្រាសាទបុរាណខ្មែរសម័យអង្គរ មានប្រាសាទពីរបែប...» នេះជាការលើកឡើងរបស់លោក រ៉េត សាមុត មគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាបអង្គរ នៅក្នុងសិក្ខាសាលា ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំនៃអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីវេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

បើតាមលោក រ៉េត សាមុត ស្ថាបត្យកម្ម និងសំណង់ប្រាសាទបុរាណខ្មែរសម័យអង្គរ មានប្រាសាទពីរបែបគឺ៖ ទី១. ប្រាសាទភ្នំជាប្រាសាទសង់លើឃឿនច្រើនជាន់សម្រាប់លទ្ធិទេវរាជ (បាគង បាខែង បក្សីចាំក្រុង ប្រាសាទធំ មេបុណ្យខាងកើតប្រែរូប តាកែវ បាពួន អង្គរវត្ត បាយ័ន)។ ទី២. ប្រាសាទសង់ទាបនឹងដី ជាប្រាសាទសម្រាប់លទ្ធិបុគ្គលនិយម (ព្រះគោ លលៃ បន្ទាយឆ្មារ ព្រះខាន់ តាព្រហ្ម។ល។)។ ម្យ៉ាងទៀត គេបានសង្កេតឃើញថាពីរាជ្យមួយទៅរាជ្យមួយទៀតប្រាសាទមានទំហំកាន់តែធំឡើង ហើយកាន់តែច្រើនឡើង។ ត្រង់នេះបង្ហាញឱ្យឃើញថា ព្រះរាជាអង្គរហាក់ដូច​ជាបានប្រណាំងប្រជែងក្នុងការលើកកិត្យានុភាពរបស់ព្រះអង្គ។ ចំពោះប្រាសាទដូចបាន រៀបរាប់រួចមកហើយនេះ ពុំមែនមានត្រឹមតែការកសាងហើយចប់នោះទេ គឺប្រជារាស្ត្រមានការផ្គត់ផ្គង់នូវគ្រឿងប្រដាប់ប្រើប្រាស់ និង ដង្វាយផ្សេងៗនិងមានភារៈត្រូវទៅនៅបម្រើ និង ថៃរក្សាប្រាសាទទាំងនោះថែមទៀត។

ចំណែកការវិវត្តនៃរចនាបថស្ថាបត្យកម្មសំណង់ និង ប្រាសាទបុរាណខ្មែរសម័យអង្គរ លោក រ៉េត សាមុត បានគូសបញ្ជាក់ថា ត្រូវបានចែកចេញជា១០រចនាបថគឺ៖

១. រចនាបថគូលែន (គ.ស.៨០២ ដល់ ៨៥០ ពាក់កណ្ដាលទី១នៃស.វ.ទី៩)

២. រចនាបថព្រះគោ (គ.ស.៨៧៧-៨៨៩ ភាគ៤នៃចុងស.វ.ទី៩)

៣. រចនាបថបាខែង (ចុងនៃ ស.វទី៩ និងដើម ស.វ ទី ១០)

៤. រចនាបថកោះកេរ (គ.ស.វ.ទី ១០)

៥. រចនាបថប្រែរូប (គ.ស.៩៤៤-៩៦៨)

៦. រចនាបថបន្ទាយស្រី (ពាក់កណ្ដាលទី២ នៃ គ.ស.វ.ទី ១០)

៧. រចនាបថឃ្លាំង (ចុងស.វ.ទី១០ និងពាក់កណ្ដាលទី១ នៃស.វ.ទី ១១)

៨. រចនាបថបាពួន (ពាក់កណ្ដាលទី២ នៃស.វ.ទី១១)

៩. រចនាបថអង្គរវត្ដ (ពាក់កណ្ដាលទី ១ នៃស.វ.ទី ១២)

១០. រចនាបថបាយ័ន (ពាក់កណ្ដាលទី១ នៃស.វ.ទី១២ និងដើមស.វទី១៣)

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាដែលត្រូវបានរៀបចំនាព្រឹកនេះ គឺជាសិក្ខាសាលាបន្តពីសិក្ខាសាលាជាតិលើកទី១ ស្តីអំពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យនគរភ្នំដល់សម័យលង្វែក» រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីឆ្នាំ២០១៨កន្លងទៅ៕

RAC Media


2019-11-29 07:39:46   ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 02:39 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក