ព័ត៌មាន

«ទំនាក់ទំនងត្រីកោណ តួកគី-រុស្ស៊ី-សហរដ្ឋអាម៉េរិក ក្នុងសង្គ្រាមស៊ីវិលនៅស៊ីរី» ដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

2020-03-11 05:42:03 ថ្ងៃពុធ, 11 មីនា 2020 ម៉ោង 12:42 PM
អ្នកមើល 1868
post_detail

បញ្ហាទំនាក់ទំនងអន្តរជាតិរបស់ប្រទេសនីមួយៗ ពិតជាស្មុគស្មាញមិនថា ប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែប្រកាន់ជំហរការពារ​​អធិបតេយ្យភាពរបស់ជាតិរៀងៗខ្លួន និងចង់កសាងក៏ដូចជាពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់និងពិភពលោក។ ប្រទេស​​នីមួយៗបានកំណត់គោលដៅនៃគោលនយោបាយការបរទេសរបស់ខ្លួនច្បាស់លាស់ក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេស​ផ្សេងៗទៀត។ យ៉ាងណាមិញ ក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស មិនប្រាកដថា មិនមានបញ្ហានោះទេ ពោលគឺតែង​តែជួបបញ្ហាផ្អែមល្ហែម និងជូរចត់ចៀសមិនផុតឡើយ។ ប្រទេសមួយចំនួន ពេលខ្លះត្រូវបានគេមើលឃើញថា បានកំពុង​តែលូកលាន់កិច្ចការផ្ទៃក្នុង ឬគាំទ្រក្រុម ឬប្រទេសមួយដើម្បីវាយប្រហារក្រុម ឬប្រទេសមួយផ្សេងទៀត និងចង់បង្ហាញឥទ្ធិពលរបស់​ខ្លួន។ តួយ៉ាងដូចជា សង្គ្រាមស៊ីវិលដែលកំពុងតែបំផ្លិចបំផ្លាញនៅប្រទេសស៊ីរីបានអូសទាញបរទេសមួយចំនួន ជាពិសេសប្រទេស​រុស្ស៊ី តួកគី និងសហរដ្ឋអាម៉េរិកឱ្យចូលពាក់ព័ន្ធក្នុងសង្គ្រាមនេះ ចាប់តាំងពីឆ្នាំ២០១១មកម៉្លេះ ដែលរហូតដល់បច្ចុប្បន្ននៅ​មិន​ទាន់​ចប់​នៅឡើយ។ តើស្ថានភាពទំនាក់ទំនងប្រទេសតួកគី-រុស្ស៊ី-សហរដ្ឋអាម៉េរិក ក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីនឹងទៅជាយ៉ាងណា? ហើយប្រទេសទាំងបីចង់បានអ្វីក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីនេះ?

យោងតាមគេហទំព័របរទេសបានចុះផ្សាយថា ចាប់តាំងពីប្រទេសស៊ីរីមានជម្លោះក្នុងឆ្នាំ២០១១មក ប្រទេសតួកគីបានធ្វើអន្តរាគមន៍ផ្នែកការទូតនិងយោធា ដោយថ្កោលទោសរដ្ឋាភិបាលស៊ីរីនិងបានគាំទ្រក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរីថែមទៀត។ ជាមួយគ្នានេះដែរ សហរដ្ឋអាម៉េរិកក៏បានជួយគាំទ្រដល់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលបានធ្វើឱ្យទំនាក់ទំនងរវាង​​ប្រទេសតួកគី និងសហរដ្ឋអាម៉េរិកហាក់មានភាពល្អប្រសើរ ព្រោះបានដើរលើផ្លូវតែមួយជាមួយគ្នា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន​រួមគ្នាដោយប្រធានាធិបតីអូបាម៉ា និងលោកនាយករដ្ឋមន្រ្តីអ៊ឺដូហ្គែននៃប្រទេសតួកគីកាលពីឆ្នាំ២០១៣ នៅឯសេតវិមាន​នៃសហរដ្ឋអាម៉េរិក បានសង្កត់ធ្ងន់ពីសារសំខាន់នៃការសម្រេចបាននូវស្ថិរភាពនៅប្រទេសស៊ីរី។ ដោយឡែក លោក អូបាម៉ា បានថ្លែងថា «សហរដ្ឋអាម៉េរិកបានឈរជាមួយអ្នកក្នុងការស្វែងរកសន្តិសុខដ៏យូរអង្វែង យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹង​​ប្រែង​នៅក្នុងប្រទេសតួកគី ដើម្បីគាំទ្រដល់ច្បាប់ និងអភិបាលកិច្ចល្អនិងសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។ ទីបំផុតយើងបាន​​ចំណាយ​ពេល​វេលា​ជាច្រើនទៅលើបញ្ហាមួយ ដែលបានជះឥទ្ធិពលដល់តំបន់នោះ គឺបញ្ហានៅប្រទេសស៊ីរី។ សហរដ្ឋអាម៉េរិកនឹង​បន្តជួយដល់ប្រទេសក្នុងតំបន់រួមទាំងប្រទេសតួកគី ដោយចូលរួមចំណែកក្នុងនាមជាម្ចាស់ជំនួយដ៏ធំនៃជំនួយមនុស្សធម៌ដល់​ប្រជាជនស៊ីរីរួមទាំងជនភៀសខ្លួនទាំងនោះនៅក្នុងប្រទេសតួកគី ហើយយើងនឹងបន្តធ្វើការជាមួយដៃគូតួកគីដើម្បីផ្តល់ស្បៀង​អាហារជំរកនិងថ្នាំពេទ្យដែលត្រូវការដើម្បីជួយសង្គ្រោះអាយុជីវិត។ ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាម៉េរិកនឹងបន្តបង្កើន​សម្ពាធលើរបបអាសាដនិងធ្វើការជាមួយក្រុមប្រឆាំងស៊ីរី។ ប្រទេសតួកគីបានឈរនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៅប្រទេសស៊ីរីដែលគ្មានប្រជាធិបតេយ្យ និងដោយគ្មានលោកបាសាអាល់អាសាដ។ សហរដ្ឋអាម៉េរិកនិងប្រទេសតួកគីបានឯកភាពថារបបអាសាដត្រូវតែចប់។

បើយើងក្រឡេកមើលអំពីទំនាក់ទំនងរវាងប្រទេសតួកគី និងរុស្ស៊ីវិញ តាមរយៈគេហទំព័រ Global security បានឱ្យដឹងថា ក្នុងឆ្នាំ២០១៣ ប្រទេសរុស្ស៊ី និងតួកគីមិនមែនមើលមុខគ្នាមិនចំនោះទេ ព្រោះប្រទេសទាំងពីរចង់ស្តារសន្តិភាពឡើងវិញនៅប្រទេស​ស៊ីរី។ ទំនាក់ទំនងប្រទេសទាំងពីរមានភាពជិតស្និទ្ធ ទាំងសេដ្ឋកិច្ច និងនយោបាយ។ រហូតមកដល់ឆ្នាំ២០១៥ ទំនាក់ទំនង​ប្រទេសទាំងពីរចាប់ផ្តើមល្អក់កករនឹងគ្នា បន្ទាប់ពីប្រទេសតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី។ បញ្ហានេះបានអូសបន្លាយរហូតដល់ឆ្នាំ២០១៧ ទើបទំនាក់ទំនងប្រទេសទាំងពីរបានវិលត្រឡប់មកជាធម្មតាឡើងវិញ និងបានធ្វើកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ព្រមទាំងថាមពលពីប្រទេសរុស្ស៊ីទៀតផង។

សូមបញ្ជាក់ថា ការសម្រេចិត្តទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី គឺបន្ទាប់ពីប្រទេសតួកគីខឹងនឹងសហរដ្ឋអាម៉េរិក ដែលមិនបានធ្វើបត្យាប័នបញ្ជូន អាចារ្យកាតូលិកម្នាក់ឈ្មោះ Fethullah Gulen ដែលត្រូវបាន លោក អ៊ឺដូហ្គែនចោទប្រកាន់ថាជាអ្នករៀបចំគម្រោងរដ្ឋប្រហារកាលពីឆ្នាំ២០១៦ និងដោយសារតែសហរដ្ឋអាម៉េរិកដកប្រព័ន្ធការពារដែនអាកាស​ប៉ាទ្រីយ៉ុត​ចេញពីប្រទេសតួកគី នេះបើយោងតាមលោក Mark Lowen ភ្នាក់ងារ BBC ប្រចាំនៅតួកគី។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេស​តួកគីបានជំទាស់នឹងសហរដ្ឋអាម៉េរិកដែលបានគាំទ្រផ្នែកយោធាដល់ក្រុមឧទ្ទាមឃឺដនៅប្រទេសស៊ីរី ដែលមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមឃឺដនៅប្រទេសតួកគី។ រីឯ សហរដ្ឋអាម៉េរិកក៏មិនសប្បាយចិត្តជាមួយនឹងតួកគីដែលបានទិញ S-400 ពីរុស្ស៊ី ដែលជាហេតុធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងប្រទេសតួកគីមានភាពរអាក់រអួល។

លើសពីនេះទៀត តាមរយៈការចេញផ្សាយរបស់គហទំព័រ RFE ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បានឱ្យដឹងថា លោកប្រធានា​ធិប​តី​តួកគី បានព្រមានសេតវិមានប្រឆាំងនឹងផែនការបំពាក់អាវុធដល់ក្រុមយុទ្ធជនសកម្មប្រយុទ្ធឃឺដនៅក្នុងប្រទេសស៊ីរី បើ​ទោះ​បីជាលោកបានប្រាប់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ថា លោកចង់ជួសជុលទំនាក់ទំនងដែលមានភាពតានតឹងរវាងសម្ព័ន្ធ​មិត្តណាតូទាំងពីរក៏ដោយ។

អ្វីដែលកើតឡើងគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងរវាងប្រទេសតួកគី និងសហរដ្ឋអាម៉េរិកនោះ គឺសហរដ្ឋអាម៉េរិកចង់ឱ្យប្រទេសតួកគីបោះបង់ប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី។ ជាការឆ្លើយតប លោក Erdogan បានលើកឡើង​ថា​សម្ពាធ​របស់សហរដ្ឋអាម៉េរិកក្នុងការកម្ចាត់ S-400 គឺជាការរំលោភសិទ្ធិអធិបតេយ្យរបស់ប្រទេសតួកគី។ បញ្ហានេះ សហរដ្ឋអាម៉េរិក​ បានព្រមានពីការដាក់ទណ្ឌកម្មលើប្រទេសតួកគី។ លោក Trump បានប្រាប់លោក Erdogan ថា សហរដ្ឋអាម៉េរិកត្រៀម​លក់ប្រព័ន្ធមីស៊ីប៉ាទ្រីយ៉ូតរបស់សហរដ្ឋអាម៉េរិកឱ្យ ប្រសិនបើតួកគីទម្លាក់ប្រព័ន្ធ S-400 របស់រុស្ស៊ីចោល ពីព្រោះប្រព័ន្ធនេះមិនត្រូវគ្នានឹងប្រព័ន្ធការពារណាតូនិងបង្កការគំរាមកំហែងដល់យន្តហោះប្រយុទ្ធបំបាំងកាយ F-35 នេះបើយោងតាមគេហទំព័រ Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។

ថ្វីបើទំនាក់ទំនងរវាងប្រទេសតួកគី និងសហរដ្ឋអាម៉េរិកមិនទាន់បានល្អប្រសើរយ៉ាងក៏ដោយ ក៏ថ្មីៗនេះ ប្រទេសតួកគីហាក់មានភាពតានតឹងខ្លាំងឡើងជាមួយប្រទេសរុស្ស៊ីនៅក្នុងខេត្តអ៊ីដលីបនៃប្រទេសស៊ីរី។ ប៉ុន្តែ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងភាគីទាំងពីរ ភាគីទាំងពីរបានជំរុញឱ្យមានការចរចាជាច្រើនលើកច្រើនសារ ជាពិសេសកិច្ចពិភាក្សាគ្នារយៈពេលជិត៦ម៉ោង នៅទីក្រុងមូស្គូរវាងប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងប្រធានាធិបតីតួកគី លោក អ៊ឺដូហ្គែន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានសម្រេចឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ បង្កើតច្រករបៀងសន្តិសុខរួមគ្នាដោយធ្វើល្បាតរួមគ្នារវាងប្រទេសរុស្ស៊ី-តួកគី។ សូមបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងតួកគីបានព្រមព្រៀងលើបទឈប់បាញ់គ្នាមួយសម្រាប់ប្រទេសស៊ីរី ហើយប្រទេសរុស្ស៊ីបានស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្របទឈប់បាញ់គ្នានេះ។ ផ្ទុយទៅវិញ សហរដ្ឋអាម៉េរិក ដែល​ជាប្រទេសមានសិទ្ធិវេតូបែរជាបដិសេធនិងបានហៅបទឈប់បាញ់នេះថា«មិនទាន់ពេញវ័យ»ទៅវិញ។

ដោយឡែកទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាម៉េរិកក្នុងជម្លោះស៊ីរីវិញ បើផ្អែកតាមគេហទំព័រ​​ Motherjone ចុះផ្សាយកាលពីឆ្នាំ​២០១៩នេះ បាននិយាយាថា ទាំងប្រទេសរុស្ស៊ី ទាំងសហរដ្ឋអាម៉េរិក សុទ្ធតែមានគំនិតផ្ទុយគ្នាអំពីជម្លោះនៅប្រទេសស៊ីរី ព្រោះប្រទេសរុស្ស៊ីមិនចង់ឱ្យមានការផ្លាស់ប្តូររបបលោកបាស្សា អាល់អាសាដ ដោយលោកខាងលិចទេ។ មិនតែប៉ុណ្ណោះ ប្រទេសរុស្ស៊ីថែមទាំងបានគាំទ្រយ៉ាងពេញទំហឹងជួយដល់រដ្ឋាភិបាលស៊ីរី ដែលដឹកនាំដោយលោកបាស្សា អាល់អាសាដទៀតផង រួមមាន នយោបាយ បច្ចេកទេស ហិរញ្ញវត្ថុ និងយោធា ដើម្បីទប់ទល់នឹងកងកម្លាំងឧទ្ទាមប្រឆាំងរបបលោកបាស្សា អាល់អាសាដ។ រីឯ សហរដ្ឋអាម៉េរិក ក៏បានជួយដល់ក្រុមឧទ្ទាមនៃកងទ័ពស៊ីរីសេរីនូវជំនួយដែលមិនបង្កគ្រោះថ្នាក់រួមមានរបបអាហារ និងរថយន្ត​ដឹក​ទំនិញ ផ្តល់ការបណ្តុះបណ្តាល ផ្តល់ហិរញ្ញវត្ថុ និងស៊ើបការណ៍សម្ងាត់ឱ្យក្រុមឧទ្ទាមស៊ីរីមួយចំនួនដែលខ្លួនបានជ្រើសរើស។ ប៉ុន្តែ​មហាអំណាចទាំងពីរមានគោលដៅរួមគ្នាមួយគឺជំរុញឱ្យមានដំណើរសន្តិភាព និងកម្ចាត់ ISIS (Islamic State of Iraq and Syria)។

នៅឆ្នាំ២០១៣ សហរដ្ឋអាម៉េរិក និងរុស្ស៊ីបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងការប្រឆាំងនឹងអំពើភេរវកម្ម រួមមានការផ្លាស់ប្តូរព័ត៌មានរវាងស្ថាប័នស៊ើបការណ៍សម្ងាត់និងធ្វើប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា ក៏ដូចជា ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីកាត់បន្ថយ ហានិភ័យនៃជម្លោះនៅក្នុងពិភពអ៊ីនធឺណិតនិង​ការចុះហត្ថលេខាលើកម្មវិធីប្រឆាំងនឹងអំពើភេរវកម្ម។

នៅឆ្នាំ២០១៥ សហរដ្ឋអាម៉េរិកនិងប្រទេសរុស្ស៊ីក៏ចាប់ផ្តើមទំនាក់ទំនងយោធាឡើងវិញដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមផងដែរ។ ជាមួយគ្នានេះដែរ លោក អូបាម៉ា និងលោក ពូទីន បានជួបគ្នានៅទីក្រុងញូវយ៉កពិភាក្សាពីមធ្យោបាយក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ ប៉ុន្តែ សហរដ្ឋអាម៉េរិកបានច្រានចោលកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសរុស្ស៊ីនៅក្នុងសង្គ្រាមប្រទេសស៊ីរី។

បើយោងតាមគេហទំព័រ The guardian ចេញផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីមានការវាយប្រហារមីស៊ីលរបស់សហរដ្ឋអាម៉េរិកចំនួន៥៩គ្រាប់ទៅលើប្រទេសស៊ីរី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក​និងប្រទេសរុស្សីអាចនឹងធ្លាក់ចុះគ្រប់ពេល។ វាចាំបាច់ត្រូវសងសឹកចំពោះការវាយប្រហារដោយអាវុធគីមី ដែលបានសម្លាប់​ជនស៊ីវិលរាប់សិបនាក់រួមទាំងកុមារផង។ នៅក្នុងខែកក្កដា ឆ្នាំ២០១៧ សហរដ្ឋអាម៉េរិកក៏បានប្រកាសផ្តាច់ជំនួយយោធា​ដល់ក្រុមឧទ្ទាមស៊ីរី។

តាមការចុះផ្សាយរបស់គេហទំព័រ USA Today ចេញផ្សាយថ្ងៃទី ១៩ ខែធ្នូ ២០១៨ បានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យដកទ័ពរបស់សហរដ្ឋអាម៉េរិកចេញពីប្រទេសស៊ីរី និងបានប្រកាសថា «យើងទទួលបានជ័យជំនះលើពួក ISIS ហើយ»។ ចំណែកឯប្រទេសរុស្ស៊ីវិញ អ្នកនាំពាក្យរដ្ឋមន្តី្រការបទេសរុស្ស៊ីបានសាទរចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ហើយលោក បាននិយាយថា «ការសម្រេចចិត្តដកទ័ពសហរដ្ឋអាម៉េរិកចេញប្រទេសពីស៊ីរីនេះ អាចជួយបង្កើតទស្សនវិស័យពិតមួយ សម្រាប់ដំណោះស្រាយនយោបាយនៅប្រទេសស៊ីរីយ៉ាងពិតប្រាកដ។ រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិកបានដើរតួនាទីតិច​តួច​បំផុតនៅក្នុងជម្លោះនៅប្រទេសស៊ីរី ក្រៅពីការផ្តល់ជំនួយមនុស្សធម៌។

តើទាំងសហរដ្ឋអាម៉េរិក ទាំងប្រទេសតួកគី និងរុស្ស៊ី ដែលពាក់ព័ន្ធក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីគឺដើម្បីអ្វី?

យោងតាមការចេញផ្សាយរបស់គេហទំព័រ DW នៃប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា ការណ៍ដែលសហរដ្ឋអាម៉េរិកបើកប្រតិបត្កិការក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ព្រោះសហរដ្ឋអាម៉េរិកចង់បំផ្លាញ ISIS។ សហរដ្ឋអាម៉េរិកមានទំនាក់ទំនងតិចតួចជាមួយប្រទេសស៊ីរី ក្រៅពីការចង់សម្លាប់ក្រុម ISIS នោះទេ។ សហរដ្ឋអាម៉េរិកក៏ចង់ព្យាយាមរារាំងប្រទេសអ៊ីរ៉ង់និងកងជីវពល​ហេស​បូឡា​ហ៍​លីបង់ (The Lebanese Shiite militia Hezbollah) ពីការបង្កើតវត្តមានអចិន្រ្តៃយ៍នៅក្នុងប្រទេសស៊ីរី ដែលអាចគំរាមកំហែង​ដល់ប្រទេសអ៊ីស្រាអែលដែរ។

ចំពោះ ប្រទេសរុស្ស៊ីវិញ គឺចង់រក្សារដ្ឋាភិបាលរបស់លោកអាសាដ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន និងរក្សាអំណាចនិងឥទ្ធិពលយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ានេះ ពោលគឺចង់ឱ្យសង្គា្រមស៊ីរីជាផ្នែកសំខាន់មួយនៃការបង្កើតប្រទេសរុស្ស៊ីជាមហាអំណាចនៅមជ្ឈិមបូព៌ា។ ព្រមទាំងចង់រក្សាមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយនៅខេត្តភាគខាងលិចនៃខេត្ត Latakia និងមូលដ្ឋានកងទ័ពជើងទឹកនៅទីក្រុងកំពង់ផែTartus នៃប្រទេសស៊ីរី។ ជាពិសេសប្រទេសរុស្ស៊ីមានបំណងប្រើសង្គ្រាមនៅប្រទេស​ស៊ីរីនេះ ដើម្បីបង្ហាញថាប្រទេសរុស្ស៊ីនៅតែអាចជារដ្ឋ ដែលមានឥទ្ធិពលនិងសំខាន់នៅក្នុងប្រព័ន្ធអន្តរជាតិ។

រីឯប្រទេសតួកគី ដែលខ្លួនជាប្រទេសមានកងកម្លាំងយោធាធំទី២របស់អង្គការណាតូ គឺចង់រារាំងការទទួលបានទឹកដីឃឺដរបស់ប្រទេសស៊ីរី និងរារាំងពួកគេពីការទទួលបានស្វ័យភាពក្នុងការតាំងទីលំនៅក្រោយសង្គ្រាម។ ប្រទេសតួកគី បង្ហាញថាយុទ្ធជន​ឃឺដ​ស៊ីរីត្រូវបានចងភ្ជាប់ទៅនឹងគណបក្សពលករឃឺដ ដែលបានប្រយុទ្ធក្នុងសង្គ្រាមជាង៣ទសវត្សរ៍នៅប្រទេសតួកគី ហើយដែលប្រទេសតួកគីក៏ដូចជាសហគមន៍អឺរ៉ុបនិងសហរដ្ឋអាម៉េរិក ចាត់ទុកថា ក្រុមនេះជាក្រុមភេរវកម្ម។ ប្រទេសតួកគីក៏ចង់បាន​តំបន់អ៊ីដលីប (Idlib) ដែលគេហៅថា តំបន់មានសុវត្ថិភាពស្របច្បាប់នៅភាគខាងជើងប្រទេសស៊ីរី ហើយបានជំរុញ​ឱ្យ​សហរដ្ឋ​អាម៉េរិករំសាយកងជីវពលឃឺដ។ លើសពីនេះទៀត តួកគីចង់ក្លាយជាប្រទេសមានឥទ្ធិពលក្នុងតំបន់នេះដែលគេមើល​ទៅ​មិនអាចទៅរួចក្រៅពីរុស្ស៊ីនិងអាម៉េរិក។

ជារួម ទំនាក់ទំនងគ្នារវាងប្រទេសទាំងបី ជាមួយសង្គ្រាមស៊ីវិលនៅស៊ីរីនេះ ទាំងតួកគី ក៏ដូចជា សហរដ្ឋអាម៉េរិក និងរុស្ស៊ី ទោះ​បីជា ពេលខ្លះមានការខ្វែងគំនិតគ្នានិងពេលខ្លះទៀតមានគោលដៅរួមគ្នា ក៏ព្រោះតែប្រទេសនីមួយៗគិតតែដើម្បីផលប្រយោជន៍​រៀងខ្លួន។ ជាអាទិ៍ដូចជា សហរដ្ឋអាម៉េរិក និងប្រទេសតួកគីមានទំនាក់ទំនងល្អជាមួយគ្នាដោយសារខ្លួនមានគោល​ដៅ​រួមគ្នាចំពោះរឿងប្រទេសស៊ីរី។ ចំពោះប្រទេសរុស្ស៊ី និងសហរដ្ឋអាម៉េរិក មានទំនាក់ទំនងល្អ ក៏ព្រោះតែប្រទេសទាំងពីរនេះមាន​គោលបំណងដូចគ្នាចង់កម្ទេច ISIS ថ្វីបើមានការខ្វែងគំនិតគ្នាដោយសហរដ្ឋអាម៉េរិកចង់ផ្លាស់ប្តូររបបអាសាដ និងប្រទេស​រុស្ស៊ីចង់រក្សារបបអាសាដក៏ដោយ។ ប្រទេសទាំងពីរនេះតែងតែដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកព្រោះតែជំហរផ្ទុយគ្នា។ ដោយ​ឡែកចំពោះទំនាក់ទំនងប្រទេសតួកគីនិងប្រទេសរុស្សីវិញពេលខ្លះមានទំនាក់ទំនងមិនល្អ ពេលខ្លះមានទំនាក់ទំនងល្អ។ ប្រទេស​តួកគីពេលមិនសប្បាយចិត្តជាមួយសហរដ្ឋអាម៉េរិកងាកទៅទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី និងពេលខ្លះមិនសប្បាយចិត្តនឹងប្រទេសរុស្ស៊ីងាកទៅទំនាក់ទំនងសហរដ្ឋអាម៉េរិកវិញ។

យ៉ាងណាក៏ដោយ ប្រទេសទាំងបីសុទ្ធតែមានគោលបំណងរបស់ខ្លួនច្បាស់លាស់ជាមួយសង្គ្រាមស៊ីវិលនៅស៊ីរី ទោះតិចក្តី ឬច្រើន​ក្តី ដើម្បីបង្ហាញថាប្រទេសរបស់ខ្លួនជាប្រទេសមហាអំណាច ឬ ប្រទេសរបស់ខ្លួនមានកម្លាំងយោធាខ្លាំង និងសេដ្ឋកិច្ចខ្លាំងក្នុងការ​ស្វែងរកតុល្យភាពអំណាចនៅតំបន់មជ្ឈិមបូព៌ានេះផងដែរ៕


អត្ថបទទាក់ទង

Cambodia's Strategic Balance Between the US under President Elect Donald Trump and China

Dr. Seun Sam The increasing trade rivalry between the United States and China has effects on nations in the Asia Pacific area like Cambodia. This becomes more critical with the possibility of Donald...

2024-11-15 03:45:38   ថ្ងៃសុក្រ, 15 វិច្ឆិកា 2024 ម៉ោង 10:45 AM
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានិងស្ថានទូតចិនប្រចាំកម្ពុជា រៀបចំកម្មវិធីប្រកួតចម្រៀងចិន «ពាន់រង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១៣ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០ នាទីរសៀល មានការរៀបចំនូវ កម្មវិធីប្រកួតចម្រៀងចិន «ពាន់រង្វាន់...

2024-11-14 02:36:19   ថ្ងៃព្រហស្បតិ៍, 14 វិច្ឆិកា 2024 ម៉ោង 09:36 AM
IRIC Director General Advocates for a Shared Future at Global South Forum

Dr. Kin Phea, Director General of the International Relations Institute of Cambodia (IRIC) at the Royal Academy of Cambodia, emphasized that building a community with a shared future is both a moral a...

2024-11-13 07:11:16   ថ្ងៃពុធ, 13 វិច្ឆិកា 2024 ម៉ោង 02:11 PM
Exploring Economic Collaboration along the Lancang-Mekong River Alliance

The Lancang-Mekong River spans over 4 000 kilometers across China and five Asian countries – it's not a river but also a crucial lifeline and economic hub that signifies a shared destiny among n...

2024-11-13 02:05:58   ថ្ងៃពុធ, 13 វិច្ឆិកា 2024 ម៉ោង 09:05 AM
ហេតុអ្វីបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី តែងតែក្លាយជារឿងដែលអ្នកនយោបាយលើកយកមកធ្វើជាប្រធានបទនយោបាយ?

ដោយ៖ លឹម សុវណ្ណរិទ្ធ    នៅក្នុងសង្គមជាតិនីមួយៗ អ្នកនយោបាយដែលមាននិន្នាការផ្សេងគ្នា​តែងតែមាន​ការ​ខ្វែង​គំនិតគ្នាទៅលើ​ប្រធានបទនានា ដោយយោងទៅលើផលប្រយោជន៍នយោបាយ យុទ្ធ​សាស្ត្រ​ទាក់ទាញ​ប្រជាប្រិយភា...

2024-11-12 10:31:21   ថ្ងៃអង្គារ, 12 វិច្ឆិកា 2024 ម៉ោង 05:31 PM
របបកម្ពុជាប្រជាធិបតេយ្យ៖ ការដឹកនាំសង្គមដែលយកបញ្ញវន្តជាសត្រូវ ធ្វើឱ្យរបបនេះទន់ខ្សោយនិងដួលរលំយ៉ាងឆាប់រហ័ស

ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការ «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានការលើកឡើងជាសំណួរដោយអ្នកចូលរួមអំពី សារៈសំខាន់នៃការអភិ...

2024-11-12 04:14:47   ថ្ងៃអង្គារ, 12 វិច្ឆិកា 2024 ម៉ោង 11:14 AM

សេចក្តីប្រកាស

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្...

 ចុចមើល
2024-04-08 07:35:30   ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចា...

 ចុចមើល
2023-06-02 14:21:24   ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦...

 ចុចមើល
2023-01-31 03:35:34   ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈ...

 ចុចមើល
2022-09-14 07:59:09   ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិ...

 ចុចមើល
2022-09-14 07:58:12   ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ប...

 ចុចមើល
2022-08-22 08:11:47   ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវ...

 ចុចមើល
2022-08-03 11:15:00   ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្ន...

 ចុចមើល
2022-07-20 02:42:35   ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិ...

 ចុចមើល
2022-03-02 05:01:03   ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទ...

 ចុចមើល
2021-08-31 13:46:01   ថ្ងៃអង្គារ, 31 សីហា 2021 ម៉ោង 08:46 PM

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឆមាសទី១ ឆ្នាំ២០២១របស់រាជបណ...

 ចុចមើល
2021-02-26 08:46:19   ថ្ងៃសុក្រ, 26 កុម្ភៈ 2021 ម៉ោង 03:46 PM

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យឆ្នាំ២០២១សម្រាប់រាជបណ្ឌិត្យស...

 ចុចមើល
2021-02-26 08:44:35   ថ្ងៃសុក្រ, 26 កុម្ភៈ 2021 ម៉ោង 03:44 PM