(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃសុក្រ ៧ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត យង់ ពៅ អនុប្រធានទីមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ បានអញ្ជើញជាអធិបតីក្នុងវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិកាសាធារណៈនាព្រឹកនេះ ក្រៅពីចូលរួមស្ដាប់បញ្ហានិងកង្វល់ និងដោះស្រាយបញ្ហាពលរដ្ឋ លោកបណ្ឌិត យង់ ពៅ អនុប្រធានទីមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ បានលើកឡើងនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានប្រសិទ្ធភាព និងគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អទៅលើជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះ លោកបណ្ឌិតបានមានប្រសាសន៍លើកបង្ហាញអំពីសភាពការណ៍ជាក់ស្ដែងនៅចំពោះមុខ គុណតម្លៃនៃការរួបរួមនៃប្រជាជាតិប្រឈមទៅនឹងការឈ្លានពានរបស់ថៃ និងជំរុញប្រជាពលរដ្ឋឱ្យចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងស្មារតីឯកភាពជាតិជាធ្លុងមួយ ដើម្បីថែរក្សាសុខសន្តិភាព និងបន្តផ្ដល់ជំនឿជាក់ដែលជាកម្លាំងចិត្តដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។
លោកបណ្ឌិតក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តការយកចិត្តទុកដាក់ពិនិត្យបញ្ហានិងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង និងត្រូវដាក់ចេញនូវដំណោះស្រាយភ្លាមៗ និងមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ពិសេសត្រូវផ្ដោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត សម្រាប់ករណីជនភៀសសឹក និងគ្រួសារកងទ័ពដែលបានបូជាទាំងកម្លាំងកាយនិងចិត្ត និងអាយុជីវិត នៅក្នុងការការពារជាតិមាតុភូមិកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងនូវការថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលបានជួយជំរុញឱ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ និងការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ដែលបានឯកភាពកំណត់អត្រាពន្ធបដិការសម្រាប់ប្រទេសកម្ពុជា មកនៅត្រឹម ១៩% (ថយចុះ៣០%បើធៀបនឹងអត្រាពន្ធនាពេលដំបូង) និងបានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានចំណាត់ការរហ័ស ហ្មត់ចត់ និងទាន់ពេលវេលា ក្នុងនាមប្រធានអាស៊ានផ្លាស់វេននិងជាអ្នកសម្របសម្រួលជម្លោះកម្ពុជាថៃ ព្រមទាំងគូសបញ្ជាក់អំពីការចូលរួមរបស់ចិននៅក្នុងនាមជាសាក្សីនៃកិច្ចចរចាស្ដីពីបទឈប់បាញ់ កម្ពុជា-ថៃផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ