នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបំពានលើអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដោយបានសម្រេចចិត្តជាឯកតោភាគីចង់បិទខ្ទប់ប្រាសាទតាមាន់ធំរបស់កម្ពុជា មិនឱ្យភ្ញៀវទេសចរចូលទស្សនា និងបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ ជាហេតុធ្វើឱ្យកងទ័ពកម្ពុជា ត្រូវបង្ខំចិត្តប្រើប្រាស់សិទ្ធិការពារខ្លួន វាយបកទៅលើកងទ័ពថៃវិញ ស្របតាមច្បាប់អន្តរជាតិ ដែលរដ្ឋមួយមានសិទ្ធិការពារដែនអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា កម្ពុជានៅតែមានភាពចាំបាច់នៅក្នុងការបំភ្លឺការណ៍ពិតពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឈ្លានពានទាំងកម្រោលជាថ្មីម្ដងទៀតរបស់កងទ័ពថៃនេះ ទៅដល់សហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ព្រោះកម្ពុជាក៏បានប្រកាសដាក់បន្ទាត់ក្រហមទៅកាន់ភាគីថៃ និងបានព្រមានកុំឱ្យឆ្លងហួសបន្ទាត់ក្រហមនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដែលធ្លាប់បានឯកភាពគ្នាកន្លងទៅ ពាក់ព័ន្ធនឹងកិច្ចការងារដោះស្រាយបញ្ហាព្រំដែននេះ។

  បើតាមលោកបណ្ឌិត យង់ ពៅ ភាគីថៃដែលចង់ដណ្ដើមកាន់កាប់ប្រាសាទតាមាន់ធំ ក្នុងដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ត្រូវបានកម្ពុជាដាក់ឱសានវាទ និងព្រមានកុំឱ្យភាគីថៃឆ្លងហួសព្រំដែននៃការអត់ធ្មត់របស់កម្ពុជា ដែលជារដ្ឋមួយប្រាថ្នាសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសនានា ពិសេសប្រទេសជិតខាងខ្លួន។ នៅក្នុងន័យផ្ដល់តម្លៃដល់សន្តិភាពតំបន់នេះហើយ ទើបកម្ពុជាបានសម្រេចចិត្តយកករណីវិវាទព្រំដែននៅតំបន់មុំបី តំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របីនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាខាងយោធា ដែលនាំទៅដល់ការបាត់បង់អាយុជីវិត និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែន។ ទោះជាយ៉ាងណាក៏ដោយ ភាគីថៃបែរជាមិនបានប្រកាន់ជំហរផ្ទុយពីកម្ពុជា ហើយសម្រេចចិត្តជ្រើសរើសយកការវាយប្រហារដោយយោធាមកលើកងទ័ពកម្ពុជាមុន ដោយបានបាញ់សព្វាវុធស្រោចមកលើមូលដ្ឋានកងទ័ពកម្ពុជាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះជាទង្វើដែលបង្ហាញអំពីភាពកម្រោល និងការប្រើប្រាស់ច្បាប់ព្រៃដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ពីសំណាក់កងទ័ពថៃ ដែលកម្ពុជាមានភាពចាំបាច់ក្នុងការការពារសុវត្ថិភាព និងការពារដែនអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិ។ ទោះជាយ៉ាងនេះក្ដី កម្ពុជាដែលជាភាគីរងគ្រោះដោយសារទង្វើរំលោភបំពានដោយគឃ្លើនរបស់ថៃ ក៏ត្រូវបំភ្លឺទៅកាន់សហគមន៍អន្តរជាតិ និងបំភ្លឺតាមរយៈលិខិតផ្លូវការរបស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីឱ្យបានដឹងអំពីដំណើររឿងពិតប្រាកដ សម្របសម្រួល និងអន្តរាគមន៍បញ្ចប់ការឈ្លានពានរំលោភបំពានច្បាប់អន្តរជាតិពីសំណាក់ភាគីថៃជាថ្មីម្ដងទៀត។ ពិសេសជាងនេះទៅទៀត កម្ពុជាត្រូវតែបង្ហាញការណ៍ពិតនៃការប៉ះទង្គិចរវាងកងទ័ពនៃប្រទេសទាំងពីរ ចៀសវាងត្រូវភាគីថៃ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចោទប្រកាន់ ដាក់បន្ទុក និងបរិហារកេរ្តិ៍ឈ្មោះកម្ពុជា ខុសពីការពិតជាក់ស្ដែងដែលកើតមានឡើង ដូចដែលរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយថៃបានធ្វើជាបន្តបន្ទាប់កន្លងមក៕

 

RAC Media | លឹម សុវណ្ណរិទ្ធ