Royal Academy of Cambodia
សូមឱ្យប្រធានថ្មីនៃវិទ្យាស្ថានជាតិភាសាខ្មែរ ដែលត្រូវបន្តវេនជួយលើកជ្រោងអក្សរសាស្ត្រខ្មែរឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ជួរ គារី ក្នុងពិធីផ្ទេរឱ្យបណ្ឌិត មាឃ បូរ៉ា ចូលកាន់តំណែងជាប្រធានវិទ្យាស្ថានភាសាជាតិ បន្តនាថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ខណៈឯកឧត្ដមបណ្ឌិត ជួរ គារី អតីតប្រធានវិទ្យាស្ថានភាសាជាតិត្រូវចូលនិវត្តន៍។
ឯកឧត្ដមបណ្ឌិត ជួរ គារី បន្តថា ឯកឧត្ដមពិតជាបារម្ភចំពោះការបាត់បង់អក្សរសាស្ត្រខ្មែរ ប្រសិនបើអ្នកស្រាវជ្រាវមិននាំគ្នាជួយលើកជ្រោងទេនោះ។
ថ្លែងនៅក្នុងពិធីទទួលតំណែងបន្តដឹកនាំវិទ្យាស្ថាននេះ បណ្ឌិត មាឃ បូរ៉ា បានប្ដេជ្ញាថានឹង បន្តអភិរក្ស ព្រមទាំងអភិវឌ្ឍអក្សរសាស្ត្រខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខថែមទៀត។ លោកបណ្ឌិតក៏បានប្ដេជ្ញាពង្រឹងនិងពង្រីកការងារស្រាវ ជ្រាវទាក់ទងទៅនឹងវិស័យអក្សរសាស្ត្រខ្មែរនេះ ឱ្យកាន់តែប្រសើរបន្ថែមទៀតផងដែរ តាមរយៈការចូលរួមពីមន្ត្រីជំនាញជាច្រើនផ្នែកនៅក្នុងវិទ្យាស្ថាននិងមកពីប្រភពដទៃ។
មានប្រសាសន៍នៅក្នុងពិធីនោះដែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន រាជបណ្ឌិត្យសភាកម្ពុជា បានស្នើដល់ប្រធានថ្មី រួមទាំងអតីតប្រធានវិទ្យាស្ថាន ព្រមទាំងមន្ត្រីទាំងអស់ ត្រូវមានសាមគ្គីភាពជាមួយគ្នាឱ្យកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្ដមបន្តថា មានសាមគ្គីភាពល្អនឹងធ្វើឱ្យស្ថាប័នកាន់តែរីកចម្រើន ហើយការងារក៏ដើរទៅមុខដោយរលូនផងដែរ។
ឯកឧត្ដមអគ្គលេខាធិការ ក៏បានកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ជួរ គារី ផងដែរ ដែលកន្លងមកបានដឹកនាំវិទ្យាស្ថានឱ្យដំណើរការដោយរលូន ទោះមានថវិកា ឬមិនមានថវិកាឧបត្ថម្ភបន្ថែមក្ដី។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានចាត់ទុកវិទ្យាស្ថានភាសាជាតិ ថាជាវិទ្យាស្ថានគំរូមួយផងដែរ ដោយមិនដែលមានជម្លោះផ្ទៃក្នុងដែលនាំឱ្យថ្នាក់ដឹកនាំពិបាកដោះស្រាយ កត្តាទាំងនេះ គឺដោយសារ ភាពប្រសប់ប៉ិន នៅក្នុងការដឹកនាំរបស់ប្រធានវិទ្យាស្ថាន។ ឯកឧត្ដមអគ្គលេខាធិការ ក៏បានស្នើឱ្យប្រធា នវិទ្យាស្ថានថ្មីបន្តស្មារតីនេះ នៅក្នុងការដឹកនាំវិទ្យាស្ថានបន្តទៅទៀត។
បណ្ឌិត មាឃ បូរ៉ា អតីតប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិ បានជាប់ជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ ជំនួសឯកឧត្ដមបណ្ឌិត ជួរ គារី ដែលត្រូវដល់អាយុចូលនិវត្តន៍ តាម រយៈការបោះឆ្នោតពីមន្ត្រីនៃវិទ្យាស្ថាន និងពីគណៈកម្មការវាយតម្លៃកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
សូមបញ្ជាក់ផងដែរថា នៅក្នុងការបោះឆ្នោតនោះ មានបេក្ខជនចំនួនពីររូប គឺបណ្ឌិត មាឃ បូរ៉ា និងបណ្ឌិត វង្ស មេង។ ការបោះឆ្នោតលើបេក្ខជនទាំងពីរនេះ ត្រូវឈរលើលក្ខណៈវិនិច្ឆ័យចំនួន៧ចំណុច រួមមាន៖
១- យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាព,
២- យុទ្ធសាស្រ្តគ្រប់គ្រង និងដឹកនាំបុគ្គលិក,
៣- គំនិតផ្តួចផ្តើម និងច្នៃប្រឌិតការងារ,
៤- សមត្ថភាពក្នុងការរៀបចំ និងទទួលបានគម្រោងស្រាវជ្រាវ,
៥- ស្មារតីទទួលខុសត្រូវ,
៦- ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អង្គភាព និង ៧- សីលធម៌៕
………………………………………
RAC Media
ដោយ៖ អ៊ុំ វ៉ុន មន្ត្រីស្រាវជ្រាវ នៃវិទ្យាស្ថានភាសាជាតិ
ប្រទេសសិង្ហបុរី បានសម្រេចចិត្តរំលាយសភា និងបោះឆ្នោតមុនបញ្ចប់អាណត្តិ តាមការ ស្នើសុំរបស់លោក នាយករដ្ឋមន្ត្រី លី ស៊ានឡុង កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។
លោក លី ស៊ានឡុងបានថ្លែងថា ការបោះឆ្នោតមុនអាណត្តិនៅពេលនេះ នឹងលុបចោល បញ្ហាដែលនៅសេសសល់ ហើយវានឹងផ្ដល់អាណត្តិប្រាំឆ្នាំដល់រដ្ឋាភិបាលថ្មី ដើម្បីផ្ដោតសំខាន់លើកិច្ចការជាតិ និងការសម្រេចចិត្តដ៏លំបាកនានាដែលត្រូវធ្វើ។
នៅមុនធ្វើសេចក្ដីសម្រេចចិត្តនេះ នាយករដ្ឋមន្ត្រី លី ស៊ានឡុង បានអះអាងថា លោកត្រូវតែធានារឿង២ឱ្យបាន នោះគឺ ទីមួយអ្នកបោះឆ្នោតអាចទៅបោះឆ្នោតដោយសុវត្ថិភាព ទោះបី ប្រទេសនេះធ្លាក់ក្នុងស្ថានភាពនៃជំងឺកូវិដក៏ដោយ ហើយរឿងទីពីរ គឺ គណបក្សនយោបាយ អាចធ្វើយុទ្ធនាការឃោសនាដោយមិនមានការព្រួយបារម្ភអ្វីឡើយ។
បន្ទាប់ពីលោក លី ស៊ានឡុង ប្រកាសដូចនេះមក ខុទ្ទកាល័យនាយករដ្ឋមន្ត្រីក៏បានប្រកាស ថា លោកស្រី Halimah Yacob ប្រធានាធិបតីបានសម្រេចរំលាយសភា ហើយនៅពេលនោះ ការកំណត់ឱ្យជ្រើសរើសបេក្ខជនឈរឈ្មោះសមាជិកសភា នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ ចំណែកការបោះឆ្នោត ត្រូវបានគណៈកម្មាការរៀបចំការបោះឆ្នោត សម្រេចយកនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
បើតាមការណ៍ពិត អាណត្តិនៃរដ្ឋាភិបាលបច្ចុប្បន្ន ដែល លោក លី ស៊ានឡុង ធ្វើជានាយករដ្ឋមន្ត្រី នឹងត្រូវផុតនៅខែមេសា ឆ្នាំ២០២១ និងបើតាមច្បាប់បោះឆ្នោតរបស់ប្រទេសនេះ បើសភាផុតអាណត្តិតាមនីតិកាលរបស់ខ្លួន ការរៀបចំការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល៣ខែបន្ទាប់ពីចប់អាណត្តិ ហើយក្នុងរយៈពេលនេះសមាជិកសភានៅតែស្ថិតនៅក្នុងអាសនៈរបស់ខ្លួនដដែល។
ការបោះឆ្នោតសភាលើកទី១៣នាថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ របស់ប្រទេសសិង្ហបុរីនេះ ជាការរៀបចំការបោះឆ្នោតមួយ ដែលអាចចាត់ទុកថា មានលក្ខណៈជា ប្រវត្តិសាស្ត្រ។ តាមរយៈការបោះឆ្នោតនេះ សិង្ហបុរីនឹងមាននាយករដ្ឋមន្ត្រីថ្មី ដែលមិនមែន ត្រកូលលី។ ហើយក៏ជាលើកទីមួយដែរ គិតចាប់តាំងពីសិង្ហបុរីបានទទួលឯករាជ្យមក ដែលគ្រួសារត្រកូលលី មិនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីតទៅទៀត។
ប៉ុន្តែ អ្វីដែលគួរកាន់តែចាប់អារម្មណ៍ និងជាលក្ខណៈពិសេសនៃការបោះឆ្នោតលើកនេះ រហូតដល់ថា្នក់គេចាត់ទុកថាជាការបោះឆ្នោតជាប្រវត្តិសាស្ត្រនោះ គឺ លោក លី ស៊ានឡុង មិនឈរឈ្មោះជានាយករដ្ឋមន្ត្រីទៀតទេ។ គ្រួសារត្រកូលលី ដែលជាអ្នកដឹកនាំរដ្ឋាភិបាលបន្តគ្នាតាំងពីសិង្ហបុរីបានទទួលឯករាជ្យនៅឆ្នាំ១៩៦៥មក បែរជាអវត្តមាននៅក្នុងការបោះឆ្នោតសភាឆ្នាំនេះ។
នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក លី ស៊ានឡុង ដែលបានក្លាយជាប្រមុខ ដឹកនាំរដ្ឋាភិបាលសិង្ហបុរីតាំងពីឆ្នាំ២០០៤មក និងជាបុរសខ្លាំងទីពីរក្នុងរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩០ ធ្លាប់បានប្រកាសថា គាត់នឹងមិនឈរឈ្មោះជានាយករដ្ឋមន្ត្រីទៀតទេនៅពេលគាត់មានអាយុ ៧០ឆ្នាំ។ ថ្ងៃនេះពាក្យសន្យានោះបានក្លាយជាពាក្យពិត។
លោក លី ស៊ានឡុង ជាកូនប្រុសរបស់លោក លី ក្វាន់យូ ដែលជាបិតាស្ថាបនាសិង្ហបុរីដ៏តូច និងក្រីក្របំផុតមួយ ដែលបានដឹកនាំឱ្យក្លាយជាប្រទេសអ្នកមានលំដាប់ ជួរមុខនៅលើពិភពលោក ក្នុងរយៈពេលតែពីរបីទសវត្សរ៍ប៉ុណ្ណោះ។ លោក លី ក្វាន់យូ បានធ្វើជានាយករដ្ឋមន្ត្រីសិង្ហបុរីរយៈពេល៣១ឆ្នាំ។ លោកបានលាលែងពីតំណែង បន្ទាប់មកលោកលី ស៊ានឡុង ជាកូនប្រុសរបស់គាត់បានក្លាយជានាយករដ្ឋមន្ត្រី។ ថ្វីបើគាត់ជានាយករដ្ឋមន្ត្រីប្រសូតចេញពីការបោះឆ្នោតមែន តែមើលទៅដូចជាការបន្តមរតក បន្តត្រកូលបែបរាជវង្សដែរ។
ថ្ងៃនេះ គណបក្សកាន់អំណាច ដែលធ្លាប់តែដឹកនាំប្រទេសជាប់រហូតតាំងពី៥៥ឆ្នាំមក បានឈ្នះឆ្នោតទៀត តែត្រកូលលី គ្មានតំណាងឈរឈ្មោះទៀតទេ។
តាមការណ៍ពិត ត្រកូលលី នៅមានកូនប្រុសម្នាក់ទៀត មានឈ្មោះថា លោក លី ស៊ានយ៉ាងយ៉ង់ មានឈ្មោះនៅក្នុងការបោះឆ្នោតដែរ ប៉ុន្តែ កូនពៅរបស់លោក លី ក្វាន់យូ បែរជាងាកទៅគាំទ្រគណបក្សប្រឆាំងវិញ។ លោក លី ស៊ានយ៉ាង (Lee Hsien Yang) បានសម្រេចចិត្តចូលរួមជាមួយគណបក្ស Progress Singapore Party ដែលជាបក្សប្រឆាំងមួយដឹកនាំដោយលោក តាន់ ឆេងបក់ (Tan Cheng Bock) តែមិនទាន់ទទួលបានបានអាសនៈនៅក្នុងសភានៅឡើយនៅក្នុងអាណត្តិនេះ។
ការបំបែកផ្លូវនយោបាយនេះ មិនមែនកើតឡើងដោយស្ងៀមៗគ្មានមូលហេតុនោះទេ។ តាមពិតប្អូនប្រុសនាយករដ្ឋមន្ត្រីផុតអាណត្តិ ធ្លាប់ចេញមុខជាសាធារណៈ លាតត្រដាងអំពី ជម្លោះជាមួយបងប្រុស ដែលចង់យកផ្ទះកំណើតរបស់ឪពុកទៅធ្វើជាសារមន្ទីរ ផ្ទុយពីបណ្តាំ ឪពុកដែលចង់ឱ្យវាយផ្ទះនោះចោល ដើម្បីកុំឱ្យមានការលើកទឹកចិត្តយកឈ្មោះលោកទៅបម្រើជាប្រយោជន៍នយោបាយ។
បើតាមរយៈទំព័រហ្វេសប៊ុក និងវីដេអូជាច្រើន ព្រមទាំងបទសម្ភាសន៍ជាមួយសារព័ត៌ មានក្នុងស្រុក កូនប្រុសត្រកូលលី លោក លី ស៊ានយ៉ាង បានចេញមុខរិះគន់ ការរៀបចំបោះឆ្នោតសភាលើកនេះ ដោយអះអាងថា ពលរដ្ឋសិង្ហបុរីត្រូវបង្ខំចិត្តចេញទៅបោះឆ្នោត បើទោះបីពួកគេចង់នៅក្នុងផ្ទះដើម្បីសុវត្ថិភាពក៏ដោយ។ សម្រាប់លោក លី ស៊ានយ៉ាង ដែលងាកទៅគាំទ្រគណបក្សទើបបង្កើតថ្មី បានលើកឡើងថា «គណបក្សកាន់អំណាច ដែលមានឈ្មោះថា People Action’s Party លែងជាគណបក្សរបស់ឪពុករបស់លោកទៀតហើយ»។ គណបក្សនេះ លែងមានផ្លូវ លែងជាសំឡេងរបស់ប្រជាពលរដ្ឋ គិតគូរតែពីប្រយោជន៍អ្នកមាន។ លោកក៏បានអំពាវនាវឱ្យមានការផ្លាស់ប្តូរ។
គណបក្ស People Action’s Party ដែលដឹកនាំប្រទេសសិង្ហបុរីតាំងពីឆ្នាំ១៩៦៥ មក ទទួលបានអាសនៈច្រើនបំផុតក្នុងសភា ពោលគឺទទួលបានចំនួន៨៣ ក្នុងចំណោមអាសនៈ សរុបទាំងអស់៩៣អាសនៈ ឬក៏ស្មើនឹង ៦១,២% នៃសំឡេងឆ្នោតសរុប។ ទោះបីជាយ៉ាងណា ក៏ដោយ លទ្ធផលនេះមានចំនួនតិចជាងជ័យជម្នះនៃបោះឆ្នោតកាលពីឆ្នាំ២០១៥ ដែលកាល ណោះ បក្សកាន់អំណាចចាស់វស្សានេះ ទទួលបានសំឡេងគាំទ្រសឹងតែជិត ៧០%ឯណោះ។
គណបក្ស People Action’s Party ដែលជាបក្សកាន់អំណាចសិង្ហបុរី ទទួលបានសំឡេងភាគច្រើនជាថ្មីម្តងទៀតនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។ ទោះបីជាលទ្ធផលបង្ហាញថា បក្សនេះ នៅអាចរក្សាអំណាចបានយ៉ាងណាក៏ដោយ ក៏គេមើលឃើញថា សំឡេងគាំទ្រភាគច្រើនរបស់បក្សចាស់វស្សាមួយនេះបានធ្លាក់ចុះ ខណៈពេលដែលបក្សប្រឆាំង អាចដណ្តើមយកបានសំឡេងគាំទ្រខ្លះមកវិញ។
ទោះបីជាមិនទទួលបានជោគជ័យយ៉ាងណាក្តី ក៏គណបក្សពលករដែលជាបក្សប្រឆាំង សិង្ហបុរី ទទួលបានលទ្ធផលល្អជាងពេលមុនៗ ក្នុងការបោះឆ្នោតសភានាឆ្នាំ២០២០នេះ ដោយកើនសំឡេងគាំទ្រ និងទទួលបានអាសនៈចំនួន ១០។
នេះជាការផ្លាស់ប្តូរមួយយ៉ាងសំខាន់របស់ប្រទេសសិង្ហបុរី ក្រោមការដឹកនាំរបស់លោក លី ស៊ានឡុង ដើម្បីលុបចោលបញ្ហាដែលនៅសេសសល់ ហើយនឹងផ្ដល់អាណត្តិប្រាំឆ្នាំដល់ រដ្ឋាភិបាលថ្មី ដើម្បីផ្ដោតជាសំខាន់ទៅលើកិច្ចការជាតិ និងការសម្រេចចិត្តដ៏លំបាកនានា ដែល នឹងត្រូវដោះស្រាយនាពេលខាងមុខ ដើម្បីស្តាសេដ្ឋកិច្ចជាតិឡើងវិញក្រោយការប៉ះពាល់ដោយ ការរីករាលដាលនៃ Covid-19 ប៉ុន្តែ ការបញ្ចប់មុនអាណត្តិក្នុងកាលៈទេសៈបែបនេះ និងការបែកបាក់នៃគ្រួសារត្រកូលលី បានធ្វើឱ្យម្ចាស់ឆ្នោតមានការស្ទាក់ស្ទើរក្នុងការជ្រើសរើសមេដឹកនាំចេញពីបក្សកាន់អំណាច ហើយងាកទៅរកបក្សប្រឆាំងដែលមានគោលនយោបាយថ្មី ជាហេតុធ្វើឱ្យបក្សប្រឆាំងមានឱកាសអាចដណ្តើមបាន១០អាសនៈនៅក្នុងសភាអាណត្តិនេះ និងអាចកើនបន្ថែមនៅអាណត្តិបន្តបន្ទាប់ទៀត៕
---------------------------------------------------
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ: កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន៣ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
រូបភាពទី១៖ ក្រុមស្រាវជ្រាវស្ថិតនៅលើទីតាំងអតីតព្រះរាជវាំង នៃរាជធានីមហេន្រ្ទបព៌ត លើខ្នងភ្នំគូលែន (ពីឆ្វេងទៅស្តាំ៖ លោក ហួត រ៉ា, លោកបណ្ឌិត ហេង ហុកវេន, លោក ហៀង លាងហុង, ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី និងលោក សាន សុរាវនិត)
កាលពីថ្ងៃសុក្រ ទី៣ ដល់ថ្ងៃច័ន្ទ ទី៦ ខែកក្កដា គ.ស.២០២០ ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសមាជិកស្រាវជ្រាវគឺ លោកបណ្ឌិត ហេង ហុកវេន លោក សាន សុរាវនិត លោក ហៀង លាងហុង និង លោក ហូត រ៉ា ចុះស្រាវជ្រាវដល់ទីតាំងអតីតរាជធានីខ្មែរសំខាន់ៗនៅក្នុងទឹកដីនៃខេត្តកំពង់ធំ និងខេត្តសៀមរាប។ គោលបំណងនៃការស្រាវជ្រាវគឺដើម្បីសិក្សាពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ក៏ដូចជាប្រមូលព័ត៌មាន និងទិន្នន័យថ្មីៗបន្ថែម សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំនិងចងក្រងឯកសារប្រវត្តិសាស្រ្តខ្មែរមួយស្តីពី «ប្រវត្តិអតីតរាជធានីនិងទីក្រុងបុរាណនៃអាណាចក្រខ្មែរ»។
ក្រុមស្រាវជ្រាវគម្រោងបានចុះសិក្សាដល់ទីតាំងអតីតរាជធានីខ្មែរបុរាណ ដូចខាងក្រោម៖
១. រាជធានីឦសានបុរៈ កសាងក្នុងរាជ្យព្រះបាទឥសានវរ្ម័នទី១ នាពាក់កណ្តាលទី១ នៃសតវត្សទី៧ (គ.ស. ៦១៦ ដល់៦៣៧) ដែលសព្វថ្ងៃស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ភាពល្បីល្បាញនៃអតីតរាជធានីឦសានបុរៈ គឺ បណ្តុំនៃប្រាសាទបុរាណជាច្រើនដែលសង់ឡើងអំពីឥដ្ឋ លើកលែងតែសមាសធាតុតុបតែងលម្អខ្លះ ដូចជា ផ្តែរទ្វារ សសរពេជ្រ មេទ្វារ ជាដើម គឺធ្វើអំពីថ្មភក់។ លក្ខណៈពិសេសនៃសិល្បៈនិងស្ថាបត្យកម្មរបស់សំណង់ប្រាសាទក្នុងសម័យកាលនេះ ត្រូវបានគេចាត់ទុកជារចនាបថសិល្បៈខ្មែរ ហៅថា “រចនាបថសំបូរព្រៃគុក”។ ក្រុមប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់ក្នុងបញ្ជី បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៨ ខែកក្កដា គ.ស.២០១៧។
រូបភាពទី២៖ ក្រុមស្រាវជ្រាវថតនៅក្បែរប្រាសាទជ្រៃ នៃក្រុមប្រាសាទសំបូរព្រៃគុក
រូបភាពទី៣៖ លោក សាន សុរាវនិត ផ្តល់បទសម្ភាសន៍អំពីប្រវត្តិសាស្រ្តសង្ខេបនៃសម័យចេនឡា។
២. រាជធានីហរិហរាល័យ គឺជាអតីតរាជធានីអង្គរដ៏ធំដំបូងគេនៃអាណាចក្រអង្គរ ដែលកសាងឡើងក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ នាដើមសតវត្សទី៩ (គ.ស.៨០២ ដល់ ៨៥០) ។ អ្នកស្រាវជ្រាវបានចាត់ទុកព្រះបាទជ័យវរ្ម័នទី២ជាក្សត្រស្ថាបនិកទី១នៃអាណាចក្រអង្គរ។ មានព្រះរាជាចំនួន៣ព្រះអង្គ បានសោយរាជ្យជាបន្តបន្ទាប់នៅរាជធានីហរិហរាល័យ ក្រោយការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី២ គឺ ព្រះបាទជ័យវរ្ម័នទី៣ (គ.ស.៨៥០ ដល់ ៨៧៧) ជាព្រះរាជបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ ព្រះបាទឥន្រ្ទវរ្ម័នទី១ (គ.ស.៨៧៧ ដល់ ៨៨៩) និង ព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩ ដល់ ៩០០) ជាបុត្រារបស់ព្រះបាទឥន្រ្ទវរ្ម័នទី១។
រូបភាពទី៤៖ ក្រុមស្រាវជ្រាវថតនៅក្នុងបរិវេណប្រាសាទបាគង ច្រកចូលខាងលិច
រូបភាពទី៥៖ លោកបណ្ឌិត ហេង ហុកវេន ផ្តល់បទសម្ភាសន៍អំពីប្រវត្តិសាស្រ្ត នៃរាជធានីហរិហរាល័យ។
៣. រាជធានីមហេន្រ្ទបព៌ត (ភ្នំគូលែន) ក្រោយការកសាងនិងរៀបចំរាជធានីហរិហរាល័យ ដែលជាមូលដ្ឋាននៃការគ្រប់គ្រងរដ្ឋបានរួចរាល់ហើយ ព្រះបាទជ័យវរ្ម័នទី២ បានយាងទៅប្រារព្ធពិធីទេវរាជានៅលើភ្នំគូលែន (សិលាចារឹកស្តុកកក់ធំ K. ២៣៥ ចារឹកថា មហេន្រ្ទបវ៌ត)។ ហើយព្រះអង្គបានគង់នៅរាជធានីមហេន្រ្ទបព៌តនេះ បន្ទាប់មកបានយាងត្រលប់មកគង់នៅរាជធានីហរិហរាល័យវិញ។ ក្នុងរយៈពេលព្រះអង្គគង់នៅមហេន្រ្ទបព៌ត ព្រះអង្គបានកសាងព្រះរាជវាំងសង់អំពីឥដ្ឋ (ដែលអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិបានកំណាយរកឃើញថ្មីៗកន្លងទៅ) ព្រមទាំងសង់ប្រាសាទតូចធំជាច្រើននៅរាយប៉ាយគ្រប់ទីកន្លែងសំខាន់ៗលើខ្នងភ្នំគូលែន។
រូបភាពទី៦៖ ឯ.ឧ.បណ្ឌិត ជូ ច័ន្ទដារី ផ្តល់បទសម្ភាសន៍អំពី ទិដ្ឋភាពប្រវត្តិសាស្រ្តនៃភ្នំគូលែន ឬមហេន្រ្ទបព៌ត
រូបភាពទី៧៖ ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិអន្លង់ធំ លើខ្នងភ្នំគូលែន អំពីស្ថានភាពជីវភាពរស់នៅនាពេលបច្ចុប្បន្នរបស់ពួកគាត់
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកបណ្ឌិត មាឃ បូរ៉ា បានចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្យសភាកម្ពុជាជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលដល់អាយុចូលនិវត្តន៍រហូតដល់មានការតែងតាំងប្រធានវិទ្យាស្ថានជាផ្លូវការ។ ពិធីបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំវិទ្យាស្ថានភាសាជាតិក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា។
ពិធីបានប្រព្រឹត្តទៅដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២០/១៥៨ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ និងលទ្ធផលរបស់គណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ និងលិខិតបង្គាប់ការលេខ ០១០/២០ ល.ប.ក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ស្តីពី ការសម្រេចប្រគល់ភារកិច្ចជូនលោកបណ្ឌិត មាឃ បូរ៉ា ជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសនេះ លោកបណ្ឌិត មាឃ បូរ៉ា បានឡើងថ្លែងអំណរគុណជូនចំពោះគណៈកម្មការវាយតម្លៃ និងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានបោះឆ្នោតដាក់ពិន្ទុ ដើម្បីឱ្យលោក ក្លាយជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារហូតដល់មានការតែងតាំងជាប្រធានជាផ្លូវការ។ ចំពោះការងារដឹកនាំគ្រប់គ្រងវិទ្យាស្ថាន លោកបណ្ឌិតបានមានប្រសាសន៍ថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះរួមមាន គុណធម៌ សីលធម៌ និងសេចក្តីស្មោះត្រង់ជាចម្បង ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ និងបង្ហាញទេពកោសល្យដែលជាភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ និងគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែមជូនស្ថាប័ន និងសង្គមជាតិ។
គួរបញ្ជាក់ថា លោកបណ្ឌិត មាឃ បូរ៉ា ជាអតីតប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិ។ លោកត្រូវបានគណៈកម្មការវាយតម្លៃជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយពីលោកបណ្ឌិតបានទទួលពិន្ទុគាំទ្ររហូតដល់ទៅ ១១៦៣ពិន្ទុពីគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនិងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិទាំងអស់ជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលត្រូវដល់អាយុចូលនិវត្តន៍ កាលពីថ្ងៃ៧ ខែមេសា ឆ្នាំ២០២០។ គណៈកម្មការវាយតម្លៃបានកំណត់យកលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៧ចំណុច រួមមាន៖
១. យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាព
២. យុទ្ធសាស្រ្តគ្រប់គ្រងនិងដឹកនាំបុគ្គលិក
៣. គំនិតផ្តួចផ្តើមនិងច្នៃប្រឌិតការងារ
៤. សមត្ថភាពក្នុងការរៀបចំនិងទទួលបានគម្រោងស្រាវជ្រាវ
៥. ស្មារតីទទួលខុសត្រូវ
៦. ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អង្គភាព និង
៧. សីលធម៌។
ក្រោយពីជាប់ជាប្រធានវិទ្យាស្ថានភាសាជាតិ លោកបណ្ឌិត មាឃ បូរ៉ា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះចំនួន៦ ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ ដូចជា៖
១. សមត្ថភាព គឺចំណេះដឹងនិងចំណេះធ្វើក្នុងវិស័យឯកទេសរបស់ខ្លួន
២. ទេពកោសល្យ គឺភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ
៣. នវានុវត្តន៍ គឺគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែម
៤. សីលធម៌ គឺភាពជាពលរដ្ឋល្អក្នុងមជ្ឈដ្ឋានការងារនិងសង្គម
៥. ភាពអំណត់ គឺការតស៊ូក្រាញននៀលក្នុងការងារមិនថាលំបាកឬស្រណុក និង
៦. ភាពស្មោះត្រង់ គឺភក្តីភាពចំពោះការងារ អង្គភាព និងប្រទេសជាតិ និងគុណធម៌។
លើសពីនេះ លោកបណ្ឌិតបានប្រសាសន៍ថា លោកនឹងប្រកាន់ភ្ជាប់ជានិច្ចនូវទស្សនវិជ្ជារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាត្រីវិស័យ នោះគឺ « ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»៕
RAC Media| រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវេទិកាវិទ្យាសាស្ត្រស្តីពី ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក និងក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទប់ និងលើសពីនេះ នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាបានតាំងចិត្តរបស់ខ្លួនក្នុងការធ្វើការប្រកៀកស្មានឹងសហរដ្ឋអាម៉េរិក ផ្ដោតលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក ហើយយើងឈរជើងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើឱ្យរស់រវើកឡើងវិញ។
ឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រស្តីពី ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ខួប៧០ឆ្នាំ(១៩៥០-២០២០) ដែលបានប្រព្រឹត្តទៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានមានប្រសាសន៍ចាត់ទុកវេទិកាវិទ្យាសាស្ត្រដែលត្រូវបានរៀបចំនៅថ្ងៃនេះ គឺជាឱកាសដ៏ប្រសើរមួយដែលបង្កលទ្ធភាពឱ្យអ្នកវិទ្យាសាស្ត្រ អ្នកសិក្សាពីគោលនយោបាយនៃប្រទេសទាំងពីរ អាចជួបពិភាក្សាគ្នា បង្ហាញទស្សនៈយល់ឃើញរបស់ខ្លួន និងផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីឆ្លុះបញ្ចាំងនូវទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក ទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ នយោបាយសេដ្ឋកិច្ច និងសង្គម នាពេលអតីតកាល បច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាន៍ឡើងថា សហរដ្ឋអាម៉េរិក គឺជាដៃគូដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ទាំងក្នុងជំនួយអភិវឌ្ឍ ក៏ដូចជាក្នុងនាមជាដៃគូពាណិជ្ជកម្ម ដែលសហរដ្ឋអាម៉េរិកគឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា។ រយៈពេល៧០ឆ្នាំមកមកនេះ កម្ពុជានិងសហរដ្ឋអាម៉េរិកបានធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម កសិកម្ម បរិស្ថាន ការប្រឆាំងភេរវកម្ម កិច្ចសហប្រតិបត្តិការយោធា ការអប់រំ និងសុខាភិបាល ជាដើម។ បើយើងធៀបទៅនឹងអាយុរបស់មនុស្សឃើញថា វ័យ៧០ឆ្នាំនេះ ហាក់បង្ហាញនូវភាពចាស់ទុំនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ជាការពិតណាស់ ទំនាក់ទំនងនេះគឺមានភាពស្រដៀងគ្នាទៅនឹងទំនាក់ទំនងប្រភេទផ្សេងដែរ ដែលខ្ញុំសូមគូសបញ្ជាក់ មិនថាតែរវាងមិត្តភ័ក្ដិ រវាងក្រុមគ្រួសារ សាច់ញាតិ និងរវាងគូស្នេហ៍នោះទេ វាតែងតែមានលាយឡំគ្នានូវការឡើងនិងការធ្លាក់ចុះ។ វាមិនអាចចៀសបាននោះទេ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានប្រកាន់ខ្ជាប់នូវនយោបាយផ្កាចម្រុះពណ៌ អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងរក្សាទំនាក់ទំនងល្អក្នុងលក្ខណៈសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសជាមិត្តទាំងឡាយលើសាកលលោក។ រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ប្រកបដោយភាពកក់ក្ដៅចំពោះកិច្ចសហប្រតិបត្តិការល្អនិងជិតស្និទ្ធរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងភាពស្មើមុខស្មើមាត់គ្នា ជាដៃគូទាំងក្នុងឆាកតំបន់ និងអន្តរជាតិ ឆ្ពោះទៅកាន់ការការរីកចម្រើនជាលំដាប់នូវការកសាងទំនុកចិត្តចំពោះគ្នាទៅវិញទៅមកទាំងរវាងប្រជាជននិងប្រជាជន ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា៖«កម្ពុជាបានតាំងចិត្តរបស់ខ្លួនក្នុងការធ្វើការប្រកៀកស្មានឹងសហរដ្ឋអាម៉េរិក ផ្ដោតលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក ហើយយើងឈរជើងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើឱ្យរស់រវើកឡើងវិញ»។ ដូចមាននៅក្នុងសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនដល់ឯកឧត្ដមប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសម្ដេចបានគូសបញ្ជាក់អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរថា៖«... យើងមិនត្រូវឱ្យខ្លួនយើងក្លាយទៅជាចំណាប់ខ្មាំងនៃទំព័រខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្ររបស់យើងនោះទេ ហើយមានដំណាក់កាលដ៏ស្រស់បំព្រងជាច្រើនផ្សេងទៀត ដែលមានសារៈប្រយោជន៍ ក្នុងការពូនជ្រុំសម្រាប់ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសនិងប្រជាជនយើងទាំងពីរ កាន់តែមានការរីកលូតលាស់ថែមទៀត »។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានមានប្រសាសន៍ជឿជាក់ថា ក្នុងរដ្ឋបាល ឯកឧត្ដម ដូណាល់ត្រាំ ពិសេសតាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាទ្រិក ម៉ហ្វី (W. Patrick Murphy) នឹងពូនជ្រុំទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិកឱ្យកាន់តែប្រសើរឈានឡើងបន្ថែមទៀត ហើយយើងសង្ឃឹមថា អ្នកវិនិយោគិន និងអ្នកទេសចរណ៍សហរដ្ឋអាម៉េរិកនឹងមកបណ្តាក់ទុនវិនិយោគ និងមកលេងកម្ពុជាកាន់តែច្រើននាពេលអនាគតឆាប់ៗខាងមុខនេះ៕
RAC Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាបានរៀបចំវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទាប់ និងលើសពីនេះ ដើម្បីរួមចំណែកលើកកម្ពស់ការយោគយល់គ្នាតាមរយៈការយល់ឃើញដ៏ត្រឹមត្រូវពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនាំមកនូវទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រទេសទាំងពីរ។
វេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទាប់ និងលើសពីនេះបានប្រព្រឹត្តទៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍សំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិកាប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទប់ និងលើសពីនេះ» ដែលសហការរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកនេះ។
ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះឯកឧត្តម ប៉ាទ្រិក ម៉ហ្វី(W. Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាពិសេស វាគ្មិនជាតិ និងវាគ្មិនអន្តរជាតិ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចូលរួមនៅក្នុងវេទិកាវិទ្យាសាស្ត្រដ៏មានសារៈសំខាន់នាពេលនេះ។
ឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ចាត់ទុកវេទិកាវិទ្យាសាស្ត្រឆ្នាំនេះជាឆ្នាំពិសេសជាងឆ្នាំណាៗទាំងអស់ ដែលរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំវេទិកាវិទ្យាសាស្ត្រនេះឡើង ដើម្បីអបអរខួប៧០ឆ្នាំនៃទំនាកទំនងកម្ពុជា-សហរដ្ឋអាម៉េរិក។ ក្រៅតែអំពីការអបអរសាទរខួបនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ វេទិកាវិទ្យាសាស្ត្រនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖(១).ប្រមូលផ្តុំទស្សនៈ បទពិសោធន៍ យុទ្ធសាស្ត្រ និងអនុសាសន៍នានា ដើម្បីលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក ប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងវិបុលភាព, (២).ផ្លាស់ប្តូរនូវការយល់ឃើញរបស់អ្នកវិទ្យាសាស្ត្រ ដើម្បីស្វែងរកផ្លូវរួមមួយក្នុងការបើកទូលាយទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក, (៣).ជំរុញអន្តរកម្មប្រកបដោយការស្ថាបនា រវាងអ្នកស្រាវជ្រាវ ដែលមានវត្តមានក្នុងវេទិកានេះ, (៤)កសាងស្ពានដ៏មានប្រសិទ្ធភាពដែលយើងបានរួមដំណើរទាំងក្តៅទាំងត្រជាក់អសរយៈពេលជាង៧០ឆ្នាំមកហើយនេះ, (៥)រួមសុខទុក្ខជាមួយគ្នានៅពេលអនាគតខាងមុខដើម្បីត្រៀមការពារនិងទប់ស្កាត់កូវីដ-១៩ និង(៦)មិនលូកដៃចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។
ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា ឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក បានឈានដល់របត់ថ្មីមួយក្នុងប្រវត្តិសាស្ត្រ។ ចំណុចរបត់នេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈសារលិខិតរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសរបញ្ជាក់ឱ្យឃើញថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានឆន្ទៈក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពល្អប្រសើរឡើងឈានទៅរកចំណុចរួម។ ទន្ទឹមនឹងនេះ បេសកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាទ្រិក ម៉ហ្វី (W. Patrick Murphy) បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកមានការវិត្តិជាវិជ្ជមានដោយឈរលើមូលដ្ឋានដែលមានស្រាប់ ដើម្បីបោះជំហានទៅរកកិច្ចសហការគ្នាលើចំណុចផ្សេងៗទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា៖«ទោះបីយើងមានព្រំដែនឆ្ងាយគ្នា មានភាសាផ្សេងគ្នា និងមានពណ៌សម្បុរខុសគ្នាក៏ពិតមែន តែអ្វីដែលដូចគ្នានោះ គឺយើងមានស្នាមញញឹមដូចគ្នា ស្រឡាញ់សន្តិភាពដូចគ្នា ស្រូបយកខ្យល់អុកស៊ីសែនដូចគ្នា ទទួលទានទឹកដូចគ្នា មានសេចក្តីស្រឡាញ់គ្មានដែនកំណត់ និងមានបំណងដូចគ្នា គឺកសាងទំនាក់ទំនងល្អជាមួយគ្នា។ ទាំងអស់នេះហើយ ដែលធ្វើឱ្យទំនាក់ទំនង នៃប្រទេសយើងទាំងពីរ មិនអាចកាត់ផ្តាច់បាន ជាពិសេស សម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ដែលទ្រង់បានបង្កើតឱ្យមានទំនាក់ទំនង យ៉ាងល្អប្រសើរជាមួយសហរដ្ឋអាម៉េរិក ហើយបានបន្តមកទៀតនេះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើង»។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានរម្លឹកថា បើយើងងាកទៅមើលប្រវត្តិសាស្ត្រក្នុងចន្លោះឆ្នាំ១៩៥៥ ដល់១៩៦៣ សហរដ្ឋអាម៉េរិក បានផ្តល់ជំនួយឧបត្ថម្ភផ្នែកសេដ្ឋកិច្ចចំនួន ៤០៩,៦ លានដុល្លារ និង៣៨,៧ លានដុល្លារផ្សេងទៀតជាជំនួយលើផ្នែកយោធា។ ជំនួយដ៏ច្រើនបែបនេះ ត្រូវបានយកទៅប្រើប្រាស់ដើម្បីជួសជុលការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដែលបណ្តាលមកពីសង្គ្រាមឥណ្ឌូចិនលើកទី១ និងជួយពង្រឹងកម្លាំងសន្តិសុខផ្ទៃក្នុង ស្ថាបនាសំណង់ធំៗ ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម។ ជាក់ស្តែង ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅទៅកំពង់ផែក្រុងព្រះសីហនុ ដែលមានចម្ងាយ២១៤គីឡូម៉ែត ដើម្បីបើកច្រកប្រទេសកម្ពុជាទៅកំពង់ផែទឹកជ្រៅ បានសម្ពោធនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៥៤។
ឯកឧត្តមបណ្ឌិតសភាចារ្យជឿជាក់ថា អ្នកចូលរួមទាំងអស់គ្នាប្រាកដជានៅចាំបាន កាលពីឆ្នាំ១៩៦៧ ដែលលោកជំទាវ ចន ខេននើរឌី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបង្ហាញពីទំនាក់ទំនងគួជាទីមោទនៈ។ ហើយផ្លូវមួយខ្សែទៀតដែលសហរដ្ឋអាម៉េរិក បានជួយក៏សាងនៅក្នុងក្រុងកំពង់សោម ខ្ញុំគិតថា នៅមានមនុស្សតិចណាស់ដែលនៅចាំនិងស្គាល់ផ្លូវនោះ បើតាមកាសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺ ផ្លូវលេខ៤០០ ពីចំណុចរង្វង់មូលតោ ទៅភ្នំ៣៩។
បើតាមប្រវត្តិសាស្ត្រ ក្នុងកម្រិតនយោបាយ ឯកឧត្តមបណ្ឌិតសភាចារ្យឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយអំណរ ប៉ុន្តែ ដើម្បីឱ្យទំនាក់ទំនងនេះ កាន់តែមានភាពល្អប្រសើរឡើងស្របតាមបរិការណ៍បច្ចុប្បន្ននេះ វាទាមទារឱ្យយើងដែលជាអ្នកវិទ្យាសាស្ត្រ អង្គុយតុជាមួយគ្នា ដើម្បីជជែកពិភាក្សាដោយលើកយកបញ្ហាប្រឈមនានាដែលមានពីមុនមក និងកំពុងមានយកមកបកស្រាយ និងស្វែងរកដំណោះស្រាយ សមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាស្ពានទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក។
ក្នុងន័យនេះឯកឧត្តមបណ្ឌិតសភាចារ្យបានយល់ឃើញថា វេទិកាបែបនេះ គួរត្រូវបានរៀបចំឡើងឱ្យបានញឹកញាប់ និងមានការចូលរួមឱ្យបានទូលំទូលាយជាងនេះ ដើម្បីរួមចំណែកលើកកម្ពស់ការយោគយល់គ្នាតាមរយៈការយល់ឃើញដ៏ត្រឹមត្រូវពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនាំមកនូវទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រទេសទាំងពីរ។
ជាទីបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យជឿជាក់ថា វេទិកាដែលយើងកំពុងរៀបចំថ្ងៃនេះ ជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ មិនត្រឹមតែរួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើរតួនាទីជាឧបករណ៍ការទូតសាធារណៈដ៏សំខាន់ ក្នុងការនាំសារសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរកាន់តែប្រសើរឡើងថែមទៀតផងដែរ។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមនិងជឿជាក់ថា ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ក៏ដូចជាការសិក្សាស្រាវជ្រាវនិងចងក្រងស្នាដៃដទៃទៀត សម្រាប់អ្នកសិក្សាស្រាវជ្រាវនានា៕
RAC Media | រឿន ភារុន
កាលពីរសៀលថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៥ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
កាលពីរសៀលថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា ដោយអនុម័តពាក្យបានចំនួន៥ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM