Royal Academy of Cambodia
ការផ្លាស់ប្តូរនៃបរិបទថ្មីនៃពិភពលោកក្នុងសតវត្សទី២១ បានជំរុញឱ្យ មនុស្សធ្វើការផ្លាស់ ប្តូរឥរិយាបថនៃការរស់នៅដោយបានអនុវត្តទៅតាមបទដ្ឋាននៃ សង្គមដែលតម្រូវធ្វើតាមជាការចាំបាច់ ជួនកាលបទដ្ឋាននេះបានជះឥទ្ធិពល ដោយប្រយោលលើជីវភាពរស់នៅរបស់សង្គមដោយឥត បានព្រៀងទុកតាមរយៈ បណ្តាញផ្សព្វផ្សាយទាំងឡាយ។ របៀបធ្វើការងារមនុស្សធម៌ ភាពប្រែប្រួលនៃ ការអនុវត្តប្រពៃណីនៃការរៀបការ ការបង្រៀនអំពីភាពជោគជ័យ ក្នុងកិច្ចការងារ និងធុរកិច្ច ការបង្រៀនអំពីការដឹកនាំ បញ្ហាផ្សេងៗទៀតមានដូចជា អំពើឃាតកម្ម អំពើផិតក្បត់ បញ្ហាកសិកម្ម ការរីករាលដាលនៃជំងឺពិភព លោកថ្មី(COvid-19) ការអនុវត្តច្បាប់ចរាចរ ជាដើមសុទ្ធតែជាកត្តាលីករ ជំរុញឱ្យមាន ការអនុវត្តនូវបទដ្ឋានរួមគ្នា ឬធ្វើការផ្លាស់ប្តូរនូវឥរិយាបថរបស់មនុស្សដើម្បីឱ្យមានសង្គតិភាពមួយរួមគ្នា។
មើលឃើញថាការងារមនុស្សធម៌សម័យបច្ចុប្បន្នមានច្រើនសណ្ឋានប្រសិនបើរាប់ទៅមាន តាំងពីស្ថានប័នរដ្ឋ ឯកជន និងជាលក្ខណៈបុគ្គលក៏មាន។ ការអនុវត្តកិច្ចការមនុស្សធម៌នេះ ជាលក្ខណៈ បង្ហាញនូវវប្បធម៌សង្រ្គោះមួយដ៏ប្រពៃដែលអាចឱ្យមនុស្សទាំងឡាយទាំងពួងមើលឃើញហើយមានអារម្មណ៍ស្ងើចសរសើរអំពីទឹកចិត្តសប្បុរសរបស់អ្នកដែលបានធ្វើមនុស្សធម៌ចំពោះនរណាម្នាក់ ឬជនក្រខ្សត់ ណាមួយ។ ភាពក្រក្សត់ តោកយ៉ាករបស់មនុស្ស ត្រូវបានគេយកមក បង្ហោះ ក្នុង បណ្តាញសង្គមហើយធ្វើការផ្សព្វផ្សាយ ជាលក្ខណៈសាកល ជួនកាលមាន ការតតាំងគ្នា អំពីមតិទាំងឡាយ ជាលក្ខណៈបុគ្គលឬជាលក្ខណៈក្រុមចំពោះ មនុស្សធម៌ណាមួយដែលមើលទៅហាក់មិនសមរម្យ ឬធ្វើឡើងដើម្បីប្រយោជន៍ ណាមួយ ហើយធ្វើឱ្យប៉ះពាល់ ដល់តម្លៃជាសារវន្តរបស់មនុស្ស ដែលយល់ថាមាន យុត្តិធម៌ មានសមធម៌ និងគុណធម៌ជាដើម។ បទដ្ឋាន មួយនេះ បានអនុវត្ត ជារឿយៗក្នុងសង្គម ពាណិជ្ជករខ្លះដែលបានជោគជ័យ ក្នុងអាជីពរបស់ខ្លួនបាន ចាប់ផ្តើមធ្វើការមនុស្សធម៌ ជួលកាលអ្នកសារព័ត៌មាន ខ្លះដោយឈរលើ គោលការណ៍មនុស្សធម៌នេះ បានខ្នះខ្នែង ក្នុងការជំរុញ និងលើកទឹកចិត្ត ជួយជ្រុំជ្រែងប្រមែប្រមូលនូវថវិកាតាមរយៈជំនាញរបស់ខ្លួនជាដើម។
បន្ថែមពីនេះការអនុវត្តនូវប្រពៃណីក្នុងការរៀបការក្នុងសង្គមខែ្មរនាសម័យបច្ចុប្បន្នមានលក្ខណៈប្លែកៗ។ ប្រសិនបើពិនិត្យមើលមួយជ្រុងទៅក្នុងផ្នត់គំនិតរបស់ មនុស្សជនជាតិខ្មែរដែលពិនិត្យ ក្នុងការនិយាយស្តីឃើញ ថាជនជាតិនេះ សំបូរមនុស្សមានគំនិតអភិរក្សនូវប្រពៃណី និងទំនៀមទំលាប់ណាស់ប្រសិនបើអ្នកណា មួយធ្វើអំពើណាមួយដែលមានលក្ខណៈខុសឆ្គងនឹងផ្នត់គំនិតនៃការអភិរក្សណាមួយនោះ ក៏ប៉ុន្តែប្រសិន បើពិនិត្យមើលអំពី ការរៀបអាពាហ៍ពិពាហ៍របស់ ជនជាតិខ្មែរ មួយចំនួនប្រសិនបើយើងពិនិត្យទៅ មើលសកម្មភាពជាក់ស្តែងហាក់ដូចជាមិនមែន ជាអ្នកអភិរក្សទេគឺជាអ្នកទទួលរង នូវឥទ្ធិពល នៃវប្បធម៌របស់ ប្រទេសមួយ ចំនួនហើយបានធ្វើការផ្លាស់ប្តូរ នូវទម្រង់នៃការអនុវត្តប្រពៃណីរបស់ខ្លួន។ តាមរយៈការផ្សព្វផ្សាយ លើបណ្តាញសង្គមនៅពេលហែរជំនួន ក្រុមយុវជនបានរាំរែកក្នុងពិធីហែរជំនួននេះ។ ឥរិយាបថនៃការផ្លាស់ប្តូរ ក្នុងការអនុវត្តនេះ ជាជំហានតំបូង នៃការផ្លាស់ប្តូរនូវទម្រង់ ក្នុងការអនុវត្តប្រពៃណី និងទំនៀមទំលាប់របស់ ជនជាតិខែ្មរ។
ការបង្រៀនអំពីភាពជោគជ័យនៃការងារនិងធុរកិច្ចជាភាពពេញនិយមរបស់មនុស្សសម័យបច្ចុប្បន្ន ដែលមនុស្សម្នាក់ប្រឹងប្រែងខិតបំពេញការងារខ្លួន។ អនុសាសន៍យ៉ាងច្រើនក្នុងការអនុវត្តនូវធុរកិច្ចដូចជា តើធ្វើដូចម្តេចដើម្បីទទួលបានភាពជោគជ័យក្នុងអាជីពរបស់ខ្លួន ត្រូវបានវាគ្មិនជាច្រើនរូបយកមកធ្វើជា ប្រធានបទដើម្បីបង្ហាញអំពីទស្សនៈវិស័យនៃគំនិតដោយផ្សារភ្ជាប់នូវគំនិតទស្សនវិជ្ជា និងការអនុវត្តក្នុងអាជីពរបស់ខ្លួន ដូចជាវិធីសាស្រ្តដឹកនាំគ្រប់គ្រង ការជ្រើសរើសបុគ្គលិក យុទ្ធសាស្រ្តទីផ្សារ ដោយធ្វើការអភិវឌ្ឍ ឬធ្វើនូវបច្ចុប្បន្នភាពនៃចំណេះដឹង បុគ្គលិករបស់ខ្លួនដើម្បីឱ្យមានវិធីសាស្រ្តគ្រប់គ្រាន់ ក្នុងការពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យបានជោគជ័យ។ សេចក្តីទាំងនេះជាមូលដ្ឋានសម្រាប់ ផ្លាស់ប្តូរការគិត ដើម្បីស្វែងយល់អំពីពិភពការងារនាយុគសម័យថ្មី ជាពិសេសទៅទៀតនោះ យុទ្ធសាស្រ្តការងារសម័យ ឌីជីថលូបនីយកម្ម ដែលមនុស្សធ្វើការកែប្រែរបៀបធ្វើការ ទំនាក់ទំនងគ្នាតាមរយៈ ប្រព័ន្ធអ៊ីនធិណែត ឬយើងហៅផ្សេងទៀតថា «ការងារអនឡាញ»។
ការផ្សព្វផ្សាយអំពីឃាតកម្ម និងអត្តឃាតកម្ម ក្នុងបណ្តាព័ត៌មានផ្សេងៗ លើកអំពីមូលហេតុ ដែលមានអំពើឃាតនិងអត្តឃាតទាំងនេះ។ តាមការសង្កេតបច្ច័យដែលនាំឱ្យ កើតមានហេតុការណ៍ ដ៏គួរឱ្យតក់ស្លុតទាំងអស់នេះ ជាប់ទាក់ទងនឹងបញ្ហាជីវភាព ស្នេហា ដែលជំរុញឱ្យមានបញ្ហាផ្លូវចិត្តរហូតដល់ សម្រេចចិត្តសម្លាប់អ្នកដទៃ ឬខ្លួនឯងជាដើម។
បន្លែមពីនេះ អំពើផិតក្បត់នឹងការលែងលះជារឿយតែងបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមថា មូលហេតុនេះគឺបណ្តាលមកពីអំពើអនាចាររបស់មនុស្ស រោគចិត្តមានចិត្តសាវ៉ាដោយយកបញ្ហាផ្លូវភេទ ឬ ការសេពសុរា ប្រព្រឹត្តល្បែងស៊ីទាំងនេះ ជំរុញឱ្យស្វាមីភរិយាឈានដល់ ការលែងលះ។ ទិដ្ឋភាពនេះ ជំរុញឱ្យមានផលប៉ះពាល់ដល់កត្តាផ្លូវចិត្តរបស់មនុស្សជាពិសេសប្តី ឬប្រពន្ធ កុមារ សេដ្ឋកិច្ចគ្រួសារ ការអប់រំជាដើម។
បញ្ហាកសិកម្មជាបញ្ហាដែលរដ្ឋត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លានាពេលកន្លងថ្មីៗនេះ បញ្ហាទីផ្សារកសិកម្មនៅតែជាបញ្ហាប្រឈមសម្រាប់កសិកររបស់ប្រទេសកំពុងអភិវឌ្ឍមួយនេះ។ ក្នុងន័យនេះ ការរៀបចំប្រព័ន្ធទីផ្សារនៃភូមិមួយផលិតផលមួយគួរបានគិតសារជាថ្មី ឬអនុវត្តបន្តសម្រាប់បន្តនៅនិរន្តរភាពនៃផ្សារកសិកម្មកម្ពុជាឱ្យមានសក្តានុពលទៅអនាគត។ ការចូលរួមសម្រាប់វិស័យកសិកម្មនេះ តាមការយល់ឃើញ អ្នកដែលពាក់ព័ន្ធទាំងអស់គ្នាត្រូវចូលរួមអនុវត្តដោយភាពស្មោះត្រង់ក្នុងកិច្ចការនេះទើបអាចដោះស្រាយបញ្ហានេះបានល្អ មិនដូច្នោះទេ បញ្ហាទីផ្សារកិសកម្មរបស់កម្ពុជានៅតែមានបញ្ហា ប្រជាជននៅតែស្តីបន្ទោសរដ្ឋចំពោះបញ្ហានេះ។
បញ្ហាការីករាលដាលនូវជំងឺកូវីដ១៩ ដែលធ្វើឱ្យពិភពលោកមានភាពវឹកវរទាំងសេដ្ឋកិច្ច និងវប្បធម៌ និងនយោបាយ ដែលជំរុញឱ្យមានការយល់ច្រឡំរវាងគ្នានឹងគ្នាអំពីការមិនអើពើ មិនព្រមអនុវត្តនូវបទដ្ឋានណាមួយដែលមើលទៅហាក់ដូចជានាំឱ្យខូចនូវប្រយោជន៍ ឬហេតុផលសេដ្ឋកិច្ចជាដើម។ ក្នុងន័យនេះ ការអនុវត្តនូវវិធាននេះ តម្រូវឱ្យគិតលើកត្តាមុនស្សធម៌ជាសំខាន់សម្រាប់ការចូលរួមនូវការអនុវត្តឱ្យមានប្រសិទ្ធភាព ។ ជាក់ស្តែងការអនុវត្តនេះមិនត្រូវបានយល់ស្របទាំងស្រុងទេ ប៉ុន្តែដោយកិច្ចអន្តរាគមន៍ពីរដ្ឋដោយមានការបិទប្រទេសមួយអន្លើដើម្បីទប់ស្កាត់ និងដោយមានការចូលរួមអនុវត្តនូវវិធីការពារជំងឺរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជាបានរុញឱ្យស្ថានភាពនៃការរីករាលដាលក្នុងប្រទេសកម្ពុជាមានភាពធូរស្បើយ។
សរុបមកការអនុវត្តនូវវប្បធម៌បទដ្ឋានថ្មីរបស់ប្រទេសគឺជាការធ្វើរួមគ្នាជាធ្លុងមួយដើម្បីឱ្យ ឬជាការស្វែងយល់នូវបញ្ហានោះទាំងអស់គ្នា រួចធ្វើការកែតម្រូវពីសំណាក់អ្នកច្បាប់ អ្នកនយោបាយ អ្នកសេដ្ឋកិច្ច និងអប់រំ ប្រជាជនដែលជាអ្នកអនុវត្តផ្ទាល់ដើម្បីឱ្យការអនុវត្តនោះមានប្រសិទ្ធភាព ហើយអាចទទួលយកបានទាំងអស់គ្នាដោយតុណ្ហីភាព។
RAC Media
ប្រភព៖ លេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
ប្រាកដណាស់ ពិភពលោកកំពុងរងវិបត្តិដ៏ធ្ងន់ធ្ងរដោយសារកូវីដ-១៩ ហើយក្រោយពីឆ្លងផុត យើងក៏ដឹងច្បាស់ថា ពិភពលោកនឹងមើលទៅលែងដូចដើម ជាពិសេសវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ ក៏ដូចជាសង្គមវប្បធម៌ដែរ។ វិបត្តិនេះបាននឹងកំពុងធ្វើឱ្យមានភាពក្រីក្រ ភាពឈឺចាប់ និងការរើសអើងកើនខ្លាំងឡើងនៅក្នុងសង្គម។ នៅចំពោះមុខ អ្នកក្រីក្រជាតួអង្គរងគ្រោះខ្លាំងបំផុត ពួកគេមិនត្រឹមតែពិបាកក្នុងការស្វែងរកសេវាសុខភាពល្អៗទេ ប៉ុន្តែ ពួកគេក៏ជាតួអង្គដែលត្រូវរងគ្រោះខ្លាំងចំពោះវិបត្តិសេដ្ឋកិច្ចផងដែរ។
ងាកមកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន ក៏មានចំនួននៃអ្នកឆ្លងវីរុសកូវីដ១៩ នៅក្នុងតំបន់កើនឡើងឥតឈប់ឈរដែរ បើទោះបីជារដ្ឋាភិបាលនៃប្រទេសសមាជិកនីមួយៗបានដាក់វិធានការទាំងធ្ងន់និងស្រាលជាបន្តបន្ទាប់ដើម្បីបង្ការការរីកដាលនៃការចម្លងវីរុសនេះក៏ដោយ។ អាស៊ានដែលមានប្រជាជនប្រមាណ៦៥០លាននាក់ កំពុងតែប្រឈមនឹងការរីករាលនៃវីរុសឆ្លងកូវីដ១៩ ហើយដែលរដ្ឋនីមួយៗកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងរៀងៗខ្លួន។ បើតាមការសង្កេត រដ្ឋនីមួយៗ ទំនងជាកំពុងជួបការលំបាកដោយសារតែហានិភ័យនេះមានទំហំហួសពីសមត្ថភាពរបស់ខ្លួនដែលអាចគ្រប់គ្រងបាន ជាពិសេស ប្រសិនបើការរីកដាលនេះចេះតែបន្តកើនឡើងក្នុងរយៈពេលកាន់តែយូរអង្វែង នាំឱ្យការប៉ះពាល់ទាំងផ្នែកសុខាភិបាល សេដ្ឋកិច្ច ក៏ដូចជាសង្គមកិច្ចកាន់តែមានភាពធ្ងន់ធ្ងរដែរ។
ជាទូទៅ បណ្ដាប្រទេសក្នុងអាស៊ាន ត្រូវបានគេមើលឃើញថា ភាគច្រើនមានទំនោរបែបអាត្មានិយមស្រាប់ទៅហើយ ដែលរដ្ឋនីមួយៗតែងតែតម្កល់ផលប្រយោជន៍ជាតិរបស់ខ្លួនធំជាងផលប្រយោជន៍ជាតិដទៃដែលជាសមាជិកអាស៊ានដូចគ្នា។ អាស៊ានប្រកាន់យកគោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងនៃជាតិជាសមាជិក ប៉ុន្តែពេលខ្លះគោលការណ៍នេះហាក់បង្ហាញពីភាពសោះអង្គើយចំពោះគ្នាទៅវិញក៏ថាបាន ដូចជាកន្លងមក បញ្ហាជម្លោះព្រំដែន, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាជនជាតិរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា, រដ្ឋប្រហារយោធានៅថៃ និងសូម្បីសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលប្រជាជាតិអាស៊ានបានចាប់ដៃគ្នាលើកកម្ពស់សហគមន៍សេដ្ឋកិច្ចរួម ប៉ុន្តែ មកទល់សព្វថ្ងៃនៅតែមុជមិនជ្រៅទៅមិនឆ្ងាយ។ នេះជាការបង្ហាញឱ្យឃើញពីភាពកម្សោយនៃប្រជាជាតិអាស៊ាន។
សម័យកាលកូវីដ-១៩ ជាសម័យកាលដែលបង្ហាញឱ្យឃើញពីភាពអាត្មានិយមកាន់តែខ្លាំងឡើងនៃប្រជាជាតិនីមួយៗនៅលើលោក អ្នកដឹកនាំនៃប្រទេសនីមួយៗ នាំគ្នាប្រកាន់យកជំហរជាតិសាសន៍របស់ខ្លួនជាធំ កាន់តែច្រើនឡើងៗ ដែលយើងឃើញច្បាស់ជាងគេ សហរដ្ឋអាម៉េរិក ដែលធ្លាប់តែជាបងធំ អ្នករៀបចំសណ្ដាប់ធ្នាប់ពិភពលោក អ្នកសង្រ្គោះប្រជាជាតិផ្សេងៗ តែពេលនេះក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាម៉េរិក បង្ហាញជំហរច្បាស់ណាស់ថា គឺជនជាតិអាម៉េរិកជាចម្បង (American First)។ ស្ថានភាពនេះបានស្ដែងឱ្យឃើញច្បាស់តាមរយៈការស្កាត់ទិញយកម៉ាសដែលត្រូវផ្គត់ផ្គង់ទៅអ៊ឺរ៉ុប ការផ្ដាច់ជំនួយ WHO ដោយចោទថា ឃុបឃិតជាមួយចិនលាក់បាំងទិន្នន័យពិតជាដើម។
មនុស្សជាតិពេលនេះកំពុងប្រឈមមុខនឹងវិបត្តិពិភពលោក ហើយក៏ប្រហែលជាវិបត្តិដ៏ធំបំផុតនៃជំនាន់របស់យើង។ វាមិនត្រឹមតែជាវិបត្តិចំពោះប្រព័ន្ធថែទាំសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ថែមទាំងជាវិបត្តិចំពោះសេដ្ឋកិច្ច នយោបាយ និងសង្គមផងដែរ។ នៅចំពោះមុខវិបត្តិនេះ យើងត្រូវតែធ្វើសកម្មភាពរហ័សនិងម៉ឺងម៉ាត់ ទន្ទឹមនោះយើងក៏គួរតែគិតគូរពីវិបាករយៈពេលវែងនៃសកម្មភាពរបស់យើងដែរ។ នៅពេលយើងជ្រើសរើសវិធានការឬផ្លូវដើរ យើងមិនគួរតែគិតតែអំពីវិធីដើម្បីចៀសផុតពីការគំរាមកំហែងជាបន្ទាន់ចំពោះមុខប៉ុណ្ណោះទេ យើងក៏ត្រូវគិតដល់សហគមន៍ ក៏ដូចជាពិភពលោកទាំងមូលដែលយើងនឹងត្រូវបន្តរស់នាអនាគតផងដែរ។ ជាការណ៍ពិត គ្រោះមហន្តរាយនេះប្រាកដជារំលងផុតទៅ ហើយមនុស្សជាតិភាគច្រើននឹងបន្តរស់រានមានជីវិត ប៉ុន្តែពិភពលោកឬសហគមន៍ដែលយើងរស់នៅប្រហែលជាលែងដូចដើមហើយ។
មកទល់ពេលនេះ ការព្យាយាមដោះស្រាយរៀងៗខ្លួន ហាក់គ្មានប្រសិទ្ធភាព ការចម្លងជាលើកទីពីរនៅសិង្ហបុរី ការកើនឡើងយ៉ាងឆាប់រហ័សនៅឥណ្ឌូនេស៊ីនិងហ្វីលីពិន ហើយបើតាមអ្នកជំនាញថា នៅអាស៊ានគ្រាន់តែជាដំណាក់កាលនៃការឆ្លងជាបឋមប៉ុណ្ណោះ។ ដូច្នេះ ដំណោះស្រាយដែលមានប្រសិទ្ធភាព គឺត្រូវតែដោះស្រាយតាមរយៈការសហការគ្នា។ ជាដំបូងនិងសំខាន់បំផុតដើម្បីទប់ស្កាត់និងកម្ចាត់វីរុស អាស៊ានត្រូវតែចែករំលែកព័ត៌មានជាសកល។ ប្រទេសជាសមាជិក អាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក អំពីការចម្លង ការការពារ ការព្យាបាល ការដោះស្រាយបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម។ល។ ប៉ុន្តែ ដើម្បីឱ្យរឿងនេះកើតឡើងបាន យើងត្រូវការស្មារតីនៃកិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តនៅក្នុងសហគមន៍។ យើងក៏ត្រូវការការខិតខំជារួម ដើម្បីផលិតនិងចែកចាយឧបករណ៍វេជ្ជសាស្រ្ត ជាពិសេសឧបករណ៍ប្រើប្រាស់និងម៉ាស៊ីនដកដង្ហើម សម្រាប់សហគមន៍ ជាជាងប្រទេសជាសមាជិកទាំងអស់ព្យាយាមធ្វើដើម្បីតែភាពរស់រានមានជីវិតតែរៀងៗខ្លួន។ ជាជំហររបសើប្រទេសដែលមានធនធានច្រើនជាងនិងមានករណីឆ្លងតិចជាង គួរតែមានឆន្ទៈក្នុងការបញ្ជូនជំនួយទៅកាន់ប្រទេសជាសមាជិកផ្សេងៗដែលមានករណីឆ្លងច្រើនជាង។ ជំនួយនេះមិនមែនតែចំពោះសម្ភារៈទេ គឺទាំងជាបុគ្គលិកពេទ្យផងដែរ។ ឧទាហរណ៍ បណ្តាប្រទេសដែលរងផលប៉ះពាល់តិចជាង អាចបញ្ជូនបុគ្គលិកពេទ្យទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងសហគមន៍ ក្នុងគោលបំណងទាំងជួយនិងទទួលបានបទពិសោធន៍ ដើម្បីបន្តប្រយុទ្ធទៅមុខទៀត ព្រោះថាសង្រ្គាមមួយនេះអាចមានរយៈពេលវែង។ កិច្ចសហប្រតិបត្ដិការជារួមនេះ ក៏ត្រូវការជាចាំបាច់នៅចំពោះមុខសេដ្ឋកិច្ចផងដែរ។ ជាការណ៍ពិត នៅចំពោះមុខ ប្រទេសជាសមាជិកនីមួយៗ សុទ្ធតែរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដូចៗគ្នា ប៉ុន្តែបើរដ្ឋាភិបាលនីមួយៗព្យាយាមធ្វើអ្វីៗដោយខ្លួនឯង ដោយមិនយកចិត្តទុកដាក់ចំពោះរដ្ឋជាសមាជិកផ្សេងៗ នោះលទ្ធផលនឹងកាន់តែមានភាពវឹកវរនិងវិបត្ដិជ្រៅទៅៗ។ យើងត្រូវការផែនការសកម្មភាពរួម ហើយយើងក៏ត្រូវការវាជាបន្ទាន់។
ជាអកុសល បច្ចុប្បន្នបណ្តាប្រទេសទាំងអស់ ស្ទើរតែមិនធ្វើរឿងទាំងនេះសោះឡើយ ពួកគេឱនក្បាលចុះ លាដៃឱបក្រសោបការពារតែប្រទេសរបស់ខ្លួនរៀងៗខ្លួន។ ក្នុងវិបត្តិពិភពលោកមុនៗមានសហរដ្ឋអាម៉េរិក បានដើរតួនាទីជាអ្នកដឹកនាំពិភពលោក ប៉ុន្តែពេលនេះរដ្ឋបាលអាម៉េរិកបានទម្លាក់ភារៈនេះចោល។ ជាមេរៀនដែលរដ្ឋជាសមាជិកអាស៊ានមិនគួរត្រាប់តាម អាស៊ានត្រូវតែក្ដាប់ឱ្យបាននូវគោលដៅ អាស៊ានតែមួយ វាសនាតែមួយ។
យើងសង្ឃឹមថាការរីករាលដាលនៃកូវីដ-១៩នាពេលបច្ចុប្បន្ន នឹងជួយឱ្យប្រជាជាតិអាស៊ានដឹងអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបង្កឡើងដោយការបែកបាក់សាមគ្គី។ អាស៊ានត្រូវតែជ្រើសរើស ថាតើនឹងដើរតាមផ្លូវនៃការបែកបាក់គ្នាឬផ្លូវនៃសាមគ្គីភាព? យើងគិថា បើអាស៊ានជ្រើសការបែកបាក់ឬអាត្មានិយម នោះមិនត្រឹមតែអូសបន្លាយវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចនឹងមានគ្រោះមហន្តរាយកាន់តែអាក្រក់ថែមទៀតនាពេលអនាគត ពោលគឺការឈានទៅមានអាស៊ានតែក្នុងក្រដាសនិងបបូរមាត់ប៉ុណ្ណោះ។ តែបើយើងជ្រើសរើសយកសាមគ្គីភាព នោះវានឹងក្លាយជាជោគជ័យមួយ ដែលមិនត្រឹមតែប្រឆាំងនឹងកូវីដ-១៩ទេ គឺប្រឆាំងនឹងរោគរាតត្បាតនិងវិបត្តិនាពេលអនាគតដែលអាចបង្កគ្រោះថ្នាក់នាពេលខាងមុខទៀតផងដែរ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
ជំងឺឆ្លង COVID-19 មានសភាពកាន់ធំឡើងៗ ពោលវាគឺជាការសាកល្បងប្រកបដោយភាពភ័យខ្លាចមួយចំពោះរដ្ឋាភិបាល និងទស្សនវិជ្ជាគ្រប់គ្រងនៅលើពិភពលោកទាំងមូល។ ទាំងប្រទេសប្រជាធិបតេយ្យ និងទាំងប្រទេសអត្តាធិបតេយ្យ ត្រូវបានគេមើលឃើញដូចគ្នាថា មិនបានត្រៀមខ្លួន មិនមានបរិក្ខាគ្រប់គ្រាន់ និងមានការឆ្លើយតបយ៉ាងយឺតយ៉ាវដូចគ្នា។ ដូចគ្នាដែរ សហរដ្ឋអាម៉េរិក ទោះជាមានអំណាច ទ្រព្យធន និងអំណាចខាងបច្ចេកវិទ្យាយ៉ាងណាក៏ដោយ ក៏បានបង្ហាញថា ងាយរងគ្រោះដូចប្រទេសដទៃដែរ។
ស្របពេលដែលអាម៉េរិកកំពុងតែតស៊ូយ៉ាងស្វិតស្វាញប្រឆាំងទល់នឹងមេរោគកូរ៉ូណា ប្រទេសចិនកំពុងតែព្យាយាមសរសេរឡើងវិញនូវប្រវត្តិនៃការផ្ទុះឡើងដំបូងនៃជំងឺនេះនៅក្នុងទីក្រុងអូហាន ហើយខិតខំផ្សព្វផ្សាយពីរឿងរ៉ាវវិជ្ជមានចំពោះ «ការទទួលខុសត្រូវ» និង«ការប្ដេជ្ញា» របស់ខ្លួនចំពោះការដោះសា្រយជាមួយជំងឺឆ្លងនេះ។ ខ្លឹមសារបានបញ្ជាក់យ៉ាងច្បាស់ ពោលគឺអ្នកអាចនឹងមិនចូលចិត្តសហរដ្ឋអាម៉េរិក ប៉ុន្តែ យើងកំពុងតែទទួលជោគជ័យនៅកន្លែងដែលអ្នកដទៃបរាជ័យ។ អ្នកវិភាគខ្លះមានការព្រួយបារម្ភថា ក្រុងប៉េកាំងកំពុងទទួលបានឥទ្ធិពលពីការនិទាននេះ ហើយក៏បារម្ភដែរថា ប្រទេសចិននឹងងើបចេញពីជំងឺរាតត្បាតជាមួយនិងឥទ្ធិពលជាសកលរបស់ខ្លួន ខណៈដែលអាម៉េរិកនឹងអន់ថយចុះ។
ទោះបីជាយ៉ាងណា ក៏ជំហរដែលទាក់ទងរវាងចិននិងអាម៉េរិកនៅក្នុងពិភពក្រោយមេរោគរាតត្បាត នឹងត្រូវបានកំណត់តិចតួចដោយអ្វីដែលចិនបានធ្វើ ហើយនឹងកំណត់ភាគច្រើនដោយការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីងតោន។ យុទ្ធសាស្រ្តដែលបានប្រើដោយជោគជ័យរបស់បក្សកុម្មុយនិស្តនៅខាងក្នុងប្រទេសចិន មិនមានប្រសិទ្ធភាពនៅបរទេសនោះទេ។
ទ្រឹស្តីនៃការឃុបឃិតអំពីប្រភពនៃមេរោគ និងការគណនាលើការប្រើប្រាស់ជំនួយវេជ្ជសាស្រ្តសម្រាប់គោលបំណងខាងនយោបាយដោយប្រទេសចិន អាចនឹងធ្វើឱ្យចិនឯកោ នឹងធ្វើឱ្យដៃគូកាន់តែច្រើនខឹងសម្បារ នៅពេលដែលទ្រឹស្ដីនេះកំពុងធ្វើឱ្យចិនឈ្នះលើមិត្តភក្កិរបស់ខ្លួន។ ប្រធានាធិបតីរបស់ប្រទេសស៊ាកប៊ីប្រហែលជាសប្បាយចិត្ត ប៉ុន្តែ បេះដូងប្រជាធិបតេយ្យរបស់អឺរ៉ុបខាងលិចមិនអាចទិញត្រលប់មកវិញបានទេ។ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel គឺជាករណីមួយក្នុងការទាញត្រឡប់មកវិញនេះតាមរយៈការស្វាគមន៍ជំនួយរបស់ចិនដែលផ្ដល់មកឱ្យអឺរ៉ុប ដែលជា «បដិការ» សមស្របមួយសម្រាប់ការគាំទ្រគ្រាដំបូងរបស់ចិនចំពោះសហភាពអឺរ៉ុប។
«ការទូតម៉ាស» របស់ចិន អាចទទួលបាននូវការអូសទាញបន្ថែមនៅក្នុងផ្នែកផ្សេងៗនៃអាស៊ី ជាពិសេសប្រទេសដែលងាយនឹងរងឥទ្ធិពលរបស់ខ្លួន។ ជាឧទាហរណ៍ ប្រទេសចិនកំពុងតែផ្ដត់ផ្គង់ជំនួយវេជ្ជសាស្រ្តចាំបាច់ដល់អាស៊ីអាគ្នេយ៍។ ហានិភ័យធំបំផុតចំពោះជំហរជាសកលរបស់សហរដ្ឋអាម៉េរិក នឹងកើតមានឡើង ប្រសិនបើជំងឺរាតត្បាតនាំទៅរកការថយចុះទ្វេដងលើវិធីសាស្រ្តបំផ្លាញខ្លួនឯង និងវិធីតុល្យភាពសូន្យ ដែលជាញឹកញញតែងតែកំណត់ក្នុងគោលនយោបាយការបរទេសរបស់ខ្លួនគឺ “America First”។
អវត្តមាននៃភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាម៉េរិកក្នុងការឆ្លើយតបទៅនិងរោគរាតត្បាត និងការចាប់យកជាស្វ័យប្រវត្តិនូវផលប្រយោជន៍ជាឯកតោភាគី សូម្បីតែក្នុងពេលមានវិបត្តិក៏ដោយ វាគ្រាន់តែបង្ហាញឱ្យឃើញថាតើ “America First” (អាម៉េរិកាំងទីមួយ) បានធ្វើឱ្យមានភាពមិនច្បាស់លាស់នូវទស្សនាទានអំពីផលប្រយោជន៍ជាតិរបស់អាម៉េរិក កម្រិតណា។ ភាពជាអ្នកដឹកនាំពិភពលោកដ៏រឹងមាំរបស់សហរដ្ឋអាម៉េរិក ក្នុងការទប់ទល់និងរោគរាតត្បាត បានពន្លឿនដល់ការអភិវឌ្ឍវ៉ាក់សាំង និងគាំទ្រដល់សេដ្ឋកិច្ចពិភពលោក ហើយប្រព័ន្ធហិរញ្ញវត្ថុនឹងផ្ដល់ជាផលប្រយោជន៍ដ៏រឹងមាំក្នុងផ្នែកសុខភាពសាធារណៈនិងសេដ្ឋកិច្ចរបស់ក្រុងវ៉ាស៊ីនតោន។ កិច្ចខិតខំប្រឹងប្រែងបែបនេះ ក៏ជាការប្រឆាំងជាវិជ្ជមានមួយចំពោះទីតាំងឈរជើងនៃភូមិសាស្រ្តនយោបាយរបស់ប្រទេសចិនផងដែរ។
ទាំងអ្នកជំនាញខាងរោគរាតត្បាត ទាំងក្រុមអ្នកវិទ្យាសាស្រ្ត និងទាំងធនាគារកណ្ដាល បានដឹងពីរឿងនេះ។ នេះមិនមែនជាសកលនិយមដែលមានភាពស្រពិចស្រពិលសម្រាប់ជាប្រយោជន៍ដល់រឿងនេះនោះទេ ប៉ុន្តែ វាជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលយើងអាចមើលឃើញច្បាស់និងភ្នែក ចំពោះការជំរុញនិងការការពារផលប្រយោជន៍ជាតិអាម៉េរិកដ៏សំខាន់មួយ។
ខណៈដែលមានរោគរាតត្បាត “America First” ត្រូវបានគេលាតត្រដាងថា ហាក់ដូចជាមិនបានធ្វើអ្វីនោះទេ ពេលខ្លះ ព្រំដែននៃជំហរនេះបានក្លាយជាភស្តុតាងបង្ហាញឱ្យឃើញពីក្របខណ្ឌទ្រទ្រង់ឥទ្ធិពលជាសកលរបស់សហរដ្ឋអាម៉េរិកនៅក្នុងយុគសម័យ ដែលមានការប្រកួតប្រជែង និងការប្រឈមកាន់តែខ្លាំងឡើងៗ។ ភាពមិនអាចទស្សន៍ទាយបាន និងគោលនយោបាយការបរទេសឯកតោភាគីនិយម បានធ្វើឱ្យអំណាចរបស់អាម៉េរិកចុះខ្សោយ ហើយសូម្បីតែសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍តាមរយៈអំណាចនៃគំនិតនិងគំរូ ក៏ចុះខ្សោយដូចគ្នា។
គូប្រកួតប្រជែង ត្រូវបានលើកទឹកចិត្តឱ្យធ្វើសកម្មភាពតាមរបៀបស្រដៀងគ្នានេះ។ វិធីសាស្រ្តនេះមិនមែនជាផលប្រយោជន៍យូរអង្វែងរបស់សហរដ្ឋអាម៉េរិកនោះទេ ខណៈដែលឋានៈជាមហាអំណាចពិភពលោករបស់ខ្លួនកំពុងធ្លាក់ចុះ។
តាមរយៈការដកខ្លួនចេញពីកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស សហរដ្ឋអាម៉េរិកបានថមថយឥទ្ធិពលក្នុងការជំរុញឱ្យចិននិងឥណ្ឌាធ្វើសកម្មភាពកាន់តែខ្លាំងបន្ថែមទៀតលើបម្រែបម្រួលអាកាសធាតុ ដែលពួកគេត្រូវតែធ្វើប្រសិនបើគោលដៅកាត់បន្ថយការបំភាយឧស្ម័ននៅលើពិភពលោកត្រូវបានឆ្លើយតប។
រដ្ឋាភិបាលរបស់លោក Trump បានបង្កើនការប្រកួតប្រជែងជាមួយប្រទេសចិន ដែលការបង្កើននេះគឺជាស្នូលនៃយុទ្ធសាស្រ្តសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។ នេះជាការកែតម្រូវយឺតពេលក្នុងការឆ្លើយតបទៅនិងប្រទេសចិនដែលកំពុងប្រើមនោគមវិជ្ជាអាជ្ញាព្រឹទ្ធនិងដាច់ខាត។
ទន្ទឹមនឹងនោះ និទានកថាស្តីពី “America First” មិនផ្តល់តម្លៃលើសម្ព័ន្ធមិត្ត និងគោលនយោបាយពាណិជ្ជកម្មបែបបង្ខិតបង្ខំ បានធ្វើឱ្យចុះខ្សោយគោលដៅយុទ្ធសាស្រ្តរបស់អាម៉េរិក កំពុងតែធ្វើឱ្យមិត្តភក្តិបែកបាក់គ្នា និងផ្តល់ជាការសង្ស័យអំពីភាពរឹងមាំនៃការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ជាញឹកញាប់ មានការលើកឡើងនូវទឡ្ហីករណ៍មួយថា វិធីសាស្រ្ត “America First” ចំពោះពិភពលោក គឺជាវិបាកដែលមិនអាចចៀសរួចចំពោះភាពធុញទ្រាន់របស់សាធារណជនអាម៉េរិកជាមួយនិងសង្រ្គាមនៅបរទេសដែលមានការចំណាយដ៏សន្ធឹកសន្ធាប់ និងការបាត់បង់ការងារ បូករួមទាំង «ការធ្វើឱ្យមានភាពដូចគ្នា»ខាងផ្នែកវប្បធម៌ ដែលផ្សារភ្ជាប់ជាមួយនិងសកលភាវូបនីយកម្ម។
វាមានសច្ចៈភាពខ្លះចំពោះរឿងនេះ។ ប្រជាជនអាម៉េរិកច្បាស់ជាចង់ឱ្យរដ្ឋាភិបាលរបស់ពួកគេផ្តោតទៅលើបញ្ហាក្នុងស្រុក។ ប្រជាជនអាម៉េរិកភាគច្រើនលែងចង់ចំណាយលើការរក្សាសណ្ដាប់ធ្នាប់ពិភពលោក ដែលវាឆ្លុះបញ្ចាំងពីគុណតម្លៃ ព្រមទាំងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់អាម៉េរិកទៀតហើយ។ ភារកិច្ចចំពោះមុខនាពេលបច្ចុប្បន្ននេះ គឺវាពិតជាមានភាពលំបាក ហើយចំណាយច្រើនហួសហេតុ។ «ទ្រឹស្ដីតថភាពនិយមប្រកបដោយគោលការណ៍» ដូចដែលរដ្ឋបាលអាម៉េរិកចាត់ទុកជាគោលនយោបាយការបរទេសរបស់ខ្លួន អាចជាការឆ្លើយតបសមហេតុផលចំពោះតថភាពថ្មីៗទាំងនេះ ប្រសិនបើវាមិនមានលក្ខណៈផ្ទុយគ្នានោះទេ ហើយប្រសិនបការយល់ដឹងពីផលប្រយោជន៍ជាតិអាម៉េរិកមិនមានលក្ខណៈតូចចង្អៀត នឹងមានរយៈពេលខ្លីនោះទេ។
មានជម្រើសមួយចំនួនដែលយើងនឹងចាប់យកចំណែកមួយនៃពិភពលោកក្រោយការរាតត្បាតជំងឺកូវីដក្នុងរយៈពេលវែងមួយ ប៉ុន្តែ វានៅតែអាចប្រព្រឹត្តទៅបានទាំងស្រុងសម្រាប់គោលនយោបាយការបរទេសសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកមាគ៌ាប្រកបដោយផលិតភាពមួយរវាងជាតិនិយមបែបចង្អៀតចង្អល់ និងការប្រិតកម្មតបដែលមានការចំណាយច្រើនពេក។ គ្មានអ្វីនៅក្នុងវិធីសាស្រ្តបែបនេះនឹងមិនត្រូវគ្នាជាមួយអធិបតេយ្យភាពរបស់រដ្ឋរឹងមាំ ហើយភាពរឹងមាំនេះ នាំឱ្យមានតថភាពនិយមនិងផលប្រយោជន៍ផ្ទាល់ខ្លួន។
កត្តានេះអាចក្លាយទៅជាពិភពលោកមួយបែកខ្ញែកគ្នាដោយប្រកាន់ចរន្តជាតិនិយមកាន់តែខ្លាំងឡើងៗ, ជញ្ជាំងព្រំដែនកាន់តែខ្ពស់, វិសាលភាពនៃឥទ្ធិពល និងវិធីសាស្រ្តតុល្យភាពសូន្យ និងជាពិភពលោកមួយដែលទំនាក់ទំនងសហរដ្ឋអាម៉េរិក-និងចិនប្រកបដោយអរិភាព។ ប្រទេសតូចៗជាច្រើននឹងមិនមានសុវត្ថិភាពនិងវិបុលភាពនោះទេនៅក្នុងពិភពលោកបែបនេះ។ លើសពីនេះទៀត អ្វីដែលអាម៉េរិកកំពុងធ្វើនិងរបៀបដែលអាម៉េរិកកំពុងពាក់ព័ន្ធជាសកលនៅត្រង់ចំណុចនេះនឹងកំណត់ថាតើ ពិភពលោកនឹងទទួលបានមរតកបែបណាក្រោយការរាតត្បាតជំងឺឆ្លងនេះ។ ហេតុនេះ អ្វីដែលយើងត្រូវការ គឺលើសពី “America First”៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ តំណាងសាកលវិទ្យាល័យជីវជាំង ខេត្តជាំងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនបាននាំម៉ាសចំនួន ១០០០០ (មួយម៉ឺន) ឧបត្ថម្ភជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការពាររីករាលដាលជំងឺកូវីដ ១៩ ជាសកល។
ពិធីប្រគល់ និងទទួលម៉ាសពីសាកលវិទ្យាល័យជីវជាំងទាំង១ម៉ឺនម៉ាសបានប្រព្រឹត្តទៅនៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងនាយកវិទ្យាស្ថានខុងជឺភាគីចិន តំណាងសាកលវិទ្យាល័យជីវជាំង។ នៅក្នុងពិធីប្រគល់ម៉ាសនេះ នាយកវិទ្យាស្ថានខុងជឺភាគីចិន ជាតំណាងសាកលវិទ្យាល័យជីវជាំងបានលើកឡើងថា៖«បងប្អូនល្អ រួមគ្នាប្រឆាំងកូវីដ ១៩»។
គួរជម្រាបជូនថា ជំងឺកូវីដ ១៩ គឺជាវីរុសថ្មីនៃអម្បូរវីរុសកូរ៉ូណា។ ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ virus (វីរុស) និង “D” តំណាងឱ្យពាក្យ disease (ជំងឺ)។ COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។
ដើម្បីបង្ការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ យើងត្រូវអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល
- ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត។
- ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ
- ទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។
គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៧ ខែមេសានេះ អ្នកជំងឺកូវីដ-១៩នៅកម្ពុជា ១១៩នាក់ហើយ បានជាសះស្បើយ ខណៈអ្នកជំងឺនៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កម្ពុជាបានធ្វើតេស្តលើសំណាក ១១,៥៧៦ តេស្ត ចាប់តាំងពីមានការឆ្លងកូវីដ-១៩ នៅក្នុងប្រទេស៕
RAC Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំ ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណជាក់លាក់បដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ទ្រង់គ្រឿងសោយរាជ្យ ទ្រង់សវនាការមន្ត្រី ទ្រង់សមាធិ ទ្រង់ចេញច្បាំង និងទម្រង់ផ្សេងទៀតរបស់ព្រះអង្គ ដើម្បីជ្រើសរើសប្រើប្រាស់ទូទាំងប្រទេស និងសាងសង់បដិមារបស់ព្រះអង្គដាក់តាំងតម្កល់បង្ហាញនៅក្នុងអគារខេមរៈវិទូដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីគំរូវីរៈភាពក្សត្រសាងសង់អាណាចក្រខ្មែរដ៏រុងរឿងពីអតីតកាល។
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី ៧ ដើម្បីរៀបចំការងារដល់សមាជិកនីមួយៗសិក្សាឯកសារដែលមានស្រាប់ Secondary Data ដែលទាក់ទងនឹងព្រះបាទជ័យវរ្ម័នទី ៧ និងរៀបចំផែនការចុះសិក្សាស្រាវជ្រាវ បន្ទាប់ពីស្ថានការណ៍ប្រសើរឡើងវិញ។
កិច្ចប្រជុំដែលបានដំណើរការប្រព្រឹត្តទៅក្នុងសាលក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមេសានេះ មានគោលបំណង ដើម្បីរៀបចំផែនការសកម្មភាពចុះសិក្សាស្រាវជ្រាវតាមប្រាសាទបុរាណពាក់ព័ន្ធនានា ដូចជាប្រាសាទបាយ័ន្ត និងប្រាសាទបន្ទាយឆ្មារជាដើម។ កិច្ចប្រជុំក៏បានអនុម័តដែរថា បន្ទាប់ពីក្រុមស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី ៧ រួច រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាមួយបង្ហាញអំពីលទ្ធផលស្រាវជ្រាវ និងផ្តល់ឱកាសដល់អ្នកជំនាញផ្នែកបដិមាសាស្រ្ត ប្រវត្តិសិល្បៈ បុរាណវត្ថុវិទ្យា និងអ្នកប្រវត្តិសាស្រ្តតាមក្រសួង ស្ថាប័នជំនាញពាក់ពន្ធនានា ជជែកពិភាក្សាពិគ្រោះយោបល់ ដើម្បីកំណត់អត្តសញ្ញាណបដិមាព្រះអង្គឱ្យបានជាក់លាក់។
គួរជម្រាបជូនថា កន្លងមកនេះ រាជបណ្ឌិត្យសភាកម្ពុជាបានកំណត់អត្តសញ្ញាណ និងសាងសង់បដិមារបស់ព្រះនាងឥន្ទ្រទេវីដែលអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ដាក់តម្កល់នៅជាប់ «អគារឥន្ទ្រទេវី» ផងដែរ ដើម្បីបង្ហាញពីវរៈនារីខ្មែរ សម័យអង្គរដល់កូនខ្មែរជំនាន់ក្រោយចងចាំ និងទុកជាគំរូវីរភាព៕
RAC Media | រឿន ភារុន
ក្រោយពីពិភពលោកទាំងមូល រួមទាំងតំបន់អាស៊ានដែរ កំពុងរងការវាយប្រហារពីមេរោគឆ្លងកូវីដ-១៩ ប្រទេសអាស៊ានបានលើកប្រធានបទទាក់ទងនឹងមេរោគឆ្លងជំងឺកូវីដ-១៩ មកបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលពិសេសរបស់ខ្លួនផង។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) កាលពីនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលមានលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម ជាប្រធានអង្គប្រជុំក្នុងឋានៈជាប្រធានប្ដូរវេនរបស់អាស៊ាន។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានពិសេស ក៏មានកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ដែលមានចិន ជប៉ុន និងកូរ៉េខាងត្បូង ចូលរួមផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសុន្ទរកថាដ៏មានអត្ថន័យចំនួន២ ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ដែលទាមទារកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺកូវីដ-១៩នេះ។
ជារួម កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀតដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ានតាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយនិងលុបបំបាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
បើយោងទៅតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំនេះដែលមានកម្រាស់ជាង៣ទំព័រនោះ ប្រជាជាតិអាស៊ានគួរតែទទួលបានក្ដីសង្ឃឹម ភាពកក់ក្ដៅ និងភាពធូរស្រាលពីការវាយប្រហារនិងផលប៉ះពាល់ដែលបង្កឡើងដោយមេរោគឆ្លងជំងឺកូវីដ១៩។
ប៉ុន្តែ បើយោងតាមបទពិសោធន៍ គោលការណ៍ និងចំណាត់ការជាក់ស្ដែងរបស់អាស៊ានកន្លងមក ប្រជាជាតិអាស៊ាន នឹងមិនទទួលបានអ្វីជាដុំកំភួនទេ។ ពីព្រោះអាស៊ាន គឺអង្គការតំបន់មួយមានទម្រង់ជាអន្តររដ្ឋាភិបាល ដែលមានធម្មនុញ្ញ មានចក្ខុវិស័យ គោលការណ៍ ទស្សនវិស័យ និងសេចក្ដីប្រកាសរួមជាច្រើនរាប់មិនអស់ចេញពីកិច្ចប្រជុំដ៏សន្ធឹកសន្ធាប់របស់ខ្លួន។ ប៉ុន្តែ អង្គការនេះ ត្រូវបានគេវាយតម្លៃថា ជាអង្គការមិនសូវមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិងការដោះស្រាយបញ្ហាក្នុងតំបន់របស់ខ្លួន ដោយសារតែអង្គការនេះគ្មានយន្តការនិងអំណាចចាប់បង្ខំឱ្យរដ្ឋជាសមាជិករបស់ខ្លួនឱ្យគោរពតាមធម្មនុញ្ញ ចក្ខុវិស័យ គោលការណ៍ ទស្សនវិស័យ និងសេចក្ដីប្រកាសរួមរបស់ខ្លួន ដែលបញ្ហានេះត្រូវបានគេមើលឃើញថាបណ្ដាលមកពីរបាំងនៃគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកនីមួយៗ។
មិនតែប៉ុណ្ណោះ ពេលខ្លះទៀត សូម្បីតែសេចក្ដីប្រកាសរួមឬដំណោះស្រាយរួមពាក់ព័ន្ធនឹងការការពារផលប្រយោជន៍នៃសមាជិករបស់ខ្លួនពេលមានទំនាស់ជាមួយប្រទេសក្រៅតំបន់ ក៏មិនអាចសម្រេចបានដែរ ដោយសារតែពិបាករកសំឡេងឯកភាព១០០% តាមគោលការណ៍កុងសង់ស៊ីសរបស់ខ្លួន។ ក្រៅពីនេះ រដ្ឋជាសមាជិកអាស៊ានភាគច្រើន ត្រូវបានគេមើលឃើញថា តែងតែតម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួន ធំជាងផលប្រយោជន៍រួមរបស់តំបន់។
ហេតុនេះ យោងលើបទពិសោធន៍និងចំណាត់ការកន្លងមក និងយោងលើគោលការណ៍របស់អាស៊ាន យើងជាប្រជាជាតិអាស៊ាន មិនសង្ឃឹមថា ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាននឹងយកស្មារតីនៃសេចក្ដីប្រកាសរួមដែលទើបតែចេញកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដោយកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩ មកប្រើសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ឡើយ។ កន្លងមក អាស៊ានក៏ធ្លាប់បានបង្កើតចក្ខុវិស័យ ទស្សនវិស័យ គោលការណ៍ ព្រមទាំងបានចេញសេចក្ដីប្រកាសរួមជាច្រើន ប៉ុន្តែអាស៊ានមិនមានយន្តការតាមដានលើការអនុវត្ត និងក៏គ្មានអំណាចចាប់បង្ខំឱ្យសមាជិករបស់ខ្លួនឱ្យអនុវត្តស្មារតីនៃសេចក្ដីសម្រេចនានារបស់ខ្លួនដែរ។
អាស៊ាន ហាក់ដូចជាអង្គការសម្រាប់ជជែកគ្នា ប៉ុន្តែចំពោះការជួយគ្នាជាក់ស្ដែងវិញ ទើបតែធ្វើបានតិចតួចនៅឡើយ។ មានភ័ស្តុតាងជាច្រើនទៀតដែលអាចបញ្ជាក់បាន ដូចជាបញ្ហាជម្លោះព្រំដែនរវាង កម្ពុជានិងថៃ, បញ្ហាសមុទ្រចិនខាងត្បូងដែលពាក់ព័ន្ធនឹងសមាជិកអាស៊ានមួយចំនួន, រដ្ឋប្រហារយោធានៅប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា ជាដើម។ ជាពិសេស ពេលដែលជំងឺកូវីដ-១៩ ផ្ទុះឡើងភ្លាមៗ ប្រទេសនីមួយៗបានគិតខិតខំដោះស្រាយតែរៀងៗខ្លួនដោយមិនបានជួយគ្នាទេ។ មិនតែប៉ុណ្ណោះមានករណីខ្លះ បានអនុញ្ញាតឱ្យអ្នកដែលគេដឹងថាបានឆ្លងជំងឺកូវីដ-១៩ហើយ ឆ្លងដែនចូលទៅប្រទេសជាសមាជិកអាស៊ានដូចគ្នា ដូចជា ករណីជនជាតិឥណ្ឌូនេស៊ីពីរនាក់ ដែលប្រទេសថៃបានធ្វើតេស្តដឹងថាមានជំងឺកូវីដ-១៩វិជ្ជមាន នៅតែអនុញ្ញាតឱ្យឆ្លងដែលចូលមកកម្ពុជាជាដើម។ ទាំងអស់នេះសុទ្ធតែជាបញ្ហាដែលអង្គការតំបន់មួយនេះមិនបានជួយដោះស្រាយអ្វីទាល់តែសោះ។ អាស៊ាន ហាក់ដូចជា អង្គការដែលជួយដល់អ្នកនយោបាយជាងជាងជួយដល់ប្រជាជាតិអាស៊ាន។ ហេតុនេះ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសុខភាព ជីវភាព មុខរបរ និងអាយុជីវិតរបស់ប្រជាជាតិអាស៊ាន ប្រហែលជាអង្គការនេះមានលទ្ធភាពជួយបានតិចតួចណាស់៕
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះជាតិ “ខ្មែរក្រហម” បានចូលកាន់កាប់ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ ពួកទាហាន លន់ នល់ បានដាក់អាវុធចុះ។ ប្រជាជនក្រុងភ្នំពេញ បានអបអរសាទរ ដោយនឹកស្រមៃថា ប្រទេសជាតិបានរំដោះហើយ។ ប៉ុន្តែ ក្តីស្រមៃរបស់ពួកគេត្រូវរលាយសាបសូន្យ។ កងទ័ពខ្មែរក្រហមបានបង្ខំឱ្យប្រជាជនក្រុងភ្នំពេញទាំងអស់ឱ្យចាកចេញពីទីក្រុង ហើយប្រជាជនខេត្ត ក្រុងឯទៀត ក៏ត្រូវជម្លៀសពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយដូចគ្នា។ តមក ពួកខ្មែរក្រហមបានអនុវត្តនយោបាយដឹកនាំប្រទេសដ៏ចម្លែក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លទ្ធផលនៃរបបដឹកនាំនេះ បានធ្វើឱ្យប្រជាជនខ្មែរប្រមាណជិត២លាននាក់បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការអត់អាហារ ការសម្លាប់ ឬការធ្វើពលកម្មហួសកម្លាំង។
ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៧៥ សំណេររដ្ឋធម្មនុញ្ញមួយត្រូវបានអនុម័តដោយសមាជិកចំនួនមួយពាន់នាក់ក្នុងមហាសន្និបាតជាតិនៅទីក្រុងភ្នំពេញ ហើយត្រូវបានប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ៥ ខែមករា ឆ្នាំ១៩៧៦។ ប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការថា “កម្ពុជាប្រជាធិបតេយ្យ”។ រដ្ឋធម្មនុញ្ញនេះពុំបានធានាសិទ្ធិមនុស្សឡើយ បានកំណត់នូវអង្គការរដ្ឋាភិបាលតែមួយចំនួនតូច និងបានលុបចោលកម្មសិទ្ធិសួនតួ ស្ថាប័នសាសនា និងផលិតកម្មកសិកម្មសម្រាប់ចិញ្ចឹមក្រុមគ្រួសារ។ រដ្ឋធម្មនុញ្ញនេះពុំបានលើកឡើងពីគំរូណាមួយទេ តែបានបដិសេធនូវសម្ព័ន្ធភាពឬជំនួយបរទេស ហើយពុំបានចែងអ្វីអំពីបក្សកុម្មុយនីស្តកម្ពុជាឬអំពីទ្រឹស្តីម៉ាក្សលេនីនឡើយ។ ផ្ទុយទៅវិញរបបនេះ បានធ្វើឱ្យបដិវត្តន៍នោះ មានលក្ខណៈដូចជាខ្មែរសុទ្ធសាធដោយគ្មានទំនាក់ទំនងទៅនឹងពិភពលោកខាងក្រៅឡើយ។
ប៉ុល ពត បានចាប់ផ្ដើមនៅលើគម្រោងរយៈពេលបួនឆ្នាំ ដែលក្នុងនោះ កម្ពុជាបានធ្វើនយោបាយ “មហាលោតផ្លោះ មហាអស្ចារ្យ” របស់ខ្លួនឆ្ពោះទៅសង្គមនិយមនៅឆ្នាំ១៩៧៩។ ទិសដៅរបស់ ប៉ុល ពត គឺគាត់នឹងធ្វើការបង្កើនទិន្នផលស្រូវឱ្យបានកើនឡើងបីដងគឺ ៣តោនក្នុងមួយហិកតា គេបង្កើតជាដីដាំដុះនៅក្នុងព្រៃ ដែលជាតំបន់គ្រុនចាញ់នៅភាគឦសាននៃប្រទេសកម្ពុជា។ អ្នកទាំងឡាយណា ដែលបានបង្ខំឱ្យចេញពីទីក្រុង ត្រូវបានគេស្គាល់ថា ជាប្រជាជនថ្មី ពីព្រោះពួកគេត្រូវបានគេសង្ឃឹមថា នឹងបោះបង់ចោលរាល់កំអែលអតីតកាលទាំងអស់ ហើយត្រូវបានគេបញ្ជូនទៅកាន់តំបន់ទាំងនេះ ដើម្បីជីកប្រឡាយលើកទំនប់ និងរុករានដីថ្មី។
ដើម្បីបន្សុទ្ធផ្ទៃក្នុង ខ្មែរក្រហមបានធ្វើការបែងចែកមនុស្សជាបីវណ្ណៈធំៗគឺ អ្នកពេញសិទ្ធិ ភាគច្រើនគឺជាប្រជាជនមូលដ្ឋានដែលមានជីវភាពក្រីក្របំផុតនៅក្នុងរបបចាស់និងអនក្ខរជន។ អ្នកត្រៀម គឺជាប្រជាជនមូលដ្ឋាន រួមមានសិស្ស ឬអ្នកចេះដឹងបន្ដិចបន្ដួច និងកសិករ សិប្បករ អាជីវករ ដែលមានទ្រព្យសម្បត្ដិមធ្យម (ពួកអនុធន)។ អ្នកបញ្ញើ គឺជាអតីតគហបតី អ្នកកាន់ការងាររដ្ឋការ ស្រទាប់និស្សិត បញ្ញវន្ដ និងជន ១៧ មេសា (ប្រជាជននៅទីក្រុងភ្នំពេញ ដែលត្រូវបានខ្មែរក្រហមជម្លៀសនៅពេលដែលពួកគេចូលកាន់កាប់ទីក្រុងនេះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥)។ ក្រុមចុងក្រោយនេះហើយដែលជា “មុខសញ្ញា”ហើយត្រូវបានពួកខ្មែរក្រហមសម្លាប់ស្ទើរតែដាច់ពូជ។
ខ្មែរក្រហមបានអះអាងថា មានតែមនុស្សស្អាតស្អំប៉ុណ្ណោះ ទើបមានគុណសម្បត្ដិគ្រប់គ្រាន់ក្នុងការកសាងបដិវត្ដន៍។ បន្ទាប់ពីដណ្ដើមបានអំណាចភ្លាម ខ្មែរក្រហមបានធ្វើការចាប់ខ្លួននិងសម្លាប់ចោលនូវពលទាហាន នាយទាហាន និងអ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ដែលខ្លួនចាត់ទុកថា មិនស្អាតស្អំអស់រាប់ពាន់នាក់។ ក្នុងរយៈកាលជាងបីឆ្នាំបន្ទាប់មកទៀត ក្រុមខ្មែរក្រហមបានកាប់សម្លាប់បញ្ញវន្ដ អ្នករស់នៅទីក្រុង ជនជាតិភាគតិច ដូចជា ចាម វៀតណាម និងចិនអស់រាប់សែននាក់។ ខ្មែរក្រហមក៏បានសម្លាប់យោធា និងសមាជិកបក្សរបស់ខ្លួនអស់ជាច្រើននាក់ដែរ ដោយចោទថាជនក្បត់ជាតិនិងក្បត់បដិវត្ដន៍។
នៅក្នុងគម្រោងឆ្នាំ១៩៧៦ នៃផែនការបួនឆ្នាំរបស់បក្សកុម្មុយនីស្តកម្ពុជា ប្រជាជនកម្ពុជានៅទូទាំងប្រទេសត្រូវបានដាក់កម្រិតឱ្យធ្វើការបង្កបង្កើនផលឱ្យបានបីតោនក្នុងមួយហិកតា។ នេះមានន័យថា ប្រជាជនត្រូវធ្វើការដាំដុះនិងច្រូតកាត់ស្រូវដប់ពីរខែក្នុងមួយឆ្នាំ។ នៅតាមតំបន់ភាគច្រើន ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនធ្វើការលើសពីដប់ពីរម៉ោងក្នុងមួយថ្ងៃ ដោយមិនមានពេលសម្រាកនិងម្ហូបអាហារមិនគ្រប់ គ្រាន់។
ការសម្ងាត់ គឺជាគោលការណ៍គ្រឹះនៃដំណើរការរបស់កម្ពុជាប្រជាធិបតេយ្យ។ ខ្មែរក្រហមមានពាក្យស្លោកមួយថា “លាក់ការណ៍ជាកត្ដាជ័យជម្នះ”, “លាក់ការណ៍បានខ្ពស់ រស់បានយូរ”។ រហូតមកដល់ចុងឆ្នាំ១៩៧៧ ការប៉ះទង្គិចជាមួយប្រទេសវៀតណាមបានផ្ទុះឡើង។ ប្រជាជនរាប់ម៉ឺននាក់ត្រូវអង្គការបញ្ជូនទៅសមរភូមិហើយត្រូវស្លាប់រាប់ពាន់នាក់។ នៅខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមនិងកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានធ្វើការវាយសម្រុកចូលប្រទេសកម្ពុជា ហើយដណ្ដើមកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM