Royal Academy of Cambodia
ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែសីហា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាអំពីផលិតកម្មបន្លែនៅខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ។
ក្រុមការងារបានទទួលជួបស្វាគមន៍ដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង រួមទាំងប្រធានមន្ទីរពាក់ព័ន្ធចំនួន៧ ជាពិសេសគឺមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ មន្ទីរពាណិជកម្ម ដើម្បីផ្ដល់ទិន្នន័យដែលពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវគម្រោង។
ក្រុមការងារស្រាវជ្រាវក៏បានចុះទៅសិក្សានៅផ្សារឈ្មោះ ភូ ពុយ ដែលជាកន្លែងលក់បោះដុំបន្លែដ៏ធំមួយក្នុងខេត្តបាត់ដំបង ព្រមទាំងបានសម្ភាសន៍ជាមួយនឹងអាជីវកនៅទីនោះផងដែរ។ ផ្សារ ភូ ពុយ ជាផ្សារលក់បោះដុំបន្លែដែលដាំក្នុងខេត្តបាត់ដំបងខ្លះ បន្លែនាំមកពីផ្សារដើមគរខ្លះ និងក៏មានបន្លែនាំចូលពីប្រទេសថៃដែរ។ ប្រភេទបន្លែខ្លះក៏នាំពីផ្សារ ភូ ពុយ ទៅកាន់ផ្សារដើមគរវិញដែរ។
នៅព្រឹកថ្ងៃទី២៩ ក្រុមការងារបានចុះទៅទីតាំងដាំបន្លែមួយកន្លែងស្ថិតនៅសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង និងបានបន្តចុះសិក្សាសហគមន៍កសិកម្មតាសីសាមគ្គីដែលមានទីតំាងស្ថិតភូមិសាសី ឃុំតាមឿន ស្រុកថ្មគោល ខេត្តបាត់ដំបង ជាកន្លែងដាំបន្លែក្នុងផ្ទះសំណាញ់សរុបចំនួន២០ខ្នង ក្នុងមួយខ្នងមានទំហំ១០ម៉ែត្រគុណនឹង២៣ម៉ែត្រ។ ប្រភេទបន្លែដែលសហគមន៍ដាំរួមមាន ស្ពៃខាត់ណា, ស្ពៃក្តោប, ស្ពៃបូកគោ និង សាឡាត់។
RAC Media
ប្រភព៖ ក្រុមការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា
ការសិក្សាស្រាវជ្រាវអំពីអតីតរាជធានីនិងទីក្រុងបុរាណខ្មែរ ដឹកនាំដោយឯកឧត្តមបណ្ឌិតជូ ច័ន្ទដារី និងសហការី (លោកបណ្ឌិត ហេង ហុកវេន លោកហៀង លាងហុង និងលោកសុង ចំណាន) បានចុះសិក្សានៅតាមទីតាំងអតីតរាជធានីផ្សេងៗ មួយចំនួន ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅខេត្តព្រះវិហារនិងខេត្តសៀមរាប។
ក្រុមការងារបានចុះទីសិក្សានៅអតីតរាជធានីកោះកេរ ដែលស្ថិតនៅភូមិកោះកែរ ឃុំកោះកែរ ស្រុកគូលែន ខេត្តព្រះ វិហារ និងបន្ទាប់មក នៅទីតាំងតំបន់យសោធរបុរៈដែលជាទីតាំងនៅមុនតំបន់កោះកេរ និងបន្ទាប់ពីការផ្លាស់ពី កោះ កេរមកយសាធរបុរៈវិញ។
នៅថ្ងៃចុងបញ្ចប់នៃបេសកកម្មរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ បានបន្តទៅសិក្សានៅតំបន់យសោធរបុរៈ ដែលមានដូចជាទីតាំងនៃឥន្ទប័ទបុរី(អង្គរធំ)និងកន្លែងទីតាំងប្រាសាទបាពួន។
ការសិក្សាបានពិនិត្យមើលលើរចនាសម្ព័ន្ធទីតាំងនៃអតីតរាជធានីតាមទីកន្លែងទាំងនោះ និងស្វែងយល់នូវលក្ខណៈពិសេសផ្សេងៗគ្នា ក្នុងការរៀបចំបង្កើតជាទីតាំងនៃរាជធានីនីមួយៗ។
RAC Media
ប្រភព៖ ក្រុមការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា
បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោកកំពុងមានការវិវត្ថផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងពោរពេញទៅដោយគ្រោះថ្នាក់។ ពិភពលោកបានដើរមកសករាជនៃភូមិសាស្រ្តនយោបាយថ្មីមួយទៀត ដែលកកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលដ៏លំបាកឆ្ពោះទៅរកប្រព័ន្ធពហុប៉ូលដែលតួអង្គថ្មី/ចាស់កំពុងប្រកួតប្រជែងដណ្ដើមតួនាទីគ្នាក្នុងការសម្រេចលើកិច្ចការពិភពលោកនិងតំបន់។ កម្ពុជាជាប្រទេសតូចនៅចន្លោះប្រទេសធំពីរ និងមានសេដ្ឋកិច្ចមានភាពអាស្រ័យច្រើនជាមួយតួអង្គខាងក្រៅ ព្រមទាំងពពុះនយោបាយផ្ទៃក្នុងមិនសូវល្អ។ ដូច្នេះការរៀបចំនយោបាយនិងទំនាក់ទំនាក់ការបរទេសមានសារៈសំខាន់ណាស់កម្ពុជា ទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិសុខ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
ចំពោះមុខសភាពការណ៍នេះ កម្ពុជាត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោការណ៍គ្រឹះនៃ នយោបាយការបរទេសរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់សន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និង ប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។
ប៉ុន្តែ កម្ពុជាត្រូវតែមានភាពវៃឆ្លាតក្នុងការអនុវត្តនយោបាយការបរទេសរបស់ខ្លួន គឺជានយោបាយដែលអាចទាញយកចំណេញពីប្រទេសអ្នកមាននិងមហាអំណាចតាមដែលអាចធ្វើទៅបាន ដោយមិនរើសអើងថា ជាលោកសេរីឬលោកកុម្មុយនិស្តនោះឡើយ ពីព្រោះពួកមហាអំណាចទាំងឡាយក៏ជ្រើសរើសយកវិធីនេះដូចគ្នាដែរ ពោលគឺឱ្យតែបានផលចំណេញដល់ប្រទេសជាតិនិងប្រជាជន។ លុយគឺគ្មានពណ៌និងគ្មានក្លិនកុម្មុយនិស្តឬសេរីនោះទេ។
ការបន្តប្រកាន់ជំហរបែងចែកថាលោកសេរីឬលោកកុម្មុយនិស្ត គឺជាគំនិតនយោបាយហួសសម័យនិងឆោតល្ងង់ដែលមិនស្របជាមួយនិន្នាការពិភពលោកបច្ចុប្បន្ននេះឡើយ។ ក្នុងន័យនេះ គ្មានហេតុផលអ្វីដែលកម្ពុជាត្រូវបដិសេធទំហំដ៏ធំនៃវិនិយោគចិនមកក្នុងប្រទេសខ្លួននោះទេ, ហើយរិតតែស្វាគមន៍ខ្លាំងថែមទៀតចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីបំពេញឱ្យភាពចន្លោះប្រហោងនៃភាពអនុគ្រោះរបស់គណៈកម្មការអឺរ៉ុប គឺ EBA ២០% ដែលត្រូវបានកាត់កាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ស្វាគមន៍ផងដែរចំពោះការវិនិយោគមកពីប្រទេសនានាដូចគ្នា កម្ពុជាគ្មានការរើសអើងចំពោះការវិនិយោគមកពីប្រទេសណានោះទេ ហើយកម្ពុជាក៏ស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀតដែរ។
បើយើងពិនិត្យទៅលើទំនាក់ទំនងការបរទេសកម្ពុជា យើងគួរបែងចែកជាបួនទម្រង់ ទី១.ទំនាក់ទំនងរបស់កម្ពុជាជាមួយប្រទេសជិតខាង, ទី២.ទំនាក់ទំនងរបស់កម្ពុជាជាមួយមហាអំណាចមធ្យមនៅក្នុងតំបន់, ទី៣.ទំនាក់ទំនងរបស់កម្ពុជាជាមួយបណ្តាប្រទេសនានាទាំងក្នុងនិងក្រៅតំបន់, ទី៤.ទំនាក់ទំនងរបស់កម្ពុជាជាមួយមហាអំណាចសំខាន់បី រួមមាន រុស្ស៊ី សហរដ្ឋអាម៉េរិក និងចិន។
ក្នុងសេណារីយោនេះ កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង រួមមាន ឡាវ ថៃ និងវៀតណាម ក្នុងហេតុផលនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវឱនក្បាលជាមួយប្រទេសជិតខាងណាមួយដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់។ ប្រទេសណាក៏ដោយដែលឈ្លនពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសារបស់ពួកគេ។
ចំពោះប្រទេសមហាអំណាចមធ្យមក្នុងតំបន់វិញ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ ការងើបឡើងយ៉ាងឆាប់រហ័សនិងស្វាហាប់ក្នុងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់បណ្ដាប្រទេសអាស៊ី ជាពិសេស ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងសហគមន៍ ASEAN បាននាំឱ្យជញ្ជីងកំណើនសេដ្ឋកិច្ចផ្អៀងមកតំបន់អាស៊ី។ ក្នុងន័យនេះ កម្ពុជាត្រូវមានទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រជាមួយមហាអំណាចមធ្យមក្នុងតំបន់ទាំងនេះ រួមមាន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង ដើម្បីផលប្រយោជន៍នយោបាយ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះដែរ កម្ពុជាត្រូវមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសផ្សេងទៀត ទាំងក្នុងក្រៅតំបន់ ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មនិងការទូតរបស់ខ្លួន។
ចំពោះទំនាក់ទំនងកម្ពុជាជាមួយមហាអំណាចសំខាន់បី រួមមាន រុស្ស៊ី សហរដ្ឋអាមេរិក និងចិនវិញ យើងត្រូវពិនិត្យទៅសក្តានុពលខាងផ្នែកនយោបាយ សន្តិសុខ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។ ក្នុងន័យនេះ ចំពោះទំនាក់ទំនងជាមួយរុស្ស៊ី យើងត្រូវដឹងថា បច្ចុប្បន្ន រុស្ស៊ីគឺមិនមែនជាអតីតសហភាពសូវៀតទៀតទេ។ រុស្ស៊ីគ្មានបំណងនិងគ្មានលទ្ធភាពចងក្រងសម្ព័ន្ធដូចសម័យអតីតសហភាពសូវៀតទៀតឡើយ។ ដូច្នេះរុស្ស៊ីគ្មានថាមពលអ្វីទៅជួយអូសសណ្តោងសេដ្ឋកិច្ចប្រទេសណាទេ ប៉ុន្តែ រុស្ស៊ីនៅតែមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងន័យនយោបាយផងនិងយុទ្ធសាស្ត្រផង។ ដូច្នេះ កម្ពុជាចាំបាច់ត្រូវរក្សាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាប្រពៃណីជាមួយរុស្ស៊ី។
ចំពោះសហរដ្ឋអាម៉េរិកវិញ បច្ចុប្បន្ន សហរដ្ឋអាម៉េរិកប្រៀបដូចជារដ្ឋបុរី ស្ប៉ាត ដែលចេះតែមានការបារម្ភកាន់តែខ្លាំងឡើងខ្លាចបាត់បង់តំណែងជាមហាអំណាចពិភពលោកទី១របស់ខ្លួនដោយសម្លឹងមើលមិនពព្រឹចភ្នែកចំពោះការរះឡើងយ៉ាងខ្ពស់ត្រដែត និងការរីកចម្រើនកាន់តែលឿនរបស់ចិន ដែលជាមហាអំណាចថ្មីប្រៀបបីដូចជារដ្ឋបុរី អាថែន ក្នុងសេណារីយ៉ូរបស់ទុយស៊ីឌីដនាសម័យក្រិចបុរាណ។
ដូច្នេះ ទំនាក់ទំនងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក គឺស្មុគស្មាញពិបាកប៉ាន់ស្មាន, ចំពោះមុខ សហរដ្ឋអាមេរិកនឹងមិនចាប់យកកម្ពុជាជាដៃគូយុទ្ធសាស្ត្រទេ។ និយាយជារួមទៅ ក្នុងទស្សនៈរបស់ខ្លួន សហរដ្ឋអាម៉េរិកចាត់ទុកកម្ពុជាជាស្ត្រីមានប្តីរួចឬយ៉ាងហោចណាស់ ជាស្ត្រីដែលភ្ជាប់ពាក្យរួច។ ជាសាច់ការជាក់ស្តែង កម្ពុជាមិនមែនស្រីក្រមុំ ជាស្ត្រីមេម៉ាយ ឬជាស្ត្រីមានប្តីហើយអ្វីនោះទេ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវនយោបាយការបរទេសផ្កាចម្រុះពណ៌។ ក្នុងន័យនេះ កម្ពុជាមិនអាចយកសហរដ្ឋអាម៉េរិកជាសត្រូវបានទេ កម្ពុជាចាំបាច់ត្រូវថ្នាក់ថ្នមទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។ យើងត្រូវដឹងថា សហរដ្ឋអាម៉េរិកជាមហាអំណាចទី១លើពិភពលោក មានសម្ព័ន្ធមិត្តច្រើន ហើយដៃគូក៏ច្រើន ដូច្នេះ សហរដ្ឋអាម៉េរិកមានទឹកមាត់ប្រៃនៅក្នុងកិច្ចការតំបន់និងពិភពលោក។
ដោយឡែកប្រទេសចិន គឺជាមហាអំណាចថ្មីដែលទើបរះឡើងយ៉ាងត្រដែតត្រដឹម មានការអភិវឌ្ឍលឿនខ្លាំងស្ទើរគ្រប់វិស័យ។ ប្រធានាធិបតី ស៊ី ជីនពីង ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០១២ បានបោះបង់ចោលយុទ្ធសាស្រ្តដ៏ប្រយ័ត្នប្រយែងរបស់លោក តេង ស៊ាងពីង ដែលបាននិយាយថា «លាក់កម្លាំង រង់ចាំពេលវេលា»។ ផ្ទុយទៅវិញ លោក ស៊ី ជីនពីង បានប្រកាសថា របបដឹកនាំរបស់គាត់នឹងបន្ត “ក្តីសុបិនរបស់ប្រទេសចិន” ដោយអះអាងជាថ្មីថា ចិនជាទីតាំងដ៏ត្រឹមត្រូវនៃមហាអំណាចពិភពលោកបន្ទាប់ពីរងនូវការប្រមាថអស់រយៈពេលមួយសតវត្សរ៍ក្រោមកណ្តាប់ដៃរបស់សហរដ្ឋអាម៉េរិក អឺរ៉ុប និងជប៉ុន។ ចាប់តាំងពីការប្រកាសនោះមក លោក ស៊ី ជីនពីង បានផ្តោតលើការបង្វែរកម្លាំងសេដ្ឋកិច្ចរបស់ចិនទៅជាសាច់ដុំនៃភូមិសាស្ត្រនយោបាយ។
នៅឆ្នាំ២០១៣ លោក ស៊ី ជីនពីង បានប្រកាសពីផែនការផ្លូវសូត្រសតវត្សរ៍ទី២១ ក្រោយមកហៅថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនលានដុល្លារ។ ក្រុងប៉េកាំងបញ្ចេញនូវសមត្ថភាពឧស្សាហកម្មរបស់ខ្លួន ដើម្បីសាងសង់ផ្លូវឆ្លងកាត់បណ្តាប្រទេសនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ គោលបំណងរបស់ចិន គឺប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោកដ៏រស់រវើក។ លោក ស៊ី ជីនពីង ក៏ប្តេជ្ញាដឹកនាំដណ្តើមខ្សែសង្វាក់មូលធននិយមតាមរយៈគំនិតផ្តួចផ្តើមមួយទៀតហៅថា «ផលិតនៅប្រទេសចិន ឆ្នាំ២០២៥ (Made in China 2025)»។
លោក ស៊ី ជីនពីង ក៏បានចាប់ផ្តើមគម្រោងប្រែក្លាយ “ចិនជាមហាអំណាចយោធា” នៅអាស៊ីប៉ាស៊ីហ្វិក។ គាត់បានពង្រឹងកងទ័ពជើងទឹក ដាក់ពង្រាយនាវា បង្កើតកោះយោធានៅសមុទ្រចិនខាងត្បូងនិងខាងកើត ដើម្បីត្រួតត្រាផ្លូវដឹកជញ្ជូន (ផ្លូវទឹកនិងអាកាស) ទាមទារសិទ្ធិរុករកប្រេង និងឧស្ម័នធម្មជាតិក្រោមសមុទ្រ និងសិទ្ធិនេសាទ។ នៅទីបំផុតទៅ ប្រទេសចិនបានអះអាងកាន់តែច្រើននៅក្នុងភូមិសាស្ត្រនយោបាយ រាប់ចាប់តាំងពីបញ្ហាប្រែប្រួលអាកាសធាតុរហូតដល់ជម្លោះពាណិជ្ជកម្ម។
នៅសហរដ្ឋអាម៉េរិក ការរះឡើងរបស់ប្រទេសចិន ត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ដល់ឧត្តមភាពរបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រព័ន្ធអន្តរជាតិ។ ទោះបីជាគំនិតនៃការពង្រីកសេដ្ឋកិច្ចនិងយោធារបស់ចិន និងការថមថយឥទ្ធិពលសហរដ្ឋអាម៉េរិកដែលមិនអាចទប់បាន គឺផ្អែកលើការសន្មត់និងការប៉ាន់ស្មានដែលគួរឱ្យសង្ស័យក៏ដោយ ក៏ប្រទេសចិនគឺជាប្រទេសតែមួយគត់ ដែលមានសក្តានុពលគំរាមកំហែងដល់ឋានៈរបស់សហរដ្ឋអាម៉េរិក។ ជាការពិត ការប្តូរទិសអំណាចអាចបង្កគ្រោះថ្នាក់ដល់ស្ថេរភាពនៃប្រព័ន្ធអន្តរជាតិ ប្រសិនបើមហាអំណាចចាស់និងមហាអំណាចថ្មី មិនយល់គ្នាអំពីអភិបាលកិច្ចនិងការដឹកនាំនៅក្នុងប្រព័ន្ធអន្តរជាតិ។
ការរះឡើងរបស់ចិននៅទ្វីបអាស៊ី និងកាន់តែខ្លាំងឡើងៗនៅទូទាំងពិភពលោក គឺជាភាពចលាចលភូមិសាស្ត្រនយោបាយដ៏ធំដែលសហរដ្ឋអាម៉េរិកត្រូវប្រឈមមុខ។ បទពិសោធន៍ប្រវត្តិសាស្ត្របានបង្ហាញថា ការធ្វើសមាហរណកម្មមហាអំណាចដែលទើបរះឡើងថ្មីទៅក្នុងប្រព័ន្ធអន្តរជាតិមិនមែនជាការងារងាយស្រួលនោះទេ។ មហាអំណាចដែលងើបឡើងថ្មីនេះ មាននិន្នាការពង្រីកវិសាលភាពនៃសកម្មភាពរបស់ខ្លួនក្នុងការប៉ុនប៉ងដើម្បីទទួលបាននូវវត្ថុធាតុដើម ទីផ្សារ និងមូលដ្ឋានយោធា ហើយនៅក្នុងដំណាក់កាលនៃការពង្រីកនេះ ប្រទេសចិនបានពង្រីកសកម្មភាពនិងសហគ្រាសរបស់ខ្លួននៅក្នុងប្រទេសជាច្រើន ជាពិសេស បន្ទាប់ពីការដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ(BRI)។ ដើម្បីធានាដល់ការវិនិយោគ និងគមនាគមន៍ផ្លូវសមុទ្រ ប្រទេសចិនកំពុងពង្រឹងសមត្ថភាពពង្រីកអំណាចរបស់ខ្លួន។ ការពង្រីកកងនាវារបស់ចិនបង្កជាការប្រឈមដល់សហរដ្ឋអាម៉េរិកក្នុងនាមជាមហាអំណាចកងទ័ពជើងទឹកមុនគេ និង «អនុត្តរភាពដែនសមុទ្រ»របស់សហរដ្ឋអាម៉េរិក។
ក្នុងន័យនេះ ចិនដែលជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជានិងជាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាផងនោះ ទំនាក់ទំនងល្អជាមួយចិន កម្ពុជាពិតជាទទួលបាននូវផលប្រយោជន៍ដ៏មហាសាល ទាំងផ្នែកនយោបាយ សន្តិសុខ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។ ប៉ុន្តែ កម្ពុជាក៏គួរតែរក្សាតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបនិងបណ្តាប្រទេសនៅអឺរ៉ុបខាងលិចផងដែរ។
យើងត្រូវដឹងថា ចិន ត្បិតមានសេដ្ឋកិច្ចធំ មានការអភិវឌ្ឍលឿនខ្លាំង និងមានប្រទេសដៃគូច្រើនក៏ពិតមែន ប៉ុន្តែ ចិនមិនមានសម្ព័ន្ធមិត្តច្រើនទេ ហើយចិនក៏កំពុងមានភាពរកាំរកូសមួយផ្នែកជាមួយរដ្ឋភាគីសមុទ្រចិនខាងត្បូងនៅអាស៊ាន មួយផ្នែកជាមួយឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ដែលជាប្រទេសជិតខាងចិន ហើយប្រទេសទាំងនោះកំពុងក្លាយជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាម៉េរិក។ បើយើងនិយាយពីសហភាពអឺរ៉ុប និងបណ្តាប្រទេសនៅអឺរ៉ុបខាងលិចវិញ ពួកនេះជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រជាប្រពៃណីរបស់សហរដ្ឋអាម៉េរិក ថ្វីត្បិតបច្ចុប្បន្ន ដៃគូសម្ព័ន្ធមិត្តទាំងពីរមានការខ្វែគំនិតគ្នាខ្លះលើសេណារីយោមួយចំនួន ប៉ុន្តែ ក្នុងកាលៈទេសៈចាំបាច់ណាមួយ ពួកគេចាប់គ្នាភ្លាមនិងគាំទ្រគ្នាទៅវិញទៅមក, សហភាពអឺរ៉ុបតែងបន្ទរតាមសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិកតែងគាំទ្រសហភាពអឺរ៉ុប។
ជាសេចក្តីសន្និដ្ឋាន ក្នុងជម្រើសនយោបាយនិងទំនាក់ទំនាក់ការបរទេសរបស់ខ្លួន កម្ពុជាត្រូវរក្សានូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែ ត្រូវតែជានយោបាយដែលឆ្លាតវៃដើម្បីទាញផលប្រយោជន៍ជាអតិបរិមាសម្រាប់ប្រជាជាតិយើង។ កម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការបរទេសទន់ភ្លន់តែមិនទន់ជ្រាយ បត់បែនតែមិនលក់អធិបតេយ្យនិងឯករាជ្យជាតិ។ នយបាយការបរទេសកម្ពុជា ជានយោបាយផ្កាចម្រុះពណ៌និងរីកគ្រប់រដូវ។ ក្នុងទំនាក់ទំនាក់ការបរទេសវិញ កម្ពុជាត្រូវរក្សានូវគោលការណ៍គ្រឹះនៃសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ កម្ពុជាមិនត្រូវជ្រើសរើសយកប្រទេសណាមួយមកជំនួសឱ្យប្រទេសណាមួយនោះទេ ពោលគឺកម្ពុជាត្រូវការនូវពិពិធភាពទីផ្សារនិងការទូតដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព វិបុលភាព និងការអភិវឌ្ឍ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់បានដឹកនាំសមាជិក សមាជិកាចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាងសាលាបុណ្យនៅវត្តពោធិ៍រុន ស្ថិតក្នងភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង។
ក្នុងឱកាសបញ្ចុះបឋមសិលានេះ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងសមាជិក សមាជិកាបានប្រគេនបច្ច័យបុណ្យសរុបចំនួន ២លានរៀលជូនព្រះចៅអធិការវត្តពោធិ៍រុន។
បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃំុត្រពាំងធំខាងជើង និងសមាជិក សមាជិកាបានបំបួសដើមឈើទាលធំចំនួន២ដើម និងដាំកូនឈើជានិមិត្តរូបចំនួនសរុប ៧០ដើមក្នុងវត្តពោធិ៍រុន ក្នុងនោះ រួមមាន៖
- កូនឈើបេង 10 ដើម
- កូនឈើក្រញូង 10 ដើម
- កូនទៀបបារាំង 50 ដើម៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះ នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា វៀតណាមអាចផ្លុំផ្សែងដាក់កម្ពុជា ហើយកម្ពុជាក៏អាចផ្លុំផ្សែងដាក់វៀតណាមវិញដែរ តែការផ្លុំផ្សែងដាក់គ្នា មិនមែនជាដំណោះស្រាយក្នុងសម័យសាកលភាវូបនីយកម្មនោះទេ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសថ្លែងយ៉ាងដូច្នេះ ជាការឆ្លើយតបទៅនឹងសំណួរដែលចោទសួរអំពីចេតនារបស់ភាគីវៀតណាម ដែលវៀតណាមបានរុះរើតង់បណ្ដោះអាសន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ហើយសាងសង់ខ្ទមដែលមានលក្ខណៈរឹងមាំជាងមុននៅចម្ងាយប្រមាណជា១២០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា ករណីនេះ វាគឺជានយោបាយតាបប៊ីយែ ដោយក្នុងពេលដែលវៀតណាមមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក កម្ពុជាមិនដែលឆ្កឹះទេ ដូច្នេះកម្ពុជាចាប់ចិន វៀតណាមក៏ត្រូវតែគោរពការសម្រេចចិត្តរបស់កម្ពុជាក្នុងនយោបាយការបរទេសផងដែរ។ ក្នុងករណីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា សម្រាប់ជាយុទ្ធសាស្ត្រទប់ទល់វិញ កម្ពុជាអាចមានយុទ្ធសាស្ត្រចំនួន៣គឺ៖ ១.ក្រុមម៉ុងតេញ៉ា ២.ខ្មែរកម្ពុជាក្រោម និងទី៣.វៀតណាមជាប្រទេសកុម្មុយនីស្ត សហរដ្ឋអាម៉េរិកជួយវៀតណាមនៅពេលត្រូវការវៀតណាមទប់ជាមួយចិនប៉ុណ្ណោះ ពេលចប់ជាមួយចិន នោះវៀតណាមអាចនឹងប្រឈមបញ្ហាអស្ថិរភាព ដោយសារចលនាចង់បានប្រជាធិបតេយ្យក្នុងប្រទេស ដែលចំណុចនេះសហរដ្ឋអាម៉េរិកធ្វើរួចហើយនៅអេហ្ស៊ីបនិងតួកគី។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា វៀតណាមអាចផ្លុំផ្សែងដាក់កម្ពុជា ហើយកម្ពុជាក៏អាចផ្លុំផ្សែងដាក់វៀតណាមវិញដែរ តែការផ្លុំផ្សែងដាក់គ្នា មិនមែនជាដំណោះស្រាយក្នុងសម័យសាកលភាវូបនីយកម្មនោះទេ គេត្រូវតែស្វែងរកដំណោះស្រាយដែលអាចស្រុះស្រួលគ្នា។ ទោះបីជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានរំឭកឱ្យភាគីវៀតណាមគិតគូរឡើងវិញថា «វៀតណាមត្រូវចងចាំ អំពីផ្លូវលំហូជីមិញដែលជាគុណបំណាច់របស់កម្ពុជា ប្រសិនបើគ្មានផ្លូវលំហូជីមិញនោះទេ វៀតណាមមិនអាចបង្រួបបង្រួមវៀតណាមខាងត្បូងនោះទេ សូមឱ្យវៀតណាមចាំប្រវត្តិសាស្ត្រត្រង់នេះ»។
គួរបញ្ជាក់ផងដែរថា សម្រាប់ករណីស្រដៀងគ្នានឹងការតាំងប៉ុស្តិ៍នៅជិតតំបន់ព្រំដែននេះដែរ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានឆ្លើយតបទៅភាគីវៀតណាមវិញ ដោយបានសាងសង់ប៉ុស្តិ៍រឹងមាំនៅក្នុងខេត្តកំពត ប្រឈមទល់មុខនឹងប៉ុស្តិ៍វៀតណាមដែលបានសាងសង់នៅក្នុងតំបន់ក្បែរព្រំដែនកម្ពុជា-វៀតណាមម្ដងរួចមកហើយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជរដ្ឋាភិបាលបានបំពេញចំណុច៤សំខាន់សម្រាប់ព្រំដែនកម្ពុជា ហើយបើខ្ញុំស្លាប់ទៅវិញ ក៏ខ្ញុំសប្បាយរីករាយដែរ នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត្យសភា សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ១០កើតខែភទ្របទ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះ នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។
ចំណុចសំខាន់ៗទាំង៤ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់រួមមាន៖
១-បង្គោលព្រំដែនដែលបន្សល់ពីសម័យអាណានិគមនិយមបារាំងមិនត្រូវបានបំផ្លាញ ត្រូវរក្សាទុក
២-ការស្ថាបនាផ្លូវនៅតាមព្រំដែនកម្ពុជា-វៀតណាម
៣-ដីនៅតាមព្រំដែនមិនត្រូវបានជួលឱ្យបរទេស ព្រោះកម្ពុជាមិនចង់ឃើញនយោបាយច្រែះស៊ីដែក
៤-ការសាងសង់ជាលក្ខណៈប្លង់រឹងណាមួយនៅលើដីជិតព្រំដែនចម្ងាយ១៥០ម៉ែត្រ ត្រូវមានការឯកភាពពីប្រទេសទាំង២ កម្ពុជា-វៀតណាម
ឆ្លើយតបទៅនឹងការសាងសង់ប៉ុស្តិ៍យាមដែលជាជម្រករឹងមាំនៅជិតព្រំដែនកម្ពុជា-វៀតណាម ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា វៀតណាមត្រូវតែធ្វើការស្នើសុំពីកម្ពុជា ព្រោះកម្ពុជា-វៀតណាម បានឯកភាពនិងព្រមព្រៀងគ្នាក្នុងការប្រែក្លាយព្រំដែនកម្ពុជា-វៀតណាមទៅជា ព្រំដែនឯកភាព ព្រំដែនសហប្រតិបត្តិការ ព្រំដែនសេដ្ឋកិច្ច និងព្រំដែនទប់ស្កាត់ការជួញដូរគ្រឿងញៀន ស្ត្រី និងកុមារ ដូច្នេះភាគីទាំងពីរត្រូវតែផ្ដល់គំនិតគ្នាទៅវិញទៅមក។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កម្ពុជាត្រូវតែធ្វើកំណត់ទូតទៅភាគីវៀតណាម បើទោះបីជាវៀតណាមធ្វើនៅលើទឹកដីរបស់ខ្លួនក៏ដោយ តែយើងមានកិច្ចព្រមព្រៀងនឹងគ្នា។ ក្នុងករណីដែលវៀតណាមមិនស្ដាប់ កម្ពុជាត្រូវទទូចជាថ្មីម្ដងទៀត ហើយបើវៀតណាមមិនបញ្ឈប់ នោះកម្ពុជាមានសិទ្ធិអាចធ្វើប៉ុស្តិ៍ដូចគ្នាចម្ងាយ១២០ម៉ែត្រដូចគ្នាទល់មុខនឹងប៉ុស្តិ៍ដែលវៀតណាម។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ករណីនេះ កម្ពុជាបានធ្វើប៉ុស្តិ៍រឹងមាំមួយរួចមកហើយនៅក្នុងខេត្តកំពត ក្នុងតំបន់ព្រំដែនជាមួយប្រទេសវៀតណាម។
គួរបញ្ជាក់ផងដែរថា យោងតាមលិខិតរបស់ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាល គោរពជូនគោរពជូន អភិបាលនៃអភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់អំពីការដែលកម្លាំងនគរបាលខេត្តកណ្ដាលបានចុះទៅពិនិត្យនៅចំណុចទីតាំងតង់ចាស់របស់យោធាការពារព្រំដែនវៀតណាម ប៉ុស្តិ៍៩២៥វិញសឿង នៅនិយាមការ514575-1206948 ភូមិភូវី ឃុំភូឡុក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល បានប្រទះឃើញភាគីវៀតណាមកំពុងសាងសង់តង់ថ្មី(ជាជម្រករឹងមាំ) ដោយសាងសង់អំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រx៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ។
RAC Media | លឹម សុវណ្ណរិទ្ធ
នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) បានដឹកនាំក្រុមការងារស្រាវជ្រាវព្រំដែន៥នាក់ ចូលរួម,ពិធី «ប្រគល់-ទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម» ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីប្រគល់នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានទទួលផែនទីឋានលេខាព្រំដែនខ្នាត ១/២៥០០០ ចំនួន១ឈុតពីអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនផងដែរក្នុងចំណោមក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៣៥ ដែលទទួលបាន ដើម្បីយកទៅប្រើប្រាស់។
ផែនទីនេះជាការបង្ហាញនូវសមិទ្ធផលនៃការបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម ដែលសម្រេចបាន៨៤ភាគរយ។
ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ត្រូវបានកម្ពុជា- វៀតណាម រៀបចំពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉កបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។
ការរៀបចំប្រគល់ទទួលផែនទីនេះត្រូវបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន៨៤ ភាគរយ កាលពីថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០១៩ កន្លងទៅ៕
RAC Media | រឿន ភារុន
(ទីស្តីការក្រសួងទេសចរណ៍)៖ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នៅទីស្តីការក្រសួងទេសចរណ៍ឯកឧត្តមបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរាជបណ្ឌិត្យសភាពកម្ពុជា។
ថ្លែងក្នុងឱកាសពិធីចុះអនុស្សរណៈយោយល់គ្នារវាងស្ថាប័នទាំងពីរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានប្រសាសន៍ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជានៅពេលនេះ ត្រូវបានមើលឃើញថា ជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា ជាពិសេស នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាល និងផ្តល់ចំណេះដឹង ដល់មន្រ្តីជំនាញ យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ទាំងផ្នែកជំនាញ និងកិច្ចការស្រាវជ្រាវ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត ក៏ដូចជាទទួលបានការងារមួយសមរម្យ ជាមួយនឹងការបង្កើនប្រាក់ចំណូលរបស់ខ្លួនកាន់តែល្អប្រសើរ។
ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងចំពេលវេលា និងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍លើការជំរុញការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ សំដៅសម្រេចចក្ខុវិស័យ "បុគ្គលិកម្នាក់ ជំនាញមួយ" និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដាសមត្ថភាពតំបន់ អន្តរជាតិ និងពិភពលោក ជាពិសេសបង្កើនភាពជាដៃគូក្នុងការរៀបចំឱ្យមានការបណ្តុះបណ្តាលខ្លីៗ ទាំងជំនាញបន្ថែម និងជំនាញថ្មី (Up-Skilling and Reskilling) ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមស្តង់ដាអាស៊ាន តំបន់ និងអន្តរជាតិ និងជាដៃគូក្នុងការជំរុញផ្នែកសិក្សាស្រាវជ្រាវ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាក្របកដោយគុណភាព និរន្តរភាព និងបរិយាបន្ន។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍កន្លងមក ក្រសួងទេសចរណ៍បានកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ (ទាំងផ្នែកសាធារណៈ និងឯកជន) សំដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដាសមត្ថភាពតំបន់ អន្តរជាតិ និងពិភពលោក។ ជាពិសេសក្រសួងទេសចរណ៍ បានកំពុងសហការជាមួយទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) និងដៃគូរអភិវឌ្ឍផ្សេងៗទៀត ដើម្បីជំរុញការកសាងសាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបន្តសហការជាមួយសាលាបណ្តុះបណ្តាល ឯកជន និងវិស័យឯកជនដើម្បីរៀបចំនូវវគ្គបណ្តុះបណ្តាលខ្លីៗ ទាំងជំនាញបន្ថែម និងជំនាញថ្មី (Up-Skilling and Reskilling) ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា។
បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បន្ថែមថា ក្រសួងទេសចរណ៍ បានកំពុងជំរុញឱ្យសាលាបណ្តុះបណ្តាល និងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចអនុវត្តកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនស្របតាមស្តង់ដាអាស៊ានផងដែរ។ លើសពីនេះទៅទៀត ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណ និងគុណភាព ក្រសួងទេសចរណ៍ បានមើលឃើញច្បាស់ពីសារៈសំខាន់នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មានដើម្បីជួយដល់ការតាមដានតម្រូវការទីផ្សារជំនាញ និងសមត្ថភាពរបស់អ្នកបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ជាពិសេសជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈប្រព័ន្ធអនឡាញ ដែលអាចឱ្យអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីពជាអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍អាចធ្វើការសិក្សាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងអាច ពង្រឹងសមត្ថភាពជំនាញពេញមួយជីវិត។ ក្នុងនោះ ក្រសួងទេសចរណ៍ បានបង្កើត ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (Online Tourism Professional Training Management System) www.tptd.org ដែលជាប្រព័ន្ធមួយ ត្រូវបាន រៀបចំឡើងសម្រាប់ជួយដល់វិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍រយៈពេលវែង ហើយជាប្រព័ន្ធមួយដែលអាចប្រើប្រាស់ក្នុងការរក្សាទិន្នន័យអ្នកជំនាញទេសចរណ៍សម្រាប់តាមដានសមត្ថភាព និងជំនាញ និងជួយ ដល់ការវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ និងការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមអនឡាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាពិសេសជួយសម្រួលដល់ការផ្សារភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការជំនាញ និង កម្លាំងពលកម្មក្នុងវិស័យទេសចរណ៍៕
RAC Media| រឿន ភរុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងបំណងស្វែងរកការឯកភាពគ្នាក្នុងការសរសេរអក្សរឡាតាំងលើឈ្មោះខេត្ត និងទីតាំងសាធារណៈនានា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោធន៍ និងបញ្ហាគោលការណ៍ក្នុងការប្រើប្រាស់អក្សរឡាតាំង សម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារនាម» នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
ដោយបានពិនិត្យមើលឃើញថា ក្នុងពេលកន្លងមក ការប្រើអក្សរឡាតាំងក្នុងការសរសេរអសាធារណនាមខ្មែរមិនទាន់មានការឯកភាពគ្នានៅឡើយ ហេតុនេះក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «បទពិសោធន៍ និងបញ្ហាគោលការណ៍ក្នុងការប្រើប្រាស់អក្សរឡាតាំង សម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារនាម» ដើម្បីស្វែងរកមតិយោបល់និងអនុសាសន៍ពីអ្នកចូលរួម ជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធនានានឹងការប្រើប្រាស់អក្សរឡាតាំងសម្រាប់សរសេរអសារណនាម ដើម្បីពង្រីកគំនិតនិងទស្សនៈក្នុងការកែលម្អនិងសម្រេចបាននូវគោលការណ៍រួមមួយសម្រាប់ខែ្មរ។
នៅកិច្ចពិភាក្សាតុមូលដែលបានប្រារព្ធរៀបចំឡើងនៅក្នុងសាលមរតកសិល្បៈខ្មែរ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានថ្លែងថា ក្នុងសម័យសកលភាវូបនីយកម្ម ការប្រើប្រាស់អក្សរឡាតាំងសម្រាប់សរសេរអសាធារណនាមខ្មែរមានភាពចាំបាច់។ ក្នុងជីវភាពប្រចាំថ្ងៃ ការប្រើប្រាស់ឈ្មោះជាអក្សរឡាតាំងក៏ចាំបាច់ណាស់ដែរ ក្នុងការធ្វើលិខិតអត្រានុកូលដ្ឋាន លិខិតឆ្លងដែនជាដើម។ ម្យ៉ាងទៀត តម្រូវការសរសេរឈ្មោះខេត្ត ស្រុក ឃុំ ភូមិ ផ្លូវ ទីកន្លែង ប្រាសាទ ឧទ្យាន ជាអក្សរឡាតាំងក៏មានភាពចាំបាច់ដូចគ្នា។
ជាក់ស្តែង ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានលើកឡើងបន្ថែមថា៖«កន្លងមក ការប្រើអក្សរឡាតាំងក្នុងការសរសេរអសាធារណនាមខ្មែរ មិនទាន់មានឯកភាពគ្នានៅឡើយទេ។ ចំពោះការកត់សូរ ឈ្មោះខេត្តតាកែវ មានសំណេរដោយប្រើអក្សរឡាតាំងច្រើនបែប «Takeo» «Takaev» និង «Takev» រីឯឈ្មោះខេត្តក្រចេះ មានសំណេរដោយប្រើអក្សរឡាតាំង«Kratie» និង «Krachech»។ ហេតុនេះកិច្ចពិភាក្សាតុមូលនេះ នឹងបង្ហាញដល់សាធារណជនអំពីប្រវត្តិ ទំនោរ និងបទពិសោធន៍របស់អ្នកប្រើប្រាស់ក្នុងការប្រើអក្សរឡាតាំង សម្រាប់សរសេរអសាធារណនាម និងសំណើដំណោះស្រាយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
បន្ទាប់ពីកិច្ចពិភាក្សានេះ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម រំពឹងជឿជាក់ថា នឹងទទួលបានមតិយោបល់ និងអនុសាសន៍ពីអ្នកចូលរួម ជាពិសេសក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការប្រើប្រាស់អក្សរឡាតាំង សម្រាប់សរសេរអសាធារណនាមដើម្បីពង្រីកគំនិត និងទស្សនៈក្នុងការកែលម្អ និងសម្រេចបាននូវគោលការណ៍រួមមួយសម្រាប់ជនជាតិខ្មែរ ដែលជាម្ចាស់ភាសាអាចទទួលយកបានដោយសុទ្ធចិត្ត។
សមាសភាពអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលនេះ រួមមាន៖ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា វាគ្មិនមកពីក្រសួងពាក់ព័ន្ធ ក្រសួងអប់រំ, ក្រសួងផែនការ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងមន្រ្តីស្រាវជ្រាវ និងនិស្សិតសរុបចំនួនប្រមាណ ១០០នាក់៕
RAC MEDIA | រឿន ភារុន
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM