ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជា ធ្វើពិធីប្រកាសមុខតំណែងផ្លូវការជូនថ្នាក់ដឹកនាំ ៩រូប

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញប្រកាសមុខតំណែងអគ្គលេខាធិការ អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងការប្រកាសតំណែង ព្រមទាំងប្រគល់ត្រាជូនប្រធានវិទ្យាស្ថានទាំង៧ នៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្នុងឱកាសរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញផ្ដល់កិត្តិយសប្រកាសមុខតំណែង អគ្គលេខាធិការ អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនិងការប្រកាសតំណែង ព្រមទាំងប្រគល់ត្រាជូនប្រធានវិទ្យាស្ថានទាំង៧ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្នាក់ដឹកនាំ ដែលត្រូវបានប្រកាសមុខតំណែង និងប្រគល់ត្រាជូននាពេលនេះ គឺជាឥស្សរជនទាំង៩ ដែលទើបតែទទួលបានការប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងឡើងវិញ និងតែងតាំងថ្មី ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៩២០/១០២៥ ចុះព្រះហស្តហស្ថលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរាយនាមដូចខាងក្រោម៖

១. ឯកឧត្ដម យង់ ពៅ ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ

២. ឯកឧត្ដម សូត្រ សំណាង ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការ

៣. ឯកឧត្ដម នូ ចាន់សុភី ជាប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ មានឋានៈស្មើអគ្គនាយក

៤. ឯកឧត្ដម ផុន កសិកា ជាប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម មានឋានៈស្មើអគ្គនាយក

៥. ឯកឧត្ដម អ៊ាប បុណ្ណា ជាប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មានឋានៈស្មើអគ្គនាយក

៦. ឯកឧត្ដម នុត សម្បត្តិ ជាប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម មានឋានៈស្មើអគ្គនាយក

៧. ឯកឧត្ដម មាឃ បូរ៉ា ជាប្រធានវិទ្យាស្ថានភាសាជាតិ មានឋានៈស្មើអគ្គនាយក

៨. ឯកឧត្ដម គិន ភា ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា មានឋានៈស្មើអគ្គនាយក

៩. ឯកឧត្ដម គី សេរីវឌ្ឍន៍ ជាប្រធានវិទ្យាស្ថានសិក្សាចិន មានឋានៈស្មើអគ្គនាយក។

ថ្លែងក្នុងឱកាសប្រកាសតំណែង និងប្រគល់ត្រាជូននាពេលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដាំផ្ញើជូនដល់ឥស្សរជនទាំង៩រូប និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបំពេញការងារដើម្បីបុព្វហេតុសង្គមជាតិ និងបុព្វហេតុប្រជាជន ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដោយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា គឺជាមន្ត្រីរាជការ ដែលខុសប្លែកពីមន្ត្រីរាជការស៊ីវិលដទៃទៀត ត្រង់ថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែមានសមិទ្ធផលជាស្នាដៃស្រាវជ្រាវផ្ទាល់រៀងៗខ្លួន ហើយចាំបាច់ត្រូវតែ អនុវត្តនូវពាក្យស្លោក «ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»៕

RAC Media


2020-11-27 03:48:53   ថ្ងៃសុក្រ, 27 វិច្ឆិកា 2020 ម៉ោង 10:48 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ៖ របកគំហើញរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែយកទៅប្រើការអនុវត្តបាន និងជាគំរូដល់សាធារណជន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១ របស់រាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានក្រើនរម្លឹកមន្ត្រីស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ថា រាជបណ្ឌិត្យសភាកម្ពុជាគឺជាស្ថាប័នបណ្តុះបណ្តាលនិងស្រាវជ្រាវជាន់ខ្ពស់គ្រប់កម្រិត និងវិស័យរបស់ប្រទេស ហើយការបណ្តុះបណ្តាលនិងស្រាវជ្រាវទាំងអស់មិនត្រឹមអនុវត្តតែលើទ្រឹស្តីក្នុងឯកសារប៉ុណ្ណោះទេ គឺរបកគំហើញដែលកើតចេញពីការបណ្តុះបណ្តាលនិងការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាត្រូវតែយកទៅប្រើការអនុវត្តបាន និងជាគំរូដល់សាធារណជនជាតិ និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជាបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលតាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៩ ហើយរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១២៤ អនក្របក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ស្តីពី ការរៀបចំនិងការប្រព្រឹត្តរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលបានកំណត់ចង្អុលបង្ហាញការងារលម្អិតរបស់រាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងន័យនេះ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍របស់ជាតិ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការបានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវកែទម្រង់ជាចាំបាច់ ដោយតម្រូវឱ្យមន្ត្រីដែលមានសមត្ថភាពចំណេះជំនាញ និងវិជ្ជាជីវៈការងារទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបកគំហើញចេញពីរាជបណ្ឌិត្យសភាកម្ពុជាដោយត្រូវតែជាលទ្ធផលវិទ្យាសាស្ត្រដែលអាចប្រើការបាន ឬអនុវត្តបាន និងយកជា គំរូ ឬម៉ូដែលបាន (ម៉ាកឬម៉ូដែលចេញពីរាជបណ្ឌិត្យសភាកម្ពុជា) ស្របតាមអភិក្រមវិទ្យាសាស្ត្ររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា គឺ«ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាសង្ឃឹមជឿជាក់ថា សន្និបាតបូកសរុបការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១ នឹងកំណត់បានទិសដៅជាក់លាក់ ស័ក្តិសមជាស្ថាប័នវិទ្យាសាស្ត្រជាន់ខ្ពស់របស់ជាតិ។ សន្និបាតបូកសរុបការងារឆ្នាំ២០២០និងទិសដៅការងារឆ្នាំ២០២១ គឺជាវេទិកាវិទ្យាសាស្ត្រប្រចាំឆ្នាំដែលមានចរិតជារដ្ឋបាលដឹកនាំ និងរដ្ឋបាលវិទ្យាសាស្ត្រតម្រង់ទិស៖ ១. បង្ហាញសមិទ្ធិផល, ២. បញ្ហាប្រឈម, ៣. ការពិភាក្សាពិគ្រោះយោបល់ទូលំទូលាយ,៤. ដំណោះស្រាយ និង៥. ទិសដៅវិទ្យាសាស្ត្រជាក់លាក់។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានដំណើរការអនុវត្តគម្រោងសរុបចំនួន ២៦គម្រោង។ ចំណែក ទិសដៅការងារគម្រោងដែលគ្រោងអនុវត្តក្នុងឆ្នាំ២០២១ មានសរុបចំនួន២២គម្រោង៕

RAC Media

2020-11-26 04:08:13   ថ្ងៃព្រហស្បតិ៍, 26 វិច្ឆិកា 2020 ម៉ោង 11:08 AM
សន្និបាតបូកសរុបការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២០ របស់រាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ដែលមានរយៈពេលមួយថ្ងៃពេញ និងមានការចូលរួមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ លោកជំទាវបណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត លោកជំទាវបណ្ឌិត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។

អង្គសន្និបាតនៅថ្ងៃនេះ នឹងធ្វើការបូកសរុបការងារ សមិទ្ធផលស្រាវជ្រាវ ការងាររដ្ឋបាល និងគូសបញ្ជាក់ពីបញ្ហាប្រឈមនៅតាមវិទ្យាស្ថាននិងស្ថាប័នជាឧបសម្ព័ន្ធទាំងអស់របស់រាជបណ្ឌិត្យសភាកម្ពុជា និងភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់អង្គភាព និងស្ថាប័នជាឧបសម្ព័ន្ធទាំងអស់របស់រាជបណ្ឌិត្យសភាកម្ពុជាបានបំពេញក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

គួរបញ្ជាក់ថា សន្និបាតបូកសរុបការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១នាថ្ងៃនេះ ត្រូវបានអញ្ជើញជាអធិបតី ថ្លែងសុន្ទរកថាបើកដោយ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានការអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media


2020-11-26 02:22:02   ថ្ងៃព្រហស្បតិ៍, 26 វិច្ឆិកា 2020 ម៉ោង 09:22 AM
ឯកឧត្តមបណ្ឌិត យង់ ពៅ និងសហការីអញ្ជើញចូលរួមអង្គកឋិនទាននៅវត្តពោធិ៍ដុះ

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃំុត្រពាំងឃំុខាងជើងអមដំណើរដោយឯកឧត្តមបណ្ឌិត អស់លោក លោកស្រីដែលជាអនុប្រធាន សមាជិក និងសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃំុត្រពាំងធំខាងជើងបានអញ្ជើញចូលរួមអង្គកឋិនទានមួយដែលជាការរួមសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជាមួយពុទ្ធបរិស័ទជិតឆ្ងាយតាមពិធីព្រះពុទ្ធសាសនានាវត្តពោធិ៍ដុះ ស្ថិតក្នុងភូមិពោធិ៍ដុះ ឃំុត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសពិធីដង្ហែអង្គកឋិនទាននេះ ឯកឧត្តមបណ្ឌិតប្រធាន ឯកឧត្តមបណ្ឌិត អស់លោក លោកស្រីដែលជាអនុប្រធាន សមាជិក និងសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃំុត្រពាំងធំខាងជើងបាននាំបច្ច័យបុណ្យសរុបចំនួន ៧,២០០,០០០រៀលប្រគេនព្រះចៅអធិការវត្តពោធិ៍ដុះ ដើម្បីរួមចំណែកថ្លៃថ្លាដល់ការលើកតម្កើងព្រះពុទ្ធសាសនា និងជាគុណប្រយោជន៍ក្នុងការថែរក្សាប្រពៃរបស់ជាតិ ការកសាងសមិទ្ធផលក្នុងទីអារាម ព្រមទាំងឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនទាំងឡាយដែលមានសគុណចំពោះគ្រួសារ និងសង្គមជាតិ។

ក្រៅពីចូលរួមអង្គកឋិនទាននៅក្នុងវត្តពោធិ៍ដុះ ឯកឧត្តមបណ្ឌិតប្រធាន ឯកឧត្តមបណ្ឌិតអនុប្រធាន អស់លោកសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃំុត្រពាំងធំខាងជើងបាននាំបច្ច័យចំនួន ១,០០០,០០០រៀលប្រគេនព្រះអធិការវត្តសិរីដំណាក់ផងដែរ។

ឆ្លៀតក្នុងឱកាសចូលរួមអង្គកឋិនទានខាងលើ ឯកឧត្តមបណ្ឌិតប្រធានដឹកនាំកិច្ចប្រជំុក្រុមការងាររាជរដ្ឋាភិបាលឃំុត្រពាំងធំខាងជើងដោយមានសមាសភាពចូលរួមឯកឧត្តមប្រធាន ឯកឧត្តមអនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃំុត្រពាំងធំខាងជើង លោកប្រធានក្រុមប្រឹក្សាឃំុ និងលោកប្រធានភូមិ ដើម្បីស្តាប់ភាពការណ៍ការផ្តល់សេវាទូទៅ ស្ថានភាពជំងឺកូវីដ ១៩ និងបញ្ហាគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានឃំុត្រពាំងធំខាងជើងផងដែរ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជាមួយពុទ្ធបរិស័ទជិតឆ្ងាយដែលបានចូលរួមទាំងអស់សុទ្ធតែទទួលបាននូវអានិសង្សនិងមនុញ្ញផលដែលកើតឡើងពីអង្គកឋិនទាននេះ ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕

RAC Media


2020-10-26 07:28:23   ថ្ងៃចន្ទ, 26 តុលា 2020 ម៉ោង 02:28 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញចូលរួមអង្គកឋិនទាននៅវត្តពោធិ៍រុន

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងឃុំខាងជើងអមដំណើរដោយឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ឯកឧត្តមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងសង្គមសាស្ត្រ អស់លោក លោកស្រីដែលជាអនុប្រធាន សមាជិក និងសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃំុត្រពាំងធំខាងជើងបានអញ្ជើញចូលរួមអង្គកឋិនទានមួយដែលជាការរួមសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជាមួយពុទ្ធបរិស័ទជិតឆ្ងាយតាមពិធីព្រះពុទ្ធសាសនានាវត្តពោធិ៍រុន ស្ថិតក្នុងឃំុត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសពិធីដង្ហែអង្គកឋិនទាននេះ ឯកឧត្តមបណ្ឌិតប្រធាន ឯកឧត្តមបណ្ឌិត អស់លោក លោកស្រីដែលជាអនុប្រធាន សមាជិក និងសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃំុត្រពាំងធំខាងជើងបានប្រគេនបច្ច័យបុណ្យសរុបចំនួន ៣,២២០,០០០រៀលជូនព្រះចៅអធិការវត្តពោធិ៍រុន ដើម្បីរួមចំណែកថ្លៃថ្លាដល់ការលើកតម្កើងព្រះពុទ្ធសាសនា និងជាគុណប្រយោជន៍ក្នុងការថែរក្សាប្រពៃរបស់ជាតិ ការកសាងសមិទ្ធផលក្នុងទីអារាម ព្រមទាំងឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនទាំងឡាយដែលមានសគុណចំពោះគ្រួសារ និងសង្គមជាតិផងដែរ។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជាមួយពុទ្ធបរិស័ទជិតឆ្ងាយដែលបានចូលរួមទាំងអស់សុទ្ធតែទទួលបាននូវអានិសង្សនិងមនុញ្ញផលដែលកើតឡើងពីអង្គកឋិនទាននេះ ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕


2020-10-25 13:07:04   ថ្ងៃអាទិត្យ, 25 តុលា 2020 ម៉ោង 08:07 PM
«កម្ពុជា-ចិន សហការគ្នាបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា ជាលើកដំបូង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិននៃក្រសួងអប់រំប្រទេសចិនបានប្រកាសបើកថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា ជាលើកដំបូង ជាផ្លូវការ។

វគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជានេះមានគោលបំណងរួមមាន៖
១. កសាងសមត្ថភាពបង្រៀនភាសាចិនប្រកបដោយគុណភាពនិងគរុកោសល្យខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ
២. បណ្តុះបណ្តាលធនធានអ្នកចេះភាសាចិនជំនាញ ដើម្បីជាទុនសម្រាប់បម្រើប្រទេសជាតិទាំងពីរទៅថ្ងៃអនាគតនិងសម្រាប់បំពេញតម្រូវការក្នុងតំបន់ស្របតាមគោលការណ៍«ផ្លូវមួយ ខ្សែក្រវាត់មួយ»
៣. ជាស្ពានក្នុងការបើកបេះដូងរវាងប្រជាជនប្រទេសទាំងពីរ និង
៤. ជំរុញឱ្យភាសាចិនក្លាយទៅជាភាសាទី៣ ក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបើកកិច្ចពិភាក្សាតុមូល ស្តីពី ការបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិន លោក បូ រ៉េត ប្រធានផ្លាស់ប្តូរសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ថ្លែងកោតសរសើរចំពោះរាជបណ្ឌិត្យសភាកម្ពុជាចំពោះគំនិតផ្តួចផ្តើមបង្កើតថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ជំនាញគរុកោសល្យភាសាចិន នាពេលនេះ ដោយលោកបានបង្ហាញការជឿជាក់ថា គំនិតផ្តួចផ្តើមបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិនរវាងរាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិននៃក្រសួងអប់រំប្រទេសចិន ជាលើកដំបូងនេះនឹងជួយបណ្តុះបណ្តាលធនធានគ្រូបង្រៀនភាសាចិនដែលមានគុណភាពជាច្រើនរូប និងធានានូវកម្លាំងធនធានគ្រូបង្រៀនដែលអាចបំពេញគ្រប់តម្រូវការ ព្រមទាំងជំរុញកិច្ចអភិវឌ្ឍន៍វិស័យអប់រំភាសាចិននៅកម្ពុជាឱ្យកាន់តែមានវិបុលភាព។

ឱកាសនេះដែរ លោកស្រី Zuo Wenxing ភារធារីស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញសេចក្តីសមនស្សរីករាយដែលបានចូលរួមក្នុងពិធីបើកដំណើរការវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា លើកដំបូង ជាផ្លូវការ។ លោកស្រីភារៈធារីស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា គម្រោងនេះ គឺជាការបោះជំហានទៅមុខមួយជំហាន ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនជនជាតិខ្មែរ និងធនធានអ្នកចេះភាសាចិននៅកម្ពុជា។

លោកស្រី Zuo Wenxing បានបន្ថែមថា ភាសាគឺជាស្ពានចម្លងក្នុងការប្រាស្រ័យទាក់ទង ការសិក្សាពីភាសា និងវប្បធម៌ គឺជាមាគ៌ាក្នុងការស្វែងយល់ពីប្រទេស និងប្រជាជាតិមួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ និងកាន់តែស៊ីជម្រៅ ហើយការកសាងជោគវាសនារួមគ្នា ក៏ត្រូវបានបន្តឥតឈប់ឈរ រីឯទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏កាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកឯចំនួនអ្នកសិក្សាភាសាចិននៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់។ ការសិក្សាភាសាចិន បានក្លាយជាតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក៏ប៉ុន្តែ ការអប់រំភាសាចិនសម្រាប់គ្រូបង្រៀនភាសាចិនជនជាតិខ្មែរមានការរាំងស្ទះ និងមិនទាន់មានលក្ខណៈត្រឹមត្រូវតាមក្បួនខ្នាតនៅឡើយ ដោយសារតែបញ្ហាកង្វះខាតនូវធនធានគ្រូបង្រៀនភាសាចិន។ ហេតុនេះហើយ ទើបគម្រោងបណ្តុះបណ្តាលគរុកោសល្យភាសាចិនបានចាប់បដិសន្ធិឡើង ក្នុងគោលបំណងបំពេញតម្រូវការស្ថានភាពសង្គមជាក់ស្តែង។

លោកស្រី Zuo Wenxing បានបញ្ជាក់ថា៖«ការបណ្តុះបណ្តាលធនធានគរុកោសល្យភាសាចិននេះនឹងអាចដោះស្រាយបញ្ហាការអភិវឌ្ឍការអប់រំភាសាចិនសម្រាប់គ្រូភាសាចិនក្នុងតំបន់បាន។ នាងខ្ញុំជឿជាក់ថា ក្រោមការយកចិត្តទុកដាក់ពីមហាជនគ្រប់ស្រទាប់ទាំងកម្ពុជានិងចិន គម្រោងមួយនេះ ប្រាកដជាអាចបន្តដំណើរទៅមុខ និងទទួលបានផ្លែផ្កាជាក់ជាមិនខាន ដើម្បីជាកម្លាំងចលករក្នុងការជំរុញការអប់រំភាសាចិនសម្រាប់គ្រូបង្រៀនភាសាចិនក្នុងតំបន់ ក៏ដូចជាជួយរួមចំណែកក្នុងការរឹតចំណងមិត្តភាពកម្ពុជា-ចិន បង្កើនមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរថែមទៀត»។

ជាមួយនេះ ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរង ទទួលបន្ទុកការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា វគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគរុកោសល្យភាសាចិនជាលើកដំបូងក្រោមកិច្ចសហការវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត (East China Normal University) នៃទីក្រុងសៀងហៃ ប្រទេសចិននាពេលនេះ នឹងផ្តោតលើគុណភាពអប់រំកម្រិតអន្តរជាតិជាចម្បង ដោយគ្រូបង្រៀនជនជាតិចិនឯកទេសភាសាចិននឹងមកបង្រៀនដោយផ្ទាល់នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធានាបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀនភាសាចិនប្រកបដោយគុណភាពនិងគរុកោសល្យខ្ពស់ស្រងតាមស្តង់ដារអន្តរជាតិ។ ឯកឧត្តម សូត្រ សំណាង បានបញ្ជាក់បន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ គរុសិស្ស និងនិស្សិតភាសាចិនឆ្នើមនឹងទទួលបានឱកាសអាហារូបរកណ៍ទៅបន្តការសិក្សា និងទស្សនៈកិច្ចសិក្សានៅប្រទេសចិនទៀតផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ ផ្លាស់ប្តូរ ភាសា​ចិន-ភាសាបរទេស នៃក្រសួងអប់រំចិនបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការបង្កើតជំនាញគរុកោសល្យភាសា​ចិននៅកម្ពុជាដែលទទួលសិស្ស៣០នាក់កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគរុកោសល្យភាសាចិន។ គម្រោងនេះនឹងធ្វើការបណ្តុះ​បណ្តាលក្រោមគម្រូ១បូក១ ដោយសិក្សាឆ្នាំទី១នៅរាជបណ្ឌិត្យសភាកម្ពុជា និងឆ្នាំទី២នៅសាកលវិទ្យាល័យគរុកោសល្យចិនខាង​កើត តាមរយៈអាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិក្នុងតំបន់។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាកម្ពុជា និងពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត៕

រឿន ភារុន | RAC Media


2020-10-23 10:58:34   ថ្ងៃសុក្រ, 23 តុលា 2020 ម៉ោង 05:58 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សាស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាពិភាក្សា ស្ដីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» ក្រោមអធិបតីភាព​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីអ្នកជំនាញប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវទាកទងនឹងប្រវត្តិសាស្ត្រ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន ២៥រូប ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាពិភាក្សានេះ មានការអញ្ជើញថ្លែងសុន្ទរកថាបើកដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា និងបានប្រព្រឹត្តទៅក្រោមការសម្របសម្រួលរបស់លោក គង់ វីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

វាគ្មិនអញ្ជើញចូលរួមក្នុងវេទិកានេះ បានបកស្រាយលើប្រធានបទដូចខាងក្រោម៖

- ប្រធានបទទី១៖ «ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមជា ចក្រពត្រាធិរាជ» ធ្វើបទបង្ហាញដោយ លោក សួ ប៉ុណ្ណារ៉ាត់
- ប្រធានបទទី២៖ «របៀបដឹកជញ្ជូនថ្មក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧៖ ករណីសិក្សានៅប្រាសាទបន្ទាយឆ្មា» ធ្វើបទបង្ហាញដោយ លោក អ៊ឹម សុខរិទ្ធី
- ប្រធានបទទី៣៖ «ផ្ទាំងចម្លាក់ឥន្ទ្រាភិសេក» ធ្វើបទបង្ហាញដោយ កញ្ញា តាកេត ស័កដា
- ប្រធានបទទី៤៖ «ព្រះបរមរូបនៃព្រះបាទជ័យវរ្ម័នទី៧» ធ្វើបទបង្ហាញដោយ លោក ព្រាប ចាន់ម៉ារ៉ា
- ប្រធានបទទី៥៖ «ព្រះរូបព្រះបាទជ័យវរ្ម័នទី៧ នៅតាមចម្លាក់ថែវប្រាសាទ៖ ករណីសិក្សានៅប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ» ធ្វើបទបង្ហាញដោយ ឯកឧត្ដមបណ្ឌិត ផុន កសិកា

ក្នុងវេទិកាពិភាក្សានាព្រឹកនេះ វាគ្មិនទាំង៥រូបនិងអ្នកជំនាញដែលបានចូលរួម បានពិនិត្យនិងពិភាក្សាទៅលើរូបភាពនៃចម្លាក់​ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដែលក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដិតយករូបភាពពីថែវប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ សរុបមានចំនួន៦៤រូប។ វេទិកាពិភាក្សាបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវ និងការរៀប​ចំ​ឈាន​​ទៅកំណត់អត្តសញ្ញាណព្រះបាទជ័យវរ្ម័នទី៧ ដើម្បីសិតជាព្រះបរមរូបបដិមាព្រះមហាវីរក្សត្រដ៏ល្បីល្បាញរបស់ខ្មែរ ដើម្បីឱ្យប្រជា​ពលរដ្ឋ​ខ្មែរ អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាជនបរទេស បានដឹងនិងស្គាល់កាន់តែច្បាស់អំពីអត្តសញ្ញាណព្រះ​មហាក្សត្រដែលបានកសាងចក្រភពអង្គរ ក្លាយទៅជាមហាអំណាចក្នុងប្រវត្តិសាស្ត្រ ទាំងនៅលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកម្លាំងកងទ័ព។

ក្រោយពីការធ្វើបទបង្ហាញវាគ្មិន និងការពិភាក្សាផ្លាស់ប្ដូរយោបល់និងទស្សនៈរវាងអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងវេទិកា​ពិភាក្សាដ៏មានសារសំខាន់នេះ អង្គវេទិកាបានឯកភាពគ្នាសម្រេចជ្រើសរើសយកព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ក្នុងឥរិយាបថដែលព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ធ្វើជាមូលដ្ឋានសម្រាប់សិតជាបដិមាទោលដើម្បីបង្ហាញដល់សាធារណជន និងជនបរទេស បានស្គាល់និងយល់ដឹងកាន់តែច្បាស់លាស់អំពីព្រះរាជលក្ខណៈសម្បត្តិរបស់វីរបុរសជាតិខ្មែរអង្គនេះ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា នៅថ្ងៃខាងមុខ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការសិក្សាស្រាវជ្រាវកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីព្រះបរមរូបផ្សេងទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧ ហើយរៀបចំចងក្រងជាឯកសារពិស្ដារអំពីព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដើម្បីក្លាយជាមូលដ្ឋាន​សម្រាប់កូនខ្មែរជំនាន់ក្រោយក៏ដូចជាអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិ ធ្វើការសិក្សាស្វែងយល់និងស្រាវជ្រាវបន្ថែមអំពីព្រះមហាក្សត្រដ៏ឆ្នើមក្នុងប្រវត្តិសាស្ត្រខ្មែរ៕

RAC Media

2020-10-22 07:51:07   ថ្ងៃព្រហស្បតិ៍, 22 តុលា 2020 ម៉ោង 02:51 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួបនិងពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិត​សភាចារ្យ បានទទួលចួបនិងពិភាក្សាការងារជាមួយឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូត​វិសាមញ្ញ​និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជារបស់ឯកឧត្ដមឯកអគ្គរាជទូតជប៉ុន និងបានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលបានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ទៅធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមពីការអភិវឌ្ឍរបស់ប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២០នេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បាន​គូស​បញ្ជាក់បន្ថែមអំពីការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដោយជប៉ុនជាមិត្តប្រកប​ដោយភាពចាស់ទុំរបស់កម្ពុជា ហើយបើទោះជាកម្ពុជាមានទំនាក់ទំនងល្អជាមួយសាធារណរដ្ឋប្រជាមានិតចិន ក៏ជប៉ុននៅតែបន្តពង្រឹងនិងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយកម្ពុជាក្នុងរូបភាពជាមិត្តដ៏ល្អម្នាក់។ ឯកឧត្ដមបណ្ឌិត​សភាចារ្យបន្តថា សមិទ្ធផលរបស់ជប៉ុនដែលប្រជាជនកម្ពុជារូបណាក៏បានមិនអាចបំភ្លេចបាននោះគឺ ស្ពានជ្រោយចង្វារដែល​ជប៉ុនបានជួយកសាងនៅឆ្នាំ១៩៦៦ ជំនួយសាងសង់មជ្ឈមណ្ឌលគាំពារមាតានិងទារកក្នុងឆ្នាំ១៩៩៥ និងការកសាងហេដ្ឋារចនា​សម្ព័ន្ធស្ពានដ៏ធំក្នុងឆ្នាំ២០១៥គឺ ស្ពានត្សឺបាស្សា (ហៅស្ពានអ្នកលឿង) ជាដើម។

ក្នុង​ជំនួបជាលើកទីមួយនារសៀលនេះ ឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតនៃប្រទេសជប៉ុន បានពិភាក្សានិងស្វែងយល់បន្ថែមអំពីបេសកកម្ម និងសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចបាននាពេលកន្លងមក និង​ទស្សនវិស័យរបស់ស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនេះ ក្នុងការពង្រឹងការសិក្សាស្រាវជ្រាវលើវិស័យសំខាន់ៗ កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងការសិក្សាស្រាវជ្រាវស្វែងរកធាតុចូលជូនរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានានៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ឯកឧត្ដមឯកអគ្គរាជទូត បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះតួនាទី បេសកកម្ម និងសមិទ្ធផលរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្ដមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលកន្លងមកបានផ្ដល់ការបណ្ដុះបណ្ដាលភាសាខ្មែរជូនដល់មន្ត្រីស្ថានទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជាផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីជំនួបពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នា ភាគីទាំងពីរបានឯកភាពគ្នាទៅលើ៣ចំណុចគឺ៖

១. កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវទូទៅ

២. ការផ្ដល់កិច្ចសហការគ្នាលើវិស័យកសិកម្ម

៣. ការពិនិត្យមើលលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាល៕

RAC Media | លឹម សុវណ្ណរិទ្ធ

2020-10-21 10:49:43   ថ្ងៃពុធ, 21 តុលា 2020 ម៉ោង 05:49 PM
វេទិកាពិភាក្សាស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨:៣០នាទីព្រឹក (ចាប់ផ្តើមកម្មវិធី) នៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីអ្នកជំនាញបុរាណវត្ថុវិទ្យា, បដិមាសាស្ត្រ, ប្រវត្តិសិល្បៈ, ប្រវត្តិសាស្ត្រ, សូនរូប មកពីស្ថាប័ន រាជបណ្ឌិត្យសភាកម្ពុជា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សារៈមន្ទីរជាតិ, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិព្រះវិហារ, អាជ្ញាធរជាតិសម្បូរព្រៃគុក, គណៈកម្មការជាតិយូណេស្កូកម្ពុជា។

វាគ្មិនសម្របសម្រួលកម្មវិធីពិភាក្សាដោយ៖ លោក គង់ វីរៈ

វាគ្មិនដែលនឹងធ្វើបទបង្ហាញមាន៖

- ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

- លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា

- លោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរង មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

- លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

- កញ្ញា តាកេត ស័កដា មន្ត្រី នៃរាជបណ្ឌិត្យសភាកម្ពុជា

វេទិកាពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកំណត់ជ្រើសរើសរូបណាមួយសម្រាប់យកមកសិតជាបដិមាទោលរបស់ព្រះអង្គជាទម្រង់ជាព្រះមហាក្សត្រក្នុងកាយវិការគ្រងរាជ្យ ឬក្នុងកិច្ចធ្វើព្រះរាជ្យសវនាការ ដោយសារកន្លងមក យើងឃើញមានតែការឆ្លាក់រូបព្រះអង្គ ក្នុងទម្រង់សមាធិ ដោយមិនមានគ្រងគ្រឿងរណ្ដាប់រាជអ្វីឡើយ។

ចំពោះលទ្ធផលនៃសេចក្តីសម្រេចប្រពឹត្តិទៅបែបណានោះ នឹងជម្រាបជូនសាធារណជនជ្រាបនៅពេលក្រោយ។

អាស្រ័យហេតុសូមសាធារណជនជ្រាបជាព័ត៌មាន..

សូមអរគុណ!

2020-10-21 05:31:12   ថ្ងៃពុធ, 21 តុលា 2020 ម៉ោង 12:31 PM
ផលប៉ះពាល់ជំនន់ទឹកភ្លៀងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដោយ៖ សោ សុន្ទរ៍ធារី និស្សិតសិក្សាថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា

១-ជំនន់ទឹកភ្លៀងឆ្នាំ២០២០

ចាប់តាំងពីថ្ងៃ១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានទទួលរងនូវជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់​​ដល់១៩រាជធានី-ខេត្ត ក្រុង ស្មើ៩១ខណ្ឌ-ស្រុក។ ប្រជាជនកម្ពុជាប្រមាណ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១​២,២២៤នាក់ ក្នុងនោះប្រជាពលរដ្ឋចំនួន២៥នាក់បានស្លាប់ ហេដ្ឋារចនាសម្ពន្ធ័មួយចំនួនដូចជា ផ្លូវថ្នល់ ប្រពន្ធ័ធារាសាស្រ្ត សាលារៀន មន្ទីរពេទ្យ រោងចក្រ ទេសចរណ៍បានទទួលរងនូវផលប៉ះពាល់ពីជំនន់ទឹកភ្លៀងដ៏ធំនាឆ្នាំ​២០២០​​នេះ។

រាជរដ្ឋាភិបាលកម្ពុជាទទួលបានជំនួយថវិកាសរុបប្រមាណ៧១៦៣,៥៧៣ដុល្លារសហរដ្ឋអាមេរិកនិងការបន្តជួយជាសម្ភារៈ ថវិកា បច្ចេកទេសពីសប្បុរសជននានា(ប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៩តុលាឆ្នាំ២០២០)(1)។

២-ផលប៉ះពាល់ផ្ទាល់ដល់សង្គម-សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន

ប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះទាំងនោះ ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះរួមមានចាស់ជរា ជនពិការនិងកុមារទទួលរងផលប៉ះពាល់ផ្ទាល់ខ្លាំងជាងគេ។ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់និងប្រព័ន្ធគមនា​គមន៍ត្រូវរអាក់រអួលក្នុងអំឡុងពេលជំនន់ទឹកភ្លៀង។ជីវភាពរស់នៅប្រចាំថ្ងៃ ការរកចំណូលចិញ្ចឹមគ្រួសារ សុខមាលភាពប្រជាពលរដ្ឋ ការស្វែងរកសេវាសាធារណ: សាលារៀន មន្ទីរពេទ្យ សាលាឃុំ។ល។ត្រូវបានរំខាន។

ខាងក្រោមនេះគឺជាទិន្នន័យនៃការទទួលរងផលប៉ះពាល់ផ្ទាល់ដែលគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​(2)បានផ្សព្ធផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៖

-ប៉ះពាល់១៩ រាជធានី ខេត្ត ក្រុង

-ប៉ះពាល់ប្រជាជនប្រមាណ៧៨,០៥៦គ្រួសារ ស្មើប្រមាណ៣១២,២២៤នាក់

-ជម្លៀសចេញ៩៣៤៩គ្រួសារស្មើ៣៧,៣៩៦នាក់

-មនុស្សស្លាប់២៥នាក់

-ប៉ះពាល់ផ្ទះ៧៣,៧២០ ខូចខាត៥៦ខ្នង

-សាលារៀនលិចទឹក៥៦៨កន្លែង

-ផ្លូវជាតិ ផ្លូវខេត្ត ប្រមាណ៣៩៣គ.មនិងផ្លូវលំជនបទប្រមាណ១៤៦៧គ.ម

-ប្រពន្ធ័ធារាសាស្រ្តនានា-ទំនប់២៤គ.ម,ប្រឡាយមេ១៩៧,៣គ.ម,ប្រឡាយរង១៤៩,៦គ.ម, ប្រឡាយស្រោចស្រព​៨៥,៩គ.ម

-ស្រូវលិចទឹក២១៣,២៨៩ហិចតា

-ដំណាំរួមផ្សំផ្សេងៗ៧៩,៨៨៨ហិចតា។ល។

តាមទិន្នន័យខាងលើ យើងឃើញថាផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចមានទំហំធំធេងដែលជាបញ្ហាការអភិវឌ្ឍថ្មីបន្ថែមដល់ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល វិស័យឯកជននិងដៃគូអភិវឌ្ឍន៍នានាក្នុងពេលបច្ចុប្បន្ន។

                                                            រូបថត:ក្រសួងធនធានទឹក

៣-ផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចនាពេលអនាគត

បន្ទាប់ពីមានគ្រោះមហន្តរាយធម្មជាតិម្តងៗ កម្ពុជាបានប្រើប្រាស់នូវថវិកាជាតិដែលបានមកពីចំណូលពន្ធគយ ចំណូលពន្ធដារនិងជំនួយបច្ចេកទេស សម្ភារ: ថវិកាពីដៃគូអភិវឌ្ឍន៍ វិសយ័ឯកជននិងសប្បុរសជននានាដើម្បីស្តារហេដ្ឋារចនា​សម្ពន្ធ័សារវន្ត័និងសង្គម-សេដ្ឋកិច្ចឡើងវិញ។

ជំនន់ទឹកភ្លៀងឆ្នាំ២០២០នេះជាបន្ទុកដ៍ធ្ងន់ធ្ងរមួយទៀតបន្ថែមពីលើបញ្ហាជំងឺកូវីដ-១៩ដែលកម្ពុជាកំពុងរងផលប៉ះពាល់ដោយផ្ទាល់និងប្រយោលរួចស្រេចទៅហើយ(យោងតាមការវាយតម្លៃពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជានាឆ្នាំ​២០២០​ពីរាជរដ្ឋាភិបាលកម្ពុជា(-១,៩%)ធនាគារអភិវឌ្ឍន៍អាសីADB(-៤%)មូលនិធិរូបិយវត្ថុអន្តរជាតិ​IMF​(-២,៨%)​និងធនាគារពិភពលោកWB(-២%)ដែលបណ្តាលមកពីជំងឺកូវីដ-១៩)(3)។

មុនពេលជំនន់ទឹកភ្លៀងយើងមានសុទិដ្ធិនិយមថាវិសយ័កសិកម្ម(ការប្រើប្រាស់កសិផលក្នុងស្រុកនិងការនាំចេញ)​វិស័យ​ទេសចរណ៍(ការធ្វើដំណើរកំសាន្តក្នុងស្រុក)និងវិសយ័សំណង់-អចលនទ្រព្យ(គម្រោងសំណង់ធំៗ​នៅដំណើរការនិងតម្រូវការអតិថិជនក្នុងស្រុក)។ល។អាចជួយសេដ្ឋកិច្ចកម្ពុជាបានខ្លះនាឆ្នាំ២០២០និងឆ្នាំបន្ទាប់ តែវិស័យទាំងនេះក៍កំពុងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងដែរ។សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់ពឹងផ្អែកលើវិសយ័កសិកម្ម វិសយ័ទេសចរណ៍និងវាយនភណ្ឌក៍ទទួលរងផលប៉ះពាល់ដោយផ្ទាល់និងប្រយោល។ប្រជាពលរដ្ឋកម្ពុជាដែលប្រកប​របរក្នុងវិសយ័ទេសចរណ៍ រោងចក្រ-វាយនភណ្ឌ សំណង់និងកសិកម្ម ទទួលរងផលប៉ះពាល់ ចំណូលសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ អត្រាភាពក្រីក្រកើនឡើងវិញ សុខភាពផ្លូវចិត្ត ផ្លូវកាយ មានអំពើហិង្សាក្នុងគ្រួសារនិងសង្គម។

ការសម្រេចគោលដៅរបស់កម្ពុជានា២០៣០ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងមួយឆ្នាំ ផែនការអភិវឌ្ឍជាតិនានាត្រូវជួបការរាំងស្ទះ។ចំណូលនិងចំណាយថវិកាជាតិមួយផ្នែក​ធំនឹងត្រូវផ្តោតលើការស្តារហេដ្ឋារចនាសម្ពន្ធ័សារវន្ត័ឡើងវិញ។

ទោះបីយ៉ាងក៍ដោយ ក៍យើងនៅតែមានសុទិដ្ធិនិយមថានាពេលអនាគត តាមរយ:ការស្ថាបនាឡើងវិញកាន់តែប្រសើរ​(Building Back Better-BBB)ពីគ្រោះជំនន់ទឹកភ្លៀងរបស់រាជរដ្ឋាភិបាល

កម្ពុជា ដៃគូអភិវឌ្ឍន៍និងវិសយ័ឯកជន ការកែទម្រង់ផ្ទៃក្នុង ការធ្វើពិពិដ្ធកម្មសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយបរិយា​បន្ន័ ស្ថិរភាពនិងនិរន្តរ៍ភាពជាតិ។

                                                                      រូបថត:Facebook

....................................

១-ប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងFresh News ថ្ងៃទី១៩ តុលាឆ្នាំ​២០២០                           

២-គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២0

៣-ឯកសារក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ, ធនាគារអភិវឌ្ឍន៍អាសីADB,មូលនិធិរូបិយវត្ថុអន្តរជាតិIMFនិងធនាគារពិភពលោក WB ឆ្នាំ២០២០

(សូមបញ្ជាក់ថា អត្ថបទនេះ គឺជាទស្សនៈផ្ទាល់របស់និស្សិតកំពុងសិក្សាថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា)


2020-10-21 03:03:03   ថ្ងៃពុធ, 21 តុលា 2020 ម៉ោង 10:03 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក