Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិននៃក្រសួងអប់រំប្រទេសចិនបានប្រកាសបើកថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា ជាលើកដំបូង ជាផ្លូវការ។
វគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជានេះមានគោលបំណងរួមមាន៖
១. កសាងសមត្ថភាពបង្រៀនភាសាចិនប្រកបដោយគុណភាពនិងគរុកោសល្យខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ
២. បណ្តុះបណ្តាលធនធានអ្នកចេះភាសាចិនជំនាញ ដើម្បីជាទុនសម្រាប់បម្រើប្រទេសជាតិទាំងពីរទៅថ្ងៃអនាគតនិងសម្រាប់បំពេញតម្រូវការក្នុងតំបន់ស្របតាមគោលការណ៍«ផ្លូវមួយ ខ្សែក្រវាត់មួយ»
៣. ជាស្ពានក្នុងការបើកបេះដូងរវាងប្រជាជនប្រទេសទាំងពីរ និង
៤. ជំរុញឱ្យភាសាចិនក្លាយទៅជាភាសាទី៣ ក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីបើកកិច្ចពិភាក្សាតុមូល ស្តីពី ការបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិន លោក បូ រ៉េត ប្រធានផ្លាស់ប្តូរសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ថ្លែងកោតសរសើរចំពោះរាជបណ្ឌិត្យសភាកម្ពុជាចំពោះគំនិតផ្តួចផ្តើមបង្កើតថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ជំនាញគរុកោសល្យភាសាចិន នាពេលនេះ ដោយលោកបានបង្ហាញការជឿជាក់ថា គំនិតផ្តួចផ្តើមបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិនរវាងរាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិននៃក្រសួងអប់រំប្រទេសចិន ជាលើកដំបូងនេះនឹងជួយបណ្តុះបណ្តាលធនធានគ្រូបង្រៀនភាសាចិនដែលមានគុណភាពជាច្រើនរូប និងធានានូវកម្លាំងធនធានគ្រូបង្រៀនដែលអាចបំពេញគ្រប់តម្រូវការ ព្រមទាំងជំរុញកិច្ចអភិវឌ្ឍន៍វិស័យអប់រំភាសាចិននៅកម្ពុជាឱ្យកាន់តែមានវិបុលភាព។
ឱកាសនេះដែរ លោកស្រី Zuo Wenxing ភារធារីស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញសេចក្តីសមនស្សរីករាយដែលបានចូលរួមក្នុងពិធីបើកដំណើរការវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិនជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា លើកដំបូង ជាផ្លូវការ។ លោកស្រីភារៈធារីស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា គម្រោងនេះ គឺជាការបោះជំហានទៅមុខមួយជំហាន ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនជនជាតិខ្មែរ និងធនធានអ្នកចេះភាសាចិននៅកម្ពុជា។
លោកស្រី Zuo Wenxing បានបន្ថែមថា ភាសាគឺជាស្ពានចម្លងក្នុងការប្រាស្រ័យទាក់ទង ការសិក្សាពីភាសា និងវប្បធម៌ គឺជាមាគ៌ាក្នុងការស្វែងយល់ពីប្រទេស និងប្រជាជាតិមួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ និងកាន់តែស៊ីជម្រៅ ហើយការកសាងជោគវាសនារួមគ្នា ក៏ត្រូវបានបន្តឥតឈប់ឈរ រីឯទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏កាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកឯចំនួនអ្នកសិក្សាភាសាចិននៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់។ ការសិក្សាភាសាចិន បានក្លាយជាតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក៏ប៉ុន្តែ ការអប់រំភាសាចិនសម្រាប់គ្រូបង្រៀនភាសាចិនជនជាតិខ្មែរមានការរាំងស្ទះ និងមិនទាន់មានលក្ខណៈត្រឹមត្រូវតាមក្បួនខ្នាតនៅឡើយ ដោយសារតែបញ្ហាកង្វះខាតនូវធនធានគ្រូបង្រៀនភាសាចិន។ ហេតុនេះហើយ ទើបគម្រោងបណ្តុះបណ្តាលគរុកោសល្យភាសាចិនបានចាប់បដិសន្ធិឡើង ក្នុងគោលបំណងបំពេញតម្រូវការស្ថានភាពសង្គមជាក់ស្តែង។
លោកស្រី Zuo Wenxing បានបញ្ជាក់ថា៖«ការបណ្តុះបណ្តាលធនធានគរុកោសល្យភាសាចិននេះនឹងអាចដោះស្រាយបញ្ហាការអភិវឌ្ឍការអប់រំភាសាចិនសម្រាប់គ្រូភាសាចិនក្នុងតំបន់បាន។ នាងខ្ញុំជឿជាក់ថា ក្រោមការយកចិត្តទុកដាក់ពីមហាជនគ្រប់ស្រទាប់ទាំងកម្ពុជានិងចិន គម្រោងមួយនេះ ប្រាកដជាអាចបន្តដំណើរទៅមុខ និងទទួលបានផ្លែផ្កាជាក់ជាមិនខាន ដើម្បីជាកម្លាំងចលករក្នុងការជំរុញការអប់រំភាសាចិនសម្រាប់គ្រូបង្រៀនភាសាចិនក្នុងតំបន់ ក៏ដូចជាជួយរួមចំណែកក្នុងការរឹតចំណងមិត្តភាពកម្ពុជា-ចិន បង្កើនមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរថែមទៀត»។
ជាមួយនេះ ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរង ទទួលបន្ទុកការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា វគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគរុកោសល្យភាសាចិនជាលើកដំបូងក្រោមកិច្ចសហការវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត (East China Normal University) នៃទីក្រុងសៀងហៃ ប្រទេសចិននាពេលនេះ នឹងផ្តោតលើគុណភាពអប់រំកម្រិតអន្តរជាតិជាចម្បង ដោយគ្រូបង្រៀនជនជាតិចិនឯកទេសភាសាចិននឹងមកបង្រៀនដោយផ្ទាល់នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធានាបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀនភាសាចិនប្រកបដោយគុណភាពនិងគរុកោសល្យខ្ពស់ស្រងតាមស្តង់ដារអន្តរជាតិ។ ឯកឧត្តម សូត្រ សំណាង បានបញ្ជាក់បន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ គរុសិស្ស និងនិស្សិតភាសាចិនឆ្នើមនឹងទទួលបានឱកាសអាហារូបរកណ៍ទៅបន្តការសិក្សា និងទស្សនៈកិច្ចសិក្សានៅប្រទេសចិនទៀតផង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ ផ្លាស់ប្តូរ ភាសាចិន-ភាសាបរទេស នៃក្រសួងអប់រំចិនបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការបង្កើតជំនាញគរុកោសល្យភាសាចិននៅកម្ពុជាដែលទទួលសិស្ស៣០នាក់កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគរុកោសល្យភាសាចិន។ គម្រោងនេះនឹងធ្វើការបណ្តុះបណ្តាលក្រោមគម្រូ១បូក១ ដោយសិក្សាឆ្នាំទី១នៅរាជបណ្ឌិត្យសភាកម្ពុជា និងឆ្នាំទី២នៅសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត តាមរយៈអាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិក្នុងតំបន់។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាកម្ពុជា និងពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត៕
រឿន ភារុន | RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាពិភាក្សា ស្ដីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីអ្នកជំនាញប្រវត្តិសាស្ត្រ អ្នកសិក្សាស្រាវជ្រាវទាកទងនឹងប្រវត្តិសាស្ត្រ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន ២៥រូប ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាពិភាក្សានេះ មានការអញ្ជើញថ្លែងសុន្ទរកថាបើកដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងបានប្រព្រឹត្តទៅក្រោមការសម្របសម្រួលរបស់លោក គង់ វីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
វាគ្មិនអញ្ជើញចូលរួមក្នុងវេទិកានេះ បានបកស្រាយលើប្រធានបទដូចខាងក្រោម៖
- ប្រធានបទទី១៖ «ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមជា ចក្រពត្រាធិរាជ» ធ្វើបទបង្ហាញដោយ លោក សួ ប៉ុណ្ណារ៉ាត់
- ប្រធានបទទី២៖ «របៀបដឹកជញ្ជូនថ្មក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧៖ ករណីសិក្សានៅប្រាសាទបន្ទាយឆ្មា» ធ្វើបទបង្ហាញដោយ លោក អ៊ឹម សុខរិទ្ធី
- ប្រធានបទទី៣៖ «ផ្ទាំងចម្លាក់ឥន្ទ្រាភិសេក» ធ្វើបទបង្ហាញដោយ កញ្ញា តាកេត ស័កដា
- ប្រធានបទទី៤៖ «ព្រះបរមរូបនៃព្រះបាទជ័យវរ្ម័នទី៧» ធ្វើបទបង្ហាញដោយ លោក ព្រាប ចាន់ម៉ារ៉ា
- ប្រធានបទទី៥៖ «ព្រះរូបព្រះបាទជ័យវរ្ម័នទី៧ នៅតាមចម្លាក់ថែវប្រាសាទ៖ ករណីសិក្សានៅប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ» ធ្វើបទបង្ហាញដោយ ឯកឧត្ដមបណ្ឌិត ផុន កសិកា
ក្នុងវេទិកាពិភាក្សានាព្រឹកនេះ វាគ្មិនទាំង៥រូបនិងអ្នកជំនាញដែលបានចូលរួម បានពិនិត្យនិងពិភាក្សាទៅលើរូបភាពនៃចម្លាក់ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដែលក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដិតយករូបភាពពីថែវប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ សរុបមានចំនួន៦៤រូប។ វេទិកាពិភាក្សាបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវ និងការរៀបចំឈានទៅកំណត់អត្តសញ្ញាណព្រះបាទជ័យវរ្ម័នទី៧ ដើម្បីសិតជាព្រះបរមរូបបដិមាព្រះមហាវីរក្សត្រដ៏ល្បីល្បាញរបស់ខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាជនបរទេស បានដឹងនិងស្គាល់កាន់តែច្បាស់អំពីអត្តសញ្ញាណព្រះមហាក្សត្រដែលបានកសាងចក្រភពអង្គរ ក្លាយទៅជាមហាអំណាចក្នុងប្រវត្តិសាស្ត្រ ទាំងនៅលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកម្លាំងកងទ័ព។
ក្រោយពីការធ្វើបទបង្ហាញវាគ្មិន និងការពិភាក្សាផ្លាស់ប្ដូរយោបល់និងទស្សនៈរវាងអ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងវេទិកាពិភាក្សាដ៏មានសារសំខាន់នេះ អង្គវេទិកាបានឯកភាពគ្នាសម្រេចជ្រើសរើសយកព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ក្នុងឥរិយាបថដែលព្រះអង្គឡើងគ្រងរាជ្យសម្បត្តិ ធ្វើជាមូលដ្ឋានសម្រាប់សិតជាបដិមាទោលដើម្បីបង្ហាញដល់សាធារណជន និងជនបរទេស បានស្គាល់និងយល់ដឹងកាន់តែច្បាស់លាស់អំពីព្រះរាជលក្ខណៈសម្បត្តិរបស់វីរបុរសជាតិខ្មែរអង្គនេះ។
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា នៅថ្ងៃខាងមុខ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការសិក្សាស្រាវជ្រាវកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីព្រះបរមរូបផ្សេងទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧ ហើយរៀបចំចងក្រងជាឯកសារពិស្ដារអំពីព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដើម្បីក្លាយជាមូលដ្ឋានសម្រាប់កូនខ្មែរជំនាន់ក្រោយក៏ដូចជាអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិ ធ្វើការសិក្សាស្វែងយល់និងស្រាវជ្រាវបន្ថែមអំពីព្រះមហាក្សត្រដ៏ឆ្នើមក្នុងប្រវត្តិសាស្ត្រខ្មែរ៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលចួបនិងពិភាក្សាការងារជាមួយឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជារបស់ឯកឧត្ដមឯកអគ្គរាជទូតជប៉ុន និងបានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលបានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ទៅធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមពីការអភិវឌ្ឍរបស់ប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២០នេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមអំពីការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដោយជប៉ុនជាមិត្តប្រកបដោយភាពចាស់ទុំរបស់កម្ពុជា ហើយបើទោះជាកម្ពុជាមានទំនាក់ទំនងល្អជាមួយសាធារណរដ្ឋប្រជាមានិតចិន ក៏ជប៉ុននៅតែបន្តពង្រឹងនិងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយកម្ពុជាក្នុងរូបភាពជាមិត្តដ៏ល្អម្នាក់។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា សមិទ្ធផលរបស់ជប៉ុនដែលប្រជាជនកម្ពុជារូបណាក៏បានមិនអាចបំភ្លេចបាននោះគឺ ស្ពានជ្រោយចង្វារដែលជប៉ុនបានជួយកសាងនៅឆ្នាំ១៩៦៦ ជំនួយសាងសង់មជ្ឈមណ្ឌលគាំពារមាតានិងទារកក្នុងឆ្នាំ១៩៩៥ និងការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានដ៏ធំក្នុងឆ្នាំ២០១៥គឺ ស្ពានត្សឺបាស្សា (ហៅស្ពានអ្នកលឿង) ជាដើម។
ក្នុងជំនួបជាលើកទីមួយនារសៀលនេះ ឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតនៃប្រទេសជប៉ុន បានពិភាក្សានិងស្វែងយល់បន្ថែមអំពីបេសកកម្ម និងសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចបាននាពេលកន្លងមក និងទស្សនវិស័យរបស់ស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនេះ ក្នុងការពង្រឹងការសិក្សាស្រាវជ្រាវលើវិស័យសំខាន់ៗ កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងការសិក្សាស្រាវជ្រាវស្វែងរកធាតុចូលជូនរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានានៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ឯកឧត្ដមឯកអគ្គរាជទូត បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះតួនាទី បេសកកម្ម និងសមិទ្ធផលរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្ដមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលកន្លងមកបានផ្ដល់ការបណ្ដុះបណ្ដាលភាសាខ្មែរជូនដល់មន្ត្រីស្ថានទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជាផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីជំនួបពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នា ភាគីទាំងពីរបានឯកភាពគ្នាទៅលើ៣ចំណុចគឺ៖
១. កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវទូទៅ
២. ការផ្ដល់កិច្ចសហការគ្នាលើវិស័យកសិកម្ម
៣. ការពិនិត្យមើលលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាល៕
RAC Media | លឹម សុវណ្ណរិទ្ធ
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨:៣០នាទីព្រឹក (ចាប់ផ្តើមកម្មវិធី) នៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីអ្នកជំនាញបុរាណវត្ថុវិទ្យា, បដិមាសាស្ត្រ, ប្រវត្តិសិល្បៈ, ប្រវត្តិសាស្ត្រ, សូនរូប មកពីស្ថាប័ន រាជបណ្ឌិត្យសភាកម្ពុជា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សារៈមន្ទីរជាតិ, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិព្រះវិហារ, អាជ្ញាធរជាតិសម្បូរព្រៃគុក, គណៈកម្មការជាតិយូណេស្កូកម្ពុជា។
វាគ្មិនសម្របសម្រួលកម្មវិធីពិភាក្សាដោយ៖ លោក គង់ វីរៈ
វាគ្មិនដែលនឹងធ្វើបទបង្ហាញមាន៖
- ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
- លោក អ៉ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា
- លោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរង មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
- លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
- កញ្ញា តាកេត ស័កដា មន្ត្រី នៃរាជបណ្ឌិត្យសភាកម្ពុជា
វេទិកាពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកំណត់ជ្រើសរើសរូបណាមួយសម្រាប់យកមកសិតជាបដិមាទោលរបស់ព្រះអង្គជាទម្រង់ជាព្រះមហាក្សត្រក្នុងកាយវិការគ្រងរាជ្យ ឬក្នុងកិច្ចធ្វើព្រះរាជ្យសវនាការ ដោយសារកន្លងមក យើងឃើញមានតែការឆ្លាក់រូបព្រះអង្គ ក្នុងទម្រង់សមាធិ ដោយមិនមានគ្រងគ្រឿងរណ្ដាប់រាជអ្វីឡើយ។
ចំពោះលទ្ធផលនៃសេចក្តីសម្រេចប្រពឹត្តិទៅបែបណានោះ នឹងជម្រាបជូនសាធារណជនជ្រាបនៅពេលក្រោយ។
អាស្រ័យហេតុសូមសាធារណជនជ្រាបជាព័ត៌មាន..
សូមអរគុណ!
១-ជំនន់ទឹកភ្លៀងឆ្នាំ២០២០
ចាប់តាំងពីថ្ងៃ១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានទទួលរងនូវជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ដល់១៩រាជធានី-ខេត្ត ក្រុង ស្មើ៩១ខណ្ឌ-ស្រុក។ ប្រជាជនកម្ពុជាប្រមាណ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់ ក្នុងនោះប្រជាពលរដ្ឋចំនួន២៥នាក់បានស្លាប់ ហេដ្ឋារចនាសម្ពន្ធ័មួយចំនួនដូចជា ផ្លូវថ្នល់ ប្រពន្ធ័ធារាសាស្រ្ត សាលារៀន មន្ទីរពេទ្យ រោងចក្រ ទេសចរណ៍បានទទួលរងនូវផលប៉ះពាល់ពីជំនន់ទឹកភ្លៀងដ៏ធំនាឆ្នាំ២០២០នេះ។
រាជរដ្ឋាភិបាលកម្ពុជាទទួលបានជំនួយថវិកាសរុបប្រមាណ៧១៦៣,៥៧៣ដុល្លារសហរដ្ឋអាមេរិកនិងការបន្តជួយជាសម្ភារៈ ថវិកា បច្ចេកទេសពីសប្បុរសជននានា(ប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៩តុលាឆ្នាំ២០២០)(1)។
២-ផលប៉ះពាល់ផ្ទាល់ដល់សង្គម-សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន
ប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះទាំងនោះ ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះរួមមានចាស់ជរា ជនពិការនិងកុមារទទួលរងផលប៉ះពាល់ផ្ទាល់ខ្លាំងជាងគេ។ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់និងប្រព័ន្ធគមនាគមន៍ត្រូវរអាក់រអួលក្នុងអំឡុងពេលជំនន់ទឹកភ្លៀង។ជីវភាពរស់នៅប្រចាំថ្ងៃ ការរកចំណូលចិញ្ចឹមគ្រួសារ សុខមាលភាពប្រជាពលរដ្ឋ ការស្វែងរកសេវាសាធារណ: សាលារៀន មន្ទីរពេទ្យ សាលាឃុំ។ល។ត្រូវបានរំខាន។
ខាងក្រោមនេះគឺជាទិន្នន័យនៃការទទួលរងផលប៉ះពាល់ផ្ទាល់ដែលគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(2)បានផ្សព្ធផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៖
-ប៉ះពាល់១៩ រាជធានី ខេត្ត ក្រុង
-ប៉ះពាល់ប្រជាជនប្រមាណ៧៨,០៥៦គ្រួសារ ស្មើប្រមាណ៣១២,២២៤នាក់
-ជម្លៀសចេញ៩៣៤៩គ្រួសារស្មើ៣៧,៣៩៦នាក់
-មនុស្សស្លាប់២៥នាក់
-ប៉ះពាល់ផ្ទះ៧៣,៧២០ ខូចខាត៥៦ខ្នង
-សាលារៀនលិចទឹក៥៦៨កន្លែង
-ផ្លូវជាតិ ផ្លូវខេត្ត ប្រមាណ៣៩៣គ.មនិងផ្លូវលំជនបទប្រមាណ១៤៦៧គ.ម
-ប្រពន្ធ័ធារាសាស្រ្តនានា-ទំនប់២៤គ.ម,ប្រឡាយមេ១៩៧,៣គ.ម,ប្រឡាយរង១៤៩,៦គ.ម, ប្រឡាយស្រោចស្រព៨៥,៩គ.ម
-ស្រូវលិចទឹក២១៣,២៨៩ហិចតា
-ដំណាំរួមផ្សំផ្សេងៗ៧៩,៨៨៨ហិចតា។ល។
តាមទិន្នន័យខាងលើ យើងឃើញថាផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចមានទំហំធំធេងដែលជាបញ្ហាការអភិវឌ្ឍថ្មីបន្ថែមដល់ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល វិស័យឯកជននិងដៃគូអភិវឌ្ឍន៍នានាក្នុងពេលបច្ចុប្បន្ន។
រូបថត:ក្រសួងធនធានទឹក
៣-ផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចនាពេលអនាគត
បន្ទាប់ពីមានគ្រោះមហន្តរាយធម្មជាតិម្តងៗ កម្ពុជាបានប្រើប្រាស់នូវថវិកាជាតិដែលបានមកពីចំណូលពន្ធគយ ចំណូលពន្ធដារនិងជំនួយបច្ចេកទេស សម្ភារ: ថវិកាពីដៃគូអភិវឌ្ឍន៍ វិសយ័ឯកជននិងសប្បុរសជននានាដើម្បីស្តារហេដ្ឋារចនាសម្ពន្ធ័សារវន្ត័និងសង្គម-សេដ្ឋកិច្ចឡើងវិញ។
ជំនន់ទឹកភ្លៀងឆ្នាំ២០២០នេះជាបន្ទុកដ៍ធ្ងន់ធ្ងរមួយទៀតបន្ថែមពីលើបញ្ហាជំងឺកូវីដ-១៩ដែលកម្ពុជាកំពុងរងផលប៉ះពាល់ដោយផ្ទាល់និងប្រយោលរួចស្រេចទៅហើយ(យោងតាមការវាយតម្លៃពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២០ពីរាជរដ្ឋាភិបាលកម្ពុជា(-១,៩%)ធនាគារអភិវឌ្ឍន៍អាសីADB(-៤%)មូលនិធិរូបិយវត្ថុអន្តរជាតិIMF(-២,៨%)និងធនាគារពិភពលោកWB(-២%)ដែលបណ្តាលមកពីជំងឺកូវីដ-១៩)(3)។
មុនពេលជំនន់ទឹកភ្លៀងយើងមានសុទិដ្ធិនិយមថាវិសយ័កសិកម្ម(ការប្រើប្រាស់កសិផលក្នុងស្រុកនិងការនាំចេញ)វិស័យទេសចរណ៍(ការធ្វើដំណើរកំសាន្តក្នុងស្រុក)និងវិសយ័សំណង់-អចលនទ្រព្យ(គម្រោងសំណង់ធំៗនៅដំណើរការនិងតម្រូវការអតិថិជនក្នុងស្រុក)។ល។អាចជួយសេដ្ឋកិច្ចកម្ពុជាបានខ្លះនាឆ្នាំ២០២០និងឆ្នាំបន្ទាប់ តែវិស័យទាំងនេះក៍កំពុងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងដែរ។សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់ពឹងផ្អែកលើវិសយ័កសិកម្ម វិសយ័ទេសចរណ៍និងវាយនភណ្ឌក៍ទទួលរងផលប៉ះពាល់ដោយផ្ទាល់និងប្រយោល។ប្រជាពលរដ្ឋកម្ពុជាដែលប្រកបរបរក្នុងវិសយ័ទេសចរណ៍ រោងចក្រ-វាយនភណ្ឌ សំណង់និងកសិកម្ម ទទួលរងផលប៉ះពាល់ ចំណូលសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ អត្រាភាពក្រីក្រកើនឡើងវិញ សុខភាពផ្លូវចិត្ត ផ្លូវកាយ មានអំពើហិង្សាក្នុងគ្រួសារនិងសង្គម។
ការសម្រេចគោលដៅរបស់កម្ពុជានា២០៣០ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងមួយឆ្នាំ ផែនការអភិវឌ្ឍជាតិនានាត្រូវជួបការរាំងស្ទះ។ចំណូលនិងចំណាយថវិកាជាតិមួយផ្នែកធំនឹងត្រូវផ្តោតលើការស្តារហេដ្ឋារចនាសម្ពន្ធ័សារវន្ត័ឡើងវិញ។
ទោះបីយ៉ាងក៍ដោយ ក៍យើងនៅតែមានសុទិដ្ធិនិយមថានាពេលអនាគត តាមរយ:ការស្ថាបនាឡើងវិញកាន់តែប្រសើរ(Building Back Better-BBB)ពីគ្រោះជំនន់ទឹកភ្លៀងរបស់រាជរដ្ឋាភិបាល
កម្ពុជា ដៃគូអភិវឌ្ឍន៍និងវិសយ័ឯកជន ការកែទម្រង់ផ្ទៃក្នុង ការធ្វើពិពិដ្ធកម្មសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន័ ស្ថិរភាពនិងនិរន្តរ៍ភាពជាតិ។
រូបថត:Facebook
....................................
១-ប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងFresh News ថ្ងៃទី១៩ តុលាឆ្នាំ២០២០
២-គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២0
៣-ឯកសារក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ, ធនាគារអភិវឌ្ឍន៍អាសីADB,មូលនិធិរូបិយវត្ថុអន្តរជាតិIMFនិងធនាគារពិភពលោក WB ឆ្នាំ២០២០
(សូមបញ្ជាក់ថា អត្ថបទនេះ គឺជាទស្សនៈផ្ទាល់របស់និស្សិតកំពុងសិក្សាថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា)
ឯកឧត្តម វ៉ាង យី ជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរទស្សនកិច្ចការទូតថ្មីៗនេះ អញ្ជើញមកអាស៊ានក្នុងការបង្កើនសាមគ្គីភាពជាមួយចិន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅនូវការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងតំបន់។ ឯកឧត្ដម វ៉ាង យី ក៏បានអញ្ជើញមកដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០។
នៅមុនពេលឯកឧត្តម វ៉ាង យី អញ្ជើញមកអាស៊ាន គឺបន្ទាប់ពីអាម៉េរិកលួងលោមប្រទេសសមាជិកអាស៊ានដើម្បីទប់ទល់ឥទ្ធិពលចិន ហើយកាលពីថ្ងៃទីទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានចាប់ផ្តើមនៅទីក្រុងហាណូយតាមរយៈប្រព័ន្ធវីដេអូខនហ្វឺរិន (Video-conference) រដ្ឋមន្រ្តីការបរទេសអាម៉េរិកបានជំរុញឱ្យអាស៊ានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនរដ្ឋចិន។ អាម៉េរិក និងចិនដែលកំពុងមានជម្លោះតានតឹងដាក់គ្នាកាន់តែខ្លាំង ស្របពេលនោះក៏អាម៉េរិកនិងចិនបានដើរបញ្ចុះបញ្ចូលប្រទេសសមាជិកអាស៊ានឱ្យគាំទ្ររៀងៗខ្លួន។ បន្ទាប់មក ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានធ្វើដំណើរទស្សនកិច្ចមកអាស៊ាន ហើយការអញ្ជើញមកអាស៊ាននេះ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានទទួលលទ្ធផលបន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ច នៅកម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ និងសិង្ហបុរី។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី បានលទ្ធផល៩ចំណុច៖
១.ការពង្រឹងសាមគ្គីភាពពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាតកូវីដ-១៩
២.បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ
៣.ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញដោយចិននឹងនៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ដែលជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក
៤.លើកកម្ពស់សន្តិភាពនិងស្ថិភាពក្នុងតំបន់
៥.ការពារសមធម៌អន្តរជាតិ ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថា ប្រទេសនានាប្រកាន់ខ្ជាប់នូវបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ អនុវត្តយ៉ាងម៉ត់ចត់នូវគំនិតនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ និង ពហុគោលនយោបាយរបស់ពិភពលោក។
៦.ទោះមានបញ្ហាកូវីដ-១៩ ក៏ចិននៅជិតហើយចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឯកឧត្តម វ៉ាង យីលើកឡើងថា «យើងមិនគួរប្រយុទ្ធតែម្នាក់ឯងទេ....»។
៧.ការជំរុញប្រព័ន្ធទីផ្សារសេរី លោក វ៉ាង យី មានប្រសាសន៍ថា លំនាំនៃការអភិវឌ្ឍសេដ្ឋកិច្ចថ្មីដោយប្រើប្រព័ន្ធ «ចរន្តពីរ» គឺទីផ្សារក្នុងស្រុកនិងក្រៅស្រុកបំពេញបន្ថែមទៅវិញទៅមក ហើយទំហំទីផ្សារដ៏ធំរបស់ចិននឹងផ្តល់ផលប្រយោជន៍ដល់អាស៊ាន។
៨.កាន់តែឈរជើងរឹងមាំនៅក្នុងតំបន់
៩.ចិនមានបញ្ហាកូវីដ-១៩មុន ចិនក៏ងើបសកម្មភាពការទូតមុន អាចនឹងជាដៃគូរសំខាន់មុនក
ក៏សូមបញ្ជាក់ផងដែរថា ថ្មីៗនេះប្រទេសជប៉ុន និងវៀតណាមបានព្រមព្រៀងគ្នាដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចរួមទាំងកិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីឲ្យជប៉ុននាំចេញឧបករណ៍យោធា និងបច្ចេកវិជ្ជាទៅកាន់ប្រទេសវៀតណាមក្នុងគ្រាដែលឥទ្ធិពលរបស់ចិនក្នុងតំបន់កំពុងកើនឡើង៕
RAC Media| ផាញ់ សារឿន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុ ក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយ» រៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ដល់អង្គសិក្ខាសាលានេះថា «យើងចង់ឱ្យភាសាខ្មែរទៅជាភាសាដ៏អស្ចារ្យ ជាភាសាមួយដែលត្រូវបានគេទទួលស្គាល់»។
ក្រោយពីការធ្វើបទបង្ហាញរបស់វាគ្មិនទាំង៣រូប និងបន្ទាប់ពីវេទិកាផ្ដល់មតិយោបល់និងសំណួរចម្លើយត្រូវបានបញ្ចប់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានថ្លែងសុន្ទរកថាបិទ និងផ្ដល់អនុសាសន៍ដល់អង្គសិក្ខាសាលាទាំងមូល ដោយឯកឧត្ដមបណ្ឌិត សភាចារ្យ បានគូសបញ្ជាក់អំពីទស្សនៈ៧ចំណុច ក្នុងការចូលរួមចំណែកជំរុញឱ្យ «ភាសាខ្មែរ» ក្លាយទៅភាសាមួយដ៏អស្ចារ្យ និងត្រូវបានគេទទួលស្គាល់។ ទស្សនៈសំខាន់ៗទាំង៧ចំណុចនោះរួមមាន៖
១. ភាសាមួយដែលអស្ចារ្យ វាអាស្រ័យលើការគាំទ្រពីមនុស្សគ្រប់មជ្ឈដ្ឋាននៃសង្គម
២. អ្នកវិទ្យាសាស្ត្រត្រូវបង្កើតអ្វីដែលថ្មី សម្រាប់វឌ្ឍនភាពនៃភាសាខ្មែរ
៣. ត្រូវធ្វើឱ្យមានការឯកភាពគ្នាខាងការប្រើប្រាស់ភាសាខ្មែរ
៤. ព្យាបាលជំងឺភាសា ដោយត្រូវបណ្ដុះទម្លាប់សិក្សាភាសាខ្មែរដល់កូនៗ ព្រមទាំងជំរុញនិងពង្រឹងការប្រើប្រាស់ភាសា ខ្មែរ ជាជាងទំនោរនៃការប្រើប្រាស់ភាសាបរទេសបច្ចុប្បន្ន
៥. ជំរុញបង្កើតស្នាដៃនិងបង្ហាញពីភាពអស្ចារ្យនៃភាសាខ្មែរ
៦. ឱ្យតម្លៃទៅលើភាពជាម្ចាស់ប្រទេសតាមរយៈការបង្ហាញភាសាខ្មែរដែលជាអត្តសញ្ញាណជាតិនៅលើគ្រប់ផលិតផលរបស់ខ្មែរ
៧. ជំរុញការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ តាមរយៈការអប់រំ ណែនាំ ផ្សព្វផ្សាយ និងពន្យល់ ហើយចុងក្រោយគឺការអនុវត្តច្បាប់ដែលមានជាធរមាន។
គួរបញ្ជាក់ថា សិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយ» នាព្រឹកនេះ មានការអញ្ជើញចូលរួមផ្ដល់មតិយោបល់ពីតំណាងក្រសួងស្ថាប័នចំនួន២៨ និងមានការនិមន្តនិងអញ្ជើញចូលរួមសំណាក់ព្រះសង្ឃ អ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការ និងនិស្សិត សរុបចំនួន១២០អង្គ/នាក់ ព្រមទាំងមានប្រព័ន្ធផ្សព្វផ្សាយចូលរួមយកព័ត៌មានសរុបចំនួន៨អង្គភាពផងដែរ៕
RAC Media
ចិននិងឥណ្ឌា ជាប្រទេសធំបំផុតពីរនៅអាស៊ី ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតពីរនៅលើពិភពលលោកផងដែរ។ ក្រៅពីទំហំទឹកដីនិងចំនួនប្រជាជន ប្រទេសទាំងពីរក៏មានវប្បធម៌និងអរិយធម៌ដែលមានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងមានឥទ្ធិពលដល់មនុស្សជាតិដូចគ្នា។
ចិននិងឥណ្ឌាមានទំនាក់ទំនងល្អលើវិស័យធុរកិច្ចនិងសេដ្ឋកិច្ច ប៉ុន្តែលើវិស័យភូមិសាស្រ្តនយោបាយវិញ មិនសូវល្អទេ។ ប្រទេសទាំងពីរ គឺជាគូប្រជែងដ៏ធំរវាងគ្នា ជាពិសេស ឥណ្ឌាចាត់ទុកចិន ដូចជាបន្លាក្នុងភ្នែករបស់ខ្លួន។ មិនថាយ៉ាងណាទេ កាលណានិយាយអំពីសេដ្ឋកិច្ច ចិនគឺមិននៅក្រោមនរណាទាំងអស់ សូម្បីសហរដ្ឋអាម៉េរិក។ ដូច្នេះ បើធៀបទៅនឹងឥណ្ឌាវិញ ជាតថភាព លំដាប់របស់ចិនគឺនៅខ្ពស់ជាងឥណ្ឌា ហើយបើនិយាយអំពីភូមិសាស្រ្តនយោបាយ ចិនក៏បានដើរលឿនជាងឥណ្ឌាដែរ។ នៅក្នុងសភាពជាតួរងបែបនេះ ឥណ្ឌាក៏ដូចជាថ្នាក់ដឹកនាំរបស់ខ្លួន មុខតែមិនស្រណុកចិត្តនោះទេ ហើយក៏អាចជាហេតុដែលយើងឃើញ «យុទ្ធសាស្រ្តថ្មីចំពោះចិន» របស់ឥណ្ឌាបានបង្ហាញអំពីភាពបដិបក្ខយ៉ាងច្បាស់ក្រឡែត។
ក្នុងអំឡុងពេលបោះឆ្នោតទូទៅនៅឆ្នាំ២០១៩ លោក ម៉ូឌី បានកែគោលនយោបាយនិងយុទ្ធសាស្ត្រការបរទេសរបស់ប្រទេសឥណ្ឌា ដើម្បីទទួលបានប្រជាប្រិយភាព ហើយជាលទ្ធផល គាត់ក៏បានឈ្នះឆ្នោតនិងបានធ្វើជានាយករដ្ឋមន្រ្តីជាលើកទី២។ លោក ម៉ូឌី តែងព្យាយាមបង្ហាញថា ខ្លួនមានទំនាក់ទំនងល្អជាមួយមេដឹកនាំនៃមហាអំណាច ដូចជាប្រធានាធិបតីដូណាល់ត្រាំរបស់សហរដ្ឋអាម៉េរិក, ប្រធានាធិបតី ស៊ី ជីនពីង របស់ចិន, ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន របស់រុស្ស៊ី និងថ្នាក់ដឹកនាំកំពូលៗផ្សេងៗទៀត។
យើងឃើញថា ការឱបនិងចាប់ដៃគ្នាជាមួយមេដឹកនាំនៃមហាអំណាចរាល់លើក មិនមែនបានមកទទេៗនោះទេ គឺមានតម្លៃជាក់លាក់របស់វា ក្រៅពីជាតម្លៃរូបីដែលអាចគណនាជាសាច់ប្រាក់ ទន្ទឹមនោះក៏នៅមានតម្លៃអរូបីខាងយុទ្ធសាស្រ្តដែលភ្ជាប់មកជាមួយដែរ។ ដោយឡែក ក្នុងករណីឱបចិនឬអាម៉េរិកវិញ ឥណ្ឌាមុខតែត្រូវបង់ថ្លៃយុទ្ធសាស្ត្រខ្ពស់ជាមិនខាន។
ជាជំហររបស់លោកនាយករដ្ឋមន្រ្តី ម៉ូឌី បានបង្ហាញច្បាស់អំពីការឱបរបស់ឥណ្ឌា ជាក់ស្ដែង កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ូឌី បានរៀបចំពិធីជប់លៀងមួយដ៏ធំនៅ ក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ដោយមានប្រជាជនឥណ្ឌាមកពីទូទាំងសហរដ្ឋអាម៉េរិកចូលរួម។ ចំណែកឯលោក ត្រាំ ក៏បានចំណាយពេលប្រហែលមួយម៉ោងចូលរួមក្នុងពិធីជាមួយលោក ម៉ូឌី ដែរ។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ លោក ត្រាំ បានចូលរួមក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋហ្គូចារ៉ាត់ (Gujarat) នៃប្រទេសឥណ្ឌា ហើយលោក ម៉ូឌី បានបង្ហាញថា រវាងលោកនិងលោក ត្រាំ មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅនិងពោរពេញដោយមនោសញ្ចេតនា។ ឯលោក ត្រាំ វិញ ក៏បានថ្លែងនៅក្នុងសុន្ទរកថារបស់ខ្លួនថា «ម៉ូឌី ជាមេដឹកនាំលេចធ្លោម្នាក់និងជាបុរសម្នាក់ដែលខ្ញុំមានមោទនភាពក្នុងការហៅថា មិត្តភក្តិពិតរបស់ខ្ញុំ»។
ការណ៍នេះ មិនមែនជាអ្វីដែលបានមកដោយទទេៗនោះទេ។ ឥណ្ឌាត្រូវបង់ដោយការដើរតួជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តនិងជាមិត្តដែលទុកចិត្តរបស់សហរដ្ឋអាម៉េរិក។
មែនទែនទៅ ឥណ្ឌាឬការសម្លឹងរបស់លោក ម៉ូឌី រំពឹងថា សហរដ្ឋអាម៉េរិក អូស្រ្តាលី និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត នឹងដកហូតទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយចិន ហើយងាកមកសម្លឹងមើលប្រទេសឥណ្ឌាដែលជាដៃគូនិងជាសម្ព័ន្ធមិត្តរបស់ពួកគេ និងផ្លាស់ចង្វាក់ផលិតកម្មរបស់ពួកគេ ដែលមានមូលដ្ឋាននៅចិន មកដាក់នៅមូលដ្ឋានថ្មី គឺឥណ្ឌានោះឯង។
នៅចំពោះមុខកូវីដ-១៩ សេដ្ឋកិច្ចឥណ្ឌាត្រូវបានគេព្យាករថា នឹងធ្លាក់ចុះ។ ប៉ុន្តែ ឥណ្ឌាហាក់រំពឹងថា ខ្លួននឹងទទួលបានទំហំពាណិជ្ជកម្មដ៏ធំទាំងជាមួយសហភាពអឺរ៉ុប ទាំងជាមួយសហរដ្ឋអាម៉េរិក ហើយនៅពេលនេះ ក្រុមហ៊ុនអាម៉េរិកមួយចំនួនក៏បានផ្លាស់ប្ដូរទីតាំងផលិតពីប្រទេសចិនទៅឥណ្ឌា ហើយសម្ព័ន្ធមិត្រដ៏ជិតស្និទ្ធរបស់អាម៉េរិក គឺជប៉ុន ក៏បានប្រកាសនយោបាយផ្ដល់ជំនួយថវិកាដល់ក្រុមហ៊ុនជប៉ុនឱ្យផ្លាស់ទីតាំងផលិតចេញពីប្រទេសចិនដែរ។
ទោះយ៉ាងណា វាមិនមានការធានាច្បាស់លាស់ទេថា ក្រុមហ៊ុនអាម៉េរិកទាំងអស់នឹងផ្លាស់ទីទៅកាន់ប្រទេសឥណ្ឌានោះ ព្រោះថា ជាក់ស្តែង មកទល់ពេលនេះ មានក្រុមហ៊ុនអាម៉េរិកតិចជាង ៥% ដែលបានផ្លាស់ទៅឥណ្ឌា បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិកនិងចិន។ ដូច្នេះ វាក៏មិនធានានូវអត្រាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាទេ ដោយសារតម្រូវការពិតប្រាកដសម្រាប់ផលិតផលឥណ្ឌានៅលើទីផ្សារអន្តរជាតិ ទំនងជាមិនមានការកើនឡើងទេក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះទេ។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក ម៉ូឌី បានប្រកាសពីនយោបាយមួយឈ្មោះថា “Atmanirbhar Bharat” (ខ្លួនទីពឹងខ្លួន) រួមជាមួយកញ្ចប់ជំនួយសេដ្ឋកិច្ចដែលមានទឹកប្រាក់ ប្រមាណ ២៦០ ០០០លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីលើកទឹកចិត្តដល់ការស្ដារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
ចិនប្រាកដជាយល់ដឹងច្បាស់អំពីចេតនារបស់លោក ម៉ូឌី មួយនេះ ចំពោះការអនុវត្តគោលនយោបាយតឹងរឹងលើការវិនិយោគផ្ទាល់ពីបរទេស ជាពិសេស ពីចិន និងការងាករបស់ឥណ្ឌាទៅស្វាគមន៍ចំពោះក្រុមហ៊ុនអាម៉េរិកដែលចង់ផ្លាស់ទីពីចិនមកប្រទេសឥណ្ឌា។ ស្ថានភាពនេះ បានធ្វើឱ្យចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររបស់ប្រទេសឥណ្ឌា ខណៈដែលប្រទេសទាំងពីរមានព្រំដែនជាមួយគ្នាចម្ងាយប្រមាណ ៣ ៤០០គីឡូម៉ែត្រ។ អ្នកយុទ្ធសាស្ត្រចិនគិតថា ប្រទេសឥណ្ឌាកំពុងដើរតួជាតំណាងរបស់សហរដ្ឋអាម៉េរិកនៅក្នុងការបិទផ្លូវនេះ។
ដើមឡើយ ប្រទេសចិនយល់ថា បញ្ហានេះជាបញ្ហានយោបាយនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបន្ទាប់ពីហេតុការណ៍ផ្សេងៗទៀតបានកើតជាបន្តបន្ទាប់ រួមមាន ការផ្លាស់ប្តូរគោលនយោបាយលើបញ្ហាកោះតៃវ៉ាន់, ការរឹតត្បិតការវិនិយោគរបស់ចិននៅឥណ្ឌា, ការគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធថ្មីរបស់អង្គការសុខភាពពិភពលោក, ការគាំទ្រដល់ការស៊ើបអង្កេតអន្តរជាតិអំពីដើមកំណើតនៃការផ្ទុះឡើងជំងឺកូវីដ-១៩, ការចូលរួមពេញលេញវេទិកា Quad (The Quadrilateral Security Dialogue - QSD, also known as the Quad) និងកិច្ចព្រមព្រៀងការពារជាតិជាមួយប្រទេសអូស្រ្តាលី ជាហេតុនាំឱ្យចិនកាន់តែមានការសង្ស័យកាន់តែខ្លាំងឡើងចំពោះ «យុទ្ធសាស្រ្តថ្មីចំពោះចិន» របស់ឥណ្ឌា។
អ្នកជំនាញនយោបាយជាច្រើនមើលឃើញថា ម៉ូឌី បានផ្លាស់ប្តូរគំនិតរបស់គាត់ ដោយបោះបង់ចោលភាពជាដៃគូជាមួយចិន និងចង់បន្ថែមជំហានរបស់ឥណ្ឌាចូលទៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលចិនកំពុងមានឥទ្ធិពល។ «យុទ្ធសាស្ត្រថ្មីចំពោះចិន» របស់ឥណ្ឌា ត្រូវបានគេមើលឃើញថា ឥណ្ឌានឹងមានការចំណាយខ្ពស់ជាមិនខាន ហើយថា ការមិនយកចិត្តទុកដាក់លើមេរៀនពីសង្គ្រាមចិន-ឥណ្ឌាឆ្នាំ១៩៦២ អាចនឹងដឹកនាំប្រទេសឱ្យស្ថិតលើផ្លូវគ្រោះមហន្តរាយ។
ទោះយ៉ាងណាក៏ដោយ ក៏ក្រៅអំពីហេតុផលខាងសេដ្ឋកិច្ច ប្រទេសឥណ្ឌានៅតែជាប្រទេសមួយដែលមានសក្ដានុពលខាងអំណាចយោធាមិនអន់នោះទេ ជាមហិច្ឆតា ឥណ្ឌាក៏មិនដែលទុកខ្លួនជាលេខ២ ហើយទុកចិនជាលេខ១ នោះដែរ។ ដូច្នេះ ការពង្រីកដែនភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ច ជាអ្វីដែលឥណ្ឌាមិនអាចមិនយកចិត្តទុកដាក់នោះទេ។ សព្វថ្ងៃទោះបីជាមិនចង់ថា ចិនលេខ១ នៅអាស៊ីទាំងសេដ្ឋកិច្ចនិងនយោបាយក៏ដោយ ក៏ក្នុងតថភាពវាដូច្នោះស្រាប់ទៅហើយ ប៉ុន្តែប្រទេសមួយដែលមានចំនួនប្រជាជនមិនតិចជាងចិន ជាមួយនឹងកម្លាំងពលកម្មវ័យក្មេងនិងប្រកបដោយសក្ដានុពលមួយនោះ មុខតែមិនសុខចិត្តនៅស្ងៀមនោះទេ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អ្នកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ត្រូវបានប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសេចក្ដីសម្រេច លេខ ០៥២ / ២០ ស.ស.រ. ស្ដីពីការប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឥស្សរជនជាន់ខ្ពស់ដែលបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ថា អ្នកស្រី ត្រឹង ងា មានឈ្មោះដើមថា ឡាយ ហ៊ុនគី កើតថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ)។ អ្នកស្រី បានចាប់អាជីពជាគ្រូបង្រៀន តាំងពីឆ្នាំ១៩៥៧ នៅខេត្តបាត់ដំបង ហើយមួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៥៨ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ដែលមានស្រុកកំណើតជាអ្នកស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម។ អ្នកស្រីឡាយ ហ៊ុនគី ក្រោយមកក៏បានផ្លាស់ឈ្មោះជាអ្នកស្រីត្រឹង ងា ។ ការផ្លាស់ឈ្មោះតាមស្វាមីនេះគឺជាការធ្វើតាមទម្លាប់បារាំងរបស់អ្នករដ្ឋការខ្មែរសម័យនោះ ។
នៅឆ្នាំ១៩៦២ អ្នកស្រី បានបន្តការសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យផ្នែកអប់រំសាស្ត្រាចារ្យ រហូតដល់ឆ្នាំ១៩៦៦ អ្នកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងក្លាយទៅជាគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ អ្នកស្រី បាននិពន្ធនិងបោះពុម្ពផ្សាយស្នាដៃសៀវភៅដ៏ល្បីមួយក្បាលក្នុងឆ្នាំ១៩៧៤ ឈ្មោះថា «អរិយធម៌ខ្មែរ» ដោយបានប្រើឈ្មោះ «អ្នកស្រី ត្រឹង ងា» ជាអ្នកនិពន្ធលើសៀវភៅ។ មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ អ្នកស្រីជានាយិកាវិទ្យាល័យនារី ភ្នំពេញ។
ក្រោយថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់អ្នកស្រី ក៏មានវាសនាមិនខុសពីប្រជាជនខ្មែរដទៃទៀតដែរ។ អ្នកស្រី និងស្វាមី ព្រមទាំងគ្រួសារ ត្រូវខ្មែរក្រហមជម្លៀសទៅភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្ដាល។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រី ឡាយ ហ៊ុនគី និងស្វាមី មិនបានកែឈ្មោះឫុលាក់ប្រវត្តិពិតដែលជាសាស្ត្រាចារ្យនៅក្នុងរបបសាធារណរដ្ឋខ្មែរឡើយ។ ក្រោយមកនៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ស្វាមីរបស់អ្នកស្រី គឺលោកត្រឹង ងា ត្រូវកម្មាភិបាលខ្មែរក្រហមម្នាក់បានមកជួបលោកត្រឹង ងា ហើយបាន«ស្នើ»ឱ្យលោកត្រឹង ងា ទៅជួយរៀបរៀងទស្សនាវដ្ដីរបស់កម្ពុជាប្រជាធិបតេយ្យ។ លោកត្រឹង ងា ត្រូវខ្មែរក្រហមបញ្ជូនមកមន្ទីរស២១ (គុកទួលស្លែង) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៧៥ និងក្រោយមកក៏ត្រូវខ្មែរក្រហមសម្លាប់លោកនៅទីនោះ។ គ្រួសារអ្នកស្រី ត្រូវខ្មែរក្រហម ជម្លៀសចេញពីភូមិជាច្រើនលើកច្រើនសា រហូតទៅដល់ភូមិចកតូច ឃុំចកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្រោយថ្ងៃរំដោះ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបានបន្តរស់នៅក្នុងស្រុកមោងឫស្សី និងស្រុកមង្គលបូរី រកស៊ីលក់ដូរគ្រាន់ចិញ្ចឹមកូនៗ។ នៅឆ្នាំ១៩៨៣ អ្នកស្រី បានបន្តអាជីពក្នុងវិស័យអប់រំ ដោយបានក្លាយជានាយិកាវិទ្យាល័យមង្គលបូរី ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ ***)។ នៅឆ្នាំ១៩៩៥ បានចូលនិវត្តន៍ពីជីវភាពក្នុងវិស័យអប់រំ។ នៅឆ្នាំ១៩៩៨ ដល់ ២០០៦ អ្នកស្រីជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ។ ក្រោយពីចូលនិវត្តន៌មក អ្នកស្រី បានចំណាយពេលវេលាភាគច្រើនរបស់អ្នកស្រីក្នុងវិស័យព្រះពុទ្ធសាសនា នៅខេត្តបន្ទាយមានជ័យ និងបានប្តូរទីលំនៅមករស់នៅជាមួយកូនប្រុសទី៣ នៅរាជធានីភ្នំពេញ នៅឆ្នាំ២០១៩ រហូតមកទល់សព្វថ្ងៃ។
សៀវភៅអរិយធម៌ខ្មែរ ដែលជាស្នាដៃរបស់អ្នកស្រី គឺជាប្រភពឯកសារដ៏ចម្បងនិងបានរួមចំណែកយ៉ាងសំខាន់សម្រាប់អ្នកសិក្សាថ្នាក់បញ្ចប់ ក៏ដូចជាអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តការសិក្សាស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។ ដោយយោងលើសមិទ្ធផល និងការចូលរួមចំណែកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់អ្នកស្រី ក្នុងផ្នែកអក្សរសាស្ត្រនិងប្រវត្តិសាស្ត្រខ្មែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចេញសេចក្ដីសម្រេច ប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនអ្នកស្រី ត្រឹង ងា ដើម្បីជាការតបស្នងចំពោះគុណបំណាច់ធំធេងរបស់អ្នកស្រីក្នុងបុព្វហេតុជាឧត្ដមប្រយោជន៍នៃសង្គមជាតិ៕
*** ខេត្តបន្ទាយមានជ័យ ត្រូវបង្កើតឡើងដោយក្រឹត្-ច្បាប់លេខ ៣២ ក្រច ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៨៧ របស់ក្រុមប្រឹក្សារដ្ឋ ស្ដីពីការបង្កើតខេត្តបន្ទាយមានជ័យ និងអនុក្រឹត្យលេខ១០ អនក្រ. ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៨៧ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ស្ដីពីការបង្កើតខេត្តបន្ទាយមានជ័យ ដោយកំណត់ព្រំប្រទល់ កាត់យកស្រុកចំនួន៥ ពីខេត្តបាត់ដំបង គឺស្រុកថ្មពួក ស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ និងកាត់យកស្រុកបន្ទាយអំពិល ពីខេត្តសៀមរាបឧត្តរមានជ័យ។ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨ ទើបប្រកាសខេត្តបន្ទាយមានជ័យផ្លូវការ។
ខាងក្រោមនេះ ជាប្រភពឯកសារនិងរូបភាពផ្សេងផ្សេងៗ របស់អ្នកស្រី ឡាយ ហ៊ុនគី (ហៅអ្នកស្រី ត្រឹង ងា)៖
(ប្រភពរូបភាព៖ http://literaturetheara.blogspot.com/2018/06/blog-post_30.html)
ដោយលោក លឹម សុវណ្ណរិទ្ធ | RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM