Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកបណ្ឌិត មាឃ បូរ៉ា បានចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្យសភាកម្ពុជាជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលដល់អាយុចូលនិវត្តន៍រហូតដល់មានការតែងតាំងប្រធានវិទ្យាស្ថានជាផ្លូវការ។ ពិធីបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំវិទ្យាស្ថានភាសាជាតិក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា។
ពិធីបានប្រព្រឹត្តទៅដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២០/១៥៨ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ និងលទ្ធផលរបស់គណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ និងលិខិតបង្គាប់ការលេខ ០១០/២០ ល.ប.ក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ស្តីពី ការសម្រេចប្រគល់ភារកិច្ចជូនលោកបណ្ឌិត មាឃ បូរ៉ា ជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសនេះ លោកបណ្ឌិត មាឃ បូរ៉ា បានឡើងថ្លែងអំណរគុណជូនចំពោះគណៈកម្មការវាយតម្លៃ និងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានបោះឆ្នោតដាក់ពិន្ទុ ដើម្បីឱ្យលោក ក្លាយជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជារហូតដល់មានការតែងតាំងជាប្រធានជាផ្លូវការ។ ចំពោះការងារដឹកនាំគ្រប់គ្រងវិទ្យាស្ថាន លោកបណ្ឌិតបានមានប្រសាសន៍ថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះរួមមាន គុណធម៌ សីលធម៌ និងសេចក្តីស្មោះត្រង់ជាចម្បង ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ និងបង្ហាញទេពកោសល្យដែលជាភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ និងគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែមជូនស្ថាប័ន និងសង្គមជាតិ។
គួរបញ្ជាក់ថា លោកបណ្ឌិត មាឃ បូរ៉ា ជាអតីតប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិ។ លោកត្រូវបានគណៈកម្មការវាយតម្លៃជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយពីលោកបណ្ឌិតបានទទួលពិន្ទុគាំទ្ររហូតដល់ទៅ ១១៦៣ពិន្ទុពីគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនិងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិទាំងអស់ជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលត្រូវដល់អាយុចូលនិវត្តន៍ កាលពីថ្ងៃ៧ ខែមេសា ឆ្នាំ២០២០។ គណៈកម្មការវាយតម្លៃបានកំណត់យកលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៧ចំណុច រួមមាន៖
១. យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាព
២. យុទ្ធសាស្រ្តគ្រប់គ្រងនិងដឹកនាំបុគ្គលិក
៣. គំនិតផ្តួចផ្តើមនិងច្នៃប្រឌិតការងារ
៤. សមត្ថភាពក្នុងការរៀបចំនិងទទួលបានគម្រោងស្រាវជ្រាវ
៥. ស្មារតីទទួលខុសត្រូវ
៦. ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អង្គភាព និង
៧. សីលធម៌។
ក្រោយពីជាប់ជាប្រធានវិទ្យាស្ថានភាសាជាតិ លោកបណ្ឌិត មាឃ បូរ៉ា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះចំនួន៦ ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ ដូចជា៖
១. សមត្ថភាព គឺចំណេះដឹងនិងចំណេះធ្វើក្នុងវិស័យឯកទេសរបស់ខ្លួន
២. ទេពកោសល្យ គឺភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ
៣. នវានុវត្តន៍ គឺគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែម
៤. សីលធម៌ គឺភាពជាពលរដ្ឋល្អក្នុងមជ្ឈដ្ឋានការងារនិងសង្គម
៥. ភាពអំណត់ គឺការតស៊ូក្រាញននៀលក្នុងការងារមិនថាលំបាកឬស្រណុក និង
៦. ភាពស្មោះត្រង់ គឺភក្តីភាពចំពោះការងារ អង្គភាព និងប្រទេសជាតិ និងគុណធម៌។
លើសពីនេះ លោកបណ្ឌិតបានប្រសាសន៍ថា លោកនឹងប្រកាន់ភ្ជាប់ជានិច្ចនូវទស្សនវិជ្ជារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាត្រីវិស័យ នោះគឺ « ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»៕
RAC Media| រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវេទិកាវិទ្យាសាស្ត្រស្តីពី ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក និងក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទប់ និងលើសពីនេះ នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាបានតាំងចិត្តរបស់ខ្លួនក្នុងការធ្វើការប្រកៀកស្មានឹងសហរដ្ឋអាម៉េរិក ផ្ដោតលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក ហើយយើងឈរជើងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើឱ្យរស់រវើកឡើងវិញ។
ឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រស្តីពី ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ខួប៧០ឆ្នាំ(១៩៥០-២០២០) ដែលបានប្រព្រឹត្តទៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានមានប្រសាសន៍ចាត់ទុកវេទិកាវិទ្យាសាស្ត្រដែលត្រូវបានរៀបចំនៅថ្ងៃនេះ គឺជាឱកាសដ៏ប្រសើរមួយដែលបង្កលទ្ធភាពឱ្យអ្នកវិទ្យាសាស្ត្រ អ្នកសិក្សាពីគោលនយោបាយនៃប្រទេសទាំងពីរ អាចជួបពិភាក្សាគ្នា បង្ហាញទស្សនៈយល់ឃើញរបស់ខ្លួន និងផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីឆ្លុះបញ្ចាំងនូវទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក ទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ នយោបាយសេដ្ឋកិច្ច និងសង្គម នាពេលអតីតកាល បច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាន៍ឡើងថា សហរដ្ឋអាម៉េរិក គឺជាដៃគូដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ទាំងក្នុងជំនួយអភិវឌ្ឍ ក៏ដូចជាក្នុងនាមជាដៃគូពាណិជ្ជកម្ម ដែលសហរដ្ឋអាម៉េរិកគឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា។ រយៈពេល៧០ឆ្នាំមកមកនេះ កម្ពុជានិងសហរដ្ឋអាម៉េរិកបានធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម កសិកម្ម បរិស្ថាន ការប្រឆាំងភេរវកម្ម កិច្ចសហប្រតិបត្តិការយោធា ការអប់រំ និងសុខាភិបាល ជាដើម។ បើយើងធៀបទៅនឹងអាយុរបស់មនុស្សឃើញថា វ័យ៧០ឆ្នាំនេះ ហាក់បង្ហាញនូវភាពចាស់ទុំនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ជាការពិតណាស់ ទំនាក់ទំនងនេះគឺមានភាពស្រដៀងគ្នាទៅនឹងទំនាក់ទំនងប្រភេទផ្សេងដែរ ដែលខ្ញុំសូមគូសបញ្ជាក់ មិនថាតែរវាងមិត្តភ័ក្ដិ រវាងក្រុមគ្រួសារ សាច់ញាតិ និងរវាងគូស្នេហ៍នោះទេ វាតែងតែមានលាយឡំគ្នានូវការឡើងនិងការធ្លាក់ចុះ។ វាមិនអាចចៀសបាននោះទេ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានប្រកាន់ខ្ជាប់នូវនយោបាយផ្កាចម្រុះពណ៌ អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងរក្សាទំនាក់ទំនងល្អក្នុងលក្ខណៈសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសជាមិត្តទាំងឡាយលើសាកលលោក។ រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ប្រកបដោយភាពកក់ក្ដៅចំពោះកិច្ចសហប្រតិបត្តិការល្អនិងជិតស្និទ្ធរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងភាពស្មើមុខស្មើមាត់គ្នា ជាដៃគូទាំងក្នុងឆាកតំបន់ និងអន្តរជាតិ ឆ្ពោះទៅកាន់ការការរីកចម្រើនជាលំដាប់នូវការកសាងទំនុកចិត្តចំពោះគ្នាទៅវិញទៅមកទាំងរវាងប្រជាជននិងប្រជាជន ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា៖«កម្ពុជាបានតាំងចិត្តរបស់ខ្លួនក្នុងការធ្វើការប្រកៀកស្មានឹងសហរដ្ឋអាម៉េរិក ផ្ដោតលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក ហើយយើងឈរជើងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើឱ្យរស់រវើកឡើងវិញ»។ ដូចមាននៅក្នុងសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនដល់ឯកឧត្ដមប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសម្ដេចបានគូសបញ្ជាក់អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរថា៖«... យើងមិនត្រូវឱ្យខ្លួនយើងក្លាយទៅជាចំណាប់ខ្មាំងនៃទំព័រខ្មៅងងឹតខ្លះនៃប្រវត្តិសាស្ត្ររបស់យើងនោះទេ ហើយមានដំណាក់កាលដ៏ស្រស់បំព្រងជាច្រើនផ្សេងទៀត ដែលមានសារៈប្រយោជន៍ ក្នុងការពូនជ្រុំសម្រាប់ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសនិងប្រជាជនយើងទាំងពីរ កាន់តែមានការរីកលូតលាស់ថែមទៀត »។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានមានប្រសាសន៍ជឿជាក់ថា ក្នុងរដ្ឋបាល ឯកឧត្ដម ដូណាល់ត្រាំ ពិសេសតាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាទ្រិក ម៉ហ្វី (W. Patrick Murphy) នឹងពូនជ្រុំទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិកឱ្យកាន់តែប្រសើរឈានឡើងបន្ថែមទៀត ហើយយើងសង្ឃឹមថា អ្នកវិនិយោគិន និងអ្នកទេសចរណ៍សហរដ្ឋអាម៉េរិកនឹងមកបណ្តាក់ទុនវិនិយោគ និងមកលេងកម្ពុជាកាន់តែច្រើននាពេលអនាគតឆាប់ៗខាងមុខនេះ៕
RAC Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាបានរៀបចំវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទាប់ និងលើសពីនេះ ដើម្បីរួមចំណែកលើកកម្ពស់ការយោគយល់គ្នាតាមរយៈការយល់ឃើញដ៏ត្រឹមត្រូវពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនាំមកនូវទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រទេសទាំងពីរ។
វេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទាប់ និងលើសពីនេះបានប្រព្រឹត្តទៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍សំដែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិកាប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក ក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទប់ និងលើសពីនេះ» ដែលសហការរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកនេះ។
ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះឯកឧត្តម ប៉ាទ្រិក ម៉ហ្វី(W. Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាពិសេស វាគ្មិនជាតិ និងវាគ្មិនអន្តរជាតិ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចូលរួមនៅក្នុងវេទិកាវិទ្យាសាស្ត្រដ៏មានសារៈសំខាន់នាពេលនេះ។
ឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ចាត់ទុកវេទិកាវិទ្យាសាស្ត្រឆ្នាំនេះជាឆ្នាំពិសេសជាងឆ្នាំណាៗទាំងអស់ ដែលរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំវេទិកាវិទ្យាសាស្ត្រនេះឡើង ដើម្បីអបអរខួប៧០ឆ្នាំនៃទំនាកទំនងកម្ពុជា-សហរដ្ឋអាម៉េរិក។ ក្រៅតែអំពីការអបអរសាទរខួបនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ វេទិកាវិទ្យាសាស្ត្រនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖(១).ប្រមូលផ្តុំទស្សនៈ បទពិសោធន៍ យុទ្ធសាស្ត្រ និងអនុសាសន៍នានា ដើម្បីលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក ប្រកបដោយសន្តិភាព ភាពសុខដុមរមនា និងវិបុលភាព, (២).ផ្លាស់ប្តូរនូវការយល់ឃើញរបស់អ្នកវិទ្យាសាស្ត្រ ដើម្បីស្វែងរកផ្លូវរួមមួយក្នុងការបើកទូលាយទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក, (៣).ជំរុញអន្តរកម្មប្រកបដោយការស្ថាបនា រវាងអ្នកស្រាវជ្រាវ ដែលមានវត្តមានក្នុងវេទិកានេះ, (៤)កសាងស្ពានដ៏មានប្រសិទ្ធភាពដែលយើងបានរួមដំណើរទាំងក្តៅទាំងត្រជាក់អសរយៈពេលជាង៧០ឆ្នាំមកហើយនេះ, (៥)រួមសុខទុក្ខជាមួយគ្នានៅពេលអនាគតខាងមុខដើម្បីត្រៀមការពារនិងទប់ស្កាត់កូវីដ-១៩ និង(៦)មិនលូកដៃចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។
ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា ឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក បានឈានដល់របត់ថ្មីមួយក្នុងប្រវត្តិសាស្ត្រ។ ចំណុចរបត់នេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈសារលិខិតរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ផ្ញើជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសរបញ្ជាក់ឱ្យឃើញថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានឆន្ទៈក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពល្អប្រសើរឡើងឈានទៅរកចំណុចរួម។ ទន្ទឹមនឹងនេះ បេសកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាទ្រិក ម៉ហ្វី (W. Patrick Murphy) បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកមានការវិត្តិជាវិជ្ជមានដោយឈរលើមូលដ្ឋានដែលមានស្រាប់ ដើម្បីបោះជំហានទៅរកកិច្ចសហការគ្នាលើចំណុចផ្សេងៗទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា៖«ទោះបីយើងមានព្រំដែនឆ្ងាយគ្នា មានភាសាផ្សេងគ្នា និងមានពណ៌សម្បុរខុសគ្នាក៏ពិតមែន តែអ្វីដែលដូចគ្នានោះ គឺយើងមានស្នាមញញឹមដូចគ្នា ស្រឡាញ់សន្តិភាពដូចគ្នា ស្រូបយកខ្យល់អុកស៊ីសែនដូចគ្នា ទទួលទានទឹកដូចគ្នា មានសេចក្តីស្រឡាញ់គ្មានដែនកំណត់ និងមានបំណងដូចគ្នា គឺកសាងទំនាក់ទំនងល្អជាមួយគ្នា។ ទាំងអស់នេះហើយ ដែលធ្វើឱ្យទំនាក់ទំនង នៃប្រទេសយើងទាំងពីរ មិនអាចកាត់ផ្តាច់បាន ជាពិសេស សម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ដែលទ្រង់បានបង្កើតឱ្យមានទំនាក់ទំនង យ៉ាងល្អប្រសើរជាមួយសហរដ្ឋអាម៉េរិក ហើយបានបន្តមកទៀតនេះគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើង»។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានរម្លឹកថា បើយើងងាកទៅមើលប្រវត្តិសាស្ត្រក្នុងចន្លោះឆ្នាំ១៩៥៥ ដល់១៩៦៣ សហរដ្ឋអាម៉េរិក បានផ្តល់ជំនួយឧបត្ថម្ភផ្នែកសេដ្ឋកិច្ចចំនួន ៤០៩,៦ លានដុល្លារ និង៣៨,៧ លានដុល្លារផ្សេងទៀតជាជំនួយលើផ្នែកយោធា។ ជំនួយដ៏ច្រើនបែបនេះ ត្រូវបានយកទៅប្រើប្រាស់ដើម្បីជួសជុលការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដែលបណ្តាលមកពីសង្គ្រាមឥណ្ឌូចិនលើកទី១ និងជួយពង្រឹងកម្លាំងសន្តិសុខផ្ទៃក្នុង ស្ថាបនាសំណង់ធំៗ ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម។ ជាក់ស្តែង ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅទៅកំពង់ផែក្រុងព្រះសីហនុ ដែលមានចម្ងាយ២១៤គីឡូម៉ែត ដើម្បីបើកច្រកប្រទេសកម្ពុជាទៅកំពង់ផែទឹកជ្រៅ បានសម្ពោធនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៥៤។
ឯកឧត្តមបណ្ឌិតសភាចារ្យជឿជាក់ថា អ្នកចូលរួមទាំងអស់គ្នាប្រាកដជានៅចាំបាន កាលពីឆ្នាំ១៩៦៧ ដែលលោកជំទាវ ចន ខេននើរឌី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបង្ហាញពីទំនាក់ទំនងគួជាទីមោទនៈ។ ហើយផ្លូវមួយខ្សែទៀតដែលសហរដ្ឋអាម៉េរិក បានជួយក៏សាងនៅក្នុងក្រុងកំពង់សោម ខ្ញុំគិតថា នៅមានមនុស្សតិចណាស់ដែលនៅចាំនិងស្គាល់ផ្លូវនោះ បើតាមកាសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺ ផ្លូវលេខ៤០០ ពីចំណុចរង្វង់មូលតោ ទៅភ្នំ៣៩។
បើតាមប្រវត្តិសាស្ត្រ ក្នុងកម្រិតនយោបាយ ឯកឧត្តមបណ្ឌិតសភាចារ្យឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយអំណរ ប៉ុន្តែ ដើម្បីឱ្យទំនាក់ទំនងនេះ កាន់តែមានភាពល្អប្រសើរឡើងស្របតាមបរិការណ៍បច្ចុប្បន្ននេះ វាទាមទារឱ្យយើងដែលជាអ្នកវិទ្យាសាស្ត្រ អង្គុយតុជាមួយគ្នា ដើម្បីជជែកពិភាក្សាដោយលើកយកបញ្ហាប្រឈមនានាដែលមានពីមុនមក និងកំពុងមានយកមកបកស្រាយ និងស្វែងរកដំណោះស្រាយ សមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាស្ពានទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក។
ក្នុងន័យនេះឯកឧត្តមបណ្ឌិតសភាចារ្យបានយល់ឃើញថា វេទិកាបែបនេះ គួរត្រូវបានរៀបចំឡើងឱ្យបានញឹកញាប់ និងមានការចូលរួមឱ្យបានទូលំទូលាយជាងនេះ ដើម្បីរួមចំណែកលើកកម្ពស់ការយោគយល់គ្នាតាមរយៈការយល់ឃើញដ៏ត្រឹមត្រូវពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនាំមកនូវទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននិងប្រទេសទាំងពីរ។
ជាទីបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យជឿជាក់ថា វេទិកាដែលយើងកំពុងរៀបចំថ្ងៃនេះ ជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ មិនត្រឹមតែរួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើរតួនាទីជាឧបករណ៍ការទូតសាធារណៈដ៏សំខាន់ ក្នុងការនាំសារសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរកាន់តែប្រសើរឡើងថែមទៀតផងដែរ។ ជាងនេះទៅទៀត ខ្ញុំសង្ឃឹមនិងជឿជាក់ថា ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ ក៏ដូចជាការសិក្សាស្រាវជ្រាវនិងចងក្រងស្នាដៃដទៃទៀត សម្រាប់អ្នកសិក្សាស្រាវជ្រាវនានា៕
RAC Media | រឿន ភារុន
កាលពីរសៀលថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៥ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
កាលពីរសៀលថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា ដោយអនុម័តពាក្យបានចំនួន៥ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
កាលពីព្រឹក ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំស្ដីពីការរៀបចំជំនួបពិភាក្សាស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើ អក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ»។ នៅក្នុងជំនួបពិភាក្សានេះ មានក្រសួងចំនួន១០បានចូល រួមដើម្បីពិភាក្សាលើគោលការណ៍បណ្ដោះអាសន្នក្នុងការសរសេរអក្សរខ្មែរជាអក្សរឡាតាំង។
នៅក្នុងជំនួបលើកទី១នេះ សមាជិកទាំងអស់បានពិភាក្សាលើតារាងស្រៈដែលមាននៅក្នុង គោលការណ៍បណ្ដោះអាសន្នក្នុងការសរសេរអក្សរខ្មែរជាអក្សរឡាតាំង ដោយសមាជិកទាំងអស់បាន ពិភាក្សាបញ្ហាចំនួនពីរ៖
១- ពិចារណាអំពីសញ្ញាវណ្ណយុត្តចំនួនបីគឺ ទី១ «accent aigu» ប្រើសញ្ញា «’» ទី២ «accent grave» ប្រើសញ្ញា «`» និងទី៣«accent circonflexe» ប្រើសញ្ញា«^» ថាតើត្រូវរក្សាទុកឬលុបចេញ។
២-ពិចារណាអំពីការផ្គុំអក្សរឡាតាំងដើម្បីកត់សូរស្រៈខ្មែរ។
ក្រោយពីកិច្ចពិភាក្សាពីបញ្ហាទាំងពីរនេះចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបានទុកលទ្ធភាពឱ្យសាមីក្រសួងនីមួយៗយកទៅពិចារណា ដើម្បីយកលទ្ធផលមកពិភាក្សានៅជំនួបលើក ក្រោយទៀត។
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
ភ្នំពេញ៖ នាវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន ដែលបានទទួលមរណភាពដោយជរាពាធ កាលពីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។
អមអំណើរក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន រួមមាន ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ឯកឧត្ដមបណ្ឌិត ខែក វីរៈ នាយកខុទ្ធកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនទៀត។
ថ្លែងក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនិងនាំយកនូវកម្រងផ្កាទៅជូនសពព្រឹទ្ធាចារ្យ ឡោ សាន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍សម្ដែងនូវសមានចិត្តសោកស្ដាយចំពោះការបាត់បង់ នូវព្រឹទ្ធាចារ្យដែលបានចូលរួមចំណែកនិងលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាយ៉ាងធំធេងក្នុងវិស័យវប្បធម៌ និងសិល្បៈនាពេលកន្លងមក។ ការបាត់បង់លោកព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានប្រកបដោយសមត្ថភាពនិងពោរពេញដោយបទពិសោធរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។ ទោះជាយ៉ាងណា ស្នាដៃ និងគុណបំបាច់របស់លោកព្រឹទ្ធាចារ្យ នឹងនៅតែបន្តដក់ជាប់នៅក្នុងការចងចាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា និងសិស្ស និស្សិតដែលធ្លាប់ទទួលការបណ្ដុះបណ្ដាលពីលោកព្រឹទ្ធាចារ្យនាពេលកន្លងមក។
សូមជម្រាបថា លោកព្រឹទ្ធាចារ្យ ឡោ សាន គឺជាអតីតសាស្ត្រាចារ្យនៃសាលាភូមិន្ទវិចិត្រសិល្បៈ និងក្រោយចូលនិវត្តន៍ លោកព្រឹទ្ធាចារ្យបានចូលរួមនិងជួយជំរុញការងារក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈនៅរាជបណ្ឌិត្យសភាកម្ពុជា តាំងពីឆ្នាំ២០០២មកម្ល៉េះ។ ក្នុងអំឡុងពេលដែលលោកព្រឹទ្ធាចារ្យចូលរួមចែករំលែកបទពិសោធ និងចំណេះដឹង ក៏ដូចជាការបំពេញការងារក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈនៅរាជបណ្ឌិត្យសភាកម្ពុជា លោកព្រឹទ្ធាចារ្យបានបង្កើតនិងចែករំលែកនូវស្នាដៃនិងចំណេះដឹងជាច្រើនក្នុងវិស័យនេះដល់សហការី និងជាពិសេសទៅទៀត លោកព្រឹទ្ធាចារ្យបានចូលរួមបណ្ដុះបណ្ដាលនូវធនធានមនុស្សដែលប្រកបដោយចំណេះដឹង និងសមត្ថភាពជាបន្តបន្ទាប់ ដើម្បីផ្ទេរ ថែរក្សា និងបង្កើតនូវវប្បធម៌បន្តវេននូវចំណេះដឹងអំពីវប្បធម៌ និងសិល្បៈដែលលោកព្រឹទ្ធាចារ្យមាន ទៅកាន់មនុស្សជំនាន់ក្រោយឱ្យជួយថែរក្សា ការពារ និងបន្តការសិក្សាស្រាវជ្រាវជាបន្តទៀត។
សពលោកព្រឹទ្ធាចារ្យ ឡោ សាន ត្រូវបានដង្ហែរពីចេញគេហដ្ឋានរបស់លោកនៅវេលាម៉ោង១២:៣០នាទី ថ្ងៃត្រង់ ថ្ងៃអង្គារ៍ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ទៅកាន់វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដំណឹងល្អនេះ បានផ្សព្វផ្សាយភ្លាមៗនៅទូទាំង ប្រទេសតាមរយៈបណ្ដាញទូរទស្សន៍ CTN។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស បានសម្ដែងនូវក្ដីរំភើប និងសប្បាយរីករាយយ៉ាងក្រៃលែង។ គ្រប់វត្ដអារ៉ាមបានទូងស្គរ ដើម្បីអបអរសាទរផងដែរ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្ដែងការអបអរសាទរ ចំពោះការចុះ ប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ក្នុងសារមួយផ្ញើ ជូនជនរួមជាតិ នៅថ្ងៃអង្គារ ទី ០៨ កក្កដា ឆ្នាំ ២០០៨ គឺមួយថ្ងៃបន្ទាប់ពីអង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហារជាទីសក្ការៈរបស់ខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្ដេច បានចាត់ទុកការចុះបញ្ជីនេះថា គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជា។
សម្ដេច បានបន្ដថា នេះជាបេតិកភណ្ឌខ្មែរទី៤ហើយ ដែលត្រូវបានទទួលលក្ខន្ដិកៈដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្នូរនេះ បន្ទាប់ពីប្រាសាទអង្គរវត្ដ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដូចគ្នាដែរ នៅឆ្នាំ១៩៩២ របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅ ឆ្នាំ២០០៣ និងល្ខោនស្បែកធំ នៅឆ្នាំ២០០៥ កន្លងទៅ។
នៅក្នុងសន្និសីទកាសែត នាទីស្ដីការក្រសួងការបរទេស ឯណោះវិញនៅព្រឹកថ្ងៃអង្គារនោះដែរ ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានបង្ហាញនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំង។ ឯកឧត្ដម បានថ្លែងថា “នេះជាជោគជ័យមួយរបស់រាជរដ្ឋាភិបាល។ ប៉ុន្ដែ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺថា វាជាជោគជ័យនៃអារ្យធម៌ខ្មែរ”។
ក្រុមនិស្សិត និងប្រជាពលរដ្ឋនៅក្រុងភ្នំពេញ បានគ្រវីទង់ជាតិកម្ពុជានៅតាមវិថីនានា ដើម្បីអបអរការបញ្ចូលប្រា សាទព្រះវិហារជាទីសក្ការៈទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពួកគេបានចាត់ទុកថា វាជាថ្ងៃសប្បាយសម្រាប់ប្រទេសកម្ពុជា។
ស្របពេលដែលរាជធានីភ្នំពេញ កំពុងតែប្រារឰពិធីអបអរសាទរយ៉ាងសប្បាយរីករាយ ចំពោះការបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ផ្ទៃមេឃនៅព្រឹកថ្ងៃអង្គារស្រទំមិនមានកម្ដៅក្ដៅឡើយ ដោយគេសង្កេតឃើញមានថ្ងៃបាំងឆត្រកើតមាន ខណៈពេលមានការចាក់ផ្សាយសាររបស់សម្តេចនាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជា។ កាសែតកោះសន្ដិភាព បានសរសេរថា ថ្ងៃបាំងឆត្រនោះបានរះមូលក្រឡង់ និងច្បាស់ក្រឡែត នៅ ពេលដែលប្រជាជនទូទាំងក្រុងភ្នំពេញ កំពុងតែប្រារឰពិធីអបអរសាទរនៅគ្រប់ទីកន្លែង។ មតិខ្លះគិត ថា នេះគឺជាមហិទ្ធិឫទ្ធិរបស់ប្រាសាទព្រះវិហារ បញ្ចេញឫទ្ធិអំណាច ដែលជាដួងព្រលឹងជាតិយ៉ាងពិតប្រាកដ។ ក្រៅពីពេលព្រឹកដែលមានថ្ងៃបាំងឆត្រនោះ នៅពេលរសៀល ក៏មានភ្លៀង មួយមេធំបានធ្លាក់ស្រោចស្រពមកលើទីក្រុងភ្នំពេញផង ដែរ ហាក់ដូចជាព្រះភិរុណ បានចូលរួមអបអរសាទរការបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភព លោកជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ភ្លៀងបានធ្លាក់រហូតដល់ពេលយប់ ខណៈដែលមានការប្រគុំតន្ដ្រីនៅរមណីយដ្ឋានវត្ដភ្នំ ដែលសាលាក្រុងភ្នំពេញបានរៀបចំឡើង ដើម្បីអបអរសាទរព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រនេះ។
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៨ ប្រទេសកម្ពុជាបាន រៀបចំពិធីទទួលពិធីស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈ ប្រតិភូអញ្ជើញមកពីចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ លើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា ដែលដឹក នាំដោយឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។
មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៨ ទាហានឈុតខ្មៅសៀមបានសម្រុកចូលមកក្នុងទឹកដីខ្មែរដោយចូលមកនៅក្នុង “វត្ដកែវសិក្ខាគីរីស្វារៈ” ហៅ “វត្ដ ប្រាសាទ”។ ការលើកទ័ពចូលក្នុងវត្ដ ដែលជាទឹកដីខ្មែរនេះ គឺ ជាការឈ្លានពានមកលើអធិបតេយ្យភាពរបស់ខ្មែរ និងបង្កឱ្យមានភាពតានតឹងនៅតំបន់ជុំវិញប្រាសាទព្រះវិហារ។
អំពើឈ្លានពានដ៏កម្រោលនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានការឈឺចាប់យ៉ាងខ្លាំង និងបានថ្កោលទោសយ៉ាងពេញទំហឹង។ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០០៨ នោះ ប៉ុន្មានម៉ោងក្រោយការរំលោភបំពានរបស់ទាហានឈុតខ្មៅ សៀមមក លើអធិបតេយ្យភាពរបស់កម្ពុជា វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា បានចេញចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានចាត់ទុកសកម្មភាពរបស់ទាហានឈុតខ្មៅសៀម រំលោភយ៉ាងធ្ងន់ធ្ងរចំពោះ អធិបតេយ្យភាព និង បូរណភាពដែនដីស្របច្បាប់របស់ព្រះរាជាចក្រកម្ពុជា ក៏ដូចជាច្បាប់អន្ដរជាតិ ហើយក៏ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជាតិកម្ពុជា។
ទាហានឈុតខ្មៅថៃមិនត្រឹមតែមិនបានដកថយចេញពីវត្ដ កែវសិក្ខាគិរីស្វារៈប៉ុណ្ណោះទេ ថែមទាំងលើកទ័ពជាច្រើនចូលមក បន្ថែមជាបន្ដបន្ទាប់ និងបានប្រកាសជាឯកត្ដោភាគីថា វត្ដកែវ សិក្ខាគិរីស្វារៈ និងតំបន់ជុំវិញជាទឹកដីរបស់ខ្លួនទៀតផង។ ទោះ ជាយ៉ាងណាក្ដី ពុំមានការផ្ទុះអាវុធណាមួយនោះទេ ហើយដំណោះស្រាយជាច្រើន ត្រូវបានធ្វើឡើងតាមការចរចាក្នុងក្របខណ្ឌទ្វេភាគី តែមិនសូវបានលទ្ធផលជាដុំកំភួននោះទេ ហើយសភាពការណ៍ ក៏មិនបានវិលត្រឡប់ដូចមុនថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨នៅឡើយ គឺមានតែការចរចាម្ដងហើយម្ដងៀតតែប៉ុណ្ណោះ...! រាជរដ្ឋាភិបាលយល់ឃើញថា គ្មានដំណោះស្រាយអ្វីប្រសើរជាងការចរចាគ្នានោះទេ ប៉ុន្តែដំណើរការចរចាមានល្បឿនដូចរ៉ូឡូកិនថ្នល់ ។ ទីបំផុតការប្រយុទ្ធគ្នារវាងវីរកងទ័ពស្នេហាជាតិ និងទាហានឈ្លានពានសៀម បានផ្ទុះឡើងជាបន្តបន្ទាប់ដោយ ជៀសមិនរួច៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM