Royal Academy of Cambodia
ថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាគ្នា ដើម្បីសិក្សាពីលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជ្រាវនៃប្រទេសទាំងពីរ។
នៅក្នុងជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តទៅក្នុងស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានឯកភាពលើការជំរុញកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជ្រាវនៃប្រទេសទាំងពីរ។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media| រឿន ភារុន
កាលពីរសៀលថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៣ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
កាលពីរសៀលថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ: កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន៥ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជាបើកបេះដូងទូលាយចំពោះអ្នកមានសមត្ថភាពពីគ្រប់ទិសទី នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាសភាចារ្យ សុខ ទូច បានគូសបញ្ជាក់បន្ថែមថា អ្នកប្រាជ្ញរបស់កម្ពុជាត្រូវតែរួមគ្នាគិត និងស្រាវជ្រាវ ដើម្បីស្វែងរកធាតុចូលជូនដល់រាជរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ ក្នុងការកំណត់ចក្ខុវិស័យ និងរៀបចំផែនទីសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។ ឯកឧត្ដមបានបន្តថា ការចុះអនុស្សរណៈនាថ្ងៃនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបី ក្នុងការចងក្រងឯកសារលើគ្រប់វិស័យ ពិសេសបានឆ្លុះបញ្ចាំងអំពីទស្សនៈ «ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយក្រមសីលធម៌»។
ពិធីចុះអនុស្សរណៈនាព្រឹកនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១០:៥០នាទីព្រឹកថ្ងៃដដែល ប្រកដបដោយបរិយាកាសរីករាយ និងភាតរភាព៕
RAC Media| លឹម សុវណ្ណារិទ្ធ
នៅថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សន ពៅ អនុប្រធាន ក្រុមប្រឹក្សាជាតិភាសាខ្មែរបានបើកកិច្ចប្រជុំស្ដីពីការរៀបចំជំនួបពិភាក្សាស្ដីពី «បទពិសោធនិងបញ្ហា គោលការណ៍ក្នុងការប្រើអក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ»។ នៅក្នុងជំនួបពិភាក្សានេះ មានក្រសួងចំនួន១០បានចូលរួមដើម្បីពិភាក្សាលើគោលការណ៍បណ្ដោះអាសន្នក្នុងការសរសេរ អក្សរខ្មែរជាអក្សរឡាតាំង។
នៅក្នុងជំនួបលើកទី៣នេះ សមាជិកទាំងអស់បានពិភាក្សាលើតារាងស្រៈដែលមាននៅក្នុង គោលការណ៍បណ្ដោះអាសន្នក្នុងការសរសេរអក្សរខ្មែរជាអក្សរឡាតាំង ហើយសមាជិកទាំងអស់បាន ឯកភាពលើតារាងស្រៈដែលបានស្នើដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ។
RACMedia
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
ឯកឧត្តមទេសរដ្ឋមន្រ្តីបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៨ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ប្រោសព្រះរាជទានគោរមងារជា កិត្តិនីតិកោសលបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការក្រាបបង្គំថ្វាយសុំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិត្តិនីតិកោសលបណ្ឌិត គឺជាគោរមងារកិត្តិសដ៏ឧត្តុង្គឧត្តមនៃរាជបណ្ឌិត្យសភាកម្ពុជា។ បុគ្គលដែលទទួលបានគោរមងារនេះ គឺជាវរជនខ្មែរដែលបានធ្វើការបម្រើជាតិចាប់ពី៣០ឆ្នាំឡើង ហើយមានគុណបំណាច់ និងស្នាដៃចំពោះប្រទេសជាតិលើវស័យច្បាប់ យុត្តិធម៌ និងតុលាការ។ គោរមងារនេះត្រូវតែងតាំងដោយព្រះរាជក្រឹត្យ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានឥស្សជនសរុប ៤នាក់ដែលទទួលបានគោរមងារជាកិត្តិនីតិកោសលបណ្ឌិត។ ឥស្សរជន៣នាក់ទៀត ដែលទទួលបានគោរមងារជាកិត្តិនីតិកោលសលបណ្ឌិត នាពេលកន្លងមក គឺ១. ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី២. ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មន្ទី ប្រធានតុលាការកំពូល ៣. ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា តំណាងរាស្រ្ត៕
RAC Media | រឿន ភារុន
នៅថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងជាប្រធានគម្រោង «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» បានទទួលឯកសាររូបថតចម្លាក់លើថែវទាំងអស់ (ថែវខាងក្នុង និង ខាងក្រៅ) នៅប្រាសាទបាយ័នដែលបានថតដោយអ្នកជំនាញជប៉ុន និង អាជ្ញាធរជាតិអប្សរា ពីលោកបណ្ឌិត ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា។
បន្ទាប់ពីទទួលបានការឯកភាពពីឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ក្នុងការផ្ដល់ឯកសាររូបថតចម្លាក់លើថែវទាំងអស់ នៅប្រាសាទបាយ័ន លោកបណ្ឌិត ទិន ទីណា បានរៀបចំឯកសាររូបថតដាក់ជាបណ្ដុំតាមថែវខាងក្នុង និង ថែវខាងក្រៅ។ ចំណែកនៅតាមថែវនិមួយៗ លោកបណ្ឌិត ទិន ទីណា ក៏បានរៀបចំជាបណ្ដុំតាមទិស និង ស្លាបនៃថែវ។ ការរៀបចំបែបនេះជួយសម្រួលដល់ការបែងចែង និង សិក្សាតាមផ្នែកនិមួយៗ។
លោកបណ្ឌិត ផុន កសិកា ក៏បានជម្រាបដល់លោកបណ្ឌិត ទិន ទីណា ដែរថា បន្ទាប់ពីទទួលបានរូបថតទាំងអស់នេះហើយ ហើយនៅពេលរាជបណ្ឌិត្យសភាកម្ពុជាយករូបថតទៅប្រើប្រាស់ជាឯកសារបោះពុម្ពផ្សាយ រាជបណ្ឌិត្យសភាកម្ពុជានឹងរក្សាសិទ្ធិជូនដល់អាជ្ញាធរជាតិអប្សរា និង Japan-Apsara for Safeguarding Angkor។
បន្ទាប់ពីចុះហត្ថលេខាទទួលរូបថត លោកបណ្ឌិត ផុន កសិកា បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ជាពិសេស ឯកឧត្តមបណ្ឌិត ហង់ ពៅ ដែលបានជួយសម្របសម្រួលអនុញ្ញាតឱ្យក្រុមការងារស្រាវជ្រាវគម្រោងស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៅក្នុងតំបន់អង្គរ ខេត្តសៀមរាប និងបានអនុញ្ញាតឱ្យក្រុមស្រាវជ្រាវផលិតបទយកការណ៍ តាមរយៈទូរទស្សន៍ PNN ព្រមទាំងផ្ដល់រូបថតនៅតាមថែវប្រាសាទបាយ័នថែមទៀត។ ទង្វើនេះស្ដែងឱ្យឃើញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិតអគ្គនាយក ក្នុងកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដែលជាការចូលរួមចំណែកការពារ ថែរក្សា អភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ផុន កសិកា ក៏បានថ្លែងអំណរគុណចំពោះលោកបណ្ឌិត ទិន ទីណា, លោក អ៊ឹម សុខរិទ្ធី និង លោក ឡេង សត្យា ដែលបានចូលរួមសហការជាមួយក្រុមការងារស្រាវជ្រាវគម្រោង «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៃរាជបណ្ឌិត្យសភាកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ទិន ទីណា បានបង្ហាញសមុច្ច័យបុរាណវត្ថុដែលប្រមូលបានពីកំណាយស្រាវជ្រាវនៅស្ថានីយបុរាណនានាក្នុងតំបន់អង្គរ មានដូចជា កុលាលភាជន៍ បុរាណវត្ថុធ្វើពីថ្ម វត្ថុធ្វើពីដែកមួយចំនួនទៀត។
RAC Media | កញ្ញា តាកេត ស័កដា
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងបញ្ញាជនរបស់ជាតិ ចំនួន ១៣រូប ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំ២០២០នេះ ដោយអនុក្រឹត្យលេខ ៦៥៧ អនក្រ.តត ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ដីពី «ការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា»។
សរុបមកទល់បច្ចុប្បន្ន សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា មានចំនួន សរុប ២៨នាក់ (សមាជិកបម្រុង ទទួលបានការតែងតាំងឆ្នាំ២០១៦ ចំនួន ៦រូប, ឆ្នាំ២០១៨ ចំនួន ៩រូប និងនៅឆ្នាំ២០២០ ចំនួន ១៣រូប)។
សូមបញ្ជាក់ថា បញ្ញាជន មានសញ្ញាបត្រថ្នាក់បណ្ឌិត រយៈពេលលើសពី១០ឆ្នាំ មានស្នាដៃឆ្នើមក្នុងការងារសិក្សាស្រាវជ្រាវ មានក្រមសីលធម៌វីជ្ជាជីវៈល្អ និងកំពុងធ្វើការងារលើជំនាញរបស់ខ្លួន(ចាប់ពី១០ឆ្នាំឡើង) អាចស្នើសុំដាក់ពាក្យស្នើសុំចូលជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។ រាជបណ្ឌិត្យសភាកម្ពុជា នឹងជូនដំណឹងដល់សាធារណជន នៅពេលមានធ្វើការជ្រើសរើសសមាជិកបណ្ឌិតសភា នៅឆ្នាំបន្តបន្ទាប់។
សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្មីទាំង១៣រូប មានបង្ហាញដូចក្នុងអនុក្រឹត្យតែងតាំងខាងក្រោម៖
ឯកសារ៖ លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media
កាលពីឆ្នាំ២០១៩ សហរដ្ឋអាម៉េរិកនិងរុស្ស៊ីមានសកម្មភាពតិចតួចប៉ុណ្ណោះក្នុងការធ្វើឱ្យមានវឌ្ឍនភាពស្តីពីការគ្រប់គ្រងអាវុធយុទ្ធសាស្រ្ត។ ផ្ទុយទៅវិញ មានបញ្ហាជាច្រើនបណ្តាលឱ្យមានការលុបចោលនូវកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីនៅក្នុងតំបន់នេះ។ លើសពីនេះទៅទៀត និន្នាការអវិជ្ជមានមើលទៅទំនងជានៅតែបន្ត។ កាលពីខែសីហា ឆ្នាំ ២០១៩ សហរដ្ឋអាម៉េរិកបានដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (Intermediate-Range Nuclear Forces Treaty-INF) បន្ទាប់ពីមានការអះអាងម្ដងហើយម្ដងទៀតថា ប្រទេសរុស្ស៊ីបានរំលោភបំពានសន្ធិសញ្ញានេះ ខណៈដែលអាចមានការព្យាករដែរថា រុស្ស៊ីក៏នឹងអះអាងថា អាម៉េរិកបានរំលោភបំពានសន្ធិសញ្ញានេះ និងថានឹងដកខ្លួនចេញពីសន្ធិសញ្ញានេះដែរ។ នៅឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិកបានបង្ហាញរួចហើយថា ខ្លួននឹងវាយតម្លៃឡើងវិញ អំពីការចូលរួមរបស់ខ្លួនជាមួយនឹងសន្ធិសញ្ញាបើកចំហជើងមេឃ(OST)នេះ។ រហូតមកដល់ពេលនេះ មានតែការគ្រប់គ្រងអាវុធយុទ្ធសាស្រ្តប៉ុណ្ណោះ។
តើសន្ធិសញ្ញា New START មានន័យយ៉ាងដូចម្តេច?
សន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រ ឬជាភាសាអង់គ្លេសហៅថា “Strategic Arms Reduction Treaty” ដែលគេនិយមហៅកាត់ជាភាសាអង់គ្លេសថា “New START” ចូលជាធរមាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១១ និងបានដាក់កម្រិតលើការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិកនិងរុស្ស៊ី (ដល់ ១៥៥០ គ្រាប់) មីស៊ីលបាលីស្ទីកឆ្លងទ្វីប (ដល់ ៧០០ គ្រាប់) មីស៊ីលបាលីស្ទីកបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ និងរួមបញ្ចូលទាំងយន្តការផ្ទៀងផ្ទាត់ទៀតផង។
ទោះបីជាសន្ធិសញ្ញានេះផុតកំណត់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ដោយ ក៏កិច្ចព្រមព្រៀងនេះអាចត្រូវបានបន្តរយៈពេល៥ឆ្នាំទៀត ស្របពេលដែលប្រទេសរុស្ស៊ីបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបន្តសន្ធិសញ្ញានេះ តែសហរដ្ឋអា ម៉េរិកហាក់ដូចជាមិនចង់។ ការបន្តរយៈពេលនេះ មិនត្រឹមតែផ្តល់នូវស្ថិរភាពនិងសន្តិសុខដល់ពិភពលោកប៉ុណ្ណោះទេ វាក៏នឹងរក្សាបាននូវការទប់ស្កាត់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពផងដែរ។ លើសពីនេះទៅ ទៀត New START ផ្តល់ឱ្យអាម៉េរិកនូវការយល់ដឹងទូលំទូលាយអំពីកងកម្លាំងយុទ្ធសាស្ត្ររបស់ រុស្ស៊ី ដែលវាទំនង ជាអាចមិនទទួលបានសន្ធិសញ្ញានេះដោយគ្មានប្រទេសរស្ស៊ីនោះទេ។
ថ្វីបើទឡ្ហីករណ៍នេះទទួលបានការគាំទ្រក៏ដោយ ក៏សហរដ្ឋអាម៉េរិកបានទទូចឱ្យប្រទេសចិនចូលរួមនៅក្នុងកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធនាពេលអនាគត, បើទោះបីជាការណ៍ពិតដែលថា ឃ្លាំងស្តុកនុយក្លេអ៊ែររបស់ចិនមានទំហំត្រឹមតែមួយភាគប្រាំនៃសហរដ្ឋអាម៉េរិក និងរុស្ស៊ីក៏ដោយ។ ទន្ទឹមនឹងនោះ ក៏មានទឡ្ហីករណ៍ផ្សេងទៀតប្រឆាំងនឹងការបន្តជាថ្មីរបស់ New START ផងដែរ ដូចជា អសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងសព្វាវុធថ្មីៗ ជាពិសេស សញ្វាវុធទំនើបរយៈចម្ងាយឆ្ងាយនិងល្បឿនលឿនជាងសម្លេង។ ទោះយ៉ាងណាក៏ដោយ តាមរយៈការបន្តរយៈពេលនៃសន្ធិសញ្ញា New START នេះ ទាំងសហរដ្ឋអាម៉េរិក និងទាំងរុស្ស៊ី នឹងមានរយៈពេលប្រាំឆ្នាំបន្ថែមទៀត ដើម្បីកសាងបទប្បញ្ញត្តិសម្រាប់សញ្វាវុធទាំងអស់នេះ និងអភិវឌ្ឍគោលវិធីសម្រាប់អាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្រដែលជាអ្នកបន្តវេនដើម្បីគ្រប់គ្រងសញ្វាវុធថ្មីៗនេះ។
សន្ធិសញ្ញា New START - តើកិច្ចចរចាអ្វីខ្លះដែលចាំបាច់?
អ្វីដែលធ្វើឱ្យសន្ធិសញ្ញា New START មានសារៈសំខាន់ខ្លាំងណាស់ចំពោះផលប្រយោជន៍ទាំងប្រទេសរុស្ស៊ី និងលោកខាងលិច គឺថា វាដើរតួនាទីជាចក្ខុវិស័យរួមក្នុងការគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធភាព។ ចក្ខុវិស័យនេះរួមមានដូចជា យុទ្ធសាស្ត្រធ្វើឱ្យមានស្ថិរភាព ការធ្វើឱ្យមានសមភាពផ្នែកសន្តិសុខ និងសមភាពក្នុងការដាក់កំហិតចំពោះសញ្វាវុធទាំងឡាយ។ សន្ធិសញ្ញា New START អនុញ្ញាតឱ្យរុស្ស៊ី និងអាម៉េរិក រក្សាសមភាពគ្នា និងក៏មិនផ្តល់ការលើកទឹកចិត្តដល់ភាគីណាមួយក្នុងការផ្តួចផ្តើមវាយប្រហារដោយអាវុធនុយក្លេអ៊ែរមុនបានឡើយ។ ទោះយ៉ាងណានេះក្តី ក៏មិនមានន័យថា ការចរចារអំពីបញ្ហានេះនឹងមិនចាំបាច់ធ្វើបច្ចុប្បន្នភាពសន្ធិសញ្ញានោះទេ។
ដើម្បីដោះស្រាយកង្វល់ខ្លះទាក់ទងនឹងសញ្វាវុធថ្មីៗនេះ ប្រទេសរុស្ស៊ីបាននិងកំពុងស្វែងរកបន្ថែមនូវប្រភេទសញ្វាវុធដែលផលិតថ្មីៗ ដាក់ចូលទៅក្នុងកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ នាពេលខាងមុខនេះ។ ខណៈពេលដែលកិច្ចចរចាអំពីដែនកំណត់នៃអាវុធយុទ្ធសាស្ត្រពីមុនៗមក ដែលបានកើតមាននៅក្នុងទសវត្សឆ្នាំ១៩៧០ រួមមានដូចជា កាំជ្រួចផ្លោងឆ្លងទ្វីប កាំជ្រួចផ្លោងបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់។ ទាំងសហរដ្ឋអាម៉េរិក និងទាំងរុស្ស៊ី ដែលចាប់តាំងពីពេលនោះមក បានអភិវឌ្ឍសញ្វាវុធមានទម្រង់ថ្មីៗជាច្រើន។
ដោយឡែក ប្រទេសរុស្ស៊ីចង់បន្ថែមប្រព័ន្ធការពារកាំជ្រួចផ្លោងបាលីស្ទិក និងសញ្វាវុធដែលមិនមែននុយក្លេអ៊ែរចូលទៅក្នុងកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនាពេលខាងមុខនេះ។ ដោយសារតែអាម៉េរិកដកខ្លួនចេញពីសន្ធិសញ្ញាប្រឆាំងកាំជ្រួចផ្លោងបាលីស្ទិកក្នុងឆ្នាំ២០០២ ដែលចំណុចនេះ មានសារៈសំខាន់ណាស់ ជាពិសេស សម្រាប់អ្នកចរចារបស់រុស្ស៊ី។
មធ្យោបាយឆ្ពោះទៅមុខដោយគ្មាន New START
ការពង្រីកវិសាលភាពនៃសន្ធិសញ្ញា New STARTសម្រាប់ការគ្រប់គ្រងអាវុធនៅក្នុងឆ្នាំ២០២០ គឺជាសេណារីយ៉ូដ៏ប្រសើរបំផុតមួយ ប៉ុន្តែ ពិភពលោកនៅតែមានអត្ថិភាពបើទោះបីជាមិនមាន សន្ធិសញ្ញានេះក៏ដោយ។ សញ្វាវុធដែលទើបនឹងផលិតថ្មីៗរបស់រុស្ស៊ីផ្តល់ជាមធ្យោបាយមួយផ្សេងទៀតដើម្បីឆ្ពោះទៅមុខ។ យានលឿនជាងសម្លេង Avangard និងកាំជ្រួចផ្លោងឆ្លងទ្វីបធុនធ្ងន់ RS-28 Sarmat បច្ចុប្បន្នស្ថិតនៅក្រោមដែនកំណត់នៃសន្ធិសញ្ញា New START។ ទោះយ៉ាងណាក្តី កាំជ្រួចផ្លោងដំណើរការដោយថាមពលនុយក្លេអ៊ែរBurevestnik និងកាំជ្រួចផ្លោងដំណើរការស្វយ័ប្រវត្តិដោយនុយក្លេអ៊ែរបាញ់ចេញពីបាតសមុទ្រ Torpedo Poseidon មិនទាន់ដំណើរការទេ ប៉ុន្តែ រំពឹងថា ក្នុងឆ្នាំ២០២៦នឹងដំណើរការ។ សញ្វាវុធថ្មីៗទាំងអស់នេះ អាចជួយរក្សាសមភាព (តុល្យភាព) នៃនុយក្លេអ៊ែរបានដោយមិនចាំបាច់មានសន្ធិសញ្ញា New START ដែលយ៉ាងហោចណាស់ក៏ជាជំនួយបណ្តោះអាសន្នដែរ។
ពិភពលោកដែលគ្មានសន្ធិសញ្ញា New START ទំនងជានឹងជំរុញឱ្យមានការរត់ប្រណាំងខាងសញ្វាវុធដែលមិនមែននុយក្លេអ៊ែរ និងនុយក្លេអ៊ែរ រវាងអាម៉េរិក និងរុស្ស៊ី។ យ៉ាងណាមិញ ក្នុងពេលអន្តរកាល សញ្វាវុធដែលផលិតថ្មីៗរបស់រុស្ស៊ី អាចជួយបញ្ឈប់ការប៉ះទង្គិចគ្នាភ្លាមៗរវាងប្រទេសមហាអំណាចទាំងពីរ ដោយទុកពេលឱ្យប្រទេសទាំងពីរនេះធ្វើការទៅលើសន្ធិសញ្ញាថ្មីមួយនេះ ដែលសង្ឃឹមថានឹងអាចជំនួសសន្ធិសញ្ញា New START បាន។ លើសពីនេះទៅទៀត ជាមួយនឹងសញ្វាវុធ“រយៈចម្ងាយឆ្ងាយ” ជាច្រើនទៀត ដែលត្រូវបានផលិតឡើងដោយសហរដ្ឋអាម៉េរិក រុស្ស៊ី និងប្រទេសដទៃទៀតនៅជុំវិញពិភពលោក សម្រាប់ជាប្រយោជន៍ចំពោះប្រទេសផលិតទាំងនោះ ក្នុងការកំណត់អំពីការអភិវឌ្ឍរបស់ដៃគូប្រជែងរបស់ខ្លួន ឬយ៉ាងហោចណាស់ក៏ផលិតឡើងដើម្បីឱ្យមានយន្តការប្រកបដោយតម្លាភាពដែរ។
តើ Trump នឹងបន្តរយៈពេលនៃសន្ធិសញ្ញា New STARTឬ?
ទោះបីជាមានការប្រឹងប្រែងផ្ដល់ទឡ្ហីករណ៍ និងការបញ្ចុះបញ្ចូលជាច្រើដើម្បីគាំទ្រការពង្រីក New START ក៏ដោយ ក៏ជោគវាសនារបស់វានៅតែមិនច្បាស់លាស់។ មានមូលដ្ឋានជាច្រើនដែលបង្ហាញថា សន្ធិសញ្ញានេះនឹងមិនត្រូវបានពង្រីកឡើយ។
ភាពចលាចលនាពេលថ្មីៗនេះនៅជុំវិញពិភពលោក ជុំវិញបញ្ហាការឆ្លងវីរុសកូវីដ-១៩ និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដល់សង្គម ដែលរដ្ឋាភិបាលនៃប្រទេសនីមួយៗត្រូវយកចិត្តទុកដាក់ក្នុងពេលបច្ចុប្បន្ននេះ។ កត្តាទាំងនេះ អាចបាននិយាយថា ភាពបរាជ័យនៃសន្ធិសញ្ញា New START នឹងនាំឱ្យមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់និងភាពមិនអាចព្យាករបាន ពោលគឺ មានកត្តាពីរ ដែលនឹងបង្កឱ្យមាននិន្នាការអវិជ្ជមានយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក។ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលនឹងត្រូវធ្វើការបោះឆ្នោតឡើងវិញនៅខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ មើលឃើញថា សមត្ថភាពនិងភាពអនុគ្រោះរបស់គាត់ពឹងផ្អែកយ៉ាងធំធេងអំពីមធ្យោបាយ ដែលទីផ្សារពិភពលោកកំពុងអនុវត្ត។ វាមានផលប្រយោជន៍ចំពោះគាត់ក្នុងការចូលរួមជាមួយប្រទេសរុស្ស៊ី ដែលផ្តល់នូវការបង្វែរការចាប់អារម្មណ៍ពីការដោះស្រាយមិនបានល្អនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩នៅសហរដ្ឋអាម៉េរិកផង ហើយក៏បានផ្តល់ការចុះផ្សាយល្អៗពីខ្លួនគាត់ដែរ នៅក្នុងប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ មុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឈានចូលមកដល់៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
កាលពីរសៀលថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៤ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM