ព័ត៌មាន

ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម៖ ពលរដ្ឋអាចទាញយកកម្មវិធីប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ជាទម្រង់ឌីជីថល

យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ នេះ បានរួមបញ្ចូលនូវមេពាក្យ និងពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពឆ្នាំ១៩៦៧ ១៩៦៨ បូកបន្ថែមជាមួយមេពាក្យ និងពាក្យថ្មីបន្ថែម រហូតមានពាក្យសរុបចំនួន ៤៤ ៦៩៧ ក្នុងនោះមានមេពាក្យចំនួន ៣១ ០៣៧។

ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបោះពុម្ពផ្សាយសៀវភៅនេះ ជាង ៧០០ក្បាល និងបានចែកជូនដល់ក្រសួងស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំ និងឥស្សរជនមួយចំនួន។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានបំណងចង់ប្រើប្រាស់វចនានុក្រមខ្មែរ ឆ្នាំ២០២២ តែដោយហេតុផលលទ្ធភាពនៃការបោះពុម្ពមានកម្រិត បងប្អូនប្រជាពលរដ្ឋ អាចចូលទៅទាញយករកកម្មវិធីសម្រាប់ប្រើប្រាស់«វចនានុក្រមខ្មែរ» ឆ្នាំ២០២២ នេះរួមជាមួយសទ្ទានុក្រមបច្ចេកសព្ទខ្មែរ វចនានុក្រមអក្ខរាវិរុទ្ធ  ពីគេហទំព័រខាងក្រោម៖

https://rac-app.com/

សូមបញ្ជាក់ថា «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បានរៀបចំឡើងជាពីរទម្រង់សម្រាប់សម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ គឺការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទ និង កុំព្យូទ័រ។ 


2023-09-25 10:08:03   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 05:08 PM
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ជំរុញនិងគាំទ្រ ឱ្យធ្វើឌីជីថល វចនានុក្រម និងសន្ទានុក្រម....

ថ្លែងនៅក្នុងសុន្ទរកថាបូកសរុប និងប្រាកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ“វចនានុក្រមខ្មែរ” ព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានបង្ហាញពីការលើកទឹកចិត្តទូទៅដល់ប្រជាពលរដ្ឋខ្មែរ ទាំងយុវជន សិស្ស- និស្សិត បញ្ញវន្ត ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ គួរត្រូវនាំគ្នាប្រើប្រាស់វចនានុក្រមខ្មែរឱ្យបានគ្រប់ៗគ្នា ដោយឯកឧត្តមបានយល់ថា នៅក្នុងពិភពលោកទាំងមូល ជាពិសេសសម័យសាកភាវូបនីយកម្មនេះ ភាសាគឺជាយាន សម្រាប់ទំនាក់ទំនង ទៅលើកិច្ចការ នយោបាយ សេដ្ឋកិច្ច សង្គម សាសនា...។ល។

ការចងក្រមវចនានុក្រមថ្មីនេះ ពិតជាមានសារៈសំខាន់យ៉ាងក្រៃលែង ក្នុងការជួយចងក្រង ការកត់ត្រា ការរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍភាសា និងអក្សរខ្មែរ ឱ្យបានគង់វង្សប្រកបដោយសុកតភាព របស់ប្រជាពលរដ្ឋខ្មែរទាំងមូល។បន្ថែមលើសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រុញការលើកទឹកបន្ថែមឱ្យខានតែបាន នៅតាមក្រសួង-ស្ថាប័ន អង្គភាពនានា យ៉ាងហោចណាស់ក៏តម្រូវឱ្យមានការទុកដាក់ បង្ហាញវចនានុក្រមខ្មែរចំនួន២ក្បាល ដោយមានទាំងវចនានុក្រមរបស់ សម្តេច សង្ឃ ជួន ណាត និងសមិទ្ធផលនៃបច្ចុបន្នកម្មវចនានុក្រមថ្មីដូចដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះឡើង។

ពាក់ព័ន្ធនឹងការរៀបចំធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងដោយជម្រុញ ឱ្យមានការធ្វើឌីជីថល វចនានុក្រម និងសន្ទានុក្រមបន្ថែម ក្រុមប្រឹក្សាជាតិភាសាខ្មែរ ត្រូវគិតពីបញ្ហានេះបន្តទៀតនោះ គឺត្រូវធ្វើគ្មានទីបញ្ចប់ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ភាសាខ្មែរ ហើយក៏ដើម្បីបង្កើតឡើងឱ្យស្របទៅតាមស្ថានភាពសង្គមខ្មែរ និងនៅក្នុងបរិបទពិភពលោក ពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ ព័ត៌មានវិទ្យា ដែលខ្មែរគ្រប់រូបមានឱកាសបានប្រើប្រាស់នៅក្នុងបរិបទសាកលភាវូបនីយកម្មនេះ។ ដូច្នេះតាមរយៈក្រុមប្រឹក្សាជាតិភាសាខ្មែរ គួរជម្រុញឱ្យមានគម្រោង ឌីជីថល នៃវចនានុក្រម និងសទ្ទានុក្រមផង។

RAC Media 

2023-09-25 09:20:17   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 04:20 PM
ឯកឧត្ដម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា

នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំស្រាវជ្រាវនិងចងក្រង រៀបចំជាវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះឡើង។

ពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ ពីក្រសួងស្ថាប័ននានា។

នៅក្នុងឱកាសថ្លែងសុន្ទរកថាប្រកាសឱ្យប្រើប្រាស់«វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅក្នុងនីតិកាលទី៧ បានមានប្រសាសន៍អបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានប្រកាសគាំទ្រដល់ការធ្វើទំនើបកម្មឌីជីថាភាសាខ្មែរ ក៏ដូចជាបណ្ដាសទ្ទានុក្រមទាំងអស់ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងតែប្រជុំពិភាក្សានិងអនុម័តនាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបញ្ជាក់និងថ្លែងអំណរគុណចំពោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលយកចិត្តទុកដាក់ គាំទ្ រនិងជួយជ្រោមជ្រែងដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាការផ្ដល់នូវការលើកទឹកចិត្ត ដល់រាជបណ្ឌិត្យសភាកម្ពុជា បន្តបេសកកម្មក្នុងការងារអភិវឌ្ឍសិក្សាស្រាវជ្រាវទាំងផ្នែកភាសាខ្មែរ និងជំនាញឯកទេសនានា ដែលស្ថិតនៅក្រោមបន្ទុកការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា។

យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ បានលើកឡើងថា សមិទ្ធផល«វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ធ្វើឡើងដោយផ្អែកលើពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រុមខ្មែរសម្ដេចសង្ឃជួនណាតទាំងស្រុង ដែលមានតែជាង ១៨០០០ពាក្យប៉ុណ្ណោះ ហើយក្រុមការងារគណៈកម្មាធិការបានស្រាវជ្រាវនិងអនុម័តនូវមេពាក្យនិងបង្កើតនូវពាក្យថ្មីៗដែលកំពុងមានប្រើប្រាស់ក្នុងសង្គមបច្ចុប្បន្ន ជាង៣ម៉ឺនពាក្យបន្ថែម។

ជាមួយការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណៈកម្មាធិការជាតិរៀបចំវចនានុក្រម ទាំង៦៥អង្គ/នាក់ វចនានុក្រមខ្មែរ ឆ្នាំ២០២២ បានលេចចេញជារូបរាងដោយមានជាពីរទម្រង់ គឺការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទ និង កុំព្យូទ័រ។ «វចនានុក្រុមខ្មែរ» ឆ្នាំ២០២២នេះ ជាសមិទ្ធផលក្រោមការផ្ដួចផ្ដើមពីសម្ដេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ដែលបានផ្ដល់នូវលទ្ធភាពដល់រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិភាសាខ្មែរ រៀបចំក្រុមការងារគណៈកម្មាធិការរៀបចំវចនានុក្រម រហូតសម្រេចបានពាក្យក្នុងវចនានុក្រមខ្មែរ សរុបចំនួន ៤៤ ៦៩៧ ក្នុងនោះមានមេពាក្យចំនួន ៣១ ០៣៧ ។

តែទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមបានយល់ឃើញថា វចនានុក្រមនេះ មិនទាន់បំពេញសេចក្ដីត្រូវការប្រើប្រាស់ដល់សាធារណជនទាំងស្រុងនៅឡើង ហើយក្រុមការងារគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នឹងរង់ចាំទទួលមតិស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។

សូមរំឭកដែរថា វចនានុក្រុមខ្មែរ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧-១៩៦៨ ដែលសាធារណជនខ្មែរនានា តែងស្គាល់និងហៅថា វចនានុក្រម សម្ដេចសង្ឃរាជ ជួន ណាត។ វចនានុក្រមនេះ ជាការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ដែលជាវចនានុក្រមខ្មែរ បាននិងកំពុងប្រើប្រាស់ជាផ្លូវការរហូតមកដល់បច្ចុប្បន្ន ហើយសមិទ្ធផល «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ដែលត្រូវប្រកាសឱ្យប្រើប្រាស់នាព្រឹកនេះក៏ពិតមែន តែវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត នៅតែមានតម្លៃក្នុងការប្រើប្រាស់ដដែល។

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី អញ្ជើញពិនិត្យសមិទ្ធផលស្រាវជ្រាវនានារបស់រាជបណ្ឌិត្យសភាកម្ពុជា (២៥ កញ្ញា ២០២៣)


2023-09-25 08:40:33   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 03:40 PM
« ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល» ជាផ្លូវការនៅរាជបណ្ឌិត្យសភាកម្ពុជា

នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣

រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយស បានរៀបចំ « ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល» និងចុចប៊ូតុងសម្ពោធបើកប្រើប្រាស់ជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ពីក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី នៅអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសន្ទរកថាស្វាគមន៍ដល់អង្គពិធី។

ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសៅាកម្ពុជា ឡើងថ្លែងសន្ទរកថាបូកសរុបសមិទ្ធផល និងដំណើរការនៃការរៀបរៀងវចនានុក្រមខ្មែរឆ្នាំ២០២២នេះ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី ឡើងថ្លែងសន្ទរកថាបូកសរុប ប្រកាស និងចុចប៊ូតុងឱ្យប្រើប្រាស់វចនានុក្រមខ្មែរឆ្នាំ២០២២។

ភ្ជាប់ក្នុងកម្មវិធីនេះដែរ ក៏មានការដាក់បង្ហាញ សៀវភៅ ស្នាដៃ ដែលជាសមិទ្ធផលនានា របស់វិទ្យាស្ថាននីមួយៗ និងរចនាសម្ព័ន្ធទាំងអស់ នៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅទីបញ្ចប់នៃកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន ប្រគល់លិខិតសរសើរជូនសមាជិកគណៈកម្មការវចនានុក្រមខ្មែរ និងបានអញ្ជើញទស្សនកិច្ចនៅ៖

- វិទ្យាស្ថានខុងជឺ

- អគារវិចិត្រសាល

- មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា..។


RAC Media

2023-09-25 08:14:34   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 03:14 PM
ការអប់រំប្រកបដោយគុណតម្លៃព្រះពុទ្ធសាសនាដល់ព្រះសង្ឃ ដោយ៖ លោក ប៉ាន់ សំណាង- នាយកដ្ឋានវិទ្យាសាស្ដ្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ព្រះសង្ឃ ជាសាវ័ក នៃសាសនាព្រះពុទ្ធដែលដឹកនាំ អប់រំ ប្រៀនប្រដៅពុទ្ធបរិស័ទតាមពុទ្ធ បញ្ញត្តិ។ បើនិយាយពីពាក្យថា«សង្ឃ»គឺជាភាសាសំស្ក្រឹតដែលមានអត្ថន័យថា «សហគមន៍» ដែលត្រូវបានប្រើប្រាស់ជាចម្បងសម្ដៅទៅរកសហគមន៌អ្នកបួសនៅក្នុងសាសនាព្រះពុទ្ធ ឬត្រូវបានគេហៅម្យ៉ាងទៀតថាជា ភិក្ខុឬភិក្ខុនី ព្រះសង្ឃ និងដូនជីជាដើម។

នៅក្នុងសង្គមខ្មែរ ជនជាតិខ្មែរបាន និងកំពុងគោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។តាំងពីអតីតកាលក៏ដូចជាបច្ចុប្បន្ន ទាំងថ្នាក់ដឹកនាំ ទាំងប្រជាពលរដ្ឋ ពិសេសរាជវង្ស បានបូជានិងគោរពសក្ការដល់ព្រះត្រៃរតន៌ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមប្រពៃណីរហូតមក។ ទន្ទឹមនឹងនេះ ព្រះសង្ឃ គឺជាសាវ័កដ៏សំខាន់បំផុតក្នុងការប្រតិបត្ដិនៅក្នុងសាសនា ហើយព្រះអង្គក៏ខំព្យាយាមសិក្សារៀនសូត្រ អប់រំហ្វឹកហាត់យ៉ាងហ្មត់ចត់តាមពុទ្ធឱវាទ ក៏ដូចជាវិន័យក្នុងព្រះពុទ្ធសាសនា។ អ្វីៗដែលភិក្ខុសាវ័ក ត្រូវបំពេញក្នុងការអប់រំផ្សព្វផ្សាយនូវគុណតម្លៃនានានៃព្រះពុទ្ធសាសនា ត្រូវឆ្លើយតបនឹងសង្គមជាក់ស្ដែងផងដែរ ទើបឧត្ដមកិច្ចនោះ ទទួលបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពង់ខ្ពស់។ចំណុចនេះ គឺទាមទារឱ្យព្រះសង្ឃអង្គសាវ័កមួយក្នុងចំណោមសាវ័កទាំង៤ពួក ខិតខំសិក្សារៀនសូត្រពុទ្ធវិន័យ ចំណេះដឹងទូទៅ ឬពិចារណាពីតថភាព សច្ចភាពសង្គមទាំងឡាយ ។មិនតែប៉ុណ្ណោះ ព្រះអង្គ ក៏ទទួលបាននូវជំនាញអក្សរសាស្ដ្រតាម​រយ:​ព្រះផ្នួសដែរ ពីព្រោះព្រះពុទ្ធសាសនា ជាជម្រកដ៏ធំនៃអក្សរសាស្ដ្រខ្មែរនៅសម័យដែលយើងមានគ្រោះថ្នាក់ធ្លាក់​ដុន​ដាបក្នុងភ្លើងសង្គ្រាម ដោយសារវត្តអារាមនេះហើយ ជាទីកន្លែងតែមួយគត់ក្នុងការថែរក្សាខឿនវប្បធម៌ជាតិឱ្យបានគង់វង្ស។

នៅក្នុងអត្ថបទស្រាវជ្រាវខ្លីនេះ យើងចង់ឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃព្រះពុទ្ធសាសនាដែលព្រះសង្ឃខ្មែរទទួលបានដោយផ្សារភ្ជាប់ជីវភាពជាក់ស្ដែងនៅក្នុងសង្គម។ព័ត៌មានក៏ដូចជាទិន្នន័យដែលយើងទទួលបាន គឺតាមរយ:ការសម្ភាសផ្ទាល់ជាមួយព្រះសង្ឃ ពីការអង្កេត ពីគេហទំព័រនានា ហើយនិងពីឯកសារផ្សេងៗ ។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=7




2023-09-24 04:55:04   ថ្ងៃអាទិត្យ, 24 កញ្ញា 2023 ម៉ោង 11:55 AM
សិក្ខាសាលាអន្តរជាតិ នៃស្ថាប័នស្រាវជ្រាវរបស់ប្រទេស ៖ កម្ពុជា ឡាវ វៀតណាម និង KEI (ប្រទេសកូរ៉េ)

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ៖ ទីក្រុងទំនើប ដើម្បីកំណើនបៃតង (Smart Cities for Green Growth) នៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម។

សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ  និងវិទ្យាស្ថានបរិស្ថានកូរ៉េ ដើម្បីពិភាក្សាលើកប្រធានបទនានា ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍបៃតង។

ក្រោយពិភាក្សា ផ្លាស់ប្តូរយ៉ាងផុសផុលរួចមក អង្គសិក្ខាសាលាបានធ្វើការវាយតម្លៃខ្ពស់ចំពោះប្រធានបទ ដែលវាគ្មិនមកពីប្រទេសទាំងបួនបានលើកឡើង។ ជាមួយគ្នានោះដែរ អង្គសិក្ខាសាលាបានធ្វើការឯកភាពរួមគ្នា ចំពោះផែនការអភិវឌ្ឍទីក្រុង ត្រូវមានការចូលរួមគិតគូពីកំណើនបៃតង ព្រោះកំណើនបៃតង បានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យពិភពលោកទទួលបាននូវភាពស្រស់ស្អាត មានបរិស្ថានល្អ។ បច្ចុប្បន្ននេះ កំណើនបៃតងក្នុងការអភិវឌ្ឍទីក្រុងគឺមានសារសំខាន់ខ្លាំងណាស់។ អ្នកស្រាវជ្រាវមកពីប្រទេសទាំងបួន ក៏បានឯកភាពគ្នា និងជម្រុញរួមគ្នាក្នុងការបង្កើតឱ្យមានភាពបៃតង តាមរយៈការគ្រប់គ្រង ការកាត់បន្ថយ ការបំពុលនានា (ទឹក ដី អាកាស និងផ្សេងៗ) ។  ក្រៅពីនោះ អង្គសិក្ខាសាលា បានដាក់ចេញនូវកិច្ចពិភាក្សាលើប្រធានបទបន្ថែមទៀតនៅឆ្នាំក្រោយ ដើម្បីធ្វើការពិភាក្សាផ្លាស់ប្តូរមតិ និងស្វែងរកយន្តការផ្សេងៗ ចូលរួមក្នុងការថែរក្សា ការពារបរិស្ថានពិភពលោកយើងទាំងអស់គ្នា។

សិក្ខាសាលាកសាងសមត្ថភាពនេះ គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ បណ្ឌិត្យសភានៃប្រទេសទាំងបី (កម្ពុជា ឡាវ និងវៀតណាម) នឹងផ្លាស់ប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះម្តងម្នាក់។ កាលពីឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា បានទទួលធ្វើជាម្ចាស់សិក្ខាសាលាលើកទី៩ នាទីក្រុងភ្នំពេញ។ ឆ្នាំ២០២៣នេះ បណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមវៀតណាមទទួលធ្វើជាម្ចាស់ផ្ទះសិក្ខាសាលា លើកទី១០ នៅទីក្រុងហូជីមិញ។ ចំណែកឆ្នាំ២០២៤ខាងមុខ បណ្ឌិត្យសភាវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសង្គមឡាវ នឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសិក្ខាសាលា លើកទី១១ នៅទីក្រុងវៀងចន្ទន៍វិញម្តង។

RAC Media 

2023-09-21 08:09:20   ថ្ងៃព្រហស្បតិ៍, 21 កញ្ញា 2023 ម៉ោង 03:09 PM
ទស្សនវិជ្ជាសង្គមខ្មែរតាមរយៈពិធីភ្ជុំបិណ្ឌនៅកម្ពុជា ដោយ៖ លោក ឈុន ផាវ៉េង - នាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាវិធីប្រពៃណីផ្លូវការសំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតរបស់ប្រជាជាតិខ្មែរតាំងពីបុរាណរៀងមក។ ថ្វីត្បិតពិធីបុណ្យនេះមិនឃើញមានចែងច្បាស់ក្នុងគម្ពីរពុទ្ធសាសនាក៏ដោយ ក៏ពុទ្ធសាសនិកជនខ្មែរបានខំកែច្នៃរៀបចំពិធីបុណ្យភ្ជុំបិណ្ឌនេះឱ្យស្របតាមបែបបទនៃព្រះពុទ្ធនិយមផងដែរ។ ជាតិសាសន៍នានាដែលកាន់ពុទ្ធសាសនាដែរ គេមិនបានប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌដូចខ្មែរឡើយ ប៉ុន្តែគេមានពិធីបុណ្យប្រពៃណីផ្សេងៗទៅវិញ ។

តើពិធីបុណ្យភ្ជុំបិណ្ឌមានខ្លឹមសារយ៉ាងណា និងផ្តល់ផលប្រយោជន៍និងបញ្ហាប្រឈមដូចម្ដេចខ្លះដល់សង្គមខ្មែរ?

សូមចូលអានខ្លឹមសារបន្ថែម  និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=7


2023-09-20 09:04:07   ថ្ងៃពុធ, 20 កញ្ញា 2023 ម៉ោង 04:04 PM
បណ្ឌិត្យសភារបស់កម្ពុជា ឡាវ វៀតណាម៖ ជំនួបពិភាក្សានៅក្រុងហូជីមិញ លើការស្រាវជ្រាវបញ្ហាសេដ្ឋកិច្ចឌីជីថល

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី១០ ឆ្នាំ២០២៣ ស្ដីពី«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ វៀតណាម លើប្រធានបទស្ដីពីពាណិជ្ជកម្ម និងការវិនិយោគ ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល» ដែលបាននិងកំពុងប្រព្រឹត្តទៅនៅក្រុងហូជីមិញ នៃប្រទេសវៀតណាម។

សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្ដូរទស្សនៈ ពិភាក្សា និងចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍរវាងប្រទេសទាំងបី និងលើកកម្ពស់ការផ្លាស់ប្ដូរការសិក្សាស្រាវជ្រាវ និងកិច្ចសហការដើម្បីថ្នាក់ដឹកនាំបណ្ឌិត្យសភា អ្នកស្រាវជ្រាវ ពីប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ជាពិសេស គឺដើម្បីរួមចំណែកក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបី។

សូមបញ្ជាក់ដែរថា សន្និសីទអន្តរជាតិនេះ រៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ ដោយរៀបចំឡើងផ្លាស់វេនគ្នាប្រចាំឆ្នាំ។ កាលពីឆ្នាំ២០២២ កន្លងទៅ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីសន្និសីទប្រកបដោយជោគជ័យនៅរាជធានីភ្នំពេញ ហើយឆ្នាំ២០២៣នេះ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ធ្វើជាម្ចាស់ផ្ទះ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៤។


2023-09-20 02:55:57   ថ្ងៃពុធ, 20 កញ្ញា 2023 ម៉ោង 09:55 AM
ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ...

ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ វាបានក្លាយជាសម្ព័ន្ធមេត្រីមិត្តភាពដែកថែប និងស្ថិតលើវិធីរួមឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា ហើយចិន និងកម្ពុជា តែងតែរក្សាទំនាក់​ទំនងមិត្តភាពដ៏ល្អជានិច្ច។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជ​បណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅក្នុង ពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៣-២០២៤ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ 

នៅក្នុងពេលដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ពីខាងភាគីចិន មានថ្នាក់ដឹកនាំខាងភាគីវិទ្យាស្ថាន ទីប្រឹក្សា និងអ្នកជំនាញខាងស្ថានទូតចិនប្រចាំនៅកម្ពុជា រួមទាំងមានតំណាងខាងក្រុមហ៊ុនហ៊ុន ចិន និងគ្រូង្រៀនភាសាចិនដែលនឹងត្រូវស្នាក់នៅបន្តដើម្បីបង្រៀនភាសាចិននៅវិទ្យាស្ថាន ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានសង្កត់ធ្ងន់ដោយខ្លឹមសាររួមដ៏មានអត្ថន័យថា៖ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យនានា និងក្រោមក្របខណ្ឌ“ខ្សែក្រវាត់ និងផ្លូវ” ប្រទេសកម្ពុជា និងប្រទសចិន តែងតែទទួលបាននូវសមិទ្ធផលថ្មីឥតឈប់ឈរ។ ដោយឡែកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីត-១៩ ប្រទេសទាំងពីរបានឈររួមគ្នា និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ហើយប្រទេសទាំងពីរ បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការការពារជំងឺកូវីដ-១៩ សម្រាប់សង្គមអន្តរជាតិ  ព្រមទំាងបានរួមចំណែកជំរុញសន្តិភាព និងកិច្ចអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។

ឈរលើទស្សនៈរួមដែលនិយាយអំពីដំណើរការនៃការអភិវឌ្ឍស្មារតី សន្តិភាពក្នុងតំបន់និងពិភពលោកនោះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការក៏បានបង្ហាញឱ្យដឹងនៅក្នុងអង្គពិធីសំណេះសំណាលថា៖ វិទ្យាស្ថានខុងជឺនៃរាជ​បណ្ឌិត្យ​សភាកម្ពុជា បានបើកដំណើរការជាផ្លូវការនៅឆ្នាំ២០០៩ ក្រោមវត្តមានឯឧ ស៊ី ជីនពីង និង សម្តេច វិបុលបញ្ញា សុខ អាន មកទល់ពេលនេះជាង១៤ឆ្នាំមកហើយ។ កិត្តិនាមរបស់វិទ្យាស្ថានបានល្បីសុសសាយទូទាំងប្រទេសកម្ពុជា ដែលមានសិស្ស-និស្សិត និងសិក្ខាកាមមកពីគ្រប់ស្រទាប់។ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានភាសាចិនប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលបំប៉នគរុកោសល្យគ្រូបង្រៀនភាសាចិន ជាពិសេសរឹតតែជាមជ្ឈមណ្ឌលផ្លាស់ប្តូររវាងវប្បធម៌កម្ពុជា-ចិន ដែលតែងតែដើរតួនាទីជាស្ពានក្នុងការជំរុញមិត្តភាពកម្ពុជា និងចិន។

ឯកឧត្តមបណ្ឌិតក៏បានមើលឃើញថា លោកគ្រូ អ្នកគ្រូ បានក្លាយជាគ្រូបង្រៀនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ​សភាកម្ពុជា ហើយក៏ជាវិចិត្រករដ៏សំខាន់ផងដែរ៖

ទី១) វិចិត្រករបេះដូង មានន័យថាផ្សាយក្តីស្រឡាញ់ក្នុងបេះដូង ហើយសេចក្ដីស្រលាញ់នេះ មិនត្រឹមតែជាសេចក្ដីស្រឡាញ់ចំពោះការងារតែប៉ុណ្ណោះទេ ថែមទាំងជាការយកចិត្តទុកដាក់ចំពោះសិស្ស-និស្សិត ដែលស្តែងឡើងតាមរយៈការជំរុញលើកទឹកចិត្ត ការជួយគាំទ្រសិស្ស-និស្សិតឱ្យកាន់តែមានទំនុកចិត្តលើខ្លួនឯងក្នុងការសិក្សាភាសាចិន។

ទី២) វិចិត្រករនៃជនគម្រូ លោកគ្រូ-អ្នកគ្រូ ផ្តល់ជាជនគម្រូ Role Model រៀនសូត្រពេញមួយជីវិត ដើម្បីមានគុណវឌ្ឍគ្រប់គ្រាន់ មានចំណេះដឹងទូលំទូលាយប្រកបដោយវិជ្ជាជីវៈ ស្របតាមពាក្យស្លោកមួយបានពោលថា “ការសិក្សាពេញមួយជីវិត” ។

ទី៣) វិចិត្រករនៃសិល្បៈ គប្បីមានសិល្បៈក្នុងការបង្រៀន ព្រោះសិល្បៈនៃការបង្រៀននេះ មានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងចំណង់ចំណូលចិត្តនៃការសិក្សាភាសាចិន។

ទី៤) វិចិត្រករនៃដួងព្រលឹង ផ្សារភ្ជាប់ប្រជាជាតិយើងទាំងពីរ កាន់ជិតស្និទ្ធ កាន់តែរឹងមាំ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការសិក្សាភាសាចិនបានក្លាយជាតម្រូវការមួយរបស់ប្រជាជនកម្ពុជា ហើយនៅប្រទេសកម្ពុជាក៏មាន “ការពេញនិយមការសិក្សាភាសាចិន” យ៉ាងខ្លាំង ក៏ព្រោះតែការចូលចិត្តភាសាចិន ទំនាក់ទំនងដ៏ល្អប្រសើរជាមួយប្រទេសចិន ជាពិសេសងាយស្រួលក្នុងការស្វែងរកការងារ។ ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កាន់តែយកចិត្តទុកដាក់ខ្លាំងឡើង ចំពោះគំរូនិងការអភិវឌ្ឍការអប់រំភាសាចិនប្រកបដោយចីរភាព។

ជាចុងក្រោយ ឯកត្តមបណ្ឌិតអគ្គលេខាធិការ យង់ ពៅ ក៏បានជូនពរ លោកគ្រូ អ្នកគ្រូ ឱ្យមានសុខភាពសុវត្ថិភាពល្អក្នុងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា និងជោគជ័យការងារ ហើយ ដែលសង្ឃឹមថាលោកគ្រូ អ្នកគ្រូ នឹងរស់នៅប្រទេសកម្ពុជាបានយ៉ាងសប្បាយរីករាយ និងមានអនុស្សាវរីយ៍ល្អៗក្នុងអំឡុងពេលបំពេញការងារនៅក្នុងប្រទេសកម្ពុជា៕


2023-09-19 09:05:09   ថ្ងៃអង្គារ, 19 កញ្ញា 2023 ម៉ោង 04:05 PM
ពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៣-២០២៤

នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីសំណេះ សំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ពិធីនេះធ្វើឡើង ក្នុងគោលបំណងឱ្យលោកគ្រូ អ្នកគ្រូ បានសិក្សាស្វែងយល់ពីការបង្រៀន ការរស់នៅ មុននឹងបំពេញបេសកកម្មការងាររបស់ខ្លួន ហើយវានឹងអាចធ្វើឱ្យលោកគ្រូ អ្នកគ្រូ ឆាប់បន្ស៊ាំខ្លួនក្នុងបរិស្ថានថ្មី។

កម្មវិធីបានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ពីខាងភាគីសាធារណរដ្ឋប្រជាមានិតចិន មានកិច្ចស្វាគមន៍ ដោយ លោក វ៉ាង ហ្វុង ជានាយកភាគីចិននៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយបានរៀបចំថ្លែងសុន្ទរកថាគន្លឹះ ដោយ លោក លីន យួយហ័រ ជាទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា និងបានថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា។

កម្មវិធីមានរៀបចំបទប្រធានបទសំខាន់ៗរបស់វាគ្មិនដើម្បីបង្ហាញទាំងខាងភាគីចិន និងកម្ពុជា ក្នុងនោះរួមមាន៖

១- បទបង្ហាញស្តីពី ស្ថានភាពប្រជាជនចិន ដែលរស់នៅប្រទេសកម្ពុជា ដោយលោក ហ្ស៊ី មីន ជាអ្នកទទួលខុសត្រូវកិច្ចការអត្រានុកូលដ្ឋានស្ថានទូតចិនប្រចាំនៅកម្ពុជា

២- បទបង្ហាញស្តីពី ប្រពៃណី ទំនៀមទម្លាប់ ការរសើនៅក្នុងប្រទេសកម្ពុជា បង្ហាញដោយ លោកស្រី បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាស្ត្រ និងយែនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យ សភាកម្ពុជា

៣- បទបង្ហាញស្តីពី សុវត្ថិភាព និងការរស់នៅក្នុងប្រទេសកម្ពុជា ដោយលោក លី អ៊ីលិ ជាអ្នកទទួលបន្ទុកគ្រូស្ម័គ្រចិត្តជនជាតិចិននៃមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូភាសាចិន និងភាសាបរទេសនៅក្រសួងអប់រំចិន

៤- បទបង្ហាញស្តីពី ការការពារជំងឺទូទៅក្នុងប្រទេសកម្ពុជា ដោយ លោក ចាង តាអ៊ូ ជាអនុប្រធានក្រុមគ្រូពេទ្យវេជ្ជសាស្ត្រចិនប្រចាំនៅកម្ពុជា

៥- បទបង្ហាញស្តីពី សុវត្ថិភាព និងការរស់នៅក្នុងប្រទេសកម្ពុជា ដែលតំណាងដោយក្រុមហ៊ុន វ័នរ៉ូតគ្រុប និង

៦- បទបង្ហាញស្តីពី ការបង្រៀននិងការរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្រូបង្រៀនជនជាតិចិននៅកម្ពុជា។

ក្រៅពីការធ្វើបទបង្ហាញដ៏មានសារៈសំខាន់របស់វាគ្មិន  ក៏មានកិច្ចសន្ទនារវាងគ្រូបង្រៀនភាសាចិន និងថ្នាក់ដឹកនាំរបស់វិទ្យាស្ថាន នោះក៏មានរៀបចំបទបង្ហាញ ការវាស់សម្លៀកបំពាក់ ការរៀបចំកិច្ចសន្យាការងារ និងការរៀបចំប្រមូលលិខិតឆ្លងដែនដើម្បីស្នើសុំការស្នាក់អាស្រ័យរបស់គ្រូជនជាតិនៅកម្ពុជា ព្រមទាំងបានរៀបចំបង្ហាញឱ្យស្គាល់ពីរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន ការបែងចែកភារកិច្ចការងារ ព្រមទាំបទបញ្ជាផ្ទៃក្នុងរបស់វិទ្យាស្ថានផងដែរ។

RAC Media


2023-09-19 08:16:26   ថ្ងៃអង្គារ, 19 កញ្ញា 2023 ម៉ោង 03:16 PM

សេចក្តីប្រកាស

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទានុក្រមកសិកម្ម និងក្បាលលិខិតរបស់រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២១

ថ្ងៃអង្គារ, 31 សីហា 2021 ម៉ោង 08:46 PM

ចុចមើល ទាញយក