ព័ត៌មាន

ក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ ដោយ៖ បណ្ឌិត វង់ សំអូន- ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

ការរីកដុះដាលនៃក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ បានកើតឡើងនៅក្នុងចន្លោះទស្សវត្សទី៨០ និង៩០ ដោយយោងលើហេតុផលសំខាន់ៗមួយចំនួនមានដូចជា៖ (១) មនុស្សម្នាក់ៗនៅក្នុងសង្គមបានចាប់ផ្តើមគិតពិចារណាឡើងលើវិធានច្បាប់ គោលការណ៍ បទបញ្ជា សារាចរ សេចក្តីណែនាំ ឬការប្រកាស់ផ្សេងៗដែលបានដាក់ឱ្យពួកគេអនុវត្ត ឬគោរពតាម ថាបានគាបសង្កត់ រំលោភបំពាន ខ្វះភាពយុត្តិធម៌ គំរាមកំហែង ឬប៉ះពាល់ផលប្រយោជន៍ និងសិទ្ធសេរីភាពរបស់ពួកគេ (២) វឌ្ឍនភាពសង្គម សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា បរិស្ថាន និងបម្រែបម្រួលតម្រូវការរបស់បុគ្គលម្នាក់ៗនៅក្នុងសង្គមដែលកត្តាទាំងអស់នោះបានជំរុញ ទាមទារ និងតម្រូវឱ្យមានការសិក្សាស្រាវជ្រាវដើម្បីស្វែងរកធាតុចូលក្នុងការអភិវឌ្ឈប្រទេសជាតិ បំពេញចំណុចខ្វះខាត បំពេញតម្រូវការរបស់មនុស្សនៅក្នុងសង្គម លើកកម្ពស់សិទ្ធសេរីភាព សមភាព តម្លាភាព ភាពត្រឹមត្រូវ ឬយុត្តិធម៌ និង(៣)កង្វះខាតការសិក្សាស្រាវជ្រាវទាក់ទងនឹងភាពអយុត្តិធម៌ ដែលបានកើតមានឡើងនៅក្នុងសង្គមដូចជា៖ការកេងប្រវ័ញ្ច ការគាបសង្កត់ជិះជាន់ ការប្រើប្រាស់អំណាច វិសមភាពនៅក្នុងការប្រើប្រាស់សិទ្ធសេរីភាព ពិការភាព អំពើផ្តាច់ការ ការគ្រប់គ្រង និងដឹកនាំប្រទេស ការរើសអើង គម្លាតរវាងភេទប្រុស និងភេទស្រីក្នុងការអនុវត្តតួនាទី ការប្រកាន់ពូជសាសន៍ អំបូរជាតិសាសន៍ ការបញ្ចេញមតិយោបល់ កង្វះខាតការយកចិត្តទុកដាក់លើភេទទីបី សិទ្ធសេរីភាពរបស់ស្ត្រី ជនជាតិភាគតិច ឬជម្លោះផ្សេងៗនៅក្នុងសង្គមជាដើម។ល។

សូមចូលអានខ្លឹមសារបន្ថែម ឬមានអត្ថបទជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/20/researchs#main-container


 

2024-02-16 15:34:01   ថ្ងៃសុក្រ, 16 កុម្ភៈ 2024 ម៉ោង 10:34 PM
ក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី (Constructivist)

ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

ក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រាវទាំងនោះ។ ក្រុមទស្សនវិទូដែលនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មីៗ (Theory generation) បានផ្តោតយ៉ាងសំខាន់លើការប្រើប្រាស់ គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យតែប៉ុណ្ណោះ ដោយបានសិក្សាលើបាតុភូត ព្រឹត្តិការណ៍ ឬបញ្ហាទាំងឡាយដែលបានកើតមានឡើង កំពុងកើតឡើង ឬនឹងកើតឡើងនាពេលណាមួយក្នុងអនាគត។ ទស្សនវិទូក្រុមនេះបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់តាមរយៈការប្រមូលទិន្នន័យពីក្រុមគោលដៅមួយចំនួនតូចតែប៉ុណ្ណោះដែលជាក្រុមគោលដៅយល់ដឹងពីបញ្ហាកំពុងសិក្សាស្រាវជ្រាវបានយ៉ាងស៊ីជម្រូវ។ ការប្រមូលទិន្នន័យត្រូវបានធ្វើឡើងតាមរយៈការសម្ភាសការសង្កេតយ៉ាងល្អិតល្អន់លើបញ្ហា ឬបាតុភូតកំពុងសិក្សាស្រាវជ្រាវ ការវិភាគឯកសារផ្សេងៗ ការវិភាគខ្សែអាត់សម្លេង ការវិភាគវីដេអូ ការវិភាគរូបថត ឬការវិភាគលើលទ្ធផលនៃកំណាយផ្សេងៗជាដើម។ល។

ឧទាហរណ៍ ក្នុងការសិក្សាស្វែងយល់ពីការលិចកប៉ាល់ទីតានិច (Titanic)។ តាមធម្មជាតិរបស់បញ្ហានេះ បានបង្ហាញថាការសិក្សាស្រាវជ្រាវនេះ គឺត្រូវបានធ្វើឡើងដោយប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបបគុណវិស័យពីព្រោះបញ្ហានេះមិនបានផ្តោតលើកម្មវត្ថុវិស័យ ឬការផ្ទៀងផ្ទាត់ទ្រឹស្តីនោះទេ ប៉ុន្តែវាបានផ្តោតយ៉ាងសំខាន់លើប្រធានវិស័យ។ ការប្រមូលទិន្នន័យត្រូវបានធ្វើឡើងតាមរយៈការវិភាគ ការសម្ភាស ឬការសង្កេតអ្វីមួយដោយផ្ទាល់ ឬមិនផ្ទាល់ដើម្បីទទួលបានដំណោះស្រាយ ចម្លើយ ការយល់ឃើញថ្មី ឬការបង្កើតទ្រឹស្តីថ្មី។ នេះមានន័យថា អ្នកសិក្សាស្រាវជ្រាវអាចចុះទៅពិនិត្យកប៉ាលទីតានិចដែលបានលិចនៅក្នុងបាតសមុទ្រដោយផ្ទាល់ ចុះថតជារូបភាព ជាវីដេអូ យករូបភាព ឬយកវីដេអូដែលមានស្រាប់ រួចហើយធ្វើការវិភាគទិន្នន័យទាំងនោះទៅតាមខ្លឹមសារដែលចង់ស្វែងយល់ និងបន្ទាប់មកធ្វើសេចក្តីសន្និដ្ឋានដើម្បីបង្កើតបានជាចំណេះដឹងថ្មី ឬទ្រឹស្តីថ្មីចេញពីការវិភាគនោះ។ នៅក្នុងការសិក្សាស្រាវជ្រាវបែបនេះគឺបានចាត់ចូលទៅក្នុងក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី តាមរយៈការប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យ។

ម៉្យាងវិញទៀត ទស្សនវិទូក្រុមនេះក៏បានផ្តោតយ៉ាងសំខាន់លើគោលបំណងក្នុងការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ ចេញពីការយល់ឃើញ បទពិសោធន៍ វប្បធម៌ ទំនៀមទំលាប់ប្រពៃណី ពិធីផ្សេងៗ ជំនឿ សាសនា ការគោរពប្រតិបត្តិ ភាសា ដើមកំណើត បាតុភូតធម្មជាតិ ឬបាតុភូតសង្គម។ល។ ដែលបុគ្គលម្នាក់ៗបានឆ្លងកាត់ បានជួបប្រទះ ឬបាននៅក្នុងហេតុការណ៍នោះ។ ទស្សនវិទូក្រុមនេះយល់ថា បុគ្គលម្នាក់ៗអាចមានការយល់ដឹងខុសគ្នា ប្រហាក់ប្រហែលគ្នា ឬដូចគ្នាលើព្រឹត្តិការណ៍ ឬហេតុការណ៍អ្វីមួយដែលពួកគេបានជួបប្រទះដោយអាស្រ័យលើសម័យកាល ទីកន្លែង ឬស្ថានភាពដែលពួកគេបានឆ្លងកាត់។

ឧទាហរណ៍ ក្នុងការសិក្សាស្រាវជ្រាវដើម្បីធ្វើការស្វែងយល់ពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើរបបប្រល័យពូជសាសន៍។ តាមធម្មជាតិនៃបញ្ហានេះបានទាមទារឱ្យអ្នកសិក្សាស្រាវជ្រាវប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យពីព្រោះវាបានផ្តោតសំខាន់លើការបង្កើតចំណេះដឹងថ្មី ឬទ្រឹស្តីថ្មីចេញពីប្រធានវិស័យតាមរយៈការសម្ភាស ដើម្បីធ្វើការសិក្សាស្វែងយល់ពីការយល់ឃើញរបស់ក្រុមប្រជាពលរដ្ឋណាមួយដែលជាក្រុមគោលដៅបានឆ្លងកាត់ ជួបប្រទះ និងបានយល់ដឹងស៊ីជម្រៅលើព្រឹត្តិការណ៍នោះ ហើយពួកគេអាចរៀបរាប់ពីព្រឹត្តិការណ៍ ឬហេតុការណ៍ទាំងនោះបានយ៉ាងល្អិតល្អន់។ ការសិក្សាស្រាវជ្រាវបែបនេះគឺបានចាត់ចូលទៅក្នុងក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវ ដើម្បីបង្កើតទ្រឹស្តីថ្មីតាមរយៈការប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យ។

លើសពីនេះទៀត ទស្សនវិទូក្រុមនេះក៏បានបញ្ជាក់ផងដែរថា នៅក្នុងសង្គមនីមួយៗតែងតែមាន វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ជំនឿ ភាសា ឬការប្រតិបត្តិខុសៗគ្នា។ល។ សង្គមខ្លះបានគោរពសាសនាព្រះពុទ្ធដោយផ្តោតសំខាន់លើទស្សនៈកម្មផល រីឯសង្គមខ្លះទៀតកាន់សាសនាអ៊ីស្លាមដោយចាត់ទុកថាសត្វឆ្កែប្រៀបដូចជាឪពុក ចំណែកសត្វជ្រូកប្រៀបដូចជាម្តាយ ហើយនៅក្នុងសង្គមនោះក៏មានការប្រតិបត្តិ ឬការយល់ឃើញខុសៗគ្នាពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយ ឬពីតំបន់មួយទៅតំបន់មួយផងដែរ។ ដូច្នេះគេអាចនិយាយបានថា នៅក្នុងសង្គមនីមួយៗមានរចនាសម្ព័ន្ធនៃការកកើត ឬការប្រតិបត្តិមានលក្ខណៈស្មុគស្មាញដែលទាមទារឱ្យយើងធ្វើការសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់ពីភាពស្មុគស្មាញទាំងនោះ។ ក្នុងន័យនេះ ក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី បានយកចំណុចនេះ (ការសិក្សាស្វែងយល់ពីភាពស្មុគស្មាញរបស់សង្គមចេញពីបុគ្គលដែលបានរស់នៅក្នុងសង្គម ឬបរិបទនោះ) ដើម្បីបង្កើតបានជាចំណេះដឹងថ្មី ឬទ្រឹស្តីថ្មីសម្រាប់មនុស្សទូទៅក្នុងសង្គមបច្ចុប្បន្ន ឬអនាគតបានយល់ដឹង។

ឧទាហរណ៍ ការសិក្សាស្រាវជ្រាវរុករកពីដើមកំណើតនៃរបាំក្ងោក។ តាមធម្មជាតិនៃបញ្ហានេះបានទាមទារឱ្យអ្នកសិក្សាស្រាវជ្រាវធ្វើការសិក្សាស្រាវជ្រាវ ដោយប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យពីព្រោះវាជាការសិក្សាស្វែងយល់ពីគំនិតរបស់បុគ្គលម្នាក់ៗដែលបានដឹង ឬឆ្លងកាត់រឿងរ៉ាវទាក់ទងនឹងបញ្ហានេះ ឬការវិភាគឯកសារផ្សេងៗដែលទាក់ទងនឹងបញ្ហានេះ។ ផ្អែកលើបញ្ហានេះ អ្នកសិក្សាស្រាវជ្រាវអាចធ្វើការប្រមូលទិន្នន័យដោយប្រើវិធីណាមួយដូចជា៖ ការសម្ភាសបុគ្គលដែលបានដឹងរឿងនេះ (ការយល់ឃើញរបស់បុគ្គលម្នាក់អាចមានភាពខុសគ្នា ស្រដៀងគ្នា ឬដូចគ្នាលើបញ្ហានេះអាស្រ័យទៅតាមបទពិសោធន៍របស់ពួកគេម្នាក់ៗដែលបានដឹង ជួបប្រទះ បានឃើញហេតុការណ៍) ការវិភាគឯកសារ ការវិភាគរូបថត ឬការវិភាគវីដេអូដែលទាក់ទងនឹងរឿងនេះ។ល។ បន្ទាប់ពីការប្រមូលទិន្នន័យរួចហើយ អ្នកសិក្សាស្រាវជ្រាវអាចធ្វើការវិភាគ សំយោគ និងសន្និដ្ឋានតាមធាតុគោលដែលចង់ស្វែងយល់ ហើយទាញបានជាទ្រឹស្តីថ្មី ចំណេះដឹងថ្មី ឬរបកគំហើញពីការសិក្សាស្រាវជ្រាវនេះ។ ការសិក្សាស្រាវជ្រាវបែបនេះគឺបានចាត់ចូលទៅក្នុងក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវ ដើម្បីបង្កើតទ្រឹស្តីថ្មីតាមរយៈការប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យ។

ទស្សនវិទូក្រុមនេះក៏បានលើកឡើងផងដែរថា នៅក្នុងដំណើរការប្រមូលទិន្នន័យនៃការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី ទាមទារឱ្យអ្នកសិក្សាស្រាវជ្រាវប្រើប្រាស់ប្រភេទសំណួរបើក (ហេតុអ្វី...តាមរបៀបណា...យ៉ាងដូចម្តេច......មានអ្វីកើតឡើង......កើតឡើងនៅពេលណា....កើតឡើងនៅទីកន្លែងណា..........មានប្រសិទ្ធភាព ឬផលប៉ះពាល់យ៉ាងដូចម្តេច......)ដែលអាចធ្វើឱ្យក្រុមគោលដៅងាយយល់ និងមានលទ្ធភាពផ្តល់ចម្លើយបានច្រើនដែលអាចធ្វើទៅបានដោយសារក្រុមគោលដៅគឺជាបុគ្គលដ៏សំខាន់នៅក្នុងការផ្តល់ចម្លើយ (ក្នុងករណីការប្រមូលទិន្នន័យត្រូវបានធ្វើឡើងតាមរយៈវិធីសម្ភាសន៍)។ ក្នុងករណីក្រុមគោលដៅមិនយល់ច្បាស់ពីសំណួរ ឬសំណួរដែលបានសួរមិនមានភាពច្បាស់លាស់ ដូច្នេះពួកគេមិនអាចផ្តល់ចម្លើយបានឡើយ។ ការប្រើប្រាស់សំណួរបើក និងមានភាពងាយស្រួលយល់បានច្រើនកាលណា ក្រុមគោលដៅក៏អាចផ្តល់ចម្លើយបានច្រើនទៅតាមនោះដែរ។ រាល់ចម្លើយដែលទទួលបានពីក្រុមគោលដៅទាំងអស់ត្រូវបានអ្នកសិក្សាស្រាវជ្រាវវិភាគជារួម (ទំនាក់ទំនងគំនិតរវាងក្រុមគោលដៅលើបញ្ហាដែលកំពុងសិក្សាស្រាវជ្រាវ) មិនមែនវិភាគចម្លើយជាលក្ខណៈបុគ្គលម្នាក់ៗនោះទេ។

ឧទាហរណ៍ ក្នុងការសិក្សាស្រាវជ្រាវដើម្បីឆ្លុះបញ្ចាំងពីការការយល់ឃើញរបស់គ្រូបង្រៀនលើការសរសេរភាសាខ្មែររបស់សិស្សវិទ្យាល័យនាពេលបច្ចុប្បន្ន។ យោងតាមធម្មជាតិនៃបញ្ហាបានទាមទារឱ្យអ្នកសិក្សាស្រាវជ្រាវប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យ ពីព្រោះវាបានផ្តោតយ៉ាងសំខាន់លើប្រធានវិស័យ (ចម្លើយកើតចេញពីការយល់ឃើញរបស់ក្រុមគោលដៅម្នាក់ៗ)។ អ្នកសិក្សាស្រាវជ្រាវប្រើប្រាស់សំណួរបើកនៅក្នុងការប្រមូលទិន្នន័យពីក្រុមគោលដៅដែលជាគ្រូបង្រៀន។ សំណួរទំាងនោះត្រូវមានលក្ខណៈទូលំទូលាយ និងមានភាពងាយស្រួលយល់ដូចជា៖ តើលោកគ្រូ/អ្នកគ្រូមានការយល់ឃើញយ៉ាងណាដែរចំពោះការសរសេរភាសាខ្មែរនាពេលបច្ចុប្បន្នរបស់សិស្សវិទ្យាល័យ? តើមូលហេតុចាំបាច់អ្វីខ្លះដែលបានជំរុញ ឬជះឥទ្ធិពលការសរសរភាសាខ្មែររបស់សិស្សវិទ្យាល័យនាពេលបច្ចុប្បន្ន? តើបញ្ហានៃការសរសេរខ្មែរនាពេលបច្ចុប្បន្នរបស់សិស្សវិទ្យាល័យគួរដោះស្រាយតាមរបៀបណា?.......

តារាងទី១៖ ធាតុគោលក្នុងទស្សននិយមនៃការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី

ឯកសារយោង៖

Babbie, E. (1995). The practice of social research (7th Ed.). Wadsworth publishing, California, USA.

Creswell, W.J., & Creswell, D.J. (2018). Research Design: Qualitative, quantitative, and mixed methods approach. (5th Ed.). SAGE publication.

Cronk, C.B. (2008). How to use SPSS: A step-by-step guide to analysis and interpretation. (5th Ed.). Pyrezak publishing, California, USA.

Kerlinger, N.F. & Lee, B.H. (2000). Foundation of behavioral research (4th Ed.). Thomson learning, USA.

(ទាញឯកសារ៖ https://www.rac.gov.kh/researchs-categories/10/researchs?page=3)

2024-02-13 07:22:05   ថ្ងៃអង្គារ, 13 កុម្ភៈ 2024 ម៉ោង 02:22 PM
ការស្វែងយល់ពីមូលធនមនុស្ស ដោយ៖ ដោយ៖ លោក ប៉ាន់ សំណាង មន្ត្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គមរាជបណ្ឌិត្យសភាកម្ពុជា

ការប្រែប្រួល តែងតែកើតមានជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីពេលមួយទៅពេលមួយ ពីកន្លែងមួយទៅកន្លែងមួយ។ ពីមុនគេតែងលើកឡើងថា«ធនធានមនុស្ស ជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ»។ ពាក្យ «ធនធានមនុស្ស» ក្លាយជាប្រធានបទសំខាន់ក្នុងការអប់រំ។ ប៉ុន្ដែកម្ពុជានាសម័យនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ដ្រ ច្បាស់លាស់ ដើម្បីកំណើនសេដ្ឋកិច្ចនិងប្រែក្លាយកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កន្លងមកនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីបានមានប្រសាសន៍៖«មូលធនមនុស្ស គឺជាអាទិភាពគន្លឹះទីមួយ សម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការជំរុញសេដ្ឋកិច្ចឱ្យសម្រេចបាននូវគោលដៅរបស់ កម្ពុជានៅឆ្នាំ២០៣០និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ (រាជរដ្ឋាភិបាល ឆ្នាំ២០២៣)។

សូមចូលអានខ្លឹមសារបន្ថែម ឬមានអត្ថបទជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=9

2024-02-10 10:05:36   ថ្ងៃសៅរ៍, 10 កុម្ភៈ 2024 ម៉ោង 05:05 PM
បញ្ហាប្រឈមសំខាន់ៗសម្រាប់ការដឹកនាំរបស់សម្តេចនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ហើយនឹងបន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកាន់ដំណែងជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជាអស់រយៈពេល ៣៨ ឆ្នាំនោះបានលាលែងចេញពីដំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ​ការឡើងកាន់ដំណែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលរួមទាំងបញ្ហាផ្ទៃក្នុង​ និងបញ្ហានៃគោលនយោបាយបរទេសកម្ពុជា ដែលត្រូវមានទំនាក់ទំនងល្អជាមួយនឹងប្រទេសផ្សេងទៀតក្នុងពិភពលោក ជាពិសេស សហរដ្ឋអាម៉េរិក និងប្រទេសចិន ដែលប្រទេសទាំងពីរនេះសុទ្ធតែមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវប្រឈមមុខនឹងបញ្ហាផ្ទៃក្នុង ដោយរួមមានបញ្ហាក្នុងជួរនៃគណបក្សប្រជាជនកម្ពុជា និងបញ្ហានៃការដឹកនាំប្រទេសកម្ពុជាទាំងមូល។ នៅក្នុងជួរនៃគណបក្សប្រជាជនកម្ពុជា មាន មន្ត្រីចាស់ៗដែលបានរួមដំណើរជាមួយនឹងសម្តេចហ៊ុន សែន ដែលត្រូវជាឪពុករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អស់កាលជាយូរណាស់មកហើយ ហើយមកដល់ពេលនេះ មានមន្ត្រីចាស់មួយចំនួនធំបានកំពុងតែបម្រើការនៅក្នុងជួរនៃរាជរដ្ឋាភិបាលកម្ពុជា ហើយបានកំពុងតែនៅក្នុងដំណែងធំទៀតផង។ ​កូនៗ ឬសាច់ញាតិរបស់មន្ត្រី ចាស់ៗដែលស្មោះស្ម័គ្រនឹងគណបក្សជាប្រជាជនកម្ពុជាមួយចំនួន មានមុខរបរនៃការរកស៊ីផ្សេងៗគ្នា និងបានកាន់កាប់ទ្រព្យសម្បត្តិផ្សេងៗគ្នា។ បញ្ហាប្រឈមធំមួយសម្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះ គឺនៅពេលដែលលោកត្រូវធ្វើការកាត់ទោស ឬដាក់ទណ្ឌកម្មមន្ត្រីចាស់ៗ ឬសាច់ញាតិរបស់មន្ត្រីចាស់ៗណាមួយដែលបានប្រព្រឹត្តមិនស្របទៅតាមច្បាប់របស់ប្រទេសកម្ពុជា ឬមិនបានជួយជម្រុញឱ្យមានការគាំទ្រចំពោះរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ទាល់នោះឯង។

ពាក្យចាស់ពោលថា «យល់ញាតិឆ្លៀតច្បាប់» គឺជាពាក្យមួយដែលយើងបានដឹងអត្តន័យយ៉ាងច្បាស់ ប៉ុន្តែនៅមានពាក្យមួយទៀតដែលមានន័យគួរពិចារណាដែរនោះ គឺ «​វ៉ៃឆ្កែឱ្យមើលម្ចាស់» គឺជាពាក្យដែលមានអត្តន័យផ្សេងទៀត ដែលគួរតែពិចារណាសម្រាប់អ្នកដែលកាត់សេចក្តីណាមួយ។ ការដឹកនាំប្រទេសជាតិ គឺជាការលំបាកណាស់ទៅហើយ ព្រោះត្រូវទទួលខុសត្រូវលើរឿងគ្រប់យ៉ាង រឿងគ្រួសារ រឿងសាច់ញាតិ រឿងបងប្អូន ជាពិសេសរឿងប្រទេសជាតិ ដែលជាបណ្តុំនៃមនុស្សដែលមាននិន្នាការផ្សេងគ្នា។ ​សម្រាប់មនុស្សជាតិនៅក្នុងពិភពលោកយើងនេះ ការបានទទួលប្រយោជន៍គឺជារឿងដែលសប្បាយចិត្ត និងតែងតែត្រេកអរ ហើយការបាត់បង់ប្រយោជន៍គឺជារឿងមិនសប្បាយចិត្ត និងតែងតែខឹងសប្បារចំពោះការបាត់បងប្រយោជន៍ណាមួយ។ ​

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវថ្នមចិត្តមន្ត្រីចាស់ៗ ព្រោះខ្លាចមានការចោទប្រកាន់ថាមិនគោរពចាស់ទុំ ឬមិនគោរពអ្នកដែលមានគុណច្រើនចំពោះបក្ស ដែលចំណុចនេះពេលខ្លះហាក់បានរំខានការតាំងចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះការដឹកនាំប្រទេសជាតិ។ មន្ត្រីចាស់ៗដែលមានចេតនាល្អជាមួយនឹងគណបក្សប្រជាជនកម្ពុជា គួរតែដកខ្លួនចេញពីរឿងមិនត្រឹមត្រូវដែលកំពុងតែកើតមាន ហើយទុកឱកាសពេញលេញសម្រាប់ការដឹកនាំប្រទេសជាតិជូនរដ្ឋាភិបាលកម្ពុជាដែលដឹកនាំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយមិនគួរបង្កើតបញ្ហាណាមួយសម្រាប់រដ្ឋាភិបាលនោះទេ ព្រោះថាសម័យនេះគឺជាសម័យបច្ចេកវិជ្ជា ហើយមនុស្សភាគច្រើនបានសិក្សារៀនសូត្រ និងបានស្គាល់អ្វីខុសអ្វីត្រូវយ៉ាងច្បាស់លាស់។ នៅក្រោមសន្តិភាព និងការក្រោមដឹកនាំរបស់ សម្តេច ហ៊ុន សែន កន្លងមកនេះ ពលរដ្ឋកម្ពុជា ជាពិសេសនិស្សិត និងស្រាវជ្រាវកម្ពុជា បានឱកាសសិក្សាឈ្វេងយល់ចំពោះរឿងខុស និងរឿងត្រូវ ហើយថែមទាំងបានធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតជាច្រើនផងដែរ។ ​អ្នកដែលជាប់នឹងបញ្ហានៃការទន្រ្ទានយកដីរបស់រដ្ឋ ឬបឹងទន្លេសាបនោះ គួរតែដកខ្លួនចេញហើយមិនត្រូវមានចិត្តចង់បានដីបឹងទន្លេសាបទៀតនោះទេ ព្រោះនោះគឺការរំខានការសម្រចចិត្តផ្ទៃក្នុងរបស់រដ្ឋាភិបាលកម្ពុជាណាស់។ ថ្នាក់ដឹកនាំនាសម័យនេះ មិនមានចិត្តណាមួយថាមិនគោរពចាស់ទុំនោះទេ ប៉ុន្តែចាស់ទុំដែលបានបង្ករបញ្ហាសម្រាប់ថា្នក់ដឹកនាំនោះ គួរតែដកខ្លួនចេញឱ្យបានច្បាស់លាស់ ហើយមិនត្រូវសម្ងំដោយរង់ចាំឱកាសដើម្បីទទួលយកប្រយោជន៍នោះទេ។ ​

ការប្រយ័ត្នមាត់ ឬខ្លាចពាក្យសំដីមិនគប្បីចំពោះមន្ត្រីចាស់ៗ គឺជារឿងលំបាកផ្នែកសីលធម៌សម្រាប់ថា្នក់ដឹកនាំសម័យថ្មី ហើយកិច្ចការនេះអាចមានផលប៉ះពាល់ចំពោះគោលនយោបាយនៃដឹកនាំប្រទេសកម្ពុជារបស់រាជ រដ្ឋាភិបាលកម្ពុជាផងដែរ។

ក្រៅពីការលំបាកចំពោះការភ្ជាប់ចិត្តមន្ត្រីចាស់ៗហើយនោះ នៅមានបញ្ហាក្នុងប្រទេសជាច្រើនទៀត ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវគិត និងត្រូវដោះស្រាយផងដែរ។ បញ្ហាសម្រាប់កសិករ បញ្ហាសម្រាប់អ្នកជំនួញ បញ្ហាសម្រាប់មន្ត្រីរាជការ និងការសាងសងហេដ្ឋារចនសម្ព័ន្ធក្នុងទីក្រុង និងតាមជនបទនោះ សុទ្ធតែជារឿងសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយឱ្យមានប្រសិទ្ធភាព និងមានទំនួលខុសត្រូវចំពោះប្រជាជាតិមួយនេះ។ ​

ការនិយាយ និងការរិះគន់ គឺជារឿងងាយស្រួយ ប៉ុន្តែការដោះស្រាយបញ្ហាជាក់ស្តែងគឺជាការលំបាក ហើយទាមទារពេលវេលា និងត្រូវការការតាំងចិត្តពីមន្ត្រីរាជរដ្ឋាភិបាលគ្រប់ជាន់ថា្នក់។ មន្ត្រីដែលមានសមត្ថភាព និងមន្ត្រីដែលមានការទទួលខុសត្រូវខ្ពស់ចំពោះការងារ គួរតែទទួលបានការលើកទឹកចិត្ត និងការគាំទ្រឱ្យបានពិតប្រាកដ ហើយរាជរដ្ឋាភិបាលគួរតែបើកចិត្តទទួលយកអ្វីដែលជាការពិតដែលបានកើតមានក្នុងប្រទេសកម្ពុជា។ ​

ភាពខ្វះខាតមួយរបស់មន្ត្រីរាជការ ឬអ្នកកាន់ដំណែងណាមួយនោះ គឺពេលធ្វើរបាយការណ៍ទៅជូនថា្នក់លើមិនសូវហ៊ាននិយាយអំពីចំណុចខ្វះខាតដែលកើ់តមាននៅក្នុងស្ថាប័នរបស់ខ្លួន ឬនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លាចថា ថា្នក់លើនឹងស្តីបន្ទោសខ្លួនព្រោះតែអសមត្ថភាពនៃការដឹកនាំរបស់ខ្លួន ហើយជួនកាលខ្លាចខ្មាស់គេពេលចំណុចខ្វះខាតនោះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ដោយសារតែការលាក់របស់មន្ត្រីថា្នក់ក្រោម និងដោយសារតែការស្តីបន្ទោសរបស់ថា្នក់លើ បានបន្សល់ទុកបញ្ហាដែលមិនអាចដោះស្រាយបានជូនទៅពលរដ្ឋឱ្យជាអ្នកប្រឈមមុខនឹងបញ្ហាទាំងនោះ ហើយទុកពាក្យថា «អសមត្ថភាព» ជូនទៅថ្នាក់លើជាអ្នកទទួលខុសត្រូវ។

ក្រៅពីបញ្ហាក្នុងប្រទេស នៅមានបញ្ហាក្រៅប្រទេសជាច្រើនទៀតដែលបានបង្ករជាបញ្ហាសម្រាប់ការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមានដូចជាការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ការរៀបឥរិយាបទនៅឆាកអន្តរជាតិ ការពិនិត្យមើលទំនាក់ទំនងពាណិជ្ជកម្ម ការទាក់ទាញអ្នកវិនិយោគបរទេសឱ្យមករកស៊ីនៅក្នុងប្រទេសកម្ពុជា ការពិនិត្យមើលព្រំដែនគោក និងព្រំដែនសមុទ្រ ការថែរក្សាទំនាក់ទំនងទំនងល្អជាមួយនឹងប្រទេសផ្សេងទៀត គឺសុទ្ធតែមិនមែនជាការងាយស្រួលនោះទេ។

ប្រទេសកម្ពុជាគឺជាប្រទេសតូច មានសេដ្ឋកិច្ចមិនទាន់រឹងមាំ កំលាំងយោធានៅមានកម្រឹត ហើយពលរដ្ឋដែលមានចំណេះដឹងជ្រៅជ្រះ ក៏នៅមានចំនួនមិនទាន់ច្រើនដូចប្រទេសជិតខាងនៅឡើយទេ ព្រោះហេតុនោះនៅមានកិច្ចការជាច្រើនទៀតដែលប្រទេសកម្ពុជាត្រូវដោះស្រាយ និងត្រូវធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ហើយត្រូវថែរក្សាសន្តិភាពដែលកំពុងតែមាននៅពេលនេះឱ្យបានជាដាច់ដាច ​បើមិនដូច្នេះទេ កម្ពុជានឹងប្រឈមមុខនឹងបញ្ហាលំបាកៗជាច្រើនទៀតជាមិនខាន។

សន្តិភាព និងស្ថេរភាព ព្រមទាំងការបង្កើតឱកាសស្មើរគ្នានៅក្នុងសង្គម គឺមានតម្លៃណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ហើយការរក្សាតម្លៃវប្បធម៌ ទឹកដី និងសម្បត្តិធម្មជាតិរបស់ប្រទេសឱ្យបានគង់វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយនោះ គឺជារឿងសំខាន់ណាស់។ យុត្តិធម៌ និងសេចក្តីសុខទាំងឡាយសុទ្ធតែកើតចេញពីតម្រូវការរបស់ក្រពះ ព្រោះហេតុនោះ ការបង្កើតឱកាស និងការផ្តល់ឱកាស់សម្រាប់​មនុស្សដែលមានសមត្ថភាពឱ្យបានធ្វើការទៅតាមជំនាញ គឺជារឿងសំខាន់មួយដែលថា្នក់ដឹកនាំត្រូវគិតនិងពិរចារណា។ មនុស្សដែលមានចំណេះដឹងអាចសួរនាំច្រើន ឬអាចមតិផ្ទុយពីយល់ឃើញរបស់ថា្នក់ដឹកនាំ គឺហាក់បីដូចជាការសម្រួចឈើពុក និងឈើខ្លឹមដូចគ្នា។ ឈើខ្លឹមអាចប្រើពេលយូរបន្តិចដើម្បីសម្រួចមុននឹងអាចប្រើប្រាស់វាបាន ប៉ុន្តែបើសិនជាសម្រួចរួចហើយនឹងអាចប្រើប្រាស់បានយូរ ចំណែកឯឈើពុកវិញអាចប្រើពេលខ្លីដើម្បីសំលៀង ឬសម្រួច ប៉ុន្តែអាចប្រើប្រាស់មិនបានយូរឬប្រើមិនកើត។

ការប្រើមនុស្សទៅតាមជំនាញ ​ឬប្រើមនុស្សឱ្យស្របតាមសមត្ថភាព គឺជារឿងសំខាន់ណាស់ដើម្បីសម្រេចបានតាមគោលនយោបាយដែលបានកំណត់សម្រាប់អាណត្តិនៃការដឹកនាំ ហើយត្រូវបើកចិត្តទទួលយកគំនិតផ្សេងគ្នានៅពេលខ្លះ ដោយមិនត្រូវចាត់ទុកអ្នកដែលបានផ្តល់គំនិតផ្សេងនោះជាសត្រូវ ឬជាអ្នកដែលមានចេតនាប្រឆាំងនោះទេ។

———

RAC Media 

(បណ្ឌិត ស៊ឺន សំ ជាអ្នកស្រាវជ្រាវគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។ 

រាល់មតិយោបល់ដែលមានៅក្នុងអត្តបទនេះ គឺជាយល់ឃើញរបស់លោកបណ្ឌិតផ្ទាល់ មិនមែនជាការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។ ​

2024-02-10 09:48:45   ថ្ងៃសៅរ៍, 10 កុម្ភៈ 2024 ម៉ោង 04:48 PM
អ្វីទៅជាការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីមុនៗ ឬ​ទ្រឹស្តីមានស្រាប់? ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទការល័យរាជបណ្ឌិត្យសភាកម្ពុជា

ក្រុម​ទស្សនវិទូ ដែល​និយម​លើការសិក្សា​ស្រាវជ្រាវ​ដើម្បី​ផ្ទៀង​ផ្ទាត់​ទ្រឹស្តីពី​មុនៗ (Postpositivist) បាន​​បញ្ជាក់ថា រាល់ចំណេះដឹង ឬ​ទស្សនដែល​មាន​ស្រាប់​ទាំ​ងអស់​មិន​ប្រាកដថា​ត្រឹម​ត្រូវ​១០០%​នោះទេ។ អ្នកសិក្សា​​ស្រាវជ្រាវ ឬ​អ្នកនិពន្ធសៀវភៅផ្នែក​​វិទ្យាសាស្ត្រសង្គម​បាន​​ប្រមូល​ និង​ប្រើប្រាស់​ព័ត៌មាន​ឬ​ទិន្នន័យ​នៅក្នុង​សម័យកាលណាមួយ​​ដែល​ពួកគេបាន​ឆ្លងកាត់​ ឬបាន​ជួប​ប្រទះដើម្បី​ចង​ក្រង​ជាឯកសារ​ទុក​ឱ្យ​មនុស្ស​ជំនាន់ក្រោយៗ​សិក្សា​រៀន​សូត្រ។ ​នៅក្នុងដំណើរ​នៃការ​ប្រមូលព័ត៌មាន និង​ចងក្រង​សៀវភៅ​ទំាង​នោះ​ ក្រុម​ទស្សននិយម​លើការសិក្សា​ស្រាវជ្រាវ​ដើម្បី​ផ្ទៀង​ផ្ទាត់​ទ្រឹស្តី​បាន​ចោទ​ជាសំនួរ​មួយចំនួន​ថា តើការប្រមូលទិន្នន័យនេះមានអ្វីមកអះអាង ថា​ពិតជាសុក្រិត១០០%ដែរឬទេ? មានអ្វីបញ្ជាក់ថាសុក្រិត​១០០%? តើការសរសេរនោះ​ពិតជា​ផ្អែក​លើ​ទិន្នន័យ​ដែល​បាន​ប្រមូល​នោះ​១០០%​ដែរឬទេ?​ មានអ្វីមកបញ្ជាក់​ថា​ពិត​ជាធ្វើតាម​នោះ​១០០%? តើទិន្នន័យទាំងនោះ​ពិតជាអា​ច​ប្រើប្រាស់​បាន​គ្រប់​សម័យ​កាល​និងគ្រប់​ពេល​វេលាបានដែរឬទេ? ហើយមានអ្វីមកអះអាងបញ្ជាក់?​

សូមចូលអានខ្លឹមសារបន្ថែម ឬមានអត្ថបទជាច្រើនទៀត តាមរយ:តំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/19/researchs#main-container


2024-02-09 08:35:15   ថ្ងៃសុក្រ, 09 កុម្ភៈ 2024 ម៉ោង 03:35 PM
សាសនា និងពុទ្ធសាសនា ដោយ៖ បណ្ឌិត ក្តាន់ ធុលមន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថាន​មនុសាស្ត្រនិងវិទ្យាសង្គមរាជបណ្ឌិត្យសភាកម្ពុជា

មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?

ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖

១- អំពីសាសនា

សាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោបាយនៅក្នុងសង្គម ដែរ។ ប្រវត្ដិសាស្ដ្រ បានកត់ត្រាពីសង្គម​ថា សង្គមមួយដែលមានមនុស្សមិនទាន់បានប្រតិបត្ដិទម្រង់សាសនាណាមួយនៅ ឡើយនោះ ទោះជានៅសម័យបុព្វកាល ក្ដី។ ការសិក្សា ជាពិសេសដោយសង្គមវិទូ និង នរវិទូបង្ហាញឱ្យឃើញថា សាសនាគឺ ជាធាតុវប្បធម៌មូលដ្នានមួយ (a basic cultural element) របស់សង្គម។ ដូច្នេះ សាសនាសមនឹងគេអះអាងដោយស្រួលថា គឺជាសង្គមនៅក្នុងកម្រិតអភិវឌ្ឍន៍ ផ្សេងៗ (various levels of development) ទោះនៅទីកន្លែងណា និងនៅពេលណាក៏ ដោយ សុទ្ធតែមានជំនឿ និងការប្រតិបត្ដិ សាសនាមួយចំនួនជាមិនខាន។ រួមជាមួយ នឹងលក្ខណៈ មូលដ្ឋានផ្សេងៗទៀតនៃ ជីវិតសង្គម មានដូចជា ភាសា (language), សិល្បៈ (arts), វិទ្យាសាស្ដ្រ (science), និង បច្ចេកវិទ្យា (technology) ជាដើម។ សាសនា បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ មនុស្សម្នាក់ៗ ក៏ដូចជាទៅលើក្រុមមនុស្ស ដែលយើងហៅថា សង្គម នេះផងដែរ។ តម្លៃ (value) និង ឥទ្ធិពល (influence) របស់សាសនាទៅលើសង្គម បានបង្ហាញ យ៉ាងច្បាស់លាស់ និងយ៉ាងមានប្រសិទ្ធភាព នៅក្នុងវគ្គខាងក្រោម៖


សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:

https://rac.gov.kh/researchs-categories/1/researchs?page=9

2024-02-05 08:04:39   ថ្ងៃចន្ទ, 05 កុម្ភៈ 2024 ម៉ោង 03:04 PM
ជំនាញសង្គមមជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍបុគ្គល ដោយ៖ បណ្ឌិត ទុយ យូឃីម នាយកដ្ឋានប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ដិត្យសភាកម្ពុជា

បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងាជាមនុស្សក្រៅសង្គម ចូលជុំនុំគេមិនចុះ​ គ្មានមិត្តភ័ក្តិ គ្មានអ្នកយល់ចិត្ត ពិបាកក្នុងការស្វែងរកការងារធ្វើ ជាពិសេសក្នុងការធ្វើអន្តរកម្មនៅក្នុងសង្គម។ 

សូមចូលអានខ្លឹមសារ និងមានអត្ថបទជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម

https://rac.gov.kh/researchs-categories/1/researchs?page=9

2024-02-05 07:45:34   ថ្ងៃចន្ទ, 05 កុម្ភៈ 2024 ម៉ោង 02:45 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហៃណាន

(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហៃណាន នៅទីក្រុងហៃខូវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសដំណើរទស្សនកិច្ចនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជួបពិភាក្សាការងារជាមួយលោក CUI Changhua សាកលវិទ្យាធិការសាកលវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហៃណាន ដោយជំនួបពិភាក្សានេះបានផ្ដោតទៅលើការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហៃណាន។

ជាលទ្ធផល ថ្នាក់ដឹកនាំស្ថាប័នទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ នៅក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ពិសេសនៅលើការបណ្ដុះបណ្ដាលរួមគ្នាទៅលើជំនាញសំខាន់ៗចំនួន៣គឺ៖

១- ជំនាញវិជ្ជាជីវៈចម្អិនម្ហូបអាហារ

២- ជំនាញទេសចរណ៍ និង

៣- ជំនាញបច្ចេកវិទ្យា និងទីផ្សារឌីជីថល៕

RAC Media

2024-02-02 09:48:52   ថ្ងៃសុក្រ, 02 កុម្ភៈ 2024 ម៉ោង 04:48 PM
«ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំៗពីរដែលកម្ពុជានិងវៀតណាមគួរសម្ដែងបដិការគុណចំពោះគ្នា» ដោយ៖ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ពីរ ដែលត្រូវបានលើកឡើងជាញឹកញាប់ដោយអ្នកនយោបាយនិងបញ្ញវន្តនៃប្រទេសទាំងពីរពាក់ព័ន្ធនឹងបដិការគុណដែលប្រទេសទាំងពីរត្រូវសម្តែងចំពោះគ្នាទៅវិញទៅមក គឺការជួយរបស់​កម្ពុជាចំពោះវៀតណាមក្នុងសង្គ្រាមបង្រួបបង្រួមទឹកដីវៀតណាមនាអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់​ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ និងការជួយរបស់វៀតណាមចំពោះកម្ពុជាក្នុងចលនារំដោះជាតិចេញពីរបស់ប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៩។

ក្នុងអតីកាល កម្ពុជានិងវៀតណាមធ្លាប់មានទំនងទំនងជាច្រើនជាមួយគ្នា និងមានប្រវត្តិសាស្ត្រជាប់ទាក់ទងគ្នាស្ទើរគ្រប់សម័យកាល។ ជារួម ក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរមានច្រើននិងមានទាំងល្អផងនិងមិនល្អផង។ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំៗពីរដែលជះឥទ្ធិលទៅលើ ទំនាក់ទំនងរវាងប្រទេសទាំងពីរនាសហសម័យ។

ព្រឹត្តិការណ៍ទីមួយ កម្ពុជាធ្លាប់បានជួយបង្រួបបង្រួមវៀតណាមខាងត្បូងនិងវៀតណាមខាងជើង មកជាប្រទេសតែមួយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ដែលពេលនោះ កម្ពុជាបានអនុញ្ញាតឱ្យកងទ័ពរំដោះជាតិវៀតណាម ហៅថា វៀតកុង ប្រើប្រាស់ទឹកដីជាប់ព្រំដែនរបស់ខ្លួន សម្រាប់ដឹកស្បៀង សព្វាវុធ ដើម្បីវាយលុកផ្តួលវៀតណាមខាងត្បូង។ ហេតុផលនេះហើយ បានជាកងទ័ពអាម៉េរិក ដែលជាសម្ព័ន្ធមិត្តជាមួយវៀតណាមខាងត្បូង បានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់មកលើទឹកដីកម្ពុជាដែលមានទម្ងន់សរុបជិត៣លានតោន ហើយបានបង្កឱ្យស្លាប់និងរបួសប្រជាជនខ្មែរនៅតាមព្រំដែនរាប់ម៉ឺននាក់ និងបានទាញឱ្យកម្ពុជាធ្លាក់ចូលក្នុងមហាវិបត្តិ និងគ្រោះមហន្តរាយស្ទើរតែរលាយសាបសូន្យទឹកដីនិងពូជសាសន៍ខ្មែរ។

ចំណែកឯព្រឹត្តិការណ៍ទីពីរវិញ គឺវៀតណាម ក៏ធ្លាប់បានជួយកម្ពុជាដែរ តាមរយៈការបញ្ជូនកងទ័ពចូលមកទឹកដីកម្ពុជាក្នុងឆ្នាំ១៩៧៩ ដើម្បីជួយផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេហៅ ថាខ្មែរក្រហម និងបានរំដោះប្រជាជនកម្ពុជាចេញពីរបប ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ទាប់មក កងទ័ពវៀតណាម បន្តមានវត្តមាននៅកម្ពុជារហូតដល់ឆ្នាំ១៩៨៩ ទើបដកចេញពីកម្ពុជា។

ដើម្បីសម្ដែងការដឹងគុណ និងការរម្លឹកគុណដល់កងទ័ពនិងប្រជាជនវៀតណាម លះបង់សាច់ស្រស់ ឈាមស្រស់ក្នុងការជួយផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ថ្នាក់ដឹកនាំកម្ពុជាបានកសាងវិមានឬស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅរាជធានីភ្នំពេញ និងនៅស្ទើរគ្រប់ខេត្តរបស់ខ្លួន។ ប៉ុន្តែ ភាគីវៀតណាមវិញ មកដល់ពេលនេះ មិនទាន់មានការសាងសង់វិមានឬស្តូបមិត្តភាពវៀតណាម-កម្ពុជាណាមួយដើម្បីរម្លឹកដល់គុណកម្ពុជាដែលធ្លាប់បានជួយវៀតណាមនាពេលកន្លងមកនោះនៅឡើយទេ។ កត្តានេះ ធ្វើឱ្យមានមតិជាតិនិងមតិអន្តរជាតិមួយចំនួនរិះគន់ដោយបានលើកឡើងថា មេដឹកនាំឬប្រជាជនវៀតណាមហាក់ដូចជាមិនអើពើនឹងការសងគុណដែលកម្ពុជាធ្លាប់មានចំពោះខ្លួននាពេលកន្លងមក។

ទោះបីជាយ៉ាងណាក៏ដោយ ក៏កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ផាម ជីញ មីញ (Phạm Minh Chính) នាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងនូវការដឹងគុណដល់កម្ពុជា ជាពិសេស ក្នុងការជួយបង្រួបបង្រួមដល់ប្រទេសវៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមរូបនេះបានថ្លែងបែបនេះនៅក្នុងពិធីប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានាក្នុងខេត្តត្បូងឃ្មុំ។ នៅក្នុងពេលនោះ ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងថា «ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រនិងការជួយដ៏មានតម្លៃ ដែលថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាជាច្រើនជំនាន់ ចំពោះប្រជាជនវៀតណាម ក្នុងការជួយរំដោះប្រទេសជាតិកន្លងមក ក៏ដូចជាការកសាងនិងការអភិវឌ្ឍប្រទេសសព្វថ្ងៃ»។

គាត់បានបន្តថា៖ «យើងខ្ញុំសូមសម្តែងនូវការដឹងគុណពិសេសចំពោះរាជរដ្ឋាភិបាល ដើរតាមនយោបាយអព្យាក្រឹតរបស់កម្ពុជា បានទទួលស្គាល់រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង បានជួយអស់ពីចិត្តនិងបង្កលក្ខណៈអំណោយផលដល់បដិវត្តន៍វៀតណាម ក្នុងការកសាងនូវមូលដ្ឋាន និងផ្លូវដឹកជញ្ជូនឱ្យសមរភូមិវៀតណាមខាងត្បូង ក្នុងកាលៈទេសៈដ៏សែនលំបាកនោះ»។

គាត់ជឿជាក់យ៉ាងមុតមាំថា កម្ពុជានិងវៀតណាមនៅតែបន្តមិត្តភាពមួយនេះកាន់តែរឹងមាំហើយស៊ីជម្រៅបន្ថែមទៀត គាត់មើលឃើញថា មិត្តភាពនេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលមនុស្សជំនាន់ក្រោយត្រូវតែបន្តគោរពជាកិត្តិយសគ្រប់ជំនាន់។ តាមរយៈការឆ្លើយតបជាវិជ្ជមានជាលើកដំបូងនេះ យើងគិតថា ភាគីមិត្តនឹងពិចារណាលើការសាងសង់វិមានឬស្តូបមិត្តភាពវៀតណាម-កម្ពុជានៅលើទឹកដីវៀតណាម និងចារិកខ្លឹមសារដែលមានអត្ថន័យបង្ហាញការរម្លឹកគុណគ្នាទវិញទៅមក«ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងដើម្បីជាសក្ខីភាពនៃការដឹងគុណនឹងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាមក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណនិងចងចាំចំពោះពលិកម្មរបស់កងទ័ពនិងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅទសវត្សរ៍៧០-៨០» ដែលខ្លឹមសារនេះគឺជាសេចក្តីណែនាំបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋនៃព្រះរាជណាចក្រកម្ពុជា។

សរុបមក បើទោះបីជាក្នុងអតីកាល ប្រទេសទាំងពីរធា្លប់មានអនុស្សាវរីយ៍ផ្អែមល្ហែមផងនិងជូរចត់ផង ដែលប្រែប្រួលទៅតាមរបត់នយោបាយផ្ទៃក្នុង នយោបាយតំបន់ និងនយោបាយអន្តរជាតិ ឬឆន្ទៈរបស់មេដឹកនាំនៃប្រទេសនីមួយៗក៏ដោយ ក៏មេដឹកនាំនិងប្រជាជាតិបច្ចុប្បន្ននៃប្រទេសទាំងពីរមិនត្រូវផ្ដោតខ្លាំងពេកលើការគាស់កកាយប្រវត្តិសាស្ត្រនិងអនុស្សាវរីយ៍មិនល្អទាំងនោះ ដើម្បីធ្វើជាឈ្នាន់នយោបាយឬជាមូលដ្ឋានក្នុងការបង្កអរិភាពរវាងគ្នានឹងគ្នានោះទេ។

ប៉ុន្តែ ចាប់ពីពេលនេះតទៅ ប្រទេសទាំងពីរត្រូវតែអនុវត្តតាមពាក្យស្លោកទាំងអស់ដែលប្រទេសទាំងពីរបានកំណត់ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែង»។ តាមរយៈសុភាសិតនេះ ប្រទេសទាំងពីរត្រូវតែ ធ្វើជាអ្នកជិតខាងដែលកាន់តែល្អពិតប្រាកដជាងមុន ប្រកបដោយភាពស្មោះត្រង់ ជួយគ្នាទៅវិញទៅមក គោរពអធិបតេយ្យ បូរណភាពទឹកដី មិនបំពានគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនកេងចំណេញពីគ្នា ផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក បំពេញបន្ថែមនូវអ្វីដែលជាចន្លោះប្រហោង និងរស់នៅក្នុងសហអត្ថិភាព សហប្រតិបត្តិការល្អនិងដៃគូល្អ ដើម្បីសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនាក្នុងនាមជាអ្នកជិតខាងល្អ៕   

(បញ្ជាក់៖ ខ្លឹមសារអត្ថបទខាងលើ ជាទស្សនៈនិងយល់ឃើញផ្ទាល់របស់ស្មេរម្ចាស់អត្ថបទ។ )

2024-01-30 08:31:03   ថ្ងៃអង្គារ, 30 មករា 2024 ម៉ោង 03:31 PM
ការប្រឡងបញ្ចប់​ឆមាសសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និង​ស្រាវជ្រាវនៃរាជបណ្ឌិត្យ​សភាកម្ពុជា​ ដោយ៖​ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និង​ស្រាវជ្រាវ​នៃ​​ រាជបណ្ឌិត្យ​សភាកម្ពុជា​បាន​រៀប​ចំការប្រឡងបញ្ចប់ឆមាសថ្នាក់​​បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់​បណ្ឌិត​ក្រោម​​អធិប​តី​ភាពរបស់​ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ​ និង​មន្ត្រី​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្តាល​ និង​ស្រាវស្រាវជ្រាវ។ ការប្រឡងនេះ​ បាន​ធ្វើឡើង​រយៈពេល​មួយថ្ងៃពេញ ​ចាប់​ពី​ម៉ោង០៨៖០០នាទីព្រឹក រហូតដល់ម៉ោង០៥៖៣០​នាទី​ល្ងាច ដោយ​មាន​និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតចូលរួមប្រឡង​សរុបចំនួន១៣៧នាក់​ ដោយ​ផ្តោតលើមុខវិជ្ជា​សំខាន់ៗ​រួមមាន៖ វិធីសាស្ត្រស្រាវជ្រាវ វិធីសាស្ត្រសរសេរសារណា ស្ថិតិវិទ្យា និង​ទស្សនវិជ្ជា។

គួរកត់សម្គាល់ផងដែរថា​ មជ្ឈមណ្ឌលបណ្តុះបណ្តាល និង​ស្រាវជ្រាវ​នៃរាជបណ្ឌិត្យស​ភា​កម្ពុជា​ត្រូវ​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​​នៅក្នុង​ឆ្នាំ១៩៩៩ (យោងតាមអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០) ក្នុង​គោលបំណងដើម្បីលើកស្ទួយ ​បង្កើនធនធាន​មនុស្ស និង​ជួយបំពេញ​តម្រូវការ​ធនធាន​មនុស្ស​នៅក្នុង​ការអភិវឌ្ឈន៍​ប្រទេស បន្ទាប់​ពី​ការបំផ្លេចបំផ្លាញដោយ​សង្គ្រាមស៊ីវីល។​ក្នុង​ការ​ជួយអភិវឌ្ឈន៍ធនធានមនុស្ស មជ្ឈមណ្ឌលបណ្តុះបណ្តាល និង​ស្រាវជ្រាវ​នៃរាជបណ្ឌិត្យស​ភា​កម្ពុជាបាន​បណ្តុះ​បណ្តាល​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត និង​បន្ទាប់មកបន្ត​បណ្តុះ​បណ្តាល​​ជំនាញ​វិជ្ជាជីវៈ(TVET) ថ្នាក់មូលដ្ឋានគ្រឹះភាសាចិនសម្រាប់ការទំនាក់ទនង​ទូទៅ ថ្នាក់បរិញ្ញាបត្រភាសាចិន និង​អនុបរិញ្ញបត្រជាន់ខ្ពស់​ភាសាចិន​សម្រាប់ធុរកិច្ច ជាដើម។ល។

១. បរិញ្ញាបត្រជាន់ខ្ពស់​៖ មកដល់បច្ចុប្បន្ននេះ​ មជ្ឈមណ្ឌលបណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជា​បាន​បណ្តុះ​បណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​បាន​ចំនួន​១១ជំនាន់​ និង​បច្ចុប្បន្ន​​នេះ ​កំពុង​បន្ត​ការ​បណ្តុះ​បណ្តាល​​ជំនាន់ទី១២ វគ្គ១។ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ មជ្ឈមណ្ឌលបណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជា​​បាន​​បណ្តុះបណ្តាល​​លើ​ជំនាញ​សំខាន់​ៗ​ដូចជា៖ ១. ជំនាញ​រដ្ឋបាល​សាធារណៈ ២. ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ ៣. ជំនាញច្បាប់ ៤. ជំនាញសេដ្ឋកិច្ច ៥. ជំនាញ​គីមីវិទ្យា ៦. ជំនាញវិទ្យាសាស្ត្រអប់រំ ៧. ជំនាញកសិកម្ម និង​អភិវឌ្ឈន៍ជនបទ​ ៨. ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា ៩. ជំនាញគណិតវិទ្យា ១០. ជំនាញ​ដឹកនាំភាពយន្ត ១១.​ ជំនាញនីតិសាស្ត្រ​ ១២. ជំនាញអក្សរសិល្ប៍ ១៣. ជំនាញវិចិត្រសិល្បៈ ១៤. ជំនាញទស្សនវិជ្ជា ១៥.​ ជំនាញសិល្បៈតន្រ្តី ១៦. ជំនាញស្ថាបត្យកម្ម និង​ការគ្រប់គ្រង​នគររូបនីយកម្ម ១៧. ជំនាញភូមិវិទ្យា ១៨. ជំនាញគ្រប់គ្រងធនធានធម្មជាតិ​ ១៩. ជំនាញវិស្វកម្មបរិស្ថាន ២០. ជំនាញគ្រប់គ្រងធុរកិច្ច ២១. ជំនាញគ្រប់គ្រងទេសចរណ៍ ២២. ជំនាញសម្តែងភាពយន្ត ២៣. ជំនាញបុរាណវត្ថុវិទ្យា ២៤. ជំនាញ​អក្សរសាស្ត្រ ២៥. ជំនាញប្រវត្តិវិទ្យា និង​២៦.​ ជំនាញសេដ្ឋកិច្ច។

២. ថ្នាក់បណ្ឌិត៖ សម្រាប់ថ្នាក់បណ្ឌិតមកដល់បច្ចុប្បន្ននេះ ​មជ្ឈមណ្ឌលបណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជា​បាន​បណ្តុះ​បណ្តាល​ថ្នាក់​បណ្ឌិត​​បាន​ចំនួន​៨ជំនាន់​ និង​បច្ចុប្បន្ន​នេះ​កពុង​បន្ត​ការ​បណ្តុះ​បណ្តាល​​ជំនាន់ទី៩ វគ្គ១។​ សម្រាប់​ថ្នាក់បណ្ឌិត មជ្ឈមណ្ឌលបណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជា​​បាន​​បណ្តុះបណ្តាល​​លើ​ជំនាញ​សំខាន់​ៗ​ដូចជា៖ ១. ជំនាញ រដ្ឋបាល​សាធារណៈ​ ២. ជំនាញវិទ្យាសាស្ត្រនយោបាយ ៣. ជំនាញនីតិសាស្ត្រ ៤. ជំនាញសេដ្ឋកិច្ច ៥. ជំនាញ​វិទ្យាសាស្ត្រសុខាភិបាល ៦. ជំនាញអក្សសិល្ប៍ ៧. ជំនាញអក្សរសាស្ត្រ ៨. ជំនាញវិចិត្រសិល្បៈ ៩. ជំនាញគ្រប់គ្រងធុរកិច្ច ១០. ជំនាញទស្សនវិជ្ជា ១១. ជំនាញវិទ្យាសាស្រ្តអប់រំ ១២. ជំនាញ បច្ចេកវិទ្យាព័ត៌មាន​វិទ្យា ១៣. ជំនាញកសិកម្ម និង​អភិវឌ្ឍន៍ជនបទ ១៤. ជំនាញប្រវត្តិវិទ្យា ១៥.​ ជំនាញស្ថាបត្យកម្ម និង​ការគ្រប់គ្រងនគររូបនីយកម្ម ១៦. ជំនាញគណិតវិទ្យា ១៧.​ ជំនាញគីមីវិទ្យា ១៨. ជំនាញភូមិវិទ្យា​ ១៩. ជំនាញវិស្វកម្មបរិស្ថាន ២០. ជំនាញគ្រប់គ្រងទេសចរណ៍​ ២១. ជំនាញសិល្បៈតន្ត្រី និង​ ២២. ជំនាញ​បុរាណវត្ថុវិទ្យា។

៣. គ្រូបង្រៀន/សាស្ត្រាចារ្យ៖ ក្នុង​ការបណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​​ មជ្ឈមណ្ឌលបណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជាបាន​ទំនាក់ទំនង និង​អញ្ជើញ​គ្រូបង្រៀន និង​សាស្ត្រាចារ្យ​​បញ្ចប់​សញ្ញាបត្រទាបបំផុតកម្រិតបណ្ឌិត ​បាន​បញ្ចាប់ការសិក្សា​ទាំងក្នុង​ប្រទេស​ និង​នៅបរទេស បានបម្រើការងារនៅក្នុង​ក្រសួង ឬស្ថាប័នផ្សេងៗ មានបទពិសោធន៍​លើ​ជំនាញ​របស់​ខ្លួនច្រើនឆ្នាំ​ និង​បានធ្វើការបោះពុម្ភស្នាដៃសិក្សា​ស្រាវជ្រាវ​ច្រើន​ច្បាប់លើ​ប្រធានបទផ្សេងៗ​ដើម្បី​ជួយចែក​រំលែក​បទពិសោធន៍​ដ៏ល្អរបស់ខ្លួន​ជាមួយនឹង​និស្សិត។ ក្រៅពីការសិក្សាដោយផ្ទាល់ជាមួយគ្រូបង្រៀន និង​សាស្ត្រាចារ្យដែលមានបទពិសោធន៍ខ្ពស់ និស្សិត​ក៏បាន​ចូលរួម​ក្នុង​ សិក្ខាសាលាថ្នាក់ជាតិ និង​អន្តរជាតិ​លើ​ប្រធានបទផ្សេងៗ​ដើម្បីទទួលបានចំណេះដឹង​បន្ថែមលើអ្វីដែលខ្លួនបាន​រៀននៅក្នុងថ្នាក់រៀន។ លើសពីនេះទៀត​ ​និស្សិត​បាន​​ផ្សារភ្ជាប់​ទ្រឹស្តី​ទៅ​នឹងភាពជាក់ស្តែង​ តាមរយៈការសិក្សាស្រាវជ្រាវ​ ការសរសេរអត្ថបទសម្រង់ ការចុះផ្សាយអត្ថបទស្រាវជ្រាវ​ ការធ្វើ បទបង្ហាញថ្នាក់ជាតិ និង​ថ្នាក់អន្តរជាតិជាមួយសាកលវិទ្យាល័យដៃគូ​សហការចំនួន៦៧ និង​​ការចុះធ្វើ​កម្មសិក្សា​ជាដើម។ល។

៤. អគារសិក្សានិង​ស្រាវជ្រាវ៖ ក្នុង​ការបណ្តុះបណ្តាលនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត​ មជ្ឈមណ្ឌលបណ្តុះបណ្តាល​ និង​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជា មាន​អគារសម្រាប់ការ​ បណ្តុះបណ្តាលដែល​បំពាក់ដោយសម្ភារៈបរិក្ខាទំនើបក្នុងការទ្រទ្រង់ដល់ការរៀន និង​ការបង្រៀន​​ មាន​បណ្ណាល័យដែល​បាន​តម្កល់សៀវភៅ និង​ស្នាដៃស្រាវជ្រាវ​របស់និស្សិតគ្រប់ជំនាន់ និង​ជាពិសេសមាន​សម្ភារៈរូបវន្ត​ផ្សេងៗ​ដែល​ជួយ​ទ្រទ្រង់ដល់ការបណ្តុះបណ្តាល និង​ការសិក្សាស្រាវជ្រាវ។ ​

RAC Media 

2024-01-27 09:49:35   ថ្ងៃសៅរ៍, 27 មករា 2024 ម៉ោង 04:49 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក