ព័ត៌មាន

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ចូលរួមអបអរសាទរក្នុងពិធីបើកវេទិកា ស្តីពី «វេទិកាកូរ៉េសកល២០២៣ Global Korea Forum 2023 (KGF)»

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូ បន្តចូលរួមក្នុងវេទិកាសកលកូរ៉េ២០២៣ ដែលប្រព្រឹត្តធ្វើឡើងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ វេទិកានេះរៀបចំដោយក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) និងមានការផ្តល់កិត្តិយសចូលរួមក្នុងវេទិកាដ៏មានសារ:សំខាន់នេះ រួមមាន៖

+ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ចឹង ហ៊េគូ (Jung, Hae-Gu) ប្រធានក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC)

+ ឯកឧត្តម បាក់ ហេយុន (Back Hye-ryun ) ប្រធានគណៈកម្មាធិការគោលនយោបាយជាតិនៃរដ្ឋសភាកូរ៉េ

+ ឯកឧត្តម ហាស្សណាន អាប៊ីម៉ាយុ (Haznan Abimanyu) ប្រធានអង្គការស្រាវជ្រាវថាមពលនិងផលិតកម្ម (OREM) នៃទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិ (BRIN) និង

+ លោកជំទាវ គីម អ៊ុនមី ( Kim Eun Mee) សាកលវិទ្យាធិកានៃសាកលវិទ្យាល័យស្ត្រីអ៊ីវ៉ា (Ewha Womans University)

ព្រមទាំង ឯកឧត្តម លោកជំទាវ លោកសាស្រ្តាចារ្យបណ្ឌិត ជាច្រើនរូបចូលរួម។

ក្នុងសុន្ទរកថាអបអរសាទរនៃវេទិកានេះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច សម្តែងនូវក្តីសាទរ និងវាយតម្លៃខ្ពស់ចំពោះ NRC ដែលបានផ្ដួចផ្ដើមគំនិតរៀបចំវេទិកាដ៏មានអត្ថន័យនិងអត្ថប្រយោជន៍នេះឡើងបានយ៉ាងល្អនិងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា វេទិកានេះពិតជាមានសារៈសំខាន់ និងមានលក្ខណៈបច្ចុប្បន្នភាព ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃកិត្យានុភាពរបស់ប្រទេសកូរ៉េ។ ឯកឧត្តមបណ្ឌិតសភាចារ្យនៅរំលេចបន្ថែមថា ថ្វីបើកូរ៉េជាប្រទេសតូចនិងហ៊ុំព័ទជុំវិញដោយសមុទ្រ ប៉ុន្តែកេរ្តិ៍ឈ្មោះនិងកិត្យានុភាពរបស់ប្រទេសកូរ៉េ មានភាពល្បីល្បាញនិងបានបោះសំឡេងបានឆ្ងាយ ដោយសារកត្តា៤យ៉ាង៖

ទី១. សេដ្ឋកិច្ចប្រទេសកូរ៉េមានភាពរឹងមាំល្អ

ទី២. ប្រព័ន្ធបច្ចេកវិទ្យារបស់កូរ៉េឈានមុខ

ទី៣. កូរ៉េមានសិល្បៈសម្តែងល្បីៗ (Kpop) និង

ទី៤. គ្រឿងសំអាងរបស់ប្រទេសកូរ៉េ មានគុណភាពល្អ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច នៅបានបញ្ជាក់ថា នៅប្រទេសកម្ពុជា វប្បធម៌កូរ៉េ បានជ្រាបចូលយ៉ាងជ្រៅក្នុងសង្គមកម្ពុជា ជាពិសេសយុវជនកម្ពុជា ពួកគេតែងសរសើរគ្នាថា ស្អាតដូចតួកូរ៉េ យុវជនកម្ពុជាចូលចិត្តស្តាប់និងទស្សនាក្រុម Kpop ប្រើប្រាស់សម្ភារៈអេឡិចត្រូនិករបស់កូរ៉េ ដូចជាទូរសព្ទ Samsung គ្រឿងសំអាងពីប្រទេសកូរ៉េជាដើម។ ក្រៅពីនោះនៅមានការនិយមប្រើប្រាស់រថយន្តសាំងយ៉ុងនិងហ៊ីយ៉ុនដាយជាច្រើនផងដែរ។ មិនតែប៉ុនណោះ គីមឈី ស្រាស៊ូជូ ឬស្រាម៉ាកាលី ក៏កំពុងទទួលបានការពេញនិយមនៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ថែមពីនោះ ដោយមានការឧបត្ថម្ភនិងគាំទ្រពីវិទ្យាស្ថានជ័យ សម្រាប់ការសិក្សាជាន់ខ្ពស់របស់ប្រទេសកូរ៉េ នៅថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិមួយស្តីពី«គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន (KASI)» ដោយគ្រោងនឹងអញ្ជើញវាគ្មិនមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសកូរ៉េ មកជជែកនិងពិភាក្សាដើម្បីជាធាតុចូលយ៉ាងសំខាន់ដល់រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជាអាស៊ាន។

វេទិកាកូរ៉េសកល២០២៣ (Global Korea Forum 2023) (KGF) រៀបចំឡើងនៅទីក្រុងសេអ៊ូល មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលវេទិកានេះនឹងជជែកពិភាក្សាលើប្រធានបទជាច្រើន ដើម្បីជាធាតុចូលដល់ស្ថាប័នស្រាវជ្រាវវិទ្យាសាស្រ្តនេះផងដែរ។


2023-11-21 07:54:09   ថ្ងៃអង្គារ, 21 វិច្ឆិកា 2023 ម៉ោង 02:54 PM
ទស្សនៈមូលដ្ឋាននៃប្រជាសាស្រ្ត Basic Concept of Demography ដោយ៖ លោក ហៃ សុគន្ធាមន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

បើនិយាយអំពីប្រជាសាស្រ្ត គឺគេនឹកឃើញភ្លាមអំពីប្រជាជន។ ជាការពិត ប្រជាសាស្រ្ត គឺជាការសិក្សាអំពីប្រជាជន ហើយពិសេសអំពីភាពបង្កើតកូន រៀបការ ការស្លាប់ និងបំលាស់លំនៅ និងទំនាក់ទំនងនៃការសិក្សាបែបវិទ្យាសាស្រ្តអំពីទំហំ របាយភូមិសាស្រ្ត និងសមាសភាពប្រជាជន និងការប្រែប្រួលគ្រប់ពេលវេលា។ បើតាមន័យសំខាន់នៃប្រជាសាស្រ្ត គឺផ្តោតការសិក្សាសំខាន់អំពី “ស្ថានភាពនិងចលនានៃមនុស្ស” ហើយការសិក្សាដែលច្បាស់ជាងនេះទៀត គឺការពង្រីកសញ្ញាណនៃពាក្យ “ស្ថានភាព” និង “ចលនា”។ ម្យ៉ាងទៀត ពាក្យប្រជាសាស្រ្តនេះ ត្រូវបានកំណត់និយមន័យដោយស្ថាប័នផ្សេងៗ ដូចជា៖

តាមនិយមន័យ របស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៥៨ បានពន្យល់ថា “ប្រជាសាស្រ្ត គឺជាការសិក្សាអំពីប្រជាជនតាមបែបវិទ្យាសាស្រ្ត ជាបឋម ដោយគោរពតាមចំនួនរបស់វា ទម្រង់របស់វា និងការអភិវឌ្ឍរបស់វា។ ប្រជាសាស្រ្ត គឺជាការសិក្សាអំពីទំហំ របាយដែនដី និងសមាសភាពរបស់ប្រជាជន ការប្រែប្រួលក្នុងរឿងប្រជាជន និងសមាសភាគនៃការប្រែប្រួល ដែលអាចធ្វើអត្តសញ្ញាណបាន ដូចជា ជាតិប្រមាណ មរណប្រមាណ ចលនាដែនដី (បម្លាស់លំនៅ) និងចល័តភាពសង្គម (ការផ្លាស់ប្តូរស្ថានភាព)។

និយមន័យខ្លះកំណត់ថា ប្រជាសាស្រ្ត គឺជាការសិក្សាតាមបែបស្ថិតិ និងគណិតវិទ្យារបស់ទំហំសមាសភាព និងរបាយក្នុងទំហំរបស់ប្រជាជន ជាមួយនឹងបម្រែបម្រួលតាមពេលវេលាជាក់ស្តែងក្នុងទិដ្ឋភាពមួយ ដោយឆ្លងតាមការអនុវត្តនៃដំណើរការទាំង៥ របស់ភាពបង្កើតកូន មរណប្រមាណ អាពាហ៍ពិពាហ៍ បម្លាស់លំនៅ និងចល័តភាពសង្គម។ ទោះបីជាវានៅរក្សាការវិភាគតាមបែបប្រៀបធៀបនិងរៀបរាប់បន្តរបស់ទំនោរក្នុងដំណើរនីមួយៗនិងក្នុងលទ្ធផលពិតរបស់វាក៏ដោយ ក៏គោលបំណងយូអង្វែងរបស់វាគឺអភិវឌ្ឍអង្គទ្រឹស្តីដើម្បីពន្យល់ព្រឹត្តិការណ៍ ដោយធ្វើជាក្រាហ្វ។

ជារួម ប្រជាសាស្រ្ត គឺជាការសិក្សាអំពីប្រជាជន ដោយយកចិត្តទុកដាក់ ជាពិសេសទៅលើភាពបង្កើតកូន (កើត) មរណប្រមាណ (ស្លាប់)និងការផ្លាស់ទីលំនៅ (ចលនាដែនដី)។ ដោយ សារអថេរនៃសមាសភាគទាំងបីនេះហើយដែលជាកត្តាធ្វើឱ្យមានការប្រែប្រួលចំនួនប្រជាជន។ ការប្រែប្រួលនៃចំនួនប្រជាជន ត្រូវបានវាស់ដោយអត្រាកើត អត្រាស្លាប់ និងអត្រាផ្លាស់ទីលំនៅ ពោលគឺសមាសភាគទាំងបីនេះ ជាកត្តាកំណត់ចំនួន ប្រជាជន ដោយសមាសភាពតាមអាយុរបស់វា និងល្បឿននៃការកើនឡើង និងថយចុះរបស់វា។

លំនាំជាច្រើននាសម័យបុរាណ ដូចជា អជ្ញាបញ្ជាសាសនា បញ្ហាទីក្រុង សង្រ្គាម បាននាំឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាប្រជាជន ក្នុងបំណងប្រមូលទាសករ កេណ្ឌកងទ័ព និងការយកពន្ធដារ ជាដើម។ ការរាប់ចំនួនមនុស្ស​អាចនិយាយបានថា ជាមុខងារប្រវត្តិសាស្រ្តឬជាសារពើពន្ធ ដូចជា នៅចុង សតវត្សរ៍ទី១៧ សេដ្ឋកិច្ចនិងវិទ្យាសាស្រ្តមានការរីកចម្រើនជាលំដាប់ ហើយនាំទៅដល់ការធ្វើស្ថិតិ មនុស្ស ដែលមានមុខងារនិងតួនាទី ពណ៌នាអំពីស្ថានភាពរបស់ប្រជាជន។

ដោយឡែក សង្រ្គាមនៅទ្វីបអ៊ឺរ៉ុប បានអនុគ្រោះដល់ប្រទេសកំណើតនិយម ពិសេសនៅក្រោយឆ្នាំ១៨៧០។ ប្រទេសបារាំង និងប្រទេសអាណានិគមកិច្ចផ្សេងទៀត គឺជាលំនាំមូលដ្ឋានសំខាន់ ដែលផ្តល់ផលប្រយោជន៍ដល់បញ្ហាប្រជាសាស្រ្ត ដូចជា ការបរាជ័យនៅឆ្នាំ១៨៧០ និងក្រោយសង្រ្គាមលោកលើទី១ ពោលគឺប្រជាសាស្រ្ត ត្រូវបានចាត់ទុកជាបញ្ហាសំខាន់ ចំពោះប្រទេសនីមួយៗ ដែលមានតម្រូវការមនុស្សប្រកបដោយសុខភាពល្អ ដើម្បីបង្កើតបានជាកម្លាំងទ័ពជាតិ (កម្លាំងស្នូលសង្គម)។ 

សូមអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភា្ជប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=8




2023-11-09 14:06:48   ថ្ងៃព្រហស្បតិ៍, 09 វិច្ឆិកា 2023 ម៉ោង 09:06 PM
៧០ឆ្នាំក្រោយការទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមបារាំង និងក្តីរំពឹងរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនង​​​អន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា


ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាខួប៧០ឆ្នាំ ដែល ប្រទេសកម្ពុជា ពិសេសប្រជាជនកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីរបបអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ក្រោយពេលបារាំងបានដាក់អាណានិគមន៍មកលើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ ដល់ ៩ វិច្ឆិកា ១៩៥៣)។

​ក្រោយទទួលបានឯករាជ្យ ប្រទេសកម្ពុជាក៏ដូចជាប្រជាជន បានឆ្លងកាត់ដំណាក់កាលដ៏សែនរប៉ាក់រប៉ើកជាច្រើន នៃចរន្តនយោបាយទាំងក្នុងប្រទេស តំបន់ និងពិភពលោក។ តួយ៉ាង៖ ទី១-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ របបសាធារណរដ្ឋខ្មែរ បានធ្វើរដ្ឋប្រហាទំលាក់ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ចេញពីរាជបល័ង្ល ហើយជំនួសមកវិញនូវរបបសាធារណរដ្ឋខ្មែរ។ ទី២-អ្វីដែលកាន់តែមានភាពស្មុគ្រស្មាញ និងត្រូវបានចារឹកទុកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នោះគឺរបបកម្ពុជាប្រជាធិបតេយ្យឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានបង្កើតឡើងនិងផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលជារបប​អាវ​ខ្មៅ​ បានធ្វើឱ្យ​ប្រជាជន​ស្លាប់​អស់ជិត៣លាន​នាក់ ​តែ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ៨ខែ និង​២០​ថ្ងៃ ​ដោយ​សារតែ​ការ​កាប់​សម្លាប់ ការ​បង្ខំឱ្យ​ធ្វើ​ការ​លើស​កម្លាំង ការ​អត់អាហារ​ និង​ជំងឺ​ផ្សេងៗ។ ទី៣-របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតឡើងនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយមានការជួយឧបត្ថម្ភគាំទ្រពីសំណាក់កងទ័ពស្មគ្រចិត្តវៀតណាម ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជួយប្រជាជនកម្ពុជាឱ្យរួចផុតពីការស្លាប់។ នៅឆ្នាំ១៩៨៩ បានប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជាមកជារដ្ឋកម្ពុជា។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើប្រាស់ ហើយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក៏ត្រូវបានបង្កើតឡើង ដែលអនុវត្តគោលនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។

​ចាប់តាំងពីរបបរាជានិយមទីពី២ត្រូវបានបង្កើតឡើងវិញ និងក្រោម «នយោបាយឈ្នះឈ្នះ» របស់ប្រមុខដឹកនាំកម្ពុជា សន្តិភាពពេញលេញនៅកម្ពុជាត្រូវបានបង្កើតឡើង ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​បញ្ចប់សង្គ្រាម​ស៊ីវិល និង​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាអតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នេះ​គឺជា​ឱកាស​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដែល​ទឹកដី​កម្ពុជា​បាន​ឆ្លង​ផុតពីភ្នក់​ភ្លើងសង្គ្រាម ហើយ​ប្រជាជន​បានរួម​រស់ក្នុង​សុខសន្តិភាព​យ៉ាង​ពេញលេញ​បរិបូ​ណ៍។​

តាមរយៈភាពប៉ិនប្រសប់ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ប្រមុខដឹកនាំកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងរបៀបវារៈនយោបាយចម្បងៗ សម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ (១៩៩៨-២០០៣) យុទ្ធសាស្ត្រចតុកោណ (២០០៤-២០២៣) ហើយពេលនេះជា “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដោយធ្វើការសម្របខ្លួនជាមួយនឹងការផ្លាស់ប្តូរជាបន្តបន្ទាប់ទាំងក្នុងបរិបទជាតិ តំបន់ និងពិភពលោក ដែលមានគោលបំណងដើម្បីជំរុញឱ្យមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងរយៈពេល២៥ឆ្នាំខាងមុខ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ មានគោលបំណងចម្បងក្នុងការសម្រេចឱ្យបាននូវ "ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០" ដែលកម្ពុជាខិតខំឱ្យក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សមិទ្ធផលដែលកម្ពុជាសម្រេចបានចាប់តាំងពីប្រទេសជាតិ ទទួលបាន​សុខសន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ រហូតមកទល់ពេលនេះ ជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់ប្រមុខដឹកនាំ ស្ថាប័នជាតិ និងអន្តរៈជាតិ កិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូ ទាំងទ្វេភាគីនិងពហុភាគី ទាំងក្នុងតំបន់ និងនៅជុំវិញពិភពលោក ក៏ដូចជាគំនិតផ្តួចផ្តើមនានាដែលប្រទេសមហាអំណាចបានដាក់ចេញ។

ដើម្បីសម្រចបានចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា កម្ពុជាចាំបាច់ត្រូវការការអភិវឌ្ឍន៍លើគ្រប់វិស័យ និងដោយផ្អែកលើអាទិភាពគន្លឹះប្រាំនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នោះគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលបានឆ្នុះបញ្ចាំងជាចម្បងតាមរយៈបញ្ចកោណយុទ្ធសាស្ត្រ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល។

ទន្ទឹមនឹងចក្ខុវិស័យ និងកម្មវិធីនយោបាយដែលកម្ពុជាមាននិងបានដាក់ចេញ រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវការកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីដៃគូទាំងអស់ ទាំងទ្វេភាគីនិងពហុភាគី ទាំងនៅក្នុងតំបន់និងជុំវិញពិភពលោក ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។ ជាពិសេសជាមួយនឹងគំនិតផ្តួចផ្តើមទាំង៤ របស់ប្រទេសចិន ក៏ដូចជា BRICS អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ LMC RCEP និង CCFTA ដែលបានចាក់ឬស និងបង្កើតជាផ្លែផ្កា ហើយបាននាំមកនូវសន្តិភាព វិបុលភាព ស្ថិរភាព និងបង្កើតផលប្រយោជន៍សំខាន់ៗសម្រាប់ប្រជាជន។

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ឆកោណត្បូងពេជ្រ” រវាងប្រទេសកម្ពុជា និងចិន ដែលបានបង្កើតឡើង ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តាមការអញ្ជើញរបស់រដ្ឋាភិបាលចិន កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងវិស័យអាទិភាពចំនួនប្រាំមួយ គឺកិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរពីប្រជាជនទៅប្រជាជន បានជួយលើកកម្ពស់ទំនាក់ទំនង កម្ពុជា-ចិន ឱ្យឡើងដល់កម្រិតថ្មី ខណៈពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតផ្លូវការផងដែរ។ កម្រិតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនេះ បានកើនកម្រិតជាបន្តបន្ទាប់បែបនេះ គឺអាស្រ័យដោយសារប្រទេសទាំងពីរបានប្រកាន់ខ្ជាប់នូវ ការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ការគាំទ្រ និងការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានជំរុញឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងមិនអាចបំបែកបាន។

ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ជាមួយ លោក ស៊ី ជីនពីង ប្រធានរដ្ឋចិន ក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRI) លើកទី៣។ លោក ស៊ី បានចង្អុលបង្ហាញថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតកាលពី ៦៥ ឆ្នាំមុនមក ប្រទេសចិននិងកម្ពុជា មានការជឿទុកចិត្តគ្នាជាយុទ្ធសាស្រ្ត ការគាំទ្រ និងការគោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមិនអាចបំបែកបាន។

ភាគីទាំងពីរតែងតែរក្សាបាននូវការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាញឹកញាប់ រក្សាទំនាក់ទំនងជាយុទ្ធសាស្រ្តកម្រិតខ្ពស់ ប្រើប្រាស់ឱ្យបានល្អនូវយន្តការគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល និងអនុវត្តផែនការសកម្មភាព សម្រាប់ការកសាងសហគមន៍ កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីជំរុញឱ្យប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។

លោកប្រធានាធិបតី ស៊ី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវបាននាំមកនូវឱកាសអភិវឌ្ឍន៍ជាក់ស្តែងដល់ប្រទេសកម្ពុជា។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ "ការធ្វើផែនការរួមគ្នា កសាងរួមគ្នា និងផ្តល់ផលប្រយោជន៍រួមគ្នា" ពង្រឹងភាពស៊ីសង្វាក់គ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់កម្ពុជា ដោយបញ្ចូលនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ "ឆកោនត្បូងពេជ្រ" កម្ពុជា-ចិន ក្នុងល្បឿនកាន់តែលឿន ដោយកសាង "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងត្រីនិងស្រូវ" និងជំរុញឱ្យមាន ការអនុវត្តគម្រោងជាច្រើនទៀតដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ប្រទេសចិនគាំទ្រគម្រោងរបស់កម្ពុជា ដូចជាការសាងសង់ព្រលានយន្តហោះ និងការស្ដារឡើងវិញនូវវត្ថុបុរាណវប្បធម៌ ស្វាគមន៍ផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែច្រើនទៀត ទៅកាន់ទីផ្សារប្រទេសចិន និងលើកទឹកចិត្តភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាកម្ពុជា។ លោក ស៊ី ក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច និងបានប្រកាសជាមួយ សម្តេច ធិបតី ហ៊ុន ម៉ាណែត ថាឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានទំហំទឹកប្រាក់ ៧១៣,២ លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣ កើនឡើង ១៦,៦ ភាគរយពី ៦១១,៥ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក៏មិនខុសឆ្ងាយពីទំនាក់ទនងរវាងកម្ពុជានិងចិន ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសជិតខាងគ្នា មានភូមិផងរបងជាមួយគ្នា ដែលមានទំនាក់ទំនងជា មិត្តភាព និងសាមគ្គីភាព ជាប្រពៃណីតាំងយូរលង់ណាស់មកហើយ។ ឆ្លងកាត់ភាពឡើងចុះនៃប្រវត្តិសាស្ត្រ ជាច្រើន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្ត ពូនជ្រំ អភិវឌ្ឍកាន់តែស៊ីជម្រៅ និងមានភាព កាន់តែប្រសើរឡើងលើគ្រប់វិស័យ និងបានក្លាយជាទ្រព្យសម្បត្តិរួម ដែលមិនអាចកាត់ថ្លៃបានសម្រាប់់ ប្រជាជន នៃប្រទេសទាំងពីរ។

អំឡុងពេល៥៦ឆ្នាំ (២៤-មិថុនា-១៩៦៧ ២៤-មិថុនា-២០២៣) នៃការភ្ជាប់ទំនាក់ទំនងការទូត ផ្លូវការរវាងប្រទេសទាំងពីរ បើទោះបី ជាទទួលរងឥទ្ធិពលពីគ្រប់និន្នាការនយោបាយ ក៏ដូចជាមាន ការខ្វែងគំនិតគ្នាខ្លះក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែបន្តមានភាពរីកច្រើនជាលំដាប់។ ជាពិសេសចាប់តាំងពី ព្រះរាជាណាចក្រកម្ពុជាទីពីរ បានបង្កើតឡើងនាឆ្នាំ១៩៩៣ ទំនាក់ទំនងរវាង ប្រទេសទាំងពីរបាន ឈានចូលដំណាក់កាល នៃការអភិវឌ្ឍថ្មី ក្នុងស្មារតី "ភាពជាអ្នកជិតខាងគ្នា គោរពឯករាជ្យភាព អធិបតេយ្យភាព និងដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ"។ ចាប់តាំងពីឆ្នាំ ២០០៥មក ទំនាក់ទំនងពិសេសរវាង កម្ពុជា និងវៀតណាម ត្រូវបាន បន្តពូនជ្រំ និងអភិវឌ្ឍ ដោយឥត ឈប់ឈរ ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការ គ្រប់ជ្រុងជ្រោយ ចីរភាពយូរអង្វែង”។

រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-វៀតណាម សម្រេចបាន សមិទ្ធិផល សំខាន់ៗជាច្រើន ដូចសេចក្តីប្រកាសរួមរវាងកម្ពុជា-វៀតណាម ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានចែងថា៖ «ភាគីទាំងពីរបានសម្តែងការរីករាយ ចំពោះការអភិវឌ្ឍដ៏ល្អនៃប្រទេសទាំងពីរ ភាពស្រស់ស្អាតនៃមិត្តភាព និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង កម្ពុជានិងវៀតណាម ក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ នាំមកនូវ ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ»។

នាពេលបច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានបោះជំហានទៅមុខយ៉ាង ស្វាហាប់ និងប្រកបទៅដោយវឌ្ឍនភាព ជាមួយនឹងចំណុចលេចធ្លោជាច្រើន តាមរយៈការផ្លាស់ប្តូរ ដំណើរ ទស្សនកិច្ច របស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរយ៉ាងទៀងទាត់និងគ្រប់កម្រឹត ការពង្រឹងនិងពង្រីកដោយ ឥតឈប់ឈរ នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព ជាប្រពៃណីដ៏ល្អប្រពៃ រវាងប្រទេសទាំងពីរ និងជា ទំនាក់ទំនង ជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាពូនជ្រំ លើកកម្ពស់ជាបន្តបន្ទាប់ និងបានបន្តផ្សាព្វផ្សាយទៅយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ឱ្យបានយល់ដឹងកាន់តែច្បាស់លាស់ និងបន្តកសាងស្ពានមិត្តភាពនេះបន្ថែមទៀត។ ក្រៅពីនេះ នៅមាន ថ្នាក់ដឹកនាំតាមបណ្តា ខេត្ត-ក្រុងនៃប្រទេសទាំងពីរ ជាពិសេស ថ្នាក់ដឹកនាំនៅបណ្តាខេត្តជាប់ព្រំដែន រវាងប្រទេសទាំងពីរ បានទៅបំពេញទស្សនកិច្ចរៀងៗខ្លួន ហើយតាមរយៈដំណើរទស្សនកិច្ចទាំងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែបានសម្តែងនូវ សេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះ សមិទ្ធផលដែលប្រទេសទាំងពីរ សម្រេចបានជាផ្លែផ្កានាពេលកន្លងមក និងបានបន្តប្តេជាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានការអភិវឌ្ឍលើ គ្រប់វិស័យ និងកាន់តែមានប្រសិទ្ធភាព ពីមួយថ្ងៃទៅមួយថ្ងៃក្នុងរយៈពេល៥៦ឆ្នាំកន្លងទៅនេះ ហើយជា «ទំនាក់ទំនងសេដ្ឋកិច្ច គាំទ្រឱ្យទំនាក់ទំនងនយោបាយ»។

លើទិដ្ឋភាពនយោបាយ៖ ប្រទេសទាំងពីរតែងតែបានបង្ហាញនូវជំហរនៃការគាំទ្រគ្នាទៅវិញ ទៅមក ក្នុងគោលបំណងរក្សាស្ថិរភាពនយោបាយ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ។ ប្រទេស វៀតណាម តែងតែប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យសម្រេច បាននូវសមិទ្ធផលធំៗ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ជាពិសេស ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ការបើកដំណើរការប្រទេសឡើងវិញប្រកបដោយជោគជ័យ និងជំរុញការស្តាសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស ក្រោយប៉ះពាល់ដោយជំងឺកូវីដ-១៩ ហើយទន្ទឹម នឹងនោះផងដែរ ប្រទេសវៀតណាម ក៏មានជំនឿចិត្តយ៉ាងមុតមាំផងដែរថា កម្ពុជានឹង រៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយជោគជ័យ និងបន្ត សម្រេចបានសមិទ្ធផលកាន់តែច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ការងារកសាងប្រទេសកម្ពុជា ឱ្យក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសដែលមានការរីកចម្រើន នៅឆ្នាំ ២០៥០ តាមចក្ខុវិស័យដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លើទិដ្ឋភាពសេដ្ឋកិច្ច៖ ប្រទេសកម្ពុជា និងវៀតណាម សុទ្ធតែបានដាក់ចេញនូវ «យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច» ដើម្បីទប់ស្កាត់ និងស្តារឡើងវិញនូវខឿនសេដ្ឋកិច្ច នៅក្នុង​កាលៈទេសៈ ដែល​ស្ថានភាព​ពិភពលោក ក៏ដូចជា​កម្ពុជា និងវៀតណាម កំពុង​ប្រឈម​ទៅនឹង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​ជួបប្រទះ ក្នុង​រយៈពេល​ជាង៣​ទសវត្ស​ចុងក្រោយ​នេះ​។ ការ​គំរាម​គំហែង​នេះ បណ្តាលមកពី​កត្តា​គួបផ្សំ​គ្នា​ជាច្រើន​។ មានកត្តា​ធំជាងគេ២ គឺ​ទី​១ កត្តា​ធម្មជាតិ និង​ទី​២ កត្តា​មនុស្ស​។

កត្តា​ធម្មជាតិ៖​ គឺការផ្ទុះនិង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​រង្គោះ​រង្គើ​។ កត្តា​ធម្មជាតិ​មួយ​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​វិស័យ​សុខាភិបាល ក្នុង​កំរិត​មិន​ធ្លាប់មាន​ប៉ុណ្ណោះ​ទេ វា​ក៏​បណ្តាលឱ្យ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​ធ្លាក់​ក្នុង​វិបត្តិដ៏​ជ្រាលជ្រៅ​។ កូ​វីដ​-១៩ បាន​រុញឱ្យ​ខ្សែច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក​រអាក់រអួល និង​កាត់ផ្តាច់​ក្នុង​កំរិតយ៉ាង​ធ្ងន់ធ្ងរ វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​យ៉ាងគំហុក​សឹង​ដល់​បាត វិស័យ​ដឹកជញ្ជូន ពិសេស​ផ្លូវអាកាស​គាំងដំណើរ​ការ ទំនុកចិត្ត​ខាង​ធុរកិច្ច និង​អតិថិជន​ចុះខ្សោយ​ដោយសារ​វិធានការ​រឹតត្បិត​នានា ដើម្បី​ឃុំគ្រង​កុំឱ្យ​ជំងឺ​រាលដាល​។ ជំងឺឆ្លង​នេះ ក៏បង្ក​ហានិភ័យ​កាន់តែ​ធំ​ឡើង នៃ​ការ​ក្ស័យធន​ផ្នែក​ធុរកិច្ច ដែល​នឹង​បង្ក​ការបាត់បង់​ការងារ​រ​បស់​មនុស្ស​រាប់រយ​លាន​នាក់​។

ចំណែកកត្តា​មនុស្ស៖ ជាការប្រកួតប្រជែង​គ្នា​ខាង​ភូមិសាស្ត្រ​នយោបាយ និង​យុទ្ធសាស្ត្រ​ដ៏​តានតឹង​រវាង​មហាអំណាច​ធំ​បំផុត​ទាំងពីរ កំពុង​ឈានទៅរក​សង្គ្រាមត្រជាក់​បែ​ប​ថ្មី ដែល​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ជ្រាលជ្រៅ ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន និង​ប្រកបដោយគ្រោះថ្នាក់​បំផុត​ បន្ថែមពីលើនេះទៀតនៅមាន សង្រ្គាមដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាម៉េរិក និងចិន សង្គ្រាមហ្គាហ្សា និងវិបត្តិនៅមីយ៉ាន់ម៉ា បន្ថែមទៀត។ កត្តា​មនុស្ស​ទាំងនេះ កំពុង​ធ្វើឱ្យ​ស្ថិរភាព និង​វិបុលភាព រយៈពេល ជាង​៧០​ឆ្នាំ​ដែល​កើតចេញពី​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ពហុ​ប៉ូល​និយម និង​ច្បាប់​អន្តរជាតិ​នោះ ទទួលរង​ភាព​រង្គោះរង្គើ​យ៉ាងខ្លាំង​។ នេះ​ក៏​ដោយសារ​ការរំលោភបំពាន និង​លែងគោរ​ពនូវ​គុណ​តម្លៃ​ទាំងឡាយ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សណ្តាប់ធ្នាប់​នេះ និង​ការ​ងាក​ទៅរក​ឯកតោភាគី​និយម ការប្រើ​កំលាំងបាយ​គាបសង្កត់​ប្រទេស​ទន់ខ្សោយ។

សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី របស់កម្ពុជាជាមួយវៀតណាម៖ ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបនៃប្រទេសទាំងពីរសម្រេចបាន៦,៥១ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញរបស់វៀតណាមមកកម្ពុជាសម្រេចបាន៣,៧៤ពាន់លានដុល្លារ ហើយការនាំចេញរបស់កម្ពុជាទៅវៀតណាមសម្រេចបាន ២,៧៧ពាន់លានដុល្លារ។ ជាមួយនឹងអត្ថប្រយោជន៍នៃលក្ខខណ្ឌភូមិសាស្រ្ត ទំនាក់ទំនងដ៏ល្អរបស់មេដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាភាពស្រដៀងគ្នានៃផលិតផល និងទំនិញ ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជានឹងបន្តរីកចម្រើនយ៉ាងឆាប់រហ័សនាពេលខាងមុខ។

ទាក់ទងទៅហ្នឹង “ការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន សំដៅពង្រឹងស្មាតីអត្ត សញ្ញាណ​អាស៊ានតែមួយ” កម្ពុជាកំពុងធ្វើការងារនេះយ៉ាងសកម្មជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និយាយជារួម និងនិយាយដោយឡែក ជាមួយប្រទេសជិតខាង ដែលមានភូមិផងរបងជាមួយ ហើយជាពិសេសគឺជាមួយប្រទេស វៀតណាម។

ឆ្នាំ២០២២នេះ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា រៀប​ចំ​ឡើងចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១៤ ខែសីហា នៅរាជធានីភ្នំពេញនិងទីក្រុងសៀមរាប ចំណែក​ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម រៀប​ចំ​ឡើង​នៅក្នុង​ទីក្រុង​ហូជីមិញ និងខេត្ត​ត្រា​វិញ នៅ​ដែនដី​សណ្តរ​ទន្លេមេគង្គ ចាប់ពី​ថ្ងៃទី ២៧ ខែកញ្ញា ដល់​ថ្ងៃទី​០២ ខែតុលា។ ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនាឆ្នាំ២០២២នេះ លើសពីការផ្តល់ឱកាសដល់ប្រជាជននៃប្រទេស ទាំងពីរក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក ថែមទាំងជាផ្នែកមួយនៃសកម្មភាពអបអរសាទរខួបលើកទី៥៥ នៃការ បង្កើតទំនាក់ទំនងការទូតផ្លូវការ និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២។ ​ ព្រឹត្តិការណ៍​នេះ ​រៀបចំឡើង​ដោយ​អនុលោម​ទៅតាម​ផែនការសហប្រតិបត្តិការ​ស្តីពី​វប្បធម៌​និង​សិល្ប​: ​ឆ្នាំ​២០១៨-២០២២​ រវាង​ក្រសួង​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ​។ ចំណែកកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ សម្រាប់ ឆ្នាំ២០២៣–២០២៧ ខាងមុខ រវាងប្រទេសកម្ពុជា និងវៀតណាម ដែលបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងបានឯកភាពជាផ្លូវការ ដោយកំណត់យក ភាគីវៀតណាម នឹងរៀបចំសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៦ ចំណែកសប្តាហ៍ វប្បធម៌កម្ពុជា នៅវៀតណាម កម្ពុជានឹងរៀបចំនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៥។ ចំណែកក្នុងឆ្នាំ ២០២៧ សប្តាហ៍វប្បធម៌ រវាង ប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅនៅប្រទេសទាំងពីរ ក្នុងឱកាសអបអរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម រួមជាមួយនឹងសកម្មភាពផ្សេងទៀត ដូចជាការសម្តែងសិល្បៈ និងការតាំងពិពណ៌ជាដើម។

គំនិតផ្តួចផ្តើមទាំងទាំងឡាយរបស់ចិន កិច្ចសហប្រតិបត្តិការ“ឆកោណត្បូងពេជ្រ” ក៏ដូចជា BRICS អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ LMC RCEP CCFTA ឆ្នាំ២០២៤ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន ក៏ដូចជាទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងវៀតណាម ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា ទាំងលើទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមវប្បធម៌ និងការវិនិយោគ ក៏ដូចជាព្រឹត្តិការណ៍សប្តាហ៍វប្បធម៌រវាងប្រទេសទាំងពីរ ជាដើម នឹងក្លាយជាមេដែកដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ក៏ដូចជាភ្ញៀវទេសចរកាន់តែច្រើន ជាពិសេសពីប្រទេសចិននិងវៀតណាមមកកម្ពុជា ហើយនឹងជួយកម្ពុជាឱ្យអាចចាកចេញផុតេពីប្រទេសមានការអភិវឌ្ឍន៍តិចតួច នៅត្រឹមឆ្នាំ២០២៧ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ។ កិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមទាំងអស់នេះ បានផ្តល់សន្ទុះយ៉ាងខ្លាំងក្លាដល់ការកសាងសហគមន៍កម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នានៅក្នុងយុគ្គសម័យថ្មី និងក្លាយជា "គំរូតែមួយគត់" នៃទំនាក់ទំនងអន្តររដ្ឋ ដែលអាចធ្វើជាគម្រូបានសម្រាប់ទាំងក្នុងតំបន់និងពិភពលោកទាំងមូល។

ប៉ុន្តែ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទំនងជានឹងរងផលប៉ះពាល់ដោយការផ្លាស់ប្តូរ នៃស្ថានភាពនយោបាយសកល និងតំបន់ និងក្នុងប្រទេស។ ទាំងនេះរួមមានដូចជា សង្រ្គាមដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាម៉េរិកនិងចិន សង្គ្រាមហ្គាហ្សា វិបត្តិនៅមីយ៉ាន់ម៉ា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។ នៅក្នុងប្រទេស បញ្ហាវិស័យអចលនវត្ថុកម្ពុជានៅមានជួបការលំបាកច្រើន ដែលវាមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា។

RAC Media


2023-11-09 08:41:21   ថ្ងៃព្រហស្បតិ៍, 09 វិច្ឆិកា 2023 ម៉ោង 03:41 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបពិភាក្សាជាមួយប្រតិភូក្រុមសារព័ត៌មានចិន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក្សាជាមួយប្រតិភូជាអ្នកសារព័ត៌មានចិន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានមកស្វែងយល់អំពីដំណើរការទូទៅ នៃរាជបណ្ឌិត្យសភាកម្ពុជា និងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចពិភាក្សា ស្ដីពីបញ្ហាទំនាក់ទំនងរវាងកម្ពុជានិងចិន និងបញ្ហាក្នុងតំបន់នាពេលខាងមុខ។

ក្នុងជំនួបពិភាក្សាការងារនាឱកាសនេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ដើម្បីពិនិត្យនិងស្វែងរកលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិសេសគឺការជំរុញការយល់ដឹងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិនផងដែរ។

នៅក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ ក៏បានមានប្រសាសន៍គូសបញ្ជាក់នូវទស្សនៈរបស់ឯកឧត្ដមបណ្ឌិត អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ព្រមទាំងបញ្ហានៅក្នុងតំបន់មួយចំនួន ជូនដល់ប្រតិភូក្រុមសារព័ត៌មានចិនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕


2023-11-08 15:45:17   ថ្ងៃពុធ, 08 វិច្ឆិកា 2023 ម៉ោង 10:45 PM
រាជបណ្ឌិត្យសភាកម្ពុជា និង បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បង្កើនចំណងសហប្រតិបត្តិការបន្ថែម ក្រោយជំនួបពិភាក្សាការងារនាព្រឹកមិញនេះ!

នាវេលាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានជាតិយុទ្ធសាស្ត្រអន្តរជាតិ (NIIS) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន (CASS) ដែលដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត លី សៀនយ៉ាង (LI Xiangyang) ជាប្រធានវិទ្យាស្ថានជាតិយុទ្ធសាស្ត្រអន្តរជាតិ, CASS និងសហការី រួមមាន៖

១. លោក ចាង ចុងយ៉ន់ (ZHANG Zhongyuan) សាស្ត្រាចារ្យ និងជាប្រធាននាយកដ្ឋាន​ទំនាក់ទំនង​សេដ្ឋកិច្ចអន្តរជាតិ NIIS, CASS

២.​ លោក លី ឆេងរី (LI Chengri) សាស្រ្តាចារ្យជំនួយនៃ NIIS, CASS

៣. លោក យ៉ាង ចាវ (YANG Chao) សាស្រ្តាចារ្យជំនួយនៃ NIIS, CASS។

បន្ទាប់ការពិភាក្សា ភាគីទាំងបានឯកភាពគ្នាដូចខាងក្រោម៖

១. ភាគីទាំងពីរនឹងរៀបចំវេទិកាវិជ្ជមានមួយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទស្សនៈល្អៗរវាងចិននិងកម្ពុជា។

២. ភាគីទាំងពីរនឹងធ្វើការស្រាវជ្រាវរួមដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative - BRI) ដើម្បីរួមចំណែកលើកកម្ពស់ការតភ្ជាប់និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។

៣. ភាគីទាំងពីរនឹង​ធ្វើការផ្លាស់ប្តូរគំនិតទស្សនៈគ្នាតាមរយៈការអញ្ជើញអ្នកស្រាវជ្រាវ សហការី និងនិស្សិត ឱ្យចូលរួមសន្និសីទឬវេទិកានានាដែលរៀបចំដោយភាគីទាំងពីរ។

៤. ភាគីទាំងពីរនឹងពិនិត្យលទ្ធភាពរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative - BRI) ឬគំនិតផ្តួចផ្តើមសាកលរបស់ចិន (China's Global Initiatives) នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា៕

(ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា)


2023-11-08 15:18:41   ថ្ងៃពុធ, 08 វិច្ឆិកា 2023 ម៉ោង 10:18 PM
មេរៀននៃថ្ងៃបុណ្យឯករាជ្យសម្រាប់អ្នកនយោបាយនៅកម្ពុជា

នៅពេលដែលយើងចាប់ផ្តើមការសន្ទនាអំពីថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសកម្ពុជា យើងតែងតែលើកយកព្រះនាមព្រះបាទសម្តេចនរោត្តមសីហនុ ដែលជាអតីតព្រះមហាក្សត្រ ដែលបានធ្វើគ្រប់បែបយ៉ាងក្នុងអំណាចរបស់ព្រះអង្គដើម្បីទទួលបានឯករាជ្យរបស់កម្ពុជា។ ព្រះបាទនរោត្តម សីហនុ ទ្រង់បានបំពេញកិច្ចការដ៏ធំធេងសម្រាប់ប្រទេស កម្ពុជា ហើយកេរដំណែលរបស់ព្រះអង្គត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

ថ្ងៃដ៏សំខាន់បំផុតមួយប្រចាំឆ្នាំសម្រាប់ប្រទេសកម្ពុជាគឺ ទិវាបុណ្យឯករាជ្យជាតិ។ ប្រវត្តិសាស្ត្រនៃបុណ្យឯករាជ្យជាតិនេះមានមេរៀនច្រើនណាស់សម្រាប់បង្រៀនទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋសាមញ្ញនៃប្រទេសកម្ពុជា អំពីការរីកចម្រើនរបស់ប្រទេសជាតិ ភាពរុងរឿង សន្តិភាព ស្ថិរភាព សាមគ្គីភាព និងឯករាជ្យភាព។

ការទន្ទឹងរង់ចាំឯករាជ្យរបស់ប្រទេសកម្ពុជាពីប្រទេសបារាំងត្រូវបានសម្រេចនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ដែលជាថ្ងៃប្រវត្តិសាស្ត្រដែលមានឥទ្ធិពលលើអនាគតរបស់ប្រទេសកម្ពុជា។ ជ័យជំនះនេះគឺជាលទ្ធផលនៃការលំបាកជាច្រើនឆ្នាំ ការមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សកម្មជន មេដឹកនាំ និងប្រជាជនកម្ពុជា ដែលបានតស៊ូដើម្បីសេរីភាពក្នុងការជ្រើសរើសផ្លូវផ្ទាល់ខ្លួនក្នុងជីវិតនៃការរស់នៅ។

ការរំដោះខ្លួនចេញពីចំណងអាណានិគម គឺជាទិដ្ឋភាពមួយនៃសារៈសំខាន់នៃឯករាជ្យភាព ហើយវាក៏ជាតំណាងឱ្យការចាប់ផ្តើមនៃប្រទេសឯករាជ្យមួយ ការងើបឡើងវិញនូវសុទិដ្ឋិនិយម និងឱកាសដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ។ ឯករាជ្យភាព តំណាងឱ្យក្តីសង្ឃឹម និងក្តីសុបិននៃមនុស្សរាប់មិនអស់ ដែលបាន តស៊ូដើម្បីទឹកដី វប្បធម៌ និងសិទ្ធិរបស់ប្រជាជនកម្ពុជា។

អ្នកនយោបាយ និងថ្នាក់ដឹកនាំកម្ពុជាគ្រប់ជំនាន់ អាចរៀនសូត្របានច្រើនអំពីការតស៊ូដើម្បីទទួលបានឯករាជ្យរបស់ប្រទេសកម្ពុជា។ មាគ៌ាឆ្ពោះទៅរកឯករាជ្យភាពរបស់កម្ពុជាត្រូវបានត្រួសត្រាយដោយទុក្ខលំបាក ការលះបង់ និងការតាំងចិត្តអត់ធ្មត់។ ការទទួលបានការយល់ដឹង និងការទទួលយកមេរៀននៃការតស៊ូដើម្បីឯករាជ្យនោះ នឹងជម្រុញឱ្យមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងភាពជាអ្នកដឹកនាំ ដែលចាំបាច់សម្រាប់ជំរុញឱ្យមានការរីកចម្រើននៃសង្គមជាតិ។

ភាពរឹងមាំនៃសាមគ្គីភាព គឺជាមេរៀនដ៏សំខាន់មួយ។ ការតស៊ូទាមទារឯករាជ្យនៅកម្ពុជាមិនមែនជាសភាពដែលធ្វើដោយមនុស្សតែម្នាក់នោះទេ ប៉ុន្តែជាការប្រឹងប្រែងជាក្រុមដែលជំរុញដោយគោលដៅរួមដើម្បីប្រទេសជាតិ។ថា្នក់ដឹក នាំរបស់ប្រទេសកម្ពុជា ដែលមានសម្តេចនរោត្តមសីហនុជាប្រធាន បានរួបរួមគ្នា ដោយទុកចោលការខ្វែងគំនិតគ្នា ហើយបន្តគោលដៅរួមឆ្នោះទៅឯករាជ្យភាព។ ភាពរឹងមាំ សាមគ្គីភាព និងការអត់ធ្មត់ដែលទាមទារដើម្បីជំនះឧបសគ្គបានក្លាយទៅការអាវុធដ៏រឹងមាំមួយសម្រាប់ទទួលបានឯករាជ្យរបស់ប្រទេសកម្ពុជា។ អ្នកនយោបាយកម្ពុជាគ្រប់ជំនាន់អាចយកមេរៀននៃការតស៊ូនេះ ដោយគ្រាន់តែយល់ថាកិច្ចសហប្រតិបត្តិការ និងការងារជាក្រុមគឺជាមធ្យោបាយដ៏អស្ចារ្យបំផុតដើម្បីជំរុញផលប្រយោជន៍របស់ប្រទេស ហើយត្រូវទំលាក់ចោលនូវភាពខុសគ្នារវាងបក្សពួកក្នុងប្រទេស។

ដើម្បីជំរុញឱ្យមានការអភិវឌ្ឍន៍ពិតប្រាកដមួយ អ្នកបង្កើតគោលនយោបាយត្រូវតែប្រកាន់យកនូវទស្សនវិជ្ជាដែលថាប្រជាជនគឺជាម្ចាស់ប្រទេស ហើយសកម្មភាពនោះត្រូវបញ្ចូលទាំងការយកចិត្តទុកដាក់លើក្តីសង្ឃឹម និងការព្រួយបារម្ភរបស់ប្រជាជន ស្វែងរកអ្វីដែលពួកគេត្រូវការ និងធ្វើសកម្មភាពដើម្បីផ្គត់ផ្គង់តម្រូវការទាំងនោះ។ ដើម្បីសម្រេចបានសកម្មភាពទាំងនោះ វាទាមទារឱ្យមានបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រដើម្បីជីវិតរបស់មនុស្សកាន់តែប្រសើរឡើង បើទោះ បីការងារនោះ គឺជាការជ្រើសរើសដ៏លំបាក ឬការបោះបង់ចោលចំណង់ចំណូលចិត្តផ្ទាល់ខ្លួនក៏ដោយ។

ការវិនិយោគក្នុងវិស័យអប់រំគឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ អ្នកនយោបាយអាចបង្កើតឱកាសសមធម៌សម្រាប់យុវជនកម្ពុជាក្នុងការសម្រេចគោលដៅរបស់ខ្លួនតាមរយៈការផ្តល់ឱកាសអប់រំប្រកបដោយគុណភាពខ្ពស់ដល់មនុស្សគ្រប់គ្នា ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ពួកគេ ដោយការងារនេះអាចរួមបញ្ចូលទាំងការលើកទឹកចិត្តដល់កម្មវិធីអប់រំក្រោយមធ្យមសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមពីលើការធានាលទ្ធភាពទទួលបានការអប់រំកម្រិតមូលដ្ឋាន និងមធ្យមសិក្សា។

សមាសធាតុសំខាន់មួយទៀតដែលអ្នកពាក់ព័ន្ធត្រូវធ្វើនោះ គឺការលើកទឹកចិត្តឱ្យមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពតាមរយៈការអប់រំ។ បញ្ហាបរិស្ថានមួយចំនួន រួមទាំងការបំពុល ការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួលអាកាសធាតុ ពិតជាបានប៉ះពាល់ដល់ប្រទេសកម្ពុជា។ អ្នកនយោបាយអាចលើកទឹកចិត្តឱ្យយុវជនមានទំនួលខុសត្រូវ និងការយល់ដឹងពីបរិស្ថាន ដោយបញ្ចូលឧត្តមគតិអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទៅក្នុងប្រព័ន្ធអប់រំ ឬនៅក្នុងយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន។

គួរកត់សម្គាល់ថា ឯករាជ្យគឺជារឿងសំខាន់ដែលមិនត្រឹមតែជាឱកាសប្រវត្តិសាស្ត្រដែលត្រូវបានប្រារព្ធឡើងក្នុងថ្ងៃជាក់លាក់មួយប៉ុណ្ណោះទេ ប៉ុន្តែវាជារបៀបគិតគូរ ការប្រកាន់ខ្ជាប់នូវអធិបតេយ្យភាព និងការប្តេជ្ញាចិត្តចំពោះការរីក​ចម្រើន និងសុខុមាលភាពរបស់ប្រទេស និងប្រជាពលរដ្ឋ។ អ្នកនយោបាយនៅកម្ពុជាអាចត្រួសត្រាយផ្លូវឱ្យកាន់តែមានការរីកចម្រើន និងសុភមង្គលនាពេលអនាគត ដោយពិចារណាលើគោលការណ៍ឯករាជ្យភាពរបស់ប្រទេស។ យើងទាំងអស់គ្នានឹងស្លាប់នៅថ្ងៃណាមួយ ប៉ុន្តែកូនចៅជំនាន់ក្រោយរបស់យើងនឹងរស់រានមានជីវិត ហើយពួកគេត្រូវការកន្លែងមួយដើម្បីហៅថា “ផ្ទះ”។ ការគិតអំពីអនាគតដ៏អស្ចារ្យរបស់យុវជនយើង គឺជាគោលដៅសំខាន់មួយទៀត ដែលយើងទាំងអស់គ្នាត្រូវតែពិចារណា និងរៀបចំឱ្យបានល្អសម្រាប់ពួកគេ។

ការផ្តល់អាទិភាពដល់ផលប្រយោជន៍ប្រទេសជាតិជាធំ ឬនយោបាយដែលគិតពីប្រយោជន៍ជាតិជាធំ គឺជារឿងសំខាន់ណាស់។ ការរីកចំរើនពិតប្រាកដអាចកើតឡើងបានលុះត្រាតែអ្នកដឹកនាំដាក់សេចក្តីត្រូវការរបស់ប្រជាជននៅចំពោះមុខគោលដៅរបស់ពួកគេ ហើយខិតខំដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ នេះទាមទារឱ្យមានការយល់ឱ្យបានហ្មត់ចត់អំពីបញ្ហាដែលប្រទេសកំពុងជួបប្រទះ ក៏ដូចជាត្រូវមានបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសទេសជាតិ។

លើសពីនេះ ការលើកទឹកចិត្តឱ្យមានទំនួលខុសត្រូវ និងតម្លារភាព គឺមានសារៈសំខាន់ក្នុងការពង្រឹងទំនុកចិត្ត និងការទទួលបានទំនុកចិត្តក្នុងចំណោមប្រជាជនកម្ពុជា។ ការបង្កើតបរិយាកាសដែលប្រជាពលរដ្ឋមានអារម្មណ៍ថាមានសិទ្ធិអំណាច និងចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេស ទាមទារឱ្យមានតម្លារភាពក្នុងរដ្ឋាភិបាល ការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

លើសពីនេះទៀត វាពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សាមគ្គីភាពនៅក្នុងសង្គម។ ប្រជាជាតិកម្ពុជាមានភាពចម្រុះវប្បធម៌ និងមានកេរដំណែលវប្បធម៌ដ៏សម្បូរបែប។ ដើម្បីធានាថាទស្សនៈទាំងអស់ត្រូវបានស្តាប់ហើយយកទៅពិចារណានោះ អ្នកនយោបាយត្រូវតែទទួលស្គាល់បញ្ហាដែលមាននៅក្នុងសង្គម ហើយរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាទាំងនោះ ដោយមិនត្រូវទាត់ចោលបញ្ហាដែលកើតមានសម្រាប់ពលរដ្ឋ ថាជារឿងមិនពិតនោះទេ ត្រូវសិក្សាឱ្យបានច្បាស់ហើយធ្វើការសម្រេចចិត្តឱ្យបានសមស្រប។ អ្នកនយោបាយអាចជំរុញឱ្យមានឯកភាពជាតិ និងស្មារតីរឹងមាំនៃអត្តសញ្ញាណជាតិ តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួម ដែលនឹងនាំឱ្យសង្គមមានស្ថិរភាព និងឆ្ពោះទៅមុខបន្ថែមទៀត។

សន្តិសុខនាពេលអនាគតរបស់កម្ពុជាពឹងផ្អែកលើការផ្តល់សិទ្ធិអំណាចដល់យុវជន និងការវិនិយោគលើវិស័យអប់រំ។ អ្នកនយោបាយអាចផ្តល់ឱ្យក្មេងជំនាន់ក្រោយនូវអ្វីៗដែលពួកគេត្រូវការ ដើម្បីចូលរួមចំណែកយ៉ាងសកម្មដល់ការរីកចំរើនរបស់ប្រទេស ដោយផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ និងឱកាសសម្រាប់ការអភិវឌ្ឍជំនាញនានាដែលស្របទៅតាមសមត្ថភាព និងឆន្ទះរបស់ពួកគេ។ ការធ្វើបែបនេះ ពួកគេនឹងអាចលើកអ្នកដឹកនាំជំនាន់ថ្មី ដែលនឹងបន្តសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងជំរុញប្រទេសកម្ពុជាឆ្ពោះទៅមុខជានិច្ច។

សរុបសេចក្តីមក មេដឹកនាំកម្ពុជាមានសមត្ថភាពបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេស ដោយរក្សានូវស្មារតីឯករាជ្យ។ វឌ្ឍនភាព និងវិបុលភាពអាចត្រូវបានត្រួសត្រាយដោយការដាក់តំរូវការរបស់ប្រជាជនជាអាទិភាព ដោយប្រកាន់យកនូវតម្លាភាព ការលើកទឹកចិត្តដល់ការរួបរួមគ្នា និងការវិនិយោគលើវិស័យអប់រំ។ ការអបរំដែលមានគុណភាព ហើយនឹងស្មារតីស្នេហាជាតិដែលទទួលបានតាមរយៈការសិក្សាមួយដ៏ពិតជាប្រាកដ គឺមានតម្លៃណាស់សម្រាប់មនុស្សជំនាន់ក្រោយ។

--------

បណ្ឌិត ស៊ឺន សំ ជាអ្នកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា។ ទស្សនៈទាំងអស់នៅក្នុងអត្ថបទនេះគឺជារបស់គាត់ផ្ទាល់។

RAC Media


2023-11-08 06:35:48   ថ្ងៃពុធ, 08 វិច្ឆិកា 2023 ម៉ោង 01:35 PM
ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហការ រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និង ZhenZou Municipal Education Bureau៖

នាថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាមួយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និង ZhenZou Municipal Education Bureau៖

កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តពន្លឿនអភិវឌ្ឍន៍កម្រិតខ្ពស់ និង ការលើកកម្ពស់ភាពបើកចំហរបស់ស្ថាប័ន សម្រាប់ធនាគារខួរក្បាលចឹងចូវ-កម្ពុជា «Promoting Institutional Openness and Accelerating High-Quality Development Strategic Cooperation Framework Agreement for Zhengzhou-Cambodia High-end Think Tanks» រវាង Zhengzhou Academy of Macroeconomics Research, ZhenZou Municipal Education Bureau និង រាជបណ្ឌិត្យសភាកម្ពុជា នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណៈរដ្ឋប្រជាមានិតចិន។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីជាការចូលរួមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមធនាគារខួរក្បាលរបស់ភាគីទាំង២ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការកសាងផ្លូវសូត្រផ្លូវអាកាសថ្មី «ចឹងចូវ-កម្ពុជា-អាស៊ាន»។

វិស័យផ្សេងៗសម្រាប់កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់ទៅលើ ការងារបណ្តុះបណ្តាល និងស្រាវជ្រាវ ដោយស្ថាប័នទាំងពីរមានឧប្បនិស្ស័យដូចគ្នា ក្នុងការជំរុញការសិក្សាស្រាវជ្រាវ និងទំនាក់ទំនងកម្ពុជា-ចិន។

RAC Media


2023-11-06 13:09:12   ថ្ងៃចន្ទ, 06 វិច្ឆិកា 2023 ម៉ោង 08:09 PM
អំពីជំនឿខ្មែរ (ភាគបញ្ចប់) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា,វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម,រាជបណ្ឌិត្យសភាកម្ពុជា

ប្រភពជំនឿទៅលើវត្ថុដើមសន្តតិ វង្ស ឬជំនឿថូថឹមនិយម (ហៅតាមអ្នក ស្រាវជ្រាវខ្លះ) ពាក្យថា ថូថឹមនិយម (totemism) គឺជាប្រព័ន្ធជំនឿដែលគេ និយាយថា មនុស្សមានញាតិសន្តាន (kinship) ឬទំនាក់ទំនងអាថ៌កំបាំង (mystical relationship) ជាមួយនឹង វិញ្ញាណ (spiritbeing) ដូចជាសត្វឬរុក្ខជាតិ នៅក្នុងនោះ។ គេគិត ថា អង្គ (entity) ឬ ថូថឹម (totem) ធ្វើអន្តរកម្មជាមួយក្រុម ញាតិសន្តានដែលគេបានផ្តល់ឱ្យ ឬបុគ្គល ណាមួយ និងដើម្បីបម្រើជានិមិត្តសញ្ញា (emblem) ឬ ជានិមិត្តរូប (symbol) របស់ពួកគេ ។

ចំពោះបញ្ហាជំជឿ “ថូថឹម” របស់ ជនជាតិ ខ្មែរនៅក្នុងគ្រាបឋម ខ្មែរជឿថា ពួកគេតពូជពង្ស ចេញមកពីដូនតាដែលជា សត្វ, ជា ដើមឈើ ឬក៏ ជា ទេវតា។ ឧទាហរណ៍ តាមគន្លងសម័យគោកធ្លក ខ្មែរបូ រាណជឿថា បុព្វបុរស របស់ពួកគេ គឺជាសត្វនាគ ដែលនាំឱ្យពួកគេគោរព បូជា ស្តេចភុជង្គនាគ (ស្តេចនាគ) ដែលជា ម្ចាស់នគរគោកធ្លក។ ដោយសារតែ ឥទ្ធិពលអំណាចដ៏ស័ក្ដិសិទ្ធិរបស់ សត្វ ដើមសន្ដតិវង្ស ដែលនាំមកនូវ ភាពសុខ សប្បាយ វឌ្ឍនភាពដល់មនុស្ស នេះ ហើយទើបអ្នកស្រុកតែងគោរពបូជា “តូតឹម” ឬ “និមិត្ដរូប” ទាំងនោះ។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=8

2023-11-06 09:04:17   ថ្ងៃចន្ទ, 06 វិច្ឆិកា 2023 ម៉ោង 04:04 PM
ពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ដែលបានអញ្ជើញមកស្វែងយល់អំពីតួនាទីរាជបណ្ឌិត្យសភាកម្ពុជា និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម Li Jie អនុប្រធានវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស នាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានជម្រាបជូនប្រតិភូអំពីបេសកកម្ម រចនាសម្ព័ន្ធ និងដំណើរការទូទៅនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសមិទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនទៀត ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន និងដែលបានផ្ដល់ធាតុចូលជាច្រើនជូនដល់ថ្នាក់ដឹកនាំ និងក្រសួងស្ថាប័ននានានាពេលកន្លងមក។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសិក្សាស្រាវជ្រាវ និងការជំរុញទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់មួយ ដើម្បីពង្រឹងនូវទំនាក់ទំនងមិត្តភាពដែកថែប និងឈានសម្រេចបាននូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលដាក់ចេញដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

បន្ថែមពីនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស ពាក់ព័ន្ធនឹងការវិវត្តស្ថានការណ៍ក្នុងតំបន់និងពិភពលោក ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីទស្សនៈយល់ឃើញផ្ទាល់ថា កម្ពុជានិងចិនត្រូវតែធ្វើឱ្យទំនាក់ទំនងទ្វេភាគី ក្លាយជាទំនាក់ទំនងដែកថែបពិតប្រាកដ ដូច្នេះហើយទាំងកម្ពុជានិងចិន ត្រូវតែជាដែកថែបទាំងពីរ មិនមែនដែកថែបតែចិន ចំណែកកម្ពុជាជាសំឡីនោះទេ។ ត្រង់ចំណុចនេះគឺផ្អែកលើភូមិសាស្ត្រនយោបាយ ដោយកម្ពុជាគឺជាចំណុចដែលចិនត្រូវយកចិត្តទុកដាក់បំផុត ព្រោះបើកម្ពុជាក្លាយជាប្រទេសដែកថែប នោះចិននឹងកាន់តែមានទម្ងន់យុទ្ធសាស្ត្រខ្លាំងថែមទៀតនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។

ជាលទ្ធផលនៃជំនួបពិភាក្សានាព្រឹកនេះ ភាគីទាំងពីរបានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការលើ៣ចំណុច៖

១- ការជំរុញដំណើរទស្សនកិច្ចប្រតិភូ និងអ្នកស្រាវជ្រាវនៃស្ថាប័នទាំងពីរ។
២- ការផ្លាស់ប្ដូរសមិទ្ធផលគ្នាទៅវិញទៅមក។
៣- រៀបចំវេទិកាវិទ្យាសាស្ត្រ ដែលមានលក្ខណៈទ្វេភាគី និងពហុភាគី៕

RAC Media


2023-11-06 08:14:46   ថ្ងៃចន្ទ, 06 វិច្ឆិកា 2023 ម៉ោង 03:14 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារ និងដោះដូរទស្សនៈជាមួយលោក Jigar Bhatt មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍លោក Jigar Bhatt មន្ត្រីផ្នែកនយោបាយ និងសេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្នុងឱកាសដែលលោក Jigar Bhatt អញ្ជើញមកធ្វើទស្សនកិច្ច និងជួបពិភាក្សាការងារនៅរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ និងលោក Jigar Bhatt ក៏បានជជែកពិភាក្សា និងដោះដូរទស្សនៈយល់ឃើញ ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ទំនាក់ទំនរវាងមហាអំណាច និងបញ្ហាតំបន់មួយចំនួនផងដែរ។

RAC Media 


2023-11-01 10:45:02   ថ្ងៃពុធ, 01 វិច្ឆិកា 2023 ម៉ោង 05:45 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក