Royal Academy of Cambodia
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចោទជាសំណួរសម្រាប់ការពិចារណាថា «តើគោលបំណងពិតនៅក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ជាច្បាប់ឬនយោបាយ?»។ មិនថានៅក្នុងហេតុផលណាមួយក៏ដោយក្ដី យើងអាចមើលឃើញបានយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញភាពជឿជាក់របស់ខ្លួននៅចំពោះមុខការប្រកាសខាងលើនេះ។ ជាការពិតណាស់ ថ្វីត្បិតតែវាមិនមែនជាដំណាក់កាលសម្រេចចិត្តចុងក្រោយរបស់អឺរ៉ុប ចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវវិធានការនិងការសម្រេចចិត្តជាយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹងបន្ថែមនូវមូលដ្ឋានដណ្ដើមឈ្នះក្នុងសមរភូមិទីផ្សារផលិតផលនិងការវិនិយោគរបស់កម្ពុជា។
សម្រាប់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រៅតែពីការមិនបង្ហាញអំពីការព្រួយបារម្ភចំពោះលទ្ធភាពដែលសហភាពអាចនឹងដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យថែមទាំងបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីខាងលើថែមទៀតផង។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា «យើងសូមអរគុណដល់អឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា ដែលបានរំឭកដល់រដ្ឋាភិបាលឱ្យត្រៀមលក្ខណៈរួចរាល់ជាមុន ប្រឈមនឹងបរិយាកាសប្រកួតប្រជែងដោយស្មើភាពគ្នា»។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ក្នុងករណីនេះ (ការដកប្រព័ន្ធអនុគ្រោះពន្ធ) គឺជាការបង្រៀនឱ្យកម្ពុជាដើរលើផ្លូវរបស់ខ្លួនឯង ដែលត្រូវពឹងពាក់លើសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ ឯកឧត្ដមបានចោទជាសំណួរថា ប្រទេសនៅអាស៊ាន មានតែប្រទេស៣ប៉ុណ្ណោះដែលទទួលបាន EBA គឺកម្ពុជា ឡាវ និងភូមា ចុះតើប្រទេសអាស៊ាន៧ទៀតដែលមិនទទួលបាន EBA គ្មានការងារធ្វើឬយ៉ាងណា? ប្រទេសទាំងនោះអាចធ្វើបាន កម្ពុជាក៏អាចធ្វើបានផងដែរ។
ជាការពិតណាស់ ក្នុងនាមជាមេដឹកនាំដែលប្ដេជ្ញាការពារអធិបតេយ្យភាពនិងឯករាជភាពរបស់ប្រទេស រាជរដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវ ក្នុងការអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានចែងជាធរមាន ពិសេសការពារនូវរាល់ផលប្រយោជន៍របស់ប្រទេសជាតិ នៅចំពោះមុខការប្រើប្រាស់លទ្ធភាព ឬសម្ពាធណាមួយពីមជ្ឈនដ្ឋានខាងក្រៅដែលស្ថិតក្នុងរូបភាពជះឥទ្ធិពលដល់ការសម្រេចចិត្តក្នុងការអនុវត្តច្បាប់របស់កម្ពុជា។ ក្នុងហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកការប្រឈមនឹងការគម្រាមដក EBA ពីកម្ពុជា ហើយបដិសេធការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ជាមួយគ្នា ការតាំងជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងក្នុងលក្ខណៈជាត្រៀមប្រយុទ្ធរួចជាស្រេច នៅក្នុងសមរភូមិទីផ្សារផលិតផលនៅកម្ពុជា និងពង្រឹងឱកាសនៃការវិនិយោគពីបរទេស (FDI) មកកម្ពុជា។ ការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋ ដែលបង្កផលវិបាក និងជាឧបសគ្គសម្រាប់វិនិយោគិន ពិសេសអ្នករកស៊ីនៅតាមបណ្ដោយព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកែសម្រួល ដើម្បីបន្ថយនូវការចំណាយរបស់វិនិយោគិននៅកម្ពុជា។ លើសពីនេះផងដែរ ការបញ្ចុះថ្លៃអគ្គិសនីដែលជាមូលដ្ឋានផលិតកម្មក្នុងស្រុករបស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាសំខាន់ដើម្បីកាត់បន្ថយថ្លៃដើមផលិត នៅខណៈដែលការិយាធិបតេយ្យត្រូវបានលុបបំបាត់ជាបណ្ដើរៗ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបាននិងកំពុងជំរុញឱ្យមានការរៀបចំរចនាសម្ព័ន្ធត្រួតពិនិត្យ និងការគ្រប់គ្រងច្រកចេញចូលតែមួយឱ្យបានកាន់តែប្រសើរ ខណៈដែលគម្រោងវិនិយោគធំៗជាច្រើនត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចសម្រេចអនុញ្ញាតឱ្យដំណើរការជាបន្តបន្ទាប់៕
RAC Media | លឹម សុវណ្ណរិទ្ធ
រៀបចំសហការណ៍ដោយ៖ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងពាណិជ្ជកម្ម សាលនាងនួន អគារ F រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ភ្នំពេញ៖ មកដល់ពេលនេះ អត្ថន័យនិងប្រតិកម្មចំពោះបុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's Day) ត្រូវបានគេយល់ដឹងនិងមើលឃើញស្ទើរតែគ្រប់គ្នាក្នុងសង្គមខ្មែរ។ ប្រតិកម្ម ឬការឆ្លើយតបខ្លះ មានលក្ខណៈគួរឱ្យសរសើរ ឯប្រតិកម្ម ឬការឆ្លើយតបខ្លះទៀត មានលក្ខណៈមិនសមស្របដែលហាក់ដូចជាបង្ហាញឱ្យថាមានការភ័យស្លន់ស្លោជ្រុលពេកចំពោះឥទ្ធិពលនៃបុណ្យ Valentine's Day។
ឆ្លងតាមរយៈនៃការសង្កេត យើងបានមើលថា ប្រតិកម្មចំពោះ Valentine's Day នេះ មានទាំងកម្រិតបុគ្គល កម្រិតស្ថាប័ន និង កម្រិតផ្សេងៗទៀត។ យុវវ័យមួយចំនួន ជាពិសេស យុវវ័យដែលមានសេរីភាពច្រើននិងរស់នៅទីក្រុង បានទទួលយកឥទ្ធិពលនៃបុណ្យនេះ ព្រមទាំងហ៊ានអះអាងដោយភាន់ច្រឡំថា បុណ្យនេះគឺប្រពៃណីខ្មែរទៀតផង ឯយុវជនខ្លះទៀតមិនខ្វល់ថា បុណ្យនេះមានប្រភពមកពីណាទេ ពួកគេគ្រាន់តែដឹងថា ក្នុងឱកាសនេះ គេអាចបង្កការសប្បាយតាមរយៈការទិញផ្កា ឬ អំណោយ(កាដូ) ជូនសង្សា ឬមិត្តស្រី/មិត្តប្រុស ឬ ក៏នាំសង្សារបស់ពួកគេទៅកម្សាន្តតាមកន្លែងកម្សាន្តផ្សេងៗ ហើយក្នុងករណីខ្លះទៀតក៏ធ្លាប់មានការលើកឡើងថា ពួកយុវជនបានយកឱកាសនេះ ដើម្បីចាប់ផ្ដើមប្រគល់ខ្លួនប្រាណជាលើកដំបូង ឬ លើកបន្តបន្ទាប់ជូនសង្សារបស់ពួកគេផងដែរ។
ចំពោះមជ្ឈដ្ឋានអ្នកអភិរក្សវិញ បានលើកឡើងថា មិនគួរអនុញ្ញាតឱ្យបុណ្យនេះមានឥទ្ធិពលមកលើសង្គមខ្មែរទេ ពីព្រោះនាំឱ្យប៉ះពាល់ដល់វប្បធម៌និងទំនៀមទម្លាប់របស់ខ្មែរ។ ស្របនឹងគំនិតនេះ និងក្នុងបំណងចង់ធ្វើអន្តរាគមន៍ទប់ស្កាត់ Valentine's Day យើងក៏បានឃើញក្រសួងខ្លះ អំពាវនាវឱ្យយកឱកាសនេះ ទៅធ្វើជាថ្ងៃនេះបុណ្យរំលឹកគុណឪពុកម្ដាយ អ្នកមានគុណ ឬ លោកគ្រូ អ្នកគ្រូទៅវិញ។ ការបង្វែរថ្ងៃ «Valentine's Day» នេះទៅជាថ្ងៃសម្រាប់ការធ្វើសកម្មភាពផ្សេងៗបែបវិជ្ជមាន ស្ដាប់ទៅហាក់ដូចជាគួរឱ្យកោតសរសើរដែរ ប៉ុន្តែ បើយើងពិចារណាឱ្យវែងឆ្ងាយបន្តិចទៅ យើងអាចមើលឃើញថា ការធ្វើបែបនេះ ក៏ហាក់ដូចជាបានរួមចំណែកក្នុងការអបអរសាទរ បុណ្យនេះដែរ ដោយគ្រាន់តែមានគោលបំណងផ្សេង។ ម្យ៉ាងទៀត វាក៏អាចមានន័យថា សង្គមរបស់យើងមិនមានគំនិតថ្មី ឬ មិនចេះធ្វើថ្មីដោយខ្លួនឯងនោះទេ សូម្បីតែពិធីបុណ្យក៏មិនចេះបង្កើតដែរ រង់ចាំតែបង្វែរថ្ងៃបុណ្យរបស់បរទេសទៅជាថ្ងៃបុណ្យរបស់ខ្លួនឯងតែប៉ុណ្ណោះ ដែលបង្ហាញឱ្យឃើញថា ខ្មែរគ្មានការបង្កើតថ្មី គ្មានការស្រាវជ្រាវ គ្មានរបកគំហើញ គ្មានផែនការអភិវឌ្ឍន៍សង្គម គ្មានគំនិតច្នៃប្រឌិត និង គ្មានទស្សនវិជ្ជា ជាដើម។ ហើយផ្ទុយទៅវិញ ខ្មែរគ្រាន់តែជាអ្នកចម្លងអ្វីៗពីបរទេស ដោយគ្រាន់តែយកមកកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះ ដូចជា ការចម្លងបទភ្លេង បទចម្រៀង ប្លង់ ឬ រចនាបទណាមួយពីបរទេស ជាដើម។
យើងយល់ថា ខ្មែរបច្ចុប្បន្នមិនគួរធ្វើបែបនេះទេ ខ្មែរគួរបង្កើតថ្ងៃបុណ្យដោយខ្លួនឯង ខ្មែរគួរតែមានគ្រឹះវប្បធម៌ផ្ទាល់ខ្លួន ដូចដែលដូនតារបស់យើងបានបន្សល់ទុកមកដូច្នោះដែរ។ ខ្មែរគួរតែឱ្យតម្លៃទិវាបុណ្យរបស់ខ្មែរ ហើយប្រសិនបើមានតម្រូវការចាំបាច់ ខ្មែរគួរតែបង្កើតទិវាបុណ្យថ្មីៗទៀតដែលអាចបំពេញតម្រូវការនៃពលរដ្ឋរបស់ខ្លួន ដូចជា កន្លងមក រាជរដ្ឋាភិបាលក៏ធ្លាប់បង្កើតទិវាគ្រូបង្រៀន បង្កើតថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ហើយពេលនេះ ប្រសិនបើចាំបាច់ រាជរដ្ឋាភិបាលក៏គួរបង្កើតទិវានៃក្ដីស្រឡាញ់ ឬ បុណ្យកតញ្ញុតា បន្ថែមទៀត ដោយកំណត់យកពេលវេលាសមស្របណាមួយ ប៉ុន្តែ មិនមែនយកថ្ងៃទី១៤ កុម្ភៈ ដូចបុណ្យ Valentine's Dayនោះទេ។ យើងជាខ្មែរដែលជាកូនចៅជំនាន់ក្រោយនៃអតីតមហានគរដ៏រុងរឿង មិនគួរអង្គុយរង់ចាំតែចម្លងទិវាបុណ្យរបស់បរទេស ឬ រង់ចាំតែអបអរសាទរ ឬ ហៃអើចំពោះទិវាបុណ្យនានារបស់បរទេសនោះទេ យើងត្រូវតែមានពិធីបុណ្យផ្ទាល់ខ្លួនរបស់យើង។
ការចង់ទប់ស្កាត់ឥទ្ធិពលនៃវប្បធម៌បរទេស គឺជារឿងដែលគួរធ្វើ ប៉ុន្តែ ការប្រតិបត្តិជាក់ស្ដែង ពិតជាជួបការលំបាក ទាំងក្នុងក្របខណ្ឌច្បាប់ សីលធម៌ សិទ្ធិមនុស្ស និងបរិបទសាកលភាវូបនីយកម្ម។ ហេតុផលមួយក្នុងចំណោមហេតុផលនានា គឺការទប់ស្កាត់កុំឱ្យយុវវ័យឆាប់ចូលប្រឡូកក្នុងការរួមភេទ ប៉ុន្តែទំនាក់ទំនងស្នេហា និងការរួមភេទ គឺសភាវគតិ ជាតម្រូវការបែបធម្មជាតិ និងជាសេរីភាពបុគ្គល ដែលពិបាកនឹងរារាំងណាស់ បើទោះបីជាគ្មានថ្ងៃ Valentine Day ក៏សកម្មភាពទាំងនោះនៅតែកើតឡើងដែរ។ ដូច្នេះ អ្វីដែលសំខាន់នោះ គឺយើងត្រូវអប់រំយុវជនឱ្យយល់ពីផលអាក្រក់នៃការប្រញាប់ប្រញាល់ចូលប្រឡូកក្នុងការរួមភេទ និងព្យាយាមពន្យល់ពួកគេឱ្យលើកកម្ពស់តម្លៃការសិក្សា ដែលសំខាន់ជាងអ្វីទាំងអស់។ ប៉ុន្តែ យើងក៏ត្រូវតែអប់រំពួកគេអំពីការរួមភេទដោយសុវត្ថិភាពផងដែរ។
លើសពីនេះទៀត ឥទ្ធិពលនៃពិធីបុណ្យ Valentine's Day នេះ ក៏ត្រូវបានជំរុញដោយក្រុមហ៊ុន សាលារៀន សាកលវិទ្យាល័យ ស្ថាប័នឯកជន និងសង្គមស៊ីវិលមួយចំនួន រួមទាំងប្រព័ន្ធផ្សព្វផ្សាយ មានវិទ្យុ ទូរទស្សន៍ កាសែត បណ្ដាញសង្គម facebook ជាដើម ដោយសារតែម្ចាស់ស្ថាប័នទាំងនេះ ចង់បង្កភាពសប្បាយរីករាយដល់សិស្ស និស្សិត កម្មករ បុគ្គលិករបស់ខ្លួន និង ក្នុងបំណងទាក់ទាញការចាប់អារម្មណ៍មកលើសេវាកម្ម ទំនិញ ការផ្សព្វផ្សាយ គណនី គេហទំព័រ និង ស្ថាប័នរបស់ខ្លួន ពួកគេក៏បានអបអរសាទរពិធីបុណ្យ Valentine Day នេះដែរ។ កត្តានេះហើយដែលធ្វើឱ្យពិធីបុណ្យ Valentine Day និង បុណ្យបរទេសផ្សេងៗទៀតកំពុងតែមានឥទ្ធិពលមកលើសង្គមខ្មែរជាបន្តបន្ទាប់យ៉ាងគំហុក។
(រូបភាពពីបណ្តាញសង្គមរបស់អ្នកនិពន្ធ)
=============================================
សូមបញ្ជាក់ថា រាល់អត្ថបទដែលបានផ្សព្វផ្សាយឡើង ជាគំនិតទស្សនៈផ្ទាល់របស់អ្នកនិពន្ធ។ រាជបណ្ឌិត្យសភាកម្ពុជា រក្សាសិទ្ធិក្នុងការផ្សព្វផ្សាយ និងកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ។
នាព្រឹក ថ្ងៃព្រហស្បតិ៍១០ កើត ខែមាឃ ឆ្នាំច សំរឺទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯក ឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើកកម្មវិធីបង្ហាញលទ្ធផលស្រាវជ្រាវ ស្តីពី «ការគាំទ្របច្ចេកវិទ្យាផលិតនិងប្រើប្រាស់បាយអូឆា (BIOCHARS)ដើម្បីបង្កើនទិន្នផលកសិកម្មនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលនាងនួន អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍ថា «បច្ចេកវិទ្យាផលិតនិងប្រើប្រាស់បាយអូឆា(BIOCHARS) គឺមានសារៈសំខាន់ណាស់ ដោយយកកាកសំណល់ទៅផលិតជាជី ដែលជួយដល់គុណភាពដីឱ្យបានល្អឡើងវិញ ដែលជាការរួមចំណែកជួយដល់វិស័យកសិកម្ម និង ប្រជាជននៅតាមជនបទបានយ៉ាងច្រើន។ ទន្ទឹមនឹងនោះ ក៏ជួយដល់ប្រជា ជននៅទីក្រុងដែរ ព្រោះអ្នកនៅទីក្រុង ផលិតសំរាមច្រើនជាងគេ ជាពិសេសសំរាមផ្ទះបាយ ដែលអាចយកទៅផលិតបាយអូឆាយ៉ាងល្អ។ ឧទាហរណ៍ នៅរដូវទុរេន ការពិតសម្បកទុរេនទាំងនោះគ្រាន់តែជាកាកសំណល់តែប៉ុណ្ណោះ ប៉ុន្តែបើផលិតជាបាយអូឆា នោះនឹងក្លាយជាវត្ថុមានតម្លៃជាទីបំផុត»។ ហេតុនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ ស្នើឱ្យមានការដោះដូរយោបល់គ្នារវាងអ្នកដែលចូលរួមក្នុងកម្មវិធីនេះ ឱ្យបានកាន់តែច្រើនដើម្បីស្វែងរកឱ្យឃើញរូបមន្តល្អៗ ដើម្បីជួយដល់ប្រទេសជាតិយើង។
លោកបានបន្ថែមថា «គួរដល់ពេលដែលអាជ្ញាធរដែនដីគិតគូរពីបញ្ហានេះហើយ ព្រោះកិច្ចការទាំងនេះមានប្រយោជន៍ណាស់សម្រាប់សាធារណជន ដែលអាចជួយទាំងក្នុងការកាត់បន្ថយសំរាម និងអាចផលិតជាជីដែលអាចជួយដល់កសិកម្ម ដូចនេះគួរងាកទៅរកការគ្រប់គ្រងសំរាមឱ្យបានល្អជាងមុន»។ ខ្ញុំ(ឯកឧត្តមបណ្ឌិត យង់ ពៅ )តែងនិយាយថា «បើយើងអាចគ្រប់គ្រងសំរាមបានល្អ មានន័យថាយើងមានចំណេះដឹងជាងសំរាម ហើយបើយើងដោះស្រាយគ្រប់គ្រងសំរាមមិនបាន គឺយើងអន់ជាងសំរាមទៅទៀត ពីព្រោះធ្លាប់ឃើញអ្នកខ្លះជិះឡានថ្លៃតែចោលសំរាមពាសវាលពាសកាល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានប្រកាសថា « រាជបណ្ឌិត្យសភាកម្ពុជា មានដៃគូរវិទ្យាសាស្ត្រជាច្រើន ទាំងក្នុងស្រុក និងអន្តរជាតិ ដែលអាចជម្រុញដល់ការសិក្សាស្រាវជ្រាវឱ្យកាន់តែមានភាពរីកចម្រើន ហើយរាជបណ្ឌិត្យ សភាកម្ពុជាជម្រុញនិងបើកចំហរចំពោះការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ជាមួយគ្នានោះ រាជបណ្ឌិត្យសភាកម្ពុជាស្នើឱ្យមានការប្រមូលផ្តុំគ្នាបង្កើតជាស្នាដៃថ្មី ដើម្បីជួយដល់សង្គមជាតិឱ្យមានការរីចម្រើន ពីព្រោះបើយើងមិនប្រឹងបង្កើតស្នាដៃថ្មីទេ យើងបានត្រឹមតែបង្អួតប្រាង្គប្រាសាទចាស់ៗ ចុះបើរបស់ទាំងនោះសឹករិចរិលអស់ តើយើងបានអ្វីទៅបង្អួតគេទៀត? ហើយបច្ចុប្បន្ន យើងកំពុងប្រើប្រាស់បច្ចេកទេសរបស់គេ ដែលពេលខ្លះបច្ចេកទេសទាំងនោះមិនត្រូវនឹងបរិបទរបស់យើង ដូចនេះបើយើងមិនស្វាគមន៍ការសិក្សាការស្រាវជ្រាវរកឃើញថ្មីៗទេ សង្គមយើងនឹងថយក្រោយហើយ ហើយយើងនឹងរង់ចាំប្រើបច្ចេកទេសរបស់គេរហូត»។
ជាទីបញ្ចប់នៃខ្លឹមសារដែលប្រកបទៅដោយអត្ថន័យពាក់ព័ន្ធនឹង ការគាំទ្របច្ចេកវិទ្យាផលិត និងប្រើប្រាស់បាយអូឆា ដើម្បីបង្កើនទិន្នផលកសិកកម្មនៅកម្ពុជា ឯកឧត្តមអគ្គលេខាធិការក៏ បានប្រកាសបើកកម្មវិធីចាប់ឱ្យមានដំណើរការស្របតាមរបៀបវារៈដែលមានវាគ្មិនជាអ្នកស្រាវជ្រាវ និងមានបទពិសោធន៍ទាំងក្នុងស្រុកនិងក្រៅស្រុក ព្រមទាំងបានជូនពរដល់វាគ្មិន និងអ្នកចូលរួមទាំងអស់នៅក្នុងអង្គពិធី មានស្នាមញញឹមនិងក្តីស្រលាញ់ផងដែរ៕
RAC Media | ម៉ៅ សុគន្ធា
ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន០៣ពាក្យ ដូចខាងក្រោម៖
RAC Media
ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ បានចំនួន ០៤ពាក្យ ដូចខាងក្រោម៖
ចុះផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោង ១០ : ៤០ នាទី
ភ្នំពេញ៖ «កម្ពុជាមិនអាចរំពឹងលើជំនួសបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាពនិងអធិប តេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្លូវរបស់សម្ដេច នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
នៅក្នុងសារដែលបានផ្ញើជូនជនរួមជាតិ ដោយបានសួរសុខទុក្ខជនរួមជាតិផងដែរនោះ សម្ដេចតេជោបានគូសបង្ហាញពីការបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ និងបញ្ជាក់អំពីរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាដែលបានដើរចេញពីស្ថាន ភាពដែលត្រូវបានគេហ៊ុមព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់នាពេលអតីតកាល។ កំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងរង្វង់៧% ដែលជាគុណសម្បត្តិនិងជាចំណុចលេចធ្លោមួយរបស់កម្ពុជា បានធ្វើឱ្យរាជរដ្ឋាភិបាលបានដាក់គោលដៅនាំកម្ពុជាឆ្ពោះទៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ក្នុងន័យ បង្ហាញអំពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋ ក្នុងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ សម្ដេចតេជោបានបន្តលើកឡើង ដោយបានថ្លែងអំណរគុណដោយឡែកដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិយោគគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែធំឡើងនៅក្នុងប្រទេសជាតិ។
ជាការពិត វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជាក៏មានការចូលរួមចំណែកមួយផ្នែកណាមួយផងដែរពីជំនួយបរទេស នៅគ្រាដែលកម្ពុជាកំពុងកសាងសក្ដានុពលរបស់ខ្លួនលើវិស័យសេដ្ឋកិច្ច ប៉ុន្តែទោះជាយ៉ាងនេះក្ដី កម្ពុជាមិនអាចដើម្បីតែចង់បានជំនួយបរទេស ត្រូវយកឯករាជភាពនិងអធិបតេយ្យភាពរបស់ខ្លួន ទៅដោះដូរនោះទេ។ សម្ដេចបានសង្កត់ធ្ងន់ថា «កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានា ដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។»៕
RAC Media | លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ នៅក្នុងរយៈពេល៤ឆ្នាំជាប់គ្នាកម្ពុជាបន្តឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងនាមជាទីតាំងល្អដែលមានការចំណាយតិចបំផុតសម្រាប់និវត្តជនបរទេស ពោលគឺនៅប្រទេសកម្ពុជាដោយគ្រាន់តែចំណាយប្រាក់១២៥០ដុល្លារក្នុង១ខែ។ នេះបើយោងតាមការចុះផ្សាយរបស់គេហរទំព័រព័ត៌មាន international living ចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ និងគេហរទំព័ត៌មានថ្មីៗនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមប្រភពដដែលបានបញ្ជាក់ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ វៀតណាមជាប់ចំណាត់ថ្នាក់លេខ២ និងថៃជាប់ចំណាត់ថ្នាក់លេខ៣ ចំណែកឯប្រទេសនៅតំបន់អាមេរិកខាងត្បូង ប៉េរូ និងបូលីវី ស្ថិតនៅចំណាត់ថ្នាក់លេខ៤ និង លេខ៥។
ដោយឡែកតាមការចុះផ្សាយរបស់គេហរទំព័រព័ត៌មានភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ថា ក្នុងចំណោមប្រទេសចំនួន ២៥ ដែលស្ថិតក្នុងតារាងរបស់សន្ទស្សន៍ Annual Global Retirement Index នៅឆ្នាំ ២០១៩ បានផ្តោតលើសូចនាករចំនួន ៤ រួមមាន ហិរញ្ញវត្ថុ សុខភាព ជីវិតកម្សាន្ត និងអភិបាលកិច្ច ហើយសម្រាប់សូចនាករទាំង ៤ នេះ គឺត្រូវចែកចេញជា ១៣ ប្រភេទរួមមានការទិញ និងវិនិយោគ ការជួល អត្ថប្រយោជន៍ និង ការចុះភាគរយ ទិដ្ឋាការ និង ការស្នាក់នៅ ការចំណាយសម្រាប់រស់នៅ សម្របខ្លួនទៅស្ថានភាពថ្មី ការកម្សាន្ត និង ភាពងាយស្រួលក្នុងការទទួលបានសេវាកម្ម ការថែទាំសុខភាព ការកម្សាន្តប្រកប-ដោយផាសុកភាព ការអភិវឌ្ឍ អាកាសធាតុ អភិបាលកិច្ច និងឱកាស។
RAC Media | ផាញ់ សារឿន
ក្រុមវិស្វកម្មសម្តេច តេជោ ហ៊ុន សែន បានចុះសិក្សាទិន្នន័យលម្អិត ពិភាក្សាជាមួយក្រុមការងារឧទ្យាន ហើយនឹងបន្តចុះទៅតាមភូមិសាស្ត្រព័ន្ធជុំវិញ ដើម្បីមើលប្រភពទឹកហូរនិងផ្លូវឆ្លងកាត់ ដើម្បីកសាងស្ពាន ឬដាក់លូ និងកសាងផ្លូវក្នុងពេលឆាប់ៗនេះ។
ការកសាងផ្លូវនេះជាផ្នែកមួយដ៏សំខាន់នៃការអភិរក្សធនធានធម្មជាតិ និងកេរដំណែលវប្បធម៌ដែលមាននៅក្នុងឧទ្យាន។ សូមអរគុណ ដល់សម្តេចនាយករដ្ឋមន្ត្រី ដែលបានផ្តល់គោលការណ៍កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតនៅក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បង្កើតឡើងក្នុងខែមេសា ឆ្នាំ២០១៤ មានទំហំ ១១ ៤៣៥ ហិកតា ដែលពោពេញទៅដោយ ព្រៃឈើ សត្វព្រៃ និងឡស្លដែកបុរាណមានអាយុកាល១០០០ឆ្នាំ ហើយនិងទំនៀមទម្លាប់ជនជាតិកួយដែលមាននៅទីនោះ។
RAC Media
ប្រភព៖ រូបថត គេហទំព័រហ្វេសប៊ុក សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM