ព័ត៌មាន

«ពិធីបើកវគ្គបណ្តុះបណ្តាលវគ្គសិក្សាថ្មី របស់រាជបណ្ឌិត្យសភាកម្ពុជា» ដោយ៖ ចាន់ វណ្ឌី

ដើម្បីបន្តនិរន្តរភាពនៃការបណ្តុះបណ្តាល និងស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជា បានបើកការបណ្តុះបណ្តាលវគ្គសិក្សាថ្មី (ថ្នាក់បណ្ឌិតជំនាន់ទី៤ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៧) ដែលបានធ្វើឡើងនៅថ្ងៃព្រឹកថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្រោមការផ្តល់មតិសំណេះសំណាល និងណែនាំដល់និស្សិតថ្មីប្រហែល៨០អង្គ/នាក់ ពីឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានផ្តាំផ្ញើដល់និស្សិតថ្មីទាំងអស់ ព្យាយាមសិក្សារៀនសូត្រឱ្យមានជំនាញពិតប្រាកដ ព្រោះនៅរាជបណ្ឌិត្យសភាកម្ពុជា មិនមែនជាកន្លែងសម្រាប់ដោះដូរសញ្ញាបត្រទេ។ «...នៅទីនេះ មិនមែនជាកន្លែងសម្រាប់ធ្វើការដោះដូរសញ្ញាបត្រនោះទេ...អ្នកធ្លាប់សិក្សានៅទីនេះកន្លងមកបានដឹងហើយថា ការបញ្ចប់មុខវិជ្ជានីមួយៗត្រូវមានការប្រឡងយ៉ាងត្រឹមត្រូវតាមកម្មវិធីដែលបានកំណត់ ពេលបញ្ចប់វគ្គសិក្សានិស្សិតត្រូវធ្វើការពឹងផ្អែកលើការស្រាវជ្រាវ អនុវត្ត និងពិសោធ ជាមូលដ្ឋានគ្រឹះ មានន័យថាការបញ្ចប់ការសិក្សាគ្រប់ជំនាញ ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត និស្សិតម្នាក់ៗ ត្រូវធ្វើការស្រាវជ្រាវ ដោយមានសាស្ត្រាចារ្យណែនាំ ប្រកបដោយវិធីសាស្ត្រ វិទ្យាសាស្ត្រត្រឹមត្រូវក្នុងការរៀបចំនិក្ខេបបទរៀងៗខ្លួន ហើយត្រូវឡើងការពារចំពោះមុខគណៈកម្មការនូវលទ្ធផលដែលខ្លួនបានរកឃើញថែមទៀត ...»។ 

សូមបញ្ជាក់ដែរថា រាជបណ្ឌិត្យសភាកម្ពុជាមានបណ្តុះបណ្តាលលើមុខជំនាញដូចជា៖ នីតិសាស្រ្ត សេដ្ឋកិច្ច រដ្ឋបាលសាធារណៈ គណិតវិទ្យា រូបវិទ្យា អក្សរសាស្រ្ត កសិកម្ម អភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រនយោបាយ ប្រវត្តិវិទ្យា បុរាណវិទ្យា ទស្សនវិទ្យា វិទ្យាសាស្រ្តបច្ចេកវិទ្យា គ្រប់គ្រងបរិស្ថាន ភូមិវិទ្យា វិទ្យាសាស្រ្តអប់រំ ស្ថាបត្យកម្ម និងនគរូបនីយវិទ្យា...។

សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺផ្តោតលើគម្រោងស្រាវជ្រាវ (Master by Research) ដែលមានមុខវិជ្ជារួម មុខវិជ្ជាតាមជំនាញ និងនិក្ខេបបទ សរុបចំនួន៥៧ក្រេឌីត។ សម្រាប់កម្មវិធីសិក្សាថ្នាក់បណ្ឌិត (PhD) និស្សិតត្រូវធ្វើតាមបែបបណ្ឌិតស្រាវជ្រាវ ដែលមានមុខវិជ្ជាបំពេញបន្ថែម មុខវិជ្ជាកម្រិតបណ្ឌិត និងនិក្ខេបបទ សរុបចំនួន៦១ក្រឌីត។

០២ មីនា ២០១៩ 

RAC Media 



2019-03-02 04:03:07   ថ្ងៃសៅរ៍, 02 មីនា 2019 ម៉ោង 11:03 AM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទរបស់គណៈកម្មការអក្សរសិល្បិ៍ ចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ កាលពីថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី។

បច្ចេកសព្ទទាំងនោះរួមមាន៖ ១. សច្ចភាពសិល្បៈ ២. សន្មតិកម្ម  ៣. វិវេចនាអក្សរសិល្បិ៍។

សទិសន័យ៖

-​ សច្ចភាពសិល្បៈ អ.  truth of arts បារ.  Vérité de l’ art ៖ សន្មតិកម្មនៃសច្ចភាពជីវតរបស់សង្គមមនុស្សក្នុងការបង្កើតដំណើររឿងនៅក្នុងស្នាដៃអក្សរសិល្បិ៍សិល្បៈ។

- សន្មតិកម្ម អ. Convention បារ. convention (f.) ៖ របៀបពិធី បច្ចេកទសក្នុងការបង្ហាញ ដំណើររឿងនៅក្នុងស្នាដៃអក្សរសិល្បិ៍ ការម្តែងសិល្បៈ អ្នកនិពន្ធ/សិល្បៈករ សង្ខេប កំណត់ព្រឹត្តិការណ៍ ពេលវេលា ប្រើមធ្យបាយសម្តែងវោហារ...  ដែលអាចឱ្យអ្នកអាន អ្នកទស្សនា អ្នកស្តាប់អាចយល់បាន។

ឧទាហរណ៍៖

  • ក្នុងរឿងប្រលោម លោក រឿងភាពយន្ត អ្នកនិពន្ធមិនបានលើកយកដំណើរជិវិតរបស់តួអង្គតាមលំដាប់លំដោយមកបង្ហាញទេ គ្រាន់តែសន្មតថា ១៥ឆ្នាំក្រោយមកឬ៤៥ឆ្នាំកន្លងទៅ...។
  • ការសម្តែងរឿងល្ខោន តួសម្តែងទាក់ទង ឆ្លងឆ្លើយគ្នា តាមបែបចម្រៀងការប្រើពាក្យចួនជាដើម ក្នុងការបង្ហាញមនោសញ្ចេតនាឬអារម្មណ៍ជាដើម។

-  វិវេចនាអក្សរសិល្បិ៍ អ. literary criticism បារ. Critique literaire ៖ ការសិក្សា ការរិះគន់អក្សរសិល្បិ៍ដោយមានការបកស្រាយ ការវិភាគ ការធ្វើចំណាត់ថ្នាក់ ការវាយតម្លៃដើម្បីវិនិច្ឆ័យចុងក្រោយ។

RAC Media

 

2019-03-01 08:59:42   ថ្ងៃសុក្រ, 01 មីនា 2019 ម៉ោង 03:59 PM
«រាជបណ្ឌិត្យសភាកម្ពុជានឹងបញ្ជូននិស្សិតកម្ពុជាចំនួន២០ រូបទៅសិក្សាថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិននៅក្នុងប្រទេសចិន» ដោយ​៖ ស៊ឺន សម

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបជាមួយប្រតិភូនៃសាកលវិទ្យាល័យ East China Normal University ដែលដឹកនាំដោយលោកស្រី Huang Meixu នាយកមជ្ឈមណ្ឌលអប់រំអន្តរជាតិ ដើម្បីពិភាក្សា ស្តីពី គម្រោងលម្អិតក្នុងការបង្កើតកម្មវិធីសិក្សាថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ផ្សព្វផ្សាយអាហារូបករណ៍ និងកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជា។

លទ្ធផលនៃជំនួបនៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០១៩នេះ  ក្នុងពេលអនាគតខាងមុខ រាជបណ្ឌិត្យសភាកម្ពុជានឹងបញ្ជូននិស្សិតកម្ពុជាចំនួន ២០ រូបទៅសិក្សាថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន នៅប្រទេសចិន ហើយនៅពេលដែលនិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យនោះ និស្សិតកម្ពុជាទាំងនោះនឹងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ East China Normal University និងរាជបណ្ឌិត្យសភាកម្ពុជា ហើយពួកគេក៏នឹងក្លាយជាគ្រូបង្គោលផ្នែកភាសាចិនជាន់ខ្ពស់នៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខុងជឺស្នាក់ការកណ្តាលដែលមានទីតាំងនៅក្នុងទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងក្លាយជាកន្លែងតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលនឹងបណ្តុះបណ្តាលថា្នក់បរិញ្ញាបត្រជាច់ខ្ពស់ផ្នែកភាសាចិន ដែលស្របទៅតាមអនុសាសន៍ និងការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ជំនួបនេះធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៩ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០១៩។

RAC Media




2019-02-28 07:35:18   ថ្ងៃព្រហស្បតិ៍, 28 កុម្ភៈ 2019 ម៉ោង 02:35 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍»

ថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ បានចំនួន០៣ពាក្យ ដូចខាងក្រោម៖



RAC Media


2019-02-27 08:11:09   ថ្ងៃពុធ, 27 កុម្ភៈ 2019 ម៉ោង 03:11 PM
«ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកព្រះបាទជ័យវរ្ម័នទី៧...» ដោយ៖ ឆោម ជុំរ៉ុង

ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្តេចខ្មែរមួយអង្គក្នុងចំណោមស្តេចខ្មែរដែលមានមហិច្ឆតាបំផុតនោះ គឺអ្នកកសាងដ៏អស្ចារ្យមួយអង្គ៖ ព្រះអង្គបានដាក់ព្រះរាជបញ្ជាឱ្យមានការសាងសង់ប្រាសាទជាច្រើននិងសាលាឆទានផ្សេងៗទៀត ព្រមទាំងមន្ទីរពេទ្យជាង១០០កន្លែងផងដែរ។

បើតាមលោកបណ្ឌិត Peter Sharrock ជាអ្នកប្រវត្តិសិល្បៈមកពីសកលវិទ្យាល័យទីក្រុងឡុង បានពន្យល់ពី​របៀបមន្ទីរពេទ្យទទួលបានបុគ្គលិកនិងផ្គត់ផ្គង់ និងមូលហេតុអ្វីដែលអ្នករាល់គ្នាអាចប្រើប្រាស់មន្ទីរពេទ្យទាំងនោះ ដូចមាននៅក្នុងសម្តីរបស់គាត់ដែលបានផ្សាយតាមសាជីវកម្មផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស BBC ដូចខាងក្រោមនេះ៖

 «ទាក់ទងនឹងវិស័យសុខាភិបាល នៅពេលចាប់ផ្តើមរជ្ជកាលរបស់ព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៧បានកសាងមន្ទីរពេទ្យដ៏ច្រើនសម្បើម រហូតដល់ចំនួន១០២មន្ទីរពេទ្យ មានបុគ្គលិកមន្ទីរពេទ្យ សម្ភារៈគាំទ្រ សម្ភារៈចម្អិន គ្រូពេទ្យព្យាបាលដោយលំហាត់ប្រាណ ដូច្នេះយើងកំពុងពន្យល់ពីរឿងនីមួយៗនេះ។ យើងបានធ្វើកំណាយរកឃើញភស្តុតាងទាំងនោះជាច្រើន ជាពិសេសនៅភាគឥសានប្រទេសថៃ។ មន្ទីរពេទ្យត្រូវបានរៀបចំនៅខាងក្រៅទីក្រុង ដូច្នេះប្រជាជនអាចនាំទៅកាន់ទីនោះនិងស្ថិតនៅឆ្ងាយពីសម្លេងអ៊ូអរក្នុងការរស់នៅទីក្រុងដើម្បីទទួលការថែទាំដោយអ្នកជំនាញ។មន្ទីរពេទ្យទាំងនោះទទួលការផ្គត់ផ្គង់ឱសថរៀងរាល់បីខែម្តង ហើយបើតាមសិលាចារិកមួយក្នុងចំណោមសិលាចារិកជាច្រើននៅអង្គរ បានបង្ហាញយ៉ាងច្បាស់លាស់ពីចំនួនផលិតផលឱសថផងដែរ។ ជាឧទាហរណ៍ ពួកគេក៏មានប្រើប្រាស់មាស និងគ្រឿងប្រណិតដែលបានប្រគល់ជូនមន្ទីរពេទ្យនីមួយៗរៀងរាល់ត្រីមាស។ ហើយមុខផលិតផលថ្លៃៗបំផុតគឺបានមកពីឃ្លាំងឱសថផ្ទាល់របស់ព្រះអង្គ ដូច្នេះវាធ្វើឱ្យមានគំនិតមួយពីមនុស្សធម៌របស់ចក្រភពនេះ យោងទៅតាមខាងក្រៅមន្ទីរពេទ្យនីមួយៗ ដោយសិលាចារិកទាំងនោះបានបង្ហាញពីពាក្យស្លោករបស់ព្រះអង្គថា “ អាចរាល់គ្នាអាចចូលក្នុងមន្ទីរពេទ្យបាន”។»

RAC Media

ប្រភព៖ BBC News 29/10/2018




2019-02-26 03:55:57   ថ្ងៃអង្គារ, 26 កុម្ភៈ 2019 ម៉ោង 10:55 AM
«ពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ» ដោយ៖ ស៊ឺន សម

ក្នុងគោលបំណងនៃការសម្របសម្រួលលើកិច្ចសហការស្រាវជ្រាវវិទ្យាសាស្ត្រ អប់រំ កសិកម្ម និងទេសចរណ៍ រាជ​បណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ បានព្រមព្រៀងចុះអនុស្សរណៈយោគយល់ជាមួយគ្នានៅថ្ងៃច័ន្ទ ៦ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងអនុស្សរណៈនៃការយោគយល់នោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើចំណុចខាងក្រោម៖

១. លើកកម្ពស់ការយល់ដឹងអំពីគ្នារវាងប្រទេសទាំងពីរ
២. បង្កើតកម្មវិធីបណ្តុះបណ្តាលភាសាថៃនៅរាជបណ្ឌិត្យសភាកម្ពុជា និងបណ្តុះបណ្តាលភាសាខ្មែរនៅសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាត
៣.ការផ្លាស់ប្តូរនិស្សិត និងអ្នកស្រាវជ្រាវ
៤.ការចែករំលែកចំណេះដឹង និងព័តម៌ានទាក់ទងទៅនឹងទេសចរណ៍ ឧស្សាហកម្ម កសិកម្ម រវាងប្រទេសទាំងពីរ
៥.ការផ្លាស់ប្តូរ និងចែករំលែកចំណេះដឹងភាសា វប្បធម៌ សិល្បៈ និងការតាំងពិពណ៌
៦.ការសិក្សាស្រាវជ្រាវលើវិស័យសហគ្រាសធនតូច និងមធ្យម នៅតាមព្រំដែននៃប្រទេសទាំងពីរ។
៧.កិច្ចការសំខាន់ៗផ្សេងទៀតអាស្រ័យដោយការព្រមព្រៀងគ្នាជាមុន។

ដើម្បីជាការបញ្ជាក់អំពីការវិវត្ត និងការតាំងចិត្តក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនឹងធ្វើសិក្ខាសាលារួមគ្នា ស្តីពី វិស័យទេសចរណ៍ ដើម្បីចែក​រំ​លែក​ព័តម៌ាន និងបទពិសោធន៍ទៅវិញទៅមក ដែលសិក្ខាសាលានេះនឹងរៀបចំនៅក្នុងខែកក្តដា ឆ្នាំ ២០១៩ នៅសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាត។

RAC Media | ស៊ឺន សម






2019-02-26 03:20:09   ថ្ងៃអង្គារ, 26 កុម្ភៈ 2019 ម៉ោង 10:20 AM
«ការត្រៀមលក្ខណៈបើកបវេសនកាលវគ្គសិក្សាថ្មី...»

កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹក នៅផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវមានកិច្ចប្រជុំមួយស្តីពី «ការត្រៀមលក្ខណៈបើកបវេសនកាលវគ្គសិក្សាថ្មី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។

គិតមកត្រឹមថ្ងៃនេះ វគ្គសិក្សាថ្មីនេះទទួលនិស្សិតមកចុះឈ្មោះចូលរៀនបានចំនួន៖

១-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាននិស្សិតចំនួន៣៤នាក់ លើ៨មុខជំនាញ

២-ថ្នាក់បណ្ឌិត មាននិស្សិត៣៧នាក់ លើ៩មុខជំនាញ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំប្រជុំដោយឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរងនៃរាជបណ្ឌិត្យសភាកម្ពុជាទទួលបន្ទុកផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ។

RAC Media










2019-02-26 02:11:00   ថ្ងៃអង្គារ, 26 កុម្ភៈ 2019 ម៉ោង 09:11 AM
«ការងារជាអាទិភាពចំនួន៥ ត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ...»

ការងារជាអាទិភាពចំនួន៥ ដែលនឹងត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ ដោយសម្តចបានលើកឡើងថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជា ជាទីក្រុងស្អាតបៃតង មានការអភិវឌ្ឍប្រកបដោយចីរភាព និងជាទីក្រុងទេសចរណ៍ ប្រកបដោយភាពវ័យឆ្លាត ឆ្លើយតបនឹងរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយ ចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់គ្នា ចាំបាច់ត្រូវរួមគ្នាអភិវឌ្ឍទីក្រុង ឱ្យកាន់តែមានចីរភាព ស័ក្តិសមនឹងពាក្យស្លោក ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការថ្លែងយ៉ាងដូច្នេះគឺស្របពេលដែលសម្តេចនាយករដ្ឋមន្ត្រីបានអញ្ជើញចូលជាអធិបតីនៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវការងារអាទិភាពចំនួន៥ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០៣០ និងសម្រេចគោលអភិវឌ្ឍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។

ការងារជាអទិភាពទាំង០៥នោះរួមមាន៖

ទី១៖ បង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្កើតទីក្រុងប្រកបដោយភាពវ័យឆ្លាត (Smart City) ដោយការររៀបចំឱ្យមានក្របខណ្ឌគោលនយោបាយ ជាក់លាក់មួយ ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពឆ្ពោះ ទៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។ ត្រូវបំពាក់ឱ្យមាន ហ្រ្វី វ៉ាយហ្វាយ (Free Wifi) នៅតាមគោលដៅទេសចរណ៍នីមួយៗ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងឱ្យបានមុនឆ្នាំ២០២៣។

ទី២៖ បង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងតាមរយៈការធានាឱ្យបានភាពស្អាត និងបៃតង គឺកម្ពុជាស្អាតកម្ពុជាបៃតង ទម្លាប់នៃភាពស្អាត ទាំងលំនៅដ្ឋានស្អាត ភូមិស្អាតសង្កាត់ស្អាត ដែលផ្តើមចេញពីយើងទាំងអស់គ្នា។

ទី៣៖ ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងយើងត្រូវគិតគូរ អំពីសណ្ឋាប់ធ្នាប់ សម្តេចតេជោ ស្នើឱ្យក្រសួងមហាផ្ទៃ និងក្រសួងដែនដីនគររូបនីយកម្ម និងសំណងសិក្សារៀបចំច្បាប់ស្តីពីសណ្ឋាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង ។ ទន្ទឹមនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធានាឱ្យទីក្រុងរបស់ខ្លួន មានសណ្ឋាប់ធ្នាប់ល្អមានចំណតយានយន្តត្រឹមត្រូវមានចិញ្ចើមផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរ ។

ទី៤៖ ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងយើង ត្រូវចាំបាច់ធានាឱ្យបាន សន្តិសុខ និងសុវត្ថិភាពសង្គមគ្រប់ភាគីពាក់ព័ន្ធ ត្រូវជំរុញចលនាការពារសន្តិសុខ និងសុវត្ថិភាពនៅគ្រប់ពេល និងគ្រប់ច្រកល្អកនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ត្រូវធ្វើយុទ្ធនាការទីក្រុងស្អាត៖ ទីក្រុងដែលមានសុវត្ថិភាពចំណីអាហារ និងស្នើឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តក្រម ប្រតិបតិ្តភោជនីយដ្ឋានស្អាត ឱ្យបានទូលំទូលាយ និងសូមប្រកាសដាក់ឱ្យអនុវត្តស្តង់ដារ វិថីមួបអាហារ (Food Street) ដែលជាសូចនាករថ្មីមួយទៀត ក្នុងស្តង់ដាទីក្រុងស្អាត និងចលនាប្រឡងប្រណាំងទីក្រុងស្អាត៖ ទីក្រុងមានវិថីម្ហូប អាហារស្អាត ជារៀងរាល់ឆ្នាំ។

ទី៥៖ ដើម្បីធានាបានចីរភាព ការអភិវឌ្ឍទីក្រុងត្រូវអនុវត្តនូវទស្សនាទានបៃតង សម្តេចតេជោសូមអបអរសាទរជ័យលាភីរង្វាន់ សម្តេចតេជោសម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍លើកទី៣ គឺការចូលរួមផ្តល់សេវាប្រកប ដោយការទទួលខុសត្រូវ។ ក្រសួងរុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងគ្រប់អភិបាលរាជធានី ខេត្តត្រូវបំផុសឱ្យមានផលិតកម្មក្នុងស្រុកនានា បម្រើឱ្យវិស័យទេសចរណ៍ តាមរយៈបាវចនាវិស័យទេសចរណ៍ គឺជាការនាំចេញនឹងកន្លែង ហើយទីក្រុងទេសចរណ៍ធំៗទាំងអស់ ត្រូវតែជាទីក្រុងដែលមានខ្សែក្រវ៉ាត់បៃតង (Green Belt)។

RAC Media

ប្រភព៖ Fresh News


2019-02-25 08:32:10   ថ្ងៃចន្ទ, 25 កុម្ភៈ 2019 ម៉ោង 03:32 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី ២) អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទៅច្បាំងនៅប្រទេសបារាំង បានជួបនឹងការមិនអើពើជាទូទៅ ទោះបីមានការឃោសនាយ៉ាងខ្លាំងក្លាក៏ដោយ។ សេចក្តីប្រកាស​ត្រូវគេ​បិទផ្សាយនៅគ្រប់ៗភូមិ ដោយរៀបរាប់ប្រាប់អំពីផលប្រយោជន៍ដែលត្រូវផ្តល់ឱ្យដល់អ្នកស្ម័គ្រចិត្ត ដូចជា ការឱ្យរួចពន្ធ​ខ្លួន​នៅឆ្នាំ១៩១៦ ការផ្តល់​ប្រាក់ឧបត្ថម្ភ២០០ហ្វ្រង់នៅពេលស្ម័គ្រចិត្ត ការផ្តល់ប្រាក់៣រៀលក្នុង១ខែសម្រាប់គ្រួសារ និងការ​ឧបត្ថម្ភប្រាក់១២០រៀលនៅពេលស្លាប់។ ៣ខែបន្ទាប់ពីការខិតខំជ្រើសរើស គឺនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩១៦ គេរើសបានចំនួន ២ ២៩៥នាក់ ដែលនៅក្នុងនោះមនុស្ ស៥០៨នាក់ ត្រូវបានគេបញ្ជូនទៅវិញព្រោះមិនស្ម័គ្រចិត្ត ស្ថិតនៅក្រោមការបង្ខិតបង្ខំពីពួកមន្ត្រី។ មនុស្សដែលនៅសល់ចំនួន១ ០០៨នាក់ត្រូវបានទទួលស្គាល់ថាអាចបម្រើកងទ័ពបាន។ ទោះជាយ៉ាងនេះក្តីក៏មានអ្នកស្លាប់ ២០នាក់ដោយជំងឺហើមសួត បណ្តាលមកពីការហ្វឹកហាត់ដោយបង្ខំ កន្លែងស្នាក់នៅ និងចំណីអាហារមិនសមស្រប និងមនុស្ស៣៤០នាក់ទៀតបានរត់ចោល[1]។

សកម្មភាពជ្រើសរើសអ្នកស្ម័គ្រចិត្តទៅច្បាំងនៅប្រទេសបារាំងនោះ   ក៏មានប្រភពមួយទៀតជា   «បណ្ណសារ»​ (Archive) (ឯកសារប្រភពទី១) គឺលិខិតរបស់ឧកញ៉ាវាំង (រដ្ឋមន្ត្រីព្រះបរមរាជវាំង) ​ជូនទៅលោករេស៊ីដង់ជាន់ខ្ពស់បារាំង ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩១៦។ តាមលិខិតនោះ ព្រះបាទស៊ីសុវត្ថិបាន​យាងទៅជ្រើសរើសអ្នកស្ម័គ្រចិត្តនៅតាមខេត្តចំនួន២លើក ដើម្បីធ្វើជា«ក្រុមយុទ្ធនា និងជាង»[2] ក្នុងរាជការក្រុង​បារាំងសែសសម្រាប់សង្គ្រាមលោកលើកទី១។ ព្រះរាជដំណើរនេះមានរយៈពេលសរុប១៦ថ្ងៃ៖ លើកទី១ចំនួន២ថ្ងៃ និងលើកទី២ចំនួន១៤ថ្ងៃ ដែលមានខ្លឹមសារដើមនិងការកែសម្រួល​មួយចំនួន​ដូចខាងក្រោម[3]។

ក-ព្រះរាជដំណើរលើកទី១ 

ព្រះអង្គបានយាងចេញពីក្រុងភ្នំពេញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩១៦ ទៅដល់ព្រែកបាណាម ខេត្តបាភ្នំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩១៦ វេលាម៉ោង២រសៀលដែលនៅសល់តែ១ម៉ោងទៀតនឹងដល់ទីរួមខេត្តព្រៃវែង។ លោកឧកញ៉ាវាំងបានទទួលតេឡេក្រាម[4] ពីលោករេស៊ីដង់ជាន់ខ្ពស់លេខ១១២ ចុះថ្ងៃដដែលដើម្បីក្រាបបង្គំទូលព្រះអង្គសូមឱ្យបង្អង់ព្រះរាជដំណើរ ដោយសារលោកអគ្គទេសាភិបាល[5] នឹងអញ្ជើញមកដល់ក្រុងភ្នំពេញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩១៦។ ក្នុងវេលាព្រឹកនោះព្រះអង្គក៏បានទ្រង់យាងវិលមកដល់ក្រុងភ្នំពេញវិញក្នុងថ្ងៃទី២៤ ខែកុម្ភៈ វេលាអាធ្រាត្រ។ក្នុងព្រះរាជដំណើរជ្រើសរើសអ្នកស្ម័គ្រចិត្តលើកទី១នេះ មានព្រះរាជបុត្រា៤អង្គ របស់ព្រះបាទ​ស៊ីសុវត្ថិ គឺព្រះអង្គម្ចាស់មុនីវង្ស, ខណារ៉ាក់, សុភានុវង្ស និងវង្កត់[6] ព្រមទាំងព្រះអង្គម្ចាស់ និងឧកញ៉ាមួយចំនួនទៀតតាមហែផងដែរ។

ខ-ព្រះរាជដំណើរលើកទី២

ព្រះអង្គបានយាងទៅកាន់ទីរួមខេត្តព្រៃវែងម្តងទៀតដោយមានក្រុមតាមហែព្រះអង្គដដែលដូចព្រះរាជដំណើរលើកទី១ដែរ ប៉ុន្តែព្រះអង្គម្ចាស់វង្កត់មិនបានចូលរួមទេ។ ព្រះបាទស៊ីសុវត្ថិដែលអមព្រះរាជដំណើរដោយក្សត្រាក្សត្រី និងមន្ត្រីនានានោះ បានចេញពីក្រុងភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩១៦ វេលាម៉ោង១១កន្លះយប់ដោយព្រះទីនាំងកប៉ាល់(ឈ្មោះអម្រឹតរង្សី), សាលុព្វ[7](ឈ្មោះឥន្ទ្រីសំបូរ) និងវេដេត[8]។ ក្នុងព្រះរាជដំណើរពីបាណាមខេត្តបាភ្នំទៅកាន់ព្រៃវែងទឹករាក់ព្រះអង្គប្រថាប់លើព្រះទីនាំងទូក ធំ-តូច ទាំងអស់៧ ដោយមានកប៉ាល់តូចៗ សណ្តោងព្រមទាំងមានអ្នកតាមហែផងនោះបានមកដល់ទីរួមខេត្តព្រៃវែងនៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩១៦វេលាម៉ោង១២និង២០នាទី។ ទ្រង់ប្រថាប់ក្នុងព្រះទីនាំងទូកចតនៅកំពុងជំនួញព្រៃវែងហើយបានគិតអំពីការជ្រើសរើសអ្នកស្ម័គ្រចិត្តនៅទីនេះ ដោយជ្រើសរើសក្នុងបណ្តាប្រជាជនទាំង៨ខេត្តរួមមាន៖

  • ៥ខេត្តនៅក្រោមឱវាទ “ទីរេស៊ីដង់” ព្រៃវែង គឺខេត្តបាភ្នំ ខេត្តព្រៃវែង ខេត្តពារាំង ខេត្តស៊ីធរកណ្តាល និងខេត្តល្វាឯម
  • ៣ខេត្តនៅក្រោមឱវាទ“ទីប៉ុស្តិ៍រាជការ” ស្វាយរៀង គឺខេត្តរំដួល ខេត្តស្វាយទាប និងខេត្តរមាសហែក។


ក្នុងព្រះរាជដំណើរមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ១៩១៦នេះ គឺបានចំនួន១០ថ្ងៃ ហើយចំនួនអ្នកស្ម័គ្រចិត្តដែលជ្រើសរើសបានសរុបទាំងអស់៥០៦នាក់ ដោយពុំមានអ្នកស្ម័គ្រចិត្តមកពីខេត្តល្វាឯមនោះទេ។ អ្នកស្ម័គ្រចិត្តដែលជ្រើសរើសបានទាំងនោះត្រូវបានបញ្ជូនមកភ្នំពេញដើម្បីទទួលការត្រួតពិនិត្យ។ អ្នកខ្លះត្រូវគេជ្រើសរើសយក ដោយសារមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើជារាជការបាន ចំណែកអ្នកខ្លះទៀតត្រូវគេបញ្ជូនឱ្យត្រឡប់ទៅវិញ ពីព្រោះពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រីឯអ្នកខ្លះទៀតពេលមកដល់ក្រុងភ្នំពេញក៏ផ្លាស់ប្តូរគំនិតថាមិនធ្វើរាជការវិញ។ ដោយសារតែមូលហេតុ ខាងលើនេះហើយបានជាព្រះបាទស៊ីសុវត្ថិបញ្ជាក់ទៅចៅហ្វាយស្រុកនៃខេត្តទាំង៨ខាងលើ(ក្នុងទីរួមខេត្តរេស៊ីដង់ព្រៃវែង និងទាំងប៉ុស្តិ៍រាជការស្វាយរៀង) ឱ្យជ្រើសរើសអ្នកស្ម័គ្រចិត្តដែលមានគ្រប់​លក្ខណៈ​សម្បត្តិឱ្យហើយ ឱ្យបានចំនួន៥០០ឬ៦០០នាក់​(ដោយមិនបាច់ជ្រើសរើសជាលើកទី២​នៅភ្នំពេញ​ទៀតទេ)។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩១៦ ទូរលេខរបស់ឧកញ៉ាវាំង លេខ៣៧ បានឱ្យដឹងថា ព្រះអង្គបានយាងពីបាណាមមកដល់ភូមិកោះកែវខេត្តល្វាឯម នៅម៉ោង៦ល្ងាច។ ​ដោយព្រះអង្គមិនសព្វព្រះទ័យគង់​នៅ​ទីនោះព្រះអង្គក៏យាងហួសមកចតព្រះទីនាំងកប៉ាល់ ទូក នៅភូមិទឹកឃ្លាំង(ទីតាំងសាលាខេត្តល្វាឯម)នៅម៉ោង៨យប់។

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩១៦ ពីម៉ោង៥រសៀល ចៅហ្វាយស្រុកខេត្តល្វាឯមបានរៀបទទួលព្រះអង្គដើម្បីជួបជុំនឹងព្រះសង្ឃ ក្រមការ អ្នកស្រុក ដើម្បីពន្យល់អំពីមូលហេតុនៃការជ្រើសរើសអ្នកស្ម័គ្រចិត្តនៅ​ទីនោះ។ ក្នុងពេលនោះដែរ អ្នកស្រុកមកថ្វាយបង្គំគាល់មិនទាន់គ្រប់ឃុំនៅឡើយ ដូច្នេះព្រះអង្គទ្រង់ប្រថាប់នៅភូមិទឹកឃ្លាំងចាំទទួលរាស្ត្រនៅព្រឹកស្អែកបន្តទៀត។

នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩១៦ ព្រះអង្គម្ចាស់មុនីវង្សនិងលោកឧកញ៉ាវាំង បានធ្វើជាព្រះរាជតំណាងក្នុងការជួបជាមួយបណ្តារាស្ត្រហើយបានបញ្ចុះបញ្ចូលរាស្ត្រទាំងនោះឱ្យស្ម័គ្រចិត្តធ្វើរាជការ ក្នុងពេលនោះក៏ជ្រើសរើសបានអ្នកស្ម័គ្រចិត្តចំនួនតែ១០នាក់ដែលចូលធ្វើជាជាង ដោយសារតែអ្នកស្រុកខេត្តល្វាឯមមួយចំនួនបានចូលក្នុងក្រុងភ្នំពេញដោយខ្លួនឯងដើម្បីស្ម័គ្រធ្វើរាជការរួចហើយ។ ឯការជ្រើសរើសអ្នកស្ម័គ្រចិត្តក្នុងខេត្តនេះតទៅទៀត ព្រះអង្គក៏បានដាក់បញ្ញត្តិទៅចៅហ្វាយស្រុកនិងក្រមការខេត្ត-ឃុំ ឱ្យយកចិត្តទុកដាក់នឹងបន្តជ្រើសរើសឱ្យបានខ្លះទៀត។ រហូតមកដល់ថ្ងៃទី១៣ ខែមីនា​ ឆ្នាំ១៩១៦ វេលាម៉ោង៩ព្រឹក ព្រះអង្គជ្រើសរើសបានអ្នកស្ម័គ្រចិត្តសរុបចំនួន៥១៦នាក់ ក្នុងទីរួមខេត្តព្រៃវែង។ព្រះបាទស៊ីសុវត្ថិ បានយាងចេញពីភូមិទឹកឃ្លាំងនៅវេលាម៉ោង៩កន្លះ មកដល់ក្រុងភ្នំពេញ​នៅម៉ោង១២ថ្ងៃត្រង់។ (នៅមានត...)

(ភាគទី៣ នឹងផ្សាយជូនជាបន្តនៅសប្តាហ៍ក្រោយ)

[1] Alain Forest, ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច (១៨៩៧-១៩២០),​ Editions L’Harmattan, ១៩៨០, ទំព័រ១៣៨-១៣៩។
[2] ក្រុមយុទ្ធនានិងជាង គឺទាហានប្រយុទ្ធនិងទាហានជាង។
[3] ចុម្មាយ ឧកញ៉ាវាំង្គវរៈវៀងជៃ្យ គណៈរដ្ឋមន្ត្រី លេខ៦២ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩១៦។
[4] ពាក្យបារាំងថា Télégramme គឺទូរលេខជាសំបុត្រទាក់ទងគ្នាតាមប្រៃសណីយ៍ឬសំបុត្រខ្សែលួស។
[5] Gouverneur Général គឺលោកអគ្គទេសាភិបាលឥណ្ឌូចិនដែលគ្រប់គ្រងលើរដ្ឋទាំង៥ គឺកូសាំងស៊ីន, កម្ពុជា, អណ្ណាម, តុងកឹង និងឡាវ។
[6] ស៊ន សំណាង, ការវិវត្តនៃសង្គមកម្ពុជានៅចន្លោះសង្គ្រាមលោកទាំង២ (១៩១៩-១៩៣៩), និក្ខេបបទថ្នាក់បណ្ឌិតប្រវត្តិវិទ្យា សាកលវិទ្យាល័យបារីស៧, ឆ្នាំ១៩៩៥, ទំព័រ៩៤ (ព្រះបាទស៊ីសុវត្ថិមានព្រះរាជបុត្រ១អង្គទៀតឈ្មោះដួងលក្ខិណា)។
[7] សាលុព្វ (Chaloupe) ជាកប៉ាល់ឬកាណូតធំលឿនដោយចែវឬបើកក្តោង។
[8] វេដេត (Vedette) ជានាវាចម្បាំងខ្នាតតូចសម្រាប់យាមល្បាត។


2019-02-25 02:37:06   ថ្ងៃចន្ទ, 25 កុម្ភៈ 2019 ម៉ោង 09:37 AM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទរបស់គណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន ០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ កាលពីថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសា ខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។
បច្ចេកសព្ទទាំងនោះរួមមាន ១. ទែម៉ូគីមី/ឧណ្ហគីមី ២. អេឡិចត្រូគីមី/អគ្គិសនីគីមី ៣. សូលុយស្យុងស្តង់ដា ៤.​ អត្រាកម្ម ៥. ចំណុចស្រេច ៦. បន្សាយ/សំណាយ ។

សទិសន័យ៖
១. ទែម៉ូគីមី/ឧណ្ហគីមី អ. thermochemistry បារ. thermochimie (f) ៖ ការសិក្សាពីបម្រែបម្រួលថាមពលកម្តៅដែលកើតមានឡើងទាក់ទងនឹងប្រតិកម្មគិមី និង/ឬការប្រែប្រួលភាវរូប។
២. អេឡិចត្រូគីមី/អគ្គិសនីគីមី អ​. electrochemistry បារ. Électrochimie (f)៖ ការសិក្សាពីការបំប្លែងថាមពលគីមីទៅជាថាមពលអគ្គិសនី និងច្រាសមកវិញ។
៣. សូលុយស្យុងស្តង់ដា អ. standard solution បារ. solution standard (f) ៖ សូលលុយស្យុងដែលគេស្គាល់កំហាប់ច្បាស់លាស់សម្រាប់ប្រើក្នុងកម្មវិធីវិភាគ ឬអត្រាកម្ម។
៤.​ អត្រាកម្ម អ. titration បារ. Titrage (m.) ៖ វិធីសាស្ត្រនៃការកំណត់កំហាប់សូលុយស្យុងមិនស្គាល់មួយដោយការបន្ថែមសូលុយស្យុងស្តង់ដារហូតដល់ចំនុចស្រេច។
៥. ចំណុចស្រេច អ. en point  បារ. point de virage (f) ៖​ចំណុចដែលក្នុងកំឡុងពេលអត្រាកម្ម អង្គធាតុចង្អុរពណ៌មួយ ផ្លាស់ប្តូរពណ៌របស់វា។
៦. បន្សាយ/សំណាយ អ. disfusion បារ. disffusion ៖ លំនាំសាយភាយនៃឧស្ម័ន អង្គធាតុរាវ ឬថាមពល។

RAC Media


2019-02-22 16:26:08   ថ្ងៃសុក្រ, 22 កុម្ភៈ 2019 ម៉ោង 11:26 PM

សេចក្តីប្រកាស

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទានុក្រមកសិកម្ម និងក្បាលលិខិតរបស់រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២១

ថ្ងៃអង្គារ, 31 សីហា 2021 ម៉ោង 08:46 PM

ចុចមើល ទាញយក